សំណួរពីយុវវ័យ
តើអ្វីទៅជាការសច្ចារក្សាភាពបរិសុទ្ធ?
តើការសច្ចារក្សាភាពបរិសុទ្ធគឺជាអ្វី?
ការសច្ចារក្សាភាពបរិសុទ្ធគឺជាពាក្យសន្យាដែលធ្វើឡើងជាឯកសារឬសច្ចាថាខ្លួននឹងមិនរួមភេទជាដាច់ខាត បើមិនទាន់រៀបការ។
ការសច្ចាថានឹងរក្សាភាពបរិសុទ្ធគឺពេញនិយមនៅទសវត្សរ៍១៩៩០ ពេលមហាសន្និបាតមួយដែលនៅភាគខាងត្បូងធ្វើឡើងនៅសហរដ្ឋអាម៉េរិកដែលមានប្រធានថា«ស្នេហ៍ពិតចេះរង់ចាំ»។ កម្មវិធីនេះលើកឡើងអំពីគោលការណ៍គម្ពីរនិងការលើកទឹកចិត្តយុវវ័យឲ្យបដិសេធមិនរួមភេទមុនរៀបការ។
ក្រោយនោះមក ក៏មានកម្មវិធីស្រដៀងនេះដែរ គឺលើកទឹកចិត្តឲ្យអ្នកចូលរួមសច្ចារក្សាភាពបរិសុទ្ធដោយពាក់ចិញ្ចៀនធ្វើពីប្រាក់ ដែលបញ្ជាក់ថាពួកគេតាំងចិត្តមិនរួមភេទមុនរៀបការ។
តើការសច្ចារក្សាភាពបរិសុទ្ធមានប្រយោជន៍ទេ?
ចម្លើយគឺអាស្រ័យទៅលើបុគ្គលដែលប្អូនសួរ។
យោងទៅតាមអ្នកស្រាវជ្រាវខ្លះ ដូចជាគ្រីស្ទីន ឃីម និងរ៉ូបឺត រីទ័រ បានរៀបរាប់ថា«ការសិក្សាមួយចំនួនបានរកឃើញថាការសច្ចារក្សាភាពបរិសុទ្ធគឺជួយកាត់បន្ថយការរួមភេទដែលមានក្នុងស្រទាប់យុវវ័យ»។
យោងទៅតាមការសិក្សាមួយ ដែលបោះពុម្ពដោយវិទ្យាស្ថានហ្គូតម៉ាកខឺ(Guttmacher) បានបញ្ជាក់ថា«ក្មេងជំទង់ដែលសច្ចារក្សាភាពបរិសុទ្ធ តាមមើលទៅទំនងជារួមភេទច្រើនជាងក្មេងជំទង់ដែលមិនបានសច្ចាទៅទៀត»។
ហេតុអ្វីមានលទ្ធផលផ្ទុយគ្នាបែបនេះ?
ពីព្រោះការសិក្សាខ្លះបានប្រៀបធៀបអ្នកសច្ចារក្សាភាពបរិសុទ្ធនិងអ្នកមិនបានសច្ចាដែលមិនមានគោលជំហរដូចគ្នាអំពីការរួមភេទ។
រីឯការសិក្សាខ្លះទៀតបានប្រៀបធៀបអ្នកសច្ចារក្សាភាពបរិសុទ្ធនិងអ្នកមិនបានសច្ចាដែលមានគោលជំហរស្រដៀងគ្នាអំពីការរួមភេទ។
តើតាមការសិក្សាទាំងពីរបានបង្ហាញយ៉ាងណា? លោកស្រីជេនណិត រ៉ូសិនបោម ដែលជាអ្នកជំនាញខាងសុខភាពយុវវ័យ បានរៀបរាប់ថាប្រាំឆ្នាំកន្លងផុតទៅ«អ្នកដែលសច្ចារក្សាភាពបរិសុទ្ធនិងអ្នកដែលមិនបានសច្ចា មិនមានភាពខុសគ្នាទាល់តែសោះស្ដីអំពីការរួមភេទ»។
អ្វីដែលប្អូនគួរធ្វើ
ការសច្ចារក្សាភាពបរិសុទ្ធគឺមានគោលដៅថ្លៃថ្នូរមួយ។ ប៉ុន្តែ បញ្ហាគឺថាពួកគេមិនដឹងអំពីតម្លៃនៃភាពបរិសុទ្ធនោះ។ លោកស្រីរ៉ូសិនបោម បាននិយាយថាមនុស្សជាច្រើនបានសន្យារក្សាភាពបរិសុទ្ធ «ទោះជាមិនបានធ្វើការសច្ចាក៏ដោយ»។ គាត់បានបន្ថែមថា៖«ការអប់រំខ្លួនឲ្យចេះទប់ចិត្តគឺប្រសើរជាងការចូលរួមក្នុងកម្មវិធីសច្ចានោះ»។
គម្ពីរលើកទឹកចិត្តបុគ្គលម្នាក់ៗឲ្យរក្សាភាពបរិសុទ្ធ ដោយមិនចាំបាច់សរសេរឬសច្ចាថារក្សាភាពបរិសុទ្ធទេ តែដោយជួយគាត់ឲ្យ«បង្វឹកបង្ហាត់សមត្ថភាពវែកញែករបស់ខ្លួន ដើម្បីសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ»។ (ហេប្រឺ ៥:១៤) សំខាន់បំផុត ការរក្សាភាពបរិសុទ្ធមិនគ្រាន់តែជាការបង្ការពីជំងឺកាមរោគនិងការមានផ្ទៃពោះប៉ុណ្ណោះទេ តែជាវិធីបង្ហាញថាយើងឲ្យតម្លៃចំពោះការរៀបចំពីព្រះដែលជាអ្នកផ្ដើមឲ្យមានអាពាហ៍ពិពាហ៍។—ម៉ាថាយ ៥:១៩; ១៩:៤-៦
ខ្នាតតម្រានេះមាននៅក្នុងគម្ពីរ ហើយជាប្រយោជន៍ដល់យើង។ (អេសាយ ៤៨:១៧) មនុស្សទាំងអស់មិនថាមានវ័យប៉ុន្មានក៏ដោយ ពួកគេអាចពង្រឹងការតាំងចិត្តស្ដាប់បង្គាប់ព្រះ ដោយ«រត់ចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ!»។ (កូរិនថូសទី១ ៦:១៨) ពេលពួកគេរៀបការ ពួកគេអាចបង្ហាញភាពស្និទ្ធស្នាលពេញលេញជាមួយគូរបស់ខ្លួន ដោយមិនមានការភ័យខ្លាចនិងស្ដាយក្រោយព្រោះរួមភេទមុនរៀបការទេ។