តើអ្នកជាអ្នកសុទិដ្ឋិនិយមឬក៏ជាអ្នកទុទិដ្ឋិនិយម?
«គឺជាគ្រាដ៏ល្អបំផុត គឺជាគ្រាដ៏អាក្រក់បំផុត . . . គឺជាគ្រានៃសេចក្ដីសង្ឃឹម គឺជាជាគ្រានៃការអស់សង្ឃឹម យើងមានអ្វីៗទាំងអស់នៅពីមុខយើង យើងឥតមានអ្វីសោះនៅពីមុខយើង»។ នេះជាពាក្យផ្ដើមនៃស្នាដៃឯកខាងអក្សរសាស្ត្ររបស់លោក ឆាល្ស ឌិកិន នៃសៀវភៅ រឿងប្រឌិតនៃទីក្រុងពីរ ដែលប្រៀបធៀបយ៉ាងប៉ិនប្រសប់នូវរបៀបដែលព្រឹត្ដិការណ៍អាចមានឥទ្ធិពលលើគំនិត អារម្មណ៍ និងទស្សនៈរបស់យើង។
ទីក្រុងពីរដែលបានសំដៅទៅនោះ គឺក្រុងឡុនដន និងប៉ារីស ក្នុងកំឡុងដំណើរជ្រួលច្របល់នៃបដិវត្តន៍បារាំង។ ចំពោះរាស្ត្រដែលបានត្រូវជិះជាន់ក្នុងប្រទេសបារាំងនៅសតវត្សទី១៨នោះ សេចក្ដីប្រកាសបដិវត្តន៍នៃសិទ្ធិរបស់មនុស្ស គឺប្រាកដជា«គ្រានៃសេចក្ដីសង្ឃឹម»។ ប៉ុន្តែ ចំពោះអស់អ្នកនៃរបបមុនគ្រាបដិវត្តន៍ ឬប្រព័ន្ធនយោបាយដែលនឹងកន្លងផុតទៅនោះ គឺជា«គ្រានៃការអស់សង្ឃឹម» ដែលនាំឲ្យមានសេចក្ដីស្លាប់និងការហិនវិនាស។
សុទិដ្ឋិនិយមឬក៏ទុទិដ្ឋិនិយម? នេះគឺស្រេចទៅលើនៅខាងមួយណាដែលគេគាំទ្រ។ ហើយគឺនៅមានដូច្នេះដដែល។
គ្រាសំរាប់ការពិនិត្យមើលចំពោះខ្លួន
តើអ្នកជាអ្នកសុទិដ្ឋិនិយមទេ? តើអ្នកមើលឃើញផ្នែករីករាយនៃជីវិត ដែលតែងទន្ទឹងរកផលល្អទេ? ឬក៏តើអ្នកប្រកបដោយទុទិដ្ឋិនិយម ដែលមានទស្សនៈអវិជ្ជមានអំពីអនាគតរបស់អ្នក ដោយសង្ឃឹមចង់បានលទ្ធផល តែនៅពេលដដែលនេះ រង់ចាំភាពអាក្រក់ទៅវិញ?
ហុកសិបឆ្នាំកន្លងទៅនេះ អ្នកនិពន្ធប្រលោមលោកជាតិអាមេរិក លោក ជែម្ស ប្រាន ខាបិល បានធ្វើសង្ខេបអំពីទស្សនៈដ៏ជំទាស់ទាំងពីរតាមរបៀបនេះថា៖ «អ្នកសុទិដ្ឋិនិយមប្រកាសថា យើងរស់នៅក្នុងលោកដ៏ប្រសើរបំផុត ហើយអ្នកទុទិដ្ឋិនិយមគិតថា បើនេះគឺពិតមែន នោះស្ថានការណ៍គឺគ្មានសង្ឃឹមទេ»។ ប្រសិនបើអ្នកគិតថា នេះគឺដូចជាមើលឃើញតែអាក្រក់ សូមពិនិត្យមើលនូវកត្ដាវិជ្ជមាននិងអវិជ្ជមាននៃលោកីយ៍នេះតែបីប៉ុណ្ណោះ ដែលមានជាលំដាប់នៅខាងក្រោម។ រួចមក សូមពិចារណាមើលប្រតិកម្មរបស់អ្នក ហើយសួរខ្លួនថា ‹តើខ្ញុំជាអ្នកសុទិដ្ឋិនិយមឬក៏ជាអ្នកទុទិដ្ឋិនិយម›?
សន្ដិភាពជាស្ថាពរ: តើអ្នកអាចរាប់នៅកន្លែងដែលមានច្បាំងគ្នាក្នុងលោកបានប៉ុន្មានដែរ? ប្រទេសអៀកឡង់ អតីតយូកូស្លាវា មជ្ឈិមបូព៌ាប្រទេស ប្រទេសប៊ុរុនឌី ប្រទេសរ្វ៉ាន់ដា—ប្រទេសទាំងនេះគឺអាចចាំបានយ៉ាងស្រួល។ តើការប្រយុទ្ធទាំងនេះនិងផ្សេងៗទៀត នឹងអាចបានដោះស្រាយដើម្បីធានារ៉ាប់រងសន្ដិភាពជាស្ថាពរក្នុងលោកបានទេ? តើពិភពលោកនេះឆ្ពោះទៅសន្ដិភាពទេ?
ស្ថេរភាពសេដ្ឋកិច្ច: ប្រទេសទាំងឡាយនៅសហភាពអឺរ៉ុប កំពុងប្រឈមបញ្ហាដ៏ធ្ងន់ធ្ងរនឹងប្រាក់ចុះថ្លៃ ហើយការខ្ចីលុយពីសាធារណៈជន ដូច្នេះសង្ឃឹមរកសហភាពខាងរូបិយវត្ថុឲ្យបាននៅឆ្នាំ១៩៩៩។ នៅកន្លែងផ្សេងទៀត គឺមានការពុករលួយដែលធ្វើឲ្យបាក់រចនាសម្ព័ន្ធនៃសេដ្ឋកិច្ច នៃទ្វីបអាមេរិកខាងជើងនិងខាងត្បូង និងប្រទេសជាច្រើននៅទ្វីបអាហ្វ្រិក ដែលប្រាក់ចុះថ្លៃមានបន្ទុកដែលឥតជៀសផុត ហើយបញ្ហាខាងជាតិពន្ធកំពុងធ្វើឲ្យមនុស្សបែកខ្ញែកពីគ្នា។ តើស្ថេរភាពសេដ្ឋកិច្ចក្នុងលោក នឹងមាននៅខាងមុខនេះទេ?
ភាពឥតការធ្វើ: ក្នុងការបោះឆ្នោតជាតិនៅឆ្នាំ១៩៩៧ ក្រុមប្រឹក្សានៃសាសនាបានរួមដៃគ្នាដើម្បីបង្ខំគណៈបក្សនយោបាយ ឲ្យដាក់ការងារជាអាទិភាពក្នុងទិនានុលេខន៍របស់គេ។ ប៉ុន្តែ ដោយមានមនុស្សជិតមួយរយកោដិនាក់ឥតមានការធ្វើ ឬពុំមានការងារគ្រប់គ្រាន់ទេនោះ តើនឹងអាចមានការងារដ៏ពេញលេញជាស្ថាពរទេ—ជាពិសេសសំរាប់យុវជន?
គឺជាការស្រួលមែន ដែលមានអារម្មណ៍ប្រកបដោយទុទិដ្ឋិនិយម! ប៉ុន្តែ គឺមានកត្ដាសំរាប់ការប្រកបដោយសុទិដ្ឋិនិយម ហើយយើងសូមអញ្ជើញអ្នកឲ្យពិចារណាមើល នូវរបៀបដែលអាចបណ្ដុះទស្សនៈដែលប្រកបដោយសុទិដ្ឋិនិយម។
[រូបភាពនៅទំព័រ៣]
បដិវត្តន៍បារាំង
[អ្នកផ្ដល់សិទ្ធិ]
From the book Pictorial History of the World