បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w25 វិច្ឆិកា ទំ. ២២-២៧
  • ​«​អ្នក​ជា​បុគ្គល​ដ៏​មាន​តម្លៃ​ខ្លាំង​ណាស់​»​!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ​«​អ្នក​ជា​បុគ្គល​ដ៏​មាន​តម្លៃ​ខ្លាំង​ណាស់​»​!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • របៀប​ដែល​លោក​យេស៊ូ​ជួយ​មនុស្ស​ឲ្យ​ដឹង​ថា​ពួក​គេ​មាន​តម្លៃ
  • តើ​តាម​របៀប​ណា​យើង​អាច​មាន​ទស្សនៈ​ចំពោះ​ខ្លួន​ដូច​ព្រះ​យេហូវ៉ា​មាន​ចំពោះ​យើង?
  • ព្រះ​យេហូវ៉ា​«​មើល​ថែ​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ​»​
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • ព្រះយេហូវ៉ាមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • មេ​រៀន​ពី​គំរូ​លោក​យេស៊ូ​ក្នុង​អំឡុង​៤០​ថ្ងៃ​ចុង​ក្រោយ​នៅ​ផែន​ដី
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • ចូរ​ទទួល​ស្គាល់​អ្វី​ដែល​អ្នក​មិន​ដឹង​ដោយ​ចិត្ត​រាប​ទាប
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
w25 វិច្ឆិកា ទំ. ២២-២៧

អត្ថបទ​សិក្សា​៤៧

ចម្រៀង​លេខ​៣៨ លោក​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា

​«​ អ្នក​ជា​បុគ្គល​ដ៏​មាន​តម្លៃ​ខ្លាំង​ណាស់​»​!

​«​ អ្នក​ជា​បុគ្គល​ដ៏​មាន​តម្លៃ​ខ្លាំង​ណាស់​»។—ដាន. ៩:២៣

ចំណុច​ផ្ដោត

ដើម្បី​ជួយ​ពួក​អ្នក​ដែល​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ​ឲ្យ​យល់​ថា ពួក​គេ​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា។

១​-​២. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ជឿ​ជាក់​ថា​យើង​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា?

ក្នុង​ចំណោម​អ្នក​បម្រើ​ដ៏​មាន​តម្លៃ​របស់​ព្រះ​យេហូវ៉ា បុគ្គល​ខ្លះ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ។ ពួក​គេ​ប្រហែល​ជា​បាន​ត្រូវ​អ្នក​ឯ​ទៀត​ប្រព្រឹត្ត​អាក្រក់​មក​លើ​ពួក​គេ។ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ដូច​នោះ​ឬ​ទេ? បើ​ដូច្នេះ តើ​តាម​របៀប​ណា​អ្នក​អាច​ជឿ​ជាក់​ថា​អ្នក​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា?

២ អ្វី​មួយ​ដែល​អាច​ជួយ​អ្នក​គឺ​ដោយ​គិត​ពិចារណា​អំពី​កំណត់​ហេតុ​ក្នុង​គម្ពីរ ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​មាន​ទស្សនៈ​និង​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​ព្រះ បាន​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​ដោយ​ថ្លៃ​ថ្នូរ​និង​ការ​គោរព។ ដោយ​ធ្វើ​ដូច្នេះ លោក​បង្ហាញ​ថា​លោក​និង​បិតា​របស់​លោក​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​បុគ្គល​ទន់​ទាប​ដែល​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ។ (​យ៉ូន. ៥:១៩; ហេ. ១:៣​) នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​៖ (​១​)​ របៀប​ដែល​លោក​យេស៊ូ​ជួយ​មនុស្ស​ឲ្យ​ដឹង​ថា​ពួក​គេ​មាន​តម្លៃ និង(​២​)​ របៀប​ដែល​យើង​អាច​ធ្វើ​ឲ្យ​ខ្លួន​ជឿ​ជាក់​ថា​យើង​មាន​តម្លៃ​ខ្លាំង​ណាស់​ចំពោះ​ព្រះ។—ហាក. ២:៧

របៀប​ដែល​លោក​យេស៊ូ​ជួយ​មនុស្ស​ឲ្យ​ដឹង​ថា​ពួក​គេ​មាន​តម្លៃ

៣. តើ​លោក​យេស៊ូ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​ពួក​អ្នក​ស្រុក​កាលីឡេ​ដែល​មក​រក​លោក​ដើម្បី​ទទួល​ជំនួយ?

៣ ក្នុង​អំឡុង​ការ​ធ្វើ​ដំណើរ​ផ្សព្វ​ផ្សាយ​ជា​លើក​ទី​៣​របស់​លោក​យេស៊ូ​នៅ​ស្រុក​កាលីឡេ មនុស្ស​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​បាន​ប្រមូល​គ្នា​ទៅ​ឯ​លោក ស្ដាប់​លោក ហើយ​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ពួក​គេ​បាន​ត្រូវ​សង្កត់​សង្កិន និង​ទុក​ចោល​ឲ្យ​នៅ​រាត់​រាយ​ប្រៀប​ដូច​ចៀម​ដែល​គ្មាន​គង្វាល​»។ (​ម៉ាថ. ៩:៣៦​) ពួក​អ្នក​ដឹក​នាំ​សាសនា​បាន​ចាត់​ទុក​ពួក​គេ​ថា​មិន​សម​នឹង​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​ថែម​ទាំង​ហៅ​ពួក​គេ​ថា ​«​ពួក​មនុស្ស​ដែល​ត្រូវ​បណ្ដាសា​»​ទៀត​ផង។ (​យ៉ូន. ៧:៤៧​-​៤៩​) ប៉ុន្តែ លោក​យេស៊ូ​បាន​ប្រព្រឹត្ត​ទៅ​លើ​ពួក​គេ​បែប​ថ្លៃ​ថ្នូរ ដោយ​ចំណាយ​ពេល​បង្រៀន​ពួក​គេ​និង​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ។ (​ម៉ាថ. ៩:៣៥​) បន្ថែម​ទៅ​ទៀត ដើម្បី​ជួយ​មនុស្ស​ឲ្យ​កាន់​តែ​ច្រើន លោក​បាន​បង្ហាត់​បង្រៀន​ពួក​សាវ័ក​ឲ្យ​ផ្សព្វ​ផ្សាយ ហើយ​ឲ្យ​ពួក​គេ​មាន​អំណាច​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​សះ​ស្បើយ។—ម៉ាថ. ១០:៥​-​៨

៤. តើ​យើង​រៀន​អ្វី​ពី​របៀប​ដែល​លោក​យេស៊ូ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ស្ដាប់​ដែល​ជា​មនុស្ស​ទន់​ទាប?

៤ ពេល​លោក​យេស៊ូ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ស្ដាប់​ដោយ​ភាព​ថ្លៃ​ថ្នូរ​និង​ការ​គោរព លោក​យេស៊ូ​បង្ហាញ​ថា​លោក​និង​បិតា​លោក​ចាត់​ទុក​ពួក​អ្នក​ដែល​សង្គម​ច្រើន​តែ​មើល​ងាយ​ថា​មាន​តម្លៃ។ បើ​អ្នក​កំពុង​បម្រើ​ព្រះ​យេហូវ៉ា តែ​សង្ស័យ​ថា​អ្នក​គ្មាន​តម្លៃ សូម​គិត​អំពី​របៀប​ដែល​លោក​យេស៊ូ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ទន់​ទាប​ដែល​ចង់​រៀន​ពី​លោក។ ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ថា អ្នក​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា។

៥. សូម​រៀប​រាប់​អំពី​ស្ថានភាព​របស់​ស្ត្រី​ម្នាក់​ពី​ស្រុក​កាលីឡេ​ដែល​លោក​យេស៊ូ​បាន​ជួប?

៥ លោក​យេស៊ូ​មិន​គ្រាន់​តែ​បង្រៀន​មនុស្ស​ជា​ក្រុម​ៗ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បុគ្គល​ម្នាក់​ៗ​ដែរ។ ជា​ឧទាហរណ៍ ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក​យេស៊ូ​នៅ​ស្រុក​កាលីឡេ លោក​បាន​ជួប​ស្ត្រី​ម្នាក់​ដែល​មាន​ជំងឺ​ធ្លាក់​ឈាម​អស់​១២​ឆ្នាំ។ (​ម៉ាក. ៥:២៥​) ដោយ​សារ​បញ្ហា​សុខភាព​របស់​គាត់ តាម​ច្បាប់​ព្រះ​គាត់​គឺ​មិន​ស្អាត​បរិសុទ្ធ ហើយ​អ្នក​ណា​ដែល​ប៉ះ​ពាល់​គាត់​ក៏​នឹង​មិន​ស្អាត​បរិសុទ្ធ​ដែរ។ ដូច្នេះ គាត់​ទំនង​ជា​ច្រើន​តែ​នៅ​តែ​ម្នាក់​ឯង។ បន្ថែម​ទៅ​ទៀត គាត់​មិន​អាច​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​អ្នក​ឯ​ទៀត​នៅ​ឯ​សាលា​ប្រជុំ ឬ​ក្នុង​អំឡុង​ពិធី​បុណ្យ​ទេ។ (​ចល. ១៥:១៩, ២៥​) ស្ត្រី​នេះ​ច្បាស់​ជា​ឈឺ​ចាប់​ទាំង​កាយ​ទាំង​ចិត្ត។—ម៉ាក. ៥:២៦

៦. តើ​ស្ត្រី​ដែល​មាន​ជំងឺ​ធ្លាក់​ឈាម​បាន​ធ្វើ​អ្វី​ដើម្បី​ជា​សះ​ស្បើយ?

៦ ដោយ​សារ​ស្ត្រី​នេះ​រង​ទុក្ខ​យ៉ាង​ខ្លាំង គាត់​ចង់​ឲ្យ​លោក​យេស៊ូ​ធ្វើ​ឲ្យ​គាត់​ជា​សះ​ស្បើយ។ ប៉ុន្តែ គាត់​មិន​បាន​សុំ​លោក​ធ្វើ​ឲ្យ​គាត់​ជា​សះ​ស្បើយ​ទេ។ ហេតុ​អ្វី? គាត់​ប្រហែល​ជា​មាន​អារម្មណ៍​អៀន​ខ្មាស ឬ​គាត់​ប្រហែល​ជា​ភ័យ​ខ្លាច​ថា​លោក​យេស៊ូ​នឹង​ស្ដី​បន្ទោស​គាត់ ដោយ​សារ​គាត់​ចូល​មក​ក្នុង​ក្រុម​មនុស្ស​ទាំង​មិន​ស្អាត​បរិសុទ្ធ។ គាត់​ជឿ​ជាក់​ថា​គាត់​នឹង​ជា​សះ​ស្បើយ បើ​គាត់​គ្រាន់​តែ​ពាល់​សម្លៀក​បំពាក់​ក្រៅ​របស់​លោក​យេស៊ូ។ (​ម៉ាក. ៥:២៧, ២៨​) គាត់​បាន​ទទួល​ពរ​ចំពោះ​ជំនឿ​របស់​គាត់។ រួច​មក លោក​យេស៊ូ​បាន​សួរ​ថា​តើ​អ្នក​ណា​ពាល់​លោក ហើយ​គាត់​បាន​សារភាព​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ។ ដូច្នេះ តើ​លោក​យេស៊ូ​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​គាត់?

៧. តើ​លោក​យេស៊ូ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ស្ត្រី​ដែល​រង​ទុក្ខ​វេទនា​នោះ? (​ម៉ាកុស ៥:៣៤​)

៧ លោក​យេស៊ូ​បាន​ប្រព្រឹត្ត​ទៅ​លើ​ស្ត្រី​នោះ​ដោយ​សប្បុរស​និង​ការ​គោរព។ លោក​ឃើញ​ថា​គាត់​«​ភ័យ​ញាប់​ញ័រ​»។ (​ម៉ាក. ៥:៣៣​) ដូច្នេះ លោក​បាន​និយាយ​ដោយ​សប្បុរស​ទៅ​កាន់​គាត់​និង​លើក​ទឹក​ចិត្ត​គាត់។ លោក​ថែម​ទាំង​ហៅ​គាត់​ថា​៖ ​«​កូន​ស្រី​»។ ដោយ​ប្រើ​ពាក្យ​នេះ លោក​យេស៊ូ​មិន​គ្រាន់​តែ​បង្ហាញ​ការ​គោរព​ចំពោះ​គាត់​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​បង្ហាញ​ចិត្ត​សប្បុរស​និង​សេចក្ដី​ស្រឡាញ់​ដែរ។ (​សូម​អាន ម៉ាកុស ៥:៣៤​) នៅ​ក្នុង​គម្ពីរ មាន​តែ​មួយ​ដង​នេះ​ប៉ុណ្ណោះ​ដែល​លោក​យេស៊ូ​បាន​ហៅ​ស្ត្រី​ថា​«​កូន​ស្រី​»។ លោក​ទំនង​ជា​ប្រើ​ពាក្យ​ដ៏​សប្បុរស​នេះ​នៅ​ក្នុង​ស្ថានភាព​ភាព​នេះ ដោយ​សារ​លោក​ឃើញ​ថា​គាត់​ភ័យ​ខ្លាច​ជា​ខ្លាំង។ សូម​ស្រមៃ​ថា តើ​គាត់​ធូរ​ចិត្ត​ខ្លាំង​យ៉ាង​ណា! បើ​លោក​យេស៊ូ​មិន​បាន​សម្រាល​ទុក្ខ​គាត់​បែប​នោះ​ទេ គាត់​ប្រហែល​ជា​ចេញ​ទៅ​ទាំង​មាន​អារម្មណ៍​បន្ទោស​ខ្លួន ទោះ​ជា​គាត់​បាន​ជា​សះ​ស្បើយ​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បាន​ជួយ​គាត់​ឲ្យ​យល់​ថា គាត់​ជា​កូន​ស្រី​ដ៏​មាន​តម្លៃ​របស់​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។

៨. តើ​បង​ស្រី​ម្នាក់​ពី​ប្រទេស​ប្រេស៊ីល​មាន​ការ​ពិបាក​អ្វី​ខ្លះ?

៨ នៅ​សព្វ​ថ្ងៃ​នេះ អ្នក​បម្រើ​របស់​ព្រះ​ក៏​មាន​បញ្ហា​សុខភាព​ដែល​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត​របស់​ពួក​គេ​ដែរ។ បង​ស្រី​ម៉ារៀa​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ពី​ប្រទេស​ប្រេស៊ីល បាន​កើត​មក​ទាំង​គ្មាន​ជើង​ទាំង​សង​ខាង និង​គ្មាន​ក​ដៃ​ឆ្វេង។ គាត់​ពន្យល់​ថា​៖ ​«​សិស្ស​រួម​ថ្នាក់​បាន​និយាយ​អាក្រក់​មក​កាន់​ខ្ញុំ​ជា​និច្ច។ សូម្បី​តែ​ក្រុម​គ្រួសារ​ខ្ញុំ ក៏​រើស​អើង​ខ្ញុំ​ដែរ​»។

៩. តើ​អ្វី​បាន​ជួយ​បង​ម៉ារៀ​ឲ្យ​ដឹង​ថា​គាត់​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា?

៩ តើ​បង​ម៉ារៀ​បាន​ទទួល​ជំនួយ​តាម​របៀប​ណា? ពេល​គាត់​ក្លាយ​ជា​សាក្សី​ព្រះ​យេហូវ៉ា បង​ប្អូន​រួម​ជំនឿ​បាន​សម្រាល​ទុក្ខ​គាត់​និង​ជួយ​គាត់​ឲ្យ​មាន​ទស្សនៈ​ចំពោះ​ខ្លួន​ដូច​ព្រះ​យេហូវ៉ា​មាន​ចំពោះ​គាត់។ គាត់​និយាយ​ថា​៖ ​«​បង​ប្អូន​ជា​ច្រើន​នាក់​បាន​ជួយ​ខ្ញុំ! ខ្ញុំ​អរគុណ​ព្រះ​យេហូវ៉ា​អស់​ពី​ដួង​ចិត្ត​របស់​ខ្ញុំ​ដែល​បាន​ផ្ដល់​ក្រុម​គ្រួសារ​ដ៏​អស្ចារ្យ​នេះ​»។ បង​ប្អូន​រួម​ជំនឿ​របស់​បង​ម៉ារៀ​បាន​ជួយ​គាត់​ឲ្យ​យល់​ថា​គាត់​មាន​តម្លៃ​ចំពោះ​ព្រះ។

១០. តើ​ម៉ារៀ​ម៉ាក់ដាឡេន​មាន​បញ្ហា​អ្វី? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១០ សូម​គិត​អំពី​របៀប​ដែល​លោក​យេស៊ូ​បាន​ជួយ​បុគ្គល​ម្នាក់​ទៀត គឺ​ម៉ារៀ​ម៉ាក់ដាឡេន។ គាត់​មាន​វិញ្ញាណ​កំណាច​៧​ចូល! (​លូក. ៨:២​) គាត់​ទំនង​ជា​ប្រព្រឹត្ត​ចម្លែក​ៗ ដោយ​សារ​គាត់​នៅ​ក្រោម​ឥទ្ធិពល​របស់​ពួក​វិញ្ញាណ​កំណាច ហើយ​ជា​លទ្ធផល​អ្នក​ឯ​ទៀត​គេច​ចេញ​ពី​គាត់។ នៅ​គ្រា​ដ៏​លំបាក​នោះ​ក្នុង​ជីវិត​របស់​គាត់ គាត់​ទំនង​ជា​មាន​អារម្មណ៍​ភ័យ​ខ្លាច ហើយ​គិត​ថា​គ្មាន​នរណា​ម្នាក់​ស្រឡាញ់​គាត់​ឬ​អាច​ជួយ​គាត់​បាន​ទេ។ លោក​យេស៊ូ​ទំនង​បាន​បណ្ដេញ​វិញ្ញាណ​កំណាច​ចេញ​ពី​គាត់ ហើយ​គាត់​បាន​ទៅ​ជា​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់។ តើ​លោក​យេស៊ូ​បាន​ជួយ​ម៉ារៀ​ម៉ាក់ដាឡេន​តាម​របៀប​ណា​ទៀត​ឲ្យ​យល់​ថា​គាត់​មាន​តម្លៃ​ចំពោះ​ព្រះ?

បណ្ដុំ​រូប​ភាព​៖ ១. លោក​យេស៊ូ​សង្កេត​មើល​ម៉ារៀ​ម៉ាក់ដាឡេន កាល​ដែល​គាត់​លុត​ជង្គង់​លើ​ឥដ្ឋ​នៅ​ផ្លូវ​ងងឹត​តូច​មួយ។ ២. ម៉ារៀ​ម៉ាក់ដាឡេន​សប្បាយ​សេព​គប់​ជា​មួយ​នឹង​លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​ផ្សេង​ទៀត​របស់​លោក។

តើ​លោក​យេស៊ូ​បាន​បង្ហាញ​ម៉ារៀ​ម៉ាក់ដាឡេន​ថា​គាត់​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​វគ្គ​១០​-​១១​)


១១. តើ​លោក​យេស៊ូ​បង្ហាញ​ម៉ារៀ​ម៉ាក់ដាឡេន​យ៉ាង​ដូច​ម្ដេច​ថា​គាត់​មាន​តម្លៃ​ចំពោះ​ព្រះ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១១ លោក​យេស៊ូ​បាន​ឲ្យ​ម៉ារៀ​ម៉ាក់ដាឡេន​មាន​ឯកសិទ្ធិ​ធ្វើ​ដំណើរ​ជា​មួយ​លោក​និង​ពួក​អ្នក​កាន់​តាម​លោក កាល​ដែល​ពួក​គេ​ផ្សព្វ​ផ្សាយ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ។b ជា​លទ្ធផល គាត់​អាច​ស្ដាប់​លោក​យេស៊ូ​ពេល​លោក​បង្រៀន​អ្នក​ឯ​ទៀត។ ម្យ៉ាង​ទៀត លោក​យេស៊ូ​បាន​លេច​មក​ជួប​គាត់​នៅ​ថ្ងៃ​ដែល​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ គាត់​នៅ​ក្នុង​ចំណោម​អ្នក​កាន់​តាម​ដំបូង​ដែល​លោក​យេស៊ូ​និយាយ​ជា​មួយ​នៅ​ថ្ងៃ​នោះ។ លោក​យេស៊ូ​ថែម​ទាំង​បាន​ចាត់​គាត់​ឲ្យ​ទៅ​ប្រាប់​ពួក​សាវ័ក​របស់​លោក​ថា លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ តាម​របៀប​ទាំង​អស់​នេះ លោក​យេស៊ូ​បាន​ជួយ​គាត់​ឲ្យ​ដឹង​ថា គាត់​ពិត​ជា​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា!—យ៉ូន. ២០:១១​-​១៨

១២. តើ​អ្វី​ធ្វើ​ឲ្យ​បង​លីឌា​មាន​អារម្មណ៍​ថា​គាត់​គ្មាន​តម្លៃ?

១២ ដូច​ម៉ារៀ​ម៉ាក់ដាឡេន មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​មាន​អារម្មណ៍​ថា​ពួក​គេ​គ្មាន​តម្លៃ។ បង​ស្រី​លីឌា​ពី​ប្រទេស​អេស្ប៉ាញ​និយាយ​ថា មុន​គាត់​កើត​មក ម្ដាយ​របស់​គាត់​គិត​ចង់​រម្លូត​គាត់​ចោល។ បង​លីឌា​ចាំ​ថា​សូម្បី​តែ​ពេល​ដែល​គាត់​នៅ​ក្មេង​តូច ក៏​ម្ដាយ​របស់​គាត់​មិន​អើពើ​នឹង​គាត់ ហើយ​និយាយ​អាក្រក់​ៗ​ដាក់​គាត់។ គាត់​និយាយ​ថា​៖ ​«​ដោយ​សារ​ម្ដាយ​របស់​ខ្ញុំ​មិន​ស្រឡាញ់​ខ្ញុំ។ ខ្ញុំ​តែង​តែ​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ស្រឡាញ់​រាប់​អាន​ខ្ញុំ។ ប៉ុន្តែ​ខ្ញុំ​ខ្លាច​ថា អ្នក​ឯ​ទៀត​មិន​អាច​ស្រឡាញ់​ខ្ញុំ​បាន​ទេ ព្រោះ​ម្ដាយ​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ជាក់​ថា ខ្ញុំ​ជា​មនុស្ស​អាក្រក់​»។

១៣. តើ​អ្វី​បាន​ជួយ​បង​លីឌា​ឲ្យ​យល់​ថា​គាត់​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា?

១៣ ក្រោយ​ពី​បង​លីឌា​បាន​រៀន​សេចក្ដី​ពិត ការ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ការ​អាន​គម្ពីរ ព្រម​ទាំង​ពាក្យ​សប្បុរស​និង​ការ​ប្រព្រឹត្ត​ដ៏​សប្បុរស​របស់​បង​ប្អូន​រួម​ជំនឿ​បាន​ជួយ​គាត់​ឲ្យ​ដឹង​ថា គាត់​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា។ គាត់​និយាយ​ថា​៖ ​«​ប្ដី​របស់​ខ្ញុំ​ច្រើន​តែ​ប្រាប់​ខ្ញុំ​ថា គាត់​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ណាស់។ គាត់​តែង​តែ​រំលឹក​ខ្ញុំ​អំពី​គុណ​សម្បត្តិ​របស់​ខ្ញុំ។ មិត្ត​ភក្តិ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ក៏​បាន​ធ្វើ​អីចឹង​ដាក់​ខ្ញុំ​ដែរ​»។ តើ​អ្នក​អាច​គិត​អំពី​បុគ្គល​ណា​ម្នាក់​ដែល​ត្រូវ​ការ​ជំនួយ​ដើម្បី​ដឹង​ថា​គាត់​មាន​តម្លៃ​ខ្លាំង​ចំពោះ​ព្រះ​យេហូវ៉ា​ឬ​ទេ?

តើ​តាម​របៀប​ណា​យើង​អាច​មាន​ទស្សនៈ​ចំពោះ​ខ្លួន​ដូច​ព្រះ​យេហូវ៉ា​មាន​ចំពោះ​យើង?

១៤. តើ​តាម​របៀប​ណា​សាំយូអែល​ទី​១ ១៦:៧ ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ចំពោះ​ខ្លួន​ដូច​ព្រះ​យេហូវ៉ា​មាន​ចំពោះ​យើង? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​រាស្ត្រ​របស់​លោក?​»​)

១៤ សូម​ចាំ​ថា​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អ្នក គឺ​ខុស​ពី​ទស្សនៈ​របស់​ពិភព​លោក​ចំពោះ​អ្នក។ (​សូម​អាន សាំយូអែល​ទី​១ ១៦:៧​) លោក​មិន​វាយ​តម្លៃ​អ្នក​ដោយ​ផ្អែក​ទៅ​លើ​សម្បក​ក្រៅ ឋានៈ​ក្នុង​សង្គម ឬ​ការ​អប់រំ​នោះ​ទេ។ (​អេ. ៥៥:៨, ៩​) ដូច្នេះ សូម​ព្យាយាម​មាន​ទស្សនៈ​ចំពោះ​ខ្លួន​ដូច​លោក​មាន​ចំពោះ​អ្នក មិន​មែន​មាន​ទស្សនៈ​ដូច​មនុស្ស​ក្នុង​ពិភព​លោក​នេះ​ទេ។ អ្នក​អាច​អាន​កំណត់​ហេតុ​ក្នុង​គម្ពីរ​ដែល​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​ពួក​អ្នក​ដែល​ជួន​កាល​គិត​ថា​ខ្លួន​គ្មាន​តម្លៃ ដូច​ជា​អេលីយ៉ា ណាអូមី និង​ហាណា។ អ្នក​ក៏​ប្រហែល​ជា​ចង់​សរសេរ​ទុក​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ដែល​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ពិត​ជា​ស្រឡាញ់​និង​ឲ្យ​តម្លៃ​អ្នក។ បន្ថែម​ទៅ​ទៀត អ្នក​អាច​មើល​សា​ឡើង​វិញ​នូវ​ព័ត៌មាន​អំពី​ការ​គិត​ថា​ខ្លួន​គ្មាន​តម្លៃ​ក្នុង​សៀវភៅ​របស់​យើង។c

ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​រាស្ត្រ​របស់​លោក?

ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្សជាតិ​ឲ្យ​មាន​លក្ខណៈ​ខុស​គ្នា​ស្រឡះ​ពី​សត្វ។ លោក​បង្កើត​យើង​ឲ្យ​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក ហើយ​ទៅ​ជា​មិត្ត​របស់​លោក។ (​ដក. ១:២៧; ចសព. ៨:៥; ២៥:១៤; អេ. ៤១:៨​) នេះ​ជា​មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​យើង​អាច​ជឿ​ជាក់​ថា​យើង​មិន​មែន​គ្មាន​តម្លៃ​ទេ។ ប៉ុន្តែ យើង​មាន​មូលហេតុ​សំខាន់​ជាង​នេះ​ទៅ​ទៀត។ បើ​យើង​ខំ​ព្យាយាម​ចូល​ទៅ​ជិត​ព្រះ ប្រគល់​ខ្លួន​ជូន​លោក ហើយ​ស្ដាប់​បង្គាប់​លោក នោះ​យើង​ពិត​ជា​មាន​តម្លៃ​ចំពោះ​ព្រះ​ដែល​ជា​អ្នក​បង្កើត​របស់​យើង។—អេ. ៤៩:១៥

១៥. ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ចាត់​ទុក​ដានីយ៉ែល​ថា​«​ជា​បុគ្គល​ដ៏​មាន​តម្លៃ​ខ្លាំង​ណាស់​»​? (​ដានីយ៉ែល ៩:២៣​)

១៥ សូម​ទទួល​ស្គាល់​ថា​ភាព​ស្មោះ​ត្រង់​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា។ នៅ​ពេល​មួយ ប្រហែល​ជា​ពេល​អ្នក​ប្រកាស​ទំនាយ​ដានីយ៉ែល​មាន​អាយុ​៩០​ឆ្នាំ​ក្រាស់ គាត់​«​អស់​កម្លាំង​ជា​ខ្លាំង​»​ ហើយ​ធ្លាក់​ទឹក​ចិត្ត។ (​ដាន. ៩:២០, ២១​) តើ​ព្រះ​យេហូវ៉ា​បាន​លើក​ទឹក​ចិត្ត​គាត់​យ៉ាង​ដូច​ម្ដេច? ព្រះ​បាន​ចាត់​ទេវតា​កាព្រីយ៉ែល​ឲ្យ​រំលឹក​ដានីយ៉ែល​ថា គាត់​ជា​«​បុគ្គល​ដ៏​មាន​តម្លៃ​ខ្លាំង​ណាស់​»​ ហើយ​ថា​ព្រះ​បាន​ឮ​សេចក្ដី​អធិដ្ឋាន​របស់​គាត់។ (​សូម​អាន ដានីយ៉ែល ៩:២៣​) ហេតុ​អ្វី​ដានីយ៉ែល​មាន​តម្លៃ​ខ្លាំង​ណាស់​ចំពោះ​ព្រះ? ពីព្រោះ​ដានីយ៉ែល​ស្រឡាញ់​អ្វី​ដែល​សុចរិត​និង​ជា​មនុស្ស​ស្មោះ​ត្រង់។ (​អេគ. ១៤:១៤​) ព្រះ​យេហូវ៉ា​បាន​រក្សា​ទុក​កំណត់​ហេតុ​នោះ​ក្នុង​បណ្ដាំ​របស់​លោក​ដើម្បី​សម្រាល​ទុក្ខ​យើង។ (​រ៉ូម ១៥:៤​) ព្រះ​យេហូវ៉ា​ក៏​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​និង​ឲ្យ​តម្លៃ​អ្នក ចំពោះ​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​មាន​ចំពោះ​អ្វី​ដែល​សុចរិត​និង​កិច្ច​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​អ្នក​ចំពោះ​លោក។—មីកា ៦:៨; ហេ. ៦:១០

១៦. តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​ជា​បិតា​ដែល​ស្រឡាញ់​អ្នក?

១៦ សូម​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​ជា​បិតា​ដែល​ស្រឡាញ់​អ្នក។ លោក​ចង់​ជួយ​អ្នក មិន​មែន​ស្វែង​រក​កំហុស​របស់​អ្នក​ទេ។ (​ចសព. ១៣០:៣; ម៉ាថ. ៧:១១; លូក. ១២:៦, ៧​) ការ​រំពឹង​គិត​ទៅ​លើ​ចំណុច​នោះ​បាន​ជួយ​មនុស្ស​ជា​ច្រើន​ដែល​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​បង​ស្រី​មីស្យែល​ពី​ប្រទេស​អេស្ប៉ាញ​ដែល​មាន​អារម្មណ៍​ថា ខ្លួន​គ្មាន​តម្លៃ​និង​មិន​បាន​ត្រូវ​គេ​ស្រឡាញ់ ដោយ​សារ​ប្ដី​របស់​គាត់​បាន​និយាយ​ដោយ​គ្មាន​មេត្តា​ចំពោះ​គាត់​អស់​ជា​ច្រើន​ឆ្នាំ។ គាត់​និយាយ​ថា​៖ ​«​ពេល​ណា​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​ប្រយោជន៍ ខ្ញុំ​ព្យាយាម​ស្រមៃ​ឃើញ​ថា ព្រះ​យេហូវ៉ា​បីបម​ខ្ញុំ ហើយ​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​សេចក្ដី​ស្រឡាញ់​និង​ការ​ការ​ពារ​»។ (​ចសព. ២៨:៩​) បង​ស្រី​ឡូរេន​ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង រំលឹក​ខ្លួន​គាត់​ថា​៖ ​«​បើ​ព្រះ​យេហូវ៉ា​បាន​ទាញ​នាំ​ខ្ញុំ​ដោយ​ខ្សែ​នៃ​សេចក្ដី​ស្រឡាញ់ ហើយ​រក្សា​ទុក​ខ្ញុំ​នៅ​ជិត​លោក​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ ព្រម​ទាំង​បាន​ប្រើ​ខ្ញុំ​ដើម្បី​បង្រៀន​អ្នក​ឯ​ទៀត លោក​ច្បាស់​ជា​ចាត់​ទុក​ខ្ញុំ​ថា​មាន​តម្លៃ​និង​មាន​ប្រយោជន៍​»។—ហូ. ១១:៤

១៧. តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​អ្នក? (​ចម្រៀង​សរសើរ​ព្រះ ៥:១២​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៧ ចូរ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​អ្នក។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ៥:១២​) ដាវីឌ​បាន​ប្រដូច​ការ​ពេញ​ចិត្ត​របស់​ព្រះ​យេហូវ៉ា​ទៅ​នឹង​«​ខែល​ដ៏​ធំ​»​ដែល​ការ​ពារ​មនុស្ស​សុចរិត។ ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​និង​គាំទ្រ​អ្នក អាច​ការ​ពារ​អ្នក​ពី​ការ​មិន​ឲ្យ​តម្លៃ​ខ្លួន។ តើ​តាម​របៀប​ណា​អ្នក​អាច​ដឹង​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​អ្នក? ដូច​យើង​បាន​ឃើញ ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​ពេញ​ចិត្ត​យើង​តាម​រយៈ​បណ្ដាំ​របស់​លោក។ បន្ថែម​ទៅ​ទៀត លោក​ប្រើ​ពួក​អ្នក​ចាស់​ទុំ មិត្ត​ភក្តិ​ជិត​ស្និទ្ធ​និង​អ្នក​ឯ​ទៀត ដើម្បី​រំលឹក​យើង​ថា​យើង​មាន​តម្លៃ​ចំពោះ​លោក។ ពេល​អ្នក​ទទួល​ការ​លើក​ទឹក​ចិត្ត​បែប​នោះ តើ​អ្នក​គួរ​មាន​ប្រតិកម្ម​យ៉ាង​ណា?

បង​ស្រី​ម្នាក់​ញញឹម កាល​ដែល​គាត់​ដើរ​ចេញ​ពី​សាល​ប្រជុំ​ដើម្បី​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​បង​ស្រី​ម្នាក់​ទៀត​ដែល​កៀក​ស្មា​គាត់។

ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​យើង​អាច​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​ការ​មិន​ឲ្យ​តម្លៃ​ខ្លួន ​(​សូម​មើល​វគ្គ​១៧​)​


១៨. ហេតុ​អ្វី​អ្នក​គួរ​ទទួល​ពាក្យ​សរសើរ​ពី​អ្នក​ឯ​ទៀត?

១៨ សូម​កុំ​បដិសេធ​ពាក្យ​សរសើរ​ដ៏​ស្មោះ​អស់​ពី​ចិត្ត ពី​ពួក​អ្នក​ដែល​ស្គាល់​និង​ស្រឡាញ់​អ្នក។ ចូរ​ចាំ​ថា​ព្រះ​យេហូវ៉ា​ប្រហែល​ជា​ប្រើ​ពួក​គេ​ដើម្បី​ជួយ​អ្នក​ឲ្យ​ជឿ​ជាក់​ថា​លោក​ពេញ​ចិត្ត​អ្នក។ បង​មីស្យែល​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និយាយ​ថា​៖ ​«​បន្តិច​ម្ដង​ៗ ខ្ញុំ​រៀន​ឲ្យ​ចេះ​ទទួល​ពាក្យ​សប្បុរស​ពី​អ្នក​ឯ​ទៀត​នៅ​ក្នុង​ចិត្ត​ខ្ញុំ។ ខ្ញុំ​ពិបាក​ជឿ​អ្វី​ល្អ​ៗ​ទាំង​នេះ​អំពី​ខ្លួន​ឯង តែ​ខ្ញុំ​ដឹង​ថា​នេះ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​»។ បង​មីស្យែល​បាន​ទទួល​ប្រយោជន៍​ពី​ការ​ខំ​ព្យាយាម​ដោយ​ក្ដី​ស្រឡាញ់​របស់​ពួក​អ្នក​ចាស់​ទុំ។ ឥឡូវ​គាត់​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ ហើយ​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ជួយ​បេតអែល​ពី​ផ្ទះ។

១៩. ហេតុ​អ្វី​អ្នក​អាច​ជឿ​ជាក់​ថា​អ្នក​មាន​តម្លៃ​ចំពោះ​ព្រះ?

១៩ លោក​យេស៊ូ​បាន​រំលឹក​យើង​យ៉ាង​សប្បុរស​ថា យើង​ពិត​ជា​មាន​តម្លៃ​ចំពោះ​បិតា​នៅ​ស្ថាន​សួគ៌​របស់​យើង។ (​លូក. ១២:២៤​) ដូច្នេះ យើង​អាច​ជឿ​ជាក់​ថា​យើង​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា។ សូម​កុំ​ភ្លេច​ចំណុច​នេះ​ឡើយ! ម្យ៉ាង​ទៀត សូម​ឲ្យ​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ឃើញ​ថា​ពួក​គេ​មាន​តម្លៃ​ចំពោះ​ព្រះ!

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​លោក​យេស៊ូ​បាន​ជួយ​មនុស្ស​ឲ្យ​ដឹង​ថា​ពួក​គេ​មាន​តម្លៃ​ចំពោះ​ព្រះ​យ៉ាង​ដូច​ម្ដេច?

  • តើ​លោក​យេស៊ូ​បាន​ជួយ​ស្ត្រី​ដែល​ធ្លាក់​ឈាម​តាម​របៀប​ណា?

  • តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​ខ្លួន​ឯង?

ចម្រៀង​លេខ​១៣៩ សូម​ស្រមៃ​ឃើញ​ខ្លួន​នៅ​ពិភព​លោក​ថ្មី

a ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

b តាម​មើល​ទៅ ម៉ារៀ​ម៉ាក់ដាឡេន​នៅ​ក្នុង​ចំណោម​ស្ត្រី​ដែល​ធ្វើ​ដំណើរ​ជា​មួយ​លោក​យេស៊ូ។ ស្ត្រី​ទាំង​នេះ​ប្រើ​ធន​ធាន​របស់​ខ្លួន​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​លោក​យេស៊ូ​និង​ពួក​សាវ័ក។—ម៉ាថ. ២៧:៥៥, ៥៦; លូក. ៨:១​-​៣

c ជា​ឧទាហរណ៍ សូម​មើល​ជំពូក​ទី​២៤ ក្នុង​សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ហើយ​អាន​បទ​គម្ពីរ​និង​កំណត់​ហេតុ​គម្ពីរ​ក្រោម​ប្រធានបទ​«​សង្ស័យ​»​ ក្នុង​សៀវភៅ​បទ​គម្ពីរ​សម្រាប់​ជីវិត​ជា​គ្រិស្ត​សាសនិក។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក