ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី១-៧ ខែកក្កដា
it-2-E ទំ. ១៦៩ វ. ៣-៥
រាជាណាចក្រព្រះ
«រាជាណាចក្រនៃបុត្រជាទីស្រឡាញ់របស់លោក»។ ដប់ថ្ងៃក្រោយពីលោកយេស៊ូឡើងទៅស្ថានសួគ៌វិញ គឺនៅថ្ងៃបុណ្យទី៥០ ឆ្នាំ៣៣ គ.ស. អ្នកកាន់តាមលោកបានឃើញភ័ស្តុតាងថាលោកបានត្រូវ«តម្កើងឲ្យនៅខាងស្ដាំព្រះ»ពេលដែលលោកយេស៊ូបានចាក់សកម្មពលបរិសុទ្ធទៅលើពួកគេ។ (សកម្ម. ១:៨, ៩; ២:១-៤, ២៩-៣៣) «កិច្ចព្រមព្រៀងថ្មី»បានធ្វើឲ្យពួកគេក្លាយទៅជាសមាជិកថ្មីដំបូងនៃ«ជនជាតិបរិសុទ្ធ» គឺអ៊ីស្រាអែលនៃព្រះ។—ហេ. ១២:២២-២៤; ១ពេ. ២:៩, ១០; កាឡ. ៦:១៦
គ្រិស្តអង្គុយនៅខាងស្ដាំបិតារបស់លោក ហើយជាប្រមុខនៃក្រុមជំនុំនេះ។ (អេភ. ៥:២៣; ហេ. ១:៣; ភី. ២:៩-១១) គម្ពីរបង្ហាញថាចាប់តាំងពីបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស លោកយេស៊ូចាប់ផ្ដើមគ្រប់គ្រងលើពួកអ្នកកាន់តាមលោក។ នៅសតវត្សរ៍ទី១ សាវ័កប៉ូលបានសរសេរសំបុត្រទៅកាន់គ្រិស្តសាសនិកនៅក្រុងកូឡុស ពេលនោះគាត់បានបញ្ជាក់ថាលោកយេស៊ូគ្រិស្តមានរាជាណាចក្រមួយហើយ ដោយពោលថា៖ «[ព្រះ]បានសង្គ្រោះយើងពីអំណាចនៃភាពងងឹត ហើយផ្លាស់យើងទៅនៅក្នុងរាជាណាចក្រនៃបុត្រជាទីស្រឡាញ់របស់លោក»។—កូឡ. ១:១៣; សូមពិនិត្យបន្ថែម សកម្ម. ១៧:៦, ៧
ចាប់ពីបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. លោកយេស៊ូគ្រិស្តបានគ្រប់គ្រងលើអ៊ីស្រាអែលនៃព្រះ ហើយគ្រិស្តសាសនិកដែលបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធរបស់ព្រះបានក្លាយទៅជាកូនរបស់លោក។ (យ៉ូន. ៣:៣, ៥, ៦) ពេលពួកអ្នកដែលបានត្រូវរើសតាំងទាំងនោះទទួលរង្វាន់របស់ពួកគេនៅស្ថានសួគ៌ ពួកគេនឹងលែងជាផ្នែកមួយនៃរាស្ត្ររបស់ព្រះដែលនៅផែនដីទៀតហើយ ប៉ុន្តែពួកគេនឹងក្លាយទៅជាស្តេចគ្រប់គ្រងជាមួយលោកយេស៊ូគ្រិស្តនៅស្ថានសួគ៌។—បប. ៥:៩, ១០
ថ្ងៃទី៨-១៤ ខែកក្កដា
it-1-E ទំ. ៨៦៣-៨៦៤
អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ
អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទគឺជាអំពើខុសឆ្គងមួយដែលអ្នកប្រព្រឹត្តអំពើនោះអាចត្រូវបណ្ដេញ(បណ្ដាច់មិត្តភាព)ពីក្រុមជំនុំគ្រិស្តសាសនិក។ (១កូ. ៥:៩-១៣; ហេ. ១២:១៥, ១៦) សាវ័កបានពន្យល់ថាគ្រិស្តសាសនិកម្នាក់ដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ធ្វើខុសចំពោះរូបកាយរបស់ខ្លួនដោយប្រើអវយវៈភេទតាមរបៀបមិនត្រឹមត្រូវ។ គាត់បង្ខូចចំណងមិត្តភាពរបស់ខ្លួនជាមួយនឹងព្រះ ធ្វើឲ្យក្រុមជំនុំរបស់ព្រះមិនស្អាតស្អំ ហើយគាត់បណ្ដោយឲ្យខ្លួនឆ្លងជំងឺកាមរោគផ្សេងៗដែលអាចនាំឲ្យស្លាប់។ (១កូ. ៦:១៨, ១៩) គាត់បំពានលើសិទ្ធិរបស់បងប្អូនគ្រិស្តសាសនិក (១ថែ. ៤:៣-៧) ដោយ (១) នាំមកនូវភាពមិនស្អាតស្អំ ការប្រមាថនិងការអាម៉ាស់ដល់ក្រុមជំនុំ (ហេ. ១២:១៥, ១៦) (២) ធ្វើឲ្យបុគ្គលដែលបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាមួយគាត់ លែងមានភាពស្អាតស្អំចំពោះព្រះ ហើយបើបុគ្គលនោះនៅលីវ គាត់នឹងរៀបការដោយគ្មានភាពស្អាតបរិសុទ្ធ (៣) បង្ខូចកេរ្ដិ៍ឈ្មោះល្អរបស់ក្រុមគ្រួសារគាត់ផ្ទាល់ខាងសីលធម៌ ព្រមទាំង (៤) ធ្វើខុសនឹងឪពុកម្ដាយ ប្ដី ឬគូដណ្ដឹងរបស់បុគ្គលដែលបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាមួយនឹងគាត់។ គាត់មិនគ្រាន់តែមិនអើពើចំពោះមនុស្សដែលបង្កើតច្បាប់សម្រាប់ផ្ដន្ទាទោសពួកអ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទប៉ុណ្ណោះទេ តែគាត់មិនអើពើចំពោះព្រះផ្ទាល់តែម្ដង ដែលជាអ្នកដែលនឹងដាក់ទោសចំពោះអំពើខុសឆ្គងរបស់គាត់ជាមិនខាន។—១ថែ. ៤:៨
ថ្ងៃទី១៥-២១ ខែកក្កដា
it-1-E ទំ. ៩៧២-៩៧៣
ភក្ដីភាពចំពោះព្រះ
នេះជាអាថ៌កំបាំងមួយក្នុងចំណោមគ្រិស្តសាសនិកពិត ព្រោះនៅសម័យរបស់ប៉ូល «បុរសប្រឆាំងច្បាប់»មិនបានបង្ហាញអត្តសញ្ញាណយ៉ាងច្បាស់ទេ។ ទោះជាក្រោយ«បុរស»នោះបង្ហាញអត្តសញ្ញាណខ្លួនក៏ដោយ នេះនៅតែជាអាថ៌កំបាំងសម្រាប់មនុស្សជាច្រើន ដោយសារតែការប្រព្រឹត្តអាក្រក់របស់គាត់ធ្វើក្នុងនាមជាអ្នកដែលមានភក្ដីភាពចំពោះព្រះ។ ប៉ុន្តែ តាមពិតនោះជាការក្បត់ព្រះវិញ។ ប៉ូលបាននិយាយថា«អាថ៌កំបាំងអំពីការប្រឆាំងច្បាប់នេះ» កំពុងមានសកម្មភាពរួចទៅហើយ ព្រោះក្នុងក្រុមជំនុំគ្រិស្តសាសនិកមានអ្នកខ្លះមានចិត្តគំនិតប្រឆាំងច្បាប់ដែលនៅទីបំផុត ចិត្តគំនិតនេះនឹងនាំឲ្យមានក្រុមអ្នកក្បត់ជំនឿ។ ក្រោយមក លោកយេស៊ូគ្រិស្តនឹងបំផ្លាញចោលពួកអ្នកប្រឆាំងច្បាប់ទាំងនោះនៅថ្ងៃវត្តមានរបស់លោក។ ដូច្នេះ អ្នកប្រឆាំងព្រះទាំងនោះដែលជាឧបករណ៍របស់សាថាន នឹងខំប្រឹងយ៉ាងខ្លាំងក្នុងការបោកបញ្ឆោតមនុស្ស ហើយនេះនឹងនាំឲ្យមានការបំផ្លាញទាំងអ្នកដែលប្រឆាំងព្រះនិងពួកអ្នកដែលកាន់តាមពួកគេ។ «បុរសប្រឆាំងច្បាប់»ពូកែលាក់បាំងការអាក្រក់របស់ខ្លួនដោយធ្វើពុតជាអ្នកដែលមានភក្ដីភាពចំពោះព្រះ។—២ថែ. ២:៣-១២; សូមពិនិត្យបន្ថែម ម៉ាថ. ៧:១៥, ២១-២៣
it-2-E ទំ. ២៤៥
ការកុហក
ព្រះយេហូវ៉ាអនុញ្ញាតឲ្យ«ឥទ្ធិពលដែលបោកបញ្ឆោត»មានអានុភាពលើមនុស្សដែលចូលចិត្តអ្វីដែលមិនពិត«ឲ្យពួកគេជឿការភូតភរ»ជាជាងស្ដាប់ដំណឹងល្អអំពីលោកយេស៊ូគ្រិស្ត។ (២ថែ. ២:៩-១២) នេះជាឧទាហរណ៍អំពីអ្វីដែលបានកើតឡើងចំពោះអ័ហាប់ដែលជាស្តេចស្រុកអ៊ីស្រាអែល។ អ្នកប្រកាសទំនាយក្លែងក្លាយបានទាយមិនពិតដោយនិយាយថាស្តេចអ័ហាប់នឹងឈ្នះក្នុងការធ្វើសង្គ្រាមច្បាំងនឹងពួករ៉ាម៉ូតកាឡាត កាលដែលមីកាយ៉ាជាអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ាបានទាយទុកជាមុនថាស្តេចនឹងចាញ់សង្គ្រាមជាមិនខាន។ ដូចដែលព្រះយេហូវ៉ាបានបើកបង្ហាញឲ្យអ្នកប្រកាសទំនាយមីកាយ៉ាបានឃើញក្នុងគំនិត លោកបានឲ្យបុគ្គលវិញ្ញាណមួយរូបធ្វើជា«វិញ្ញាណភូតកុហក»នៅមាត់នៃពួកអ្នកប្រកាសទំនាយរបស់ស្តេចអ័ហាប់។ បុគ្គលវិញ្ញាណនោះបានប្រើឫទ្ធានុភាពរបស់គាត់កាន់កាប់ទៅលើពួកអ្នកប្រកាសទំនាយក្លែងក្លាយ ដើម្បីឲ្យពួកគេនិយាយអ្វីដែលមិនពិតតាមបំណងចិត្តខ្លួន ហើយនោះជាអ្វីដែលស្តេចអ័ហាប់ចង់ឮ។ ទោះជាព្រះបានព្រមានទុកជាមុនក៏ដោយ ស្តេចអ័ហាប់នៅតែសម្រេចចិត្តជឿតាមពាក្យកុហកទាំងនោះ ហើយនោះនាំឲ្យគាត់បាត់បង់ជីវិត។—១ព. ២២:១-៣៨; ២រប. ១៨
it-1-E ទំ. ៨៣៤
ភ្លើង
ពេត្រុសបានសរសេរថា«មេឃនិងផែនដីដែលមានឥឡូវនេះបានត្រូវទុកដោយឡែកសម្រាប់ឲ្យភ្លើងឆេះ»។ ផ្អែកលើបរិបទនិងក្រោមការពិចារណាខគម្ពីរឯទៀតបានបង្ហាញភ័ស្តុតាងថា ពាក្យភ្លើងដែលប្រើនៅទីនេះគឺមិនមែនជាភ្លើងពិតប្រាកដនោះទេ តែដោយប្រើពាក្យនេះពេត្រុសចង់សំដៅទៅលើការបំផ្លាញចោលជារៀងរហូត។ ដូចទឹកជំនន់នៅសម័យណូអេដែរ ព្រះមិនបានបំផ្លាញមេឃនិងផែនដីនោះទេ តែលោកបានបំផ្លាញតែពួកមនុស្សទុច្ចរិតដែលគ្មានជំនឿប៉ុណ្ណោះ។ ដូចគ្នាដែរ នៅថ្ងៃដែលលោកយេស៊ូគ្រិស្តមកជាមួយនឹងបណ្ដាទេវតាដ៏ខ្លាំងក្លារបស់លោកក្នុងអណ្ដាតភ្លើង ពេលនោះលោកនឹងបំផ្លាញរបៀបរបបពិភពលោកដ៏អាក្រក់ និងមនុស្សទុច្ចរិតទាំងអស់ដែលរួមចំណែកក្នុងពិភពលោកនេះប៉ុណ្ណោះ។—២ពេ. ៣:៥-៧, ១០-១៣; ២ថែ. ១:៦-១០; សូមពិនិត្យបន្ថែម អេ. ៦៦:១៥, ១៦, ២២, ២៤
it-1-E ទំ. ១២០៦
ទំនាយ
«ទំនាយ»ពិតនិងមិនពិត។ នៅថែស្សាឡូនិចទី២ ២:២ សាវ័កប៉ូលបានលើកទឹកចិត្តបងប្អូនប្រុសៗនៅក្រុងថែស្សាឡូនិចកុំឲ្យឆាប់រំជួលចិត្ត«ថាថ្ងៃរបស់ព្រះយេហូវ៉ាបានមកដល់ហើយ ទោះជាការអះអាងនោះមកតាមរយៈទំនាយ ពាក្យសម្ដី ឬសំបុត្រណាមួយដែលហាក់ដូចជាមកពីយើងក៏ដោយ»។ ប៉ូលបានសំដៅទៅការប្រាស្រ័យទាក់ទងដូចជា«ពាក្យសម្ដី»ឬក៏«សំបុត្រ»ជាដើម។ ហេតុនេះហើយបានជាសៀវភៅមួយចែងថា នេះសំដៅទៅលើ«ពាក្យរបស់ក្រុមបព្វជិតខ្លះដែលនៅក្នុងពិភពគ្រិស្តសាសនា ដែលអះអាងថាព្រះបានបើកបង្ហាញឲ្យពួកគេយល់អ្វីមួយ»។ (Vincent’s Word Studies in the New Testament) (១៩៥៧ ក្បាលទី៤ ទំ. ៦៣)
ថ្ងៃទី២២-២៨ ខែកក្កដា
km-E ៩/៧៨ ទំ៤ វ. ៧
ពួកអ្នកដែល«ទទួលបានកេរ្ដិ៍ឈ្មោះល្អ»
៧ ពិតជាងាយយល់អំពីមូលហេតុដែលប៉ូលបាននិយាយថាបុរសបែបនោះ«ទទួលបានកេរ្ដិ៍ឈ្មោះល្អ»។ កេរ្ដិ៍ឈ្មោះបែបនោះមិនមែនបានមកពីការមានឋានៈខ្ពង់ខ្ពស់ក្នុងវិហារនោះទេ។ ផ្ទុយទៅវិញ ជំនួយការខាងកិច្ចបម្រើ«ដែលបំពេញកិច្ចបម្រើយ៉ាងល្អប្រសើរ»ទទួលពរពីព្រះយេហូវ៉ានិងលោកយេស៊ូ ហើយពួកគេក៏ទទួលការគោរពនិងការគាំទ្រពីសមាជិកក្នុងក្រុមជំនុំ។ ពិតមែនហើយ ពួកគេ«អាចនិយាយដោយសេរីអំពីជំនឿដែលទាក់ទងនឹងគ្រិស្តយេស៊ូ»។ ពួកគេទទួលបានការកោតសរសើរដោយសារកិច្ចបម្រើដ៏ស្មោះត្រង់របស់ពួកគេ។ ពួកគេមានជំនឿរឹងមាំ ហើយប្រកាសអំពីជំនឿរបស់ពួកគេដោយចិត្តក្លាហាន ឬដោយមិនខ្លាចការប្រមាថមើលងាយឡើយ។
it-1-E ទំ. ៩១៤-៩១៥
ពង្សាវតារ
ជាការឥតប្រយោជន៍ទេដែលធ្វើការសិក្សានិងជជែកវែកញែកអំពីរឿងពូជពង្ស ហើយនៅពេលដែលប៉ូលបានសរសេរសំបុត្រទៅកាន់ធីម៉ូថេ ពេលនោះកាន់តែឥតប្រយោជន៍ទៅទៀតបើនិយាយអំពីរឿងពូជពង្សនេះ។ ព្រោះតាំងពីពេលដែលព្រះមិនបានចាត់ទុកថា ជនជាតិយូដាខុសគ្នាពីជនជាតិដទៃក្នុងក្រុមជំនុំគ្រិស្តសាសនិក ដូច្នេះហើយការខំបញ្ជាក់ថា អ្នកណាមានវង្សត្រកូលមកពីណានោះលែងជារឿងសំខាន់ទៀតហើយ។ (កាឡ. ៣:២៨) ហើយតាមរយៈបញ្ជីវង្សត្រកូលដែលមានរួចហើយបានបញ្ជាក់ថាគ្រិស្តបានកើតមកតាមរយៈវង្សត្រកូលរបស់ដាវីឌ។ ហើយក៏មិនយូរប៉ុន្មានដែរ បន្ទាប់ពីប៉ូលបានសរសេរអំពីការព្រមាននេះ ដែលក្រុងយេរូសាឡិមនឹងត្រូវបំផ្លាញចោលជាមួយបញ្ជីវង្សត្រកូលជនជាតិយូដា។ ព្រះមិនបានរក្សាទុកបញ្ជីវង្សត្រកូលជនជាតិយូដាទេ។ ដូច្នេះហើយ ប៉ូលមិនចង់ឲ្យធីម៉ូថេនិងក្រុមជំនុំ ចំណាយពេលក្នុងការស្រាវជ្រាវ និងជជែកវែកញែកលើរឿងវង្សត្រកូលគ្រួសារខ្លួនដែលមិនទាក់ទងអ្វីសោះនឹងជំនឿរបស់គ្រិស្តសាសនិក។ គម្ពីរបានផ្ដល់ភ័ស្តុតាងគ្រប់គ្រាន់ស្តីអំពីពូជពង្សរបស់គ្រិស្តដើម្បីបញ្ជាក់ថាលោកជាមេស្ស៊ី។ នេះទើបជាពូជពង្សដែលសំខាន់បំផុតសម្រាប់គ្រិស្តសាសនិក។ កំណត់ហេតុស្តីអំពីពូជពង្សក្នុងបទគម្ពីរឯទៀត ក៏បានផ្ដល់ទីសំអាងយ៉ាងច្បាស់ថា ពូជពង្សដែលបានកត់ទុកក្នុងកំណត់ហេតុគម្ពីរគឺជាការពិត។
ថ្ងៃទី២៩ ខែកក្កដា–៤ ខែសីហា
g-E ៦/០៧ ទំ. ៦
ការតាំងចិត្តធ្វើជាអ្នកមាន តើអាចមានឥទ្ធិពលលើអ្នកឬទេ?
មែនហើយ មនុស្សជាច្រើនមិនមែនស្លាប់ដោយសារតែការស្វែងរកទ្រព្យសម្បត្ដិទេ តែពួកគេប្រហែលជាជួបប្រទះនឹងបញ្ហាផ្សេងៗក្នុងជីវិត ជាឧទាហរណ៍ បើពួកគេមានភាពតានតឹងក្នុងការងារ ឬប៉ះពាល់អារម្មណ៍ដោយសាររឿងលុយកាក់ គេងមិនលក់ មានជំងឺឈឺក្បាលរ៉ាំរ៉ៃ ឬមានដំបៅក្រពះ បញ្ហាសុខភាពទាំងនេះអាចធ្វើឲ្យពួកគេមានជីវិតកាន់តែខ្លី។ ហើយទោះជាមនុស្សម្នាក់ដឹងថាគាត់ត្រូវកែប្រែក៏ដោយ នេះប្រហែលយឺតពេលសម្រាប់គាត់ទៅហើយ។ ប្រពន្ធរបស់គាត់លែងទុកចិត្តគាត់ទៀត កូនៗរបស់គាត់បានទទួលរងផលប៉ះពាល់ខាងអារម្មណ៍ និងសុខភាពរបស់គាត់ផ្ទាល់ប្រហែលជាបានខូចហើយ។ ប្រហែលជាការខូចខាតខ្លះអាចប៉ះប៉ូវបាន តែនេះតម្រូវឲ្យគាត់ខំធ្វើអ្វីៗជាច្រើនដើម្បីធ្វើដូច្នោះ។ មនុស្សបែបនោះពិតជាបាន«ចាក់ទម្លុះខ្លួនគ្រប់កន្លែងដោយទុក្ខវេទនាជាច្រើន»។—១ធី. ៦:១០
g-E ១១/០៨ ទំ. ៦ វ. ៤-៦
គន្លឹះ៦យ៉ាងដើម្បីទទួលបានជោគជ័យ
មនុស្សដែលដេញតាមទ្រព្យសម្បត្ដិគិតថាទ្រព្យសម្បត្ដិនាំឲ្យមានជោគជ័យក្នុងជីវិត តាមពិតពួកគេកំពុងតែយល់សប្ដិទេ ហើយការយល់សប្ដិនោះមិនអាចក្លាយទៅជាការពិតបានឡើយ។ លើសពីនេះទៅទៀត ពួកគេច្រើនតែខកចិត្ត ហើយរងការឈឺចាប់ជាច្រើន។ ជាឧទាហរណ៍ មនុស្សភាគច្រើនសុខចិត្តបាត់បង់ចំណងមិត្តភាពជាមួយក្រុមគ្រួសារ មិត្តភក្ដិ ដើម្បីស្វែងរកទ្រព្យសម្បត្ដិ។ អ្នកខ្លះគេងមិនគ្រប់គ្រាន់ ព្រោះតែការងារ ឬព្រួយបារម្ភច្រើនពេក។ សាស្ដា ៥:១១, ខ.ស. [សាស្ដា ៥:១២] ចែងថា៖ «អ្នកដែលធ្វើការនឿយហត់ រមែងដេកលក់ស្រួល ទោះបីគេមានអាហារបរិភោគតិចឬច្រើនក្ដី រីឯអ្នកមានវិញ ទោះបីគេមានអាហារបរិភោគច្រើនយ៉ាងណា ក៏ដេកមិនលក់ដែរ»។
លុយមិនគ្រាន់តែជាចៅហ្វាយដ៏ឃោរឃៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកបោកបញ្ឆោតផងដែរ។ លោកយេស៊ូបានមានប្រសាសន៍អំពី«ការល្បួងនៃទ្រព្យសម្បត្ដិ»។ (ម៉ាក. ៤:១៩) ក្នុងន័យម្យ៉ាង ទ្រព្យសម្បត្ដិល្បួងមនុស្សឲ្យគិតថាវាអាចនាំឲ្យមនុស្សមានសុភមង្គលក្នុងជីវិត តែតាមពិតវានាំឲ្យមនុស្សមានតែចិត្តលោភលន់ចង់បានថែមទៀតប៉ុណ្ណោះ។ សាស្ដា ៥:១០ ចែងថា៖ «អ្នកណាដែលស្រឡាញ់ប្រាក់ នោះនឹងមិនស្កប់ចិត្តដោយប្រាក់ប៉ុណ្ណោះទេ»។
បើនិយាយឲ្យខ្លីទៅ ការស្រឡាញ់ប្រាក់គឺជាការបំផ្លាញខ្លួនឯង ហើយនៅទីបំផុតវានាំទៅរកការអស់សង្ឃឹម ការខកចិត្ត រួមទាំងអំពើឧក្រិដ្ឋកម្មទៀតផង។ (សុភ. ២៨:២០) តាមពិតអ្វីដែលផ្សារភ្ជាប់គ្នាដែលប្រសើរជាងសុភមង្គលពិតនិងភាពជោគជ័យ គឺចិត្តទូលាយនិងការចេះអភ័យទោស។
it-2-E ទំ. ៧១៤
ការអានជាសាធារណៈ
ក្នុងក្រុមជំនុំគ្រិស្តសាសនិក។ នៅសតវត្សរ៍ទី១ មនុស្សមិនច្រើនទេដែលមានរមូរគម្ពីរ ដូច្នេះការអានគម្ពីរគឺជាការសំខាន់ណាស់។ សាវ័កប៉ូលបានបង្គាប់ឲ្យអានសំបុត្ររបស់គាត់នៅឯកិច្ចប្រជុំគ្រិស្តសាសនិក ហើយបានប្រាប់ឲ្យពួកគេយកសំបុត្ររបស់គាត់ទៅអាននៅក្រុមជំនុំផ្សេងទៀតដើម្បីឲ្យបងប្អូននៅក្រុមជំនុំទាំងនោះស្ដាប់ដែរ។ (កូឡ. ៤:១៦; ១ថែ. ៥:២៧) ប៉ូលបានប្រាប់ធីម៉ូថេដែលជាអ្នកធ្វើដំណើរត្រួតពិនិត្យវ័យក្មេងឲ្យគាត់បន្តព្យាយាមក្នុង«ការអានឲ្យអ្នកឯទៀតស្ដាប់ ការបំផុសទឹកចិត្ត និងការបង្រៀន»។—១ធី. ៤:១៣
ការអានជាសាធារណៈគួរតែធ្វើដោយមានភាពស្ទាត់ជំនាញ។ (ហាប. ២:២) ដោយសារតែការអានគឺដូចជាការផ្ដល់ចំណេះដឹងដល់អ្នកឯទៀត ដូច្នេះអ្នកអានត្រូវតែយល់យ៉ាងច្បាស់នូវអ្វីដែលគាត់កំពុងអាន ហើយត្រូវយល់ច្បាស់អំពីគោលបំណងរបស់អ្នកសរសេរ ថែមទាំងអានដោយប្រុងប្រយ័ត្ន មិនត្រូវអានឲ្យអ្នកស្ដាប់យល់ខុសគំនិតរបស់អ្នកសរសេរឡើយ។ យោងតាមការបើកបង្ហាញ ១:៣ អ្នកណាដែលអានទំនាយនេះឲ្យអ្នកឯទៀតស្ដាប់ និងអ្នកដែលឮហើយប្រព្រឹត្តតាមអ្វីដែលបានត្រូវសរសេរក្នុងទំនាយនេះ អ្នកទាំងនោះមានសុភមង្គលហើយ។