ជំពូក១២
អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា
ការគាំទ្រកិច្ចការរាជាណាចក្ររបស់ព្រះក្នុងតំបន់ និងនៅទូទាំងពិភពលោក
ក្នុងការសម្រេចទំនាយរបស់ព្រះយេស៊ូស្តីអំពីថ្ងៃជាន់ក្រោយបង្អស់នោះ ស្មរបន្ទាល់ព្រះយេហូវ៉ាបានផ្សព្វផ្សាយ«រហូតដល់ចុងផែនដីបំផុត»។ (កិច្ច. ១:៨; ម៉ាថ. ២៤:១៤) ដើម្បីធ្វើដូច្នេះ ពួកគាត់ស្ម័គ្រចិត្តចំណាយពេលវេលានិងកម្លាំងក្នុងការប្រកាសផ្សាយដំណឹងល្អ។ ការទុកចិត្តថាព្រះយេហូវ៉ាទ្រទ្រង់ជីវិតរបស់អស់អ្នកដែលធ្វើការជាមួយនឹងទ្រង់ នោះបានធ្វើឲ្យពួកគាត់មិនខ្វល់ខ្វាយពីអ្វីឡើយ។ ក៏ប៉ុន្តែ ពួកគាត់នៅតែបន្តចាត់ទុករាជាណាចក្ររបស់ព្រះជាអ្វីសំខាន់បំផុតក្នុងជីវិតខ្លួន។ (ម៉ាថ. ៦:២៥-៣៤; ១កូ. ៣:៥-៩) លទ្ធផលបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ព្រះយេហូវ៉ាពេញចិត្ត ហើយព្រមទាំងប្រទានពរដល់ពួកគាត់។
ការយកចិត្តទុកដាក់ចំពោះប្រយោជន៍នៃកិច្ចការរាជាណាចក្ររបស់ព្រះនៅទូទាំងពិភពលោក
ពេលរំពឹងគិតពីរបៀបដែលស្មរបន្ទាល់ព្រះយេហូវ៉ាផ្សព្វផ្សាយដំណឹងល្អនៅសម័យនេះ ព្រមទាំងគិតអំពីទំហំនៃការចែកចាយគម្ពីរព្រះ ដោយឥតគិតថ្លៃ អ្នកខ្លះលាន់មាត់ថា៖ «តើកិច្ចការទាំងអស់នេះសម្រេចបានយ៉ាងដូចម្ដេច?»។ ដើម្បីបោះពុម្ពគម្ពីរព្រះដែលមានចំនួនច្រើនដល់ម៉្លឹង ព្រមទាំងសៀវភៅផ្សេងៗដែលមានមូលដ្ឋានទៅលើគម្ពីរ នោះពិតជាត្រូវការប្រាក់មែន។ ក្រៅពីនោះ នៅមានចំណាយយ៉ាងច្រើនថែមទៀតទៅលើការសាងសង់និងការថែទាំអគារបេតអែលសម្រាប់អ្នកបម្រើនៅរោងពុម្ព អ្នកចាត់ចែងខាងកិច្ចការផ្សព្វផ្សាយ ឬក៏អ្នកបម្រើពេញពេលផ្សេងទៀត ដើម្បីជួយឲ្យកិច្ចការផ្សព្វផ្សាយដំណឹងល្អជឿនទៅមុខ។ បន្ថែមទៅទៀត ត្រូវបង្ហាត់បង្រៀនពួកសាសនទូតនិងបញ្ជូនទៅប្រទេសផ្សេងៗផងដែរ។ អ្នកបម្រើព្រះច្រើននាក់បានតែងតាំងជាអ្នកត្រួសត្រាយពិសេសដែលត្រូវបម្រើនៅតំបន់ដាច់ស្រយាលឬនៅតាមក្រុមជំនុំតូចៗ។ រីឯពួកអ្នកធ្វើដំណើរត្រួតពិនិត្យត្រូវការជំនួយខាងសម្ភារៈឬលុយកាក់ ដើម្បីបន្តបម្រើក្រុមជំនុំនានាតទៅទៀត។ ប្រាកដមែន ដើម្បីគាំទ្រកិច្ចបម្រើផ្សាយនៅសព្វថ្ងៃនេះ ទោះជានៅក្នុងតំបន់ផ្សាយរបស់ខ្លួន ឬនៅទូទាំងពិភពលោកក្ដី តម្រូវឲ្យចំណាយប្រាក់ច្រើន។ តើប្រាក់ទាំងអស់នោះបានមកពីណា?
ថ្វីបើសៀវភៅរបស់យើងបានចែកជូនដល់សាធារណៈជនដោយឥតគិតថ្លៃក៏ដោយ ក៏មនុស្សជាច្រើនកោតសរសើរស្នាដៃរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា ហើយពេញចិត្តជូនវិភាគទានដើម្បីជួយគាំទ្រកិច្ចការនេះនៅទូទាំងពិភពលោក។ ក្រៅពីវិភាគទានដែលបានមកពីសាធារណៈជន ស្មរបន្ទាល់ព្រះយេហូវ៉ាខ្លួនឯងក៏ផ្ដល់វិភាគទានស្ម័គ្រពីចិត្ត ដែលត្រូវផ្ញើទៅការិយាល័យសាខានាតំបន់របស់ខ្លួនដែរ។ ដោយឃើញថាមានសេចក្ដីត្រូវការដូច្នេះ ពួកគាត់បង្ហាញស្មារតីស្ម័គ្រចិត្តដូចអ្នកបម្រើព្រះនាសម័យបុរាណដែរ ដែលមានចិត្តទូលាយក្នុងការផ្ដល់ប្រាក់មូលនិធិដើម្បីសាងសង់កន្លែងថ្វាយបង្គំព្រះយេហូវ៉ា។ (និក្ខ. ៣៥:២០-២៩; ១របា. ២៩:៩) ទោះជាវិភាគទានខ្លះបានទទួលតាមបណ្ដាំមត៌កដែលមានតម្លៃជាប្រាក់យ៉ាងច្រើនក្ដី ក៏នៅមានវិភាគទានបន្ដិចបន្តួចផ្ញើពីបុគ្គលម្នាក់ៗ តាមរយៈក្រុមជំនុំ និងពីមណ្ឌលនានាផង។ វិភាគទានទាំងអស់នេះរួមគ្នា ជួយឲ្យមានប្រាក់គ្រប់គ្រាន់ដើម្បីទ្រទ្រង់កិច្ចបម្រើរបស់យើង។
ស្មរបន្ទាល់ព្រះយេហូវ៉ាចាត់ទុកកិច្ចការផ្សព្វផ្សាយសារដំណឹងល្អជាឯកសិទ្ធិមួយ ហើយពួកគេក៏ចាត់ទុកការចំណាយប្រាក់និងធនធានរបស់ខ្លួន ដើម្បីធ្វើឲ្យកិច្ចការផ្សព្វផ្សាយជឿនទៅមុខជាឯកសិទ្ធិមួយដែរ។ ព្រះយេស៊ូនិងសិស្សរបស់ទ្រង់មានប្រអប់ប្រាក់មួយទុកសម្រាប់ជួយអ្នកក្រីក្រនិងការចាយវាយផ្សេងៗ។ (យ៉ូន. ១២:៦; ១៣:២៨, ២៩) គម្ពីរបានរៀបរាប់ពីស្ត្រីៗដែលបានបរិច្ចាគទ្រព្យដើម្បីជួយទ្រទ្រង់កិច្ចបម្រើរបស់ព្រះយេស៊ូនិងសាវ័ករបស់ទ្រង់។ (ម៉ាក. ១៥:៤០, ៤១; លូ. ៨:៣) សាវ័កប៉ុលមានចិត្តកតញ្ញូចំពោះជំនួយដ៏ប្រពៃពីសំណាក់អស់អ្នកដែលចាប់អារម្មណ៍ចង់ឲ្យកិច្ចការផ្សព្វផ្សាយជឿនទៅមុខ និងចង់ជួយគាំទ្រកិច្ចការនោះ។ (ភី. ៤:១៤-១៦; ១ថែ. ២:៩) ស្មរបន្ទាល់ព្រះយេហូវ៉ាបន្តធ្វើតាមគំរូបងប្អូននាសម័យបុរាណស្តីអំពីចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើ និងចិត្តទូលាយក្នុងការធ្វើវិភាគទាន។ ដូច្នេះ នេះបើកឱកាសឲ្យអស់អ្នកដែលមានចិត្តស្មោះត្រង់ពីគ្រប់កន្លែងទាំងអស់អាចមកយក«ទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ»។—វិវរ. ២២:១៧
ការយកចិត្តទុកដាក់ នឹងតម្រូវការរបស់ក្រុមជំនុំក្នុងតំបន់
ការចាយវាយផ្សេងៗរបស់ក្រុមជំនុំក្នុងតំបន់ត្រូវទ្រទ្រង់ដោយវិភាគទានស្ម័គ្រចិត្ត។ គ្មានការអង្គាសលុយ មិនកម្រិតថាសមាជិកម្នាក់ៗគួរបង់ប៉ុន្មាន ក៏មិនទទូចសុំ ប៉ុន្តែមានប្រអប់វិភាគទាននៅក្នុងសាលប្រជុំ ដែលម្នាក់ៗអាច«ធ្វើតាមដែលសំរេចក្នុងចិត្តចុះ»។—២កូ. ៩:៧
ប្រាក់វិភាគទានទុកចំណាយជាពិសេសទៅលើការប្រើប្រាស់និងថែទាំសាលរាជាណាចក្រ។ ក្រុមអ្នកចាស់ទុំអាចសម្រេចចិត្តថាប្រាក់ចំនួនប៉ុន្មានដែលត្រូវផ្ញើទៅការិយាល័យសាខារបស់ស្មរបន្ទាល់ព្រះយេហូវ៉ាប្រចាំតំបន់ ដើម្បីជួយគាំទ្រកិច្ចការរាជាណាចក្រនៅទូទាំងពិភពលោក។ ប្រសិនបើដូច្នេះមែន នោះត្រូវស្នើសេចក្ដីសម្រេចពីក្រុមជំនុំ នូវចំនួនវិភាគទានដែលអាចផ្ញើទៅការិយាល័យសាខា។ ក្រុមជំនុំជាច្រើនបានផ្ញើវិភាគទានដើម្បីគាំទ្រកិច្ចការទូទាំងពិភពលោកតាមរបៀបនេះជាទៀងទាត់។ ម្ដងម្កាលក្រុមជំនុំត្រូវចំណាយទៅលើអ្វីផ្សេងទៀត បើដូច្នេះ នេះតម្រូវឲ្យមានសេចក្ដីជូនដំណឹង។ ក៏ប៉ុន្តែ បើបងប្អូនក្នុងក្រុមជំនុំយល់ដឹងអំពីសេចក្ដីត្រូវការនេះហើយ ស្តីអំពីវិភាគទានមិនចាំបាច់ប្រកាសញឹកញាប់ពេកទេ។
ការចាត់ចែងប្រាក់វិភាគទាន
ក្រោយកិច្ចប្រជុំនីមួយៗ អ្នកចាស់ទុំឬអ្នកងារជំនួយពីរនាក់ដែលក្រុមអ្នកចាស់ទុំបានចាត់តាំង ត្រូវប្រមូលប្រាក់ពីប្រអប់វិភាគទាននិងកត់ចំនួនទឹកប្រាក់។ (២កូ. ៨:២០) ក្រុមអ្នកចាស់ទុំនឹងរៀបចំទុកដាក់ឲ្យបានស្រួលបួលរហូតដល់ពេលបញ្ជូនទៅការិយាល័យសាខា ឬក៏ទុកសម្រាប់សេចក្ដីត្រូវការក្នុងក្រុមជំនុំ។ នេះប្រហែលជាតម្រូវឲ្យបើកគណនីធនាគារមួយសម្រាប់ក្រុមជំនុំ។ បងប្រុសដែលជាអ្នកចាត់ចែងគណនីក្រុមជំនុំត្រូវធ្វើសេចក្ដីរាយការណ៍ដើម្បីជម្រាបក្រុមជំនុំមួយខែម្ដង ហើយបីខែម្ដងប្រធានអ្នកចាស់ទុំចាត់ចែងឲ្យមានបងប្អូនណាម្នាក់ពិនិត្យគណនី។ ជាទៀងទាត់មានសេចក្ដីរំលឹកពីការពិនិត្យគណនីក្នុងកិច្ចបម្រើព្រះរាជាណាចក្រយើង។
ការបង់ចំណាយសម្រាប់សន្និបាតប្រចាំមណ្ឌល និងសន្និបាតពិសេស
ចំណាយផ្សេងៗក្នុងការរៀបចំសម្រាប់សន្និបាតនានា មួយផ្នែកឬទាំងស្រុងត្រូវបង់ដោយវិភាគទានរបស់បងប្អូនក្នុងមណ្ឌលនោះ។ នៅសន្និបាតនានាមានប្រអប់វិភាគទាន ដូចគ្នានៅតាមក្រុមជំនុំដែរ។ តាមរបៀបនេះបងប្អូនអាចគាំទ្រការចាយវាយក្នុងមណ្ឌលដោយវិភាគទានស្ម័គ្រចិត្ត។ អ្នកត្រួតពិនិត្យមណ្ឌលតែងតាំងបងប្រុសម្នាក់ឲ្យចាត់ចែងគណនីខាងមណ្ឌល ហើយគាត់ត្រូវបង់ប្រាក់ទៅតាមវិក្កយបត្រដែលអ្នកត្រួតពិនិត្យមណ្ឌលបានយល់ព្រម។
ជាការល្អ បើប្រាក់វិភាគទានដែលបានទទួលតាមសន្និបាតនីមួយៗមានចំនួនគ្រប់គ្រាន់សម្រាប់ការចាយវាយផ្សេងៗ ហើយបើមាននៅសល់ត្រូវដាក់បញ្ចូលទៅក្នុងគណនីខាងមណ្ឌល។ ប្រសិនបើមិនមានប្រាក់គ្រប់គ្រាន់ទេ ពេលសន្និបាតចប់ ត្រូវដកប្រាក់ពីគណនីខាងមណ្ឌលមកបង្គ្រប់ដោយមិនចាំបាច់សរសេរជម្រាបក្រុមជំនុំពីចំនួនទឹកប្រាក់នោះទេ។ យ៉ាងណាក៏ដោយ ប្រសិនបើ គណនីខាងមណ្ឌលមិនមានប្រាក់គ្រប់គ្រាន់ដើម្បីបង់ថ្លៃចំណាយសម្រាប់សន្និបាតលើកមុន ឬមិនមានប្រាក់គ្រប់គ្រាន់ដើម្បីកក់ថ្លៃឈ្នួលសាលសម្រាប់សន្និបាតលើកក្រោយនេះទេ អ្នកត្រួតពិនិត្យមណ្ឌលអាចជម្រាបក្រុមជំនុំទាំងនោះឲ្យរំលឹកបងប្អូនអំពីឯកសិទ្ធិដែលពួកគាត់មានក្នុងការធ្វើវិភាគទាន។ ក្រុមអ្នកចាស់ទុំនីមួយៗនឹងពិភាក្សាអំពីបញ្ហានោះ ហើយសម្រេចថាវិភាគទានប៉ុណ្ណាដែលក្រុមជំនុំរបស់ពួកគាត់អាចជូនទៅឲ្យគណនីខាងមណ្ឌល។ ចំនួនវិភាគទាននោះ ពួកគាត់គួរសុំសេចក្ដីសម្រេចពីក្រុមជំនុំ។
ពេលមានសន្និបាតម្ដងៗ ពួកអ្នកចាស់ទុំក្នុងមណ្ឌលប្រជុំគ្នា ដើម្បីសម្រេចចិត្តពីរបៀបចំណាយប្រាក់ដែលមាននៅក្នុងគណនីខាងមណ្ឌល។ ការសម្រេចចិត្តត្រូវស្របទៅតាមការចាយវាយក្នុងអំឡុងសន្និបាត ការទិញប្រដាប់ប្រដាប្រើប្រាស់ក្នុងមណ្ឌល និងប្រាក់ចំណាយផ្សេងៗដែលអ្នកធ្វើដំណើរត្រួតពិនិត្យបានចំណាយពេលបម្រើមណ្ឌល។ ដោយបានពិនិត្យពិច័យរួចហើយ ប្រហែលជាពួកគាត់ឃើញថាអាចជួយធ្វើវិភាគទានចំពោះកិច្ចការទូទាំងពិភពលោក មូលនិធិសម្រាប់សាងសង់សាលរាជាណាចក្រ សាលសន្និបាតក្នុងតំបន់ ឬសេចក្ដីត្រូវការសំខាន់ៗផ្សេងទៀត។
ការសម្រេចចិត្តទាំងអស់ ក្រៅពីប្រាក់ចំណាយដែលត្រូវបង់ជាប្រចាំ និងការជួសជុលអ្វីខ្លះជាបន្ទាន់ដើម្បីរៀបចំសន្និបាត នោះគួរតែសរសេរជាលាយលក្ខណ៍អក្សរ ដោយមានការយល់ព្រមពីពួកអ្នកចាស់ទុំ។ ការសម្រេចចិត្តទាំងនេះ ត្រូវដឹងឲ្យប្រាកដអំពីចំនួនទឹកប្រាក់ដែលត្រូវចំណាយ ហើយរាល់ដងដែលមានការសម្រេចនេះ គួរមានការយល់ព្រមពីអ្នកចាស់ទុំ។ មិនគប្បីសោះឡើយ បើស្នើសុំការសម្រេចទៅលើប្រាក់ចំណាយដែលបានសម្រេចម្ដងរួចទៅហើយ ឬក៏ទៅលើការចាយវាយដែលមិនបានប្រាប់ពីចំនួនទឹកប្រាក់ជាក់លាក់នោះ។ ប្រាក់របស់មណ្ឌលអាចយកទៅផ្ញើទុកនឹងការិយាល័យសាខា ដើម្បីសន្សំទុករហូតដល់ពេលដែលមណ្ឌលមានសេចក្ដីត្រូវការនៅថ្ងៃក្រោយ។
អ្នកត្រួតពិនិត្យមណ្ឌលនឹងរៀបចំពិនិត្យគណនីខាងមណ្ឌលបន្ទាប់ពីមានសន្និបាតប្រចាំមណ្ឌលនិងសន្និបាតពិសេសម្ដងៗ។
ការជួយអ្នកក្រីក្រ
គោលបំណងមួយនៃប្រអប់ប្រាក់ដែលព្រះយេស៊ូនិងសិស្សរបស់ទ្រង់មានគឺសម្រាប់ទុកជួយអ្នកក្រីក្រ។ (ម៉ាក. ១៤:៣-៥; យ៉ូន. ១៣:២៩) ភារកិច្ចរបស់គ្រិស្តសាសនិកក្នុងការជួយអ្នកក្រីក្រនៅមានជាបន្តបន្ទាប់ ពីព្រោះព្រះយេស៊ូមានប្រសាសន៍ថា៖ «អ្នករាល់គ្នាមានពួកអ្នកក្រនៅជាមួយជាដរាប»។ (ម៉ាក. ១៤:៧) សព្វថ្ងៃនេះ តើស្មរបន្ទាល់ព្រះយេហូវ៉ាបំពេញភារកិច្ចនេះយ៉ាងដូចម្ដេច?
ជួនកាល អ្នកដែលបម្រើយ៉ាងស្មោះត្រង់ក្នុងក្រុមជំនុំត្រូវការជំនួយខាងសម្ភារៈ ដោយព្រោះជរាភាព ពិការ ឬបញ្ហាលំបាកផ្សេងៗទៀតដែលគេចមិនផុត។ បុគ្គលម្នាក់ៗនៅក្នុងក្រុមជំនុំដែលយល់អំពីសេចក្ដីត្រូវការបែបនេះ នឹងមានចិត្តជំរុញឲ្យធ្វើតាមពាក្យរបស់សាវ័កយ៉ូហានដែលថា៖ «បើអ្នកណាមានភោគសម្បត្ដិរបស់លោកីយនេះ ហើយឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតមេត្ដាសោះ នោះធ្វើដូចម្ដេច ឲ្យសេចក្ដីស្រឡាញ់នៃព្រះ បានស្ថិតនៅក្នុងអ្នកនោះបាន? ពួកកូនតូចៗអើយ យើងមិនត្រូវស្រឡាញ់ ដោយពាក្យសំដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត នឹងសេចក្ដីពិតវិញ»។ (១យ៉ូន. ៣:១៧, ១៨; ២ថែ. ៣:៦-១២) ការថ្វាយបង្គំពិតរួមបញ្ចូលការមើលថែទាំមនុស្សដែលមានចិត្តភក្ដី និងស្មោះត្រង់ដែលប្រហែលជាត្រូវការជំនួយខាងសម្ភារៈ។—យ៉ា. ១:២៧; ២:១៤-១៧
ក្នុងសំបុត្រទីមួយរបស់សាវ័កប៉ុលទៅធីម៉ូថេ គាត់បានពន្យល់អំពីរបៀបដែលត្រូវផ្ដល់ជំនួយខាងសម្ភារៈដល់បងប្អូនដែលពិតជាខ្វះខាតមែន។ អ្នកអាចអានឱវាទរបស់គាត់ពីសៀវភៅធីម៉ូថេទី១ ៥:៣-២១។ ភារកិច្ចចម្បងរបស់គ្រិស្តសាសនិកម្នាក់ៗ គឺចិញ្ចឹមបីបាច់ថែរក្សាក្រុមគ្រួសាររបស់ខ្លួន។ មនុស្សចាស់និងមនុស្សពិការគួរទទួលជំនួយពីបុត្រធីតារបស់ខ្លួន ពីចៅៗ ឬពីសាច់ញាតិជិតៗដទៃទៀត។ ជួនកាល រដ្ឋាភិបាលឬក៏អង្គការនានាផ្ដល់ជំនួយខាងសម្ភារៈ ដូច្នេះសាច់ញាតិឬអ្នកដទៃក៏ដោយ ក៏អាចបង្ហាញសេចក្ដីសប្បុរស ក្នុងការជួយអ្នកដែលពិតជាមានសេចក្ដីត្រូវការនោះ ដើម្បីបំពេញពាក្យស្នើសុំជំនួយ។ ណាមួយទៀត ប្រហែលមានកាលៈទេសៈខ្លះតម្រូវឲ្យក្រុមជំនុំទាំងមូលគិតពិចារណាពីរបៀបផ្ដល់ជំនួយដល់បងប្អូនប្រុសស្រី ដែលបានបម្រើព្រះដោយស្មោះត្រង់ជាយូរមកហើយ ហើយដែលមានការខ្វះខាត។ ប្រសិនបើពួកគាត់អត់មានបងប្អូន ឬសាច់ញាតិ ឬមិនមានការឧបត្ថម្ភគ្រប់គ្រាន់ពីរដ្ឋាភិបាល ឬក៏អង្គការនានាទេ នោះក្រុមពួកអ្នកចាស់ទុំអាចអនុម័តយ៉ាងសមគួរដើម្បីផ្ដល់ជំនួយខ្លះៗ។ គ្រិស្តសាសនិកស្មោះត្រង់យល់ថា ការចែកចាយធនធានរបស់ខ្លួនដល់បងប្អូនដែលខ្វះខាតជាឱកាសដ៏ពិសេសដែលមិនមានពីរទេ។
បងប្អូនច្រើននាក់មានការខ្វះខាតដោយសារជួបប្រទះការបៀតបៀន សង្គ្រាម រញ្ជួយផែនដី ទឹកជំនន់ ទុរភិក្ស ឬក៏ទុក្ខលំបាកផ្សេងៗទៀត ដោយហេតុថាយើងរស់នៅគ្រាលំបាកណាស់។ (ម៉ាថ. ២៤:៧-៩) នៅក្នុងកាលៈទេសៈបែបនេះ ប្រហែលជាក្រុមជំនុំក្នុងតំបន់មិនមានអ្វីដើម្បីជួយគ្នាទៅវិញទៅមកទេ ដូច្នេះហើយ គណៈអភិបាលចាត់ចែងរៀបចំបងប្អូននៅកន្លែងផ្សេងទៀតឲ្យផ្ដល់អ្វីៗដែលពួកគាត់ត្រូវការជាចាំបាច់។ ដូចគ្នានឹងរបៀបដែលបងប្អូននៅស្រុកកាឡាទី ស្រុកអាខៃបានផ្ដល់ម្ហូបអាហារដល់បងប្អូននៅស្រុកយូដាក្នុងអំឡុងពេលដែលមានអំណត់ដែរ។ (១កូ. ១៦:១-៤; ២កូ. ៩:១-៥) ដោយធ្វើតាមគំរូរបស់ពួកគាត់ យើងពង្រឹងសេចក្ដីស្រឡាញ់របស់យើងចំពោះបងប្អូន ហើយក៏បង្ហាញឲ្យឃើញថាយើងជាសិស្សដ៏ពិតរបស់ព្រះយេស៊ូដែរ។—យ៉ូន. ១៣:៣៥
ការចែកចាយសៀវភៅនានា
ការចែកចាយគម្ពីរ និងសៀវភៅដែលមានមូលដ្ឋានទៅលើគម្ពីរព្រះ មានតួនាទីសំខាន់ណាស់ក្នុងការផ្សព្វផ្សាយសាររាជាណាចក្រ។ តាមធម្មតាអ្នកងារជំនួយដែលតែងតាំងដោយក្រុមអ្នកចាស់ទុំមើលការខុសត្រូវក្នុងការផ្គត់ផ្គង់សៀវភៅផ្សេងៗសម្រាប់បងប្អូន។ អ្នកងារជំនួយម្នាក់ទៀតបានតែងតាំងឲ្យទទួលខុសត្រូវផ្នែកទស្សនាវដ្ដី។ សៀវភៅទាំងអស់នោះបានរៀបចំសម្រាប់អ្នកផ្សាយ ហើយអ្នកផ្សាយក៏អាចស្នើផ្ដល់សៀវភៅទាំងនោះដល់អស់អ្នកដែលចាប់អារម្មណ៍ដែរ។
បងប្អូនដែលទទួលខុសត្រូវផ្នែកនេះ បំពេញភារកិច្ចរបស់ខ្លួនយ៉ាងហ្មត់ចត់។ ពួកគាត់មានបញ្ជីយ៉ាងត្រឹមត្រូវស្តីអំពីចំនួនសៀវភៅដែលបានទទួល និងចំនួនសៀវភៅដែលអ្នកផ្សាយបានយកចេញ។ ដោយដឹងពីសៀវភៅណាដែលនៅមាន និងសៀវភៅណាដែលបានចែកជូននៅក្នុងតំបន់ផ្សាយ នោះពួកគាត់អាចរៀបចំឲ្យមានសៀវភៅដែលក្រុមជំនុំត្រូវការឲ្យបានគ្រប់គ្រាន់។ ដោយហេតុថាសៀវភៅនានាដែលមានមូលដ្ឋានទៅលើគម្ពីរពិតជាមានប្រសិទ្ធភា ក្នុងការផ្សព្វផ្សាយដំណឹងល្អ អ្នកផ្សាយគ្រប់រូបត្រូវបានលើកទឹកចិត្តឲ្យស្នើផ្ដល់សៀវភៅទាំងនោះនៅក្នុងកិច្ចបម្រើផ្សាយ។ កិច្ចបម្រើព្រះរាជាណាចក្រយើងបញ្ជាក់យ៉ាងច្បាស់ពីសៀវភៅមួយណាដែលត្រូវស្នើផ្ដល់ក្នុងខែនីមួយៗ។ ធ្វើដូច្នេះ គឺដើម្បីរក្សាឲ្យមានសណ្ដាប់ធ្នាប់ក្នុងការផ្សាយដំណឹងល្អនៅទូទាំងតំបន់ផ្សាយ។
ជាគ្រិស្តសាសនិកដែលបានថ្វាយខ្លួន យើងទទួលស្គាល់ថានេះជាឱកាសដ៏ពិសេសដែលយើងត្រូវចំណាយពេលវេលា គំនិតបញ្ញា កម្លាំង ទេពកោសល្យ ធនធាន សូម្បីតែជីវិតរបស់ខ្លួនដែលជាអំណោយពីព្រះដើម្បីបម្រើទ្រង់។ (លូ. ១៧:១០; ១កូ. ៤:៧) ដោយចេះចំណាយធនធានរបស់យើងបានយ៉ាងត្រឹមត្រូវ នោះយើងបង្ហាញភក្ដីភាព និងសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះព្រះយេហូវ៉ា។ យើងចង់សរសើរព្រះយេហូវ៉ាដោយវត្ថុដ៏មានតម្លៃ ហើយយើងក៏ដឹងថាព្រះយេហូវ៉ាពិតជាពេញចិត្តនឹងអំណោយដែលឲ្យដោយអស់ពីចិត្ត។ (សុ. ៣:៩; ម៉ាក. ១៤:៣-៩; លូ. ២១:១-៤; កូល. ៣:២៣, ២៤) ដោយរក្សាឲ្យមានទស្សនៈត្រឹមត្រូវស្តីអំពីទ្រព្យសម្បត្ដិ និងស្មារតីចង់ឲ្យ នោះយើងនឹងពិសោធការសម្រេចនូវពាក្យរបស់ព្រះយេស៊ូដែលថា៖ «អ្នករាល់គ្នាបានទទួលទទេ ត្រូវឲ្យទទេដែរ»។ ធ្វើដូច្នេះយើងនឹងទទួលមកវិញនូវអំណរកាន់តែខ្លាំងឡើងៗទៀត។—ម៉ាថ. ១០:៨ខ; កិច្ច. ២០:៣៥