តើពួកគេជាអ្នកណា?
ស្មរបន្ទាល់ព្រះយេហូវ៉ាប្រាថ្នាចង់ឲ្យលោកអ្នកស្គាល់គេឲ្យបានច្បាស់។ លោកអ្នកប្រហែលជាបានជួបពួកគេ ដែលជាអ្នកជិតខាង ជានិយោជិតជាមួយគ្នា ឬក៏កាលដែលអ្នកកំពុងប្រព្រឹត្តសកម្មភាពណាមួយក្នុងជីវិតរៀងរាល់ថ្ងៃ។ លោកអ្នកប្រហែលជាបានជួបប្រទះពួកគេតាមផ្លូវ កាលដែលគេកំពុងតែប្រគល់ទស្សនាវដ្ដីដល់អ្នកដើរតាមផ្លូវនោះ។ ឬក៏លោកអ្នកប្រហែលជាបាននិយាយដោយសង្ខេបជាមួយនឹងពួកគេនៅទ្វារផ្ទះរបស់លោកអ្នកដែរ។
តាមការពិតទៅ ស្មរបន្ទាល់ព្រះយេហូវ៉ាយកចិត្តទុកដាក់នឹងផលប្រយោជន៍របស់លោកអ្នកណាស់។ ពួកគេចង់ធ្វើជាមិត្តសំឡាញ់របស់លោកអ្នក ហើយចង់ថ្លែងប្រាប់រឿងថែមទៀតអំពីខ្លួនគេ ជំនឿរបស់គេ អង្គការរបស់គេ ហើយអំពីមនោសញ្ចេតនារបស់គេចំពោះមនុស្សនិងចំពោះពិភពលោក ដែលយើងទាំងអស់គ្នាកំពុងរស់នៅក្នុងនោះ។ ដើម្បីឲ្យជួយសម្រេចនូវគោលបំណងនេះ ពួកគេបានរៀបចំបោះពុម្ពសៀវភៅស្តើងនេះសម្រាប់លោកអ្នក។
តាមរបៀបភាគច្រើននោះ ស្មរបន្ទាល់ព្រះយេហូវ៉ាគឺដូចគ្នានឹងមនុស្សទាំងអស់ទៀតដែរ។ ពួកគេមានបញ្ហាខាងសេដ្ឋកិច្ច ខាងសាច់ឈាម ហើយខាងមនោសញ្ចេតនាជាដើម។ ជួនកាលពួកគេធ្វើខុស ពីព្រោះគេមិនមែនជាមនុស្សល្អឥតខ្ចោះ ឬមិនមែនជាមនុស្សមិនដែលភ្លាត់ធ្វើខុស ហើយក៏មិនមែនជាមនុស្សដែលគ្រប់សកម្មភាពទាំងអស់សុទ្ធតែមកពីព្រះនោះឡើយ។ ប៉ុន្តែពួកគេខំព្យាយាមរៀនពីពិសោធន៍របស់គេ ហើយគេយកចិត្តទុកដាក់នឹងសិក្សាព្រះគម្ពីរដើម្បីធ្វើការកែប្រែទាំងអស់ ដែលត្រូវការជាចាំបាច់។ គេបានឧទ្ទិសថ្វាយខ្លួនដល់ព្រះ ដើម្បីធ្វើតាមបំណងព្រះហឫទ័យទ្រង់ ហើយគេខ្នះខ្នែងយ៉ាងស្មោះស្ម័គ្រពីចិត្ត ដើម្បីបំពេញតាមការឧទ្ទិសថ្វាយខ្លួនរបស់គេ។ ពួកគេស្វែងរកការដឹកនាំពីបន្ទូលរបស់ព្រះនិងពីវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ចំពោះកិច្ចការទាំងអស់របស់គេ។
មានសារៈសំខាន់ណាស់ចំពោះស្មរបន្ទាល់ព្រះយេហូវ៉ា ដែលជំនឿរបស់គេមានមូលដ្ឋានក្នុងព្រះគម្ពីរ មិនស្រេចទៅលើការស្មានរបស់មនុស្ស ឬក៏គោលជំនឿសាសនាប៉ុណ្ណោះឡើយ។ ពួកគេមានគំនិតដូចជាសាវ័កប៉ុល កាលដែលលោកបានបញ្ចេញយោបល់ក្រោមអានុភាពនៃវិញ្ញាណបរិសុទ្ធរបស់ព្រះថា៖ «សូមឲ្យព្រះបានរាប់ជាពិត ហើយគ្រប់ទាំងមនុស្សជាភូតភរវិញចុះ»។ (រ៉ូម ៣:៤, សមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធa) ចំពោះការបង្រៀនដែលផ្សាយចេញជាសេចក្ដីពិតពីព្រះគម្ពីរ ពួកស្មរបន្ទាល់យល់ព្រមទាំងស្រុងនឹងការប្រព្រឹត្តរបស់ពួកបេរា កាលពួកគេបានឮសាវ័កប៉ុលធ្វើការផ្សាយ នោះ «គេប្រុងប្រៀបសព្វគ្រប់នឹងទទួលព្រះបន្ទូល ក៏ពិចារណាមើលគម្ពីររាល់តែថ្ងៃ ឲ្យបានដឹងជាសេចក្ដីទាំងនោះត្រូវឬមិនត្រូវ»។ (កិច្ចការ ១៧:១១) ស្មរបន្ទាល់ព្រះយេហូវ៉ាជឿថា ការបង្រៀនខាងសាសនាទាំងអស់ ទោះជាការបង្រៀនរបស់ពួកគេ ឬក៏របស់អ្នកដទៃក៏ដោយ នោះត្រូវតែយកមកពិចារណាដោយប្រើសេចក្ដីសាកល្បងនេះ៖ ថាតើយល់ស្របនឹងបទគម្ពីរឬទេ។ ពួកគេអញ្ជើញលោកអ្នក ជំរុញទឹកចិត្តលោកអ្នកឲ្យប្រើការសាកល្បងនេះ ក្នុងកាលដែលលោកអ្នកមានការពិគ្រោះជាមួយនឹងគេ។
ដោយយល់នូវរឿងទាំងអស់នេះ ជាការជាក់ស្តែងណាស់ ដែលស្មរបន្ទាល់ព្រះយេហូវ៉ាជឿថា ព្រះគម្ពីរជាបន្ទូលរបស់ព្រះ។ គេចាត់ទុកសៀវភៅទាំង៦៦ក្បាលជាបទគម្ពីរដែលត្រូវបានបណ្ដាលមកពីវិញ្ញាណបរិសុទ្ធរបស់ព្រះ ហើយថាជាការដ៏ត្រឹមត្រូវខាងប្រវត្ដិសាស្ត្រផង។ ផ្នែកដែលបានត្រូវហៅជាទូទៅថាសញ្ញាថ្មីនោះ ពួកគេហៅថាបទគម្ពីរគ្រីស្ទានភាសាក្រិក ហើយគេហៅសញ្ញាចាស់ថាបទគម្ពីរភាសាហេព្រើរ។ ពួកគេពឹងផ្អែកទៅលើបទគម្ពីរក្រិកនិងបទគម្ពីរហេព្រើរទាំងពីរ ហើយគេចាត់ទុកថាជារឿងអត្ថានុរូបទាំងអស់ លើកលែងតែកាលណាពាក្យសំដីឬក៏ហេតុការណ៍ដែលមានជុំវិញរឿងនោះ បង្ហាញយ៉ាងជាក់ស្តែងថាជារឿងអត្ថបដិរូបឬជានិមិត្តរូបទៅវិញ។ ពួកគេយល់ថាទំនាយជាច្រើនក្នុងព្រះគម្ពីរបានសម្រេចហើយ។ ចំណែកទំនាយឯទៀតកំពុងតែសម្រេចឥឡូវ ហើយទំនាយផ្សេងៗទៀតនឹងត្រូវសម្រេចនៅអនាគតកាលដែរ។
ឈ្មោះរបស់ពួកគេ
តើជាស្មរបន្ទាល់ព្រះយេហូវ៉ាមែនឬ? មែនហើយ ពួកគេសំដៅចំពោះខ្លួនគេតាមឈ្មោះនេះ។ ឈ្មោះនេះពណ៌នាអំពីគេ ដោយសម្ដែងថាគេធ្វើបន្ទាល់អំពីព្រះយេហូវ៉ា អំពីឋានៈរបស់ទ្រង់ ជាព្រះហើយអំពីគោលបំណងរបស់ទ្រង់ដែរ។ «ព្រះ» «ព្រះអម្ចាស់» ហើយ «អ្នកបង្កើត»—ដូចជា «ប្រធានាធិបតី» «ស្តេច» ហើយ «ឧត្តមសេនីយ»—គឺគ្រាន់តែជាឋានន្តរទេ ហើយអាចប្រើបានចំពោះបុគ្គលផ្សេងៗជាច្រើន។ ក៏ប៉ុន្តែ «យេហូវ៉ា» ជាព្រះនាមផ្ទាល់របស់ទ្រង់ ហើយសំដៅចំពោះព្រះដ៏មានព្រះចេស្ដាបំផុត គឺជាអ្នកដែលបង្កើតសកលលោកទាំងមូល។ រឿងនេះបានបង្ហាញឲ្យឃើញក្នុងទំនុកដំកើង ៨៣:១៨ ដែលចែងថា៖ «ដើម្បីឲ្យគេបានដឹងថាគឺទ្រង់តែ១អង្គព្រះនាមជាយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»។
ព្រះនាមយេហូវ៉ា (ឬក៏យ៉ាវេដូចជាព្រះគម្ពីរយេរូសាឡិមb ខាងកាតូលិកហើយវិជ្ជាករខ្លះនៅសម័យនេះចូលចិត្ត) មានជិត ៧.០០០ ដងក្នុងបទគម្ពីរហេព្រើរដើម។ កំណែថ្មីនៃព្រះគម្ពីរភាគច្រើន មិនបង្ហាញព្រះនាមព្រះផ្ទាល់ទេ ផ្ទុយទៅវិញគេដាក់ «ព្រះ» ឬក៏ «ព្រះអម្ចាស់» ជំនួសព្រះនាមដ៏ពិតនោះ។ យ៉ាងណាក៏ដោយ សូម្បី តែក្នុងព្រះគម្ពីរទាំងនោះ ជាធម្មតាមនុស្សម្នាក់ៗអាចដឹងកន្លែងដែលបទគម្ពីរហេព្រើរដើមបានប្រើព្រះនាមយេហូវ៉ា ពីព្រោះឋានន្តរដែលគេដាក់ជំនួសនោះ បានត្រូវសរសេរដោយអក្សរធំៗ។ តែកំណែថ្មីជាច្រើនដែលទាន់សម័យប្រើព្រះនាមយេហូវ៉ា ឬក៏ព្រះនាមយ៉ាវេ។ ហេតុដូច្នេះហើយ ព្រះគម្ពីរបានចែងនៅអេសាយ ៤២:៨ ថា៖ «អញជាយេហូវ៉ា នេះហើយជាឈ្មោះរបស់អញ»។
ដំណើររឿងនៃបទគម្ពីរដែលស្មរបន្ទាល់ព្រះយេហូវ៉ាប្រើដើម្បីទទួលយកឈ្មោះគេ គឺមកពីអេសាយជំពូកទី៤៣។ នៅបទគម្ពីរនោះ ព្រឹត្ដិការណ៍ពិភពលោកទាំងមូល គឺចាត់ទុកជារឿងក្ដីនៅតុលាការ៖ ព្រះនានាពីសាសន៍ទាំងអស់បានត្រូវអញ្ជើញឲ្យនាំមកនូវសាក្សីរបស់គេ ដើម្បីបង្ហាញភស្តុតាងចំពោះបណ្ដឹងក្ដីដែលគេអះអាងថាគេជាអ្នកសុចរិត ឬក៏ដើម្បីឲ្យស្ដាប់ស្មរបន្ទាល់ខាងព្រះយេហូវ៉ា ហើយទទួលស្គាល់នូវសេចក្ដីពិតទៅវិញ។ ក្នុងបទគម្ពីរនោះ ព្រះយេហូវ៉ាបានប្រកាសទៅរាស្ត្ររបស់ទ្រង់ថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ ហើយជាអ្នកបំរើ ដែលអញបានរើសតាំងដើម្បីឲ្យបានស្គាល់ ហើយជឿដល់អញព្រមទាំងយល់ថាគឺអញនេះហើយ ឥតមានព្រះណាកើតមកមុនអញទេ ហើយក្រោយអញក៏ឥតមានដែរ។ គឺអញ អញនេះហើយជាយេហូវ៉ា ក្រៅពីអញ គ្មានអ្នកសង្គ្រោះណាទៀតឡើយ»។—អេសាយ ៤៣:១០, ១១
ព្រះយេហូវ៉ាទ្រង់មានស្មរបន្ទាល់នៅលើផែនដី ក្នុងកំឡុងពេលរាប់ពាន់ឆ្នាំមុនព្រះគ្រីស្ទយាងមកម្ល៉េះ។ ក្រោយពីហេព្រើរជំពូកទី១១ បានរៀបរាប់ពីមនុស្សខ្លះដែលប្រកបទៅដោយជំនឿ ហេព្រើរ ១២:១ បានចែងថា៖ «ដូច្នេះដែលមានស្មរបន្ទាល់១ហ្វូងធំម្ល៉េះ នៅព័ទ្ធជុំវិញយើង នោះត្រូវឲ្យយើងចោលអស់ទាំងបន្ទុក នឹងអំពើបាបដែលរុំយើងជុំវិញជាងាយម្ល៉េះនោះចេញ។ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើងដោយអំណត់»។ ព្រះយេស៊ូបានមានបន្ទូលនៅខាងមុខលោកប៉ុនទាស-ពីឡាត់ថា៖ «ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយនេះ សំរាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្ដីពិត»។ ទ្រង់បានត្រូវហៅថា៖ «ស្មរបន្ទាល់ស្មោះត្រង់ហើយពិតប្រាកដ»។ (យ៉ូហាន ១៨:៣៧; វិវរណៈ ៣:១៤) ព្រះយេស៊ូមានបន្ទូលប្រាប់សិស្សរបស់ទ្រង់ថា៖ «កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្ដា ហើយនឹងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដានឹងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង»។—កិច្ចការ ១:៨
ហេតុដូច្នេះហើយមនុស្សប្រមាណ ៦.០០០.០០០ នាក់នៅជាង ២៣០ ប្រទេស ដែលកំពុងផ្សាយដំណឹងល្អនៃព្រះរាជាណាចក្ររបស់ព្រះយេហូវ៉ា ដែលគ្រប់គ្រងដោយព្រះយេស៊ូគ្រីស្ទ យល់ថាជាការត្រឹមត្រូវណាស់ ដែលគេហៅខ្លួនគេថាជាស្មរបន្ទាល់ព្រះយេហូវ៉ា។
[កំណត់សម្គាល់]
a ការដកស្រង់បទគម្ពីរនៅក្នុងសៀវភៅស្តើងនេះគឺចេញពីសេចក្ដីបកប្រែនេះ។ បើមាន «ព.ថ.» នៅបន្ទាប់ពីបទគម្ពីរណា នោះបញ្ជាក់ថាបទនោះបានដកស្រង់ចេញពី សេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធ ជាភាសាអង់គ្លេស។
b ជាភាសាអង់គ្លេស
[ឃ្លាអក្សរធំនៅទំព័រ៤]
ពួកគេបានថ្វាយខ្លួនដើម្បីប្រព្រឹត្តតាមបំណងព្រះហឫទ័យព្រះ
[ឃ្លាអក្សរធំនៅទំព័រ៤]
ពួកគេជឿថាព្រះគម្ពីរគឺជាបន្ទូលរបស់ព្រះ
[ឃ្លាអក្សរធំនៅទំព័រ៤]
ព្រះនាមរបស់ព្រះផ្ទាល់ជាភាសាហេព្រើរពីបុរាណ
[ឃ្លាអក្សរធំនៅទំព័រ៥]
ព្រះនាមទ្រង់ដែលមានការទាក់ទងទៅនឹងរឿងក្ដីនៅតុលាការ
[រូបភាពនៅទំព័រ៣]
ពួកគេយកចិត្តទុកដាក់នឹងអ្នក
[រូបភាពនៅទំព័រ៥]
ស្មរបន្ទាល់ព្រះយេហូវ៉ាប្រមាណ៦.០០០.០០០នាក់នៅជាង២៣០ប្រទេស