ចូរជួយអ្នកឯទៀតឲ្យក្លាយជាមិត្តសម្លាញ់របស់ព្រះ
១ សព្វថ្ងៃនេះ មនុស្សមកពីគ្រប់ជាតិសាសន៍ទាំងអស់បានត្រូវបង្រៀនពីផ្លូវរបស់ព្រះយេហូវ៉ា។ (អេសា. ២:២, ៣) យ៉ាងណាក៏ដោយ ដើម្បីឲ្យមនុស្សទាំងនោះ«បង្កើតផលដោយសេចក្ដីអត់ធន់» ពួកគាត់ត្រូវតែស្រឡាញ់ព្រះយេហូវ៉ា។ (លូ. ៨:១៥; ម៉ាក. ១២:៣០) បើគ្មានសេចក្ដីស្រឡាញ់បែបនោះទេ ពួកគាត់នឹងមិនមានកម្លាំងដើម្បីទប់ទល់ឥទ្ធិពលមិនល្អ ឬក៏មានសេចក្ដីក្លាហានដើម្បីធ្វើអ្វីដែលត្រឹមត្រូវឡើយ។ វិធីម្យ៉ាងដើម្បីជួយអ្នកឯទៀតឲ្យពង្រឹងនិងពង្រីកចំណងមេត្រីភាពជាមួយព្រះយេហូវ៉ា គឺដោយបណ្ដុះបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ចំពោះគុណសម្បត្ដិរបស់ទ្រង់។ ចូរលើកទឹកចិត្តពួកគាត់ឲ្យយកចិត្តទុកដាក់គិតពីព័ត៌មាននៅក្នុងសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា។
២ គំរូរបស់អ្នក: ការប្រព្រឹត្តរបស់អ្នកផ្ទាល់ខ្លួនអាចមានឥទ្ធិពលដ៏ខ្លាំងក្លាទៅលើចិត្តសិស្សព្រះគម្ពីរ។ កាលណាពួកគេឃើញថាអ្នកចាត់ទុកចំណងមិត្តភាពជាមួយព្រះយេហូវ៉ាជាអ្វីដែលមានតម្លៃខ្ពស់និងឃើញថាមានអានុភាពទៅលើជីវិតរបស់អ្នក នោះប្រហែលជានឹងជំរុញចិត្តពួកគេបណ្ដុះឲ្យមានចំណងមិត្តភាពផ្ទាល់ខ្លួនបែបនេះដែរ។ (លូ. ៦:៤០) តាមពិត ជារឿយៗគំរូរបស់យើងមានឥទ្ធិពលច្រើនជាងពាក្យសម្ដីរបស់យើង។
៣ វិធីមួយសំខាន់ដែលមាតាបិតាប្រៀនប្រដៅបុត្រធីតារបស់ពួកគាត់ឲ្យស្រឡាញ់ព្រះយេហូវ៉ា គឺដោយតាំងគំរូ។ (ចោទិ. ៦:៤-៩) គូស្វាមីភរិយាមួយគូដែលមានបំណងចង់ចិញ្ចឹមអប់រំបុត្រធីតារបស់ពួកគាត់តាមគោលការណ៍ព្រះគម្ពីរ បានសុំឱវាទពីមាតាបិតាដែលបានទទួលលទ្ធផលល្អក្នុងការចិញ្ចឹមអប់រំកូន។ បុរសជាស្វាមីមានប្រសាសន៍ថា៖ «មនុស្សទាំងអស់ដែលខ្ញុំបាននិយាយជាមួយមានយោបល់ដូចៗគ្នាថា គំរូរបស់មាតាបិតាសំខាន់ណាស់»។ ដូច្នេះហើយ មាតាបិតាអាចធ្វើជាគំរូក្នុងគ្រប់ផ្នែកនៃជីវិតដល់បុត្រធីតារបស់ខ្លួន ដើម្បីឲ្យពួកគេយល់ច្បាស់ពីអត្ថន័យនៃពាក្យ«មិត្តសំឡាញ់»របស់ព្រះយេហូវ៉ា។—យ៉ា. ២:២៣, ខ.ស.
៤ សេចក្ដីអធិស្ឋានយ៉ាងស្មោះអស់ពីចិត្ត: អ្នកក៏អាចជួយអ្នកដទៃបណ្ដុះឲ្យមានចំណងមេត្រីភាពជាមួយព្រះយេហូវ៉ាដោយបង្រៀនពួកគេឲ្យចេះអធិស្ឋានអស់ពីចិត្តដែរ។ អ្នកអាចបង្ហាញពួកគាត់សេចក្ដីអធិស្ឋានគំរូរបស់ព្រះយេស៊ូ និងសេចក្ដីអធិស្ឋានដែលចេញពីជម្រៅចិត្តជាច្រើនឯទៀតដែលបានកត់ទុកក្នុងព្រះគម្ពីរ។ (ម៉ាថ. ៦:៩, ១០) អ្នកអាចបង្រៀនបុត្រធីតា និងសិស្សព្រះគម្ពីរនូវរបៀបអធិស្ឋានដោយស្ដាប់សេចក្ដីអធិស្ឋានផ្ទាល់ខ្លួនរបស់អ្នក។ កាលណាពួកគេឮពាក្យរៀបរាប់ដែលចេញពីចិត្តដ៏ស្មោះ នោះពួកគេយល់ពីអារម្មណ៍របស់អ្នកចំពោះព្រះយេហូវ៉ា។ ចូរលើកទឹកចិត្តពួកគាត់ឲ្យ«ខ្ជាប់ខ្ជួនក្នុងសេចក្ដីអធិស្ឋាន»ពេលជួបទុក្ខលំបាក។ (រ៉ូម ១២:១២) កាលណាពួកគាត់ទទួលជំនួយដែលចំពេលពីព្រះយេហូវ៉ា ពួកគាត់នឹងចាប់ផ្ដើមទុកចិត្តទ្រង់ និងស្រឡាញ់ទ្រង់ជាមិត្តដ៏ស្មោះត្រង់។—ទំនុក. ៣៤:៨; ភី. ៤:៦, ៧