បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ht ចំណុចទី ១៥ ទំ. ៧២-៧៧
  • ឧទាហរណនិទស្សន៍ដែលត្រឹមត្រូវ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ឧទាហរណនិទស្សន៍ដែលត្រឹមត្រូវ
  • វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
  • ចំណងជើងតូច
  • **********
វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
ht ចំណុចទី ១៥ ទំ. ៧២-៧៧

ចំណុច​ហាត់​រៀន​ទី១៥

ឧទាហរណនិទស្សន៍​ដែល​ត្រឹម​ត្រូវ

១ ពេល​អ្នក​ថ្លែង​ប្រើ​ឧទាហរណនិទស្សន៍ គឺ​ហាក់​ដូច​ជា​គាត់​គូរ​រូបភាព​ដែល​អាច​ដិត​ជាប់​ក្នុង​គំនិត​របស់​អ្នក​ស្ដាប់។ ឧទាហរណនិទស្សន៍​បង្កើត​ឲ្យ​មាន​ចំណាប់អារម្មណ៍ និង​បញ្ជាក់​នូវ​គំនិត​សំខាន់ៗ។ ឧទាហរណនិទស្សន៍​នាំ​ឲ្យ​យើង​ចេះ​ត្រិះរិះ និង​ជួយ​យើង​ឲ្យ​ឆាប់​យល់​គំនិត​ថ្មី។ ឧទាហរណនិទស្សន៍​ដែល​សម​ត្រឹម​ត្រូវ អាច​មាន​អានុភាព​លើ​គំនិត​ផង​និង​ចិត្ត​ផង។ ជា​លទ្ធផល យើង​អាច​ធ្វើ​ឲ្យ​សារ​នោះ​ដិត​ជាប់​ក្នុង​គំនិត​បាន ដែល​មិន​ងាយ​ធ្វើ​ដោយ​គ្រាន់​តែ​ប្រាប់​ហេតុ​ការណ៍​ប៉ុណ្ណោះ។ ប៉ុន្តែ លុះ​ត្រា​តែ​ឧទាហរណនិទស្សន៍​នោះ​គឺ​ត្រឹម​ត្រូវ ទើប​មាន​ប្រសិទ្ធភាព។ ឧទាហរណនិទស្សន៍​ត្រូវ​តែ​ស្រប​តាម​សាច់​រឿង​របស់​យើង។

២ នៅ​ពេល​ខ្លះ យើង​អាច​ប្រើ​ឧទាហរណនិទស្សន៍​បាន ដើម្បី​ជៀស​វាង​ភាព​លំអៀង​របស់​អ្នក​ស្ដាប់ ឬ​ចំណុច​ណា​ដែល​ពួក​គេ​អាច​ប្រកាន់។ ឧទាហរណនិទស្សន៍​អាច​ធ្វើ​ឲ្យ​ការ​ជំទាស់​ទាំង​ប៉ុន្មាន​រលាយ​បាត់​អស់ មុន​នឹង​យើង​ពិគ្រោះ​លទ្ធិ​ណា​ដែល​មនុស្ស​ចូល​ចិត្ត​ប្រឈ្លោះ​ជជែក​រក​ខុសត្រូវ។ ជា​ឧទាហរណ៍ យើង​អាច​និយាយ​ថា៖ «គ្មាន​ឪពុក​ណា​ម្នាក់​នឹង​ដាក់​ទណ្ឌកម្ម​កូន ដោយ​យក​ដៃ​កូន​ដាក់​លើ​ជើង​ក្រាន​ក្ដៅ​នោះ​ឡើយ»។ បើ​ប្រើ​ឧទាហរណនិទស្សន៍​នេះ​មុន​នឹង​ពិគ្រោះ​អំពី​លទ្ធិ«ស្ថាន​នរក» នេះ​អាច​ជួយ​បង្ហាញ​ថា ការ​បង្រៀន​នោះ​គួរ​ឲ្យ​ស្អប់​ខ្ពើម​មែន ហើយ​ក៏​ជួយ​ឲ្យ​អ្នក​ស្ដាប់​ស្រួល​បដិសេធ​ចោល​លទ្ធិ​នោះ​ដែរ។

៣ ឧទាហរណនិទស្សន៍​អាច​មាន​ច្រើន​បែប​ច្រើន​យ៉ាង ដូច​ជា​ការ​វិភាគ​មើល​ភាព​ស្រដៀង​គ្នា ការ​ប្រៀបធៀប ការ​បង្ហាញ​នូវ​ភាព​ខុស​គ្នា ពាក្យ​ប្រៀបប្រដូច បទពិសោធន៍​របស់​ខ្លួន និង​ឧទាហរណ៍​ជា​ដើម។ យើង​អាច​រើស​យក​ឧទាហរណនិទស្សន៍​ពី​ទិដ្ឋភាព​ផ្សេងៗជា​ច្រើន។ យើង​អាច​សំដៅ​ទៅ​លើ​អ្វីៗដែល​បាន​បង្កើត​មក​ជា​ឧទាហរណនិទស្សន៍ មិន​ថា​វត្ថុ ឬ​អ្វី​ដែល​មាន​ជីវិត​ក៏​បាន។ ឧទាហរណនិទស្សន៍​អាច​សំដៅ​ទៅ​លើ​មុខ​របរ​ឬ​ការងារ​របស់​អ្នក​ស្ដាប់ លក្ខណៈ​នៃ​មនុស្ស វត្ថុ​ក្នុង​ផ្ទះ ឬ​ស្នា​ដៃ​របស់​មនុស្ស​ជាតិ​ក៏​បាន ដូច​ជា​ផ្ទះ​សម្បែង​និង​កប៉ាល់​ជា​ដើម។ ទោះ​ជា​យើង​ប្រើ​ឧទាហរណនិទស្សន៍​ណា​ក៏​ដោយ យើង​ត្រូវ​ជ្រើសរើស​ឧទាហរណនិទស្សន៍​ស្រប​ទៅ​តាម​កាលៈទេសៈ​និង​ពត៌មាន​នោះ មិន​មែន​ដោយសារ​យើង​ចូល​ចិត្ត​ប្រើ​ឧទាហរណនិទស្សន៍​នោះ​ទេ។

៤ សូម​ប្រុង​ប្រយ័ត្ន​ចំណុច​មួយ​នេះ! កុំ​ប្រើ​ឧទាហរណនិទស្សន៍​ច្រើន​ពេក។ ចូរ​ប្រើ​ឧទាហរណនិទស្សន៍ តែ​កុំ​ឲ្យ​ប្រើ​ជ្រុល​ពេក​នោះ​ឡើយ។

៥ ការ​ប្រើ​ឧទាហរណនិទស្សន៍​យ៉ាង​ត្រឹម​ត្រូវ គឺ​តម្រូវ​ឲ្យ​យើង​មាន​ភាព​ប៉ិនប្រសប់​និង​មាន​បទពិសោធន៍។ ប៉ុន្តែ ការ​ប្រើ​ឧទាហរណនិទស្សន៍​ពិត​ជា​មាន​ប្រសិទ្ធភាព​មែន។ ដើម្បី​ឲ្យ​ចេះ​ប្រើ​ឧទាហរណនិទស្សន៍ យើង​ត្រូវ​តែ​រៀន​ឲ្យ​ចេះ​គិត​ពី​ឧទាហរណនិទស្សន៍។ ពេល​យើង​អាន ចូរ​កត់​សម្គាល់​នូវ​ឧទាហរណនិទស្សន៍​ដែល​បាន​ប្រើ។ ពេល​យើង​ឃើញ​អ្វី​ផ្សេងៗ ចូរ​គិត​អំពី​របស់​ទាំង​នោះ​ដោយ​ប្រៀបធៀប​នឹង​របៀប​រស់​នៅ​ជា​គ្រីស្ទាន​និង​កិច្ចបំរើ​ផ្សាយ​របស់​យើង។ ជា​ឧទាហរណ៍ បើ​យើង​ឃើញ​ផ្កា​ដាំ​ក្នុង​ផើង​ដែល​ស្ងួត​និង​ក្រៀម យើង​អាច​គិត​ថា៖ «មិត្តភាព​គឺ​ប្រៀប​ដូច​ជា​ការ​ដាំ​ផ្កា។ យើង​ត្រូវ​តែ​ស្រោច​ទឹក​ដើម្បី​ឲ្យ​ដើម​ផ្កា​នោះ​លូត​លាស់​ល្អ»។ មនុស្ស​ខ្លះ​សព្វ​ថ្ងៃ​នេះ​ពេល​គិត​អំពី​ព្រះ​ចន្ទ គេ​គ្រាន់​តែ​គិត​អំពី​ការ​ធ្វើ​ដំណើរ​ទៅ​ភព​ព្រះ​ចន្ទ​ប៉ុណ្ណោះ។ រីឯ​គ្រីស្ទាន​វិញ ពួក​គេ​គិត​អំពី​ព្រះ​ចន្ទ​ជា​ស្នា​ព្រះ​ហស្ត​មួយ​របស់​ព្រះ ជា​របស់​ដែលនៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត ជា​ភព​មួយ​ដែល​វិល​ជុំវិញ​ផែនដី​ហើយ​មាន​ឥទ្ធិពល​លើ​ជីវិត​យើង​រាល់​ថ្ងៃ ទាំង​នាំ​ឲ្យ​មាន​ទឹក​ជន់​និង​ទឹក​នាច។

៦ ពេល​រៀបចំ​សុន្ទរកថា បើ​យើង​រក​នឹក​មិន​ឃើញ​នូវ​ឧទាហរណនិទស្សន៍​ណា​មួយ​ទេ សូម​ឆែក​មើល​ពត៌មាន​ក្នុង​សៀវភៅ​ផ្សេងៗរបស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ថា​តើ​សៀវភៅ​ទាំង​នោះ​ប្រើ​ឧទាហរណនិទស្សន៍​ណា? ចូរ​គិត​អំពី​ពាក្យ​គន្លឹះ​ក្នុង​សុន្ទរកថា ថា​តើ​ពាក្យ​នោះ​នាំ​ឲ្យ​យើង​ស្រមៃ​គិត​អំពី​ទិដ្ឋភាព​អ្វី? រួច​មក ចូរ​រក​វិធី​រៀប​រាប់​ឧទាហរណនិទស្សន៍​ស្រប​ទៅ​តាម​គំនិត​នោះ។ ប៉ុន្តែ ចូរ​ចាំ​ថា យក​ល្អ​កុំ​ឲ្យ​យើង​ប្រើ​ឧទាហរណនិទស្សន៍​សោះ ជាជាង​ប្រើ​មួយ​ដែល​មិន​ត្រូវ​តាម​សាច់​រឿង។ ពេល​គិត​អំពី«ឧទាហរណនិទស្សន៍​ត្រូវ​តាម​សាច់​រឿង»ដែល​បាន​កត់​លើ​ប័ណ្ណ​ជូន​ឱវាទ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ចំណុច​ផ្សេងៗដែល​មាន​ដូច​ខាង​ក្រោម។

៧ មិន​ស្មុគស្មាញ: ឧទាហរណនិទស្សន៍​ដែល​មិន​ស្មុគស្មាញ​គឺ​ងាយ​ចាំ​ជាង ហើយ​អាច​ជួយ​បញ្ជាក់​ហេតុ​ផល។ តែ​បើ​យើង​ប្រើ​ឧទាហរណនិទស្សន៍​ស្មុគស្មាញ​វិញ នេះ​អាច​បង្វែរ​អារម្មណ៍​របស់​អ្នក​ស្ដាប់​ចេញ​ពី​ចំណុច​ដែល​យើង​ខំ​បញ្ជាក់។ ឧទាហរណនិទស្សន៍​ដែល​ព្រះ​យេស៊ូ​ប្រើ​នោះ គឺ​មាន​ពាក្យ​បន្ដិច​បន្តួច​ទេ។ (ជា​ឧទាហរណ៍ សូម​មើល​ម៉ាថាយ ១៣:៣១​-​៣៣; ២៤:៣២, ៣៣) អ្នក​ស្ដាប់​ត្រូវ​យល់​នូវ​ពាក្យ​ដែល​យើង​ប្រើ ដើម្បី​ឲ្យ​ឧទាហរណនិទស្សន៍​មិន​មាន​ភាព​ស្មុគស្មាញ។ បើ​យើង​ត្រូវ​ពន្យល់​ច្រើន​អំពី​ឧទាហរណនិទស្សន៍​មួយ នោះ​គឺ​ស្មុគស្មាញ​ពេក​ហើយ។ កុំ​ប្រើ​ឧទាហរណនិទស្សន៍​នោះ តែ​បើ​ប្រើ​ត្រូវ​សម្រាយ​ឲ្យ​គេ​យល់​វិញ។

៨ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​របស់​ធម្មតាៗ ដើម្បី​ពន្យល់​អំពី​អ្វី​ដែល​សំខាន់ៗ ហើយ​ទ្រង់​បាន​លើក​ឧទាហរណ៍​ស្រួល​យល់ ដើម្បី​ពន្យល់​រឿង​ដែល​ពិបាក​យល់។ អ្នក​ស្ដាប់​គួរ​មាន​សមត្ថភាព​នឹក​ឃើញ​យ៉ាង​ងាយ​នូវ​ទិដ្ឋភាព​ដែល​ឧទាហរណនិទស្សន៍​ចង់​លើក​បញ្ជាក់​នោះ ដោយ​មិន​រួម​បញ្ចូល​ចំណុច​ច្រើន​ពេក។ ឧទាហរណនិទស្សន៍​គួរ​ច្បាស់​និង​មាន​មូលដ្ឋាន​រឹង​មាំ។ គឺ​ធម្មតា​ពិបាក​ច្រឡំ​អត្ថន័យ​នៃ​ឧទាហរណនិទស្សន៍​ទាំង​នេះ​ណាស់។

៩ ឧទាហរណនិទស្សន៍​នឹង​មាន​ប្រយោជន៍​ហើយ​ស្រួល​យល់​ជា​ទីបំផុត បើ​មាន​អត្ថន័យ​ដូច​នឹង​សាច់​រឿង​ដែល​យើង​ពន្យល់។ បើ​ចំណុច​ខ្លះ​ក្នុង​ឧទាហរណនិទស្សន៍​មិន​ត្រូវ​នឹង​សាច់​រឿង​ទេ យក​ល្អ​កុំ​ប្រើ​ឧទាហរណ៍​នោះ​ឡើយ។ អ្នក​ស្ដាប់​ខ្លះ​នឹង​វិភាគ​អំពី​ចំណុច​ណា​ដែល​មិន​សូវ​ទាក់ទង​ចំៗនឹង​ឧទាហរណ៍​នោះ ហើយ​នេះ​នឹង​ធ្វើ​ឲ្យ​ឧទាហរណនិទស្សន៍​លែង​មាន​ប្រសិទ្ធភាព​វិញ។

១០ ពន្យល់​ឲ្យ​បាន​ច្បាស់: បើ​យើង​មិន​ពន្យល់​នូវ​មេ​រៀន​ដែល​ត្រូវ​បញ្ជាក់​ដោយ​ឧទាហរណនិទស្សន៍ មនុស្ស​ខ្លះ​នឹង​យល់​បាន​មែន ប៉ុន្តែ​មនុស្ស​ជា​ច្រើន​នឹង​មិន​យល់​ទេ។ អ្នក​ថ្លែង​ត្រូវ​យល់​ច្បាស់​អំពី​ឧទាហរណនិទស្សន៍ ហើយ​ដឹង​ថា​មាន​គោល​បំណង​អ្វី​ក្នុង​ការ​ប្រើ​ឧទាហរណនិទស្សន៍​នោះ។ អ្នក​ថ្លែង​គួរ​ប្រាប់​ចំៗថា ឧទាហរណនិទស្សន៍​នោះ​មាន​ប្រយោជន៍​អ្វី។ (សូម​មើល​ម៉ាថាយ ១២:១០​-​១២)

១១ យើង​អាច​ពន្យល់​នូវ​មេ​រៀន​ដែល​ត្រូវ​បញ្ជាក់​ដោយ​ឧទាហរណនិទស្សន៍​តាម​របៀប​ផ្សេងៗ។ យើង​អាច​ប្រើ​ឧទាហរណនិទស្សន៍​ដើម្បី​ស្ថាបនា​នូវ​គោលការណ៍​ដែល​ត្រូវ​ថ្លែង​បញ្ជាក់​មុន​ឬ​ក្រោយ​ពី​លើក​ឧទាហរណ៍​នោះ។ យើង​អាច​ពន្យល់​នូវ​មេ​រៀន​ដែល​ឧទាហរណនិទស្សន៍​បញ្ជាក់​ហេតុ​ផល ដោយ​និយាយ​សង្កត់​ធ្ងន់​ទៅ​លើ​លទ្ធផល​វិញ។ ឬ​យើង​ក៏​អាច​ពន្យល់​អំពី​មេ​រៀន​នោះ​ដោយ​សំដៅ​ទៅ​លើ​ភាព​ស្រដៀង​គ្នា​នៃ​ចំណុច​ក្នុង​ឧទាហរណនិទស្សន៍​និង​ចំណុច​ដែល​បញ្ជាក់​ហេតុ​ផល។

១២ បញ្ជាក់​ចំណុច​សំខាន់ៗ: កុំ​ប្រើ​ឧទាហរណនិទស្សន៍​ដោយសារ​យើង​បាន​នឹក​គិត​ពី​ឧទាហរណ៍​នោះ​ដោយ​ចៃដន្យ។ ចូរ​វិភាគ​ខ្លឹមសារ​នៃ​សុន្ទរកថា​ដើម្បី​ដឹង​ថា​មាន​គោល​ចំណុច​ណា​ខ្លះ ហើយ​រួច​មក ជ្រើសរើស​ឧទាហរណនិទស្សន៍ ដើម្បី​បញ្ជាក់​នូវ​គោល​ចំណុច​ទាំង​នោះ។ បើ​យើង​ប្រើ​ឧទាហរណនិទស្សន៍​ដើម្បី​បញ្ជាក់​ចំណុច​ដែល​មិន​សូវ​សំខាន់ នោះ​អ្នក​ស្ដាប់​ប្រហែល​ជា​នឹង​ចាំ​ចំណុច​ដែល​មិន​សូវ​សំខាន់ ជាជាង​ចាំ​គោល​ចំណុច​វិញ។ (សូម​មើល​ម៉ាថាយ ១៨:២១​-​៣៥; ៧:២៤​-​២៧)

១៣ ឧទាហរណនិទស្សន៍​មិន​គួរ​លេច​ធ្លោ​ជាង​ចំណុច​ដែល​បញ្ជាក់​ហេតុ​ផល​ឡើយ។ អ្នក​ស្ដាប់​ប្រហែល​ជា​នឹង​ចាំ​មិន​ភ្លេច​នូវ​ឧទាហរណនិទស្សន៍​មែន ប៉ុន្តែ ពេល​នឹក​គិត​អំពី​ឧទាហរណនិទស្សន៍​នោះ ពួក​គេ​ក៏​គួរ​ចង​ចាំ​យ៉ាង​ច្បាស់​នូវ​ចំណុច​ដែល​ឧទាហរណ៍​នោះ​បាន​បញ្ជាក់។ បើ​មិន​ដូច្នេះ​ទេ​នេះ​មាន​ន័យ​ថា ឧទាហរណនិទស្សន៍​គឺ​លេច​ធ្លោ​ជាង​ចំណុច​សំខាន់ៗហើយ។

១៤ ពេល​រៀបចំ​សុន្ទរកថា​និង​កំពុង​តែ​គិត​ជ្រើសរើស​ឧទាហរណនិទស្សន៍ ចូរ​គិត​អំពី​ចំណុច​ដែល​យើង​ចង់​បញ្ជាក់​នោះ​ហើយ​សួរ​ថា តើ​ឧទាហរណនិទស្សន៍​នេះ​មាន​ប្រយោជន៍​ឬ​ទេ? តើ​ឧទាហរណនិទស្សន៍​នេះ​ជួយ​បញ្ជាក់​ចំណុច​ទាំង​នេះ​ទេ? តើ​ឧទាហរណនិទស្សន៍​នេះ​ជួយ​ធ្វើ​ឲ្យ​ចំណុច​ទាំង​នេះ​លេច​ធ្លោ​ឬ? តើ​ឧទាហរណនិទស្សន៍​នេះ​ជួយ​ធ្វើ​ឲ្យ​ស្រួល​យល់​និង​ងាយ​ចាំ​ចំណុច​នោះ​ឬ​ទេ? បើ​អត់​ទេ ឧទាហរណនិទស្សន៍​នេះ​គឺ​ឥត​ត្រូវ​តាម​សាច់​រឿង​ឡើយ។

**********

១៥ ឧទាហរណនិទស្សន៍​ដែល​ត្រឹម​ត្រូវ​នោះ ត្រូវ​តែ​មាន​ភាព​ស្រប​គ្នា​នឹង​សាច់​រឿង ហើយ​ត្រូវ​កែ​សម្រួល​ឲ្យ​ស្រប​តាម​អ្នក​ស្ដាប់​ផង​ដែរ។ ចំណុច​នេះ​ត្រូវ​កត់​ជា​លក្ខណៈ​ផ្សេង​លើ​ប័ណ្ណ​ជូន​ឱវាទ ដែល​ហៅ​ថា៖ «ឧទាហរណនិទស្សន៍​ស្រប​តាម​អ្នក​ស្ដាប់»។ ពេល​លោក​ណាថាន់​ត្រូវ​កែ​តម្រង់​ដាវីឌ​ស្តី​ពី​អំពើ​បាប​ដែល​ទ្រង់​ប្រព្រឹត្ត​ជា​មួយ​នឹង​នាង​បាតសេបា នោះ​គាត់​បាន​ប្រើ​ឧទាហរណនិទស្សន៍​អំពី​បុរស​អ្នក​ក្រ​ម្នាក់​ដែល​មាន​កូន​ចៀម​តូច​តែ​មួយ។ (២សាំ. ១២:១​-​៦) ណាថាន់​បាន​ប្រើ​ឧទាហរណនិទស្សន៍​នេះ​យ៉ាង​ប៉ិនប្រសប់ ហើយ​ក៏​ស្រប​នឹង​ចំណង់​ចំណូល​ចិត្ត​របស់​ដាវីឌ​ទៀត ពីព្រោះ​ដាវីឌ​ធ្លាប់​ជា​អ្នក​គង្វាល​ចៀម។ ដាវីឌ​បាន​យល់​ចំណុច​នោះ​ភ្លាម។

១៦ ប្រសិន​បើ​អ្នក​ស្ដាប់​ច្រើន​តែ​ជា​មនុស្ស​ចាស់ យើង​មិន​គួរ​ប្រើ​ឧទាហរណនិទស្សន៍​ដែល​ត្រូវ​ចិត្ត​នឹង​ពួក​យុវ​វ័យ​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ បើ​យើង​ប្រើ​ឧទាហរណនិទស្សន៍​នោះ​ពេល​ពិគ្រោះ​ជា​មួយ​សិស្ស​សាលា​មួយ​ក្រុម នោះ​គឺ​ស្រប​តាម​អ្នក​ស្ដាប់​មែន។ ជួន​កាល​យើង​អាច​ពន្យល់​នូវ​មេ​រៀន​ដែល​ត្រូវ​បញ្ជាក់​ដោយ​ឧទាហរណនិទស្សន៍ ដោយ​បង្ហាញ​ដល់​អ្នក​ស្ដាប់​នូវ​ទិដ្ឋភាព​ពីរ​យ៉ាង។ ជា​ឧទាហរណ៍ យើង​អាច​ពន្យល់​ពី​ទិដ្ឋភាព​ដែល​ទាក់ទង​មនុស្ស​ចាស់​ផង ហើយ​ពួក​អ្នក​នៅ​ក្មេង​ផង​ដែរ ឬ​ក៏​ទិដ្ឋភាព​សំដៅ​ទៅ​លើ​បុរស​ផង និង​ស្ត្រី​ផង​ដែរ។

១៧ ឧទាហរណនិទស្សន៍​ស្រប​តាម​ស្ថានភាព​រស់​នៅ: បើ​យើង​លើក​ឧទាហរណនិទស្សន៍​សំដៅ​ទៅ​លើ​វត្ថុ​ឬ​របស់​ដែល​និយម​មាន​តាម​តំបន់ នោះ​អ្នក​ស្ដាប់​អាច​ស្គាល់​ភ្លាមៗ។ ព្រះ​យេស៊ូ​បាន​ធ្វើ​ដូច្នេះ​មែន។ ទ្រង់​បាន​ពិគ្រោះ​ជា​មួយ​ស្ត្រី​នៅ​ឯ​អណ្ដូង​ទឹក ហើយ​បាន​បង្រៀន​អំពី​គុណសម្បត្ដិ​របស់​ទ្រង់​ដែល​អាច​ផ្ដល់​ឲ្យ​ជីវិត ថា​ប្រៀប​ដូច​ជា​ទឹក។ ទ្រង់​មាន​បន្ទូល​ពី​របស់​ធម្មតា​ដែល​មាន​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ មិន​មែន​ជា​របស់​ប្លែក​ដែល​គេ​មិន​ធ្លាប់​ឃើញ​នោះ​ទេ។ ពេល​មនុស្ស​ស្ដាប់​ឧទាហរណនិទស្សន៍​របស់​ព្រះ​យេស៊ូ ពួក​គេ​អាច​គិត​ឃើញ​ទិដ្ឋភាព​នោះ​តែ​ម្ដង ឬ​ក៏​ឧទាហរណនិទស្សន៍​នោះ​អាច​រំឭក​ពួក​គេ​ភ្លាមៗពី​បទពិសោធន៍​ណា​មួយ​របស់​គេ ដែល​មាន​ក្នុង​ជីវិត។ ទ្រង់​បាន​ប្រើ​ឧទាហរណនិទស្សន៍​ដើម្បី​បង្រៀន​មនុស្ស។

១៨ សព្វ​ថ្ងៃ​នេះ​ក៏​ដូច្នេះ​ដែរ។ មេ​ផ្ទះ​ប្រហែល​ជា​ធ្លាប់​ឮ​គេ​និយាយ​អំពី​ប្រព័ន្ធ​ពាណិជ្ជកម្ម​ក្នុង​លោកីយ៍ ប៉ុន្តែ យក​ល្អ​ឲ្យ​យើង​ប្រើ​ឧទាហរណ៍​ដែល​សំដៅ​ទៅ​លើ​អ្វីៗដែល​ទាក់ទង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មេ​ផ្ទះ​វិញ ដូច​ជា​បុត្រ​ធីតា ឬ​ភារកិច្ច​ក្នុង​ផ្ទះ និង​របស់​ផ្សេងៗដែល​គាត់​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​សម្បែង។

១៩ ឧទាហរណនិទស្សន៍​ដែល​មាន​ប្រយោជន៍ គឺ​រៀប​រាប់​ពី​អ្វីៗដែល​មាន​ក្នុង​តំបន់​នោះ។ ព្រឹត្ដិការណ៍​ដែល​សហគមន៍​ដឹង​ជា​ទូទៅ ដូច​ជា​ពត៌មាន​ក្នុង​តំបន់ ក៏​ជា​ឧទាហរណ៍​ត្រឹម​ត្រូវ​ដែរ បើ​ជា​រឿង​សមរម្យ​នោះ។

២០ ឧទាហរណនិទស្សន៍​ដែល​សមរម្យ: ឧទាហរណនិទស្សន៍​ណា​ដែល​យើង​ប្រើ គួរ​តែ​ទាក់ទង​នឹង​អ្វីៗដែល​យើង​ពិគ្រោះ​ក្នុង​ព្រះ​គម្ពីរ។ យ៉ាង​ច្បាស់​ណាស់ ស្តី​អំពី​រឿង​សីលធម៌ នោះ​យើង​មិន​ត្រូវ​ប្រើ​ឧទាហរណនិទស្សន៍​ដែល​មិន​សមរម្យ​ឡើយ។ ចូរ​ជៀស​វាង​សំដី​បែប​ណា​ដែល​បង្កប់​អត្ថន័យ​ពីរ​ដែល​អ្នក​ស្ដាប់​អាច​យល់​ខុស។ គោលការណ៍​ណែនាំ​ដ៏​ល្អ​មួយ​គឺ បើ​យើង​មិន​ប្រាកដ​ទេ កុំ​និយាយ​សោះ​ឡើយ។

២១ យើង​មិន​គួរ​ប្រើ​ឧទាហរណនិទស្សន៍​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​មិន​ពេញ​ចិត្ត​នោះ​ទេ ជា​ពិសេស​ចំពោះ​អ្នក​ចាប់​អារម្មណ៍​ថ្មី។ ដោយ​ហេតុ​នេះ យក​ល្អ​កុំ​ឲ្យ​យើង​លើក​រឿង​ដែល​មិន​សូវ​ទាក់ទង​ការ​ពិគ្រោះ​របស់​យើង ដែល​សំដៅ​ទៅ​លើ​ការ​បង្រៀន​ឬ​លទ្ធិ​ណា​ដែល​នាំ​ឲ្យ​ទាស់​គ្នា។ ឧបមា​ថា យើង​នឹង​មិន​ប្រើ​ឧទាហរណ៍​សំដៅ​ទៅ​លើ​ការ​បញ្ចូល​ឈាម​ឬ​ការ​គោរព​ទង់ជាតិ​ទេ បើ​នេះ​មិន​មែន​ជា​គោល​រឿង​ក្នុង​សុន្ទរកថា។ មនុស្ស​ខ្លះ​អាច​ទៅ​ជា​មិន​ចង់​ស្ដាប់​ទៀត ឬ​រហូត​ដល់​ជំពប់​ដួល​ក៏​មិន​ដឹង។ ប៉ុន្តែ បើ​សុន្ទរកថា​របស់​យើង​ត្រូវ​រួម​បញ្ចូល​ការ​ពិគ្រោះ​រឿង​បែប​នេះ គឺ​មិន​បញ្ហា​ទេ។ បើ​ដូច្នេះ យើង​មាន​ឱកាស​ពន្យល់​វែកញែក​លើ​ចំណុច​នេះ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ព្រម​ជឿ​តាម។ ប៉ុន្តែ យើង​នឹង​មិន​ទទួល​ប្រយោជន៍​អ្វី​ឡើយ បើ​យើង​ប្រើ​ឧទាហរណនិទស្សន៍​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ប្រកាន់ និង​មិន​ពេញ​ចិត្ត​នឹង​សេចក្ដី​ពិត​ដ៏​សំខាន់​ដែល​យើង​កំពុង​តែ​ពិគ្រោះ​នោះ។

២២ ដូច្នេះ ពេល​យើង​ជ្រើសរើស​ឧទាហរណនិទស្សន៍ ចូរ​ប្រើ​សមត្ថភាព​វែកញែក​ដែរ។ ចូរ​ប្រាកដ​ក្នុង​ចិត្ត​ថា ឧទាហរណនិទស្សន៍​នោះ គឺ​សម​ត្រឹម​ត្រូវ។ បើ​យើង​ប្រើ​ឧទាហរណនិទស្សន៍​ត្រូវ​តាម​សាច់​រឿង​និង​ស្រប​តាម​អ្នក​ស្ដាប់ ឧទាហរណ៍​នោះ​នឹង​មាន​ភាព​សម​ត្រឹម​ត្រូវ​មែន។

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១, ២​. សូម​ពន្យល់​ដោយ​សង្ខេប អំពី​ផល​ប្រយោជន៍​ដែល​មក​ពី​ការ​ប្រើ​ឧទាហរណនិទស្សន៍​ក្នុង​សុន្ទរកថា។

៣​-​៦​. តើ​យើង​អាច​ជ្រើសរើស​ឧទាហរណនិទស្សន៍​ពី​ប្រភព​ណា​ខ្លះ?

៧​-​៩​. ហេតុ​អ្វី​ក៏​ឧទាហរណនិទស្សន៍​ដែល​មិន​ស្មុគស្មាញ​គឺ​មាន​ប្រយោជន៍?

១០, ១១​. សូម​ពន្យល់​នូវ​មូលហេតុ​ដែល​យើង​ត្រូវ​ពន្យល់​មេ​រៀន​នៃ​ឧទាហរណនិទស្សន៍​ឲ្យ​បាន​ច្បាស់។

១២​-​១៤​. តើ​អ្វី​ដែល​នឹង​ជួយ​ឲ្យ​យើង​ដឹង​ថា ឧទាហរណនិទស្សន៍​ណា​មួយ​គឺ​ត្រឹម​ត្រូវ​នោះ?

១៥, ១៦​. សូម​ពន្យល់​នូវ​មូលហេតុ​ដែល​ឧទាហរណនិទស្សន៍​គួរ​ស្រប​តាម​អ្នក​ស្ដាប់?

១៧​-​១៩​. ដើម្បី​ឲ្យ​ឧទាហរណនិទស្សន៍​ជា​ទី​ពេញ​ចិត្ត​ដល់​អ្នក​ស្ដាប់ តើ​យើង​ត្រូវ​ជ្រើសរើស​ឧទាហរណនិទស្សន៍​តាម​កាលៈទេសៈ​ណា?

២០​-​២២​. សូម​រៀប​រាប់​នូវ​បញ្ហា​ខ្លះ​ដែល​យើង​ត្រូវ​ជៀស​វាង​ពេល​ប្រើ​ឧទាហរណនិទស្សន៍។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក