តើយើងអាចធ្វើអ្វីពេលអ្វីៗទាំងអស់ឡើងថ្លៃ?
មានចិត្តទូលាយ
ដោយសារអ្វីៗឡើងថ្លៃអ្នកប្រហែលជាមានអារម្មណ៍ថា អ្នកមិនអាចបង្ហាញចិត្តទូលាយចំពោះអ្នកឯទៀតទេ។ ប៉ុន្តែ ការឲ្យអ្នកឯទៀតប្រហែលជាអាចជួយអ្នកឲ្យស៊ូទ្រាំនឹងបញ្ហាសេដ្ឋកិច្ច។ អ្នកអាចសន្សំសំចៃ ហើយក្នុងពេលដំណាលគ្នានោះអ្នកក៏អាចបង្ហាញចិត្តទូលាយដែរ។
ហេតុអ្វីនេះសំខាន់?
ការមានចិត្តទូលាយសូម្បីតែនៅក្នុងរឿងតូចតាចធ្វើឲ្យយើងសប្បាយចិត្ត ហើយមានអារម្មណ៍ល្អ។ ការពិតគ្រូពេទ្យខ្លះបាននិយាយថា ការឲ្យអ្នកឯទៀតគឺល្អសម្រាប់សុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់យើង។ ជាឧទាហរណ៍ នេះជួយកាត់បន្ថយការថប់អារម្មណ៍ តានតឹងចិត្ត សម្ពាធឈាម និងការឈឺចាប់ផ្សេងៗខាងរូបកាយ។ បន្ថែមទៅទៀតនេះក៏អាចជួយយើងឲ្យគេងលក់ស្រួលដែរ។
ពេលយើងជួយអ្នកឯទៀតខាងលុយកាក់ ឬផ្ដល់អ្វីដែលពួកគេត្រូវការ នោះយើងនឹងងាយស្រួលទទួលជំនួយជាង ពេលយើងត្រូវការជំនួយដែរ។ ហាវឺដដែលរស់នៅប្រទេសអង់គ្លេសបាននិយាយថា៖ «ប្រពន្ធខ្ញុំនិងខ្ញុំព្យាយាមជួយអ្នកឯទៀត ហើយបង្ហាញចិត្តទូលាយ ដូច្នេះនៅពេលដែលយើងត្រូវការជំនួយយើងមិនសូវមានអារម្មណ៍ថា យើងជាបន្ទុកសម្រាប់អ្នកឯទៀតទេ»។ ការពិតមនុស្សដែលមានចិត្តទូលាយមិនរំពឹងថានឹងទទួលអ្វីមកវិញទេ។ ប៉ុន្តែ អ្វីដែលពួកគេនឹងទទួលបានគឺមិត្តពិតដែលស្ម័គ្រចិត្តមកជួយពួកគេនៅគ្រាលំបាក។
អ្វីដែលអ្នកអាចធ្វើ
ចែករំលែកអ្វីដែលអ្នកមាន។ ទោះជាអ្នកមិនសូវមានអ្វីច្រើនក៏ដោយ អ្នកនៅតែអាចចែករំលែកអ្វីដែលអ្នកមាន ទោះជាអាហារមួយពេលដ៏សាមញ្ញក៏ដោយ។ ដាន់ខាន់និងក្រុមគ្រួសាររបស់គាត់ដែលរស់នៅប្រទេសអ៊ូហ្គង់ដា មានជីវភាពក្រីក្រណាស់ ប៉ុន្តែ ពួកគេនៅតែមានចិត្តសប្បុរស។ ដាន់ខាន់បាននិយាយថា៖ «រាល់ថ្ងៃអាទិត្យប្រពន្ធខ្ញុំនិងខ្ញុំបានអញ្ជើញអ្នកឯទៀតឲ្យមកញ៉ាំអាហារសាមញ្ញៗនៅផ្ទះយើង យើងសប្បាយចំណាយពេលជាមួយពួកគេ»។
ពេលអ្នកឲ្យអ្នកឯទៀត សូមមានតុល្យភាព។ អ្នកមិនចង់ឲ្យរហូតដល់ក្រុមគ្រួសាររបស់អ្នកទៅជាខ្វះខាតឡើយ។—យ៉ូប ១៧:៥
សូមសាកធ្វើដូច្នេះ៖ ឲ្យអាហារឬភេសជ្ជៈខ្លះៗដល់អ្នកឯទៀត។ បើអ្នកមានរបស់របរដែលអ្នកលែងត្រូវការ តើអ្នកអាចឲ្យដល់មិត្តភក្ដិឬអ្នកជិតខាងដែលប្រហែលជាត្រូវការរបស់ទាំងនោះឬទេ?
ឲ្យតាមរបៀបផ្សេងទៀត។ អំណោយខ្លះដែលល្អបំផុតគឺមិនតែងតែជាលុយនោះទេ។ ជាឧទាហរណ៍ យើងអាចផ្ដល់ពេលវេលា និងការយកចិត្តទុកដាក់ចំពោះអ្នកឯទៀតដោយធ្វើអ្វីដែលអាចជួយពួកគេ។ សូម្បីតែពាក្យសម្ដីសប្បុរសក៏អាចជាអំណោយដែរ! ដូច្នេះ សូមប្រាប់អ្នកឯទៀតថាអ្នកឲ្យតម្លៃ ឬស្រឡាញ់ពួកគេ។
សូមសាកធ្វើដូច្នេះ៖ ជួយអ្នកឯទៀតធ្វើកិច្ចការផ្ទះ ជួសជុលផ្ទះ ឬទៅផ្សារជួយទិញអីវ៉ាន់ឲ្យពួកគេ។ សរសេរកាតឬផ្ញើសារទៅមិត្តភក្ដិ ទោះបីជាអ្នកគ្រាន់តែនិយាយថា អ្នកកំពុងគិតអំពីពួកគេក៏ដោយ។
ពេលអ្នកស្វែងរកវិធីផ្សេងៗដើម្បីបង្ហាញចិត្តទូលាយ អ្នកនឹងមានសុភមង្គលច្រើនជាង។