បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w03 ១/១១ ទំ. ៣-៤
  • មនុស្សក្រីក្រចេះតែក្រទៅៗ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • មនុស្សក្រីក្រចេះតែក្រទៅៗ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​នឹង​មាន​ភាព​ក្រី​ក្រ​ជា​និច្ច​ឬ?
  • ការព្យាយាមដើម្បីលុបបំបាត់ភាពក្រីក្រ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • បន្ដិចទៀត គ្មានបុគ្គលណាម្នាក់នឹងទ័លក្រទៀតឡើយ!
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ភាពក្រីក្រ ការស្វែងរកនូវដំណោះស្រាយជាស្ថាពរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ពិភពលោកដែលគ្មានភាពក្រីក្រជិតមកដល់ហើយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
w03 ១/១១ ទំ. ៣-៤

មនុស្ស​ក្រី​ក្រចេះ​តែ​ក្រ​ទៅ​ៗ

«សង្គម​មនុស្ស​ដែល​មាន​ភាព​កំសត់​ហើយ​ច្រើន​តែ​ក្រី​ក្រ​នោះ មិន​ងាយ​លូត​លាស់​ឬ​មាន​សុភមង្គល​ឡើយ»។

លោក​អាដាម ស្មិត ជា​បណ្ឌិត​ខាង​សេដ្ឋកិច្ច​នៅ​សតវត្ស​ទី​១៨ បាន​មាន​ប្រសាសន៍​នូវ​ពាក្យ​ខាង​លើ​នេះ។ មនុស្ស​ជា​ច្រើន​ជឿ​ស៊ប់​ថា ពំនោល​របស់​គាត់​មាន​សច្ចភាព​កាន់​តែ​ជាក់​ស្តែង​នៅ​សព្វ​ថ្ងៃ​នេះ។ ភាព​ខុស​គ្នា​រវាង​ពួក​អ្នក​មាន​និង​ពួក​អ្នក​ខ្សត់​ទ្រព្យ​នោះ គឺ​ឃើញ​ច្បាស់​ជាង​មុន​ៗ​ទៅ​ទៀត។ មួយ​ភាគ​បី​នៃ​ប្រជាជន​នៅ​ប្រទេស​ភីលីពីន​កំពុង​តែ​រស់​ដោយ​ពឹង​ផ្អែក​លើ​លុយ​ចំណូល​មិន​ដល់​១$ (អាមេរិក) ក្នុង​មួយ​ថ្ងៃ ដែល​ស្មើ​នឹង​លុយ​ចំណូល​ក្នុង​រយៈ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ នៅ​ឯ​ប្រទេស​ដែល​ជឿន​លឿន។ របាយ​ការណ៍​ពី​ការ​អភិវឌ្ឍន៍​មនុស្ស ឆ្នាំ​២០០២ របស់​អង្គការ​សហប្រជាជាតិ រៀប​រាប់​ថា៖ «ក្នុង​ចំណោម​មនុស្សជាតិ​ទាំង​ឡាយ មនុស្ស​៥%ដែល​ជា​អ្នក​មាន​បំផុត គេ​មាន​ប្រាក់​ចំណូល​១១៤​ដង​ច្រើន​ជាង​មនុស្ស​៥%ដែល​ក្រ​ខ្សត់​ជាង​គេ​វិញ»។

មនុស្ស​មួយ​ចំនួន​កំពុង​តែ​រស់​នៅ​យ៉ាង​សុខ​ស្រួល តែ​មនុស្ស​រាប់​លាន​នាក់​ទៀត គ្មាន​ផ្ទះ​សម្បែង ឬ​ក៏​ជ្រក​កោន​ក្នុង​ខ្ទម​នៅ​កន្លែង​ណា​ដែល​គេ​អាច​នៅ​បាន។ មនុស្ស​ឯ​ទៀត​ប្រហែល​ជា​គ្មាន​ខ្ទម​ផង គេ​ដើរ​ដេក​តាម​ចិញ្ចើម​ថ្នល់​មាន​តែ​ស្បោង​ឬ​កាតុង​សំរាប់​ក្រាល​ដេក​ប៉ុណ្ណោះ។ មនុស្ស​ជា​ច្រើន​ខំ​រក​ចំណី តាម​របៀប​ណា​ក៏​ដោយ មិន​ថា​ត្រូវ​កកាយ​រក​កាក​សំណល់​នៅ​កន្លែង​ចាក់​សំរាម ឬ​ធ្វើ​កម្មករ​លី​សែង​យ៉ាង​ធ្ងន់ ឬ​ក៏​រុញ​រទេះ​លក់​ដូរ​អេតចាយ។

ភាព​មិន​ស្មើ​គ្នា​រវាង​អ្នក​មាន​និង​អ្នក​ក្រ មិន​គ្រាន់​តែ​មាន​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ប៉ុណ្ណោះ​ទេ តែ​ដូច​ធនាគារ​ពិភព​លោក​រាយ​ការណ៍​ថា៖ «គ្រប់​ប្រទេស​ទាំង​អស់​មាន‹តំបន់​ក្រី​ក្រ›ដែរ»។ មិន​ថា​នៅ​ប្រទេស​បេង​ក្លា​ដេ​ស ឬ​នៅ​សហរដ្ឋ​អាមេរិក​ក្ដី ទោះ​ជា​មនុស្ស​ខ្លះ​មាន​ប៉ុន​ណា​ក៏​ដោយ គឺ​នៅ​តែ​មាន​មនុស្ស​ដែល​រក​អាហារ​ស្ទើរ​តែ​ដាច់​ខ្យល់​និង​ទី​ជ្រក​កោន​ពុំ​បាន​ដែរ។ កាសែត​មួយ​បាន​ដក​ស្រង់​របាយ​ការណ៍​របស់​ក្រសួង​ជំរឿន​ប្រជាជន​នៅ​សហរដ្ឋ​អាមេរិក នៅ​ឆ្នាំ​២០០១ ដែល​បញ្ជាក់​ថា អ្នក​មាន​និង​អ្នក​ក្រមា​នភា​ព​ខុស​ពី​គ្នា​កាន់​តែ​ច្រើន​ឡើង​ៗ។ របាយ​ការណ៍​នោះ​ចែង​ថា៖ «បើ​សរុប​ប្រាក់​ចំណូល​ក្នុង​រង្វង់​គ្រួសារ​និមួយ​ៗ​នៅ​អាមេរិក​នា​ឆ្នាំ​មុន​នេះ ប្រាំ​ភាគ​រយ​នៃ​ប្រជាជន​ដែល​ជា​អ្នក​មាន​បំផុត​នោះ បាន​ទទួល​ហាសិប​ភាគ​រយ​នៃ​លុយ​ចំណូល​នោះ . . . រីឯ​មនុស្ស​ប្រាំ​ភាគ​រយ​ដែល​ក្រ​ជាង​គេ​វិញ គេ​បាន​ទទួល​តែ​៣,៥​ភាគ​រយ​នៃ​លុយ​ចំណូល​នោះ»។ (The New York Times) ប្រទេស​ជា​ច្រើន​ឯ​ទៀត​ក៏​មាន​ស្ថានភាព​ដូច​គ្នា​ដែរ។ សេចក្ដី​រាយ​ការណ៍​មួយ​ពី​ធនាគារ​ពិភព​លោក​បាន​បង្ហាញ​ថា ៥៧​ភាគ​រយ​នៃ​មនុស្សជាតិ​កំពុង​តែ​រស់​នៅ​មាន​ប្រាក់​ចំណូល​មិន​ដល់​២$ (អាមេរិក) ក្នុង​មួយ​ថ្ងៃ។

អ្វី​ដែល​រឹត​តែ​អាក្រក់​ទៅ​ទៀត គឺ​នៅ​ឆ្នាំ​២០០២ មនុស្ស​រាប់​លាន​នាក់​មាន​ចិត្ត​មួម៉ៅ​ដោយ​ឮ​ដំណឹង​ថា អ្នក​ជំនួញ​ឋានៈ​ខ្ពស់​ច្រើន​នាក់​បាន​ក្លាយ​ជា​អ្នក​មាន​ដោយ​ប្រើ​វិធី​ដ៏​គួរ​សង្ស័យ។ ទោះ​ជា​អ្នក​ជំនួញ​នោះ​ប្រហែល​ជា​មិន​បាន​ធ្វើ​ខុស​ច្បាប់​ក្ដី មនុស្ស​ច្រើននៅ​តែ​មាន​អារម្មណ៍​ដូច​បាន​បញ្ជាក់​ក្នុង​ទស្សនាវដ្ដី​មួយ​ដែល​ថា ពួក​អ្នក​ជំនួញ​នោះ«បាន​ក្លាយ​ជា​អ្នក​មាន​មែន​ទែន ហួស​ប្រមាណ​ផង ហើយ​ដោយ​របៀប​មិន​គួរ​គប្បី​ផង​ដែរ»។ (Fortune) បើ​គិត​អំពី​ស្ថានការណ៍​ក្នុង​លោកីយ៍​នេះ មនុស្ស​ខ្លះ​ឆ្ងល់​ថា ហេតុ​ដូច​ម្ដេច​បាន​ជា​បុគ្គល​ខ្លះ​អាច​មាន​លុយ​ច្រើន​សន្ធឹក​សន្ធាប់ ដែល​មាន​រហូត​ដល់​រាប់​រយ​លាន​ដុល្លារ តែ​មនុស្ស​ច្រើន​សន្ធឹក​ណាស់​មាន​ជីវភាព​ទ័ល​ក្រ​វិញ។

តើ​នឹង​មាន​ភាព​ក្រី​ក្រ​ជា​និច្ច​ឬ?

នេះ​មិន​បាន​សេចក្ដី​ថា គ្មាន​អ្នក​ណា​ខ្វល់​ខ្វាយ​អំពី​ភាព​កំសត់​រហេម​រហាម​របស់​មនុស្ស​ក្រី​ក្រ​ឡើយ។ ពួក​រាជការ​ខ្លះ​មាន​ចេតនា​ល្អ ហើយ​អង្គការ​ជំនួយ​ច្រើន​ក៏​ខំ​ជូន​យោបល់​ដើម្បី​កែ​ប្រែ​ស្ថានភាព​នេះ។ យ៉ាង​ណា​ក៏​ដោយ ស្ថានការណ៍​នៃ​ភាព​ក្រី​ក្រ​នៅ​តែ​មាន​ដដែល។ របាយ​ការណ៍​ពី​ការ​អភិវឌ្ឍន៍​មនុស្ស ឆ្នាំ​២០០២ ចែង​ថា៖ «ប្រទេស​ជា​ច្រើន​នៅ​តែ​មាន​ភាព​ក្រី​ក្រ​ច្រើន​ជាង​១០ ២០ ឬ​ក៏​៣០​ឆ្នាំ​មុន​នេះ​ទៅ​ទៀត» ទោះ​ជា​មាន​ការ​ខំ​ប្រឹង​អភិវឌ្ឍន៍​យ៉ាង​ណា​ក៏​ដោយ។

តើ​នេះ​មាន​ន័យ​ថា មនុស្ស​ក្រី​ក្រ​ឥត​មាន​សេចក្ដី​សង្ឃឹម​ទាល់​តែ​សោះ​ឬ? យើង​សូម​អញ្ជើញ​លោក​អ្នក​អាន​អត្ថបទ​ជា​បន្ទាប់​ដើម្បី​ពិនិត្យ​មើល​នូវ​ប្រាជ្ញា​ដែល​អាច​ជួយ​ពេល​ឥឡូវ​នេះ ព្រម​ទាំង​ដំណោះ​ស្រាយ​ដែល​អ្នក​ប្រហែល​ជា​មិន​ធ្លាប់​គិត​ពិចារណា​ពី​មុន​ឡើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក