ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
© 2024 Watch Tower Bible and Tract Society of Pennsylvania
ថ្ងៃទី៦-១២ ខែមករា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
w០០-E ១៥/៥ ទំ.២៧ វ.៣-៥
«ដូចមែកដើមអូលីវ»
ដើមអូលីវដែលបង្កើតផលល្អគឺសំដៅទៅលើពរដែលមកពីព្រះ។ តើព្រះផ្ដល់រង្វាន់ដល់បុគ្គលដែលកោតខ្លាចលោកតាមរបៀបណា? អ្នកតែងចម្រៀងសរសើរព្រះបានច្រៀងថា៖ «ប្រពន្ធរបស់អ្នកនឹងប្រៀបដូចជាវល្លិទំពាំងបាយជូរ ដែលមានផ្លែច្រើននៅក្នុងផ្ទះរបស់អ្នក កូនៗរបស់អ្នកនឹងប្រៀបដូចជាមែកដើមអូលីវ ដែលដុះជុំវិញតុរបស់អ្នក»។ (ចម្រៀងសរសើរព្រះ ១២៨:៣) តើ«មែកដើមអូលីវ»សំដៅទៅលើអ្វី? ហើយហេតុអ្វីអ្នកតែងចម្រៀងសរសើរព្រះបានប្រៀបធៀបកូនៗទៅនឹងមែកដើមអូលីវ?
អ្វីដែលធ្វើឲ្យដើមអូលីវខុសពីដើមឈើផ្សេងទៀត ដោយសារវាតែងតែមានពន្លកថ្មីដុះចេញពីគល់របស់វា។ ពេលដើមអូលីវចាស់ទៅ វាមិនសូវបង្កើតផលច្រើនដូចពីមុនទេ ដូច្នេះកសិករប្រហែលជាទុកពន្លក ឬមែកខ្លះៗឲ្យធំលូតលាស់។ យូរៗទៅនឹងមានមែកថ្មីបីបួនដុះព័ទ្ធជុំវិញដើមអូលីវនោះ ដូចកូនៗអង្គុយនៅជុំវិញតុ។ មែកអូលីវទាំងនេះដុះចេញពីគល់តែមួយ ហើយរួមគ្នាបង្កើតផលល្អ។
ឪពុកម្ដាយដែលមានជំនឿរឹងមាំដូចដើមអូលីវដែលមានឫសរឹងមាំក៏អាចជួយកូនៗឲ្យមានជំនឿមាំមួនដែរ។ កាលដែលកូនៗកាន់តែធំឡើង ពួកគេអាចបង្កើតផលល្អ ហើយជួយឪពុកម្ដាយរបស់ពួកគេ។ ឪពុកម្ដាយពិតជាសប្បាយចិត្តណាស់កាលដែលឃើញកូនៗបម្រើព្រះយេហូវ៉ាជាមួយពួកគាត់។—សុភាសិត ១៥:២០
ថ្ងៃទី១៣-១៩ ខែមករា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះចម្រៀងសរសើរព្រះ ១៣៥-១៣៧
«ម្ចាស់របស់យើងអស្ចារ្យលើសអស់ទាំងព្រះឯទៀត»
it-2-E ទំ.៦៦១ វ.៤-៥
ឫទ្ធានុភាព ការដែលប្រកបដោយឫទ្ធានុភាពរបស់លោក
ព្រះគ្រប់គ្រងលើកម្លាំងធម្មជាតិ។ ដើម្បីបញ្ជាក់ថាព្រះយេហូវ៉ាជាព្រះពិត លោកត្រូវបង្ហាញថាលោកអាចគ្រប់គ្រងលើកម្លាំងធម្មជាតិ លោកធ្វើដូច្នេះតាមរបៀបដ៏ពិសេសដែលមនុស្សមិនអាចនឹកស្មានដល់។ (ចសព. ១៣៥:៥, ៦) ទោះបីដួងអាទិត្យ ដួងចន្ទ ភពផ្សេងៗ និងផ្កាយធ្វើដំណើរតាមគន្លងរបស់វា បរិយាកាសនៃផែនដីធ្វើតាមច្បាប់ធម្មជាតិ (ដោយបង្កើតឲ្យមានខ្យល់ ភ្លៀង និងអ្វីៗផ្សេងទៀត) ហើយសត្វកណ្ដូបហើរទាំងហ្វូង និងសត្វស្លាបបម្លាស់ទីក៏ដោយ ក៏អ្វីទាំងនេះមិនគ្រប់គ្រាន់ដើម្បីធ្វើឲ្យនាមរបស់ព្រះបរិសុទ្ធចំពោះអស់អ្នកដែលប្រឆាំងលោក និងអស់អ្នកដែលគោរពប្រណិប័តន៍ព្រះមិនពិតឡើយ។
ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ាអាចប្រើកម្លាំងធម្មជាតិ និងធាតុផ្សេងៗដើម្បីផ្ដល់ទីសំអាងថាលោកជាព្រះពិត ហើយលោកប្រើអ្វីទាំងនេះតាមរបៀបដ៏អស្ចារ្យខុសពីអ្វីដែលមានក្នុងច្បាប់ធម្មជាតិ និងតាមពេលវេលាដែលលោកបានកំណត់ដើម្បីសម្រេចគោលបំណងរបស់លោក។ ទោះជាគ្រោះរាំងស្ងួត ខ្យល់ព្យុះ ឬគ្រោះធម្មជាតិផ្សេងៗ មិនមែនជាអ្វីដែលពិសេសក៏ដោយ តែពេលដែលវាកើតឡើងដើម្បីសម្រេចទំនាយរបស់ព្រះយេហូវ៉ា នោះជាអ្វីដ៏អស្ចារ្យណាស់ ហើយបង្ហាញថាលោកជាព្រះពិត។ (សូមពិនិត្យបន្ថែម ១បស. ១៧:១; ១៨:១, ២, ៤១-៤៥) ភាគច្រើន អ្វីៗទាំងនោះគឺអស្ចារ្យ ព្រោះវាកើតឡើងមានទ្រង់ទ្រាយធំ ខ្លាំងជាងធម្មតាដែលមិនធ្លាប់កើតឡើងពីមុនមក (ដច. ៩:២៤) ឬកើតឡើងខុសរដូវកាលដែលមនុស្សមិនធ្លាប់ជួបប្រទះ។—ដច. ៣៤:១០; ១សាំ. ១២:១៦-១៨
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.១២៤៨
យ៉ា
ធម្មតាពាក្យយ៉ាមួយម៉ាត់ច្រើនតែប្រើដើម្បីសរសើរតម្កើងព្រះយេហូវ៉ា ហើយមានក្នុងបទចម្រៀង សេចក្ដីអធិដ្ឋាន និងការអង្វរសុំ។ ជាទូទៅ គម្ពីរប្រើពាក្យនេះនៅពេលដែលរាស្ត្ររបស់ព្រះមានអំណរដោយសារពួកគេបានទទួលជ័យជំនះ និងទទួលសេចក្ដីសង្គ្រោះពីព្រះ ឬនៅពេលដែលពួកគេបានឃើញស្នាដៃរបស់ព្រះ និងឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោក។ ពាក្យដ៏ពិសេសនេះមានជាច្រើនដងនៅក្នុងគម្ពីរ។ ឃ្លា«សរសើរតម្កើងយ៉ា!» (ហាឡេលូយ៉ា) មាននៅក្នុងចម្រៀងសរសើរព្រះ ហើយបទគម្ពីរដំបូងដែលមានពាក្យនេះគឺនៅចម្រៀងសរសើរព្រះ ១០៤:៣៥។ រីឯក្នុងបទចម្រៀងសរសើរព្រះឯទៀត ប្រហែលជាមានពាក្យនេះនៅដើម (ចសព. ១១១; ១១២) ជួនកាលនៅក្នុង (ចសព. ១៣៥:៣) ពេលខ្លះមាននៅចុងបទ (ចសព. ១០៤; ១០៥; ១១៥-១១៧) ប៉ុន្តែភាគច្រើនពាក្យនេះមានទាំងនៅដើមនិងនៅចុងបទចម្រៀងសរសើរព្រះ (ចសព. ១០៦; ១១៣; ១៣៥; ១៤៦-១៥០)។ នៅក្នុងសៀវភៅការបើកបង្ហាញ ទេវតាបានប្រើពាក្យនេះដើម្បីសរសើរព្រះយេហូវ៉ាម្ដងហើយម្ដងទៀត។—បប. ១៩:១-៦
បទគម្ពីរឯទៀតដែលមានពាក្យ«យ៉ា» គឺនៅក្នុងចម្រៀងដើម្បីលើកតម្កើងព្រះយេហូវ៉ានិងអង្វរសុំជំនួយពីលោក។ ដូចជាចម្រៀងដែលម៉ូសេបានច្រៀងអំពីសេចក្ដីសង្គ្រោះរបស់ព្រះ។ (ដច. ១៥:២) នៅសៀវភៅអេសាយ បានសង្កត់ខ្លាំងទៅលើនាមរបស់ព្រះដោយសរសេរថា«យ៉ាគឺយេហូវ៉ា»។ (អេ. ១២:២; ២៦:៤) ក្រោយហេសេគាបានជាសះស្បើយពីជំងឺរបស់គាត់ គាត់បានបញ្ជាក់អំពីអំណរគុណដ៏ជ្រាលជ្រៅដែលគាត់មានចំពោះព្រះយេហូវ៉ា ដោយហៅឈ្មោះយ៉ាម្ដងហើយម្ដងទៀត។ (អេ. ៣៨:៩, ១១) បទគម្ពីរផ្សេងទៀតបង្ហាញពីភាពខុសគ្នារវាងមនុស្សស្លាប់ដែលមិនអាចសរសើរយ៉ា និងមនុស្សរស់ដែលតាំងចិត្តមានជីវិតរស់នៅដើម្បីសរសើរលោក។ (ចសព. ១១៥:១៧, ១៨; ១១៨:១៧-១៩) បទចម្រៀងសរសើរព្រះឯទៀតបញ្ជាក់អំពីសេចក្ដីអធិដ្ឋាននិងចិត្តដឹងគុណដោយសារព្រះបានផ្ដល់សេចក្ដីសង្គ្រោះ ការការពារ និងការកែតម្រង់។—ចសព. ៩៤:១២; ១១៨:៥, ១៤
ថ្ងៃទី២៧ ខែមករា–ថ្ងៃទី២ ខែកុម្ភៈ
ចំណេះវិសេសពីបណ្ដាំរបស់ព្រះចម្រៀងសរសើរព្រះ ១៤០-១៤៣
ចូរប្រព្រឹត្តស្របតាមការអង្វរសុំជំនួយរបស់អ្នក
w១០-E ១៥/៣ ទំ.៣២ វ.៤
ចូររក្សា«ចិត្តបរិសុទ្ធ»ក្នុងគ្រាលំបាក
អ្នកបម្រើខ្លះរបស់ព្រះបានទទួលការបៀតបៀន មានបញ្ហាលុយកាក់ និងជំងឺធ្ងន់ធ្ងរ។ ជួនកាលពួកគេចាប់ផ្ដើមធ្លាក់ទឹកចិត្តដោយសារស្ថានភាពរបស់ខ្លួន។ សូម្បីតែដាវីឌក៏ធ្លាប់មានអារម្មណ៍បែបនេះដែរ។ គាត់បាននិយាយថា៖ «ខ្ញុំបាក់ទឹកចិត្តយ៉ាងខ្លាំង ខ្ញុំលែងមានអារម្មណ៍អ្វីទាំងអស់»។ (ចសព. ១៤៣:៤) តើអ្វីបានជួយគាត់ឲ្យយកឈ្នះអារម្មណ៍បែបនេះ? ដាវីឌបាននឹកចាំអំពីអ្វីៗដែលព្រះបានធ្វើសម្រាប់ពួកអ្នកបម្រើរបស់លោក និងរបៀបដែលលោកបានជួយសង្គ្រោះគាត់ផ្ទាល់ដែរ។ គាត់បានជញ្ជឹងគិតអំពីអ្វីដែលព្រះបានធ្វើដើម្បីនាមដ៏រុងរឿងរបស់លោក។ ដាវីឌបានផ្ដោតអារម្មណ៍ទៅលើស្នាដៃទាំងឡាយរបស់ព្រះ។ (ចសព. ១៤៣:៥) ស្រដៀងគ្នាដែរ បើយើងរំពឹងគិតអំពីអ្នកបង្កើតរបស់យើង ហើយអ្វីទាំងអស់ដែលលោកបានធ្វើសម្រាប់យើងនៅពីមុន និងអ្វីដែលលោកបន្តធ្វើដើម្បីជួយយើងនៅពេលឥឡូវនេះ នោះនឹងជួយយើងពេលយើងមានទុកលំបាកក្នុងជីវិត។
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-2-E ទំ.១១៥១
ពិស
ក្នុងន័យធៀប។ ពេលមនុស្សទុច្ចរិតនិយាយភូតភរ និងបង្កាច់បង្ខូចអ្នកឯទៀត នេះអាចបង្ខូចកេរ្តិ៍ឈ្មោះរបស់ពួកគេ ហើយនេះប្រៀបដូចជាពិសនៃពស់វែកដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត។ (ចសព. ៥៨:៣, ៤) ស្ដីអំពីអ្នកដែលចូលចិត្តនិយាយបង្កាច់បង្ខូច គម្ពីរចែងថា៖ «ក្នុងមាត់របស់ពួកគេ មានសុទ្ធតែពិសរបស់ពស់វែក»។ (ចសព. ១៤០:៣; រ៉ូម ៣:១៣) អណ្ដាតរបស់មនុស្សគឺ«ពោរពេញទៅដោយពិសពុលដែលនាំឲ្យស្លាប់» នៅពេលដែលពួកគេប្រើអណ្ដាតរបស់ខ្លួនក្នុងផ្លូវខុសដោយនិយាយបង្កាច់បង្ខូច និងនិយាយក្រោយខ្នងអ្នកឯទៀត បង្រៀនសេចក្ដីមិនពិត ឬប្រើពាក្យសម្ដីដែលធ្វើឲ្យគេឈឺចិត្ត។—យ៉ា. ៣:៨
ថ្ងៃទី២៤ ខែកុម្ភៈ–ថ្ងៃទី២ ខែមីនា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.១២១១ វ.៤
ចិត្តស្មោះឥតងាករេ
មនុស្សមិនអាចមានចិត្តស្មោះឥតងាករេដោយពឹងផ្អែកទៅលើខ្លួនប៉ុណ្ណោះទេ តែពួកគេត្រូវមានជំនឿរឹងមាំទៅលើព្រះយេហូវ៉ា ហើយទុកចិត្តលោកនិងឫទ្ធានុភាពរបស់លោក។ (ចសព. ២៥:២១) ព្រះសន្យាថាលោកនឹងក្លាយទៅជា«ខែល»និងជា«ទីពឹងជ្រកដ៏មាំមួន»របស់ពួកគេ ហើយលោកនឹងការពារអស់អ្នកដែលដើរដោយចិត្តស្មោះឥតងាករេ។ (សុភ. ២:៦-៨; ១០:២៩; ចសព. ៤១:១២) ដោយសារពួកគេចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តជានិច្ច នោះនាំឲ្យពួកគេមានភាពនឹងនរក្នុងជីវិត ហើយជួយពួកគេឲ្យដើរតាមផ្លូវត្រឹមត្រូវរហូតដល់ពួកគេសម្រេចគោលដៅ។ (ចសព. ២៦:១-៣; សុភ. ១១:៥; ២៨:១៨) ប៉ុន្តែដូចយ៉ូបបានឃើញ ទោះជាមនុស្សដែលគ្មានកន្លែងបន្ទោសប្រហែលជាត្រូវរងទុក្ខដោយសារការគ្រប់គ្រងរបស់មនុស្សទុច្ចរិត ហើយស្លាប់ជាមួយនឹងពួកគេក៏ដោយ ព្រះយេហូវ៉ាបញ្ជាក់ថាលោកស្គាល់ច្បាស់អំពីជីវិតរបស់មនុស្សដែលគ្មានកន្លែងបន្ទោស ហើយធានាថាមនុស្សបែបនោះនឹងទទួលអ្វីល្អៗជាមត៌ក ថែមទាំងមានសេចក្ដីសុខសាន្តនៅថ្ងៃខាងមុខ។ (យ៉ូប ៩:២០-២២; ចសព. ៣៧:១៨, ១៩, ៣៧; ៨៤:១១; សុភ. ២៨:១០) ដូចដែលយើងឃើញក្នុងករណីរបស់យ៉ូប ការមានទ្រព្យសម្បត្តិមិនធ្វើឲ្យបុគ្គលម្នាក់មានតម្លៃនិងទទួលការគោរពពីអ្នកឯទៀតទេ តែគឺការប្រព្រឹត្តដោយចិត្តស្មោះឥតងាករេវិញ។ (សុភ. ១៩:១; ២៨:៦) កូនៗដែលមានឪពុកម្ដាយដែលដើរដោយចិត្តស្មោះឥតងាករេ នឹងមានសុភមង្គល (សុភ. ២០:៧) មានកេរដំណែលដ៏ពិសិដ្ឋដោយសារគំរូដ៏ល្អរបស់ឪពុកខ្លួន មានកេរ្តិ៍ឈ្មោះល្អ និងទទួលការគោរពពីអ្នកឯទៀតដែរ។