ហេតុអ្វីក៏ពួកគេកំពុងតែចាកចេញពីសាសនា?
នៅពាក់កណ្ដាលសតវត្សទី១៩ ចំពោះបុគ្គលណាម្នាក់ដែលថាគាត់ឥតកាន់សាសនាណាមួយនោះ គឺមិនដែលឮសោះឡើយក្នុងចំណោមពួករស់នៅប្រទេសប្រាសា (ដែលឥឡូវនេះជាអាល្លឺម៉ង់ខាងជើង)។ តាមការពិត គ្រាន់តែផ្លាស់ប្ដូរពីសាសនាធំៗទៅសាសនាដែលមិនបដិលោមនិយម នោះអាចធ្វើឲ្យនគរបាលមកឈ្លបមើលគាត់ផង។ គ្រាបានផ្លាស់ប្ដូរច្រើនមែន!
សព្វថ្ងៃនេះ ពួកអាល្លឺម៉ង់ជាច្រើននាក់កំពុងសុំឈប់ពីសាសនារបស់គេ។ យោងទៅតាមសេចក្ដីរាយការណ៍ មួយនាក់ក្នុងបួននាក់បានអះអាងថា ឥតកាន់សាសនាណាមួយឡើយ។ ហើយនៅក្នុងប្រទេសអូត្រីហ្សនិងប្រទេសស្វីស ក៏មានដូចគ្នាដែរ។ ប្រសិនបើចំនួននាក់ចូលសាសនា ជាអ្វីដ៏សំខាន់បំផុត និងប្រៀបដូចជាឈាមដែលទ្រទ្រង់ជីវិត នោះអ្នកនិពន្ធម្នាក់ជាតិអាល្លឺម៉ង់ឈ្មោះ រែមមឺ ហ្គ្រូនីមីយ៉ា មានប្រសាសន៍ថា៖ «សាសនាក្នុងទ្វីបអឺរ៉ុបកំពុងតែសម្រក់ឈាមស្លាប់ទៅហើយ»។
ហេតុអ្វីដែលគេបដិសេធសាសនាចោល
ហេតុអ្វីក៏មនុស្សជាច្រើននាក់បដិសេធសាសនាចោល? ជាធម្មតាគឺដោយសារបញ្ហាខាងលុយកាក់ ជាពិសេសនៅក្នុងស្រុកដែលតម្រូវឲ្យសមាជិកទាំងឡាយបង់ពន្ធវិហារ។ មនុស្សជាច្រើនសួរថា ‹ហេតុអ្វីក៏យកប្រាក់ដែលខ្ញុំខំរកទៅឲ្យសាសនាអញ្ចឹង›? មនុស្សខ្លះបដិសេធសាសនាចោល ដោយសារឃើញនូវទ្រព្យសម្បត្ដិជាច្រើននិងអំណាចរបស់សាសនា។ ពួកគេប្រហែលជាយល់ស្របនឹងកាឌីណល យ៉ូអាឃីម ម៉ីសនឺពីក្រុងកូឡូញនៅប្រទេសអាល្លឺម៉ង់ ដែលបានមានប្រសាសន៍ថា ទ្រព្យសម្បត្ដិវាប្រហែលជានាំឲ្យសាសនាយកចិត្តទុកដាក់ហួសហេតុលើវត្ថុទ្រព្យ ជាជាងយកចិត្តទុកដាក់នឹង«ជំនឿលើព្រះគ្រីស្ទឲ្យស្មោះនោះ»។
មនុស្សខ្លះកំពុងតែចាកចេញពីសាសនាគេ ដោយព្រោះគេមានចិត្តធុញទ្រាន់ ឥតមានការចាប់អារម្មណ៍ ហើយមិនអាចបំពេញនូវការស្រេកឃ្លានខាងវិញ្ញាណរបស់គេ។ គេកំពុងតែពិសោធការអត់អាហារ ដែលបានទាយប្រាប់មកដោយអេម៉ុស ដែលជាព្យាការីក្នុងព្រះគម្ពីរ ដែលថា៖ «មិនមែនជាអំណត់ដែលអត់អាហារ ឬដែលស្រេកទឹកទេ គឺជាអំណត់ខាងឯការឮព្រះបន្ទូលនៃព្រះយេហូវ៉ាវិញ»។ (អេម៉ុស ៨:១១) ដោយព្រោះពួកគេឥតសូវបានទ្រទ្រង់ដោយសាសនារបស់គេ នោះគេក៏បដិសេធសាសនាគេចោលទៅ។
ទោះជាបញ្ហាដែលគេបានជួបប្រទះនេះជាពិតស្មោះក៏ដោយ តើជាការប្រព្រឹត្តដ៏ត្រឹមត្រូវទេ ក្នុងការបោះបង់ចោលសាសនានោះ? សូមឧបមាថា បុរសម្នាក់ឃើញនូវអ្វីដែលដូចជានំប៉័ងមួយដុំ។ ប៉ុន្តែ នៅពេលដែលគាត់សាកបរិភោគ នោះគាត់ដឹងថា នំប៉័ងនេះគឺធ្វើចេញពីអាចម៍រណារទៅវិញ។ តើគាត់នឹងបោះបង់ចោលនូវការរកអាហារបរិភោគ ដើម្បីបំពេញការស្រេកឃ្លានរបស់គាត់ឬទេ? គឺអត់ទេ គាត់នឹងទៅរកអាហារសុទ្ធផ្សេងទៀត។ ស្រដៀងគ្នាដែរ ប្រសិនបើសាសនាមួយមិនបានបំពេញនូវការស្រេកឃ្លានខាងវិញ្ញាណនៃសមាជិករបស់ខ្លួនទេ តើគេត្រូវបោះបង់ចោលសាសនាតែម្ដងឬ? ឬតើគេនឹងមានគំនិតល្អជាងក្នុងការរកផ្លូវ ដើម្បីបំពេញនូវការស្រេកឃ្លានខាងវិញ្ញាណរបស់គេនោះ? មនុស្សជាច្រើននាក់បានធ្វើបែបនេះមែន ដូចជាអត្ថបទជាបន្ទាប់នឹងបង្ហាញប្រាប់នោះ។