ថ្ងៃពុធ ទី១៧ ខែកញ្ញា
អ្នកណាដែលបានត្រូវលើកលែងទោសចំពោះការប្រព្រឹត្តអាក្រក់ ហើយការខុសឆ្គងរបស់ខ្លួនបានត្រូវគ្របបាំង អ្នកនោះមានសុភមង្គលហើយ។—រ៉ូម ៤:៧
ព្រះអភ័យទោសឬគ្របបាំងការខុសឆ្គងរបស់ពួកអ្នកដែលមានជំនឿលើលោក។ លោកអភ័យទោសឲ្យពួកគេទាំងស្រុង ហើយលែងកត់ទុកការខុសឆ្គងរបស់ពួកគេទៀត។ (ចសព. ៣២:១, ២) លោកចាត់ទុកបុគ្គលបែបនេះថាជាមនុស្សដែលគ្មានកន្លែងបន្ទោស ហើយជាមនុស្សសុចរិតដោយសារជំនឿរបស់ពួកគេ។ ទោះជាអាប្រាហាំ ដាវីឌ និងអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់ឯទៀតរបស់ព្រះបានត្រូវចាត់ទុកថាជាមនុស្សសុចរិតក្ដី ពួកគេនៅតែជាអ្នកដែលមានការខុសឆ្គងនិងជាមនុស្សមិនល្អឥតខ្ចោះ។ ប៉ុន្តែដោយសារជំនឿរបស់ពួកគេ ព្រះចាត់ទុកពួកគេថាជាមនុស្សដែលគ្មានកន្លែងបន្ទោស ជាពិសេសពេលប្រៀបធៀបជាមួយនឹងបុគ្គលដែលគ្មានជំនឿលើលោក។ (អេភ. ២:១២) នៅក្នុងសំបុត្ររបស់សាវ័កប៉ូលទៅកាន់គ្រិស្តសាសនិកនៅក្រុងរ៉ូម គាត់ពន្យល់ថាយើងត្រូវមានជំនឿដើម្បីទៅជាមិត្តសម្លាញ់របស់ព្រះ។ អាប្រាហាំនិងដាវីឌគឺជាមិត្តសម្លាញ់របស់ព្រះ ដោយសារពួកគាត់មានជំនឿលើលោក។ យើងក៏អាចទៅជាមិត្តសម្លាញ់របស់ព្រះដោយសារជំនឿរបស់យើងដែរ។ w២៣.១២ ទំ.៣ វ.៦-៧
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា
ចូរយើងជូនព្រះនូវសេចក្ដីសរសើរជាគ្រឿងបូជាជានិច្ច ពោលគឺផលនៃបបូរមាត់ ដែលប្រកាសប្រាប់នាមរបស់លោកដល់អ្នកឯទៀត។—ហេ. ១៣:១៥
សព្វថ្ងៃនេះ គ្រិស្តសាសនិកទាំងអស់មានឯកសិទ្ធិជូនគ្រឿងបូជាទៅព្រះយេហូវ៉ាដោយប្រើពេលវេលា កម្លាំង និងធនធានរបស់ពួកគេដើម្បីធ្វើឲ្យកិច្ចការរាជាណាចក្រព្រះជឿនទៅមុខ។ យើងអាចបង្ហាញថាយើងឲ្យតម្លៃចំពោះឯកសិទ្ធិរបស់យើងដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ា ដោយជូនលោកនូវគ្រឿងបូជាដ៏ល្អបំផុតរបស់យើង។ សាវ័កប៉ូលបានសរសេរអំពីអ្វីផ្សេងៗដែលយើងគួរធ្វើជានិច្ច កាលដែលយើងគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ (ហេ. ១០:២២-២៥) អ្វីទាំងនេះរួមមានការអធិដ្ឋានទៅព្រះយេហូវ៉ា ការប្រកាសប្រាប់សេចក្ដីសង្ឃឹមរបស់យើងដល់មនុស្សទាំងអស់ ការប្រជុំគ្នាជាក្រុមជំនុំ និងការលើកទឹកចិត្តគ្នាទៅវិញទៅមក«ឲ្យកាន់តែខ្លាំងឡើង ពេលដែល[យើង]ឃើញថ្ងៃ[របស់ព្រះយេហូវ៉ា]កាន់តែខិតចូលមកដល់»។ នៅជិតចុងបញ្ចប់នៃសៀវភៅការបើកបង្ហាញ ទេវតារបស់ព្រះយេហូវ៉ាបាននិយាយថា៖ «ចូរគោរពប្រណិប័តន៍ព្រះ!»។ (បប. ១៩:១០; ២២:៩) គាត់បាននិយាយពាក្យនេះពីរដងដើម្បីបង្ហាញថានេះគឺសំខាន់ណាស់។ សូមយើងចាំជានិច្ចអំពីសេចក្ដីបង្រៀនដ៏ជ្រាលជ្រៅដែលយើងបានរៀនអំពីវិហារដ៏រុងរឿងរបស់ព្រះយេហូវ៉ាក្នុងន័យធៀប និងឯកសិទ្ធិដ៏ពិសេសដែលយើងមានដើម្បីគោរពប្រណិប័តន៍ព្រះដ៏ឧត្ដុង្គឧត្ដមរបស់យើង! w២៣.១០ ទំ.២៩ វ.១៧-១៨
ថ្ងៃសុក្រ ទី១៩ ខែកញ្ញា
ចូរ . . . បន្តស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច។—១យ៉ូន. ៤:៧
យើងទាំងអស់គ្នាចង់«បន្តស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច»។ ប៉ុន្តែ គឺសំខាន់ឲ្យយើងចាំថាលោកយេស៊ូបានព្រមានថា៖ «សេចក្ដីស្រឡាញ់របស់មនុស្សភាគច្រើននឹងរសាយទៅ»។ (ម៉ាថ. ២៤:១២) លោកយេស៊ូមិនបានមានប្រសាសន៍ថា នេះនឹងកើតឡើងដល់ពួកអ្នកកាន់តាមភាគច្រើនរបស់លោកទេ។ ប៉ុន្តែ យើងគួរបន្តប្រុងប្រយ័ត្នដើម្បីមិនទទួលឥទ្ធិពលពីការខ្វះសេចក្ដីស្រឡាញ់របស់មនុស្សដែលនៅជុំវិញយើងក្នុងពិភពលោកនេះ។ ដោយចាំចំណុចនេះ សូមយើងពិចារណាអំពីសំណួរសំខាន់នេះ៖ តើមានវិធីដែលជួយយើងឲ្យដឹងថាសេចក្ដីស្រឡាញ់របស់យើងចំពោះបងប្អូនគឺខ្លាំងឬទេ? របៀបមួយដើម្បីដឹងថាសេចក្ដីស្រឡាញ់របស់យើងគឺខ្លាំងយ៉ាងណា គឺដោយពិនិត្យមើលប្រតិកម្មរបស់យើងចំពោះស្ថានភាពផ្សេងៗក្នុងជីវិត។ (២កូ. ៨:៨) ស្ថានភាពមួយបានត្រូវរៀបរាប់ដោយសាវ័កពេត្រុសដែលថា៖ «ជាពិសេស ចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យខ្លាំង ពីព្រោះសេចក្ដីស្រឡាញ់គ្របបាំងការខុសឆ្គងជាច្រើន»។ (១ពេ. ៤:៨) ដូច្នេះ សេចក្ដីស្រឡាញ់របស់យើងអាចត្រូវសាកល្បងដោយភាពទន់ខ្សោយនិងភាពមិនល្អឥតខ្ចោះរបស់អ្នកឯទៀត។ w២៣.១១ ទំ.១០-១១ វ.១២-១៣