ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា
[ចូរ]យល់ច្បាស់ . . . អំពីទទឹង បណ្ដោយ កម្ពស់ និងជម្រៅនៃសេចក្ដីពិត។—អេភ. ៣:១៨
ពេលកំពុងគិតពិចារណាថាតើអ្នកគួរទិញផ្ទះមួយឬយ៉ាងណា អ្នកចង់ពិនិត្យមើលអនាគតផ្ទះរបស់អ្នកគ្រប់ជ្រុងជ្រោយដោយផ្ទាល់ភ្នែក។ យើងអាចធ្វើអ្វីស្រដៀងនឹងនោះពេលយើងអាននិងសិក្សាគម្ពីរ។ បើអ្នកអានគម្ពីរយ៉ាងលឿន អ្នកប្រហែលជាដឹងតែព័ត៌មានបឋមៗ ពោលគឺ«បឋមសេចក្ដីនៃប្រសាសន៍ដ៏ពិសិដ្ឋរបស់ព្រះ»។ (ហេ. ៥:១២) ប៉ុន្តែ ដូចអ្នកត្រូវចូលខាងក្នុងផ្ទះណាមួយដើម្បីដឹងព័ត៌មានច្រើនជាងអំពីផ្ទះនោះ អ្នកត្រូវសិក្សាយ៉ាងយកចិត្តទុកដាក់ដើម្បីយល់គម្ពីរច្បាស់ជាង។ របៀបល្អប្រសើរមួយដើម្បីសិក្សាគម្ពីរ គឺដោយមើលរបៀបដែលផ្នែកផ្សេងៗនៃដំណឹងក្នុងគម្ពីរជាប់ទាក់ទងគ្នា។ សូមព្យាយាមយល់មិនគ្រាន់តែសេចក្ដីបង្រៀនដែលអ្នកជឿប៉ុណ្ណោះទេ តែក៏មូលហេតុដែលអ្នកជឿលើសេចក្ដីបង្រៀនទាំងនោះដែរ។ ដើម្បីយល់បណ្ដាំព្រះយ៉ាងច្បាស់ យើងត្រូវរៀនសេចក្ដីបង្រៀនដ៏ជ្រាលជ្រៅក្នុងគម្ពីរ។ សាវ័កប៉ូលបានលើកទឹកចិត្តបងប្អូនគ្រិស្តសាសនិកឲ្យសិក្សាបណ្ដាំព្រះយ៉ាងយកចិត្តទុកដាក់ ដើម្បីពួកគេអាច«យល់ច្បាស់ . . . អំពីទទឹង បណ្ដោយ កម្ពស់ និងជម្រៅនៃសេចក្ដីពិត»។ យ៉ាងនេះ ពួកគេនឹងកាន់តែ«ចាក់ឫស ហើយបានតាំងឡើង»ក្នុងជំនឿរបស់ពួកគេ។ (អេភ. ៣:១៤-១៩) យើងត្រូវធ្វើដូច្នេះដែរ។ w២៣.១០ ទំ.១៨ វ.១-៣
ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា
បងប្អូនអើយ ចូរទុកពួកអ្នកប្រកាសទំនាយដែលបាននិយាយតាងនាមព្រះយេហូវ៉ា ថាជាគំរូពីការរងសេចក្ដីអាក្រក់និងការបង្ហាញចិត្តអត់ធ្មត់។—យ៉ា. ៥:១០
គម្ពីរមានគំរូជាច្រើនអំពីមនុស្សដែលមានចិត្តអត់ធ្មត់។ គឺជាការល្អឲ្យអ្នកសិក្សាអំពីគំរូទាំងនោះ។ ជាឧទាហរណ៍ ទោះជាដាវីឌបានត្រូវតែងតាំងពេលវ័យក្មេងឲ្យធ្វើជាអនាគតស្ដេចអ៊ីស្រាអែលក្ដី គាត់ត្រូវរង់ចាំច្រើនឆ្នាំមុនគាត់ឡើងគ្រងរាជ្យ។ ស៊ីម្មាននិងអាណាបានគោរពប្រណិប័តន៍ព្រះយេហូវ៉ាយ៉ាងស្មោះត្រង់កាលដែលពួកគាត់រង់ចាំមេស្ស៊ីដែលបានត្រូវសន្យា។ (លូក. ២:២៥, ៣៦-៣៨) ពេលអ្នកសិក្សាកំណត់ហេតុបែបនេះ សូមរកចម្លើយចំពោះសំណួរដូចតទៅ៖ តើអ្វីប្រហែលជាបានជួយបុគ្គលនេះឲ្យបង្ហាញចិត្តអត់ធ្មត់? តើគាត់ទទួលប្រយោជន៍យ៉ាងណាពីការមានចិត្តអត់ធ្មត់? តើខ្ញុំអាចយកតម្រាប់គាត់យ៉ាងដូចម្ដេច? អ្នកក៏ប្រហែលជាទទួលប្រយោជន៍ពីការរៀនអំពីពួកអ្នកដែលមិនបង្ហាញចិត្តអត់ធ្មត់។ (១សាំ. ១៣:៨-១៤) អ្នកអាចគិតពិចារណាថា ‹តើអ្វីបានធ្វើឲ្យពួកគេមិនមានចិត្តអត់ធ្មត់? តើពួកគេបានជួបផលវិបាកអ្វី?›។ w២៣.០៨ ទំ.២៥ វ.១៥
ថ្ងៃអង្គារ ទី១៦ ខែកញ្ញា
យើងបានជឿ ក៏បានដឹងថា លោកជាអ្នកបរិសុទ្ធរបស់ព្រះ។—យ៉ូន. ៦:៦៩
សាវ័កពេត្រុសមានភក្ដីភាព ដោយមិនឲ្យអ្វីណាក៏ដោយបញ្ឈប់គាត់ពីការកាន់តាមលោកយេស៊ូឡើយ។ គាត់បានបង្ហាញភក្ដីភាពនៅពេលមួយដែលលោកយេស៊ូបាននិយាយអ្វីដែលពួកអ្នកកាន់តាមលោកមិនយល់។ (យ៉ូន. ៦:៦៨) ដោយមិនរង់ចាំការពន្យល់ ពួកគេជាច្រើននាក់បានឈប់កាន់តាមលោកយេស៊ូ។ ប៉ុន្តែពេត្រុសមិនធ្វើដូច្នេះទេ។ គាត់បានទទួលស្គាល់ថាមានតែលោកយេស៊ូប៉ុណ្ណោះមានប្រសាសន៍ដែល«នាំឲ្យបានជីវិតដែលគ្មានទីបញ្ចប់»។ លោកយេស៊ូបានដឹងថាពេត្រុសនិងពួកសាវ័កឯទៀតនឹងបោះបង់ចោលលោក។ ប៉ុន្តែ លោកយេស៊ូបានបង្ហាញទំនុកចិត្តថាពេត្រុសនឹងត្រឡប់មកវិញ ហើយរក្សាចិត្តស្មោះត្រង់។ (លូក. ២២:៣១, ៣២) លោកយេស៊ូបានយល់ថា«ចិត្តប្រុងប្រៀបជាស្រេច . . . តែសាច់ឈាមគឺខ្សោយណាស់»។ (ម៉ាក. ១៤:៣៨) ដូច្នេះ សូម្បីតែក្រោយពីពេត្រុសបដិសេធមិនទទួលស្គាល់លោកយេស៊ូក្ដី ក៏លោកមិនអស់សង្ឃឹមចំពោះសាវ័កនេះ។ ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានលេចមកជួបពេត្រុស តាមមើលទៅនោះនៅពេលដែលគាត់នៅម្នាក់ឯង។ (ម៉ាក. ១៦:៧; លូក. ២៤:៣៤; ១កូ. ១៥:៥) នោះច្បាស់ជាបានលើកទឹកចិត្តសាវ័កដែលធ្លាក់ទឹកចិត្តម្នាក់នេះណាស់។ w២៣.០៩ ទំ.២២ វ.៩-១០