តើសេចក្ដីខ្លាចនឹងមានទីបញ្ចប់នៅពេលណា?
តើអ្នកនឹងភ្ញាក់ផ្អើលទេ ដោយដឹងថាសន្ដិភាពដ៏ពិតគឺជាប់ទាក់ទងនឹងបុរសម្នាក់ដែលធ្លាប់រស់នៅប្រមាណ២០០០ឆ្នាំកន្លងទៅហើយនោះ? ក្នុងការបង្ហាញនូវសេចក្ដីត្រូវការនៃសេចក្ដីស្រឡាញ់ ព្រះយេស៊ូគ្រីស្ទបានប្រាប់នូវរឿងប្រៀបប្រដូចដ៏អស្ចារ្យមួយ៖ «មានមនុស្សម្នាក់កំពុងតែធ្វើដំណើរ ពីក្រុងយេរូសាឡិម ចុះទៅឯក្រុងយេរីខូរ ក៏ធ្លាក់ខ្លួនទៅក្នុងកណ្ដាប់ដៃនៃពួកចោរវាប្លន់គាត់ ព្រមទាំងវាយឲ្យត្រូវរបួស រួចចេញបាត់ទៅ ចោលគាត់ឲ្យទ្រមនៅ»។ ថ្វីបើមានអ្នកធ្វើដំណើរពីរនាក់មិនបានអើពើនឹងអ្នករងគ្រោះនោះក្ដី បុរសសាសន៍សាម៉ារីដ៏សប្បុរសម្នាក់បានបង្ហាញនូវសេចក្ដីមេត្ដាករុណា។ ប៉ុន្តែ តើអ្នកណាទៅដែលមើលថែរក្សាចំពោះអ្នករងគ្រោះទាំងឡាយនៅសព្វថ្ងៃនេះ? តើការធូរស្បើយពីការខ្លាចយ៉ាងណា ដែលយើងអាចនឹងសង្ឃឹមបាននោះ?—លូកា ១០:៣០-៣៧
ថ្វីបើអះអាងថាមានជំនឿទៅលើព្រះក្ដី បុគ្គលជាច្រើនគិតថា មនុស្សជាតិត្រូវធ្វើជាអ្នកដែលបង្គាប់ឲ្យធ្វើតាមច្បាប់និងបញ្ជាវិញ។ ប៉ុន្តែ តើការកាត់ទោសដាក់គុកដ៏ធ្ងន់ ឬការដាក់បន្ថែមពួកប៉ូលិស ហើយឲ្យប្រាក់ខែច្រើនជាងមុន នឹងធ្វើឲ្យមានទីបញ្ចប់នៃឧក្រិដ្ឋកម្មដ៏ឃោរឃៅឬ? តើអ្នកពិតជាជឿថា ទីភ្នាក់ងារនៃការប្រតិបត្ដិច្បាប់ជាច្រើន នឹងបំបាត់ចោលអ្វីៗដូចជាការប្រើគ្រឿងញៀន អង្គការឧក្រិដ្ឋកម្ម និងភាពក្រីក្រទេ? ប៉ុន្តែ ការស្រេកឃ្លានរកសេចក្ដីសុចរិតរបស់យើង គឺមិនត្រូវជាការឥតប្រយោជន៍ឡើយ។—ម៉ាថាយ ៥:៦
ទំនុកដំកើង ៤៦:១ ចែងថា៖ «ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកម្លាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន»។ យើងនឹងឃើញថា ពាក្យទាំងនេះគឺមិនគ្រាន់តែជាពាក្យកំណាព្យដ៏ពិរោះប៉ុណ្ណោះឡើយ។
ដូចជាអ្នកដឹងស្រាប់ហើយ គ្រឿងផ្សាយពត៌មានជារៀងរាល់ថ្ងៃរាយការណ៍អំពីការកាប់សម្លាប់គ្នាដែលឥតត្រាប្រណីក្នុងសង្គ្រាម ហើយវាយប្រយុទ្ធដោយភេរវជន។ នៅកន្លែងខ្លះក្នុងពិភពលោកនេះ ជាការធម្មតាទេ ក្នុងការប្រហារជីវិតក្មេងជំទង់ដែលមិនចង់បាន ឬប្រហារជីវិតអ្នកសាក្សីនៃឧក្រិដ្ឋកម្ម។ ហេតុអ្វីក៏ជីវិតបានក្លាយទៅជាថោកម្ល៉េះ? ថ្វីបើមានកត្ដាផ្សេងៗនៃអំពើឃោរឃៅនេះ គឺមានមូលហេតុមួយដែលយើងមិនត្រូវបំភ្លេចបានឡើយ។
យោងទៅតាមបន្ទូលរបស់ព្រះ គឺព្រះគម្ពីរ៖ «លោកីយ៍ទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាចវិញ»។ (យ៉ូហានទី១ ៥:១៩) តាមការពិត ព្រះយេស៊ូគ្រីស្ទបានសម្គាល់អារក្សសាតាំងមិនគ្រាន់តែជាអ្នកកំភូតទេ ប៉ុន្តែជា«អ្នកសំឡាប់គេ»ផង។ (យ៉ូហាន ៨:៤៤) ដោយមានឥទ្ធិពលទៅលើមនុស្សជាតិតាមរបៀបផ្សេងៗ សត្តវិញ្ញាណដ៏ខ្លាំងក្លានេះ នៅសព្វថ្ងៃកំពុងតែគាំទ្រអំពើឃោរឃៅដែលមានកាន់តែច្រើនឡើងៗ។ វិវរណៈ ១២:១២ចែងថា៖ «វេទនាដល់ផែនដី នឹងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថាពេលវេលាវាខ្លីណាស់ហើយ»។ ប៉ុន្តែ ជាការគួរឲ្យសប្បាយចិត្តណាស់ ដែលប្រព័ន្ធដ៏អាក្រក់នេះនឹងត្រូវជំនួសដោយ«ផ្ទៃមេឃថ្មីនិងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ»។—ពេត្រុសទី២ ៣:១៣
ក្រៅពីសេចក្ដីសង្ឃឹមដ៏អស្ចារ្យនៃពិភពលោកថ្មីនេះ តើជំនួយអ្វីទៀតដែលយើងកំពុងតែមាននៅឥឡូវនេះ?
មុននឹងស្វែងរកនូវចម្លើយដ៏ត្រឹមត្រូវចំពោះរឿងនេះ ជាការដ៏ល្អដែលយើងត្រូវតែចងចាំថា សូម្បីតែជនគ្រីស្ទានពិតក៏មិនមានការធានារ៉ាប់រងថា គេនឹងត្រូវបានការពារពីឧក្រិដ្ឋកម្មនោះឡើយ។ សាវ័កប៉ុលបានរៀបរាប់នូវគ្រោះថ្នាក់ខ្លះដែលគាត់បានជួបប្រទះផ្ទាល់ខ្លួន។ គាត់បាន«មានសេចក្ដីអន្តរាយនៅទន្លេ អន្តរាយដោយពួកចោរប្លន់ អន្តរាយដោយសាសន៍របស់ខ្ញុំ អន្តរាយដោយសាសន៍ដទៃ ក៏អន្តរាយក្នុងទីក្រុង ក្នុងទីរហោស្ថាន ក្នុងសមុទ្រ»។ (កូរិនថូសទី២ ១១:២៦) តែប៉ុលបានរួចរស់ជីវិតពីការគ្រោះថ្នាក់ទាំងនេះ។ នៅសព្វថ្ងៃនេះក៏ដូច្នេះដែរ។ ដោយចេះប្រយ័ត្នប្រយែង យើងនឹងអាចប្រព្រឹត្តកិច្ចការរបស់យើងតាមធម្មតាបាន។ ចូរឲ្យយើងពិចារណានូវរបស់ខ្លះៗដែលនឹងអាចជួយយើង។
បើសិនជាបុគ្គលណាម្នាក់រស់នៅក្នុងតំបន់ដែលមានគ្រោះថ្នាក់ ចរិយាដ៏ល្អគឺអាចការពារយើងបាន ពីព្រោះមនុស្សខ្លះតែងតែសង្កេតអ្នកដទៃយ៉ាងជិតដិត។ ថ្វីបើពួកចោរតែងធ្វើគម្រោងការនិងប្រព្រឹត្តឧក្រិដ្ឋកម្មក្ដី ពួកគេជាច្រើនតែងតែចាត់ទុកខ្លួនគេជាមនុស្សធម្មតា។ ចូរចៀសវាងពីការតិះដៀលនូវអ្វីៗដែលគេធ្វើ ហើយចូរកុំចង់ដឹងនូវអ្វីៗដែលពួកគេជាប់ទាក់ទងនោះឡើយ។ ដូច្នេះហើយ ការសងសឹករបស់គេទៅលើអ្នក គឺប្រហែលជាមិនសូវមាន។ ចូរចងចាំថា ពួកចោរតែងតែខំស្វែងរកអ្នកណាដែលបានទិញរបស់របរថ្មី ឬអ្នកណាដែលទៅដើរលេង ដូច្នេះចូរប្រយ័ត្នក្នុងការនិយាយអ្វីប្រាប់អ្នកដទៃ។
ស្មរបន្ទាល់ព្រះយេហូវ៉ាជាច្រើនបានឃើញថា កេរ្ដិ៍ឈ្មោះរបស់គេជាអ្នកបំរើព្រះនោះ បានផ្ដល់ឲ្យគេនូវការការពារយ៉ាងល្អមួយ។ ពួកជនឧក្រិដ្ឋតែងតែសម្ដែងថាគេគោរពជនគ្រីស្ទានបែបនេះ ដែលជាពួកមិនរើសមុខ ខំជួយមនុស្សនៅក្នុងសង្គមរបស់គេ។ ស្មរបន្ទាល់ព្រះយេហូវ៉ាមិនមែនជាអ្នកឃាតករ ឬពួកចោរឡើយ ហើយពួកគេក៏មិន‹ឡូកឡំក្នុងរឿងរ៉ាវរបស់អ្នកដទៃដែរ› ដូច្នេះហើយបានជាពួកគេ គ្មានការគំរាមកំហែងដល់អ្នកដទៃ។—ពេត្រុសទី១ ៤:១៥
សន្ដិសុខនៅក្នុងពិភពលោកថ្មីរបស់ព្រះ
យើងមានការស្ដាយនៃ‹ការទទឹងច្បាប់ដែលមានកាន់តែច្រើន› ដែលព្រះយេស៊ូគ្រីស្ទបានទាយមកនោះ ប៉ុន្តែជាជាងមានសេចក្ដីព្រួយបារម្ភហួសហេតុនោះ យើងអាចមានការទុកចិត្តថា នៅពេលឆាប់ៗនេះ ព្រះនឹងបំបាត់របបដ៏អាក្រក់នេះចេញ។ ក្រៅពីបានមានបន្ទូលប្រាប់នូវការផ្សាយនៃ‹ដំណឹងល្អនៃព្រះរាជាណាចក្រ› ព្រះយេស៊ូបានរំឭកពួកអ្នកកាន់តាមរបស់ទ្រង់ថា៖ «តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ»។—ម៉ាថាយ ២៤:១២-១៤
យើងអាចដឹងយ៉ាងប្រាកដថា ចំពោះអស់អ្នកដែលបៀតបៀនដល់អ្នកដទៃ ហើយជួនកាលធ្វើឡើងដោយភាពឃោរឃៅបំផុតនោះ នឹងត្រូវបានបំផ្លាញចោលជាមិនខាន។ សុភាសិត ២២:២២, ២៣ ចែងថា៖ «កុំឲ្យកោងយករបស់នៃមនុស្សក្រ ដោយព្រោះតែគេក្រឡើយ ក៏កុំឲ្យសង្កត់សង្កិនមនុស្សវេទនានៅត្រង់ទ្វារក្រុងដែរ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងជួយកាន់ក្ដីជំនួសអ្នកនោះ ហើយទ្រង់នឹងរឹបយកជីវិតនៃពួកអ្នកដែលរឹបយករបស់គេដែរ»។ ព្រះយេហូវ៉ានឹងកំទេចចោលពួកប្រព្រឹត្តអាក្រក់ ដូចជាពួកចោរ ពួកឃាតករ និងពួកសេពមេថុនដ៏ថោកទាប។ ម្យ៉ាងវិញទៀត ទ្រង់នឹងមិនធ្វើជាមិនដឹងឮដល់ពួករងគ្រោះនៃឧក្រិដ្ឋកម្មបែបនេះឡើយ។ ទ្រង់នឹងធ្វើឲ្យគេមានជ័យជំនះទៅលើការបាត់បង់របស់គេ ហើយនិងធ្វើឲ្យគេមានសុខភាពយ៉ាងពេញលេញឡើងវិញ។
ត្រូវហើយ អស់ពួកដែល«គេចចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អ»នឹងទទួលនូវជីវិតដ៏អស់កល្បជានិច្ច ដោយរួចរស់ជីវិតពីសេចក្ដីវេទនាជាខ្លាំងដែលនឹងមាននៅខាងមុខនេះ ឬដោយបានប្រោសឲ្យរស់ឡើងវិញពីសេចក្ដីស្លាប់។ «ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។ (ទំនុកដំកើង ៣៧:២៧-២៩) យើងនឹងទទួលបានប្រយោជន៍បែបនេះ ពីព្រោះដោយយញ្ញបូជាលោះរបស់ព្រះយេស៊ូ។ (យ៉ូហាន ៣:១៦) ប៉ុន្តែ តើជីវិតនៅក្នុងទីមនោរម្យដែលបានស្ដារឡើងវិញនឹងជាយ៉ាងណាទៅ?
ជីវិតនៅក្រោមរាជាណាចក្ររបស់ព្រះនឹងបានទៅជាទីគាប់ចិត្តណាស់។ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ថា៖ «ឯរាស្ត្រអញ គេនឹងអាស្រ័យក្នុងទីលំនៅដ៏មានសន្ដិសុខ ហើយនៅផ្ទះសំបែងមាំមួន ជាទីសំរាកក្សេមក្សាន្ត»។ (អេសាយ ៣២:១៨) មនុស្សគ្រប់គ្នាដែលបានទទួលជីវិតដ៏អស់កល្បជានិច្ច នឹងត្រូវបានកែប្រែបុគ្គលិកលក្ខណៈរបស់គេហើយ។ គ្មានអ្នកណាម្នាក់ជាមនុស្សអាក្រក់ឬគ្មានយុត្ដិធម៌នោះឡើយ ហើយក៏គ្មានមនុស្សណាមួយដែលនឹងរងគ្រោះពីមនុស្សអាក្រក់បែបនេះឡើយ។ ព្យាការីមីកាមានប្រសាសន៍ថា៖ «គឺគ្រប់គ្នានឹងអង្គុយក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ឥតមានអ្នកណាបំភ័យគេឡើយ»។ (មីកា ៤:៤; អេសេគាល ៣៤:២៨) នេះជាការខុសគ្នាឆ្ងាយណាស់ពីតំបន់ដែលមានគ្រោះថ្នាក់នៅសព្វថ្ងៃនេះ!
[ប្រអប់នៅទំព័រ៦]
ចូរឲ្យប្រយ័ត្នប្រយែង
ឧក្រិដ្ឋជនជាច្រើនធ្វើការពេញពេល ដោយយកឧក្រិដ្ឋកម្មជាវិជ្ជាជីវៈរបស់គេ។ ពួកគេប្រហែលជាធ្វើការជាក្រុមដោយមានមនុស្សពីរឬបីនាក់ ជួនកាលមានតែម្នាក់ជាអ្នកភ្ជង់ក្ដី។ ជាការឃើញយ៉ាងជាក់ស្តែងណាស់ បើឧក្រិដ្ឋជនមានវ័យក្មេង នោះពួកគេជាមនុស្សរឹតតែសាហាវឡើង។ តើអ្នកអាចធ្វើយ៉ាងណា បើសិនអ្នកជាបុគ្គលរងគ្រោះនោះ?
ចូរនៅឲ្យស្ងប់ស្ងៀម ដើម្បីកុំធ្វើឲ្យចោរមានការភ័យស្លុត—ពីព្រោះការប្រតិកម្មដ៏គ្មានពិសោធន៍របស់គាត់អាចសម្លាប់អ្នកបាន។ បើសិនអ្នកជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ ចូរប្រាប់គេថាដូច្នេះចុះ។ ប៉ុន្តែ ចូរប្រុងប្រៀបហុចឲ្យអ្វីដែលចោរចង់បាន។ បើសិនជាអ្នកពន្យារពេល ការមានគ្រោះថ្នាក់រឹតតែបង្កើនឡើង។ ពេលក្រោយមក ប្រហែលជាអ្នកគិតថា ជាការមិនមានគ្រោះថ្នាក់ក្នុងការសុំប័ណ្ណសម្គាល់ខ្លួន ឬតម្លៃឈ្នួលយានជំនិះមកវិញ។
ធម្មតាយើងមិនអាចដឹងថាអ្នកណាម្នាក់ជាឧក្រិដ្ឋជនបានឡើយ។ ពួកចោរខ្លះជាពួកវិសពន្ធ ឬជាអ្នកខាងវិជ្ជាជីវៈ រីឯពួកអ្នកដទៃទៀត គេប្រហែលគ្រាន់តែចង់បានលុយដើម្បីនិងទិញអាហារប៉ុណ្ណោះ។ ក្នុងករណីណាក៏ដោយ ចូរកុំកាន់លុយជាច្រើននៅនឹងខ្លួនឡើយ។ ចូរចៀសវាងបង្ហាញនូវគ្រឿងអលង្ការ ចិញ្ចៀនមាស ឬនាឡិកាដ៏ថ្លៃ។ ចូរដើរឬធ្វើដំណើរជាធម្មតាចុះ កុំបង្ហាញការខ្លាចឡើយ។ ចូរកុំសម្លឹងនឹងបុគ្គលណាមួយ ហាក់បីដូចជាអ្នកចង់សម្គាល់គេ ថាជាបុគ្គលដែលគួរឲ្យសង្ស័យនោះ។ បើសិនជាមានការបាញ់គ្នានៅតាមផ្លូវ ចូរក្រាបនៅនឹងដីចុះ សំលៀកបំពាក់អាចបោកសំអាតនៅពេលក្រោយបាន។—អតីតប៉ូលិសនៅទីក្រុងរ៉ីអូឌីយិននីរ៉ូ
[រូបភាពនៅទំព័រ៥]
ចូរនៅឲ្យស្ងប់ស្ងៀមហើយហុចឲ្យអ្វីដែលចោរចង់បាន។ បើសិនជាអ្នកពន្យារពេលនោះ គ្រោះថ្នាក់នឹងរឹតតែបង្កើនឡើង