‹ ចូររក្សាឲ្យមានសាមគ្គីភាពដែលមកពីឫទ្ធានុភាពរបស់ព្រះ›
សាវ័កប៉ូលបានលើកទឹកចិត្តគ្រិស្តសាសនិកនៅក្រុងអេភេសូរ ឲ្យបន្ត«ទ្រាំទ្រគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់»។ គាត់បន្ថែមថា៖ «ចូរព្យាយាមរក្សាឲ្យមានសាមគ្គីភាពដែលមកពីឫទ្ធានុភាពរបស់ព្រះ ហើយមានសេចក្ដីសុខសាន្តទុកជាចំណងដែលនាំឲ្យមានសាមគ្គីភាព»។—អេភ. ៤:២, ៣
«សាមគ្គីភាព»ដែលយើងមាន គឺ«មកពីឫទ្ធានុភាពរបស់ព្រះ»។ នេះមានន័យថា យើងអាចមានសាមគ្គីភាពដោយសារតែឫទ្ធានុភាពរបស់ព្រះ។ ប៉ុន្តែ ដូចប៉ូលបានពន្យល់ គឺត្រូវការការខំប្រឹងព្យាយាមដើម្បីរក្សាសាមគ្គីភាព។ តើអ្នកណាត្រូវខំប្រឹងព្យាយាម? គ្រិស្តសាសនិកម្នាក់ៗត្រូវខំប្រឹងព្យាយាមជួយ«រក្សាឲ្យមានសាមគ្គីភាពដែលមកពីឫទ្ធានុភាពរបស់ព្រះ»។
ឧបមាថា មាននរណាម្នាក់ឲ្យឡានថ្មីមួយដល់អ្នក។ តើអ្នកណាមានភារកិច្ចថែទាំឡាននោះ? ចម្លើយគឺស្រួល។ អ្នកមិនអាចបន្ទោសអ្នកដែលឲ្យឡាននោះទេ បើឡាននោះខូចដោយសារអ្នកមិនបានថែទាំវា។
ស្រដៀងគ្នាដែរ ទោះជាសាមគ្គីភាពជាគ្រិស្តសាសនិកគឺជាអំណោយពីព្រះក្ដី យើងម្នាក់ៗមានភារកិច្ចរក្សាឲ្យមានសាមគ្គីភាពនោះ។ បើយើងមិនមានសន្តិភាពជាមួយបងប្អូនរួមជំនឿណាម្នាក់ទេ យើងត្រូវសួរខ្លួនថា ‹តើខ្ញុំកំពុងខំអស់ពីសមត្ថភាពដើម្បីរក្សាឲ្យមានសាមគ្គីភាពដែលមកពីឫទ្ធានុភាពរបស់ព្រះដោយដោះស្រាយរឿងនោះឬទេ?›។
«ចូរព្យាយាម»រក្សាឲ្យមានសាមគ្គីភាព
ដូចប៉ូលបានសរសេរ ជួនកាលយើងប្រហែលជាត្រូវខំព្យាយាមដើម្បីរក្សាឲ្យមានសាមគ្គីភាពដែលមកពីឫទ្ធានុភាពរបស់ព្រះ។ យើងប្រហែលជាកាន់តែត្រូវខំព្យាយាមរក្សាឲ្យមានសាមគ្គីភាព បើបងប្អូនរួមជំនឿធ្វើឲ្យយើងទើសចិត្ត។ តើការរក្សាសាមគ្គីភាពតែងតែតម្រូវឲ្យយើងទៅជួបបុគ្គលនោះ ហើយនិយាយអំពីបញ្ហានោះទេ? មិនតែងតែដូច្នោះទេ! សូមសួរខ្លួនអ្នកថា ‹តើការលើករឿងនោះមកនិយាយ នឹងធ្វើឲ្យមានសាមគ្គីភាព ឬធ្វើឲ្យរឿងនោះកាន់តែធំឡើង?›។ ជួនកាលជាការឈ្លាសវ៉ៃ បើយើងគ្រាន់តែមិនប្រកាន់ទោសឬអភ័យទោសឲ្យអ្នកនោះ។—សុភ. ១៩:១១; ម៉ាក. ១១:២៥
សូមសួរខ្លួនអ្នកថា ‹តើការលើករឿងនោះមកនិយាយ នឹងធ្វើឲ្យមានសាមគ្គីភាពឬធ្វើឲ្យរឿងនោះកាន់តែធំឡើង?›
ដូចសាវ័កប៉ូលបានសរសេរ សូមឲ្យយើងបន្ត«ទ្រាំទ្រគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់»។ (អេភ. ៤:២) ឯកសារយោងមួយចែងថា ឃ្លានេះអាចមានន័យថា«ទទួលយកពួកគេជាពួកគេ»។ នេះមានន័យថា យើងទទួលស្គាល់ថាបងប្អូនរួមជំនឿរបស់យើងចេះធ្វើខុសដូចយើងដែរ។ ពិតមែនតែ យើងព្យាយាមបំពាក់«បុគ្គលិកលក្ខណៈថ្មី»។ (អេភ. ៤:២៣, ២៤) ប៉ុន្តែ គ្មានយើងណាម្នាក់អាចធ្វើដូច្នោះយ៉ាងល្អឥតខ្ចោះទេ។ (រ៉ូម ៣:២៣) បើយើងទទួលស្គាល់ការពិតនោះ យើងនឹងកាន់តែងាយស្រួលទ្រាំទ្រគ្នាទៅវិញទៅមក អភ័យទោសឲ្យគ្នា ហើយ«រក្សាឲ្យមានសាមគ្គីភាពដែលមកពីឫទ្ធានុភាពរបស់ព្រះ»។
យើងនឹងមាន«សេចក្ដីសុខសាន្តទុកជាចំណងដែលនាំឲ្យមានសាមគ្គីភាព»ក្នុងក្រុមជំនុំ បើយើងអភ័យទោស ហើយបំភ្លេចអ្វីដែលអ្នកឯទៀតធ្វើឲ្យយើងទើសចិត្ត។ ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«ចំណង»នៅអេភេសូរ ៤:៣ បានត្រូវបកប្រែថា«សរសៃ»នៅកូឡុស ២:១៩។ សរសៃគឺជាសំណុំកោសិកាដ៏រឹងមាំដែលតភ្ជាប់សន្លាក់ឆ្អឹងមួយទៅនឹងសន្លាក់ឆ្អឹងមួយទៀត។ ស្រដៀងគ្នាដែរ សេចក្ដីសុខសាន្តព្រមទាំងសេចក្ដីស្រឡាញ់ដែលយើងមានចំពោះបងប្អូន ជួយយើងឲ្យបន្តនៅជិតស្និទ្ធជាមួយនឹងពួកគេ ទោះជាពេលខ្លះមានការខ្វែងគំនិតគ្នាក៏ដោយ។
ដូច្នេះ ពេលបងប្អូនរួមជំនឿធ្វើឲ្យអ្នកទើសចិត្ត ឈឺចិត្ត ឬខឹង សូមព្យាយាមមានសេចក្ដីមេត្តាករុណា ជាជាងរិះគន់គាត់។ (កូឡ. ៣:១២) ដោយសារយើងទាំងអស់គ្នាជាមនុស្សមិនល្អឥតខ្ចោះ អ្នកក៏ទំនងជាធ្លាប់ធ្វើឲ្យនរណាម្នាក់ទើសចិត្តនៅពេលណាមួយដែរ។ បើអ្នកចាំអំពីចំណុចនេះ នោះនឹងជួយអ្នក«រក្សាឲ្យមានសាមគ្គីភាពដែលមកពីឫទ្ធានុភាពរបស់ព្រះ»។