ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី១០-១៦ ខែវិច្ឆិកា
g០៤ ២២/១២ ទំ.៩ វ.២-៥
ការមានសម្រស់នៅខាងក្នុងគឺសំខាន់បំផុត
តើសម្រស់ខាងក្នុងអាចទាក់ទាញចិត្តអ្នកឯទៀតឬទេ? ជជីណាដែលរៀបការជិត១០ឆ្នាំបាននិយាយថា៖ «អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្វីដែលទាក់ទាញខ្ញុំឲ្យស្រឡាញ់ប្ដីខ្ញុំគឺដោយសារគាត់ជាមនុស្សទៀងត្រង់ ហើយស្មោះចំពោះខ្ញុំ។ អ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់គាត់គឺការធ្វើឲ្យព្រះពេញចិត្ត នេះនាំឲ្យគាត់ប្រព្រឹត្តដោយសេចក្ដីស្រឡាញ់និងយកចិត្តទុកដាក់ចំពោះខ្ញុំ។ គាត់តែងតែគិតអំពីខ្ញុំមុនសម្រេចចិត្តរឿងណាមួយ ហើយនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាគាត់ឲ្យតម្លៃខ្ញុំ។ ខ្ញុំដឹងថាគាត់ពិតជាស្រឡាញ់ខ្ញុំមែន»។
ដានីយ៉ែលបានរៀបការនៅឆ្នាំ១៩៨៧ ហើយគាត់និយាយថា៖ «ប្រពន្ធរបស់ខ្ញុំគឺស្រស់ស្អាតណាស់សម្រាប់ខ្ញុំ។ ខ្ញុំមិនគ្រាន់តែពេញចិត្តរូបសម្រស់ខាងក្រៅរបស់នាងប៉ុណ្ណោះទេ តែបុគ្គលិកលក្ខណៈរបស់នាងធ្វើឲ្យខ្ញុំស្រឡាញ់នាងកាន់តែខ្លាំងថែមទៀត។ នាងតែងតែគិតអំពីអ្នកឯទៀត ហើយចង់ធ្វើឲ្យពួកគេមានអារម្មណ៍ស្រួល។ នាងមានគុណសម្បត្តិដ៏មានតម្លៃជាគ្រិស្តសាសនិក។ នេះធ្វើឲ្យខ្ញុំសប្បាយពេលនៅជាមួយនាង»។
នៅក្នុងពិភពលោកដែលផ្ដោតអារម្មណ៍ទៅលើសម្បកក្រៅ យើងត្រូវតែមើលលើសពីនេះ។ យើងត្រូវតែយល់ថាការមានរូបសម្រស់ដ៏«ល្អឥតខ្ចោះ» គឺពិបាកឬមិនអាចទៅរួចទេ ហើយសម្រស់ក៏មិនស្ថិតស្ថេររហូតដែរ។ ប៉ុន្តែយើងអាចបណ្ដុះឲ្យមានគុណសម្បត្តិផ្សេងៗ ហើយនាំឲ្យយើងមានសម្រស់ដែលស្ថិតស្ថេរនៅខាងក្នុងវិញ។ គម្ពីរចែងថា៖ «រូបឆោមឆាយអាចជាការបោកបញ្ឆោត ហើយសម្រស់មិននៅគង់វង្សរហូតទេ តែស្ត្រីដែលកោតខ្លាចព្រះយេហូវ៉ានឹងទទួលបានការសរសើរ»។ ផ្ទុយទៅវិញ បទគម្ពីរព្រមានថា៖ «ស្ត្រីស្រស់ស្អាតដែលមិនចេះគិតពិចារណា ប្រៀបដូចជាក្រវិលមាសដែលពាក់នៅច្រមុះជ្រូក»។—សុភាសិត ១១:២២; ៣១:៣០
បណ្ដាំរបស់ព្រះជួយយើងឲ្យចេះឲ្យតម្លៃទៅលើសម្រស់នៅខាងក្នុងដោយចែងថា៖ «សម្រស់របស់អ្នករាល់គ្នាជាអ្វីក្នុងចិត្តវិញ ពោលគឺចិត្តស្ងៀមស្ងាត់និងស្លូតបូត ជាអ្វីដែលមានតម្លៃថ្លៃណាស់ចំពោះព្រះ។ សម្រស់បែបនេះគឺមិនអាចខូចទៅបានទេ»។ (ពេត្រុសទី១ ៣:៤) មែនហើយ យើងទាំងអស់គ្នាអាចមានសម្រស់ពីខាងក្នុង ហើយសម្រស់បែបនោះគឺសំខាន់ជាងភាពស្រស់ស្អាតតែសម្បកក្រៅឆ្ងាយណាស់។
ថ្ងៃទី១៧-២៣ ខែវិច្ឆិកា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះបទចម្រៀងសាឡូម៉ូន ៦-៨
ចូរធ្វើជាកំពែងជាជាងទ្វារ
it «បទចម្រៀងសាឡូម៉ូន» វ.១១
បទចម្រៀងសាឡូម៉ូន
មើលទៅ សាឡូម៉ូនអនុញ្ញាតឲ្យក្រមុំក្រុងស៊ូឡាមត្រឡប់ទៅផ្ទះរបស់នាងវិញ។ ពេលឃើញនាងមកដល់ បងប្រុសៗរបស់នាងសួរថា៖ «តើនាងណានោះដែលកំពុងឡើងមកពីតំបន់ស្ងាត់ជ្រងំ ទាំងផ្អែកលើម្ចាស់ស្នេហ៍របស់នាង?»។ (សាឡូ. ៨:៥ក) បងប្រុសៗរបស់ក្រមុំក្រុងស៊ូឡាមមិនគិតថាប្អូនស្រីរបស់ពួកគេមានសេចក្ដីស្រឡាញ់ស្មោះស្ម័គ្រទេ។ ប៉ុន្មានឆ្នាំមុន បងប្រុសម្នាក់របស់នាងបាននិយាយអំពីនាងថា៖ «ពួកយើងមានប្អូនស្រីម្នាក់ ហើយនាងគ្មានដើមទ្រូងទេ។ តើពួកយើងត្រូវធ្វើដូចម្ដេចចំពោះប្អូនស្រីរបស់យើង នៅថ្ងៃដែលមានគេមកស្នើនាងធ្វើជាប្រពន្ធ?»។ (៨:៨) បងប្រុសម្នាក់ទៀតតបថា៖ «បើនាងជាកំពែង យើងនឹងសង់ប៉មប្រាក់ពីលើកំពែងនោះ តែបើនាងជាទ្វារ យើងនឹងយកក្ដារស៊ីដារមកបិទពីលើទ្វារនោះ»។ (៨:៩) ប៉ុន្តែ ក្រមុំក្រុងស៊ូឡាមបានបដិសេធការល្បួងទាំងអស់ ដោយសារនាងស្កប់ចិត្តនឹងចម្ការទំពាំងបាយជូររបស់នាង និងរក្សាភាពស្មោះត្រង់ចំពោះគូស្នេហ៍របស់នាង (៨:៦, ៧, ១១, ១២) ដូច្នេះនាងអាចនិយាយថា៖ «ខ្ញុំជាកំពែង ហើយដើមទ្រូងរបស់ខ្ញុំប្រៀបដូចជាប៉ម។ ដូច្នេះ នៅក្នុងភ្នែករបស់គាត់ ខ្ញុំជាមនុស្សដែលមានចិត្តស្ងប់»។—៨:១០
yp ទំ.១៨៨ វ.២
តើគម្ពីរចែងយ៉ាងណាអំពីការរួមភេទមុនរៀបការ?
ការរក្សាភាពស្អាតស្អំខាងសីលធម៌មិនគ្រាន់តែជួយយុវវ័យឲ្យរួចផុតពីផលវិបាកផ្សេងៗទេ។ គម្ពីរប្រាប់អំពីប្អូនស្រីម្នាក់ដែលរក្សាភាពស្អាតស្អំទោះជាគាត់ស្រឡាញ់សង្សាររបស់គាត់ខ្លាំងយ៉ាងណាក៏ដោយ។ ជាលទ្ធផល នាងអាចនិយាយដោយជឿជាក់ថា៖ «ខ្ញុំជាកំពែង ហើយដើមទ្រូងរបស់ខ្ញុំប្រៀបដូចជាប៉ម»។ នាងមិនមែនជាទ្វារដែលគេអាចបើកបិទយ៉ាងងាយ ក្រោមការបង្ខិតបង្ខំឲ្យធ្វើអំពើអសីលធម៌នោះទេ។ ជំហរខាងសីលធម៌របស់នាងប្រៀបដូចជាកំពែងដែលមានជញ្ជាំងដែលមិនងាយឡើងបាន និងប៉មដែលមិនងាយចូលបាន! នាងសមនឹងមានងារថា«អ្នកបរិសុទ្ធ» ហើយនាងអាចនិយាយអំពីអារម្មណ៍របស់អនាគតប្ដីនាងថា៖ «នៅក្នុងភ្នែករបស់គាត់ ខ្ញុំជាមនុស្សដែលមានចិត្តស្ងប់»។ ដោយសារនាងមានសេចក្ដីសុខសាន្តក្នុងចិត្ត នោះនាំឲ្យពួកគេទាំងពីរនាក់មានចិត្តស្ងប់ដូចគ្នា។—បទចម្រៀងសាឡូម៉ូន ៦:៩, ១០; ៨:៩, ១០
yp2 ទំ.៣៣
គំរូដែលគួរធ្វើតាម ក្រមុំក្រុងស៊ូឡាម
ក្រមុំវ័យក្មេងក្រុងស៊ូឡាមដឹងថានាងត្រូវរក្សាចិត្តគំនិតត្រឹមត្រូវអំពីទំនាក់ទំនងស្នេហា។ នាងបាននិយាយទៅកាន់មិត្តភក្ដិរបស់នាងថា៖ «ខ្ញុំសុំឲ្យពួកនាងស្បថថា៖ ‹ពួកនាងមិនត្រូវជំរុញចិត្តខ្ញុំឲ្យស្រឡាញ់ទេ លុះត្រាតែអារម្មណ៍នោះផុសចេញពីចិត្តរបស់ខ្ញុំ›»។ ក្រមុំក្រុងស៊ូឡាមដឹងថាអារម្មណ៍របស់យើងអាចមានឥទ្ធិពលយ៉ាងងាយមកលើការសម្រេចចិត្តរបស់យើង។ ជាឧទាហរណ៍ នាងដឹងថា អ្នកឯទៀតអាចបង្ខិតបង្ខំនាងឲ្យព្រមទទួលយកបុគ្គលដែលមិនស័ក្ដិសមនឹងនាង។ សូម្បីតែអារម្មណ៍របស់នាងក៏អាចធ្វើឲ្យនាងពិបាកសម្រេចចិត្តត្រឹមត្រូវដែរ។ ដូច្នេះក្រមុំក្រុងស៊ូឡាមអាចប្រដូចខ្លួនទៅនឹង«កំពែង»បាន។—បទចម្រៀងសាឡូម៉ូន ៨:៤, ១០
តើប្អូនមានចិត្តគំនិតចាស់ទុំអំពីរឿងស្នេហាដូចក្រមុំក្រុងស៊ូឡាមឬទេ? តើប្អូននឹងធ្វើតាមគំនិត ឬតាមអារម្មណ៍របស់ប្អូនប៉ុណ្ណោះឬ? (សុភាសិត ២:១០, ១១) ពេលខ្លះអ្នកឯទៀតប្រហែលជាព្យាយាមដាក់សម្ពាធឲ្យប្អូនមានសង្សារមុនពេលប្អូនបានត្រៀមខ្លួន។ ប្អូនផ្ទាល់ក៏ប្រហែលជាដាក់សម្ពាធលើខ្លួនឯងដែរ។ ជាឧទាហរណ៍ ពេលប្អូនឃើញគូសង្សារដើរកាន់ដៃគ្នា តើប្អូនមានអារម្មណ៍ថា ចង់បានសង្សារជាខ្លាំងដូចគេដែរឬទេ? តើប្អូនសុខចិត្តទាក់ទងជាមួយនឹងបុគ្គលដែលគ្មានជំនឿលើគម្ពីរឬទេ? ក្រមុំក្រុងស៊ូឡាមមានចិត្តគំនិតចាស់ទុំក្នុងរឿងស្នេហា។ ប្អូនក៏អាចដូចនាងដែរ!
ថ្ងៃទី២៤-៣០ ខែវិច្ឆិកា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះអេសាយ ១-២
សេចក្ដីសង្ឃឹមសម្រាប់អ្នកដែល«ធ្វើខុសធ្ងន់ធ្ងរច្រើនក្រៃលែង»
ip-1 ទំ.១៤ វ.៨
ឪពុក និងកូនៗដែលបះបោរប្រឆាំងនឹងគាត់
៨ អេសាយបន្តប្រកាសដំណឹងដោយប្រើពាក្យធ្ងន់ៗទៅកាន់ប្រជាជាតិយូដាថា៖ «វេទនាដល់ប្រជាជាតិដែលប្រព្រឹត្តអំពើខុសឆ្គង គឺបណ្ដាជនដែលធ្វើខុសធ្ងន់ធ្ងរច្រើនក្រៃលែង ពួកគេជាមនុស្សទុច្ចរិត និងជាកូនៗដែលខូចអាក្រក់! ពួកគេបានលះចោលព្រះយេហូវ៉ា ពួកគេបានប្រព្រឹត្តទៅលើព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែល ដោយគ្មានការគោរពសោះ។ ពួកគេបានបែរខ្នងដាក់លោក»។ (អេសាយ ១:៤) ទង្វើអាក្រក់អាចកើតមានកាន់តែច្រើនឡើងដែលប្រៀបដូចជាទម្ងន់ដ៏ធ្ងន់សង្កត់លើបុគ្គលម្នាក់។ នៅសម័យអាប្រាហាំព្រះយេហូវ៉ាបានពណ៌នាអំពីក្រុងសូដុមនិងក្រុងកូម៉ូរ៉ាថា អំពើខុសឆ្គងរបស់ពួកគេគឺ«ធ្ងន់ធ្ងរណាស់»។ (ដើមកំណើត ១៨:២០) បណ្ដាជនយូដាក៏មានលក្ខណៈស្រដៀងគ្នាដែរ ព្រោះអេសាយបាននិយាយថា ពួកគេ«ធ្វើខុសធ្ងន់ធ្ងរច្រើនក្រៃលែង»។ បន្ថែមទៅទៀត អេសាយបានហៅពួកគេថា«មនុស្សទុច្ចរិតនិងជាកូនៗដែលខូចអាក្រក់»។ មែនហើយ បណ្ដាជនយូដាប្រៀបដូចជាកូនដែលប្រព្រឹត្តអាក្រក់។ ពួកគេបាន«បែរខ្នងដាក់លោក» ឬសេចក្ដីបកប្រែមួយទៀតបានចែងអំពីខនេះថា ពួកគេបានត្រូវនៅ«ដាច់ឆ្ងាយ»ពីឪពុករបស់ពួកគេ។
ip-1 ទំ.២៨-២៩ វ.១៥-១៧
«យើងនឹងសម្រុះសម្រួលគ្នា»
១៥ ឥឡូវសូរសំឡេងរបស់ព្រះយេហូវ៉ាកាន់តែកក់ក្ដៅនិងពេញទៅដោយសេចក្ដីមេត្តាករុណា។ «ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹សូមមក យើងនឹងសម្រុះសម្រួលគ្នា។ ទោះជាអំពើខុសឆ្គងរបស់អ្នករាល់គ្នាដូចជាពណ៌ក្រហមឆ្អៅក្ដី ក៏នឹងប្រែទៅជាសក្បុសដូចព្រិលបានដែរ។ ទោះជាកំហុសរបស់អ្នកដូចជាក្រណាត់ក្រហមទែងក្ដី ក៏នឹងប្រែទៅជាសដូចរោមចៀមបានដែរ›»។ (អេសាយ ១:១៨) មនុស្សជាច្រើនយល់ច្រឡំអំពីពាក្យផ្ដើមនៃសេចក្ដីអញ្ជើញនេះ។ ជាឧទាហរណ៍ សេចក្ដីបកប្រែមួយទៀតនិយាយថា«យើងនឹងពិភាក្សាគ្នា» នេះប្រៀបដូចជាភាគីទាំងសងខាងត្រូវធ្វើអ្វីមួយដើម្បីស្រុះស្រួលគ្នា។ តែនេះមិនមានន័យដូច្នេះទេ! ព្រះយេហូវ៉ាមិនបានធ្វើខុសចំពោះបណ្ដាជនដែលបះបោរប្រឆាំងនិងដែលមានពុតត្បុតនេះទេ។ (ការបំភ្លឺច្បាប់ ៣២:៤, ៥) ខនេះមិនមែនរៀបរាប់អំពីការពិភាក្សារវាងបុគ្គលដែលមានឋានៈស្មើគ្នាទេ តែរៀបរាប់អំពីស្ថានភាពមួយប្រៀបដូចជានៅតុលាការ ដែលព្រះយេហូវ៉ាគឺជាអ្នកយកបណ្ដាជនអ៊ីស្រាអែលទៅតុលាការដើម្បីវិនិច្ឆ័យ។
១៦ នេះប្រហែលជាធ្វើឲ្យយើងភ័យព្រួយ តែព្រះយេហូវ៉ាគឺជាចៅក្រមដែលប្រកបដោយចិត្តអាណិតអាសូរនិងមេត្តាករុណាបំផុត។ ការអភ័យទោសរបស់ព្រះយេហូវ៉ាគឺប្រៀបផ្ទឹមពុំបានឡើយ។ (ចម្រៀងសរសើរព្រះ ៨៦:៥) មានតែលោកប៉ុណ្ណោះដែលអាចដកយកអំពើខុសឆ្គងរបស់ជនជាតិអ៊ីស្រាអែលដែលប្រៀបដូចជា«ពណ៌ក្រហមឆ្អៅ» ហើយធ្វើឲ្យប្រែទៅជា«សក្បុសដូចព្រិល»។ គ្មានមនុស្ស ការប្រព្រឹត្ត គ្រឿងបូជា ឬសេចក្ដីអធិដ្ឋានណាដែលអាចបំបាត់ស្នាមប្រឡាក់នៃអំពើខុសឆ្គងទេ។ មានតែការអភ័យទោសរបស់ព្រះយេហូវ៉ាប៉ុណ្ណោះដែលអាចជម្រះអំពើខុសឆ្គងបាន។ ព្រះផ្ដល់ការអភ័យទោសបែបនេះដោយផ្អែកទៅលើល័ក្ខខ័ណ្ឌដែលលោកបានកំណត់ ដែលរួមបញ្ចូលការប្រែចិត្តយ៉ាងស្មោះ។
១៧ សេចក្ដីពិតនេះគឺសំខាន់ម្ល៉េះបានជាព្រះយេហូវ៉ាមានប្រសាសន៍ម្ដងទៀតដោយប្រដូចអំពើខុសឆ្គងទៅនឹង«ក្រណាត់ក្រហមទែង»ដែលបានប្រែទៅជាសដូចរោមចៀម។ ព្រះយេហូវ៉ាចង់ឲ្យយើងដឹងថា លោកគឺជាអ្នកដែលអភ័យទោសកំហុសឆ្គងរបស់យើង សូម្បីតែអំពើខុសឆ្គងធ្ងន់ធ្ងរក្ដី ឲ្យតែលោកឃើញថាយើងបានប្រែចិត្តយ៉ាងស្មោះ។ បុគ្គលដែលពិបាកជឿថាព្រះអាចអភ័យទោសកំហុសឆ្គងរបស់ពួកគេគួរនឹកចាំអំពីគំរូរបស់ម៉ាណាសេ។ គាត់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរអស់ជាច្រើនឆ្នាំ តែគាត់ប្រែចិត្ត ហើយព្រះបានអភ័យទោសឲ្យគាត់។ (ប្រវត្តិហេតុទី២ ៣៣:៩-១៦) ព្រះយេហូវ៉ាចង់ឲ្យយើងទាំងអស់គ្នា រួមបញ្ចូលអ្នកដែលបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរដឹងថា យើងនៅតែអាច«សម្រុះសម្រួល»ជាមួយលោកបាន។
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
ip-1 ទំ.៣៩ វ.៩
វិហាររបស់ព្រះយេហូវ៉ាបានត្រូវតាំងឡើង
៩ សព្វថ្ងៃនេះ រាស្ត្ររបស់ព្រះមិនជួបជុំគ្នានៅលើភ្នំដែលមានវិហារធ្វើពីថ្មក្នុងន័យត្រង់ទេ។ វិហាររបស់ព្រះយេហូវ៉ានៅក្រុងយេរូសាឡិមបានត្រូវបំផ្លាញចោលដោយកងទ័ពរ៉ូមនៅឆ្នាំ៧០គ.ស.។ ម្យ៉ាងទៀត សាវ័កប៉ូលបានបញ្ជាក់យ៉ាងច្បាស់ថាវិហារនៅក្រុងយេរូសាឡិមនិងត្រសាលជាតំណាងអ្វីដ៏អស្ចារ្យជាង ពោលគឺ«ត្រសាលដ៏ពិត ជាត្រសាលដែលព្រះយេហូវ៉ាបានដំឡើង មិនមែនមនុស្សទេ»។ (ហេប្រឺ ៨:២) វិហារក្នុងន័យធៀបនេះគឺជារបៀបរៀបចំរបស់ព្រះយេហូវ៉ាសម្រាប់ការគោរពប្រណិប័តន៍ដោយមានមូលដ្ឋានលើគ្រឿងបូជារបស់លោកយេស៊ូ។ (ហេប្រឺ ៩:២-១០, ២៣) ស្របតាមចំណុចនេះ «ភ្នំដែលមានវិហាររបស់ព្រះយេហូវ៉ា» ដែលបានរៀបរាប់នៅអេសាយ ២:២ ជាតំណាងការគោរពប្រណិប័តន៍ពិតរបស់ព្រះយេហូវ៉ាដែលបានត្រូវលើកតម្កើងយ៉ាងខ្ពង់ខ្ពស់នៅសម័យយើង។ អ្នកគោរពប្រណិប័តន៍ពិតមិនជួបជុំគ្នានៅកន្លែងជាក់លាក់តែមួយទេ ហើយពួកគេមានសាមគ្គីភាពក្នុងការគោរពប្រណិប័តន៍វិញ។
ថ្ងៃទី១-៧ ខែធ្នូ
ចំណេះវិសេសពីបណ្ដាំរបស់ព្រះអេសាយ ៣-៥
ព្រះយេហូវ៉ាមានសិទ្ធិតម្រូវឲ្យរាស្ត្ររបស់លោកស្ដាប់បង្គាប់លោក
ip-1 ទំ.៧៣-៧៤ វ.៣-៥
វេទនាហើយ! ចម្ការទំពាំងបាយជូរដែលមិនបង្កើតផលល្អ!
៣ យើងមិនដឹងប្រាកដថាអេសាយពិតជាបានច្រៀងចម្រៀងអំពីឧទាហរណ៍នោះទៅកាន់បណ្ដាជនឬអត់ទេ តែនេះបានទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេ។ មនុស្សភាគច្រើននៅទីនោះស្គាល់អំពីការដាំដើមទំពាំងបាយជូរ ហើយការរៀបរាប់របស់អេសាយពិតជាស្រួលយល់ និងរស់រវើក។ ដូចអ្នកធ្វើចម្ការទំពាំងបាយជូរនៅសព្វថ្ងៃនេះដែរ ម្ចាស់ចម្ការទំពាំងបាយនៅសម័យនោះមិនយកគ្រាប់ទំពាំងបាយជូរទៅដាំនោះទេ តែគាត់យក«ទំពាំងបាយជូរល្អ ពូជក្រហម» ឬពន្លកដែលដុះចេញពីដើមទំពាំងបាយជូរឯទៀតមកដាំវិញ។ ដូច្នេះ គឺសមត្រឹមត្រូវដែលគាត់ដាំចម្ការទំពាំងបាយជូររបស់គាត់នៅ«ជើងភ្នំដែលមានជីជាតិ» ជាកន្លែងដែលដើមទំពាំងបាយជូរអាចលូតលាស់ល្អ។
៤ ម្ចាស់ចម្ការទំពាំងបាយជូរត្រូវធ្វើការយ៉ាងនឿយហត់ដើម្បីឲ្យចម្ការរបស់គាត់បង្កើតផលបានល្អ។ អេសាយបានរៀបរាប់ថា គាត់ត្រូវ«កាប់គាស់ដី ហើយប្រមូលយកថ្មចេញ» ដែលជាកិច្ចការដ៏ពិបាកណាស់! គាត់ទំនងជាប្រើថ្មធំៗ ដើម្បី«សង់ប៉ម»មួយ។ នៅសម័យនោះ មានអ្នកយាមនៅលើប៉មនោះដើម្បីការពារចម្ការទំពាំងបាយជូរពីចោរ និងសត្វព្រៃ។ បន្ថែមទៅទៀត គាត់ក៏ត្រូវសង់របងថ្មដើម្បីធ្វើរងដែរ។ (អេសាយ ៥:៥) នៅសម័យនោះ គេធ្វើរបងថ្មដើម្បីទប់ដីស្រទាប់លើកុំឲ្យបាក់ ឬហូរទៅតាមទឹក។
៥ ក្រោយពីម្ចាស់ចម្ការបានធ្វើការយ៉ាងនឿយហត់ដើម្បីការពារចម្ការ គាត់រំពឹងថាចម្ការនោះនឹងបង្កើតផលជាបរិបូរ។ ដោយគិតដូច្នេះ គាត់ក៏បានធ្វើកន្លែងជាន់ផ្លែទំពាំងបាយជូរមួយដែរ។ ប៉ុន្តែ តើគាត់បានទទួលលទ្ធផលដូចអ្វីដែលគាត់សង្ឃឹមឬទេ? អត់ទេ ផ្ទុយទៅវិញ ចម្ការនោះបែរជាបង្កើតផ្លែទំពាំងបាយជូរព្រៃទៅវិញ។
ip-1 ទំ.៧៦ វ.៨-៩
វេទនាហើយ! ចម្ការទំពាំងបាយជូរដែលមិនបង្កើតផលល្អ!
៨ អេសាយហៅព្រះយេហូវ៉ាដែលជាម្ចាស់ចម្ការទំពាំងបាយជូរថាជា«អ្នកជាទីស្រឡាញ់របស់ខ្ញុំ»។ (អេសាយ ៥:១) អេសាយអាចនិយាយអំពីព្រះដោយជិតស្និទ្ធដូច្នេះបាន ដោយសារគាត់មានចំណងមិត្តភាពជិតស្និទ្ធជាមួយលោក។ (សូមពិនិត្យបន្ថែម យ៉ូប ២៩:៤; ចម្រៀងសរសើរព្រះ ២៥:១៤) ប៉ុន្តែសេចក្ដីស្រឡាញ់របស់អ្នកប្រកាសទំនាយម្នាក់នេះចំពោះព្រះគឺមិនស្មើនឹងសេចក្ដីស្រឡាញ់ដែលព្រះបានបង្ហាញចំពោះ«ចម្ការទំពាំងបាយជូរ»ដែលលោកបានដាំ ពោលគឺប្រជាជាតិអ៊ីស្រាអែលឡើយ។—ដំណើរចាកចេញ ១៥:១៧; ចម្រៀងសរសើរព្រះ ៨០:៨, ៩
៩ ព្រះយេហូវ៉ាប្រៀបដូចជាបាន«ដាំ»ប្រជាជាតិរបស់លោកនៅលើទឹកដីស្រុកកាណាន ហើយបានឲ្យច្បាប់និងបញ្ញត្តិផ្សេងៗដល់ពួកគេ ដែលប្រៀបដូចជារបងដើម្បីការពារពួកគេពីប្រជាជាតិឯទៀតដែលទុច្ចរិត។ (ដំណើរចាកចេញ ១៩:៥, ៦; ចម្រៀងសរសើរព្រះ ១៤៧:១៩, ២០; អេភេសូរ ២:១៤) បន្ថែមទៅទៀត លោកបានឲ្យអ្នកសម្រេចក្ដី ពួកសង្ឃ និងអ្នកប្រកាសទំនាយដើម្បីណែនាំពួកគេ។ (បណ្ដាស្ដេចទី២ ១៧:១៣; ម៉ាឡាគី ២:៧; សកម្មភាព ១៣:២០) ពេលប្រជាជាតិឯទៀតចង់ច្បាំងនឹងពួកអ៊ីស្រាអែល ព្រះយេហូវ៉ាបានផ្ដល់អ្នកសង្គ្រោះ។ (ហេប្រឺ ១១:៣២, ៣៣) ហេតុនេះហើយ ព្រះយេហូវ៉ាបានសួរថា៖ «ខ្ញុំបានខំអស់ពីសមត្ថភាពហើយ តើខ្ញុំគួរធ្វើអ្វីទៀតទៅ?»។
w០៦ ១៥/៦ ទំ.១៨ វ.១
«សូមលោកមេត្តាថែរក្សាវល្លិទំពាំងបាយជូរនេះផង!»
អេសាយបានប្រៀបប្រដូច«ពូជពង្សអ៊ីស្រាអែល»ទៅនឹងចម្ការទំពាំងបាយជូរ ដែលយូរៗទៅបង្កើត«ផ្លែទំពាំងបាយជូរព្រៃ» ឬផ្លែទំពាំងបាយជូរស្អុយ។ (អេសាយ ៥:២, ៧) ផ្លែទំពាំងបាយជូរព្រៃគឺតូចជាងផ្លែទំពាំងបាយជូរធម្មតា វាមានគ្រាប់ធំហើយមិនសូវមានសាច់ទេ។ ផ្លែទំពាំងបាយជូរព្រៃគ្មានប្រយោជន៍ទេ ដោយសារគេមិនអាចយកវាមកញ៉ាំ ឬធ្វើស្រាទំពាំងបាយជូរបានឡើយ។ ដូច្នេះ នេះគឺជាឧទាហរណ៍ល្អដែលតំណាងឲ្យជនជាតិអ៊ីស្រាអែលដែលបង្កើតផលអាក្រក់ ដោយបំពានច្បាប់របស់ព្រះជាជាងប្រព្រឹត្តដោយសុចរិត។ នេះមិនមែនជាកំហុសរបស់ម្ចាស់ចម្ការទេ។ ព្រះយេហូវ៉ាបានធ្វើអ្វីទាំងអស់ដែលលោកអាចធ្វើបានដើម្បីឲ្យប្រជាជាតិនេះបង្កើតផលល្អ ហើយលោកសួរថា៖ «ខ្ញុំបានខំអស់ពីសមត្ថភាពហើយ តើខ្ញុំគួរធ្វើអ្វីទៀតទៅ?»។—អេសាយ ៥:៤
w០៦ ១៥/៦ ទំ.១៨ វ.២
«សូមលោកមេត្តាថែរក្សាវល្លិទំពាំងបាយជូរនេះផង!»
ដោយសារវល្លិទំពាំងបាយជូររបស់អ៊ីស្រាអែលមិនបានបង្កើតផល នោះព្រះយេហូវ៉ាព្រមានពួកគេថាលោកនឹងកម្ទេចចោលរបងការពារដែលនៅជុំវិញពួកគេ។ លោកនឹងលែងកាត់មែក ឬជ្រោយដីនៅជុំវិញដើមទំពាំងបាយជូរនេះទៀតហើយ។ លោកក៏នឹងមិនឲ្យភ្លៀងធ្លាក់ទៅលើចម្ការទៀតដែរ ហើយទុកឲ្យគុម្ពបន្លានិងស្មៅចង្រៃដុះពេញចម្ការនោះ។—អេសាយ ៥:៥, ៦
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
ip-1 ទំ.៨០ វ.១៨-១៩
វេទនាហើយ! ចម្ការទំពាំងបាយជូរដែលមិនបង្កើតផលល្អ!
១៨ នៅអ៊ីស្រាអែលសម័យបុរាណ ស្រុកទាំងអស់ជារបស់ព្រះយេហូវ៉ា។ ក្រុមគ្រួសារនីមួយៗបានទទួលដីជាមត៌កពីព្រះ ហើយពួកគេអាចជួល ឬបញ្ចាំដីនោះបាន ប៉ុន្តែមិនអាចលក់«ដាច់រហូត»ទេ។ (ច្បាប់លេវី ២៥:២៣) ច្បាប់នោះជួយការពារមិនឲ្យដីទាំងអស់ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់បុគ្គលតែម្នាក់។ នេះក៏ជួយការពារមិនឲ្យក្រុមគ្រួសារធ្លាក់ខ្លួនក្រខ្លាំងពេករហូតដល់លែងមានអ្វីទាំងអស់ដែរ។ ប៉ុន្តែ អ្នកខ្លះនៅស្រុកយូដាបានបំពានច្បាប់របស់ព្រះស្ដីអំពីរឿងនេះដោយសារចិត្តលោភលន់របស់ពួកគេ។ មីកាបានសរសេរថា៖ «ពួកគេចង់បានស្រែចម្ការអ្នកឯទៀត ហើយចាប់យកស្រែចម្ការទាំងនោះ។ ពួកគេថែមទាំងចង់បានផ្ទះសម្បែងអ្នកឯទៀត ហើយក៏រឹបអូសយក។ ពួកគេយកផ្ទះនិងមត៌ករបស់អ្នកដទៃ ដោយការបោកប្រាស់»។ (មីកា ២:២) ប៉ុន្តែសុភាសិត ២០:២១ បានព្រមានថា៖ «អ្នកដែលបានទ្រព្យដោយការលោភលន់ នៅទីបំផុត គាត់នឹងមិនបានពរពីព្រះទេ»។
១៩ ព្រះយេហូវ៉ាសន្យាថាលោកនឹងរឹបអូសទ្រព្យសម្បត្តិទាំងអស់ដែលមនុស្សលោភលន់ទាំងនេះបានទទួលពីការប្រព្រឹត្តមិនទៀងត្រង់របស់ពួកគេ។ ផ្ទះសម្បែងដែលពួកគេបានជំរិតយកពីគេ«នឹងគ្មានអ្នកណានៅទេ»។ ដីដែលពួកគេបានយកនឹងបង្កើតផលបានតែបន្តិចប៉ុណ្ណោះបើប្រៀបធៀបនឹងពីមុន។ យើងមិនដឹងថាបណ្ដាសានេះបានកើតឡើងនៅពេលណា និងតាមរបៀបណានោះទេ។ ផ្នែកខ្លះនៃបណ្ដាសានេះប្រហែលជាកើតឡើងក្រោយពីពួកគេបានត្រូវនិរទេសទៅក្រុងបាប៊ីឡូន។—អេសាយ ២៧:១០
ថ្ងៃទី៨-១៤ ខែធ្នូ
ចំណេះវិសេសពីបណ្ដាំរបស់ព្រះអេសាយ ៦-៨
«ខ្ញុំនៅទីនេះហើយ! សូមចាត់ខ្ញុំ!»
ip-1 ទំ.៩៣-៩៤ វ.១៣-១៤
ព្រះយេហូវ៉ានៅក្នុងវិហារបរិសុទ្ធរបស់លោក
១៣ អេសាយបានរៀបរាប់ថា៖ «ខ្ញុំបានឮសំឡេងរបស់ព្រះយេហូវ៉ាថា៖ ‹តើខ្ញុំនឹងចាត់អ្នកណាឲ្យទៅ? តើអ្នកណានឹងទៅឲ្យយើង?›។ ខណៈនោះ ខ្ញុំក៏ឆ្លើយថា៖ ‹ខ្ញុំនៅទីនេះហើយ! សូមចាត់ខ្ញុំ!›»។ (អេសាយ ៦:៨) សំណួរដែលព្រះយេហូវ៉ាបានសួរគឺដើម្បីឲ្យអេសាយតបឆ្លើយនឹងលោក ព្រោះគ្មានអ្នកប្រកាសទំនាយណាទៀតនៅក្នុងការបើកបង្ហាញនេះទេ។ ព្រះយេហូវ៉ាបានអញ្ជើញអេសាយឲ្យធ្វើជាអ្នកនាំពាក្យរបស់លោក។ ប៉ុន្តែហេតុអ្វីព្រះយេហូវ៉ាសួរថា៖ «តើអ្នកណានឹងទៅឲ្យយើង?»។ ដោយដូរពាក្យសព្វនាមពី«ខ្ញុំ»ទៅ«យើង» ព្រះយេហូវ៉ាបានរួមបញ្ចូលបុគ្គលម្នាក់ទៀត។ តើបុគ្គលនោះជាអ្នកណា? គឺបុត្រតែមួយគត់ដែលលោកបានបង្កើតដោយផ្ទាល់ ដែលក្រោយមកត្រូវគេស្គាល់ថាលោកយេស៊ូគ្រិស្ត។ ដូចគ្នាដែរ ពេលព្រះមានប្រសាសន៍ថា៖ «ចូរយើងធ្វើមនុស្សឲ្យមានភាពដូចយើង» នោះលោកក៏រួមបញ្ចូលបុត្ររបស់លោកដែរ។ (ដើមកំណើត ១:២៦; សុភាសិត ៨:៣០, ៣១) ពិតមែន ព្រះយេហូវ៉ានៅស្ថានសួគ៌ជាមួយបុត្រតែមួយគត់ដែលលោកបានបង្កើតដោយផ្ទាល់។—យ៉ូហាន ១:១៤
១៤ អេសាយតបឆ្លើយដោយមិនបង្អែបង្អង់! មិនថាគាត់ត្រូវប្រកាសដំណឹងអ្វីក៏ដោយ គាត់តបឆ្លើយភ្លាមៗថា៖ «ខ្ញុំនៅទីនេះហើយ! សូមចាត់ខ្ញុំ!»។ គាត់ក៏មិនបានសួរព្រះថាគាត់អាចទទួលប្រយោជន៍អ្វីពីការបំពេញភារកិច្ចនេះដែរ។ អេសាយស្ម័គ្រចិត្តទទួលភារកិច្ចពីព្រះ ហើយគាត់ជាគំរូល្អសម្រាប់អ្នកបម្រើរបស់លោកទាំងអស់នៅសព្វថ្ងៃនេះ ដែលមានភារកិច្ចប្រកាស‹ដំណឹងល្អអំពីរាជាណាចក្រនៅគ្រប់ទីអាស្រ័យនៅផែនដី›។ (ម៉ាថាយ ២៤:១៤) ដូចអេសាយ ពួកគេបំពេញភារកិច្ចរបស់ពួកគេយ៉ាងស្មោះត្រង់ ហើយបានផ្សព្វផ្សាយដំណឹងល្អ«ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ» ទោះជាមនុស្សជាច្រើនមិនចាប់អារម្មណ៍ក៏ដោយ។ ដូចអេសាយ ពួកគេបន្តបំពេញកិច្ចការនេះដោយមានទំនុកចិត្ត ព្រោះពួកគេដឹងថាព្រះយេហូវ៉ាជាអ្នកដែលផ្ដល់ភារកិច្ចនេះដល់ពួកគេ។
ip-1 ទំ.៩៥ វ.១៥-១៦
ព្រះយេហូវ៉ានៅក្នុងវិហារបរិសុទ្ធរបស់លោក
១៥ ព្រះយេហូវ៉ាបានប្រាប់អ្វីដែលអេសាយត្រូវនិយាយ និងប្រតិកម្មរបស់បណ្ដាជនថា៖ «ចូរទៅប្រាប់ប្រជារាស្ត្រនេះថា៖ ‹អ្នករាល់គ្នានឹងឮហើយឮទៀត តែមិនយល់ទេ។ អ្នករាល់គ្នានឹងមើលហើយមើលទៀត តែមិនដឹងអ្វីសោះ›។ ចូរធ្វើឲ្យចិត្តរបស់បណ្ដាជននេះទៅជាស្ពឹក និងធ្វើឲ្យត្រចៀករបស់ពួកគេធ្ងន់ ហើយបិទភ្នែកពួកគេទៅ ដើម្បីកុំឲ្យភ្នែកពួកគេអាចមើលឃើញ ឬត្រចៀកពួកគេស្ដាប់ឮឡើយ ហើយដើម្បីកុំឲ្យចិត្តរបស់ពួកគេយល់ រួចបែរមកវិញ ហើយបានជាសះស្បើយ»។ (អេសាយ ៦:៩, ១០) តើនេះមានន័យថាអេសាយត្រូវនិយាយខ្លាំងៗ ហើយធ្វើឲ្យជនជាតិយូដាទើសចិត្ត និងបែរមកប្រឆាំងនឹងព្រះយេហូវ៉ាឬ? មិនមែនទេ! ពួកគេជាជនរួមជាតិរបស់អេសាយដែលគាត់ស្រឡាញ់។ ប៉ុន្តែព្រះយេហូវ៉ាប្រាប់អំពីប្រតិកម្មរបស់ជនជាតិយូដាចំពោះដំណឹងដែលអេសាយនឹងប្រកាស មិនថាគាត់បំពេញភារកិច្ចរបស់គាត់បានល្អយ៉ាងណាក៏ដោយ។
១៦ កំហុសគឺមកពីបណ្ដាជន។ អេសាយនឹងនិយាយប្រាប់ពួកគេ‹ម្ដងហើយម្ដងទៀត› តែពួកគេនឹងមិនព្រមទទួលយកដំណឹងឬការយល់ដឹងឡើយ។ មនុស្សភាគច្រើននឹងរឹងចចេស ហើយមិនអើពើទេ ពួកគេប្រៀបដូចជាមនុស្សងងឹតភ្នែកនិងថ្លង់។ ដោយទៅជួបពួកគេម្ដងហើយម្ដងទៀត អេសាយនឹងឲ្យ«ប្រជារាស្ត្រនេះ»បង្ហាញថាពួកគេមិនចង់យល់ទេ។ ពួកគេនឹងមិនស្ដាប់ដំណឹងដែលអេសាយប្រកាស ដែលជាដំណឹងពីព្រះទេ ហាក់ដូចជាពួកគេបានបិទចិត្តគំនិតរបស់ពួកគេ។ មនុស្សនៅសព្វថ្ងៃនេះក៏ធ្វើដូច្នេះដែរ! មនុស្សជាច្រើនមិនព្រមស្ដាប់សាក្សីព្រះយេហូវ៉ាកាលដែលពួកគេផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះដែលនឹងមកដល់នៅពេលឆាប់ៗនេះទេ។
ip-1 ទំ.៩៩ វ.២៣
ព្រះយេហូវ៉ានៅក្នុងវិហារបរិសុទ្ធរបស់លោក
២៣ លោកយេស៊ូបានដកស្រង់ពាក្យរបស់អេសាយ ហើយបង្ហាញថាទំនាយនេះក៏សម្រេចនៅសម័យរបស់លោកដែរ។ បណ្ដាជនទូទៅក៏មានចិត្តគំនិតដូចមនុស្សនៅសម័យអេសាយដែរ។ ពួកគេធ្វើដូចជាមនុស្សងងឹតភ្នែកនិងថ្លង់ចំពោះដំណឹងរបស់លោក ហេតុនេះហើយពួកគេក៏ជួបអន្តរាយដែរ។ (ម៉ាថាយ ២៣:៣៥-៣៨; ២៤:១, ២) នេះបានកើតឡើងពេលកងទ័ពរ៉ូមដឹកនាំដោយឧត្ដមសេនីយ៍ទីតុស មកច្បាំងនឹងក្រុងយេរូសាឡិមនៅឆ្នាំ៧០គ.ស. ហើយបំផ្លាញទីក្រុងនិងវិហារចោល។ ប៉ុន្តែ បណ្ដាជនខ្លះបានស្ដាប់លោកយេស៊ូ ហើយក្លាយទៅជាអ្នកកាន់តាមលោក។ លោកយេស៊ូបានប្រកាសថាពួកគេជាអ្នកដែលមាន«សុភមង្គល»។ (ម៉ាថាយ ១៣:១៦-២៣, ៥១) លោកបានប្រាប់ពួកគេថាពេលពួកគេឃើញ«កងទ័ពបោះជំរំជុំវិញក្រុងយេរូសាឡិម» នោះពួកគេត្រូវ«រត់ទៅតំបន់ភ្នំ»។ (លូកា ២១:២០-២២) ដូច្នេះ«ពន្លកបរិសុទ្ធ»ដែលបានបង្ហាញជំនឿ បានទៅជា«អ៊ីស្រាអែលនៃព្រះ»ដែលជាប្រជាជាតិក្នុងន័យធៀប ពួកគេបានត្រូវសង្គ្រោះ។—កាឡាទី ៦:១៦
ថ្ងៃទី១៥-២១ ខែធ្នូ
ចំណេះវិសេសពីបណ្ដាំរបស់ព្រះអេសាយ ៩-១០
ទំនាយអំពី«ពន្លឺចិញ្ចាចចិញ្ចែង»
ip-1 ទំ.១២៥-១២៦ វ.១៦-១៧
សេចក្ដីសន្យាអំពីម្ចាស់នៃសេចក្ដីសុខសាន្ត
១៦ គ្រា«ក្រោយមក»ដែលអេសាយបានប្រាប់ទុកជាមុនគឺសំដៅទៅលើកិច្ចបម្រើផ្សាយរបស់គ្រិស្តនៅផែនដី។ លោកយេស៊ូបានចំណាយពេលភាគច្រើននៅស្រុកកាលីឡេ។ លោកបានចាប់ផ្ដើមកិច្ចបម្រើផ្សាយរបស់លោកនៅស្រុកនោះ ហើយបានប្រកាសថា៖ «រាជាណាចក្រស្ថានសួគ៌គឺជិតដល់ហើយ»។ (ម៉ាថាយ ៤:១៧) នៅស្រុកកាលីឡេ លោកបានថ្លែងសុន្ទរកថានៅលើភ្នំ ជ្រើសរើសសាវ័ករបស់លោក ធ្វើអព្ភូតហេតុដំបូង និងបានបង្ហាញខ្លួនឲ្យអ្នកកាន់តាម៥០០នាក់ឃើញ ក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ។ (ម៉ាថាយ ៥:១–៧:២៧; ២៨:១៦-២០; ម៉ាកុស ៣:១៣, ១៤; យ៉ូហាន ២:៨-១១; កូរិនថូសទី១ ១៥:៦) តាមរបៀបនេះ លោកយេស៊ូបានសម្រេចទំនាយរបស់អេសាយដោយលើកតម្កើង«ទឹកដីសេប៊ូឡូននិងទឹកដីណែបថាលី»។ លោកមិនគ្រាន់តែផ្សព្វផ្សាយដល់បណ្ដាជននៅស្រុកកាលីឡេប៉ុណ្ណោះទេ តែលោកក៏បានផ្សព្វផ្សាយដំណឹងល្អនៅទូទាំងប្រទេសដែរ។ ដោយធ្វើដូច្នេះ លោកយេស៊ូក៏បាន«លើកតម្កើង»ប្រជាជាតិអ៊ីស្រាអែលទាំងមូល រួមបញ្ចូលជនជាតិយូដាដែរ។
១៧ ពេលម៉ាថាយបានលើកឡើងអំពី«ពន្លឺចិញ្ចាចចិញ្ចែង»នៅស្រុកកាលីឡេ តើគាត់ចង់មានន័យយ៉ាងណា? ពាក្យនេះក៏បានដកស្រង់ពីទំនាយរបស់អេសាយដែរ។ អេសាយសរសេរថា៖ «ពួកអ្នកដែលដើរក្នុងទីងងឹត បានឃើញពន្លឺចិញ្ចាចចិញ្ចែង។ ឯពួកអ្នកដែលរស់នៅក្នុងស្រុកដែលមានភាពងងឹតសូន្យសុង ពន្លឺបានចាំងទៅលើពួកគេ»។ (អេសាយ ៩:២) មកដល់សតវត្សរ៍ទី១គ.ស. ពន្លឺនៃសេចក្ដីពិតបានត្រូវគ្របបាំងដោយសាសនាមិនពិត។ អ្នកដឹកនាំសាសនាយូដាបានធ្វើឲ្យមានបញ្ហាកាន់តែច្រើន ដោយកាន់តាមទំនៀមទម្លាប់សាសនារបស់ពួកគេ ហើយនេះបាន«ធ្វើឲ្យបណ្ដាំរបស់ព្រះទៅជាអសារឥតការ»។ (ម៉ាថាយ ១៥:៦) អស់អ្នកដែលមានចិត្តរាបទាបបានត្រូវគាបសង្កត់ និងធ្វើឲ្យភាន់ច្រឡំដោយធ្វើតាម«ពួកអ្នកដឹកនាំដែលងងឹតភ្នែក»។ (ម៉ាថាយ ២៣:២-៤, ១៦) ពេលលោកយេស៊ូដែលជាមេស្ស៊ីបានលេចមក ភ្នែករបស់មនុស្សដែលមានចិត្តរាបទាបជាច្រើនបានបំភ្លឺក្នុងន័យធៀប។ (យ៉ូហាន ១:៩, ១២) ភារកិច្ចរបស់លោកយេស៊ូនៅផែនដី និងពរជាច្រើនដែលមកពីគ្រឿងបូជារបស់លោកត្រូវបានរៀបរាប់នៅក្នុងទំនាយរបស់អេសាយថាជា«ពន្លឺចិញ្ចាចចិញ្ចែង»។—យ៉ូហាន ៨:១២
ip-1 ទំ.១២៦-១២៨ វ.១៨-១៩
សេចក្ដីសន្យាអំពីម្ចាស់នៃសេចក្ដីសុខសាន្ត
១៨ អស់អ្នកដែលបានទទួលយកពន្លឺមានមូលហេតុជាច្រើនដែលនាំឲ្យពួកគេមានអំណរ។ អេសាយបាននិយាយបន្ថែមទៀតថា៖ «លោកបានធ្វើឲ្យប្រជាជាតិនេះមានចំនួនច្រើន លោកបានធ្វើឲ្យពួកគេមានអំណរក្រៃលែង។ ពួកគេសប្បាយរីករាយនៅចំពោះលោក ដូចជាអរសប្បាយនៅរដូវប្រមូលផល ដូចជាត្រេកអរនៅពេលចែកជ័យភណ្ឌ»។ (អេសាយ ៩:៣) ដោយសារកិច្ចបម្រើផ្សាយរបស់លោកយេស៊ូនិងអ្នកកាន់តាមលោក អស់អ្នកដែលមានចិត្តស្មោះបានបង្ហាញថាពួកគេចង់គោរពប្រណិប័តន៍ព្រះយេហូវ៉ា ដោយមានការដឹកនាំពីឫទ្ធានុភាពនិងដោយសេចក្ដីពិត។ (យ៉ូហាន ៤:២៤) ក្នុងរយៈពេលតិចជាងបួនឆ្នាំប៉ុណ្ណោះ មានមនុស្សជាច្រើនបានក្លាយទៅជាគ្រិស្តសាសនិក។ នៅថ្ងៃបុណ្យទី៥០ ឆ្នាំ៣៣គ.ស. មានមនុស្ស៣.០០០នាក់បានទទួលការជ្រមុជទឹក។ មិនយូរក្រោយមក«ចំនួនបុរសបានកើនឡើងប្រហែល៥.០០០នាក់»។ (សកម្មភាព ២:៤១; ៤:៤) កាលដែលអ្នកកាន់តាមបានផ្សព្វផ្សាយយ៉ាងខ្នះខ្នែងអំពីពន្លឺនោះ«ចំនួនអ្នកកាន់តាមនៅក្រុងយេរូសាឡិមកើនឡើងច្រើនក្រៃលែង ហើយសង្ឃមួយក្រុមធំក៏បានទៅជាអ្នកជឿដែរ»។—សកម្មភាព ៦:៧
១៩ ដូចកសិករអរសប្បាយដោយសារប្រមូលផលបានយ៉ាងបរិបូរ ឬទាហានដែលត្រេកអរដោយសារចែកជ័យភណ្ឌបានយ៉ាងច្រើនក្រោយឈ្នះសង្គ្រាម នោះអ្នកកាន់តាមលោកយេស៊ូក៏មានអំណរក្រៃលែងដោយសារការរីកចម្រើនដែរ។ (សកម្មភាព ២:៤៦, ៤៧) មិនយូរក្រោយមកព្រះយេហូវ៉ាបានអនុញ្ញាតឲ្យពន្លឺភ្លឺដល់ប្រជាជាតិនានា។ (សកម្មភាព ១៤:២៧) ដូច្នេះ មនុស្សពីគ្រប់ជាតិសាសន៍ត្រេកអរដោយសារពួកគេអាចមានឱកាសចូលទៅជិតព្រះយេហូវ៉ា។—សកម្មភាព ១៣:៤៨
ip-1 ទំ.១២៨-១២៩ វ.២០-២១
សេចក្ដីសន្យាអំពីម្ចាស់នៃសេចក្ដីសុខសាន្ត
២០ ឥទ្ធិពលនៃកិច្ចការរបស់មេស្ស៊ីគឺស្ថិតស្ថេរជារៀងរហូតដូចយើងឃើញក្នុងអ្វីដែលអេសាយបាននិយាយបន្ទាប់ថា៖ «លោកបានបំបាក់នឹមដ៏ធ្ងន់របស់ពួកគេឲ្យខ្ទេចខ្ទី ព្រមទាំងបំបាក់ដងរែកនៅលើស្មាពួកគេ និងកម្ទេចដំបងរបស់ពួកអ្នក ដែលត្រួតត្រាពួកគេដូចនៅគ្រាម៉ាឌានដែរ»។ (អេសាយ ៩:៤) អស់ជាច្រើនសតវត្សរ៍មុនសម័យអេសាយ ជនជាតិម៉ាឌានបានរួមដៃជាមួយជនជាតិម៉ូអាប់ដើម្បីនាំឲ្យជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើខុសឆ្គង។ (ជំរឿនបណ្ដាជន ២៥:១-៩, ១៤-១៨; ៣១:១៥, ១៦) ក្រោយមក ពួកម៉ាឌានបានធ្វើបាបជនជាតិអ៊ីស្រាអែលដោយវាយលុកហើយបំផ្លិចបំផ្លាញភូមិនិងផលដំណាំរបស់ពួកគេអស់រយៈពេល៧ឆ្នាំ។ (អ្នកសម្រេចក្ដី ៦:១-៦) ប៉ុន្តែព្រះយេហូវ៉ាបានបំបាក់ទ័ពម៉ាឌានដោយប្រើគេឌាន។ ក្រោយ«គ្រាម៉ាឌាន» គ្មានភស្តុតាងណាដែលបង្ហាញថារាស្ត្ររបស់ព្រះយេហូវ៉ាបានរងទុក្ខម្ដងទៀតក្នុងកណ្ដាប់ដៃរបស់ពួកម៉ាឌានឡើយ។ (អ្នកសម្រេចក្ដី ៦:៧-១៦; ៨:២៨) នៅថ្ងៃអនាគត លោកយេស៊ូគ្រិស្តដែលជាគេឌានដ៏ឧត្តម នឹងបំផ្លាញចោលសត្រូវទាំងអស់របស់រាស្ត្រព្រះយេហូវ៉ា។ (ការបើកបង្ហាញ ១៧:១៤; ១៩:១១-២១) ក្រោយមក «ដូចនៅគ្រាម៉ាឌានដែរ» រាស្ត្រព្រះនឹងបានទទួលជ័យជម្នះ មិនមែនដោយកម្លាំងរបស់មនុស្សទេ តែដោយកម្លាំងព្រះយេហូវ៉ា។ (អ្នកសម្រេចក្ដី ៧:២-២២) រាស្ត្ររបស់ព្រះនឹងលែងរងទុក្ខក្រោមការគាបសង្កត់របស់ពួកគេទៀតហើយ!
២១ ព្រះបង្ហាញឫទ្ធានុភាពរបស់លោកមិនមែនដើម្បីលើកតម្កើងសង្គ្រាមនោះទេ។ លោកយេស៊ូដែលបានប្រោសឲ្យរស់ឡើងវិញគឺជាម្ចាស់នៃសេចក្ដីសុខសាន្ត ដូច្នេះដោយបំផ្លាញចោលសត្រូវរបស់លោក នោះលោកអាចនាំមកនូវសេចក្ដីសុខសាន្តជារៀងរហូត។ អេសាយបាននិយាយអំពីការដុតបំផ្លាញចោលគ្រឿងប្រដាប់អាវុធដោយចែងថា៖ «ស្បែកជើងដែលគេពាក់ដើរហែជាក្បួននាំឲ្យដីញ័រ និងសម្លៀកបំពាក់ទាំងអស់ដែលជោកជាំដោយឈាម នោះនឹងត្រូវដុតបំផ្លាញចោល»។ (អេសាយ ៩:៥) មនុស្សនឹងលែងឮសំឡេងស្បែកជើងដើរហែជាក្បួនដែលធ្វើឲ្យញ័រដីទៀតហើយ។ យើងក៏នឹងលែងឃើញសម្លៀកបំពាក់ទាហានដែលប្រឡាក់ឈាមជោកជាំទៀតដែរ។ សង្គ្រាមនឹងលែងមានទៀត!—ចម្រៀងសរសើរព្រះ ៤៦:៩
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
ip-1 ទំ.១៣០ វ.២៣-២៤
សេចក្ដីសន្យាអំពីម្ចាស់នៃសេចក្ដីសុខសាន្ត
២៣ អ្នកប្រឹក្សាគឺជាអ្នកដែលផ្ដល់ឱវាទ ឬយោបល់។ ពេលលោកយេស៊ូគ្រិស្តនៅផែនដី លោកបានឲ្យឱវាទល្អៗ។ នៅក្នុងគម្ពីរយើងអានថា៖ «បណ្ដាជនបានកោតស្ងើចក្រៃលែងអំពីវិធីបង្រៀនរបស់លោក»។ (ម៉ាថាយ ៧:២៨) លោកមានប្រាជ្ញា និងជាអ្នកព្រឹក្សាដែលចេះយល់អារម្មណ៍ ហើយលោកស្គាល់ច្បាស់អំពីលក្ខណៈរបស់មនុស្ស។ ឱវាទរបស់លោកយេស៊ូមិនគ្រាន់តែដើម្បីស្ដីបន្ទោស ឬដាក់ទោសប៉ុណ្ណោះទេ។ ប៉ុន្តែភាគច្រើន ឱវាទទាំងនោះគឺជាការណែនាំ និងយោបល់ដែលប្រកបដោយសេចក្ដីស្រឡាញ់។ ឱវាទរបស់លោកយេស៊ូគឺអស្ចារ្យព្រោះនោះតែងតែប្រកបដោយប្រាជ្ញា ល្អឥតខ្ចោះ និងគ្មានកំហុស។ ពេលយើងធ្វើតាម នេះជួយយើងឲ្យមាន«ជីវិតដែលគ្មានទីបញ្ចប់»។—យ៉ូហាន ៦:៦៨
២៤ ឱវាទរបស់លោកយេស៊ូគឺមិនគ្រាន់តែមកពីគំនិតល្អឥតខ្ចោះរបស់លោកប៉ុណ្ណោះទេ។ ផ្ទុយទៅវិញលោកមានប្រសាសន៍ថា៖ «អ្វីដែលខ្ញុំបង្រៀន មិនមែនជាសេចក្ដីបង្រៀនរបស់ខ្ញុំទេ តែជាសេចក្ដីបង្រៀនរបស់លោកដែលបានចាត់ខ្ញុំឲ្យមក»។ (យ៉ូហាន ៧:១៦) ដូចសាឡូម៉ូន ព្រះយេហូវ៉ាគឺជាប្រភពនៃប្រាជ្ញារបស់លោកយេស៊ូដែរ។ (បណ្ដាស្ដេចទី១ ៣:៧-១៤; ម៉ាថាយ ១២:៤២) គំរូរបស់លោកយេស៊ូគួរជំរុញចិត្តអ្នកបង្រៀននិងអ្នកឲ្យយោបល់នៅក្នុងក្រុមជំនុំគ្រិស្តសាសនិកឲ្យតែងតែផ្ដល់ការណែនាំដោយផ្អែកលើបណ្ដាំរបស់ព្រះ។—សុភាសិត ២១:៣០
ថ្ងៃទី២២-២៨ ខែធ្នូ
ចំណេះវិសេសពីបណ្ដាំរបស់ព្រះអេសាយ ១១-១៣
តើគម្ពីរចែងយ៉ាងណាអំពីមេស្ស៊ី?
ip-1 ទំ.១៥៩ វ.៤-៥
សេចក្ដីសង្គ្រោះ និងអំណរក្រោមការគ្រប់គ្រងរបស់មេស្ស៊ី
៤ អស់ជាច្រើនសតវត្សរ៍មុនសម័យអេសាយ ពួកអ្នកសរសេរគម្ពីរភាសាហេប្រឺបានប្រាប់ទុកជាមុនអំពីពេលដែលមេស្ស៊ីនឹងមក លោកជាអ្នកដឹកនាំដែលព្រះយេហូវ៉ាបានចាត់ទៅអ៊ីស្រាអែល។ (ដើមកំណើត ៤៩:១០; ការបំភ្លឺច្បាប់ ១៨:១៨; ចម្រៀងសរសើរព្រះ ១១៨:២២, ២៦) តាមរយៈអេសាយ ព្រះយេហូវ៉ាបានប្រាប់ព័ត៌មានបន្ថែម។ អេសាយបានសរសេរថា៖ «មានខ្នែងមួយនឹងដុះចេញពីគល់របស់អ៊ីសាយ ហើយពន្លកមួយដែលលាស់ចេញពីឫសគាត់ នឹងបង្កើតផលផ្លែ»។ (អេសាយ ១១:១; សូមពិនិត្យបន្ថែម ចម្រៀងសរសើរព្រះ ១៣២:១១) «ខ្នែង»និង«ពន្លក»បញ្ជាក់ថាមេស្ស៊ីនឹងមកពីវង្សត្រកូលរបស់ដាវីឌដែលជាកូនរបស់អ៊ីសាយ ហើយដាវីឌបានត្រូវចាក់ប្រេងតែងតាំងជាស្ដេចនៃស្រុកអ៊ីស្រាអែល។ (សាំយូអែលទី១ ១៦:១៣; យេរេមា ២៣:៥; ការបើកបង្ហាញ ២២:១៦) ពេលមេស្ស៊ីមកដល់ «ពន្លក»ពីពូជដាវីឌនឹងបង្កើតផលផ្លែល្អ។
៥ មេស្ស៊ីដែលបានត្រូវសន្យា គឺជាលោកយេស៊ូ។ អ្នកសរសេរសៀវភៅដំណឹងល្អម៉ាថាយបានដកស្រង់ខគម្ពីរនៅអេសាយ ១១:១ ពេលគាត់និយាយថា កាលដែលគេហៅលោកយេស៊ូថាជា«អ្នកក្រុងណាសារ៉ែត»នោះបានសម្រេចទំនាយដែលបានត្រូវប្រកាសតាមរយៈអ្នកប្រកាសទំនាយ។ ដោយសារគាត់បានធំឡើងនៅក្រុងណាសារ៉ែត នោះគេបានហៅគាត់ថាអ្នកក្រុងណាសារ៉ែត ហើយតាមមើលទៅជាភាសាហេប្រឺពាក្យនោះក៏បានប្រើនៅអេសាយ ១១:១ដែលមានន័យថា«ពន្លក»។—ម៉ាថាយ ២:២៣; កំណត់សម្គាល់ លូកា ២:៣៩, ៤០
ip-1 ទំ.១៥៩ វ.៦
សេចក្ដីសង្គ្រោះនិងអំណរក្រោមការគ្រប់គ្រងរបស់មេស្ស៊ី
៦ តើមេស្ស៊ីនឹងជាអ្នកគ្រប់គ្រងបែបណា? តើលោកនឹងដូចជាជនជាតិអាស៊ីរីដ៏សាហាវព្រៃផ្សៃដែលបានបំផ្លាញរាជាណាចក្រខាងជើងនៃអ៊ីស្រាអែលឬ? ច្បាស់ជាមិនដូច្នេះទេ។ ស្ដីអំពីមេស្ស៊ី អេសាយបាននិយាយថា៖ «ឫទ្ធានុភាពរបស់ព្រះយេហូវ៉ានឹងសណ្ឋិតលើគាត់។ ហេតុនេះ គាត់នឹងមានប្រាជ្ញា និងការយល់ដឹងជ្រាលជ្រៅ មានឱវាទល្អ និងមានកម្លាំងខ្លាំងក្លា គាត់មានចំណេះជាច្រើន ហើយគោរពកោតខ្លាចព្រះយេហូវ៉ាជាខ្លាំង។ គាត់នឹងមានអំណរក្នុងការកោតខ្លាចព្រះយេហូវ៉ា»។ (អេសាយ ១១:២, ៣ក) មេស្ស៊ីមិនបានត្រូវតែងតាំងដោយចាក់ប្រេងទេ ប៉ុន្តែបានត្រូវតែងតាំងដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះវិញ។ នេះបានកើតឡើងនៅពេលដែលលោកយេស៊ូជ្រមុជទឹក ហើយពេលនោះយ៉ូហានដែលជាអ្នកជ្រមុជទឹកបានឃើញឫទ្ធានុភាពរបស់ព្រះចុះមកលើលោកយេស៊ូដោយមានរូបរាងដូចជាសត្វព្រាប។ (លូកា ៣:២២) ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាបាន«សណ្ឋិតលើ»លោកយេស៊ូ ហើយលោកយេស៊ូបានផ្ដល់ភស្តុតាងថាលោកពិតជាបានទទួលឫទ្ធានុភាពពីព្រះមែន ពេលដែលលោកប្រព្រឹត្តដោយប្រាជ្ញា ការយល់ដឹងជ្រាលជ្រៅ មានឱវាទល្អ មានកម្លាំងខ្លាំងក្លា និងចំណេះ។ អ្វីទាំងនេះគឺជាគុណសម្បត្តិដ៏ល្អសម្រាប់អ្នកគ្រប់គ្រង!
ip-1 ទំ.១៦០ វ.៨
សេចក្ដីសង្គ្រោះនិងអំណរក្រោមការគ្រប់គ្រងរបស់មេស្ស៊ី
៨ តើមេស្ស៊ីបានបង្ហាញការកោតខ្លាចព្រះយេហូវ៉ាយ៉ាងដូចម្ដេច? លោកយេស៊ូមិនភ័យខ្លាចព្រះ ឬខ្លាចថាលោកដាក់ទោសទេ។ ផ្ទុយទៅវិញ មេស្ស៊ីកោតស្ងើច និងគោរពស្រឡាញ់ព្រះយេហូវ៉ាយ៉ាងជ្រាលជ្រៅ។ បុគ្គលដែលកោតខ្លាចព្រះតែងតែចង់«ធ្វើអ្វីដែលលោកពេញចិត្ត»ដូចលោកយេស៊ូដែរ។ (យ៉ូហាន ៨:២៩) ដោយពាក្យសម្ដីនិងការប្រព្រឹត្ត លោកយេស៊ូបានបង្រៀនថាគ្មានអ្វីនាំឲ្យយើងមានអំណរច្រើនជាងការរស់នៅដោយកោតខ្លាចព្រះជារៀងរាល់ថ្ងៃឡើយ។
ip-1 ទំ.១៦០ វ.៩
សេចក្ដីសង្គ្រោះនិងអំណរក្រោមការគ្រប់គ្រងរបស់មេស្ស៊ី
៩ អេសាយបានប្រាប់បន្ថែមទៀតអំពីបុគ្គលិកលក្ខណៈរបស់មេស្ស៊ីថា៖ «គាត់នឹងមិនវិនិច្ឆ័យតាមអ្វីដែលគាត់មើលឃើញទេ ហើយក៏មិនប្រដៅតម្រង់តាមអ្វីដែលគាត់ស្ដាប់ឮដែរ»។ (អេសាយ ១១:៣ខ) បើអ្នកត្រូវឈរនៅចំពោះមុខចៅក្រមបែបនេះក្នុងតុលាការ អ្នកច្បាស់ជាសប្បាយចិត្តណាស់មែនទេ? ក្នុងនាមជាចៅក្រមរបស់មនុស្សជាតិ មេស្ស៊ីនឹងមិនវិនិច្ឆ័យដោយលម្អៀងព្រោះតែពាក្យសម្ដីបោកបញ្ឆោត ពាក្យចចាមអារ៉ាម ការជជែកវែកញែកដ៏ប៉ិនប្រសប់ ឬវិធីសាស្ត្រផ្សេងទៀតដូចជាទ្រព្យសម្បត្តិឡើយ។ លោកអាចមើលធ្លុះការបោកបញ្ឆោត និងមើលលើសពីសម្រស់ខាងក្រៅ ដើម្បីឃើញធាតុពិតនៅខាង«ក្នុងចិត្តវិញ»។ (ពេត្រុសទី១ ៣:៤) គំរូដ៏ល្អឥតខ្ចោះរបស់លោកយេស៊ូទុកជាលំអានដានសម្រាប់អស់អ្នកដែលត្រូវធ្វើការវិនិច្ឆ័យក្នុងក្រុមជំនុំគ្រិស្តសាសនិក។—កូរិនថូសទី១ ៦:១-៤
ip-1 ទំ.១៦១ វ.១១
សេចក្ដីសង្គ្រោះនិងអំណរក្រោមការគ្រប់គ្រងរបស់មេស្ស៊ី
១១ ពេលពួកអ្នកកាន់តាមត្រូវការការប្រដៅតម្រង់ លោកយេស៊ូកែតម្រង់ពួកគាត់តាមរបៀបដែលពួកគាត់អាចទទួលប្រយោជន៍ច្រើនបំផុត ហើយនោះជាគំរូល្អបំផុតសម្រាប់ពួកអ្នកចាស់ទុំ។ ផ្ទុយទៅវិញ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតនឹងទទួលការដាក់ទោសយ៉ាងធ្ងន់ធ្ងរ។ ពេលព្រះវិនិច្ឆ័យរបៀបរបបពិភពលោកនេះ មេស្ស៊ីនឹង«ប្រហារប្រជាជាតិនានា»ដោយសំឡេងដ៏មានអំណាចរបស់លោក ហើយវិនិច្ឆ័យទោសមនុស្សទុច្ចរិតទាំងអស់ឲ្យវិនាសសាបសូន្យ។ (ចម្រៀងសរសើរព្រះ ២:៩; សូមពិនិត្យបន្ថែម ការបើកបង្ហាញ ១៩:១៥) នៅទីបំផុតនឹងលែងមានមនុស្សអាក្រក់ដែលមករំខានសេចក្ដីសុខសាន្តរបស់មនុស្សជាតិទៀតហើយ។ (ចម្រៀងសរសើរព្រះ ៣៧:១០, ១១) ដោយយកសេចក្ដីសុចរិតនិងសេចក្ដីស្មោះត្រង់មកក្រវាត់ចង្កេះ លោកយេស៊ូមានឫទ្ធានុភាពដើម្បីធ្វើឲ្យរឿងនេះក្លាយជាការពិត។—ចម្រៀងសរសើរព្រះ ៤៥:៣-៧
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
ip-1 ទំ.១៦៥-១៦៦ វ.១៦-១៨
សេចក្ដីសង្គ្រោះនិងអំណរក្រោមការគ្រប់គ្រងរបស់មេស្ស៊ី
១៦ នៅសួនអេដែន ពេលសាថានបានញុះញង់អាដាមនិងអេវ៉ាឲ្យឈប់ស្ដាប់បង្គាប់ព្រះយេហូវ៉ា នោះវាផ្ដើមឲ្យមានការប្រឆាំងនឹងការគោរពប្រណិប័តន៍ពិត។ មកដល់សព្វថ្ងៃនេះ សាថានមិនឈប់ព្យាយាមបំបែរមនុស្សឲ្យបានច្រើនបំផុតចេញពីព្រះទេ។ ប៉ុន្តែ ព្រះយេហូវ៉ានឹងមិនអនុញ្ញាតឲ្យការគោរពប្រណិប័តន៍ពិតសាបសូន្យពីផែនដីឡើយ។ នេះទាក់ទងនឹងនាមរបស់លោក ហើយលោកយកចិត្តទុកដាក់ចំពោះអស់អ្នកដែលបម្រើលោក។ ហេតុនេះហើយ លោកបានធ្វើសេចក្ដីសន្យាដ៏ពិសេសមួយតាមរយៈអេសាយថា៖ «នៅគ្រានោះ ឫសរបស់អ៊ីសាយនឹងក្រោកឈរឡើងជាសញ្ញាសម្គាល់ដល់ប្រជាជាតិនានា។ ប្រជាជាតិទាំងឡាយនឹងទៅរកគាត់ដើម្បីសុំការណែនាំ ហើយកន្លែងសម្រាករបស់គាត់នឹងបានរុងរឿងអស្ចារ្យ»។ (អេសាយ ១១:១០) នៅឆ្នាំ៥៣៧មុនគ.ស. យេរូសាឡិមជាក្រុងដែលដាវីឌយកធ្វើជារាជធានីនៃអ៊ីស្រាអែល ជាសញ្ញាសម្គាល់ក្នុងន័យធៀបដើម្បីឲ្យជនជាតិយូដាដែលបានត្រូវខ្ចាត់ខ្ចាយទៅកន្លែងផ្សេងៗត្រឡប់មកសាងសង់វិហារឡើងវិញ។
១៧ ម្យ៉ាងទៀត ទំនាយនោះក៏ផ្ដោតទៅលើអ្វីផ្សេងទៀតដែរ។ ដូចបានលើកឡើងរួចហើយ ទំនាយនោះផ្ដោតទៅលើការគ្រប់គ្រងរបស់មេស្ស៊ីដែលជាអ្នកគ្រប់គ្រងលើមនុស្សពីគ្រប់ជាតិសាសន៍។ សាវ័កប៉ូលបានដកស្រង់អេសាយ ១១:១០ដើម្បីបង្ហាញថានៅសម័យគាត់ ប្រជាជាតិនានានឹងមានចំណែកក្នុងក្រុមជំនុំគ្រិស្តសាសនិកដែរ។ ដោយប្រើសេចក្ដីបកប្រែសេបធួជីន គាត់បានសរសេរថា៖ «អេសាយនិយាយថា៖ ‹ឫសរបស់អ៊ីសាយនឹងលេចមក គឺនឹងមានលោកម្នាក់មកដល់ដើម្បីគ្រប់គ្រងប្រជាជាតិនានា ហើយពួកគេនឹងសង្ឃឹមលើលោក›»។ (រ៉ូម ១៥:១២) បន្ថែមទៀត ទំនាយនេះក៏កំពុងសម្រេចរហូតមកដល់សម័យយើងដែរ កាលដែលមនុស្សពីគ្រប់ជាតិសាសន៍បង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា ដោយគាំទ្របងប្អូនរបស់មេស្ស៊ីដែលបានត្រូវរើសតាំង។—អេសាយ ៦១:៥-៩; ម៉ាថាយ ២៥:៣១-៤០
១៨ តាមរយៈអេសាយ «គ្រានោះ»ចាប់ផ្ដើមនៅពេលដែលមេស្ស៊ីបានត្រូវតែងតាំងជាស្ដេចនៃរាជាណាចក្រព្រះនៅស្ថានសួគ៌នាឆ្នាំ១៩១៤។ (លូកា ២១:១០; ធីម៉ូថេទី២ ៣:១-៥; ការបើកបង្ហាញ ១២:១០) តាំងពីពេលនោះមក លោកយេស៊ូគ្រិស្តបានផ្ដល់សញ្ញាសម្គាល់យ៉ាងច្បាស់ឲ្យអ៊ីស្រាអែលនៃព្រះនិងមនុស្សគ្រប់ប្រជាជាតិដែលចង់បានរដ្ឋាភិបាលសុចរិត មករួបរួមគ្នា។ ក្រោមការដឹកនាំរបស់មេស្ស៊ី ដំណឹងល្អអំពីរាជាណាចក្រកំពុងត្រូវផ្សព្វផ្សាយដល់គ្រប់ប្រជាជាតិ ដូចលោកយេស៊ូបានប្រកាសទុកជាមុន។ (ម៉ាថាយ ២៤:១៤; ម៉ាកុស ១៣:១០) ដំណឹងល្អនេះមានឥទ្ធិពលយ៉ាងខ្លាំង។ «មនុស្សមួយក្រុមធំដែលគ្មានអ្នកណាម្នាក់អាចរាប់ចំនួនបាន . . . ពីគ្រប់ប្រជាជាតិ»កំពុងចុះចូលនិងរួមចំណែកក្នុងការគោរពប្រណិប័តន៍ពិតជាមួយពួកអ្នករើសតាំងដែលនៅផែនដី។ (ការបើកបង្ហាញ ៧:៩) កាលដែលអ្នកថ្មីៗកាន់តែច្រើនបន្តចូលមកគោរពប្រណិប័តន៍ជាមួយពួកអ្នករើសតាំងដែលនៅផែនដីក្នុងវិហារដ៏រុងរឿងរបស់ព្រះយេហូវ៉ាក្នុងន័យធៀប ដែលជា‹កន្លែងសម្រាប់អធិដ្ឋាន›និងជា«កន្លែងសម្រាក»របស់មេស្ស៊ី នោះពួកគេធ្វើឲ្យកន្លែងនោះកាន់តែរុងរឿង។—អេសាយ ៥៦:៧; ហាកាយ ២:៧
ថ្ងៃទី២៩ ខែធ្នូ–ថ្ងៃទី៤ ខែមករា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះអេសាយ ១៤-១៦
សត្រូវរបស់រាស្ត្រព្រះមិនអាចគេចផុតពីការវិនិច្ឆ័យរបស់លោកទេ
ip-1 ទំ.១៨០ វ.១៦
ព្រះយេហូវ៉ាបន្ទាបក្រុងមួយដែលក្រអឺតក្រទម
១៦ រឿងនេះមិនបានកើតឡើងភ្លាមៗនៅឆ្នាំ៥៣៩មុនគ.ស.ទេ។ ក៏ប៉ុន្តែ នៅសព្វថ្ងៃនេះ អ្វីទាំងអស់ដែលអេសាយបានប្រកាសទុកជាមុនអំពីបាប៊ីឡូន បានសម្រេចទាំងអស់។ យោងតាមអ្នកអត្ថាធិប្បាយខាងគម្ពីរម្នាក់បាននិយាយអំពីក្រុងបាប៊ីឡូនថា៖ «អស់ជាច្រើនសតវត្សរ៍មកដល់ឥឡូវនេះ ក្រុងនេះបានត្រូវបំផ្លាញចោលខ្ទេចខ្ទីបន្សល់នៅតែសំណង់បាក់បែក»។ រួចគាត់បន្ថែមទៀតថា៖ «ពេលឃើញទិដ្ឋភាពបែបនេះ ធ្វើឲ្យយើងនឹកឃើញដល់ទំនាយរបស់អេសាយនិងយេរេមាដែលបានសម្រេចយ៉ាងល្អិតល្អន់»។ ច្បាស់ណាស់ គ្មានអ្នកណាម្នាក់នៅសម័យអេសាយដែលអាចទាយទុកជាមុនបានឡើយអំពីការដួលរលំនៃក្រុងបាប៊ីឡូន ហើយថាក្រុងនោះនឹងទៅជាកន្លែងស្ងាត់ជ្រងំរហូត។ នៅទីបំផុត ពួកមេឌីនិងពួកពើស៊ីបានផ្ដួលរំលំក្រុងបាប៊ីឡូនប្រហែល២០០ឆ្នាំក្រោយបន្ទាប់ពីអេសាយបានសរសេរសៀវភៅរបស់គាត់! រួចច្រើនសតវត្សរ៍ក្រោយមក ក្រុងនោះបានក្លាយទៅជាកន្លែងស្ងាត់ជ្រងំមិនអាចរស់នៅបាន។ នេះពិតជាពង្រឹងជំនឿរបស់យើងថាគម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះមែនទេ? (ធីម៉ូថេទី២ ៣:១៦) បន្ថែមទៅទៀត ដោយសារព្រះយេហូវ៉ាបានសម្រេចទំនាយផ្សេងៗនៅអតីតកាល នោះយើងអាចជឿជាក់ទាំងស្រុងថា ទំនាយឯទៀតក្នុងគម្ពីរដែលមិនទាន់សម្រេចនឹងកើតឡើងតាមពេលកំណត់របស់ព្រះ។
ip-1 ទំ.១៨៤ វ.២៤
ព្រះយេហូវ៉ាបន្ទាបក្រុងមួយដែលក្រអឺតក្រទម
២៤ ក្នុងគម្ពីរ ស្ដេចដែលមកពីពូជពង្សរបស់ដាវីឌបានប្រៀបប្រដូចទៅនឹងផ្កាយ។ (ជំរឿនបណ្ដាជន ២៤:១៧) ចាប់ពីការគ្រប់គ្រងរបស់ដាវីឌមក«ផ្កាយ»ទាំងនោះបានគ្រប់គ្រងពីភ្នំស៊ីយ៉ូន។ ក្រោយសាឡូម៉ូនបានសង់វិហារក្នុងក្រុងយេរូសាឡិម ឈ្មោះស៊ីយ៉ូនសំដៅទៅលើក្រុងទាំងមូល។ ក្រោមកិច្ចព្រមព្រៀងខាងច្បាប់ បុរសជនជាតិអ៊ីស្រាអែលទាំងអស់មានកាតព្វកិច្ចធ្វើដំណើរទៅក្រុងស៊ីយ៉ូនមួយឆ្នាំបីដង។ ដូច្នេះ ក្រុងនោះបានទៅជា«ភ្នំនៃការជួបជុំគ្នា»។ ដោយចង់កាន់កាប់លើស្ដេចស្រុកយូដា ហើយដកពួកគេចេញពីភ្នំនោះ ស្ដេចនេប៊ូក្នេសាចង់ប្រកាសថាគាត់ខ្ពង់ខ្ពស់ជាង«ផ្កាយ»ទាំងនោះ។ គាត់មិនបានដឹងគុណព្រះយេហូវ៉ាដែលបានឲ្យគាត់មានជ័យជម្នះលើពួកគេទេ។ ផ្ទុយទៅវិញ គាត់មានចិត្តក្រអឺតក្រទម ហើយចង់ដណ្ដើមតំណែងព្រះយេហូវ៉ា។
ip-1 ទំ.១៨៩ វ.១
ឱវាទព្រះយេហូវ៉ាទាស់នឹងប្រជាជាតិនានា
ព្រះយេហូវ៉ាអាចប្រើប្រជាជាតិផ្សេងៗដើម្បីប្រៀនប្រដៅរាស្ត្ររបស់លោកដោយសារអំពើទុច្ចរិតរបស់ពួកគេ។ ទោះជាយ៉ាងនោះក៏ដោយ លោកមិនអនុគ្រោះឲ្យប្រជាជាតិណាដែលសាហាវព្រៃផ្សៃ មានអំណួត និងស្អប់ការគោរពប្រណិប័តន៍ពិតឡើយ។ ហេតុនេះ ព្រះបានបណ្ដាលឲ្យអេសាយសរសេរទុកជាយូរឆ្នាំមុនអំពី«សេចក្ដីប្រកាសទាស់នឹងក្រុងបាប៊ីឡូន»។ (អេសាយ ១៣:១) ដូច្នេះ ក្រុងបាប៊ីឡូនមិនបានគំរាមកំហែងរាស្ត្រព្រះភ្លាមៗទេ។ នៅសម័យអេសាយ ពួកអាស៊ីរីបានគាបសង្កត់រាស្ត្រដែលបានធ្វើកិច្ចព្រមព្រៀងជាមួយព្រះ។ ពួកអាស៊ីរីបានបំផ្លាញរាជាណាចក្រខាងជើងនៃអ៊ីស្រាអែល និងបំផ្លិចបំផ្លាញទឹកដីស្រុកយូដាភាគច្រើន។ ប៉ុន្តែពួកគេមិនបានជ័យជម្នះទាំងស្រុងទេ។ អេសាយបានសរសេរថា៖ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានស្បថថា៖ ‹នេះនឹងកើតឡើងដូចបំណងខ្ញុំ ហើយនឹងក្លាយទៅជាការពិត . . . ខ្ញុំនឹងកម្ទេចពួកអាស៊ីរីនៅក្នុងស្រុកខ្ញុំ ហើយខ្ញុំនឹងជាន់ឈ្លីគាត់នៅលើភ្នំខ្ញុំ។ ឯនឹមដែលគាត់បានដាក់ទៅលើរាស្ត្ររបស់ខ្ញុំ ខ្ញុំនឹងដាក់ចុះ ហើយបន្ទុកដែលគាត់បានដាក់លើស្មារាស្ត្ររបស់ខ្ញុំ ក៏ខ្ញុំដកចេញដែរ›»។ (អេសាយ ១៤:២៤, ២៥) មិនយូរក្រោយពីអេសាយបានប្រកាសទំនាយនេះ ពួកអាស៊ីរីមិនអាចគំរាមកំហែងជនជាតិយូដាបានទៀតឡើយ។
ip-1 ទំ.១៩៤ វ.១២
ឱវាទព្រះយេហូវ៉ាទាស់នឹងប្រជាជាតិនានា
១២ តើទំនាយនេះបានសម្រេចនៅពេលណា? គឺមិនយូរក្រោយមក។ «នេះជាប្រសាសន៍ដែលព្រះយេហូវ៉ាបានប្រាប់រួចហើយស្ដីអំពីស្រុកម៉ូអាប់។ ឥឡូវព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹ក្នុងអំឡុងបីឆ្នាំដែលប្រៀបដូចជាឆ្នាំនៃកម្មករស៊ីឈ្នួល ភាពរុងរឿងរបស់ស្រុកម៉ូអាប់នឹងត្រូវអាប់ឱន ហើយនៅទីនោះនឹងមានភាពចលាចលជាខ្លាំង។ ចំនួនពួកអ្នកដែលនៅសេសសល់នៅស្រុកនោះនឹងមានតែបន្តិចបន្តួចប៉ុណ្ណោះ ហើយពួកគេសុទ្ធតែជាមនុស្សមិនសំខាន់›»។ (អេសាយ ១៦:១៣, ១៤) ស្របតាមខនេះ ក្នុងអំឡុងសតវត្សរ៍ទី៨មុនគ.ស. បុរាណវត្ថុវិទូបានរកឃើញភស្តុតាងដែលបញ្ជាក់ថាម៉ូអាប់បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយកន្លែងជាច្រើននៅស្រុកនោះលែងមានមនុស្សរស់នៅទៀត។ ស្ដេចធីឡាតភីលីសឺទី៣បានរៀបរាប់ថា ស្ដេចសាឡាម៉ានូគឺជាអ្នកគ្រប់គ្រងម្នាក់ក្នុងចំណោមអ្នកគ្រប់គ្រងឯទៀតដែលត្រូវបង់សួយអាករឲ្យគាត់។ ស្ដេចសានហេរីបបានទទួលសួយអាករពីកាំមូស៊ូណាប៊ីដែលជាស្ដេចស្រុកម៉ូអាប់។ ស្ដេចស្រុកអាស៊ីរីឈ្មោះអេសាហាដិន និងអាស៊ើបានីផាលបាននិយាយថាស្ដេចស្រុកម៉ូអាប់ឈ្មោះម៉ូស៊ូរី និងខាម៉ាសាល់ធូនៅក្រោមអំណាចរបស់ខ្លួន។ ដូច្នេះ អស់ជាច្រើនសតវត្សរ៍មកហើយដែលលែងមានជនជាតិម៉ូអាប់ទៀត។ គេរកឃើញសំណង់បាក់បែកដែលទំនងជាទីក្រុងម៉ូអាប់ ប៉ុន្តែគេមិនសូវរកឃើញអ្វីផ្សេងទៀតទាក់ទងនឹងម៉ូអាប់ ដែលធ្លាប់ជាសត្រូវដ៏ខ្លាំងក្លារបស់ជនជាតិអ៊ីស្រាអែលទេ។