បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • br78 ទំ. ៣-៥
  • តើពួកគេជាពួកណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើពួកគេជាពួកណា?
  • ស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងសតវត្សទី២០នេះ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ឈ្មោះ​របស់​ពួកគេ
  • តើពួកគេជាអ្នកណា?
    ស្មរបន្ទាល់ព្រះយេហូវ៉ា តើពួកគេជាអ្នកណា? តើគេជឿអ្វីខ្លះ?
  • តើសាក្សីព្រះយេហូវ៉ាជឿអំពីអ្វី?
    តើសាក្សីព្រះយេហូវ៉ាជឿអំពីអ្វី?
  • ហេតុអ្វីយើងមានឈ្មោះសាក្សីព្រះយេហូវ៉ា?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
ស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងសតវត្សទី២០នេះ
br78 ទំ. ៣-៥

តើ​ពួកគេ​ជា​ពួក​ណា?

ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ប្រាថ្នា​ចង់​ឲ្យ​លោក​អ្នក​ស្គាល់​គេ​ឲ្យ​បាន​ជិតដិត។ លោក​អ្នក​ប្រហែល​ជា​បាន​ជួប​ពួកគេ ដែល​ជា​អ្នក​ជិត​ខាង ជា​និយោជិត​ជា​មួយ​គ្នា ឬ​ក៏​កាល​ដែល​លោក​អ្នក​កំពុង​ប្រព្រឹត្ត​សកម្មភាព​ណា​មួយ​ក្នុង​ជីវិត​រៀង​រាល់​ថ្ងៃ។ លោក​អ្នក​ប្រហែល​ជា​បាន​ជួបប្រទះ​ពួកគេ​តាម​ផ្លូវ កាល​ដែល​គេ​កំពុង​តែ​ប្រគល់​ទស្សនាវដ្ដី​ដល់​អ្នក​ដើរ​តាម​ផ្លូវ​នោះ។ ឬ​ក៏​លោក​អ្នក​ប្រហែល​ជា​បាន​និយាយ​ដោយ​សង្ខេប​ជា​មួយ​នឹង​ពួកគេ​នៅ​ទ្វារ​ផ្ទះ​របស់​លោក​អ្នក​ដែរ។

តាម​ការ​ពិត​ទៅ ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​នឹង​ប្រយោជន៍​របស់​លោក​អ្នក។ ពួកគេ​ចង់​ធ្វើ​ជា​សំឡាញ់​របស់​លោក​អ្នក ហើយ​ចង់​ថ្លែង​ប្រាប់​រឿង​ថែម​ទៅ​ទៀត​អំពី​ខ្លួន​គេ អំពី​ជំនឿ​របស់​គេ អំពី​អង្គការ​របស់​គេ ហើយ​អំពី​មនោ​សញ្ចេតនា​របស់​គេ​ចំពោះ​មនុស្ស និង​ចំពោះ​ពិភពលោក​ដែល​មនុស្ស​យើង​ទាំងអស់​គ្នា​រស់​នៅ​ក្នុង​នោះ។ ដើម្បី​ឲ្យ​ជួយ​សម្រេច​នូវ​គោល​បំណង​នេះ ពួកគេ​បាន​រៀបចំ​បោះពុម្ព​សៀវភៅ​ស្តើង​នេះ​សម្រាប់​លោក​អ្នក។

តាម​របៀប​ភាគ​ច្រើន​នោះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គឺ​ដូច​គ្នា​នឹង​មនុស្ស​ទាំងអស់​ទៀត​ដែរ។ ពួកគេ​មាន​បញ្ហា​—⁠ខាង​សេដ្ឋកិច្ច ខាង​សាច់​ឈាម ហើយ​ខាង​មនោ​សញ្ចេតនា​ជា​ដើម។ ជួនកាល​ពួកគេ​ធ្វើ​កំហុស ពីព្រោះ​គេ​មិន​មែន​ជា​មនុស្ស​ល្អ​ឥតខ្ចោះ ឬ​ក៏​ជា​មនុស្ស​ដែល​គ្រប់​សកម្មភាព​និង​ពាក្យ​សំដី​ចេញ​ពី​ព្រះ ឬ​ក៏​ជា​មនុស្ស​ដែល​មាន​ភាព​មិន​ភ្លាត់​នោះ​ទេ។ ប៉ុន្តែ​ពួកគេ​ខំព្យាយាម​រៀន​ពី​ពិសោធន៍​របស់​ពួកគេ ហើយ​គេ​យក​ចិត្ត​ទុក​ដាក់​នឹង​សិក្សា​ព្រះ​គម្ពីរ ដើម្បី​ធ្វើ​ការ​កែ​ប្រែ​ទាំងអស់​ដែល​ត្រូវ​ការ​ជា​ចាំបាច់។ គេ​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ដល់​ព្រះ​ដើម្បី​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ទ្រង់ ហើយ​គេ​ខ្នះខ្នែង​យ៉ាង​ស៊ប់ចិត្ត​ដើម្បី​សម្រេច​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​នេះ។ ពួកគេ​ស្វែងរក​ការ​ដឹក​នាំ​ពី​បន្ទូល​របស់​ព្រះ ហើយ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ចំពោះ​គ្រប់​កិច្ចការ​ទាំងអស់​របស់​គេ។

ជា​សារៈ​សំខាន់​ដ៏​ជីវិត​សម្ពន្ធ​ចំពោះ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដែល​គ្រប់​ជំនឿ​របស់​គេ​មាន​មូលដ្ឋាន​ក្នុង​ព្រះ​គម្ពីរ ហើយ​មិន​ស្រេច​ទៅ​លើ​ការ​ស្មាន​របស់​មនុស្ស​ឬ​ក៏​គោល​ជំនឿ​សាសនា​ប៉ុណ្ណោះ​ឡើយ។ ពួកគេ​មាន​គំនិត​ដូច​ជា​សាវក​ប៉ុល កាល​ដែល​លោក​បាន​បញ្ចេញ​យោបល់​ក្រោម​អានុភាព​នៃ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​ថា⁠៖ «សូម​ឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្ស​ជា​ភូតភរ​វិញ​ចុះ»។ (រ៉ូម ៣:៤a) ចំពោះ​ការ​បង្រៀន​ដែល​ផ្សាយ​ចេញ​ទុក​ដូច​ជា​សេចក្ដី​ពិត​អំពី​ព្រះ​គម្ពីរ ពួកគេ​យល់​ព្រម​ទាំង​ស្រុង​នឹង​ការ​ប្រព្រឹត្ត​របស់​ពួក​បេរា កាល​ពួកគេ​បាន​ឮ​សាវក​ប៉ុល​ធ្វើ​ការ​ផ្សាយ​នោះ⁠៖ «គេ​ប្រុងប្រៀប​សព្វ​គ្រប់​នឹង​ទទួល​ព្រះ​បន្ទូល ក៏​ពិចារណា​មើល​គម្ពីរ​រាល់​តែ​ថ្ងៃ ឲ្យ​បាន​ដឹង​ជា​សេចក្ដី​ទាំង​នោះ​ត្រូវ​ឬ​មិន​ត្រូវ»។ (កិច្ចការ ១៧:⁠១១) ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជឿ​ថា គ្រប់​ការ​បង្រៀន​ខាង​សាសនា​ទាំងអស់ ទោះជា​ការ​បង្រៀន​របស់​ពួកគេ​ឬ​ក៏​របស់​អ្នក​ដទៃ​ក៏​ដោយ នោះ​ត្រូវ​តែ​យក​មក​ពិចារណា​ដោយ​ប្រើ​សេចក្ដី​សាកល្បង​នេះ⁠៖ ថា​តើ​យល់​ស្រប​នឹង​បទ​គម្ពីរ​ឬ​ទេ។ ពួកគេ​អញ្ជើញ​លោក​អ្នក​—⁠ជំរុញ​ទឹក​ចិត្ត​លោក​អ្នក​—⁠ឲ្យ​ប្រើ​ការ​សាកល្បង​នេះ​ក្នុង​កាល​ដែល​លោក​អ្នក​មាន​ការ​ពិគ្រោះ​ជា​មួយ​នឹង​ពួកគេ។

ដោយ​យល់​នូវ​រឿង​ទាំងអស់​នេះ ជា​ការ​ជាក់​ស្តែង​ណាស់​ដែល​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជឿ​ថា ព្រះ​គម្ពីរ​ជា​បន្ទូល​របស់​ព្រះ។ គេ​ចាត់​ទុក​ទាំង​៦៦​សៀវភៅ​នៃ​គម្ពីរ​នោះ ជា​បទ​ដែល​ត្រូវ​បាន​បណ្ដាល​មក​ពី​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ ហើយ​ថា​ជា​ការ​ដ៏​ត្រឹម​ត្រូវ​ខាង​ប្រវត្ដិសាស្ត្រ​ផង។ ផ្នែក​ដែល​បាន​ត្រូវ​ហៅ​ជា​ទូទៅ​ថា​សញ្ញា​ថ្មី​នោះ ពួកគេ​ហៅ​ថា​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក ហើយ​គេ​ហៅ​សញ្ញា​ចាស់​ថា​បទ​គម្ពីរ​ភាសា​ហេព្រើរ។ ពួកគេ​ពឹងផ្អែក​ទៅ​លើ​បទ​គម្ពីរ​ក្រិក​និង​បទ​គម្ពីរ​ហេព្រើរ​ទាំង​ពីរ ហើយ​គេ​ចាត់​ទុក​ថា​ជា​រឿង​អត្ថានុរូប​ទាំងអស់ លើក​លែង​តែ​កាលណា​ពាក្យ​សំដី​ឬ​ក៏​ហេតុ​ការណ៍​ដែល​វិល​ជុំវិញ​រឿង​នោះ បង្ហាញ​យ៉ាង​ជាក់​ស្តែង​ថា ជា​រឿង​អត្ថបដិរូប​ឬ​ជា​និមិត្តរូប​ទៅ​វិញ។ ពួកគេ​យល់​ថា បទ​ទំនាយ​របស់​ព្រះ​គម្ពីរ​ជា​ច្រើន​បាន​សម្រេច​រួច​ហើយ បទ​ទំនាយ​ឯ​ទៀត​កំពុង​តែ​សម្រេច​ឥឡូវ ហើយ​បទ​ទំនាយ​ផ្សេង⁠ៗ​ទៀត​នឹង​ត្រូវ​បាន​សម្រេច​នៅ​អនាគតកាល​ទៀត​ដែរ។

ឈ្មោះ​របស់​ពួកគេ

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ឬ? មែន​ហើយ ពួកគេ​សំដៅ​ចំពោះ​ខ្លួន​គេ​តាម​ឈ្មោះ​នេះ។ ឈ្មោះ​នេះ​ពណ៌នា​អំពី​គេ គឺ​សម្ដែង​ថា​គេ​ធ្វើ​បន្ទាល់​អំពី​ព្រះ​យេហូវ៉ា អំពី​ឋានៈ​របស់​ទ្រង់​ជា​ព្រះ ហើយ​អំពី​គោល​បំណង​របស់​ទ្រង់​ដែរ។ «ព្រះ» «ព្រះ​អម្ចាស់» ហើយ «អ្នក​បង្កើត» ​—⁠ដូច​ជា «ប្រធានាធិបតី» «ស្តេច» ហើយ «ឧត្តម​សេនីយ» ​—⁠គឺ​គ្រាន់​តែ​ជា​ឋានន្តរ​ទាំងអស់​ទេ ហើយ​អាច​ប្រើ​បាន​ចំពោះ​បុគ្គល​ផ្សេង⁠ៗ​ជា​ច្រើន។ ក៏​ប៉ុន្តែ«យេហូវ៉ា» ជា​ព្រះ​នាម​ផ្ទាល់​អង្គ​ទ្រង់ ហើយ​សំដៅ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត គឺ​ជា​អ្នក​ដែល​បង្កើត​សកលលោក​ទាំងមូល។ រឿង​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ក្នុង ទំនុកដំកើង ៨៣:⁠១៨ ថា⁠៖ «ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា គឺ​ទ្រង់​តែ​១​អង្គ ព្រះ​នាម​ជា​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែនដី​ទាំងមូល»។

ព្រះ​នាម​យេហូវ៉ា (ឬ​ក៏​យ៉ាវេ ដូច​ជា​ព្រះ​គម្ពីរ​យេរូសាឡិម​ខាង​កាតូលិក ហើយ​វិជ្ជាករ​ខ្លះ​នៅ​សម័យ​នេះ​ចូល​ចិត្ត) លេច​ឡើង​ជិត​៧.០០០​ដង​ក្នុង​បទ​គម្ពីរ​ហេព្រើរ​ដើម។ កំណែ​ថ្មី​នៃ​ព្រះ​គម្ពីរ​ភាគ​ច្រើន​មិន​បង្ហាញ​ព្រះ​នាម​ព្រះ​ផ្ទាល់​ទេ ផ្ទុយ​ទៅ​វិញ គេ​ដាក់«ព្រះ» ឬ​ក៏«ព្រះ​អម្ចាស់»ជំនួស​ព្រះ​នាម​ដ៏​ពិត​នោះ។ យ៉ាង​ណា​ក៏​ដោយ សូម្បី​តែ​ក្នុង​ព្រះ​គម្ពីរ​ទាំង​នោះ ជា​ធម្មតា​មនុស្ស​ម្នាក់⁠ៗ​អាច​ដឹង​កន្លែង​ដែល​បទ​គម្ពីរ​ហេព្រើរ​ដើម​បាន​ប្រើ​ព្រះ​នាម​យេហូវ៉ា ពីព្រោះ​ឋានន្តរ​ដែល​គេ​ដាក់​ជំនួស​នោះ បាន​ត្រូវ​សរសេរ​ដោយ​អក្សរ​ធំ⁠ៗ។ តែ​កំណែ​ថ្មី​ជា​ច្រើន​ដែល​ទាន់​សម័យ ប្រើ​ព្រះ​នាម​យេហូវ៉ា​ឬ​ក៏​ព្រះ​នាម​យ៉ាវេ​បាន។ ហេតុ​ដូច្នេះ​ហើយ​ព្រះ​គម្ពីរ​បាន​ចែង​នៅ អេសាយ ៤២:៨ ថា⁠៖ «អញ​ជា​យេហូវ៉ា នេះ​ហើយ​ជា​ឈ្មោះ​របស់​អញ»។

ដំណើរ​រឿង​នៃ​បទ​គម្ពីរ​ដែល​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ប្រើ​ដើម្បី​ទទួល​យក​ឈ្មោះ​គេ គឺ​មក​ពី អេសាយ ជំពូក​ទី​៤៣។ នៅ​បទ​នោះ វិការដ្ឋាន​នៃ​លោកីយ​នេះ​មើល​ទៅ​ហាក់​ដូច​ជា​វិនាដកម្ម​នៅ​តុលាការ⁠៖ ព្រះ​នានា​ពី​សាសន៍​ទាំងអស់​បាន​ត្រូវ​អញ្ជើញ​ឲ្យ​នាំ​មក​នូវ​សាក្សី​របស់​គេ ដើម្បី​បង្ហាញ​ភស្តុតាង​ចំពោះ​បណ្ដឹង​ក្ដី​ដែល​គេ​អះអាង​ថា​គេ​ជា​អ្នក​សុចរិត ឬ​ក៏​ដើម្បី​ឲ្យ​ស្ដាប់​ស្មរបន្ទាល់​ខាង​ព្រះ​យេហូវ៉ា ហើយ​ទទួល​ស្គាល់​នូវ​សេចក្ដី​ពិត​ទៅ​វិញ។ ក្នុង​បទ​នោះ ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទៅ​រាស្ត្រ​របស់​ទ្រង់​ថា⁠៖ «ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​ជា​ស្មរបន្ទាល់​របស់​អញ ហើយ​ជា​អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង ដើម្បី​ឲ្យ​បាន​ស្គាល់ ហើយ​ជឿ​ដល់​អញ ព្រម​ទាំង​យល់​ថា គឺ​អញ​នេះ​ហើយ ឥត​មាន​ព្រះ​ណា​កើត​មក​មុន​អញ​ទេ ហើយ​ក្រោយ​អញ​ក៏​ឥត​មាន​ដែរ។ គឺ​អញ អញ​នេះ​ហើយ​ជា​យេហូវ៉ា ក្រៅ​ពី​អញ គ្មាន​អ្នក​សង្គ្រោះ​ណា​ទៀត​ឡើយ»។​—⁠អេសាយ ៤៣:​១០, ១១

ព្រះ​យេហូវ៉ា​ទ្រង់​មាន​ស្មរបន្ទាល់​នៅ​លើ​ផែនដី​ក្នុង​កំលុង​ពេល​រាប់​ពាន់​ឆ្នាំ​មុន​ព្រះ​គ្រីស្ទ​យាង​មក​ផង។ ក្រោយ​បាន​ថ្លែង​រៀប​រាប់​ពី​មនុស្ស​ខ្លះ​ដែល​ប្រកប​ទៅ​ដោយ​ជំនឿ​ក្នុង​គម្ពីរ​ហេព្រើរ​ជំពូក​ទី១១​នោះ ហេព្រើរ ១២:១ បាន​ចែង​ថា⁠៖ «ដូច្នេះ ដែល​មាន​ស្មរបន្ទាល់​១​ហ្វូង​ធំ​ម្ល៉េះ នៅ​ព័ទ្ធជុំវិញ​យើង នោះ​ត្រូវ​ឲ្យ​យើង​ចោល​អស់​ទាំង​បន្ទុក នឹង​អំពើ​បាប ដែល​រុំ​យើង​ជុំវិញ​ជា​ងាយ​ម្ល៉េះ​នោះ​ចេញ។ ហើយ​ត្រូវ​រត់​ក្នុង​ទីប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់»។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​នៅ​ខាង​មុខ​លោក​ប៉ុនទាស​-​ពីឡាត់​ថា⁠៖ «ខ្ញុំ​បាន​កើត​មក ហើយ​ក៏​ចូល​ក្នុង​លោកីយ​នេះ សំរាប់​តែ​ការ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ពិត»។ ទ្រង់​បាន​ត្រូវ​ហៅ​ថា⁠៖ «ស្មរបន្ទាល់​ស្មោះ​ត្រង់ ហើយ​ពិត​ប្រាកដ»។ (យ៉ូហាន ១៨:⁠៣៧; វិវរណៈ ៣:⁠១៤) ព្រះ​យេស៊ូវ​មាន​បន្ទូល​ប្រាប់​សិស្ស​របស់​ទ្រង់​ថា⁠៖ «កាលណា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ​ចេស្ដា ហើយ​នឹង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា នឹង​ស្រុក​សាម៉ារី​ទាំងមូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង»។​—⁠កិច្ចការ ១:៨

ហេតុ​ដូច្នេះ​ហើយ មនុស្ស​ជាង​៤.២៧៥.០០០​នាក់​ដែល​កំពុង​ផ្សាយ​ប្រាប់​ដំណឹង​ល្អ​នៃ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​ដោយ​គ្រីស្ទ​យេស៊ូវ នៅ​ជាង​២១០​ប្រទេស​យល់​ថា ជា​ការ​ត្រឹម​ត្រូវ​ណាស់​ដែល​គេ​ហៅ​ខ្លួន​គេ​ថា​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

[កំណត់​សម្គាល់]

a បើ​គ្មាន​ការ​បញ្ជាក់​ថែម​ទៀត​ទេ​នោះ បទ​គម្ពីរ​នៅ​ក្នុង​សៀវភៅ​ស្តើង​នេះ បាន​ដកស្រង់​ចេញ​ពី​សេចក្ដី​បកប្រែ​ជា​ភាសា​ខ្មែរ ពី​សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ ដែល​ផ្សាយ​ចេញ​ក្នុង​ឆ្នាំ​១៩៥៤។ បើ​មាន «ពថ» នៅ​បន្ទាប់​ពី​បទ​គម្ពីរ​ណា នោះ​មាន​ន័យ​ថា បាន​ធ្វើ​ការ​បកប្រែ​ពី​សេចក្ដី​បកប្រែ​ពិភពលោក​ថ្មី​នៃ​បទ​គម្ពីរ​បរិសុទ្ធ ជា​ភាសា​អង់គ្លេស កំណែ​ថ្មី​នៅ​ឆ្នាំ​១៩៨៤។

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៣]

ពួកគេ​យក​ចិត្ត​ទុក​ដាក់​នឹង​លោក​អ្នក

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៣]

ពួកគេ​បាន​ថ្វាយ​ខ្លួន​ដើម្បី​ប្រព្រឹត្ត​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៤]

ពួកគេ​ជឿ​ថា ព្រះ​គម្ពីរ​គឺ​ជា​បន្ទូល​របស់​ព្រះ

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៥]

ព្រះ​នាម​ទ្រង់​ដែល​មាន​ការ​ទាក់ទង​ទៅ​នឹង​វិនាដកម្ម​នៅ​តុលាការ

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៥]

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជាង​៤.២៧៥.០០០​នាក់​កំពុង​ផ្សាយ​នៅ​ជាង​២១០​ប្រទេស

[រូបភាព​នៅ​ទំព័រ​៤]

ព្រះ​នាម​របស់​ព្រះ​ផ្ទាល់​អង្គ​ទ្រង់​ជា​ភាសា​ហេព្រើរ​ពីបុរាណ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក