«គេមិនបានចាប់អារម្មណ៍អ្វីសោះ»
ការមិនអើពើនឹងការព្រមានអាចបណ្ដាលឲ្យរងគ្រោះមហន្តរាយ។
នៅឆ្នាំ ១៩៧៤ ប្រជាជននៅទីក្រុងដាវិន ប្រទេសអូស្ដ្រាលី កំពុងជាប់រវល់រៀបចំធ្វើពិធីបុណ្យមួយ ស្រាប់តែមានស៊ីរ៉ែនបញ្ចេញសូរព្រមានថា មានខ្យល់ព្យុះកំពុងតែមកជិតតំបន់នោះ។ ប៉ុន្តែ ទីក្រុងដាវិនមិនដែលមានគ្រោះមហន្តរាយដោយសារខ្យល់ព្យុះអស់ប្រមាណ៣០ឆ្នាំមកហើយ។ តើមានហេតុឲ្យជឿថា លើកនេះនឹងមានគ្រោះមហន្តរាយទេ? ប្រជាជនភាគច្រើនមិនបានចាត់ទុកខ្យល់ព្យុះនោះជាអ្វីដ៏គ្រោះថ្នាក់ទេ ទាល់តែខ្យល់បោកបក់យ៉ាងខ្លាំង សន្ធប់មកលើផ្ទះធ្វើឲ្យជញ្ជាំងនិងដំបូលរបើកចេញពីគ្នាអស់។ ស្អែកឡើងគេបានឃើញទីក្រុងខ្ទេចអស់។
នៅខែវិច្ឆិកា ឆ្នាំ ១៩៨៥ ភ្នំភ្លើងមួយបានផ្ទុះនៅប្រទេសកូឡុំប៊ី។ ទឹកកកដែលកកនៅលើភ្នំនោះចាប់ផ្ដើមរលាយធ្វើឲ្យមានភក់ល្បាប់ជាច្រើនធ្លាក់ចុះពីលើភ្នំ។ នៅក្នុងភូមិអមីរ៉ូ មនុស្សជាង ២០.០០០ នាក់ត្រូវភក់ល្បាប់នោះហូរមកគ្របពីលើ។ តើពួកគេមិនមានការព្រមានទុកជាមុនទេឬ? ភ្នំនោះបានកក្រើកច្រើនខែហើយ។ ក៏ប៉ុន្តែ មនុស្សភាគច្រើននៅភូមិអមីរ៉ូធ្លាប់រស់នៅក្បែរភ្នំភ្លើងនោះជាយូរមកហើយ ដូច្នេះពួកគេមិនសូវខ្វល់ខ្វាយប៉ុន្មានទេ។ ពួករាជការបានទទួលការព្រមានថា មិនយូរប៉ុន្មានទៀតអាចមានមហន្តរាយកើតឡើងនៅទីនោះ តែពួកគេមិនបានព្រមានប្រាប់សាធារណជនឲ្យដឹងទេ។ តាមវិទ្យុគេបានប្រកាសប្រាប់ប្រជាជនកុំឲ្យខ្វល់ខ្វាយឡើយ។ គេបានផ្សាយតាមមីក្រូនៅឯវិហារថា កុំតក់ស្លុតអ្វីឡើយ។ នៅពេលល្ងាចនោះ ភ្នំភ្លើងបានផ្ទុះពីរដងយ៉ាងគួរឲ្យស្ញែងក្រៃលែង។ បើអ្នកបានរស់នៅទីនោះ តើអ្នកនឹងលះចោលទ្រព្យសម្បត្ដិរបស់ខ្លួន ហើយរត់ចេញឬទេ? មនុស្សតិចណាស់បានធ្វើដូច្នេះ ទាល់តែហួសពេលហើយ។
ធម្មតា ភូគព្ភវិទូចេះទាយយ៉ាងត្រឹមត្រូវ ថានឹងមានរញ្ជួយដីនៅកន្លែងណា។ ប៉ុន្តែ កម្រណាស់ដែលពួកគាត់អាចប្រាប់យ៉ាងចំថា ការរញ្ជួយដីនឹងកើតឡើងនៅពេលណា។ នៅឆ្នាំ ១៩៩៩ មនុស្សប្រមាណ ២០.០០០ នាក់ទូទាំងផែនដីបានស្លាប់ដោយសាររញ្ជួយដី។ មនុស្សជាច្រើនដែលបានស្លាប់នោះ មិនបានស្មានថាខ្លួននឹងស្លាប់ដូច្នោះទេ។
ពេលដែលព្រះព្រមានយើង តើអ្នកធ្វើយ៉ាងណា?
ព្រះគម្ពីរបានពិពណ៌នាយ៉ាងល្អិតល្អន់ហើយយូរឆ្នាំទុកជាមុន អំពីព្រឹត្ដិការណ៍ដែលសម្គាល់គ្រាជាន់ក្រោយបង្អស់នេះ។ ស្របទៅតាមការពិពណ៌នានោះ ព្រះគម្ពីរក៏ដាស់តឿនយើងឲ្យពិចារណាមើលនូវ «សម័យលោកណូអេ»។ «មុនពេលទឹកជំនន់ធំ» នោះ មនុស្សចេះតែរវល់នឹងជីវិតប្រចាំថ្ងៃ ហើយគេក៏ប្រហែលជាបានខ្វល់ខ្វាយអំពីអំពើឃោរឃៅដែលមានទូទៅផងដែរ។ រីឯការព្រមានពីព្រះ ដែលទ្រង់ប្រទានមកតាមរយៈអ្នកបំរើទ្រង់ឈ្មោះណូអេ នោះ «គេមិនបានចាប់អារម្មណ៍អ្វីសោះ ទាល់តែទឹកជំនន់ឡើងមកដល់បំផ្លាញគេអស់ទៅ»។ (ម៉ាថាយ ២៤:៣៧-៣៩, ខ.ស.) បើអ្នកបានរស់នៅសម័យនោះ តើអ្នកនឹងធ្វើតាមការព្រមាននោះឬទេ? តើអ្នកកំពុងតែធ្វើតាមការព្រមានសព្វថ្ងៃនេះឬទេ?
ចុះយ៉ាងណាបើអ្នកបានរស់នៅសម័យឡុតដែលជាក្មួយរបស់លោកអ័ប្រាហាំនាទីក្រុងសូដុំមនៅក្បែរសមុទ្រស្លាប់នោះ? នៅជុំវិញទីក្រុងនោះគឺស្អាតហើយស្រស់បំព្រងដូចសួនច្បារដែរ។ ទីក្រុងនោះក៏មានភាពចំរុងចំរើនសំបូរសប្បាយ ហើយប្រជាជនមានអារម្មណ៍សុខសាន្ត។ នៅសម័យលោកឡុត «គេកំពុងតែស៊ីផឹក លក់ដូរ ដាំដំណាំ ហើយសង់ផ្ទះ»។ មនុស្សនៅទីនោះក៏បានប្រព្រឹត្តអំពើអសីលធម៌យ៉ាងអាក្រក់ហួសល្បត់ដែរ។ បើអ្នកបានរស់នៅសម័យនោះ តើអ្នកនឹងយកចិត្តទុកដាក់ស្ដាប់តាមការព្រមានរបស់ឡុត ក្នុងការផ្ដន្ទាទោសចំពោះអំពើអាក្រក់ឬទេ? តើអ្នកនឹងព្រមស្ដាប់ឬទេ ពេលដែលគាត់ពន្យល់ថា ព្រះបានសម្រេចព្រះទ័យកំទេចចោលទីក្រុងសូដុំមនោះ? ឬក៏ តើអ្នកនឹងមានទស្សនៈដូចកូនប្រសារបស់ឡុតដែលចាត់ទុកការព្រមាននោះជារឿងលេងសើច? តើអ្នកប្រហែលជានឹងចាប់ផ្ដើមរត់ចេញ រួចបែរមើលមកក្រោយវិញ ដូចប្រពន្ធឡុតបានធ្វើឬទេ? ទោះជាមនុស្សឯទៀតមិនបានយកចិត្តទុកដាក់នឹងការព្រមាននោះក៏ដោយ នៅថ្ងៃដែលឡុតបានចេញពីក្រុងសូដុំមមក «នោះមានភ្លៀង ជាភ្លើងនិងស្ពាន់ធ័រ ធ្លាក់ពីលើមេឃមក បំផ្លាញគេទាំងអស់គ្នាបង់»។—លូកា ១៧:២៨, ២៩
មនុស្សភាគច្រើននៅសម័យយើងនេះក៏មិនយកចិត្តទុកដាក់ដូចគ្នាដែរ។ ប៉ុន្តែ គំរូទាំងប៉ុន្មាននេះបានត្រូវកត់ទុកក្នុងព្រះបន្ទូលរបស់ព្រះជាការព្រមានដល់យើង ហើយជាការលើកទឹកចិត្តឲ្យយើងចាំយាមចុះ!
[ប្រអប់/រូបភាពនៅទំព័រ២២]
តើផែនដីទាំងមូលធ្លាប់មានទឹកជន់លិច មែនឬ?
អ្នកវាយតម្លៃសមិទ្ធផលនៅតែនិយាយថា អត់ធ្លាប់មានទេ។ ប៉ុន្តែ ព្រះគម្ពីរពន្យល់ថា ពិតជាមានមែន។
ព្រះយេស៊ូគ្រីស្ទផ្ទាល់បានមានបន្ទូលអំពីទឹកជន់លិចផែនដីទាំងមូល ហើយទ្រង់ក៏មានព្រះជន្មគង់នៅពេលទឹកជំនន់នោះបានកើតឡើងដែរ ពោលគឺ ទ្រង់បានទតឃើញពីស្ថានសួគ៌មក។
[ប្រអប់/រូបភាពនៅទំព័រ២៣]
តើទីក្រុងសូដុំមនិងកូម៉ូរ៉ាពិតជាបានវិនាសទៅ មែនឬ?
បុរាណវត្ថុវិទ្យាបានរកឃើញភស្តុតាងដែលបញ្ជាក់ថា ព្រឹត្ដិការណ៍នោះពិតជាបានកើតមានឡើងមែន។
ប្រវត្ដិសាស្ត្រនៃលោកីយ៍នេះក៏រៀបរាប់អំពីព្រឹត្ដិការណ៍នោះដែរ។
ព្រះយេស៊ូគ្រីស្ទបានបង្ហាញថា ព្រឹត្ដិការណ៍នោះអាចយកជាការបាន ហើយសៀវភៅ១៤ក្បាលក្នុងព្រះគម្ពីរក៏សំដៅទៅលើហេតុការណ៍នោះដែរ។