ឯកភាពពិភពលោក—តើនឹងបានសម្រេចយ៉ាងដូចម្ដេច?
ដូចអាគារដែលមានសភាពទ្រុឌទ្រោម ដែលបានបំផ្លាញយ៉ាងខ្លាំង ដោយអ្នកជួលផ្ទះដែលឥតមើលថែរក្សា ប្រព័ន្ធនៃលោកីយ៍ក្នុងបច្ចុប្បន្ននេះ គឺសមតែម្យ៉ាងគត់—ការកំទេចចោលនិងការផ្លាស់ប្ដូរ។ នេះមិនមែនឆាកមួយទៀតដែលមើលឃើញតែការអាក្រក់នោះទេ។ យោងទៅតាមព្រះគម្ពីរ គឺទស្សនៈដ៏សមហេតុផល។ ហេតុអ្វី?
ពីព្រោះគ្រឹះនៃប្រព័ន្ធក្នុងលោកីយ៍បច្ចុប្បន្ននេះ គឺឥតមានសន្ដិសុខ។ រចនាសម្ព័ន្ធទាំងមូលមានពេញដោយកណ្ដៀរនិងឈើពុក។ ទម្រង់ដែកគឺកំពុងច្រេះ។ ជញ្ជាំងទ្រទ្រង់ក៏កាន់តែខ្សោយឡើង។ ដំបូលគឺធ្លាក់ស្រយាក។ បំពុងទឹកគឺជ្រាបទឹក។ ប្រព័ន្ធអគ្គីសនីមានគុណវិបត្ដិដ៏គ្រោះថ្នាក់។ អ្នកម្ចាស់ផ្ទះវាយតប់ដោយឥតឈប់ឈរ ហើយបណ្ដាលឲ្យបាក់បែកដល់អាគារទាំងមូល។ បរិវេណទាំងមូល គឺមានសត្វចង្រៃតូចៗជាច្រើន ដែលអាចមានគ្រោះថ្នាក់ដល់ជីវិត។
«កំពុងតែប្រឈមមុខការដាច់ពូជ»
ដោយសារការប្រឆាំងដ៏ឥតឈប់ឈរខាងនយោបាយ សេចក្ដីលោភ ការឈ្លានពាន និងការស្អប់យ៉ាងខ្លាំងរវាងកុលសម្ព័ន្ធ និងពូជសាសន៍ «មនុស្សលោកទាំងមូលគឺ កំពុងតែប្រឈមមុខការដាច់ពូជ» ដូចលោក គ្វីន ដាយឺ មានប្រសាសន៍មក។ ទូទាំងពិភពលោក ជនប្ដេជ្ញាភាគតិច—ពួកអ្នកប្រឆាំង អ្នកតយុទ្ធខាងសេរីភាព ពួកឧក្រិដ្ឋជន ភេរវជនអន្តរជាតិ និងអ្នកឯទៀត—ស្វែងរកផែនការណ៍ប្រកបដោយអត្តទត្ថភាពផ្ទាល់ខ្លួន ដែលបណ្ដាលឲ្យហិនហោចដល់សន្ដិភាពក្នុងពិភពលោក ស្ទើរតាមតែចិត្តរបស់គេ។ ដូចអ្នកជួលផ្ទះដ៏សាហាវ គេក៏អាចធ្វើឲ្យវេទនាដល់អ្នកដទៃ។
ប៉ុន្តែ យោងទៅតាមអ្នកអត្ថាធិប្បាយជាច្រើន ក្រុមប្រឆាំង ឬបុគ្គលដែលរឹងចចេស មិនមែនជាអ្នកបង្ការសន្ដិភាពពិភពលោក តែមួយគត់។ ឧបសគ្គដ៏ធំជាងគេ គឺប្រជាជាតិរដ្ឋតែម្ដង។ អ្នកនិពន្ធអំពីចំបាំង សែមញ៉ូអែល ប៊ី ផេន និយាយថា ប្រទេសឯករាជ្យ រស់នៅ«ភាពនៃអនាធិបតេយ្យអន្តរជាតិ»។ គេប្រព្រឹត្តអ្វីក៏ដោយឲ្យតែសមនឹងប្រជាជាតិគេ ដោយឥតយោគយល់ដល់អ្នកដទៃ។ ជាលទ្ធផល ទូទាំងសតវត្ស «មនុស្សម្នាក់ មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា»។—សាស្ដា ៨:៩
ពិតមែន រដ្ឋាភិបាលប្រជាជាតិខ្លះ មានការជោគជ័យក្នុងការតយុទ្ធសេចក្ដីអយុត្ដិធម៌ និងការជិះជាន់ក្នុងអាណាខេត្តរបស់គេ ហើយជួនកាលក្នុងអន្តរជាតិដែរ។ ពួកគេក៏បានស្ថាបនាឯកភាពអន្តរជាតិខ្លះពីពេលមួយទៅពេលមួយដែរ។ ប៉ុន្តែ សូម្បីតែសាសន៍ខ្លះបានរួបរួមគ្នា ដើម្បីនឹងប្រឆាំងសាសន៍ឈ្លានពាន តែនៅមានការសង្ស័យ ដែលពួកគេបានប្រព្រឹត្តសំរាប់ប្រយោជន៍ផ្ទាល់ខ្លួន ជាជាងប្រព្រឹត្តដោយស្មោះនោះ។ ហេតុការណ៍ពិតគឺថា រដ្ឋាភិបាលមនុស្សគ្មានផ្លូវដោះស្រាយដ៏ទូលំទូលាយជាស្ថាពរ ចំពោះពិភពលោកដ៏គ្មានឯកភាពសោះឡើយ។ លោក គ្វីន ដាយឺ បង្ហាញឲ្យឃើញថា៖ «គំនិតដែលថា សាសន៍ទាំងអស់នៃពិភពលោកនឹងរួបរួមគ្នា ដើម្បីបង្លាច ឬដាក់ទោសការឈ្លានពាន ដោយប្រទេសឯកចន្ទ គឺជាគោលការណ៍ល្អ។ ប៉ុន្តែ តើសាសន៍មួយណាដែលចាត់ទុកជាអ្នកឈ្លានពាន ហើយអ្នកណាដែលចំណាយប្រាក់ ហើយជីវិតដែលត្រូវការ ដើម្បីធ្វើឲ្យសាសន៍នោះឈប់»?
មែនហើយ ការឈ្លានពានដោយសាសន៍មួយប្រឆាំងនឹងមួយ គឺអាចកើតឡើងពេលសាសន៍ភាគច្រើនមិនទាស់នឹងការឈ្លានពាននោះ។ ប្រវត្ដិសាស្ត្របានបង្ហាញម្ដងហើយម្ដងទៀតថា គឺមិនមែនគ្រាន់តែ«ប្រទេសឯកចន្ទ» ដែលប្រជាជនបានគាំទ្រអ្នកដឹកនាំរបស់គេ ត្រូវឬខុសនោះ។ តាមពិត អ្នករស់នៅផែនដីភាគច្រើនបានប្រព្រឹត្តដូចនេះ។ ពួកគេបានប្រព្រឹត្តដោយឥតពិចារណា «សេចក្ដីកុហក ការបញ្ចើចរាស្ត្រនិងឃោសនា» ដូចទស្សនាវដ្ដីថែម្សបានចែងមក ពីពួកដឹកនាំនយោបាយនិងសាសនាជាច្រើន។
ជាតិនិយមបានបណ្ដាលឲ្យមនុស្សប្រព្រឹត្តបទឧក្រិដ្ឋដ៏កំណាចដល់មនុស្សប្រុស ស្រីនិងក្មេងៗនៃសញ្ជាតិឯទៀត ដែលធម្មតាគេជាមនុស្សដ៏សមហេតុផលនិងដ៏មេត្ដាធម៌។ ជាឧទាហរណ៍ ស្តីអំពីសង្គ្រាមលោកលើកទីមួយ អ្នកប្រវត្ដិសាស្ត្រម្នាក់ឈ្មោះ រ៉ូបឺត មានប្រសាសន៍ថា៖ «ប្រតិមតិមួយនៃឆ្នាំ១៩១៤ គឺថានៅគ្រប់ប្រទេសដែលមានមនុស្សច្រើន គ្រប់ទាំងគណៈបក្ស [សាសនានិងពូជព្រះរាជវង្សានុវង្ស] ដូចជាស្ម័គ្រចិត្តទៅធ្វើសង្គ្រាមដោយរីករាយ»។ តាំងពីនោះមក តើមនុស្សជាតិបានរៀនមេរៀនទេ? គឺអត់ទេ! សត្វនៃ «ជាតិនិយមដ៏អាក្រក់» ដូចដែលអ្នកសារពត៌មាន រ៉ុដ អាសស៊ើរ បាននិយាយមក នៅតែបន្តការបំផ្លាញឯកភាពពិភពលោក។
អនុភាពខាងក្រៅកំពុងមានសកម្មភាព
ទោះជាយ៉ាងណាក៏ដោយ គឺមានឧបសគ្គដ៏ធំចំពោះឯកភាពពិភពលោក។ ព្រះគម្ពីរសម្ដែងថាអនុភាពខាងក្រៅកំពុងមានសកម្មភាព។ អនុភាពទាំងនេះបានបង្ហាញឲ្យឃើញថា ជាអារក្សសាតាំងហើយពួកដើរតាមវា គឺព្រាយបិសាច។ យោងទៅតាមព្រះគម្ពីរ សាតាំងជា «ព្រះរបស់លោកីយ៍នេះ [ជាអ្នក]បានបង្អាប់ដល់គំនិតពួកគេដែលមិនជឿ» ក្រែង«រស្មីពន្លឺនៃដំណឹងល្អ ដែលសំដែងពីសិរីល្អនៃព្រះគ្រីស្ទ» គ្មានការចាប់អារម្មណ៍ដល់គេឡើយ។—កូរិនថូសទី២ ៤:៤; វិវរណៈ ១២:៩
មែនហើយ នេះមិនលើកលែងទោសឲ្យមនុស្សទាំងឡាយពីភារកិច្ចចំពោះសកម្មភាពរបស់ខ្លួនទេ។ ប៉ុន្តែ នេះពន្យល់ឲ្យឃើញហេតុអ្វីបានជារដ្ឋាភិបាលមនុស្ស មិនអាចបង្កើតពិភពលោកដ៏ឯកភាពបាន។ កាលណាអារក្សសាតាំងនៅតែមានរស់នៅ វានឹងមានអនុភាពលើមនុស្សប្រុសស្រី ដើម្បីបណ្ដុះអ្វីដែលព្រះគម្ពីរហៅថា «កិច្ចការខាងសាច់ឈាម» រួមបញ្ចូល ‹សំអប់គ្នា ឈ្លោះប្រកែក ទាស់ទែងគ្នា និងបាក់បែក›។—កាឡាទី ៥:១៩-២១
រដ្ឋាភិបាលពិភពលោក
តើអ្វីទៅជាការដោះស្រាយ? ប្រមាណប្រាំពីររយឆ្នាំមុន កវីជនជាតិអ៊ីតាលីដ៏ល្បីឈ្មោះម្នាក់និងទស្សនវិទូឈ្មោះឌេនចង្អុលប្រាប់ចម្លើយ។ គាត់បានប្រកែកថា មានតែរដ្ឋាភិបាលមនុស្សទេដែលអាចធានាសន្ដិភាពនឹងឯកភាពនៃមនុស្សជាតិ។ ចំពោះមនុស្សភាគច្រើន សេចក្ដីសង្ឃឹមណាមួយនៃរដ្ឋាភិបាល គឺគ្រាន់តែសេចក្ដីភាន់ច្រឡំតែប៉ុណ្ណោះ មិនមែនជាអ្វីដែលអាចទុកចិត្តដ៏ពិតបានឡើយ។ «រដ្ឋាភិបាលពិភពលោក» អ្នកនិពន្ធ ផេនសន្និស្ឋានរួចមកហើយថា «គឺមិនអាចកើតមានឡើងនៅក្នុងប្រវត្ដិសាស្ត្រនេះទេ»។ ហេតុអ្វី? ពីព្រោះរដ្ឋាភិបាលពិភពលោកណាដែលចង់បានការជោគជ័យ នោះត្រូវធានារបស់ពីរយ៉ាង ដែលប្រហែលជាហួសពីសមត្ថភាពរបស់មនុស្ស គឺ«រដ្ឋាភិបាលពិភពលោកនឹងបញ្ចប់សង្គ្រាម ហើយរដ្ឋាភិបាលពិភពលោកនឹងមិនត្រូវប្រើអំណាចផ្ដាច់ការ»។
ប្រាកដហើយ រដ្ឋាភិបាលមនុស្សគ្មានសមត្ថភាពនឹងធ្វើរឿងនេះបានទេ។ ប៉ុន្តែ ព្រះរាជាណាចក្រនៃព្រះនៅក្រោមការគ្រប់គ្រងនៃព្រះយេស៊ូគ្រីស្ទ អាចសម្រេចបានហើយអាចបញ្ចប់សង្គ្រាម។ (ទំនុកដំកើង ៤៦:៩, ១០; ម៉ាថាយ ៦:១០) មែនហើយ ព្រះរាជាណាចក្រនេះនឹងបញ្ចប់ពួកអ្នកសង្គ្រាមនិយមទាំងអស់។ ព្យាការីដានីយ៉ែលបានបង្ហាញថា នៅគ្រាចុងក្រោយនៃពេលវេលារបស់ព្រះ ការគ្រប់គ្រងរបស់មនុស្សនឹង«ញែកបែកគ្នា» ដូចជា «ដែកលាយនឹងដីស្អិត»។ (ដានីយ៉ែល ២:៤១-៤៣) រឿងនេះនឹងមានការបាក់បែកខាងនយោបាយនិងទំនាស់ទាំងឡាយ។ ប៉ុន្តែ ដានីយ៉ែលនិយាយថា ព្រះរាជាណាចក្រនៃព្រះ «នឹងបំបាក់បំបែក ហើយលេបបំបាត់[ជាតិនិយមនិងការបែកពីគ្នា]នគរទាំងនោះ» ព្រះរាជាណាចក្ររបស់ព្រះនឹងយកដាក់ជំនួសរដ្ឋាភិបាលដែលមនុស្សបានបង្កើតសព្វថ្ងៃនេះ ដែលរង់ចាំតាំងពីយូរយារមកហើយ ក្រោមការគ្រប់គ្រងនៃព្រះយេស៊ូគ្រីស្ទ។—ដានីយ៉ែល ២:៤៤
គឺគ្មានប្រយោជន៍ទេ ក្នុងការបង្កើតបរិយាកាសដ៏ល្អសំរាប់មនុស្ស ប្រសិនបើផែនដីនៅមានបុគ្គលដ៏អាក្រក់ ដែលធ្វើឲ្យវេទនាដល់ជីវិតរបស់អ្នកឯទៀត។ ប៉ុន្តែ «ពួកអ្នកដែលធ្វើអាក្រក់ នឹងត្រូវកាត់ចេញ»។ (ទំនុកដំកើង ៣៧:១, ២, ៩, ៣៨; សុភាសិត ២:២២) ដូច្នេះហើយ ព្រះគ្រីស្ទនឹងដកយកចេញមនុស្សដែលមិនធ្វើតាមខ្នាតគំរូរបស់ព្រះ ឬគាំទ្រអំណាចពិភពលោកដ៏គ្មានរបៀបរបប។ ទ្រង់នឹងបំផ្លាញអស់អ្នកណាដែលធ្វើហិនហោចផែនដីនេះ។ ព្រះទ្រង់សន្យាថា នឹង«បំផ្លាញពួកអ្នកដែលបង្ខូចផែនដីផង»។—វិវរណៈ ១១:១៨
នេះមិនមែនប្រើអំណាចផ្ដាច់ការលើពិភពលោកទេ។ ព្រះយេស៊ូគ្រីស្ទនឹងចាត់វិធានការ «ដើម្បីការពារសេចក្ដីពិត សេចក្ដីសុភាព នូវសេចក្ដីសុចរិត» ពេលទ្រង់ញែកមនុស្សល្អពីមនុស្សអាក្រក់។ (ទំនុកដំកើង ៤៥:៣, ៤; ម៉ាថាយ ២៥:៣១-៣៣) ការប្រព្រឹត្តដោយព្រះយេស៊ូនេះ ក៏មិនមែនជាអាក្រក់ហើយបំផ្លិចបំផ្លាញរំលោភអំណាចនោះទេ។ គឺអត់ទេ! គឺមិនដូចជាអាគារពីសម័យបុរាណដ៏ស្អាតខ្លះ ដែលត្រូវបំផ្លាញដោយអ្នកអសង្ហារិមភណ្ឌលោភខ្លះនោះទេ។ នេះនឹងដូចសេចក្ដីហិនវិនាសនៃអាគារដែលទ្រុឌទ្រោម ដើម្បីរៀបចំផ្លូវសំរាប់បរិយាកាសដ៏ស្អាតដូចសួនមនោរម្យ។
ប៉ុន្តែ ចុះយ៉ាងណាវិញអំពីអនុភាពខាងក្រៅដែលបានបណ្ដាលឲ្យគ្មានឯកភាពតាំងពីមុននោះ? តើគេនឹងមានសេរីភាពចូលពិភពលោកថ្មីនេះ បង្កឲ្យពួករស់នៅទីនោះ ចាប់ផ្ដើមដំណើរការបំផ្លាញជាថ្មី ដែលធ្វើឲ្យជីវិតរបស់អ្នកឯទៀតវេទនាទៀតឬ? មិនយ៉ាងដូច្នោះទេ។ ការបណ្ដេញនិងការជួសជុលនេះ គឺនឹងសម្រេចហើយនឹងបញ្ចប់។ «សេចក្ដីទុក្ខវេទនានឹងមិនកើតឡើងដល់ទៅ២ដងទេ»។—ណាហ៊ុម ១:៩
ព្រះគម្ពីរប្រៀបប្រដូចសេចក្ដីហិនវិនាសចុងបញ្ចប់នៃសាតាំង ទៅនឹងការដុតសំរាម។ ព្រះគម្ពីរចែងថា៖ «អារក្សដែលនាំគេ[អ្នករស់នៅផែនដី]បានត្រូវបោះទៅក្នុងបឹង ដែលឆេះជាភ្លើង នឹងស្ពាន់ធ័រ»។ (វិវរណៈ ២០:១០) នេះជាសញ្ញាដ៏អស្ចារ្យមែន! សូមពិចារណាមើល សេចក្ដីហិនវិនាសមិនប្រៀបប្រដូចគ្រាន់តែជាការដុតសំរាមតិចតួច ដែលមានសមត្ថភាពកំណត់ប៉ុណ្ណោះទេ ប៉ុន្តែ សំដៅទៅបឹងភ្លើង ដែលឆេះហើយត្រូវកាត់ចេញអស់ពីអត្ថិភាព របស់ទាំងអស់ដែលអាក្រក់ហើយដែលនាំឲ្យមានរោគ។ គឺគ្មានអ្នកណាមួយ មិនថាឡើយមនុស្សឬបិសាច នឹងអនុញ្ញាតឲ្យបន្តធ្វើអ្វី ដែលគំរាមកំហែងដល់របៀបរៀបរយទូទៅ ដែលប្រឆាំងខ្នាតគំរូរបស់ព្រះនៃការត្រូវនិងខុស ឬបង្កការឈឺចាប់ទៅមនុស្សគ្នីគ្នាទៀតឡើយ។ ពួកអ្នកបំផ្លាញឯកភាពទាំងអស់នឹងបាត់សូន្យទៅ!—ទំនុកដំកើង ២១:៩-១១; សេផានា ១:១៨; ៣:៨
មនុស្សប្រកបដោយឯកភាពចេញពីគ្រប់ទាំងសាសន៍
ពួកអ្នករួចរស់ជីវិតនៃការបោសសំអាតដ៏ធំនេះ គឺ «មនុស្ស១ហ្វូងយ៉ាងធំ . . . គេមកពីគ្រប់ទាំងសាសន៍ គប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»។ (វិវរណៈ ៧:៩) សាសន៍និងកុលសម្ព័ន្ធដែលទាស់គ្នា នឹងមិនញែកពួកគេទៀតឡើយ។ ពួកគេនឹងនៅជាមួយគ្នាដោយសុខសាន្ត។ (អេសាយ ២:២-៤) អ្វីដ៏អស្ចារ្យជាងនេះ គឺពួកអ្នកជួលផ្ទះពីជំនាន់បុរាណនឹងរួមជាមួយគេលើផែនដីដ៏ស្អាតនេះ តាមរយៈនៃដំណើររស់ឡើងវិញ។—យ៉ូហាន ៥:២៨, ២៩
តើអ្នកចង់រស់នៅក្នុងពិភពលោកបែបនេះទេ? ពួកណាដែលកាន់ខ្ជាប់តាមសេចក្ដីតម្រូវរបស់ព្រះ នឹងអាចរស់នៅបាន ហើយសេចក្ដីតម្រូវរបស់ទ្រង់បានកត់ទុកយ៉ាងច្បាស់ក្នុងព្រះគម្ពីរ។ (យ៉ូហាន ១៧:៣; កិច្ចការ ២:៣៨-៤២) ពួកស្មរបន្ទាល់ព្រះយេហូវ៉ានឹងសប្បាយរីករាយ ក្នុងការជួយអ្នករៀនអំពីអ្វីដែលព្រះតម្រូវ ដើម្បីឲ្យអ្នកអាចមានសង្ឃឹមទទួលជីវិតអស់កល្បក្នុងពិភពលោកដ៏ឯកភាពពិត។