កាក់ដែលមានព្រះនាមរបស់ព្រះ
សូមមើលកាក់ប្រាក់ដែលបង្ហាញនៅទីនេះឲ្យបានច្បាស់លាស់។ នេះជាកាក់ដែលវីលលឹម ទី៥ មហាក្សត្រអាឡឺម៉ង់បានធ្វើឡើង ក្នុងរាជ្យទ្រង់ចាប់ពីឆ្នាំ១៦២៧ដល់១៦៣៧។ គ្រានោះ ទ្វីបអឺរុបកណ្ដាលកំពុងតែជួបប្រទះក្នុងសង្គ្រាម៣០ឆ្នាំ ដែលជាការប្រយុទ្ធរវាងកាតូលិកនិងប្រូតេស្តង់។ វីលលឹមទី៥បានចូលខាងប្រូតេស្តង់។ ដើម្បីនឹងចេញថ្លៃសង្គ្រាមដែលមានតម្លៃយ៉ាងខ្ពស់ក្រៃលែង ទ្រង់ក៏យកប្រាក់របស់ទ្រង់ទាំងអស់មកធ្វើជាកាក់។
គួរឲ្យចាប់អារម្មណ៍ណាស់ រូបនៅលើកាក់ជាច្រើនបង្ហាញនូវសុរិយាព័ទ្ធជុំវិញព្រះនាមរបស់ព្រះ គឺយេហូវ៉ា ដែលបានសរសេរជាអក្សរហេព្រើរ៤តួ។ មានដើមតាលព្រឹក្សមួយដើមដែរ ជាសញ្ញានៃកម្លាំង។ នេះចង់បញ្ជាក់ថា ដើមនេះមិនចេះបាក់ទេដោយមានព្រះរក្សាការពារ ទោះបីមានខ្យល់បក់ឡើងកោងយ៉ាងណាក៏ដោយ។ អក្សរចារឹកជាភាសាឡាតាំងនៅជុំវិញកាក់នេះអានថា៖ «ឲ្យតែព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យ នោះទូលបង្គំនឹងបាននៅគង់វង់ជានិច្ច»។
ការប្រើព្រះនាមរបស់ព្រះបែបនេះ ដើម្បីនឹងអង្វរឲ្យព្រះជួយការពារ គឺឥតមានប្រយោជន៍ទេ ដ្បិតព្រះយេហូវ៉ាទ្រង់មិនចូលទាក់ទងខាងការទាស់ទែងគ្នា ដ៏ឃោរឃៅរបស់មនុស្សលោកឡើយ។ ពិតមែន សង្គ្រាម៣០ឆ្នាំនេះ ច្បាស់ជាពុំបានសព្វព្រះហឫទ័យនឹងព្រះទេ។ សព្វវចនាធិប្បាយថ្មីនៃហ្វុងនិងវ័កណល្សនិយាយថា៖ «យោងទៅតាមការស្មាន ប្រជាជនអាឡឺម៉ង់បានបាត់បង់ជីវិតក្នុងសង្គ្រាមនោះ អស់យ៉ាងតិចណាស់ក៏ពាក់កណ្ដាលដែរ។ ទីក្រុងធំតូច ភូមិនិងស្រែចំការជាច្រើនរបស់អាឡឺម៉ង់ ក៏បានត្រូវវិនាស។ ប្រមាណពីរភាគបីនៃទីឧស្សាហកម្ម កសិកម្ម និងពាណិជ្ជកម្មនៃប្រទេសអាឡឺម៉ង់បានត្រូវខូចបង់អស់»។
ការប្រើព្រះនាមព្រះយេហូវ៉ានៅលើកាក់ទាំងនេះ រំឭកយើងអំពីបញ្ញត្ដិដែលបានផ្ដល់ទៅឲ្យសាសន៍អ៊ីស្រាអែល ដែលចែងថា៖ «កុំឲ្យចេញព្រះនាមរបស់ព្រះយេហូវ៉ា ជាព្រះនៃឯងជាអសារឥតការឡើយ»។ (និក្ខមនំ ២០:៧) ប៉ុន្តែកាក់ទាំងនេះបានធ្វើជាសាក្សីថា យេហូវ៉ា គឺជាព្រះនាមអាទិទេពរបស់ព្រះ ដែលប្រជាជននៅប្រទេសអាឡឺម៉ង់ធ្លាប់បានស្គាល់ជាយូរយារមកហើយ។ តើអ្នកស្គាល់ព្រះដែលមានព្រះនាមនេះ ច្បាស់លាស់ឬទេ?