បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/៥ ទំ. ៤-៧
  • សេចក្ដីពិតរំដោះឲ្យរួច

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីពិតរំដោះឲ្យរួច
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សេរី​ភាព​ពី​ការ​ខ្លាច​មនុស្ស​ស្លាប់
  • សេរី​ភាព​ពី​ការ​ខ្លាច​អនាគត​កាល
  • សេរី​ភាព​ពី​ការ​ខ្លាច​មនុស្ស
  • សេចក្ដី​ពិត​ក៏​អាច​រំដោះ​អ្នក​ឲ្យ​រួច​ដែរ
  • «សេចក្ដីជ័យជំនះបានលេបសេចក្ដីស្លាប់បាត់ហើយ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ពួកអ្នកស្ងួនភ្ងាដែលបានស្លាប់ទៅ—តើអ្នកនឹងឃើញពួកគេម្ដងទៀតទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • តើអ្វីកើតឡើងដល់ពួកអ្នកជាទីស្រឡាញ់ ដែលស្លាប់ទៅរបស់យើង?
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • «មើល! អញធ្វើទាំងអស់ឡើងជាថ្មី»
    «មើល! អញធ្វើទាំងអស់ឡើងជាថ្មី»
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/៥ ទំ. ៤-៧

សេចក្ដី​ពិត​រំដោះ​ឲ្យ​រួច

នៅ​ក្នុង​សហរដ្ឋ​អាមេរិក មាន​មនុស្ស​ជាង​មួយ​លាន​នាក់​ជាប់​គុក។ ក្នុង​ចំណោម​ពួក​នេះ ជិត​បី​ពាន់​នាក់​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត។ សូម​គិត​ថា​អ្នក​នៅ​ក្នុង​ស្ថានការណ៍​នោះ។ តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ? ប្រាកដ​ហើយ ការ​គិត​អំពី​រឿង​នេះ​មិន​មែន​ជា​អ្វី​ដែល​ល្អ​ទេ។ ប៉ុន្តែ ក្នុង​ន័យ​មួយ មនុស្ស​លោក​ទាំង​អស់​ក៏​នៅ​ក្នុង​កាលៈទេសៈ​ស្រដៀង​គ្នា​នេះ​ដែរ។ ព្រះ​គម្ពីរ​ចែង​ថា៖ «ពី​ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ»។ (រ៉ូម ៣:២៣) ត្រូវ​ហើយ ជា​កូន​ចៅ​របស់​អ័ដាម យើង​ត្រូវ​បាន‹ជាប់​គុក› ដោយ​ស្ថានភាព​បាប។ (រ៉ូម ៥:១២) យើង​ដឹង​នូវ​ឥទ្ធិពល​នៃ​ការ​ជាប់​ឃុំ​ឃាំង​នេះ​រៀង​រាល់​ថ្ងៃ ដូច​សាវ័ក​ប៉ុល​ដែរ ដែល​បាន​សរសេរ​ថា៖ «តែ​ខ្ញុំ​ឃើញ​មាន​អំណាច​១​ទៀត ក្នុង​អស់​ទាំង​អវយវៈ​របស់​រូប​កាយ​ខ្ញុំ ដែល​ច្បាំង​នឹង​អំណាច​នៃ​គំនិត​ខ្ញុំ ទាំង​ចាប់​នាំ​ខ្ញុំ​ទៅ​ជាប់​ក្រោម​អំណាច​អំពើ​បាប ដែល​នៅ​ក្នុង​អវយវៈ​នៃ​ខ្លួន​ខ្ញុំ​ទាំង​ប៉ុន្មាន​ផង»។—រ៉ូម ៧:២៣

ដោយ​សារ​យើង​មាន​សភាព​បាប បើ​និយាយ​ប្រៀប​ប្រដូច​នោះ យើង​រាល់​គ្នា​គឺ​ជាប់​ការ​កាត់​ទោស​ប្រហារ​ជីវិត ដ្បិត​ព្រះ​គម្ពីរ​ចែង​ថា៖ «ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្ដី​ស្លាប់»។ (រ៉ូម ៦:២៣) អ្នក​តែង​បទ​ទំនុកដំកើង​ឈ្មោះ​ម៉ូសេ បាន​រៀប​រាប់​អំពី​ស្ថានការណ៍​នេះ​យ៉ាង​ត្រឹម​ត្រូវ​ថា៖ «កំណត់​អាយុ​នៃ​យើង​ខ្ញុំ គឺ​បាន​ត្រឹម​៧០​ឆ្នាំ​ទេ ឬ​បើ​មាន​កំឡាំង​ច្រើន នោះ​បាន​ដល់​៨០​ឆ្នាំ​ប៉ុណ្ណោះ គង់​តែ​អ្វី​ៗ​ដែល​ជា​ទី​អួត​ក្នុង​ឆ្នាំ​ទាំង​នោះ សុទ្ធ​តែ​ជា​ការ​នឿយ​លំបាក​នឹង​សេចក្ដី​ទុក្ខ​ព្រួយ​ទទេ ដ្បិត​អាយុ​យើង​ខ្ញុំ​ឆាប់​កន្លង​ទៅ ហើយ​យើង​ខ្ញុំ​ហើរ​ទៅ​បាត់»។—ទំនុកដំកើង ៩០:១០; ប្រៀប​ធៀប យ៉ាកុប ៤:១៤

ស្តី​ពី​ការ​ជាប់​ឃុំ​ឃាំង​របស់​មនុស្ស​ចំពោះ​បាប​និង​សេចក្ដី​ស្លាប់​នេះ ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​ពួក​អ្នក​កាន់​តាម​ទ្រង់​ថា៖ «សេចក្ដី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច»។ (យ៉ូហាន ៨:៣២) ដោយ​មាន​បន្ទូល​ដូច្នេះ ព្រះ​យេស៊ូ​បាន​ប្រទាន​ឲ្យ​ពួក​អ្នក​កាន់​តាម​ទ្រង់​នូវ​សេចក្ដី​សង្ឃឹម​នៃ​អ្វី​មួយ​ដ៏​ធំ​ជាង​ការ​មាន​សេរី​ភាព​ពី​ពួក​រ៉ូម៉ាំង​ទៅ​ទៀត—ទ្រង់​បាន​លើក​ទោស​ពួក​គេ​ពី​បាប​និង​ឲ្យ​រួច​ផុត​ពី​សេចក្ដី​ស្លាប់! តើ​នឹង​ប្រទាន​ឲ្យ​ពួក​គេ​តាម​របៀប​ណា? ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​គេ​ថា៖ «ដូច្នេះ បើ​ព្រះ​រាជបុត្រា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច នោះ​នឹង​បាន​រួច​ជា​ពិត»។ (យ៉ូហាន ៨:៣៦) ត្រូវ​ហើយ ដោយ​សោយ​ទិវង្គត «ព្រះ​រាជបុត្រា» ព្រះ​យេស៊ូ​បាន​ធ្វើ​ជា​យញ្ញ​បូជា​ធួន ដើម្បី​ទិញ​មក​វិញ​នូវ​អ្វី​ដែល​អ័ដាម​បាន​បាត់​បង់។ (យ៉ូហាន​ទី​១ ៤:១០) នេះ​បាន​បើក​ផ្លូវ​ឲ្យ​មនុស្ស​លោក​ទាំង​អស់​ដែល​ចេះ​គោរព ឲ្យ​រួច​ផុត​ពី​ចំណង​បាប​និង​សេចក្ដី​ស្លាប់។ រាជបុត្រា​តែ​មួយ​គត់​ដែល​ព្រះ​បង្កើត​ផ្ទាល់​បាន​សោយ​ទិវង្គត «ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ»។—យ៉ូហាន ៣:១៦

ដូច្នេះ សេចក្ដី​ពិត​ដែល​អាច​ធ្វើ​ឲ្យ​យើង​រួច​ផុត​នេះ គឺ​ទាក់​ទង​នឹង​ព្រះ​យេស៊ូ​គ្រីស្ទ។ អស់​អ្នក​ដែល​ក្លាយ​ទៅ​ជា​ពួក​អ្នក​កាន់​តាម​ទ្រង់ នឹង​មាន​សេចក្ដី​សង្ឃឹម​នៃ​ការ​រួច​ផុត​ពី​បាប​និង​សេចក្ដី​ស្លាប់ នៅ​ពេល​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​កាន់​កាប់​ពេញ​លេញ​លើ​កិច្ច​ការ​ផែនដី។ សូម្បី​តែ​ឥឡូវ​នេះ អស់​អ្នក​ដែល​ទទួល​យក​សេចក្ដី​ពិត​នៃ​បន្ទូល​របស់​ព្រះ​មាន​សេរី​ភាព​ពិត។ តើ​តាម​របៀប​ណា​ទៅ?

សេរី​ភាព​ពី​ការ​ខ្លាច​មនុស្ស​ស្លាប់

នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​រាប់​លាន​នាក់​រស់​នៅ​ដោយ​ខ្លាច​មនុស្ស​ស្លាប់។ ហេតុ​អ្វី? ពី​ព្រោះ​សាសនា​របស់​ពួក​គេ​បាន​បង្រៀន​ថា ព្រលឹង​ចាក​ចេញ​ពី​រូប​កាយ​នៅ​ពេល​ស្លាប់​ទៅ​ឯ​វិស័យ​វិញ្ញាណ។ ដូច្នេះ​ហើយ​បាន​ជា​ក្នុង​ទំនៀម​ទំលាប់​នៃ​ប្រទេស​ខ្លះ ពួក​សាច់​ញាតិ​នៃ​មនុស្ស​ស្លាប់​ត្រូវ​ចាំ​យាម​ខ្មោច​ទាំង​យប់​ទាំង​ថ្ងៃ​អស់​រយៈ​បី​បួន​ថ្ងៃ។ នេះ​ធម្មតា​គឺ​មាន​ការ​ច្រៀង​និង​ការ​គោះ​ស្គរ​យ៉ាង​ខ្លាំង។ ពួក​អ្នក​កាន់​ទុក្ខ​ជឿ​ថា ការ​ប្រព្រឹត្ត​បែប​នេះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ស្កប់​ចិត្ត ហើយ​បង្ការ​វិញ្ញាណ​របស់​គាត់​ត្រឡប់​មក​លង​ពួក​មនុស្ស​នៅ​រស់។ លទ្ធិ​បង្រៀន​មិន​ពិត​នៃ​ពិភព​គ្រីស្ទ​សាសនា​អំពី​មនុស្ស​ស្លាប់ បាន​ធ្វើ​ឲ្យ​មាន​ទំនៀម​ទម្លាប់​បែប​នេះ​ជា​ច្រើន។

ប៉ុន្តែ ព្រះ​គម្ពីរ​បង្ហាញ​សេចក្ដី​ពិត​អំពី​ស្ថានភាព​នៃ​មនុស្ស​ស្លាប់។ ព្រះ​គម្ពីរ​ចែង​យ៉ាង​ច្បាស់​ថា ព្រលឹង​របស់​អ្នក គឺ​ជា​អ្នក​នោះ​ឯង មិន​មែន​ជា​ផ្នែក​អាថ៌​កំបាំង​នៃ​អ្នក ដែល​នៅ​មាន​ជីវិត​ក្រោយ​ពី​ស្លាប់​នោះ​ឡើយ។ (លោកុប្បត្តិ ២:៧; អេសេគាល ១៨:៤) ម្យ៉ាង​ទៀត មនុស្ស​ស្លាប់​មិន​រង​ទុក្ខ​វេទនា​ក្នុង​ស្ថាន​ភ្លើង​នរក​ទេ ហើយ​ពួក​គេ​ក៏​មិន​មែន​ជា​ផ្នែក​នៃ​វិញ្ញាណ​ដែល​អាច​មាន​ឥទ្ធិពល​លើ​មនុស្ស​រស់​ឡើយ។ ព្រះ​គម្ពីរ​ចែង​ថា «តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ គេ​ក៏​គ្មាន​រង្វាន់​អ្វី​ទៀត​ដែរ . . . ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន នោះ​ចូរ​ធ្វើ​ដោយ​អស់​ពី​កំឡាំង​ចុះ ដ្បិត​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់[ផ្នូរ] ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ»។—សាស្ដា ៩:៥, ១០

សេចក្ដី​ពិត​ទាំង​នេះ​ក្នុង​ព្រះ​គម្ពីរ បាន​ដោះ​មនុស្ស​ជា​ច្រើន​ចេញ​ពី​ការ​ខ្លាច​មនុស្ស​ស្លាប់។ គេ​មិន​ចាំ​បាច់​ថ្វាយ​តង្វាយ​ថ្លៃ​ដល់​ជីដូន​ជីតា​របស់​គេ​ទៀត​ទេ ហើយ​ក៏​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ថា​ពួក​ស្ងួន​ភ្ងា​របស់​គេ​ត្រូវ​ទទួល​រង​ទុក្ខ​ដ៏​គ្មាន​មេត្ដា​ដោយ​សារ​អំពើ​បាប​នោះ​ឡើយ។ ពួក​គេ​បាន​រៀន​ដឹង​ថា​ព្រះ​គម្ពីរ​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ចំពោះ​អស់​អ្នក​ដែល​បាន​ស្លាប់ ដ្បិត​ព្រះ​គម្ពីរ​ចែង​ប្រាប់​យើង​ថា ដល់​គ្រា​កំណត់​របស់​ព្រះ គឺ​នឹង​មាន«ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត នឹង​បាន​រស់​ឡើង​វិញ​ទាំង​អស់​គ្នា»។ (កិច្ច​ការ ២៤:១៥; យ៉ូហាន ៥:២៨, ២៩) ដូច្នេះ មនុស្ស​ស្លាប់​ឥឡូវ​នេះ​កំពុង​តែ​សំរាក ហាក់​បី​ដូច​ជា​ដេក​លក់​តែ​ម្ដង។—ប្រៀប​ធៀប យ៉ូហាន ១១:១១​-​១៤

សេចក្ដី​ពិត​អំពី​ស្ថានភាព​នៃ​មនុស្ស​ស្លាប់ និង​សេចក្ដី​សង្ឃឹម​នៃ​ដំណើរ​រស់​ឡើង​វិញ អាច​ដោះ​លែង​យើង​ចេញ​ពី​ការ​ព្រួយ​នឹង​សេចក្ដី​ស្លាប់។ សេចក្ដី​សង្ឃឹម​បែប​នេះ បាន​ជួយ​គូ​ស្វាមីភរិយា​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក នៅ​ពេល​ដែល​កូន​ប្រុស​របស់​គេ ដែល​មាន​អាយុ​បួន​ឆ្នាំ ត្រូវ​បាន​បាត់​បង់​ជីវិត​ក្នុង​គ្រោះ​ថ្នាក់។ ម្ដាយ​សារភាព​ថា៖ «គឺ​មាន​ប្រហោង​ចំហ​ក្នុង​ជីវិត​របស់​យើង ដែល​មិន​អាច​យក​អ្វី​មក​បិទ​បាន​ទេ រហូត​ដល់​យើង​ឃើញ​កូន​របស់​យើង​ម្ដង​ទៀត តាម​រយៈ​ដំណើរ​រស់​ឡើង​វិញ។ ប៉ុន្តែ​យើង​ដឹង​ថា ការ​ឈឺ​ចាប់​របស់​យើង​គ្រាន់​តែ​បណ្ដោះ​អាសន្ន​ទេ ព្រោះព្រះ​យេហូវ៉ា​សន្យា​ថា​ទ្រង់​នឹង​ជូត​ទឹក​ភ្នែក​នៃ​សេចក្ដី​សោកសង្រេង​ចេញ»។—វិវរណៈ ២១:៣, ៤

សេរី​ភាព​ពី​ការ​ខ្លាច​អនាគត​កាល

តើ​នឹង​មាន​អនាគត​យ៉ាង​ណា? តើ​ផែនដី​របស់​យើង​នឹង​ត្រូវ​ឆេះ​ក្នុង​ហាយនភាព​នុយក្លេអែ​រ​ឬ? តើ​មហន្តរាយ​នៃ​បរិយាការ​ផែនដី​នឹង​ធ្វើ​ឲ្យ​យើង​មិន​អាច​រស់​បាន​ឬ? តើ​ការ​ទ្រុឌ​ទ្រោម​សីលធម៌​នឹង​នាំ​ឲ្យ​មាន​អនាធិបតេយ្យ​និង​ការ​វឹកវរ​ឬ? ចំពោះ​មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ គឺ​មាន​ការ​ភ័យ​ខ្លាច​ជា​ពិត​មែន។

ប៉ុន្តែ ព្រះ​គម្ពីរ​ផ្ដល់​ឲ្យ​សេរី​ភាព​ពី​ការ​ខ្លាច​ដ៏​រន្ធត់​បែប​នេះ។ ព្រះ​គម្ពីរ​ធានា​រ៉ាប់​រង​យើង​ថា «ផែនដី​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប»។ (សាស្ដា ១:៤) ព្រះ​យេហូវ៉ា​មិន​បាន​បង្កើត​ផ្ទៃ​ដី​យើង​នេះ ដើម្បី​ឲ្យ​មនុស្ស​បំផ្លាញ​ចោល​នោះ​ទេ។ (អេសាយ ៤៥:១៨) ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​បាន​បង្កើត​ផែនដី​មក ដើម្បី​ជា​លំនៅ​សួន​មនោរម្យ​សំរាប់​គ្រួសារ​មនុស្ស​ដែល​មាន​សាមគ្គីភាព។ (លោកុប្បត្តិ ១:២៧, ២៨) គោល​បំណង​របស់​ទ្រង់​មិន​បាន​ផ្លាស់​ប្ដូរ​ទេ។ ព្រះ​គម្ពីរ​ប្រាប់​យើង​ថា ព្រះ​នឹង«បំផ្លាញ​ពួក​អ្នក ដែល​បង្ខូច​ផែនដី​ផង»។ (វិវរណៈ ១១:១៨) ក្រោយ​មក ព្រះ​គម្ពីរ​ចែង​ថា៖ «ឯ​មនុស្ស​រាប​សា គេ​នឹង​បាន​ផែនដី​ជា​មរដក ហើយ​នឹង​បាន​ចិត្ត​រីករាយ​ដោយ​សេចក្ដី​ក្សេម​ក្សាន្ត​ដ៏​បរិបូរ»។—ទំនុកដំកើង ៣៧:១១

សេចក្ដី​សន្យា​នេះ​គឺ​អាច​ទុក​ចិត្ត​បាន ពី​ព្រោះ​ព្រះ​មិន​អាច​ភូត​ភរ​ទេ។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​តាម​រយៈ​ព្យាការី​អេសាយ​ថា៖ «នោះ​ពាក្យ​អញ ដែល​ចេញ​ពី​មាត់​អញ​ទៅ ក៏​មិន​ដែល​វិល​មក​ឯ​អញ​វិញ ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ គឺ​នឹង​ធ្វើ​សំរេច​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៅ​ក្នុង​ចិត្ត​អញ ហើយ​នឹង​ចំរើន​កើន​ឡើង ក្នុង​ការ​អ្វី ដែល​អញ​ចាត់​ទៅ​ធ្វើ​នោះ»។ (អេសាយ ៥៥:១១; ទីតុស ១:២) ដូច្នេះ យើង​អាច​រង់​ចាំ​មើល​ដោយ​ទុក​ចិត្ត​នូវ​ការ​សម្រេច​នៃ​សេចក្ដី​សន្យា​របស់​ព្រះ ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ ពេត្រុស​ទី​២ ៣:១៣៖ «តែ​តាម​សេចក្ដី​សន្យា​របស់​ទ្រង់ នោះ​យើង​រាល់​គ្នា​ទន្ទឹង​ចាំ​ផ្ទៃ​មេឃ​ថ្មី​និង​ផែនដី​ថ្មី ដែល​មាន​សុទ្ធ​តែ​សេចក្ដី​សុចរិត​វិញ»។

សេរី​ភាព​ពី​ការ​ខ្លាច​មនុស្ស

ព្រះ​គម្ពីរ​ផ្ដល់​ឲ្យ​យើង​នូវ​គំរូ​ដ៏​អស្ចារ្យ​នៃ​បុរស​និង​ស្រី ដែល​បាន​បង្ហាញ​ការ​ក្លាហាន​ចំពោះ​ចិត្ត​ភក្ដី​ដល់​ព្រះ។ ក្នុង​ចំណោម​ពួក​ទាំង​នេះ គឺ​មាន គេឌាន បារ៉ាក ដេបូរ៉ា ដានីយ៉ែល នាង​អេសធើរ យេរេមា អ័ប៊ីកែល និង​យ៉ាអែល—នេះ​គ្រាន់​តែ​រៀប​រាប់​ឈ្មោះ​ខ្លះ​ៗ​ប៉ុណ្ណោះ។ ពួក​បុរស​និង​ស្ត្រី​ស្មោះ​ត្រង់​ទាំង​នេះ​សម្ដែង​អាកប្បកិរិយា​ដូច​អ្នក​តែង​បទ​ទំនុកដំកើង ដែល​បាន​សរសេរ​ថា៖ «សេចក្ដី​ពឹង​ពាក់​របស់​ទូល​បង្គំ នោះ​បាន​ទុក​នៅ​ក្នុង​ព្រះ ទូល​បង្គំ​នឹង​មិន​ខ្លាច​ឡើយ តើ​មនុស្ស​នឹង​អាច​ធ្វើ​អ្វី​ដល់​ទូល​បង្គំ​បាន»?—ទំនុកដំកើង ៥៦:១១

ក្នុង​សតវត្ស​ទី​មួយ សាវ័ក​ពេត្រុស​និង​យ៉ូហាន​បាន​សម្ដែង​នូវ​សេចក្ដី​ក្លាហាន​ដូច​គ្នា​នេះ​ដែរ នៅ​ពេល​ដែល​ពួក​អាជ្ញាធរ​បញ្ជា​គេ​ឲ្យ​ឈប់​ផ្សាយ​ដំណឹង​ល្អ។ ពួក​គេ​បាន​ឆ្លើយ​ថា៖ «ដ្បិត​យើង​ខ្ញុំ​នឹង​លែង​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮ ពុំ​បាន​ទេ»។ ដោយ​សារ​ពួក​គេ​បាន​កាន់​ជំហរ​មុត​មាំ​នេះ ក្រោយ​មក ពេត្រុស​និង​យ៉ូហាន​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក។ ក្រោយ​ពី​បាន​ចេញ​ពី​គុក​ដោយ​អព្ភូតហេតុ ពួក​គេ​ក៏​បាន​ត្រឡប់​ទៅ​បន្ត«ផ្សាយ​ព្រះ​បន្ទូល​ដោយ​ចិត្ត​ក្លាហាន»។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ពេត្រុស​និង​ពួក​សាវ័ក​ឯ​ទៀត ត្រូវ​បាន​គេ​យក​មក​ឲ្យ​ជួប​តុលាការ​ជាន់​ខ្ពស់​នៃ​សាសន៍​យូដា។ សម្ដេច​សង្ឃ​និយាយ​ទៅ​ពួក​គេ​ថា៖ «តើ​យើង​មិន​បាន​ហាម​ផ្ដាច់ មិន​ឲ្យ​ឯង​រាល់​គ្នា​បង្រៀន​ពី​ឈ្មោះ​នោះ​ទៀត​ទេ​ឬ​អី តែ​មើល ឯង​រាល់​គ្នា​បាន​បង្រៀន​សេចក្ដី​នោះ នៅ​ពេញ​ក្រុង​យេរូសាឡិម​ទាំង​មូល​វិញ»។ ពេត្រុស​និង​ពួក​សាវ័ក​ឯ​ទៀត​ឆ្លើយ​ថា៖ ‹យើង​ត្រូវ​តែ​ស្ដាប់​បង្គាប់​របស់​ព្រះ​ជា​ជាង​មនុស្ស›។—កិច្ច​ការ ៤:១៦, ១៧, ១៩, ២០, ៣១; ៥:១៨​-​២០, ២៧​-​២៩

ក្នុង​កិច្ច​ការ​ផ្សាយ​ដំណឹង​ល្អ​នៃ​សារ​ព្រះ​រាជាណាចក្រ​របស់​គេ នៅ​សព្វ​ថ្ងៃ​នេះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ខំ​ធ្វើ​តាម​ការ​ខ្នះ​ខ្នែង​នៃ​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ។ សូម្បី​តែ​ពួក​ក្មេង​ៗ​ក្នុង​ចំណោម​ពួក​គេ ក៏​សម្ដែង​នូវ​ការ​ក្លាហាន​ដោយ​និយាយ​ប្រាប់​អ្នក​ដទៃ​អំពី​ជំនឿ​របស់​គេ​ដែរ។ សូម​ពិចារណា​មើល​នូវ​ឧទាហរណ៍​ខ្លះ​ៗ។

នាង​ស្ទេស៊ី ជា​ក្មេង​ជំទង់​ម្នាក់​ដែល​មាន​ចិត្ត​អៀន​ណាស់​តាំង​ពី​កំណើត​មក។ ជា​លទ្ធផល នៅ​ដើម​ដំបូង ការ​និយាយ​ជា​មួយ​អ្នក​ដទៃ​អំពី​ជំនឿ​របស់​នាង​គឺ​ជា​ពិបាក​បន្ដិច។ តើ​នាង​បាន​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ឈ្នះ​ការ​អៀន​របស់​នាង? នាង​និយាយ​ថា៖ «ខ្ញុំ​បាន​សិក្សា​ព្រះ​គម្ពីរ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​យល់​នូវ​អ្វី​ដែល​ខ្ញុំ​ត្រូវ​និយាយ។ នេះ​បាន​សម្រួល​ការ​និយាយ​របស់​ខ្ញុំ ហើយ​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ក្លាហាន​ក្នុង​ខ្លួន​ដែរ»។ កិត្ដិយស​ដ៏​ល្អ​នៃ​នាង​ស្ទេស៊ី​ត្រូវ​បាន​គេ​រាយ​ការណ៍​ក្នុង​កាសែត​តាម​តំបន់។ អត្ថបទ​នេះ​ដែល​បាន​សរសេរ​ដោយ​គ្រូ​របស់​នាង​ថ្លែង​ថា៖ «ជំនឿ​របស់​នាង[ស្ទេស៊ី] ហាក់​បី​ដូច​ជា​ឲ្យ​កម្លាំង​នាង​ក្នុង​ការ​ត​ស៊ូ​នឹង​ការ​បង្ខិត​បង្ខំ ដែល​ពួក​ក្មេង​ៗ​ជំទង់​ជា​ច្រើន​មាន។ . . . នាង​មាន​អារម្មណ៍​ថា ការ​បំរើ​ព្រះ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​នាង»។

ថុម្មី​បាន​ចាប់​ផ្ដើម​រៀន​អំពី​ព្រះ​គម្ពីរ​ជា​មួយ​ឪពុក​ម្ដាយ​របស់​គាត់ កាល​ដែល​គាត់​មាន​អាយុ​ប្រាំ​ឆ្នាំ។ សូម្បី​តែ​មាន​អាយុ​តិច​ក្ដី គាត់​បាន​កាន់​ជំហរ​យ៉ាង​ក្លាហាន​ចំពោះ​ការ​ថ្វាយ​បង្គំ​ពិត។ កាល​ដែល​សិស្ស​រៀន​ថ្នាក់​ជា​មួយ​គាត់​គូរ​រូប​ភាព​ពី​ថ្ងៃ​ឈប់​សំរាក ថុម្មី​តែង​តែ​គូរ​រូប​ភាព​នៃ​សួន​មនោរម្យ​ដែល​ព្រះ​បាន​សន្យា។ ជា​ក្មេង​ជំទង់​ម្នាក់ ថុម្មី​បាន​កត់​សម្គាល់​ថា កូន​សិស្ស​ជា​ច្រើន​បាន​ឆ្ងល់​អំពី​ជំនឿ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ជា​ជាង​ខ្លាច​សិស្ស​ទាំង​នោះ គាត់​បាន​សុំ​គ្រូ​របស់​គាត់ បើ​សិន​ជា​គាត់​អាច​ពិគ្រោះ​ជា​មួយ​សិស្ស​ក្នុង​ថ្នាក់ ដោយ​ប្រើ​សំនួរ​និង​ចម្លើយ ដើម្បី​ឲ្យ​គាត់​អាច​ឆ្លើយ​សំនួរ​របស់​គេ​ទាំង​អស់។ គ្រូ​បាន​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​ដូច្នេះ ហើយ​គាត់​បាន​ធ្វើ​បន្ទាល់​យ៉ាង​ប្រសើរ។

នៅ​ពេល​ដែល​នាង​មាន​អាយុ​១៧​ឆ្នាំ នាង​ម៉ាឃ៉ីតា មាន​ឱកាស​ដ៏​ល្អ​ក្នុង​ការ​និយាយ​ជា​មួយ​សិស្ស​ដទៃ​ក្នុង​ថ្នាក់​របស់​នាង​អំពី​ជំនឿ។ នាង​និយាយ​ថា៖ «យើង​បាន​ទទួល​កិច្ច​ការ​ឡើង​ថ្លែង​សុន្ទរកថា។ ខ្ញុំ​ក៏​បាន​ជ្រើស​រើស​យក​ប្រធាន​ពី​សៀវភៅ សំនួរ​ដែល​យុវជន​សួរ—ចម្លើយ​ដែល​មាន​ប្រសិទ្ធិភាព។a ខ្ញុំ​រើស​យក​ប្រាំ​ជំពូក​ដំបូង​នៃ​សៀវភៅ​នោះ ហើយ​សរសេរ​ចំណង​ជើង​នៅ​លើ​ក្ដារ​ខៀន។ ខ្ញុំ​បាន​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​សរសេរ​ចុះ​តាម​លំដាប់ ថា​តើ​ណា​មួយ​ដែល​គេ​ចាត់​ទុក​ថា​សំខាន់​ជាង​គេ»។ ក្រោយ​មក ក៏​មាន​ការ​ពិគ្រោះ​ក្នុង​ថ្នាក់។ ម៉ាឃ៉ីតា​សន្និដ្ឋាន​ថា «ខ្ញុំ​បាន​បង្ហាញ​សៀវភៅ​ដល់​សិស្ស​ក្នុង​ថ្នាក់ ហើយ​កូន​សិស្ស​មួយ​ចំនួន​បាន​សូម​ចង់​បាន​សៀវភៅ​មួយ​ក្បាល​ម្នាក់​ៗ។ សូម្បី​តែ​គ្រូ​របស់​ខ្ញុំ​ក៏​ចង់​បាន​មួយ​ដែរ»។

សេចក្ដី​ពិត​ក៏​អាច​រំដោះ​អ្នក​ឲ្យ​រួច​ដែរ

ដូច​ជា​យើង​បាន​ឃើញ​មក​ហើយ សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ គឺ​មាន​ឥទ្ធិពល​រំដោះ​មនុស្ស​គ្រប់​គ្នា​ដែល​រៀន​សូត្រ​ព្រះ​គម្ពីរ ហើយ​ដែល​អនុវត្ត​តាម​សារ​នោះ។ សេចក្ដី​ពិត​ដោះ​លែង​ពួក​គេ​ពី​ការ​ខ្លាច​មនុស្ស​ស្លាប់ ពី​ការ​ខ្លាច​អនាគត និង​ពី​ការ​ខ្លាច​មនុស្ស។ អ្វី​ដែល​សំខាន់​ជាង​គេ​នោះ គឺ​ការ​លោះ​របស់​ព្រះ​យេស៊ូ​នឹង​ដោះ​លែង​មនុស្ស​ដែល​ចេះ​គោរព​ឲ្យ​រួច​ផុត​ពី​អំពើ​បាប​និង​សេចក្ដី​ស្លាប់។ តើ​នឹង​ជា​អំណរ​យ៉ាង​ណា​ទៅ​ហ្ន៎ ក្នុង​ការ​រស់​នៅ​ជា​រៀង​រហូត​នៅ​លើ​ផែនដី​មនោរម្យ ដែល​លែង​មាន​ការ​ជាប់​ឃុំ​ឃាំង​ពី​ស្ថានភាព​បាប​របស់​យើង​ទៀត!—ទំនុកដំកើង ៣៧:២៩

តើ​អ្នក​ចង់​រៀន​ថែម​ទៀត​អំពី​ពរ​ដែល​ព្រះ​បាន​សន្យា​ទេ? បើ​សិន​ជា​ដូច្នេះ​មែន តើ​អ្នក​ត្រូវ​ធ្វើ​អ្វី? ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «នេះ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង»។ (យ៉ូហាន ១៧:៣) ដូច្នេះ បើ​សិន​ជា​អ្នក​ចង់​បាន​សេរី​ភាព​ដែល​ព្រះ​យេស៊ូ​បាន​សន្យា​ដល់​ពួក​សិស្ស​របស់​ទ្រង់​នោះ អ្នក​ត្រូវ​តែ​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​រាជបុត្រា​របស់​ទ្រង់។ អ្នក​ត្រូវ​តែ​ដឹង​អំពី​ព្រះ​ហឫទ័យ​របស់​ព្រះ ហើយ​រួច​មក​ធ្វើ​តាម​នោះ ពី​ព្រោះ​ព្រះ​គម្ពីរ​ចែង​ថា៖ «ឯ​លោកីយ​នេះ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា នោះ​កំពុង​កន្លង​ទៅ តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់​កល្ប​ជា​និច្ច​វិញ»។—យ៉ូហាន​ទី​១ ២:១៧

[កំណត់​សម្គាល់]

a បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក (ជា​ភាសា​អង់គ្លេស)

[រូប​ភាព​នៅ​ទំព័រ​៧]

នៅ​ក្រោម​ព្រះ​រាជាណាចក្រ​របស់​ព្រះ នៅ​ទី​បំផុត មនុស្សជាតិ​នឹង​ត្រូវ​រំដោះ​ឲ្យ​រួច​ពី​បាប​និង​សេចក្ដី​ស្លាប់

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក