ថ្ងៃពុធ ទី៨ ខែតុលា
ខ្ញុំប្រាកដជាមិនចាកចេញពីអ្នកឡើយ។—ហេ. ១៣:៥
សមាជិកគណៈអភិបាលផ្ទាល់បានបង្ហាត់បង្រៀនជំនួយការរបស់គណៈកម្មាធិការផ្សេងៗនៃគណៈអភិបាល។ ឥឡូវជំនួយការទាំងនេះបំពេញភារកិច្ចជាច្រើនក្នុងអង្គការរបស់ព្រះយ៉ាងស្មោះត្រង់។ ពួកគេប្រុងប្រៀបជាស្រេចដើម្បីបន្ដធ្វើកិច្ចការថែរក្សាចៀមរបស់គ្រិស្ត។ ពេលបុគ្គលចុងក្រោយក្នុងចំណោមពួកអ្នកដែលបានត្រូវរើសតាំងឡើងទៅស្ថានសួគ៌នៅជិតទីបញ្ចប់នៃគ្រាទុក្ខវេទនាជាខ្លាំង រាស្ត្ររបស់ព្រះយេហូវ៉ានៅផែនដីនឹងបន្តគោរពប្រណិប័តន៍លោកយ៉ាងស្មោះត្រង់។ ដោយសារការដឹកនាំរបស់លោកយេស៊ូគ្រិស្ត ការគោរពប្រណិប័តន៍ពិតនឹងមិនត្រូវបង្អាក់ឡើយ។ ពិតមែនថានៅពេលនោះយើងនឹងទទួលការវាយប្រហារពីកូកនៃស្រុកម៉ាកូកដែលជាប្រជាជាតិនានាដែលចងសម្ព័ន្ធភាពគ្នា។ (អេគ. ៣៨:១៨-២០) ប៉ុន្តែ ការវាយប្រហារដ៏ខ្លីនោះនឹងបរាជ័យ ពោលគឺនឹងមិនបញ្ឈប់រាស្ត្ររបស់ព្រះពីការគោរពប្រណិប័តន៍របស់ព្រះយេហូវ៉ាទេ។ លោកប្រាកដជានឹងសង្គ្រោះពួកគេ! ក្នុងការបើកបង្ហាញឲ្យឃើញក្នុងគំនិត សាវ័កយ៉ូហានបានឃើញ«មនុស្សមួយក្រុមធំ»នៃចៀមឯទៀតរបស់គ្រិស្ត។ យ៉ូហានបានត្រូវប្រាប់ថា«មនុស្សមួយក្រុមធំ»នេះ «ចេញផុតពីគ្រាទុក្ខវេទនាជាខ្លាំង»។ (បប. ៧:៩, ១៤) ដូច្នេះ យើងដឹងប្រាកដថាព្រះយេហូវ៉ានឹងសង្គ្រោះពួកគេ! w២៤.០២ ទំ.៥-៦ វ.១៣-១៤
ថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា
កុំរារាំងឥទ្ធិពលនៃឫទ្ធានុភាពរបស់ព្រះ។—១ថែ. ៥:១៩
តើយើងអាចធ្វើអ្វីដើម្បីទទួលឫទ្ធានុភាពបរិសុទ្ធ? យើងអាចអធិដ្ឋានសុំឫទ្ធានុភាពនោះ សិក្សាបណ្ដាំរបស់ព្រះដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់លោក និងនៅជាប់ជាមួយនឹងអង្គការព្រះដែលបានត្រូវដឹកនាំដោយឫទ្ធានុភាពរបស់លោក។ ការធ្វើដូច្នេះនឹងជួយយើងបណ្ដុះឲ្យមាន«ផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះ»។ (កាឡ. ៥:២២, ២៣) ព្រះផ្ដល់ឫទ្ធានុភាពរបស់លោកដល់តែពួកអ្នកដែលរក្សារបៀបគិតគូរនិងការប្រព្រឹត្តស្អាតស្អំប៉ុណ្ណោះ។ លោកនឹងមិនបន្តផ្ដល់ឫទ្ធានុភាពរបស់លោកដល់យើងទេ បើយើងបន្តគិតអំពីអ្វីដែលមិនស្អាតស្អំ ហើយប្រព្រឹត្តតាមអ្វីនោះ។ (១ថែ. ៤:៧, ៨) ដើម្បីបន្តទទួលឫទ្ធានុភាពបរិសុទ្ធពីព្រះ យើងក៏មិនត្រូវ«ចាត់ទុកទំនាយថាគ្មានតម្លៃ»ផងដែរ។ (១ថែ. ៥:២០) «ទំនាយ»នៅទីនេះសំដៅទៅលើដំណឹងដែលព្រះផ្ដល់ឲ្យយើងតាមរយៈឫទ្ធានុភាពបរិសុទ្ធ រួមមានដំណឹងអំពីថ្ងៃរបស់ព្រះយេហូវ៉ានិងភាពបន្ទាន់នៃគ្រារបស់យើង។ យើងមិនគិតថាថ្ងៃរបស់ព្រះយេហូវ៉ាឬសង្គ្រាមអាម៉ាគេដូននឹងមិនមកនៅក្នុងជីវិតរបស់យើងទេ។ ផ្ទុយទៅវិញ យើងចាំជាប់ជានិច្ចនូវថ្ងៃនោះ ដោយបន្តជាប់រវល់«ធ្វើអ្វីដែលបង្ហាញពីភក្ដីភាពចំពោះព្រះ» និងដោយរក្សាការប្រព្រឹត្តស្អាតស្អំ។—២ពេ. ៣:១១, ១២ w២៣.០៦ ទំ.១២ វ.១៣-១៤
ថ្ងៃសុក្រ ទី១០ ខែតុលា
ការកោតខ្លាចព្រះយេហូវ៉ាជាទីចាប់ផ្ដើមនៃប្រាជ្ញា។—សុភ. ៩:១០
តើយើងដែលជាគ្រិស្តសាសនិកគួរធ្វើអ្វី បើរូបភាពអាសអាភាសលេចមកលើគ្រឿងអេឡិចត្រូនិករបស់យើង? យើងគួរឈប់មើលរូបនោះភ្លាមៗ។ គឺនឹងស្រួលជាងឲ្យយើងធ្វើដូច្នេះ បើយើងចាំថាអ្វីដែលមានតម្លៃបំផុតគឺចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា។ តាមការពិត សូម្បីតែរូបភាពដែលមិនអាសអាភាស ក៏អាចធ្វើឲ្យយើងមានបំណងប្រាថ្នាឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដែរ។ ហេតុអ្វីយើងគួរជៀសវាងពីរូបបែបនោះ? ពីព្រោះយើងមិនទាំងចង់គិតអំពីការធ្វើអ្វីដែលអាចនាំឲ្យផិតក្បត់ក្នុងចិត្តទេ។ (ម៉ាថ. ៥:២៨, ២៩) អ្នកចាស់ទុំម្នាក់ឈ្មោះដាវីឌនៅប្រទេសថៃនិយាយថា៖ «ខ្ញុំសួរខ្លួនឯងថា ‹ទោះជារូបភាពនេះប្រហែលជាមិនអាសអាភាសក្ដី តើព្រះយេហូវ៉ានឹងពេញចិត្តបើខ្ញុំបន្ដមើលរូបនោះឬទេ?›។ ការវែកញែកបែបនេះជួយខ្ញុំឲ្យប្រព្រឹត្តដោយឈ្លាសវៃ»។ ការខ្លាចធ្វើឲ្យព្រះយេហូវ៉ាខកចិត្តនឹងជួយយើងឲ្យប្រព្រឹត្តដោយឈ្លាសវៃ។ ការកោតខ្លាចព្រះ«ជាទីចាប់ផ្ដើម»ឬជាគ្រឹះ«នៃប្រាជ្ញា»។ w២៣.០៦ ទំ.២៣ វ.១២-១៣