ថ្ងៃអង្គារ ទី២៨ ខែតុលា
[ព្រះយេហូវ៉ា]ជាទីពឹងជ្រកដ៏មានសុវត្ថិភាពសម្រាប់ខ្ញុំ ខ្ញុំគ្មានថ្ងៃរង្គោះរង្គើរហូតដល់ដួលរលំឡើយ។—ចសព. ៦២:២
ក្នុងនាមជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា យើងជួបការពិបាកនិងធ្លាក់ខ្លួនឈឺដូចមនុស្សឯទៀតដែរ។ យើងក៏ប្រហែលជាត្រូវស៊ូទ្រាំនឹងការប្រឆាំង ឬការបៀតបៀនពីពួកអ្នកដែលស្អប់រាស្ត្រព្រះ។ ទោះជាព្រះយេហូវ៉ាមិនរារាំងកុំឲ្យការពិបាកនោះកើតឡើងចំពោះយើងក្ដី លោកសន្យាថាលោកនឹងជួយយើង។ (អេ. ៤១:១០) ដោយមានជំនួយពីលោក យើងអាចរក្សាអំណរ ធ្វើការសម្រេចចិត្តល្អ និងរក្សាភក្ដីភាពចំពោះលោក ទោះជាស្ថិតក្នុងស្ថានភាពដ៏ពិបាកបំផុតក្ដី។ព្រះយេហូវ៉ាសន្យាថាលោកនឹងឲ្យយើងនូវអ្វីដែលគម្ពីរហៅថា៖ «សេចក្ដីសុខសាន្តរបស់ព្រះ»។ (ភី. ៤:៦, ៧) សេចក្ដីសុខសាន្តនេះសំដៅទៅលើភាពស្ងប់ស្ងាត់ក្នុងចិត្តនិងគំនិតដែលមកពីចំណងមិត្តភាពដ៏ថ្លៃវិសេសរបស់យើងជាមួយលោក។ សេចក្ដីសុខសាន្តនេះ«ហួសពីការនឹកស្មាន» ពោលគឺវាអស្ចារ្យជាងយើងគិតស្មានទៅទៀត។ ជាឧទាហរណ៍ តើអ្នកធ្លាប់អធិដ្ឋានយ៉ាងអស់ពីចិត្តទៅព្រះយេហូវ៉ា ហើយក្រោយមកបានភ្ញាក់ផ្អើលដោយឃើញថាអ្នកមានអារម្មណ៍ស្ងប់ចិត្តជាខ្លាំងឬទេ? អារម្មណ៍នេះគឺ«សេចក្ដីសុខសាន្តរបស់ព្រះ»។ w២៤.០១ ទំ.២០ វ.២; ទំ.២១ វ.៤
ថ្ងៃពុធ ទី២៩ ខែតុលា
ខ្ញុំសូមសរសើរព្រះយេហូវ៉ា ខ្ញុំសូមលើកតម្កើងនាមដ៏បរិសុទ្ធរបស់លោកយ៉ាងអស់ពីដួងចិត្ត។—ចសព. ១០៣:១
សេចក្ដីស្រឡាញ់ចំពោះព្រះជំរុញចិត្តមនុស្សស្មោះត្រង់ឲ្យសរសើរនាមលោកយ៉ាងអស់ពីចិត្ត។ ស្ដេចដាវីឌដឹងថាពេលយើងសរសើរនាមរបស់ព្រះយេហូវ៉ា គឺយើងកំពុងសរសើរព្រះយេហូវ៉ាផ្ទាល់។ នាមរបស់ព្រះយេហូវ៉ារួមបញ្ចូលកេរ្តិ៍ឈ្មោះរបស់លោក ដូច្នេះនោះនាំឲ្យយើងគិតអំពីគុណសម្បត្តិដ៏ថ្លៃថ្លារបស់លោកនិងការប្រព្រឹត្តដ៏ល្អដែលលោកបានធ្វើ។ ដាវីឌចង់ធ្វើអ្វីដែលបង្ហាញថានាមរបស់បិតាគឺបរិសុទ្ធ ហើយសរសើរនាមនោះ។ គាត់ចង់ធ្វើដូច្នេះ«យ៉ាងអស់ពីដួងចិត្ត»។ ស្រដៀងគ្នាដែរ ពួកលេវីបាននាំមុខក្នុងការសរសើរព្រះយេហូវ៉ា។ ពួកគេបានសារភាពដោយចិត្តរាបទាបថា ពាក្យសរសើររបស់ពួកគេមិនល្អគ្រប់គ្រាន់ស្មើនឹងអ្វីដែលនាមដ៏ពិសិដ្ឋរបស់ព្រះយេហូវ៉ាសមនឹងទទួលទេ។ (នេហ. ៩:៥) ច្បាស់ណាស់ ការសរសើរដែលបង្ហាញអំពីចិត្តរាបទាបនិងអស់ពីចិត្តបែបនេះបាននាំឲ្យចិត្តរបស់ព្រះយេហូវ៉ាអរសប្បាយ។ w២៤.០២ ទំ.៩ វ.៦
ថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា
អ្វីដែលយើងបានធ្វើដើម្បីឲ្យជឿនទៅមុខដល់កម្រិតនេះ ចូរយើងបន្តជឿនទៅមុខដោយធ្វើដូច្នោះតទៅទៀត។—ភី. ៣:១៦
ព្រះយេហូវ៉ានឹងមិនចាត់ទុកអ្នកថាបរាជ័យទេ បើអ្នកមិនសម្រេចគោលដៅដែលហួសពីសមត្ថភាពរបស់អ្នក។ (២កូ. ៨:១២) ចូរចាត់ទុកឧបសគ្គនោះថាជាមេរៀន។ សូមចាំអំពីអ្វីដែលអ្នកបានសម្រេចរួចហើយ។ គម្ពីរចែងថា៖ «ព្រះមិនប្រព្រឹត្តដោយអយុត្ដិធម៌ ដោយបំភ្លេចការដែលអ្នករាល់គ្នាបានធ្វើ»ឡើយ។ (ហេ. ៦:១០) ដូច្នេះ អ្នកក៏មិនគួរភ្លេចដែរ។ សូមគិតអំពីអ្វីដែលអ្នកបានសម្រេចរួចហើយ។ ប្រហែលជាអ្នកបានបណ្ដុះឲ្យមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ា ប្រាប់អ្នកឯទៀតអំពីលោក ឬបានទទួលការជ្រមុជទឹកជាដើម។ ដូចដែលអ្នកបានរីកចម្រើន ហើយបានសម្រេចគោលដៅក្នុងកិច្ចបម្រើព្រះនៅអតីតកាល អ្នកក៏អាចបន្តឈានទៅដល់ការសម្រេចគោលដៅរបស់អ្នកនៅឥឡូវនេះផងដែរ។ ដោយមានជំនួយពីព្រះយេហូវ៉ា អ្នកអាចសម្រេចគោលដៅរបស់អ្នក។ សូមកុំភ្លេចអរសប្បាយពេលឃើញរបៀបដែលព្រះយេហូវ៉ាជួយនិងឲ្យពរអ្នក កាលដែលអ្នកបន្តខំឈានទៅរកគោលដៅរបស់អ្នកខាងកិច្ចបម្រើព្រះ។ (២កូ. ៤:៧) បើអ្នកមិនឈប់ព្យាយាម អ្នកនឹងទទួលពរដ៏វិសេសជាងនេះទៅទៀត។—កាឡ. ៦:៩ w២៣.០៥ ទំ.៣១ វ.១៦-១៨