បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ថ្ងៃនេះ

ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​កញ្ញា

បង​ប្អូន​អើយ ចូរ​ទុក​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​បាន​និយាយ​តាង​នាម​ព្រះ​យេហូវ៉ា ថា​ជា​គំរូ​ពី​ការ​រង​សេចក្ដី​អាក្រក់​និង​ការ​បង្ហាញ​ចិត្ត​អត់​ធ្មត់។—យ៉ា. ៥:១០

គម្ពីរ​មាន​គំរូ​ជា​ច្រើន​អំពី​មនុស្ស​ដែល​មាន​ចិត្ត​អត់​ធ្មត់។ គឺ​ជា​ការ​ល្អ​ឲ្យ​អ្នក​សិក្សា​អំពី​គំរូ​ទាំង​នោះ។ ជា​ឧទាហរណ៍ ទោះ​ជា​ដាវីឌ​បាន​ត្រូវ​តែង​តាំង​ពេល​វ័យ​ក្មេង​ឲ្យ​ធ្វើ​ជា​អនាគត​ស្ដេច​អ៊ីស្រាអែល​ក្ដី គាត់​ត្រូវ​រង់​ចាំ​ច្រើន​ឆ្នាំ​មុន​គាត់​ឡើង​គ្រង​រាជ្យ។ ស៊ីម្មាន​និង​អាណា​បាន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​កាល​ដែល​ពួក​គាត់​រង់​ចាំ​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា។ (​លូក. ២:២៥, ៣៦​-​៣៨​) ពេល​អ្នក​សិក្សា​កំណត់​ហេតុ​បែប​នេះ សូម​រក​ចម្លើយ​ចំពោះ​សំណួរ​ដូច​ត​ទៅ​៖ តើ​អ្វី​ប្រហែល​ជា​បាន​ជួយ​បុគ្គល​នេះ​ឲ្យ​បង្ហាញ​ចិត្ត​អត់​ធ្មត់? តើ​គាត់​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​មាន​ចិត្ត​អត់​ធ្មត់? តើ​ខ្ញុំ​អាច​យក​តម្រាប់​គាត់​យ៉ាង​ដូច​ម្ដេច? អ្នក​ក៏​ប្រហែល​ជា​ទទួល​ប្រយោជន៍​ពី​ការ​រៀន​អំពី​ពួក​អ្នក​ដែល​មិន​បង្ហាញ​ចិត្ត​អត់​ធ្មត់។ (​១សាំ. ១៣:៨​-​១៤​) អ្នក​អាច​គិត​ពិចារណា​ថា ‹តើ​អ្វី​បាន​ធ្វើ​ឲ្យ​ពួក​គេ​មិន​មាន​ចិត្ត​អត់​ធ្មត់? តើ​ពួក​គេ​បាន​ជួប​ផល​វិបាក​អ្វី?›។ w​២៣.០៨ ទំ.២៥ វ.១៥

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​អង្គារ ទី​១៦ ខែ​កញ្ញា

យើង​បាន​ជឿ ក៏​បាន​ដឹង​ថា លោក​ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ។—យ៉ូន. ៦:៦៩

សាវ័ក​ពេត្រុស​មាន​ភក្ដី​ភាព ដោយ​មិន​ឲ្យ​អ្វី​ណា​ក៏​ដោយ​បញ្ឈប់​គាត់​ពី​ការ​កាន់​តាម​លោក​យេស៊ូ​ឡើយ។ គាត់​បាន​បង្ហាញ​ភក្ដី​ភាព​នៅ​ពេល​មួយ​ដែល​លោក​យេស៊ូ​បាន​និយាយ​អ្វី​ដែល​ពួក​អ្នក​កាន់​តាម​លោក​មិន​យល់។ (​យ៉ូន. ៦:៦៨​) ដោយ​មិន​រង់​ចាំ​ការ​ពន្យល់ ពួក​គេ​ជា​ច្រើន​នាក់​បាន​ឈប់​កាន់​តាម​លោក​យេស៊ូ។ ប៉ុន្តែ​ពេត្រុស​មិន​ធ្វើ​ដូច្នេះ​ទេ។ គាត់​បាន​ទទួល​ស្គាល់​ថា​មាន​តែ​លោក​យេស៊ូ​ប៉ុណ្ណោះ​មាន​ប្រសាសន៍​ដែល​«​នាំ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ លោក​យេស៊ូ​បាន​ដឹង​ថា​ពេត្រុស​និង​ពួក​សាវ័ក​ឯ​ទៀត​នឹង​បោះ​បង់​ចោល​លោក។ ប៉ុន្តែ លោក​យេស៊ូ​បាន​បង្ហាញ​ទំនុក​ចិត្ត​ថា​ពេត្រុស​នឹង​ត្រឡប់​មក​វិញ ហើយ​រក្សា​ចិត្ត​ស្មោះ​ត្រង់។ (​លូក. ២២:៣១, ៣២​) លោក​យេស៊ូ​បាន​យល់​ថា​«​ចិត្ត​ប្រុង​ប្រៀប​ជា​ស្រេច . . . តែ​សាច់​ឈាម​គឺ​ខ្សោយ​ណាស់​»។ (​ម៉ាក. ១៤:៣៨​) ដូច្នេះ សូម្បី​តែ​ក្រោយ​ពី​ពេត្រុស​បដិសេធ​មិន​ទទួល​ស្គាល់​លោក​យេស៊ូ​ក្ដី ក៏​លោក​មិន​អស់​សង្ឃឹម​ចំពោះ​សាវ័ក​នេះ។ ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​លេច​មក​ជួប​ពេត្រុស តាម​មើល​ទៅ​នោះ​នៅ​ពេល​ដែល​គាត់​នៅ​ម្នាក់​ឯង។ (​ម៉ាក. ១៦:៧; លូក. ២៤:៣៤; ១កូ. ១៥:៥​) នោះ​ច្បាស់​ជា​បាន​លើក​ទឹក​ចិត្ត​សាវ័ក​ដែល​ធ្លាក់​ទឹក​ចិត្ត​ម្នាក់​នេះ​ណាស់។ w​២៣.០៩ ទំ.២២ វ.៩​-​១០

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​ពុធ ទី​១៧ ខែ​កញ្ញា

អ្នក​ណា​ដែល​បាន​ត្រូវ​លើក​លែង​ទោស​ចំពោះ​ការ​ប្រព្រឹត្ត​អាក្រក់ ហើយ​ការ​ខុស​ឆ្គង​របស់​ខ្លួន​បាន​ត្រូវ​គ្រប​បាំង អ្នក​នោះ​មាន​សុភមង្គល​ហើយ។—រ៉ូម ៤:៧

ព្រះ​អភ័យ​ទោស​ឬ​គ្រប​បាំង​ការ​ខុស​ឆ្គង​របស់​ពួក​អ្នក​ដែល​មាន​ជំនឿ​លើ​លោក។ លោក​អភ័យ​ទោស​ឲ្យ​ពួក​គេ​ទាំង​ស្រុង ហើយ​លែង​កត់​ទុក​ការ​ខុស​ឆ្គង​របស់​ពួក​គេ​ទៀត។ (​ចសព. ៣២:១, ២​) លោក​ចាត់​ទុក​បុគ្គល​បែប​នេះ​ថា​ជា​មនុស្ស​ដែល​គ្មាន​កន្លែង​បន្ទោស ហើយ​ជា​មនុស្ស​សុចរិត​ដោយ​សារ​ជំនឿ​របស់​ពួក​គេ។ ទោះ​ជា​អាប្រាហាំ ដាវីឌ និង​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​ឯ​ទៀត​របស់​ព្រះ​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​មនុស្ស​សុចរិត​ក្ដី ពួក​គេ​នៅ​តែ​ជា​អ្នក​ដែល​មាន​ការ​ខុស​ឆ្គង​និង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ​ដោយ​សារ​ជំនឿ​របស់​ពួក​គេ ព្រះ​ចាត់​ទុក​ពួក​គេ​ថា​ជា​មនុស្ស​ដែល​គ្មាន​កន្លែង​បន្ទោស ជា​ពិសេស​ពេល​ប្រៀប​ធៀប​ជា​មួយ​នឹង​បុគ្គល​ដែល​គ្មាន​ជំនឿ​លើ​លោក។ (​អេភ. ២:១២​) នៅ​ក្នុង​សំបុត្រ​របស់​សាវ័ក​ប៉ូល​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​រ៉ូម គាត់​ពន្យល់​ថា​យើង​ត្រូវ​មាន​ជំនឿ​ដើម្បី​ទៅ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ។ អាប្រាហាំ​និង​ដាវីឌ​គឺ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ ដោយ​សារ​ពួក​គាត់​មាន​ជំនឿ​លើ​លោក។ យើង​ក៏​អាច​ទៅ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​ដោយ​សារ​ជំនឿ​របស់​យើង​ដែរ។ w​២៣.១២ ទំ.៣ វ.៦​-​៧

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក