តើគម្ពីរចែងយ៉ាងណាអំពីការផាត់មុខនិងការពាក់គ្រឿងអលង្ការ?
ចម្លើយពីគម្ពីរ
ថ្វីត្បិតតែគម្ពីរមិនបានរៀបរាប់ល្អិតល្អន់អំពីរឿងនេះក្ដី តែគម្ពីរមិនផ្ដន្ទាទោសការផាត់មុខ ការពាក់គ្រឿងអលង្ការ ឬការតុបតែងខ្លួនទេ។ ទោះជាយ៉ាងនោះក៏ដោយ ជាជាងផ្ដោតអារម្មណ៍ទៅលើសម្រស់ខាងក្រៅ គម្ពីរលើកទឹកចិត្តឲ្យមាន«ចិត្តស្ងៀមស្ងាត់និងស្លូតបូត ជា . . . សម្រស់ . . . មិនអាចខូចទៅបានទេ»។—ពេត្រុសទី១ ៣:៣, ៤
ព្រះមិនផ្ដន្ទាទោសការតុបតែងខ្លួនទេ
ស្ត្រីស្មោះត្រង់ក្នុងគម្ពីរបានតុបតែងខ្លួន។ រេបិកាដែលបានរៀបការជាមួយអ៊ីសាកជាកូនរបស់អាប្រាហាំ បានពាក់ក្រវិលមាសនៅច្រមុះ ពាក់កងដៃមាស និងគ្រឿងអលង្ការថ្លៃៗដែលនាងបានទទួលជាអំណោយពីអនាគតឪពុកក្មេក។ (ដើមកំណើត ២៤:២២, ៣០, ៥៣) ស្រដៀងគ្នាដែរ អេសធើរបានទទួល«ការថែរក្សាសម្ផស្ស»ដើម្បីត្រៀមខ្លួនទទួលតំណែងជាអគ្គមហេសីរបស់ស្ដេចនៃចក្រភពពើស៊ី។ (អេសធើរ ២:៧, ៩, ១២) ការថែរក្សាសម្ផស្សទាំងនេះរួមបញ្ចូលការប្រើ«គ្រឿងសម្អាង»ឬ«គ្រឿងផ្សេងៗសម្រាប់ផាត់មុខ» (New International Version; Easy-to-Read Version)។
គម្ពីរក៏ប្រើពាក្យទាក់ទងនឹងគ្រឿងអលង្ការដើម្បីប្រៀបប្រដូចដែរ។ ជាឧទាហរណ៍ បុគ្គលម្នាក់ដែលឲ្យដំបូន្មានល្អ គឺប្រៀបដូចជា«ក្រវិលមាស . . . សម្រាប់អ្នកដែលព្រមស្ដាប់»។ (សុភាសិត ២៥:១២) ស្រដៀងគ្នាដែរ ព្រះក៏ប្រដូចការប្រព្រឹត្តរបស់លោកទៅកាន់ប្រជាជាតិអ៊ីស្រាអែលទៅនឹងប្តីដែលបំពាក់កងដៃ ខ្សែក និងក្រវិលដល់កូនក្រមុំរបស់គាត់។ ការតុបតែងនេះធ្វើឲ្យប្រជាជាតិអ៊ីស្រាអែល«ស្រស់ប្រិមប្រិយ»។—អេសេគាល ១៦:១១-១៣
ការយល់ច្រឡំអំពីការផាត់មុខនិងពាក់គ្រឿងអលង្ការ
ការយល់ច្រឡំ៖ នៅពេត្រុសទី១ ៣:៣ គម្ពីរផ្ដន្ទាទោស«ការក្រងសក់ ពាក់គ្រឿងអលង្ការមាស ឬពាក់សម្លៀកបំពាក់ប្រណីត»។
ការពិត៖ បរិបទនៃខនេះបង្ហាញថា គម្ពីរលើកបញ្ជាក់អំពីភាពខុសគ្នារវាងតម្លៃនៃសម្រស់ខាងក្នុង និងសម្បកក្រៅឬការតុបតែងខ្លួន។ (ពេត្រុសទី១ ៣:៣-៦) ភាពខុសគ្នានេះក៏បានត្រូវរៀបរាប់នៅកន្លែងផ្សេងទៀតក្នុងគម្ពីរដែរ។—សាំយូអែលទី១ ១៦:៧; សុភាសិត ១១:២២; ៣១:៣០; ធីម៉ូថេទី១ ២:៩, ១០
ការយល់ច្រឡំ៖ ដោយសារមហាក្សត្រីយេសិបិលដ៏អាក្រក់ បានប្រើគូល័រភ្នែកដើម្បី«គូរភ្នែក» នោះបង្ហាញថាការផាត់មុខគឺខុស។—បណ្ដាស្ដេចទី២ ៩:៣០
ការពិត៖ យេសិបិលបានត្រូវវិនិច្ឆ័យទោសព្រោះនាងប្រព្រឹត្តអំពើធ្មប់និងជាឃាតករ មិនមែនដោយសារការតុបតែខ្លួនរបស់នាងទេ។—បណ្ដាស្ដេចទី២ ៩:៧, ២២, ៣៦, ៣៧