វិធីរៀបចំពាក្យផ្ដើមដែលមានប្រសិទ្ធភាព
១. តើពាក្យផ្ដើមដែលមានប្រសិទ្ធភាពសំខាន់យ៉ាងណា?
១ ពាក្យផ្ដើមល្អបើកឱកាសឲ្យយើងពិភាក្សាអំពីគម្ពីរ ដូចគ្នានិងអាហារសម្រន់ដែលមានឱជារសធ្វើឲ្យយើងគិតដល់អាហារដែលនឹងមកជាបន្ទាប់។ ពាក្យផ្ដើមដែលមានប្រសិទ្ធភាពអាស្រ័យទៅលើប្រវែងនិងប្រធានដែលយើងនិយាយ។ ប៉ុន្តែ ដូចអាហារដែលមានឱជារស ពាក្យផ្ដើមដែលមានប្រសិទ្ធភាពតម្រូវឲ្យគិតនិងរៀបចំទុកជាមុន។ (សុភ. ១៥:២៨) តើអ្វីដែលធ្វើឲ្យពាក្យផ្ដើមមានប្រសិទ្ធភាព?
២. តើយើងអាចរៀបចំពាក្យផ្ដើមដែលធ្វើឲ្យគេចាប់អារម្មណ៍យ៉ាងដូចម្ដេច?
២ ជ្រើសរើសប្រធានបទដែលគេចាប់អារម្មណ៍: ពាក្យផ្ដើមរបស់យើងត្រូវធ្វើឲ្យគេចាប់អារម្មណ៍ ឬបើមិនដូច្នោះទេម្ចាស់ផ្ទះប្រហែលជាបញ្ចប់ការសន្ទនា។ ដូច្នេះ ពេលរៀបចំ សូមគិតអំពីចំណាប់អារម្មណ៍របស់មនុស្សក្នុងតំបន់ផ្សាយ។ តើមនុស្សនៅក្នុងសហគមន៍ចាប់អារម្មណ៍អំពីរឿងមួយណា រដ្ឋាភិបាលល្អ សុភមង្គលគ្រួសារ ឬក៏ការលែងមានសង្គ្រាម? មនុស្សជាទូទៅចូលចិត្តបញ្ចេញមតិ ដូចនេះសូមរៀបចំសំណួរត្រិះរិះដើម្បីឲ្យគេនិយាយពីទស្សនៈរបស់ខ្លួន។ តើអ្នកអាចប្រើពាក្យផ្សាយគំរូមួយពីកិច្ចបម្រើព្រះ ហើយប្រែប្រួលទៅតាមតំបន់ផ្សាយរបស់អ្នកឬទេ? ម្ដងម្កាលពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ សូមហាត់សមពាក្យផ្ដើមខ្លះ។
៣. តើយើងអាចកែសម្រួលពាក្យផ្ដើមរបស់យើងស្របទៅតាមវប្បធម៌និងមជ្ឈដ្ឋានរបស់មនុស្សក្នុងតំបន់ផ្សាយយ៉ាងដូចម្ដេច?
៣ គិតអំពីវប្បធម៌និងមជ្ឈដ្ឋាន: នៅកន្លែងខ្លះ ម្ចាស់ផ្ទះចង់ឲ្យយើងភ្លាមៗអំពីមូលហេតុដែលយើងមកលេង។ កន្លែងផ្សេងទៀត ម្ចាស់ផ្ទះគិតថាខ្វះការគួរសមបើភ្ញៀវមិនបានសួរសុខទុក្ខ ឬក៏និយាយរឿងផ្ទាល់ខ្លួនខ្លះៗជាមុនសិន។ នៅតំបន់ខ្លះ មនុស្សដែលមានសាសនាយល់ព្រមឲ្យយើងប្រើគម្ពីរក្នុងពាក្យផ្ដើមរបស់យើង។ (សកម្ម. ២:១៤-១៧) ទោះជាយ៉ាងនោះក្ដី កន្លែងដែលមនុស្សមិនកាន់សាសនាគ្រិស្ត ឬមិនកាន់សាសនាណាទាំងអស់ ប្រហែលល្អជាងឲ្យយើងនិយាយអំពីគម្ពីរពេលត្រឡប់ទៅជួប ជាជាងនិយាយនៅដើមដំបូង។—សកម្ម. ១៧:២២-៣១
៤. តើយើងគួរយកចិត្តទុកដាក់ចំពោះពាក្យដំបូងក្នុងពាក្យផ្ដើមរបស់យើងយ៉ាងដូចម្ដេច?
៤ ពាក្យដំបូង: សូមរៀបចំពាក្យដំបូងរបស់អ្នកឲ្យបានហ្មត់ចត់។ តាមធម្មតាឃ្លាខ្លីហើយងាយយល់នោះគឺល្អបំផុត។ ពាក្យដំបូងដែលយើងនិយាយក៏សំខាន់ដែរ។ សូមមានចិត្តរំភើប។ សូមញញឹមនិងបង្ហាញថាអ្នកយកចិត្តទុកដាក់យ៉ាងស្មោះចំពោះម្ចាស់ផ្ទះ។ ការធ្វើតាមយោបល់ទាំងអស់នេះនឹងជួយយើងក្នុងការរៀបចំពាក្យផ្ដើមដែលប្រៀបដូចជាអាហារសម្រន់ដែលមានឱជារស និងជួយលើកទឹកចិត្តមនុស្សក្នុងតំបន់ផ្សាយឲ្យបរិភោគពី«តុរបស់ព្រះយេហូវ៉ា»។—១កូ. ១០:២១