យុវជនអើយ! ចូរអានព្រះបន្ទូលរបស់ព្រះ!
១ យុវវ័យគឺជាគ្រាដែលគេជួបប្រទះបញ្ហាជាច្រើន និងជាគ្រាដែលត្រូវធ្វើការសម្រេចចិត្តសំខាន់ៗដែរ។ ជារៀងរាល់ថ្ងៃ ប្អូនៗយុវជនគ្រីស្ទានជាច្រើនជួបប្រទះការបង្ខិតបង្ខំឲ្យបំពានលើខ្នាតតម្រារបស់ព្រះស្តីអំពីកិរិយាប្រព្រឹត្ត។ មុននឹងប្អូនចាប់ផ្ដើមធ្វើការសម្រេចចិត្តស្តីអំពីការអប់រំ ការងារ និងរឿងអាពាហ៍ពិពាហ៍ នោះប្អូនត្រូវរៀបចំគោលដៅខាងវិញ្ញាណជាមុនសិន។ តាមរបៀបនេះ ប្អូនអាចធ្វើការសម្រេចចិត្តផ្សេងៗទៀតដែលនឹងនាំឲ្យប្អូនទទួលប្រយោជន៍អស់មួយជីវិត។ ការមានគោលដៅខាងវិញ្ញាណជាក់លាក់នឹងជួយប្អូនឲ្យប្រព្រឹត្តដោយប្រាជ្ញា និងការអ្វីដែលប្អូនធ្វើនោះនឹងទទួលជោគជ័យទៀតផង។ ដោយអាននិងរំពឹងគិតលើព្រះបន្ទូលរបស់ព្រះជាទៀងទាត់ នោះប្អូននឹងត្រូវជំរុញចិត្តឲ្យរស់នៅស្របតាមឱវាទដែលព្រះបណ្ដាលឲ្យតែងនោះ និងការខំប្រឹងដ៏ត្រឹមត្រូវរបស់ប្អូននឹងទទួលជោគជ័យ។—យ៉ូស. ១:៨; ទំនុក. ១:២, ៣
២ តើប្អូនទទួលប្រយោជន៍ពីការអានព្រះគម្ពីរយ៉ាងដូចម្ដេច? លោកីយ៍របស់សាតាំងគឺមានពោរពេញទៅដោយការល្បួងផ្សេងៗ ដើម្បីឲ្យប្អូនប្រព្រឹត្តអំពើខុសឆ្គង។ (១យ៉ូន. ២:១៥,១៦) ប្អូនប្រហែលជាស្គាល់មិត្តរួមថ្នាក់ឬអ្នកដទៃដែលមានអាយុស្រករប្អូន ដែលបានជួបក្ដីអន្តរាយដោយសារធ្វើតាមការបង្ខំពីពួកម៉ាក។ ការធ្វើតាមឱវាទក្នុងព្រះគម្ពីរនឹងផ្ដល់ឲ្យប្អូនមានកម្លាំងខាងសីលធម៌និងកម្លាំងខាងវិញ្ញាណ ដើម្បីបដិសេធនូវការដើរតាមគន្លងជីវិតជាអ្នកធ្វើអំពើបាប។ ម្យ៉ាងវិញទៀត ឱវាទនៃព្រះបន្ទូលរបស់ព្រះអាចជួយប្អូនឲ្យជៀសវាងនូវអន្ទាក់ទាំងប៉ុន្មានដែលមើលពុំឃើញរបស់សាតាំង។ (២កូ. ២:១១; ហេ. ៥:១៤) ការដើរតាមផ្លូវរបស់ព្រះនឹងធ្វើឲ្យប្អូនមានសុភមង្គលពិត គឺស្កប់ចិត្តចំពោះគន្លងជីវិតរបស់ប្អូន។—ទំនុក. ១១៩:១, ៩, ១១
៣ គោលការណ៍របស់ព្រះដែលមិនចេះផ្លាស់ប្រែគឺប្រសើរជាងប្រាជ្ញារបស់មនុស្ស។ (ទំនុក. ១១៩:៩៨-១០០) ការមានចំណេះដឹងអំពីគោលការណ៍ព្រះគម្ពីរនិងការរំពឹងគិតលើគោលបំណងរបស់ព្រះយេហូវ៉ាដែលត្រូវបង្ហាញឲ្យឃើញ រួមទាំងការអធិស្ឋានអស់ពីចិត្តអាចជួយប្អូនឲ្យចងមិត្តភាពកាន់តែជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាជាអ្នកនិពន្ធព្រះគម្ពីរដែលមានសព្វប្រាជ្ញា។ ទ្រង់សន្យាថា៖ «អញនឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវដែលឯងត្រូវដើរ។ អញនឹងទូន្មានឯង ដោយភ្នែកអញមើលឯងជាប់»។—ទំនុក. ៣២:៨
៤ ចូរឆ្លៀតពេលអានព្រះគម្ពីរ: យុវតីគ្រីស្ទានម្នាក់បានតាំងចិត្តអានព្រះគម្ពីរទាំងមូលឲ្យបានចប់ ហើយក្នុងមួយឆ្នាំនាងបានអានព្រះគម្ពីរទាំងមូលចប់។ តើនាងទទួលប្រយោជន៍យ៉ាងដូចម្ដេច? នាងនឹកចាំថា៖ «ខ្ញុំបានរៀនដឹងច្រើនអំពីព្រះយេហូវ៉ា ព្រមទាំងលក្ខណៈដ៏ល្អរបស់ទ្រង់ដែលធ្វើឲ្យខ្ញុំចូលកាន់តែជិតទ្រង់ និងធ្វើឲ្យខ្ញុំចង់កោតខ្លាចទ្រង់អស់មួយជីវិតរបស់ខ្ញុំ»។ (យ៉ា. ៤:៨) តើប្អូនធ្លាប់អានព្រះគម្ពីរទាំងមូលចប់ឬទេ? បើមិនធ្លាប់ ចូរមានគោលដៅអានព្រះគម្ពីរទាំងមូលឲ្យចប់! ព្រះយេហូវ៉ាប្រាកដជានឹងប្រទានពរដល់ការខំប្រឹងរបស់ប្អូន ហើយប្អូននឹងទទួលបានពរយ៉ាងវិសេសវិសាលជាក់ជាពុំខាន។