ចូរកុំចងគំនុំ
ប្រហែលដូចជាការពិបាកណាស់ ក្នុងការចៀសវាងពីការតូចចិត្ត ពេលដែលអ្នកណាម្នាក់បានធ្វើឲ្យយើងអាក់អន់ចិត្ត។ ព្រះគម្ពីរមានឱវាទដ៏មានប្រយោជន៍សំរាប់ស្ថានការណ៍បែបនេះ។ សាវ័កប៉ុលបានសរសេរថា៖ «ចូរខឹងចុះ តែកុំឲ្យធ្វើបាបឡើយ កុំឲ្យសេចក្ដីកំហឹងរបស់អ្នកនៅដរាបដល់ថ្ងៃលិចឡើយ»។—អេភេសូរ ៤:២៦
នៅពេលដែលអ្នកណាម្នាក់ធ្វើឲ្យយើងអាក់អន់ចិត្ត ជាការធម្មតាទេ ដែលយើងមានអារម្មណ៍ខឹងខ្លះនោះ។ ដែលប៉ុលនិយាយថា«ចូរខឹងចុះ» បង្ហាញប្រាប់ថា ការខឹងនៅពេលខ្លះប្រហែលជាសមត្រឹមត្រូវ—ប្រហែលជាការតបឆ្លើយនឹងការប្រព្រឹត្តដែលគេធ្វើមកលើខ្លួនដោយមិនសម ឬការខុសធ្លោយនៃយុត្ដិធម៌។ (ប្រៀបធៀប កូរិនថូសទី២ ១១:២៩) ប៉ុន្តែបើទុកចោល មិនដោះស្រាយទេនោះ សូម្បីតែការខឹងដ៏ត្រឹមត្រូវក៏ដោយ ក៏អាចមានលទ្ធផលដ៏ហិនហោចដែរ ដែលអាចនាំឲ្យមានបាបកាន់តែធំឡើង។ (លោកុប្បត្តិ ៣៤:១-៣១; ៤៩:៥-៧; ទំនុកដំកើង ១០៦:៣២, ៣៣) ដូច្នេះ តើអ្នកអាចធ្វើយ៉ាងណា បើសិនជាមានគេធ្វើឲ្យអ្នកខឹងនោះ?
ក្នុងករណីជាច្រើនដែលទាក់ទងនឹងការប៉ះពាល់តិចតួចនោះ អ្នកអាចដោះស្រាយស្ថានការណ៍ក្នុងចិត្តរបស់អ្នក «ហើយនៅស្ងៀម» ឬក៏ទៅឯអ្នកដែលធ្វើឲ្យអ្នកអាក់អន់ចិត្ត ហើយពិគ្រោះអំពីរឿងនេះ។ (ទំនុកដំកើង ៤:៤; ម៉ាថាយ ៥:២៣, ២៤) តាមរបៀបមួយណាក៏ដោយ ជាការដ៏មានប្រយោជន៍ក្នុងការដោះស្រាយបញ្ហានេះឲ្យបានឆាប់ ដើម្បីកុំឲ្យការតូចចិត្តរីកក្លាយ ដែលអាចធ្វើឲ្យមានលទ្ធផលដ៏អន្តរាយ។—អេភេសូរ ៤:៣១
ព្រះយេហូវ៉ាអត់ឱនទោសឲ្យយើងយ៉ាងបរិបូរ សូម្បីតែទាំងបាបដែលយើងធ្វើដោយឥតដឹងខ្លួនផង។ តើយើងមិនអាចអត់ឱនទោសឲ្យបងប្អូនរបស់យើងពីការប៉ះពាល់តិចតួចបានដែរឬទេ?—កូល៉ុស ៣:១៣ ពេត្រុសទី១ ៤:៨
ជាការគួរឲ្យចាប់អារម្មណ៍ណាស់ ពាក្យក្រិកចំពោះ«ការអត់ឱនទោស» ន័យចំៗគឺថាឲ្យ«លែងចោលទៅ»។ ការអត់ឱនទោសមិនតម្រូវឲ្យយើងនិយាយមើលងាយ ឬធ្មេចភ្នែកសម្ងំនឹងការធ្វើឲ្យអាក់អន់ចិត្តនោះឡើយ។ នៅពេលខ្លះ នេះគឺទាក់ទងការលែងចោលស្ថានការណ៍នោះ ដោយយល់ដឹងថា ការចងគំនុំនឹងគ្រាន់តែធ្វើឲ្យអ្នកមានបន្ទុក ហើយធ្វើឲ្យបែកខ្ញែកនៃឯកភាពក្រុមជំនុំគ្រីស្ទានប៉ុណ្ណោះ។ ម្យ៉ាងថែមទៀត ការចងគំនុំ នេះនឹងអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក!—ទំនុកដំកើង ១០៣:៩