សេចក្ដីរាយការណ៍ពីពួកអ្នកប្រកាសព្រះរាជាណាចក្រ
ពួកវ័យក្មេងប្រកាសដំណឹងល្អនៅទ្វីបអាហ្វ្រិក
មិនយូរប៉ុន្មានក្រោយពីព្រះយេស៊ូបានត្រូវប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ នោះមានបុរសសាសន៍អាហ្វ្រិកម្នាក់បានមកឯក្រុងយេរូសាឡិម។ ព្រះគម្ពីរមិនបានប្រាប់ឈ្មោះគាត់ទេ។ គេគ្រាន់តែស្គាល់គាត់ថា ជាអ្នក«ដែលមានអំណាចក្រោមព្រះនាងកានដេស មហាក្សត្រីដែលសោយរាជ្យក្នុងស្រុកអេធីយ៉ូពី លោកជាអ្នកត្រួតត្រាលើអស់ទាំងព្រះរាជ្យទ្រព្យរបស់ស្តេច»។ ហេតុអ្វីក៏បាននិយាយអំពីគាត់នៅក្នុងព្រះគម្ពីរ? ពីព្រោះទេវតាមួយអង្គបានដឹកនាំភីលីព ដែលជាជនគ្រីស្ទានផ្សាយដំណឹងល្អម្នាក់ ឲ្យទៅប្រកាសប្រាប់គាត់អំពី«ដំណឹងល្អពីព្រះយេស៊ូវ»។ បុរសពីស្រុកអេធីយ៉ូពីនេះ ជាសាសន៍អាហ្វ្រិកទីមួយដែលបានកត់ទុកក្នុងឯកសារ ថាបានក្លាយទៅជាសមាជិកនៃក្រុមជំនុំគ្រីស្ទាន។—កិច្ចការ ៨:២៦-៣៩
សព្វថ្ងៃនេះ មានស្មរបន្ទាល់ព្រះយេហូវ៉ារាប់សែននាក់នៅទ្វីបអាហ្វ្រិក។ ពួកគេយកឱកាសគ្រប់យ៉ាង ដើម្បីនឹងប្រកាសប្រាប់ដំណឹងល្អអំពីព្រះយេស៊ូដល់មនុស្សឯទៀត។ ការពិសោធខាងក្រោមនេះបង្ហាញថា សូម្បីពួកវ័យក្មេងនៅអាហ្វ្រិកក៏មានរួមចំណែកក្នុងការផ្សាយប្រកាសដែរ។
◻ សែនឌីនិងព្រីយ៉ា ជាក្មេងស្រីពីរនាក់អាយុ១១ឆ្នាំរស់នៅជិតខាងគ្នានៅក្នុងទីក្រុងណែរ៉ូប៊ីនៃប្រទេសឃិនយ៉ា។ ពួកគេចូលចិត្តលេងជាមួយគ្នា ហើយយកសៀវភៅរឿងប្ដូរគ្នាមើល។ ឪពុកម្ដាយរបស់នាងព្រីយ៉ាចាប់ផ្ដើមរៀនព្រះគម្ពីរជាមួយពួកស្មរបន្ទាល់ព្រះយេហូវ៉ា។ ឥឡូវព្រីយ៉ាក៏មានសៀវភៅថ្មីៗទៀត ដែលនាងអាចជ្រើសយកមកបន្ថែមនឹងសៀវភៅទាំងប៉ុន្មានរបស់នាង គឺមានរួមសៀវភៅមួយពិសេស ដែលនាងចូលចិត្តអានណាស់ នេះគឺសៀវភៅ ចូរស្ដាប់គ្រូបង្រៀនដ៏ពូកែម្នាក់ ដែលបានបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិតប័ណ្ណ។ នាងយកសៀវភៅ គ្រូបង្រៀនដ៏ពូកែ របស់នាងទៅចែកគ្នាមើលជាមួយនឹងសែនឌី ដែលជាពួកម៉ាករបស់នាង ហើយក្មេងទាំងពីរនេះក៏ចាប់ផ្ដើមរៀនសៀវភៅនេះជាមួយគ្នាយ៉ាងទៀតទាត់។
ប៉ុន្តែ ម្ដាយរបស់នាងសែនឌីឈ្មោះ យូណាដែលជាអ្នកចូលសាសនាសាសន៍អង់គ្លេស មិនចង់ឲ្យកូនស្រីនាងអានសៀវភៅពីពួកស្មរបន្ទាល់ព្រះយេហូវ៉ាទេ។ ថ្វីបើម្ដាយមានការជំទាស់ក្ដី នាងនៅតែបន្តការរៀនសូត្រទៅទៀត។ ថ្ងៃមួយ សែនឌីបានសូមអង្វរម៉ែរបស់នាងឲ្យព្រមស្ដាប់ដល់អ្វីៗដែលពួកគេពិគ្រោះគ្នាតែម្ដងចុះ។ ជំពូកដែលពួកក្មេងស្រីនេះបានអានថ្ងៃនោះ មានចំណងជើងថា «ស្តេចពីរអង្គដែលបានធ្វើបុណ្យកំណើត»។ នាងយូណាបានស្ដាប់ហើយក៏ស្ងើចក្នុងចិត្តណាស់។ នាងក៏បានប្រញាប់ទៅជួបម្ដាយព្រីយ៉ា រកសួរសំនួរជាច្រើនពីព្រះគម្ពីរ។
ម្ដាយរបស់នាងព្រីយ៉ាក៏រៀបចំឲ្យស្មរបន្ទាល់ព្រះយេហូវ៉ាមកបង្រៀនព្រះគម្ពីរជាមួយនាងយូណា។ មិនយូរប៉ុន្មានក្រោយមក យូណាក៏បានប្រាប់អ្វីដែលនាងបានរៀនទៅដល់នាងដល្លី ដែលជាអ្នកធ្វើការជាមួយគ្នា។ ក្នុងពេលដំណាលគ្នានេះ នាងព្រីយ៉ាដែលមានអាយុ១១ឆ្នាំ បានចំរើនតទៅទៀត ហើយក៏បានសម្រេចចិត្តថ្វាយខ្លួនបំរើព្រះយេហូវ៉ា ដោយទទួលបុណ្យជ្រមុជទឹក នៅមហាសន្និបាតតាមតំបន់នៃស្មរបន្ទាល់ព្រះយេហូវ៉ា។ នៅមហាសន្និបាតជាមួយគ្នានេះ នាងយូណានិងដល្លីក៏ទទួលបុណ្យជ្រមុជទឹកដែរ នេះធ្វើឲ្យព្រីយ៉ាសប្បាយចិត្តដ៏ក្រៃលែង!
◻ មានប្រទេសខ្លះនៅទ្វីបអាហ្វ្រិក ដែលកិច្ចការរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាមិនបានចុះបញ្ជីឲ្យមានច្បាប់ទេ។ នៅក្នុងប្រទេសមួយបែបនេះ មានបរិយាកាសដ៏ធូរធារជាធម្មតាចំពោះកិច្ចការសាសនានិងជំនឿរបស់ពួកស្មរបន្ទាល់។ នៅសាលារៀនមួយក្នុងប្រទេសនោះ មានកុមារម្នាក់អាយុប្រាំពីរឆ្នាំនិងប្អូនប្រុសអាយុប្រាំមួយឆ្នាំ ជាកូនរបស់ស្មរបន្ទាល់ មានច្បាប់អនុញ្ញាតឲ្យដកខ្លួនចេញពីថ្នាក់រៀន នៅពេលណាដែលមានការសូត្រធម៌សាសនា។
នៅថ្ងៃមួយ គ្រូបង្រៀនថ្មីម្នាក់បានទាមទារឲ្យកុមារទាំងពីរចូលរួមសូត្រធម៌ជាមួយនឹងក្មេងឯទៀតដែរ។ កុមារជាកូនច្បងមិនបានព្រមចូលរួម ហើយក៏ត្រូវបានគ្រូវាយ។ ប្អូនប្រុសដែលមានឈ្មោះហ្សាដ្រាកអាយុប្រាំមួយឆ្នាំ បានទាមទារចង់ទៅជួបនឹងលោកចាងហ្វាងនៅឯការិយាល័យ។ លោកចាងហ្វាងនិងគ្រូបង្រៀនថ្មីបានសួរក្មេងនេះថា ហេតុអ្វីក៏មិនចង់ចូលរួមជាមួយនឹងក្មេងឯទៀត។ គេបានសួរថាតើខ្លាចឪពុកម្ដាយវាយឬ។ ក្មេងនោះក៏ឆ្លើយយ៉ាងល្អក្នុងភាសាអារ៉ាប់ថា៖ «អត់ទេ ព្រះដែលខ្ញុំបាទថ្វាយបង្គំ នោះមិនមែនជាព្រះនៃសេចក្ដីវឹកវរទេ តែជាព្រះនៃសណ្ដាប់ធ្នាប់វិញ។ ខ្ញុំបាទមិនអាចធ្វើជាស្មរបន្ទាល់ព្រះយេហូវ៉ានៅឯផ្ទះ ហើយចូលរួមនឹងសាសនាមួយផ្សេងទៀតនៅឯសាលាបានទេ»! ដោយហេតុនេះ កុមារនេះក៏បានទទួលច្បាប់អនុញ្ញាតឲ្យរួចខ្លួនទៅ។
ក្រោយពីបានទទួលបុណ្យជ្រមុជទឹកហើយ បុរសសាសន៍អេធីយ៉ូពីម្នាក់ ដែលបានរៀបរាប់មកក្នុងសៀវភៅកិច្ចការនោះ «ក៏ទៅតាមផ្លូវទៅដោយអរសប្បាយ»។ (កិច្ចការ ៨:៣៩) យ៉ាងដូច្នេះដែរ នៅសព្វថ្ងៃនេះ ពួកអ្នកប្រកាសព្រះរាជាណាចក្រនៅទ្វីបអាហ្វ្រិកដ៏ធំធេង ក៏អរសប្បាយដែរ ដែលគេបានមានឯកសិទ្ធិ‹ក្នុងការប្រកាសដំណឹងល្អអំពីព្រះយេស៊ូ›។—កិច្ចការ ៨:៣៥