ខែតុលា
ថ្ងៃពុធ ទី១ ខែតុលា
ប្រាជ្ញាពីស្ថានលើ . . . [គឺ]រង់ចាំធ្វើតាមបង្គាប់។—យ៉ា. ៣:១៧
ជួនកាល តើអ្នកពិបាកស្ដាប់បង្គាប់ឬទេ? ស្ដេចដាវីឌធ្លាប់មានការពិបាកនេះ ហេតុនេះហើយគាត់អធិដ្ឋានទៅព្រះយេហូវ៉ាថា៖ «សូមធ្វើឲ្យខ្ញុំមានចិត្តចង់ស្ដាប់បង្គាប់លោក»។ (ចសព. ៥១:១២) ដាវីឌស្រឡាញ់ព្រះយេហូវ៉ា។ ប៉ុន្តែជួនកាល គាត់ពិបាកស្ដាប់បង្គាប់ ហើយយើងក៏ពិបាកធ្វើដូច្នេះដែរ។ ហេតុអ្វី? ទី១ យើងកើតមកដោយមានទំនោរចិត្តមិនចង់ស្ដាប់បង្គាប់។ ទី២ សាថានតែងតែព្យាយាមធ្វើឲ្យយើងបះបោរប្រឆាំងព្រះយេហូវ៉ា ដូចដែលវាបានធ្វើ។ (២កូ. ១១:៣) ទី៣ យើងរស់នៅក្នុងពិភពលោកដែលពេញទៅដោយចិត្តគំនិតបះបោរ ជា«ចិត្តគំនិត ដែលមានឥទ្ធិពលលើពួកអ្នកមិនស្ដាប់បង្គាប់»។ (អេភ. ២:២) យើងមិនគ្រាន់តែត្រូវខំតយុទ្ធនឹងទំនោរចិត្តខុសឆ្គងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវទប់ទល់នឹងការបង្ខិតបង្ខំដែលមេកំណាចនិងពិភពលោកនេះព្យាយាមដាក់មកលើយើងដើម្បីឲ្យយើងមិនស្ដាប់បង្គាប់។ យើងត្រូវខំព្យាយាមស្ដាប់បង្គាប់ព្រះយេហូវ៉ានិងពួកអ្នកដែលលោកបានតែងតាំងឲ្យមានអំណាច។ w២៣.១០ ទំ.៦ វ.១
ថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា
អ្នកបានទុកស្រាល្អរហូតដល់ឥឡូវនេះទើបជូនភ្ញៀវ។—យ៉ូន. ២:១០
តើយើងអាចរៀនអ្វីពីអព្ភូតហេតុរបស់លោកយេស៊ូអំពីការធ្វើឲ្យទឹកទៅជាស្រា? គឺយើងរៀនអំពីចិត្តរាបទាប។ លោកយេស៊ូមិនអួតខ្លួនអំពីការធ្វើអព្ភូតហេតុនោះទេ។ តាមពិត លោកមិនដែលអួតអំពីអ្វីណាដែលលោកបានធ្វើឡើយ។ ផ្ទុយទៅវិញ ម្ដងហើយម្ដងទៀតដោយចិត្តរាបទាប លោកបានឲ្យការសរសើរតម្កើងនិងកិត្តិយសទាំងអស់ទៅបិតារបស់លោក។ (យ៉ូន. ៥:១៩, ៣០; ៨:២៨) បើយើងយកតម្រាប់លោកយេស៊ូដោយរក្សាចិត្តរាបទាប យើងនឹងមិនអួតអំពីអ្វីណាដែលយើងធ្វើឡើយ។ សូមយើងកុំអួតខ្លួន តែអួតអំពីព្រះដ៏អស្ចារ្យដែលយើងមានឯកសិទ្ធិបម្រើ។ (យេ. ៩:២៣, ២៤) សូមយើងឲ្យកិត្តិយសទៅលោកដែលលោកសមនឹងទទួល។ យើងមិនអាចសម្រេចអ្វីណាក៏ដោយបានទេ បើគ្មានជំនួយពីព្រះយេហូវ៉ា។ (១កូ. ១:២៦-៣១) ពេលយើងមានចិត្តរាបទាប យើងមិនចាំបាច់ឲ្យគេសរសើរយើងចំពោះអ្វីល្អដែលយើងធ្វើសម្រាប់អ្នកឯទៀតឡើយ។ យើងស្កប់ចិត្តដោយដឹងថាព្រះយេហូវ៉ាឃើញនិងឲ្យតម្លៃចំពោះអ្វីដែលយើងធ្វើ។ (សូមពិនិត្យបន្ថែម ម៉ាថាយ ៦:២-៤; ហេ. ១៣:១៦) យើងពិតជាធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តពេលដែលយើងយកតម្រាប់លោកយេស៊ូក្នុងការបង្ហាញចិត្តរាបទាប។—១ពេ. ៥:៦ w២៣.០៤ ទំ.៤ វ.៩; ទំ.៥ វ.១១-១២
ថ្ងៃសុក្រ ទី៣ ខែតុលា
ចូរបន្តយកចិត្តទុកដាក់ចំពោះអ្នកឯទៀត មិនត្រូវគិតតែអំពីរឿងផ្ទាល់ខ្លួនប៉ុណ្ណោះទេ។—ភី. ២:៤
ក្រោមការដឹកនាំរបស់ព្រះ សាវ័កប៉ូលបានលើកទឹកចិត្តគ្រិស្តសាសនិកឲ្យយកចិត្តទុកដាក់ចំពោះអ្នកឯទៀត។ តើយើងអាចអនុវត្តយោបល់នេះក្នុងអំឡុងកិច្ចប្រជុំយ៉ាងដូចម្ដេច? គឺដោយចាំថាអ្នកឯទៀតក៏ចង់មានចំណែកដូចយើងដែរ។ សូមគិតដូចតទៅនេះ។ ពេលអ្នកសន្ទនាជាមួយមិត្តភក្តិរបស់អ្នក តើអ្នកនឹងនិយាយច្រើនរហូតដល់មិនទុកឱកាសឲ្យពួកគេនិយាយឬទេ? ច្បាស់ជាមិនមែនទេ! អ្នកចង់ឲ្យពួកគេមានចំណែកក្នុងការសន្ទនានោះដែរ។ ស្រដៀងគ្នាដែរ នៅកិច្ចប្រជុំយើងចង់ឲ្យមនុស្សច្រើនបំផុតរួមចំណែកឆ្លើយ។ តាមពិត របៀបល្អបំផុតមួយដើម្បីលើកទឹកចិត្តបងប្អូន គឺដោយផ្ដល់ឱកាសឲ្យពួកគេបង្ហាញជំនឿរបស់ពួកគេ។ (១កូ. ១០:២៤) សូមឆ្លើយយ៉ាងខ្លី យ៉ាងនេះយើងអាចទុកពេលឲ្យបងប្អូនច្រើនទៀតឆ្លើយដែរ។ ទោះជាពេលអ្នកឆ្លើយខ្លីក្ដី សូមជៀសវាងពីការលើកឡើងចំណុចច្រើនពេក។ បើអ្នកឆ្លើយព័ត៌មានទាំងអស់ក្នុងវគ្គ នោះអ្នកឯទៀតនឹងអស់អ្វីឆ្លើយ។ w២៣.០៤ ទំ.២២-២៣ វ.១១-១៣
ថ្ងៃសៅរ៍ ទី៤ ខែតុលា
ខ្ញុំធ្វើអ្វីៗទាំងអស់ដោយសារតែដំណឹងល្អ ដើម្បីឲ្យខ្ញុំអាចប្រាប់ដល់អ្នកឯទៀត។—១កូ. ៩:២៣
យើងត្រូវចាំថាគឺសំខាន់ណាស់ឲ្យបន្តជួយអ្នកឯទៀត ជាពិសេសតាមរយៈកិច្ចផ្សព្វផ្សាយ។ ក្នុងកិច្ចបម្រើផ្សាយរបស់យើង យើងត្រូវចេះបត់បែន។ យើងជួបមនុស្សដែលមានជំនឿ ទស្សនៈ និងប្រវត្តិខុសៗពីគ្នា។ សាវ័កប៉ូលចេះបត់បែន ហើយយើងអាចរៀនពីគំរូរបស់គាត់។ លោកយេស៊ូបានតែងតាំងគាត់ឲ្យធ្វើជា«សាវ័កសម្រាប់ជនជាតិដទៃ»។ (រ៉ូម ១១:១៣) ដោយមានតួនាទីនេះ ប៉ូលបានផ្សព្វផ្សាយដល់ជនជាតិយូដា ជនជាតិក្រិច អ្នកប្រាជ្ញ អ្នកភូមិ អាជ្ញាធរ និងស្ដេច។ ប៉ូលបាន«ធ្វើដូចមនុស្សគ្រប់ប្រភេទ» ដើម្បីមានឥទ្ធិពលលើចិត្តរបស់មនុស្សទាំងនោះ។ (១កូ. ៩:១៩-២២) គាត់បានគិតយ៉ាងជ្រាលជ្រៅអំពីវប្បធម៌ ប្រវត្តិ និងជំនឿរបស់មនុស្សដែលគាត់និយាយជាមួយ ហើយប្រែប្រួលពាក្យផ្សាយរបស់គាត់ស្របទៅតាមអ្វីទាំងនោះ។ យើងក៏អាចកាន់តែមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយរបស់យើងដែរ បើយើងចេះបត់បែន ហើយប្រែប្រួលពាក្យផ្សាយរបស់យើងស្របទៅតាមសេចក្ដីត្រូវការរបស់អ្នកស្ដាប់។ w២៣.០៧ ទំ.២៣ វ.១១-១២
ថ្ងៃអាទិត្យ ទី៥ ខែតុលា
ខ្ញុំបម្រើរបស់លោកម្ចាស់មិនចាំបាច់ឈ្លោះប្រកែកទេ តែត្រូវប្រព្រឹត្តដោយសុភាពចំពោះមនុស្សទាំងអស់។—២ធី. ២:២៤
បុគ្គលដែលមានចិត្តស្លូតបូតគឺខ្លាំងក្លា មិនមែនទន់ខ្សោយទេ។ ការរក្សាចិត្តស្ងប់ពេលជួបស្ថានភាពពិបាកតម្រូវឲ្យមានភាពរឹងមាំ។ ចិត្តស្លូតបូតជាគុណសម្បត្តិមួយនៃ«ផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះ»។ (កាឡ. ៥:២២, ២៣) ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«ចិត្តស្លូតបូត» ជួនកាលបានត្រូវប្រើដើម្បីរៀបរាប់អំពីសេះព្រៃដែលបានត្រូវគេផ្សាំ។ សូមស្រមៃគិតអំពីសេះព្រៃដែលទៅជាស្លូត។ ទោះជាឥឡូវវាស្លូតក្ដី សេះនោះនៅតែមានកម្លាំងខ្លាំងក្លា។ តើតាមរបៀបណាយើងអាចបណ្ដុះឲ្យមានចិត្តស្លូតបូត ហើយនៅដំណាលគ្នានោះមានភាពខ្លាំងក្លា? យើងមិនអាចធ្វើដូច្នេះដោយខ្លួនឯងបានទេ។ យើងត្រូវអធិដ្ឋានទៅព្រះយេហូវ៉ាសុំឫទ្ធានុភាពរបស់លោកដើម្បីលោកអាចជួយយើងឲ្យមានគុណសម្បត្តិដ៏ថ្លៃថ្លានេះ។ មានមនុស្សជាច្រើនបានរៀនឲ្យមានចិត្តស្លូតបូត។ ជាឧទាហរណ៍ បងប្អូនជាច្រើននាក់របស់យើងបានប្រព្រឹត្តដោយស្លូតបូតពេលមនុស្សព្យាយាមឈ្លោះប្រកែកជាមួយពួកគេ ហើយនេះបានជួយអ្នកឯទៀតឲ្យមានទស្សនៈល្អជាងចំពោះសាក្សី។—២ធី. ២:២៤, ២៥ w២៣.០៩ ទំ.១៥ វ.៣
ថ្ងៃច័ន្ទ ទី៦ ខែតុលា
ព្រះ[យេហូវ៉ា]បានធ្វើតាមសំណូមពររបស់ខ្ញុំ។—១សាំ. ១:២៧
ក្នុងអ្វីដ៏គួរឲ្យស្ងប់ស្ញែងដែលព្រះបើកបង្ហាញឲ្យសាវ័កយ៉ូហានឃើញក្នុងគំនិត គាត់បានឃើញអ្នកចាស់ទុំ២៤នាក់នៅស្ថានសួគ៌កំពុងគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ពួកគេបានសរសើរព្រះ ហើយនិយាយថា៖ «លោកសមនឹងទទួលសិរីរុងរឿង កិត្តិយស និងឫទ្ធានុភាព»។ (បប. ៤:១០, ១១) ពួកទេវតាដ៏ស្មោះត្រង់ក៏មានមូលហេតុជាច្រើនឲ្យសរសើរនិងលើកកិត្តិយសព្រះយេហូវ៉ាដែរ។ ពួកគេនៅស្ថានសួគ៌ជាមួយលោក ហើយស្គាល់លោកយ៉ាងច្បាស់។ ពួកគេឃើញគុណសម្បត្តិរបស់លោកពេលពួកគេសង្កេតមើលអ្វីដែលលោកធ្វើ។ កាលដែលពួកគេឃើញរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្ត នោះជំរុញចិត្តពួកគេឲ្យសរសើរលោក។ (យ៉ូប ៣៨:៤-៧) យើងក៏ចង់សរសើរព្រះយេហូវ៉ាក្នុងសេចក្ដីអធិដ្ឋានរបស់យើង ដោយប្រាប់លោកអំពីអ្វីដែលយើងស្រឡាញ់និងកោតស្ងើចអំពីលោក។ កាលដែលអ្នកអាននិងសិក្សាគម្ពីរ សូមព្យាយាមរកមើលគុណសម្បត្តិផ្សេងៗរបស់ព្រះយេហូវ៉ាដែលអ្នកចូលចិត្តជាងគេ។ (យ៉ូប ៣៧:២៣; រ៉ូម ១១:៣៣) រួចមក សូមប្រាប់លោកអំពីអារម្មណ៍របស់អ្នកចំពោះគុណសម្បត្តិទាំងនោះ។ យើងក៏អាចសរសើរព្រះយេហូវ៉ាចំពោះអ្វីដែលលោកធ្វើដើម្បីយើង និងដើម្បីបងប្អូនរួមជំនឿរបស់យើងទាំងអស់។—១សាំ. ២:១, ២ w២៣.០៥ ទំ.៣-៤ វ.៦-៧
ថ្ងៃអង្គារ ទី៧ ខែតុលា
[ចូរ]ប្រព្រឹត្តសមជាអ្នកបម្រើរបស់ព្រះយេហូវ៉ា។—កូឡ. ១:១០
នៅឆ្នាំ១៩១៩ បាប៊ីឡូនដ៏ខ្លាំងក្លាបានបាត់បង់អំណាចលើរាស្ត្ររបស់ព្រះ។ នៅឆ្នាំនោះ «ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ចាប់ផ្ដើមមានសកម្មភាព ដើម្បីឲ្យមនុស្សដែលមានចិត្តស្មោះអាចចាប់ផ្ដើមធ្វើដំណើរនៅលើ«ផ្លូវបរិសុទ្ធ»ដែលបានត្រូវបើកឡើងថ្មីៗនោះ។ (ម៉ាថ. ២៤:៤៥-៤៧; អេ. ៣៥:៨) កិច្ចការដែលអ្នកឯទៀតបានធ្វើពីមុនដើម្បីរៀបចំផ្លូវ បានជួយមនុស្សដែលចាប់ផ្ដើមធ្វើដំណើរនៅលើផ្លូវនោះឲ្យរៀនថែមទៀតអំពីព្រះយេហូវ៉ានិងគោលបំណងរបស់លោក។ (សុភ. ៤:១៨) ពួកគេក៏អាចមានរបៀបរស់នៅសមស្របនឹងតម្រូវការរបស់ព្រះយេហូវ៉ាផងដែរ។ ព្រះយេហូវ៉ាមិនរំពឹងថារាស្ត្រលោកនឹងធ្វើការផ្លាស់ប្ដូរដែលចាំបាច់ក្នុងពេលតែមួយនោះទេ។ ផ្ទុយទៅវិញ លោកសម្រិតសម្រាំងរាស្ត្ររបស់លោកបន្តិចម្ដងៗ។ យើងទាំងអស់គ្នានឹងសប្បាយរីករាយ ពេលយើងអាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តក្នុងគ្រប់ការដែលយើងធ្វើ! ផ្លូវទាំងអស់ត្រូវការការថែទាំជាទៀងទាត់។ តាំងពីឆ្នាំ១៩១៩ កិច្ចការថែទាំ«ផ្លូវបរិសុទ្ធ»បានត្រូវបន្តធ្វើឡើងដើម្បីមនុស្សកាន់តែច្រើនអាចចេញពីបាប៊ីឡូនដ៏ខ្លាំងក្លា។ w២៣.០៥ ទំ.១៧ វ.១៥-១៦
ថ្ងៃពុធ ទី៨ ខែតុលា
ខ្ញុំប្រាកដជាមិនចាកចេញពីអ្នកឡើយ។—ហេ. ១៣:៥
សមាជិកគណៈអភិបាលផ្ទាល់បានបង្ហាត់បង្រៀនជំនួយការរបស់គណៈកម្មាធិការផ្សេងៗនៃគណៈអភិបាល។ ឥឡូវជំនួយការទាំងនេះបំពេញភារកិច្ចជាច្រើនក្នុងអង្គការរបស់ព្រះយ៉ាងស្មោះត្រង់។ ពួកគេប្រុងប្រៀបជាស្រេចដើម្បីបន្ដធ្វើកិច្ចការថែរក្សាចៀមរបស់គ្រិស្ត។ ពេលបុគ្គលចុងក្រោយក្នុងចំណោមពួកអ្នកដែលបានត្រូវរើសតាំងឡើងទៅស្ថានសួគ៌នៅជិតទីបញ្ចប់នៃគ្រាទុក្ខវេទនាជាខ្លាំង រាស្ត្ររបស់ព្រះយេហូវ៉ានៅផែនដីនឹងបន្តគោរពប្រណិប័តន៍លោកយ៉ាងស្មោះត្រង់។ ដោយសារការដឹកនាំរបស់លោកយេស៊ូគ្រិស្ត ការគោរពប្រណិប័តន៍ពិតនឹងមិនត្រូវបង្អាក់ឡើយ។ ពិតមែនថានៅពេលនោះយើងនឹងទទួលការវាយប្រហារពីកូកនៃស្រុកម៉ាកូកដែលជាប្រជាជាតិនានាដែលចងសម្ព័ន្ធភាពគ្នា។ (អេគ. ៣៨:១៨-២០) ប៉ុន្តែ ការវាយប្រហារដ៏ខ្លីនោះនឹងបរាជ័យ ពោលគឺនឹងមិនបញ្ឈប់រាស្ត្ររបស់ព្រះពីការគោរពប្រណិប័តន៍របស់ព្រះយេហូវ៉ាទេ។ លោកប្រាកដជានឹងសង្គ្រោះពួកគេ! ក្នុងការបើកបង្ហាញឲ្យឃើញក្នុងគំនិត សាវ័កយ៉ូហានបានឃើញ«មនុស្សមួយក្រុមធំ»នៃចៀមឯទៀតរបស់គ្រិស្ត។ យ៉ូហានបានត្រូវប្រាប់ថា«មនុស្សមួយក្រុមធំ»នេះ «ចេញផុតពីគ្រាទុក្ខវេទនាជាខ្លាំង»។ (បប. ៧:៩, ១៤) ដូច្នេះ យើងដឹងប្រាកដថាព្រះយេហូវ៉ានឹងសង្គ្រោះពួកគេ! w២៤.០២ ទំ.៥-៦ វ.១៣-១៤
ថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា
កុំរារាំងឥទ្ធិពលនៃឫទ្ធានុភាពរបស់ព្រះ។—១ថែ. ៥:១៩
តើយើងអាចធ្វើអ្វីដើម្បីទទួលឫទ្ធានុភាពបរិសុទ្ធ? យើងអាចអធិដ្ឋានសុំឫទ្ធានុភាពនោះ សិក្សាបណ្ដាំរបស់ព្រះដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់លោក និងនៅជាប់ជាមួយនឹងអង្គការព្រះដែលបានត្រូវដឹកនាំដោយឫទ្ធានុភាពរបស់លោក។ ការធ្វើដូច្នេះនឹងជួយយើងបណ្ដុះឲ្យមាន«ផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះ»។ (កាឡ. ៥:២២, ២៣) ព្រះផ្ដល់ឫទ្ធានុភាពរបស់លោកដល់តែពួកអ្នកដែលរក្សារបៀបគិតគូរនិងការប្រព្រឹត្តស្អាតស្អំប៉ុណ្ណោះ។ លោកនឹងមិនបន្តផ្ដល់ឫទ្ធានុភាពរបស់លោកដល់យើងទេ បើយើងបន្តគិតអំពីអ្វីដែលមិនស្អាតស្អំ ហើយប្រព្រឹត្តតាមអ្វីនោះ។ (១ថែ. ៤:៧, ៨) ដើម្បីបន្តទទួលឫទ្ធានុភាពបរិសុទ្ធពីព្រះ យើងក៏មិនត្រូវ«ចាត់ទុកទំនាយថាគ្មានតម្លៃ»ផងដែរ។ (១ថែ. ៥:២០) «ទំនាយ»នៅទីនេះសំដៅទៅលើដំណឹងដែលព្រះផ្ដល់ឲ្យយើងតាមរយៈឫទ្ធានុភាពបរិសុទ្ធ រួមមានដំណឹងអំពីថ្ងៃរបស់ព្រះយេហូវ៉ានិងភាពបន្ទាន់នៃគ្រារបស់យើង។ យើងមិនគិតថាថ្ងៃរបស់ព្រះយេហូវ៉ាឬសង្គ្រាមអាម៉ាគេដូននឹងមិនមកនៅក្នុងជីវិតរបស់យើងទេ។ ផ្ទុយទៅវិញ យើងចាំជាប់ជានិច្ចនូវថ្ងៃនោះ ដោយបន្តជាប់រវល់«ធ្វើអ្វីដែលបង្ហាញពីភក្ដីភាពចំពោះព្រះ» និងដោយរក្សាការប្រព្រឹត្តស្អាតស្អំ។—២ពេ. ៣:១១, ១២ w២៣.០៦ ទំ.១២ វ.១៣-១៤
ថ្ងៃសុក្រ ទី១០ ខែតុលា
ការកោតខ្លាចព្រះយេហូវ៉ាជាទីចាប់ផ្ដើមនៃប្រាជ្ញា។—សុភ. ៩:១០
តើយើងដែលជាគ្រិស្តសាសនិកគួរធ្វើអ្វី បើរូបភាពអាសអាភាសលេចមកលើគ្រឿងអេឡិចត្រូនិករបស់យើង? យើងគួរឈប់មើលរូបនោះភ្លាមៗ។ គឺនឹងស្រួលជាងឲ្យយើងធ្វើដូច្នេះ បើយើងចាំថាអ្វីដែលមានតម្លៃបំផុតគឺចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា។ តាមការពិត សូម្បីតែរូបភាពដែលមិនអាសអាភាស ក៏អាចធ្វើឲ្យយើងមានបំណងប្រាថ្នាឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដែរ។ ហេតុអ្វីយើងគួរជៀសវាងពីរូបបែបនោះ? ពីព្រោះយើងមិនទាំងចង់គិតអំពីការធ្វើអ្វីដែលអាចនាំឲ្យផិតក្បត់ក្នុងចិត្តទេ។ (ម៉ាថ. ៥:២៨, ២៩) អ្នកចាស់ទុំម្នាក់ឈ្មោះដាវីឌនៅប្រទេសថៃនិយាយថា៖ «ខ្ញុំសួរខ្លួនឯងថា ‹ទោះជារូបភាពនេះប្រហែលជាមិនអាសអាភាសក្ដី តើព្រះយេហូវ៉ានឹងពេញចិត្តបើខ្ញុំបន្ដមើលរូបនោះឬទេ?›។ ការវែកញែកបែបនេះជួយខ្ញុំឲ្យប្រព្រឹត្តដោយឈ្លាសវៃ»។ ការខ្លាចធ្វើឲ្យព្រះយេហូវ៉ាខកចិត្តនឹងជួយយើងឲ្យប្រព្រឹត្តដោយឈ្លាសវៃ។ ការកោតខ្លាចព្រះ«ជាទីចាប់ផ្ដើម»ឬជាគ្រឹះ«នៃប្រាជ្ញា»។ w២៣.០៦ ទំ.២៣ វ.១២-១៣
ថ្ងៃសៅរ៍ ទី១១ ខែតុលា
ឱរាស្ត្រខ្ញុំអើយ! ចូរចូលទៅបន្ទប់ខាងក្នុង។—អេ. ២៦:២០
«បន្ទប់ខាងក្នុង»ប្រហែលជាសំដៅលើក្រុមជំនុំរបស់យើង។ ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង យើងនឹងទទួលការការពារដែលព្រះយេហូវ៉ាសន្យា កាលដែលយើងរក្សាសាមគ្គីភាពជាមួយបងប្អូនរួមជំនឿ។ ដូច្នេះនៅឥឡូវនេះ យើងត្រូវខំប្រឹងមានសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះបងប្អូនរបស់យើង។ ការរួចជីវិតរបស់យើងប្រហែលជានឹងអាស្រ័យលើនេះ! «ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា»នឹងនាំមកនូវសេចក្ដីទុក្ខចំពោះមនុស្សជាតិ។ (សេផ. ១:១៤, ១៥) រាស្ត្ររបស់ព្រះយេហូវ៉ានឹងជួបការពិបាកដែរ។ ប៉ុន្តែបើយើងត្រៀមខ្លួននៅឥឡូវនេះ យើងនឹងអាចរក្សាចិត្តស្ងប់ ហើយជួយអ្នកឯទៀត។ យើងនឹងស៊ូទ្រាំចំពោះបញ្ហាណាក៏ដោយដែលយើងមាន។ ពេលបងប្អូនរួមជំនឿរបស់យើងរងទុក្ខ យើងនឹងខំអស់ពីសមត្ថភាពដើម្បីផ្ដល់ជំនួយដល់ពួកគេដោយបង្ហាញសេចក្ដីអាណិតមេត្តា និងផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ពួកគេ។ ម្យ៉ាងទៀត បើយើងរៀនស្រឡាញ់បងប្អូនរបស់យើងនៅឥឡូវនេះ យើងនឹងបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកគេនៅថ្ងៃអនាគត។ យ៉ាងនេះ ព្រះយេហូវ៉ានឹងឲ្យរង្វាន់យើង គឺជីវិតជារៀងរហូតក្នុងពិភពលោកដែលយើងមិនចងចាំមហន្តរាយនិងទុក្ខលំបាកទាំងអស់។—អេ. ៦៥:១៧ w២៣.០៧ ទំ.៧ វ.១៦-១៧
ថ្ងៃអាទិត្យ ទី១២ ខែតុលា
[ព្រះយេហូវ៉ា]នឹងធ្វើឲ្យអ្នករាល់គ្នាមាំមួនហើយខ្លាំងក្លា លោកនឹងជួយអ្នកមិនឲ្យរង្គោះរង្គើឡើយ។—១ពេ. ៥:១០
បណ្ដាំព្រះច្រើនតែរៀបរាប់អំពីបុរសដ៏ស្មោះត្រង់ថាជាបុរសខ្លាំងក្លា។ ប៉ុន្តែ ពួកគេមិនតែងតែមានអារម្មណ៍ថាខ្លួនខ្លាំងក្លាទេ។ ជាឧទាហរណ៍ នៅពេលខ្លះស្ដេចដាវីឌមានអារម្មណ៍ថាគាត់«រឹងមាំដូចភ្នំ» តែនៅពេលផ្សេងទៀត គាត់«ចាប់ផ្ដើមភ័យខ្លាច»។ (ចសព. ៣០:៧) ស្រដៀងគ្នាដែរ ទោះជាសាំសុនមានកម្លាំងខ្លាំងក្លាមហិមាពេលដែលគាត់ទទួលឫទ្ធានុភាពរបស់ព្រះក្ដី គាត់បានទទួលស្គាល់ថាបើគ្មានឫទ្ធានុភាពដែលមកពីលោកទេ ‹កម្លាំងគាត់នឹងចុះខ្សោយ ហើយគាត់នឹងដូចមនុស្សទូទៅដែរ›។ (អសក. ១៤:៥, ៦; ១៦:១៧) បុរសដ៏ស្មោះត្រង់ទាំងនេះអាចមានកម្លាំងខ្លាំងក្លាបាន ដោយសារតែព្រះយេហូវ៉ាបានឲ្យឫទ្ធានុភាពដល់ពួកគាត់។ សាវ័កប៉ូលបានទទួលស្គាល់ថាគាត់ក៏ត្រូវការឫទ្ធានុភាពពីព្រះយេហូវ៉ាដែរ។ (២កូ. ១២:៩, ១០) គាត់តស៊ូនឹងបញ្ហាសុខភាព។ (កាឡ. ៤:១៣, ១៤) ពេលខ្លះគាត់ក៏ពិបាកធ្វើអ្វីដែលត្រឹមត្រូវដែរ។ (រ៉ូម ៧:១៨, ១៩) ម្យ៉ាងទៀត ជួនកាលគាត់ខ្វល់ខ្វាយ ហើយខ្លាចអំពីអ្វីដែលប្រហែលជានឹងកើតឡើងចំពោះគាត់។ (២កូ. ១:៨, ៩) ប៉ុន្តែពេលប៉ូលខ្សោយ គាត់ទៅជាខ្លាំងក្លា។ តើតាមរបៀបណា? ព្រះយេហូវ៉ាបានឲ្យប៉ូលនូវកម្លាំងដែលគាត់ត្រូវការ។ លោកបានធ្វើឲ្យប៉ូលខ្លាំងក្លា។ w២៣.១០ ទំ.១២ វ.១-២
ថ្ងៃច័ន្ទ ទី១៣ ខែតុលា
ព្រះយេហូវ៉ាមើលក្នុងចិត្ត។—១សាំ. ១៦:៧
បើជួនកាលយើងមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ យើងអាចចាំថាព្រះយេហូវ៉ាផ្ទាល់បានទាញនាំយើងឲ្យមកឯលោក។ (យ៉ូន. ៦:៤៤) លោកឃើញគុណសម្បត្តិរបស់យើងដែលយើងផ្ទាល់ប្រហែលជាមិនឃើញ ហើយលោកស្គាល់ចិត្តរបស់យើង។ (២ប្រ. ៦:៣០) ដូច្នេះ យើងអាចទុកចិត្តលោក ពេលលោកមានប្រសាសន៍ថាយើងមានតម្លៃ។ (១យ៉ូន. ៣:១៩, ២០) មុនរៀនសេចក្ដីពិត យើងខ្លះបានធ្វើអ្វីដែលប្រហែលជានៅតែនាំឲ្យយើងបន្ទោសខ្លួន។ (១ពេ. ៤:៣) សូម្បីតែគ្រិស្តសាសនិកផ្សេងទៀតដ៏ស្មោះត្រង់ ក៏តយុទ្ធប្រឆាំងនឹងទំនោរចិត្តខុសឆ្គង។ តើចិត្តរបស់អ្នកផ្ដន្ទាទោសអ្នកឬទេ? បើដូច្នេះ សូមទទួលការសម្រាលទុក្ខដោយដឹងថាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា ក៏ធ្លាប់តយុទ្ធនឹងអារម្មណ៍ស្រដៀងនឹងនេះដែរ។ ជាឧទាហរណ៍ សាវ័កប៉ូលពិបាកចិត្តណាស់ ពេលគិតអំពីភាពមិនល្អឥតខ្ចោះរបស់គាត់។ (រ៉ូម ៧:២៤) ពិតមែនថាប៉ូលបានប្រែចិត្តចំពោះការខុសឆ្គងរបស់ខ្លួន ហើយទទួលការជ្រមុជទឹក ប៉ុន្តែគាត់បាននិយាយអំពីខ្លួនគាត់ថា៖ «ក្នុងចំណោមពួកសាវ័ក ខ្ញុំជាអ្នកតូចជាងគេ» និងជាអ្នកប្រព្រឹត្តអំពើខុសឆ្គង«ធ្ងន់ជាងគេ»។—១កូ. ១៥:៩; ១ធី. ១:១៥ w២៤.០៣ ទំ.២៧ វ.៥-៦
ថ្ងៃអង្គារ ទី១៤ ខែតុលា
ពួកគេបានបោះបង់ចោលវិហាររបស់ព្រះយេហូវ៉ា។—២ប្រ. ២៤:១៨
មេរៀនមួយដែលយើងអាចរៀនពីការសម្រេចចិត្តមិនល្អរបស់ស្ដេចយេហូអាសគឺថាយើងត្រូវជ្រើសរើសមិត្តភក្ដិដែលនឹងជះឥទ្ធិពលល្អមកលើយើង គឺមិត្តដែលស្រឡាញ់ព្រះយេហូវ៉ានិងដែលចង់ធ្វើឲ្យលោកសប្បាយចិត្ត។ មិត្តភក្ដិមិនប្រកាន់អាយុ យើងអាចមានមិត្តភក្ដិដែលចាស់ជាង ឬក្មេងជាងយើងក៏បាន។ សូមចាំថាយេហូអាសក្មេងជាងមិត្តរបស់គាត់គឺយេហូយ៉ាដាឆ្ងាយណាស់។ ស្ដីអំពីការជ្រើសរើសមិត្តភក្ដិ សូមប្អូនសួរខ្លួននូវសំណួរដូចតទៅនេះ៖ ‹តើពួកគេជួយខ្ញុំឲ្យពង្រឹងជំនឿរបស់ខ្ញុំទៅលើព្រះយេហូវ៉ាឬទេ? តើពួកគេលើកទឹកចិត្តខ្ញុំឲ្យរស់នៅស្របតាមខ្នាតតម្រារបស់ព្រះឬ? តើពួកគេនិយាយអំពីព្រះយេហូវ៉ា និងសេចក្ដីពិតដ៏មានតម្លៃពីលោកឬទេ? តើពួកគេបង្ហាញការគោរពចំពោះខ្នាតតម្រារបស់ព្រះឬ? តើពួកគេប្រាប់ខ្ញុំតែអ្វីដែលខ្ញុំចង់ឮប៉ុណ្ណោះ ឬតើពួកគេហ៊ានកែតម្រង់ខ្ញុំពេលខ្ញុំពិតជាត្រូវការ?›។ (សុភ. ២៧:៥, ៦, ១៧) តាមពិត បើមិត្តភក្ដិរបស់ប្អូនមិនស្រឡាញ់ព្រះយេហូវ៉ា ប្អូនមិនត្រូវការពួកគេទេ។ ប៉ុន្តែ បើប្អូនមានមិត្តភក្ដិដែលស្រឡាញ់ព្រះយេហូវ៉ា ពួកគេនឹងតែងតែជួយប្អូន។—សុភ. ១៣:២០ w២៣.០៩ ទំ.៩-១០ វ.៦-៧
ថ្ងៃពុធ ទី១៥ ខែតុលា
ខ្ញុំជាអាលផានិងជាអូមេហ្គា។—បប. ១:៨
អាលផាជាតួអក្សរមុនគេបង្អស់ ហើយអូមេហ្គាជាតួអក្សរចុងក្រោយគេបង្អស់ក្នុងភាសាក្រិច។ ដោយប្រើការពណ៌នាថា«អាលផានិងអូមេហ្គា» ព្រះយេហូវ៉ាបង្ហាញថាពេលលោកចាប់ផ្ដើមធ្វើអ្វីណាមួយ លោកនឹងធ្វើឲ្យនោះសម្រេច។ ក្រោយពីព្រះយេហូវ៉ាបានបង្កើតអាដាមនិងអេវ៉ា លោកបានមានប្រសាសន៍ថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ហើយចូរគ្រប់គ្រងផែនដី»។ (ដក. ១:២៨) ពេលព្រះយេហូវ៉ាមានប្រសាសន៍នៅដើមដំបូងអំពីគោលបំណងរបស់លោក នោះហាក់ដូចជាលោកបានមានប្រសាសន៍ថា«អាលផា» គឺថានឹងមានគ្រាមកដល់ ពេលកូនចៅដែលស្ដាប់បង្គាប់និងល្អឥតខ្ចោះរបស់អាដាមនិងអេវ៉ាមានពេញពាសលើផែនដី ហើយប្រែក្លាយផែនដីទៅជាសួនឧទ្យាន។ នៅពេលអនាគតនោះ ព្រះយេហូវ៉ានឹងហាក់ដូចជាមានប្រសាសន៍ថា៖ «អូមេហ្គា»។ ក្រោយពីព្រះយេហូវ៉ាបាន«បង្កើតអ្វីៗទាំងអស់នៅលើមេឃនិងផែនដីរួចរាល់» លោកបានផ្ដល់ការធានាមួយ។ លោកបានញែកថ្ងៃទី៧ដើម្បីបង្ហើយគោលបំណងរបស់លោកចំពោះមនុស្សជាតិនិងផែនដី។ ដូច្នេះ ពេលលោកទុកថ្ងៃទី៧ជាថ្ងៃពិសិដ្ឋ នោះគឺហាក់ដូចជាលោកបានមានប្រសាសន៍ថាគោលបំណងរបស់លោកនឹងត្រូវសម្រេចទាំងស្រុងនៅចុងបញ្ចប់នៃថ្ងៃនោះ។—ដក. ២:១-៣ w២៣.១១ ទំ.៥ វ.១៣-១៤
ថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា
ចូររៀបចំផ្លូវទទួលព្រះយេហូវ៉ា! ចូរធ្វើឲ្យមានផ្លូវធំត្រង់ភ្លឹងកាត់តាមតំបន់ស្ងាត់ជ្រងំ សម្រាប់ព្រះនៃយើង។—អេ. ៤០:៣
ការធ្វើដំណើរដ៏ពិបាកពីបាប៊ីឡូនទៅស្រុកអ៊ីស្រាអែលអាចតម្រូវឲ្យចំណាយពេលប្រហែលជាបួនខែ ប៉ុន្តែព្រះយេហូវ៉ាបានសន្យាថាឧបសគ្គណាក៏ដោយដែលមើលទៅរារាំងការធ្វើដំណើររបស់ពួកគេនឹងត្រូវដកចេញ។ ជនជាតិយូដាដ៏ស្មោះត្រង់ដឹងថាការត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញ គឺមានប្រយោជន៍ច្រើនជាងការលះបង់ណាក៏ដោយដែលពួកគេនឹងធ្វើ។ ប្រយោជន៍ដ៏អស្ចារ្យបំផុតគឺជាប់ទាក់ទងនឹងការគោរពប្រណិប័តន៍របស់ពួកគេ។ គ្មានវិហាររបស់ព្រះយេហូវ៉ានៅក្រុងបាប៊ីឡូនទេ។ ម្យ៉ាងទៀត ក៏គ្មានទីបូជាដែលជនជាតិអ៊ីស្រាអែលអាចជូនគ្រឿងបូជាដែលច្បាប់ម៉ូសេតម្រូវឲ្យធ្វើ ហើយគ្មានការរៀបចំឲ្យពួកសង្ឃជូនគ្រឿងបូជាទាំងនោះដែរ។ បន្ថែមទៅទៀត បណ្ដាជនក្នុងក្រុងនោះដែលគោរពបូជាព្រះមិនពិតមានច្រើនជាងពួកអ្នកគោរពព្រះយេហូវ៉ាឬធ្វើតាមខ្នាតតម្រារបស់លោក។ ដូច្នេះ ជនជាតិយូដារាប់ពាន់នាក់ដែលស្រឡាញ់ព្រះយេហូវ៉ាទន្ទឹងរង់ចាំត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ ជាកន្លែងដែលពួកគេអាចស្ដារការគោរពប្រណិប័តន៍ពិតឡើងវិញ។ w២៣.០៥ ទំ.១៤-១៥ វ.៣-៤
ថ្ងៃសុក្រ ទី១៧ ខែតុលា
ចូរបន្តរស់នៅជាកូននៃពន្លឺ។—អេភ. ៥:៨
យើងត្រូវការជំនួយពីឫទ្ធានុភាពបរិសុទ្ធរបស់ព្រះដើម្បីយើងអាចបន្តប្រព្រឹត្តជា«កូននៃពន្លឺ»។ ហេតុអ្វី? ពីព្រោះគឺពិបាកឲ្យរក្សាភាពស្អាតស្អំក្នុងពិភពលោកដែលប្រាសចាកសីលធម៌នេះ។ (១ថែ. ៤:៣-៥, ៧, ៨) ឫទ្ធានុភាពបរិសុទ្ធអាចជួយយើងឲ្យតយុទ្ធនឹងរបៀបគិតគូររបស់ពិភពលោកនេះ រួមមានទស្សនវិជ្ជានិងផ្នត់គំនិតដែលប្រឆាំងនឹងរបៀបគិតគូររបស់ព្រះ។ ឫទ្ធានុភាពបរិសុទ្ធក៏អាចជួយយើងឲ្យមាន‹គុណធម៌និងសេចក្ដីសុចរិតគ្រប់យ៉ាង›។ (អេភ. ៥:៩) របៀបមួយដែលយើងអាចទទួលឫទ្ធានុភាពបរិសុទ្ធគឺដោយអធិដ្ឋានសុំ។ លោកយេស៊ូបានមានប្រសាសន៍ថាព្រះយេហូវ៉ានឹង«ផ្ដល់ឫទ្ធានុភាពបរិសុទ្ធរបស់លោកដល់អ្នកដែលសុំពីលោក»។ (លូក. ១១:១៣) ម្យ៉ាងទៀត ពេលយើងរួមគ្នាសរសើរព្រះយេហូវ៉ានៅកិច្ចប្រជុំគ្រិស្តសាសនិក យើងក៏ទទួលឫទ្ធានុភាពបរិសុទ្ធដែរ។ (អេភ. ៥:១៩, ២០) ឥទ្ធិពលល្អដែលឫទ្ធានុភាពបរិសុទ្ធរបស់ព្រះមានមកលើយើងនឹងជួយយើងឲ្យរស់នៅតាមរបៀបដែលព្រះពេញចិត្ត។ w២៤.០៣ ទំ.២៣-២៤ វ.១៣-១៥
ថ្ងៃសៅរ៍ ទី១៨ ខែតុលា
ចូរសុំឥតឈប់ នោះអ្នកនឹងទទួល ចូររកឥតឈប់ នោះអ្នកនឹងរកឃើញ ចូរគោះទ្វារឥតឈប់ នោះទ្វារនឹងត្រូវបើកឲ្យ។—លូក. ១១:៩
តើអ្នកត្រូវមានចិត្តអត់ធ្មត់ថែមទៀតឬទេ? បើដូច្នេះមែន ចូរអធិដ្ឋានឲ្យមានចិត្តអត់ធ្មត់។ ចិត្តអត់ធ្មត់គឺជាគុណសម្បត្តិមួយនៃផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះ។ (កាឡ. ៥:២២, ២៣) ដូច្នេះ យើងអាចអធិដ្ឋានទៅព្រះយេហូវ៉ាសុំឫទ្ធានុភាពបរិសុទ្ធនិងសុំលោកឲ្យជួយយើងមានផលដែលបង្កើតដោយឫទ្ធានុភាពនោះ។ បើយើងប្រឈមមុខនឹងស្ថានភាពណាមួយដែលសាកល្បងចិត្តអត់ធ្មត់របស់យើង យើងនឹង«សុំឥតឈប់»ឲ្យមានឫទ្ធានុភាពបរិសុទ្ធដើម្បីជួយយើងមានចិត្តអត់ធ្មត់។ (លូក. ១១:១៣) យើងក៏អាចសុំព្រះយេហូវ៉ាជួយយើងឲ្យមានទស្សនៈដូចលោកចំពោះរឿងផ្សេងៗ។ ក្រោយពីអធិដ្ឋាន យើងត្រូវខំអស់ពីសមត្ថភាពដើម្បីបង្ហាញចិត្តអត់ធ្មត់ជារៀងរាល់ថ្ងៃ។ កាលដែលយើងកាន់តែអធិដ្ឋានឲ្យមានចិត្តអត់ធ្មត់ ហើយព្យាយាមមានចិត្តអត់ធ្មត់ គុណសម្បត្តិនោះនឹងកាន់តែចាក់ឫសជ្រៅក្នុងចិត្តរបស់យើង ព្រមទាំងទៅជាផ្នែកមួយនៃបុគ្គលិកលក្ខណៈរបស់យើង។ ការរំពឹងគិតអំពីគំរូក្នុងគម្ពីរក៏ជួយដែរ។ គម្ពីរមានគំរូជាច្រើនអំពីមនុស្សដែលមានចិត្តអត់ធ្មត់។ ដោយរំពឹងគិតអំពីគំរូទាំងនោះ យើងអាចរៀនរបៀបបង្ហាញចិត្តអត់ធ្មត់។ w២៣.០៨ ទំ.២២-២៣ វ.១០-១១
ថ្ងៃអាទិត្យ ទី១៩ ខែតុលា
ចូរ . . . ទម្លាក់អួននៅទីនោះ។—លូក. ៥:៤
លោកយេស៊ូបានពង្រឹងទំនុកចិត្តរបស់សាវ័កពេត្រុសថាព្រះយេហូវ៉ានឹងផ្ដល់អ្វីដែលគាត់ត្រូវការ។ លោកយេស៊ូដែលបានត្រូវប្រោសឲ្យរស់ឡើងវិញបានធ្វើអព្ភូតហេតុឲ្យពេត្រុសនិងពួកសាវ័កឯទៀតរបស់លោកចាប់ត្រីឲ្យបានច្រើនម្ដងទៀត។ (យ៉ូន. ២១:៤-៦) អព្ភូតហេតុនេះច្បាស់ជាបានពង្រឹងទំនុកចិត្តពេត្រុសថា ការផ្គត់ផ្គង់អ្វីៗដែលគាត់ត្រូវការគឺមិនពិបាកសម្រាប់ព្រះយេហូវ៉ាទេ។ ប្រហែលជាសាវ័កពេត្រុសបាននឹកចាំអំពីប្រសាសន៍របស់លោកយេស៊ូដែលថា ព្រះយេហូវ៉ានឹងផ្គត់ផ្គង់ពួកអ្នកដែល‹បន្តស្វែងរករាជាណាចក្ររបស់ព្រះជាមុន›។ (ម៉ាថ. ៦:៣៣) អ្វីទាំងអស់នេះបានជួយពេត្រុសឲ្យចាត់ទុកកិច្ចការផ្សព្វផ្សាយថាសំខាន់បំផុតក្នុងជីវិតរបស់គាត់ មិនមែនមុខរបរនេសាទត្រីទេ។ គាត់បានផ្សព្វផ្សាយយ៉ាងក្លាហាននៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ហើយនេះបានជួយមនុស្សរាប់ពាន់នាក់ឲ្យទទួលយកដំណឹងល្អ។ (សកម្ម. ២:១៤, ៣៧-៤១) ក្រោយមក គាត់បានជួយជនជាតិសាម៉ារីនិងជនជាតិដទៃឲ្យរៀនអំពីគ្រិស្តនិងទៅជាអ្នកកាន់តាមលោក។ (សកម្ម. ៨:១៤-១៧; ១០:៤៤-៤៨) ព្រះយេហូវ៉ាពិតជាបានប្រើពេត្រុសតាមរបៀបដ៏អស្ចារ្យដើម្បីនាំមនុស្សគ្រប់ប្រភេទឲ្យចូលមកក្នុងក្រុមជំនុំ។ w២៣.០៩ ទំ.២០ វ.១; ទំ.២៣ វ.១១
ថ្ងៃច័ន្ទ ទី២០ ខែតុលា
បើអ្នករាល់គ្នាមិនអាចប្រាប់អំពីសុបិនរបស់ខ្ញុំ ហើយមិនអាចបកស្រាយសុបិននោះបានទេ នោះដៃជើងរបស់អ្នករាល់គ្នានឹងត្រូវកាត់ចេញ។—ដាន. ២:៥
ប្រហែលជាពីរឆ្នាំក្រោយពីជនជាតិបាប៊ីឡូនបានបំផ្លាញក្រុងយេរូសាឡិម ស្ដេចនេប៊ូក្នេសានៃស្រុកបាប៊ីឡូនបានយល់សប្ដិឃើញរូបធំសម្បើមមួយដែលនាំឲ្យគាត់ខ្វល់ចិត្ត។ គាត់បានគំរាមសម្លាប់ពួកអ្នកប្រាជ្ញទាំងអស់របស់គាត់រួមទាំងដានីយ៉ែលផងដែរ បើពួកគេមិនអាចប្រាប់គាត់អំពីអ្វីដែលគាត់បានយល់សប្ដិឃើញ និងបកស្រាយសុបិនរបស់គាត់បានទេ។ (ដាន. ២:៣-៥) ដានីយ៉ែលត្រូវចាត់វិធានការភ្លាមៗ។ បើពុំនោះទេ មនុស្សជាច្រើននឹងត្រូវស្លាប់។ គាត់«បានចូលទៅជួបស្ដេច ហើយសុំពេលដើម្បីបកស្រាយសុបិនជូនស្ដេច»។ (ដាន. ២:១៦) នេះត្រូវការចិត្តក្លាហាននិងជំនឿ។ គម្ពីរមិនចែងថាដានីយ៉ែលធ្លាប់បកស្រាយសុបិនពីមុនទេ។ គាត់បានសុំមិត្តភក្ដិរបស់គាត់ឲ្យ«អធិដ្ឋានដល់ព្រះនៃស្ថានសួគ៌ឲ្យលោកបង្ហាញក្ដីមេត្តានិងប្រាប់អំពីអាថ៌កំបាំងនៃសុបិននោះ»។ (ដាន. ២:១៨) ព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានទាំងនោះ។ ដោយមានជំនួយពីព្រះ ដានីយ៉ែលបានបកស្រាយសុបិនរបស់នេប៊ូក្នេសា។ ដានីយ៉ែលនិងមិត្តភក្ដិរបស់គាត់បានរួចជីវិត។ w២៣.០៨ ទំ.៣ វ.៤
ថ្ងៃអង្គារ ទី២១ ខែតុលា
អ្នកណាដែលស៊ូទ្រាំរហូតដល់ទីបញ្ចប់ អ្នកនោះនឹងត្រូវសង្គ្រោះ។—ម៉ាថ. ២៤:១៣
សូមគិតអំពីប្រយោជន៍ដែលមកពីការមានចិត្តអត់ធ្មត់។ ពេលយើងមានចិត្តអត់ធ្មត់ យើងសប្បាយចិត្តជាងនិងមានចិត្តស្ងប់ជាង។ ដូច្នេះ ចិត្តអត់ធ្មត់អាចជួយយើងឲ្យមានសុខភាពផ្លូវកាយនិងផ្លូវចិត្តល្អប្រសើរជាង។ ពេលយើងមានចិត្តអត់ធ្មត់នឹងអ្នកឯទៀត យើងមានទំនាក់ទំនងល្អជាង។ យ៉ាងនេះ ក្រុមជំនុំកាន់តែមានសាមគ្គីភាព។ បើមាននរណាម្នាក់ធ្វើអ្វីដែលអាចនាំឲ្យយើងខឹង ការយឺតនឹងខឹងអាចរារាំងយើងមិនធ្វើឲ្យស្ថានភាពនោះកាន់តែអាក្រក់។ (ចសព. ៣៧:៨, កំ.ស.; សុភ. ១៤:២៩) សំខាន់បំផុត យើងយកតម្រាប់បិតារបស់យើងដែលនៅស្ថានសួគ៌ ហើយចូលកាន់តែជិតលោកថែមទៀត។ ចិត្តអត់ធ្មត់ពិតជាគុណសម្បត្តិដ៏ថ្លៃថ្លាដែលផ្ដល់ប្រយោជន៍ដល់យើងទាំងអស់គ្នា! យើងមិនតែងតែស្រួលមានចិត្តអត់ធ្មត់ទេ តែដោយមានជំនួយពីព្រះយេហូវ៉ា យើងអាចបន្តមានគុណសម្បត្តិនេះថែមទៀត។ ម្យ៉ាងទៀត កាលដែលយើងរង់ចាំពិភពលោកថ្មីដោយចិត្តអត់ធ្មត់ យើងអាចមានទំនុកចិត្តថា«ភ្នែករបស់ព្រះយេហូវ៉ាតាមមើលអស់អ្នកដែលកោតខ្លាចលោក គឺអស់អ្នកដែលរង់ចាំទទួលសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោក»។ (ចសព. ៣៣:១៨) សូមយើងទាំងអស់គ្នាបន្ដតាំងចិត្តបំពាក់ខ្លួនដោយចិត្តអត់ធ្មត់។ w២៣.០៨ ទំ.២២ វ.៧; ទំ.២៥ វ.១៦-១៧
ថ្ងៃពុធ ទី២២ ខែតុលា
ប្រសិនបើមានជំនឿ តែគ្មានការប្រព្រឹត្ត ជំនឿនោះគឺស្លាប់ហើយ។—យ៉ា. ២:១៧
យ៉ាកុបលើកឡើងថាបុគ្គលណាម្នាក់ប្រហែលជាអះអាងថាខ្លួនមានជំនឿ ប៉ុន្តែការប្រព្រឹត្តរបស់គាត់គឺផ្ទុយស្រឡះ។ (យ៉ា. ២:១-៥, ៩) យ៉ាកុបក៏បានលើកឡើងដែរអំពីបុគ្គលដែលបានឃើញ«បងប្អូនប្រុសឬបងប្អូនស្រីណាម្នាក់គ្មានសម្លៀកបំពាក់ ឬអាហារគ្រប់គ្រាន់» ប៉ុន្តែមិនបានផ្ដល់ជំនួយទេ។ ទោះជាបុគ្គលនោះអះអាងថាគាត់មានជំនឿក្ដី ការប្រព្រឹត្តរបស់គាត់បានបង្ហាញថាគាត់គ្មានជំនឿឡើយ។ (យ៉ា. ២:១៤-១៦) យ៉ាកុបបានលើកឡើងថារ៉ាហាបជាគំរូដ៏ល្អស្ដីអំពីជំនឿដែលមានការប្រព្រឹត្ត។ (យ៉ា. ២:២៥, ២៦) រ៉ាហាបបានឮអំពីព្រះយេហូវ៉ា ហើយបានទទួលស្គាល់ថាលោកកំពុងគាំទ្រជនជាតិអ៊ីស្រាអែល។ (យ៉ូស. ២:៩-១១) គាត់បានបង្ហាញជំនឿដោយការប្រព្រឹត្ត ពោលគឺគាត់បានការពារអ្នកស៊ើបការណ៍ជនជាតិអ៊ីស្រាអែលពីរនាក់ពេលដែលពួកគេស្ថិតក្នុងគ្រោះថ្នាក់។ ជាលទ្ធផល ស្ត្រីមិនល្អឥតខ្ចោះដែលមិនមែនជាជនជាតិអ៊ីស្រាអែលនេះបានត្រូវចាត់ទុកជាមនុស្សសុចរិត ដូចដែលអាប្រាហាំបានត្រូវចាត់ទុកដែរ។ គំរូរបស់ស្ត្រីនោះបញ្ជាក់ថាជំនឿដែលមានការប្រព្រឹត្តគឺសំខាន់ណាស់។ w២៣.១២ ទំ.៥-៦ វ.១២-១៣
ថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា
សូមឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយបានតាំងឡើងលើគ្រឹះមាំមួន។—អេភ. ៣:១៧
ក្នុងនាមជាគ្រិស្តសាសនិក យើងមិនគ្រាន់តែចង់យល់សេចក្ដីបង្រៀនបឋមនៃគម្ពីរប៉ុណ្ណោះទេ។ យើងក៏ចង់រៀន«សូម្បីតែសេចក្ដីជ្រាលជ្រៅរបស់ព្រះ» ដោយមានជំនួយពីឫទ្ធានុភាពបរិសុទ្ធរបស់លោក។ (១កូ. ២:៩, ១០) សូមរៀបចំធ្វើការសិក្សាផ្ទាល់ខ្លួនដែលនឹងធ្វើឲ្យអ្នកចូលកាន់តែជិតព្រះយេហូវ៉ា។ ជាឧទាហរណ៍ អ្នកអាចធ្វើការស្រាវជ្រាវអំពីរបៀបដែលលោកបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកបម្រើរបស់លោកនៅសម័យបុរាណ និងរបៀបដែលនោះបង្ហាញថាលោកស្រឡាញ់អ្នកដែរ។ អ្នកអាចពិនិត្យមើលការរៀបចំរបស់ព្រះយេហូវ៉ាដើម្បីគោរពប្រណិប័តន៍លោកនៅស្រុកអ៊ីស្រាអែលសម័យបុរាណ ហើយប្រៀបធៀបនោះទៅនឹងការរៀបចំរបស់គ្រិស្តសាសនិកនៅសព្វថ្ងៃ ឬប្រហែលជាអ្នកអាចសិក្សាយ៉ាងជ្រាលជ្រៅអំពីទំនាយដែលលោកយេស៊ូបានសម្រេចក្នុងអំឡុងជីវិតនិងកិច្ចបម្រើរបស់លោកនៅផែនដី។ អ្នកអាចអរសប្បាយសិក្សាប្រធានបទបែបនេះ ដោយមានជំនួយពីសៀវភៅជំនួយស្រាវជ្រាវសម្រាប់សាក្សីព្រះយេហូវ៉ា។ ការសិក្សាគម្ពីរយ៉ាងស៊ីជម្រៅអាចពង្រឹងជំនឿរបស់អ្នក ហើយជួយអ្នកឲ្យ«រកឃើញចំណេះអំពីព្រះ»។—សុភ. ២:៤, ៥ w២៣.១០ ទំ.១៨-១៩ វ.៣-៥
ថ្ងៃសុក្រ ទី២៤ ខែតុលា
ជាពិសេស ចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យខ្លាំង ពីព្រោះសេចក្ដីស្រឡាញ់គ្របបាំងការខុសឆ្គងជាច្រើន។—១ពេ. ៤:៨
ពាក្យ«ឲ្យខ្លាំង»ដែលសាវ័កពេត្រុសបានប្រើមានន័យត្រង់ថាលាតសន្ធឹង។ ផ្នែកទី២នៃខនេះរៀបរាប់អំពីឥទ្ធិពលដែលសេចក្ដីស្រឡាញ់ខ្លាំងអាចមាន។ នោះគឺគ្របបាំងការខុសឆ្គងរបស់បងប្អូន។ ជាឧទាហរណ៍ សូមស្រមៃគិតអំពីតុមួយដែលមានស្នាមជាច្រើន។ យើងអាចយកផ្ទាំងក្រណាត់មួយលាតសន្ធឹងលើតុនោះដើម្បីមិនគ្រាន់តែបិទបាំងស្នាមមួយឬពីរប៉ុណ្ណោះទេ តែស្នាមជាច្រើន។ ស្រដៀងគ្នាដែរ បើយើងស្រឡាញ់បងប្អូនរបស់យើងឲ្យខ្លាំង យើងអាចគ្របបាំងឬអភ័យទោសមិនគ្រាន់តែភាពមិនល្អឥតខ្ចោះមួយឬពីរប៉ុណ្ណោះទេ តែ«ការខុសឆ្គងជាច្រើន»។ សេចក្ដីស្រឡាញ់របស់យើងចំពោះបងប្អូនរួមជំនឿគួរខ្លាំងល្មមដែលយើងអាចអភ័យទោសចំពោះភាពមិនល្អឥតខ្ចោះរបស់ពួកគេ ទោះជានោះគឺពិបាកខ្លាំងណាស់ក្ដី។ (កូឡ. ៣:១៣) ពេលយើងអភ័យទោសឲ្យអ្នកឯទៀត យើងបង្ហាញថាសេចក្ដីស្រឡាញ់របស់យើងគឺខ្លាំង ហើយថាយើងចង់ទទួលការពេញចិត្តពីព្រះយេហូវ៉ា។ w២៣.១១ ទំ.១១-១២ វ.១៣-១៥
ថ្ងៃសៅរ៍ ទី២៥ ខែតុលា
សាផានបានអានសៀវភៅនោះឲ្យស្ដេចស្ដាប់។—២ប្រ. ៣៤:១៨
កាលដែលស្ដេចយ៉ូសៀសពេញវ័យ គាត់បានចាប់ផ្ដើមជួសជុលវិហារ។ ក្នុងអំឡុងកិច្ចការនោះ «សៀវភៅច្បាប់ដែលព្រះយេហូវ៉ាបានឲ្យតាមរយៈម៉ូសេ»បានត្រូវរកឃើញ។ ពេលស្ដេចបានឮអ្វីដែលគេអានពីសៀវភៅនោះ នេះបានជំរុញចិត្តគាត់ឲ្យចាត់វិធានការធ្វើតាមអ្វីដែលសៀវភៅនោះចែង។ (២ប្រ. ៣៤:១៤, ១៩-២១) តើអ្នកចង់អានគម្ពីរជាទៀងទាត់ឬទេ? បើអ្នកកំពុងព្យាយាមធ្វើដូច្នេះ តើអ្នកចូលចិត្តឬទេ? តើអ្នកកត់ចំណាំខគម្ពីរដែលអាចជួយអ្នកផ្ទាល់ឬទេ? ពេលយ៉ូសៀសមានអាយុប្រហែលជា៣៩ឆ្នាំ គាត់បានធ្វើខុសមួយដែលនាំឲ្យគាត់ស្លាប់។ គាត់បានទុកចិត្តខ្លួនឯងជាជាងសុំការណែនាំពីព្រះយេហូវ៉ា។ (២ប្រ. ៣៥:២០-២៥) យើងអាចរៀនមេរៀនពីនេះ។ មិនថាយើងមានអាយុច្រើនប៉ុណ្ណា ឬសិក្សាគម្ពីរយូរប៉ុណ្ណាក្ដី យើងត្រូវបន្ដស្វែងរកព្រះយេហូវ៉ា។ នោះរួមបញ្ចូលការអធិដ្ឋានសុំការណែនាំពីលោកជាទៀងទាត់ សិក្សាបណ្ដាំរបស់លោក និងស្ដាប់យោបល់ពីគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។ យ៉ាងនេះ យើងទំនងជានឹងមិនធ្វើខុសធ្ងន់ធ្ងរ ហើយសប្បាយចិត្តជាង។—យ៉ា. ១:២៥ w២៣.០៩ ទំ.១២ វ.១៥-១៦
ថ្ងៃអាទិត្យ ទី២៦ ខែតុលា
ព្រះប្រឆាំងមនុស្សក្រអឺតក្រទម តែលោកផ្ដល់គុណដ៏វិសេសលើសលប់ដល់មនុស្សដែលមានចិត្តរាបទាប។—យ៉ា. ៤:៦
គម្ពីររៀបរាប់ជាច្រើនអំពីស្ត្រីដ៏ល្អប្រពៃដែលបានស្រឡាញ់និងបម្រើព្រះយេហូវ៉ា។ ពួកគេបាន«ប្រព្រឹត្តដោយមានតុល្យភាព ព្រមទាំងស្មោះត្រង់ក្នុងគ្រប់ការទាំងអស់»។ (១ធី. ៣:១១) បន្ថែមទៅទៀតនៅក្នុងក្រុមជំនុំរបស់ខ្លួន បងប្អូនស្រីអាចរកមើលគំរូរបស់ស្ត្រីគ្រិស្តសាសនិកដែលមានភាពចាស់ទុំដែលសមនឹងយកតម្រាប់តាម។ ប្អូនស្រីៗ តើប្អូនស្គាល់បងប្អូនស្រីណាដែលទុកគំរូល្អដែលប្អូនអាចយកតម្រាប់ឬទេ? សូមសង្កេតមើលគុណសម្បត្តិដ៏ថ្លៃថ្លារបស់ពួកគេ បន្ទាប់មកសូមពិចារណាអំពីរបៀបដែលប្អូនអាចបង្ហាញគុណសម្បត្តិដូចគ្នា។ ដើម្បីធ្វើជាគ្រិស្តសាសនិកល្អ យើងត្រូវការចិត្តរាបទាប។ បើស្ត្រីមានចិត្តរាបទាប គាត់នឹងមានចំណងមិត្តភាពល្អជាមួយព្រះយេហូវ៉ានិងអ្នកឯទៀត។ ជាឧទាហរណ៍ ស្ត្រីដែលស្រឡាញ់ព្រះយេហូវ៉ាសម្រេចចិត្តដោយចិត្តរាបទាបថាគាត់គាំទ្រគោលការណ៍អំពីប្រមុខភាពដែលព្រះយេហូវ៉ាបានរៀបចំឡើង។ (១កូ. ១១:៣) គោលការណ៍នេះបានត្រូវអនុវត្តជាពិសេសនៅក្នុងក្រុមជំនុំនិងក្រុមគ្រួសារ។ w២៣.១២ ទំ.១៨-១៩ វ.៣-៥
ថ្ងៃច័ន្ទ ទី២៧ ខែតុលា
ប្ដីត្រូវស្រឡាញ់ប្រពន្ធ ដូចស្រឡាញ់រូបកាយរបស់ខ្លួន។—អេភ. ៥:២៨
ព្រះយេហូវ៉ាតម្រូវឲ្យប្ដីស្រឡាញ់ប្រពន្ធ ហើយបំពេញសេចក្ដីត្រូវការប្រចាំថ្ងៃរបស់នាង ធ្វើជាមិត្តល្អនឹងនាង ព្រមទាំងជួយនាងឲ្យរក្សាខ្លួននៅជិតស្និទ្ធនឹងព្រះយេហូវ៉ា។ ការបណ្ដុះឲ្យមានសមត្ថភាពរិះគិត ការគោរពស្ត្រី និងការធ្វើជាមនុស្សពឹងពាក់បាន នឹងជួយប្អូនទៅជាប្ដីល្អ។ ក្រោយពីប្អូនបានរៀបការ ប្អូនប្រហែលជានឹងទៅជាឪពុកគេ។ តើប្អូនអាចរៀនអ្វីពីព្រះយេហូវ៉ាអំពីការធ្វើជាឪពុកល្អ? (អេភ. ៦:៤) ព្រះយេហូវ៉ាប្រាប់លោកយេស៊ូដែលជាបុត្ររបស់លោកដោយឥតលាក់លៀមថា លោកស្រឡាញ់និងពេញចិត្តបុត្រលោក។ (ម៉ាថ. ៣:១៧) បើថ្ងៃក្រោយប្អូនទៅជាឪពុក សូមធ្វើឲ្យប្រាកដថាប្អូនពង្រឹងទំនុកចិត្តកូនរបស់ប្អូនជារឿយៗថាប្អូនស្រឡាញ់ពួកគេ។ សូមសរសើរពួកគេជាញឹកញាប់ចំពោះអ្វីល្អដែលពួកគេធ្វើ។ ឪពុកដែលធ្វើតាមគំរូរបស់ព្រះយេហូវ៉ាជួយកូនរបស់ពួកគេឲ្យទៅជាបុរសស្ត្រីគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។ ប្អូនអាចត្រៀមខ្លួនឥឡូវសម្រាប់តួនាទីនេះ ដោយស្រឡាញ់សមាជិកក្រុមគ្រួសាររបស់ប្អូននិងអ្នកឯទៀតក្នុងក្រុមជំនុំ ព្រមទាំងដោយយកចិត្តទុកដាក់ចំពោះពួកគេ ហើយដោយរៀនប្រាប់ពួកគេថាប្អូនស្រឡាញ់ពួកគេនិងថាពួកគេមានតម្លៃចំពោះប្អូន។—យ៉ូន. ១៥:៩ w២៣.១២ ទំ.២៩ វ.១៧-១៨
ថ្ងៃអង្គារ ទី២៨ ខែតុលា
[ព្រះយេហូវ៉ា]ជាទីពឹងជ្រកដ៏មានសុវត្ថិភាពសម្រាប់ខ្ញុំ ខ្ញុំគ្មានថ្ងៃរង្គោះរង្គើរហូតដល់ដួលរលំឡើយ។—ចសព. ៦២:២
ក្នុងនាមជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា យើងជួបការពិបាកនិងធ្លាក់ខ្លួនឈឺដូចមនុស្សឯទៀតដែរ។ យើងក៏ប្រហែលជាត្រូវស៊ូទ្រាំនឹងការប្រឆាំង ឬការបៀតបៀនពីពួកអ្នកដែលស្អប់រាស្ត្រព្រះ។ ទោះជាព្រះយេហូវ៉ាមិនរារាំងកុំឲ្យការពិបាកនោះកើតឡើងចំពោះយើងក្ដី លោកសន្យាថាលោកនឹងជួយយើង។ (អេ. ៤១:១០) ដោយមានជំនួយពីលោក យើងអាចរក្សាអំណរ ធ្វើការសម្រេចចិត្តល្អ និងរក្សាភក្ដីភាពចំពោះលោក ទោះជាស្ថិតក្នុងស្ថានភាពដ៏ពិបាកបំផុតក្ដី។ព្រះយេហូវ៉ាសន្យាថាលោកនឹងឲ្យយើងនូវអ្វីដែលគម្ពីរហៅថា៖ «សេចក្ដីសុខសាន្តរបស់ព្រះ»។ (ភី. ៤:៦, ៧) សេចក្ដីសុខសាន្តនេះសំដៅទៅលើភាពស្ងប់ស្ងាត់ក្នុងចិត្តនិងគំនិតដែលមកពីចំណងមិត្តភាពដ៏ថ្លៃវិសេសរបស់យើងជាមួយលោក។ សេចក្ដីសុខសាន្តនេះ«ហួសពីការនឹកស្មាន» ពោលគឺវាអស្ចារ្យជាងយើងគិតស្មានទៅទៀត។ ជាឧទាហរណ៍ តើអ្នកធ្លាប់អធិដ្ឋានយ៉ាងអស់ពីចិត្តទៅព្រះយេហូវ៉ា ហើយក្រោយមកបានភ្ញាក់ផ្អើលដោយឃើញថាអ្នកមានអារម្មណ៍ស្ងប់ចិត្តជាខ្លាំងឬទេ? អារម្មណ៍នេះគឺ«សេចក្ដីសុខសាន្តរបស់ព្រះ»។ w២៤.០១ ទំ.២០ វ.២; ទំ.២១ វ.៤
ថ្ងៃពុធ ទី២៩ ខែតុលា
ខ្ញុំសូមសរសើរព្រះយេហូវ៉ា ខ្ញុំសូមលើកតម្កើងនាមដ៏បរិសុទ្ធរបស់លោកយ៉ាងអស់ពីដួងចិត្ត។—ចសព. ១០៣:១
សេចក្ដីស្រឡាញ់ចំពោះព្រះជំរុញចិត្តមនុស្សស្មោះត្រង់ឲ្យសរសើរនាមលោកយ៉ាងអស់ពីចិត្ត។ ស្ដេចដាវីឌដឹងថាពេលយើងសរសើរនាមរបស់ព្រះយេហូវ៉ា គឺយើងកំពុងសរសើរព្រះយេហូវ៉ាផ្ទាល់។ នាមរបស់ព្រះយេហូវ៉ារួមបញ្ចូលកេរ្តិ៍ឈ្មោះរបស់លោក ដូច្នេះនោះនាំឲ្យយើងគិតអំពីគុណសម្បត្តិដ៏ថ្លៃថ្លារបស់លោកនិងការប្រព្រឹត្តដ៏ល្អដែលលោកបានធ្វើ។ ដាវីឌចង់ធ្វើអ្វីដែលបង្ហាញថានាមរបស់បិតាគឺបរិសុទ្ធ ហើយសរសើរនាមនោះ។ គាត់ចង់ធ្វើដូច្នេះ«យ៉ាងអស់ពីដួងចិត្ត»។ ស្រដៀងគ្នាដែរ ពួកលេវីបាននាំមុខក្នុងការសរសើរព្រះយេហូវ៉ា។ ពួកគេបានសារភាពដោយចិត្តរាបទាបថា ពាក្យសរសើររបស់ពួកគេមិនល្អគ្រប់គ្រាន់ស្មើនឹងអ្វីដែលនាមដ៏ពិសិដ្ឋរបស់ព្រះយេហូវ៉ាសមនឹងទទួលទេ។ (នេហ. ៩:៥) ច្បាស់ណាស់ ការសរសើរដែលបង្ហាញអំពីចិត្តរាបទាបនិងអស់ពីចិត្តបែបនេះបាននាំឲ្យចិត្តរបស់ព្រះយេហូវ៉ាអរសប្បាយ។ w២៤.០២ ទំ.៩ វ.៦
ថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា
អ្វីដែលយើងបានធ្វើដើម្បីឲ្យជឿនទៅមុខដល់កម្រិតនេះ ចូរយើងបន្តជឿនទៅមុខដោយធ្វើដូច្នោះតទៅទៀត។—ភី. ៣:១៦
ព្រះយេហូវ៉ានឹងមិនចាត់ទុកអ្នកថាបរាជ័យទេ បើអ្នកមិនសម្រេចគោលដៅដែលហួសពីសមត្ថភាពរបស់អ្នក។ (២កូ. ៨:១២) ចូរចាត់ទុកឧបសគ្គនោះថាជាមេរៀន។ សូមចាំអំពីអ្វីដែលអ្នកបានសម្រេចរួចហើយ។ គម្ពីរចែងថា៖ «ព្រះមិនប្រព្រឹត្តដោយអយុត្ដិធម៌ ដោយបំភ្លេចការដែលអ្នករាល់គ្នាបានធ្វើ»ឡើយ។ (ហេ. ៦:១០) ដូច្នេះ អ្នកក៏មិនគួរភ្លេចដែរ។ សូមគិតអំពីអ្វីដែលអ្នកបានសម្រេចរួចហើយ។ ប្រហែលជាអ្នកបានបណ្ដុះឲ្យមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ា ប្រាប់អ្នកឯទៀតអំពីលោក ឬបានទទួលការជ្រមុជទឹកជាដើម។ ដូចដែលអ្នកបានរីកចម្រើន ហើយបានសម្រេចគោលដៅក្នុងកិច្ចបម្រើព្រះនៅអតីតកាល អ្នកក៏អាចបន្តឈានទៅដល់ការសម្រេចគោលដៅរបស់អ្នកនៅឥឡូវនេះផងដែរ។ ដោយមានជំនួយពីព្រះយេហូវ៉ា អ្នកអាចសម្រេចគោលដៅរបស់អ្នក។ សូមកុំភ្លេចអរសប្បាយពេលឃើញរបៀបដែលព្រះយេហូវ៉ាជួយនិងឲ្យពរអ្នក កាលដែលអ្នកបន្តខំឈានទៅរកគោលដៅរបស់អ្នកខាងកិច្ចបម្រើព្រះ។ (២កូ. ៤:៧) បើអ្នកមិនឈប់ព្យាយាម អ្នកនឹងទទួលពរដ៏វិសេសជាងនេះទៅទៀត។—កាឡ. ៦:៩ w២៣.០៥ ទំ.៣១ វ.១៦-១៨
ថ្ងៃសុក្រ ទី៣១ ខែតុលា
បិតានៅស្ថានសួគ៌ស្រឡាញ់អ្នករាល់គ្នា ដោយសារអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ហើយជឿថាខ្ញុំបានមកជាតំណាងបិតាដែលនៅស្ថានសួគ៌។—យ៉ូន. ១៦:២៧
ព្រះយេហូវ៉ារកវិធីដើម្បីបង្ហាញរាស្ត្រលោកថាលោកស្រឡាញ់និងពេញចិត្តពួកគេ។ គម្ពីររៀបរាប់អំពីពេលលោកបានប្រាប់លោកយេស៊ូអស់ពីរលើកថា លោកយេស៊ូជាបុត្រជាទីស្រឡាញ់របស់លោក ជាទីពេញចិត្តលោកណាស់។ (ម៉ាថ. ៣:១៧; ១៧:៥) តើអ្នកចង់ឲ្យព្រះយេហូវ៉ាប្រាប់អ្នកថាលោកពេញចិត្តអ្នកឬទេ? ព្រះយេហូវ៉ាមិននិយាយមកកាន់យើងពីស្ថានសួគ៌ទេ។ ប៉ុន្តែលោកនិយាយមកកាន់យើងតាមរយៈបណ្ដាំរបស់លោក។ ពេលយើងអានពាក្យរបស់លោកយេស៊ូក្នុងសៀវភៅដំណឹងល្អ គឺហាក់ដូចជាយើងអាចស្ដាប់សំឡេងរបស់ព្រះយេហូវ៉ាដែលបញ្ជាក់ថាលោកពេញចិត្តយើង។ លោកយេស៊ូបង្ហាញបុគ្គលិកលក្ខណៈដូចបិតាលោកយ៉ាងល្អឥតខ្ចោះ។ ដូច្នេះ ពេលយើងអានថាលោកយេស៊ូបានបង្ហាញការពេញចិត្តរបស់លោកចំពោះពួកអ្នកកាន់តាមដ៏ស្មោះត្រង់ដែលមិនល្អឥតខ្ចោះរបស់លោក យើងអាចស្រមៃឃើញថាព្រះយេហូវ៉ាកំពុងមានប្រសាសន៍ពាក្យទាំងនោះមកកាន់យើង។ (យ៉ូន. ១៥:៩, ១៥) បើជួបទុក្ខលំបាក នោះមិនមានន័យថាយើងលែងទទួលការពេញចិត្តពីព្រះទេ។ ផ្ទុយទៅវិញ ទុក្ខលំបាកទាំងនោះផ្ដល់ឱកាសឲ្យយើងបង្ហាញព្រះយេហូវ៉ាថាយើងស្រឡាញ់និងទុកចិត្តលោកខ្លាំងយ៉ាងណា។—យ៉ា. ១:១២ w២៤.០៣ ទំ.២៨ វ.១០-១១