បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ht ចំណុចទី ១៤ ទំ. ៦៨-៧២
  • បង្ហាញអារម្មណ៍សាទរ និងភាពកក់ក្ដៅ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • បង្ហាញអារម្មណ៍សាទរ និងភាពកក់ក្ដៅ
  • វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
  • ចំណងជើងតូច
  • **********
វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
ht ចំណុចទី ១៤ ទំ. ៦៨-៧២

ចំណុច​ហាត់​រៀន​ទី១៤

បង្ហាញ​អារម្មណ៍​សាទរ និង​ភាព​កក់ក្ដៅ

១ អារម្មណ៍​សាទរ​ធ្វើ​ឲ្យ​សុន្ទរកថា​មាន​ភាព​រស់​រវើក។ បើ​យើង​គ្មាន​អារម្មណ៍​សាទរ​នឹង​អ្វី​ដែល​យើង​និយាយ​ទេ នោះ​អ្នក​ស្ដាប់​ក៏​មិន​មាន​អារម្មណ៍​សាទរ​ដែរ។ បើ​សុន្ទរកថា​នោះ​មិន​បាន​ជំរុញ​ចិត្ត​យើង​ទេ នោះ​ក៏​មិន​ជំរុញ​ចិត្ត​អ្នក​ស្ដាប់​ដែរ។ ប៉ុន្តែ បើ​យើង​ចង់​បង្ហាញ​អារម្មណ៍​សាទរ​ដ៏​ស្មោះ យើង​ត្រូវ​តែ​ជឿ​យ៉ាង​មុត​មាំ​ថា អ្នក​ស្ដាប់​ត្រូវ​ការ​ឮ​នូវ​ពត៌មាន​ដែល​យើង​នឹង​ថ្លែង។ នេះ​បាន​សេចក្ដី​ថា យើង​បាន​គិត​អំពី​អ្នក​ស្ដាប់​ពេល​ដែល​យើង​រៀបចំ​សុន្ទរកថា ហើយ​បាន​ជ្រើសរើស​ចំណុច​ដែល​មាន​ប្រយោជន៍​ចំពោះ​ពួក​គេ ទាំង​ពន្យល់​ចំណុច​នោះ​ឲ្យ​អ្នក​ស្ដាប់​យល់​ដឹង​ថា ពិត​ជា​សំខាន់​មែន។ បើ​យើង​បាន​ធ្វើ​ដូច្នេះ នេះ​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​និយាយ​អស់​ពី​ចិត្ត ហើយ​អ្នក​ស្ដាប់​នឹង​មាន​ចិត្ត​ចង់​ស្ដាប់​យើង​ជាក់​ជា​ពុំ​ខាន។

២ ការ​បង្ហាញ​អារម្មណ៍​សាទរ​ដោយ​ថ្លែង​យ៉ាង​រស់​រវើក: អារម្មណ៍​សាទរ​គឺ​ត្រូវ​ឃើញ​ច្បាស់​ដោយ​ការ​ថ្លែង​យ៉ាង​រស់​រវើក។ យើង​មិន​គួរ​បង្ហាញ​អារម្មណ៍​ថា យើង​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពត៌មាន​ដែល​យើង​កំពុង​ថ្លែង​ឬ​ដូច​ជា​មិន​ចាប់​អារម្មណ៍​អ្វី​សោះ​នោះ​ឡើយ។ យើង​ត្រូវ​បង្ហាញ​នូវ​អារម្មណ៍​សាទរ​ដោយ​ទឹក​មុខ ការ​ផ្លាស់ប្ដូរ​សម្លេង និង​របៀប​ដែល​យើង​និយាយ។ នេះ​បាន​ន័យ​ថា យើង​ត្រូវ​តែ​និយាយ​ឲ្យ​បាន​ខ្លាំង។ ពាក្យ​សំដី​របស់​យើង​ត្រូវ​បង្ហាញ​ថា យើង​ជឿ​ស៊ប់​ទៅ​លើ​អ្វី​ដែល​យើង​ប្រាប់​ពួក​គេ​នោះ តែ​មិន​គួរ​មើល​ទៅ​ដូច​ជា​យើង​មានះ​តាម​គំនិត​របស់​យើង​ទេ។ ទោះ​ជា​យើង​ត្រូវ​មាន​អារម្មណ៍​សាទរ​ក៏​ដោយ យើង​ក៏​មិន​គួរ​បង្ហាញ​អារម្មណ៍​សាទរ​ជ្រុល​ហួស​ពេក​នោះ​ទេ។ បើ​យើង​បង្ហាញ​អារម្មណ៍​សាទរ​ហួស​ហេតុ​ពេក នោះ​អ្នក​ស្ដាប់​ប្រហែល​ជា​លែង​ចង់​ស្ដាប់​យើង​ទៀត។

៣ បើ​យើង​មាន​អារម្មណ៍​សាទរ​ស្តី​អំពី​អ្វី​ដែល​យើង​ថ្លែង​នោះ អ្នក​ស្ដាប់​ក៏​នឹង​មាន​អារម្មណ៍​ដូច​យើង​ដែរ។ ជា​លទ្ធផល យើង​នឹង​ឃើញ​ថា​អ្នក​ស្ដាប់​ក៏​មាន​អារម្មណ៍​សាទរ​ដែរ ហើយ​នេះ​នឹង​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​សាទរ​ជា​បន្ត​ទៀត។ ផ្ទុយ​ទៅ​វិញ បើ​យើង​គ្មាន​អារម្មណ៍​សាទរ​ទេ នោះ​អ្នក​ស្ដាប់​ក៏​គ្មាន​អារម្មណ៍​សាទរ​ដែរ។

៤ សាវ័ក​ប៉ុល​បាន​និយាយ​ថា យើង​គួរ​ព្យាយាម​ខាង​ឯ​វិញ្ញាណ​របស់​ព្រះ​ឬ​ក៏​សម្ដែង​ឲ្យ​ឃើញ​ថា​យើង​មាន​វិញ្ញាណ​របស់​ព្រះ។ បើ​ធ្វើ​ដូច្នេះ យើង​នឹង​ថ្លែង​សុន្ទរកថា​ដោយ​មាន​ភាព​រស់​រវើក ហើយ​នេះ​អាច​ជួយ​វិញ្ញាណ​របស់​ព្រះ​ជំរុញ​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​មាន​សកម្មភាព​ដែរ។ អ័ប៉ុឡូស​បាន​បង្ហាញ​នូវ​អារម្មណ៍​សាទរ​បែប​នេះ​ពេល​ដែល​គាត់​និយាយ ហើយ​មនុស្ស​បាន​ចាត់​ទុក​គាត់​ជា​អ្នក​មាន​វោហារ។—រ៉ូម ១២:១១; កិច្ច. ១៨:២៥; យ៉ូប ៣២:១៨​-​២០; យេ. ២០:៩

៥ បើ​យើង​ចង់​បង្ហាញ​អារម្មណ៍​សាទរ​ពេល​ថ្លែង​សុន្ទរកថា យើង​ត្រូវ​តែ​ជឿ​ស៊ប់​ថា យើង​មាន​ពត៌មាន​ដ៏​សំខាន់​ដែល​មាន​ប្រយោជន៍​ដល់​អ្នក​ស្ដាប់។ ចូរ​ខំ​រៀបចំ​ពត៌មាន​ដែល​ត្រូវ​ថ្លែង​នោះ ទាល់តែ​យើង​មាន​អារម្មណ៍​ថា នេះ​ជា​ពត៌មាន​ដែល​ពិត​ជា​ជំរុញ​ចិត្ត​យើង​សូម្បី​តែ​យើង​ជាអ្នក​ថ្លែង​ក៏​ដោយ។ មិន​ចាំបាច់​ឲ្យ​យើង​រក​ពត៌មាន​ថ្មី​ប្លែកៗនោះ​ទេ ប៉ុន្តែ​យើង​គួរ​ថ្លែង​ប្រាប់​ពត៌មាន​នោះ​តាម​វិធី​ថ្មី​មិន​ច្រំដែលៗ។ បើ​យើង​មាន​អារម្មណ៍​ថា យើង​មាន​ពត៌មាន​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ការ​ថ្វាយ​បង្គំ​របស់​អ្នក​ស្ដាប់​បាន​មាំមួន​ជាង ក៏​នឹង​ជួយ​ពួក​គេ​ឲ្យ​ធ្វើ​ជា​អ្នក​បំរើ​ឬ​ជន​គ្រីស្ទាន​ប្រសើរ​ជាង នេះ​ពិត​ជា​ហេតុ​ដែល​នាំ​ឲ្យ​យើង​បង្ហាញ​អារម្មណ៍​សាទរ ហើយ​មុខ​ជា​នឹង​ជួយ​ឲ្យ​យើង​បង្ហាញ​អារម្មណ៍​នោះ​ពេល​ថ្លែង​សុន្ទរកថា។

៦ ការ​បង្ហាញ​អារម្មណ៍​សាទរ​ស្រប​តាម​ពត៌មាន: បើ​យើង​ចង់​ឲ្យ​ផ្នែក​ផ្សេងៗនៃ​សុន្ទរកថា​របស់​យើង​មាន​លក្ខណៈ​ខុសៗគ្នា ហើយ​ចង់​ឲ្យ​អ្នក​ស្ដាប់​ទទួល​ប្រយោជន៍​នោះ យើង​មិន​គួរ​ថ្លែង​សុន្ទរកថា​ទាំង​មូល​ដោយ​បង្ហាញ​អារម្មណ៍​សាទរ​យ៉ាង​ខ្លាំង​នោះ​ទេ។ បើ​យើង​ធ្វើ​ដូច្នេះ អ្នក​ស្ដាប់​នឹង​អស់​កម្លាំង​ចិត្ត​ហើយ​លែង​យក​ចំណុច​សំខាន់ៗនោះ​មក​អនុវត្ត​ទៀត។ នេះ​ក៏​បញ្ជាក់​ឲ្យ​យើង​ដឹង​ម្ដង​ទៀត​ថា យើង​ត្រូវ​រៀបចំ​ពត៌មាន​ឲ្យ​មាន​លក្ខណៈ​ផ្សេង​ពី​គ្នា ដើម្បី​ឲ្យ​អាច​ថ្លែង​សុន្ទរកថា​បែប​យ៉ាង​ណា​ដែល​មាន​ភាព​ខុសៗគ្នា​ដែរ។ នេះ​បាន​ន័យ​ថា ជួន​កាល​យើង​ពិគ្រោះ​ចំណុច​ខ្លះ​ដែល​តម្រូវ​ឲ្យ​យើង​បង្ហាញ​អារម្មណ៍​សាទរ​ច្រើន​ជាង​ការ​ពិគ្រោះ​ចំណុច​ឯ​ទៀត។ ដូច្នេះ យើង​គួរ​ត្រៀម​ពិគ្រោះ​ចំណុច​ដែល​មាន​របៀប​ថ្លែង​ផ្សេងៗពី​គ្នា តែ​ចំណុច​គួរ​ទាក់ទង​គ្នា​យ៉ាង​ហូរហែ​ក្នុង​សុន្ទរកថា​ទាំង​មូល​វិញ។

៧ សំខាន់​បំផុត ពេល​យើង​ប្រាប់​ពី​គោល​ចំណុច យើង​ត្រូវ​បង្ហាញ​អារម្មណ៍​សាទរ​យ៉ាង​ខ្លាំង។ សុន្ទរកថា​របស់​យើង​ត្រូវ​មាន​ចំណុច​សំខាន់​ខ្លះ​ដែល​លេច​ធ្លោ​ជាង​គេ ហើយ​ក៏​ជា​ចំណុច​ដែល​យើង​ត្រូវ​ពន្យល់​ឲ្យ​ខ្លាំង​ជាង​គេ​ដែរ។ ដោយសារ​មាន​ចំណុច​ខ្លះ​នោះ​សំខាន់​ជាង​គេ​ក្នុង​សុន្ទរកថា​របស់​យើង តាម​ធម្មតា​ចំណុច​ទាំង​នោះ​នឹង​ជំរុញ​ទឹក​ចិត្ត​អ្នក​ស្ដាប់ ហើយ​ជួយ​ឲ្យ​យល់​ពី​មូលហេតុ​ដែល​ត្រូវ​អនុវត្ត​តាម​ជា​ដាច់ខាត និង​ពន្យល់​នូវ​មូលហេតុ​ទាំង​នោះ ឬ​ទុក​ជា​ឱវាទ​ជូន​អ្នក​ស្ដាប់។ ពេល​ដែល​យើង​បាន​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ជឿ​ហើយ យើង​ក៏​ត្រូវ​ជំរុញ​ទឹក​ចិត្ត​គេ ហើយ​បង្ហាញ​ដល់​ពួក​គេ​នូវ​ប្រយោជន៍​ដែល​មក​ពី​ការ​អនុវត្ត​តាម​ចំណុច​ដែល​យើង​បាន​ពិគ្រោះ ព្រម​ទាំង​បង្ហាញ​អំពី​អំណរ​និង​ឯកសិទ្ធិ​ផ្សេងៗដែល​ពួក​គេ​អាច​ទទួល​បាន ដោយ​មាន​ជំនឿ​នេះ។ នេះ​តម្រូវ​ឲ្យ​យើង​ថ្លែង​សុន្ទរកថា​ដោយ​បង្ហាញ​អារម្មណ៍​សាទរ។

៨ ទោះ​ជា​យើង​បញ្ជាក់​ចំណុច​ខ្លះ​ទុក​ជា​កំពូល​សំខាន់​ក៏​ដោយ យើង​មិន​ត្រូវ​ពិគ្រោះ​ចំណុច​ឯ​ទៀត​ហាក់​ដូច​ជា​យើង​មិន​សូវ​រវី​រវល់​ចំពោះ​ចំណុច​ឯ​ទៀត​នោះ​ទេ។ យើង​គួរ​បង្ហាញ​អារម្មណ៍​អបអរ​ឲ្យ​បាន​ខ្លាំង​ជានិច្ច​ចំពោះ​ប្រធាន ហើយ​មិន​ត្រូវ​មើល​ទៅ​ដូច​ជា​ធុញទ្រាន់​សោះ​ឡើយ។ សូម​គិត​អំពី​សត្វ​ក្ដាន់​ដែល​កំពុង​តែ​ស៊ី​ស្មៅ។ ទោះ​ជា​សត្វ​ក្ដាន់​មើល​ទៅ​ដូច​ជា​ស្ងៀម​ស្ងាត់​មិន​ខ្វល់ខ្វាយ​អ្វី​ក៏​ដោយ ប៉ុន្តែ​ពេល​ដឹង​ថា​មាន​គ្រោះថ្នាក់ នោះ​វា​មាន​កម្លាំង​អាច​លោត​ផ្លោះ​យ៉ាង​លឿន​ទៅ​បាត់។ សត្វ​ក្ដាន់​នេះ​មាន​អារម្មណ៍​ស្រួល តែ​វា​ប្រុង​ប្រយ័ត្ន​ជានិច្ច។ ដូច​គ្នា​ដែរ សូម្បី​តែ​ពេល​ដែល​យើង​មិន​និយាយ​ដោយ​បង្ហាញ​អារម្មណ៍​សាទរ​យ៉ាង​ខ្លាំង​ក៏​ដោយ យើង​នៅ​តែ​មាន​អារម្មណ៍​នោះ​ខ្លាំង​ក្នុង​ចិត្ត​ដដែល។

៩ តើ​នេះ​មាន​ន័យ​យ៉ាង​ណា? នេះ​បាន​សេចក្ដី​ថា ការ​ថ្លែង​ដែល​មាន​ភាព​រស់​រវើក​ត្រូវ​ធ្វើ​ឡើង​ដោយ​មិន​បង្ខំ។ យើង​ត្រូវ​មាន​មូលហេតុ​ថ្លែង​យ៉ាង​រស់​រវើក ហើយ​ពត៌មាន​ក្នុង​សុន្ទរកថា​គួរ​ផ្ដល់​មូលហេតុ​នោះ។ អ្នក​ជូន​ឱវាទ​នឹង​យក​ចិត្ត​ទុក​ដាក់​មើល​ថា តើ​យើង​បាន​បង្ហាញ​អារម្មណ៍​សាទរ​ស្រប​ទៅ​តាម​ពត៌មាន​ឬ​ទេ? តើ​យើង​បាន​បង្ហាញ​អារម្មណ៍​សាទរ​ច្រើន​ពេក តិច​ពេក ឬ​មិន​ស្រប​តាម​ពត៌មាន​វិញ? គាត់​មុខ​ជា​នឹង​យោគ​យល់​ចំពោះ​លក្ខណៈ​របស់​យើង​ម្នាក់ៗ ប៉ុន្តែ​គាត់​នឹង​លើក​ទឹក​ចិត្ត​យើង បើ​យើង​ជា​មនុស្ស​អៀន។ ហើយ​គាត់​ក៏​នឹង​ជូន​ឱវាទ​បើ​យើង​មើល​ទៅ​ដូច​ជា​និយាយ​រំភើប​ហួស​ហេតុ​ពេក​អំពី​អ្វីៗទាំង​អស់​ដែល​យើង​ថ្លែង​ប្រាប់​នោះ។ ដូច្នេះ ចូរ​បង្ហាញ​អារម្មណ៍​សាទរ​ឲ្យ​ស្រប​តាម​ពត៌មាន និង​រៀបចំ​ពត៌មាន​ឲ្យ​មាន​លក្ខណៈ​ខុស​ពី​គ្នា ដើម្បី​ឲ្យ​មាន​តុល្យភាព​ពេល​បង្ហាញ​អារម្មណ៍​សាទរ​ក្នុង​សុន្ទរកថា​ទាំង​មូល។

**********

១០ ការ​បង្ហាញ​អារម្មណ៍​សាទរ​គឺ​ជាប់​ទាក់ទង​នឹង​ការ​បង្ហាញ​អារម្មណ៍​កក់ក្ដៅ។ ប៉ុន្តែ ការ​សម្ដែង​នូវ​អារម្មណ៍​សាទរ​ឬ​ភាព​កក់ក្ដៅ​នោះ គឺ​ផុស​ចេញ​ពី​ចំណង់​ចំណូល​ចិត្ត​ផ្សេង​ពី​គ្នា ហើយ​ជា​លទ្ធផល​ចិត្ត​របស់​អ្នក​ស្ដាប់​នឹង​បង្កើត​ឲ្យ​មាន​អារម្មណ៍​ខុសៗពី​គ្នា។ ជា​អ្នក​ថ្លែង​សុន្ទរកថា ធម្មតា​យើង​មាន​អារម្មណ៍​សាទរ​ដោយសារ​ពត៌មាន​ដែល​យើង​កំពុង​តែ​ថ្លែង​នោះ ប៉ុន្តែ យើង​ក៏​មាន​អារម្មណ៍​កក់ក្ដៅ​វិញ ពេល​ដែល​យើង​គិត​អំពី​អ្នក​ស្ដាប់​ដោយ​ប្រាថ្នា​ចង់​ជួយ​ពួក​គេ។ គួរ​គប្បី​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​នឹង«ការ​បង្ហាញ​អារម្មណ៍​កក់ក្ដៅ»ដែល​បាន​កត់​ទុក​លើ​ប័ណ្ណ​ឱវាទ​សំរាប់​ការ​ហាត់​និយាយ។

១១ បើ​យើង​បង្ហាញ​អារម្មណ៍​កក់ក្ដៅ នោះ​អ្នក​ស្ដាប់​នឹង​ដឹង​ថា​យើង​ជា​បុគ្គល​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់ មាន​ចិត្ត​សប្បុរស ហើយ​ចេះ​មេត្ដា។ ពួក​គេ​នឹង​មាន​អារម្មណ៍​ថា​ចង់​ចូល​មក​ជិត​យើង ប្រៀប​ដូច​ជា​ចូល​ទៅ​ជិត​ភ្នក់​ភ្លើង​នៅ​រាត្រី​ត្រជាក់​ដែរ។ ការ​ថ្លែង​សុន្ទរកថា​ដោយ​មាន​ភាព​រស់​រវើក​គឺ​ជំរុញ​ទឹក​ចិត្ត​មែន ប៉ុន្តែ​យើង​គួរ​បង្ហាញ​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​ផង​ដែរ។ យើង​មិន​គ្រាន់​តែ​ចង់​ជួយ​អ្នក​ស្ដាប់​ឲ្យ​មាន​ចំណេះ​ដើម្បី​ឲ្យ​គេ​ជឿ​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ចង់​ជំរុញ​ទឹក​ចិត្ត​របស់​ពួក​គេ​ផង​ដែរ។

១២ ជា​ឧទាហរណ៍ បើ​អាន​កាឡាទី ៥:២២, ២៣ ស្តី​អំពី​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​អត់ធ្មត់ ហើយ​សេចក្ដី​សប្បុរស​និង​ភាព​ស្លូតបូត តើ​សម​ទេ​បើ​យើង​និយាយ​ដោយ​មិន​បង្ហាញ​ទឹក​ចិត្ត​ដែល​បញ្ជាក់​ឲ្យ​ឃើញ​នូវ​គុណសម្បត្ដិ​ទាំង​នោះ? ចូរ​កត់​សម្គាល់​ផង​ដែរ​នូវ​អារម្មណ៍​ដ៏​កក់ក្ដៅ​ដែល​ប៉ុល​បាន​បង្ហាញ​នៅ​ក្នុង​ថែស្សាឡូនីចទី១ ២:៧, ៨។ ពាក្យ​ទាំង​នេះ​តម្រូវ​ឲ្យ​យើង​និយាយ​យ៉ាង​ណា​ដែល​បង្ហាញ​នូវ​អារម្មណ៍​កក់ក្ដៅ។ តើ​យើង​ត្រូវ​បង្ហាញ​អារម្មណ៍​នោះ យ៉ាង​ដូច​ម្ដេច?

១៣ អារម្មណ៍​កក់ក្ដៅ​ត្រូវ​បង្ហាញ​ដោយ​ទឹក​មុខ: បើ​យើង​មាន​អារម្មណ៍​កក់ក្ដៅ​មែន​ចំពោះ​អ្នក​ស្ដាប់ ទឹក​មុខ​របស់​យើង​នឹង​ស​ឲ្យ​ឃើញ​អារម្មណ៍​នោះ​ជាក់​ជា​មិន​ខាន។ បើ​ទឹក​មុខ​របស់យើង​មិន​បង្ហាញ​អារម្មណ៍​កក់ក្ដៅ​ទេ នោះ​អ្នក​ស្ដាប់​ប្រហែល​ជា​មិន​ជឿ​ថា យើង​មាន​អារម្មណ៍​កក់ក្ដៅ​យ៉ាង​ស្មោះ​ចំពោះ​ពួក​គេ​ឡើយ។ ប៉ុន្តែ អារម្មណ៍​កក់ក្ដៅ​ដែល​យើង​មាន​គឺ​ត្រូវ​ចេញ​មក​ពី​ចិត្ត មិន​មែន​ធ្វើ​ពុត​នោះ​ទេ។ យើង​ក៏​មិន​ត្រូវ​ថ្លែង​ដោយ​បង្ហាញ​អារម្មណ៍​ជ្រុល​ពេក ដ្បិត​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​គិត​ថា យើង​និយាយ​ពុំ​ស្មោះ។ ទឹក​មុខ​រួសរាយ​នឹង​បង្ហាញ​ថា យើង​មាន​ចិត្ត​ស្មោះ​ហើយ​គួរ​ឲ្យ​ទុក​ចិត្ត​បាន។

១៤ តាម​ធម្មតា​យើង​និយាយ​ទៅ​កាន់​អ្នក​ស្ដាប់​ដែល​ចង់​ស្ដាប់​យើង។ ដូច្នេះ បើ​យើង​មើល​មុខ​អ្នក​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ យើង​ក៏​នឹង​មាន​អារម្មណ៍​កក់ក្ដៅ​ចំពោះ​ពួក​គេ​ដែរ។ យើង​នឹង​មាន​អារម្មណ៍​ស្រួល​ហើយ​និយាយ​តាម​សម្រួល​ដែរ។ ចូរ​មើល​មនុស្ស​ម្នាក់​ដែល​មាន​ទឹក​មុខ​រួសរាយ ហើយ​និយាយ​ទៅ​កាន់​គាត់​មួយ​ភ្លែត​សិន។ រួច​មក មើល​ម្នាក់​ទៀត​ហើយ​និយាយ​ទៅ​កាន់​គាត់​ដែរ។ នេះ​នឹង​ជួយ​យើង​ឲ្យ​មើល​អ្នក​ស្ដាប់​ផង ហើយ​យើង​នឹង​មាន​អារម្មណ៍​ស្និទ្ធស្នាល​ចំពោះ​អ្នក​ស្ដាប់ ហើយ​ទឹក​មុខ​ដ៏​កក់ក្ដៅ​របស់​យើង​ក៏​នឹង​ទាក់ទាញ​ចិត្ត​អ្នក​ស្ដាប់​ផង​ដែរ។

១៥ អារម្មណ៍​កក់ក្ដៅ​ស្រប​ទៅ​តាម​សូរ​សម្លេង: មនុស្ស​ដឹង​ទូទៅ​ថា សូម្បី​តែ​សត្វ​ក៏​អាច​ដឹង​នូវ​អារម្មណ៍​របស់​យើង​បាន ដោយសារ​សូរ​សម្លេង​របស់​យើង។ បើ​ដូច្នេះ អ្នក​ស្ដាប់​ក៏​នឹង​មាន​អារម្មណ៍​កក់ក្ដៅ​ដូច​អារម្មណ៍​កក់ក្ដៅ​ដែល​យើង​បង្ហាញ​តាម​រយៈ​សម្លេង​របស់​យើង​ជាជាង​អំបាលម៉ាន​ទៅ​ទៀត!

១៦ បើ​យើង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ស្ដាប់ ហើយ​គិត​តែ​ពី​ការ​ពោល​ពាក្យ ជាជាង​គិត​អំពី​អារម្មណ៍​របស់​អ្នក​ស្ដាប់​វិញ នោះ​អ្នក​ស្ដាប់​ដែល​ប្រុង​ស្មារតី​នឹង​ដឹង​នូវ​អារម្មណ៍​របស់​យើង។ ប៉ុន្តែ បើ​យើង​ចាប់​អារម្មណ៍​យ៉ាង​ស្មោះ​នឹង​អ្នក​ស្ដាប់ ហើយ​ប្រាថ្នា​ចង់​ប្រាប់​ពី​គំនិត​របស់​ខ្លួន​ដល់​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​មាន​គំនិត​ដូច​យើង​ដែរ នោះ​សូរ​សម្លេង​របស់​យើង​នឹង​ស​ឲ្យ​ឃើញ​អារម្មណ៍​នោះ​ជាក់​ជា​ពុំ​ខាន។

១៧ បើ​យើង​ពិត​ជា​ចង់​ធ្វើ​ដូច្នេះ​មែន យើង​ច្បាស់​ជា​ត្រូវ​បង្ហាញ​ចំណាប់អារម្មណ៍​ដ៏​ស្មោះ​ចំពោះ​អ្នក​ស្ដាប់។ យើង​មិន​អាច​ធ្វើ​ពុត​ក្នុង​ការ​បង្ហាញ​អារម្មណ៍​កក់ក្ដៅ ហើយ​ក៏​មិន​អាច​ធ្វើ​ពុត​ជា​អ្នក​បង្ហាញ​អារម្មណ៍​សាទរ​បាន​ដែរ។ អ្នក​ថ្លែង​សុន្ទរកថា​មិន​គួរ​ធ្វើ​ពុត​និយាយ​ផ្អែម​ពីរោះ​តែ​មាត់​ក្រៅ​ឡើយ។ ការ​បង្ហាញ​អារម្មណ៍​កក់ក្ដៅ​គឺ​ខុស​ពី​ការ​ថ្លែង​ដែល​បង្ហាញ​អារម្មណ៍​ជ្រុល ឬ​ក៏​ធ្វើ​ឲ្យ​សម្លេង​ទៅ​ជា​ញ័រៗ ដើម្បី​ទាក់ទាញ​អារម្មណ៍​របស់​មនុស្ស​ឡើយ។

១៨ បើ​យើង​មាន​សម្លេង​ស្អក ប្រហែល​ជា​ពិបាក​សម្ដែង​នូវ​ភាព​កក់ក្ដៅ។ យើង​គួរ​ខំ​អស់​ពី​ចិត្ត​ដើម្បី​យក​ឈ្នះ​នូវ​បញ្ហា​នេះ។ នេះ​គឺ​ទាក់ទង​នឹង​លក្ខណៈ​នៃ​សម្លេង ហើយ​ត្រូវ​ចំណាយ​ពេល​យូរ​ដើម្បី​ដោះស្រាយ។ ប៉ុន្តែ ការ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​មែន​ទែន នឹង​ជួយ​យើង​បង្កើន​ឲ្យ​មាន​សម្លេង​ដែល​បង្ហាញ​នូវ​ភាព​កក់ក្ដៅ។

១៩ អារម្មណ៍​កក់ក្ដៅ​ស្រប​ទៅ​តាម​ពត៌មាន: ដូច​ដែល​យើង​បាន​ពិគ្រោះ​អំពី​ការ​បង្ហាញ​អារម្មណ៍​សាទរ​នោះ ការ​បង្ហាញ​អារម្មណ៍​កក់ក្ដៅ​គឺ​ច្រើន​តែ​អាស្រ័យ​លើ​ពត៌មាន​ដែល​យើង​ត្រូវ​ថ្លែង។ ឧទាហរណ៍​មួយ​នៅ​ម៉ាថាយ​ជំពូក​ទី២៣ ដែល​រៀប​រាប់​អំពី​ពេល​ព្រះ​យេស៊ូ​ផ្ដន្ទា​ទោស​ពួក​ស្ក្រែប​និង​ពួក​ផារិស៊ី។ យើង​នឹង​មិន​គិត​ថា ទ្រង់​ផ្ដន្ទា​ទោស​ពួក​គេ​ដោយ​ប្រើ​សូរ​សម្លេង​ខ្សោយ​នោះ​ឡើយ។ ប៉ុន្តែ កំឡុង​ដែល​ទ្រង់​កំពុង​តែ​មាន​សេចក្ដី​ក្រោធ​នោះ ក៏​មាន​ឃ្លា​ដែល​បង្ហាញ​ភាព​កក់ក្ដៅ​និង​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​ដែរ ពេល​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ឱ . . . តើ​ប៉ុន្មាន​ដង​ហើយ​ដែល​អញ​ចង់​ប្រមូល​កូន​ឯង​ទាំង​ប៉ុន្មាន ដូច​ជា​មេ​មាន់​ក្រុង​កូន​វា​ឲ្យ​ជ្រក​ក្រោម​ស្លាប? តែ​ឯង​មិន​ព្រម​ទេ!»។ ពាក្យ​ទាំង​នេះ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​អារម្មណ៍​កក់ក្ដៅ ប៉ុន្តែ ឃ្លា​បន្ទាប់​មិន​សម្ដែង​នូវ​អារម្មណ៍​ដូច​គ្នា​ទេ​ដែល​ថា៖ «មើល! ផ្ទះ​ឯង​នឹង​ត្រូវ​ចោល​ស្ងាត់​ទុក​ឲ្យ​ឯង»។ សូរ​នេះ​គឺ​ជា​របៀប​បដិសេធ​ទាំង​មាន​អារម្មណ៍​ស្អប់​ខ្ពើម។

២០ តើ​យើង​គួរ​បង្ហាញ​អារម្មណ៍​កក់ក្ដៅ​នៅ​ពេល​ណា? តាម​ធម្មតា​យើង​បង្ហាញ​អារម្មណ៍​កក់ក្ដៅ​ក្នុង​កិច្ចបំរើ​ផ្សាយ ឬ​ពេល​ថ្លែង​សុន្ទរកថា​ក្នុង​កម្មវិធី​សាលា​កិច្ចបំរើ​ព្រះ​ធិបតេយ្យ។ ប៉ុន្តែ​ជា​ពិសេស យើង​គួរ​បង្ហាញ​អារម្មណ៍​កក់ក្ដៅ​ពេល​ដែល​យើង​កំពុង​តែ​ពិគ្រោះ​វែកញែក​ហេតុ​ផល ឬ​ពេល​លើក​ទឹក​ចិត្ត ដាស់​តឿន និង​បង្ហាញ​ចិត្ត​អាណិតអាសូរ​ជា​ដើម។ ក្នុង​ការ​បង្ហាញ​អារម្មណ៍​កក់ក្ដៅ យើង​ក៏​មិន​គួរ​ភ្លេច​បង្ហាញ​អារម្មណ៍​សាទរ​ដែរ ដែល​ត្រូវ​បង្ហាញ​ស្រប​ទៅ​តាម​កាលៈទេសៈ​សមរម្យ។ ចូរ​ឲ្យ​មាន​តុល្យភាព​ក្នុង​គ្រប់​ការ​ទាំង​អស់ ប៉ុន្តែ​ដំណាល​គ្នា​នោះ សូម​ខំ​ប្រឹង​ថ្លែង​ឲ្យ​អស់​ពី​ដួង​ចិត្ត​ដែរ។

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១​. តើ​អ្វី​នឹង​ជួយ​យើង​បង្ហាញ​នូវ​អារម្មណ៍​សាទរ?

២​-​៥​. តើ​សុន្ទរកថា​ដែល​មាន​ភាព​រស់​រវើក បង្ហាញ​នូវ​អារម្មណ៍​សាទរ​យ៉ាង​ដូច​ម្ដេច?

៦​-​៩​. តើ​ពត៌មាន​ក្នុង​សុន្ទរកថា​ទាក់ទង​យ៉ាង​ណា​ទៅ​នឹង​ការ​បង្ហាញ​អារម្មណ៍​សាទរ?

១០​-​១២​. តើ​ការ​បង្ហាញ​អារម្មណ៍​កក់ក្ដៅ​មាន​ន័យ​យ៉ាង​ណា?

១៣, ១៤​. តើ​ទឹក​មុខ​របស់​យើង​អាច​បង្ហាញ​នូវ​អារម្មណ៍​កក់ក្ដៅ​បាន​យ៉ាង​ណា?

១៥​-​១៨​. សូម​ប្រាប់​អំពី​អ្វី​ដែល​នឹង​ជួយ​អ្នក​ថ្លែង​ឲ្យ​និយាយ​ដោយ​មាន​ភាព​កក់ក្ដៅ?

១៩, ២០​. តើ​ពត៌មាន​ក្នុង​សុន្ទរកថា​អាច​មាន​អានុភាព​លើ​អារម្មណ៍​កក់ក្ដៅ​យ៉ាង​ដូច​ម្ដេច?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក