សេចក្ដីជំនឿបណ្ដាលឲ្យលោកប្រព្រឹត្តតាម
ពេលដែលព្រះយេហូវ៉ាបង្គាប់ឲ្យលោកម៉ូសេនាំសាសន៍អ៊ីស្រាអែលចេញពីសេវកភាពនៃពួកអេស៊ីប មុនដំបូងលោកបានទូលអង្វរថា៖ «ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកមិនសូវមានវោហារទេ គឺតាំងតែពីដើមរៀងមក ហើយឥឡូវនេះដែលទ្រង់បានមានបន្ទូលនឹងទូលបង្គំជាអ្នកបំរើទ្រង់ នោះក៏នៅតែគ្មានដដែល ដ្បិតទូលបង្គំមានមាត់រឹង ហើយអណ្ដាតក៏ដំឡាន់ផង»។ (និក្ខមនំ ៤:១០) មែនហើយ លោកម៉ូសេមិនបានគិតថា គាត់មានសមត្ថភាព ចំពោះកិច្ចការដ៏សំខាន់បែបនេះទេ។
សព្វថ្ងៃនេះក៏ដូច្នេះដែរ ស្មរបន្ទាល់ព្រះយេហូវ៉ាជាច្រើននាក់ ពេលខ្លះគិតថា គេមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញកិច្ចការដែលគេបានទទួលនោះឡើយ។ ឧទាហរណ៍ គ្រីស្ទានត្រួតពិនិត្យម្នាក់ឈ្មោះ ហ្ស៊ីអូឌ័រ មានប្រសាសន៍ថា៖ «គ្រប់កិច្ចការទាំងអស់ដែលព្រះយេហូវ៉ាឲ្យខ្ញុំធ្វើ គឺកិច្ចបំរើដើរផ្សាយពិបាកជាងគេ។ ពេលដែលខ្ញុំមានវ័យក្មេង ខ្ញុំធ្វើជាដើរយ៉ាងរហ័សទៅទ្វារផ្ទះគេ រួចធ្វើជាគោះទ្វារ ហើយដើរចេញយ៉ាងស្ងាត់ស្ងៀម ដោយសង្ឃឹមថាគ្មានអ្នកណាគេបានឮ ឬឃើញខ្ញុំ។ ពេលដែលខ្ញុំមានវ័យធំឡើង ខ្ញុំបានឈប់ធ្វើដូច្នោះហើយ។ ប៉ុន្តែ គ្រាន់តែគិតអំពីការទៅផ្សាយពីទ្វារមួយទៅទ្វារមួយ នោះធ្វើឲ្យខ្ញុំឈឺទៅហើយ។ សូម្បីមកដល់សព្វថ្ងៃនេះ ខ្ញុំទៅជាឈឺមុននឹងចេញទៅផ្សាយ ប៉ុន្តែខ្ញុំនៅតែទៅជានិច្ច»។
តើអ្វីទៅដែលជួយលោកម៉ូសេ និងពួកស្មរបន្ទាល់នៅសម័យយើង ដូចជាហ្ស៊ីអូឌ័រ ឲ្យតស៊ូក្នុងការខ្លាចទាំងនេះ? ព្រះគម្ពីរឆ្លើយថា៖ «ដោយសារសេចក្ដីជំនឿ នោះលោក[ម៉ូសេ]ក៏ចេញពីស្រុកអេស៊ីព្ទទៅ . . . ដ្បិតលោកបានកាន់យ៉ាងខ្ជាប់ខ្ជួនហាក់ដូចជាឃើញព្រះដ៏មើលមិនឃើញដែរ»។—ហេព្រើរ ១១:២៧
ប្រាកដណាស់ ដោយប្រព្រឹត្តតាមសេចក្ដីជំនឿក្នុងព្រះយេហូវ៉ា លោកម៉ូសេអាចពុះពារឈ្នះទៅលើការគ្មានសមត្ថភាពគ្រប់គ្រាន់ ដែលមានក្នុងអារម្មណ៍របស់លោក ហើយបានបំពេញភារៈរបស់លោកជាចៅក្រម ជាព្យាការី ជាអ្នកដឹកនាំសាសន៍ ជាអន្តរការីនៃកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ ជាមេបញ្ជាការ ជាអ្នកប្រវត្ដិសាស្ត្រ និងជាអ្នកសរសេរព្រះគម្ពីរ។
ដូច្នេះ កាលណាយើងមានសេចក្ដីជំនឿដូចលោកម៉ូសេ យើងក៏នឹងដើរហាក់ដូចជា‹ឃើញព្រះដ៏មើលមិនឃើញដែរ›។ សេចក្ដីជំនឿបែបនេះញ៉ាំងឲ្យមានចិត្តក្លាហាន ជួយឲ្យយើងអាចទទួលភារៈគ្រីស្ទានរបស់យើង—សូម្បីនៅពេលដែលយើងមានអារម្មណ៍ថា ខ្លួនមិនមានសមត្ថភាពគ្រប់គ្រាន់ក៏ដោយ។