ការអប់រំខាងលោកីយ៍និងគោលដៅខាងវិញ្ញាណរបស់អ្នក
១ ការទទួលនូវការអប់រំដ៏ល្អជាមូលដ្ឋាន កាលដែលអ្នកនៅក្មេង អាចផ្ដល់នូវជំនាញខាងវិជ្ជាដែលត្រូវការចាំបាច់ ដើម្បីឲ្យអ្នកចេះអាន និងសរសេរបានល្អ ហើយឲ្យទទួលការយល់ដឹងទូទៅខាងភូមិសាស្ត្រ ប្រវត្ដិសាស្ត្រ គណិតសាស្ត្រ និងវិទ្យាសាស្ត្រ។ ក្នុងកាលដែលទទួលវិជ្ជានេះ នោះអ្នកអាចរៀនចេះគិតឲ្យបានច្បាស់លាស់ ធ្វើវិភាគនូវហេតុការណ៍ផ្សេងៗ ដោះស្រាយបញ្ហា ហើយធ្វើឲ្យមានគំនិតដែលបង្កើតផល។ ការរៀនសូត្របែបនេះនឹងមានប្រយោជន៍អស់មួយជីវិតរបស់អ្នក។ តើការអប់រំរបស់អ្នកខាងលោកីយ៍នេះទាក់ទងយ៉ាងដូចម្ដេច នឹងគោលដៅខាងវិញ្ញាណរបស់អ្នកនៅក្នុងជីវិត? ហើយតើដោយរបៀបណាដែលអាចជួយអ្នកឲ្យទទួលបាន«សេចក្ដីដែលមានប្រយោជន៍ នឹងគំនិតវាងវៃ»នោះ?—សុភាសិត ៣:២១, ២២
២ ទៅជាមានប្រយោជន៍ក្នុងកិច្ចបំរើរបស់ព្រះ: កាលដែលនៅឯសាលា ចូរប្រុងស្មារតីនៅក្នុងថ្នាក់រៀន ហើយសម្រេចការដែលគ្រូដាក់ឲ្យធ្វើនៅផ្ទះឲ្យបានល្អ។ ប្រសិនបើអ្នកបង្កើតបានទម្លាប់ល្អខាងការអានហើយការសិក្សា នោះអ្នកអាចពិនិត្យមើលព្រះបន្ទូលរបស់ព្រះបានយ៉ាងស្រួលជាង ហើយរក្សាខ្លួនអ្នកឲ្យបានមុតមាំខាងវិញ្ញាណ។ (កិច្ចការ ១៧:១១) ចំណេះទូទៅនឹងជួយអ្នកឲ្យទាក់ទងនឹងមនុស្សដែលមានសាវតារ ចំណាប់អារម្មណ៍ និងជំនឿផ្សេងៗពីគ្នា កាលដែលជួបគេនៅក្នុងកិច្ចបំរើផ្សាយ។ វិជ្ជាដែលអ្នកទទួលនៅក្នុងសាលា នឹងមានប្រយោជន៍កាលដែលអ្នកបំពេញភារកិច្ចរបស់អ្នកជាគ្រីស្ទាននៅក្នុងអង្គការរបស់ព្រះ។—ប្រៀបមើល ធីម៉ូថេទី២ ២:២១; ៤:១១
៣ រៀនឲ្យចេះផ្គត់ផ្គង់ខ្លួនអ្នក: ប្រសិនបើអ្នកយកចិត្តទុកដាក់នឹងខ្លួនអ្នក នោះអ្នកក៏អាចរៀនឲ្យមានជំនាញដែរ ដែលត្រូវការដើម្បីរកស៊ីក្រោយពីរៀនចប់។ (ប្រៀបមើល ធីម៉ូថេទី១ ៥:៨) សូមជ្រើសរើសមុខវិជ្ជាសិក្សាឲ្យបានប្រយ័ត្នប្រយែង។ ជាជាងយកចិត្តទុកដាក់ទៅលើមុខជំនាញដែលកម្រផ្ដល់ឱកាសរកការងារធ្វើទេ សូមគិតរៀនវិជ្ជាជីវៈឬជំនាញណា ដែលនឹងជួយអ្នកឲ្យរកការងារដែលសមរម្យវិញ។ (សុភាសិត ២២:២៩) ការហ្វឹកហ្វឺនបែបនេះនឹងធ្វើឲ្យអ្នកមានលទ្ធភាពផ្គត់ផ្គង់ខ្លួន ប្រសិនបើអ្នកសម្រេចចិត្តទៅបំរើនៅកន្លែងណាដែលត្រូវការជំនួយច្រើនជាង។—ប្រៀបមើល កិច្ចការ ១៨:១-៤
៤ ការទទួលនូវការអប់រំដែលជាគោលដ៏ល្អមួយក្នុងកាលដែលអ្នកកំពុងរៀននៅសាលា អាចជួយអ្នកឲ្យពង្រីកកិច្ចបំរើរបស់អ្នក។ ចូរខំប្រឹងឲ្យទទួលបានជំនាញដែលត្រូវការ ដើម្បីផ្គត់ផ្គង់ខ្លួនអ្នកក្នុងកាលដែលអ្នកចំរើនទៅមុខក្នុងកិច្ចការបំរើព្រះយេហូវ៉ា។ ដូច្នេះហើយ ការរៀនសូត្ររបស់អ្នក នឹងធ្វើជាជំនួយជួយអ្នកសម្រេចគោលដៅខាងវិញ្ញាណរបស់អ្នក។