ថ្ងៃសុក្រ ទី២៦ ខែកញ្ញា
លុះព្រលឹមស្រាងៗ [លោកយេស៊ូ]ចេញទៅរកកន្លែងមួយឆ្ងាយពីគេ។ នៅទីនោះ លោកចាប់ផ្ដើមអធិដ្ឋាន។—ម៉ាក. ១:៣៥
តាមរយៈសេចក្ដីអធិដ្ឋានរបស់លោកយេស៊ូទៅព្រះយេហូវ៉ា លោកបានទុកគំរូឲ្យពួកអ្នកកាន់តាមលោកធ្វើតាម។ ក្នុងអំឡុងកិច្ចបម្រើរបស់លោក លោកយេស៊ូបានអធិដ្ឋានជារឿយៗ។ លោកត្រូវលៃទុកពេលអធិដ្ឋាន ដោយសារលោកច្រើនតែជាប់រវល់ និងមានមនុស្សជាច្រើននៅជុំវិញលោក។ (ម៉ាក. ៦:៣១, ៤៥, ៤៦) លោកបានភ្ញាក់ពីសម្រាន្តនៅព្រលឹមស្រាងៗដើម្បីលោកអាចមានពេលអធិដ្ឋានម្នាក់ឯង។ យ៉ាងហោចណាស់នៅពេលមួយ លោកបានអធិដ្ឋានពេញមួយយប់មុនលោកធ្វើការសម្រេចចិត្តដ៏សំខាន់។ (លូក. ៦:១២, ១៣) ម្យ៉ាងទៀត លោកយេស៊ូបានអធិដ្ឋានម្ដងហើយម្ដងទៀតនៅយប់មុនលោកស្លាប់ កាលដែលលោកផ្ដោតអារម្មណ៍ទៅលើការបំពេញផ្នែកដ៏ពិបាកបំផុតនៃភារកិច្ចរបស់លោកនៅផែនដី។ (ម៉ាថ. ២៦:៣៩, ៤២, ៤៤) គំរូរបស់លោកយេស៊ូបង្រៀនយើងថាមិនថាយើងជាប់រវល់យ៉ាងណាក្ដី យើងត្រូវលៃទុកពេលអធិដ្ឋាន។ ដូចលោកយេស៊ូ យើងប្រហែលជាត្រូវរកពេលដើម្បីអធិដ្ឋាន គឺដោយក្រោកពីព្រលឹម ឬចូលគេងយឺតជាងបន្តិចដើម្បីអធិដ្ឋាន។ ពេលយើងធ្វើដូច្នេះ យើងបង្ហាញព្រះយេហូវ៉ាថាយើងឲ្យតម្លៃចំពោះអំណោយពិសេសនេះ។ w២៣.០៥ ទំ.៣ វ.៤-៥
ថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា
សេចក្ដីស្រឡាញ់ពីព្រះបានត្រូវចាក់មកក្នុងចិត្តរបស់យើងតាមរយៈឫទ្ធានុភាពបរិសុទ្ធ ដែលលោកបានឲ្យដល់យើង។—រ៉ូម ៥:៥
សូមកត់សម្គាល់ពាក្យ«ចាក់មក»នៅក្នុងបទគម្ពីរថ្ងៃនេះ។ វចនានុក្រមមួយអំពីគម្ពីររៀបរាប់អំពីពាក្យនេះថា«ធ្លាក់ស្រោចស្រពមកលើយើងដូចទឹកហូរ»។ ពាក្យនេះបង្ហាញថាព្រះយេហូវ៉ាមានសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះពួកអ្នកដែលបានត្រូវរើសតាំង។ ពួកអ្នករើសតាំងដឹងថាពួកគេ«ជាទីស្រឡាញ់របស់ព្រះ»។ (យូ. ១) សាវ័កយ៉ូហានបានបង្ហាញអំពីអារម្មណ៍របស់ពួកគេពេលគាត់សរសេរថា៖ «ចូរគិតអំពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅដែលបិតានៅស្ថានសួគ៌មានចំពោះយើង ដោយចាត់ទុកយើងជាកូន!»។ (១យ៉ូន. ៣:១) តើព្រះយេហូវ៉ាស្រឡាញ់តែពួកអ្នកដែលបានត្រូវរើសតាំងប៉ុណ្ណោះឬ? មិនមែនទេ។ លោកបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះយើងគ្រប់គ្នា។ តើព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់របស់លោកតាមរបៀបដ៏អស្ចារ្យបំផុតអ្វី? គឺដោយថ្លៃលោះ ដែលជាការប្រព្រឹត្តដ៏អស្ចារ្យបំផុតក្នុងសកលលោកដែលបង្ហាញអំពីសេចក្ដីស្រឡាញ់។—យ៉ូន. ៣:១៦; រ៉ូម ៥:៨ w២៤.០១ ទំ.២៨ វ.៩-១០
ថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា
នៅថ្ងៃដែលខ្ញុំស្រែករកជំនួយ សត្រូវរបស់ខ្ញុំនឹងដកថយ ខ្ញុំមានទំនុកចិត្តទាំងស្រុងថាព្រះនៅខាងខ្ញុំ។—ចសព. ៥៦:៩
ខគម្ពីរសម្រាប់ថ្ងៃនេះបង្ហាញអំពីរបៀបដែលដាវីឌបានយកឈ្នះការភ័យខ្លាច។ ទោះជាជីវិតរបស់គាត់ស្ថិតក្នុងស្ថានភាពដែលនាំឲ្យមានគ្រោះថ្នាក់ក្ដី គាត់បានរំពឹងគិតអំពីអ្វីដែលព្រះយេហូវ៉ានឹងធ្វើសម្រាប់គាត់នៅថ្ងៃអនាគត។ ដាវីឌបានដឹងថាព្រះយេហូវ៉ានឹងសង្គ្រោះគាត់នៅពេលត្រឹមត្រូវ ដោយព្រោះថាព្រះយេហូវ៉ាបានប្រកាសថាដាវីឌនឹងទៅជាស្ដេចបន្ទាប់នៃស្រុកអ៊ីស្រាអែល។ (១សាំ. ១៦:១, ១៣) ចំពោះដាវីឌ អ្វីណាក៏ដោយដែលព្រះយេហូវ៉ាបានសន្យា នោះនឹងកើតឡើងជាក់ជាមិនខាន។ តើព្រះយេហូវ៉ាបានសន្យាធ្វើអ្វីចំពោះអ្នក? យើងមិនរំពឹងឲ្យព្រះយេហូវ៉ាការពារយើងពីបញ្ហាទាំងអស់ទេ។ ប៉ុន្តែ មិនថាអ្នកជួបទុក្ខលំបាកណាក៏ដោយនៅក្នុងរបៀបរបបពិភពលោកនេះ ព្រះយេហូវ៉ានឹងបំបាត់ចោលទុក្ខលំបាកនោះក្នុងពិភពលោកថ្មី។ (អេ. ២៥:៧-៩) អ្នកបង្កើតរបស់យើងច្បាស់ជាមានឫទ្ធានុភាពអាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ធ្វើឲ្យយើងជាសះស្បើយពីជំងឺនិងរបួសផ្លូវចិត្ត ហើយបំផ្លាញចោលអ្នកប្រឆាំងទាំងអស់។—១យ៉ូន. ៤:៤ w២៤.០១ ទំ.៦ វ.១២-១៣