បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bi7 ម៉ាកុស ១:១-១៦:២០
  • ម៉ាកុស

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ម៉ាកុស
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
ម៉ាកុស

រៀប​រាប់​ដោយ​ម៉ាកុស

១ ដំណឹង​ល្អ​អំពី​លោក​យេស៊ូ​គ្រិស្ត* ចាប់​ផ្ដើម​ដូច​ត​ទៅ​នេះ៖ ២ ដូច​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ បាន​សរសេរ​ថា៖ «មើល! ខ្ញុំ​នឹង​ចាត់​អ្នក​នាំពាក្យ​របស់​ខ្ញុំ​ឲ្យ​ទៅ​មុន ហើយ​គាត់​នឹង​រៀប​ចំ​ផ្លូវ​ឲ្យ​អ្នក។* ៣ ឮ​ទេ? មាន​សំឡេង​មនុស្ស​ម្នាក់​ស្រែក​ប្រកាស​នៅ​តំបន់​ស្ងាត់​ជ្រងំ​ថា៖ ‹ចូរ​រៀប​ចំ​ផ្លូវ​ទទួល​ព្រះ​យេហូវ៉ា ចូរ​ធ្វើ​ឲ្យ​ផ្លូវ​ទាំង​នោះ​ត្រង់›»។ ៤ យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក បាន​លេច​មុខ​នៅ​តំបន់​ស្ងាត់​ជ្រងំ ប្រកាស​ប្រាប់​មនុស្ស​ឲ្យ​ទទួល​ការ​ជ្រមុជទឹក* ដើម្បី​បង្ហាញ​ថា​ពួក​គេ​បាន​ប្រែ​ចិត្ត ដើម្បី​ទទួល​ការ​អភ័យទោស​ចំពោះ​ការ​ខុស​ឆ្គង* របស់​ខ្លួន។ ៥ ជា​លទ្ធផល មនុស្ស​ទាំង​អស់​នៅ​តំបន់​យូឌា និង​មនុស្ស​គ្រប់​គ្នា​នៅ​ក្រុង​យេរូសាឡិម បាន​ចេញ​ទៅ​ជួប​យ៉ូហាន។ គាត់​បាន​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ​ក្នុង​ទន្លេ​យ៉ូដាន់ ហើយ​ពួក​គេ​បាន​សារភាព​នូវ​ការ​ខុស​ឆ្គង​របស់​ខ្លួន​ជា​សាធារណៈ។ ៦ យ៉ូហាន​មាន​សម្លៀក​បំពាក់​ធ្វើ​ពី​រោម​អូដ្ឋ ឯ​ខ្សែ​ក្រវាត់​ធ្វើ​ពី​ស្បែក ហើយ​អាហារ​របស់​គាត់​គឺជា​សត្វ​កណ្ដូប​និង​ទឹក​ឃ្មុំ​ព្រៃ។ ៧ គាត់​ធ្លាប់​ប្រកាស​ថា៖ «លោក​ដែល​នឹង​មក​ក្រោយ​ខ្ញុំ គឺ​ខ្លាំង​ជាង​ខ្ញុំ។ ខ្ញុំ​មិន​សម​នឹង​ឱន​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក​ផង។ ៨ ខ្ញុំ​បាន​ជ្រមុជ​អ្នក​រាល់​គ្នា​ក្នុង​ទឹក តែ​លោក​នឹង​ជ្រមុជ​អ្នក​រាល់​គ្នា​ក្នុង​សកម្មពល* បរិសុទ្ធ»។

៩ នៅ​គ្រា​នោះ លោក​យេស៊ូ​បាន​មក​ពី​ក្រុង​ណាសារ៉ែត​នៅ​ស្រុក​កាលីឡេ ហើយ​យ៉ូហាន​បាន​ជ្រមុជ​ទឹក​ឲ្យ​លោក​ក្នុង​ទន្លេ​យ៉ូដាន់។ ១០ ក្រោយ​ពី​ងើប​ឡើង​ពី​ទឹក​មក​ភ្លាម លោក​ក៏​ឃើញ​មេឃ​បើក​ចំហ ហើយ​ឃើញ​សកម្មពល​របស់​ព្រះ​ដូច​ជា​សត្វ​ព្រាប ចុះ​មក​សណ្ឋិត​លើ​លោក។ ១១ ហើយ​មាន​សំឡេង​មួយ​មក​ពី​លើ​មេឃ​ថា៖ «អ្នក​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ។ ខ្ញុំ​ពេញ​ចិត្ត​នឹង​អ្នក​ណាស់»។

១២ រំពេច​នោះ សកម្មពល​របស់​ព្រះ​បាន​បណ្ដាល​ចិត្ត​លោក​ឲ្យ​ទៅ​តំបន់​ស្ងាត់​ជ្រងំ។ ១៣ ម្ល៉ោះ​ហើយ លោក​បាន​នៅ​ទី​នោះ​អស់​សែសិប​ថ្ងៃ។ សាថាន* បាន​ល្បួង​លោក ហើយ​លោក​ក៏​នៅ​ជា​មួយ​នឹង​សត្វ​ព្រៃ តែ​ពួក​ទេវតា​បាន​មក​បម្រើ​លោក។

១៤ ក្រោយ​ពេល​ដែល​យ៉ូហាន​ត្រូវ​គេ​ចាប់​ឃុំឃាំង​នោះ លោក​យេស៊ូ​បាន​ទៅ​ស្រុក​កាលីឡេ ហើយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ ១៥ ដោយ​ពោល​ថា៖ «គ្រា​កំណត់​បាន​មក​ដល់​ហើយ រាជាណាចក្រ​របស់​ព្រះ​គឺ​ជិត​ដល់​ហើយ។ ចូរ​ប្រែ​ចិត្ត ហើយ​មាន​ជំនឿ​លើ​ដំណឹង​ល្អ​ចុះ!»។

១៦ កាល​ដែល​លោក​កំពុង​ដើរ​តាម​ឆ្នេរ​សមុទ្រ* កាលីឡេ នោះ​លោក​ឃើញ​ស៊ីម៉ូន​និង​អនទ្រេ​កំពុង​បង់​សំណាញ់​ក្នុង​សមុទ្រ ពីព្រោះ​ពួក​គាត់​ជា​អ្នក​នេសាទ។ ១៧ ដូច្នេះ​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ​ចុះ! ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​អ្នក​នេសាទ​មនុស្ស​វិញ»។ ១៨ ពួក​គាត់​បាន​ទុក​សំណាញ់​ចោល​ភ្លាម ហើយ​ទៅ​តាម​លោក។ ១៩ ពេល​លោក​បាន​ដើរ​ទៅ​មុខ​បន្ដិច​ទៀត ក៏​ឃើញ​កូន​ប្រុស​របស់​សេបេដេ​ពីរ​នាក់ គឺ​យ៉ាកុប​និង​ប្អូន​របស់​គាត់​ឈ្មោះ​យ៉ូហាន។ ពួក​គាត់​នៅ​ក្នុង​ទូក​កំពុង​ជួស​ជុល​សំណាញ់។ ២០ រំពេច​នោះ លោក​ក៏​បាន​ហៅ​ពួក​គាត់។ ពួក​គាត់​ក៏​បាន​ទុក​សេបេដេ​ជា​ឪពុក​ក្នុង​ទូក​ជា​មួយ​នឹង​ពួក​កូន​ឈ្នួល រួច​ហើយ​បាន​ចេញ​ទៅ​តាម​លោក។ ២១ ក្រោយ​មក ពួក​គាត់​បាន​ទៅ​ដល់​ក្រុង​កាពើណិម​ជា​មួយ​នឹង​លោក។

ពេល​ថ្ងៃ​ឈប់​សម្រាក* មក​ដល់​ភ្លាម លោក​បាន​ចូល​ទៅ​សាលា​ប្រជុំ* ហើយ​ចាប់​ផ្ដើម​បង្រៀន។ ២២ ហើយ​មនុស្ស​បាន​នឹក​អស្ចារ្យ​នឹង​សេចក្ដី​បង្រៀន​របស់​លោក ពីព្រោះ​របៀប​ដែល​លោក​បង្រៀន​ពួក​គេ​គឺ​ប្រកបដោយ​អំណាច មិន​មែន​ដូច​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់* បង្រៀន​នោះ​ទេ។ ២៣ ម្យ៉ាង​ទៀត នៅ​ចំ​ពេល​នោះ ក្នុង​សាលា​ប្រជុំ មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ* អសោច​មួយ​ចូល ហើយ​គាត់​បាន​ស្រែក ២៤ សួរ​ថា៖ «នែ! យេស៊ូ​ពី​ក្រុង​ណាសារ៉ែត! តើ​អ្នក​មក​រំខាន​ពួកយើងធ្វើ​អ្វី? តើ​អ្នក​មក​បំផ្លាញ​យើង​ឬ? ខ្ញុំ​ដឹង​ច្បាស់​ថា​អ្នក​ជា​អ្នក​ណា។ អ្នក​ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ»។ ២៥ តែ​លោក​យេស៊ូ​ស្តីបន្ទោស​វា ដោយ​ពោល​ថា៖ «ស្ងៀម​ទៅ! ហើយ​ចេញ​ពី​គាត់!»។ ២៦ រួច​វិញ្ញាណ​អសោច​បាន​ចេញ​ពី​បុរស​នោះ ក្រោយពី​បាន​ស្រែក​អស់​សំឡេង​ហើយ​ធ្វើ​ឲ្យ​គាត់​ដួល​ប្រកាច់។ ២៧ មនុស្ស​ទាំង​ឡាយ​នឹក​ស្ងើច​ក្នុង​ចិត្ត​ដល់​ម្ល៉េះ បាន​ជា​ពួក​គេ​ចាប់​ផ្ដើម​និយាយ​គ្នា​ថា៖ «តើ​នេះ​ជា​អ្វី​ទៅ? នេះ​ជា​សេចក្ដី​បង្រៀន​ថ្មី! លោក​មាន​អំណាច​អាច​បង្គាប់​ទាំង​វិញ្ញាណ​អសោច ហើយ​ពួក​វា​ក៏​ស្ដាប់​តាម​លោក​ដែរ»។ ២៨ ដូច្នេះ ដំណឹង​អំពី​លោក​បាន​ចាប់​ផ្ដើម​ឮ​សុសសាយ​ទូទាំង​ស្រុក​កាលីឡេ​ភ្លាម។

២៩ ភ្លាមៗ​នោះ លោក​និង​ពួក​គាត់​បាន​ចេញ​ពី​សាលា​ប្រជុំ រួច​ចូល​ផ្ទះ​របស់​ស៊ីម៉ូន​និង​អនទ្រេ​ជា​មួយ​នឹង​យ៉ាកុប​និង​យ៉ូហាន។ ៣០ ពេល​នោះ ម្ដាយក្មេក​របស់​ស៊ីម៉ូន​កំពុង​សម្រាន្ត​លើ​គ្រែ​ដោយ​សារ​ឈឺ​គ្រុន​ក្ដៅ។ ពួក​គាត់​បាន​ជម្រាប​លោក​ភ្លាម​អំពី​គាត់។ ៣១ លោក​បាន​ដើរ​ទៅ​ជិត ហើយ​ចាប់​ដៃ​គាត់​ឲ្យ​ងើប​ឡើង។ គ្រុន​នោះ​ក៏​បាត់​ទៅ រួច​គាត់​ចាប់​ផ្ដើម​ធ្វើ​អាហារ​ជូន​លោក​និង​ពួក​គាត់។

៣២ លុះ​ពេល​ល្ងាច​មក​ដល់ ក្រោយ​ថ្ងៃ​លិច មនុស្ស​ចាប់​ផ្ដើម​នាំ​អស់​អ្នក​ដែល​ឈឺ និង​អ្នក​ដែល​មាន​វិញ្ញាណ​កំណាច* ចូល ឲ្យ​មក​ជួប​លោក ៣៣ អ្នក​នៅ​ក្រុង​នោះ​ទាំង​អស់ បាន​មក​មូល​គ្នា​នៅ​មាត់​ទ្វារ​ផ្ទះ​តែ​ម្ដង។ ៣៤ ដូច្នេះ លោក​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ដែល​មាន​ជំងឺ​ផ្សេងៗ បាន​ជា​សះ​ស្បើយ ហើយ​ក៏​បាន​បណ្ដេញ​វិញ្ញាណ​កំណាច​ជា​ច្រើន​ចេញ​ដែរ តែ​លោក​មិន​ឲ្យ​វិញ្ញាណ​កំណាច​ទាំង​នោះ​និយាយ​ទេ ពីព្រោះ​ពួក​វា​ដឹង​ថា​លោក​គឺជា​គ្រិស្ត។

៣៥ រួច​ពេល​ព្រលឹម​ស្រាងៗ កាល​មេឃ​ងងឹត​នៅ​ឡើយ លោក​បាន​ភ្ញាក់​ពី​សម្រាន្ត ហើយ​ចេញ​ទៅ​រក​កន្លែង​មួយ​ឆ្ងាយ​ពី​គេ នៅ​ទី​នោះ​លោក​ចាប់​ផ្ដើម​អធិដ្ឋាន។ ៣៦ ក៏​ប៉ុន្តែ​ស៊ីម៉ូន​និង​អ្នក​ដែល​នៅ​ជា​មួយ​នឹង​គាត់ បាន​តាម​រក​លោក ៣៧ លុះ​រកឃើញ​ហើយ ពួក​គាត់​ប្រាប់​លោក​ថា៖ «មនុស្ស​ទាំង​អស់​កំពុង​រក​លោក»។ ៣៨ ប៉ុន្តែ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «ចូរ​យើង​ទៅ​កន្លែង​ផ្សេង​វិញ ទៅ​ឃុំ​នៅ​ជិតៗ​នេះ ដើម្បី​ខ្ញុំ​អាច​ផ្សព្វ​ផ្សាយ​នៅ​ទី​នោះ​ដែរ ពីព្រោះ​នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​មក»។ ៣៩ រួច​លោក​បាន​ទៅ​ផ្សព្វ​ផ្សាយ​ក្នុង​សាលា​ប្រជុំ​ពេញ​ស្រុក​កាលីឡេ​ទាំង​មូល ថែម​ទាំង​បាន​បណ្ដេញ​វិញ្ញាណ​កំណាច​ទៀត​ផង។

៤០ មាន​បុរស​កើត​ជំងឺ​ឃ្លង់​ម្នាក់​មក​រក​លោក ហើយ​លុត​ជង្គង់​អង្វរ​ថា៖ «បើ​លោក​ចង់​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត លោក​អាច​ធ្វើ​បាន»។ ៤១ ឃើញ​ដូច្នេះ លោក​មាន​ចិត្ត​ក្ដួល​អាណិត រួច​លូក​ដៃ​ទៅ​ពាល់​គាត់​ដោយ​ពោល​ថា៖ «ខ្ញុំ​ចង់​ធ្វើ​ឲ្យ​អ្នក​ជា​ស្អាត​មែន។ សូម​ឲ្យ​ជា​ស្អាត​ចុះ»។ ៤២ រំពេច​នោះ ជំងឺ​ឃ្លង់​បាន​បាត់​ពី​ខ្លួន​គាត់​ទៅ ហើយ​គាត់​បាន​ជា​ស្អាត។ ៤៣ រួច​លោក​បាន​បង្គាប់​គាត់​យ៉ាង​ម៉ឺង​ម៉ាត់ ហើយ​ប្រាប់​ឲ្យ​គាត់​ចេញ​ទៅ​ភ្លាម ៤៤ ដោយ​ពោល​ថា៖ «កុំ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ តែ​ដោយ​សារ​អ្នក​បាន​ជា​ស្អាត ចូរ​ទៅ​បង្ហាញ​ខ្លួន​អ្នក​ដល់​ពួក​សង្ឃ ថែម​ទាំង​ជូន​អ្វី​ដែល​ម៉ូសេ​បាន​បង្គាប់ ដើម្បី​ឲ្យ​ពួក​គាត់​ធ្វើ​ជា​សាក្សី»។ ៤៥ ប៉ុន្តែ​ក្រោយ​ពី​គាត់​បាន​ចេញ​ទៅ គាត់​ចាប់​ផ្ដើម​ប្រកាស​ឲ្យ​មនុស្ស​ឮ​សុសសាយ​នៅ​ទី​ជិត​ឆ្ងាយ​អំពី​រឿង​នោះ រហូត​ដល់​លោក​យេស៊ូ​មិន​អាច​ចូល​ក្នុង​ក្រុង​មួយ​ដោយ​ឥត​លាក់​លៀម​ទៀត​ឡើយ តែ​លោក​ត្រូវ​នៅ​ខាង​ក្រៅ នា​កន្លែង​ឆ្ងាយ​ពី​គេ​វិញ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មនុស្ស​នៅ​តែ​មក​រក​លោក​ពី​គ្រប់​ទិស​ទី។

២ ក៏ប៉ុន្តែ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក លោក​បាន​ចូល​ក្រុង​កាពើណិម​ម្ដង​ទៀត ហើយ​មនុស្ស​បាន​ឮ​ថា​លោក​នៅ​ផ្ទះ។ ២ ម្ល៉ោះ​ហើយ មនុស្ស​ជា​ច្រើន​បាន​ផ្ដុំ​គ្នា​នៅ​ទី​នោះ រហូត​ដល់​គ្មាន​កន្លែង​សល់​ទេ សូម្បី​តែ​នៅ​មាត់​ទ្វារ​ផ្ទះ​ក៏​ដោយ ហើយ​លោក​ចាប់​ផ្ដើម​ប្រាប់​ពួក​គេ​អំពី​ដំណឹង​ល្អ។ ៣ រួច​មាន​បុរស​បួន​នាក់​សែង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​មក​រក​លោក។ ៤ ប៉ុន្តែ​ដោយ​សារ​មាន​មនុស្ស​ច្រើន​កក​កុញ ពួក​គេ​មិន​អាច​នាំ​បុរស​នោះ​ចូល​ទៅ​ជិត​លោក​យេស៊ូ​ឡើយ ដូច្នេះ​ពួក​គេ​បើក​ដំបូល​ត្រង់​កន្លែង​ដែល​លោក​នៅ រួច​ចោះ​ប្រឡោះ​មួយ ហើយ​សម្រូត​គ្រែ​ស្នែង​ដែល​មាន​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ដេក ចុះ​តាម​ប្រឡោះ​នោះ។ ៥ ពេល​ដែល​លោក​យេស៊ូ​ឃើញ​ជំនឿ​របស់​ពួក​គេ លោក​មាន​ប្រសាសន៍​ទៅ​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​នោះ​ថា៖ «កូន​អើយ! ការ​ខុស​ឆ្គង​របស់​អ្នក​បាន​ត្រូវ​អភ័យទោស​ឲ្យ​ហើយ»។ ៦ នៅ​ទី​នោះ​មាន​អ្នក​ខ្លះ​ជា​អ្នក​ជំនាញ​ខាង​ច្បាប់​កំពុង​អង្គុយ​រិះ​គិត​ក្នុង​ចិត្ត​ថា៖ ៧ «ហេតុ​អ្វី​បុរស​នេះ​និយាយ​ដូច្នេះ? គាត់​កំពុង​និយាយ​ប្រមាថ​ព្រះ។ តើ​អ្នក​ណា​អាច​អភ័យទោស​ចំពោះ​ភាព​ខុស​ឆ្គង​បាន ក្រៅ​ពី​ព្រះ?»។ ៨ ប៉ុន្តែ​លោក​យេស៊ូ​បាន​ជ្រាប​ភ្លាម​អំពី​អ្វីដែល​ពួក​គេ​កំពុង​រិះ​គិត។ ម្ល៉ោះ​ហើយ លោក​សួរ​ពួក​គេ​ថា៖ «ហេតុ​អ្វី​អ្នក​រាល់​គ្នា​កំពុង​រិះ​គិត​ក្នុង​ចិត្ត​ដូច្នេះ? ៩ តើ​មួយ​ណា​ស្រួល​ជាង? និយាយ​ទៅ​កាន់​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​នោះ​ថា៖ ‹ការ​ខុស​ឆ្គង​របស់​អ្នក​បាន​ត្រូវ​អភ័យទោស​ឲ្យ​ហើយ› ឬ​និយាយ​ថា៖ ‹ចូរ​ងើប​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​ចុះ›។ ១០ តែ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​មាន​អំណាច​អភ័យទោស​ចំពោះ​ការ​ខុស​ឆ្គង​នៅ​ផែនដី» នោះ​លោក​មាន​ប្រសាសន៍​ទៅ​កាន់​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​នោះ​ថា៖ ១១ «ខ្ញុំ​ប្រាប់​អ្នក​ថា ចូរ​ងើប​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ទៅ​ផ្ទះ​អ្នក​ចុះ»។ ១២ រំពេច​នោះ គាត់​បាន​ងើប​ឡើង ហើយ​យក​គ្រែ​ស្នែង ដើរ​កាត់​មុខ​គេ​ទាំង​អស់​គ្នា​ភ្លាម ធ្វើ​ឲ្យ​ពួក​គេ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ក្រៃ​លែង ហើយ​សរសើរ​តម្កើង​ព្រះ ដោយ​និយាយ​ថា៖ «យើង​មិន​ដែល​ឃើញ​អ្វី​ដូច្នេះ​ឡើយ»។

១៣ លោក​បាន​ចេញ​ទៅ​ឆ្នេរ​សមុទ្រ​ម្ដង​ទៀត រួច​បណ្ដា​ជន​បាន​មក​រក​លោក​ហូរហែ ហើយ​លោក​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ។ ១៤ ប៉ុន្តែ កាល​ដែល​លោក​កំពុង​ដើរ​ហួស​ពី​នោះ លោក​ក្រឡេក​ឃើញ​លេវី​ជា​កូន​អាល់ផៀស កំពុង​អង្គុយ​នៅ​កន្លែង​យក​ពន្ធ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ​ចុះ»* រួច​គាត់​បាន​ក្រោក​ឡើង​តាម​លោក​ទៅ។ ១៥ ក្រោយ​មក ពេល​ដែល​លោក​កំពុង​អង្គុយ​ពិសា​អាហារ​ក្នុង​ផ្ទះ​របស់​លេវី នោះ​អ្នក​យក​ពន្ធ​និង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ជា​ច្រើន​នាក់​បាន​មក​រួម​តុ​ជា​មួយ​នឹង​លោក​យេស៊ូ​និង​អ្នក​កាន់​តាម​លោក ហើយ​ពួក​គេ​ច្រើន​នាក់​បាន​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ ១៦ ប៉ុន្តែ ពេល​ដែល​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ពី​ក្រុម​ផារិស៊ី* ឃើញ​ថា លោក​ពិសា​ជា​មួយ​នឹង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​និង​អ្នក​យក​ពន្ធ​នោះ ពួក​គេ​សួរ​អ្នក​កាន់​តាម​លោក​ថា៖ «តើ​គាត់​ក៏​បរិភោគ​ជា​មួយ​នឹង​អ្នក​យក​ពន្ធ​និង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែរ​ឬ?»។ ១៧ ពេល​ឮ​ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «អ្នក​ដែល​មាន​សុខភាព​មាំ​មួន​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ឡើយ តែ​អ្នក​ដែល​ឈឺ​ទើប​ត្រូវ​ការ​គ្រូ​ពេទ្យ។ ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ឡើយ តែ​បាន​មក​ដើម្បី​ហៅ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​វិញ»។

១៨ ចំណែក​ឯ​អ្នក​កាន់​តាម​យ៉ូហាន​និង​អ្នក​កាន់​តាម​ពួក​ផារិស៊ី ពួក​គេ​មាន​ទម្លាប់​តម​អាហារ។ ដូច្នេះ​ពួក​គេ​បាន​មក​សួរ​លោក​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​កាន់​តាម​យ៉ូហាន​និង​អ្នក​កាន់​តាម​ពួក​ផារិស៊ី មាន​ទម្លាប់​តម​អាហារ តែ​អ្នក​កាន់​តាម​លោក​មិន​តម​អាហារ​ដូច្នេះ?»។ ១៩ រួច​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ដរាប​ណា​ដែល​កូន​កំលោះ​នៅ​ជា​មួយ​មិត្ត​ភក្ដិ នោះ​ពួក​គេ​មិន​អាច​តម​អាហារ​បាន​ឡើយ មែន​ទេ? ដរាប​ណា​ពួក​គេ​មាន​កូន​កំលោះ​នៅ​ជា​មួយ ពួក​គេ​មិន​អាច​តម​អាហារ​បាន​ទេ។ ២០ ក៏​ប៉ុន្តែ នឹង​មាន​គ្រា​មក​ដល់ ពេល​ដែល​កូន​កំលោះ​នឹង​ត្រូវ​គេ​ពង្រាត់​ចេញ​ពី​មិត្ត​ភក្ដិ ហើយ​នៅ​ថ្ងៃ​នោះ​ពួក​គេ​នឹង​តម​អាហារ​វិញ។ ២១ គ្មាន​អ្នក​ណាយ​ក​ក្រណាត់​ថ្មី​មក​ប៉ះ​សម្លៀក​បំពាក់​ចាស់​ឡើយ ពីព្រោះ​បើ​អ្នក​ណា​ធ្វើ​ដូច្នេះ ក្រណាត់​ថ្មី​នោះ​នឹង​រួញ ធ្វើ​ឲ្យ​សម្លៀក​បំពាក់​ចាស់​រហែក​ខ្លាំង​ជាង​មុន​ទៅ​ទៀត។ ២២ ម្យ៉ាង​ទៀត ក៏​គ្មាន​អ្នក​ណាយ​ក​ស្រា​ថ្មី​ច្រក​ថង់​ស្បែក​ចាស់​ដែរ ពីព្រោះ​បើ​ធ្វើ​ដូច្នេះ ស្រា​ថ្មី​នោះ​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ចាស់​ធ្លាយ ហើយ​គាត់​នឹង​ខូច​ខាត ទាំង​ស្រា​ទាំង​ថង់​ស្បែក។ ប៉ុន្តែ​គេ​ច្រក​ស្រា​ថ្មី​ក្នុង​ថង់​ស្បែក​ថ្មី​វិញ»។

២៣ នៅ​ថ្ងៃ​ឈប់​សម្រាក លោក​កំពុង​ដើរ​កាត់​វាល​ស្រូវ​សាលី ហើយ​ពួក​អ្នក​កាន់​តាម​លោក​ដើរ​បណ្ដើរ កាច់​កួរ​ស្រូវ​បណ្ដើរ។ ២៤ ម្ល៉ោះ​ហើយ ពួក​ផារិស៊ី​សួរ​លោក​ថា៖ «មើល! ហេតុ​អ្វី​ពួក​គេ​កំពុង​ធ្វើ​អ្វី​ដែល​គេ​គ្មាន​ច្បាប់​ធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក​ដូច្នេះ?»។ ២៥ តែ​លោក​មាន​ប្រសាសន៍​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​អាន​ទេ អំពីអ្វី​ដែល​ដាវីឌ​បាន​ធ្វើ ពេល​គាត់​និង​បុរស​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​នឹង​គាត់​អស់​ស្បៀងអាហារ ហើយ​ក៏​ឃ្លាន​នោះ? ២៦ តើ​អ្នក​មិន​ធ្លាប់​អាន​ក្នុង​កំណត់​ហេតុអំពី​សម្ដេច​សង្ឃ​អាប៊ីយ៉ាថារ ដែល​ថា​ដាវីឌ​បាន​ចូល​ក្នុង​កន្លែង​គោរព​បូជា​របស់​ព្រះ ហើយ​បរិភោគ​នំ​ប៉័ង​ដែល​បាន​ត្រូវ​ដាក់​តាំង​ជា​គ្រឿង​បូជា ដែល​គ្មាន​អ្នក​ណា​មាន​ច្បាប់​បរិភោគ​ទេ ក្រៅ​ពី​ពួក​សង្ឃ រួច​គាត់​ក៏​ឲ្យ​ដល់​ពួក​បុរស​ដែល​នៅ​ជា​មួយ​នឹង​គាត់​ទៀត​ផង?»។ ២៧ ម្ល៉ោះ​ហើយ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ត​ទៅ​ទៀត​ថា៖ «ថ្ងៃ​ឈប់​សម្រាក​បាន​ត្រូវ​បង្កើត​ជា​ប្រយោជន៍​ដល់​មនុស្ស មិន​មែន​មនុស្ស​បាន​ត្រូវ​បង្កើត​ជា​ប្រយោជន៍​ដល់​ថ្ងៃ​ឈប់​សម្រាក​ទេ។ ២៨ ដូច្នេះ កូន​មនុស្ស​ជា​ម្ចាស់​សូម្បី​តែ​លើ​ថ្ងៃ​ឈប់​សម្រាក»។

៣ ម្ដង​ទៀត លោក​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​មួយ ហើយ​នៅ​ទី​នោះ​មាន​បុរស​ម្នាក់​ដែល​ស្វិត​ដៃ​ម្ខាង។ ២ ដូច្នេះ ពួក​ផារិស៊ី​ចាំ​សង្កេត​មើល​ថា​តើ​លោក​ធ្វើ​ឲ្យ​បុរស​នោះ​ជា​សះ​ស្បើយ​នៅ​ថ្ងៃ​ឈប់​សម្រាក​ឬ​ទេ ដើម្បី​ឲ្យ​ពួក​គេ​មាន​ហេតុ​ចោទ​ប្រកាន់​លោក។ ៣ លោក​មាន​ប្រសាសន៍​ទៅ​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​មក​ឈរ​នៅ​ចំ​កណ្ដាល»។ ៤ បន្ទាប់​មក លោក​សួរ​ពួក​គេ​ថា៖ «នៅ​ថ្ងៃ​ឈប់​សម្រាក តើ​មាន​ច្បាប់​ធ្វើ​អំពើ​ល្អ​ឬ​អំពើ​អាក្រក់? តើ​មាន​ច្បាប់​សង្គ្រោះ​ឬ​សម្លាប់​ជីវិត?»។* តែ​ពួក​គេ​នៅ​ស្ងៀម។ ៥ បន្ទាប់​ពី​បាន​មើល​មុខ​ពួក​គេ​ទាំង​ទាស់​ចិត្ត ថែម​ទាំង​ខក​ចិត្ត​យ៉ាង​ខ្លាំង ដោយ​សារ​ចិត្ត​គេ​ស្ពឹក នោះ​លោក​ក៏​ប្រាប់​បុរស​ស្វិត​ដៃ​ថា៖ «ចូរ​លា​ដៃ​អ្នក​ទៅ»។ គាត់​បាន​លា​ដៃ ហើយ​ដៃ​របស់​គាត់​បាន​ជា​ឡើង​វិញ។ ៦ ឃើញ​ដូច្នេះ ពួក​ផារិស៊ី​ចេញ​ទៅ​ភ្លាមៗ ហើយ​ចាប់​ផ្ដើម​ប្រឹក្សា​ជា​មួយ​នឹង​បក្សពួក​របស់​ហេរ៉ូឌ ដើម្បី​រក​វិធី​សម្លាប់​លោក។

៧ ប៉ុន្តែ​លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​បាន​ចេញ​ពី​ទី​នោះ​ទៅ​ឆ្នេរ​សមុទ្រ​វិញ ហើយ​មាន​មនុស្ស​មួយ​ក្រុម​យ៉ាង​ធំ​មក​ពី​ស្រុក​កាលីឡេ​និង​តំបន់​យូឌា​បាន​ទៅ​តាម​លោក​ដែរ។ ៨ ក្រោយ​ពី​បាន​ឮ​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែលលោក​កំពុង​ធ្វើ សូម្បី​តែ​មនុស្ស​មួយ​ក្រុម​យ៉ាង​ធំ​មក​ពី​ក្រុង​យេរូសាឡិម ពី​ស្រុក​អ៊ីឌុំមេ ពី​ខាង​នាយ​ទន្លេ​យ៉ូដាន់ ព្រម​ទាំង​ពី​តំបន់​ទីរ៉ុស​និង​ស៊ីដូន​ក៏​បាន​មក​រក​លោក​ដែរ។ ៩ លោក​បាន​ប្រាប់​អ្នក​កាន់​តាម​ឲ្យ​ត្រៀម​ទូក​មួយ​ទុក​សម្រាប់​លោក ដើម្បីកុំ​ឲ្យបណ្ដា​ជន​ចោមរោម​លោក ១០ ពីព្រោះ​លោក​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ជា​សះ​ស្បើយ ហេតុ​នេះ​អស់​អ្នក​ដែល​កំពុង​ឈឺ​ចាប់​ដោយ​សារ​ជំងឺ​ផ្សេងៗ បាន​ប្រជ្រៀត​គ្នា​ដើម្បី​ពាល់​លោក។ ១១ សូម្បី​តែ​ពួក​វិញ្ញាណ* អសោច ពេល​វា​បាន​ឃើញ​លោក ក៏​ក្រាប​ពី​មុខ​លោក​ហើយ​ស្រែក​ថា៖ «លោក​ជា​បុត្រ​របស់​ព្រះ»។ ១២ ប៉ុន្តែ​លោក​បង្គាប់​ពួក​វា​យ៉ាង​ម៉ឺង​ម៉ាត់​ជា​ច្រើន​ដង មិន​ឲ្យ​ប្រាប់​គេ​ថា​លោក​ជា​អ្នក​ណា​ឡើយ។

១៣ ក្រោយ​មក លោក​ឡើង​លើ​ភ្នំ​មួយ រួច​ហៅ​អស់​អ្នក​ដែល​លោក​ជ្រើស​រើស ហើយ​ពួក​គាត់​បាន​ទៅ​តាម​លោក។ ១៤ រួច​មក លោក​បាន​ជ្រើស​រើស​បុរស​ដប់​ពីរ​នាក់ ដែល​លោក​ហៅ​ថា​«សាវ័ក»* ដើម្បី​ឲ្យ​ពួក​គាត់​នៅ​ជាប់​ជា​មួយ​នឹង​លោក ហើយ​ដើម្បី​ចាត់​ពួក​គាត់​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ ១៥ ថែម​ទាំង​មាន​អំណាច​បណ្ដេញ​ពួក​វិញ្ញាណ​កំណាច​ទៀត​ផង។

១៦ ចំណែក​បុរស​ដប់​ពីរ​នាក់​ដែល​លោក​បាន​ជ្រើស​រើស រួម​មាន៖ ស៊ីម៉ូន ដែល​លោក​បាន​ដាក់​ឈ្មោះ​មួយ​ទៀត​ថា​ពេត្រុស* ១៧ ហើយ​មាន​យ៉ាកុប​ជា​កូន​របស់​សេបេដេ និង​យ៉ូហាន​ជា​ប្អូន​របស់​យ៉ាកុប (លោក​ក៏​បាន​ដាក់​ឈ្មោះ​ពីរនាក់នោះ​ថា​បោណាគើស ដែល​មាន​ន័យ​ថា​កូន​ផ្គរ​លាន់) ១៨ ហើយ​ក៏​មាន​អនទ្រេ ភីលីព បាថូឡូម៉េ ម៉ាថាយ ថូម៉ាស់ យ៉ាកុប​ជា​កូន​អាល់ផៀស ថាដេ និង​ស៊ីម៉ូន​កាណានាន* ១៩ ព្រម​ទាំង​យូដាស​អ៊ីស្ការីយ៉ុត (ដែល​ក្រោយ​មក​បាន​ក្បត់​លោក)។

ក្រោយ​មក លោក​ចូល​ក្នុង​ផ្ទះ​មួយ។ ២០ រួច​មក​មាន​មនុស្ស​ជា​ច្រើន​មូល​គ្នា​មក​រក​លោក​ម្ដង​ទៀត រហូត​ដល់​លោក​និង​ពួក​អ្នក​កាន់​តាម​មិន​អាច​បរិភោគ​អាហារ​បាន។ ២១ ប៉ុន្តែ​ពេល​ដែល​ញាតិ​សន្ដាន​របស់​លោក​ឮ​អំពី​នោះ ពួក​គេ​ចេញ​ទៅ​ក្នុង​បំណង​ចាប់​យក​លោក ពីព្រោះ​ពួក​គេ​បាន​និយាយ​ថា៖ «គាត់​វង្វេង​ស្មារតី​ហើយ»។ ២២ ម្យ៉ាង​ទៀត ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ដែល​បាន​មក​ពី​ក្រុង​យេរូសាឡិម​បាន​និយាយ​ថា៖ «អ្នក​នេះ​មាន​បេលសេប៊ូល* ចូល ហើយ​ក៏​ដេញ​ពួក​វិញ្ញាណ​កំណាច​ដោយ​អំណាច​របស់​អ្នក​គ្រប់​គ្រង​វិញ្ញាណ​កំណាច»។ ២៣ ម្ល៉ោះ​ហើយ ក្រោយ​ពី​លោក​បាន​ហៅ​ពួក​គេ​មក លោក​ចាប់​ផ្ដើម​មាន​ប្រសាសន៍​ដោយ​ប្រើ​ឧទាហរណ៍​ថា៖ «តើ​សាថាន* អាច​ដេញ​សាថាន​ដូច​ម្ដេច​បាន? ២៤ ប្រសិនបើ​រាជាណាចក្រ​ណា​មួយបែកបាក់​ទាស់​ប្រឆាំង​គ្នា រាជាណាចក្រ​នោះ​មិន​អាច​នៅ​ស្ថិតស្ថេរ​បាន​ទេ ២៥ ហើយ​បើ​ក្រុម​គ្រួសារ​មួយ​បែកបាក់​ទាស់​ប្រឆាំង​គ្នា ក្រុម​គ្រួសារ​នោះ​នឹង​រលាយ​ទៅ។ ២៦ ដូច​គ្នា​ដែរ បើ​សាថាន​កំពុង​ទាស់​ប្រឆាំង​ខ្លួន​ឯង ហើយ​បែកបាក់​គ្នា​នោះ សាថាន​មិន​អាច​នៅ​ស្ថិតស្ថេរ​បាន​ទេ តែ​កំពុង​រក​កល់​វិនាស​វិញ។ ២៧ តាម​ពិត គ្មាន​អ្នក​ណា​អាច​ចូល​ក្នុង​ផ្ទះ​របស់​បុរស​ខ្លាំង​ពូកែ​ម្នាក់ ហើយ​ប្លន់​ទ្រព្យ​សម្បត្ដិ​របស់​គាត់​បាន​ទេ លុះ​ត្រា​តែ​អ្នក​នោះ​ចង​បុរស​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន ទើប​អាច​ប្លន់​ផ្ទះ​របស់​គាត់​បាន។ ២៨ ខ្ញុំ​ប្រាប់​ការ​ពិត​ដល់​អ្នក​រាល់​គ្នា​ថា ទោះ​ជា​មនុស្ស​ធ្វើ​ខុស​អ្វី ឬ​ពោល​ពាក្យ​ប្រមាថ​អ្វី​ក៏​ដោយ នោះ​នឹង​ត្រូវ​អភ័យទោស​ឲ្យ។ ២៩ ក៏​ប៉ុន្តែ អ្នក​ណា​ដែល​ពោល​ពាក្យ​ប្រមាថ​សកម្មពល* របស់​ព្រះ ព្រះ​នឹង​មិន​អភ័យទោស​ឲ្យ​អ្នក​នោះ​ឡើយ តែ​ការ​ខុស​ឆ្គង​នោះ​នៅ​ជាប់​ជា​រៀង​រហូត»។ ៣០ លោក​យេស៊ូ​មាន​ប្រសាសន៍​ដូច្នេះ ពីព្រោះ​ពួក​គេ​បាន​និយាយ​ថា៖ «អ្នក​នេះ​មាន​វិញ្ញាណ​អសោច​ចូល»។

៣១ ក្រោយ​មក ម្ដាយ​និង​ប្អូនៗ​របស់​លោក​បាន​មក​ដល់ ហើយ​ឈរ​នៅ​ខាង​ក្រៅ។ រួច​មក ពួក​គាត់​បាន​ចាត់​គេ​ឲ្យ​ចូល​ទៅ​ហៅ​លោក។ ៣២ ប៉ុន្តែ​មាន​មនុស្ស​មួយ​ក្រុម​កំពុង​អង្គុយ​នៅ​ជុំ​វិញ​លោក ហើយ​មនុស្ស​ម្នាក់​ពី​ចំណោម​ពួក​គេ​បាន​ជម្រាប​លោក​ថា៖ «មើល! ម្ដាយ​និង​ប្អូន​ប្រុសៗ​របស់​លោក​នៅ​ខាង​ក្រៅ កំពុង​រក​ជួប​លោក»។ ៣៣ ប៉ុន្តែ​លោក​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «តើ​អ្នក​ណា​ជា​ម្ដាយ​និង​ជា​ប្អូនៗ​របស់​ខ្ញុំ?»។ ៣៤ ក្រោយ​ពី​បាន​មើល​អ្នក​ដែល​កំពុង​អង្គុយ​ជុំ​វិញ នោះ​លោក​ពោល​ថា៖ «នុ៎ះ​ន៏! ម្ដាយ​របស់​ខ្ញុំ និង​ប្អូន​ប្រុសៗ​របស់​ខ្ញុំ។ ៣៥ អ្នក​ណា​ដែល​ធ្វើ​តាម​បំណងប្រាថ្នា​របស់​ព្រះ អ្នក​នោះ​ហើយ​ជា​ប្អូន​ប្រុស ប្អូន​ស្រី និង​ម្ដាយ​របស់​ខ្ញុំ»។

៤ រួច​លោក​ចាប់​ផ្ដើម​បង្រៀន​នៅ​ឆ្នេរ​សមុទ្រ​ម្ដង​ទៀត។ ពេល​នោះ មនុស្ស​សន្ធឹក​បាន​មូល​គ្នា​មក​ជិត​លោក រហូត​ដល់​លោក​ត្រូវ​ចុះ​ទៅ​អង្គុយ​ក្នុង​ទូក​មួយ ហើយ​ចេញ​ពី​ច្រាំង​បន្ដិច តែ​បណ្ដា​ជន​បាន​នៅ​លើ​មាត់​ច្រាំង​វិញ។ ២ ម្ល៉ោះ​ហើយ លោក​ចាប់​ផ្ដើម​បង្រៀន​សេចក្ដី​ពិត​ជា​ច្រើន ដោយ​ប្រើ​ឧទាហរណ៍ ក្នុង​ការ​បង្រៀន​ពួក​គេ​ដោយ​ពោល​ថា៖ ៣ «ចូរ​ស្ដាប់​ចុះ។ មើល! បុរស​ម្នាក់​បាន​ចេញ​ទៅ​សាប​ព្រោះ។ ៤ ពេល​ដែល​គាត់​កំពុង​សាប​ព្រោះ នោះ​គ្រាប់​ពូជ​ខ្លះ​បាន​ធ្លាក់​តាម​ផ្លូវ ហើយ​មាន​សត្វ​ស្លាប​មក​ចឹក​ស៊ី​អស់​ទៅ។ ៥ គ្រាប់​ពូជ​ខ្លះ​ទៀត​បាន​ធ្លាក់​លើ​កន្លែង​មាន​ផ្ទាំង​ថ្ម មិន​សូវ​មាន​ដី រួច​ក៏​ដុះ​ចេញ​ផុត​ពី​ដី​ភ្លាមៗ ដោយ​សារ​ដី​នោះ​រាក់។ ៦ ក៏​ប៉ុន្តែ ពេល​ដែល​ថ្ងៃ​រះ​ឡើង វា​បាន​ស្លោ​ក​ទៅ ហើយ​ដោយ​សារ​ឫស​ចាក់​មិន​ជ្រៅ វា​បាន​ក្រៀម​ស្វិត។ ៧ ឯ​គ្រាប់​ពូជ​ខ្លះ​ទៀត​បាន​ធ្លាក់​នៅ​លើ​ដី​ដែល​មាន​ដើម​បន្លា រួច​ដើម​បន្លា​ក៏​ដុះ​ឡើង​គ្រប​ជិត​គ្រាប់​ពូជ​នោះ ហើយ​វា​មិន​បង្កើត​ផល​ឡើយ។ ៨ ប៉ុន្តែ​គ្រាប់​ពូជ​ខ្លះ​បាន​ធ្លាក់​លើ​ដី​ល្អ ហើយ​បាន​ដុះ​ឡើង​បង្កើត​ផល មួយ​ជា​សាមសិប មួយ​ជា​ហុកសិប និង​មួយ​ជា​មួយ​រយ»។ ៩ ដូច្នេះ លោក​ពោល​បន្ថែម​ថា៖ «អ្នក​ណា​ដែល​មាន​ត្រចៀក​អាច​ស្ដាប់​ឮ ចូរ​ស្ដាប់​ចុះ»។

១០ ពេល​ដែល​លោក​នៅ​ដាច់​ពី​គេ នោះ​អ្នក​ដែល​នៅ​ជា​មួយ​នឹង​សាវ័ក​ទាំង​ដប់​ពីរ​នាក់ ហើយ​នៅ​ជុំ​វិញ​លោក​ចាប់​ផ្ដើម​សួរ​អំពី​ឧទាហរណ៍​ទាំង​នោះ។ ១១ រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «ព្រះ​បាន​ជួយ​ឲ្យ​អ្នក​រាល់​គ្នា​យល់​អាថ៌​កំបាំងដ៏​ពិសិដ្ឋ​អំពី​រាជាណាចក្រ​របស់​ព្រះ។ ប៉ុន្តែ​ចំពោះ​អ្នក​ក្រៅ​វិញ អ្វីៗ​ដែល​ពួក​គេ​ឮ​ត្រឹម​តែជា​ឧទាហរណ៍​ប៉ុណ្ណោះ ១២ ដើម្បី​កាល​ណា​មើល ពួក​គេ​នឹង​មើល​មិន​ឃើញ ហើយ​ឮ តែ​មិន​អាច​យល់​អត្ថន័យ ហើយ​មិន​អាច​វិល​មក​វិញ ឲ្យ​ព្រះ​អភ័យទោស​ពួក​គេ​ឡើយ»។ ១៣ លោក​មាន​ប្រសាសន៍​ត​ទៅ​ទៀត​ថា៖ «អ្នក​រាល់​គ្នា​មិន​យល់​ឧទាហរណ៍​នេះ ដូច្នេះ​ធ្វើ​ដូច​ម្ដេច​ឲ្យ​យល់​ឧទាហរណ៍​ឯ​ទៀត​បាន?

១៤ «អ្វី​ដែល​បុរស​នោះ​សាប​ព្រោះ​គឺជា​បណ្ដាំ​របស់​ព្រះ។ ១៥ ដូច្នេះ​មនុស្ស​ដែល​ប្រៀប​ដូច​ជា​ផ្លូវ​នោះ គឺជា​អ្នក​ដែល​បាន​ត្រូវ​បណ្ដាំ​របស់​ព្រះ​សាប​ព្រោះ​ក្នុង​ពួក​គេ តែ​កាល​បាន​ឮ​បណ្ដាំ​ព្រះ​ភ្លាម សាថាន* មក​ឆក់​យក​បណ្ដាំ​ដែល​បាន​ត្រូវ​សាប​ព្រោះ​នោះ​ទៅ។ ១៦ ចំណែក​មនុស្ស​ដែល​ប្រៀប​ដូច​ជា​ផ្ទាំង​ថ្ម កាល​ដែល​ឮ​បណ្ដាំ​របស់​ព្រះ​ភ្លាម ពួក​គេ​ក៏​ទទួល​បណ្ដាំ​នោះ​ដោយ​អំណរ។ ១៧ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ បណ្ដាំ​របស់​ព្រះ​គ្មាន​ឫស​ក្នុង​ពួក​គេ​ឡើយ។ តែ​ពួក​គេ​នៅ​ជាប់​បាន​មួយ​រយៈ រួច​ពេល​កើត​មាន​ទុក្ខ​លំបាក​ឬ​ការ​បៀតបៀន​ដោយ​សារ​បណ្ដាំ​របស់​ព្រះ​ភ្លាម នោះ​ពួក​គេ​ជំពប់​ដួល។* ១៨ មនុស្ស​ខ្លះ​ទៀត​គឺ​ប្រៀប​ដូច​ជា​ដី​ដែល​មាន​ដើម​បន្លា នោះ​សំដៅ​ទៅ​អ្នក​ដែល​បាន​ឮ​បណ្ដាំ​របស់​ព្រះ ១៩ ប៉ុន្តែ​ការ​ខ្វល់ខ្វាយ​អំពី​ជីវភាព​នៅ​សម័យ* នេះ និង​ការ​ល្បួង​នៃ​ទ្រព្យ​សម្បត្ដិ និង​ចិត្ត​ប្រាថ្នា​ឲ្យ​បាន​អ្វីៗ​ផ្សេង​ទៀត​ក៏​ចូល​មក​គ្រប​បាំង​បណ្ដាំ​របស់​ព្រះ​ជិត មិន​ឲ្យ​បង្កើត​ផល​ឡើយ។ ២០ មនុស្ស​ដែល​ប្រៀប​ដូច​ជា​ដី​ល្អ គឺជា​អ្នក​ដែល​ស្ដាប់​បណ្ដាំ​របស់​ព្រះ ហើយ​ទទួល​ដោយ​អំណរ រួច​បង្កើត​ផល​មួយ​ជា​សាមសិប មួយ​ជា​ហុកសិប និង​មួយ​ជា​មួយ​រយ»។

២១ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ត​ទៅ​ទៀត​ថា៖ «គេ​មិន​ដែល​យក​ចង្កៀង​មក​ដើម្បី​ដាក់​ក្រោម​ប្រដាប់​វាល់​ស្រូវ ឬ​ក្រោម​គ្រែ​ឡើយ មែន​ទេ? គេ​យក​មក​ដើម្បី​ដាក់​លើ​ជើង​ចង្កៀង​វិញ ២២ ព្រោះ​ថា គេ​មិន​ដែល​លាក់​អ្វី​មួយ លើក​លែង​តែ​មាន​បំណង​បង្ហាញ​ឲ្យ​ឃើញ​ក្រោយ​មក ហើយ​គេ​មិន​ដែល​បិទ​បាំង​អ្វី​យ៉ាង​ជិត​ល្អ លើក​លែង​តែ​មាន​បំណង​បើក​បង្ហាញ​ក្រោយ​មក។ ២៣ អ្នក​ណា​ដែល​មាន​ត្រចៀក​អាច​ស្ដាប់​ឮ ចូរ​ស្ដាប់​ចុះ»។

២៤ លោក​មាន​ប្រសាសន៍​ថែម​ទៀត​ថា៖ «ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្វី​ដែល​អ្នក​កំពុង​ឮ។ អ្នក​វាល់​ប៉ុណ្ណា អ្នក​នឹង​ទទួល​ប៉ុណ្ណឹង គឺ​អ្នក​នឹង​ទទួល​ថែម​ទៀត​ផង ២៥ ដោយ​ហេតុ​ថា អ្នក​ណា​ដែល​មាន នឹង​ទទួល​ថែម​ទៀត តែ​អ្នក​ណា​ដែល​គ្មាន សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​មាន​ក៏​នឹង​ត្រូវ​ដក​ហូត​ផង»។

២៦ លោក​មាន​ប្រសាសន៍​បន្ថែម​ថា៖ «រាជាណាចក្រ​របស់​ព្រះ​គឺ​ដូច​ត​ទៅ​នេះ៖ គឺ​ដូច​ពេល​បុរស​ម្នាក់​សាប​ព្រោះ​គ្រាប់​ពូជ​លើ​ដី ២៧ រួច​ពេល​យប់​គាត់ដេក ហើយ​ពេល​ថ្ងៃ​គាត់​ក្រោក​ឡើង ចំណែក​គ្រាប់​ពូជ​វិញ វា​ចេញ​ពន្លក​ហើយ​ធំ​ឡើង តែ​គាត់​មិន​ដឹង​ថា​វា​ដុះ​តាម​របៀប​ណា​ឡើយ។ ២៨ បន្ដិច​ម្ដងៗ ដី​បង្កើត​ផល​ដោយ​ឯកឯង មុន​ដំបូង​ចេញ​ទង រួច​មក​មាន​កួរ ហើយ​ទី​បំផុត​មាន​គ្រាប់។ ២៩ កាល​ស្រូវ​ទុំ​ហើយ គាត់​ទាញ​កណ្ដៀវ​មក​ច្រូត ពីព្រោះ​រដូវ​ចម្រូត​បាន​មក​ដល់​ហើយ»។

៣០ រួច​លោក​ពោល​ត​ទៅ​ទៀត​ថា៖ «តើ​យើង​អាច​ប្រដូច​រាជាណាចក្រ​របស់​ព្រះ​ទៅ​នឹង​អ្វី? ហើយ​តើ​យើង​អាច​ប្រើ​ឧទាហរណ៍​អ្វី ដើម្បី​ពណ៌​នា​អំពី​រាជាណាចក្រ​របស់​ព្រះ? ៣១ គឺ​ប្រៀប​ដូច​ជា​គ្រាប់​មូស្ដាត។* កាល​គេ​ដាំ​ក្នុង​ដី គ្រាប់​នោះ​ជា​គ្រាប់​តូច​បំផុត​លើ​ផែនដី។ ៣២ តែ​ក្រោយ​ពី​បាន​ត្រូវ​ដាំ​ហើយ គ្រាប់​នោះ​ដុះ​ឡើង​ធំ​ជាង​ដំណាំ​ទាំង​អស់ ហើយ​បែកមែក​ធំៗ រហូត​ដល់​សត្វ​ស្លាប​នៅ​លើ​មេឃ​អាច​ជ្រក​អាស្រ័យ​ក្នុង​ម្លប់​ដើម​នោះ​បាន»។

៣៣ ដោយ​ប្រើ​ឧទាហរណ៍​ជា​ច្រើន​បែប​នោះ លោក​ធ្លាប់​តែ​មាន​ប្រសាសន៍​ប្រាប់​ពួក​គេ​អំពី​បណ្ដាំ​របស់​ព្រះ តាម​តែ​ពួក​គេ​អាច​យល់​បាន។ ៣៤ លោក​មិន​ដែល​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ដោយ​មិន​ប្រើ​ឧទាហរណ៍​ឡើយ។ ប៉ុន្តែ​ចំពោះ​អ្នក​កាន់​តាម​លោក​វិញ លោក​ធ្លាប់​តែ​ពន្យល់​អ្វីៗ​ទាំង​អស់​ដោយ​ឡែក​ពី​គេ។

៣៥ កាល​យប់​ហើយ​នៅ​ថ្ងៃ​នោះ លោក​មាន​ប្រសាសន៍​ប្រាប់​ពួក​គាត់​ថា៖ «ចូរ​យើង​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។ ៣៦ ម្ល៉ោះ​ហើយ ក្រោយ​ពី​បាន​ឲ្យ​បណ្ដា​ជន​ត្រឡប់​ទៅ​វិញ​នោះ ពួក​គាត់​និង​លោក​បាន​ចូល​ក្នុង​ទូក​រួច​ចេញ​ដំណើរ​ទៅ​តែ​ម្ដង ហើយ​មាន​ទូក​ឯ​ទៀត​នៅ​ទី​នោះ​ដែរ។ ៣៧ ក្រោយ​មក មាន​ខ្យល់​ព្យុះ​ដ៏​ខ្លាំង​មួយ ហើយ​រលក​បាន​បក់​បោក​វាយ​ផ្ទប់​ទូក​នោះ រហូត​ដល់​ទឹក​ចូល​ជិត​ពេញ។ ៣៨ ប៉ុន្តែ​លោក​កំពុង​សម្រាន្ត​លក់​លើ​ខ្នើយ​នៅ​កន្សៃ​ទូក។ ដូច្នេះ​ពួក​គាត់​បាន​ដាស់​លោក ហើយ​សួរ​ថា៖ «លោក​គ្រូ! តើ​លោក​មិន​ខ្វល់​ថា​យើង​ជិត​វិនាស​ហើយ​ទេ​ឬ?»។ ៣៩ ឮ​ដូច្នេះ លោក​ងើប​ឡើង ហើយ​ស្តីបន្ទោស​ខ្យល់ ថែម​ទាំង​ស្រដី​ទៅ​សមុទ្រ​ថា៖ «ចូរ​ស្ងៀម​ទៅ!»។ រួច​ខ្យល់​ក៏​ស្ងប់ ហើយ​ក៏​កើត​មាន​សភាព​ស្ងប់​ស្ងាត់​ក្រៃ​លែង។ ៤០ ម្ល៉ោះ​ហើយ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​ខ្លាច​ដូច្នេះ? តើ​អ្នក​នៅ​តែ​មិន​ទាន់​មាន​ជំនឿ​ទេ​ឬ?»។ ៤១ ប៉ុន្តែ​ពួក​គាត់​នឹក​ស្ញប់​ស្ញែង​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ហើយ​បាន​សួរ​គ្នា​ថា៖ «តើ​លោក​នេះ​ពិត​ជា​អ្នក​ណា? សូម្បី​តែ​ខ្យល់​និង​សមុទ្រ​ក៏​ស្ដាប់បង្គាប់​លោក​ដែរ»។

៥ ក្រោយ​មក លោក​និង​ពួក​គាត់​បាន​ទៅ​ដល់​ត្រើយ​ម្ខាង នៅ​ជិត​ក្រុង​ហ្គេរ៉ាសា។ ២ ពេល​លោក​ចេញ​ពី​ទូក​ភ្លាម បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ* អសោច​ចូល បាន​ចេញ​ពី​ទី​បញ្ចុះ​សព​មក​ជួប​លោក។ ៣ បុរស​នោះ​ធ្លាប់​ស្នាក់​នៅ​ទី​បញ្ចុះ​សព ហើយ​មក​ដល់​ពេល​នោះ គ្មាន​អ្នក​ណា​សោះ​ដែល​អាច​ចង​គាត់​បាន សូម្បី​តែ​ដាក់​ច្រវាក់​ក៏​មិន​ជាប់​ដែរ ៤ ពីព្រោះ​ធ្លាប់​មាន​គេ​ដាក់​ខ្នោះ​និង​ដាក់​ច្រវាក់​ច្រើន​ដង ប៉ុន្តែ​គាត់​តែង​តែ​ផ្ដាច់​ច្រវាក់​និង​បំបាក់​ខ្នោះ​ទាំង​នោះ ហើយ​គ្មាន​អ្នក​ណា​មាន​កម្លាំង​ល្មម​នឹង​ចាប់​សង្កត់​គាត់​បាន​ឡើយ។ ៥ គាត់​ចេះ​តែ​ស្រែក​ទាំង​យប់​ទាំង​ថ្ងៃ​តាម​ទី​បញ្ចុះ​សព​និង​តាម​ភ្នំ ហើយ​យក​ថ្ម​មក​ឆូត​សាច់​ខ្លួន​ឯង​ទៀត​ផង។ ៦ ក៏​ប៉ុន្តែ ពេល​ដែល​ក្រឡេក​ឃើញ​លោក​យេស៊ូ​ពី​ចម្ងាយ គាត់​រត់​ទៅ​លំឱន​កាយ​ពី​មុខ​លោក ៧ ហើយ​ក្រោយ​ពី​បាន​ស្រែក​យ៉ាង​ខ្លាំង​មក គាត់​និយាយ​ថា៖ «លោក​យេស៊ូ​ជា​បុត្រ​របស់​ព្រះដ៏​ខ្ពង់​ខ្ពស់​បំផុត! តើ​លោក​មក​រំខាន​ខ្ញុំ​ធ្វើ​អ្វី? លោក​ត្រូវ​ស្បថ​នៅ​មុខ​ព្រះ​ថា លោក​នឹង​មិន​ធ្វើ​ទារុណកម្ម​ខ្ញុំ​ឡើយ»។ ៨ នេះ​ដោយ​សារ​លោក​បាន​បង្គាប់​វា​ថា៖ «វិញ្ញាណ​អសោច! ចូរ​ចេញ​ពី​បុរស​នោះ​ទៅ»។ ៩ រួច​លោក​ចាប់​ផ្ដើម​សួរ​វា​ថា៖ «តើ​អ្នក​ឈ្មោះ​អ្វី?» ហើយ​វា​ឆ្លើយ​ថា៖ «ខ្ញុំ​ឈ្មោះ​កងពល ពីព្រោះ​យើង​មាន​គ្នា​ច្រើន» ១០ ហើយ​វា​បាន​អង្វរ​លោក​ច្រើន​ដង កុំ​ឲ្យ​បណ្ដេញ​ពួក​វិញ្ញាណ​ចេញ​ពី​ស្រុក​នោះ។

១១ នៅ​ពេល​នោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ កំពុង​រក​ស៊ី​នៅ​លើ​ភ្នំ។ ១២ ដូច្នេះ ពួក​វិញ្ញាណ​បាន​អង្វរ​លោក​ថា៖ «សូម​បញ្ជូន​យើង​ទៅ​ក្នុង​ជ្រូក​ទាំង​នោះ ដើម្បី​យើង​អាច​ចូល​ទៅ​ក្នុង​វា​បាន» ១៣ ហើយ​លោក​អនុញ្ញាត​ឲ្យ​ពួក​វា​ទៅ។ ឮ​ដូច្នេះ ពួក​វិញ្ញាណ​អសោច​បាន​ចេញ​ពី​បុរស​នោះ ហើយ​ចូល​សត្វ​ជ្រូក។ រួច​ហ្វូង​ជ្រូក​នោះ ប្រមាណ​ពីរ​ពាន់​ក្បាល បាន​បោល​ទៅ​ធ្លាក់​ច្រាំង​ចោត​ចូល​ក្នុង​សមុទ្រ ហើយ​លង់​ទឹក​ងាប់​អស់។ ១៤ ប៉ុន្តែ​អ្នក​ដែល​ឃ្វាល​សត្វ​ទាំង​នោះ​បាន​រត់​ទៅ​ប្រាប់​មនុស្ស​នៅ​ក្រុង និង​នៅ​ជនបទ រួច​មនុស្ស​បាន​មក​មើល​ឲ្យ​ដឹង​ថា​អ្វី​បាន​កើត​ឡើង។ ១៥ ពួក​គេ​បាន​មក​រក​លោក​យេស៊ូ ហើយ​បាន​ឃើញ​បុរស​ដែល​ធ្លាប់​មាន​ពួក​វិញ្ញាណ​កំណាច​ចូល​កំពុង​អង្គុយ​នៅ​ទី​នោះ​ដោយ​មាន​សម្លៀក​បំពាក់ ព្រម​ទាំង​លែង​វង្វេង​ស្មារតី​ទៀត​ផង គឺ​អ្នក​នោះ​ឯង​ដែល​ពី​មុន​មាន​ពួក​វិញ្ញាណ​កំណាច​មួយ​កងពល​ចូល។ ដូច្នេះ​ពួក​គេ​ក៏​ភ័យ​ខ្លាច។ ១៦ ម្យ៉ាង​ទៀត អ្នក​ដែល​បាន​ឃើញ​ហេតុ​ការណ៍​នោះ​ផ្ទាល់​នឹង​ភ្នែក បាន​រៀប​រាប់​ប្រាប់​ពួក​គេ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​បុរស​ដែល​មាន​វិញ្ញាណ​កំណាច​ចូល និង​អំពី​សត្វ​ជ្រូក​ទាំង​នោះ។ ១៧ ម្ល៉ោះ​ហើយ ពួក​គេ​ចាប់​ផ្ដើម​អង្វរ​លោក ឲ្យ​ចេញ​ពី​តំបន់​របស់​ពួក​គេ​ទៅ។

១៨ បន្ទាប់​មក ពេល​ដែល​លោក​កំពុង​ចូល​ក្នុង​ទូក នោះ​បុរស​ដែល​មាន​វិញ្ញាណ​កំណាច​ចូល​បាន​ចាប់​ផ្ដើម​អង្វរ​សុំ​ទៅ​តាម​លោក។ ១៩ ក៏​ប៉ុន្តែ លោក​មិន​ឲ្យ​គាត់​ទៅ​ទេ តែ​បាន​ប្រាប់​គាត់​ថា៖ «ចូរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ប្រាប់​ញាតិ​សន្ដាន​របស់​អ្នក​អំពី​អ្វីៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​អ្នក និង​អំពី​របៀប​ដែល​លោក​បាន​មេត្ដា​ចំពោះ​អ្នក»។ ២០ ម្ល៉ោះ​ហើយ បុរស​នោះ​បាន​ចេញ​ទៅ រួច​ចាប់​ផ្ដើម​ប្រកាស​នៅ​តំបន់ដេកាប៉ូល* អំពី​អ្វីៗ​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ដើម្បី​គាត់ ហើយ​មនុស្ស​ទាំង​ឡាយ​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត។

២១ ក្រោយ​ពី​លោក​យេស៊ូ​ឆ្លង​ត្រឡប់​ទៅ​ត្រើយ​ម្ខាង​វិញ មនុស្ស​មួយ​ក្រុម​ធំ​បាន​មូល​គ្នា​មក​រក​លោក ពេល​លោក​នៅ​ឆ្នេរ​សមុទ្រ។ ២២ ពេល​នោះ​យ៉ែរ៉ូស ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​មួយ​រូប​នៃ​សាលា​ប្រជុំ​បាន​មក រួច​ពេល​ក្រឡេក​ឃើញ​លោក គាត់​លំឱន​កាយ​ពី​មុខ​លោក ២៣ ហើយ​បាន​អង្វរ​លោក​ជា​ច្រើន​ដង​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​ឈឺ​ធ្ងន់​ណាស់។ សូម​លោក​អញ្ជើញ​មក​ដាក់​ដៃ​លើ​នាង ដើម្បី​ឲ្យ​នាង​បាន​ជា​ឡើង​វិញ ហើយ​អាច​រស់​បាន»។ ២៤ ឮ​ដូច្នេះ លោក​បាន​ទៅ​ជា​មួយ​នឹង​គាត់ ហើយ​មនុស្ស​មួយ​ក្រុម​ធំ​បាន​ទៅ​តាម​ដោយ​ប្រជ្រៀត​លោក។

២៥ ពេល​នោះ​មាន​ស្ត្រី​ម្នាក់​ដែល​មាន​ជំងឺ​ធ្លាក់​ឈាម​អស់​ដប់​ពីរ​ឆ្នាំ​ហើយ។ ២៦ ការ​ព្យាបាល​របស់​គ្រូ​ពេទ្យ​ជា​ច្រើន​បាន​នាំ​ឲ្យ​គាត់​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ គាត់​ក៏​បាន​ចំណាយ​ធនធាន​ខ្លួន​អស់​រលីង តែ​មិន​បាន​ទទួល​ប្រយោជន៍​អ្វី​សោះ ផ្ទុយ​ទៅ​វិញ​នាំ​ឲ្យ​ជំងឺ​របស់​គាត់​កាន់​តែ​ធ្ងន់។ ២៧ ពេល​បាន​ឮ​អ្វី​ដែល​មនុស្ស​និយាយ​អំពី​លោកយេស៊ូ​ហើយ គាត់​ចូល​ពី​ក្រោយ​បណ្ដា​ជន រួច​ពាល់​សម្លៀក​បំពាក់​ក្រៅ​របស់​លោក ២៨ ដោយ​ពោល​ថា៖ «បើ​ខ្ញុំ​គ្រាន់តែ​ពាល់​សម្លៀក​បំពាក់​ក្រៅ​របស់​លោក នោះ​ខ្ញុំ​នឹង​ជា»។ ២៩ រំពេច​នោះ គាត់​ឈប់​ធ្លាក់​ឈាម ហើយ​មាន​អារម្មណ៍​ថា គាត់​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​ដែល​បាន​ធ្វើ​ឲ្យ​គាត់​រង​ទុក្ខ។

៣០ ភ្លាមៗ​នោះ​ដែរ លោក​យេស៊ូ​ដឹង​ក្នុង​អារម្មណ៍​ថា ថាមពល​បាន​ចេញ​ពី​ខ្លួន​លោក​ទៅ ហើយ​លោក​បែរ​ទៅ​រក​បណ្ដា​ជន​រួច​សួរ​ថា៖ «តើ​អ្នក​ណា​បាន​ពាល់​សម្លៀក​បំពាក់​ក្រៅ​របស់​ខ្ញុំ?»។ ៣១ ប៉ុន្តែ​អ្នក​កាន់​តាម​លោក​និយាយ​ថា៖ «លោក​ឃើញ​បណ្ដា​ជន​កំពុង​ប្រជ្រៀត​លោក ហេតុ​អ្វី​ក៏​លោក​សួរ​ថា៖ ‹តើ​អ្នក​ណា​បាន​ពាល់​ខ្ញុំ?›»។ ៣២ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​បាន​ខំ​រក​ស្ត្រី​ដែល​បាន​ពាល់​លោក។ ៣៣ រីឯ​ស្ត្រី​នោះ ដោយ​សារបាន​ដឹង​អ្វី​ដែល​កើត​ឡើង​ចំពោះ​គាត់ បាន​មក​ក្រាប​នៅ​មុខ​លោក​ទាំង​ភ័យ​ញាប់​ញ័រ រួច​បាន​ជម្រាប​លោក​ពី​ការ​ពិត​ទាំង​អស់។ ៣៤ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «កូន​ស្រី​អើយ ជំនឿ​របស់​នាង​បាន​ធ្វើ​ឲ្យ​នាង​ជា​ហើយ។ សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សេចក្ដី​សុខ​ចុះ ហើយ​សូម​ឲ្យ​នាង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​ដែល​បាន​ធ្វើ​ឲ្យ​រង​ទុក្ខ»។

៣៥ ពេល​ដែល​លោក​កំពុង​មាន​ប្រសាសន៍ បុរស​ខ្លះ​បាន​មក​ពី​ផ្ទះ​របស់​អ្នក​ទទួល​ខុស​ត្រូវ​នៃ​សាលា​ប្រជុំ ហើយ​ប្រាប់​ថា៖ «កូន​ស្រី​របស់​អ្នក​ស្លាប់​ហើយ! មិន​ចាំ​បាច់​រំខាន​លោក​គ្រូ​ទៀត​ឡើយ»។ ៣៦ ប៉ុន្តែ​លោក​យេស៊ូ​ឮ​អ្វី​ដែល​ពួក​គេ​បាន​និយាយ រួច​មាន​ប្រសាសន៍​ទៅ​អ្នក​ទទួល​ខុស​ត្រូវ​នៃ​សាលា​ប្រជុំ​ថា៖ «កុំ​ខ្លាច​ឡើយ ចូរ​អនុវត្ត​ជំនឿ​ប៉ុណ្ណោះ គ្រប់​គ្រាន់​ហើយ»។ ៣៧ លោក​មិន​បាន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ទៅ​ជា​មួយ​នឹង​លោក​ឡើយ ក្រៅ​ពី​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ដែល​ជា​ប្អូន​របស់​យ៉ាកុប។

៣៨ លុះ​ក្រោយ​មក ពេល​ដែល​លោក​និង​ពួក​គាត់​បាន​ទៅ​ដល់​ផ្ទះ​របស់​អ្នក​ទទួល​ខុស​ត្រូវ​នៃ​សាលា​ប្រជុំ នោះ​លោក​ឃើញ​មាន​ភាព​ជ្រួល​ច្របល់ ហើយ​មនុស្ស​កំពុង​ស្រែក​ទ្រហោ​យំ។ ៣៩ ពេល​លោក​ចូល​ទៅ​ក្នុង​រួច​ហើយ លោក​សួរ​ពួក​គេ​ថា៖ «ហេតុ​អ្វី​កំពុង​ជ្រួល​ច្របល់​ហើយ​យំ​ស្រែក​ដូច្នេះ? ក្មេង​នេះ​មិន​បាន​ស្លាប់​ទេ តែ​នាង​កំពុង​ដេក​លក់»។ ៤០ ឮ​ដូច្នេះ ពួក​គេ​ចាប់​ផ្ដើម​សើច​ចំអក​ឲ្យ​លោក។ ប៉ុន្តែ​ក្រោយ​ពី​លោក​បាន​ដេញ​ពួក​គេ​ទាំង​អស់​គ្នា​ឲ្យ​ចេញ​ទៅ​ក្រៅ លោក​នាំ​ឪពុក​ម្ដាយ​របស់​ក្មេង​នោះ និង​អ្នក​ដែល​នៅ​ជា​មួយ​នឹង​លោក ចូល​ទៅ​កន្លែង​ដែល​ក្មេង​នោះ​នៅ។ ៤១ រួច​មក លោក​ចាប់​ដៃ​របស់​ក្មេង​នោះ ហើយ​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ថាលីតា គូមី» ដែល​បក​ប្រែ​ថា៖ «នាង​អើយ! ខ្ញុំ​ប្រាប់​ថា ចូរ​ក្រោក​ឡើង!»។ ៤២ ភ្លាម​នោះ នាង​ក្រោក​ឡើង​ហើយ​ចាប់​ផ្ដើម​ដើរ ព្រោះ​នាង​មាន​អាយុ​ដប់​ពីរ​ឆ្នាំ​ហើយ។ រំពេច​នោះ​ពួក​គាត់​ត្រេក​អរ​ហួស​ប្រមាណ។ ៤៣ ប៉ុន្តែ​លោក​ហាម​ពួក​គាត់​ម្ដង​ហើយ​ម្ដង​ទៀត កុំ​ឲ្យ​ប្រាប់​អ្នក​ណា​អំពី​រឿង​នេះ ក៏​បាន​ប្រាប់​ពួក​គាត់​ឲ្យ​យក​អាហារ​មក​ឲ្យ​នាង​បរិភោគ។

៦ រួច​លោក​ចេញ​ពី​ទី​នោះ ចូល​ទៅ​ស្រុក​កំណើត​របស់​លោក​វិញ ហើយ​ពួក​អ្នក​កាន់​តាម​ក៏​បាន​ទៅ​ជា​មួយ​នឹង​លោក​ដែរ។ ២ លុះ​ដល់​ថ្ងៃ​ឈប់​សម្រាក លោក​ចាប់​ផ្ដើម​បង្រៀន​នៅ​សាលា​ប្រជុំ ហើយ​មនុស្ស​ភាគ​ច្រើន​ដែល​ស្ដាប់​លោក បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ហើយ​និយាយ​ថា៖ «តើ​បុរស​នេះ​ចេះ​អ្វីៗ​ទាំង​នេះ​ពី​ណា​មក? ហេតុ​អ្វី​បុរស​នេះ​បាន​ទទួល​ប្រាជ្ញា​បែប​នេះ? ហើយ​ហេតុ​អ្វី​គាត់​អាច​ធ្វើ​ការ​ដែល​ប្រកបដោយ​ឫទ្ធានុភាព​ទាំង​នេះ​បាន? ៣ តើ​បុរស​នេះ​មិន​មែន​ជា​ជាង​ឈើ ដែល​ជា​កូន​របស់​ម៉ារៀ និង​ជា​បង​ប្រុស​របស់​យ៉ាកុប យ៉ូសែប យូដាស និង​ស៊ីម៉ូន​ទេ​ឬ? ប្អូន​ស្រីៗ​របស់​គាត់​ក៏​នៅ​ជា​មួយ​នឹង​យើង​ដែរ មែន​ទេ?»។ ដូច្នេះ ពួក​គេ​មិន​ព្រម​ជឿ​លើ​លោក​ឡើយ។ ៤ ប៉ុន្តែ​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «នៅ​គ្រប់​កន្លែង គេ​តែង​គោរព​អ្នក​ប្រកាស​ទំនាយ លើក​លែង​តែ​នៅ​ស្រុក​កំណើត​របស់​ខ្លួន នៅ​ក្នុង​ចំណោម​ញាតិ​សន្ដាន និង​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន»។ ៥ ដូច្នេះ​លោក​មិន​បាន​ធ្វើ​ការ​ដែល​ប្រកបដោយ​ឫទ្ធានុភាព​នៅ​ទី​នោះ​ទេ ក្រៅ​ពី​ដាក់​ដៃ​លើ​មនុស្ស​ឈឺ​ពីរ​បី​នាក់​ឲ្យ​គេ​បាន​ជា​សះ​ស្បើយ។ ៦ លោក​បាន​នឹក​ឆ្ងល់ ដោយ​ឃើញ​ថា​ពួក​គេ​គ្មាន​ជំនឿ។ រួច​មក លោក​ទៅ​ភូមិ​ទាំង​ប៉ុន្មាន​នៅ​ជុំ​វិញ​នោះ ហើយ​បង្រៀន។

៧ លុះ​ក្រោយ​មក លោក​ហៅ​សាវ័ក​ទាំង​ដប់​ពីរ​នាក់​មក ហើយ​ចាប់​ផ្ដើម​ចាត់​ពួក​គាត់​ទៅ មួយ​គូៗ ថែម​ទាំង​ផ្ដល់​ឲ្យ​ពួក​គាត់​នូវ​អំណាច​លើ​ពួក​វិញ្ញាណ* អសោច។ ៨ ម្យ៉ាង​ទៀត លោក​ហាម​ពួក​គាត់ មិន​ឲ្យ​យក​អ្វី​ទៅ​ជា​មួយ​សោះ ក្រៅ​ពី​ដំបង​មួយ​ប៉ុណ្ណោះ មិន​ឲ្យ​យកនំ​ប៉័ង ឬ​ថង់​យាម ឬ​ក៏​យក​ប្រាក់* ដាក់​ថង់​សៀត​ចង្កេះ ៩ តែ​ត្រូវ​ពាក់​ស្បែក​ជើង​សង្រែក ហើយ​មិន​ត្រូវ​យក​សម្លៀក​បំពាក់​មួយ​បន្លាស់​ទៀត* ទៅ​ជា​មួយ​ឡើយ។ ១០ លោក​មាន​ប្រសាសន៍​ត​ទៅ​ទៀត​ថា៖ «ពេល​ណា​អ្នក​ចូល​ក្នុង​ផ្ទះ​ណា​មួយ ចូរ​នៅ​ទី​នោះ​រហូត​ដល់​អ្នក​ចេញ​ពី​តំបន់​នោះ ១១ ហើយ​កាល​ណា​មនុស្ស​នៅ​តំបន់​ណា​មួយ​មិន​ព្រម​ទទួល​ស្វាគមន៍​ឬ​ស្ដាប់​អ្នក​រាល់​គ្នា នោះ​ពេល​ដែល​អ្នក​ចេញ​ពី​តំបន់​ពួក​គេ ចូរ​រលាស់​ដី​ពី​ជើង​អ្នក​ចេញ​ទុក​ជា​ភ័ស្តុតាង​ថា ពួក​គេ​មាន​កំហុស»។ ១២ ដូច្នេះ​ពួក​គាត់​បាន​ចេញ​ទៅ​ផ្សព្វ​ផ្សាយ ដើម្បី​ឲ្យ​មនុស្ស​ប្រែ​ចិត្ត។ ១៣ ពួក​គាត់​ក៏​បាន​បណ្ដេញ​វិញ្ញាណ​កំណាច​ជា​ច្រើន ថែម​ទាំង​លាប​ប្រេង​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ដែល​ឈឺ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ។

១៤ លុះ​ក្រោយ​មក រឿង​ទាំង​នេះ​បាន​ឮ​ដល់​ស្តេច* ហេរ៉ូឌ ព្រោះ​ឈ្មោះ​លោក​យេស៊ូ​ចាប់​ផ្ដើម​ល្បី​សុសសាយ ហើយ​មនុស្ស​កំពុង​និយាយ​ថា៖ «យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក* ឲ្យ​គេ បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ហើយ ហេតុ​នេះ​លោក​អាច​ធ្វើ​ការ​ដែល​ប្រកបដោយ​ឫទ្ធានុភាព​ទាំង​នេះ​បាន»។ ១៥ ប៉ុន្តែ អ្នក​ឯ​ទៀត​បាន​និយាយ​ថា៖ «លោក​គឺ​អេលីយ៉ា» រីឯ​អ្នក​ខ្លះ​ទៀត​បាន​និយាយ​ថា៖ «លោក​គឺជា​អ្នក​ប្រកាស​ទំនាយ​មួយ​រូប ដូច​អ្នក​ប្រកាស​ទំនាយ​នៅ​សម័យ​បុរាណ»។ ១៦ ឮ​ដូច្នេះ ហេរ៉ូឌ​ពោល​ថា៖ «យ៉ូហាន​ដែល​ខ្ញុំ​បាន​កាត់​ក្បាល​នោះ បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ហើយ»។ ១៧ នេះ​ដោយ​សារ​ហេរ៉ូឌ​បាន​រៀប​ការ​ជា​មួយ​នឹង​ហេរ៉ូឌាស ដែល​ជា​ភរិយា​របស់​ភីលីព​ជា​ប្អូន ហើយ​ដើម្បី​ផ្គាប់​ចិត្ត​នាង ស្តេច​បាន​ចាត់​គេ​ទៅ​ចាប់​យ៉ូហាន រួច​ចង​ដាក់​គុក ១៨ ពីព្រោះ​យ៉ូហាន​បាន​ជម្រាប​ហេរ៉ូឌ​ម្ដង​ហើយ​ម្ដង​ទៀត​ថា៖ «គ្មាន​ច្បាប់​ឲ្យ​អ្នក​យក​ភរិយា​របស់​ប្អូន​ធ្វើ​ជា​ភរិយា​របស់​អ្នក​ទេ»។ ១៩ ប៉ុន្តែ​ហេរ៉ូឌាស​បាន​ចង​គំនុំ​នឹង​យ៉ូហាន ហើយ​ចង់​សម្លាប់​គាត់ តែ​សម្លាប់​មិន​បាន ២០ ដោយ​សារ​ហេរ៉ូឌ​បាន​កោត​ក្រែង​ចំពោះ​យ៉ូហាន ព្រោះ​ដឹង​ថា​គាត់​ជា​មនុស្ស​សុចរិត​និង​បរិសុទ្ធ ហើយ​បាន​រក្សា​ការពារ​គាត់។ រួច​ក្រោយ​ពេល​បាន​ឮ​អ្វី​ដែល​យ៉ូហាន​និយាយ​ប្រាប់ ហេរ៉ូឌ​បាន​ទាល់​ប្រាជ្ញា មិន​ដឹង​ថា​គួរ​ធ្វើ​យ៉ាង​ណា​ចំពោះ​គាត់​ឡើយ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ហេរ៉ូឌ​នៅ​តែ​ពេញ​ចិត្ត​នឹង​ស្ដាប់​គាត់។

២១ ប៉ុន្តែ​មាន​ឱកាស​ល្អ​មួយ​សម្រាប់​ហេរ៉ូឌាស នៅ​ថ្ងៃ​ខួប​កំណើត​របស់​ហេរ៉ូឌ ពេល​ដែល​ហេរ៉ូឌ​រៀប​ពិធី​ជប់​លៀង​ពិសា​អាហារ​ពេល​ល្ងាច សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​ទាំង​ឡាយ ពួក​មេទ័ព និង​អ្នក​មាន​មុខ​មាត់​ធំ​ដុំ​នៅ​ស្រុក​កាលីឡេ។ ២២ រួច​កូន​ស្រី​របស់​ហេរ៉ូឌាស​បាន​ចូល​មក​រាំ ធ្វើ​ឲ្យ​ហេរ៉ូឌ​និង​អ្នក​រួម​តុ​ជា​មួយ​ពេញ​ចិត្ត​ណាស់។ បន្ទាប់​មក​ស្តេច​បាន​ប្រាប់​នាង​ថា៖ «ចូរ​សុំ​អ្វី​ក៏​ដោយ ខ្ញុំ​នឹង​ឲ្យ​ដល់​នាង» ២៣ ហើយ​គាត់​ក៏​បាន​ស្បថ​នឹង​នាង​ថា៖ «អ្វី​ក៏​ដោយ​ដែល​នាង​សុំ​ពី​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ ទោះ​ជា​សុំ​រាជាណាចក្រ​ខ្ញុំ​មួយ​ចំហៀង​ក៏​ដោយ»។ ២៤ ក្រោយ​នោះ នាង​ចេញ​ទៅ​សួរ​ម្ដាយ​របស់​នាង​ថា៖ «តើ​ខ្ញុំ​គួរ​សុំ​អ្វី?» រួច​ម្ដាយ​នាង​ឆ្លើយ​ថា៖ «ចូរ​សុំ​ក្បាល​របស់​យ៉ូហាន ដែល​ជា​អ្នក​ជ្រមុជ​ទឹក​ឲ្យ​គេ»។ ២៥ ភ្លាម​នោះ នាង​បាន​ប្រញាប់​ចូល​ទៅ​សុំ​ស្តេច​ថា៖ «ខ្ញុំ​ចង់​បាន​ក្បាល​របស់​យ៉ូហាន ជា​អ្នក​ជ្រមុជ​ទឹក ដាក់​លើ​ថាស​ភ្លាម»។ ២៦ ទោះ​ជា​នេះ​ធ្វើ​ឲ្យ​ហេរ៉ូឌ​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ក៏​ពិត​មែន តែ​គាត់​មិន​ចង់​បដិសេធ​ឡើយ ពីព្រោះ​គាត់​បាន​ស្បថ ហើយ​មាន​អ្នក​ឯ​ទៀត​កំពុង​រួម​តុ​ជា​មួយ​ដែរ។ ២៧ ដូច្នេះ ស្តេច​បាន​ចាត់​អង្គរក្ស​ម្នាក់ ហើយ​បង្គាប់​ឲ្យ​យក​ក្បាល​របស់​យ៉ូហាន​មក។ ម្ល៉ោះ​ហើយ អ្នក​នោះ​បាន​ចេញ​ទៅ​កាត់​ក្បាល​យ៉ូហាន​នៅ​ក្នុង​គុក ២៨ រួច​ដាក់​ក្បាល​គាត់​លើ​ថាស​មួយ​ហើយ​យក​ទៅ​ឲ្យ​នាង។ បន្ទាប់​មក​នាង​ក៏​ឲ្យ​ដល់​ម្ដាយ។ ២៩ លុះ​ពេល​អ្នក​កាន់​តាម​យ៉ូហាន​ឮ​អំពី​រឿង​នោះ ពួក​គេ​បាន​មក​យក​សព​យ៉ូហាន​ទៅ​ដាក់​ក្នុង​ទី​បញ្ចុះ​សព។

៣០ ក្រោយ​មក ពួក​សាវ័ក​បាន​មក​ជួប​ជុំ​គ្នា​នៅ​មុខ​លោក​យេស៊ូ ហើយ​រៀប​រាប់​ពី​អ្វីៗ​ទាំង​អស់​ដែល​ពួក​គាត់​បាន​ធ្វើ​និង​បង្រៀន។ ៣១ រួច​លោក​ប្រាប់​ពួកគាត់​ថា៖ «សូម​អ្នក​រាល់​គ្នា​មក​ជា​មួយ​នឹង​ខ្ញុំ​ដោយ​ឡែក ទៅ​កន្លែង​ឆ្ងាយ​ពី​គេ ហើយ​សម្រាក​បន្ដិច» ព្រោះ​ថា​មាន​មនុស្ស​ជា​ច្រើន​ទៅ​មក ហើយ​ពួក​គាត់​គ្មាន​ពេល​ទំនេរ​សោះ សូម្បី​តែ​រក​ពេល​បរិភោគ​ក៏​មិន​បាន​ផង។ ៣២ ដូច្នេះ​លោក​និង​ពួក​គាត់​បាន​ចុះ​ទូក ចេញ​ទៅ​កន្លែង​ឆ្ងាយ​ពី​គេ។ ៣៣ ក៏​ប៉ុន្តែ បណ្ដា​ជន​បាន​មើល​ឃើញ​ពួក​គាត់​ចេញ​ទៅ ហើយ​ដំណឹង​នោះ​បាន​ឮ​ដល់​មនុស្ស​ជា​ច្រើន។ រួច​មនុស្ស​ពី​គ្រប់​ក្រុង​បាន​នាំ​គ្នា​រត់​ទៅ​ទី​នោះ ហើយ​បាន​ទៅ​ដល់​មុន​ពួក​គាត់។ ៣៤ លុះ​ពេល​ឡើង​ពី​ទូក​ហើយ លោក​ឃើញ​មនុស្ស​មួយ​ក្រុម​ធំ ក៏​មាន​ចិត្ត​ក្ដួល​អាណិត​ដល់​ពួក​គេ ពីព្រោះ​ពួក​គេ​ប្រៀប​ដូច​ចៀម​ដែល​គ្មាន​គង្វាល។ រួច​មក លោក​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ​អ្វីៗ​ជា​ច្រើន។

៣៥ លុះ​ថ្ងៃ​កាន់​តែ​ជ្រេ​ហើយ ពួក​អ្នក​កាន់​តាម​បាន​មក​ជួប​លោក​ហើយ​ជម្រាប​ថា៖ «កន្លែង​នេះ​នៅ​ដាច់​ឆ្ងាយ ហើយ​ថ្ងៃ​កាន់​តែ​ជ្រេ​ហើយ។ ៣៦ សូម​ឲ្យ​ពួក​គេ​ទៅ​វិញ ដើម្បី​ពួក​គេ​អាច​ទៅ​ជនបទ​និង​ភូមិ​នៅ​ជិតៗ រក​ទិញ​អាហារ​បរិភោគ»។ ៣៧ លោក​តប​ឆ្លើយ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ឲ្យ​អាហារ​ពួក​គេ​បរិភោគ​ចុះ»។ រួច​ពួក​គាត់​និយាយ​ថា៖ «តើ​ចង់​ឲ្យ​យើង​ទៅ​ទិញ​នំ​ប៉័ង​អស់​ប្រាក់​ពីរ​រយ​ឌីណារី* យក​មក​ឲ្យ​មនុស្ស​ទាំង​នេះ​បរិភោគ​ឬ?»។ ៣៨ លោក​សួរ​ពួក​គាត់​ថា៖ «តើ​អ្នក​មាន​នំ​ប៉័ង​ប៉ុន្មាន​ដុំ? ចូរ​ទៅ​មើល!»។ ក្រោយ​ពេល​បាន​មើល​ហើយ ពួក​គាត់​ឆ្លើយ​ថា៖ «មាន​នំ​ប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ»។ ៣៩ បន្ទាប់​មក លោក​ប្រាប់​បណ្ដា​ជន​ឲ្យ​អង្គុយ​ជា​ក្រុមៗ​លើ​ស្មៅ​ខៀវ​ខ្ចី។ ៤០ រួច​បណ្ដា​ជន​បាន​អង្គុយ​ជា​ក្រុម​មួយ​រយ​នាក់ និង​ជា​ក្រុម​ហាសិប​នាក់។ ៤១ ក្រោយ​មក លោក​យកនំ​ប៉័ង​ប្រាំ​ដុំ​និង​ត្រី​ពីរ​កន្ទុយ​នោះ ងើយ​ភ្នែក​មើល​ទៅ​ស្ថាន​សួគ៌ ហើយ​អធិដ្ឋាន។ រួច​មក លោក​កាច់​នំ​ប៉័ង ហើយ​ឲ្យ​អ្នក​កាន់​តាម ដើម្បី​ពួក​គាត់​ចែក​ដល់​បណ្ដា​ជន។ លោក​ក៏​បាន​ចែក​ត្រី​ពីរ​កន្ទុយ​ដល់​គ្រប់ៗ​គ្នា​ដែរ។ ៤២ ដូច្នេះ គ្រប់​គ្នា​បាន​បរិភោគ​ឆ្អែត។ ៤៣ បន្ទាប់មក ពួក​គាត់​បាន​ប្រមូល​នំ​ប៉័ង​ដែល​នៅ​សល់ បាន​ដប់​ពីរ​កញ្ជើ ដោយ​មិន​រាប់​ត្រីដែល​នៅ​សល់។ ៤៤ ម្យ៉ាង​ទៀត ចំនួន​បុរស​ដែល​បាន​បរិភោគ​នំ​ប៉័ង​នោះ មាន​ប្រាំ​ពាន់​នាក់។

៤៥ ភ្លាម​នោះ លោក​បាន​បង្ខំ​អ្នក​កាន់​តាម​ឲ្យ​ចុះ​ទូក ទៅ​ត្រើយ​ម្ខាង​ឆ្ពោះ​ទៅ​ក្រុង​បេតសេដា​មុន​លោក ទុក​ឲ្យ​លោក​ប្រាប់​បណ្ដា​ជន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ៤៦ ប៉ុន្តែ​ក្រោយ​ពេល​លោក​បាន​លា​ពួក​គេ​ហើយ លោក​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​អធិដ្ឋាន។ ៤៧ លុះ​ដល់​ពេល​ព្រលប់ ទូក​នោះ​នៅ​កណ្ដាល​សមុទ្រ ប៉ុន្តែ​លោក​នៅ​លើ​គោក​ម្នាក់​ឯង។ ៤៨ ពេល​ជិត​យាម​ទី​បួន* លោក​ឃើញ​ពួក​គាត់​កំពុង​អុំទូក​ទាំង​លំបាក ដោយ​សារ​អុំ​បញ្ច្រាស​ខ្យល់។ ដូច្នេះ លោក​បាន​ទៅ​ឯ​ពួក​គាត់ ដោយ​ដើរ​លើ​ទឹក​សមុទ្រ ប៉ុន្តែ​មើល​ទៅ​ដូច​ជា​លោក​មាន​បំណង​ដើរ​បង្ហួស​ពួក​គាត់។ ៤៩ ពេល​ដែល​ពួក​គាត់​ក្រឡេក​ទៅ​ឃើញ​លោក​កំពុង​ដើរ​លើ​ទឹក​សមុទ្រ ពួក​គាត់​គិត​ថា​ខ្លួន​កំពុង​យល់សប្ដិ ហើយ​បាន​ស្រែក​ឡើង ៥០ ពីព្រោះ​ពួក​គាត់​ទាំង​អស់​គ្នា​បាន​ឃើញ​លោក រួច​ចាប់​ផ្ដើម​វិល​វល់​ក្នុង​គំនិត។ ប៉ុន្តែ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ភ្លាម ដោយ​ពោល​ថា៖ «ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង គឺ​ខ្ញុំ​ទេ កុំ​ខ្លាច​ឡើយ»។ ៥១ រួច​លោក​ចូល​ក្នុង​ទូក​ជា​មួយ​នឹង​ពួក​គាត់ ហើយ​ខ្យល់​ក៏​ស្ងប់​ទៅ។ ឃើញ​ដូច្នេះ ពួក​គាត់​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ៥២ ព្រោះ​ពួក​គាត់​មិន​បាន​ទាញ​យក​មេរៀន ពេល​ដែល​ឃើញ​ការ​អស្ចារ្យ​ស្តី​អំពី​នំ​ប៉័ង​នោះ ពួក​គាត់​នៅ​តែ​គិត​មិន​យល់។

៥៣ លុះ​ពេល​ឆ្លង​ដល់​ត្រើយ​ហើយ លោក​និង​អ្នក​កាន់​តាម​បាន​ចូល​តំបន់​ហ្គេណិសារ៉ែត ហើយ​បោះ​យុថ្កា​នៅ​ជិត​នោះ។ ៥៤ ក៏​ប៉ុន្តែ ពេល​លោក​និង​ពួក​គាត់​ឡើង​ពី​ទូក​មក មនុស្ស​បាន​ស្គាល់​លោក​ភ្លាម ៥៥ រួច​បាន​រត់​ទៅ​គ្រប់​កន្លែង​ក្នុង​តំបន់​នោះ​ហើយ​យក​មនុស្ស​ឈឺ​ដាក់​លើ​គ្រែ​ស្នែង រួច​នាំ​ទៅ​កន្លែង​ដែល​ពួក​គេឮ​ថាលោក​នៅ។ ៥៦ ម្ល៉ោះ​ហើយ កាល​ណា​លោក​ចូល​ក្នុង​ភូមិ ក្រុង ឬ​ជនបទ មនុស្ស​តែង​នាំ​អ្នក​ដែល​ឈឺ​ទៅ​ដាក់​នៅ​ផ្សារ រួច​ពួក​គេ​បាន​អង្វរ​សុំ​ពាល់​តែ​ជាយ​សម្លៀក​បំពាក់​លោក​ប៉ុណ្ណោះ ហើយ​អស់​អ្នក​ណា​ដែល​បាន​ពាល់ នោះ​បាន​ជា​សះ​ស្បើយ។

៧ ពួក​ផារិស៊ី​និង​អ្នក​ខ្លះ​ដែល​ជំនាញ​ខាង​ច្បាប់​បាន​មក​ពី​ក្រុង​យេរូសាឡិម ហើយ​នាំ​គ្នា​មក​រក​លោក។ ២ រួច​ពេល​ពួក​គេ​ឃើញ​អ្នក​ខ្លះ​ដែល​កាន់​តាម​លោក​បរិភោគ​អាហារ​ដោយ​ដៃ​ដែល​មិន​ស្អាត​បរិសុទ្ធ ពោល​គឺ​ដៃ​ដែល​មិន​ទាន់​លាង ៣ ព្រោះ​ជន​ជាតិ​យូដា​ទាំង​ឡាយ​ដែល​រួម​ទាំង​ពួក​ផារិស៊ី​ផង​ដែរ មិន​បរិភោគ​ឡើយ លុះ​ត្រា​តែ​បាន​លាង​ដៃ​រហូត​ដល់​កែង​ដៃ​ជា​មុន​សិន ដើម្បី​កាន់​តាម​ទំនៀម​ទម្លាប់​របស់​ពួក​បុរស​ពី​សម័យ​មុន។ ៤ ម្យ៉ាង​ទៀត ពេល​ត្រឡប់​មក​ពី​ផ្សារ ពួក​គេ​មិន​បរិភោគ​ឡើយ លុះ​ត្រា​តែ​បាន​សម្អាត​ខ្លួន​ដោយ​ប្រោះ​ទឹក​ជា​មុន​សិន ហើយ​ក៏​មាន​ទំនៀម​ទម្លាប់​ជា​ច្រើន​ទៀត ដែល​ពួក​គេ​បាន​ទទួល​ហើយ​ត្រូវ​កាន់​តាម ដូច​ជា​ការ​ជ្រមុជ​ពែង ថូ និង​ប្រដាប់​ធ្វើ​ពី​ស្ពាន់​ក្នុង​ទឹក។ ៥ ដូច្នេះ​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី​ទាំង​នេះ បាន​សួរ​លោក​ថា៖ «ហេតុ​អ្វី​អ្នក​កាន់​តាម​លោក​មិន​ប្រព្រឹត្ត​តាម​ទំនៀម​ទម្លាប់​របស់​ពួក​បុរស​ពី​សម័យ​មុន ប៉ុន្តែ​ពួក​គេ​បរិភោគ​អាហារ​ដោយ​ដៃ​មិន​ស្អាត​បរិសុទ្ធ​ដូច្នេះ?»។ ៦ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «នែ! មនុស្ស​លាក់​ពុត! គឺ​ត្រូវ​ណាស់ ដែល​អេសាយ​បាន​ប្រកាស​ទំនាយ​អំពី​អ្នក​រាល់​គ្នា ពេល​គាត់​សរសេរ​ថា៖ ‹បណ្ដា​ជន​នេះ​គោរព​ខ្ញុំ​តែ​បបូរ​មាត់​ទេ តែ​ចិត្ត​របស់​ពួក​គេ​បាន​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ។ ៧ គឺជា​ការ​ឥត​ប្រយោជន៍​ទេ ដែល​ពួក​គេ​បន្ត​គោរព​ប្រណិប័តន៍​ខ្ញុំ​នោះ ពីព្រោះ​សេចក្ដី​បង្រៀន​របស់​ពួក​គេ​ជា​បទ​បញ្ជា​របស់​មនុស្ស​តែ​ប៉ុណ្ណោះ›។ ៨ អ្នក​រាល់​គ្នា​លះ​ចោល​បញ្ញត្ដិ​របស់​ព្រះ ហើយ​ប្រកាន់​ទំនៀម​ទម្លាប់​របស់​មនុស្ស​វិញ»។

៩ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ត​ទៅ​ទៀត​ថា៖ «អ្នក​រាល់​គ្នា​ពូកែ​លើក​បញ្ញត្ដិ​របស់​ព្រះ​ចោល ដើម្បី​រក្សា​ទុក​ទំនៀម​ទម្លាប់​របស់​អ្នក។ ១០ ជា​ឧទាហរណ៍ ម៉ូសេ​ប្រាប់​ថា៖ ‹ចូរ​គោរព​ឪពុក​និង​ម្ដាយ​របស់​អ្នក› ហើយ​‹អ្នក​ណា​ដែល​និយាយ​ប្រមាថ​ឪពុក​ឬ​ម្ដាយ អ្នក​នោះ​ត្រូវ​ស្លាប់›។ ១១ ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​ថា៖ ‹បើ​អ្នក​ណា​ម្នាក់​ប្រាប់​ឪពុក​ឬ​ម្ដាយ​ថា៖ «អ្វី​ដែល​ខ្ញុំ​មាន ដែល​អាច​មាន​ប្រយោជន៍​ដល់​ឪពុក​ម្ដាយ ជា​គ័របាន់ (មាន​ន័យ​ថា​ជា​របស់​ទុក​សម្រាប់​ព្រះ)»› ១២ អ្នក​រាល់​គ្នា​មិន​ឲ្យ​អ្នក​នោះ​ធ្វើ​អ្វី​សោះ​ដើម្បី​ឪពុក​ម្ដាយ។ ១៣ ដូច្នេះ​អ្នក​ធ្វើ​ឲ្យ​បណ្ដាំ​របស់​ព្រះ​ទៅ​ជា​អសារ​ឥត​ការ​ដោយ​សារ​ទំនៀម​ទម្លាប់​ដែល​អ្នក​រាល់​គ្នា​បាន​បង្រៀន​តៗ​មក។ អ្នក​ក៏​ធ្វើ​អ្វី​ជា​ច្រើន​ទៀត​ដែល​ស្រ​ដៀង​នឹង​នេះ​ដែរ»។ ១៤ ម្ល៉ោះ​ហើយ លោក​ហៅ​បណ្ដា​ជន​មក​ឯ​លោក​ម្ដង​ទៀត ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ស្ដាប់​ខ្ញុំ ហើយ​យល់​អត្ថន័យ​ចុះ។ ១៥ គ្មាន​អ្វី​ពី​ខាង​ក្រៅ​អាច​ចូល​ទៅ​ក្នុង​អ្នក​ណា​ម្នាក់ រួច​ធ្វើ​ឲ្យ​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ​ឡើយ តែ​គឺជា​អ្វី​ដែល​ចេញ​ពី​អ្នក​នោះ​មក ដែល​ធ្វើ​ឲ្យ​មិន​ស្អាត​បរិសុទ្ធ​វិញ»។ ១៦ * ——

១៧ លុះ​ក្រោយ​ពី​លោក​បាន​ចូល​ក្នុង​ផ្ទះ​មួយ​ឆ្ងាយ​ពី​បណ្ដា​ជន អ្នក​កាន់​តាម​ចាប់​ផ្ដើម​សួរ​លោក​អំពី​ឧទាហរណ៍​នោះ។ ១៨ ដូច្នេះ លោក​សួរ​ពួក​គាត់​ថា៖ «តើ​អ្នក​រាល់​គ្នា​ក៏​គ្មាន​សមត្ថភាព​យល់​ដឹង​ដូច​ពួក​គេ​ដែរ​ឬ? តើ​អ្នក​មិន​ដឹង​ទេ​ឬ? គ្មាន​អ្វី​ពី​ខាង​ក្រៅ​ដែល​អាច​ចូល​ទៅ​ក្នុង​អ្នក​ណា​ម្នាក់ រួច​ធ្វើ​ឲ្យ​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ​ឡើយ ១៩ ពីព្រោះ​របស់​នោះ​មិន​ចូល​ក្នុង​ចិត្ត​របស់​អ្នក​នោះ​ទេ តែ​ចូល​ក្នុង​ពោះ​វៀន រួច​ចេញ​ទៅ​កន្លែង​បន្ទោ​បង់​វិញ»។ ដោយ​និយាយ​ដូច្នេះ លោក​បញ្ជាក់​ថា​អាហារ​គ្រប់​យ៉ាង​គឺ​ស្អាត​បរិសុទ្ធ។ ២០ លោក​មាន​ប្រសាសន៍​ត​ទៅ​ទៀត​ថា៖ «អ្វី​ដែល​ចេញ​ពី​ក្នុង​អ្នក​ណា​ម្នាក់​មក ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ ២១ ព្រោះ​ថា គឺ​ពី​ក្នុង​មនុស្ស​ម្នាក់ ពោល​គឺ​ពី​ក្នុង​ចិត្ត​អ្នក​នោះ មាន​គំនិត​អាក្រក់​ចេញ​មក​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* ធ្វើ​ឃាតកម្ម លួច ២២ ផិត​ក្បត់ ប៉ង​ប្រាថ្នា​ចង់​បាន​របស់​អ្នក​ដទៃ ប្រព្រឹត្ត​អំពើ​ទុច្ចរិត បោក​បញ្ឆោត មាន​សីលធម៌​ធូរ​រលុង* ច្រណែន​ឈ្នានីស ជេរ​ប្រមាថ ក្រអឺតក្រទម គ្មាន​វិចារណញ្ញាណ។ ២៣ អំពើ​ទុច្ចរិត​ទាំង​អស់​នេះ​ចេញ​ពី​ក្នុង​មនុស្ស​ម្នាក់​មក ហើយ​ធ្វើ​ឲ្យ​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ»។

២៤ លោក​ក្រោក​ឡើង​ចាក​ចេញ​ពី​ទី​នោះ រួច​ទៅ​តំបន់​ទីរ៉ុស​និង​ស៊ីដូន។ លោក​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង តែ​មិន​អាច​គេច​ពី​ភ្នែក​មនុស្ស​បាន​ឡើយ។ ២៥ ភ្លាមៗ​នោះ​ស្ត្រី​ម្នាក់​បាន​ឮ​អំពី​លោក រួច​នាង​បាន​ទៅ​ក្រាប​នៅ​ជើង​របស់​លោក។ នាង​មាន​កូន​ស្រី​តូច​ម្នាក់​ដែល​មាន​វិញ្ញាណ* អសោច​ចូល។ ២៦ ស្ត្រី​នោះ​ជា​ជន​ជាតិ​ក្រិច តែ​សញ្ជាតិ​ស៊ីរ៉ូភេនីសៀរ ហើយ​បាន​សុំ​លោក​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​បណ្ដេញ​វិញ្ញាណ​កំណាច​នោះ​ចេញ​ពី​កូន​ស្រី​របស់​គាត់។ ២៧ ប៉ុន្តែ​លោក​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ត្រូវ​ឲ្យ​កូន​ក្មេង​បរិភោគ​ឆ្អែត​ជា​មុន​សិន ព្រោះ​គឺ​មិន​ត្រឹម​ត្រូវ​ទេ បើ​យកនំ​ប៉័ង​របស់​កូន​ក្មេង ហើយ​បោះ​ទៅ​ឲ្យ​ឆ្កែ​តូចៗ​វិញ»។ ២៨ ក៏​ប៉ុន្តែ​នាង​តប​ឆ្លើយ​ថា៖ «ពិត​មែន​លោក តែ​ទោះ​ជា​យ៉ាង​នោះ​ក្ដី ឆ្កែ​តូចៗ​ដែល​នៅ​ក្រោម​តុ​ស៊ី​កម្ទេច​នំ​ប៉័ង​របស់​កូន​ក្មេង​ទាំង​នោះ»។ ២៩ ឮ​ដូច្នេះ លោក​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ដោយ​សារ​នាង​និយាយ​យ៉ាង​នេះ ចូរ​ទៅ​ចុះ! វិញ្ញាណ​កំណាច​បាន​ចេញ​ពី​កូន​ស្រី​របស់​នាង​ហើយ»។ ៣០ ម្ល៉ោះ​ហើយ នាង​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ រួច​ឃើញ​កូន​កំពុង​ដេក​លើ​គ្រែ ឯ​វិញ្ញាណ​កំណាច​នោះ​បាន​ចេញ​ពី​កូន​ហើយ។

៣១ លោក​បាន​ចេញ​ពី​តំបន់​ទីរ៉ុស ឆ្ពោះ​ទៅ​រក​សមុទ្រ​កាលីឡេ ដោយ​កាត់​តាម​តំបន់​ស៊ីដូន​និង​តំបន់ដេកាប៉ូល។* ៣២ នៅ​ទី​នោះ* ពួក​គេ​បាន​នាំ​បុរស​ម្នាក់​មក​រក​លោក។ បុរស​នោះ​ថ្លង់​និង​មាន​ពិការ​ភាព​ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​និយាយ ហើយ​ពួក​គេ​បាន​អង្វរ​សុំ​លោក​ឲ្យ​ដាក់​ដៃ​លើ​គាត់។ ៣៣ ក្រោយ​មក លោក​នាំ​បុរស​នោះ​ទៅ​ឆ្ងាយ​ពី​បណ្ដា​ជន ហើយ​ដាក់​ម្រាម​ដៃ​របស់​លោក​ក្នុង​ត្រចៀក​គាត់។ បន្ទាប់​ពី​បាន​ស្ដោះ​ទឹក​មាត់ លោក​ក៏​ពាល់​អណ្ដាត​របស់​គាត់ ៣៤ ហើយ​ងើយ​ភ្នែក​ទៅ​លើ​មេឃ ដក​ដង្ហើម​វែង រួច​ប្រាប់​គាត់​ថា៖ «អេផាថា» ដែល​មាន​ន័យ​ថា​«ចូរ​បើក​ឡើង»។ ៣៥ រំពេច​នោះ គាត់​ក៏​អាច​ស្ដាប់​ឮ ហើយ​ពិការ​ភាព​របស់​គាត់​បាន​ជា រួច​គាត់​ចាប់​ផ្ដើម​និយាយ​ដូច​ធម្មតា។ ៣៦ រួច​មក លោក​បាន​បង្គាប់​ពួក​គេ​កុំ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ ប៉ុន្តែ​លោក​កាន់​តែ​ហាម នោះ​ពួក​គេ​ក៏​កាន់​តែ​ប្រកាស​រឿង​នោះ។ ៣៧ បណ្ដា​ជន​បាន​ភ្ញាក់​ផ្អើល​ក្រៃ​លែង ហើយ​បាន​និយាយ​ថា៖ «លោក​បាន​ធ្វើ​អ្វីៗ​ទាំង​អស់​យ៉ាង​ល្អ​ប្រសើរ សូម្បី​តែ​មនុស្ស​ថ្លង់​លោក​ក៏​ធ្វើ​ឲ្យ​ស្ដាប់​ឮ ហើយ​មនុស្ស​គ​លោក​ក៏​ធ្វើ​ឲ្យ​និយាយ​បាន​ដែរ»។

៨ នៅ​គ្រា​នោះ ពេល​មាន​មនុស្ស​មួយ​ក្រុម​យ៉ាង​ធំ​ម្ដង​ទៀត ហើយ​ពួក​គេ​គ្មាន​អ្វី​បរិភោគ លោក​បាន​ហៅ​អ្នក​កាន់​តាម រួច​ប្រាប់​ពួក​គាត់​ថា៖ ២ «ខ្ញុំ​អាណិត​បណ្ដា​ជន​នេះ​ណាស់ ពីព្រោះ​អស់​បី​ថ្ងៃ​ហើយ​ដែល​ពួក​គេ​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ ហើយ​គ្មាន​អ្វី​បរិភោគ​ឡើយ។ ៣ បើ​ខ្ញុំ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​គ្មាន​អ្វី​បរិភោគ ពួកគេ​នឹង​អស់​កម្លាំង​ល្វើយ​តាម​ផ្លូវ ព្រោះ​អ្នក​ខ្លះ​មក​ពី​កន្លែង​ឆ្ងាយៗ​ទៀត​ផង»។ ៤ ប៉ុន្តែ​អ្នក​កាន់​តាម​បាន​សួរ​លោក​ថា៖ «នៅ​កន្លែង​ដាច់​ឆ្ងាយ​យ៉ាង​នេះ តើ​អាច​បាន​នំ​ប៉័ង​ពី​ណា​ល្មម​គ្រប់​គ្រាន់​ឲ្យ​មនុស្ស​ទាំង​នេះ​បរិភោគ​ឆ្អែត?»។ ៥ លោក​បាន​សួរ​ពួក​គាត់​វិញ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំ​ប៉័ង​ប៉ុន្មាន​ដុំ?» ពួក​គាត់​ឆ្លើយ​ថា៖ «ប្រាំពីរ​ដុំ»។ ៦ លោក​ប្រាប់​បណ្ដា​ជន​ឲ្យ​អង្គុយ​លើ​ដី រួច​បាន​យកនំ​ប៉័ង​ប្រាំពីរ​ដុំ​នោះ អធិដ្ឋាន​អរគុណ​ព្រះ ហើយ​កាច់​នំ​ប៉័ង​ឲ្យ​ដល់​អ្នក​កាន់​តាម។ បន្ទាប់​មក ពួក​គាត់​ក៏​ចែក​ឲ្យ​បណ្ដា​ជន។ ៧ ពួក​គាត់​ក៏​មាន​ត្រី​តូចៗ​ពីរ​បី​កន្ទុយ​ដែរ ហើយ​លោក​អរគុណ​ព្រះ​ម្ដង​ទៀត រួច​ប្រាប់​ពួក​គាត់​ឲ្យ​ចែក​ត្រី​ទាំង​នោះ​ផង។ ៨ ម្ល៉ោះ​ហើយ ទាំង​អស់​គ្នា​បាន​បរិភោគ​ឆ្អែត។ រួច​មក ពួក​គាត់​បាន​ប្រមូល​អាហារ​ដែល​នៅ​សល់ បាន​ប្រាំពីរ​កញ្ឆេ។ ៩ នេះ​ទោះ​ជា​មាន​បុរស​ប្រមាណ​បួន​ពាន់​នាក់​ក៏​ដោយ។ បន្ទាប់​ពី​នោះ លោក​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​វិញ។

១០ ភ្លាម​នោះ លោក​ចុះ​ទូក​ជា​មួយ​នឹង​អ្នក​កាន់​តាម ហើយ​ចេញ​ដំណើរ​ទៅ​តំបន់ដាលម៉ានូថា។ ១១ នៅ​ទី​នោះ ពួក​ផារិស៊ី​ចេញ​មក​ជជែក​តវ៉ា ចង់​ល្បង​មើល​លោក ដោយ​សុំ​ឲ្យ​សម្ដែង​នូវ​សញ្ញា​សម្គាល់​មួយ​ពី​លើ​មេឃ។ ១២ ដូច្នេះ លោក​ដក​ដង្ហើម​ធំ​ដោយ​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ក្នុង​ចិត្ត ហើយ​សួរ​ថា៖ «ហេតុ​អ្វី​មនុស្ស​ជំនាន់​នេះ​ចង់​បាន​សញ្ញា​សម្គាល់? ខ្ញុំ​ប្រាប់​ការ​ពិត​ដល់​អ្នក​រាល់​គ្នា​ថា គ្មាន​សញ្ញា​សម្គាល់​ណា​នឹង​ត្រូវ​សម្ដែង​ឲ្យ​មនុស្ស​ជំនាន់​នេះ​សោះ​ឡើយ»។ ១៣ រួច​មក លោក​ចេញ​ពី​ពួក​គេ​ចុះ​ទូក​ម្ដង​ទៀត ហើយ​ទៅ​ត្រើយ​ម្ខាង​វិញ។

១៤ អ្នក​កាន់​តាម​បាន​ភ្លេច​យកនំ​ប៉័ង​ទៅ​ជា​មួយ ហើយ​ក្រៅ​ពី​នំ​ប៉័ង​មួយ​ដុំ ពួក​គាត់​គ្មាន​អាហារ​ក្នុង​ទូក​នោះ​សោះ។ ១៥ រួច​មក លោក​ចាប់​ផ្ដើម​បង្គាប់​ពួក​គាត់​យ៉ាង​ច្បាស់​ថា៖ «ចូរ​ប្រុង​ប្រៀប​ស្មារតី​ជា​និច្ច ហើយ​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី និង​ដំបែ​របស់​ហេរ៉ូឌ»។ ១៦ ដូច្នេះ ពួក​គាត់​ចាប់​ផ្ដើម​ជជែក​គ្នា​អំពី​រឿង​ពួក​គាត់​គ្មាន​នំ​ប៉័ង។ ១៧ ឃើញ​ដូច្នេះ លោក​សួរ​ពួក​គាត់​ថា៖ «ហេតុ​អ្វី​កំពុង​ជជែក​គ្នា​អំពី​រឿង​គ្មាន​នំ​ប៉័ង? តើ​អ្នក​រាល់​គ្នា​មិន​ទាន់​មាន​សមត្ថភាព​យល់​ដឹង ឬ​មិន​ទាន់​យល់​អត្ថន័យ​ទេ​ឬ? តើ​អ្នក​នៅ​តែ​រក​គិត​មិន​យល់​ឬ? ១៨ ‹ទោះ​ជា​មាន​ភ្នែក​ក៏​ដោយ តើ​អ្នក​មើល​មិន​ឃើញ​ឬ? ហើយ​ទោះ​ជា​មាន​ត្រចៀក​ក៏​ដោយ តើ​អ្នក​ស្ដាប់​មិន​ឮ​ទេ​ឬ?› តើ​អ្នក​មិន​ចាំ​ទេ? ១៩ ពេល​ដែល​ខ្ញុំ​កាច់​នំ​ប៉័ង​ប្រាំ​ដុំ​ចែក​ឲ្យ​បុរស​ប្រាំ​ពាន់​នាក់​នោះ តើ​អ្នក​រាល់​គ្នា​ប្រមូល​នំ​ប៉័ង​ដែល​នៅ​សល់​បាន​ប៉ុន្មាន​កញ្ជើ?» ពួក​គាត់​ឆ្លើយ​ថា៖ «ដប់​ពីរ​កញ្ជើ»។ ២០ «ពេល​ខ្ញុំ​កាច់​នំ​ប៉័ង​ប្រាំពីរ​ដុំ​ចែក​ឲ្យ​បុរស​បួន​ពាន់​នាក់ តើ​អ្នក​ប្រមូល​អាហារ​ដែល​នៅ​សល់​បាន​ប៉ុន្មាន​កញ្ឆេ?» ពួក​គាត់​ឆ្លើយ​ថា៖ «ប្រាំពីរ​កញ្ឆេ»។ ២១ រួច​លោក​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​ទាន់​យល់​អត្ថន័យ​ទេ​ឬ?»។

២២ បន្ទាប់​មក លោក​និង​ពួក​គាត់​បាន​ទៅ​ដល់​ភូមិ​បេតសេដា។ នៅ​ទី​នោះ មនុស្ស​បាន​នាំ​បុរស​ងងឹត​ភ្នែក​ម្នាក់​មក ហើយ​ពួក​គេ​បាន​អង្វរ​សុំ​ឲ្យ​លោក​ពាល់​គាត់។ ២៣ រួច​លោក​ដឹក​ដៃ​បុរស​ងងឹត​ភ្នែក​នោះ នាំ​ទៅ​ក្រៅ​ភូមិ ស្ដោះ​ដាក់​ភ្នែក​គាត់ ហើយ​ដាក់​ដៃ​លើ​គាត់។ បន្ទាប់​មក​លោក​សួរ​ថា៖ «តើ​អ្នក​មើល​ឃើញ​អ្វី​ទេ?»។ ២៤ បុរស​នោះ​ងើប​មុខ​ឡើង ហើយ​ឆ្លើយ​ថា៖ «ខ្ញុំ​គិត​ថា​ខ្ញុំ​ឃើញ​មនុស្ស ព្រោះ​មើល​ទៅ​ដូច​ជា​ដើម​ឈើ តែ​កំពុង​ដើរ»។ ២៥ រួច​លោក​ដាក់​ដៃ​លើ​ភ្នែក​បុរស​នោះ​ម្ដង​ទៀត ហើយ​គាត់​បាន​ជា ក៏​មើល​អ្វីៗ​ទាំង​អស់​ឃើញ​ច្បាស់។ ២៦ ក្រោយ​មក លោក​ឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ប្រាប់​ថា៖ «កុំ​ចូល​ក្នុង​ភូមិ​ឡើយ»។

២៧ បន្ទាប់​មក លោក​យេស៊ូ​និង​អ្នក​កាន់​តាម​បាន​ចេញ​ទៅ​ភូមិ​ទាំង​ប៉ុន្មាន នៅ​ក្រុង​សេសារៀភីលីព។ នៅ​តាម​ផ្លូវ លោក​ចាប់​ផ្ដើម​សួរ​អ្នក​កាន់​តាម​ថា៖ «តើ​មនុស្ស​ទាំង​ឡាយ​ថា​ខ្ញុំ​ជា​អ្នក​ណា?»។ ២៨ ពួក​គាត់​ឆ្លើយ​ថា៖ «អ្នក​ខ្លះ​ថា លោក​ជា​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​អេលីយ៉ា ហើយ​អ្នក​ឯ​ទៀត​ថា​លោក​ជា​អ្នក​ប្រកាស​ទំនាយ​មួយ​រូប»។ ២៩ រួច​លោក​សួរ​ពួក​គាត់​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​ថា​ខ្ញុំ​ជា​អ្នក​ណា?»។ ពេត្រុស​ឆ្លើយ​ថា៖ «លោក​ជា​គ្រិស្ត»។ ៣០ ឮ​ដូច្នេះ លោក​បង្គាប់​ពួក​គាត់​យ៉ាង​ម៉ឺង​ម៉ាត់ កុំ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ​អំពី​លោក។ ៣១ ម្យ៉ាង​ទៀត លោក​ចាប់​ផ្ដើម​បង្រៀន​ពួក​គាត់​ថា កូន​មនុស្ស​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន ហើយ​ពួក​បុរស​ចាស់​ទុំ ពួក​សង្ឃនាយក និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​នឹង​មិន​ព្រម​ទទួល​ស្គាល់​លោក​ទេ។ លោក​ក៏​នឹង​ត្រូវ​គេ​សម្លាប់ រួច​បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ។ ៣២ លោក​មាន​ប្រសាសន៍​ត្រង់ៗ​អំពី​រឿង​ទាំង​នេះ។ ប៉ុន្តែ​ពេត្រុស​បាន​នាំ​លោក​ទៅ​ឆ្ងាយ​ពី​ពួក​គាត់​បន្ដិច រួច​ចាប់​ផ្ដើម​ស្តីបន្ទោស​លោក។ ៣៣ លោក​បែរ​ទៅ​មើល​អ្នក​កាន់​តាម រួច​ស្តីបន្ទោស​ពេត្រុស​វិញ ដោយ​ពោល​ថា៖ «នែ! សាថាន* ចូរ​ទៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ពីព្រោះ​អ្នក​មិន​គិត​តាម​គំនិត​របស់​ព្រះ​ទេ តែ​គិត​តាម​គំនិត​របស់​មនុស្ស​វិញ»។

៣៤ រួច​លោក​ហៅ​បណ្ដា​ជន​មក​ឯ​លោក​ជា​មួយ​នឹង​អ្នក​កាន់​តាម ហើយ​ប្រាប់​ពួក​គេ​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ អ្នក​នោះ​ត្រូវ​ប្រគល់​ខ្លួន​ឲ្យ​ព្រះ រួច​លី​បង្គោល​ទារុណកម្ម* របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ជា​ដរាប​ចុះ ៣៥ ព្រោះ​អ្នក​ណា​ដែល​ចង់​រក្សា​ជីវិត* ខ្លួន អ្នក​នោះ​នឹង​បាត់បង់​ជីវិត​ទៅ​វិញ។ តែ​អ្នក​ណា​ដែល​បាត់បង់​ជីវិត​ព្រោះ​តែ​ខ្ញុំ​និង​ដំណឹង​ល្អ អ្នក​នោះ​នឹង​រក្សា​ជីវិត​វិញ។ ៣៦ បើ​អ្នក​ណា​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល តែ​បាត់បង់​ជីវិត​ខ្លួន​ទៅ​វិញ តើ​មាន​ប្រយោជន៍​អ្វី​ទៅ? ៣៧ តើ​មនុស្ស​សុខ​ចិត្ត​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​ខ្លួន? ៣៨ ក្នុង​ចំណោម​មនុស្ស​ជំនាន់​នេះ ដែល​មិន​ស្មោះ​ត្រង់​នឹង​ព្រះ* ហើយ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង អ្នក​ណា​ដែល​ខ្មាស​គេ​ដោយ​សារ​កាន់​តាម​ខ្ញុំ​និង​ជឿ​ពាក្យ​របស់​ខ្ញុំ កូន​មនុស្ស​ក៏​នឹង​ខ្មាស​មិន​ទទួល​ស្គាល់​អ្នក​នោះ​ដែរ ពេល​ដែល​លោក​មក​ជា​មួយ​នឹង​បណ្ដា​ទេវតា​បរិសុទ្ធ ដោយ​មាន​សិរី​រុងរឿង​ពី​បិតា​របស់​លោក»។

៩ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ត​ទៅ​ទៀត​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ខ្លះ​ដែល​កំពុង​ឈរ​នៅ​ទី​នេះ នឹង​មិន​ស្លាប់​ឡើយ ទាល់​តែ​បាន​ឃើញ​រាជាណាចក្រ​របស់​ព្រះ​មក​ដល់​ជា​មុន​សិន ទាំង​មាន​ឫទ្ធានុភាព»។ ២ ម្ល៉ោះ​ហើយ ប្រាំមួយ​ថ្ងៃ​ក្រោយ​មក លោក​យេស៊ូ​បាន​នាំ​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​ជា​មួយ​នឹង​លោក​ដោយ​ឡែក​ពី​គេ ហើយ​ឡើង​លើ​ភ្នំ​ខ្ពស់​មួយ។ រួច​មក លក្ខណៈ​ក្រៅ​របស់​លោក​បាន​ផ្លាស់​ប្រែ​នៅ​មុខ​ពួក​គាត់ ៣ ហើយ​សម្លៀក​បំពាក់​ក្រៅ​របស់​លោក​ចាប់​ផ្ដើម​ភ្លឺ​ស​ត្រចះ ដែល​គ្មាន​អ្នក​ណា​នៅ​លើ​ផែនដី​អាច​ធ្វើ​ឲ្យ​ស​យ៉ាង​នេះ​បាន​ឡើយ។ ៤ ម្យ៉ាង​ទៀត ពួក​គាត់​ឃើញ​អេលីយ៉ា​និង​ម៉ូសេ​លេច​មក ហើយ​សន្ទនា​ជា​មួយ​នឹង​លោក​យេស៊ូ។ ៥ ឃើញ​ដូច្នេះ ពេត្រុស​ជម្រាប​លោក​យេស៊ូ​ថា៖ «រ៉ាប៊ី!* យើង​នៅ​ទី​នេះ​ជា​ការ​ល្អ​ប្រសើរ​ណាស់! ដូច្នេះ យើង​សុំ​ដំឡើង​ត្រសាល​បី មួយ​សម្រាប់​លោក មួយ​សម្រាប់​ម៉ូសេ និង​មួយ​សម្រាប់​អេលីយ៉ា»។ ៦ តាម​ពិត ពេត្រុស​មិន​ដឹង​ថា​គួរ​និយាយ​យ៉ាង​ណា​ឡើយ ពីព្រោះ​ពួក​គាត់​មាន​អារម្មណ៍​ភ័យ​ខ្លាច​ណាស់។ ៧ ស្រាប់​តែ​កើត​មាន​ពពក​មួយ​មក​គ្រប​បាំង​ពួក​គាត់ ហើយ​មាន​សំឡេង​បន្លឺ​ចេញ​ពី​ពពក​នោះ​ថា៖ «នេះ​ជា​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ចូរ​ស្ដាប់​តាម​លោក»។ ៨ ក៏​ប៉ុន្តែ​រំពេច​នោះ ពួក​គាត់​បាន​មើល​ជុំ​វិញ ហើយ​ឃើញ​ថា​គ្មាន​អ្នក​ណា​នៅ​ជា​មួយ​នឹង​ពួក​គាត់​ទៀត​ឡើយ ក្រៅ​ពី​លោក​យេស៊ូ​ម្នាក់។

៩ កាល​ដែល​កំពុង​ចុះ​ពី​ភ្នំ​មក​វិញ លោក​បង្គាប់​ពួក​គាត់​យ៉ាង​ច្បាស់​លាស់ កុំ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ​អំពី​អ្វី​ដែល​ពួក​គាត់​បាន​ឃើញ រហូត​ដល់​ក្រោយ​ពី​កូន​មនុស្ស​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ហើយ។ ១០ ពួក​គាត់​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​នោះ តែ​បាន​ពិភាក្សា​គ្នា​អំពី​អត្ថន័យ​នៃ​ការ​រស់​ឡើង​វិញ​នេះ។ ១១ ក្រោយ​មក ពួក​គាត់​ចាប់​ផ្ដើម​សួរ​លោក​ថា៖ «ហេតុ​អ្វី​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និយាយ​ថា អេលីយ៉ា​ត្រូវ​មក​មុន?»។ ១២ លោក​តប​ឆ្លើយ​ថា៖ «អេលីយ៉ា​ប្រាកដជា​នឹង​មក​មុន ហើយ​ធ្វើ​អ្វីៗ​ទាំង​អស់​ឲ្យ​ដូច​ដើម​វិញ។ ប៉ុន្តែ​តើ​នោះ​ជាប់​ទាក់​ទង​យ៉ាង​ដូច​ម្ដេច​នឹង​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ទុក​អំពី​កូន​មនុស្ស​ថា ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន ហើយ​ត្រូវ​គេ​ចាត់​ទុក​ថា​គ្មាន​តម្លៃ? ១៣ ក៏​ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អេលីយ៉ា​ពិត​ជា​បាន​មក​មែន ហើយ​ពួក​គេ​បាន​ប្រព្រឹត្ត​ទៅ​លើ​គាត់​តាម​អំពើ​ចិត្ត​របស់​ពួក​គេ ដូច​អ្វី​ដែល​បាន​ត្រូវ​សរសេរ​អំពី​គាត់»។

១៤ ពេល​ដែល​កំពុង​ធ្វើ​ដំណើរ​តម្រង់​ទៅ​អ្នក​កាន់​តាម​ឯ​ទៀត នោះ​ពួក​គាត់​ឃើញ​ថា​មាន​មនុស្ស​មួយ​ក្រុម​យ៉ាង​ធំ​នៅ​ជុំ​វិញ​អ្នក​កាន់​តាម​ទាំង​នោះ ហើយ​មាន​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ កំពុង​ជជែក​តវ៉ា​ជា​មួយ​នឹង​ពួក​គាត់។ ១៥ ប៉ុន្តែ​ពេល​ដែល​បណ្ដា​ជន​ក្រឡេក​ទៅ​ឃើញ​លោក ពួក​គេ​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង រួច​បាន​រត់​ទៅទទួល​ស្វាគមន៍​លោក។ ១៦ លោក​សួរ​បណ្ដា​ជន​ថា៖ «តើ​អ្នក​រាល់​គ្នា​កំពុង​ជជែក​តវ៉ា​ជា​មួយ​នឹង​ពួក​គាត់​អំពី​រឿង​អ្វី?»។ ១៧ មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ឆ្លើយ​ថា៖ «លោក​គ្រូ! ខ្ញុំ​បាន​នាំ​កូន​ប្រុស​របស់​ខ្ញុំ​មក​ជួប​លោក ពីព្រោះ​គាត់​មាន​វិញ្ញាណ* មួយ​ចូល​ដែល​ធ្វើ​ឲ្យ​គាត់​និយាយ​មិន​បាន ១៨ ហើយ​ទោះ​ជា​នៅ​កន្លែង​ណា​ក៏​ដោយ ពេល​ដែល​វា​គ្រប​សង្កត់​គាត់ វា​ផ្ដួល​គាត់​ទៅ​លើ​ដី​ធ្វើ​ឲ្យ​បែកពពុះមាត់ សង្កៀត​ធ្មេញ និង​ខ្សោះ​កម្លាំង។ ខ្ញុំ​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​បណ្ដេញ​វា​ចេញ ប៉ុន្តែ​ពួក​គាត់​បណ្ដេញ​វា​មិន​បាន»។ ១៩ លោក​ក៏​មាន​ប្រសាសន៍​ទៅ​បណ្ដា​ជន​ថា៖ «ឱ​ជំនាន់​មនុស្ស​ដែល​គ្មាន​ជំនឿ​អើយ! តើ​ខ្ញុំ​ត្រូវ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដល់​ពេល​ណា? តើ​ខ្ញុំ​ត្រូវ​ទ្រាំទ្រ​អ្នក​រាល់​គ្នា​ដល់​ណា​ទៀត? ចូរ​នាំ​ក្មេង​ប្រុស​នោះ​មក​ខ្ញុំ»។ ២០ ដូច្នេះ ពួក​គេ​នាំ​ក្មេង​ប្រុស​នោះ​មក​ជិត​លោក។ ប៉ុន្តែ ពេល​ដែល​ឃើញ​លោក​ភ្លាម វិញ្ញាណ​នោះ​ធ្វើ​ឲ្យ​ក្មេង​ប្រុស​ប្រកាច់​យ៉ាង​ខ្លាំង។ រួច​ក្រោយ​ពី​បាន​ផ្ដួល​គាត់​លើ​ដី វា​ក៏​ធ្វើ​ឲ្យ​ននៀល​ចុះ​ឡើង ហើយ​បែកពពុះមាត់។ ២១ បន្ទាប់​មក លោក​សួរ​ឪពុក​របស់​ក្មេង​ប្រុស​នោះ​ថា៖ «តើ​នេះ​បាន​កើត​ឡើង​ដល់​គាត់​តាំង​ពី​កាល​ណា?» ឪពុក​ឆ្លើយ​ថា៖ «តាំង​ពី​តូច​មក ២២ ហើយ​វិញ្ញាណ​នោះ​ផ្ដួល​គាត់​ក្នុង​ភ្លើង រួច​ក្នុង​ទឹក​ជា​ច្រើន​លើក​ច្រើន​សា ដើម្បី​បំផ្លាញ​គាត់។ ប៉ុន្តែ​បើ​មាន​អ្វី​ដែល​លោក​អាច​ជួយ​បាន សូម​អាណិត​យើង​ហើយ​ជួយ​យើង​ផង»។ ២៣ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖ «អ្នក​និយាយ​ថា​‹បើ​មាន​អ្វី​អាច​ជួយ​បាន›? អ្នក​ដែល​មាន​ជំនឿ​អាច​បាន​អ្វីៗ​ទាំង​អស់​ដូច​បំណង»។ ២៤ ភ្លាមៗ​នោះ ឪពុក​របស់​ក្មេង​ប្រុស​ស្រែក​ឡើង​ថា៖ «ខ្ញុំ​មាន​ជំនឿ! សុំ​ជួយ​ពង្រឹង​ជំនឿ​របស់​ខ្ញុំ​ផង!»។

២៥ ឯ​លោក​យេស៊ូ លោក​ឃើញ​ថា​មនុស្ស​កាន់​តែ​ច្រើន​កំពុង​រត់​មក​ចោមរោម នោះ​លោក​ក៏​ស្តីបន្ទោស​វិញ្ញាណ​អសោច ដោយ​ពោល​ថា៖ «វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​ថ្លង់និង​និយាយ​មិន​បាន! ខ្ញុំ​បង្គាប់​ឲ្យ​ចេញ​ពី​គាត់​ទៅ ហើយ​កុំ​ចូល​ក្នុង​គាត់​ទៀត​ឡើយ»។ ២៦ រួច​បន្ទាប់​ពី​បាន​ស្រែក​ឡើង​និង​ប្រកាច់​យ៉ាង​ខ្លាំង​នោះ វា​ក៏​ចេញ​ទៅ ហើយ​ក្មេង​ប្រុស​នោះ​មើល​ទៅ​ដូច​ជា​ស្លាប់ ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​និយាយ​ថា៖ «គាត់​ស្លាប់​ហើយ!»។ ២៧ ប៉ុន្តែ​លោក​យេស៊ូ​បាន​ចាប់​ដៃ​គាត់​លើក ហើយ​គាត់​ក៏​ងើប​ឡើង។ ២៨ ដូច្នេះ ក្រោយ​ពី​លោក​ចូល​ក្នុង​ផ្ទះ​មួយ អ្នក​កាន់​តាម​សួរ​លោក​ដោយ​ឡែក​ថា៖ «ហេតុ​អ្វី​ក៏​យើង​មិន​អាច​បណ្ដេញ​វា​បាន?»។ ២៩ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «វិញ្ញាណ​បែប​នេះ​អាច​ត្រូវ​បណ្ដេញ​ចេញ​បាន​ដោយ​សេចក្ដី​អធិដ្ឋាន​តែ​ប៉ុណ្ណោះ»។

៣០ លោក​និង​ពួក​គាត់​បាន​ចេញ​ពី​កន្លែង​នោះ ហើយ​ធ្វើ​ដំណើរ​កាត់​ស្រុក​កាលីឡេ ប៉ុន្តែ​លោក​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​ឡើយ ៣១ ដោយ​ហេតុ​ថា​លោក​កំពុង​បង្រៀនអ្នក​កាន់​តាម ហើយ​ប្រាប់​ពួក​គាត់​ថា៖ «កូន​មនុស្ស​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់ដៃ​មនុស្ស​លោក ហើយ​ពួក​គេ​នឹង​សម្លាប់​លោក។ ប៉ុន្តែ​ទោះ​ជា​ត្រូវ​គេ​សម្លាប់​មែន លោក​នឹង​រស់​ឡើង​វិញ បី​ថ្ងៃ​ក្រោយ»។ ៣២ ក៏​ប៉ុន្តែ ពួក​គាត់​មិន​យល់​អ្វី​ដែល​លោក​ប្រាប់ ហើយ​ក៏​ខ្លាច​មិន​ហ៊ាន​សួរ​លោក​អំពី​រឿង​នោះ​ដែរ។

៣៣ ក្រោយ​មក លោក​និង​ពួក​គាត់​បាន​ចូល​ក្នុង​ក្រុង​កាពើណិម។ លុះ​ពេល​លោក​នៅ​ក្នុង​ផ្ទះ​ហើយ លោក​បាន​សួរ​ពួក​គាត់​ថា៖ «តើ​នៅ​តាម​ផ្លូវ​អ្នក​រាល់​គ្នា​បាន​ប្រកែក​គ្នា​អំពី​រឿង​អ្វី?»។ ៣៤ ពួក​គាត់​បាន​នៅ​ស្ងៀម ពីព្រោះ​នៅ​តាម​ផ្លូវ​ពួក​គាត់​បាន​ប្រកែក​គ្នា​ថា​អ្នក​ណា​ធំ​ជាង​គេ។ ៣៥ ដូច្នេះ លោក​បាន​អង្គុយ​ចុះ រួច​ហៅ​សាវ័ក​ទាំង​ដប់​ពីរ​នាក់​មក ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «បើ​អ្នក​ណា​ចង់​នាំ​មុខគេ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​អ្នក​តូច​ជាង​គេ​បំផុត ហើយ​ក៏​ត្រូវ​បម្រើ​គេ​ទាំង​អស់​គ្នា​ផង»។ ៣៦ ក្រោយ​មក លោក​ហៅ​កូន​ក្មេង​ម្នាក់​មក ហើយ​ឲ្យ​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​គាត់។ រួច​លោក​ឱប​ក្មេង​នោះ ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ ៣៧ «អ្នក​ណា​ដែល​ទទួល​ស្វាគមន៍​ក្មេង​ម្នាក់​បែប​នេះ​ដោយ​នូវ​ឈ្មោះ​ខ្ញុំ អ្នក​នោះ​ក៏​ទទួល​ស្វាគមន៍​ខ្ញុំ​ដែរ ហើយ​អ្នក​ណា​ដែល​ទទួល​ស្វាគមន៍​ខ្ញុំ មិន​មែន​ទទួល​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ តែ​ក៏​ទទួល​លោក​ដែល​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ផង»។

៣៨ យ៉ូហាន​ជម្រាប​លោក​ថា៖ «លោក​គ្រូ យើង​ឃើញ​បុរស​ម្នាក់​កំពុង​បណ្ដេញ​វិញ្ញាណ​កំណាច​ដោយ​នាម​របស់​លោក ហើយ​យើង​ខំ​ឃាត់​គាត់ ដោយ​សារ​គាត់​មិន​មក​ជា​មួយ​នឹង​យើង​ឡើយ»។ ៣៩ ប៉ុន្តែ​លោក​យេស៊ូ​ពោល​ថា៖ «កុំ​ឃាត់​គាត់ ព្រោះ​គ្មាន​អ្នក​ណា​អាច​ធ្វើ​ការ​ដែល​ប្រកបដោយ​ឫទ្ធានុភាព​ដោយ​ឈ្មោះ​របស់​ខ្ញុំ រួច​បែរ​មក​និយាយ​ប្រមាថ​មើល​ងាយ​ខ្ញុំ​ភ្លាម​ទេ ៤០ ដោយ​ហេតុ​ថា អ្នក​ណា​ដែល​មិន​ប្រឆាំង​យើង អ្នក​នោះ​គឺ​នៅ​ខាង​យើង​ហើយ។ ៤១ អ្នក​ណា​ដែល​ជូន​ទឹក​មួយ​ពែង​ឲ្យ​អ្នក​រាល់​គ្នា​ពិសា ដោយ​សារ​អ្នក​កាន់​តាម​គ្រិស្ត នោះ​ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​ថា គាត់​នឹង​មិន​បាត់បង់​រង្វាន់​របស់​គាត់​ឡើយ។ ៤២ ប៉ុន្តែ​អ្នក​ណា​ដែល​បណ្ដាល​ឲ្យ​អ្នក​តូច​បែប​នេះ​ដែល​ជឿ​ជំពប់​ដួល* គឺ​ល្អ​ជាង​បើ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ​មួយ​ចង​ជាប់​ក​របស់​អ្នក​នោះ ហើយ​យក​ទៅ​ចោល​ក្នុង​សមុទ្រ។

៤៣ «ប្រសិនបើ​ដៃ​ម្ខាង​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​កាត់​វា​ចេញ។ ព្រោះ​ថា បើ​អ្នក​ពិការ តែ​ទទួល​ជីវិត នោះ​គឺ​ប្រសើរ​ជាង​មាន​ដៃ​ទាំង​ពីរ ហើយ​ចូល​ជ្រលង​ភ្នំ​ហ៊ីណុំ* ក្នុង​ភ្លើង​ដែល​មិន​អាច​ត្រូវ​ពន្លត់​បាន​ឡើយ ៤៤ * —— ៤៥ ហើយ​បើ​ជើង​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​កាត់​វា​ចោល​ទៅ។ ព្រោះ​ថា បើ​អ្នក​មាន​ជើង​តែ​ម្ខាង ប៉ុន្តែ​ទទួល​ជីវិត នោះ​គឺ​ប្រសើរ​ជាង​ត្រូវ​បោះ​ទៅ​ក្នុង​ជ្រលង​ភ្នំ​ហ៊ីណុំ​ទាំង​មាន​ជើង​ពីរ។ ៤៦ * —— ៤៧ ម្យ៉ាង​ទៀត បើ​ភ្នែក​ម្ខាង​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​បោះ​ភ្នែក​នោះ​ចោល​ទៅ ព្រោះ​ថា បើ​អ្នក​មាន​ភ្នែក​តែ​ម្ខាង តែ​បាន​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ គឺ​ប្រសើរ​ជាង​មាន​ភ្នែក​ទាំង​សង​ខាង តែ​ត្រូវ​បោះ​ទៅ​ក្នុង​ជ្រលង​ភ្នំ​ហ៊ីណុំ ៤៨ ដែល​នៅ​ទី​នោះ​ដង្កូវ​មិន​ចេះ​ងាប់ ហើយ​ភ្លើង​ក៏​មិន​ត្រូវ​ពន្លត់។

៤៩ «ដោយ​ហេតុ​ថា ភ្លើង​ត្រូវ​ធ្លាក់​ទៅ​លើ​មនុស្ស​ទាំង​អស់​នេះ ដូច​គេ​រោយ​អំបិល។ ៥០ អំបិល​គឺ​ល្អ ប៉ុន្តែ​បើ​អំបិល​បាត់បង់​ជាតិ​ប្រៃ តើ​អ្នក​អាច​ដាក់​អ្វី​លើ​អំបិល​នោះ​ដើម្បី​ធ្វើ​ឲ្យ​មាន​ជាតិ​ប្រៃ​ឡើង​វិញ​បាន? ចូរ​មាន​អំបិល​ក្នុង​ជីវិត​ខ្លួន ហើយ​រក្សា​ឲ្យ​មាន​មេត្រី​ភាព​នឹង​គ្នា​ជា​និច្ច»។

១០ លោក​បាន​ចេញ​ពី​នោះ​ទៅ​ដល់​ព្រំ​ប្រទល់​តំបន់​យូឌា និង​ត្រើយ​ម្ខាង​នៃ​ទន្លេ​យ៉ូដាន់ រួច​បណ្ដា​ជន​បាន​មូល​គ្នា​មក​ឯ​លោក​ម្ដង​ទៀត ហើយ​លោក​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ​តាម​ទម្លាប់​របស់​លោក។ ២ នៅ​ពេល​នោះ ពួក​ផារិស៊ី​ខ្លះ​បាន​មក​ដើម្បី​ល្បង​មើល​លោក​ដោយ​សួរ​ថា​តើ​បុរស​មាន​ច្បាប់​លែង​លះ​ប្រពន្ធ​ឬ​ក៏​មិន​មាន។ ៣ លោក​តប​ឆ្លើយ​ថា៖ «តើ​ម៉ូសេ​បាន​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ម្ដេច?»។ ៤ ពួក​គេ​ឆ្លើយ​ថា៖ «ម៉ូសេ​បាន​អនុញ្ញាត​ឲ្យ​សរសេរ​សំបុត្រ​លែង​លះ​ទៅ​នាង ហើយ​ឲ្យ​នាង​ចុះ​ចេញ»។ ៥ ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ម៉ូសេ​បាន​សរសេរ​បញ្ញត្ដិ​នេះ​សម្រាប់​អ្នក ដោយ​សារ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង ៦ ក៏​ប៉ុន្តែ នៅ​ពេល​ព្រះ​បង្កើត​មនុស្ស​ជាតិ​ពី​ដំបូង ‹ព្រះ​បាន​បង្កើត​ពួក​គេ​ជា​ប្រុស​និង​ស្រី។ ៧ ហេតុ​នេះ បុរស​នឹង​ចាក​ចេញ​ពី​ឪពុក​និង​ម្ដាយ​ខ្លួន ៨ ហើយ​ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ទៅ​ជា​សាច់​ឈាម​តែ​មួយ›។ ដូច្នេះ ពួក​គេ​លែង​ជា​ពីរ​ទៀត​ហើយ ប៉ុន្តែ​ជា​សាច់​ឈាម​តែ​មួយ​វិញ។ ៩ ម្ល៉ោះ​ហើយ កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​គូ​ដែល​ព្រះ​បាន​ផ្សំផ្គុំ* ឡើយ»។ ១០ លុះ​ពេល​លោក​ចូល​ទៅ​ក្នុង​ផ្ទះ​ម្ដង​ទៀត អ្នក​កាន់​តាម​ចាប់​ផ្ដើម​សួរ​លោក​អំពី​រឿង​នេះ។ ១១ រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «អ្នក​ណា​ដែល​លែង​លះ​ប្រពន្ធ រួច​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ម្នាក់​ទៀត អ្នក​នោះ​ផិត​ក្បត់​ប្រពន្ធ​ហើយ។ ១២ បើ​ស្ត្រី​ណា​លែង​លះ​ប្ដី រួច​រៀប​ការ​ជា​មួយ​នឹង​បុរស​ម្នាក់​ទៀត ស្ត្រី​នោះ​ផិត​ក្បត់»។

១៣ បន្ទាប់​មក មនុស្ស​ម្នា​ចាប់​ផ្ដើម​នាំ​កូន​ក្មេង​មក​ឲ្យ​លោក​ពាល់ ប៉ុន្តែ​អ្នក​កាន់តាម​លោក​បាន​ស្តីបន្ទោស​មនុស្ស​ទាំង​នោះ។ ១៤ ឃើញ​ដូច្នេះ លោក​យេស៊ូ​ទាស់​ចិត្ត ហើយ​ប្រាប់​ពួក​គាត់​ថា៖ «ឲ្យ​កូន​ក្មេង​ទាំង​នោះ​មក​ឯ​ខ្ញុំ កុំ​ឃាត់​ពួក​គេ​ឡើយ ពីព្រោះ​រាជាណាចក្រ​របស់​ព្រះ​ជា​របស់​អ្នក​ដែល​មាន​លក្ខណៈ​ដូច​ក្មេង​ទាំង​នេះ។ ១៥ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​មិន​ព្រម​ទទួល​រាជាណាចក្រ​របស់​ព្រះ ដូច​ក្មេង​តូច​ម្នាក់​ទេ អ្នក​នោះ​នឹង​មិន​បាន​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ​សោះ​ឡើយ»។ ១៦ រួច​មក លោក​ឱប​កូន​ក្មេង​ទាំង​នោះ ហើយ​ឲ្យ​ពរ​ដោយ​ដាក់​ដៃ​លើ​ពួក​គេ។

១៧ ពេល​លោក​កំពុង​ចេញ​ពី​ទី​នោះ បុរស​ម្នាក់​បាន​រត់​ទៅ​លុត​ជង្គង់​នៅ​មុខ​លោក ហើយ​សួរ​ថា៖ «លោក​គ្រូ​ល្អ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ជា​មត៌ក?»។ ១៨ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ហេតុ​អ្វី​អ្នក​ថា​ខ្ញុំ​ល្អ​ដូច្នេះ? ក្រៅ​ពី​ព្រះ គ្មាន​អ្នក​ណា​ល្អ​ឡើយ។ ១៩ អ្នក​ស្គាល់​បញ្ញត្ដិ​ហើយ​ដែល​ថា៖ ‹កុំ​ធ្វើ​ឃាតកម្ម កុំ​ផិត​ក្បត់ កុំ​លួច កុំ​ធ្វើ​ជា​សាក្សី​ក្លែង​ក្លាយ កុំ​បោកប្រាស់ ហើយ​ចូរ​គោរព​ឪពុក​និង​ម្ដាយ​ខ្លួន›»។ ២០ បុរស​នោះ​ជម្រាប​លោក​ថា៖ «លោក​គ្រូ! ខ្ញុំ​បាន​ធ្វើ​តាម​បញ្ញត្ដិ​ទាំង​អស់​នេះ​តាំង​ពី​នៅ​ក្មេង​ម្ល៉េះ»។ ២១ លោក​យេស៊ូ​មើល​ទៅ​បុរស​នោះ ហើយ​មាន​ចិត្ត​ស្រឡាញ់​គាត់ រួច​ប្រាប់​ថា៖ «នៅ​មាន​អ្វី​មួយ​ទៀត​ដែល​អ្នក​ត្រូវ​ធ្វើ។ ចូរ​ទៅ​លក់​អ្វីៗ​ដែល​អ្នក​មាន ហើយ​ឲ្យ​ដល់​អ្នក​ក្រ នោះ​អ្នក​នឹង​មាន​ទ្រព្យ​វិសេស​នៅ​ស្ថាន​សួគ៌ រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ!»។* ២២ ប៉ុន្តែ ពេល​ឮ​ដូច្នេះ បុរស​នោះ​បែរ​ជា​ព្រួយ​ចិត្ត ហើយ​បាន​ចេញ​ទៅ​ដោយ​មាន​ក្ដី​ទុក្ខ ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្ដិ​ជា​ច្រើន។

២៣ លោក​យេស៊ូ​មើល​ជុំ​វិញ រួច​មាន​ប្រសាសន៍​ទៅ​អ្នក​កាន់​តាម​ថា៖ «អ្នក​ដែល​មាន​ប្រាក់​ច្រើន​នឹង​ពិបាក​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ​ណាស់!»។ ២៤ ប៉ុន្តែ ពាក្យ​របស់​លោក​បាន​ធ្វើ​ឲ្យ​អ្នក​កាន់​តាម​ភ្ញាក់​ផ្អើល។ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ម្ដង​ទៀត​ថា៖ «កូនៗ​អើយ! ការ​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ​គឺ​ពិបាកណាស់! ២៥ សត្វ​អូដ្ឋ​អាច​ចូល​តាម​រន្ធ​ម្ជុល​ងាយ​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​រាជាណាចក្រ​របស់​ព្រះ»។ ២៦ ពួក​គាត់​ភ្ញាក់​ផ្អើល​កាន់​តែ​ខ្លាំង រួច​សួរ​លោក​ថា៖ «តើ​អ្នក​ណា​ទៅ​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន?»។ ២៧ លោក​យេស៊ូ​មើល​ចំពួក​គាត់ រួច​ពោល​ថា៖ «មនុស្ស​មិន​អាច​សម្រេច​ការ​នេះ​បាន​ឡើយ តែ​ចំណែក​ព្រះ​វិញ លោក​អាច​សម្រេច​ការ​នេះ​បាន ពីព្រោះ​ព្រះ​អាច​សម្រេច​គ្រប់​ការ​ទាំង​អស់​បាន»។ ២៨ ពេត្រុស​ជម្រាប​លោក​ថា៖ «មើល! យើង​បាន​ចាក​ចេញ​ពី​អ្វីៗ​ទាំង​អស់ ហើយ​បាន​តាម​លោក»។ ២៩ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​ចាក​ចេញ​ពី​ផ្ទះ ឬ​បង​ប្អូន​ប្រុស​ស្រី ឬ​ម្ដាយ ឬ​ឪពុក ឬ​កូន ឬ​ស្រែ​ចម្ការ​ដើម្បី​ខ្ញុំ និង​ដើម្បី​ដំណឹង​ល្អ ៣០ អ្នក​នោះ​នឹង​ទទួល​ផ្ទះ និង​បង​ប្អូន​ប្រុស​ស្រី និង​ម្ដាយ និង​កូន និង​ស្រែ​ចម្ការ មួយ​ជា​មួយ​រយ ព្រម​ទាំង​ការ​បៀតបៀន​ផង​ដែរ ក្នុង​គ្រា​ឥឡូវ​នេះ ហើយ​ក្នុង​របៀប​របប​ពិភព​លោក​ដែល​នឹង​មក​ដល់ នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ៣១ ក៏​ប៉ុន្តែ មនុស្ស​ជា​ច្រើន​ដែល​ជា​អ្នក​មុន​គេ នឹង​ទៅ​ជា​អ្នក​ក្រោយ​គេ​វិញ ហើយ​អ្នក​ដែល​ក្រោយ​គេ នឹង​ទៅ​ជា​អ្នក​មុន​គេ​វិញ»។

៣២ លុះ​ក្រោយ​មក លោក​និង​ពួក​គាត់​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឡើង​ទៅ​ក្រុង​យេរូសាឡិម។ លោក​យេស៊ូ​កំពុង​ដើរ​នៅ​មុខ ហើយ​ពួក​គាត់​បាន​នឹក​អស្ចារ្យក្នុង​ចិត្ត តែ​អ្នក​ដែល​ដើរ​តាម​ពួក​គាត់​ក៏​ចាប់​ផ្ដើម​ភ័យ​ខ្លាច​វិញ។ រួច​មក លោក​ហៅ​សាវ័ក​ទាំង​ដប់​ពីរ​នាក់​មក​ដោយ​ឡែក​ពី​គេ ហើយ​ចាប់​ផ្ដើម​ប្រាប់​ពួកគាត់​អំពី​អ្វីដែល​ត្រូវ​កើត​ឡើង​ដល់​លោក។ ៣៣ «យើង​កំពុង​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង​យេរូសាឡិម ហើយ​កូន​មនុស្ស​នឹង​ត្រូវ​ប្រគល់​ឲ្យ​ពួក​សង្ឃនាយក និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ហើយ​ពួក​គេ​នឹង​កាត់​ទោស​លោក​ដល់​ជីវិត រួច​នឹង​ប្រគល់​លោក​ឲ្យ​ជន​ជាតិ​ដទៃ ៣៤ ហើយ​ពួក​គេ​នឹង​ចំអក​ឲ្យ​លោក ស្ដោះ​ទឹក​មាត់​ដាក់ ថែម​ទាំង​វាយ​នឹង​រំពាត់​ខ្សែតី រួច​សម្លាប់​លោក ប៉ុន្តែ​បី​ថ្ងៃ​ក្រោយ​មក​លោក​នឹង​រស់​ឡើង​វិញ»។

៣៥ រួច​មក យ៉ាកុប​និង​យ៉ូហាន ដែល​ជា​កូន​របស់​សេបេដេ​បាន​មក​ឯ​លោក​ហើយ​ជម្រាប​ថា៖ «លោក​គ្រូ! អ្វី​ក៏​ដោយ​ដែល​យើង​សុំ យើង​ចង់​ឲ្យ​លោក​ធ្វើ​ឲ្យ​យើង»។ ៣៦ លោក​សួរ​ពួក​គាត់​ថា៖ «តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?»។ ៣៧ ពួក​គាត់​ជម្រាប​ថា៖ «ពេល​ដែល​លោក​មាន​សិរី​រុងរឿង សុំ​អនុញ្ញាត​ឲ្យ​យើង​អង្គុយ ម្នាក់​នៅខាង​ស្ដាំ ហើយ​ម្នាក់​នៅ​ខាង​ឆ្វេង​លោក​ផង»។ ៣៨ ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «អ្នក​ទាំង​ពីរ​មិន​ដឹង​ថា​ខ្លួន​កំពុង​សុំ​អ្វី​ទេ។ តើ​អ្នក​អាច​ផឹក​ពី​ពែង​ដែល​ខ្ញុំ​កំពុង​ផឹក ឬ​ទទួល​ការ​ជ្រមុជ ដូច​ការ​ជ្រមុជ​ដែល​ខ្ញុំ​កំពុង​ទទួល​បាន​ឬ​ទេ?»។ ៣៩ ពួក​គាត់​ជម្រាប​លោក​ថា៖ «បាន!»។ ឮ​ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «អ្នក​រាល់​គ្នា​នឹង​ផឹក​ពី​ពែង​ដែល​ខ្ញុំ​កំពុង​ផឹក ហើយ​ក៏​នឹង​ទទួល​ការ​ជ្រមុជ ដែល​ខ្ញុំ​កំពុង​ទទួល​ដែរ។ ៤០ ក៏​ប៉ុន្តែ មិន​មែន​ខ្ញុំ​ទេ​ដែល​សម្រេច​ឲ្យ​អង្គុយ​នៅ​ខាង​ស្ដាំ​ឬ​ខាង​ឆ្វេង​ខ្ញុំ តែ​កន្លែង​នោះ​បាន​ត្រូវ​រៀប​ចំ​ទុក​ជា​ស្រេច​សម្រាប់​អ្នក​ដែល​ត្រូវ​អង្គុយ»។

៤១ ពេល​ដែល​សាវ័ក​ទាំង​ដប់​នាក់​ទៀត​ឮ​អំពី​រឿង​នោះ ពួក​គាត់​បាន​ទាស់​ចិត្ត​នឹង​យ៉ាកុប​និង​យ៉ូហាន។ ៤២ ប៉ុន្តែ​លោក​យេស៊ូ​បាន​ហៅ​ពួក​គាត់​មក​ឯ​លោក រួច​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​ដែល​គេ​ចាត់​ទុក​ជា​អ្នកគ្រប់​គ្រង​ប្រជាជាតិ​នានា​ត្រួត​ត្រា​លើ​ពួក​គេ ហើយ​អ្នក​ធំ​ក៏​ប្រើ​អំណាច​លើ​ពួក​គេ​ដែរ។ ៤៣ ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​គឺ​មិន​ដូច្នេះ​ឡើយ ផ្ទុយ​ទៅ​វិញ​អ្នក​ណា​ដែល​ចង់ធ្វើ​ជា​អ្នក​ធំ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​របស់​អ្នក​រាល់​គ្នា​វិញ ៤៤ ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​ដែល​ចង់​នាំ​មុខ​គេ ត្រូវ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​គេ​ទាំង​អស់​គ្នា ៤៥ ព្រោះ​ថា សូម្បី​តែ​កូន​មនុស្ស​បាន​មក ក៏​មិន​មែន​ដើម្បី​ឲ្យគេ​បម្រើ​លោក​ទេ តែ​ដើម្បី​បម្រើ​គេ​វិញ ហើយ​ឲ្យ​ជីវិត* ខ្លួន​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង»។

៤៦ រួច​មក លោក​និង​ពួក​គាត់​បាន​ទៅ​ដល់​ក្រុង​យេរីខូ។ ប៉ុន្តែ​ពេល​ដែល​លោក​និង​អ្នក​កាន់​តាម ព្រម​ទាំង​មនុស្ស​មួយ​ក្រុម​ធំ​កំពុង​ចេញ​ពី​ក្រុង​យេរីខូ នោះ​បុរស​ងងឹត​ភ្នែក​ម្នាក់​ឈ្មោះ​បាទីមេ (កូន​ប្រុស​របស់​ទីមេ) ដែល​ជា​អ្នក​សុំ​ទាន កំពុង​អង្គុយ​ក្បែរ​ផ្លូវ។ ៤៧ ពេល​ដែល​គាត់​ឮ​ថា​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត​នៅ​ទី​នោះ គាត់​ចាប់​ផ្ដើម​ស្រែក​ថា៖ «លោក​យេស៊ូ! បុត្រ​ដាវីឌ! សូម​មេត្ដា​ជួយ​ខ្ញុំ​ផង!»។ ៤៨ ឮ​ដូច្នេះ មនុស្ស​ជា​ច្រើន​ក៏​ប្រាប់​គាត់​យ៉ាង​ម៉ឺង​ម៉ាត់​ឲ្យ​នៅ​ស្ងៀម តែ​គាត់​ស្រែក​កាន់​តែ​ខ្លាំង​ថា៖ «បុត្រ​ដាវីឌ! សូម​មេត្ដា​ជួយ​ខ្ញុំ​ផង!»។ ៤៩ ម្ល៉ោះ​ហើយ លោក​យេស៊ូ​បាន​ឈប់​ហើយ​ពោល​ថា៖ «សូម​ហៅ​គាត់​មក»។ រួច​ពួក​គេ​បាន​ហៅ​បុរស​ងងឹត​ភ្នែក​នោះ ដោយ​និយាយ​ថា៖ «កុំ​អស់​សង្ឃឹម​ឡើយ ចូរ​ក្រោក​ឡើង លោក​កំពុង​ហៅ​អ្នក»។ ៥០ គាត់​ដោះ​សម្លៀក​បំពាក់​ក្រៅ​ចោល​យ៉ាង​លឿន រួច​ស្ទុះ​ក្រោក​ឡើង ហើយ​រូតរះ​ទៅ​ឯ​លោក​យេស៊ូ។ ៥១ បន្ទាប់​មក លោក​យេស៊ូ​សួរ​គាត់​ថា៖ «តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដើម្បី​អ្នក?»។ បុរស​ងងឹត​ភ្នែក​ជម្រាប​លោក​ថា៖ «រ៉ាបូនី!* សូម​ធ្វើ​ឲ្យ​ខ្ញុំ​មើល​ឃើញ»។ ៥២ ម្ល៉ោះ​ហើយ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​ទៅ​ចុះ! ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​ហើយ»។ រំពេច​នោះ គាត់​អាច​មើល​ឃើញ​ឡើង​វិញ ក៏​ចាប់​ផ្ដើម​ដើរ​តាម​លោក​យេស៊ូ​នៅ​លើ​ផ្លូវ។

១១ លុះ​លោក​និង​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​ជិត​ក្រុង​យេរូសាឡិម ក្បែរ​ភូមិ​បេតផាសេ​និង​ភូមិ​បេថានី នៅ​ភ្នំដើមអូលីវ​ហើយ លោក​ក៏​បាន​ចាត់​អ្នក​កាន់​តាម​ពីរ​នាក់ ២ ដោយ​ប្រាប់​ពួក​គាត់​ថា៖ «ចូរ​ទៅ​ភូមិ​នៅ​ខាង​មុខ​នុះ។ ពេល​ចូល​ទៅ​ភ្លាម អ្នក​នឹង​ឃើញ​លា​ស្ទាវ​មួយ​ក្បាល ដែល​គេ​បាន​ចង​ទុក ហើយ​មិន​ទាន់​មាន​មនុស្ស​ធ្លាប់​ជិះ​វា​ឡើយ។ ចូរ​ស្រាយ​វា​ហើយ​ដឹក​មក។ ៣ ប្រសិនបើ​អ្នក​ណា​សួរ​ថា៖ ‹ហេតុ​អ្វី​អ្នក​ធ្វើ​ដូច្នេះ?› ចូរ​ប្រាប់​ថា៖ ‹លោក​ម្ចាស់​ត្រូវ​ការ​វា ហើយ​នឹង​ឲ្យ​មក​វិញ​ភ្លាម›»។ ៤ ម្ល៉ោះ​ហើយ ពួក​គាត់​បាន​ទៅ ហើយ​ឃើញ​លា​ស្ទាវ​នោះ​នៅ​ខាង​ក្រៅ ចង​ក្បែរ​មាត់​ទ្វារ នៅ​ផ្លូវ​ទទឹង រួច​ពួក​គាត់​ក៏​ស្រាយ​វា។ ៥ ប៉ុន្តែ​មនុស្ស​ខ្លះ​ដែល​កំពុង​ឈរ​នៅ​ទី​នោះ​សួរ​ថា៖ «ហេតុ​អ្វី​អ្នក​ស្រាយ​លា​នោះ?»។ ៦ ពួក​គាត់​ឆ្លើយ​តាម​អ្វី​ដែល​លោក​យេស៊ូ​បាន​ប្រាប់ រួច​មនុស្ស​ទាំង​នោះ​អនុញ្ញាត​ឲ្យ​ពួក​គាត់​យក​ទៅ។

៧ ពួក​គាត់​ដឹក​លា​នោះ​មក​ឯ​លោក​យេស៊ូ ហើយ​យក​សម្លៀក​បំពាក់​ក្រៅ​របស់​ពួក​គាត់​ក្រាល​លើ​ខ្នង​វា។ ក្រោយ​មក​លោក​ក៏​ឡើង​ជិះ។ ៨ ម្យ៉ាង​ទៀត មនុស្ស​ជា​ច្រើន​បាន​ក្រាល​សម្លៀក​បំពាក់​ក្រៅ​របស់​ពួក​គេ​លើ​ផ្លូវ តែ​អ្នក​ឯ​ទៀត​បាន​កាត់​យក​ធាង​លម៉ើ​ពី​វាល។ ៩ រួច​អ្នក​ដែល​ដើរ​នៅ​មុខ​និង​នៅ​ក្រោយ​បាន​ស្រែក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា៖ «សូម​មេត្ដា​សង្គ្រោះ! អ្នក​ដែល​មក​ក្នុង​នាម​ព្រះ​យេហូវ៉ា មាន​ពរ​ហើយ! ១០ រាជាណាចក្រ​របស់​ដាវីឌ​ដែល​ជា​ឪពុក​របស់​យើង មាន​ពរ​ហើយ! សូម​ឲ្យ​លោក​ដែល​នៅ​ស្ថាន​សួគ៌​មេត្ដា​សង្គ្រោះ!»។ ១១ ក្រោយ​មក លោក​ចូល​ក្រុង​យេរូសាឡិម ហើយ​ចូល​ក្នុង​វិហារ​នៅ​ទី​នោះ រួច​បាន​សង្កេត​មើល​អ្វីៗ​ទាំង​អស់។ បន្ទាប់​មក ដោយ​សារ​ពេល​ព្រលប់​ហើយ លោក​បាន​ចេញ​ទៅ​ភូមិ​បេថានី​ជា​មួយ​នឹង​សាវ័ក​ទាំង​ដប់​ពីរ​នាក់។

១២ លុះ​ថ្ងៃ​ស្អែក ពេល​ដែល​លោក​និង​ពួក​គាត់​បាន​ចេញ​ពី​ភូមិ​បេថានី លោក​ក៏​ចាប់​ឃ្លាន។ ១៣ រួច​មក លោក​ក្រឡេក​មើល​ពី​ចម្ងាយ​ទៅ​ឃើញ​ដើម​ល្វា​តូច* មួយ​ដែល​មាន​ស្លឹក។ លោក​ដើរ​ទៅ​មើល​ឲ្យ​ដឹង​ថា​តើ​មាន​ផ្លែ​ឬ​មិន​មាន។ ប៉ុន្តែ​ពេល​បាន​ទៅ​ដល់​ហើយ លោក​ឃើញ​ដើម​នោះ​មាន​តែ​ស្លឹក​ប៉ុណ្ណោះ ពីព្រោះ​មិន​មែន​ជា​រដូវ​ផ្លែ​ល្វា។ ១៤ ដូច្នេះ លោក​ស្រដី​ទៅ​កាន់​ដើម​នោះ​ថា៖ «ចាប់​តាំង​ពី​ឥឡូវ​នេះ​រហូត​ទៅ កុំ​ឲ្យ​មាន​អ្នក​ណា​បរិភោគ​ផ្លែ​របស់​ឯង​ទៀត​ឡើយ» ហើយ​អ្នក​កាន់​តាមលោក​កំពុង​ស្ដាប់។

១៥ រួច​មក លោក​និង​ពួក​គាត់​ចូល​ក្រុង​យេរូសាឡិម។ នៅ​ទី​នោះ​លោក​ចូល​ទៅ​ក្នុង​វិហារ ហើយ​ចាប់​ផ្ដើម​បណ្ដេញ​ទាំង​អ្នក​លក់​ទាំង​អ្នក​ទិញ ក៏​ផ្កាប់​តុ​របស់​អ្នក​ដូរ​ប្រាក់ និង​ជើង​ម៉ា​វែង​របស់​អ្នក​លក់​សត្វ​ព្រាប ១៦ ហើយ​លោក​ក៏​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ជញ្ជូន​របស់​របរ​កាត់​តាម​វិហារ​ឡើយ ១៧ តែ​បាន​បង្រៀន​ពួក​គេ​ហើយ​មាន​ប្រសាសន៍​ថា៖ «បទ​គម្ពីរ​ចែង​ថា៖ ‹កន្លែង​គោរព​បូជា​របស់​ខ្ញុំ​នឹង​ត្រូវ​ហៅ​ថា​កន្លែង​សម្រាប់​ឲ្យ​ប្រជាជាតិ​ទាំង​អស់​មក​អធិដ្ឋាន› មែន​ទេ? ប៉ុន្តែ​អ្នក​រាល់​គ្នា​បាន​យកធ្វើជា​សម្បុក​ចោរ​វិញ»។ ១៨ ម្ល៉ោះ​ហើយ ពួក​សង្ឃនាយក និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​បាន​ឮ​អំពី​រឿង​នោះ រួច​ចាប់​ផ្ដើម​រក​មធ្យោបាយ​បំផ្លាញ​លោក ដោយ​ហេតុ​ថា​ពួក​គេ​ញញើត​នឹង​លោក ពីព្រោះ​បណ្ដា​ជន​តែង​តែ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​នឹង​សេចក្ដី​បង្រៀន​របស់​លោក។

១៩ រាល់​ថ្ងៃ​ពេល​ព្រលប់ លោក​និង​ពួក​គាត់​ចេញ​ពី​ក្រុង។ ២០ ប៉ុន្តែ កាល​ដែល​លោក​និង​ពួក​គាត់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៅ​ពេល​ព្រលឹម​ស្រាងៗ ក៏​បាន​ឃើញ​ដើម​ល្វា​បាន​ក្រៀម​ស្វិត​ចាប់​ពី​ឫស​រហូត​ដល់​ចុង។ ២១ ដូច្នេះ​ពេត្រុស​បាន​ចាំ​អំពី​ដើម​នោះ ហើយ​ជម្រាប​លោក​ថា៖ «រ៉ាប៊ី!* មើល! ដើម​ល្វា​ដែល​លោក​ដាក់​បណ្ដាសា​បាន​ក្រៀម​ស្វិត​ហើយ»។ ២២ លោក​យេស៊ូ​មាន​ប្រសាសន៍​តប​ទៅ​វិញ​ថា៖ «ចូរ​មាន​ជំនឿ​លើ​ព្រះ។ ២៣ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​ប្រាប់​ភ្នំ​នេះ​ថា៖ ‹ចូរ​រើ​ចេញ​ពី​ទី​នេះ ទៅ​ធ្លាក់​ក្នុង​សមុទ្រ​វិញ› ហើយ​អ្នក​នោះ​និយាយ​ដោយ​គ្មាន​ការ​សង្ស័យ​សោះ តែ​មាន​ជំនឿ​ក្នុង​ចិត្ត​ថា អ្វី​ដែល​គាត់​និយាយ​នឹង​បាន​សម្រេច នោះ​នឹង​សម្រេច​ដូច្នេះ​មែន។ ២៤ ហេតុ​នេះ​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្វីៗ​ទាំង​អស់​ដែល​អ្នក​អធិដ្ឋាន​សុំ ចូរ​បង្ហាញ​ជំនឿ​ដោយ​ចាត់​ទុក​ថា​អ្នក​បាន​ទទួល​តាម​សំណូម​ពរ​នោះ​រួច​ហើយ។ ធ្វើ​ដូច្នេះ អ្នក​នឹង​បាន​ទទួល​មែន។ ២៥ ម្យ៉ាង​ទៀត ប្រសិនបើ​អ្នក​កំពុង​ប្រកាន់​ទោស​អ្នក​ណា​ម្នាក់ ពេល​ដែល​អ្នក​កំពុង​ឈរ​អធិដ្ឋាន ចូរ​អភ័យទោស​ឲ្យ​អ្នក​នោះ ដើម្បី​ឲ្យ​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ អភ័យទោស​ចំពោះ​កំហុស​របស់​អ្នក​ដែរ»។ ២៦ * ——

២៧ ក្រោយ​មក លោក​និង​ពួក​គាត់​បាន​ចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡិម​ម្ដង​ទៀត។ ពេល​ដែល​លោក​កំពុង​ដើរ​ក្នុង​វិហារ នោះ​ពួក​សង្ឃនាយក ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ និង​ពួក​បុរស​ចាស់​ទុំ​បាន​មក​ឯ​លោក ២៨ ហើយ​សួរ​ថា៖ «តើ​លោក​ធ្វើ​អ្វីៗ​ទាំង​នេះ​ដោយ​អាង​សិទ្ធិ​អំណាច​អ្វី? ឬ​តើ​អ្នក​ណា​បាន​ប្រគល់​សិទ្ធិ​អំណាច​ឲ្យ​លោក​ធ្វើ​អ្វីៗ​ទាំង​នេះ?»។ ២៩ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​សួរ​អ្នក​រាល់​គ្នា​សំណួរ​មួយ។ អ្នក​ឆ្លើយ​សំណួរ​នោះ​សិន រួច​ខ្ញុំ​នឹង​ប្រាប់​ថា​ខ្ញុំ​ធ្វើ​អ្វីៗ​ទាំង​នេះ​ដោយ​អាង​សិទ្ធិ​អំណាច​អ្វី។ ៣០ តើ​យ៉ូហាន​បាន​ទទួល​សិទ្ធិ​អំណាច​ជ្រមុជ​ទឹក* ឲ្យ​គេ ពី​ស្ថាន​សួគ៌ ឬ​ពី​មនុស្ស? ចូរ​ឆ្លើយ​ប្រាប់​មក»។ ៣១ ដូច្នេះ ពួក​គេ​ចាប់​ផ្ដើម​ជជែក​វែក​ញែក​គ្នា​ថា៖ «ប្រសិនបើ​យើង​ឆ្លើយ​ថា៖ ‹ពី​ស្ថាន​សួគ៌› គាត់​នឹង​សួរ​ថា៖ ‹បើ​ដូច្នេះ ហេតុ​អ្វី​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​យ៉ូហាន?› ៣២ ក៏​ប៉ុន្តែ តើ​យើង​គួរ​និយាយ​ថា៖ ‹ពី​មនុស្ស›​ឬ?»។ តែ​ពួក​គេ​មិន​ហ៊ាន​និយាយ​ដូច្នេះ​ទេ ដោយ​សារ​ខ្លាច​បណ្ដា​ជន ពីព្រោះ​មនុស្ស​ទាំង​នោះ​ជឿ​ថា​យ៉ូហាន​ជា​អ្នក​ប្រកាស​ទំនាយ​ពិត​មែន។ ៣៣ ម្ល៉ោះ​ហើយ ពួក​គេ​ឆ្លើយ​ប្រាប់​លោក​យេស៊ូ​ថា៖ «យើង​មិន​ដឹង​ទេ»។ រួច​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ក៏​មិន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ធ្វើ​អ្វីៗ​ទាំង​នេះ​ដោយ​អាង​សិទ្ធិ​អំណាច​អ្វី​ដែរ»។

១២ ម្យ៉ាង​ទៀត លោក​ចាប់​ផ្ដើម​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ដោយ​ប្រើ ឧទាហរណ៍​ថា៖ «បុរស​ម្នាក់​បាន​ធ្វើ​ចម្ការ​ទំពាំង​បាយ​ជូរ​មួយ ហើយ​ព័ទ្ធ​របង និង​ជីក​កន្លែង​សម្រាប់​ជាន់​ផ្លែ​យក​ទឹក​ធ្វើ​ស្រា ក៏​បាន​សង់​ប៉ម​មួយ រួច​ប្រវាស់​ចម្ការ​ឲ្យ​ពួក​កសិករ។ ក្រោយ​មក បុរស​នោះ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។ ២ លុះ​ដល់​ពេល​កំណត់ គាត់​ចាត់​ខ្ញុំ​បម្រើ​ម្នាក់​ឲ្យ​ទៅ​ឯ​ពួក​កសិករ ដើម្បី​ទទួល​ផល​ដែល​ជា​ចំណែក​របស់​គាត់។ ៣ ប៉ុន្តែ​ពួក​កសិករ​បាន​ចាប់​ខ្ញុំ​បម្រើ​នោះ វាយ​ដំ រួច​បណ្ដេញ​ឲ្យ​ទៅ​វិញ​ដោយ​ដៃ​ទទេ។ ៤ ក្រោយ​មក បុរស​នោះ​ចាត់​ខ្ញុំ​បម្រើ​ម្នាក់​ទៀត​ឲ្យ​ទៅ​ឯ​ពួក​កសិករ​ម្ដង​ទៀត តែ​ពួក​គេ​វាយ​ក្បាល​អ្នក​នោះ ហើយ​ប្រមាថ​មើល​ងាយ​គាត់។ ៥ រួច​បុរស​នោះ​បាន​ចាត់​ខ្ញុំ​បម្រើ​ម្នាក់​ទៀត តែ​ពួក​កសិករ​សម្លាប់​អ្នក​នោះ​ចោល។ បុរស​នោះ​ចាត់​ខ្ញុំ​បម្រើ​ជា​ច្រើន​នាក់​ទៀត​ឲ្យ​ទៅ តែ​អ្នក​ខ្លះ​ត្រូវ​កសិករ​វាយ​ដំ ហើយ​ខ្លះ​ទៀត​ត្រូវ​ពួក​គេ​សម្លាប់។ ៦ នៅ​មាន​ម្នាក់​ទៀត គឺជា​កូន​ប្រុស​ជា​ទី​ស្រឡាញ់​របស់​គាត់។ ក្រោយ​បង្អស់ គាត់​ចាត់​កូន​ប្រុស​ឲ្យ​ទៅ​ដោយ​ពោល​ថា៖ ‹ពួក​គេ​នឹង​គោរព​កូន​ប្រុស​របស់​ខ្ញុំ›។ ៧ ប៉ុន្តែ​កសិករ​ទាំង​នោះ​បាន​និយាយ​គ្នា​ថា៖ ‹គាត់​ជា​អ្នក​ទទួល​មត៌ក។ ចូរ​យើង​នាំ​គ្នា​សម្លាប់​គាត់ រួច​ចម្ការ* នេះ​នឹង​ក្លាយ​ជា​របស់​យើង›។ ៨ ដូច្នេះ ពួក​គេ​ចាប់​កូន​ប្រុស​នោះ សម្លាប់​ចោល រួច​បោះ​ទៅ​ក្រៅ​ចម្ការ​ទំពាំង​បាយ​ជូរ។ ៩ តើ​ម្ចាស់​ចម្ការ​នោះ​នឹង​ធ្វើ​យ៉ាង​ណា? គាត់​នឹង​មក​បំផ្លាញ​ពួក​កសិករ​ទាំង​នោះ រួច​ប្រវាស់​ចម្ការ​ឲ្យ​អ្នក​ឯ​ទៀត​វិញ។ ១០ តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​អាន​បទ​គម្ពីរ​ទេ​ឬ ដែល​ថា៖ ‹ថ្ម​ដែល​អ្នក​សាងសង់​មិន​ព្រម​យក បាន​ទៅ​ជា​ថ្ម​ជ្រុង* ដែល​នៅ​លើ​ថ្ម​ជ្រុង​ទាំង​អស់›​ទេ​ឬ? ១១ តើ​មិន​ធ្លាប់​អាន​ទេ​ឬ​ថា៖ ‹ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ការ​នេះ​កើត​ឡើង ហើយ​នោះ​ជា​ការ​អស្ចារ្យ​ចំពោះ​យើង›?»។

១២ ឮ​ដូច្នេះ ពួក​គេ​ចាប់​ផ្ដើម​រិះ​រក​វិធី​ចាប់​លោក ព្រោះ​បាន​កត់​សម្គាល់​ថា​លោក​លើក​ឧទាហរណ៍​នេះ​សំដៅ​លើ​ពួក​គេ។ ប៉ុន្តែ ដោយ​ខ្លាច​បណ្ដា​ជន ពួក​គេ​បាន​ចេញ​ពី​លោក​ទៅ។

១៣ ក្រោយ​មក ពួក​គេ​ចាត់​ពួក​ផារិស៊ី​ខ្លះ និង​មនុស្ស​ខ្លះ​ពី​ចំណោម​អ្នក​គាំទ្រ​ហេរ៉ូឌ ដើម្បី​នាំ​ឲ្យ​លោក​និយាយ​អ្វី​ដែល​ពួក​គេ​អាចយ​ក​ជា​ហេតុ​ចោទ​ប្រកាន់​លោក​បាន។ ១៤ ពេល​អ្នក​ទាំង​នោះ​មក​ដល់ ក៏​សួរ​លោក​ថា៖ «លោក​គ្រូ! យើង​ដឹង​ថា​លោក​តែង​មាន​ប្រសាសន៍​ជា​សេចក្ដី​ពិត ហើយ​មិន​រើស​មុខ​អ្នក​ណា​ឡើយ ពីព្រោះ​លោក​មិន​ចាប់​អារម្មណ៍​នឹង​ឋានៈ​របស់​អ្នក​ណា​ទេ តែ​លោក​បង្រៀន​សេចក្ដី​ពិត​អំពី​ផ្លូវរបស់​ព្រះ។ សូម​ប្រាប់​យើង តើ​មាន​ច្បាប់​ឲ្យ​បង់​ពន្ធ​ជូន​សេសារ* ឬ​ទេ? ១៥ តើ​យើង​ត្រូវ​បង់​ពន្ធ​ឬ​មិន​ត្រូវ​បង់?»។ លោក​ជ្រាប​អំពី​ពុត​ត្បុត​របស់​ពួក​គេ រួច​សួរ​ថា៖ «ហេតុ​អ្វី​អ្នក​រាល់​គ្នា​ខំ​ល្បង​មើល​ខ្ញុំ​ដូច្នេះ? ចូរ​យក​ប្រាក់​ឌីណារី* មួយ​មក​បង្ហាញ​ខ្ញុំ»។ ១៦ ពួក​គេ​យក​ប្រាក់​ឌីណារី​មួយ​មក រួច​លោក​សួរ​ពួក​គេ​ថា៖ «តើ​នេះ​ជា​រូប​និង​ឈ្មោះ​របស់​អ្នក​ណា?»។ ពួក​គេ​ឆ្លើយ​ថា៖ «ជា​រូប​និង​ឈ្មោះ​របស់​សេសារ»។ ១៧ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖ «អ្វី​ដែល​ជា​របស់​សេសារ ចូរ​សង​សេសារ​វិញ តែ​អ្វី​ដែល​ជា​របស់​ព្រះ ចូរ​សង​ព្រះ​វិញ» រួច​ពួក​គេ​កោត​ស្ងើច​នឹង​លោក។

១៨ បន្ទាប់​មក ពួក​សាឌូស៊ី​បាន​មក​ឯ​លោក។ ពួក​គេ​មិន​ជឿ​ថា​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឡើយ។ ម្ល៉ោះ​ហើយ ពួក​គេ​សួរ​លោក​ថា៖ ១៩ «លោក​គ្រូ! ម៉ូសេ​បាន​សរសេរ​បង្គាប់​យើង​ថា បើ​អ្នក​ណា​ម្នាក់​ស្លាប់​ចោល​ប្រពន្ធ ហើយ​មិន​មាន​កូន​ទេ នោះ​បង​ឬ​ប្អូន​ប្រុស​របស់​គាត់​គួរ​យក​នាង​ធ្វើ​ជា​ប្រពន្ធ ដើម្បី​បង្កើត​កូន​បន្ត​ពូជ​ឲ្យ​បង​ឬ​ប្អូន​ដែល​បាន​ស្លាប់​ទៅ។ ២០ មាន​បង​ប្អូន​ប្រុស​ប្រាំពីរ​នាក់។ បង​ច្បងបានរៀប​ការ តែ​ពេល​ដែល​ស្លាប់​ទៅ គាត់​មិន​មាន​កូន​ទេ។ ២១ រួច​មក ប្អូន​បន្ទាប់​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ តែ​ពេល​ស្លាប់​ទៅ​គាត់​ក៏​គ្មាន​កូន​ដែរ។ ប្អូន​ទី​ពីរ​ក៏ដូច្នេះ​ដែរ។ ២២ បង​ប្អូន​ទាំង​ប្រាំពីរ​នាក់​នោះ​មិន​មាន​កូន​សោះ។ នៅ​ទី​បំផុត ស្ត្រីនោះ​ក៏​ស្លាប់​ទៅ​ដែរ។ ២៣ នៅ​ពេល​ដែល​រស់​ឡើង​វិញ តើ​អ្នក​ណា​ត្រូវ​ជា​ប្ដី​របស់​នាង? ព្រោះ​ថា​បង​ប្អូន​ទាំង​ប្រាំពីរ​នាក់​ធ្លាប់​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ»។ ២៤ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «គឺ​ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​យល់​ខុស ពីព្រោះ​អ្នក​មិន​ស្គាល់​បទ​គម្ពីរ​ហើយ​ក៏​មិន​ស្គាល់​ឫទ្ធានុភាព​របស់​ព្រះ​ដែរ។ ២៥ ពេល​ដែល​មនុស្ស​រស់​ឡើង​វិញ បុរស​និង​ស្ត្រី​មិន​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ឡើយ តែ​ពួក​គេ​គឺ​ដូច​បណ្ដា​ទេវតា​នៅ​ស្ថាន​សួគ៌​វិញ។ ២៦ ប៉ុន្តែ​ស្តី​អំពី​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​នោះ តើ​អ្នក​មិន​ធ្លាប់​អាន​ក្នុង​កំណត់​ហេតុ​ដែល​ម៉ូសេ​បាន​សរសេរ​អំពី​គុម្ព​បន្លា​ទេ​ឬ? ពេល​ដែល​ព្រះ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ ‹ខ្ញុំ​ជា​ព្រះ​របស់​អាប្រាហាំ និង​ជា​ព្រះ​របស់​អ៊ីសាក ហើយ​ជា​ព្រះ​របស់​យ៉ាកុប›។ ២៧ លោក​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ តែ​ជា​ព្រះ​របស់​មនុស្ស​រស់​វិញ។ អ្នក​រាល់​គ្នា​យល់​ខុស​ទាំង​ស្រុង»។

២៨ ពេល​នោះ មាន​អ្នក​ជំនាញ​ខាង​ច្បាប់​ម្នាក់​មក​ដល់​ហើយ​ស្ដាប់​ពួក​គេ​ជជែក​ជា​មួយ​នឹង​លោក។ គាត់​ឃើញ​ថា​លោក​បាន​ឆ្លើយ​សំណួរ​របស់​ពួក​គេ​យ៉ាង​ល្អ​ប្រសើរ។ ដូច្នេះ គាត់​សួរ​លោក​ថា៖ «តើ​បញ្ញត្ដិ​មួយ​ណា​ជា​បញ្ញត្ដិ​ទី​មួយ?»។ ២៩ លោក​យេស៊ូ​មាន​ប្រសាសន៍​ឆ្លើយ​ថា៖ «បញ្ញត្ដិ​ទី​មួយ​គឺ ‹ឱ​អ៊ីស្រាអែល​អើយ! ចូរ​ស្ដាប់! ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង។ មាន​ព្រះ​យេហូវ៉ា​តែ​មួយ​ទេ ៣០ ហើយ​អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់ពី​ដួង​ចិត្ត អស់ពី​ព្រលឹង* ឲ្យ​អស់ពី​សមត្ថភាព​រិះ​គិត និង​ឲ្យ​អស់ពី​កម្លាំង​កាយ› ៣១ បញ្ញត្ដិ​ទី​ពីរ​គឺ ‹អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក›។ គ្មាន​បញ្ញត្ដិ​ណា​សំខាន់​ជាង​បញ្ញត្ដិ​ទាំង​នេះ​ឡើយ»។ ៣២ អ្នក​ជំនាញ​ខាង​ច្បាប់​នោះ​ជម្រាប​លោក​ថា៖ «លោក​គ្រូ! លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់ និង​សម​ស្រប​តាម​សេចក្ដី​ពិត​ថា៖ ‹មាន​ព្រះ​តែ​មួយ​ទេ ហើយ​គ្មាន​ព្រះ​ណា​ទៀត​ឡើយ›។ ៣៣ ម្យ៉ាង​ទៀត បើ​មនុស្ស​ម្នាក់​ស្រឡាញ់​ព្រះ​ឲ្យ​អស់ពី​ដួង​ចិត្ត និង​អស់ពី​សមត្ថភាព​យល់​ដឹង ថែម​ទាំង​អស់ពី​កម្លាំង ហើយ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​ឯង នោះ​មាន​តម្លៃ​ជាង​សត្វ​ដែល​គេ​ដុត​ជា​គ្រឿង​បូជា​និង​គ្រឿង​បូជា​ឯ​ទៀត​ទាំង​អស់»។ ៣៤ ឮ​ដូច្នេះ លោក​យេស៊ូ​ជ្រាប​ថា​គាត់​បាន​ឆ្លើយ​ដោយ​ប្រាជ្ញា ហើយ​បាន​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អ្នក​នៅ​មិន​ឆ្ងាយ​ពី​រាជាណាចក្រ​របស់​ព្រះ​ទេ»។ ប៉ុន្តែ​គ្មាន​អ្នក​ណា​ហ៊ាន​សួរ​លោក​ត​ទៅ​ទៀត​ឡើយ។

៣៥ ក៏​ប៉ុន្តែ ពេល​ដែល​លោក​យេស៊ូ​តប​ឆ្លើយ លោក​ចាប់​ផ្ដើម​មាន​ប្រសាសន៍​ដូច​ធ្លាប់​បង្រៀន​ក្នុង​វិហារ​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​បង្រៀន​ថា​គ្រិស្តគឺ​គ្រាន់តែ​ជា​បុត្រ​របស់​ដាវីឌ​ប៉ុណ្ណោះ? ៣៦ ដោយ​ឥទ្ធិពល​នៃ​សកម្មពល* របស់ព្រះ ដាវីឌ​បាន​និយាយ​ថា៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម្ចាស់​របស់​ខ្ញុំ​ថា៖ «ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​ខ្ញុំ រហូត​ដល់​ខ្ញុំ​ដាក់​សត្រូវ​របស់​អ្នក​នៅ​ក្រោម​បាត​ជើង​អ្នក»›។ ៣៧ ដាវីឌ​ហៅ​លោក​ថា​‹ម្ចាស់› ប៉ុន្តែ​តើ​លោក​អាច​ជា​បុត្រ​របស់​ដាវីឌ​ដូច​ម្ដេច​បាន?»។

មនុស្ស​មួយ​ក្រុម​ធំ​កំពុង​ពេញ​ចិត្ត​នឹង​ស្ដាប់​លោក។ ៣៨ រួច​លោក​បង្រៀន​ត​ទៅ​ទៀត​ដោយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ដែល​ចង់​ពាក់​អាវ​ផាយ​ដើរ​ចុះ​ឡើង ហើយ​ចង់​ឲ្យ​មនុស្ស​ជម្រាប​សួរ សម្ដែង​ការ​គោរព​ចំពោះ​ពួក​គេ​នៅ​ផ្សារ ៣៩ ព្រម​ទាំង​ចង់​អង្គុយ​នៅ​មុខ​គេ​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​ពេល​ពិសា​ភោជនាហារ​គេ​ចង់​អង្គុយ​នៅ​កន្លែង​លេច​មុខ​លេច​មាត់​ជាង​គេ។ ៤០ គឺ​ពួក​គេ​នោះ​ហើយ​ដែល​ប្រវ័ញ្ច​យក​ទ្រព្យ​សម្បត្ដិ​របស់​ស្ត្រី​មេម៉ាយ* ហើយ​អធិដ្ឋាន​យ៉ាង​យូរ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​កោត​ស្ងើច។ អ្នក​ទាំង​នោះ​នឹង​ត្រូវ​ទទួល​ទោស​ធ្ងន់​ជាង»។

៤១ រួច​មក លោក​អង្គុយ​នៅ​មុខ​ប្រដាប់​ដាក់​កាក់​សម្រាប់​ឃ្លាំង​ប្រាក់ ហើយ​មើល​បណ្ដា​ជន​មក​ដាក់​កាក់​ក្នុង​ប្រដាប់​ទាំង​នោះ។ ពួក​អ្នក​មាន​ជា​ច្រើន​នាក់​បាន​ដាក់​កាក់​ជា​ច្រើន។ ៤២ មាន​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​ម្នាក់​មក​ដាក់​កាក់​ពីរ​ដែល​មាន​តម្លៃ​តិច​ណាស់។*  ៤៣ ម្ល៉ោះ​ហើយ លោក​ហៅ​ពួក​អ្នក​កាន់​តាម​ឲ្យ​មក​ឯ​លោក រួច​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ស្ត្រី​មេម៉ាយ​ក្រី​ក្រ​មួយ​រូប​នេះ បាន​ដាក់​ច្រើន​ជាង​ពួក​គេ​ទាំង​អស់​ដែល​មក​ដាក់​ក្នុង​ប្រដាប់​ដាក់​កាក់ ៤៤ ព្រោះ​ពួក​គេ​បាន​ដាក់​ប្រាក់​សំណល់​របស់​ខ្លួន ប៉ុន្តែ​ចំណែក​នាង​វិញ ពិត​មែន​តែ​នាង​ខ្វះ​ខាត តែ​នាង​ដាក់​ប្រាក់​ទាំង​អស់ គឺ​អ្វីៗ​ទាំង​អស់​ដែល​នាង​មាន​សម្រាប់​ចិញ្ចឹម​ជីវិត»។

១៣ ពេល​ដែល​លោក​កំពុង​ចេញ​ពី​វិហារ អ្នក​កាន់​តាម​ម្នាក់​បាន​ជម្រាប​លោក​ថា៖ «លោក​គ្រូ! មើល​ថ្ម​ទាំង​នេះ និង​សំណង់​ទាំង​នេះ!»។ ២ ក៏​ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «តើ​អ្នក​ឃើញ​សំណង់​ដ៏​អស្ចារ្យ​ទាំង​នេះ​ឬ​ទេ? ថ្ម​ទាំង​អស់​នៅ​ទី​នេះ​នឹង​ត្រូវ​ទម្លាក់​ដល់​ដី ហើយ​នឹង​គ្មាន​ថ្ម​ណា​នៅ​ត្រួត​លើ​ថ្ម​ណា​ទៀត​ឡើយ»។

៣ ក្រោយ​មក ពេល​ដែល​លោក​កំពុង​អង្គុយ​នៅ​លើ​ភ្នំដើមអូលីវ ទល់​មុខ​វិហារ នោះ​ពេត្រុស យ៉ាកុប យ៉ូហាន និង​អនទ្រេ​ចាប់​ផ្ដើម​សួរ​លោក​ដោយ​ឡែក​ពី​គេ​ថា៖ ៤ «សូម​ប្រាប់​យើង តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​ពេល​ណា? ហើយ​តើ​អ្វី​ជា​សញ្ញា​សម្គាល់​ថា អ្វីៗ​ទាំង​នេះ​ជិត​ត្រូវ​បញ្ចប់?»។ ៥ ដូច្នេះ លោក​យេស៊ូ​ចាប់​ផ្ដើម​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​បំភាន់​អ្នក​រាល់​គ្នា​ឡើយ។ ៦ មនុស្ស​ជា​ច្រើន​នឹង​មក​ដោយ​អាង​ឈ្មោះ​ខ្ញុំ ហើយ​បំភាន់​មនុស្ស​ជា​ច្រើន ដោយ​ពោល​ថា៖ ‹ខ្ញុំ​នេះ​ហើយ​ជា​អ្នក​នោះ›។ ៧ ម្យ៉ាង​ទៀត ពេល​ដែល​អ្នក​ឮ​សូរ​សង្គ្រាម និង​ឮ​គេ​និយាយ​អំពី​សង្គ្រាម កុំ​ភ័យ​ស្លុត​ឡើយ។ ការ​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង ប៉ុន្តែ​ទី​បញ្ចប់​មិន​ទាន់​មក​ដល់​នៅ​ឡើយ។

៨ «ព្រោះ​ប្រជាជាតិ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ប្រជាជាតិ​មួយ ហើយ​រាជាណាចក្រ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​រាជាណាចក្រ​មួយ ក៏​នឹង​មាន​រញ្ជួយ​ដី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ថែម​ទាំង​មាន​ការ​អត់​ឃ្លាន​ទៀត​ផង។ ការ​ទាំង​នេះ​គឺជា​ការ​ចាប់​ផ្ដើម​នៃ​គ្រា​លំបាក។*

៩ «ចំណែក​អ្នក​រាល់​គ្នា​វិញ ចូរ​ប្រយ័ត្ន​ខ្លួន។ មនុស្ស​នឹង​បញ្ជូន​អ្នក​ទៅ​តុលាការ ហើយ​នឹង​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​សាលា​ប្រជុំ ក៏​នឹង​នាំ​ទៅ​ឈរ​នៅ​មុខ​ពួក​អភិបាល​និង​បណ្ដា​ស្តេច ដើម្បី​ធ្វើ​ជា​សាក្សី ដោយ​សារ​អ្នក​កាន់​តាម​ខ្ញុំ។ ១០ បន្ថែម​ទៅ​ទៀត ជា​ការ​ចាំ​បាច់​ដែល​ដំណឹង​ល្អ​ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​គ្រប់​ប្រជាជាតិ​ជា​មុន​សិន។ ១១ ក៏​ប៉ុន្តែ ពេល​ដែល​ពួក​គេ​កំពុង​នាំ​អ្នក​ទៅ​ដើម្បី​ប្រគល់​ឲ្យ​តុលាការ កុំ​ខ្វល់​ចិត្ត​មុន​ថា អ្នក​នឹង​ត្រូវ​និយាយ​អ្វី​ឡើយ តែ​ចូរ​និយាយ​តាម​អ្វី​ដែល​នឹង​ត្រូវ​ឲ្យ​អ្នក​និយាយ​នៅ​ពេល​នោះ ពីព្រោះ​មិន​មែន​អ្នក​រាល់​គ្នា​ទេ ដែល​នឹង​និយាយ តែ​គឺជា​សកម្មពល* បរិសុទ្ធ​វិញ។ ១២ ម្យ៉ាង​ទៀត បង​ប្អូន​នឹង​បញ្ជូន​បង​ប្អូន​ទៅ​ឲ្យ​គេ​សម្លាប់ ហើយ​ឪពុក​នឹង​បញ្ជូន​កូន ហើយ​កូន​នឹង​ប្រឆាំង​ឪពុក​ម្ដាយ​ថែម​ទាំង​ឲ្យ​គេ​សម្លាប់។ ១៣ មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា​ដោយ​សារ​អ្នក​កាន់​តាម​ខ្ញុំ។ ប៉ុន្តែ​អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ អ្នក​នោះ​នឹង​ត្រូវ​សង្គ្រោះ។

១៤ «ប៉ុន្តែ ពេល​ដែល​អ្នក​ក្រឡេក​ឃើញ​អ្វី​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ដែល​បំផ្លិចបំផ្លាញ កំពុង​ឈរ​នៅ​កន្លែង​ដែល​មិន​គួរ​ឈរ (ចូរ​អ្នក​អាន​ប្រើ​សមត្ថភាព​វែក​ញែក) នោះ​ចូរ​ឲ្យ​អ្នក​ដែល​នៅ​តំបន់​យូឌា​ចាប់​ផ្ដើម​រត់​ទៅ​តំបន់​ភ្នំ។ ១៥ អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ​មិន​ត្រូវ​ចុះ​មក ឬ​ចូល​ក្នុង​ផ្ទះ​យក​អ្វី​ចេញ​ទៅ​ឡើយ ១៦ ហើយ​អ្នក​ដែល​នៅ​ស្រែចម្ការ​ក៏​មិន​ត្រូវ​ត្រឡប់​ទៅ​យក​សម្លៀក​បំពាក់​ក្រៅ​របស់​ខ្លួន​ឡើយ។ ១៧ នៅ​គ្រា​នោះ ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​និង​ស្ត្រី​ដែល​នៅ​បំបៅ​កូន​ត្រូវ​វេទនា​ណាស់! ១៨ ចូរ​អធិដ្ឋាន​ជា​និច្ច សូម​កុំ​ឲ្យ​ការ​នោះ​កើត​ឡើង​នៅ​រដូវ​រងា ១៩ ព្រោះ​គ្រា​នោះ​នឹង​ជា​គ្រា​វេទនា​ដែល​មិន​ធ្លាប់​មាន​សោះ​តាំង​ពី​កំណើត​ពិភព​លោក​ដែល​ព្រះ​បាន​បង្កើត រហូត​មក​ដល់​គ្រា​នោះ ហើយ​ក៏​នឹង​មិន​មាន​ដូច្នោះ​ទៀត​ទេ។ ២០ តាម​ការ​ពិត ប្រសិនបើ​ព្រះ​យេហូវ៉ា​មិន​បាន​កាត់​បន្ថយ​គ្រា​នោះ​ឲ្យ​ខ្លី​ទេ នោះ​គ្មាន​អ្នក​ណា* នឹង​ត្រូវ​សង្គ្រោះ​ឡើយ។ ប៉ុន្តែ​ដោយ​សារ​ពួក​អ្នក​រើស​តាំង​ដែល​លោក​បាន​ជ្រើស​រើស នោះ​លោក​បាន​កាត់​បន្ថយ​គ្រា​នោះ​ឲ្យ​ខ្លី។

២១ «ម្យ៉ាង​វិញ​ទៀត បើ​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា៖ ‹មើល! គ្រិស្ត​នៅ​ទី​នេះ​ហើយ!› ‹មើល! លោក​នៅ​ទី​នោះ!› កុំ​ឲ្យ​ជឿ​ឡើយ ២២ ព្រោះ​នឹង​មាន​អ្នក​ក្លែង​ខ្លួន​ជា​គ្រិស្ត និង​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​លេច​មក ហើយ​ពួក​គេ​នឹង​បង្ហាញ​សញ្ញា​សម្គាល់​និង​ធ្វើ​ការ​អស្ចារ្យ ដើម្បី​បំភាន់​ទាំង​អ្នក​រើស​តាំង ប្រសិនបើ​អាច​បំភាន់​បាន។ ២៣ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន។ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ពី​អ្វីៗ​ទាំង​អស់​ទុក​ជា​មុន។

២៤ «ប៉ុន្តែ​នៅ​គ្រា​នោះ បន្ទាប់​ពី​ទុក្ខវេទនា​ទាំង​នោះ ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ហើយ​ខែ​នឹង​លែង​មាន​ពន្លឺ។ ២៥ ផ្កាយ​ទាំង​ឡាយ​នឹង​ធ្លាក់​ពី​លើ​មេឃ ហើយ​កម្លាំង​ធម្មជាតិ​នៅ​លើ​មេឃ​នឹង​ត្រូវ​អង្រួន។ ២៦ ម្យ៉ាង​ទៀត ពួក​គេ​នឹង​ឃើញ​កូន​មនុស្ស​មក​ក្នុង​ពពក ទាំង​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​និង​សិរី​រុងរឿង ២៧ ហើយ​លោក​នឹង​ចាត់​បណ្ដា​ទេវតា​ទៅ​ប្រមូល​អ្នក​រើស​តាំង​របស់​លោក​ពី​ទិស​ខាង​ជើង ទិស​ខាង​ត្បូង ទិស​ខាង​កើត និង​ទិស​ខាង​លិច ពី​ចុង​ផែនដី​រហូត​ដល់​ជើង​មេឃ។

២៨ «ចូរ​ទាញ​យក​មេរៀន​ពី​ឧទាហរណ៍​ដូច​ត​ទៅ​នេះ អំពី​ដើម​ល្វា​តូច៖ កាល​ដែល​មែក​ខ្ចី​របស់​វា​ទៅ​ជា​ទន់ ហើយ​ដុះ​ស្លឹក អ្នក​ដឹង​ភ្លាម​ថា រដូវ​ក្ដៅ​ជិត​ដល់​ហើយ។ ២៩ ចំពោះ​អ្នក​រាល់​គ្នា​ក៏​ដូច​គ្នា​ដែរ។ កាល​ដែល​អ្នក​ឃើញ​ការ​ទាំង​នេះ​កំពុង​កើត​ឡើង ចូរ​ដឹង​ថា​កូន​មនុស្ស​នៅ​ជិត​បង្កើយ គឺ​លោក​នៅ​មាត់​ទ្វារ។ ៣០ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ជំនាន់​នេះ​នឹង​មិន​កន្លង​បាត់​ទៅ​សោះ​ឡើយ ទាល់​តែ​ការ​ទាំង​នេះ​កើត​ឡើង។ ៣១ មេឃ​និង​ផែនដី​នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​កន្លង​បាត់​ទៅ​ឡើយ។

៣២ «គ្មាន​អ្នក​ណា​ដឹង​ថ្ងៃ​និង​ម៉ោង​នោះ​ឡើយ។ សូម្បី​តែ​បណ្ដា​ទេវតា​នៅ​ស្ថាន​សួគ៌ និង​បុត្រ​របស់​ព្រះ​ក៏​មិន​ជ្រាប​ដែរ។ មាន​តែ​បិតា​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ​ដែល​ជ្រាប។ ៣៣ ចូរ​ឃ្លាំ​មើល​ជា​និច្ច ចូរ​ប្រុង​ប្រយ័ត្ន ព្រោះ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ពេល​ណា​ជា​ពេល​កំណត់​ឡើយ។ ៣៤ រឿង​នេះ​គឺ​ដូច​ជា​បុរស​ម្នាក់​ដែល​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។ គាត់​ចេញ​ពី​ផ្ទះ​ដោយ​ប្រគល់​សិទ្ធិ​អំណាច​ឲ្យ​ពួក​ខ្ញុំ​បម្រើ​របស់​គាត់ ហើយ​កំណត់​ការងារ​ឲ្យ​ពួក​គេ រួច​ក៏​បង្គាប់​អ្នក​យាម​ទ្វារ​ឲ្យ​ចាំ​យាម​ជា​និច្ច។ ៣៥ ដូច្នេះ ចូរ​ចាំ​យាម ពីព្រោះ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ម្ចាស់​ផ្ទះ​នឹង​មក​វិញ​ពេល​ណា​ឡើយ មិន​ដឹង​ថា​ពេល​ព្រលប់* ឬ​ពេល​អធ្រាត្រ* ឬ​ពេល​មាន់​រងាវ* ឬ​ពេល​ព្រលឹម* ទេ។ ៣៦ យ៉ាង​នេះ ពេល​ដែល​ម្ចាស់​ផ្ទះ​មក​ដល់​ភ្លាម គាត់​មិន​ឃើញ​ថា អ្នក​រាល់​គ្នា​កំពុង​ដេក​លក់​ទេ។ ៣៧ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ប្រាប់​អ្នក ខ្ញុំ​ក៏​ប្រាប់​គ្រប់​គ្នា​ដែរ​ថា ចូរ​ចាំ​យាម»។

១៤ ពីរ​ថ្ងៃ​បន្ទាប់​មក គឺជា​បុណ្យ​រំលង​និង​បុណ្យ​នំ​ឥត​ដំបែ ហើយ​ពួក​សង្ឃ​នាយក និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​កំពុង​រិះ​រក​ល្បិច​កល​ដើម្បី​ចាប់​ហើយ​សម្លាប់​លោក ២ ពីព្រោះ​ពួក​គេ​បាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា៖ «កុំ​ធ្វើ​ក្នុង​អំឡុង​ពេល​បុណ្យ ក្រែង​លោ​នាំ​ឲ្យ​បណ្ដា​ជន​កើត​ចលាចល»។

៣ រួច​ពេល​ដែល​លោក​នៅ​ភូមិ​បេថានី​កំពុង​អង្គុយ​ពិសា​អាហារ​ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន​ដែល​មាន​ជំងឺ​ឃ្លង់ នោះ​ស្ត្រី​ម្នាក់​បាន​មក ដោយ​មាន​ប្រេង​ក្រអូប​ក្នុង​ដប​ថ្ម​កែវ​មួយ គឺ​ប្រេង​ណាដ* សុទ្ធ ដែល​មាន​តម្លៃ​ថ្លៃ​ណាស់។ នាង​បំបែក​មាត់​ដប​ថ្ម​កែវ​នោះ រួច​ចាប់​ផ្ដើម​ចាក់​ប្រេង​លើ​ក្បាល​លោក​យេស៊ូ។ ៤ ឃើញ​ដូច្នេះ អ្នក​ខ្លះ​ក៏​ទាស់​ចិត្ត ហើយ​និយាយ​គ្នា​ថា៖ «ហេតុ​អ្វី​បង្ខាត​ប្រេង​ក្រអូប​ចោល​ដូច្នេះ? ៥ ព្រោះ​ប្រេង​ក្រអូប​នេះ​អាច​ត្រូវ​លក់​បាន​ថ្លៃ​ជាង​បី​រយ​ឌីណារី* រួច​ចែក​ឲ្យ​អ្នក​ក្រ!» ហើយ​ពួក​គាត់​បាន​ខឹង​នាង​យ៉ាង​ខ្លាំង។ ៦ ប៉ុន្តែ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖ «កុំ​រំខាន​នាង។ ហេតុ​អ្វី​អ្នក​រាល់​គ្នា​ខំ​រក​រឿង​នាង​ដូច្នេះ? នាង​បាន​ធ្វើ​អំពើ​ល្អ​ចំពោះ​ខ្ញុំ។ ៧ អ្នក​តែង​តែ​មាន​អ្នក​ក្រ​នៅ​ជា​មួយ ហើយ​ពេល​ណា​ដែល​អ្នក​ចង់​ធ្វើ​ល្អ​ចំពោះ​ពួក​គេ អ្នក​អាច​ធ្វើ​បាន។ ប៉ុន្តែ​អ្នក​នឹង​មិន​មាន​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​រហូត​ទេ។ ៨ នាង​បាន​ធ្វើ​អស់ពី​សមត្ថភាព។ ដោយ​សារ​សព​របស់​ខ្ញុំ​នឹង​ត្រូវ​យក​ទៅ​បញ្ចុះ នោះ​នាង​បាន​ដាក់​ប្រេង​ក្រអូប​លើ​រូប​កាយ​ខ្ញុំ​ទុក​ជា​មុន។ ៩ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា នៅ​កន្លែង​ណា​ក៏​ដោយ​ដែល​ដំណឹង​ល្អ​ត្រូវ​ផ្សព្វ​ផ្សាយ​ទូ​ទាំង​ពិភព​លោក គេ​ក៏​នឹង​រៀប​រាប់​អំពី​អ្វី​ដែល​ស្ត្រី​នេះ​បាន​ធ្វើ​ដែរ ដើម្បី​រំលឹក​អំពី​នាង»។

១០ រួច​មក យូដាស​អ៊ីស្ការីយ៉ុត​ពី​ចំណោម​សាវ័ក​ទាំង​ដប់​ពីរ​នាក់​បាន​ទៅ​ជួប​ពួក​សង្ឃនាយក ដើម្បី​បញ្ជូន* លោក​ទៅ​ពួក​គេ។ ១១ ពេល​ដែល​ពួក​សង្ឃនាយក​ឮ​អ្វី​ដែល​គាត់​និយាយ ពួក​គេ​ត្រេក​អរ ហើយ​បាន​សន្យា​ឲ្យ​ប្រាក់​ដល់​គាត់។ ដូច្នេះ​យូដាស​ចាប់​ផ្ដើម​រក​ឱកាស​ល្អ​ដើម្បី​ក្បត់​លោក។

១២ នៅ​ថ្ងៃ​ដំបូង​នៃ​បុណ្យ​នំ​ឥត​ដំបែ ពួក​គេ​មាន​ទម្លាប់​បូជា​សត្វ​សម្រាប់​បុណ្យ​រំលង។ ម្ល៉ោះ​ហើយ អ្នក​កាន់​តាម​លោក​សួរ​ថា៖ «តើ​លោក​ចង់​ឲ្យ​យើង​ទៅ​រៀប​ចំ​ឲ្យ​លោក​ពិសា​អាហារ​បុណ្យ​រំលង​នៅ​កន្លែង​ណា?»។ ១៣ ដូច្នេះ លោក​ចាត់​អ្នក​កាន់​តាម​ពីរ​នាក់ ដោយ​ប្រាប់​ពួក​គាត់​ថា៖ «ចូរ​ចូល​ទៅ​ក្នុង​ក្រុង ហើយ​អ្នក​នឹង​ជួប​បុរស​ម្នាក់​ដែល​កំពុង​លី​ក្អម​ទឹក។ ចូរ​ទៅ​តាម​គាត់។ ១៤ គាត់​ចូល​ក្នុង​ផ្ទះ​ណា អ្នក​ចូល​ក្នុង​ផ្ទះ​នោះ រួច​ប្រាប់​ម្ចាស់​ផ្ទះ​ថា៖ ‹លោក​គ្រូ​សួរ​ថា៖ «តើ​បន្ទប់​ដែល​ទុក​ឲ្យ​ខ្ញុំ​ពិសា​អាហារ​បុណ្យ​រំលង​ជា​មួយ​នឹង​អ្នក​កាន់​តាម​ខ្ញុំ​នៅ​ឯ​ណា?»›។ ១៥ គាត់​នឹង​បង្ហាញ​បន្ទប់​ធំ​មួយ​នៅ​ជាន់​លើ។ ក្នុង​បន្ទប់​នោះ​គេ​បាន​ដាក់​ប្រដាប់ប្រដា​សព្វ​គ្រប់​រួច​ហើយ។ ចូរ​រៀប​ចំ​អាហារ​បុណ្យ​រំលង​សម្រាប់​យើង​នៅ​ទី​នោះ»។ ១៦ ដូច្នេះ​អ្នក​កាន់​តាម​បាន​ចេញ​ទៅ។ ពេល​ដែល​ចូល​ទៅ​ក្នុង​ក្រុង ពួក​គាត់​ឃើញ​ថា​អ្វីៗ​គឺ​ដូច​លោក​បាន​មាន​ប្រសាសន៍​មែន។ រួច​មក ពួក​គាត់​រៀប​ចំ​សម្រាប់​បុណ្យ​រំលង។

១៧ លុះ​ពេល​ល្ងាច លោក​បាន​ទៅ​ទី​នោះ​ជា​មួយ​នឹង​សាវ័ក​ទាំង​ដប់​ពីរ​នាក់។ ១៨ កាល​ដែល​លោក​និង​ពួក​គាត់​កំពុង​អង្គុយ​ពិសា​អាហារ​នៅ​តុ នោះ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​កំពុង​ពិសា​ជា​មួយ​នឹង​ខ្ញុំ មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ»។ ១៩ ពួក​គាត់​ក៏​តាំង​កើត​ទុក្ខ រួច​សួរ​លោក​ម្នាក់​ម្ដងៗ​ថា៖ «មិន​មែន​ខ្ញុំ​ទេ មែន​ទេ?»។ ២០ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «គឺ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ​នាក់ ដែល​កំពុង​លូក​ដៃ​ក្នុង​ចាន​ជា​មួយ​នឹង​ខ្ញុំ។ ២១ ពិត​មែន កូន​មនុស្ស​នឹង​ចាក​ចេញ ដូច​អ្វី​ដែល​បាន​ត្រូវ​សរសេរ​អំពី​លោក។ ប៉ុន្តែ​បុរស​ដែល​គេ​ប្រើ​ដើម្បី​បញ្ជូន​លោក​ត្រូវ​វេទនា​ណាស់! ចំពោះ​អ្នក​នោះ បើ​គាត់​មិន​បាន​កើត​មក​ទេ នោះ​គឺ​ប្រសើរ​ជាង»។

២២ ពេល​ដែល​ពួក​គាត់​កំពុង​ពិសា លោក​ក៏​យកនំ​ប៉័ង​មួយ​ដុំ អធិដ្ឋាន រួច​កាច់ ហើយ​ឲ្យ​ពួក​គាត់ ដោយ​ពោល​ថា៖ «ចូរ​យក​ចុះ។ នេះ​ជា​តំណាង​រូប​កាយ​របស់​ខ្ញុំ»។ ២៣ រួច​មក លោក​យក​ស្រា​មួយ​ពែង អរគុណ​ព្រះ ហើយ​ឲ្យ​ពួក​គាត់។ បន្ទាប់​មក ពួក​គាត់​ទាំង​អស់​គ្នា​បាន​ពិសា​ពី​ពែង​នោះ។ ២៤ ក្រោយ​មក លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «ស្រា​នេះ​ជា​តំណាង​‹ឈាម​របស់​ខ្ញុំ​ដែល​សម្រាប់​កិច្ច​ព្រមព្រៀង›។ ឈាម​នោះ​នឹង​ត្រូវ​បង្ហូរ​ចេញ​សម្រាប់​មនុស្ស​ជា​ច្រើន។ ២៥ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ខ្ញុំ​នឹង​មិន​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​ទៀត​ឡើយ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ក្នុង​រាជាណាចក្រ​របស់​ព្រះ»។ ២៦ រួច​មក ក្រោយ​ពី​បាន​ច្រៀង​សរសើរ​ព្រះ​ហើយ លោក​និង​ពួក​គាត់​បាន​ចេញ​ទៅ​ភ្នំដើមអូលីវ។

២៧ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គាត់​ថា៖ «អ្នក​រាល់​គ្នា​នឹង​ជំពប់​ដួល* ព្រោះ​បទ​គម្ពីរ​ចែង​ថា៖ ‹ខ្ញុំ​នឹង​វាយ​គង្វាល ហើយ​ហ្វូង​ចៀម​នឹង​ខ្ចាត់​ខ្ចាយ​ទៅ›។ ២៨ ប៉ុន្តែ​ក្រោយ​ពី​ខ្ញុំ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលីឡេ​ហើយ​រង់​ចាំ​អ្នក​រាល់​គ្នា​នៅ​ទី​នោះ»។ ២៩ ប៉ុន្តែ​ពេត្រុស​ជម្រាប​លោក​ថា៖ «សូម្បី​តែ​ពួក​គេ​ទាំង​អស់​គ្នា​ជំពប់​ដួល ក៏​ខ្ញុំ​នឹង​មិន​ជំពប់​ដួល​ទេ»។ ៣០ ឮ​ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​ថា នៅ​ថ្ងៃ​នេះ គឺ​នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ​ពីរ​ដង អ្នក​នឹង​បដិសេធ​មិន​ទទួល​ស្គាល់​ខ្ញុំ​បី​ដង»។ ៣១ ប៉ុន្តែ​គាត់​ចាប់​ផ្ដើម​បញ្ជាក់​យ៉ាង​ខ្លាំង​ថា៖ «សូម្បី​តែ​ខ្ញុំ​ត្រូវ​ស្លាប់​ជា​មួយ​នឹង​លោក​ក៏​ដោយ ក៏​ខ្ញុំ​នឹង​មិន​លែង​ទទួល​ស្គាល់​លោក​ដែរ» ហើយ​ពួក​គាត់​គ្រប់​គ្នា​ក៏​ចាប់​ផ្ដើម​និយាយ​ដូច​គ្នា​ដែរ។

៣២ លុះ​ក្រោយ​មក លោក​និង​ពួក​គាត់​បាន​ទៅ​ដល់​កន្លែង​មួយ​ហៅ​ថា ហ្គេតសេម៉ានី ហើយ​លោក​ប្រាប់​អ្នក​កាន់​តាម​ថា៖ «អ្នក​រាល់​គ្នា​អង្គុយ​នៅ​ទី​នេះ​សិន ពេល​ខ្ញុំ​ទៅ​អធិដ្ឋាន»។ ៣៣ រួច​មក លោក​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​ជា​មួយ ហើយ​តាំង​ភាំង​ស្មារតី និង​ពិបាក​ចិត្ត​ក្រៃ​លែង។ ៣៤ លោក​ប្រាប់​ពួក​គាត់ថា៖ «ខ្ញុំ* កំពុង​កើត​ទុក្ខ​ស្ទើរនឹង​ស្លាប់។ សូម​នៅ​ទី​នេះ ហើយ​ចាំ​យាម»។ ៣៥ ក្រោយ​មក លោក​ដើរ​ទៅ​មុខ​បន្ដិច ហើយ​ក្រាប​ខ្លួន​ដល់​ដី រួច​ចាប់​ផ្ដើម​អធិដ្ឋាន​សូម​ឲ្យ​វេលា​នេះ​កន្លង​ផុត​ពី​លោក​ទៅ ប្រសិនជា​អាច​កន្លង​ផុត​ទៅ​បាន។ ៣៦ លោក​អធិដ្ឋាន​ថា៖ «អប្បា* បិតា​អើយ! លោក​អាច​សម្រេច​គ្រប់​ការ​ទាំង​អស់​បាន។ សូម​ដក​ពែង* នេះ​ចេញ​ពី​ខ្ញុំ។ ប៉ុន្តែ​សូម​ឲ្យ​បំណង​របស់​លោក​បាន​សម្រេច មិន​មែន​បំណង​របស់​ខ្ញុំ​ទេ»។ ៣៧ ក្រោយ​មក លោក​វិល​មក​វិញ ហើយ​ឃើញ​ថា​ពួក​គាត់​កំពុង​ដេក​លក់។ ដូច្នេះ​លោក​សួរ​ពេត្រុស​ថា៖ «ស៊ីម៉ូន តើ​អ្នក​កំពុង​ដេក​លក់​ឬ? តើ​មិន​មាន​កម្លាំង​ចាំ​យាម​មួយ​ម៉ោង​ទេ​ឬ? ៣៨ ចូរ​អ្នក​រាល់​គ្នា​ចាំ​យាម​ហើយ​អធិដ្ឋាន​ជា​និច្ច ដើម្បី​កុំ​ឲ្យ​ចាញ់​សេចក្ដី​ល្បួង​ឡើយ។ ចិត្ត* បាន​ប្រុង​ប្រៀប​ជា​ស្រេច​ពិត​មែន ប៉ុន្តែ​សាច់​ឈាម​គឺ​ខ្សោយ​ណាស់»។ ៣៩ រួច​មក លោក​ចេញ​ទៅ​ម្ដង​ទៀត​ហើយ​អធិដ្ឋាន ដោយ​ពោល​ពាក្យ​ដដែល។ ៤០ បន្ទាប់​មក លោក​វិល​មក​ម្ដង​ទៀត​ហើយ​ឃើញ​ថា​ពួក​គាត់​កំពុង​ដេក​លក់ ពីព្រោះ​ងងុយ​ដេក​ខ្លាំង​ណាស់។ ម្ល៉ោះ​ហើយ ពួក​គាត់​មិន​ដឹង​ឆ្លើយ​យ៉ាង​ណា​ទេ។ ៤១ លោក​វិល​មក​វិញ​ជា​លើក​ទី​បី​ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «ហេតុ​អ្វី​អ្នក​រាល់​គ្នា​កំពុង​ដេក​យក​កម្លាំង​នៅ​ពេល​ដ៏​សំខាន់​នេះ? ណ្ហើយ​ចុះ! ពេល​កំណត់​បាន​មក​ដល់​ហើយ! មើល! កូន​មនុស្ស​បាន​ត្រូវ​បញ្ជូន* ទៅ​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ហើយ។ ៤២ ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ទៅ។ មើល! អ្នក​ដែល​ក្បត់​ខ្ញុំ​បាន​មក​ជិត​ដល់​ហើយ»។

៤៣ ភ្លាម​នោះ កាល​ដែល​លោក​កំពុង​មាន​ប្រសាសន៍ យូដាស​ពី​ចំណោម​សាវ័ក​ទាំង​ដប់​ពីរ​នាក់ បាន​មក​ដល់​ជា​មួយ​នឹង​មនុស្ស​មួយ​ហ្វូង​ដែល​ពួក​សង្ឃនាយក ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ និង​ពួក​បុរស​ចាស់​ទុំ​បាន​ប្រមូល​មក។ ពួក​គេ​មក​ទាំង​កាន់​ដាវ​និង​ដំបង។ ៤៤ អ្នក​ដែល​បាន​ក្បត់​លោក​បាន​សន្មត​ជា​មួយ​នឹង​ពួក​គេ​អំពី​សញ្ញា​សម្គាល់​មួយ ដោយ​ប្រាប់​ថា៖ «អ្នក​ណា​ដែល​ខ្ញុំ​ថើប គឺ​អ្នក​នោះ​ហើយ។ ត្រូវ​ចាប់​គាត់​ហើយ​នាំ​ទៅ​ដោយ​ប្រុង​ប្រយ័ត្ន»។ ៤៥ គាត់​ដើរ​តម្រង់​ទៅ​ឯ​លោក ហើយ​ពោល​ថា៖ «រ៉ាប៊ី!»* រួច​ថើប​លោក​ដោយ​ថ្នម។ ៤៦ ដូច្នេះ ពួក​គេ​ក៏​បាន​ចាប់​លោក។ ៤៧ ក៏​ប៉ុន្តែ ក្នុង​ចំណោម​អ្នក​ដែល​កំពុង​ឈរ​ក្បែរ​នោះ មាន​ម្នាក់​ដក​ដាវ រួច​កាប់​ដាច់​ស្លឹក​ត្រចៀក​របស់​ខ្ញុំ​បម្រើ​សម្ដេច​សង្ឃ។ ៤៨ ប៉ុន្តែ​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បាន​ចេញ​មក​ចាប់​ខ្ញុំ ដោយ​កាន់​ដាវ​កាន់​ដំបង ដូច​ជា​មក​ចាប់​ចោរ​ប្លន់​ដូច្នេះ? ៤៩ ខ្ញុំ​ធ្លាប់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​រៀង​រាល់​ថ្ងៃ​ក្នុង​វិហារ ហើយ​បាន​បង្រៀន តែ​អ្នក​មិន​បាន​មក​ចាប់​ខ្ញុំ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ នេះ​គឺ​ដើម្បី​សម្រេច​តាម​បទ​គម្ពីរ»។

៥០ រួច​អ្នក​កាន់​តាម​បាន​រត់​ចោល​លោក​ទាំង​អស់​គ្នា។ ៥១ ប៉ុន្តែ​យុវជន​ម្នាក់ ដែល​មាន​សំពត់​សាច់​ល្អ​មួយ​ផ្ទាំង​ដណ្ដប់​ខ្លួន* ចាប់​ផ្ដើម​ដើរ​តាម​ក្រោយ​លោក ហើយ​ពួក​គេ​ខំ​ចាប់​គាត់​ដែរ។ ៥២ ប៉ុន្តែ​គាត់​ចោល​សំពត់​សាច់​ល្អ​នោះ ហើយ​គេច​ចេញ​ទៅ​ដោយ​គ្មាន​អ្វី​ដណ្ដប់។*

៥៣ ក្រោយ​មក ពួក​គេ​នាំ​លោក​យេស៊ូ​ទៅ​ឯ​សម្ដេច​សង្ឃ ហើយ​ពួក​សង្ឃនាយក ពួក​បុរស​ចាស់​ទុំ និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​គ្រប់​គ្នា​បាន​ជួប​ជុំ​គ្នា។ ៥៤ ប៉ុន្តែ​ពេត្រុស​បាន​ដើរ​តាម​ក្រោយ ឆ្ងាយ​ល្មម​ពី​លោក រហូត​ទៅ​ដល់​ទី​ធ្លា​ផ្ទះ​របស់​សម្ដេច​សង្ឃ រួច​គាត់​បាន​អង្គុយ​អាំង​ភ្លើង​ជា​មួយ​នឹង​ពួក​អ្នក​ថែ​ទាំ​ផ្ទះ។ ៥៥ ចន្លោះ​ពេល​នោះ ពួក​សង្ឃនាយក​និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​មូល កំពុង​រក​សាក្សី​ឲ្យ​ចោទ​ប្រកាន់​លោក​យេស៊ូ ដើម្បី​មាន​ហេតុ​ប្រហារ​ជីវិត​លោក។ ប៉ុន្តែ​ពួក​គេ​រក​មិន​បាន។ ៥៦ ពិត​មែន​តែ​មាន​សាក្សី​ក្លែង​ក្លាយ​ជា​ច្រើន​ដែល​បាន​ចោទ​ប្រកាន់​លោក ប៉ុន្តែ​សម្ដី​របស់​ពួក​គេ​មិន​ស្រប​គ្នា​ទេ។ ៥៧ ក៏​មាន​អ្នក​ខ្លះ​ទៀត​ដែល​បាន​ចេញ​មក​ធ្វើ​ជា​សាក្សី​ក្លែង​ក្លាយ​ហើយ​ចោទ​ប្រកាន់​លោក ដោយ​ពោល​ថា៖ ៥៨ «យើង​ធ្លាប់​ឮ​គាត់​និយាយ​ថា៖ ‹វិហារ​នេះ​ដែល​បាន​ត្រូវ​សង់​ដោយ​ដៃ​មនុស្ស ខ្ញុំ​នឹង​រុះ​ចោល ហើយ​បី​ថ្ងៃ​ក្រោយ​មក​ខ្ញុំ​នឹង​សង់​មួយ​ទៀត​ដែល​មិន​សង់​ដោយ​ដៃ​មនុស្ស​ទេ›»។ ៥៩ ប៉ុន្តែ ពេល​ដែល​ពួក​គេ​ចោទ​ប្រកាន់​អំពី​រឿង​នេះ សម្ដី​របស់​ពួក​គេ​ក៏​មិន​ស្រប​គ្នា​ដែរ។

៦០ នៅ​ទី​បំផុត សម្ដេច​សង្ឃ​បាន​ក្រោកឈរ​ក្នុង​ចំណោម​ពួក​គេ រួច​សួរ​លោក​យេស៊ូ​ថា៖ «តើ​អ្នក​មិន​ព្រម​ឆ្លើយ​សោះ​ឬ? តើ​អ្នក​គិត​ដូច​ម្ដេច​អំពី​អ្វី​ដែល​ពួក​គេ​កំពុង​ចោទ​ប្រកាន់​អ្នក?»។ ៦១ ប៉ុន្តែ​លោក​នៅ​ស្ងៀម ហើយ​មិន​តប​ឆ្លើយសោះ។ សម្ដេច​សង្ឃ​សួរ​លោក​ម្ដង​ទៀត​ថា៖ «តើ​អ្នក​ជា​គ្រិស្ត ជា​បុត្រ​របស់​ព្រះ* ឬ?»។ ៦២ រួច​លោក​យេស៊ូ​ឆ្លើយ​ថា៖ «ខ្ញុំ​ជា​អ្នក​នោះ ហើយ​អ្នក​រាល់​គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ​នៅ​ខាង​ស្ដាំ​នៃ​ឫទ្ធានុភាព* ព្រម​ទាំង​មក​ជា​មួយ​នឹង​ពពក​នៅ​លើ​មេឃ»។ ៦៣ ឮ​ដូច្នេះ សម្ដេច​សង្ឃ​ក៏​ហែក​សម្លៀក​បំពាក់​ក្នុង​របស់​គាត់ ហើយ​និយាយ​ថា៖ «តើ​យើង​ត្រូវ​ការ​សាក្សី​ធ្វើ​អ្វី​ទៀត? ៦៤ អ្នក​បាន​ឮ​អ្នក​នេះ​និយាយ​ប្រមាថ​ព្រះ​ហើយ។ តើ​អ្នក​រាល់​គ្នា​គិត​ដូច​ម្ដេច?»។ ពួក​គេ​ទាំង​អស់​គ្នា​កាត់​ទោស​លោក​យេស៊ូ​ថា គួរតែ​ស្លាប់។ ៦៥ ពួក​គេ​ខ្លះ​ចាប់​ផ្ដើម​ស្ដោះ​ទឹក​មាត់​ដាក់ ក៏​បាន​គ្រប​មុខ​លោក​ហើយ​ដាល់​លោក រួច​និយាយ​ថា៖ «បើ​ឯង​ចេះ​ប្រកាស​ទំនាយ​មែន តើ​អ្នក​ណា​បាន​វាយ​ឯង? ចូរ​ប្រាប់​មក!»។ ក្រោយ​មក មន្ត្រី​ជំនួយ​តុលាការ​បាន​ទះ​កំផ្លៀង​លោក រួច​នាំ​យក​ទៅ។

៦៦ កាល​ដែល​ពេត្រុស​នៅ​ខាង​ក្រោម​ក្នុង​ទី​ធ្លា ស្ត្រី​អ្នក​បម្រើ​ម្នាក់​របស់​សម្ដេច​សង្ឃ​បាន​មក ៦៧ ហើយ​ពេល​នាង​ឃើញ​ពេត្រុស​កំពុង​អាំង​ភ្លើង​នោះ នាង​បាន​មើល​ចំ​គាត់​ហើយ​និយាយ​ថា៖ «អ្នក​ក៏​បាន​នៅ​ជា​មួយ​នឹង​យេស៊ូ​នេះ ពី​ក្រុង​ណាសារ៉ែត​ដែរ»។ ៦៨ ប៉ុន្តែ​គាត់​បដិសេធ ដោយ​និយាយ​ថា៖ «ខ្ញុំ​មិន​ស្គាល់​គាត់​ទេ ហើយ​ក៏​មិន​យល់​អ្វី​ដែល​អ្នក​កំពុង​និយាយ​ដែរ» រួច​គាត់​ចេញ​ទៅ​ល្វែង​ក្រៅ។ ៦៩ នៅ​ទី​នោះ ពេល​ស្ត្រី​អ្នក​បម្រើ​ឃើញ​គាត់ នាង​ចាប់​ផ្ដើម​និយាយ​ម្ដង​ទៀត​ប្រាប់​ពួក​អ្នក​ដែល​ឈរ​នៅ​ក្បែរ​ថា៖ «ម្នាក់​នេះ​ជា​ពួក​នោះ​ដែរ»។ ៧០ គាត់​បដិសេធ​ម្ដង​ទៀត។ ហើយ​មួយ​លើក​ទៀត មិន​យូរ​ក្រោយ​មក ពួក​អ្នក​ដែល​ឈរ​នៅ​ក្បែរ​ចាប់​ផ្ដើម​និយាយ​ទៅ​កាន់​ពេត្រុស​ថា៖ «អ្នក​ច្បាស់​ជា​ពួក​នោះ​ដែរ ព្រោះ​អ្នក​ប្រាកដជា​មក​ពី​ស្រុក​កាលីឡេ»។ ៧១ ប៉ុន្តែ​គាត់​ចាប់​ផ្ដើម​ដាក់​បណ្ដាសា​ខ្លួន​ឯង ហើយ​ស្បថ​ថា៖ «ខ្ញុំ​មិន​ស្គាល់​បុរស​ដែល​អ្នក​រាល់​គ្នា​និយាយ​នោះ​ទេ»។ ៧២ រំពេច​នោះ មាន់​រងាវ​ជា​លើក​ទី​ពីរ ហើយ​ពេត្រុស​ក៏​នឹក​ឃើញ​អ្វី​ដែល​លោក​យេស៊ូ​ប្រាប់​គាត់​ថា៖ «មុន​មាន់​រងាវ​ពីរ​ដង អ្នក​នឹង​បដិសេធ មិន​ទទួល​ស្គាល់​ខ្ញុំ​បី​ដង» រួច​គាត់​រំជួល​ចិត្ត​ក្រៃ​លែង​ហើយ​ក៏​ចាប់​យំ។

១៥ ពេល​ថ្ងៃ​រះ​ឡើង​ភ្លាម ពួក​សង្ឃនាយក ព្រម​ទាំង​ពួក​បុរស​ចាស់​ទុំ និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ពោល​គឺ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់* ទាំង​មូល​បាន​ជួប​ជុំ​ពិគ្រោះ​គ្នា។ រួច​មក ពួក​គេច​ង​លោក​យេស៊ូ​ហើយ​នាំ​ទៅ រួច​ប្រគល់​ឲ្យ​ពីឡាត។ ២ ដូច្នេះ ពីឡាត​សួរ​លោក​ថា៖ «តើ​អ្នក​ជា​ស្តេច​នៃ​ជន​ជាតិ​យូដា​ឬ?»។ លោក​តប​ឆ្លើយ​ថា៖ «គឺ​អ្នក​ហើយ​ដែល​និយាយ»។ ៣ ប៉ុន្តែ​ពួក​សង្ឃនាយក​ចាប់​ផ្ដើម​ចោទ​ប្រកាន់​លោក​អំពី​រឿង​ជា​ច្រើន។ ៤ រួច​ពីឡាត​សួរ​លោក​ម្ដង​ទៀត​ថា៖ «តើ​អ្នក​មិន​តប​ឆ្លើយ​ទេ​ឬ? មើល! ពួក​គេ​កំពុង​ចោទ​ប្រកាន់​អ្នក​អំពី​រឿង​ជា​ច្រើន»។ ៥ ប៉ុន្តែ លោក​យេស៊ូ​មិន​តប​ឆ្លើយ​ទៀត​ទេ។ ដូច្នេះ ពីឡាត​ក៏​នឹក​អស្ចារ្យ​ក្នុង​ចិត្ត។

៦ ក្នុង​អំឡុង​បុណ្យ​នេះ គាត់​មាន​ទម្លាប់​ដោះ​លែង​អ្នក​ទោស​ម្នាក់​ដែល​បណ្ដា​ជន​សុំ​ឲ្យ​ដោះ​លែង។ ៧ នៅ​ពេល​នោះ មាន​បុរស​ម្នាក់​ដែល​គេ​ហៅ​ថា​បារ៉ាបាស។ គាត់​ជាប់​ចំណង​ជា​មួយ​នឹង​ពួក​អ្នក​បំបះបំបោរ ដែល​បាន​ធ្វើ​ឃាតកម្ម​ក្នុង​ពេល​បះបោរ​នោះ។ ៨ ដូច្នេះ បណ្ដា​ជន​បាន​មក​ធ្វើ​សំណូម​ពរ​តាម​អ្វី​ដែល​ពីឡាត​ធ្លាប់​ធ្វើ​សម្រាប់​ពួក​គេ។ ៩ ពីឡាត​តប​ឆ្លើយ​នឹង​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​ស្តេច​នៃ​ជន​ជាតិ​យូដា​ឲ្យ​អ្នក​រាល់​គ្នាឬ?» ១០ ព្រោះ​គាត់​ដឹង​ថា​ពួក​សង្ឃនាយក​បាន​ប្រគល់​លោក​ដោយ​សារ​មាន​ចិត្ត​ច្រណែន។ ១១ ប៉ុន្តែ​ពួក​សង្ឃនាយក​បាន​ញុះញង់​បណ្ដា​ជន​ឲ្យ​សុំ​ពីឡាត​ដោះ​លែង​បារ៉ាបាស​វិញ។ ១២ ពីឡាត​តប​ឆ្លើយ​នឹង​ពួក​គេ​ដោយ​សួរ​ថា៖ «ចុះ​តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ណា​ចំពោះ​បុរស​ដែល​អ្នក​រាល់​គ្នា​ហៅ​ថា​ស្តេច​នៃ​ជន​ជាតិ​យូដា?»។ ១៣ ពួក​គេ​ស្រែក​ឡើង​ម្ដង​ទៀត​ថា៖ «ព្យួរ​អ្នក​នោះ​ទៅ!»។ ១៤ ប៉ុន្តែ​ពីឡាត​សួរ​ពួក​គេ​ថា៖ «ហេតុ​អ្វី? តើ​គាត់​បាន​ធ្វើ​អំពើ​អាក្រក់​អ្វី​ទៅ?»។ ទោះ​ជា​សួរ​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា៖ «ព្យួរ​អ្នក​នោះ​ទៅ!»។ ១៥ ឮ​ដូច្នេះ ពីឡាត​បាន​ដោះ​លែង​បារ៉ាបាស​ឲ្យ​ពួក​គេ ពីព្រោះ​គាត់​ចង់​ផ្គាប់​ចិត្ត​បណ្ដា​ជន។ ក្រោយ​មក គាត់​បញ្ជា​ឲ្យ​វាយ​លោក​យេស៊ូ រួច​ប្រគល់​លោក​ឲ្យ​ពួក​ទាហាន​យក​ទៅ​ព្យួរ។

១៦ ពួក​ទាហាន​នាំ​លោក​ចូល​ទៅ​ក្នុង​ទី​ធ្លា​ដែល​នៅ​ក្នុង​វិមាន​របស់​អភិបាល។ រួច​ពួក​គេ​ប្រមូល​ពួក​ទាហាន​គ្រប់​រូប​មក។ ១៧ បន្ទាប់​មក ពួក​គេ​យក​សំពត់​ដណ្ដប់​ពណ៌​ស្វាយ​បំពាក់​ឲ្យ​លោក ក៏​បាន​ក្រង​បន្លា​ធ្វើ​ជា​មកុដ​មួយ ហើយ​បំពាក់​ឲ្យ​លោក​ដែរ។ ១៨ រួច​មក ពួក​គេ​ចាប់​ផ្ដើម​និយាយ​ទៅ​កាន់​លោក​ថា៖ «ស្តេច​នៃ​ជន​ជាតិ​យូដា​អើយ! សូម​ឲ្យ​លោក​បាន​សុខ​សប្បាយ!»។ ១៩ ពួក​គេ​ក៏​បាន​យក​ដើម​ត្រែង​វាយ​ក្បាល​លោក ថែម​ទាំង​ស្ដោះ​ទឹក​មាត់​ដាក់ ហើយ​លុត​ជង្គង់​គោរព​លោក។ ២០ ក្រោយ​ពី​បាន​ចំអក​ឲ្យ​លោក​រួច​ហើយ នៅ​ទី​បំផុត​ពួក​គេ​ដោះ​សំពត់​ដណ្ដប់​ពណ៌​ស្វាយ​ចេញ​ពី​លោក ហើយ​យក​សម្លៀក​បំពាក់​ក្រៅ​របស់​លោក​មក​បំពាក់​ឲ្យ​វិញ។ រួច​មក ពួក​គេ​នាំ​យក​លោក​ទៅ​ព្យួរ។ ២១ ពួក​គេ​ក៏​បាន​បង្ខំ​បុរស​ម្នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​កាត់​កន្លែង​នោះ ឲ្យ​លី​បង្គោល​ទារុណកម្ម* របស់​លោក។ អ្នក​នោះ​គឺ​ស៊ីម៉ូន​ពី​ក្រុងគីរេន ក៏​ជា​ឪពុក​របស់​អាឡិចសង់​និង​រូហ្វូស ហើយ​ពេល​នោះ​គាត់​កំពុង​ធ្វើ​ដំណើរ​មក​ពី​ជនបទ។

២២ ដូច្នេះ ពួក​គេ​នាំ​លោក​យេស៊ូ​ទៅ​កន្លែង​ដែល​ហៅ​ថា​កុលកូថា ដែល​បក​ប្រែ​ថា កន្លែង​លលាដ៍​ក្បាល។ ២៣ នៅ​ទី​នេះ ពួក​គេ​ខំ​ឲ្យ​លោក​ពិសា​ស្រា​ដែល​លាយ​ជ័រ​ល្វីង​ទេស* ប៉ុន្តែ​លោក​មិន​ព្រម​ពិសា​ទេ។ ២៤ ក្រោយ​មក ពួក​គេ​ព្យួរ​លោក ហើយ​ចែក​សម្លៀក​បំពាក់​ក្រៅ​របស់​លោក​ដោយ​ចាប់​ឆ្នោត ដើម្បី​សម្រេច​ថា​អ្នក​ណា​នឹង​បាន​ចំណែក​ណា។ ២៥ នោះ​គឺ​ម៉ោង​ទី​បី* ហើយ​ពួក​គេ​បាន​ព្យួរ​លោក។ ២៦ នៅ​ខាង​លើ​មាន​អក្សរ​ចារឹក​អំពី​អ្វី​ដែល​គេ​ចោទ​ប្រកាន់​លោក​ថា៖ «ស្តេច​នៃ​ជន​ជាតិ​យូដា»។ ២៧ ម្យ៉ាង​ទៀត ពួក​គេ​បាន​ព្យួរ​ចោរ​ប្លន់​ពីរ​នាក់​ជា​មួយ​នឹង​លោក​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ​លោក និង​ម្នាក់​នៅ​ខាង​ឆ្វេង។ ២៨ * —— ២៩ ហើយ​អ្នក​ដែល​ដើរ​កាត់​បាន​និយាយ​មើល​ងាយ​លោក ដោយ​គ្រវី​ក្បាល​ថា៖ «ហាស! អ្នក​ដែល​រុះ​វិហារ​ហើយ​សង់​ឡើង​វិញ​ក្នុង​បី​ថ្ងៃ​អើយ! ៣០ ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ដោយ​ចុះ​ពី​បង្គោល​ទារុណកម្ម​មក!»។ ៣១ ពួក​សង្ឃនាយក​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ក៏​បាន​និយាយ​គ្នា​ចំអក​ឲ្យ​លោក​ដែរ​ថា៖ «គាត់​បាន​សង្គ្រោះ​អ្នក​ដទៃ តែ​សង្គ្រោះ​ខ្លួន​គាត់​មិន​បាន! ៣២ សូម​គ្រិស្ត ជា​ស្តេច​នៃ​អ៊ីស្រាអែល​ចុះ​ពី​បង្គោល​ទារុណកម្ម​មក ដើម្បី​ឲ្យ​យើង​ឃើញ​ហើយ​ជឿ​ផង!»។ សូម្បី​តែ​អ្នក​ដែល​បាន​ត្រូវ​ព្យួរ​ជា​មួយ​នឹង​លោក​ក៏​បាន​តិះ​ដៀល​លោក​ដែរ។

៣៣ លុះ​ដល់​ម៉ោង​ទី​ប្រាំមួយ* ស្រុក​ទាំង​មូល​បាន​ទៅ​ជា​ងងឹត​រហូត​ដល់​ម៉ោង​ទី​ប្រាំបួន* ។ ៣៤ នៅ​ម៉ោង​ទី​ប្រាំបួន លោក​យេស៊ូ​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «អេលី! អេលី! ឡាម៉ា សាបាក់ថានី?» ដែល​បក​ប្រែ​ថា៖ «ព្រះ​ខ្ញុំ​អើយ! ព្រះ​ខ្ញុំ​អើយ! ហេតុ​អ្វី​បាន​ជា​លះ​ចោល​ខ្ញុំ?»។ ៣៥ ពេល​ឮ​ដូច្នេះ ពួក​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ក្បែរ​នោះ​ក៏​និយាយ​ថា៖ «មើល! គាត់​កំពុង​ហៅ​អេលីយ៉ា!»។ ៣៦ ប៉ុន្តែ មាន​ម្នាក់​រត់​ទៅ​យក​វត្ថុ​ម្យ៉ាង​ដែល​អាច​ជក់​ទឹក ទៅ​ជ្រលក់​ក្នុង​ស្រា​ជូរ រួច​ដាក់​លើ​ចុង​ដើម​ត្រែង​មួយ ហើយ​ហុច​ឲ្យ​លោក​ពិសា រួច​និយាយ​ថា៖ «កុំ​រវល់​នឹង​គាត់! ចាំ​មើល​ថា​តើ​អេលីយ៉ា​មក​ដាក់​គាត់​ចុះ​ឬ​មិន​មក?»។ ៣៧ ប៉ុន្តែ លោក​យេស៊ូ​បាន​ស្រែក​ឡើង​យ៉ាង​ខ្លាំង រួច​ផុត​ដង្ហើម​ទៅ។ ៣៨ ក្រោយ​មក វាំងនន* នៅ​វិហារ​បាន​រហែក​ជា​ពីរ ចាប់​ពី​លើ​ចុះ​មក​ក្រោម។ ៣៩ ពេល​នាយ​ទាហាន ដែល​កំពុង​ឈរ​នៅ​ខាង​មុខ​លោក​ឃើញ​ថា​មាន​ព្រឹត្ដិការណ៍​បែប​នេះ​ពេល​លោក​ផុត​ដង្ហើម នោះ​គាត់​និយាយ​ថា៖ «បុរស​នេះ​ប្រាកដជា​បុត្រ​ព្រះ​មែន»។

៤០ ក៏​មាន​ស្ត្រី​មួយ​ចំនួន​ដែរ ដែល​បាន​ឈរ​មើល​ពី​ចម្ងាយ។ ក្នុង​ចំណោម​ពួក​គេ​មាន​ម៉ារៀ​ដែល​ជា​ម្ដាយ​របស់​យ៉ាកុប​តូច យ៉ូសេ និង​សាឡូមេ ហើយ​ក៏​មាន​ម៉ារៀ​ម៉ាក់ដាឡេន​ដែរ។ ៤១ ពួក​គាត់​ធ្លាប់​ទៅ​ជា​មួយ ហើយ​បម្រើ​លោក កាល​ដែល​លោក​នៅ​ស្រុក​កាលីឡេ។ មាន​ស្ត្រី​ជា​ច្រើន​នាក់​ទៀត​ដែរ ដែល​បាន​មក​ក្រុង​យេរូសាឡិម​ជា​មួយ​នឹង​លោក។

៤២ ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប​ចំ* គឺ​មួយ​ថ្ងៃ​មុន​ថ្ងៃ​ឈប់​សម្រាក ហើយ​គឺជា​ពេល​ព្រលប់។ ហេតុ​នេះ ៤៣ យ៉ូសែប​ពី​ក្រុង​អារីម៉ាថេ​បាន​មក​ដល់។ គាត់​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់* ម្នាក់​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ ហើយ​ក៏​កំពុង​រង់​ចាំ​រាជាណាចក្រ​របស់​ព្រះ។ គាត់​បាន​តាំង​ចិត្ត​ក្លាហាន​ទៅ​ជួប​ពីឡាត​ហើយ​សុំ​យក​សព​របស់​លោក​យេស៊ូ។ ៤៤ ប៉ុន្តែ​ពីឡាត​បាន​ឆ្ងល់​ថា​តើ​លោក​យេស៊ូ​បាន​ស្លាប់​រួច​ហើយ​ឬ​មិន​ទាន់។ ដូច្នេះ គាត់​ហៅ​នាយ​ទាហាន​ម្នាក់​ហើយ​សួរ​អ្នក​នោះ។ ៤៥ ក្រោយ​ពី​បាន​ទទួល​ការ​បញ្ជាក់​ពី​នាយ​ទាហាន​នោះ​ហើយ គាត់​អនុញ្ញាត​ឲ្យ​យ៉ូសែប​យក​សព​របស់​លោក​ទៅ។ ៤៦ ដូច្នេះ យ៉ូសែប​ទិញ​ក្រណាត់​សាច់​ល្អ ហើយ​ដាក់​សព​របស់​លោក​ចុះ រុំ​ក្នុង​ក្រណាត់​សាច់​ល្អ​នោះ រួច​ដាក់​ក្នុង​ទី​បញ្ចុះ​សព​ដែល​បាន​ត្រូវ​ដាប់​នៅ​ក្នុង​ថ្ម។ ក្រោយ​មក គាត់​ប្រមៀល​ថ្ម​មួយ​មក​បិទ​ទី​បញ្ចុះ​សព​នោះ។ ៤៧ ប៉ុន្តែ​ម៉ារៀ​ម៉ាក់ដាឡេន និង​ម៉ារៀ​ដែល​ជា​ម្ដាយ​របស់​យ៉ូសេ​បាន​នៅ​មើល​កន្លែង​ដែល​សព​លោក​បាន​ត្រូវ​បញ្ចុះ។

១៦ ដូច្នេះ ពេល​ដែល​ថ្ងៃ​ឈប់​សម្រាក​បាន​កន្លង​ផុត​ទៅ នោះ​ម៉ារៀ​ម៉ាក់ដាឡេន និង​ម៉ារៀ​ដែល​ជា​ម្ដាយ​របស់​យ៉ូសេ និង​សាឡូមេ​បាន​ទិញ​គ្រឿង​ក្រអូប​ដើម្បី​យក​ទៅ​លាប​សព​របស់​លោក។ ២ ពេល​ព្រលឹម ក្រោយ​ថ្ងៃ​រះ នា​ថ្ងៃ​ដំបូង​នៃ​សប្ដាហ៍​នោះ ពួក​គាត់​បាន​ទៅ​ទី​បញ្ចុះ​សព។ ៣ ពួក​គាត់​បាន​សួរ​គ្នា​ថា៖ «តើ​អ្នក​ណា​នឹង​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ច្រក​ចូល​ទី​បញ្ចុះ​សព​ឲ្យ​យើង?»។ ៤ ពិត​មែន​តែ​ថ្ម​នោះ​ធំ​ណាស់ ប៉ុន្តែ​ពេល​ដែល​ស្ត្រី​ទាំង​នោះ​ងើប​មុខ​ឡើង ពួក​គាត់​ឃើញ​ថា​ថ្ម​នោះ​បាន​ត្រូវ​ប្រមៀល​ចេញ​ហើយ។ ៥ ពេល​ដែល​ពួក​គាត់​ចូល​ទៅ​ក្នុង​ទី​បញ្ចុះ​សព​នោះ ពួក​គាត់​ឃើញ​យុវជន​ម្នាក់​អង្គុយ​នៅ​ខាង​ស្ដាំ ពាក់​អាវ​វែង ពណ៌​ស ហើយ​ពួក​គាត់​បាន​ភាំង​ស្មារតី។ ៦ យុវជន​នោះ​ប្រាប់​ពួក​គាត់​ថា៖ «កុំ​ភាំង​ស្មារតី​ឡើយ។ ខ្ញុំ​ដឹង​ថា​អ្នក​កំពុង​រក​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត ដែល​គេ​បាន​ព្យួរ។ លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​មិន​នៅ​ទី​នេះ​ទេ។ មើល! នេះ​ជាកន្លែង​ដែល​គេ​បាន​ដាក់​សព​របស់​លោក។ ៧ ប៉ុន្តែ​ចូរ​ទៅ​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​និង​ពេត្រុស​ថា៖ ‹លោក​នឹង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់​គ្នា ហើយ​អ្នក​នឹង​ឃើញ​លោក​នៅ​ទី​នោះ ដូច​អ្វី​ដែល​លោក​បាន​ប្រាប់​អ្នក›»។ ៨ ដូច្នេះ នៅ​ពេល​ស្ត្រី​ទាំង​នោះ​ចេញ​មក ពួក​គាត់​បាន​រត់​ពី​ទី​បញ្ចុះ​សព​ទៅ ដោយ​មាន​អារម្មណ៍ភ័យ​ញាប់​ញ័រ​ថែម​ទាំង​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ហើយ​មិន​បាន​ប្រាប់​អ្នក​ណា​អំពី​អ្វី​សោះ ពីព្រោះ​ពួក​គាត់​ភ័យ​ខ្លាច។

សេចក្ដី​បញ្ចប់​ខ្លី​(ត​ពី​ខ​៨)

ប៉ុន្តែ​អ្វីៗ​ទាំង​អស់​ដែល​ពួក​គាត់​បាន​ត្រូវ​បង្គាប់​នោះ ពួក​គាត់​បាន​រៀប​រាប់​យ៉ាង​ខ្លី​ប្រាប់​អ្នក​នៅ​ជុំ​វិញ​ពេត្រុស។ ម្យ៉ាង​ទៀត ក្រោយ​ពី​អ្វីៗ​ទាំង​នេះ លោក​យេស៊ូ​បាន​ចាត់​ពួក​គាត់​ពី​ខាង​កើត​ទៅ​ខាង​លិច​ឲ្យ​ពាំ​នាំ​នូវ​សេចក្ដី​ប្រកាស​ដ៏​បរិសុទ្ធ​និង​មិន​អាច​សាប​សូន្យ អំពី​សេចក្ដី​សង្គ្រោះ​ដែល​មាន​ជា​រៀង​រហូត។

សេចក្ដី​បញ្ចប់​វែង

យេរ៉ូម​និង​យូស៊ីបៀស​ដែល​ជា​អ្នក​ប្រាជ្ញ​ពីរ​រូប នៅ​សត​វត្ស​ទី​បួន​បញ្ជាក់​ថា កំណត់​ហេតុ​ផ្លូវ​ការ​បញ្ចប់​ដោយ​ពាក្យ​ថា​«ពីព្រោះ​ពួក​គាត់​ភ័យ​ខ្លាច»។ ឯកសារ​ខ្លះ​បន្ថែម​សេចក្ដី​បញ្ចប់​វែង​មួយ​និង​សេចក្ដី​បញ្ចប់​ខ្លី​មួយ ប៉ុន្តែ​គេ​ទទួល​ស្គាល់​ជា​ទូទៅ​ថា សេចក្ដី​បញ្ចប់​ទាំង​នេះ​មិន​មែន​ជា​ផ្នែក​ពិត​ប្រាកដ​នៃ​បទ​គម្ពីរ ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ឥទ្ធិពល​នៃ​សកម្មពល​របស់​ព្រះ​ទេ។ សេចក្ដី​បញ្ចប់​វែង​មាន​ដូច​ត​ទៅ​នេះ៖

៩ លោក​បាន​រស់​ឡើង​វិញ​នៅ​ពេល​ព្រលឹម​ស្រាងៗ​នា​ថ្ងៃ​ដំបូង​នៃ​សប្ដាហ៍​នោះ។ បន្ទាប់​មក លោក​លេច​មក​ឲ្យ​ម៉ារៀ​ម៉ាក់ដាឡេន​ឃើញ។ លោក​ធ្លាប់​បណ្ដេញ​វិញ្ញាណ​កំណាច​ប្រាំពីរ​ចេញ​ពី​នាង។ ១០ នាង​បាន​ទៅ​រៀប​រាប់​ប្រាប់​អ្នក​ដែល​ធ្លាប់​នៅ​ជា​មួយ​នឹង​លោក ដោយ​ហេតុ​ថា​ពួក​គាត់​កំពុង​មាន​ទុក្ខ​ព្រួយ​ហើយ​យំ។ ១១ ក៏​ប៉ុន្តែ ពេល​ដែល​ពួក​គាត់​ឮ​ថា​លោក​បាន​រស់​ឡើង​វិញ ហើយ​ឮ​ថា​នាង​បាន​ឃើញ​លោក នោះ​ពួក​គាត់​មិន​បាន​ជឿ​ឡើយ។ ១២ ម្យ៉ាង​ទៀត ក្រោយ​ពី​អ្វីៗ​ទាំង​នេះ លោក​បាន​លេច​មក​ដោយ​មាន​រូបរាង​ផ្សេង​វិញ ឲ្យ​ពួក​គាត់​ពីរ​នាក់​ឃើញ​លោក កាល​ដែល​ពួក​គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​ជនបទ។ ១៣ រួច​មក ពួក​គាត់​មក​វិញ​ហើយ​រៀប​រាប់​ប្រាប់​សាវ័ក​ឯ​ទៀត។ ប៉ុន្តែ​អ្នក​ទាំង​នោះ​ក៏​មិន​បាន​ជឿ​ពួក​គាត់​ដែរ។ ១៤ ប៉ុន្តែ​ក្រោយ​មក លោក​បាន​លេច​មក​ឲ្យ​សាវ័ក​ទាំង​ដប់​មួយ​នាក់​ឃើញ កាល​ដែល​កំពុង​អង្គុយ​រួម​តុ​ជា​មួយ​គ្នា ហើយ​លោក​ក៏​ស្តីបន្ទោស​ពួក​គាត់​ដោយ​សារ​ខ្វះ​ជំនឿ​និង​មាន​ចិត្ត​រឹង ពីព្រោះ​មិន​បាន​ជឿ​ពួក​អ្នក​ដែល​ឃើញ​លោក​ក្រោយ​ពី​លោក​បាន​រស់​ឡើង​វិញ។ ១៥ លោក​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គាត់​ថា៖ «ចូរ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​ហើយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាំង​អស់។ ១៦ អ្នក​ណា​ដែល​ជឿ​ហើយ​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​នោះ​នឹង​ត្រូវ​សង្គ្រោះ តែ​អ្នក​ណា​ដែល​មិន​ជឿ​នឹង​ត្រូវ​ផ្ដន្ទា​ទោស។ ១៧ ម្យ៉ាង​ទៀត សញ្ញា​សម្គាល់​នឹង​ត្រូវ​សម្ដែង​ដោយ​អ្នក​ជឿ​ដូច​ត​ទៅ​នេះ៖ គឺ​ពួក​គេ​នឹង​បណ្ដេញ​វិញ្ញាណ​កំណាច​ដោយ​នូវ​ឈ្មោះ​ខ្ញុំ ក៏​នឹង​និយាយ​ភាសា​ផ្សេងៗ ១៨ ថែម​ទាំង​អាច​លូក​ដៃ​ទៅ​ចាប់​សត្វ​ពស់​បាន ហើយ​បើ​ផឹក​អ្វី​ដែល​ពុល នោះ​នឹង​មិន​ធ្វើ​ទុក្ខ​ពួក​គេ​ឡើយ។ ពួក​គេ​ក៏​នឹង​ដាក់​ដៃ​លើ​អ្នក​ដែល​ឈឺ ហើយ​អ្នក​ទាំង​នោះ​នឹង​ជា​សះ​ស្បើយ»។

១៩ ក្រោយ​ពី​លោក​ម្ចាស់​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គាត់​ហើយ លោក​ក៏​បាន​ត្រូវ​លើក​ឡើង​ទៅ​ស្ថាន​សួគ៌ ហើយ​បាន​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះ។ ២០ ម្ល៉ោះ​ហើយ ពួក​គាត់​បាន​ចេញ​ទៅ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​កន្លែង​ដោយ​មាន​ម្ចាស់​របស់​ពួក​គាត់​បាន​រួម​ធ្វើ​ការ​ជា​មួយ​នឹង​ពួក​គាត់ ហើយ​គាំទ្រ​ពាក្យ​ផ្សព្វ​ផ្សាយ​នោះ​ដោយ​សញ្ញា​សម្គាល់​ផ្សេងៗ​។

[កំណត់​សម្គាល់]

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៤

ពាក្យ​នេះ​ដក​ស្រង់​ពី​ម៉ាឡាគី ៣:១។ មើល​ខ​នោះ

ការ​ជ្រមុជ​ទឹក​ជា​ពិធី​ខាង​សាសនា

មើល​កំណត់​សម្គាល់​រ៉ូម ៥:១២

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ភាសា​ក្រិច​«សា​ថា​ណា​ស»។ មាន​ន័យ​ថា​«អ្នក​ប្រឆាំង»​ឬ​«សត្រូវ»

មើល​កំណត់​សម្គាល់​ម៉ាថ ៤:១៨

មើល​កំណត់​សម្គាល់​ម៉ាថ ១២:១

មើល​កំណត់​សម្គាល់​ម៉ាថ ៤:២៣

មើល​កំណត់​សម្គាល់​ម៉ាថ ២:៤

មើល​កំណត់​សម្គាល់​ម៉ាក ១:៨

ភាសា​ក្រិច​«ដាយម៉ូនីហ្សូម៉ាយ»។ សំដៅ​ទៅ​មនុស្ស​ដែល​មាន​ទេវតា​អាក្រក់​ចូល

មើល​កំណត់​សម្គាល់​ម៉ាថ ៤:២០

មើល​កំណត់​សម្គាល់​ម៉ាថ ៣:៧

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ភាសា​ក្រិច​«អាប៉ូស្តូឡូស»។ មាន​ន័យ​ថា​«អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ»

មើល​កំណត់​សម្គាល់​ម៉ាថ ១០:២

«កាណានាន»​មាន​ន័យ​ថា បុរស​ដែល​មាន​ចិត្ត​ខ្នះខ្នែង

ឈ្មោះ​មួយ​ដែល​សំដៅ​ទៅ​សាថាន

ភាសា​ក្រិច​«សា​ថា​ណា​ស»។ មាន​ន័យ​ថា​«អ្នក​ប្រឆាំង»​ឬ​«សត្រូវ»

មើល​កំណត់​សម្គាល់​ម៉ាក ៣:១១

ភាសា​ក្រិច​«សា​ថា​ណា​ស»។ មាន​ន័យ​ថា​«អ្នក​ប្រឆាំង»​ឬ​«សត្រូវ»

មើល​កំណត់​សម្គាល់​ម៉ាថ ៥:២៩

ឬ​«របៀប​របប​ពិភព​លោក»

មើល​កំណត់​សម្គាល់​ម៉ាថ ១៣:៣១

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ឬ​«ក្រុង​ទាំង​១០»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ន័យ​ត្រង់​«ស្ពាន់»

ន័យ​ត្រង់​«មិន​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​ក្នុង​ពីរ​ជាន់»

មើល​កំណត់​សម្គាល់​ម៉ាថ ២:១

ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា

មើល​កំណត់​សម្គាល់​ម៉ាថ ២០:២

មើល​កំណត់​សម្គាល់​ម៉ា​ក ១៣:៣៥

មើល​កំណត់​សម្គាល់​ម៉ាថ ១៧:២១

មើល​កំណត់​សម្គាល់​ម៉ាថ ៥:៣២

មើល​កំណត់​សម្គាល់​កាឡ ៥:១៩

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ឬ​«ក្រុង​ទាំង​១០»

គឺ​តំបន់ដេកាប៉ូល

ភាសា​ក្រិច​«សា​ថា​ណា​ស»។ មាន​ន័យ​ថា​«អ្នក​ប្រឆាំង»​ឬ​«សត្រូវ»

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៥

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

ន័យ​ត្រង់​«ផិត​ក្បត់​ព្រះ»

មាន​ន័យ​ថា​«លោក​គ្រូ»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​ម៉ាថ ៥:២៩

ភាសា​ក្រិច​«ហ្គេហេណា»។ សំដៅ​ទៅ​កន្លែង​ដុត​សំរាម​ខាង​ក្រៅ​ក្រុង​យេរូសាឡិម។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៨

មើល​កំណត់​សម្គាល់​ម៉ាថ ១៧:២១

មើល​កំណត់​សម្គាល់​ម៉ាថ ១៧:២១

ន័យ​ត្រង់​«ទឹម​នឹម​ជា​មួយ​គ្នា»

មើល​កំណត់​សម្គាល់​ម៉ាថ ៤:២០

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

មាន​ន័យ​ថា​«លោក​គ្រូ»

មើល​កំណត់​សម្គាល់​ម៉ាថ ៧:១៦

មាន​ន័យ​ថា​«លោក​គ្រូ»

មើល​កំណត់​សម្គាល់​ម៉ាថ ១៧:២១

ការ​ជ្រមុជ​ទឹក​ជា​ពិធី​ខាង​សាសនា

ន័យ​ត្រង់​«មត៌ក»

មើល​កំណត់​សម្គាល់​ម៉ាថ ២១:៤២

ឬ​«អធិរាជ»

មើល​កំណត់​សម្គាល់​ម៉ាថ ២០:២

មើល​កំណត់​សម្គាល់​ម៉ាថ ២២:៣៧

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ន័យ​ត្រង់​«ត្របាក់​ស៊ី​ផ្ទះ​របស់​ស្ត្រី​មេម៉ាយ»

ន័យ​ត្រង់​«ខ្វាដ្រាន» កាក់​ម្យ៉ាង​ដែល​មាន​តម្លៃ​តិច​ណាស់

ឬ​«ប្រៀប​ដូច​ជា​ការ​ឈឺ​ចាប់​របស់​ស្ត្រី​ពេល​សម្រាល​កូន»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ន័យ​ត្រង់​«គ្មាន​សាច់​ឈាម​ណា»

«ពេល​ព្រលប់»​ជា​យាម​ទី​១ តាម​របៀប​ជន​ជាតិ​ក្រិច​និង​រ៉ូម​បែងចែក​វេលា​យប់។ យាម​ទី​១​គឺ​ពី​ថ្ងៃ​លិច​ដល់​ម៉ោង​៩​យប់

«ពេល​អធ្រាត្រ»​ជា​យាម​ទី​២ តាម​របៀប​ជន​ជាតិ​ក្រិច​និង​រ៉ូម​បែងចែក​វេលា​យប់។ យាម​ទី​២​គឺ​ពី​ម៉ោង​៩​យប់​ដល់​អធ្រាត្រ

«ពេល​មាន់​រងាវ»​ជា​យាម​ទី​៣ តាម​របៀប​ជន​ជាតិ​ក្រិច​និង​រ៉ូម​បែងចែក​វេលា​យប់។ យាម​ទី​៣​គឺ​ពី​អធ្រាត្រ​ដល់​ម៉ោង​បី​យប់

«ពេល​ព្រលឹម»​ជា​យាម​ទី​៤ តាម​របៀប​ជន​ជាតិ​ក្រិច​និង​រ៉ូម​បែងចែក​វេលា​យប់។ យាម​ទី​៤​គឺ​ពី​ម៉ោង​បី​យប់​ដល់​ថ្ងៃ​រះ

ប្រេង​ក្រអូប​ម្យ៉ាង​ដែល​គេ​គិត​ថា​ត្រូវ​ធ្វើ​ពី​ដើម​ក្រអូប​ម្យ៉ាង​ដែល​ដុះ​នៅ​ភ្នំ​ហិមាល័យ

មើល​កំណត់​សម្គាល់​ម៉ាថ ២០:២

ឬ​«ក្បត់»

មើល​កំណត់​សម្គាល់​ម៉ាថ ៥:២៩

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

ភាសា​អា​រ៉ាម មាន​ន័យ​ថា​«ឱ​ឪពុក​អើយ!»​ឬ​«ឪពុក»

ពាក្យ​ថា​«ពែង»​តំណាង​បំណងប្រាថ្នា​របស់​ព្រះ​សម្រាប់​លោក​យេស៊ូ គឺ​អនុញ្ញាត​ឲ្យ​លោក​ស្លាប់​ដោយ​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​ពិត​ថា បាន​ប្រមាថ​ព្រះ

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ឬ​«ក្បត់»

មាន​ន័យ​ថា​«លោក​គ្រូ»

ឬ​«ដណ្ដប់​រូប​កាយ​អាក្រាត​របស់​គាត់»។ ពាក្យ​ភាសា​ក្រិច​«ជីមណូស» ក៏​មាន​ន័យ​ថា​«បិទ​បាំង​ខ្លួន​តែ​បន្ដិច​បន្តួច​ឬ​មាន​តែ​សម្លៀក​បំពាក់​ក្នុង»

ឬ​«ដោយ​ខ្លួន​អាក្រាត»។ មើល​កំណត់​សម្គាល់​ម៉ា​ក ១៤:៥១

ន័យ​ត្រង់​«អ្នក​ដែល​មាន​ពរ»។ ការ​«ឲ្យ​ពរ»​អាច​សំដៅ​ទៅ​ការ​លើក​តម្កើង​ជា​បរិសុទ្ធ ការ​សរសើរ ឬ​ការ​និយាយ​ល្អ​អំពី​អ្នក​ណា​ម្នាក់

ឬ​«អ្នក​មាន​ឫទ្ធានុភាព​ខ្លាំងក្លា»

មើល​កំណត់​សម្គាល់​ម៉ាថ ២៦:៥៩

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៥

ថ្នាំ​ម្យ៉ាង​ដែល​បំបាត់​ការ​ឈឺ​ចាប់

«ម៉ោង​ទី​៣» ឬ​ម៉ោង​៩​ព្រឹក

ក្នុង​ឯកសារ​ដែល​មាន​ចំណាស់​ជាង​គេ​ហើយ​គួរ​ឲ្យ​ទុក​ចិត្ត​ជាង​គេ មិន​មាន​ខ​នេះ​ទេ។ ក៏​ប៉ុន្តែ​ឯកសារ​ខ្លះ​បាន​បន្ថែម​ខ​មួយ​ដែល​អាន​ថា៖ «ហើយ​បទ​គម្ពីរ​បាន​សម្រេច​ដែល​ថា​‹លោក​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​ចំណោម​អ្នក​ប្រឆាំង​ច្បាប់›»

«ម៉ោង​ទី​៦» ឬ​ម៉ោង​១២​ថ្ងៃ​ត្រង់

«ម៉ោង​ទី​៩» ឬ​ម៉ោង​បី​រសៀល

វាំងនន​នេះជា​របាំង​រវាង​បន្ទប់​ដ៏​បរិសុទ្ធ​បំផុត​និង​បន្ទប់​ដ៏​បរិសុទ្ធ

មើល​កំណត់​សម្គាល់​ម៉ាថ ២៧:៦២

មើល​កំណត់​សម្គាល់​ម៉ាក ១៥:១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក