ចូរបង្ហាញការយកចិត្តទុកដាក់ដោយចេះមើលមុខ
១ ពេលដែលយើងធ្វើបន្ទាល់ពីផ្ទះមួយទៅផ្ទះមួយ មុននឹងចាប់ផ្ដើមនិយាយ យើងតែងតែមើលមុខម្ចាស់ផ្ទះហើយចាំឲ្យគាត់មើលមុខយើងវិញ។ តាមរយៈទឹកមុខដែលពួកគាត់បង្ហាញ មួយរំពេចនោះ យើងប្រហែលជាអាចដឹងថាពួកគាត់ចង់ទទួលយើងឬយ៉ាងណា ហើយយើងអាចដឹងអំពីអារម្មណ៍របស់ពួកគាត់ទៀតផង។ ដូចគ្នាដែរ ពួកគាត់អាចដឹងច្រើនអំពីយើង។ ស្ត្រីម្នាក់បាននិយាយអំពីស្មរបន្ទាល់ដែលមកជួបគាត់ថា៖ «ខ្ញុំនឹកចាំអំពីទឹកមុខញញឹមរបស់គាត់ ដែលបង្ហាញនូវសេចក្ដីសុខសាន្តក្នុងចិត្ត។ នោះបានធ្វើឲ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង»។ ទឹកមុខរបស់ស្មរបន្ទាល់បានធ្វើឲ្យស្ត្រីនោះចង់ស្ដាប់ដំណឹងល្អ។
២ ការចេះមើលមុខអ្នកឯទៀតមុននឹងនិយាយ គឺជាវិធីមួយដែលមានប្រសិទ្ធភាពក្នុងការធ្វើបន្ទាល់នៅតាមផ្លូវនិងនៅកន្លែងសាធារណៈ។ បងប្រុសម្នាក់មើលមុខអស់អ្នកដែលដើរមកជិតគាត់។ ពេលគេមើលមកចំគាត់វិញ គាត់ញញឹមរួចបង្ហាញទស្សនាវដ្ដី។ ដោយប្រើវិធីនេះ គាត់មានការសន្ទនាយ៉ាងសប្បាយជាច្រើន ហើយគាត់ជូនប្រកាសនវត្ថុច្រើនក្បាលផង។
៣ ចូរខំយល់អារម្មណ៍របស់អ្នកឯទៀត: ការចេះមើលមុខគេនឹងជួយឲ្យយើងយល់អារម្មណ៍របស់អ្នកឯទៀត។ ជាឧទាហរណ៍ បើអ្នកណាម្នាក់ពិបាកយល់អ្វីដែលយើងនិយាយ ឬមិនយល់ស្របនឹងយើង នោះតាមធម្មតាយើងអាចដឹងដោយសារទឹកមុខគាត់។ បើគាត់រវល់ឬប្រញាប់ យើងនឹងដឹងដោយសង្កេតមើលទឹកមុខគាត់។ ក្រោយមក យើងអាចកែប្រែឬសង្ខេបពាក្យផ្សាយរបស់យើង សមស្របទៅតាមស្ថានភាពនោះ។ ការដឹងអំពីអារម្មណ៍របស់អ្នកឯទៀតគឺជារបៀបដ៏ល្អ ដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ចំពោះពួកគាត់។
៤ ចិត្តស្មោះនិងជំនឿស៊ប់: នៅប្រទេសជាច្រើន ពេលនរណាម្នាក់និយាយជាមួយបុគ្គលម្នាក់ទៀតដោយមើលមុខគាត់ គេចាត់ទុកថាអ្នកនោះនិយាយដោយស្មោះ។ សូមកត់សម្គាល់អំពីរបៀបដែលព្រះយេស៊ូបានឆ្លើយតប ពេលដែលសិស្សទ្រង់សួរថា៖ «តើអ្នកណាអាចនឹងបានសង្គ្រោះ?»។ ព្រះគម្ពីររៀបរាប់ថា៖ «ព្រះយេស៊ូវទ្រង់ទតទៅគេ[ឬ«មើលមុខពួកគេ»] ដោយបន្ទូលថា ការនោះមនុស្សលោកធ្វើមិនកើតទេ តែព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់»។ (ម៉ាថ. ១៩:២៥, ២៦; ព.ថ., កំណែជាអក្សរទ្រេត) ព្រះនេត្រព្រះយេស៊ូដែលបង្ហាញនូវជំនឿស៊ប់ ធ្វើឲ្យពួកសិស្សទ្រង់រឹតតែជឿលើបន្ទូលទ្រង់។ ដូចគ្នាដែរ ការចេះមើលមុខអ្នកដែលយើងជួប នឹងជួយឲ្យយើងផ្សព្វផ្សាយសារព្រះរាជាណាចក្រដោយចិត្តស្មោះនិងជំនឿដ៏មោះមុត។—២កូ. ២:១៧; ១ថែ. ១:៥