ថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា
សេចក្ដីស្រឡាញ់ពីព្រះបានត្រូវចាក់មកក្នុងចិត្តរបស់យើងតាមរយៈឫទ្ធានុភាពបរិសុទ្ធ ដែលលោកបានឲ្យដល់យើង។—រ៉ូម ៥:៥
សូមកត់សម្គាល់ពាក្យ«ចាក់មក»នៅក្នុងបទគម្ពីរថ្ងៃនេះ។ វចនានុក្រមមួយអំពីគម្ពីររៀបរាប់អំពីពាក្យនេះថា«ធ្លាក់ស្រោចស្រពមកលើយើងដូចទឹកហូរ»។ ពាក្យនេះបង្ហាញថាព្រះយេហូវ៉ាមានសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះពួកអ្នកដែលបានត្រូវរើសតាំង។ ពួកអ្នករើសតាំងដឹងថាពួកគេ«ជាទីស្រឡាញ់របស់ព្រះ»។ (យូ. ១) សាវ័កយ៉ូហានបានបង្ហាញអំពីអារម្មណ៍របស់ពួកគេពេលគាត់សរសេរថា៖ «ចូរគិតអំពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅដែលបិតានៅស្ថានសួគ៌មានចំពោះយើង ដោយចាត់ទុកយើងជាកូន!»។ (១យ៉ូន. ៣:១) តើព្រះយេហូវ៉ាស្រឡាញ់តែពួកអ្នកដែលបានត្រូវរើសតាំងប៉ុណ្ណោះឬ? មិនមែនទេ។ លោកបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះយើងគ្រប់គ្នា។ តើព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់របស់លោកតាមរបៀបដ៏អស្ចារ្យបំផុតអ្វី? គឺដោយថ្លៃលោះ ដែលជាការប្រព្រឹត្តដ៏អស្ចារ្យបំផុតក្នុងសកលលោកដែលបង្ហាញអំពីសេចក្ដីស្រឡាញ់។—យ៉ូន. ៣:១៦; រ៉ូម ៥:៨ w២៤.០១ ទំ.២៨ វ.៩-១០
ថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា
នៅថ្ងៃដែលខ្ញុំស្រែករកជំនួយ សត្រូវរបស់ខ្ញុំនឹងដកថយ ខ្ញុំមានទំនុកចិត្តទាំងស្រុងថាព្រះនៅខាងខ្ញុំ។—ចសព. ៥៦:៩
ខគម្ពីរសម្រាប់ថ្ងៃនេះបង្ហាញអំពីរបៀបដែលដាវីឌបានយកឈ្នះការភ័យខ្លាច។ ទោះជាជីវិតរបស់គាត់ស្ថិតក្នុងស្ថានភាពដែលនាំឲ្យមានគ្រោះថ្នាក់ក្ដី គាត់បានរំពឹងគិតអំពីអ្វីដែលព្រះយេហូវ៉ានឹងធ្វើសម្រាប់គាត់នៅថ្ងៃអនាគត។ ដាវីឌបានដឹងថាព្រះយេហូវ៉ានឹងសង្គ្រោះគាត់នៅពេលត្រឹមត្រូវ ដោយព្រោះថាព្រះយេហូវ៉ាបានប្រកាសថាដាវីឌនឹងទៅជាស្ដេចបន្ទាប់នៃស្រុកអ៊ីស្រាអែល។ (១សាំ. ១៦:១, ១៣) ចំពោះដាវីឌ អ្វីណាក៏ដោយដែលព្រះយេហូវ៉ាបានសន្យា នោះនឹងកើតឡើងជាក់ជាមិនខាន។ តើព្រះយេហូវ៉ាបានសន្យាធ្វើអ្វីចំពោះអ្នក? យើងមិនរំពឹងឲ្យព្រះយេហូវ៉ាការពារយើងពីបញ្ហាទាំងអស់ទេ។ ប៉ុន្តែ មិនថាអ្នកជួបទុក្ខលំបាកណាក៏ដោយនៅក្នុងរបៀបរបបពិភពលោកនេះ ព្រះយេហូវ៉ានឹងបំបាត់ចោលទុក្ខលំបាកនោះក្នុងពិភពលោកថ្មី។ (អេ. ២៥:៧-៩) អ្នកបង្កើតរបស់យើងច្បាស់ជាមានឫទ្ធានុភាពអាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ធ្វើឲ្យយើងជាសះស្បើយពីជំងឺនិងរបួសផ្លូវចិត្ត ហើយបំផ្លាញចោលអ្នកប្រឆាំងទាំងអស់។—១យ៉ូន. ៤:៤ w២៤.០១ ទំ.៦ វ.១២-១៣
ថ្ងៃច័ន្ទ ទី២៩ ខែកញ្ញា
អ្នកណាដែលបានទទួលការលើកលែងទោសចំពោះអំពើរំលង ហើយការខុសឆ្គងរបស់ខ្លួនបានត្រូវគ្របបាំង អ្នកនោះមានសុភមង្គលហើយ។—ចសព. ៣២:១
ចូររំពឹងគិតអំពីការប្រគល់ខ្លួនជូនព្រះនិងការជ្រមុជទឹករបស់អ្នក។ អ្នកបានធ្វើតាមជំហានទាំងនេះ ដោយសារអ្នកចង់នៅខាងព្រះយេហូវ៉ា។ សូមនឹកចាំអំពីអ្វីដែលបានជួយអ្នកឲ្យជឿជាក់ថាអ្នកបានរកឃើញសេចក្ដីពិត។ អ្នកបានទទួលចំណេះត្រឹមត្រូវអំពីព្រះយេហូវ៉ា ហើយចាប់ផ្ដើមគោរពនិងស្រឡាញ់លោកជាបិតានៅស្ថានសួគ៌។ អ្នកបណ្ដុះឲ្យមានជំនឿលើលោក ហើយចង់ប្រែចិត្ត។ អ្នកឈប់ធ្វើអ្វីដែលព្រះយេហូវ៉ាស្អប់ ហើយចាប់ផ្ដើមធ្វើអ្វីដែលលោកពេញចិត្ត។ អ្នកបានធូរចិត្តពេលអ្នកដឹងថាព្រះអភ័យទោសឲ្យអ្នក។ (ចសព. ៣២:២) អ្នកបានចូលរួមកិច្ចប្រជុំ ហើយចាប់ផ្ដើមប្រាប់អ្នកឯទៀតអំពីអ្វីដ៏អស្ចារ្យដែលអ្នកបានរៀន។ ឥឡូវអ្នកជាគ្រិស្តសាសនិកដែលបានប្រគល់ខ្លួនជូនព្រះនិងទទួលការជ្រមុជទឹក ហើយអ្នកកំពុងដើរនៅលើផ្លូវដែលនាំទៅឯជីវិត ព្រមទាំងតាំងចិត្តថាអ្នកនឹងមិនបែរចេញពីផ្លូវនេះទេ។ (ម៉ាថ. ៧:១៣, ១៤) សូមឲ្យអ្នកកាន់ជំហរមាំមួនដោយមានចិត្តរឹងប៉ឹងក្នុងការរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា និងមិនមានចិត្តរារេក្នុងការធ្វើតាមបង្គាប់របស់លោក។ w២៣.០៧ ទំ.១៧ វ.១៤; ទំ.១៩ វ.១៩