ចូរចេះគិតពីអ្នកឯទៀតដោយមកទាន់ពេល
១ «យឺតចុះ វាប្រសើរជាងអត់!» ឬ «ខ្ញុំប្រហែលមកប្រជុំយឺតមែន តែខ្ញុំមិនដែលខាន!»។ តើអ្នកធ្លាប់ឮនរណាម្នាក់និយាយពាក្យនោះទេ? ប៉ុន្តែតើបុគ្គលនោះបានខកខានអ្វីដោយសារមកប្រជុំយឺត? ប្រហែលគាត់ខានច្រៀងចម្រៀង ដែលជាផ្នែកចាំបាច់នៃការថ្វាយបង្គំរបស់យើង។ ឬក៏គាត់ខានចូលរួមនូវឯកសិទ្ធិអធិស្ឋានជាមួយក្រុមជំនុំ។ អ្នកដែលមកយឺតមិនបានទទួលប្រយោជន៍ពីការកម្សាន្តចិត្តគ្នាទៅវិញទៅមកមុនកិច្ចប្រជុំចាប់ផ្ដើមឡើយ។ ថែមទៅទៀត ពេលដែលយើងមកយឺត យើងប្រហែលបង្វែរអារម្មណ៍ និងរំខានអ្នកឯទៀតនូវការទទួលប្រយោជន៍ពេញលេញពីកម្មវិធី។—សាស. ៣:១; រ៉ូម ១:១១, ១២
២ ការមកទាន់ពេលបង្ហាញថាយើងចេះគិតពីអ្នកឯទៀត និងយកចិត្តទុកដាក់ទៅលើពួកគេដោយសេចក្ដីស្រឡាញ់។ នេះតម្រូវឲ្យយើងគិតពិចារណានិងធ្វើគម្រោងទុកជាមុន។ ពិតមែន មានកាលៈទេសៈខ្លះដែលធ្វើឲ្យយើងមកកិច្ចប្រជុំយឺតដោយជៀសមិនបាន។ ប្រហែលរថឈ្នួលពន្យារពេល ឬក៏ឡាន ម៉ូតូ កង់របស់យើងខូចតាមផ្លូវ។ យ៉ាងណាក៏ដោយ យើងត្រូវបញ្ជាក់ថាការរៀបចំមិនបានល្អ ភាពព្រងើយកន្តើយ ឬក៏យើងមិនចេញពីផ្ទះឲ្យទាន់ពេល ធ្វើឲ្យក្លាយជាទម្លាប់មកយឺត។ យើងគួរតែព្យាយាមដោយស្មោះ ដើម្បីមកដល់មុនកិច្ចប្រជុំចាប់ផ្ដើម។
៣ បុគ្គលខ្លះប្រហែលជាយឺតដោយសារគាត់មិនដឹងនូវសារៈសំខាន់ពីការបង្ហាត់បង្រៀនខ្លួនឲ្យមកទាន់ពេលវេលា។ អ្នកឯទៀតប្រហែលលែងមានសេចក្ដីគោរព ចំពោះអ្នកដែលមានទម្លាប់មកយឺតដោយគ្មានហេតុត្រឹមត្រូវ។ តើដូចម្ដេច? ចំពោះអ្នកដែលមកយឺត អ្នកឯទៀតប្រហែលមានទស្សនៈថាគាត់ជាបុគ្គលដែលមិនចេះគិតពីអ្នកដ៏ទៃ ឬមិនអាចពឹងពាក់បាន ហើយក៏មិនអាចទុកចិត្តបានស្តីអំពីរឿងឯទៀតផងដែរ។ ផ្ទុយទៅវិញ ការមកទាន់ពេលជាវិធីមួយដើម្បីសម្ដែងផលផ្លែនៃវិញ្ញាណរបស់ព្រះ។—កា. ៥:២២, ២៣
៤ គឺច្បាស់ជាលើកទឹកចិត្តពិតមែន ពេលមកកិច្ចប្រជុំហើយឃើញអ្នកចាស់ទុំនិងអ្នកងារជំនួយ រង់ចាំដើម្បីស្វាគមន៍យើង។ នេះបណ្ដាលឲ្យយើងមានអារម្មណ៍កក់ក្ដៅ និងចិត្តកតញ្ញូដ៏ជ្រាលជ្រៅ ដែលយើងបានជាសមាជិកនៃក្រុមគ្រួសារដែលថ្វាយបង្គំព្រះ។—រ៉ូម ១៥:៧
៥ ការមកដល់ទាន់ពេលក៏សំខាន់ដែរ ពេលប្រជុំសម្រាប់កិច្ចបម្រើផ្សាយ។ ការមកទាន់ពេលមានន័យថាយើងអាចចំណាយពេលច្រើនជាងក្នុងកិច្ចការដ៏សំខាន់បំផុត ពោលគឺ កិច្ចផ្សព្វផ្សាយនិងបញ្ចុះបញ្ចូលឲ្យមានសិស្ស។ ប៉ុន្តែប្រសិនបើមានកាលៈទេសៈដែលធ្វើឲ្យអ្នកមកប្រជុំកិច្ចបម្រើផ្សាយយឺត ហើយអ្នកចង់ដើរផ្សាយជាមួយក្រុម អ្នកប្រហែលអាចជួបជាមួយពួកគេនៅតំបន់ផ្សាយតែម្ដង។
៦ ការមកទាន់ពេលនឹងបង្កើនការគោរពចំពោះយើង ហើយអង្គការដែលយើងតំណាង។ ពិតមែន ការមកទាន់ពេលបង្ហាញថាយើងចេះគិតពីអ្នកឯទៀត និងមានសណ្ដាប់ធ្នាប់។ (១កូ. ១៤:៤០) ជាឧទាហរណ៍ ពេលបងប្អូនបានអញ្ជើញអ្នកឲ្យទៅពិសាអាហារ ការមកទាន់ពេលបង្ហាញថាអ្នកយកចិត្តទុកដាក់ទៅលើគាត់និងភ្ញៀវឯទៀត។ ការមកទាន់ពេលសម្រាប់កិច្ចប្រជុំជាមួយក្រុមជំនុំដែលហាក់ដូចជាការពិសាអាហារជាមួយគ្នា គឺសំខាន់ជាងនោះទៅទៀត មែនទេ? យើងគួរតែបង្ហាញសេចក្ដីគោរពជានិច្ច ចំពោះព្រះយេហូវ៉ាជាម្ចាស់កម្មវិធី និងចំពោះភ្ញៀវឯទៀតរបស់ទ្រង់ ថែមទាំងសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដែលទ្រង់ប្រទានឲ្យយើង។
៧ មាតាបិតាអាចតាំងគំរូល្អឲ្យកូនដោយមកទាន់ពេល។ យើងទាំងអស់គ្នា រួមបញ្ចូលកូនក្មេង គួរតែចេះមកទាន់ពេល ធ្វើដូចនេះនឹងលើកសរសើរអង្គការដែលយើងតំណាង ហើយយើងអាចទុកគំរូដ៏ល្អឲ្យអ្នកឯទៀត។ ទង្វើនេះអាចទាក់ទងនឹងពាក្យរបស់ប៉ុល ដែលថា៖ «យើងខ្ញុំក៏មិនបង្អាក់បង្អន់ចិត្តដល់អ្នកណាក្នុងកិច្ចការអ្វីឡើយ ក្រែងមានអ្នកណាថ្កោលទោសចំពោះការងារនេះក្នុងគ្រប់ការទាំងអស់ នោះយើងខ្ញុំខំផ្ទុកផ្ដាក់ខ្លួន ទុកដូចជាអ្នកបំរើព្រះ»។—២កូ. ៦:៣, ៤