តើយើងអាចជួយប្ដីឬជួយប្រពន្ធដែលមិនមែនជាស្មរបន្ទាល់យ៉ាងដូចម្ដេច?
១ អ្នកបំរើរបស់ព្រះយេហូវ៉ាជាច្រើននាក់មានប្ដីឬមានប្រពន្ធដែលចេះរាក់ទាក់រាប់អានបងប្អូននិងចាប់អារម្មណ៍លើក្រុមជំនុំ តែនៅស្ទាក់ស្ទើរក្នុងការទៅជាអ្នកបំរើព្រះ។ ប្ដីម្នាក់បានសារភាពថា៖ «ឧបសគ្គដ៏ធំមួយចំពោះខ្ញុំគឺខ្ញុំមិនចង់ផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយទេ»។ អ្នកឯទៀតប្រហែលជាត្រូវឈ្នះទម្លាប់ប្រព្រឹត្តដែលខុសបទគម្ពីរ ឬក៏មានអារម្មណ៍មួយថា ពួកគេមិនអាចជាប់រវល់ជានិច្ចក្នុងសកម្មភាពព្រះរាជាណាចក្រដូចគូរបស់ពួកគេឯទៀតបានទេ។ តើយើងអាចជួយពួកគេយ៉ាងដូចម្ដេច?
២ ចូរបង្ហាញការយកចិត្តទុកដាក់ទៅលើពួកគេដោយផ្ទាល់: ការយកចិត្តទុកដាក់ទៅលើអ្នកឯទៀតដោយផ្ទាល់និងការកត់សម្គាល់នូវកង្វល់របស់ពួកគេ ប្រហែលជាអាចត្រាយផ្លូវឲ្យពួកគេប្រព្រឹត្តតាមសេចក្ដីពិតនៃព្រះគម្ពីរ។ (ភី. ២:៤) ជាញឹកញយ អ្នកដែលមិនធ្លាប់មានជំនឿដូចគូខ្លួនបានលើកឡើងប្រាប់ពីការយកចិត្តទុកដាក់ដោយសេចក្ដីស្រឡាញ់ដែលពួកគេបានទទួលពីអ្នកឯទៀត។ ប្ដីម្នាក់ដែលមានប្រសាសន៍ខាងលើនេះក៏ពន្យល់ថា៖ «អ្នកចាស់ទុំក្រុមជំនុំម្នាក់ឈ្មោះហូសេធ្លាប់យកចិត្តទុកដាក់នឹងខ្ញុំជាពិសេស។ នៅទីបំផុត ខ្ញុំគិតថាការលើកទឹកចិត្តពីរូបគាត់ជាអ្វីដែលធ្វើឲ្យខ្ញុំចាប់ផ្ដើមព្យាយាមសិក្សា»។ ប្ដីម្នាក់ទៀតនឹកចាំថា បងប្អូនដែលធ្លាប់មកសួរសុខទុក្ខខំនិយាយអំពីចំណង់ចំណូលចិត្តរបស់គាត់។ គាត់ប្រាប់ថា៖ «ខ្ញុំចាប់ផ្ដើមមានទស្សនៈផ្សេងចំពោះសាសនា[របស់ប្រពន្ធខ្ញុំ]។ មិត្តភក្ដិរបស់នាងជាមនុស្សចេះដឹងណាស់ដែលចេះនិយាយអំពីរឿងផ្សេងៗជាច្រើន»។—១កូ. ៩:២០-២៣
៣ ចូរជួយដើម្បីប្រយោជន៍ពួកគេ: ប្ដីឬប្រពន្ធដែលមិនមែនជាស្មរបន្ទាល់ក៏ប្រហែលជានឹងកោតស្ងើចដែរ នៅពេលណាដែលមានអ្នកណាម្នាក់ជួយពួកគេដោយសប្បុរស។ (សុ. ៣:២៧; កា. ៦:១០) ពេលប្ដីម្នាក់ដែលមិនមែនជាអ្នកជឿបានខូចឡាន យុវជនម្នាក់ដែលជាស្មរបន្ទាល់បានជួយគាត់។ ប្ដីនោះនឹកចាំថា៖ «ខ្ញុំបានកោតស្ងើចនឹងគាត់ណាស់»។ បងប្រុសម្នាក់ទៀតបានចំណាយពេលពេញមួយថ្ងៃដើម្បីជួយប្ដីមិនជឿរបស់បងស្រីម្នាក់ឲ្យតម្លើងរបងជុំវិញផ្ទះ។ នៅពេលដែលពួកគាត់និយាយនិងធ្វើការជាមួយគ្នា ពួកគាត់បានក្លាយជាមិត្តភក្ដិ។ ពីរសប្ដាហ៍ក្រោយមក ប្ដីនោះបាននិយាយជាមួយនឹងបងប្រុសថា៖ «គឺដល់ពេលដែលខ្ញុំត្រូវកែប្រែជីវិតរបស់ខ្ញុំហើយ។ តើអ្នកអាចសិក្សាព្រះគម្ពីរជាមួយនឹងខ្ញុំបានទេ?»។ ប្ដីនោះបានរីកចំរើនយ៉ាងលឿនហើយឥឡូវជាស្មរបន្ទាល់ម្នាក់ដែលបានទទួលបុណ្យជ្រមុជទឹក។
៤ ពេលដែលយើងបន្តស្វែងរកអ្នកដែលគួរទទួលដំណឹងល្អនៅក្នុងតំបន់ផ្សាយរបស់យើង ចូរយើងបន្តជួយប្ដីឬប្រពន្ធរបស់បងប្អូនយើង។—១ធី. ២:១-៤