តើក្រុមគ្រួសាររបស់អ្នកកំពុងតែត្រៀមខ្លួន ដើម្បីរួចរស់ជីវិតទេ?
១ ការសម្រេចនូវទំនាយក្នុងបទគម្ពីរផ្ដល់ភ័ស្តុតាងដែលបញ្ជាក់ថា ទីបញ្ចប់នៃរបៀបរបបពិភពលោកដ៏អាក្រក់នេះគឺកាន់តែកៀកណាស់ហើយ។ សព្វថ្ងៃនេះ យើងរស់នៅគ្រាលំបាកណាស់ ដែលមានស្ថានភាពដូចនៅគ្រាមុនទឹកជន់លិចដែរ។ (ម៉ាថ. ២៤:៣៧-៣៩) ដោយសារលោកណូអេបាន«ដើរជាមួយនឹងព្រះ» លោកបានរួចរស់ជីវិតពីការបំផ្លាញពិភពលោកកាលពីចាស់បុរាណនោះ។ (លោ. ៦:៩) លោកណូអេច្បាស់ជាបានបង្រៀនក្រុមគ្រួសារអំពីតម្រូវការផ្សេងៗរបស់ព្រះយេហូវ៉ា ពីព្រោះសមាជិកទាំងអស់បានរួចរស់ជីវិតពីទឹកជន់លិចនោះដែរ។ តើតាមរបៀបណាដែលយើងអាចយកតម្រាប់តាមលោកណូអេ និងត្រៀមខ្លួនដើម្បីរួចរស់ជីវិតពីទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ?
២ លោកជាអ្នកប្រកាសពីសេចក្ដីសុចរិត : លោកណូអេបានព្យាយាមអស់ជាង៤០ទៅ៥០ឆ្នាំ ជា«អ្នកប្រកាសប្រាប់ពីសេចក្ដីសុចរិត»។ (២ពេ. ២:៥) ពួកអ្នកជិតខាងរបស់គាត់ មិនថានៅក្រោមអំណាចនៃពួកទេវតាដែលបានប្រែក្រឡាឬក៏អត់ក្ដី ពួកគេច្បាស់ជាបានសើចចំអកមើលងាយដាក់គាត់ចំពោះការផ្សព្វផ្សាយ។ នៅក្នុងកិច្ចបម្រើផ្សាយ យើងតែងជួបប្រទះមនុស្សដែលធ្វើព្រងើយកន្តើយទាំងសើចចំអកឡកឡឺយដាក់យើង។ នេះក៏ជាភស្តុតាងដែលបង្ហាញថារបៀបរបបពិភពលោកនេះ គឺជិតមកដល់ទីបញ្ចប់ហើយ។ (២ពេ. ៣:៣, ៤) ប៉ុន្តែ មិនដូចមនុស្សនៅសម័យរបស់លោកណូអេ មនុស្សជាច្រើនសព្វថ្ងៃនេះកំពុងតែស្ដាប់តាមសាររាជាណាចក្ររបស់ព្រះ និង‹កំពុងតែចូលហូរហែ›មកថ្វាយបង្គំព្រះយេហូវ៉ា។ (អេសា. ២:២) បើយើងបន្តព្យាយាមផ្សព្វផ្សាយ នោះយើងនឹងសង្គ្រោះ‹ខ្លួនយើងព្រមទាំងពួកអ្នកដែលស្ដាប់យើងផង›។ (១ធី. ៤:១៦) ពិតជាសំខាន់មែន ដែលឪពុកម្ដាយបង្រៀនកូនៗខ្លួនតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តថា កិច្ចការផ្សព្វផ្សាយដំណឹងល្អជាកិច្ចការដែលត្រូវធ្វើជាបន្ទាន់!—២ធី. ៤:២
៣ លោកបានធ្វើ«សំរេចទាំងអស់» : លោកណូអេនិងក្រុមគ្រួសារអាចរួចរស់ជីវិត ដោយធ្វើតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់។ (លោ. ៦:២២) សព្វថ្ងៃនេះក៏សំខាន់ដែរ គឺថាឲ្យយើងមាន«ចិត្តទន់» ឬប្រុងប្រៀបស្ដាប់តាមបង្គាប់ក្នុងគម្ពីរនិងពីអ្នកបម្រើស្មោះត្រង់។ (យ៉ា. ៣:១៧) កូនៗពេញវ័យក្នុងក្រុមគ្រួសារមួយបាននឹកឃើញរបៀបដែលឪពុករបស់ពួកគេ បានធ្វើតាមការណែនាំពីអង្គការរបស់ព្រះយេហូវ៉ា។ ជាឧទាហរណ៍ ឪពុកនោះដឹកនាំការសិក្សាជាក្រុមគ្រួសាររៀងរាល់សប្ដាហ៍ និងនាំក្រុមគ្រួសារទៅផ្សព្វផ្សាយរៀងរាល់ចុងសប្ដាហ៍ដូចអង្គការព្រះយេហូវ៉ាណែនាំ។ គាត់ខំព្យាយាមទៅផ្សព្វផ្សាយជាមួយនឹងកូនម្នាក់រៀងរាល់សប្ដាហ៍។ ដោយសារគាត់មានជំហររឹងមាំក្នុងការធ្វើតាមបង្គាប់«ទាំងអស់»នោះ នេះបានដិតជាប់ក្នុងចិត្តគំនិតរបស់កូនៗ ហើយកូនទាំង៦នាក់បានធំឡើងជាអ្នកបម្រើដែលមានចិត្តភក្ដីចំពោះព្រះយេហូវ៉ា។
៤ ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះនឹងកើតឡើងភ្លាមមួយរំពេច។ (លូ. ១២:៤០) បើយើងយកតម្រាប់តាមលោកណូអេនិងអនុវត្តជំនឿដើម្បីឲ្យបានសេចក្ដីសង្គ្រោះ នោះយើងនិងក្រុមគ្រួសាររបស់យើងប្រាកដជាបានត្រៀមខ្លួនជាស្រេចមែន!—ហេ. ១១:៧