អំណរទុកប្រការសម្រាប់អស់អ្នកដែលរកឃើញសេចក្ដីពិត
បុរសជនជាតិហ្វ័ងឡង់ដ៍ម្នាក់បានរកឃើញសៀវភៅមួយនៅលើដំបូលផ្ទះរបស់គាត់ ដែលមានចំណងជើងថា គម្រោងការណ៍របស់ព្រះនៃកំឡុងពេល។ គាត់ក៏ចាប់ផ្ដើមអានសៀវភៅនេះភ្លាម ហើយមិនយូរប៉ុន្មាន គាត់បាននិយាយនឹងខ្លួនឯងថា៖ ‹នេះជាសេចក្ដីពិត នេះជាសេចក្ដីពិតហើយ›។ នៅពេលដែលគាត់ចុះពីដំបូលផ្ទះមកវិញ គាត់បានប្រាប់ប្រពន្ធរបស់គាត់ថា៖ «បងបានរកឃើញសាសនាពិតហើយ»។
ការពិសោធន៍នេះមានការចម្លែក តាមរបៀបដែលបុរសនេះបានរកឃើញសេចក្ដីពិត។ ស្មរបន្ទាល់ព្រះយេហូវ៉ាជាច្រើនក៏អាចរៀបរាប់ប្រាប់ការតបឆ្លើយស្រដៀងនេះដែរ។ ពួកគេទាំងអស់អាចប្រាប់អ្នកអំពីអំណរ ក្នុងពេលដែលគេបានរកឃើញសេចក្ដីពិត។ ការពិសោធន៍ទាំងឡាយដែលមានបន្តទៅនេះបញ្ជាក់ឲ្យឃើញអំពីរឿងនេះ។
ការបង្រៀនពិតពីព្រះគម្ពីរធ្វើឲ្យមានអំណរ
ម៉ាការិតតា ឃូនីហ្គើ បានមានវ័យធំឡើងនៅក្នុងទីក្រុងមូននិកនៃប្រទេសអាល្លឺម៉ង់ ក្នុងកំឡុងសង្គ្រាមលោកលើកទី២។ នាងបានឃើញជាញឹកញាប់នូវការទម្លាក់គ្រាប់បែកនិងផ្ទះឆេះជាច្រើន។ បងប្រុសរបស់នាងបានស្លាប់នៅក្នុងសង្គ្រាម។ នៅពេលដែលនាងបានទៅកិច្ចប្រជុំនៅឯព្រះវិហារកាតូលិក នាងបានឮគេអធិស្ឋានឲ្យពួកទាហានអាល្លឺម៉ង់និងឲ្យហិត្លើជាមេដឹកនាំរបស់គេ។ បន្ទាប់ពីសង្គ្រាមបានចប់ នាងបានទទួលអាហារូបករណ៍ ដើម្បីទៅសិក្សានៅអនុវិទ្យាល័យក្នុងសហរដ្ឋអាមេរិក ជាផ្នែកមួយនៃកម្មវិធីផ្លាស់សិស្សទៅសិក្សានៅបរទេស។ នាងបានឃើញថាមនុស្សនៅទីនោះមានចិត្តរាក់ទាក់នឹងនាងណាស់ នេះធ្វើឲ្យនាងមានការងឿងឆ្ងល់ថា តើអ្វីជំរុញឲ្យមនុស្សមិនទុកចិត្តគ្នា ហើយស្អប់គ្នាទៅវិញក្នុងកំឡុងសង្គ្រាម ដែលក្នុងចិត្តរបស់គេម្នាក់ៗប្រាថ្នាចង់រស់នៅដោយសន្ដិភាពនោះ។ ពេលនាងត្រឡប់មកទីក្រុងមូននិកវិញ នាងក៏បានជួបស្មរបន្ទាល់ព្រះយេហូវ៉ា ហើយតាមរយៈការសិក្សាព្រះគម្ពីរជាមួយពួកគេ នាងបានទទួលនូវចម្លើយជាច្រើនដែលនាងបានសួរពីមុនមក។ នាងមានប្រសាសន៍ថា៖ «ពួកគេបានបង្ហាញខ្ញុំពីព្រះគម្ពីរថាពួកវិញ្ញាណកំណាចមានការទាក់ទងក្នុងរឿងនេះ . . . ព្រះគម្ពីរហៅពួកវាជា‹អ្នកគ្រប់គ្រងលោកីយ៍›ហើយតាមការពិត ព្រះគម្ពីរចែងថាសាតាំងកំពុងតែ‹នាំលោកីយ៍ទាំងមូលឲ្យវង្វេងចេញ›។ . . . ដោយវិនិច្ឆ័យការប្រព្រឹត្តដ៏អាក្រក់និងយ៉ាងឥតកោតខ្លាចព្រះរវាងសាសន៍ និងមនុស្សជាច្រើននោះ ចម្លើយនេះគឺសមហេតុសមផល ហើយធ្វើឲ្យខ្ញុំស្កប់ចិត្តណាស់»!—អេភេសូរ ៦:១២; វិវរណៈ ១២:៩
ម៉ាការិតតាបន្តសេចក្ដីថា៖ «នេះបានធ្វើឲ្យខ្ញុំមានអំណរយ៉ាងខ្លាំងណាស់ ដោយរៀនដឹងពីសំវិធានការរបស់ព្រះសម្រាប់ការដោះស្រាយបញ្ហាទាំងឡាយនៅលើផែនដីនេះ។ គឺមិនមែនធ្វើឡើងតាមរយៈមនោគមវិជ្ជា ឬការគ្រប់គ្រងរបស់មនុស្សលោកណាមួយឡើយ ដែលបានដាក់ស្នើដោយពួកអ្នកប្រាជ្ញខាងលោកីយ៍នេះ។ ផ្ទុយទៅវិញ ព្រះគម្ពីរបង្ហាញថា រដ្ឋាភិបាលសួគ៌ានឹងត្រួតត្រាមើលបញ្ហាទាំងឡាយនៅលើផែនដីនេះ។ . . . ព្រះយេស៊ូបានបង្រៀនអ្នកកាន់តាមរបស់ទ្រង់ឲ្យអធិស្ឋានថា៖ ‹សូមឲ្យរាជ្យទ្រង់បានមកដល់›។ . . . ខ្ញុំបានចាប់ផ្ដើមមើលឃើញថាព្រះរាជាណាចក្រនេះ ជារដ្ឋាភិបាលដ៏ពិតមួយ និងមានតែតាមរយៈរដ្ឋាភិបាលនេះទេ ដែលអាចបង្កើតឲ្យមានសន្ដិភាពដ៏ពិតនៅពាសពេញពិភពលោក»។ ក្នុងកំឡុងពេលជិត៣០ឆ្នាំមកនេះ ម៉ាការិតតាបានបំរើជាសាសនទូតក្នុងប្រមាណប្រាំប្រទេស នៅទ្វីបអាហ្វ្រិក ហើយ១៩ឆ្នាំកន្លងមកនេះ ត្រូវបានគេបញ្ជូនឲ្យផ្សព្វផ្សាយសេចក្ដីពិតដល់មនុស្សដែលមានចិត្តរាបទាបនៅទីក្រុង អ៊ូអាហ្គូឌូហ្គូ ប៊ីឃីណា ហ្វាសូ។
ការពិសោធរបស់នាងម៉ាការិតតាមិនជាការចម្លែកទេ។ មនុស្សជាច្រើនទៀតក៏បានប្រព្រឹត្តយ៉ាងប្រាកដបែបនេះដែរ នៅពេលដែលគេបានឃើញពួកបព្វជិតនៃពិភពគ្រីស្ទសាសនាទាំងសងខាង អធិស្ឋានសុំជ័យជំនះពីព្រះនោះ។ មនុស្សដែលមានចិត្តស្មោះអាចមើលឃើញនូវការសមហេតុផលនៃការពន្យល់ពីព្រះគម្ពីរ ដែលថាព្រះមិនមានការទាក់ទងក្នុងសង្គ្រាមរបស់មនុស្សលោកយើងទេ ប៉ុន្តែរឿងនេះកើតមានឡើងពីព្រោះ«លោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាច»។ អស់អ្នកដែលស្វែងរកសេចក្ដីពិតទាំងនេះ រៀនដឹងថាជនគ្រីស្ទាន«មិនត្រូវមានចំណែកក្នុងលោកីយ»នេះទេ ប៉ុន្តែពួកគេត្រូវរក្សាអព្យាក្រឹតភាពក្នុងរឿងទាំងអស់។ ដោយទទួលស្គាល់ពួកស្មរបន្ទាល់ព្រះយេហូវ៉ាកាន់គោលជំហរបែបនេះ អ្នកចំណូលចិត្តថ្មីជឿជាក់ក្នុងចិត្តថាពួកគេរកឃើញសេចក្ដីពិតហើយ។ នៅពេលដែលពួកគេចំរើនចំណេះវិជ្ជាចំពោះហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យមានអំពើអាក្រក់ ហើយថានៅក្នុងពេលខ្លីខាងមុខនេះ ទ្រង់នឹងស្ថាបនាឲ្យមានសន្ដិភាព និងស្ថានភាពសុចរិតនៅលើផែនដីតាមរយៈរាជាណាចក្ររបស់ទ្រង់នោះ ធ្វើឲ្យពួកគេមានសេចក្ដីសង្ឃឹមនិងអំណរកាន់តែច្រើនឡើងដែរ។—យ៉ូហានទី១ ៥:១៩; យ៉ូហាន ១៧:១៦; ម៉ាថាយ ៦:៩, ១០
គោលការណ៍ពិតពីព្រះគម្ពីរធ្វើឲ្យមានអំណរ
ដានីយ៉ែល រ៉ូសារ៉ូ ពីប្រទេសអេក្វាដ៍របានមានអារម្មណ៍ថាជីវិតគ្មានន័យទេ ដូច្នេះគាត់ក៏ចាប់ផ្ដើមផឹកស្រាយ៉ាងហួសហេតុ។ សាសនារបស់គាត់បានបង្រៀនថា អ្វីមួយដែលគាត់អាចសង្ឃឹមចំពោះអនាគតនោះ គឺមានតែសេចក្ដីស្លាប់និងស្ថានភ្លើងនរកប៉ុណ្ណោះ។ គាត់បានឆ្លើយតបថា៖ «បើគេនឹងត្រូវដុតខ្ញុំនោះ ដូច្នេះចូរឲ្យខ្ញុំផឹកស្រាចុះ»! គាត់មិនបានចិញ្ចឹមក្រុមគ្រួសាររបស់គាត់ ដែលមានសមាជិកប្រាំបីនាក់នោះទេ ហើយតែងតែឈ្លោះប្រកែកជាមួយនឹងប្រពន្ធរបស់គាត់ ឌេលលីយ៉ា។ ពេលដែលមានការផ្លាស់ប្ដូរដ៏សំខាន់មួយបានកើតឡើងនៅពេលព្រឹកនៃថ្ងៃអាទិត្យមួយ កាលដែលស្មរបន្ទាល់ព្រះយេហូវ៉ាមកផ្សាយនៅឯផ្ទះរបស់គេ ហើយពួកគេក៏បានចាប់ផ្ដើមសិក្សាព្រះគម្ពីរទៅ។ នៅលើកទីមួយ ដែលដានីយ៉ែលបានទៅសន្និបាតតាមមណ្ឌលនៃព្រះយេហូវ៉ា គាត់បានដឹងថា គាត់បានរកឃើញសេចក្ដីពិតហើយ។ គាត់មានប្រសាសន៍ថា៖ «អង្គការនេះធ្វើឲ្យខ្ញុំរំភើបចិត្តយ៉ាងខ្លាំង ហើយមនុស្សជាច្រើន ពួកគេត្រូវគ្នាទៅវិញទៅមកណាស់។ អ្នកអាចមានអារម្មណ៍ពោរពេញទៅដោយសេចក្ដីស្រឡាញ់ក្នុងហ្វូងមនុស្សទាំងនេះ។ គ្មានអ្នកណាម្នាក់ជក់បារី ឬប្រើពាក្យសំដីមិនគួរសមឡើយ។ . . . ខ្ញុំបាននៅចាំក្នុងការគិតថា‹នេះជាសេចក្ដីពិត›! នេះមិនមែនដោយសារការខ្លាចសេចក្ដីស្លាប់ ឬខ្លាចនៃទីបញ្ចប់របស់លោកីយ៍នេះទេ ដែលធ្វើឲ្យខ្ញុំមានចិត្តផ្លាស់ប្ដូរនោះ គឺជាការដ៏ស្អាតស្អំរបស់អង្គការនេះវិញទេ»។
គ្រួសារលោករ៉ូសារ៉ូទាំងមូលបានទៅជាស្មរបន្ទាល់ព្រះយេហូវ៉ា។ ជីវភាពក្នុងគ្រួសារនិងស្ថានការណ៍ខាងសេដ្ឋកិច្ចរបស់គេ ក៏បានប្រសើរឡើងកាលដែលគេអនុវត្តតាមគោលការណ៍របស់ព្រះគម្ពីរ។ ឌេលលីយ៉ា រ៉ូសារ៉ូ បានមានប្រសាសន៍ថា៖ «អ្នកដឹងទេ ចំពោះការប្រសើរឡើងទាំងឡាយក្នុងជីវិតរបស់ខ្ញុំ គឺដោយសារតែសេចក្ដីពិតនៃព្រះគម្ពីរនោះឯង។ បើគ្មានពាក្យបន្ទូលរបស់ព្រះនោះ កូនៗរបស់ខ្ញុំមិនដឹងទៅជាយ៉ាងណាទេ។ កូនទាំងប្រាំពីរនាក់របស់ខ្ញុំបានជ្រមុជទឹក ហើយមានចិត្តហ្នឹងធឹងទាំងអស់។ សេចក្ដីពិតបានបណ្ដាលឲ្យខ្ញុំមានជីវិតថ្មី ព្រមទាំងសេចក្ដីសប្បាយរីករាយថ្មីផងដែរ»។
ការពិសោធន៍នៃក្រុមគ្រួសាររបស់លោករ៉ូសារ៉ូ មិនជាការចម្លែកទេ។ មនុស្សជាច្រើននៅសម័យយើងនេះក៏បានខ្វល់ខ្វាយចិត្តនឹងបញ្ហាទាំងឡាយដែរ។ មិនដូចមនុស្សនៅជំនាន់ពីមុន មូលហេតុមួយគឺថាបមាណីយនៃសីលធម៌ដែលបានផ្ដល់មកនៅក្នុងព្រះគម្ពីរ មនុស្សជាទូទៅមិនគោរពតាមទៀតទេ។ ដោយត្រាប្រណីសាសនាជាច្រើនក៏ធ្វើតាមការនិយមនេះដែរ ឬប្រហែលជាគេយល់ថា ដោយពេលវេលាបានផ្លាស់ប្ដូរ នេះក៏ធ្វើឲ្យសីលធម៌ចាស់ហួសសម័យដែរ។ ដូច្នេះដូចអ្នកឯទៀត គ្រួសារលោករ៉ូសារ៉ូបានរស់នៅដោយងងឹត រាវរកផ្លូវជីវិតដោយខ្លួនឯង ដោយគ្មានការណែនាំពីពាក្យបន្ទូលរបស់ព្រះ។ ប៉ុន្តែ នៅពេលដែលមនុស្សដែលមានចិត្តរាបទាបបានយល់ពីទស្សនៈរបស់ព្រះខាងសីលធម៌ និងខាងជីវភាពគ្រួសារនោះ ពួកគេមិនពន្យារពេលក្នុងការអនុវត្តតាមអ្វីដែលគេបានរៀនមកនោះឡើយ។ យើងអាចឃើញនូវផលដ៏ល្អនៃការធ្វើដូច្នេះ ពីសាច់រឿងរបស់ពួកគេ។
ការបណ្ដុះឲ្យមានអំណរជាចាំបាច់
ប៉ុន្តែនេះមិនមានសេចក្ដីថា ជនគ្រីស្ទានតែងតែមានសេចក្ដីសុខកាយសប្បាយចិត្តនោះឡើយ។ ជាការច្បាស់ណាស់ បញ្ហាដែលមនុស្សជួបប្រទះជាទូទៅ ដូចជាការគ្មានការធ្វើ ជម្ងឺ និងសេចក្ដីស្លាប់ ក៏មានឥទ្ធិពលទៅលើជនគ្រីស្ទានដែរ។ ជនគ្រីស្ទានក៏ត្រូវតស៊ូទ្រាំប្រយុទ្ធនឹងភាពមិនល្អឥតខ្ចោះ ហើយនិងភាពទន់ខ្សោយរបស់គេដែរ។ ព្រះគម្ពីរចែងថា លោកឡុត«មានចិត្តព្រួយលំបាក ដោយព្រោះកិរិយាខូចអាក្រក់របស់មនុស្សទទឹងច្បាប់ទាំងនោះ»នៅក្នុងក្រុងសូដុំម។ ជនគ្រីស្ទានស្មោះត្រង់មិនអាចចៀសវាងពីការមានអារម្មណ៍ស្រដៀងគ្នានេះបានទេ នៅពេលដែលបានឃើញស្ថានភាពអាក្រក់កើតមានឡើងនោះ។—ពេត្រុសទី២ ២:៧, ៨
យ៉ាងណាក៏ដោយ ចំពោះអស់អ្នកដែលបានរកឃើញសេចក្ដីពិត ពួកគេមានប្រៀបល្អជាងពួកអ្នកដែលមិនបានរកឃើញសេចក្ដីពិត។ ជាឧទាហរណ៍ ជនមានជំនឿម្នាក់ដែលកាន់ទុក្ខចំពោះអ្នកណាម្នាក់ដែលបានស្លាប់ទៅនោះ មិនមានអារម្មណ៍«ទុក្ខព្រួយដូចជាអ្នកឯទៀត ដែលគ្មានសង្ឃឹម»នោះឡើយ។ ការទុក្ខសោករបស់គាត់នឹងមិនមែនជាការដែលមានមិនចេះអស់ មិនចេះហើយនោះឡើយ។ នេះក៏ជាការពិតចំពោះបញ្ហាផ្សេងៗទៀតដែរ។ ចំពោះបុគ្គលដែលបានរកឃើញសេចក្ដីពិត គេដឹងថាបញ្ហាលំបាកដែលមានសព្វថ្ងៃនេះ ជាការបណ្ដោះអាសន្នប៉ុណ្ណោះ។ សេចក្ដីសង្ឃឹមធ្វើឲ្យគេស្រួលទ្រាំនឹងគ្រាលំបាកជាច្រើន។ ការថ្លឹងថ្លែងបែបលំនាំក្នុងការរស់នៅក៏អាចជួយដែរ។—ថែស្សាឡូនីចទី១ ៤:១៣
សាវ័កប៉ុលបានឲ្យការរំឭកដាស់តឿនថា៖ «ចូរអរសប្បាយ ក្នុងព្រះអម្ចាស់ជានិច្ច ខ្ញុំប្រាប់ម្ដងទៀតថា ចូរអរសប្បាយឡើង»! (ភីលីព ៤:៤) នេះបង្ហាញឲ្យឃើញថា ទោះបីជាយើងអាចទទួលអំណរបានក្ដី តែក៏អាចទៅជាយកមិនបានដែរ។ ការព្រួយបារម្ភអំពីរបបសម័យនេះអាចក្លាយទៅជាឧបសគ្គមួយ។ ហើយបន្ថែមទៀតនោះ ព្រះគម្ពីរប្រាប់ថាយើងត្រូវតែបណ្ដុះឲ្យមានអំណរជាចាំបាច់ ដែលជាផលផ្លែមួយនៃព្រះវិញ្ញាណរបស់ព្រះ។ (កាឡាទី ៥:២២) បើសិនជាអ្នកបន្តយកចំណេះវិជ្ជានៃសេចក្ដីពិត ហើយរំឭកខ្លួនអ្នកអំពីភាពបរិបូរខាងវិញ្ញាណដែលបានផ្ដល់មក ដែលកំពុងតែមានជាច្រើននោះ អំណររបស់អ្នកនឹងមិនរសាយឡើយ។ អំណរនេះនឹងមានរឹតតែខ្លាំងឡើង កាលដែលយើងមកដល់ពេលវេលាដែលព្រះនឹង«ជូតអស់ទាំងទឹកភ្នែក»ពីភ្នែកមនុស្សចេញ ហើយនឹងគ្មាន«សេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាក»ណាទៀតឡើយ។—វិវរណៈ ២១:៤
[រូបភាពនៅទំព័រ៨]
មនុស្សជាច្រើនមានចិត្តស្ងើចដោយបានឃើញអំណរនិងរបៀបរៀបចំយ៉ាងល្អនៅឯសន្និបាតនៃស្មរបន្ទាល់ព្រះយេហូវ៉ា