រៀបរាប់ដោយលូកា
១ មានមនុស្សជាច្រើនដែលខិតខំចងក្រងកំណត់ហេតុ ស្តីអំពីព្រឹត្ដិការណ៍ដែលយើងជឿទាំងស្រុងថាជាការពិត ២ ដូចអ្វីដែលបានត្រូវផ្ដាំមកយើង ដោយអស់អ្នកដែលតាំងពីដើមដំបូងបានធ្វើជាសាក្សីនៃព្រឹត្ដិការណ៍ទាំងនោះ និងជាអ្នកប្រកាស* ដំណឹងល្អនេះ។ ៣ ថេអូហ្វីលជាទីគោរព ខ្ញុំក៏បានតាំងចិត្តសរសេរព្រឹត្ដិការណ៍ទាំងនោះតាមលំដាប់លំដោយដែរ ហើយផ្ញើជូនអ្នក ពីព្រោះខ្ញុំបានស្រាវជ្រាវយ៉ាងហ្មត់ចត់នូវហេតុការណ៍ទាំងអស់ដែលបានកើតឡើងតាំងពីដើមដំបូង ហើយបានព័ត៌មានត្រឹមត្រូវ ៤ ដើម្បីឲ្យអ្នកអាចដឹងច្បាស់ថា អ្វីដែលគេបានបង្រៀន* អ្នកគឺពិតប្រាកដ។
៥ នៅសម័យហេរ៉ូឌ ដែលជាស្តេច* តំបន់យូឌា មានសង្ឃម្នាក់ឈ្មោះសាការី ដែលជាសមាជិកក្រុម* អាប៊ីយ៉ា។ ប្រពន្ធរបស់គាត់ឈ្មោះអេលីសាបិត ហើយនាងជាកូនស្រី* អារ៉ុន។ ៦ ព្រះចាត់ទុក ពួកគាត់ទាំងពីរនាក់ជាមនុស្សសុចរិត ពីព្រោះពួកគាត់ប្រព្រឹត្តតាមគ្រប់ទាំងបញ្ញត្ដិ និងគ្រប់ទាំងច្បាប់របស់ព្រះយេហូវ៉ា គ្មានកន្លែងចាប់កំហុសបានឡើយ។ ៧ ប៉ុន្តែពួកគាត់គ្មានកូនទេ ព្រោះអេលីសាបិតជាស្ត្រីអារ។ ម្យ៉ាងទៀត ពួកគាត់ទាំងពីរមានអាយុច្រើនហើយ។
៨ ពេលដែលសាការីកំពុងបំពេញមុខងារជាសង្ឃនៅចំពោះព្រះ តាមវេនរបស់ក្រុមគាត់ ៩ សមស្របតាមប្រពៃណីរបស់គណៈសង្ឃ នោះគេបានរើសគាត់ឲ្យចូលទៅក្នុងវិហាររបស់ព្រះយេហូវ៉ា ហើយដុតគ្រឿងក្រអូប។ ១០ ឯបណ្ដាជនទាំងឡាយកំពុងអធិដ្ឋាននៅខាងក្រៅ នៅម៉ោងដែលត្រូវដុតគ្រឿងក្រអូប។ ១១ នោះទេវតារបស់ព្រះយេហូវ៉ាបានលេចមកឲ្យសាការីឃើញ ដោយឈរនៅខាងស្ដាំទីបូជាគ្រឿងក្រអូប។ ១២ ប៉ុន្តែពេលដែលសាការីឃើញដូច្នេះ គាត់តាំងជ្រួលច្របល់ក្នុងចិត្ត ក៏បានភ័យខ្លាចផង។ ១៣ ក៏ប៉ុន្តែ ទេវតានោះនិយាយទៅកាន់សាការីថា៖ «សាការី កុំខ្លាចឡើយ ព្រោះព្រះបានឮការអង្វរសុំរបស់អ្នក ហើយប្រពន្ធរបស់អ្នកនឹងបង្កើតកូនប្រុសមួយឲ្យអ្នក។ អ្នកត្រូវហៅឈ្មោះរបស់កូននោះថា យ៉ូហាន។ ១៤ អ្នកនឹងមានអំណរ ក៏នឹងរីករាយជាខ្លាំង ហើយកំណើតកូននោះនឹងធ្វើឲ្យមនុស្សជាច្រើនអរសប្បាយ ១៥ ព្រោះគាត់នឹងទៅជាបុរសដ៏ឧត្តមនៅចំពោះព្រះយេហូវ៉ា។ ប៉ុន្តែគាត់មិនត្រូវពិសាស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយគាត់នឹងពេញទៅដោយសកម្មពល* បរិសុទ្ធរបស់ព្រះ តាំងពីនៅក្នុងផ្ទៃម្ដាយមក។ ១៦ ម្យ៉ាងទៀត គាត់នឹងនាំឲ្យពួកកូនអ៊ីស្រាអែលជាច្រើនវិលមករកព្រះយេហូវ៉ាជាព្រះរបស់ពួកគេ។ ១៧ គាត់ក៏នឹងទៅមុនលោក ដោយមានចិត្តខ្នះខ្នែង* និងមានឫទ្ធានុភាពដូចអេលីយ៉ា ដើម្បីបង្វែរចិត្តឪពុកមកជាកូនវិញ ហើយបង្វែរចិត្តរបស់អ្នកដែលមិនស្ដាប់បង្គាប់ មករកប្រាជ្ញារបស់មនុស្សសុចរិតវិញ ក្នុងបំណងរៀបចំមនុស្សមួយពួកជាស្រេច ទុកសម្រាប់ព្រះយេហូវ៉ា»។
១៨ រួចមក សាការីសួរទេវតានោះថា៖ «តើខ្ញុំអាចប្រាកដថាការនេះនឹងកើតឡើងដូចម្ដេចបាន? ព្រោះខ្ញុំមានវ័យចាស់ហើយ ឯប្រពន្ធខ្ញុំក៏មានអាយុច្រើនដែរ»។ ១៩ ទេវតានោះតបឆ្លើយថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល ជាអ្នកដែលឈរនៅមុខព្រះ។ ខ្ញុំបានត្រូវចាត់ឲ្យមកនិយាយជាមួយនឹងអ្នក ហើយប្រកាសប្រាប់ដំណឹងល្អស្តីពីការទាំងនេះដល់អ្នក។ ២០ ប៉ុន្តែ មើល! អ្នកនឹងនិយាយមិនរួច ក៏នឹងស្ងៀមរហូតដល់ការទាំងនេះកើតឡើង ដោយសារអ្នកមិនបានជឿពាក្យរបស់ខ្ញុំ ដែលនឹងសម្រេចនៅពេលកំណត់»។ ២១ នៅពេលនោះដែរ បណ្ដាជនកំពុងរង់ចាំសាការី ក៏តាំងឆ្ងល់ពីមូលហេតុដែលគាត់បង្អង់យូរនៅក្នុងវិហារ។ ២២ ប៉ុន្តែពេលដែលគាត់ចេញមក គាត់មិនអាចនិយាយទៅកាន់បណ្ដាជនបានឡើយ ហើយពួកគេបានយល់ឃើញថា គាត់បានឃើញអ្វីមួយដ៏អស្ចារ្យនៅក្នុងវិហារ។ ចំណែកគាត់វិញ គាត់ចេះតែធ្វើសញ្ញាឲ្យពួកគេយល់ ប៉ុន្តែនៅគ និយាយមិនបាន។ ២៣ លុះវេនកិច្ចបម្រើរបស់គាត់ចប់ហើយ នោះគាត់ត្រឡប់ទៅផ្ទះវិញ។
២៤ ប៉ុន្តែក្រោយពីគ្រានោះ អេលីសាបិត ជាប្រពន្ធរបស់គាត់ក៏ចាប់មានផ្ទៃពោះ ហើយនាងមិនបានចេញពីផ្ទះអស់ប្រាំខែ ដោយនិយាយថា៖ ២៥ «នេះជារបៀបដែលព្រះយេហូវ៉ាបានប្រព្រឹត្តមកលើខ្ញុំនៅគ្រានេះ ពេលដែលលោកបានមេត្ដាដល់ខ្ញុំ ដើម្បីឲ្យខ្ញុំលែងទទួលការដៀលត្មះពីមនុស្ស»។
២៦ ពេលដែលនាងមានផ្ទៃពោះប្រាំមួយខែ នោះព្រះចាត់ទេវតាឈ្មោះកាព្រីយ៉ែល ឲ្យទៅក្រុងណាសារ៉ែតនៅស្រុកកាលីឡេ ២៧ គឺទៅឯស្រីក្រមុំបរិសុទ្ធដែលជាគូដណ្ដឹងរបស់បុរសម្នាក់ឈ្មោះយ៉ូសែបពីពូជពង្សដាវីឌ។ ស្រីក្រមុំបរិសុទ្ធនោះ ឈ្មោះម៉ារៀ។ ២៨ ទេវតានោះចូលទៅឯនាងហើយនិយាយថា៖ «សួស្តី អ្នកសំណព្វរបស់ព្រះ។ ព្រះយេហូវ៉ានៅជាមួយនឹងនាង»។ ២៩ ប៉ុន្តែពេលដែលឮដូច្នេះ នាងក៏ជ្រួលច្របល់ក្នុងចិត្តជាខ្លាំង ហើយតាំងរិះគិតថាតើសម្ដី* នោះបង្កប់អត្ថន័យអ្វី។ ៣០ ម្ល៉ោះហើយ ទេវតានោះនិយាយទៅកាន់នាងថា៖ «ម៉ារៀ កុំខ្លាចឡើយ ព្រោះព្រះពេញចិត្តនឹងនាង។ ៣១ មើល! នាងនឹងមានផ្ទៃពោះ ក៏នឹងបង្កើតបុត្រមួយ ហើយនាងត្រូវឲ្យនាមបុត្រនោះថា យេស៊ូ។ ៣២ បុត្រនោះនឹងធំឧត្តម ក៏នឹងត្រូវហៅថាបុត្ររបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយព្រះយេហូវ៉ានឹងប្រគល់ឲ្យបុត្រនោះនូវបល្ល័ង្ករបស់ដាវីឌដែលជាបិតារបស់លោក ៣៣ លោកក៏នឹងគ្រប់គ្រងជាស្តេចលើពូជពង្សយ៉ាកុបជារៀងរហូត ហើយរាជាណាចក្ររបស់លោកនឹងមិនសាបសូន្យឡើយ»។
៣៤ ប៉ុន្តែម៉ារៀសួរទេវតានោះថា៖ «តើការនេះអាចកើតឡើងយ៉ាងដូចម្ដេច? ព្រោះខ្ញុំមិនបានរួមរស់* ជាមួយនឹងបុរសណាឡើយ»។ ៣៥ ទេវតានោះឆ្លើយទៅនាងថា៖ «សកម្មពលបរិសុទ្ធរបស់ព្រះនឹងសណ្ឋិតលើនាង ហើយឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះហើយ កូនដែលនឹងកើតមកនោះ នឹងត្រូវហៅថាជាបរិសុទ្ធ និងជាបុត្ររបស់ព្រះ ៣៦ ហើយមើល! ក្នុងកាលមានវ័យចាស់ អេលីសាបិត ជាញាតិសន្ដាន ដែលគេហៅថាស្រីអារ មានផ្ទៃពោះប្រាំមួយខែហើយ។ កូនដែលនៅក្នុងផ្ទៃជាកូនប្រុសមួយដែរ ៣៧ ព្រោះគ្មានប្រសាសន៍ណារបស់ព្រះ ដែលលោកពុំអាចសម្រេចបានឡើយ»។ ៣៨ រួចមក ម៉ារៀនិយាយថា៖ «មើល! ខ្ញុំជាខ្ញុំបម្រើរបស់ព្រះយេហូវ៉ា! សូមឲ្យការនេះកើតឡើងដល់ខ្ញុំ តាមសេចក្ដីប្រកាសរបស់អ្នកចុះ»។ ឮដូច្នេះ ទេវតានោះចាកចេញពីនាងទៅ។
៣៩ នៅគ្រានោះ ម៉ារៀក៏ក្រោកឡើង ស្រូតទៅឯតំបន់ភ្នំ ដល់ក្រុងមួយនៅស្រុកយូដា ៤០ រួចបានចូលទៅក្នុងផ្ទះរបស់សាការី ហើយជម្រាបសួរអេលីសាបិត។ ៤១ កាលដែលអេលីសាបិតឮម៉ារៀជម្រាបសួរ នោះកូននៅក្នុងផ្ទៃរបស់អេលីសាបិតបានកញ្ជ្រោលឡើង ហើយនាងបានពេញទៅដោយសកម្មពលបរិសុទ្ធរបស់ព្រះ ៤២ រួចនាងបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ក្នុងចំណោមស្រីទាំងឡាយ នាងមានពរហើយ! ឯកូនដែលនាងនឹងបង្កើតក៏មានពរដែរ! ៤៣ ហេតុដូចម្ដេចបានជាម្ដាយរបស់ម្ចាស់ខ្ញុំបានផ្ដល់កិត្ដិយសឲ្យខ្ញុំ ដោយមកជួបខ្ញុំដូច្នេះ? ៤៤ ព្រោះមើល! ពេលដែលខ្ញុំឮនាងជម្រាបសួរ នោះកូននៅក្នុងផ្ទៃខ្ញុំបានកញ្ជ្រោលឡើងដោយត្រេកអរក្រៃលែង ៤៥ ហើយនាងមានសុភមង្គល ដោយសារបានជឿ ពីព្រោះអ្វីដែលព្រះយេហូវ៉ាបានមានប្រសាសន៍ទៅនាង នឹងត្រូវសម្រេចគ្រប់ប្រការ»។
៤៦ រួចម៉ារៀនិយាយថា៖ «ខ្ញុំលើកតម្កើងព្រះយេហូវ៉ា ៤៧ ហើយខ្ញុំទប់ចិត្តពុំបានឡើយ ព្រោះខ្ញុំត្រេកអរពន់ពេកនឹងព្រះដែលជាអ្នកសង្គ្រោះខ្ញុំ ៤៨ ពីព្រោះលោកបានមើលសភាពទន់ទាបនៃខ្ញុំបម្រើរបស់លោក។ មើល! ចាប់តាំងពីពេលនេះទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គល ៤៩ ពីព្រោះលោកដែលមានឫទ្ធានុភាពខ្លាំងក្លាបានធ្វើកិច្ចការដ៏អស្ចារ្យដើម្បីខ្ញុំ ហើយនាមរបស់លោកគឺបរិសុទ្ធ ៥០ ហើយពីជំនាន់មួយទៅជំនាន់មួយ លោកក៏មានចិត្តមេត្ដាករុណាដល់អស់អ្នកដែលកោតខ្លាចលោក។ ៥១ លោកបានធ្វើកិច្ចការយ៉ាងខ្លាំងពូកែដោយដៃរបស់លោក ក៏បានកម្ចាត់កម្ចាយអស់អ្នកដែលបង្ហាញថាពួកគេជាមនុស្សក្រអឺតក្រទមដោយបំណងចិត្តរបស់ខ្លួន។ ៥២ លោកបានទម្លាក់មនុស្សមានអំណាចពីបល្ល័ង្ក ហើយតម្កើងមនុស្សទន់ទាប។ ៥៣ លោកបានបំពេញចិត្តអ្នកដែលស្រេកឃ្លាន ដោយរបស់ល្អ ឯអ្នកដែលមានស្តុកស្តម្ភ លោកបានឲ្យចេញទៅដៃទទេ។ ៥៤ លោកបានជួយអ៊ីស្រាអែល ជាអ្នកបម្រើរបស់លោក ដើម្បីបង្ហាញថា លោកចាំសេចក្ដីសន្យារបស់លោកដែលថា លោកនឹងបង្ហាញសេចក្ដីមេត្ដាករុណាជារៀងរហូត ៥៥ ដល់អាប្រាហាំនិងពូជរបស់គាត់ ដូចលោកបានមានប្រសាសន៍ទៅបណ្ដាបុព្វបុរសរបស់យើង»។ ៥៦ ក្រោយមក ម៉ារៀនៅជាមួយនឹងអេលីសាបិតប្រហែលបីខែ ទើបត្រឡប់ទៅផ្ទះគាត់វិញ។
៥៧ លុះអេលីសាបិតគ្រប់ខែហើយ នាងក៏សម្រាលកូនប្រុសមួយ ៥៨ ហើយអ្នកជិតខាងនិងញាតិសន្ដានបានឮថា ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីមេត្ដាករុណាយ៉ាងច្រើនលើសលប់ដល់នាង រួចពួកគេក៏អរសប្បាយជាមួយនឹងនាង។ ៥៩ នៅថ្ងៃទីប្រាំបី ពួកគេបានមកដើម្បីកាត់ចុងស្បែក* ទារកនោះ ហើយចង់ហៅឈ្មោះវា សាការី តាមឈ្មោះរបស់ឪពុក។ ៦០ ប៉ុន្តែម្ដាយរបស់វាឆ្លើយថា៖ «ទេ! ត្រូវហៅឈ្មោះវា យ៉ូហានវិញ»។ ៦១ ឮដូច្នេះ ពួកគេនិយាយទៅនាងថា៖ «ក្នុងចំណោមញាតិសន្ដានរបស់នាង គ្មានអ្នកណាមានឈ្មោះនោះទេ»។ ៦២ រួចមក ពួកគេចាប់ផ្ដើមធ្វើសញ្ញា សួរឪពុកវាថាតើគាត់ចង់ដាក់ឈ្មោះអ្វីឲ្យកូននោះ។ ៦៣ គាត់សុំក្ដារឆ្នួនមួយ រួចសរសេរថា៖ «កូននេះឈ្មោះយ៉ូហាន»។ ឃើញដូច្នេះ ពួកគេទាំងអស់គ្នាបាននឹកអស្ចារ្យក្នុងចិត្ត។ ៦៤ រំពេចនោះ មាត់គាត់បានត្រូវបើកឡើង អណ្ដាតរបស់គាត់ក៏បានត្រូវស្រាយ ហើយគាត់អាចនិយាយបាន រួចបានសរសើរព្រះ។ ៦៥ នោះមនុស្សទាំងអស់ដែលរស់នៅសហគមន៍របស់ពួកគាត់ក៏តាំងភ័យខ្លាច ហើយគេបាននិយាយអំពីការទាំងនេះពេញតំបន់ភ្នំនៅតំបន់យូឌា។ ៦៦ អស់អ្នកដែលឮបានចំណាំទុកក្នុងចិត្តថា៖ «តើទារកនេះនឹងទៅជាអ្វី?» ព្រោះព្រះយេហូវ៉ាពិតជាបាននៅជាមួយនឹងវា។
៦៧ ហើយសាការី ជាឪពុកកូននោះ បានពេញទៅដោយសកម្មពលបរិសុទ្ធរបស់ព្រះ ក៏ប្រកាសទំនាយថា៖ ៦៨ «ខ្ញុំសូមសរសើរព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល ពីព្រោះលោកបានអាណិតរាស្ត្ររបស់លោក ហើយសង្គ្រោះពួកគេ។ ៦៩ លោកក៏បានតាំងស្នែង* មួយពីពូជពង្សដាវីឌ ជាអ្នកបម្រើរបស់លោក ដើម្បីផ្ដល់សេចក្ដីសង្គ្រោះឲ្យយើង ៧០ ដូចលោកបានមានប្រសាសន៍តាមរយៈមនុស្សបរិសុទ្ធដែលប្រកាសទំនាយរបស់លោកពីសម័យបុរាណមក ៧១ ថាយើងនឹងត្រូវសង្គ្រោះឲ្យរួចពីពួកសត្រូវរបស់យើង និងពីកណ្ដាប់ដៃនៃអស់អ្នកដែលស្អប់យើង ៧២ ដើម្បីបង្ហាញសេចក្ដីមេត្ដាករុណា ដោយគិតពីបណ្ដាបុព្វបុរសរបស់យើង ហើយបង្ហាញថាលោកចាំនូវកិច្ចព្រមព្រៀងបរិសុទ្ធរបស់លោក ៧៣ គឺអ្វីដែលលោកបានស្បថនឹងអាប្រាហាំជាបុព្វបុរសរបស់យើងថា ៧៤ ក្រោយពីយើងបានត្រូវសង្គ្រោះឲ្យរួចពីកណ្ដាប់ដៃនៃពួកសត្រូវ នោះលោកនឹងផ្ដល់កិត្ដិយសឲ្យយើងបំពេញកិច្ចបម្រើពិសិដ្ឋសម្រាប់លោកដោយចិត្តក្លាហាន ៧៥ ដោយភក្ដីភាព និងសេចក្ដីសុចរិត រហូតអស់មួយជីវិតយើង។ ៧៦ ប៉ុន្តែ ចំណែកអ្នកវិញ កូនតូច គេនឹងហៅអ្នកជាអ្នកប្រកាសទំនាយរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះអ្នកនឹងទៅមុន នៅខាងមុខព្រះយេហូវ៉ា ដើម្បីរៀបចំផ្លូវជូនលោក ៧៧ និងដើម្បីផ្ដល់ចំណេះឲ្យរាស្ត្រលោក ស្តីអំពីសេចក្ដីសង្គ្រោះ ដោយការអភ័យទោសចំពោះការខុសឆ្គង* របស់ពួកគេ ៧៨ ពីព្រោះព្រះរបស់យើងមានសេចក្ដីអាណិតមេត្ដា។ ដោយសារសេចក្ដីអាណិតមេត្ដានេះហើយ យើងនឹងឃើញពន្លឺភ្លឺមកពីលើ ដូចពន្លឺថ្ងៃរះ ៧៩ ដើម្បីបំភ្លឺអស់អ្នកដែលអង្គុយក្នុងទីងងឹត និងក្នុងម្លប់នៃសេចក្ដីស្លាប់ ហើយដើម្បីតម្រង់ជំហានយើងដោយជោគជ័យ ទៅតាមផ្លូវនៃសេចក្ដីសុខសាន្ត»។
៨០ កូនតូចនោះកាន់តែធំឡើង និងកាន់តែរឹងមាំឡើង ហើយគាត់បាននៅតំបន់ស្ងាត់ជ្រងំ រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនដល់អ៊ីស្រាអែលជាចំហ។
២ នៅគ្រានោះ សេសារ* អូគូសបានចេញក្រឹត្យឲ្យមនុស្សទាំងអស់* ទៅចុះបញ្ជី។ ២ (ការចុះបញ្ជីលើកដំបូងនេះ បានត្រូវធ្វើឡើងនៅពេលដែលគីរេនាសជាអភិបាលនៃស្រុកស៊ីរី) ៣ នៅពេលនោះ មនុស្សទាំងអស់បានធ្វើដំណើរទៅឯក្រុងរៀងៗខ្លួន ដើម្បីចុះបញ្ជី។ ៤ យ៉ូសែបក៏បានចេញពីក្រុងណាសារ៉ែតនៃស្រុកកាលីឡេ ឡើងទៅតំបន់យូឌា ដល់ក្រុងរបស់ដាវីឌ ដែលហៅថាបេថ្លេហិម ព្រោះយ៉ូសែបមកពីពូជពង្សវង្សត្រកូលដាវីឌ។ ៥ គាត់បានចេញទៅទីនោះ ដើម្បីចុះបញ្ជីជាមួយនឹងម៉ារៀ ដែលនៅពេលនោះម៉ារៀជាប្រពន្ធគាត់ហើយ ក៏មានផ្ទៃពោះជិតគ្រប់ខែ។ ៦ នៅពេលដែលពួកគាត់នៅទីនោះ នាងគ្រប់ខែ ត្រូវសម្រាលកូន ៧ ក៏បានសម្រាលកូនប្រុសមួយ ជាកូនច្បង ហើយរុំនឹងចម្រៀកសំពត់ រួចផ្ដេកក្នុងស្នូក ពីព្រោះផ្ទះសម្នាក់អស់បន្ទប់ហើយ។
៨ នៅតំបន់នោះដែរ មានពួកគង្វាលដែលកំពុងរស់នៅកណ្ដាលវាល ហើយចាំយាមហ្វូងសត្វនៅពេលយប់* ៩ ស្រាប់តែទេវតានៃព្រះយេហូវ៉ាបានឈរនៅជិតពួកគេ សិរីរុងរឿងរបស់ព្រះយេហូវ៉ាក៏បានភ្លឺចិញ្ចាចនៅជុំវិញពួកគេដែរ ហើយពួកគេក៏តាំងភ័យខ្លាចជាខ្លាំង។ ១០ ប៉ុន្តែទេវតានោះនិយាយទៅកាន់ពួកគេថា៖ «កុំខ្លាចឡើយ ព្រោះមើល! ខ្ញុំមកដើម្បីប្រកាសប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ស្តីអំពីអំណរក្រៃលែងដែលមនុស្សទាំងអស់នឹងមាន ១១ ពីព្រោះថ្ងៃនេះអ្នកដែលនឹងសង្គ្រោះអ្នករាល់គ្នា គឺគ្រិស្ត* ដ៏ជាម្ចាស់ បានកើតមកនៅក្រុងរបស់ដាវីឌ។ ១២ នេះជាសញ្ញាសម្គាល់ឲ្យអ្នករាល់គ្នាដឹង គឺអ្នកនឹងឃើញកូនខ្ចីមួយ រុំដោយចម្រៀកសំពត់ ហើយកំពុងដេកនៅក្នុងស្នូក»។ ១៣ រំពេចនោះ មានទេវតាជាច្រើនរួមជាមួយនឹងទេវតាមួយរូបនោះ ដូចជាកងទ័ពមួយយ៉ាងធំ ក៏បានសរសើរព្រះថា៖ ១៤ «យើងសូមសរសើរតម្កើងព្រះដែលស្ថិតនៅស្ថានសួគ៌ ហើយនៅផែនដី សូមឲ្យមនុស្សជាទីគាប់ចិត្តលោកប្រកបដោយសេចក្ដីសុខសាន្ត»។
១៥ ដូច្នេះ ក្រោយពីទេវតាទាំងនោះចាកចេញពីពួកគេទៅស្ថានសួគ៌ នោះពួកគង្វាលក៏និយាយគ្នាថា៖ «ចូរយើងទៅក្រុងបេថ្លេហិមភ្លាម ហើយមើលអ្វីដែលបានកើតឡើងនៅទីនោះ តាមអ្វីដែលព្រះយេហូវ៉ាបានបើកសម្ដែងឲ្យយើងដឹង»។ ១៦ រួចពួកគេរូតរះទៅទីនោះ ឃើញម៉ារៀនិងយ៉ូសែប ហើយក៏ឃើញទារកនោះកំពុងដេកនៅក្នុងស្នូក។ ១៧ លុះឃើញហើយ ពួកគង្វាលក៏រៀបរាប់អំពីអ្វីដែលទេវតាបានប្រាប់ពួកគេស្តីអំពីបុត្រតូចនោះ ១៨ ហើយអស់អ្នកដែលបានឮអ្វីដែលពួកគង្វាលនិយាយ ក៏នឹកអស្ចារ្យក្នុងចិត្ត ១៩ ប៉ុន្តែម៉ារៀបានចំណាំទុកពាក្យទាំងនេះ ក៏បានរិះគិតក្នុងចិត្តអំពីអត្ថន័យ។ ២០ រួចមក ពួកគង្វាលបានទៅវិញ ក៏សរសើរតម្កើងព្រះដោយសារអ្វីដែលពួកគេបានឮនិងឃើញ ដូចអ្វីដែលបានត្រូវប្រាប់ដល់ពួកគេ។
២១ លុះដល់ថ្ងៃទីប្រាំបី ពេលដែលត្រូវកាត់ចុងស្បែក* បុត្រនោះ ពួកគាត់ឲ្យនាមថា យេស៊ូ ជានាមដែលទេវតាបានប្រាប់មុនបុត្រនោះចាប់កំណើតក្នុងផ្ទៃ។
២២ លុះដល់ពេលកំណត់ដែលត្រូវធ្វើឲ្យខ្លួនស្អាតបរិសុទ្ធ ស្របតាមច្បាប់ម៉ូសេ នោះពួកគេនាំបុត្រតូចនោះទៅឯក្រុងយេរូសាឡិម ដើម្បីបង្ហាញព្រះយេហូវ៉ា ២៣ ដូចអ្វីដែលចែងក្នុងច្បាប់ព្រះយេហូវ៉ាថា៖ «កូនប្រុសច្បងទាំងអស់ ត្រូវញែកជាបរិសុទ្ធទុកសម្រាប់ព្រះយេហូវ៉ា» ២៤ ហើយដើម្បីជូនគ្រឿងបូជា ស្របតាមអ្វីដែលចែងក្នុងច្បាប់ព្រះយេហូវ៉ាថា៖ «សត្វលលកមួយគូ ឬសត្វព្រាបស្ទាវពីរក្បាល»។
២៥ ហើយមើល! មានបុរសម្នាក់ឈ្មោះស៊ីម្មាន នៅក្រុងយេរូសាឡិម។ គាត់ជាមនុស្សសុចរិត ក៏កោតខ្លាចព្រះ ហើយកំពុងរង់ចាំគ្រាដែលអ៊ីស្រាអែលទទួលបានការសម្រាលទុក្ខ។ សកម្មពល* បរិសុទ្ធរបស់ព្រះបានសណ្ឋិតលើគាត់។ ២៦ ម្យ៉ាងទៀត ព្រះបានបើកសម្ដែងដោយសកម្មពលបរិសុទ្ធរបស់លោកឲ្យស៊ីម្មានដឹងថា គាត់នឹងមិនស្លាប់ទេ ទាល់តែបានឃើញគ្រិស្តនៃព្រះយេហូវ៉ា។ ២៧ លុះក្រោយមក សកម្មពលរបស់ព្រះបណ្ដាលឲ្យគាត់ចូលទៅក្នុងវិហារ។ កាលដែលឪពុកម្ដាយនាំបុត្រតូចយេស៊ូចូលក្នុងវិហារ ដើម្បីធ្វើតាមក្បួនដែលចែងក្នុងច្បាប់សម្រាប់បុត្រនោះ* ២៨ ស៊ីម្មានយកបុត្រតូចនោះមកបី ក៏សរសើរព្រះថា៖ ២៩ «ម្ចាស់ដ៏ឧត្តមបំផុត ឥឡូវលោកកំពុងដោះលែងខ្ញុំបម្រើរបស់លោក ឲ្យទៅដោយមានសេចក្ដីសុខសាន្ត សមស្របតាមប្រសាសន៍របស់លោក ៣០ ពីព្រោះភ្នែកខ្ញុំបានឃើញរបៀបដែលលោកនឹងផ្ដល់សេចក្ដីសង្គ្រោះ ៣១ ហើយលោកបានតាំងឲ្យប្រជាជាតិទាំងអស់ឃើញ ៣២ អ្នកនោះគឺជាពន្លឺដែលនឹងយកស្បៃងងឹតពីប្រជាជាតិទាំងឡាយចេញ ក៏ជាសិរីរុងរឿងរបស់អ៊ីស្រាអែល ជារាស្ត្ររបស់លោក»។ ៣៣ ឪពុកម្ដាយបុត្រតូចនោះចេះតែឆ្ងល់អំពីអ្វីដែលគាត់កំពុងនិយាយអំពីបុត្រនោះ។ ៣៤ ស៊ីម្មានក៏បានជូនពរពួកគាត់ តែបានប្រាប់ម៉ារៀ ជាម្ដាយបុត្រនោះថា៖ «មើល! អ្នកនេះនឹងទៅជាហេតុឲ្យមនុស្សជាច្រើននៅអ៊ីស្រាអែលដួល ក៏នឹងទៅជាហេតុឲ្យមនុស្សជាច្រើនក្រោកឡើងវិញ ថែមទាំងនឹងទៅជាសញ្ញាសម្គាល់មួយដែលគេនឹងនិយាយប្រឆាំង ៣៥ ដើម្បីលាតត្រដាងអ្វីដែលមនុស្សជាច្រើនកំពុងវែកញែកក្នុងចិត្ត (ចំណែកអ្នកវិញ ដាវវែងមួយនឹងចាក់ទម្លុះចិត្ត* របស់អ្នក)»។
៣៦ មានស្ត្រីម្នាក់ឈ្មោះអាណា ជាអ្នកប្រកាសទំនាយ ក៏ជាកូនផាញូអែល ពីកុលសម្ព័ន្ធអេស៊ើរ (ស្ត្រីនេះមានវ័យចាស់ ហើយនាងបានរៀបការពេលនៅក្រមុំ ក៏បានរួមរស់ជាមួយនឹងប្ដីតែប្រាំពីរឆ្នាំ។ ៣៧ នាងជាស្ត្រីមេម៉ាយ ដែលឥឡូវនេះមានអាយុប៉ែតសិបបួនឆ្នាំ) នាងពុំដែលខានទៅវិហារឡើយ ក៏បានបំពេញកិច្ចបម្រើពិសិដ្ឋទាំងយប់ទាំងថ្ងៃ ដោយតមអាហារនិងអធិដ្ឋានអង្វរករ។ ៣៨ នៅពេលនោះ នាងបានចូលមកជិតហើយចាប់ផ្ដើមអរគុណព្រះ ក៏បាននិយាយអំពីបុត្រតូចនោះប្រាប់អស់អ្នកដែលកំពុងរង់ចាំព្រះសង្គ្រោះក្រុងយេរូសាឡិម។
៣៩ លុះបានបំពេញកិច្ចការទាំងអស់ដែលចែងក្នុងច្បាប់ព្រះយេហូវ៉ាហើយ ពួកគាត់បានត្រឡប់ទៅក្រុងណាសារ៉ែត ជាក្រុងរបស់ពួកគាត់ នៅស្រុកកាលីឡេ។ ៤០ ឯបុត្រតូចនោះក៏កាន់តែធំឡើង និងកាន់តែរឹងមាំ ហើយប្រាជ្ញាក៏ចេះតែចម្រើនឡើង។ ព្រះក៏ពេញចិត្តនឹងបុត្រនោះជានិច្ច។
៤១ ឯឪពុកម្ដាយកុមារនោះ មានទម្លាប់ទៅក្រុងយេរូសាឡិម ដើម្បីធ្វើបុណ្យរំលង ជារៀងរាល់ឆ្នាំ។ ៤២ លុះកុមារមានអាយុដប់ពីរឆ្នាំហើយ ពួកគាត់បានឡើងទៅក្រុងយេរូសាឡិម តាមទម្លាប់បុណ្យនោះ ៤៣ ក៏បាននៅរហូតដល់បុណ្យនោះចប់។ ប៉ុន្តែពេលដែលពួកគាត់កំពុងធ្វើដំណើរត្រឡប់ទៅវិញ កុមារយេស៊ូនៅក្រុងយេរូសាឡិមនៅឡើយ តែឪពុកម្ដាយមិនបានដឹងទេ។ ៤៤ ដោយគិតស្មានថាកូនកំពុងរួមដំណើរជាមួយនឹងពួកគាត់ នោះពួកគាត់បានធ្វើដំណើរអស់មួយថ្ងៃ ទើបចាប់ផ្ដើមរកកូនក្នុងចំណោមញាតិសន្ដាននិងអ្នកដែលពួកគាត់ស្គាល់។ ៤៥ ប៉ុន្តែ ពេលដែលរកមិនឃើញ ពួកគាត់ត្រឡប់ទៅក្រុងយេរូសាឡិម ហើយខំប្រឹងរកកូន។ ៤៦ លុះបីថ្ងៃក្រោយមក ពួកគាត់រកកូនឃើញក្នុងវិហារនៅក្នុងចំណោមពួកគ្រូ កំពុងអង្គុយស្ដាប់ពួកគេថែមទាំងសួរពួកគេនូវសំណួរផ្សេងៗ ៤៧ តែអស់អ្នកដែលកំពុងស្ដាប់ ចេះតែនឹកអស្ចារ្យក្នុងចិត្តដោយសារការយល់ដឹងនិងចម្លើយរបស់កុមារនោះ។ ៤៨ ឃើញដូច្នេះ ឪពុកម្ដាយបានភ្ញាក់ផ្អើល ហើយម្ដាយកុមារបាននិយាយថា៖ «ហេតុអ្វីបានជាកូនប្រព្រឹត្តនឹងយើងដូច្នេះ? ឪពុកម្ដាយខំរកកូនទាំងពិបាកចិត្ត»។ ៤៩ ប៉ុន្តែកុមារសួរថា៖ «ហេតុអ្វីបានជាត្រូវដើររកកូន? តើមិនបាននឹកឃើញថាកូននៅកន្លែងគោរពបូជារបស់បិតាកូនទេឬ?»។ ៥០ តែពួកគាត់មិនបានយល់អត្ថន័យនៃពាក្យរបស់កូនឡើយ។
៥១ រួចមក កុមារយេស៊ូបានចុះទៅក្រុងណាសារ៉ែតជាមួយនឹងពួកគាត់ ក៏បន្តចុះចូលក្នុងឱវាទរបស់ពួកគាត់ ហើយម្ដាយបានរក្សាទុកពាក្យទាំងអស់នេះនៅក្នុងចិត្តនាង។ ៥២ ឯកុមារយេស៊ូក៏កាន់តែធំហើយប្រកបដោយប្រាជ្ញាកាន់តែច្រើនឡើងៗ ថែមទាំងកាន់តែទទួលនូវការពេញចិត្តពីព្រះនិងមនុស្ស។
៣ នៅឆ្នាំទីដប់ប្រាំនៃការសោយរាជ្យរបស់សេសារ* ទីប៊ែរ ពេលដែលប៉ុនទាស ពីឡាតជាអភិបាលតំបន់យូឌា ហើយហេរ៉ូឌជាអភិបាលស្រុកកាលីឡេ តែភីលីព ដែលជាបងប្រុសហេរ៉ូឌ ជាអភិបាលស្រុកអ៊ីទូរានិងត្រាខូនីត ឯឡែសេនាសជាអភិបាលស្រុកអាប៊ីលីនី ២ នៅពេលដែលអេណាសនិងកៃផាសជាសង្ឃនាយក នោះយ៉ូហាន ជាកូនរបស់សាការី បានទទួលសេចក្ដីប្រកាសពីព្រះ នៅតំបន់ស្ងាត់ជ្រងំ។
៣ ដូច្នេះ យ៉ូហានបានចូលទៅក្នុងតំបន់ទន្លេយ៉ូដាន់ ក៏បានធ្វើដំណើរពេញតំបន់នោះ ដោយប្រកាសប្រាប់មនុស្សឲ្យទទួលការជ្រមុជទឹក* ដើម្បីបង្ហាញថាពួកគេបានប្រែចិត្ត ដើម្បីទទួលការអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួន ៤ ដូចពាក្យដែលអេសាយ ជាអ្នកប្រកាសទំនាយ បានសរសេរថា៖ «ឮទេ? មានសំឡេងមនុស្សម្នាក់ស្រែកប្រកាសនៅតំបន់ស្ងាត់ជ្រងំថា៖ ‹ចូររៀបចំផ្លូវទទួលព្រះយេហូវ៉ា ចូរធ្វើឲ្យផ្លូវទាំងនោះត្រង់។ ៥ ត្រូវលុបគ្រប់ជ្រលងតូច ក៏ត្រូវពង្រាបគ្រប់ភ្នំគ្រប់ទួលឲ្យរាបស្មើ។ រួចផ្លូវក្ងិចក្ងក់ត្រូវទៅជាផ្លូវត្រង់ ឯផ្លូវរដិបរដុបត្រូវទៅជាផ្លូវរលីងវិញ ៦ ហើយមនុស្សទាំងអស់នឹងឃើញរបៀបដែលព្រះនឹងផ្ដល់សេចក្ដីសង្គ្រោះ›»។
៧ ម្ល៉ោះហើយ ពេលដែលបណ្ដាជនចេញមកឲ្យគាត់ជ្រមុជទឹកឲ្យ នោះគាត់តែងតែនិយាយទៅកាន់ពួកគេថា៖ «នែ! ពូជពស់មានពិស! តើអ្នកណាបាននាំឲ្យអ្នកគិតថា អ្នកអាចរួចពីកំហឹងរបស់ព្រះដែលត្រូវមកដល់នោះបាន? ៨ ដូច្នេះ ចូរប្រព្រឹត្តយ៉ាងណាដែលបង្ហាញថាអ្នកបានប្រែចិត្ត* ហើយកុំចាប់តាំងគិតក្នុងចិត្តថា៖ ‹អាប្រាហាំជាឪពុករបស់យើង› ព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះមានឫទ្ធានុភាពអាចបង្កើតកូនឲ្យអាប្រាហាំពីដុំថ្មទាំងនេះបាន។ ៩ ពូថៅនៅគល់ឈើស្រាប់ហើយ។ ដូច្នេះ ដើមឈើណាដែលមិនបង្កើតផលល្អនឹងត្រូវកាប់ចោល ហើយបោះទៅក្នុងភ្លើង»។
១០ បណ្ដាជនធ្លាប់តែសួរគាត់ថា៖ «បើដូច្នេះ តើយើងត្រូវធ្វើអ្វីខ្លះ?»។ ១១ គាត់តែងតែឆ្លើយថា៖ «អ្នកណាដែលមានសម្លៀកបំពាក់ក្នុង ពីរបន្លាស់ ត្រូវចែកឲ្យអ្នកដែលគ្មាន ហើយអ្នកដែលមានអាហារបរិភោគត្រូវធ្វើដូច្នោះដែរ»។ ១២ ប៉ុន្តែសូម្បីតែអ្នកយកពន្ធក៏បានមកឲ្យគាត់ជ្រមុជទឹកឲ្យដែរ។ ពួកគេសួរគាត់ថា៖ «លោកគ្រូ! តើយើងត្រូវធ្វើអ្វីខ្លះ?»។ ១៣ យ៉ូហានប្រាប់ពួកគេថា៖ «កុំទារពន្ធលើសពីអត្រាពន្ធ»។ ១៤ ម្យ៉ាងទៀត ពួកទាហានក៏ធ្លាប់តែសួរគាត់ថា៖ «តើយើងត្រូវធ្វើអ្វីខ្លះ?» ហើយគាត់ប្រាប់ពួកគេថា៖ «កុំចោទប្រកាន់អ្នកណាដោយមិនពិតឬធ្វើទុក្ខអ្នកណាឡើយ តែត្រូវស្កប់ចិត្តនឹងការឧបត្ថម្ភដែលអ្នកទទួល»។
១៥ កាលដែលបណ្ដាជនកំពុងរង់ចាំមើល ហើយពួកគេទាំងអស់គ្នាកំពុងរិះគិតក្នុងចិត្តអំពីយ៉ូហានថា៖ «ប្រហែលជាគាត់ជាគ្រិស្តទេដឹង?» ១៦ យ៉ូហានឆ្លើយប្រាប់ពួកគេទាំងអស់គ្នាថា៖ «ខ្ញុំជ្រមុជអ្នករាល់គ្នាក្នុងទឹក តែលោកដែលខ្លាំងជាងខ្ញុំកំពុងមក ហើយខ្ញុំមិនសមនឹងស្រាយខ្សែស្បែកជើងជូនលោកផង។ លោកនឹងជ្រមុជអ្នករាល់គ្នាក្នុងសកម្មពល* បរិសុទ្ធរបស់ព្រះ និងក្នុងភ្លើង។ ១៧ លោកកំពុងកាន់ប្រដាប់រោយស្រូវនៅក្នុងដៃ ដើម្បីសម្អាតលានបោកស្រូវរបស់លោកឲ្យស្អាតធេង ហើយដើម្បីប្រមូលស្រូវសាលីដាក់ក្នុងជង្រុករបស់លោក តែឯអង្កាមវិញ លោកនឹងដុតក្នុងភ្លើងដែលមិនអាចត្រូវពន្លត់បានឡើយ»។
១៨ ម្ល៉ោះហើយ គាត់ផ្ដល់ការដាស់តឿនផ្សេងៗទៀតជាច្រើនដល់បណ្ដាជន ក៏បានបន្តប្រកាសដំណឹងល្អដល់ពួកគេ។ ១៩ ក៏ប៉ុន្តែ ដោយសារយ៉ូហានបានប្រដៅតម្រង់ហេរ៉ូឌ ជាអភិបាលស្រុក ស្តីអំពីហេរ៉ូឌាស ដែលជាភរិយានៃបងប្រុសរបស់គាត់ ហើយស្តីអំពីអំពើទុច្ចរិតទាំងអស់ដែលគាត់បានប្រព្រឹត្ត ២០ នោះគាត់ក៏បានចាប់យ៉ូហានដាក់គុក បន្ថែមទៅលើអ្វីដែលគាត់បានប្រព្រឹត្តរួចហើយ។
២១ ពេលដែលបណ្ដាជនទាំងឡាយទទួលការជ្រមុជទឹក នោះលោកយេស៊ូក៏បានទទួលការជ្រមុជទឹកដែរ ហើយកាលដែលលោកកំពុងអធិដ្ឋាន នោះមេឃបានបើកចំហ ២២ សកម្មពលបរិសុទ្ធរបស់ព្រះក៏បានចុះមកសណ្ឋិតលើលោកដោយមានរូបរាងដូចជាសត្វព្រាប ហើយមានសំឡេងមួយមកពីលើមេឃថា៖ «អ្នកជាបុត្រដ៏ជាទីស្រឡាញ់របស់ខ្ញុំ។ ខ្ញុំពេញចិត្តនឹងអ្នកណាស់»។
២៣ ចំណែកឯលោកយេស៊ូ កាលដែលលោកចាប់ផ្ដើមបំពេញកិច្ចការ លោកមានអាយុប្រហែលសាមសិបឆ្នាំ ហើយគេចាត់ទុកលោក
ជាកូន* យ៉ូសែប
យ៉ូសែបជាកូនហេលី
២៤ ហេលីជាកូនម៉ាថាត់
ម៉ាថាត់ជាកូនលេវី
លេវីជាកូនម៉េលឃី
ម៉េលឃីជាកូនយេណាអាយ
យេណាអាយជាកូនយ៉ូសែប
២៥ យ៉ូសែបជាកូនម៉ាតាធាស
ម៉ាតាធាសជាកូនអេម៉ុស
អេម៉ុសជាកូនណាហ៊ុម
ណាហ៊ុមជាកូនអេសលី
អេសលីជាកូនណាកាយ
២៦ ណាកាយជាកូនម៉េអាត
ម៉េអាតជាកូនម៉ាតាធាស
ម៉ាតាធាសជាកូនសេមាន
សេមានជាកូនយ៉ូស៊ិច
យ៉ូស៊ិចជាកូនយ៉ូដា
២៧ យ៉ូដាជាកូនយ៉ូអេណាន់
យ៉ូអេណាន់ជាកូនរេសា
រេសាជាកូនសេរ៉ូបាបិល
សេរ៉ូបាបិលជាកូនសាលធាល
សាលធាលជាកូននេរី
២៨ នេរីជាកូនម៉េលឃី
ម៉េលឃីជាកូនអាត់ដាយ
អាត់ដាយជាកូនកូសាម
កូសាមជាកូនអេលម៉ាដាម
អេលម៉ាដាមជាកូនអ៊ើរ
២៩ អ៊ើរជាកូនយេស៊ូ
យេស៊ូជាកូនអេលៀស៊ើរ
អេលៀស៊ើរជាកូនយ៉ូរីម
យ៉ូរីមជាកូនម៉ាថាត់
ម៉ាថាត់ជាកូនលេវី
៣០ លេវីជាកូនស៊ីម្មាន
ស៊ីម្មានជាកូនយូដាស
យូដាសជាកូនយ៉ូសែប
យ៉ូសែបជាកូនយ៉ូណាម
យ៉ូណាមជាកូនអេលៀគីម
៣១ អេលៀគីមជាកូនម៉េលៀ
ម៉េលៀជាកូនម៉េណា
ម៉េណាជាកូនម៉ាតាថា
ម៉ាតាថាជាកូនណាថាន់
ណាថាន់ជាកូនដាវីឌ
៣២ ដាវីឌជាកូនអ៊ីសាយ
អ៊ីសាយជាកូនអូបិឌ
អូបិឌជាកូនបូអូស
បូអូសជាកូនសាលម៉ូន
សាលម៉ូនជាកូនណាសូន
៣៣ ណាសូនជាកូនអាមីណាដាប
អាមីណាដាបជាកូនអាកនី
អាកនីជាកូនហេស្រុន
ហេស្រុនជាកូនពេរេស
ពេរេសជាកូនយូដា
៣៤ យូដាជាកូនយ៉ាកុប
យ៉ាកុបជាកូនអ៊ីសាក
អ៊ីសាកជាកូនអាប្រាហាំ
អាប្រាហាំជាកូនថេរ៉ា
ថេរ៉ាជាកូនណេឃ័រ
៣៥ ណេឃ័រជាកូនសេរូក
សេរូកជាកូនរេហ៊ូ
រេហ៊ូជាកូនពេឡេក
ពេឡេកជាកូនហេបឺរ
ហេបឺរជាកូនសេឡា
៣៦ សេឡាជាកូនកៃណាន
កៃណានជាកូនអាប៉ាក់សាឌ
អាប៉ាក់សាឌជាកូនសិម
សិមជាកូនណូអេ
ណូអេជាកូនឡេម៉េក
៣៧ ឡេម៉េកជាកូនម៉េធូសាឡា
ម៉េធូសាឡាជាកូនអេណុក
អេណុកជាកូនយ៉ារេឌ
យ៉ារេឌជាកូនម៉ាហាលៀល
ម៉ាហាលៀលជាកូនកៃណាន
៣៨ កៃណានជាកូនអេណុស
អេណុសជាកូនសេត
សេតជាកូនអាដាម
អាដាមជាកូនព្រះ
៤ ឯលោកយេស៊ូបានពេញដោយសកម្មពល* បរិសុទ្ធរបស់ព្រះ ក៏ចាកចេញពីទន្លេយ៉ូដាន់ ហើយសកម្មពលរបស់ព្រះបាននាំលោកពីកន្លែងមួយទៅកន្លែងមួយក្នុងតំបន់ស្ងាត់ជ្រងំ ២ អស់សែសិបថ្ងៃ កាលដែលមេកំណាច* ល្បួងលោក។ ម្យ៉ាងទៀត លោកមិនបានពិសាអ្វីសោះក្នុងអំឡុងគ្រានោះ ដូច្នេះពេលផុតថ្ងៃទាំងនោះហើយ លោកក៏ឃ្លាន។ ៣ កាលនោះ មេកំណាចបាននិយាយទៅកាន់លោកថា៖ «ប្រសិនបើអ្នកជាកូនរបស់ព្រះមែន ចូរបង្គាប់ដុំថ្មនេះឲ្យក្លាយជានំប៉័ងទៅ»។ ៤ ប៉ុន្តែលោកយេស៊ូតបឆ្លើយថា៖ «បទគម្ពីរចែងថា៖ ‹មនុស្សមិនត្រូវរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ›»។
៥ មេកំណាចក៏នាំលោកទៅកន្លែងមួយដ៏ខ្ពស់ រួចបង្ហាញរាជាណាចក្រទាំងឡាយនៅគ្រប់ទីអាស្រ័យនៅផែនដីឲ្យលោកឃើញក្នុងមួយរំពេច។ ៦ បន្ទាប់មក មេកំណាចនិយាយទៅលោកថា៖ «ខ្ញុំនឹងឲ្យអ្នកនូវអំណាចលើរាជាណាចក្រទាំងអស់នេះ និងភាពរុងរឿងរបស់រាជាណាចក្រទាំងនេះ ពីព្រោះអ្វីៗទាំងនោះបានត្រូវប្រគល់មកឲ្យខ្ញុំ ហើយខ្ញុំអាចឲ្យអ្នកណាក៏ដោយស្រេចនឹងចិត្តខ្ញុំ។ ៧ ដូច្នេះ ប្រសិនបើអ្នកក្រាបប្រណិប័តន៍ខ្ញុំម្ដង អ្វីៗទាំងអស់នោះនឹងទៅជារបស់អ្នក»។ ៨ លោកយេស៊ូបានតបឆ្លើយថា៖ «បទគម្ពីរចែងថា៖ ‹គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលអ្នកត្រូវគោរពប្រណិប័តន៍ ហើយគឺសម្រាប់តែលោកប៉ុណ្ណោះ ដែលអ្នកត្រូវបំពេញកិច្ចបម្រើពិសិដ្ឋ›»។
៩ រួចមក មេកំណាចនាំលោកចូលទៅក្នុងក្រុងយេរូសាឡិម ហើយដាក់លោកនៅលើកំពែងវិហារ ក៏ប្រាប់ថា៖ «ប្រសិនបើអ្នកជាកូនរបស់ព្រះមែន ចូរលោតចុះពីកំពែងនេះ ១០ ពីព្រោះបទគម្ពីរចែងថា៖ ‹លោកនឹងឲ្យការណែនាំស្តីអំពីអ្នក ដល់បណ្ដាទេវតារបស់លោក ដើម្បីថែរក្សាអ្នក› ១១ ហើយ‹ពួកគេនឹងទ្រអ្នកលើដៃរបស់ពួកគេ មិនឲ្យជើងរបស់អ្នកទង្គិចនឹងថ្មទាល់តែសោះ›»។ ១២ លោកយេស៊ូតបឆ្លើយថា៖ «បទគម្ពីរចែងថា៖ ‹អ្នកមិនត្រូវល្បងលព្រះយេហូវ៉ាជាព្រះរបស់អ្នកឡើយ›»។ ១៣ ដូច្នេះ ដោយបានល្បួងលោកចប់ហើយ នោះមេកំណាចចេញពីលោក រហូតដល់មានឱកាសល្អមួយទៀត។
១៤ បន្ទាប់មក លោកយេស៊ូបានពេញដោយឫទ្ធានុភាពនៃសកម្មពលរបស់ព្រះ ក៏ត្រឡប់ទៅស្រុកកាលីឡេវិញ ហើយពាក្យសរសើរអំពីលោកបានឮសុសសាយពេញតំបន់នៅជុំវិញនោះ។ ១៥ លោកក៏ចាប់ផ្ដើមបង្រៀនក្នុងសាលាប្រជុំ* របស់ពួកគេ ហើយមនុស្សទាំងអស់បានលើកកិត្ដិយសលោក។
១៦ រួចមក លោកបានទៅដល់ក្រុងណាសារ៉ែត ជាកន្លែងដែលលោកបានធំឡើង ក៏បានចូលទៅក្នុងសាលាប្រជុំនៅថ្ងៃឈប់សម្រាក* តាមទម្លាប់របស់លោក ហើយបានក្រោកឈរឡើងដើម្បីអានបទគម្ពីរ។ ១៧ ដូច្នេះ គេបានហុចឲ្យលោកនូវរមូរក្រដាសរបស់អេសាយ ជាអ្នកប្រកាសទំនាយ រួចលោកបើករមូរក្រដាសនោះហើយរកកន្លែងដែលចែងថា៖ ១៨ «សកម្មពលរបស់ព្រះយេហូវ៉ាសណ្ឋិតលើខ្ញុំ ពីព្រោះលោកបានរើសតាំងខ្ញុំដើម្បីប្រកាសដំណឹងល្អដល់អ្នកក្រីក្រ ក៏បានចាត់ខ្ញុំឲ្យផ្សព្វផ្សាយប្រាប់អ្នកដែលជាប់ជាឈ្លើយអំពីការដោះលែង ប្រាប់អ្នកដែលងងឹតភ្នែកអំពីការមើលឃើញឡើងវិញ ហើយរំដោះអស់អ្នកដែលត្រូវគេជិះជាន់ ១៩ ថែមទាំងផ្សព្វផ្សាយអំពីឆ្នាំដែលព្រះយេហូវ៉ាពេញចិត្ត»។ ២០ លុះអានចប់ហើយ លោកមូរក្រដាសនោះ ហុចឲ្យអ្នកបម្រើការសាលាប្រជុំវិញ រួចអង្គុយចុះ ហើយមនុស្សទាំងអស់ក្នុងសាលាប្រជុំកំពុងសម្លឹងមើលលោក។ ២១ នោះលោកក៏មានប្រសាសន៍ទៅពួកគេថា៖ «បទគម្ពីរដែលអ្នកទើបតែស្ដាប់ បានសម្រេចនៅថ្ងៃនេះ»។
២២ ពួកគេទាំងអស់គ្នាចាប់ផ្ដើមសរសើរលោក ក៏នឹកអស្ចារ្យក្នុងចិត្តដោយសារសម្ដីពីរោះដែលចេញពីមាត់លោកមក ហើយពួកគេនិយាយគ្នាថា៖ «អ្នកនេះជាកូនម្នាក់របស់យ៉ូសែប មែនទេ?»។ ២៣ ឮដូច្នេះ លោកមានប្រសាសន៍ថា៖ «អ្នករាល់គ្នាច្បាស់ជានឹងនិយាយពាក្យនេះដាក់ខ្ញុំថា៖ ‹គ្រូពេទ្យ ចូរធ្វើឲ្យខ្លួនអ្នកបានជាសះស្បើយ› ហើយនិយាយថា៖ ‹អ្វីៗដែលយើងបានឮថាកើតឡើងនៅក្រុងកាពើណិម ចូរធ្វើនៅទីនេះ គឺក្នុងស្រុកកំណើតអ្នកដែរ›»។ ២៤ ប៉ុន្តែលោកមានប្រសាសន៍ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា គេមិនដែលទទួលស្គាល់អ្នកប្រកាសទំនាយនៅស្រុកកំណើតរបស់គាត់ឡើយ។ ២៥ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា មានស្ត្រីមេម៉ាយជាច្រើននៅស្រុកអ៊ីស្រាអែល នៅសម័យរបស់អេលីយ៉ា ពេលដែលមេឃរាំងអស់បីឆ្នាំកន្លះនាំឲ្យមានការអត់ឃ្លានជាខ្លាំងនៅក្នុងស្រុកទាំងមូល ២៦ ប៉ុន្តែអេលីយ៉ាមិនបានត្រូវចាត់ឲ្យទៅឯស្ត្រីទាំងនោះឡើយ តែបានត្រូវចាត់ឲ្យទៅឯស្ត្រីមេម៉ាយម្នាក់នៅភូមិសេរ៉ាផាត នៅស្រុកស៊ីដូនតែប៉ុណ្ណោះ។ ២៧ ម្យ៉ាងទៀត នៅសម័យអេលីសេ ជាអ្នកប្រកាសទំនាយ មានអ្នកកើតជំងឺឃ្លង់ជាច្រើននាក់នៅស្រុកអ៊ីស្រាអែល តែគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេបានជាស្អាតទេ មានតែណាម៉ានដែលជាជនជាតិស៊ីរីប៉ុណ្ណោះ»។ ២៨ កាលដែលមនុស្សក្នុងសាលាប្រជុំបានឮអ្វីៗទាំងនេះ ពួកគេខឹងយ៉ាងខ្លាំង ២៩ ហើយពួកគេបានក្រោកឡើងយកលោកចេញក្រៅក្រុងជាប្រញាប់ ក៏បាននាំទៅចំណោតភ្នំដែលជាទីតាំងក្រុងរបស់ពួកគេ ដើម្បីបោះទម្លាក់លោកទៅក្រោម។ ៣០ ប៉ុន្តែលោកបានដើរចេញពីកណ្ដាលពួកគេទៅ។
៣១ រួចមក លោកចុះទៅក្រុងកាពើណិម នៅស្រុកកាលីឡេ ហើយបានបង្រៀនពួកគេនៅថ្ងៃឈប់សម្រាក។ ៣២ មនុស្សនៅទីនោះបាននឹកអស្ចារ្យក្នុងចិត្តដោយសារសេចក្ដីបង្រៀនរបស់លោក ពីព្រោះប្រសាសន៍របស់លោកជាប្រសាសន៍ដែលមានអំណាច។ ៣៣ ពេលនោះ ក្នុងសាលាប្រជុំ មានបុរសម្នាក់ដែលមានវិញ្ញាណកំណាច* ចូល ហើយបុរសនោះបានស្រែកយ៉ាងខ្លាំងថា៖ ៣៤ «នែ! យេស៊ូពីក្រុងណាសារ៉ែត! តើអ្នកមករំខានពួកយើងធ្វើអ្វី? តើអ្នកមកបំផ្លាញយើងឬ? ខ្ញុំដឹងច្បាស់ថាអ្នកជាអ្នកណា។ អ្នកជាអ្នកបរិសុទ្ធរបស់ព្រះ»។ ៣៥ តែលោកយេស៊ូស្តីបន្ទោសវា ដោយពោលថា៖ «ស្ងៀមទៅ! ហើយចេញពីគាត់»។ ដូច្នេះ វិញ្ញាណកំណាចនោះបានផ្ដួលបុរសនោះកណ្ដាលចំណោមបណ្ដាជន រួចចេញពីគាត់ទៅដោយមិនធ្វើទុក្ខគាត់ឡើយ។ ៣៦ ឃើញដូច្នេះ ពួកគេទាំងអស់គ្នានឹកអស្ចារ្យក្នុងចិត្ត ក៏ចាប់ផ្ដើមនិយាយគ្នាថា៖ «សម្ដីអ្វីក៏ពូកែម្ល៉េះ! ព្រោះលោកបង្គាប់វិញ្ញាណ* អសោចដោយអំណាចនិងឫទ្ធានុភាព ហើយពួកវាក៏ចេញទៅ»។ ៣៧ ដូច្នេះ ដំណឹងអំពីលោកបានឮសុសសាយពេញតំបន់នៅជុំវិញនោះ។
៣៨ ក្រោយពីលោកចេញពីសាលាប្រជុំ លោកក៏ចូលទៅក្នុងផ្ទះរបស់ស៊ីម៉ូន។ ម្ដាយក្មេករបស់ស៊ីម៉ូនឈឺគ្រុនក្ដៅខ្លាំង ហើយពួកគេបានសុំលោកឲ្យជួយនាង។ ៣៩ ដូច្នេះ លោកបានឈរក្បែរទាំងឱនជិតនាង ហើយបង្គាប់ឲ្យគ្រុនក្ដៅចេញពីនាងទៅ។ គ្រុននោះក៏បាត់ទៅ ហើយនាងបានងើបឡើងភ្លាម រួចចាប់ផ្ដើមធ្វើអាហារជូនលោកនិងពួកគាត់។
៤០ លុះដល់ថ្ងៃលិច អស់អ្នកដែលមានអ្នកឈឺជំងឺផ្សេងៗនៅជាមួយ បាននាំអ្នកឈឺទាំងនោះទៅឯលោក ហើយលោកបានធ្វើឲ្យពួកគេជាសះស្បើយ ដោយដាក់ដៃលើពួកគេម្នាក់ៗ។ ៤១ ពួកវិញ្ញាណកំណាចក៏បានចេញពីមនុស្សជាច្រើន ហើយស្រែកឡើងថា៖ «អ្នកជាបុត្រព្រះ»។ ប៉ុន្តែ លោកបានស្តីបន្ទោសពួកវា ហើយមិនឲ្យវិញ្ញាណកំណាចទាំងនោះនិយាយទេ ពីព្រោះពួកវាដឹងថាលោកគឺជាគ្រិស្ត។
៤២ លុះព្រលឹមឡើង លោកចេញទៅកន្លែងមួយឆ្ងាយពីគេ។ ក៏ប៉ុន្តែ បណ្ដាជនចាប់ផ្ដើមដើររកលោក ក៏បានទៅរហូតដល់កន្លែងដែលលោកនៅ រួចខំឃាត់លោកមិនឲ្យចេញពីពួកគេឡើយ។ ៤៣ ប៉ុន្តែលោកមានប្រសាសន៍ថា៖ «ខ្ញុំត្រូវប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះនៅក្រុងផ្សេងទៀតដែរ ពីព្រោះនេះជាមូលហេតុដែលខ្ញុំបានត្រូវចាត់ឲ្យមក»។ ៤៤ ដូច្នេះហើយ លោកបន្តផ្សព្វផ្សាយនៅក្នុងសាលាប្រជុំផ្សេងៗនៅតំបន់យូឌា។
៥ នៅគ្រាមួយ កាលដែលបណ្ដាជនកំពុងស្ដាប់លោកយេស៊ូបង្រៀនបណ្ដាំរបស់ព្រះ នៅក្បែរបឹងហ្គេណិសារ៉ែត នោះពួកគេចាប់ផ្ដើមប្រជ្រៀតលោក ២ ហើយលោកឃើញទូកពីរចតនៅមាត់បឹង តែពួកអ្នកនេសាទ បានឡើងពីទូកទៅលាងអួនរបស់ពួកគេហើយ។ ៣ លោកក៏ចុះទូកមួយ គឺទូករបស់ស៊ីម៉ូន ហើយសុំគាត់ចេញទូកឆ្ងាយពីមាត់បឹងបន្ដិច។ រួចលោកក៏អង្គុយចុះ ហើយចាប់ផ្ដើមបង្រៀនបណ្ដាជនពីក្នុងទូក។ ៤ លុះមានប្រសាសន៍ចប់ហើយ លោកប្រាប់ស៊ីម៉ូនថា៖ «ចូរចេញទៅកន្លែងទឹកជ្រៅ រួចអ្នករាល់គ្នាទម្លាក់អួនចាប់ត្រីនៅទីនោះ»។ ៥ ប៉ុន្តែស៊ីម៉ូនតបឆ្លើយថា៖ «លោកគ្រូ យើងបានខំប្រឹងអស់មួយយប់ តែចាប់មិនបានអ្វីសោះ។ ប៉ុន្តែ ខ្ញុំនឹងទម្លាក់អួនតាមប្រសាសន៍លោក»។ ៦ ពេលដែលទម្លាក់អួនទៅ នោះពួកគេចាប់បានត្រីសន្ធឹកណាស់ រហូតដល់អួនរបស់ពួកគេចាប់ផ្ដើមធ្លាយ។ ៧ ដូច្នេះ ពួកគេធ្វើសញ្ញាឲ្យដៃគូរបស់ពួកគេដែលនៅក្នុងទូកផ្សេងទៀតមកជួយ។ អ្នកទាំងនោះក៏មក រួចពួកគេដាក់ត្រីពេញទូកទាំងពីរ រហូតដល់ទូកទាំងនោះចាប់ផ្ដើមលិច។ ៨ ឃើញដូច្នេះ ស៊ីម៉ូនពេត្រុសលុតជង្គង់នៅមុខលោកយេស៊ូហើយនិយាយថា៖ «លោកម្ចាស់ សូមចេញពីខ្ញុំទៅ ពីព្រោះខ្ញុំជាមនុស្សមានភាពខុសឆ្គង» ៩ ព្រោះក្រោយពីពួកគេចាប់បានត្រីជាច្រើនដូច្នេះ ស៊ីម៉ូនពេត្រុសនិងអស់អ្នកដែលនៅជាមួយនឹងគាត់បាននឹកអស្ចារ្យក្នុងចិត្តក្រៃលែង ១០ ហើយកូនប្រុសរបស់សេបេដេពីរនាក់ គឺយ៉ាកុបនិងយ៉ូហានដែលជាដៃគូរបស់ស៊ីម៉ូន ក៏ដូច្នោះដែរ។ ប៉ុន្តែលោកយេស៊ូមានប្រសាសន៍ទៅស៊ីម៉ូនថា៖ «កុំខ្លាចឡើយ។ ចាប់តាំងពីឥឡូវនេះទៅ អ្នកនឹងនេសាទមនុស្សវិញ»។ ១១ ដូច្នេះ ពួកគេបានអុំទូកទាំងនោះទៅលើគោកវិញ រួចទុកអ្វីៗទាំងអស់ចោល ហើយទៅតាមលោក។
១២ នៅគ្រាមួយផ្សេងទៀត ពេលដែលលោកនៅក្រុងមួយ មើល! មានបុរសម្នាក់កើតឃ្លង់ពេញខ្លួន! កាលដែលគាត់ក្រឡេកទៅឃើញលោកយេស៊ូ នោះគាត់ក្រាបក្បាលដល់ដី រួចអង្វរលោកថា៖ «លោកម្ចាស់ បើលោកចង់ធ្វើឲ្យខ្ញុំជាស្អាត លោកអាចធ្វើបាន»។ ១៣ ម្ល៉ោះហើយ លោកលូកដៃទៅពាល់គាត់ ដោយពោលថា៖ «ខ្ញុំចង់ធ្វើឲ្យអ្នកជាស្អាតមែន។ សូមឲ្យជាស្អាតចុះ»។ រំពេចនោះ ជំងឺឃ្លង់បានបាត់ពីខ្លួនគាត់ទៅ។ ១៤ រួចមក លោកបង្គាប់បុរសនោះកុំប្រាប់អ្នកណាឲ្យសោះ៖ «តែដោយសារអ្នកបានជាស្អាត ចូរចេញទៅបង្ហាញខ្លួនអ្នកដល់ពួកសង្ឃ ហើយបូជាអ្វីដែលម៉ូសេបានបង្គាប់ ដើម្បីឲ្យពួកគាត់ធ្វើជាសាក្សី»។ ១៥ ប៉ុន្តែមនុស្សកាន់តែច្រើនឡើងៗបានឮអំពីលោក ហើយតែងតែមានមនុស្សមូលគ្នាជាក្រុមធំដើម្បីស្ដាប់លោក ហើយដើម្បីឲ្យបានជាសះស្បើយពីជំងឺរបស់ពួកគេ។ ១៦ ក៏ប៉ុន្តែ លោកបន្តនៅតំបន់ស្ងាត់ជ្រងំនិងអធិដ្ឋាន។
១៧ នៅថ្ងៃមួយ ពេលលោកកំពុងបង្រៀន ពួកផារិស៊ី* និងពួកអ្នកបង្រៀនច្បាប់* ដែលមកពីគ្រប់ភូមិនៃស្រុកកាលីឡេ តំបន់យូឌា និងក្រុងយេរូសាឡិមក៏អង្គុយនៅទីនោះដែរ ហើយលោកក៏មានឫទ្ធានុភាពពីព្រះយេហូវ៉ាដើម្បីធ្វើឲ្យមនុស្សជាសះស្បើយ ១៨ ហើយមើល! មានគេសែងបុរសស្លាប់ដៃស្លាប់ជើងម្នាក់ដេកលើគ្រែ។ ពួកគេកំពុងរកផ្លូវដើម្បីនាំគាត់ចូលទៅក្នុងហើយដាក់នៅមុខលោកយេស៊ូ។ ១៩ ប៉ុន្តែដោយសារមានមនុស្សច្រើនកកកុញ ពួកគេមិនអាចរកផ្លូវនាំបុរសនោះចូលទៅក្នុងបានឡើយ ដូច្នេះ ពួកគេឡើងលើដំបូល បើកក្បឿង ហើយសម្រូតបុរសនោះចុះជាមួយនឹងគ្រែតូច ទៅក្នុងចំណោមមនុស្សដែលនៅមុខលោកយេស៊ូ។ ២០ ពេលដែលលោកឃើញជំនឿរបស់ពួកគេ លោកមានប្រសាសន៍ថា៖ «ការខុសឆ្គងរបស់អ្នកបានត្រូវអភ័យទោសហើយ»។ ២១ ឮដូច្នេះ ពួកអ្នកជំនាញខាងច្បាប់* និងពួកផារិស៊ីចាប់ផ្ដើមរិះគិតក្នុងចិត្តថា៖ «តើអ្នកដែលកំពុងនិយាយប្រមាថព្រះនេះជាអ្នកណា? តើអ្នកណាអាចអភ័យទោសចំពោះភាពខុសឆ្គងបាន ក្រៅពីព្រះ?»។ ២២ ប៉ុន្តែលោកយេស៊ូបានជ្រាបអំពីអ្វីដែលពួកគេកំពុងរិះគិត ក៏បានតបឆ្លើយថា៖ «តើអ្នករាល់គ្នាកំពុងរិះគិតអ្វីក្នុងចិត្ត? ២៣ តើមួយណាស្រួលជាង? និយាយថា៖ ‹ការខុសឆ្គងរបស់អ្នកបានត្រូវអភ័យទោសហើយ?› ឬនិយាយថា៖ ‹ចូរងើបឡើងហើយដើរទៅចុះ?›។ ២៤ ក៏ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានអំណាចនៅផែនដីដើម្បីអភ័យទោសចំពោះការខុសឆ្គង» នោះលោកមានប្រសាសន៍ទៅកាន់បុរសស្លាប់ដៃស្លាប់ជើងនោះថា៖ «ចូរងើបឡើង យកគ្រែតូចរបស់អ្នក ហើយទៅផ្ទះអ្នកចុះ»។ ២៥ រំពេចនោះគាត់ក៏ងើបឡើងនៅមុខពួកគេ លើកគ្រែដែលគាត់ធ្លាប់ដេក ហើយចេញទៅផ្ទះរបស់គាត់វិញ ទាំងសរសើរតម្កើងព្រះ។ ២៦ រួចពួកគេគ្រប់គ្នាបានរំភើបចិត្តក្រៃលែង ក៏ចាប់ផ្ដើមសរសើរតម្កើងព្រះ ហើយពួកគេបានភ័យខ្លាចជាខ្លាំង ក៏និយាយថា៖ «ថ្ងៃនេះ យើងបានឃើញហេតុការណ៍ចម្លែកណាស់!»។
២៧ បន្ទាប់ពីហេតុការណ៍ទាំងនេះ លោកបានចេញទៅ ហើយឃើញអ្នកយកពន្ធម្នាក់ឈ្មោះលេវី ដែលកំពុងអង្គុយនៅកន្លែងយកពន្ធ។ លោកមានប្រសាសន៍ទៅគាត់ថា៖ «ចូរមកតាមខ្ញុំចុះ»។* ២៨ រួចគាត់ទុកអ្វីៗទាំងអស់ចោល ហើយក្រោកឡើងទៅតាមលោក។ ២៩ ម្យ៉ាងទៀត លេវីបានរៀបពិធីជប់លៀងមួយដ៏ធំនៅផ្ទះរបស់គាត់ ហើយមានអ្នកយកពន្ធមួយក្រុមធំនិងអ្នកឯទៀតកំពុងរួមតុជាមួយនឹងពួកគាត់។ ៣០ ឃើញដូច្នេះ ពួកផារិស៊ីនិងពួកអ្នកជំនាញខាងច្បាប់របស់ពួកគេ ចាប់ផ្ដើមនិយាយរអ៊ូរទាំប្រាប់អ្នកកាន់តាមលោកថា៖ «ហេតុអ្វីអ្នករាល់គ្នាផឹកនិងបរិភោគជាមួយនឹងអ្នកយកពន្ធនិងអ្នកប្រព្រឹត្តអំពើខុសឆ្គងដូច្នេះ?»។ ៣១ លោកយេស៊ូតបឆ្លើយថា៖ «មនុស្សដែលមានសុខភាពល្អមិនត្រូវការគ្រូពេទ្យឡើយ តែអ្នកដែលឈឺទើបត្រូវការគ្រូពេទ្យ។ ៣២ ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតឡើយ តែបានមកដើម្បីហៅអ្នកប្រព្រឹត្តអំពើខុសឆ្គងឲ្យប្រែចិត្ត»។
៣៣ ពួកគេជម្រាបលោកថា៖ «ពួកអ្នកកាន់តាមយ៉ូហានតមអាហារញឹកញយ ក៏អធិដ្ឋានអង្វរករ ហើយពួកអ្នកកាន់តាមពួកផារិស៊ីក៏ធ្វើដូច្នេះដែរ ក៏ប៉ុន្តែពួកអ្នកកាន់តាមលោកផឹកនិងបរិភោគ»។ ៣៤ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «អ្នករាល់គ្នាមិនអាចធ្វើឲ្យមិត្តភក្ដិរបស់កូនកំលោះតមអាហារដរាបណាដែលកូនកំលោះនៅជាមួយនឹងពួកគេបានឡើយ មែនទេ? ៣៥ ក៏ប៉ុន្តែ នឹងមានគ្រាមកដល់ ពេលដែលកូនកំលោះនឹងត្រូវគេពង្រាត់ចេញពីមិត្តភក្ដិមែន ហើយនៅគ្រានោះពួកគេនឹងតមអាហារ»។
៣៦ ម្យ៉ាងទៀត លោកលើកឧទាហរណ៍ថា៖ «គ្មានអ្នកណាកាត់ក្រណាត់ពីសម្លៀកបំពាក់ថ្មី យកមកប៉ះសម្លៀកបំពាក់ចាស់ទេ។ ប៉ុន្តែបើអ្នកណាធ្វើដូច្នេះ ក្រណាត់ថ្មីនោះនឹងធ្វើឲ្យសម្លៀកបំពាក់ចាស់រហែក ហើយក្រណាត់ថ្មីនោះក៏មិនសមនឹងសម្លៀកបំពាក់ចាស់នោះទៀត។ ៣៧ ក៏គ្មានអ្នកណាយកស្រាថ្មីមកច្រកថង់ស្បែកចាស់ដែរ។ បើធ្វើដូច្នោះ ថង់ស្បែកនឹងធ្លាយ ស្រាក៏ហូរចេញអស់ ហើយថង់ស្បែកក៏ត្រូវខូចដែរ។ ៣៨ ប៉ុន្តែ គេត្រូវតែច្រកស្រាថ្មីក្នុងថង់ស្បែកថ្មីវិញ។ ៣៩ អ្នកណាដែលពិសាស្រាចាស់មិនដែលចង់ពិសាស្រាថ្មីឡើយ ព្រោះអ្នកនោះនិយាយថា៖ ‹ស្រាចាស់មានគុណភាពល្អ›»។
៦ នៅថ្ងៃឈប់សម្រាក លោកកំពុងដើរកាត់វាលស្រូវសាលី ហើយពួកអ្នកកាន់តាមលោកដើរបណ្ដើរ កាច់កួរស្រូវយកមកឈ្លីបរិភោគបណ្ដើរ។ ២ ឃើញដូច្នេះ ពួកផារិស៊ីខ្លះសួរថា៖ «ហេតុអ្វីអ្នករាល់គ្នាកំពុងធ្វើអ្វីដែលអ្នកគ្មានច្បាប់ធ្វើនៅថ្ងៃឈប់សម្រាកដូច្នេះ?»។ ៣ ប៉ុន្តែលោកយេស៊ូតបឆ្លើយថា៖ «តើអ្នករាល់គ្នាមិនធ្លាប់អានទេ អំពីអ្វីដែលដាវីឌបានធ្វើ ពេលគាត់និងបុរសទាំងប៉ុន្មានដែលនៅជាមួយនឹងគាត់បានឃ្លាននោះ? ៤ តើអ្នកមិនធ្លាប់អានទេថា ដាវីឌបានចូលក្នុងកន្លែងគោរពបូជារបស់ព្រះ ហើយទទួលយកនំប៉័ងដែលបានត្រូវដាក់តាំងជាគ្រឿងបូជា ដែលគ្មានអ្នកណាមានច្បាប់បរិភោគឡើយ លើកលែងតែពួកសង្ឃប៉ុណ្ណោះមានច្បាប់បរិភោគបាន ហើយគាត់បានបរិភោគ ក៏បានឲ្យដល់ពួកបុរសដែលនៅជាមួយនឹងគាត់?»។ ៥ ហើយលោកមានប្រសាសន៍ទៅពួកគេតទៅទៀតថា៖ «កូនមនុស្សជាម្ចាស់លើថ្ងៃឈប់សម្រាក»។
៦ នៅថ្ងៃឈប់សម្រាកមួយទៀត លោកបានចូលទៅក្នុងសាលាប្រជុំ ហើយចាប់ផ្ដើមបង្រៀន។ នៅទីនោះមានបុរសម្នាក់ដែលស្វិតដៃស្ដាំ។ ៧ ពេលនោះ ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីចាំសង្កេតមើលថាតើលោកធ្វើឲ្យបុរសនោះជាសះស្បើយនៅថ្ងៃឈប់សម្រាកឬទេ ដើម្បីឲ្យពួកគេមានហេតុចោទប្រកាន់លោក។ ៨ ក៏ប៉ុន្តែ លោកជ្រាបអំពីអ្វីដែលពួកគេកំពុងរិះគិតក្នុងចិត្ត។ ទោះជាយ៉ាងនោះក៏ដោយ លោកមានប្រសាសន៍ទៅបុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង ហើយឈរនៅចំកណ្ដាល» បុរសនោះក៏ក្រោកឈរឡើង។ ៩ បន្ទាប់មក លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំសួរអ្នករាល់គ្នាថា នៅថ្ងៃឈប់សម្រាក តើមានច្បាប់ធ្វើអំពើល្អឬអំពើអាក្រក់ទៅលើអ្នកដទៃ? តើមានច្បាប់សង្គ្រោះឬសម្លាប់ជីវិត?»។* ១០ បន្ទាប់ពីបានមើលមុខពួកគេទាំងអស់គ្នា លោកក៏ប្រាប់បុរសនោះថា៖ «ចូរលាដៃអ្នកទៅ»។ គាត់ក៏លាដៃ ហើយដៃរបស់គាត់បានជាឡើងវិញ។ ១១ ប៉ុន្តែពួកគេបានក្ដៅចិត្តក្រៃលែង ក៏ចាប់ផ្ដើមនិយាយគ្នាអំពីអ្វីដែលពួកគេអាចធ្វើដល់លោកយេស៊ូ។
១២ នៅគ្រានោះ លោកបានឡើងលើភ្នំដើម្បីអធិដ្ឋាន ហើយលោកបានអធិដ្ឋានដល់ព្រះពេញមួយយប់។ ១៣ លុះព្រឹកឡើង លោកហៅអ្នកកាន់តាមមកឯលោក ក៏បានរើសដប់ពីរនាក់ពីចំណោមពួកគេ រួចហៅអ្នកទាំងនោះថា«សាវ័ក»។* ១៤ មានស៊ីម៉ូន ដែលលោកក៏បានដាក់ឈ្មោះមួយទៀតថាពេត្រុស* និងអនទ្រេជាប្អូន ហើយក៏មានយ៉ាកុប យ៉ូហាន ភីលីព បាថូឡូម៉េ ១៥ ម៉ាថាយ ថូម៉ាស់ យ៉ាកុបជាកូនអាល់ផៀស និងស៊ីម៉ូនដែលគេហៅថា«បុរសចិត្តខ្នះខ្នែង» ១៦ យូដាសជាកូនយ៉ាកុប និងយូដាសអ៊ីស្ការីយ៉ុត ដែលទៅជាអ្នកក្បត់។
១៧ រួចលោកចុះមកជាមួយនឹងពួកគាត់ ហើយឈរនៅកន្លែងមួយដែលរាបស្មើ។ នៅទីនោះមានអ្នកកាន់តាមលោកមួយក្រុមធំ និងមនុស្សសន្ធឹកណាស់ពីគ្រប់កន្លែងនៅតំបន់យូឌានិងក្រុងយេរូសាឡិម ហើយពីក្រុងទីរ៉ុសនិងក្រុងស៊ីដូន ដែលនៅមាត់សមុទ្រ។ ពួកគេបានមកដើម្បីស្ដាប់លោក ហើយដើម្បីឲ្យបានជាសះស្បើយពីជំងឺរបស់ពួកគេ។ ១៨ សូម្បីតែមនុស្សដែលពួកវិញ្ញាណ* អសោចបានធ្វើទុក្ខ ក៏បានជាដែរ ១៩ ឯបណ្ដាជនទាំងមូលបានរកពាល់លោក ពីព្រោះឫទ្ធានុភាពកំពុងចេញពីលោកទៅធ្វើឲ្យពួកគេទាំងអស់គ្នាជាសះស្បើយ។
២០ រួចលោកងើបមុខមើលពួកអ្នកកាន់តាម ក៏ចាប់ផ្ដើមមានប្រសាសន៍ថា៖
«អ្នករាល់គ្នាជាអ្នកក្រីក្រ មានសុភមង្គលហើយ! ពីព្រោះរាជាណាចក្ររបស់ព្រះជារបស់អ្នករាល់គ្នា។
២១ «អ្នករាល់គ្នាដែលស្រេកឃ្លានឥឡូវនេះ មានសុភមង្គលហើយ! ពីព្រោះអ្នកនឹងបានឆ្អែតស្កប់ស្កល់។
«អ្នករាល់គ្នាដែលយំឥឡូវនេះ មានសុភមង្គលហើយ! ពីព្រោះអ្នកនឹងសើច។
២២ «កាលណាមនុស្សស្អប់អ្នករាល់គ្នា ឈប់រាប់អាន ជេរប្រមាថ និងបង្ខូចឈ្មោះអ្នក ទុកជាមនុស្សទុច្ចរិត ដោយសារកូនមនុស្ស នោះអ្នកមានសុភមង្គលហើយ! ២៣ នៅគ្រានោះ ចូរត្រេកអរហើយលោតកញ្ឆេងចុះ ព្រោះមើល! អ្នករាល់គ្នាមានរង្វាន់យ៉ាងធំនៅស្ថានសួគ៌ ពីព្រោះបុព្វបុរសរបស់ពួកគេធ្លាប់ប្រព្រឹត្តទៅលើពួកអ្នកប្រកាសទំនាយដូច្នោះដែរ។
២៤ «ប៉ុន្តែអ្នករាល់គ្នាជាអ្នកមាន នឹងត្រូវវេទនាណាស់! ពីព្រោះអ្នកបានទទួលភាពសុខស្រួលគ្រប់សព្វហើយ។
២៥ «អ្នករាល់គ្នាដែលឆ្អែតស្កប់ស្កល់ឥឡូវនេះ នឹងត្រូវវេទនាណាស់! ពីព្រោះអ្នកនឹងមានសេចក្ដីអត់ឃ្លាន។
«អ្នករាល់គ្នាដែលសើចឥឡូវនេះ នឹងត្រូវវេទនាណាស់! ពីព្រោះអ្នកនឹងយំដោយមានក្ដីទុក្ខព្រួយ។
២៦ «អ្នករាល់គ្នានឹងត្រូវវេទនាណាស់! នៅពេលដែលមនុស្សទាំងអស់សរសើរអ្នករាល់គ្នា ព្រោះបុព្វបុរសរបស់អ្នកទាំងនោះធ្លាប់ប្រព្រឹត្តដូច្នោះទៅលើពួកអ្នកប្រកាសទំនាយមិនពិត។
២៧ «ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាដែលកំពុងស្ដាប់ថា ចូរបន្តស្រឡាញ់សត្រូវរបស់អ្នក ហើយប្រព្រឹត្តល្អទៅលើអស់អ្នកដែលស្អប់អ្នករាល់គ្នា ២៨ ថែមទាំងជូនពរអស់អ្នកដែលប្រទេចផ្ដាសាអ្នករាល់គ្នា ហើយអធិដ្ឋានដើម្បីអស់អ្នកដែលដៀលត្មះអ្នក។ ២៩ បើអ្នកណាទះកំផ្លៀងអ្នកម្ខាង ចូរបែរឲ្យទះម្ខាងទៀតទៅ ហើយបើអ្នកណាយកសម្លៀកបំពាក់ក្រៅរបស់អ្នក កុំឃាត់មិនឲ្យយកសម្លៀកបំពាក់ក្នុងផង។ ៣០ ពេលមានអ្នកណាសុំអ្វីពីអ្នក ចូរឲ្យទៅគាត់ចុះ ហើយបើអ្នកណាយកអ្វីដែលជារបស់អ្នក កុំទារពីគាត់វិញ។
៣១ «ម្យ៉ាងទៀត ចូរប្រព្រឹត្តទៅលើអ្នកឯទៀត ដូចអ្នកចង់ឲ្យពួកគេប្រព្រឹត្តមកលើអ្នក។
៣២ «ប្រសិនបើអ្នករាល់គ្នាស្រឡាញ់តែអ្នកណាដែលស្រឡាញ់អ្នក តើមានគុណបំណាច់អ្វី? ព្រោះសូម្បីតែអ្នកប្រព្រឹត្តអំពើខុសឆ្គងក៏ស្រឡាញ់អ្នកដែលស្រឡាញ់ពួកគេដែរ។ ៣៣ ហើយបើអ្នករាល់គ្នាប្រព្រឹត្តអំពើល្អចំពោះតែអ្នកណាដែលប្រព្រឹត្តអំពើល្អចំពោះអ្នក តើមានគុណបំណាច់អ្វីទៅ? សូម្បីតែអ្នកប្រព្រឹត្តអំពើខុសឆ្គងក៏ប្រព្រឹត្តដូច្នេះដែរ។ ៣៤ ម្យ៉ាងទៀត ប្រសិនបើអ្នករាល់គ្នាឲ្យអ្នកណាខ្ចីដោយមិនយកការ ដោយសង្ឃឹមថាអ្នកនោះនឹងសងវិញ តើអ្នកមានគុណបំណាច់អ្វី? សូម្បីតែអ្នកប្រព្រឹត្តអំពើខុសឆ្គងក៏ឲ្យអ្នកផ្សេងទៀតដែលប្រព្រឹត្តខុសឆ្គងខ្ចីដោយមិនយកការដែរ ដើម្បីអាចទទួលសំណងគ្រប់ចំនួន។ ៣៥ ផ្ទុយទៅវិញ ចូរបន្តស្រឡាញ់សត្រូវរបស់អ្នក ហើយប្រព្រឹត្តអំពើល្អ ថែមទាំងឲ្យគេខ្ចីដោយមិនយកការ និងដោយមិនសង្ឃឹមថាគេនឹងសងវិញឡើយ។ ធ្វើដូច្នេះ អ្នករាល់គ្នានឹងមានរង្វាន់យ៉ាងធំ ក៏នឹងទៅជាកូនរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ពីព្រោះលោកមានចិត្តសប្បុរសចំពោះមនុស្សរមិលគុណនិងមនុស្សទុច្ចរិត។ ៣៦ ចូរបន្តក្លាយជាមនុស្សដែលមានចិត្តមេត្ដាករុណា ដូចបិតារបស់អ្នករាល់គ្នាមានចិត្តមេត្ដាករុណា។
៣៧ «ម្យ៉ាងវិញទៀត ឈប់វិនិច្ឆ័យអ្នកឯទៀត នោះអ្នកនឹងមិនទទួលការវិនិច្ឆ័យឡើយ។ ឈប់ផ្ដន្ទាទោសអ្នកឯទៀត នោះអ្នកនឹងមិនទទួលការផ្ដន្ទាទោសឡើយ។ ចូរបន្តឲ្យអ្នកឯទៀតរួចខ្លួន នោះអ្នកក៏នឹងបានរួចខ្លួនដែរ។ ៣៨ ចូរទម្លាប់ឲ្យគេ ហើយគេនឹងឲ្យអ្នករាល់គ្នា។ ពួកគេនឹងវាល់ឲ្យអ្នកនូវរង្វាល់មួយពេញ ទាំងសង្កត់ រលាក់ និងថែមឲ្យហៀរទៀត រួចចាក់ចូលថ្នក់អាវរបស់អ្នក។ ព្រោះអ្នកវាល់ឲ្យគេប៉ុណ្ណា នោះគេនឹងវាល់ឲ្យអ្នកប៉ុណ្ណឹងដែរ»។
៣៩ រួចមក លោកមានប្រសាសន៍ទៅពួកគេដោយលើកឧទាហរណ៍ថា៖ «មនុស្សងងឹតភ្នែកមិនអាចនាំផ្លូវមនុស្សងងឹតភ្នែកដូចគ្នាបានឡើយ មែនទេ? បើដូច្នេះ ពួកគេទាំងពីរនាក់នឹងធ្លាក់រណ្ដៅ មែនទេ? ៤០ សិស្សមិនមែនធំជាងគ្រូឡើយ តែអស់អ្នកណាដែលបានត្រូវបង្រៀនយ៉ាងល្អឥតខ្ចោះនឹងបានដូចគ្រូរបស់ពួកគេ។ ៤១ បើដូច្នេះ ហេតុអ្វីអ្នកមើលកម្ទេចក្នុងភ្នែករបស់បងប្អូនអ្នក តែមិនសង្កេតមើលធ្នឹមដែលនៅក្នុងភ្នែករបស់អ្នកវិញ? ៤២ តើអ្នកអាចប្រាប់បងប្អូនបានយ៉ាងដូចម្ដេចថា៖ ‹បង! សូមឲ្យខ្ញុំយកកម្ទេចចេញពីភ្នែកបង› ពេលដែលអ្នកមិនមើលធ្នឹមក្នុងភ្នែកខ្លួនដូច្នោះ? មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកខ្លួនអ្នកជាមុនសិន ទើបអ្នកអាចមើលឃើញច្បាស់ ដើម្បីអាចយកកម្ទេចចេញពីភ្នែករបស់បងប្អូនអ្នកបាន។
៤៣ «ព្រោះគ្មានដើមឈើល្អណាបង្កើតផលមិនល្អនោះទេ ក៏គ្មានដើមឈើមិនល្អណាបង្កើតផលល្អដែរ។ ៤៤ ព្រោះគេស្គាល់ដើមឈើដោយផលរបស់វា។ ជាឧទាហរណ៍ គេមិនដែលបេះផ្លែល្វាតូច* ពីដើមបន្លា ក៏មិនកាត់យកផ្លែទំពាំងបាយជូរពីគុម្ពបន្លានោះដែរ។ ៤៥ មនុស្សល្អ បញ្ចេញអ្វីដ៏ល្អ ពីរបស់ល្អដែលគាត់បានសន្សំទុក តែមនុស្សអាក្រក់ បញ្ចេញអ្វីដ៏អាក្រក់ ពីរបស់អាក្រក់ដែលគាត់បានសន្សំទុក ព្រោះមាត់របស់គាត់តែងនិយាយអ្វីដែលមានពោរពេញនៅក្នុងចិត្ត។
៤៦ «បើដូច្នេះ ហេតុអ្វីអ្នករាល់គ្នាហៅខ្ញុំថា‹លោកម្ចាស់! លោកម្ចាស់!› តែមិនប្រព្រឹត្តតាមអ្វីដែលខ្ញុំនិយាយ? ៤៧ ខ្ញុំនឹងបង្ហាញអ្នកថា អស់អ្នកណាដែលមកឯខ្ញុំ ឮពាក្យរបស់ខ្ញុំ ហើយក៏ធ្វើតាមគឺប្រៀបដូចមនុស្សបែបណា៖ ៤៨ អ្នកនោះគឺប្រៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះ ហើយបានជីកដីយ៉ាងជ្រៅ ក៏ចាក់គ្រឹះលើផ្ទាំងថ្ម។ ម្ល៉ោះហើយ ពេលមានទឹកជំនន់ ទឹកទន្លេបានហូរមកបុកផ្ទះនោះ តែមិនខ្លាំងល្មមនឹងធ្វើឲ្យផ្ទះនោះរង្គើឡើយ ពីព្រោះផ្ទះនោះបានត្រូវសង់យ៉ាងមាំ។ ៤៩ ផ្ទុយទៅវិញ អ្នកណាដែលឮតែមិនធ្វើតាម អ្នកនោះគឺប្រៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះនៅលើដីដោយមិនចាក់គ្រឹះឡើយ ហើយទឹកទន្លេហូរមកបុកផ្ទះធ្វើឲ្យបាក់ស្រុតភ្លាម ហើយផ្ទះនោះក៏ខូចអស់ទៅ»។
៧ លុះលោកមានប្រសាសន៍ឲ្យបណ្ដាជនស្ដាប់ចប់ហើយ លោកក៏បានចូលទៅក្នុងក្រុងកាពើណិម។ ២ ទីនោះមាននាយទាហានដែលមានខ្ញុំបម្រើសំណព្វចិត្តម្នាក់ដែលឈឺជិតស្លាប់ហើយ។ ៣ ពេលដែលនាយទាហាននោះឮអំពីលោកយេស៊ូ គាត់ចាត់ពួកបុរសចាស់ទុំខ្លះនៃជនជាតិយូដា ឲ្យទៅសុំលោកមកធ្វើឲ្យខ្ញុំបម្រើរបស់គាត់ជាសះស្បើយ។ ៤ រួចមក ពួកអ្នកដែលបានចូលមកជិតលោកយេស៊ូ ក៏ចាប់ផ្ដើមអង្វរជាខ្លាំងថា៖ «គាត់សមនឹងទទួលជំនួយពីលោក ៥ ព្រោះគាត់ស្រឡាញ់ជនជាតិយើង ក៏បានសាងសាលាប្រជុំឲ្យយើងទៀតផង»។ ៦ ដូច្នេះ លោកយេស៊ូចេញទៅជាមួយនឹងពួកគាត់។ ប៉ុន្តែពេលដែលលោកទៅជិតដល់ផ្ទះនោះហើយ នាយទាហានបានចាត់មិត្តភក្ដិឲ្យទៅជម្រាបលោកថា៖ «មិនចាំបាច់ទេលោក ព្រោះខ្ញុំមិនសមនឹងទទួលលោកចូលមកក្នុងផ្ទះខ្ញុំឡើយ។ ៧ ហេតុនោះហើយបានជាខ្ញុំក៏មិនចាត់ទុកថា ខ្ញុំសមនឹងទៅជួបលោកដោយផ្ទាល់ដែរ។ ប៉ុន្តែសូមលោកគ្រាន់តែមានប្រសាសន៍ប៉ុណ្ណោះ ដើម្បីឲ្យខ្ញុំបម្រើរបស់ខ្ញុំបានជាឡើងវិញ។ ៨ ព្រោះខ្ញុំក៏នៅក្រោមបង្គាប់គេដែរ ហើយមានកូនទាហានដែលនៅក្រោមបង្គាប់ខ្ញុំ។ បើខ្ញុំបង្គាប់អ្នកណាថា៖ ‹ទៅ!› អ្នកនោះក៏ទៅ ហើយបើខ្ញុំបង្គាប់អ្នកណាថា៖ ‹មក!› អ្នកនោះក៏មក។ បើខ្ញុំបង្គាប់ខ្ញុំបម្រើរបស់ខ្ញុំថា៖ ‹ធ្វើការនេះទៅ!› គាត់ក៏ធ្វើការនោះ»។ ៩ កាលដែលលោកយេស៊ូឮពាក្យទាំងនេះ លោកក៏នឹកអស្ចារ្យនឹងនាយទាហាននោះ រួចបែរទៅមានប្រសាសន៍ទៅកាន់បណ្ដាជនដែលកំពុងដើរតាមលោកថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនឃើញអ្នកណាមានជំនឿខ្លាំងយ៉ាងនេះទេ សូម្បីតែនៅស្រុកអ៊ីស្រាអែលក្ដី»។ ១០ ឯពួកអ្នកដែលគាត់បានចាត់មក ក៏ត្រឡប់ទៅផ្ទះវិញ។ លុះទៅដល់ហើយ ពួកគេឃើញថាខ្ញុំបម្រើនោះមានសុខភាពល្អឡើងវិញ។
១១ មិនយូរក្រោយពីនោះ លោកបានធ្វើដំណើរទៅក្រុងមួយហៅថាណេអ៊ីន ហើយពួកអ្នកកាន់តាមនិងមនុស្សមួយក្រុមធំបានរួមដំណើរជាមួយនឹងលោក។ ១២ លុះធ្វើដំណើរជិតដល់ផ្លូវចូលក្រុងហើយ មើល! គេកំពុងសែងសពបុរសដែលជាកូនតែមួយរបស់ម្ដាយ។ ម្យ៉ាងទៀត ម្ដាយរបស់សពនោះជាស្ត្រីមេម៉ាយ ហើយមនុស្សមួយក្រុមធំពីក្រុងនោះក៏នៅជាមួយនឹងនាងដែរ។ ១៣ ពេលដែលលោកម្ចាស់យេស៊ូក្រឡេកទៅឃើញនាង លោកមានចិត្តក្ដួលអាណិត ក៏មានប្រសាសន៍ទៅនាងថា៖ «ឈប់យំទៅ»។ ១៤ បន្ទាប់មក លោកដើរទៅជិតហើយពាល់គ្រែស្នែង ឯពួកអ្នកសែងក៏ឈប់។ រួចមក លោកមានប្រសាសន៍ថា៖ «អ្នកកំលោះ ខ្ញុំប្រាប់អ្នកថា ចូរក្រោកឡើង!»។ ១៥ ឯបុរសដែលស្លាប់នោះក៏ងើបឡើងអង្គុយ ហើយចាប់ផ្ដើមនិយាយ រួចលោកប្រគល់គាត់ឲ្យម្ដាយ។ ១៦ ពួកគេទាំងអស់គ្នាក៏តាំងស្ញែងខ្លាច រួចចាប់ផ្ដើមសរសើរតម្កើងព្រះថា៖ «អ្នកប្រកាសទំនាយម្នាក់ដ៏ឧត្តមបានត្រូវតាំងឡើងក្នុងចំណោមយើង» ហើយ«ព្រះបានអាណិតរាស្ត្ររបស់លោក»។ ១៧ រួចដំណឹងនេះអំពីលោក បានឮសុសសាយពេញតំបន់យូឌាទាំងមូលនិងតំបន់នៅជុំវិញ។
១៨ ឯពួកអ្នកកាន់តាមយ៉ូហានបាននាំដំណឹងអំពីការទាំងនេះទៅប្រាប់គាត់។ ១៩ ដូច្នេះ យ៉ូហានបានហៅអ្នកកាន់តាមគាត់ពីរនាក់មក ហើយចាត់ឲ្យទៅសួរលោកម្ចាស់យេស៊ូថា៖ «តើលោកជាអ្នកដែលត្រូវមកឬ? ឬក៏តើយើងត្រូវរង់ចាំអ្នកមួយទៀត?»។ ២០ ម្ល៉ោះហើយ ពួកគេបានចូលទៅជិតលោកហើយសួរថា៖ «យ៉ូហាន ជាអ្នកជ្រមុជទឹក បានចាត់យើងឲ្យមកសួរលោកថា៖ ‹តើលោកជាអ្នកដែលត្រូវមកឬ? ឬតើយើងត្រូវរង់ចាំអ្នកផ្សេងទៀត?›»។ ២១ នៅម៉ោងនោះឯង លោកបានធ្វើឲ្យមនុស្សជាច្រើនជាពីជំងឺផ្សេងៗ រោគាដែលកំពុងបៀតបៀន និងបានធ្វើឲ្យរួចពីពួកវិញ្ញាណ* អាក្រក់ ក៏បានអនុគ្រោះឲ្យមនុស្សងងឹតភ្នែកជាច្រើននាក់មើលឃើញ។ ២២ ដូច្នេះ លោកតបឆ្លើយទៅអ្នកទាំងពីរនោះថា៖ «ចូរទៅប្រាប់យ៉ូហាននូវអ្វីដែលអ្នកបានឮនិងបានឃើញ គឺមនុស្សងងឹតភ្នែកកំពុងមើលឃើញ មនុស្សខ្វិនកំពុងដើរ មនុស្សកើតឃ្លង់បានជាស្អាត មនុស្សថ្លង់កំពុងស្ដាប់ឮ មនុស្សស្លាប់កំពុងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយដំណឹងល្អកំពុងត្រូវប្រាប់ដល់មនុស្សក្រីក្រ។ ២៣ ឯអ្នកណាដែលមិនរកហេតុឲ្យសង្ស័យលើខ្ញុំ* អ្នកនោះមានសុភមង្គលហើយ»។
២៤ ពេលដែលពួកអ្នកនាំពាក្យរបស់យ៉ូហានបានចេញទៅ នោះលោកយេស៊ូមានប្រសាសន៍ទៅកាន់បណ្ដាជនអំពីយ៉ូហានថា៖ «តើអ្នករាល់គ្នាបានចេញទៅតំបន់ស្ងាត់ជ្រងំដើម្បីមើលអ្វី? តើបានចេញទៅមើលដើមត្រែងមួយដែលយោលចុះយោលឡើងទៅតាមខ្យល់ឬ? ២៥ បើមិនដូច្នេះ តើអ្នករាល់គ្នាបានចេញទៅមើលអ្វី? ទៅមើលបុរសម្នាក់ដែលមានសម្លៀកបំពាក់ក្រៅទន់ល្មើយឬ? ពួកអ្នកដែលមានសម្លៀកបំពាក់និងរបស់របរល្អប្រណីត គឺនៅក្នុងលំនៅស្តេច។ ២៦ បើមិនដូច្នេះ តើអ្នករាល់គ្នាបានចេញទៅមើលអ្វីទៅ? ទៅមើលអ្នកប្រកាសទំនាយឬ? ត្រូវហើយ! ខ្ញុំក៏ប្រាប់អ្នករាល់គ្នាថា គាត់មិនត្រឹមតែជាអ្នកប្រកាសទំនាយប៉ុណ្ណោះទេ។ ២៧ អ្វីដែលបានត្រូវសរសេរថា៖ ‹មើល! ខ្ញុំនឹងចាត់អ្នកនាំពាក្យរបស់ខ្ញុំឲ្យទៅមុនអ្នក ហើយគាត់នឹងរៀបចំផ្លូវឲ្យអ្នក› គឺអំពីអ្នកនេះហើយ។ ២៨ ខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមមនុស្សទាំងអស់ដែលធ្លាប់រស់នៅ គ្មានអ្នកណាធំជាងយ៉ូហានទេ។ ប៉ុន្តែអ្នកដែលតូចជាងគេក្នុងរាជាណាចក្ររបស់ព្រះគឺធំជាងគាត់»។ ២៩ (ពេលដែលឮដូច្នេះ បណ្ដាជនទាំងឡាយនិងពួកអ្នកយកពន្ធដែលយ៉ូហានបានជ្រមុជទឹកឲ្យ បានប្រកាសថាព្រះគឺសុចរិត។ ៣០ ប៉ុន្តែពួកផារិស៊ីនិងពួកអ្នកចេះច្បាប់* ស្ទាត់ ដែលមិនបានទទួលការជ្រមុជទឹកពីយ៉ូហាន មិនបានស្ដាប់តាមឱវាទដែលព្រះផ្ដល់ឲ្យពួកគេឡើយ)។
៣១ លោកយេស៊ូមានប្រសាសន៍តទៅទៀតថា៖ «តើខ្ញុំអាចប្រដូចមនុស្សជំនាន់នេះទៅនឹងអ្នកណា? តើមនុស្សជំនាន់នេះដូចអ្នកណា? ៣២ ពួកគេគឺដូចកូនក្មេងដែលអង្គុយនៅផ្សារ ហើយស្រែកដាក់គ្នាថា៖ ‹យើងបានផ្លុំខ្លុយឲ្យឯងរាល់គ្នា តែឯងមិនបានរាំទេ។ យើងបានស្រែកទ្រហោ តែឯងរាល់គ្នាមិនបានយំទេ›។ ៣៣ ដូចគ្នាដែរ ពេលដែលយ៉ូហានជាអ្នកជ្រមុជទឹកបានមក គាត់មិនពិសានំប៉័ង ពិសាស្រា ដូចអ្នកឯទៀតទេ តែគេនិយាយថា៖ ‹គាត់មានវិញ្ញាណកំណាចចូល›។ ៣៤ ពេលដែលកូនមនុស្សមក លោកបានពិសាអាហារ ពិសាស្រាដូចអ្នកឯទៀត។ ក៏ប៉ុន្តែ គេនៅតែនិយាយថា៖ ‹មើល! បុរសនេះល្មោភស៊ី ក៏ជាអ្នកផឹកស្រា ហើយជាមិត្តភក្ដិរបស់អ្នកយកពន្ធនិងអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង!›។ ៣៥ ទោះជាគេនិយាយយ៉ាងនោះក៏ដោយ អំពើសុចរិតដែលមនុស្សម្នាក់ធ្វើ បង្ហាញថាអ្នកនោះមានប្រាជ្ញា»។
៣៦ មានផារិស៊ីម្នាក់ឈ្មោះស៊ីម៉ូន ដែលអញ្ជើញលោកម្ដងហើយម្ដងទៀតឲ្យទៅបរិភោគជាមួយនឹងគាត់។ ម្ល៉ោះហើយ លោកបានចូលទៅក្នុងផ្ទះរបស់ផារិស៊ីនោះរួចអង្គុយនៅតុ។ ៣៧ ហើយមើល! មានស្ត្រីម្នាក់ដែលអ្នកក្រុងនោះស្គាល់ជាទូទៅថាជាអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង។ នាងបានឮថាលោកកំពុងបរិភោគនៅផ្ទះរបស់ផារិស៊ីនោះ។ ដូច្នេះ នាងយកប្រេងក្រអូបក្នុងដបថ្មកែវមួយទៅ ៣៨ ក៏បានលុតជង្គង់ពីក្រោយលោក ហើយចាប់ផ្ដើមយំសម្រក់ទឹកភ្នែកទៅលើជើងលោក រួចយកសក់នាងមកជូត។ នាងថែមទាំងថើបជើងលោកយ៉ាងថ្នម ក៏យកប្រេងក្រអូបនោះមកលាបផង។ ៣៩ ពេលឃើញដូច្នេះ ផារិស៊ីដែលបានអញ្ជើញលោក ក៏តាំងគិតក្នុងចិត្តថា៖ «ប្រសិនបើបុរសនេះជាអ្នកប្រកាសទំនាយមែន លោកនឹងជ្រាបថាស្ត្រីដែលកំពុងពាល់លោកជាស្ត្រីបែបណាហើយ គឺនាងជាអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង»។ ៤០ ប៉ុន្តែលោកយេស៊ូតបឆ្លើយទៅគាត់ថា៖ «ស៊ីម៉ូន ខ្ញុំចង់ប្រាប់អ្នករឿងមួយ»។ គាត់ក៏ឆ្លើយថា៖ «លោកគ្រូ! អញ្ជើញមានប្រសាសន៍ចុះ!»។
៤១ «មានបុរសពីរនាក់ដែលជំពាក់ប្រាក់គេ ម្នាក់ជំពាក់ប្រាក់ប្រាំរយឌីណារី* ឯម្នាក់ទៀតជំពាក់ប្រាក់ហាសិបឌីណារី។ ៤២ នៅពេលដែលពួកគេគ្មានអ្វីនឹងសងវិញ នោះម្ចាស់បំណុលបានឲ្យពួកគេទាំងពីរនាក់រួចពីបំណុល។* ដូច្នេះ តើបុរសមួយណានឹងស្រឡាញ់ម្ចាស់បំណុលជាង?»។ ៤៣ ស៊ីម៉ូនឆ្លើយថា៖ «តាមយោបល់ខ្ញុំ គឺជាបុរសដែលរួចពីបំណុលច្រើនជាងគេ»។ លោកមានប្រសាសន៍ថា៖ «អ្នកឆ្លើយត្រូវហើយ»។ ៤៤ ឮដូច្នេះ លោកក៏បែរទៅរកស្ត្រីនោះ រួចមានប្រសាសន៍ទៅស៊ីម៉ូនថា៖ «តើអ្នកឃើញស្ត្រីនេះទេ? ខ្ញុំបានចូលផ្ទះរបស់អ្នក តែអ្នកមិនបានឲ្យទឹកសម្រាប់លាងជើងខ្ញុំទេ។ ក៏ប៉ុន្តែ ស្ត្រីនេះបានផ្សើមជើងខ្ញុំដោយទឹកភ្នែករបស់នាង ហើយបានយកសក់នាងមកជូតផង។ ៤៥ អ្នកមិនបានថើបខ្ញុំទេ ប៉ុន្តែតាំងពីម៉ោងដែលខ្ញុំចូលមក ស្ត្រីនេះបានថើបជើងខ្ញុំថ្នមៗឥតឈប់។ ៤៦ អ្នកមិនបានលាបប្រេងលើក្បាលខ្ញុំទេ ប៉ុន្តែស្ត្រីនេះបានយកប្រេងក្រអូបមកលាបជើងខ្ញុំ។ ៤៧ ម្ល៉ោះហើយ ខ្ញុំប្រាប់អ្នកថា ពិតមែនតែនាងធ្វើខុសច្រើន ប៉ុន្តែការខុសឆ្គងទាំងនោះបានត្រូវអភ័យទោស។ ហេតុនេះ នាងបង្ហាញសេចក្ដីស្រឡាញ់ច្រើន។ តែពេលដែលអភ័យទោសឲ្យអ្នកណាដែលមានការខុសឆ្គងតិចតួច អ្នកនោះនឹងបង្ហាញសេចក្ដីស្រឡាញ់តិចតួច»។ ៤៨ រួចលោកមានប្រសាសន៍ទៅនាងថា៖ «ការខុសឆ្គងរបស់នាងបានត្រូវអភ័យទោសហើយ»។ ៤៩ ឮដូច្នេះ ពួកអ្នកដែលកំពុងរួមតុជាមួយនឹងលោកក៏តាំងគិតក្នុងចិត្តថា៖ «តើបុរសនេះជាអ្នកណា? សូម្បីតែការខុសឆ្គងក៏លោកអាចអភ័យទោសបានដែរឬ?»។ ៥០ ប៉ុន្តែលោកមានប្រសាសន៍ទៅស្ត្រីនោះថា៖ «ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅឲ្យបានសេចក្ដីសុខចុះ»។
៨ មិនយូរក្រោយពីនោះ លោកចាប់ផ្ដើមធ្វើដំណើរពីក្រុងមួយទៅក្រុងមួយ ហើយពីភូមិមួយទៅភូមិមួយ ដោយផ្សព្វផ្សាយនិងប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ។ ឯសាវ័កទាំងដប់ពីរនាក់ក៏នៅជាមួយនឹងលោកដែរ ២ ហើយមានស្ត្រីខ្លះ ដែលលោកបានធ្វើឲ្យជាពីជំងឺផ្សេងៗ និងធ្វើឲ្យរួចពីវិញ្ញាណ* អាក្រក់ គឺម៉ារៀហៅម៉ាក់ដាឡេន ដែលវិញ្ញាណកំណាចប្រាំពីរបានចេញពីនាង ៣ ហើយមានយ៉ូហាណា ជាប្រពន្ធរបស់ឃូសាដែលជាអ្នកមើលការខុសត្រូវក្នុងផ្ទះរបស់ហេរ៉ូឌ ក៏មានស៊ូសាណា និងស្ត្រីជាច្រើនឯទៀត ដែលកំពុងប្រើធនធានរបស់ខ្លួន ដើម្បីបម្រើលោកនិងពួកគាត់។
៤ ក្រោយពីមនុស្សមួយក្រុមធំបានមូលគ្នាជាមួយនឹងពួកអ្នកដែលបានធ្វើដំណើរពីក្រុងមួយទៅក្រុងមួយជាមួយនឹងលោក នោះលោកមានប្រសាសន៍ទៅកាន់ពួកគេដោយលើកឧទាហរណ៍ថា៖ ៥ «មនុស្សម្នាក់បានចេញទៅសាបព្រោះគ្រាប់ពូជ។ ពេលដែលគាត់កំពុងសាបព្រោះ គ្រាប់ពូជខ្លះបានធ្លាក់តាមផ្លូវ ក៏ត្រូវគេដើរជាន់ រួចសត្វស្លាបនៅលើមេឃបានចុះមកចឹកស៊ីអស់ទៅ។ ៦ គ្រាប់ពូជខ្លះទៀតបានធ្លាក់លើផ្ទាំងថ្ម ហើយក្រោយពីដុះចេញពីដីក៏ក្រៀមស្វិតភ្លាម ដោយសារគ្មានសំណើម។ ៧ ឯគ្រាប់ពូជខ្លះទៀតបានធ្លាក់លើដីដែលមានដើមបន្លា រួចដើមបន្លាដែលដុះឡើងជាមួយក៏គ្របជិតគ្រាប់ពូជនោះ។ ៨ គ្រាប់ពូជខ្លះបានធ្លាក់លើដីល្អ ក៏ដុះឡើងហើយបង្កើតផលមួយជាមួយរយ»។ កាលដែលកំពុងមានប្រសាសន៍ លោកក៏បន្លឺសំឡេងថា៖ «អ្នកណាដែលមានត្រចៀកអាចស្ដាប់ឮ ចូរស្ដាប់ចុះ»។
៩ ប៉ុន្តែពួកអ្នកកាន់តាមលោកចាប់ផ្ដើមសួរអំពីអត្ថន័យនៃឧទាហរណ៍នោះ។ ១០ លោកមានប្រសាសន៍ថា៖ «អ្នករាល់គ្នាបានត្រូវអនុញ្ញាតឲ្យយល់អាថ៌កំបាំងដ៏ពិសិដ្ឋអំពីរាជាណាចក្ររបស់ព្រះ។ ប៉ុន្តែខ្ញុំនិយាយទៅកាន់អ្នកឯទៀតដោយប្រើឧទាហរណ៍ ដើម្បីកាលណាមើល ពួកគេនឹងមើលមិនឃើញ ហើយពេលដែលស្ដាប់ ពួកគេនឹងមិនយល់អត្ថន័យផង។ ១១ នេះជាអត្ថន័យនៃឧទាហរណ៍នោះ៖ គ្រាប់ពូជនោះ គឺជាបណ្ដាំរបស់ព្រះ។ ១២ ឯគ្រាប់ពូជដែលធ្លាក់តាមផ្លូវ នោះសំដៅទៅអ្នកដែលបានឮបណ្ដាំរបស់ព្រះ រួចមេកំណាច* មកយកបណ្ដាំនោះចេញពីចិត្តរបស់ពួកគេ ដើម្បីកុំឲ្យពួកគេជឿនិងទទួលសេចក្ដីសង្គ្រោះ។ ១៣ រីឯគ្រាប់ពូជនៅលើផ្ទាំងថ្ម នោះសំដៅទៅអ្នកដែលឮបណ្ដាំក៏ទទួលយកភ្លាមដោយអំណរ ប៉ុន្តែដោយសារគ្មានឫស នោះពួកគេជឿអស់មួយគ្រា តែក្នុងគ្រាដែលមានការល្បងល ពួកគេក៏លះបង់ជំនឿ។ ១៤ ចំណែកគ្រាប់ពូជដែលធ្លាក់លើដីមានដើមបន្លា នោះសំដៅទៅអ្នកដែលបានឮបណ្ដាំ ប៉ុន្តែដោយសារពួកគេឲ្យការខ្វល់ខ្វាយ ទ្រព្យសម្បត្ដិ និងការសប្បាយនៃជីវិតនេះទាញបំបែរអារម្មណ៍ នោះពួកគេហាក់ដូចជាត្រូវគ្របបាំងជិត ហើយមិនបង្កើតផលគ្រប់លក្ខណៈ។ ១៥ ឯគ្រាប់ពូជនៅលើដីល្អ នោះសំដៅទៅអ្នកដែលមានចិត្តល្អដែលប្រកបដោយគុណធម៌។ ក្រោយពីអ្នកទាំងនោះឮបណ្ដាំ ពួកគេក៏រក្សាទុកក្នុងចិត្ត ហើយស៊ូទ្រាំព្រមទាំងបង្កើតផល។
១៦ «គ្មានអ្នកណាអុជចង្កៀងរួចយកផើងមកគ្រប ឬយកទៅដាក់ក្រោមគ្រែឡើយ តែគេដាក់លើជើងចង្កៀងវិញ ដើម្បីឲ្យអស់អ្នកដែលចូលមកអាចឃើញពន្លឺបាន។ ១៧ ព្រោះគ្មានអ្វីកំបាំងដែលនឹងមិនត្រូវគេឃើញ ហើយគ្មានអ្វីដែលបានត្រូវបិទបាំងយ៉ាងជិតល្អដែលនឹងមិនត្រូវគេដឹងឮ ឬបើកចំហឡើយ។ ១៨ ដូច្នេះ ចូរប្រយ័ត្នអំពីរបៀបដែលអ្នករាល់គ្នាស្ដាប់ ព្រោះអ្នកណាដែលមាន នឹងទទួលថែមទៀត តែអ្នកណាដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះគិតថាខ្លួនមានក៏នឹងត្រូវដកហូតផង»។
១៩ ឯម្ដាយនិងប្អូនប្រុសៗរបស់លោកខំចូលទៅជិតលោក តែចូលមិនបានដោយសារមានមនុស្សកកកុញ។ ២០ ក៏ប៉ុន្តែមានគេជម្រាបលោកថា៖ «ម្ដាយនិងប្អូនប្រុសៗរបស់លោកកំពុងឈរចាំខាងក្រៅរកជួបលោក»។ ២១ លោកឆ្លើយទៅពួកគេថា៖ «ម្ដាយនិងប្អូនប្រុសៗរបស់ខ្ញុំ គឺជាអ្នកទាំងនេះដែលឮបណ្ដាំរបស់ព្រះ ហើយធ្វើតាម»។
២២ នៅថ្ងៃមួយ លោកនិងពួកអ្នកកាន់តាមបានចុះទូកមួយ រួចលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ចូរយើងឆ្លងទៅត្រើយម្ខាងបឹង»។ ដូច្នេះ ពួកគាត់ក៏បើកក្ដោងចេញទៅ។ ២៣ ប៉ុន្តែកាលដែលកំពុងធ្វើដំណើរទៅ លោកបានសម្រាន្តលក់។ ស្រាប់តែមានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំងនៅលើបឹងនោះ ទឹកក៏ចូលទូកជិតពេញ ហើយពួកគាត់ស្ថិតក្នុងគ្រោះថ្នាក់។ ២៤ នៅទីបំផុត ពួកគាត់បានទៅដាស់លោកថា៖ «លោកគ្រូ! លោកគ្រូ! យើងជិតវិនាសហើយ!»។ លោកក៏ក្រោកឡើងស្តីបន្ទោសខ្យល់និងទឹករលកដែលកំពុងបោកបក់ជាខ្លាំង រួចខ្យល់និងទឹករលកបានស្ងប់ទៅ ហើយក៏កើតមានសភាពស្ងប់ស្ងាត់។ ២៥ បន្ទាប់មក លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «តើជំនឿរបស់អ្នករាល់គ្នានៅឯណា?»។ ប៉ុន្តែពួកគេភ័យខ្លាចក៏នឹកអស្ចារ្យក្នុងចិត្ត ហើយបាននិយាយគ្នាថា៖ «តើលោកនេះពិតជាអ្នកណា? ព្រោះសូម្បីតែខ្យល់និងទឹកក៏លោកអាចបញ្ជាបានដែរ ហើយវាស្ដាប់បង្គាប់លោក»។
២៦ ពួកគាត់ចតទូកនៅតំបន់ជិតក្រុងហ្គេរ៉ាសា ដែលនៅទល់មុខស្រុកកាលីឡេ។ ២៧ ប៉ុន្តែពេលដែលលោកឡើងលើគោកហើយ បុរសម្នាក់ពីក្រុងនៅជិតនោះបានមកជួបលោក។ បុរសនោះមានពួកវិញ្ញាណកំណាចចូល ហើយអស់រយៈពេលយ៉ាងយូរ គាត់មិនស្លៀកពាក់អ្វីទេ ក៏មិនស្នាក់នៅផ្ទះដែរ តែគាត់ស្នាក់នៅទីបញ្ចុះសពវិញ។ ២៨ ពេលដែលឃើញលោកយេស៊ូ បុរសនោះក៏ស្រែកឡើងហើយក្រាបពីមុខលោក ក៏បន្លឺសំឡេងយ៉ាងខ្លាំងថា៖ «លោកយេស៊ូ បុត្ររបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត! តើលោកមករំខានខ្ញុំធ្វើអ្វី? ខ្ញុំអង្វរលោក កុំធ្វើទារុណកម្មខ្ញុំ»។ ២៩ (ពីព្រោះលោកបានបង្គាប់វិញ្ញាណអសោចឲ្យចេញពីបុរសនោះទៅ ព្រោះវាបានជាន់បុរសនោះជាយូរ ហើយគេធ្លាប់យកច្រវាក់និងខ្នោះមកដាក់បុរសនោះ ទាំងយាមល្បាតផង ប៉ុន្តែគាត់តែងតែផ្ដាច់ច្រវាក់និងខ្នោះទាំងនោះ ហើយត្រូវវិញ្ញាណកំណាចជំរុញឲ្យទៅកន្លែងឆ្ងាយពីគេ)។ ៣០ លោកយេស៊ូសួរបុរសនោះថា៖ «តើអ្នកឈ្មោះអ្វី?» គាត់ឆ្លើយថា៖ «កងពល» ពីព្រោះវិញ្ញាណកំណាចជាច្រើនបានចូលគាត់។ ៣១ ហើយពួកវាបានអង្វរលោកម្ដងហើយម្ដងទៀត កុំបង្គាប់ពួកវាឲ្យទៅក្នុងទីជ្រៅបំផុតឡើយ។ ៣២ នៅទីនោះមានសត្វជ្រូកជាច្រើនកំពុងរកស៊ីនៅលើភ្នំ ដូច្នេះពួកវិញ្ញាណកំណាចទាំងនោះបានអង្វរលោក សុំឲ្យពួកវាចូលសត្វជ្រូក ហើយលោកក៏អនុញ្ញាតឲ្យពួកវាទៅ។ ៣៣ រួចមក ពួកវិញ្ញាណកំណាចបានចេញពីបុរសនោះ ហើយចូលសត្វជ្រូក។ រួចហ្វូងជ្រូកនោះបានបោលទៅធ្លាក់ច្រាំងចោតចូលក្នុងបឹង ហើយលង់ទឹកងាប់អស់។ ៣៤ ប៉ុន្តែពេលដែលអ្នកឃ្វាលសត្វទាំងនោះឃើញអ្វីដែលកើតឡើង ពួកគេបានរត់ចេញទៅប្រាប់មនុស្សនៅក្នុងក្រុងនិងនៅជនបទ។
៣៥ បន្ទាប់ពីនោះ មនុស្សម្នាមកមើលអ្វីដែលបានកើតឡើង ហើយមកឯលោកយេស៊ូឃើញថា បុរសដែលពួកវិញ្ញាណកំណាចបានចេញកំពុងអង្គុយជិតជើងលោកយេស៊ូដោយមានសម្លៀកបំពាក់ ព្រមទាំងលែងវង្វេងស្មារតីទៀតផង។ ដូច្នេះ ពួកគេក៏ភ័យខ្លាច។ ៣៦ អ្នកដែលបានឃើញហេតុការណ៍នោះផ្ទាល់នឹងភ្នែក ក៏រៀបរាប់ប្រាប់ពួកគេអំពីរបៀបដែលបុរសមានវិញ្ញាណកំណាចចូល បានត្រូវធ្វើឲ្យជា។ ៣៧ ដូច្នេះ បណ្ដាជនពីតំបន់នៅជុំវិញក្រុងហ្គេរ៉ាសាបានសុំលោកចាកចេញពីពួកគេទៅ ពីព្រោះពួកគេភ័យខ្លាចជាខ្លាំង។ ម្ល៉ោះហើយ លោកក៏ចុះទូកហើយចេញទៅវិញ។ ៣៨ ក៏ប៉ុន្តែ បុរសដែលពួកវិញ្ញាណកំណាចបានចេញ បានអង្វរម្ដងហើយម្ដងទៀតសុំទៅតាមលោក ប៉ុន្តែលោកបានឲ្យបុរសនោះត្រឡប់ទៅវិញ ដោយមានប្រសាសន៍ថា៖ ៣៩ «ចូរត្រឡប់ទៅផ្ទះវិញចុះ ហើយបន្តនិយាយអំពីអ្វីៗដែលព្រះបានធ្វើដើម្បីអ្នក»។ ម្ល៉ោះហើយ គាត់បានចេញទៅ ដោយប្រកាសប្រាប់ពេញក្រុងអំពីអ្វីដែលលោកយេស៊ូបានធ្វើដើម្បីគាត់។
៤០ លុះលោកយេស៊ូត្រឡប់មកវិញហើយ បណ្ដាជនទទួលលោកយ៉ាងរាក់ទាក់ ព្រោះពួកគេគ្រប់គ្នាកំពុងរង់ចាំលោក។ ៤១ ប៉ុន្តែមើល! បុរសម្នាក់ឈ្មោះយ៉ែរ៉ូស ជាអ្នកទទួលខុសត្រូវមួយរូបនៃសាលាប្រជុំបានមក ហើយគាត់ក្រាបនៅមុខលោកយេស៊ូ ក៏ចាប់ផ្ដើមអង្វរសុំលោកចូលផ្ទះរបស់គាត់ ៤២ ពីព្រោះគាត់មានកូនស្រីតែមួយ អាយុប្រហែលដប់ពីរឆ្នាំ ហើយនាងកំពុងឈឺជិតស្លាប់។
កាលដែលលោកកំពុងធ្វើដំណើរទៅ នោះបណ្ដាជនបានទៅតាមដោយប្រជ្រៀតលោក។ ៤៣ មានស្ត្រីម្នាក់ដែលមានជំងឺធ្លាក់ឈាមអស់ដប់ពីរឆ្នាំ ហើយគ្មានអ្នកណាអាចព្យាបាលជំងឺរបស់នាងឲ្យជាបានឡើយ ៤៤ នាងបានដើរមកពីក្រោយហ្វូងមនុស្ស រួចពាល់ជាយសម្លៀកបំពាក់ក្រៅរបស់លោក ហើយឈាមក៏ឈប់ធ្លាក់មួយរំពេច។ ៤៥ ដូច្នេះ លោកយេស៊ូសួរថា៖ «តើអ្នកណាបានពាល់ខ្ញុំ?»។ ពេលដែលពួកគេទាំងអស់គ្នាកំពុងបដិសេធ នោះពេត្រុសនិយាយថា៖ «លោកគ្រូ បណ្ដាជនកំពុងព័ទ្ធជុំវិញហើយប្រជ្រៀតលោក»។ ៤៦ ទោះជាយ៉ាងនោះក៏ដោយ លោកយេស៊ូមានប្រសាសន៍ថា៖ «មានអ្នកណាម្នាក់ពាល់ខ្ញុំ ព្រោះខ្ញុំដឹងខ្លួនថាមានឫទ្ធានុភាពចេញពីខ្ញុំទៅ»។ ៤៧ កាលស្ត្រីនោះឃើញថា លោកបានកត់សម្គាល់អ្វីដែលនាងបានធ្វើ នោះនាងបានមកទាំងញាប់ញ័រហើយក្រាបនៅមុខលោក ក៏រៀបរាប់នៅមុខមនុស្សទាំងអស់អំពីមូលហេតុដែលនាងបានពាល់លោក ហើយរបៀបដែលនាងបានជាសះស្បើយក្នុងមួយរំពេច។ ៤៨ ប៉ុន្តែលោកមានប្រសាសន៍ទៅនាងថា៖ «កូនស្រីអើយ ជំនឿរបស់នាងបានធ្វើឲ្យនាងជាហើយ។ សូមអញ្ជើញទៅឲ្យបានសេចក្ដីសុខចុះ»។
៤៩ ពេលដែលលោកកំពុងមានប្រសាសន៍ មានតំណាងម្នាក់របស់អ្នកទទួលខុសត្រូវនៃសាលាប្រជុំបានមកប្រាប់ថា៖ «កូនស្រីរបស់អ្នកស្លាប់ហើយ កុំរំខានលោកគ្រូទៀត»។ ៥០ ឮដូច្នេះ លោកយេស៊ូមានប្រសាសន៍ថា៖ «កុំខ្លាចឡើយ គ្រាន់តែមានជំនឿប៉ុណ្ណោះ នោះនាងនឹងត្រូវសង្គ្រោះ»។ ៥១ លុះទៅដល់ផ្ទះនោះហើយ លោកមិនបានឲ្យអ្នកណាចូលទៅក្នុងជាមួយនឹងលោកឡើយ ក្រៅពីពេត្រុស យ៉ូហាន យ៉ាកុប និងឪពុកម្ដាយរបស់ក្មេងស្រីនោះ។ ៥២ ឯមនុស្សទាំងអស់កំពុងយំគក់ទ្រូងសោកស្ដាយនាង។ ដូច្នេះ លោកមានប្រសាសន៍ថា៖ «ឈប់យំទៅ ព្រោះនាងមិនបានស្លាប់ឡើយ តែកំពុងដេកលក់»។ ៥៣ ឮដូច្នេះ ពួកគេចាប់ផ្ដើមសើចចំអកឲ្យលោក ពីព្រោះពួកគេដឹងថានាងបានស្លាប់មែន។ ៥៤ ប៉ុន្តែលោកចាប់ដៃរបស់នាងរួចបន្លឺសំឡេងថា៖ «នាងអើយ! ចូរក្រោកឡើង!» ៥៥ ហើយនាងមានជីវិត* ឡើងវិញ ក៏ក្រោកឡើងភ្លាម រួចលោកបង្គាប់ឲ្យគេយកអាហារមកឲ្យនាងបរិភោគ។ ៥៦ ឯឪពុកម្ដាយនាងបានត្រេកអរហួសប្រមាណ ប៉ុន្តែលោកបង្គាប់ពួកគាត់ កុំប្រាប់អ្នកណាឲ្យសោះអំពីអ្វីដែលបានកើតឡើង។
៩ បន្ទាប់មក លោកហៅសាវ័កទាំងដប់ពីរនាក់មកជុំគ្នា រួចលោកឲ្យពួកគាត់មានឫទ្ធានុភាពនិងអំណាចលើពួកវិញ្ញាណកំណាចទាំងអស់ ហើយដើម្បីធ្វើឲ្យមនុស្សជាពីជំងឺផ្សេងៗ។ ២ ក្រោយមក លោកចាត់ពួកគាត់ឲ្យទៅផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ ហើយធ្វើឲ្យមនុស្សជាសះស្បើយ ៣ លោកក៏មានប្រសាសន៍ទៅពួកគាត់ថា៖ «កុំយកអ្វីទៅជាមួយឲ្យសោះសម្រាប់ការធ្វើដំណើរ ទោះដំបង ថង់យាម នំប៉័ង ឬប្រាក់ក្ដី ក៏មិនត្រូវមានសម្លៀកបំពាក់ក្នុង មួយបន្លាស់ទៀតដែរ។ ៤ ប៉ុន្តែ នៅតំបន់ណាដែលអ្នកចូលក្នុងផ្ទះណាមួយ ចូរនៅទីនោះរហូតដល់អ្នកចេញពីតំបន់នោះ។ ៥ ហើយនៅកន្លែងណាដែលគេមិនព្រម ទទួលស្វាគមន៍អ្នករាល់គ្នា ចូររលាស់ធូលីដីពីជើងអ្នកចេញ ពេលដែលអ្នកចេញពីក្រុងនោះ ទុកជាភ័ស្តុតាងថាពួកគេមានកំហុស»។ ៦ ដូច្នេះ ពួកគាត់បានធ្វើដំណើរពីភូមិមួយទៅភូមិមួយពេញតំបន់នោះ ដោយប្រកាសដំណឹងល្អនិងធ្វើឲ្យមនុស្សជាសះស្បើយនៅគ្រប់ទីកន្លែង។
៧ ឯហេរ៉ូឌ ដែលជាអភិបាលស្រុក បានឮអំពីអ្វីៗទាំងប៉ុន្មានដែលបានកើតឡើង ក៏កំពុងងឿងឆ្ងល់ជាខ្លាំង ពីព្រោះមានអ្នកខ្លះនិយាយថា យ៉ូហានបានត្រូវប្រោសឲ្យរស់ឡើងវិញ។ ៨ អ្នកខ្លះទៀតនិយាយថា អេលីយ៉ាបានលេចមក តែអ្នកឯទៀតនិយាយថា អ្នកប្រកាសទំនាយម្នាក់ពីសម័យបុរាណបានរស់ឡើងវិញ។ ៩ ហេរ៉ូឌនិយាយថា៖ «ខ្ញុំបានកាត់ក្បាលយ៉ូហានហើយ។ ដូច្នេះ តើអ្នកដែលខ្ញុំឮថាបានធ្វើការទាំងអស់នេះជាអ្នកណា?»។ ម្ល៉ោះហើយ គាត់ចង់ឃើញលោក។
១០ ពេលដែលពួកសាវ័កបានត្រឡប់មកវិញហើយ ពួកគាត់ក៏រៀបរាប់ប្រាប់លោកអំពីអ្វីៗដែលពួកគាត់បានធ្វើ។ បន្ទាប់ពីនោះ លោកនាំពួកគាត់ទៅក្រុងបេតសេដា ដើម្បីអាចនៅដាច់ដោយឡែកពីបណ្ដាជន។ ១១ ប៉ុន្តែពេលដែលឮដល់បណ្ដាជន ពួកគេបានទៅតាមលោក ហើយលោកបានទទួលពួកគេយ៉ាងរាក់ទាក់ ក៏ចាប់ផ្ដើមមានប្រសាសន៍ទៅពួកគេអំពីរាជាណាចក្ររបស់ព្រះ ហើយអស់អ្នកដែលត្រូវការឲ្យលោកធ្វើឲ្យជា លោកបានធ្វើឲ្យពួកគេជាសះស្បើយ។ ១២ លុះថ្ងៃកាន់តែទាបហើយ សាវ័កទាំងដប់ពីរនាក់បានចូលទៅជិតលោកហើយជម្រាបថា៖ «សូមឲ្យបណ្ដាជនទៅវិញ ដើម្បីពួកគេអាចទៅភូមិនិងជនបទនៅជិតៗនេះ ហើយរកកន្លែងស្នាក់នៅនិងស្បៀងអាហារ ពីព្រោះយើងនៅកន្លែងដាច់ឆ្ងាយ»។ ១៣ ប៉ុន្តែលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគចុះ»។ ពួកគាត់ជម្រាបថា៖ «យើងមានតែនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយប៉ុណ្ណោះ លើកលែងតែយើងទៅទិញស្បៀងអាហារសម្រាប់មនុស្សទាំងអស់នេះដោយខ្លួនយើង»។ ១៤ ឯមនុស្សទាំងនោះមានបុរសប្រហែលប្រាំពាន់នាក់។ ប៉ុន្តែលោកមានប្រសាសន៍ទៅពួកអ្នកកាន់តាមលោកថា៖ «ចូរឲ្យពួកគេអង្គុយជាក្រុមៗ ដោយក្នុងមួយក្រុមមានហាសិបនាក់ ហើយឲ្យពួកគេអង្គុយដូចពេលដែលបរិភោគអាហារ»។ ១៥ រួចពួកអ្នកកាន់តាមក៏ធ្វើតាម ដោយឲ្យមនុស្សទាំងនោះអង្គុយ។ ១៦ បន្ទាប់មក លោកយកនំប៉័ងប្រាំដុំនិងត្រីពីរកន្ទុយនោះ ងើយភ្នែកមើលទៅស្ថានសួគ៌ អធិដ្ឋាន* រួចកាច់ ហើយឲ្យអ្នកកាន់តាម ដើម្បីពួកគាត់ចែកបណ្ដាជន។ ១៧ ដូច្នេះ គ្រប់គ្នាបានបរិភោគឆ្អែត។ បន្ទាប់មក ពួកគាត់បានប្រមូលអាហារដែលនៅសល់ បានដប់ពីរកញ្ជើ។
១៨ លុះក្រោយមក ពេលដែលលោកនៅម្នាក់ឯងហើយកំពុងអធិដ្ឋាន នោះពួកអ្នកកាន់តាមបានមកឯលោក ហើយលោកសួរពួកគាត់ថា៖ «តើបណ្ដាជនថាខ្ញុំជាអ្នកណា?»។ ១៩ ពួកគាត់តបឆ្លើយថា៖ «អ្នកខ្លះថា លោកជាយ៉ូហានដែលជាអ្នកជ្រមុជទឹក តែអ្នកខ្លះទៀតថាលោកជាអេលីយ៉ា ហើយអ្នកឯទៀតថាលោកជាអ្នកប្រកាសទំនាយមួយរូបពីសម័យបុរាណដែលបានរស់ឡើងវិញ»។ ២០ រួចលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នកថាខ្ញុំជាអ្នកណា?»។ ពេត្រុសឆ្លើយថា៖ «លោកជាគ្រិស្តនៃព្រះ»។ ២១ ក្រោយមក លោកមានប្រសាសន៍ទៅពួកគាត់យ៉ាងម៉ឺងម៉ាត់ ដោយបង្គាប់មិនឲ្យយករឿងនោះទៅប្រាប់អ្នកណាឡើយ ២២ តែបានថា៖ «កូនមនុស្សត្រូវរងទុក្ខលំបាកជាច្រើន ហើយពួកបុរសចាស់ទុំ ពួកសង្ឃនាយក និងពួកអ្នកជំនាញខាងច្បាប់នឹងមិនព្រមទទួលស្គាល់លោកទេ។ លោកក៏នឹងត្រូវគេសម្លាប់ ហើយនៅថ្ងៃទីបីលោកនឹងត្រូវប្រោសឲ្យរស់ឡើងវិញ»។
២៣ រួចមក លោកមានប្រសាសន៍ទៅពួកគេទាំងអស់គ្នាថា៖ «បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវប្រគល់ខ្លួនឲ្យព្រះ រួចលីបង្គោលទារុណកម្ម* របស់ខ្លួនរៀងរាល់ថ្ងៃ ហើយមកតាមខ្ញុំជាដរាបចុះ។ ២៤ ព្រោះអ្នកណាដែលចង់រក្សាជីវិតខ្លួន អ្នកនោះនឹងបាត់បង់ជីវិតទៅវិញ។ តែអ្នកណាដែលបាត់បង់ជីវិតព្រោះតែខ្ញុំ អ្នកនោះនឹងរក្សាជីវិតវិញ។ ២៥ តើមានប្រយោជន៍អ្វីទៅ បើអ្នកណាម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិតឬត្រូវអន្តរាយ? ២៦ អ្នកណាដែលខ្មាសគេដោយសារកាន់តាមខ្ញុំនិងជឿពាក្យរបស់ខ្ញុំ កូនមនុស្សក៏នឹងខ្មាសមិនទទួលស្គាល់អ្នកនោះដែរ ពេលដែលលោកមកដោយមានសិរីរុងរឿងរបស់លោក និងរបស់បិតាលោកព្រមទាំងសិរីរុងរឿងរបស់បណ្ដាទេវតាបរិសុទ្ធ។ ២៧ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា មានអ្នកខ្លះដែលកំពុងឈរនៅទីនេះ នឹងមិនស្លាប់ឡើយ ទាល់តែបានឃើញរាជាណាចក្ររបស់ព្រះជាមុនសិន»។
២៨ ពិតមែនហើយ ប្រហែលប្រាំបីថ្ងៃក្រោយពីលោកបានពោលពាក្យទាំងនោះ លោកក៏នាំពេត្រុស យ៉ូហាន និងយ៉ាកុបទៅជាមួយ ហើយបានឡើងទៅលើភ្នំដើម្បីអធិដ្ឋាន។ ២៩ កាលដែលលោកកំពុងអធិដ្ឋាន នោះផ្ទៃមុខរបស់លោកប្រែជាខុសពីមុន ហើយសម្លៀកបំពាក់របស់លោកក៏បានប្រែជាសភ្លឺចិញ្ចាច ៣០ ហើយមើល! មានបុរសពីរនាក់កំពុងសន្ទនាជាមួយនឹងលោក គឺម៉ូសេនិងអេលីយ៉ា។ ៣១ បុរសទាំងពីរនោះបានលេចមកទាំងមានសិរីរុងរឿង ក៏បានចាប់ផ្ដើមនិយាយអំពីការចាកចេញរបស់លោក ដែលត្រូវកើតឡើងនៅក្រុងយេរូសាឡិម។ ៣២ ឯពេត្រុសនិងអ្នកដែលនៅជាមួយនឹងគាត់កំពុងដេករលីវៗ លុះស្វាងពីដំណេកហើយ ពួកគាត់ឃើញសិរីរុងរឿងរបស់លោក ព្រមទាំងឃើញបុរសពីរនាក់ដែលកំពុងឈរជាមួយនឹងលោក។ ៣៣ ពេលដែលអ្នកទាំងនោះកំពុងឃ្លាតពីលោក នោះពេត្រុសជម្រាបលោកយេស៊ូ ដោយមិនដឹងថាខ្លួនកំពុងនិយាយអ្វីថា៖ «លោកគ្រូ យើងនៅទីនេះជាការល្អប្រសើរណាស់! ដូច្នេះ យើងសុំដំឡើងត្រសាលបី មួយសម្រាប់លោក មួយសម្រាប់ម៉ូសេ និងមួយសម្រាប់អេលីយ៉ា»។ ៣៤ ប៉ុន្តែកាលដែលគាត់កំពុងពោលពាក្យទាំងនេះ ស្រាប់តែពពកមួយបានកើតមានឡើង ក៏ចាប់ផ្ដើមគ្របបាំងពួកគាត់។ ពេលដែលនៅក្នុងពពកនោះ ពួកគាត់ក៏តាំងភ័យខ្លាច ៣៥ ហើយមានសំឡេងមួយបន្លឺចេញពីពពកថា៖ «នេះជាកូនរបស់ខ្ញុំ ជាអ្នកដែលបានត្រូវរើសតាំង ចូរស្ដាប់តាមលោក»។ ៣៦ កាលដែលកំពុងឮសំឡេងនោះ ពួកគាត់ឃើញថាមានតែលោកយេស៊ូប៉ុណ្ណោះ។ ប៉ុន្តែនៅគ្រានោះ ពួកគាត់បាននៅស្ងៀម មិនបានប្រាប់អ្នកណាអំពីអ្វីដែលពួកគាត់បានឃើញសោះឡើយ។
៣៧ លុះថ្ងៃស្អែក ពេលពួកគាត់ចុះពីភ្នំហើយ មនុស្សមួយក្រុមធំបានមកជួបលោក។ ៣៨ ហើយមើល! មានបុរសម្នាក់បន្លឺសំឡេងយ៉ាងខ្លាំងពីក្នុងបណ្ដាជនថា៖ «លោកគ្រូ! ខ្ញុំសុំអង្វរលោកមកមើលកូនប្រុសខ្ញុំ ពីព្រោះគាត់ជាកូនតែមួយរបស់ខ្ញុំ ៣៩ ព្រោះមើល! វិញ្ញាណ* មួយចេះតែគ្របសង្កត់គាត់ ហើយគាត់ស្រែកឡើងភ្លាម។ វាក៏ធ្វើឲ្យគាត់ដួលប្រកាច់បែកពពុះមាត់ ហើយវាចេញទៅទាំងពិបាកក្រោយពីបានធ្វើឲ្យគាត់របួស។ ៤០ ខ្ញុំបានអង្វរពួកអ្នកកាន់តាមលោកឲ្យបណ្ដេញវាចេញ ប៉ុន្តែពួកគាត់បណ្ដេញវាមិនបានទេ»។ ៤១ លោកយេស៊ូតបថា៖ «ឱជំនាន់មនុស្សដែលគ្មានជំនឿនិងវៀចវេរអើយ! តើខ្ញុំត្រូវនៅជាមួយនឹងអ្នករាល់គ្នាហើយទ្រាំទ្រអ្នករាល់គ្នាដល់ណាទៀត? ចូរនាំកូនប្រុសអ្នកមកនេះ»។ ៤២ ប៉ុន្តែកាលដែលគាត់កំពុងចូលមកជិតលោក វិញ្ញាណកំណាចនោះបានផ្ដួលគាត់លើដីហើយធ្វើឲ្យប្រកាច់យ៉ាងខ្លាំង។ ក៏ប៉ុន្តែ លោកយេស៊ូស្តីបន្ទោសវិញ្ញាណអសោច ហើយធ្វើឲ្យក្មេងប្រុសនោះជាសះស្បើយ រួចប្រគល់ឲ្យឪពុកគាត់វិញ។ ៤៣ ឯបណ្ដាជនតាំងនឹកអស្ចារ្យក្នុងចិត្តក្រៃលែងនឹងកម្លាំងមហិមារបស់ព្រះ។
កាលពួកគេកំពុងកោតស្ងើចនឹងអ្វីៗទាំងប៉ុន្មានដែលលោកកំពុងធ្វើ នោះលោកមានប្រសាសន៍ទៅពួកអ្នកកាន់តាមថា៖ ៤៤ «ចូរចងចាំពាក្យទាំងនេះរបស់ខ្ញុំថា កូនមនុស្សនឹងត្រូវបញ្ជូនទៅក្នុងកណ្ដាប់ដៃមនុស្សលោក»។ ៤៥ ប៉ុន្តែពួកគាត់នៅតែមិនយល់អំពីអត្ថន័យនៃពាក្យទាំងនោះ។ តាមការពិត អត្ថន័យនោះបានត្រូវលាក់ពីពួកគាត់កុំឲ្យយល់ធ្លុះធ្លាយឡើយ ហើយពួកគាត់ក៏ខ្លាចមិនហ៊ានសួរលោកអំពីពាក្យទាំងនោះដែរ។
៤៦ បន្ទាប់មក ពួកគាត់ចាប់ផ្ដើមជជែកគ្នាអំពីអ្នកណាក្នុងចំណោមពួកគាត់នឹងទៅជាអ្នកធំជាងគេ។ ៤៧ លោកយេស៊ូជ្រាបអំពីអ្វីដែលពួកគាត់កំពុងវែកញែកក្នុងចិត្ត ដូច្នេះ លោកក៏យកកូនក្មេងម្នាក់មកឲ្យឈរក្បែរលោក ៤៨ រួចមានប្រសាសន៍ទៅពួកគាត់ថា៖ «អ្នកណាដែលទទួលស្វាគមន៍ក្មេងនេះដោយនូវឈ្មោះខ្ញុំ អ្នកនោះក៏ទទួលស្វាគមន៍ខ្ញុំដែរ ហើយអ្នកណាដែលទទួលស្វាគមន៍ខ្ញុំ ក៏ទទួលលោកដែលបានចាត់ឲ្យខ្ញុំមកផង។ ព្រោះអ្នកណាដែលកាន់ចរិយាជាអ្នកតូចជាងគេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះគឺអ្នកធំ»។
៤៩ យ៉ូហានតបថា៖ «លោកគ្រូ យើងឃើញបុរសម្នាក់កំពុងបណ្ដេញវិញ្ញាណកំណាចដោយនាមរបស់លោក ហើយយើងខំឃាត់គាត់ ពីព្រោះគាត់មិនមកជាមួយនឹងយើងឡើយ»។ ៥០ ប៉ុន្តែលោកយេស៊ូមានប្រសាសន៍ថា៖ «កុំឃាត់គាត់ ព្រោះអ្នកណាដែលមិនប្រឆាំងអ្នករាល់គ្នា អ្នកនោះគឺនៅខាងអ្នករាល់គ្នាហើយ»។
៥១ ដោយសារជិតដល់ពេលដែលលោកត្រូវឡើងទៅលើ នោះលោកបានតាំងចិត្តយ៉ាងរឹងមាំទៅក្រុងយេរូសាឡិម។ ៥២ ម្ល៉ោះហើយ លោកបានចាត់អ្នកនាំសារទៅមុន ហើយពួកគេបានចូលក្នុងភូមិមួយរបស់ជនជាតិសាម៉ារី ដើម្បីរៀបចំទទួលលោក ៥៣ ប៉ុន្តែអ្នកទាំងនោះមិនព្រមទទួលលោកទេ ពីព្រោះលោកបានតាំងចិត្តទៅក្រុងយេរូសាឡិម។ ៥៤ ឃើញដូច្នេះ យ៉ាកុបនិងយ៉ូហានដែលជាអ្នកកាន់តាមលោកបានសួរថា៖ «លោកម្ចាស់ តើចង់ឲ្យយើងហៅភ្លើងឲ្យធ្លាក់ពីលើមេឃមកបំផ្លាញពួកគេចោលឬទេ?»។ ៥៥ ប៉ុន្តែលោកបែរទៅស្តីបន្ទោសពួកគាត់។ ៥៦ ដូច្នេះ ពួកគាត់ទៅភូមិមួយផ្សេងទៀត។
៥៧ កាលដែលពួកគាត់កំពុងធ្វើដំណើរតាមផ្លូវ មានបុរសម្នាក់ជម្រាបលោកថា៖ «ខ្ញុំនឹងទៅតាមលោក ទោះជាលោកទៅទីណាក៏ដោយ»។ ៥៨ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «កញ្ជ្រោងមានរូង ហើយសត្វស្លាបលើមេឃមានទ្រនំ តែកូនមនុស្សគ្មានកន្លែងស្នាក់នៅទេ»។ ៥៩ រួចមក លោកមានប្រសាសន៍ទៅបុរសម្នាក់ទៀតថា៖ «ចូរមកតាមខ្ញុំចុះ»។* បុរសនោះជម្រាបថា៖ «សូមអនុញ្ញាតឲ្យខ្ញុំចេញទៅបញ្ចុះសពឪពុកខ្ញុំសិន»។ ៦០ ប៉ុន្តែលោកមានប្រសាសន៍ទៅគាត់ថា៖ «ទុកឲ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេទៅ តែអ្នកវិញ ចូរទៅប្រកាសអំពីរាជាណាចក្ររបស់ព្រះនៅគ្រប់ទីកន្លែង»។ ៦១ មានបុរសម្នាក់ទៀតមកជម្រាបថា៖ «លោកម្ចាស់ ខ្ញុំនឹងទៅតាមលោក ប៉ុន្តែសូមអនុញ្ញាតឲ្យខ្ញុំទៅលាពួកអ្នកផ្ទះរបស់ខ្ញុំសិន»។ ៦២ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «អ្នកណាដែលចាប់កាន់នង្គ័ល តែបែរទៅមើលអ្វីនៅខាងក្រោយ អ្នកនោះមិនសមនឹងរាជាណាចក្ររបស់ព្រះឡើយ»។
១០ បន្ទាប់ពីការទាំងនេះ លោកម្ចាស់បានរើសចិតសិបនាក់ទៀត ក៏ចាត់គេជាគូៗឲ្យទៅមុនលោក ហើយចូលគ្រប់ក្រុងនិងគ្រប់ទីកន្លែងដែលលោកបម្រុងនឹងទៅ។ ២ រួចមក លោកមានប្រសាសន៍ទៅពួកគេថា៖ «ផលដំណាំដែលត្រូវប្រមូលមានច្រើនមែន តែកម្មករមានតិចទេ។ ដូច្នេះ ចូរអង្វរសុំម្ចាស់នៃកិច្ចការប្រមូលផលដំណាំ ចាត់កម្មករថែមទៀតឲ្យចូលរួមកិច្ចការរបស់លោក។ ៣ ចូរទៅចុះ។ មើល! ខ្ញុំកំពុងចាត់អ្នករាល់គ្នាឲ្យទៅ ដូចឲ្យកូនចៀមទៅកណ្ដាលហ្វូងឆ្កែចចក។ ៤ កុំយកស្បែកជើង ថង់ប្រាក់ ឬថង់យាមសម្រាប់ដាក់អាហារឡើយ ហើយក៏កុំឱបសួរសុខទុក្ខអ្នកណាតាមផ្លូវដែរ។ ៥ ពេលដែលអ្នកចូលក្នុងផ្ទះណាមួយ ចូរជូនពរជាមុនថា៖ ‹សូមឲ្យផ្ទះនេះបានប្រកបដោយសេចក្ដីសុខ›។ ៦ ប្រសិនបើគ្មានអ្នកណាដែលចង់បានសេចក្ដីសុខនៅទីនោះទេ សេចក្ដីសុខដែលអ្នករាល់គ្នាបានជូនពរនឹងវិលមកឯអ្នកវិញ។ ប៉ុន្តែបើអ្នកដែលចង់បានសេចក្ដីសុខនៅទីនោះ សេចក្ដីសុខដែលអ្នករាល់គ្នាបានជូនពរនឹងកើតមានដល់អ្នកនោះ។ ៧ ដូច្នេះ ចូរនៅផ្ទះនោះទៅ ហើយពិសាអ្វីដែលពួកគេឲ្យ ព្រោះកម្មករសមនឹងទទួលថ្លៃឈ្នួល។ កុំផ្លាស់ពីផ្ទះមួយទៅផ្ទះមួយឡើយ។
៨ «ម្យ៉ាងទៀត ពេលដែលអ្នកចូលក្នុងក្រុងណាមួយ ហើយអ្នកក្រុងនោះទទួលស្វាគមន៍អ្នករាល់គ្នា ចូរពិសាអ្វីដែលពួកគេឲ្យ ៩ ថែមទាំងធ្វើឲ្យអ្នកដែលឈឺនៅក្រុងនោះជាសះស្បើយ ហើយបន្តប្រាប់ពួកគេថា៖ ‹រាជាណាចក្ររបស់ព្រះបានចូលមកជិតអ្នករាល់គ្នាហើយ›។ ១០ ក៏ប៉ុន្តែ ពេលដែលអ្នកចូលក្នុងក្រុងណាមួយ ហើយអ្នកក្រុងនោះមិនទទួលស្វាគមន៍អ្នករាល់គ្នា ចូរចេញទៅផ្លូវធំទាំងប៉ុន្មានហើយពោលថា៖ ១១ ‹សូម្បីតែធូលីដីពីក្រុងអ្នករាល់គ្នា ដែលជាប់ជើងយើង ក៏យើងជូតចេញដែរ ទុកជាភ័ស្តុតាងប្រឆាំងអ្នករាល់គ្នា។ ក៏ប៉ុន្តែ ចូរចងចាំថា រាជាណាចក្ររបស់ព្រះជិតដល់ហើយ›។ ១២ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃវិនិច្ឆ័យសេចក្ដី ក្រុងសូដុមនឹងទទួលទោសស្រាលជាងក្រុងនោះ។
១៣ «ក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាណាស់! និងក្រុងបេតសេដាអើយ! អ្នកត្រូវវេទនាណាស់ដែរ! ពីព្រោះប្រសិនបើការប្រកបដោយឫទ្ធានុភាពដែលបានកើតឡើងនៅទីនោះ បានកើតឡើងនៅក្នុងក្រុងទីរ៉ុសនិងស៊ីដូនវិញ អ្នកក្រុងទាំងនោះមុខជាបានប្រែចិត្តជាយូរយារមកហើយ ទាំងស្លៀកបាវអង្គុយក្នុងផេះផង។ ១៤ ដូច្នេះ ខ្ញុំប្រាប់អ្នកថា នៅថ្ងៃវិនិច្ឆ័យសេចក្ដី ក្រុងទីរ៉ុសនិងក្រុងស៊ីដូននឹងទទួលទោសស្រាលជាងអ្នក។ ១៥ ចំណែកអ្នកវិញ ក្រុងកាពើណិមអើយ! តើអ្នកនឹងត្រូវលើកតម្កើងដល់មេឃឬ? អ្នកនឹងចុះទៅក្នុងផ្នូរ* វិញ!
១៦ «អ្នកណាដែលស្ដាប់អ្នករាល់គ្នាក៏ដូចជាស្ដាប់ខ្ញុំដែរ ហើយអ្នកណាដែលមិនព្រមស្ដាប់អ្នករាល់គ្នា ក៏ដូចជាមិនព្រមស្ដាប់ខ្ញុំដែរ។ ម្យ៉ាងទៀត អ្នកដែលមិនស្ដាប់ខ្ញុំ ក៏ដូចជាមិនស្ដាប់លោកដែលចាត់ឲ្យខ្ញុំមក»។
១៧ លុះក្រោយមក ចិតសិបនាក់នោះបានវិលត្រឡប់មកវិញទាំងមានអំណរ ក៏បានជម្រាបថា៖ «លោកម្ចាស់ សូម្បីតែពួកវិញ្ញាណកំណាចក៏ស្ដាប់បង្គាប់យើងដោយសារនាមរបស់លោក»។ ១៨ ឮដូច្នេះ លោកមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំបានឃើញសាថាន* ធ្លាក់ដូចផ្លេកបន្ទោរពីស្ថានសួគ៌រួចហើយ។ ១៩ មើល! ខ្ញុំបានឲ្យអ្នកមានអំណាចជាន់ឈ្លីសត្វពស់និងខ្យាដំរី ក៏ឲ្យមានអំណាចលើឫទ្ធានុភាពរបស់សត្រូវ ហើយគ្មានអ្វីនឹងធ្វើទុក្ខអ្នករាល់គ្នាឡើយ។ ២០ ទោះជាយ៉ាងនោះក៏ដោយ កុំត្រេកអរដោយសារពួកវិញ្ញាណ* ត្រូវចុះចូលក្នុងអំណាចអ្នករាល់គ្នានោះឡើយ ប៉ុន្តែចូរត្រេកអរពីព្រោះឈ្មោះរបស់អ្នករាល់គ្នាបានត្រូវចារឹកទុកនៅឯស្ថានសួគ៌វិញ»។ ២១ នៅវេលានោះ លោកបានត្រេកអរពន់ពេកដោយសារសកម្មពលបរិសុទ្ធរបស់ព្រះ ក៏មានប្រសាសន៍ថា៖ «ឱបិតា ជាម្ចាស់ស្ថានសួគ៌និងផែនដី ខ្ញុំសូមសរសើរលោកនៅមុខមនុស្ស ពីព្រោះលោកបានលាក់អ្វីៗទាំងនេះយ៉ាងល្អពីអ្នកប្រាជ្ញនិងអ្នកចេះដឹង ហើយបានបើកសម្ដែងឲ្យកូនតូចៗយល់វិញ ពីព្រោះនេះគឺសមស្របតាមបំណងប្រាថ្នារបស់លោកជាបិតា។ ២២ បិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំហើយ។ គ្មានអ្នកណាស្គាល់បុត្ររបស់ព្រះច្បាស់ជាងព្រះដែលជាបិតា ហើយគ្មានអ្នកណាស្គាល់ព្រះដែលជាបិតាច្បាស់ជាងបុត្ររបស់លោក និងអ្នកដែលបុត្ររបស់លោកសុខចិត្តបើកសម្ដែងឲ្យស្គាល់នោះទេ»។
២៣ លុះមានប្រសាសន៍ចប់ហើយ លោកបែរទៅរកពួកអ្នកកាន់តាមដោយឡែកពីគេ ហើយពោលថា៖ «អស់អ្នកណាដែលមើលឃើញអ្វីៗដែលអ្នករាល់គ្នាកំពុងមើលឃើញ អ្នកទាំងនោះមានសុភមង្គលហើយ។ ២៤ ព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា ធ្លាប់មានពួកអ្នកប្រកាសទំនាយនិងស្តេចជាច្រើននាក់ដែលចង់ឃើញអ្វីដែលអ្នកកំពុងឃើញ តែមិនបានឃើញឡើយ ក៏ចង់ឮអ្វីដែលអ្នកកំពុងឮ តែមិនបានឮដែរ»។
២៥ ក្រោយមក មើល! បុរសម្នាក់ដែលចេះច្បាប់* ស្ទាត់បានក្រោកឡើងល្បងលលោកដោយសួរថា៖ «លោកគ្រូ តើខ្ញុំត្រូវធ្វើអ្វីដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ជាមត៌ក?»។ ២៦ លោកមានប្រសាសន៍ទៅបុរសនោះថា៖ «តើច្បាប់ចែងយ៉ាងណា? ពេលដែលអានតើអ្នកយល់ដូចម្ដេច?»។ ២៧ បុរសនោះឆ្លើយថា៖ «‹អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង* អស់ពីកម្លាំង ហើយអស់ពីសមត្ថភាពរិះគិត› ហើយ ‹អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក›»។ ២៨ លោកមានប្រសាសន៍ទៅគាត់ថា៖ «អ្នកឆ្លើយត្រឹមត្រូវហើយ ‹ចូរបន្តធ្វើដូច្នោះ ហើយអ្នកនឹងបានជីវិត›»។
២៩ ប៉ុន្តែបុរសនោះចង់បញ្ជាក់ថាខ្លួនគាត់សុចរិត ដូច្នេះ គាត់សួរលោកយេស៊ូថា៖ «តើអ្នកណាទៅ ជាអ្នកជិតខាងរបស់ខ្ញុំ?»។ ៣០ លោកយេស៊ូតបឆ្លើយថា៖ «មានបុរសម្នាក់កំពុងធ្វើដំណើរចុះពីក្រុងយេរូសាឡិមទៅក្រុងយេរីខូ ក៏បានធ្លាក់ក្នុងកណ្ដាប់ដៃពួកចោរប្លន់។ ចោរទាំងនោះបានចាប់ដោះយកសម្លៀកបំពាក់គាត់ ក៏វាយដំ រួចចេញទៅដោយទុកគាត់ចោលស្ទើរស្លាប់ស្ទើររស់។ ៣១ ចៃដន្យ នៅពេលនោះមានសង្ឃម្នាក់កំពុងចុះតាមផ្លូវនោះដែរ ប៉ុន្តែកាលដែលឃើញបុរសនោះ សង្ឃក៏ជៀសទៅម្ខាងផ្លូវហើយបន្តដំណើរ។ ៣២ ដូចគ្នាដែរ ពេលបុរសម្នាក់ពីកុលសម្ព័ន្ធលេវីបានចុះទៅដល់កន្លែងនោះហើយឃើញបុរសនោះ គាត់ក៏ជៀសទៅម្ខាងផ្លូវ ហើយបន្តដំណើរដែរ។ ៣៣ ប៉ុន្តែបុរសជនជាតិសាម៉ារីម្នាក់ដែលកំពុងធ្វើដំណើរតាមផ្លូវនោះបានប្រទះឃើញបុរសនោះ។ កាលបានឃើញហើយ គាត់ក៏មានចិត្តក្ដួលអាណិត។ ៣៤ ដូច្នេះ គាត់ទៅជិតហើយរុំរបួសឲ្យបុរសនោះ ក៏ចាក់ប្រេងនិងស្រាលើរបួសនោះផង។ រួចមក គាត់លើកបុរសនោះដាក់លើសត្វជាជំនិះរបស់គាត់ ក៏នាំយកទៅផ្ទះសម្នាក់មួយហើយថែទាំ។ ៣៥ លុះថ្ងៃស្អែក គាត់យកប្រាក់ពីរឌីណារី* ជូនម្ចាស់ផ្ទះសម្នាក់ ក៏ប្រាប់ថា៖ ‹សូមថែទាំគាត់ ហើយបើអ្នកចំណាយប្រាក់លើសពីនេះ ខ្ញុំនឹងសងអ្នកពេលខ្ញុំត្រឡប់មកវិញ›។ ៣៦ តាមយោបល់របស់អ្នក តើអ្នកណាក្នុងចំណោមបុរសទាំងបីនាក់នោះបានប្រព្រឹត្តជាអ្នកជិតខាងចំពោះបុរសដែលបានធ្លាក់ក្នុងកណ្ដាប់ដៃពួកចោរ?»។ ៣៧ គាត់ឆ្លើយថា៖ «គឺបុរសដែលបានប្រព្រឹត្តទៅលើគាត់ដោយមេត្ដាករុណា»។ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ចូរទៅចុះ! ហើយប្រព្រឹត្តដូច្នោះដែរ»។
៣៨ កាលដែលពួកគាត់កំពុងធ្វើដំណើរទៅ លោកបានចូលក្នុងភូមិមួយ។ នៅទីនោះស្ត្រីម្នាក់ឈ្មោះម៉ាថាបានទទួលលោកជាភ្ញៀវក្នុងផ្ទះ។ ៣៩ ស្ត្រីនេះក៏មានប្អូនស្រីម្នាក់ឈ្មោះម៉ារៀ។ ប៉ុន្តែម៉ារៀបានអង្គុយនៅតែក្បែរជើងរបស់លោកម្ចាស់ ហើយស្ដាប់លោកមានប្រសាសន៍។ ៤០ រីឯម៉ាថាវិញ នាងកំពុងរវល់ធ្វើកិច្ចការជាច្រើន។ ដូច្នេះ នាងបានចូលទៅជិត ក៏ជម្រាបថា៖ «តើលោកមិនឃើញថា ប្អូនខ្ញុំបានទុកឲ្យខ្ញុំធ្វើកិច្ចការតែម្នាក់ឯងទេឬ? ដូច្នេះ សូមប្រាប់គាត់ឲ្យជួយខ្ញុំផង»។ ៤១ លោកម្ចាស់តបថា៖ «ម៉ាថា ម៉ាថា នាងកំពុងខ្វល់ចិត្តណាស់អំពីកិច្ចការជាច្រើន។ ៤២ ប៉ុន្តែអ្វីដែលត្រូវការមានតែពីរបីមុខទេ ឬតែមួយមុខប៉ុណ្ណោះ។ ឯម៉ារៀ នាងបានរើសយកចំណែកល្អវិញ ហើយចំណែកនោះនឹងមិនត្រូវយកចេញពីនាងឡើយ»។
១១ មានគ្រាមួយ លោកកំពុងអធិដ្ឋាននៅកន្លែងមួយ។ លុះអធិដ្ឋានចប់ហើយ អ្នកកាន់តាមម្នាក់របស់លោកបានសុំថា៖ «លោកម្ចាស់ សូមបង្រៀនយើងឲ្យចេះអធិដ្ឋាន ដូចយ៉ូហានក៏បានបង្រៀនពួកអ្នកកាន់តាមគាត់ឲ្យចេះអធិដ្ឋានដែរ»។
២ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ពេលណាដែលអ្នកអធិដ្ឋាន ចូរពោលថា៖ ‹បិតាអើយ សូមឲ្យនាមរបស់លោកបានបរិសុទ្ធ។ សូមឲ្យរាជាណាចក្ររបស់លោកមកដល់។ ៣ សូមផ្ដល់អាហារ* ឲ្យយើងសម្រាប់ថ្ងៃនេះ តាមសេចក្ដីត្រូវការរបស់យើងនៅថ្ងៃនេះ ៤ ហើយសូមអភ័យទោសចំពោះការខុសឆ្គងរបស់យើង ព្រោះយើងក៏អភ័យទោសដល់អស់អ្នកណាដែលបានធ្វើខុសនឹងយើងដែរ។* សូមកុំឲ្យយើងចាញ់សេចក្ដីល្បួងឡើយ›»។
៥ លោកមានប្រសាសន៍ទៅពួកគាត់តទៅទៀតថា៖ «ឧបមាថា អ្នកមានមិត្តភក្ដិម្នាក់ ហើយអ្នកទៅរកគាត់កណ្ដាលអធ្រាត្រ រួចនិយាយថា៖ ‹សម្លាញ់អើយ! សូមឲ្យខ្ញុំខ្ចីនំប៉័ងបីដុំសិន ៦ ព្រោះខ្ញុំមានមិត្តភក្ដិម្នាក់ទើបតែមកដល់ គាត់ធ្វើដំណើរពីឆ្ងាយមក ហើយខ្ញុំគ្មានអ្វីទទួលគាត់សោះ›។ ៧ រួចមិត្តភក្ដិរបស់អ្នកតបពីក្នុងផ្ទះថា៖ ‹ឈប់រំខានខ្ញុំ ព្រោះទ្វារចាក់សោហើយ ឯកូនតូចៗរបស់ខ្ញុំកំពុងដេកនៅគ្រែជាមួយនឹងខ្ញុំដែរ។ ខ្ញុំមិនអាចក្រោកឡើងយកអ្វីទៅឲ្យអ្នកបានទេ›។ ៨ ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់ប្រាកដជានឹងក្រោកឡើង ហើយឲ្យអ្វីដែលមិត្តភក្ដិរបស់គាត់ត្រូវការ មិនមែនដោយសារអ្នកនោះជាមិត្តភក្ដិទេ តែដោយសារអ្នកនោះទទូចសុំឥតខ្លាចចិត្ត។ ៩ ដូចគ្នាដែរ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសុំឥតឈប់ នោះអ្នកនឹងទទួល ចូររកឥតឈប់ នោះអ្នកនឹងរកឃើញ ចូរគោះទ្វារឥតឈប់ នោះទ្វារនឹងត្រូវបើកឲ្យ។ ១០ ព្រោះអស់អ្នកដែលសុំនឹងទទួល ហើយអស់អ្នកដែលរក នឹងរកឃើញ ហើយចំពោះអស់អ្នកដែលគោះ ទ្វារនឹងត្រូវបើកឲ្យ។ ១១ ក្នុងចំណោមអ្នករាល់គ្នាជាឪពុក បើកូនសុំត្រី តើមានអ្នកណាម្នាក់នឹងឲ្យសត្វពស់មួយទៅកូន ជាជាងឲ្យត្រីមួយទេ? ១២ ឬបើកូនសុំស៊ុតមួយ តើនឹងឲ្យខ្ទួយមួយទៅកូនទេ? ១៣ ដូច្នេះ សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សទុច្ចរិត ចេះឲ្យរបស់ល្អដល់កូន ទម្រាំតែបិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌ លោកប្រាកដជានឹងផ្ដល់សកម្មពល* បរិសុទ្ធរបស់លោកដល់អ្នកដែលសុំពីលោកយ៉ាងណាទៅ!»។
១៤ ក្រោយមក លោកបានបណ្ដេញវិញ្ញាណកំណាចដែលធ្វើឲ្យបុរសម្នាក់គ។ លុះវិញ្ញាណកំណាចចេញពីបុរសនោះហើយ គាត់ចាប់ផ្ដើមនិយាយ ហើយបណ្ដាជនតាំងនឹកអស្ចារ្យក្នុងចិត្ត។ ១៥ ប៉ុន្តែអ្នកខ្លះក្នុងចំណោមពួកគេបាននិយាយថា៖ «បុរសនេះបណ្ដេញវិញ្ញាណកំណាច ដោយសារបេលសេប៊ូល* ដែលជាអ្នកគ្រប់គ្រងវិញ្ញាណកំណាចទេ»។ ១៦ រីឯអ្នកខ្លះទៀតបានល្បងលលោក ដោយសុំលោកសម្ដែងនូវសញ្ញាសម្គាល់មួយពីលើមេឃ។ ១៧ លោកជ្រាបអំពីគំនិតរបស់ពួកគេ ក៏មានប្រសាសន៍ថា៖ «រាជាណាចក្រណាដែលបែកបាក់ទាស់ប្រឆាំងគ្នា នឹងវិនាសទៅ ហើយផ្ទះណាដែលបែកបាក់ទាស់ប្រឆាំងគ្នានឹងរលំ។ ១៨ ដូច្នេះ បើសាថាន* បានបែកបាក់ទាស់ប្រឆាំងខ្លួនឯងហើយ តើរាជាណាចក្ររបស់សាថានអាចស្ថិតស្ថេរដូចម្ដេចបាន? ព្រោះអ្នករាល់គ្នានិយាយថាខ្ញុំបណ្ដេញវិញ្ញាណកំណាចដោយសារបេលសេប៊ូល។ ១៩ បើខ្ញុំបណ្ដេញវិញ្ញាណកំណាចដោយសារបេលសេប៊ូល ចុះតើអ្នកកាន់តាមអ្នករាល់គ្នាបណ្ដេញវិញ្ញាណកំណាចដោយសារអ្នកណាវិញ? ហេតុនេះហើយបានជាពួកគេនឹងវិនិច្ឆ័យអ្នករាល់គ្នា។ ២០ ក៏ប៉ុន្តែ ប្រសិនបើខ្ញុំបណ្ដេញវិញ្ញាណកំណាចដោយម្រាមដៃរបស់ព្រះវិញ នោះមានន័យថារាជាណាចក្ររបស់ព្រះបានមកដល់ដោយអ្នកមិនដឹងខ្លួន។ ២១ ពេលបុរសខ្លាំងពូកែម្នាក់ប្រដាប់អាវុធសព្វគ្រប់ យាមផ្ទះរបស់ខ្លួន នោះទ្រព្យសម្បត្ដិរបស់គាត់នៅគង់វង្ស។ ២២ ប៉ុន្តែពេលអ្នកដែលខ្លាំងជាងមកច្បាំងឈ្នះគាត់ អ្នកនោះក៏ដកហូតអាវុធទាំងអស់ដែលគាត់បានទុកចិត្ត ហើយទ្រព្យសម្បត្ដិដែលអ្នកនោះបានរឹបអូសពីគាត់ អ្នកនោះក៏ចែករំលែកដល់អ្នកដទៃ។ ២៣ អ្នកណាដែលមិនគាំទ្រខាងខ្ញុំ អ្នកនោះប្រឆាំងខ្ញុំវិញ ហើយអ្នកណាដែលមិនប្រមូលមនុស្សជាមួយនឹងខ្ញុំ អ្នកនោះធ្វើឲ្យមនុស្សខ្ចាត់ខ្ចាយវិញ។
២៤ «នៅពេលដែលវិញ្ញាណ* អសោចចេញពីមនុស្សម្នាក់ វាឆ្លងកាត់ទីហួតហែង ដើម្បីរកកន្លែងសម្រាក ហើយរកមិនឃើញឡើយ។ រួចមក វានិយាយថា៖ ‹ខ្ញុំនឹងត្រឡប់ទៅផ្ទះរបស់ខ្ញុំ ដែលខ្ញុំទើបនឹងចេញ›។ ២៥ លុះទៅដល់ហើយ ឃើញថាផ្ទះនោះបានត្រូវបោសស្អាត និងតុបតែងយ៉ាងល្អ។ ២៦ ក្រោយមក វាចេញទៅនាំវិញ្ញាណប្រាំពីរទៀត ដែលទុច្ចរិតជាងវាចូលទៅក្នុង។ ពេលចូលទៅក្នុងហើយ ពួកវាអាស្រ័យនៅទីនោះ ហើយស្ថានភាពចុងក្រោយរបស់អ្នកនោះគឺអាក្រក់ជាងមុន»។
២៧ កាលដែលលោកកំពុងពោលពាក្យទាំងនេះ ស្ត្រីម្នាក់បន្លឺសំឡេងពីក្នុងចំណោមបណ្ដាជនជម្រាបលោកថា៖ «ស្ត្រីដែលបានរក្សាលោកក្នុងផ្ទៃ ហើយបំបៅលោក មានសុភមង្គលហើយ!»។ ២៨ ប៉ុន្តែលោកមានប្រសាសន៍ថា៖ «ទេ! គឺអស់អ្នកដែលឮបណ្ដាំរបស់ព្រះហើយធ្វើតាម ទើបមានសុភមង្គល!»។
២៩ ពេលដែលបណ្ដាជនកំពុងមូលគ្នា លោកមានប្រសាសន៍ថា៖ «មនុស្សជំនាន់នេះជាជំនាន់ទុច្ចរិត ព្រោះចេះតែរកមើលសញ្ញាសម្គាល់។ ប៉ុន្តែគ្មានសញ្ញាសម្គាល់ណានឹងត្រូវសម្ដែងឲ្យពួកគេឃើញឡើយ ក្រៅពីសញ្ញាសម្គាល់នៃយ៉ូណាស។ ៣០ ព្រោះដូចយ៉ូណាសបានធ្វើជាសញ្ញាសម្គាល់ដល់អ្នកក្រុងនីនីវេនោះ កូនមនុស្សក៏នឹងធ្វើជាសញ្ញាសម្គាល់ដល់មនុស្សជំនាន់នេះដែរ។ ៣១ នៅថ្ងៃវិនិច្ឆ័យសេចក្ដី មហាក្សត្រីនៃភាគខាងត្បូងនឹងរស់ឡើងវិញជាមួយនឹងមនុស្សជំនាន់នេះ ហើយនឹងផ្ដន្ទាទោសពួកគេដែរ ពីព្រោះមហាក្សត្រីនោះបានមកពីចុងផែនដីដើម្បីស្ដាប់សម្ដីប្រកបដោយប្រាជ្ញារបស់សាឡូម៉ូន ប៉ុន្តែមើល! អ្នកដែលធំជាងសាឡូម៉ូននៅទីនេះហើយ។ ៣២ នៅថ្ងៃវិនិច្ឆ័យសេចក្ដី មនុស្សពីក្រុងនីនីវេនឹងរស់ឡើងវិញជាមួយនឹងមនុស្សជំនាន់នេះ ហើយនឹងផ្ដន្ទាទោសពួកគេ ពីព្រោះអ្នកក្រុងនោះបានប្រែចិត្តពេលស្ដាប់អ្វីដែលយ៉ូណាសផ្សព្វផ្សាយ ប៉ុន្តែមើល! អ្នកដែលធំជាងយ៉ូណាសនៅទីនេះហើយ។ ៣៣ ក្រោយពីអុជចង្កៀង គេមិនដែលដាក់ក្នុងបន្ទប់ក្រោមដី ឬក្រោមប្រដាប់វាល់ស្រូវឡើយ តែគេដាក់លើជើងចង្កៀងវិញ ដើម្បីឲ្យអ្នកដែលចូលមកអាចឃើញពន្លឺបាន។ ៣៤ ភ្នែករបស់អ្នកជាចង្កៀងនៃរូបកាយ។ ពេលភ្នែករបស់អ្នកមើលរបស់តែមួយ* នោះរូបកាយទាំងមូលរបស់អ្នកក៏ភ្លឺ។ ប៉ុន្តែ បើភ្នែករបស់អ្នកសម្លឹងមើលអ្វីដែលទុច្ចរិត* នោះរូបកាយទាំងមូលរបស់អ្នកនឹងងងឹតវិញ។ ៣៥ ដូច្នេះ ចូរប្រុងប្រយ័ត្ន ក្រែងពន្លឺដែលនៅក្នុងអ្នក គឺជាសេចក្ដីងងឹតវិញ។ ៣៦ ម្ល៉ោះហើយ បើរូបកាយទាំងមូលរបស់អ្នកភ្លឺ ដោយគ្មានកន្លែងណាងងឹតសោះ នោះរូបកាយទាំងមូលនឹងបានភ្លឺ ដូចពេលដែលចង្កៀងបំភ្លឺអ្នកដែរ»។
៣៧ លុះមានប្រសាសន៍ចប់ហើយ ផារិស៊ីម្នាក់បានសុំលោកមកពិសាអាហារជាមួយនឹងគាត់។ ដូច្នេះ លោកបានចូលទៅអង្គុយនៅតុ។ ៣៨ ក៏ប៉ុន្តែ ផារិស៊ីនោះបានភ្ញាក់ផ្អើលពេលឃើញថាលោកមិនបានលាងដៃ* មុនពិសាអាហារ។ ៣៩ ប៉ុន្តែលោកម្ចាស់យេស៊ូបានមានប្រសាសន៍ទៅគាត់ថា៖ «អ្នករាល់គ្នា ជាពួកផារិស៊ី អ្នកលាងខាងក្រៅពែងនិងចាន តែខាងក្នុងចិត្តអ្នករាល់គ្នាវិញ អ្នកចង់តែប្លន់និងធ្វើអំពើទុច្ចរិត។ ៤០ មនុស្សឥតវិចារណញ្ញាណ! លោកដែលបានបង្កើតខាងក្រៅ ក៏បានបង្កើតខាងក្នុងដែរ មែនទេ? ៤១ ទោះជាយ៉ាងនោះក៏ដោយ ចូរធ្វើទានដោយឲ្យអ្វីៗខាងក្នុងចិត្តវិញ ហើយមើល! អ្វីៗទាំងអស់ទៀតរបស់អ្នកក៏នឹងស្អាតបរិសុទ្ធដែរ។ ៤២ ក៏ប៉ុន្តែអ្នករាល់គ្នាជាពួកផារិស៊ី អ្នកនឹងត្រូវវេទនា! ពីព្រោះអ្នករាល់គ្នាឲ្យមួយភាគដប់ពីជីអង្កាម ប៉េកាណុន* និងបន្លែឯទៀត តែអ្នករំលងយុត្ដិធម៌និងសេចក្ដីស្រឡាញ់ចំពោះព្រះ! អ្នកមានកាតព្វកិច្ចធ្វើអ្វីៗទាំងនោះ តែរឿងផ្សេងទៀត មិនត្រូវលះចោលឡើយ។ ៤៣ អ្នករាល់គ្នាជាពួកផារិស៊ី អ្នកនឹងត្រូវវេទនា! ពីព្រោះអ្នកចូលចិត្តអង្គុយកន្លែងនៅខាងមុខក្នុងសាលាប្រជុំ ហើយចង់ឲ្យមនុស្សជម្រាបសួរ សម្ដែងការគោរពនៅផ្សារ! ៤៤ អ្នករាល់គ្នានឹងត្រូវវេទនា! ពីព្រោះអ្នកដូចជាទីបញ្ចុះសពដែលគេមើលមិនឃើញ ហើយដើរជាន់ដោយមិនដឹងខ្លួន!»។
៤៥ អ្នកចេះច្បាប់* ស្ទាត់ម្នាក់បានជម្រាបលោកថា៖ «លោកគ្រូមានប្រសាសន៍ដូច្នេះ បានសេចក្ដីថាលោកដៀលត្មះយើងខ្ញុំដែរ»។ ៤៦ រួចលោកមានប្រសាសន៍ថា៖ «អ្នករាល់គ្នា ជាអ្នកចេះច្បាប់ស្ទាត់ អ្នកនឹងត្រូវវេទនា! ពីព្រោះបន្ទុកដែលអ្នកដាក់លើមនុស្ស គឺជាបន្ទុកដែលពិបាករែកពុន ប៉ុន្តែអ្នកមិនសុខចិត្តយកម្រាមដៃមកពាល់បន្ទុកនោះបន្ដិចសោះ!
៤៧ «អ្នករាល់គ្នានឹងត្រូវវេទនា! ពីព្រោះអ្នកធ្វើទីបញ្ចុះសពរបស់ពួកអ្នកប្រកាសទំនាយ តែបុព្វបុរសរបស់អ្នករាល់គ្នាបានសម្លាប់ពួកគេ! ៤៨ អ្នករាល់គ្នាប្រាកដជាធ្វើជាសាក្សីពីការប្រព្រឹត្តនៃបុព្វបុរសរបស់អ្នករាល់គ្នា តែអ្នកបង្ហាញថាអ្នកយល់ព្រមនឹងការប្រព្រឹត្តរបស់អ្នកទាំងនោះ ពីព្រោះពួកគេបានសម្លាប់ពួកអ្នកប្រកាសទំនាយ ហើយអ្នកកំពុងធ្វើទីបញ្ចុះសពរបស់អ្នកប្រកាសទំនាយទាំងនោះ។ ៤៩ ហេតុនេះ ព្រះបានមានប្រសាសន៍ដោយប្រាជ្ញាថា៖ ‹ខ្ញុំនឹងចាត់ពួកអ្នកប្រកាសទំនាយនិងពួកសាវ័កទៅឯពួកគេ ហើយអ្នកខ្លះនឹងត្រូវពួកគេសម្លាប់និងបៀតបៀន ៥០ ដើម្បីឲ្យមនុស្សជំនាន់នេះទទួលទោសចំពោះការបង្ហូរឈាមពួកអ្នកប្រកាសទំនាយទាំងអស់ តាំងពីកំណើតពិភពលោកមក ៥១ តាំងពីឈាមរបស់អេបិល រហូតដល់ឈាមរបស់សាការី ដែលគេបានសម្លាប់នៅចន្លោះទីបូជានិងវិហារ›។ ខ្ញុំប្រាប់អ្នករាល់គ្នាថា មនុស្សជំនាន់នេះនឹងទទួលទោសចំពោះឈាមរបស់អ្នកទាំងអស់នោះពិតមែន។
៥២ «អ្នករាល់គ្នា ជាអ្នកចេះច្បាប់ស្ទាត់ អ្នកនឹងត្រូវវេទនា! ពីព្រោះអ្នកបានដកយកកូនសោនៃចំណេះចេញ។ អ្នករាល់គ្នាមិនបានចូល ហើយអ្នកដែលកំពុងចូល អ្នកបានឃាត់មិនឲ្យចូលដែរ!»។
៥៣ ដូច្នេះ ពេលដែលលោកចេញពីទីនោះ ពួកអ្នកជំនាញខាងច្បាប់ និងពួកផារិស៊ីចាប់ផ្ដើមប្រជ្រៀតគ្នាចោមរោមលោក ហើយសួរដេញដោលអំពីរឿងផ្សេងទៀតជាច្រើន ៥៤ ក៏ចាំឲ្យលោកមានប្រសាសន៍ពីអ្វីមួយ ដើម្បីអាចចាប់កំហុសលោក។
១២ នៅគ្រានោះ ក្រោយពីមនុស្សបានមូលគ្នាច្រើនពាន់នាក់រហូតដល់ជាន់ជើងគ្នា លោកចាប់ផ្ដើមមានប្រសាសន៍ដោយប្រាប់ពួកអ្នកកាន់តាមលោកថា៖ «ចូរប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី ពោលគឺពុតត្បុតរបស់ពួកគេ។ ២ ប៉ុន្តែអ្វីៗទាំងអស់ដែលបានត្រូវបិទបាំងយ៉ាងជិតល្អ នឹងត្រូវបើកបង្ហាញ ហើយអ្វីៗទាំងអស់ដែលជាអាថ៌កំបាំង នឹងត្រូវគេដឹង។ ៣ ហេតុនេះ អ្វីដែលអ្នករាល់គ្នានិយាយក្នុងទីងងឹត នោះនឹងត្រូវគេឮនៅកន្លែងភ្លឺ ហើយអ្វីដែលអ្នកខ្សឹបនៅក្នុងបន្ទប់ នោះនឹងត្រូវផ្សាយពីលើដំបូលផ្ទះវិញ។ ៤ ម្យ៉ាងទៀត សម្លាញ់ខ្ញុំអើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំខ្លាចអ្នកដែលសម្លាប់រូបកាយ តែពុំអាចធ្វើអ្វីលើសពីនោះឡើយ។ ៥ ផ្ទុយទៅវិញ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាថាត្រូវខ្លាចអ្នកណា គឺត្រូវខ្លាចលោកដែលអាចសម្លាប់ រួចបោះទៅក្នុងជ្រលងភ្នំហ៊ីណុំ។* ខ្ញុំប្រាប់អ្នករាល់គ្នាថា គឺលោកហើយដែលអ្នកត្រូវខ្លាច។ ៦ គេលក់ចាបពូកប្រាំក្បាលថ្លៃពីរសេន* មែនទេ? ប៉ុន្តែព្រះមិនភ្លេចចាបទាំងនោះឡើយ សូម្បីតែចាបមួយក៏ដោយ។ ៧ ប៉ុន្តែសូម្បីតែចំនួនសរសៃសក់នៅលើក្បាលអ្នករាល់គ្នា ក៏លោកជ្រាបដែរ។ កុំខ្លាចឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃជាងចាបពូកជាច្រើនទៅទៀត។
៨ «ម្ល៉ោះហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលទទួលស្គាល់ខ្ញុំនៅមុខមនុស្ស កូនមនុស្សក៏នឹងទទួលស្គាល់អ្នកនោះនៅមុខបណ្ដាទេវតារបស់ព្រះដែរ។ ៩ ប៉ុន្តែ អ្នកណាដែលបដិសេធ មិនទទួលស្គាល់ខ្ញុំនៅមុខមនុស្ស កូនមនុស្សក៏នឹងបដិសេធ មិនទទួលស្គាល់អ្នកនោះនៅមុខបណ្ដាទេវតារបស់ព្រះដែរ។ ១០ ហើយអ្នកណាដែលពោលពាក្យប្រឆាំងកូនមនុស្ស អ្នកនោះនឹងត្រូវអភ័យទោសឲ្យ ប៉ុន្តែអ្នកណាដែលពោលពាក្យប្រមាថសកម្មពល* បរិសុទ្ធរបស់ព្រះ អ្នកនោះនឹងមិនត្រូវអភ័យទោសឲ្យទេ។ ១១ ប៉ុន្តែពេលដែលគេបញ្ជូនអ្នកទៅឯការប្រជុំសាធារណៈ ពួកមន្ត្រីរាជការ និងពួកអាជ្ញាធរ កុំខ្វល់ចិត្តថាអ្នកត្រូវនិយាយអ្វីឬនិយាយយ៉ាងណាដើម្បីការពារខ្លួននោះឡើយ ១២ ព្រោះសកម្មពលបរិសុទ្ធរបស់ព្រះនឹងបង្រៀនអ្នករាល់គ្នានូវអ្វីដែលអ្នកត្រូវនិយាយនៅពេលនោះឯង»។
១៣ ក្រោយមក បុរសម្នាក់ក្នុងបណ្ដាជនបានសុំលោកថា៖ «លោកគ្រូ សូមប្រាប់បងប្រុសខ្ញុំចែកមត៌កឲ្យខ្ញុំផង»។ ១៤ លោកមានប្រសាសន៍ទៅគាត់ថា៖ «តើអ្នកណាបានតែងតាំងខ្ញុំឲ្យធ្វើជាចៅក្រម ឬជាអ្នកចែកទ្រព្យសម្បត្ដិឲ្យអ្នករាល់គ្នា?»។ ១៥ រួចលោកមានប្រសាសន៍ទៅពួកគេថា៖ «ចូរប្រុងប្រៀបស្មារតីជានិច្ច ហើយប្រុងប្រយ័ត្ននឹងការលោភលន់* គ្រប់យ៉ាង ពីព្រោះទោះជាមនុស្សម្នាក់មានទ្រព្យសម្បត្ដិច្រើនយ៉ាងណាក៏ដោយ ក៏គាត់មិនបានជីវិតពីទ្រព្យទាំងនោះទេ»។ ១៦ លុះពោលពាក្យទាំងនេះចប់ហើយ លោកលើកឧទាហរណ៍មួយប្រាប់ពួកគេថា៖ «ស្រែចម្ការរបស់បុរសអ្នកមានម្នាក់បានបង្កើតផលច្រើន។ ១៧ ម្ល៉ោះហើយ គាត់ចាប់ផ្ដើមរិះគិតក្នុងចិត្តថា៖ ‹ឥឡូវខ្ញុំគ្មានកន្លែងទុកផលដំណាំរបស់ខ្ញុំទេ ដូច្នេះ តើខ្ញុំត្រូវធ្វើយ៉ាងណាទៅ?›។ ១៨ រួចគាត់និយាយថា៖ ‹ខ្ញុំត្រូវធ្វើដូច្នេះវិញ ខ្ញុំនឹងរុះឃ្លាំងទាំងអស់របស់ខ្ញុំ ហើយធ្វើឃ្លាំងធំៗជាង រួចមកខ្ញុំនឹងទុកស្រូវសាលីនិងរបស់ល្អទាំងអស់របស់ខ្ញុំនៅទីនោះ ១៩ ហើយខ្ញុំនឹងប្រាប់ខ្លួនខ្ញុំថា៖ «ខ្ញុំអើយ! ខ្ញុំបានប្រមូលទុករបស់ល្អច្រើន ល្មមសម្រាប់យូរឆ្នាំទៀត ចូរសម្រាកចុះ ហើយផឹកនិងបរិភោគឲ្យសប្បាយទៅ»›។ ២០ ប៉ុន្តែព្រះមានប្រសាសន៍ទៅគាត់ថា៖ ‹មនុស្សឥតវិចារណញ្ញាណអើយ នៅយប់នេះឯងគេកំពុងទាមទារជីវិត* របស់អ្នកហើយ។ ដូច្នេះ តើអ្នកណានឹងទទួលអ្វីៗដែលអ្នកបានប្រមូលទុកនោះ?›។ ២១ អ្នកណាដែលប្រមូលទ្រព្យសម្បត្ដិទុកសម្រាប់ខ្លួន តែមិនមែនជាអ្នកមានចំពោះព្រះ អ្នកនោះក៏ដូច្នោះដែរ»។
២២ បន្ទាប់មក លោកមានប្រសាសន៍ទៅពួកអ្នកកាន់តាមលោកថា៖ «ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ឈប់ខ្វល់ខ្វាយអំពីជីវិតខ្លួនថា នឹងបានអ្វីបរិភោគ ឬខ្វល់ខ្វាយអំពីរូបកាយថា នឹងបានអ្វីស្លៀកពាក់ឡើយ។ ២៣ ព្រោះជីវិតមានតម្លៃជាងម្ហូបអាហារ ហើយរូបកាយមានតម្លៃជាងសម្លៀកបំពាក់។ ២៤ ចូរកត់សម្គាល់ថា សត្វក្អែកមិនសាបព្រោះ ឬច្រូតកាត់ ហើយក៏គ្មានជង្រុកឬឃ្លាំងទេ តែព្រះផ្ដល់ចំណីឲ្យវា។ ទម្រាំតែអ្នករាល់គ្នា តើមិនមានតម្លៃជាងសត្វស្លាបទេឬ? ២៥ ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាអាចធ្វើឲ្យអាយុជីវិតខ្លួនវែងជាងបាន សូម្បីតែបន្ដិច* ដោយសារការខ្វល់ខ្វាយរបស់ខ្លួននោះទេ? ២៦ ម្ល៉ោះហើយ បើអ្នករាល់គ្នាធ្វើការដ៏តូចនេះពុំកើត គ្មានហេតុឲ្យអ្នករាល់គ្នាខ្វល់ខ្វាយអំពីរឿងក្រៅពីនោះ មែនទេ? ២៧ ចូរកត់សម្គាល់របៀបដែលផ្កានៅឯវាលដុះឡើង។ វាមិនធ្វើការនឿយហត់ទេ ក៏មិនត្បាញរវៃដែរ ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែសាឡូម៉ូនកាលដែលតែងខ្លួនល្អប្រណីតបំផុត ក៏មិនស្មើនឹងផ្កាមួយទងបែបនោះផង។ ២៨ ព្រះតុបតែងរុក្ខជាតិដែលដុះនៅឯវាលថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវបោះទៅក្នុងឡ។ បើដូច្នេះ ព្រះប្រាកដជានឹងផ្ដល់សម្លៀកបំពាក់លើសជាងនោះទៅទៀតឲ្យអ្នករាល់គ្នា ដែលជាអ្នកមានជំនឿតិច! ២៩ ដូច្នេះ ឈប់ខ្វល់ខ្វាយថា នឹងបានអ្វីបរិភោគ ឬនឹងបានអ្វីផឹក ហើយឈប់បារម្ភ ៣០ ព្រោះរបស់ទាំងអស់នេះជាអ្វីដែលប្រជាជាតិទាំងឡាយនៅពិភពលោកនេះកំពុងស្វះស្វែងរក ប៉ុន្តែបិតារបស់អ្នកដឹងថាអ្នកត្រូវការរបស់ទាំងនេះ។ ៣១ ទោះជាយ៉ាងនោះក៏ដោយ ចូរស្វែងរករាជាណាចក្ររបស់លោកជាដរាប ហើយលោកនឹងផ្ដល់របស់ទាំងនេះឲ្យអ្នក។
៣២ «ហ្វូងតូចអើយ កុំខ្លាចឡើយ ពីព្រោះបិតារបស់អ្នកពេញចិត្តឲ្យរាជាណាចក្រដល់អ្នករាល់គ្នា។ ៣៣ ចូរលក់របស់ដែលអ្នករាល់គ្នាមាន ហើយធ្វើទាន។ ចូរធ្វើថង់ប្រាក់សម្រាប់ខ្លួនដែលមិនចេះសឹករេចរឹល ពោលគឺ ទ្រព្យដែលមិនចេះអស់នៅស្ថានសួគ៌ ជាកន្លែងដែលចោរមិនអាចទៅជិត ហើយសត្វល្អិតមិនស៊ីបំផ្លាញទេ។ ៣៤ ព្រោះទ្រព្យសម្បត្ដិរបស់អ្នកនៅកន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ។
៣៥ «ចូរចុកក្បិន ហើយឲ្យចង្កៀងរបស់អ្នករាល់គ្នានៅឆេះ ៣៦ ព្រមទាំងធ្វើឲ្យដូចពួកបុរសដែលកំពុងរង់ចាំម្ចាស់របស់ពួកគេវិលត្រឡប់មកពីពិធីមង្គលការ ដើម្បីពួកគេអាចបើកទ្វារជូនលោកភ្លាមពេលដែលលោកមកដល់ហើយគោះទ្វារ។ ៣៧ ខ្ញុំបម្រើណាដែលម្ចាស់ឃើញថាកំពុងចាំយាមពេលលោកមកដល់ ខ្ញុំបម្រើទាំងនោះនឹងមានសុភមង្គល! ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា លោកនឹងចុកក្បិន ក៏នឹងឲ្យពួកគេអង្គុយនៅតុ រួចចូលមកជិតហើយបម្រើពួកគេ។ ៣៨ ទោះជាលោកមកដល់នៅយាមទីពីរ* ឬរហូតដល់យាមទីបី* ក៏ដោយ ហើយឃើញថាពួកខ្ញុំបម្រើកំពុងធ្វើដូច្នោះ នោះពួកគេនឹងមានសុភមង្គល! ៣៩ ប៉ុន្តែចូរដឹងថា បើម្ចាស់ផ្ទះបានដឹងថាចោរនឹងមកនៅម៉ោងប៉ុន្មាន នោះម្ចាស់ផ្ទះមុខជាចាំយាមមិនឲ្យចោរចូលផ្ទះគាត់ឡើយ។ ៤០ អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ចដូច្នេះដែរ ពីព្រោះកូនមនុស្សនឹងមកនៅម៉ោងដែលអ្នករាល់គ្នាមិននឹកស្មាន»។
៤១ រួចមក ពេត្រុសសួរថា៖ «លោកម្ចាស់ តើលោកកំពុងលើកឧទាហរណ៍នេះសម្រាប់យើងតែប៉ុណ្ណោះ ឬក៏សម្រាប់ទាំងអស់គ្នា?»។ ៤២ លោកម្ចាស់តបថា៖ «តើអ្នកណាជាអ្នកបម្រើ* ដ៏ស្មោះត្រង់ ហើយចេះពិចារណា ដែលម្ចាស់នឹងតែងតាំងឲ្យមើលខុសត្រូវពួកអ្នកបម្រើរបស់លោក ដើម្បីឲ្យអាហារពួកគេបរិភោគគ្រប់គ្រាន់តាមពេលកំណត់? ៤៣ ខ្ញុំបម្រើនោះមានសុភមង្គលហើយ! ប្រសិនបើម្ចាស់មកដល់ ហើយឃើញថាគាត់កំពុងធ្វើដូច្នោះមែន! ៤៤ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា លោកនឹងតែងតាំងគាត់ឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់លោក។ ៤៥ ក៏ប៉ុន្តែ ប្រសិនបើខ្ញុំបម្រើនោះគិតក្នុងចិត្តថា៖ ‹ម្ចាស់ខ្ញុំកំពុងបង្អង់យូរ› រួចចាប់ផ្ដើមវាយពួកខ្ញុំបម្រើប្រុសស្រី ហើយស៊ីផឹកស្រវឹង ៤៦ នោះម្ចាស់របស់គាត់នឹងមកវិញនៅថ្ងៃដែលគាត់មិននឹកស្មាន និងនៅម៉ោងដែលគាត់មិនដឹង ហើយនឹងដាក់ទោសគាត់ធ្ងន់បំផុត ក៏រាប់បញ្ចូលក្នុងចំណោមមនុស្សឥតស្មោះត្រង់។ ៤៧ រួចមក ខ្ញុំបម្រើដែលបានយល់បំណងប្រាថ្នារបស់ម្ចាស់ តែមិនបានត្រៀមខ្លួនឬធ្វើតាមបំណងប្រាថ្នារបស់លោក នឹងត្រូវវាយជាច្រើនរំពាត់។ ៤៨ ក៏ប៉ុន្តែខ្ញុំបម្រើដែលមិនបានយល់ ហើយបានធ្វើអ្វីគួរនឹងត្រូវរំពាត់ នឹងត្រូវវាយតិច។ ដូច្នេះ អ្នកណាដែលទទួលច្រើន គេនឹងតម្រូវច្រើនពីអ្នកនោះ ហើយអ្នកណាដែលគេប្រគល់កិច្ចការជាច្រើនឲ្យមើលការខុសត្រូវ គេនឹងតម្រូវពីអ្នកនោះច្រើនលើសពីធម្មតា។
៤៩ «ខ្ញុំបានមកដើម្បីធ្វើឲ្យមានភ្លើងឆេះនៅផែនដី។ បើភ្លើងនោះកំពុងឆេះហើយ តើចាំបាច់ឲ្យខ្ញុំប្រាថ្នាអ្វីទៀត? ៥០ មានការជ្រមុជដែលខ្ញុំត្រូវទទួលពិតមែន ហើយខ្ញុំកំពុងកើតទុក្ខយ៉ាងខ្លាំងរហូតដល់ការជ្រមុជនោះចប់! ៥១ តើអ្នកគិតថាខ្ញុំបានមកដើម្បីនាំមកនូវសន្ដិភាពលើផែនដីឬ? មិនមែនទេ! ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមកដើម្បីធ្វើឲ្យមានការបែកបាក់គ្នាវិញ។ ៥២ ព្រោះចាប់តាំងពីពេលនេះទៅ នឹងមានមនុស្សប្រាំនាក់ក្នុងផ្ទះមួយ ហើយអ្នកទាំងប្រាំនោះនឹងបែកបាក់ទាស់ទែងគ្នា គឺបីនាក់ទាស់នឹងពីរនាក់ ហើយពីរនាក់ទាស់នឹងបីនាក់។ ៥៣ ពួកគេនឹងបែកបាក់គ្នា គឺឪពុកទាស់នឹងកូនប្រុស ហើយកូនប្រុសទាស់នឹងឪពុក ម្ដាយទាស់នឹងកូនស្រី ហើយកូនស្រីទាស់នឹងម្ដាយ ម្ដាយក្មេកទាស់នឹងកូនប្រសាស្រី ហើយកូនប្រសាស្រីទាស់នឹងម្ដាយក្មេក»។
៥៤ បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់បណ្ដាជនថា៖ «កាលណាអ្នករាល់គ្នាឃើញពពកឡើងនៅទិសខាងលិច អ្នកនិយាយភ្លាមថា៖ ‹នឹងមានព្យុះភ្លៀង› ហើយក៏កើតមានព្យុះភ្លៀងមែន។ ៥៥ ហើយកាលណាអ្នករាល់គ្នាឃើញថាខ្យល់បក់មកពីទិសខាងត្បូង នោះអ្នកនិយាយថា៖ ‹នឹងមានអាកាសធាតុក្ដៅ› ហើយក៏កើតឡើងមែន។ ៥៦ មនុស្សលាក់ពុត! អ្នករាល់គ្នាចេះសម្គាល់លក្ខណៈនៃផ្ទៃមេឃ និងផែនដី តែហេតុអ្វីបានជាមិនចេះពិចារណាអត្ថន័យនៃអ្វីដែលកំពុងកើតឡើងនៅគ្រានេះ? ៥៧ ហេតុអ្វីក៏អ្នករាល់គ្នាមិនពិចារណាដោយខ្លួនឯងដែរថា អ្វីជាសុចរិត? ៥៨ ជាឧទាហរណ៍ កាលដែលអ្នកកំពុងធ្វើដំណើរទៅជួបអាជ្ញាធរជាមួយនឹងសត្រូវដែលរកប្ដឹងអ្នកតាមច្បាប់ ចូរព្យាយាមដោះស្រាយទំនាស់នោះជាមួយនឹងគាត់តាមផ្លូវ ក្រែងគាត់បញ្ជូនអ្នកទៅចៅក្រម រួចចៅក្រមប្រគល់អ្នកទៅមន្ត្រីជំនួយតុលាការ ហើយមន្ត្រីជំនួយតុលាការដាក់អ្នកក្នុងគុក។ ៥៩ ខ្ញុំប្រាប់អ្នកថា អ្នកប្រាកដជាមិនចេញពីនោះ ទាល់តែបានសងបំណុលគ្មានខ្វះមួយសេន»។*
១៣ នៅគ្រានោះដែរ មានអ្នកខ្លះនៅទីនោះជម្រាបលោកថា ពីឡាតបានសម្លាប់អ្នកស្រុកកាលីឡេដែលកំពុងជូនគ្រឿងបូជា។ ២ ដូច្នេះ លោកតបទៅពួកគេថា៖ «តើអ្នករាល់គ្នាស្មានថា អ្នកស្រុកកាលីឡេទាំងនេះបានប្រព្រឹត្តអំពើខុសឆ្គងច្រើនជាងអ្នកស្រុកកាលីឡេឯទៀត ដោយសារពួកគេបានរងគ្រោះយ៉ាងនេះឬ? ៣ ខ្ញុំប្រាប់អ្នករាល់គ្នាថា គឺមិនដូច្នោះទេ ក៏ប៉ុន្តែអ្នកទាំងអស់គ្នានឹងត្រូវបំផ្លាញចោលដូចអ្នកទាំងនោះ ប្រសិនបើអ្នកមិនប្រែចិត្ត។ ៤ រីឯមនុស្សដប់ប្រាំបីនាក់វិញដែលបានស្លាប់ដោយសារប៉មនៅស៊ីឡូមបានរលំលើពួកគេ តើអ្នកស្មានថាពួកគេបានប្រព្រឹត្តអំពើខុសឆ្គង* ច្រើនជាងមនុស្សឯទៀតនៅក្រុងយេរូសាឡិមឬ? ៥ ខ្ញុំប្រាប់អ្នករាល់គ្នាថា គឺមិនដូច្នោះទេ ក៏ប៉ុន្តែអ្នកទាំងអស់គ្នានឹងត្រូវបំផ្លាញចោលដូចអ្នកទាំងនោះ ប្រសិនបើអ្នកមិនប្រែចិត្ត»។
៦ រួចមក លោកលើកឧទាហរណ៍មួយប្រាប់ពួកគេថា៖ «មានបុរសម្នាក់មានដើមល្វាតូច* នៅចម្ការទំពាំងបាយជូររបស់គាត់ ហើយគាត់មករកបេះផ្លែពីដើមល្វានោះ តែដើមនោះគ្មានផ្លែទេ។ ៧ នោះគាត់ប្រាប់អ្នកថែចម្ការទំពាំងបាយជូរថា៖ ‹ខ្ញុំបានមករកបេះផ្លែពីដើមល្វាតូចនេះអស់បីឆ្នាំហើយ តែដើមនេះគ្មានផ្លែសោះ។ ចូរកាប់វាចោល! មិនចាំបាច់ទុកឲ្យខាតដីតទៅទៀតទេ›។ ៨ អ្នកថែចម្ការទំពាំងបាយជូរតបថា៖ ‹លោកម្ចាស់ សូមលោកទុកដើមនោះឲ្យនៅមួយរដូវទៀត ចាំខ្ញុំជ្រួយដីនៅជុំវិញហើយដាក់ជី។ ៩ រួចបើនៅថ្ងៃមុខដើមនេះមានផ្លែ ជាការល្អហើយ ប៉ុន្តែបើគ្មានផ្លែទេ លោកអញ្ជើញកាប់ចោលចុះ›»។
១០ ក្រោយមក នៅថ្ងៃឈប់សម្រាកលោកកំពុងបង្រៀនក្នុងសាលាប្រជុំមួយ។ ១១ ហើយមើល! មានស្ត្រីម្នាក់ឈឺអស់ដប់ប្រាំបីឆ្នាំ ដោយសារឥទ្ធិពលនៃវិញ្ញាណកំណាច។ នាងកោងខ្នងជិតដល់ដី ហើយពុំអាចងើបត្រង់បានឡើយ។ ១២ នៅពេលលោកយេស៊ូឃើញនាង លោកមានប្រសាសន៍ថា៖ «នាងអើយ នាងបានត្រូវរំដោះពីជំងឺរបស់នាងហើយ»។ ១៣ រួចលោកដាក់ដៃលើនាង នាងក៏ងើបត្រង់ភ្លាម ហើយចាប់ផ្ដើមលើកតម្កើងព្រះ។ ១៤ ប៉ុន្តែពេលដែលអ្នកទទួលខុសត្រូវនៅសាលាប្រជុំឃើញដូច្នេះ គាត់ទាស់ចិត្ត ពីព្រោះលោកយេស៊ូបានធ្វើឲ្យនាងជានៅថ្ងៃឈប់សម្រាក រួចគាត់ប្រាប់បណ្ដាជនថា៖ «មានប្រាំមួយថ្ងៃដែលអ្នករាល់គ្នាគួរធ្វើការ។ ដូច្នេះ ចូរមកនៅថ្ងៃទាំងនោះដើម្បីជាពីជំងឺ មិនមែននៅថ្ងៃឈប់សម្រាកទេ»។ ១៥ ក៏ប៉ុន្តែ លោកម្ចាស់តបទៅគាត់ថា៖ «មនុស្សលាក់ពុត! នៅថ្ងៃឈប់សម្រាក អ្នករាល់គ្នាតែងតែស្រាយគោឈ្មោលឬលារបស់ខ្លួន រួចដឹកចេញពីក្រោលទៅឲ្យផឹកទឹក មែនទេ? ១៦ បើដូច្នេះ ចុះស្ត្រីនេះដែលជាកូន* អាប្រាហាំ ហើយដែលបានជាប់ចំណងរបស់សាថាន* អស់ដប់ប្រាំបីឆ្នាំហើយ តើមិនត្រូវស្រាយនាងឲ្យរួចពីចំណងនេះនៅថ្ងៃឈប់សម្រាកទេឬ?»។ ១៧ ពេលដែលលោកមានប្រសាសន៍ដូច្នេះ អស់អ្នកដែលប្រឆាំងលោកក៏មានសេចក្ដីខ្មាស ប៉ុន្តែបណ្ដាជនចាប់ផ្ដើមត្រេកអរវិញ ដោយឃើញការអស្ចារ្យទាំងប៉ុន្មានដែលលោកបានធ្វើ។
១៨ ម្ល៉ោះហើយ លោកមានប្រសាសន៍ថា៖ «តើរាជាណាចក្ររបស់ព្រះដូចជាអ្វី? តើខ្ញុំអាចប្រៀបប្រដូចរាជាណាចក្ររបស់ព្រះនឹងអ្វី? ១៩ គឺប្រៀបដូចជាគ្រាប់មូស្ដាត* ដែលបុរសម្នាក់បានយកមកដាំក្នុងសួនរបស់ខ្លួន រួចដើមនោះក៏ដុះឡើងទៅជាដើមឈើ ហើយសត្វស្លាបពីលើមេឃបានទំអាស្រ័យនៅលើមែកវា»។
២០ លោកមានប្រសាសន៍ម្ដងទៀតថា៖ «តើខ្ញុំអាចប្រៀបប្រដូចរាជាណាចក្ររបស់ព្រះនឹងអ្វី? ២១ គឺដូចជាដំបែ ដែលស្ត្រីម្នាក់បានយកទៅលាយក្នុងម្សៅបីរង្វាល់* ទាល់តែម្សៅទាំងអស់នោះបានដោរឡើង»។
២២ រួចលោកបានធ្វើដំណើរពីក្រុងមួយទៅក្រុងមួយ ហើយពីភូមិមួយទៅភូមិមួយឆ្ពោះទៅក្រុងយេរូសាឡិម។ កាលដែលធ្វើដំណើរ លោកក៏បង្រៀនទៀតផង។ ២៣ មានបុរសម្នាក់សួរលោកថា៖ «លោកម្ចាស់ តើមនុស្សដែលនឹងត្រូវសង្គ្រោះមានចំនួនតិចឬ?»។ លោកមានប្រសាសន៍ទៅពួកគេថា៖ ២៤ «ចូរអ្នករាល់គ្នាខំប្រឹងឲ្យខ្លាំងដើម្បីចូលតាមទ្វារចង្អៀត ពីព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា មនុស្សជាច្រើននឹងខំចូល តែចូលមិនបានទេ ២៥ ព្រោះពេលដែលម្ចាស់ផ្ទះបានក្រោកឡើងហើយចាក់សោទ្វារ រួចអ្នករាល់គ្នាក៏តាំងឈរខាងក្រៅហើយគោះទ្វារថា៖ ‹លោក សូមបើកទ្វារឲ្យយើងចូលផង› នោះលោកនឹងមានប្រសាសន៍ទៅអ្នករាល់គ្នាថា៖ ‹ខ្ញុំមិនដឹងថាអ្នកមកពីណាទេ›។ ២៦ បន្ទាប់មក អ្នករាល់គ្នានឹងចាប់ផ្ដើមនិយាយថា៖ ‹យើងធ្លាប់ពិសាអាហារពិសាស្រាជាមួយនឹងលោក ហើយលោកធ្លាប់បង្រៀននៅផ្លូវធំៗទាំងប៉ុន្មានរបស់យើង›។ ២៧ ប៉ុន្តែលោកនឹងប្រាប់អ្នករាល់គ្នាថា៖ ‹ខ្ញុំមិនដឹងថាអ្នកមកពីណាទេ។ ពួកអ្នកធ្វើអំពើទុច្ចរិតអើយ! ចូរចេញឲ្យឆ្ងាយពីខ្ញុំទៅ!› ២៨ អ្នករាល់គ្នានឹងយំហើយសង្កៀតធ្មេញ ពេលដែលឃើញអាប្រាហាំ អ៊ីសាក យ៉ាកុប និងពួកអ្នកប្រកាសទំនាយគ្រប់រូបនៅក្នុងរាជាណាចក្ររបស់ព្រះ តែអ្នករាល់គ្នាត្រូវបោះទៅក្រៅវិញ។ ២៩ ម្យ៉ាងទៀត មនុស្សពីតំបន់ខាងកើត និងតំបន់ខាងលិច ហើយពីទិសខាងជើង និងទិសខាងត្បូង នឹងមកអង្គុយនៅតុក្នុងរាជាណាចក្ររបស់ព្រះ។ ៣០ ហើយមើល! អ្នកក្រោយគេខ្លះ នឹងទៅជាអ្នកមុនគេ ហើយអ្នកមុនគេខ្លះ នឹងទៅជាអ្នកក្រោយគេវិញ»។
៣១ នៅវេលានោះឯង ពួកផារិស៊ីខ្លះបានចូលមកជិតលោក ហើយជម្រាបថា៖ «ចូរចេញពីកន្លែងនេះទៅ ពីព្រោះហេរ៉ូឌចង់សម្លាប់អ្នក»។ ៣២ លោកមានប្រសាសន៍ទៅពួកគេថា៖ «ចូរទៅប្រាប់មនុស្សក្រឡេចក្រឡុច* នោះថា៖ ‹មើល! ថ្ងៃនេះនិងថ្ងៃស្អែក ខ្ញុំនឹងបណ្ដេញវិញ្ញាណកំណាច ហើយធ្វើឲ្យមនុស្សជាសះស្បើយ រួចនៅថ្ងៃទីបីខ្ញុំនឹងបញ្ចប់កិច្ចការរបស់ខ្ញុំ›។ ៣៣ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំត្រូវធ្វើដំណើរនៅថ្ងៃនេះ ថ្ងៃស្អែក និងខានស្អែក ពីព្រោះអ្នកប្រកាសទំនាយពុំអាចត្រូវបំផ្លាញនៅខាងក្រៅក្រុងយេរូសាឡិមបានឡើយ។ ៣៤ ក្រុងយេរូសាឡិម ក្រុងយេរូសាឡិមអើយ! គឺនាងហើយដែលបានសម្លាប់ពួកអ្នកប្រកាសទំនាយ ហើយបានគប់ដុំថ្មសម្លាប់អ្នកដែលបានត្រូវចាត់មកឯនាង! ច្រើនដងហើយដែលខ្ញុំចង់ប្រមូលកូនរបស់នាងមក ដូចមេមាន់ក្រុងកូនក្រោមស្លាបវា។ ប៉ុន្តែអ្នករាល់គ្នាមិនព្រមសោះ! ៣៥ មើល! វិហារនេះ* នឹងត្រូវបោះបង់ចោល ហើយទុកឲ្យអ្នករាល់គ្នាវិញ។ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនឹងមិនឃើញខ្ញុំឡើយ រហូតដល់អ្នកថា៖ ‹អ្នកដែលមកក្នុងនាមព្រះយេហូវ៉ា មានពរហើយ!›»។
១៤ មានថ្ងៃមួយជាថ្ងៃឈប់សម្រាក លោកយេស៊ូបានចូលក្នុងផ្ទះរបស់មេដឹកនាំម្នាក់នៃពួកផារិស៊ីដើម្បីពិសាអាហារ ហើយអស់អ្នកដែលនៅទីនោះបានសង្កេតមើលលោក។ ២ ហើយមើល! មានបុរសម្នាក់នៅមុខលោកដែលកើតរោគហើម។ ៣ ដូច្នេះ លោកយេស៊ូសួរពួកអ្នកចេះច្បាប់* ស្ទាត់និងពួកផារិស៊ីថា៖ «តើមានច្បាប់ធ្វើឲ្យមនុស្សជាសះស្បើយនៅថ្ងៃឈប់សម្រាកឬទេ?»។ ៤ ប៉ុន្តែពួកគេនៅស្ងៀម។ ឃើញដូច្នេះ លោកយេស៊ូយកបុរសនោះមកធ្វើឲ្យជាសះស្បើយ រួចឲ្យគាត់ចេញទៅ។ ៥ បន្ទាប់មក លោកមានប្រសាសន៍ទៅពួកគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើកូនប្រុសឬគោឈ្មោលរបស់ខ្លួនធ្លាក់អណ្ដូងនៅថ្ងៃឈប់សម្រាក តើមានអ្នកណាមិនលើកចេញភ្លាមទេឬ?»។ ៦ រួចពួកគេពុំអាចតបឆ្លើយទៅលោកអំពីរឿងទាំងនោះបានឡើយ។
៧ រួចមក ដោយសារលោកសង្កេតឃើញថាពួកបុរសដែលជាភ្ញៀវកំពុងរើសយកកន្លែងលេចមុខលេចមាត់ជាងគេ នោះលោកលើកឧទាហរណ៍មួយប្រាប់ពួកគេថា៖ ៨ «ពេលដែលមានគេអញ្ជើញអ្នកទៅពិសាភោជនាហារអបអរអាពាហ៍ពិពាហ៍ កុំទៅអង្គុយនៅកន្លែងលេចមុខលេចមាត់ជាងគេឡើយ ក្រែងលោនៅពេលនោះគេបានអញ្ជើញភ្ញៀវណាម្នាក់ដែលមានកិត្ដិយសជាងអ្នក ៩ ហើយអ្នកដែលបានអញ្ជើញអ្នកនិងភ្ញៀវនោះមកប្រាប់អ្នកថា៖ ‹សូមឲ្យបុរសនេះអង្គុយនៅទីនេះវិញ› រួចអ្នកត្រូវទៅអង្គុយនៅកន្លែងក្រោយគេបង្អស់ដោយមានសេចក្ដីខ្មាសទៀតផង។ ១០ ប៉ុន្តែពេលដែលមានគេអញ្ជើញអ្នក ចូរទៅអង្គុយនៅកន្លែងក្រោយគេបង្អស់ ហើយពេលបុរសដែលបានអញ្ជើញអ្នកមកដល់ គាត់នឹងប្រាប់អ្នកថា៖ ‹សម្លាញ់ សូមទៅអង្គុយនៅកន្លែងខ្ពស់ជាង› រួចអ្នកនឹងមានកិត្ដិយសនៅមុខភ្ញៀវទាំងអស់។ ១១ អ្នកណាដែលតម្កើងខ្លួន អ្នកនោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន អ្នកនោះនឹងត្រូវតម្កើងឡើង»។
១២ បន្ទាប់មក លោកមានប្រសាសន៍ទៅបុរសដែលបានអញ្ជើញលោកមកថា៖ «ពេលដែលអ្នករៀបចំភោជនាហារថ្ងៃត្រង់ឬពេលល្ងាច កុំអញ្ជើញមិត្តភក្ដិ បងប្អូន ញាតិសន្ដាន ឬអ្នកជិតខាងដែលជាអ្នកមានឡើយ។ ប្រហែលជានៅពេលណាមួយពួកគេក៏នឹងអញ្ជើញអ្នកដែរដើម្បីតបស្នង។ ១៣ ប៉ុន្តែពេលដែលអ្នករៀបចំភោជនាហារ ចូរអញ្ជើញអ្នកក្រ អ្នកខ្វិន អ្នកពិការ អ្នកងងឹតភ្នែក ១៤ ហើយអ្នកនឹងមានសុភមង្គល ពីព្រោះពួកគេមិនអាចតបស្នងបានឡើយ។ អ្នកនឹងទទួលការតបស្នង ពេលដែលមនុស្សសុចរិតត្រូវប្រោសឲ្យរស់ឡើងវិញ»។
១៥ ឮដូច្នេះ ភ្ញៀវម្នាក់បានជម្រាបលោកថា៖ «អ្នកណាដែលបរិភោគភោជនាហារក្នុងរាជាណាចក្ររបស់ព្រះ អ្នកនោះនឹងមានសុភមង្គល»។
១៦ លោកយេស៊ូមានប្រសាសន៍ទៅអ្នកនោះថា៖ «បុរសម្នាក់បានរៀបចំពិធីពិសាភោជនាហារដ៏ធំមួយ ក៏បានអញ្ជើញភ្ញៀវជាច្រើន។ ១៧ រួចមក នៅម៉ោងដែលត្រូវពិសាភោជនាហារ លោកបានចាត់ខ្ញុំបម្រើរបស់លោកឲ្យប្រាប់ភ្ញៀវថា៖ ‹អញ្ជើញមកចុះ អ្វីៗបានត្រូវរៀបចំស្រេចហើយ›។ ១៨ ប៉ុន្តែពួកគេចាប់ផ្ដើមនិយាយដោះសាគ្រប់គ្នា។ ភ្ញៀវមួយនិយាយថា៖ ‹ខ្ញុំបានទិញចម្ការមួយ ហើយត្រូវទៅពិនិត្យមើលវា ដូច្នេះសូមអភ័យទោសផង›។ ១៩ ភ្ញៀវមួយទៀតនិយាយថា៖ ‹ខ្ញុំបានទិញគោប្រាំនឹម ហើយនឹងទៅពិនិត្យមើលវា ដូច្នេះសូមអភ័យទោសផង›។ ២០ ភ្ញៀវមួយផ្សេងទៀតនិយាយថា៖ ‹ខ្ញុំទើបតែរៀបការប្រពន្ធ ដូច្នេះខ្ញុំមិនអាចទៅបានទេ›។ ២១ ម្ល៉ោះហើយ ខ្ញុំបម្រើបានមកជម្រាបម្ចាស់របស់គាត់អំពីរឿងទាំងនោះ។ រួចមក ម្ចាស់ផ្ទះបានខឹងជាខ្លាំងក៏បានប្រាប់ខ្ញុំបម្រើថា៖ ‹ចូរប្រញាប់ចេញទៅផ្លូវទាំងធំទាំងតូចនៅក្នុងក្រុង ហើយនាំអ្នកក្រ អ្នកខ្វិន អ្នកងងឹតភ្នែក និងអ្នកពិការចូលមកទីនេះចុះ›។ ២២ ក្រោយមក ខ្ញុំបម្រើនោះជម្រាបថា៖ ‹លោកម្ចាស់ ខ្ញុំបានធ្វើតាមបង្គាប់របស់លោកហើយ តែនៅសល់កន្លែងទៀត›។ ២៣ ហើយម្ចាស់ប្រាប់ខ្ញុំបម្រើថា៖ ‹ចូរចេញទៅផ្លូវទាំងប៉ុន្មាននិងកន្លែងមានរបងជុំវិញ រួចជំរុញគេឲ្យចូលមក ដើម្បីឲ្យផ្ទះរបស់ខ្ញុំបានពេញ។ ២៤ ព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមពួកបុរសដែលខ្ញុំបានអញ្ជើញ ខ្ញុំមិនឲ្យអ្នកណាម្នាក់បរិភោគភោជនាហាររបស់ខ្ញុំឡើយ›»។
២៥ មានមនុស្សសន្ធឹកណាស់ដែលកំពុងធ្វើដំណើរទៅតាមលោក ហើយលោកបែរទៅមានប្រសាសន៍ប្រាប់ពួកគេថា៖ ២៦ «បើអ្នកណាមកឯខ្ញុំ ហើយមិនស្អប់* ឪពុក ម្ដាយ ប្រពន្ធ កូន បងប្អូនប្រុសស្រី និងជីវិត* ខ្លួន អ្នកនោះមិនអាចធ្វើជាអ្នកកាន់តាមខ្ញុំទេ។ ២៧ អ្នកណាដែលមិនលីបង្គោលទារុណកម្ម* របស់ខ្លួនហើយមកតាមខ្ញុំ មិនអាចធ្វើជាអ្នកកាន់តាមខ្ញុំទេ។ ២៨ ជាឧទាហរណ៍ ក្នុងចំណោមអ្នករាល់គ្នា បើចង់សង់ប៉មមួយ តើមានអ្នកណាមិនអង្គុយគិតគូរជាមុនសិនឲ្យដឹងថា ខ្លួនមានប្រាក់គ្រប់គ្រាន់ដើម្បីសង់ឲ្យបានរួចរាល់ឬទេ? ២៩ បើមិនដូច្នេះ អ្នកនោះប្រហែលជាចាក់គ្រឹះ តែមិនអាចបង្ហើយសំណង់បានទេ រួចអស់អ្នកដែលកំពុងមើលប្រហែលជាចាប់ផ្ដើមចំអកឲ្យអ្នកនោះ ៣០ ថា៖ ‹បុរសនេះចាប់ផ្ដើមសង់ តែមិនអាចបង្ហើយសំណង់បានទេ›។ ៣១ ម្យ៉ាងទៀត បើស្តេចណាចេញទៅធ្វើសង្គ្រាមនឹងស្តេចមួយទៀត ស្តេចនោះនឹងអង្គុយប្រឹក្សាជាមុនសិនឲ្យដឹងថា បើខ្លួនមានទាហានមួយម៉ឺននាក់ តើអាចតទល់នឹងអ្នកដែលមកច្បាំងដោយមានទាហានពីរម៉ឺននាក់ឬទេ? ៣២ បើពិតជាតទល់មិនបាន ស្តេចនោះចាត់ទូតមួយចំនួនឲ្យទៅសុំចរចារកសន្ដិភាព កាលដែលស្តេចមួយទៀតនៅឆ្ងាយនៅឡើយ។ ៣៣ ដូច្នេះ កុំច្រឡំឡើយ ក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាម្នាក់ដែលមិនលះបង់របស់ទាំងអស់ដែលខ្លួនមាន អាចធ្វើជាអ្នកកាន់តាមខ្ញុំបានទេ។
៣៤ «អំបិលគឺល្អពិតមែន ប៉ុន្តែបើអំបិលបាត់បង់ជាតិប្រៃ តើអ្នកអាចដាក់អ្វីលើអំបិលនោះដើម្បីធ្វើឲ្យមានជាតិប្រៃឡើងវិញបាន? ៣៥ វាគ្មានប្រយោជន៍ដល់ដីឬជីទេ។ គេបោះវាចោលទៅក្រៅវិញ។ អ្នកណាដែលមានត្រចៀកអាចស្ដាប់ឮ ចូរស្ដាប់ចុះ»។
១៥ ឯពួកអ្នកយកពន្ធនិងពួកអ្នកប្រព្រឹត្តអំពើខុសឆ្គងកំពុងចូលទៅជិតលោកឥតដាច់ ដើម្បីស្ដាប់លោក។ ២ ដូច្នេះ ពួកផារិស៊ីនិងពួកអ្នកជំនាញខាងច្បាប់ចេះតែរអ៊ូរទាំថា៖ «បុរសនេះទទួលពួកអ្នកប្រព្រឹត្តអំពើខុសឆ្គង ក៏បរិភោគជាមួយនឹងពួកគេទៀតផង»។ ៣ រួចមក លោកលើកឧទាហរណ៍ប្រាប់ពួកគេថា៖ ៤ «ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាម្នាក់មានចៀមមួយរយក្បាល តែបាត់ចៀមមួយ តើមិនទុកចៀមកៅសិបប្រាំបួនក្បាលទៀតនៅតំបន់ស្ងាត់ជ្រងំ រួចទៅរកចៀមដែលបាត់នោះទាល់តែឃើញទេឬ? ៥ លុះរកឃើញហើយ អ្នកនោះក៏ត្រេកអរ ហើយលើកចៀម នោះដាក់នៅលើ ក។ ៦ ក្រោយពីបានត្រឡប់មកផ្ទះវិញហើយ អ្នកនោះក៏ហៅមិត្តភក្ដិនិងអ្នកជិតខាងមកជុំគ្នា ហើយប្រាប់ថា៖ ‹សូមអរសប្បាយជាមួយនឹងខ្ញុំ ពីព្រោះចៀមរបស់ខ្ញុំដែលបាត់នោះ ខ្ញុំបានរកឃើញហើយ›។ ៧ ដូចគ្នាដែរ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌នឹងមានអំណរចំពោះអ្នកប្រព្រឹត្តអំពើខុសឆ្គងម្នាក់ដែលប្រែចិត្ត ខ្លាំងជាងចំពោះមនុស្សសុចរិតកៅសិបប្រាំបួននាក់ដែលមិនត្រូវការការប្រែចិត្តនោះទេ។
៨ «ចុះបើមានស្ត្រីម្នាក់ដែលមានកាក់ប្រាក់* ដប់ តែបាត់កាក់ប្រាក់មួយ តើនាងមិនអុជចង្កៀង បោសផ្ទះ រកយ៉ាងហ្មត់ចត់ទាល់តែឃើញទេឬ? ៩ លុះរកឃើញហើយ នាងហៅពួកស្ត្រីជាមិត្តភក្ដិនិងអ្នកជិតខាងរបស់នាងមកជុំគ្នា ហើយប្រាប់ពួកគេថា៖ ‹សូមអរសប្បាយជាមួយនឹងខ្ញុំ ពីព្រោះខ្ញុំបានរកឃើញកាក់ប្រាក់ដែលខ្ញុំបាត់ហើយ›។ ១០ ដូចគ្នាដែរ ខ្ញុំប្រាប់អ្នករាល់គ្នាថា បណ្ដាទេវតារបស់ព្រះមានអំណរ ពេលដែលអ្នកប្រព្រឹត្តអំពើខុសឆ្គងសូម្បីតែម្នាក់ប្រែចិត្ត»។
១១ រួចមក លោកមានប្រសាសន៍ថា៖ «មានបុរសម្នាក់ មានកូនប្រុសពីរនាក់។ ១២ ហើយកូនប្អូនសុំបុរសជាឪពុកថា៖ ‹លោកឪពុក សូមប្រគល់ទ្រព្យសម្បត្ដិដែលជាចំណែករបស់ខ្ញុំ›។ បន្ទាប់មក ឪពុកចែកទ្រព្យសម្បត្ដិឲ្យពួកគេ។ ១៣ មិនយូរក្រោយពីនោះ កូនប្អូនបានប្រមូលអ្វីៗទាំងអស់ហើយធ្វើដំណើរទៅស្រុកឆ្ងាយ។ នៅទីនោះគាត់បង្ហិនទ្រព្យសម្បត្ដិខ្លួនដោយប្រព្រឹត្តអំពើអបាយមុខ។ ១៤ ក្រោយពីបានចាយវាយអ្វីៗអស់ហើយ នៅស្រុកនោះកើតអត់ឃ្លានជាខ្លាំងនៅគ្រប់កន្លែង ហើយគាត់ចាប់ផ្ដើមខ្វះខាត ១៥ រួចគាត់ទៅធ្វើជាកូនឈ្នួលរបស់ពលរដ្ឋម្នាក់នៅស្រុកនោះ រួចអ្នកនោះចាត់គាត់ឲ្យទៅឃ្វាលជ្រូកនៅឯវាល។ ១៦ គាត់តែងតែចង់ចម្អែតក្រពះដោយចំណីជ្រូកទាំងនោះ ហើយគ្មានអ្នកណាព្រមឲ្យអ្វីដល់គាត់បរិភោគសោះ។
១៧ «ពេលដែលគាត់ភ្ញាក់ខ្លួនហើយ គាត់ប្រាប់ខ្លួនគាត់ថា៖ ‹ពួកកូនឈ្នួលទាំងប៉ុន្មានរបស់ឪពុកខ្ញុំមាននំប៉័ងបរិបូរ តែខ្ញុំវិញ ខ្ញុំជិតស្លាប់ដោយអត់ឃ្លាននៅទីនេះ! ១៨ ខ្ញុំនឹងក្រោកឡើង ធ្វើដំណើរទៅរកឪពុកខ្ញុំហើយជម្រាបថា៖ «លោកឪពុក ខ្ញុំបានធ្វើខុសនឹងព្រះ និងលោកឪពុក។ ១៩ ខ្ញុំមិនសមនឹងហៅជាកូនរបស់លោកឪពុកទៀតទេ។ សូមឲ្យខ្ញុំធ្វើជាកូនឈ្នួលរបស់លោកឪពុកវិញ»›។ ២០ ដូច្នេះ គាត់ក្រោកឡើងហើយទៅរកឪពុក។ ពេលដែលគាត់នៅឆ្ងាយនៅឡើយ ឪពុកគាត់ក្រឡេកទៅឃើញ ក៏មានចិត្តក្ដួលអាណិត រួចរត់ទៅឱបកូនហើយថើបដោយក្ដីស្រឡាញ់។ ២១ កូនប្រុសនោះជម្រាបឪពុកថា៖ ‹លោកឪពុក ខ្ញុំបានធ្វើខុសនឹងព្រះ និងលោកឪពុក។ ខ្ញុំមិនសមនឹងហៅជាកូនរបស់លោកឪពុកទៀតទេ។ សូមឲ្យខ្ញុំធ្វើជាកូនឈ្នួលរបស់លោកឪពុកវិញ›។ ២២ ប៉ុន្តែឪពុកប្រាប់ពួកខ្ញុំបម្រើថា៖ ‹ចូរប្រញាប់ទៅយកអាវផាយដ៏ល្អបំផុតបំពាក់ឲ្យគាត់ រួចយកចិញ្ចៀនមួយនិងស្បែកជើងបំពាក់ឲ្យផង។ ២៣ ហើយយកគោស្ទាវដែលយើងបានបំប៉នមកកាប់។ យើងបរិភោគហើយអរសប្បាយទៅ ២៤ ព្រោះកូនប្រុសខ្ញុំនេះបានស្លាប់ តែបានរស់ឡើងវិញ ក៏បានបាត់ តែបានត្រូវរកឃើញ›។ រួចមក ពួកគេចាប់ផ្ដើមអរសប្បាយ។
២៥ «ឯកូនប្រុសបងនៅឯស្រែចម្ការ។ ពេលដែលគាត់មកជិតដល់ផ្ទះហើយ គាត់ឮការប្រគំតន្ត្រីនិងការរាំរបាំ។ ២៦ ដូច្នេះ គាត់ហៅអ្នកបម្រើម្នាក់មក ហើយសួរថាមានអ្វីកំពុងកើតឡើង។ ២៧ អ្នកបម្រើនោះប្រាប់គាត់ថា៖ ‹ប្អូនប្រុសរបស់អ្នកបានមក ហើយឪពុករបស់អ្នកបានកាប់គោស្ទាវដែលយើងបានបំប៉ន ពីព្រោះប្អូនអ្នកមកវិញដោយមានសុវត្ថិភាព›។ ២៨ ប៉ុន្តែគាត់បែរជាខឹងយ៉ាងខ្លាំង ហើយមិនព្រមចូលក្នុងទេ។ រួចមក ឪពុករបស់គាត់ចេញមកអង្វរគាត់។ ២៩ គាត់តបទៅឪពុកថា៖ ‹ខ្ញុំបានធ្វើការជូនលោកឪពុកដូចជាខ្ញុំបម្រើអស់ជាច្រើនឆ្នាំហើយ ក៏មិនដែលរំលងបញ្ញត្ដិរបស់លោកឪពុកម្ដងណាឡើយ តែលោកឪពុកមិនដែលឲ្យខ្ញុំ សូម្បីតែកូនពពែមួយ ដើម្បីឲ្យខ្ញុំអរសប្បាយជាមួយនឹងមិត្តភក្ដិខ្ញុំទេ។ ៣០ ក៏ប៉ុន្តែពេលកូនប្រុសរបស់លោកឪពុកនេះ ដែលបង្ហិនបង្ហោចទ្រព្យសម្បត្ដិរបស់លោកជាមួយនឹងស្រីពេស្យាមកដល់ភ្លាម នោះលោកឪពុកកាប់គោស្ទាវដែលលោកបានបំប៉នដើម្បីទទួលវា›។ ៣១ រួចមក ឪពុកតបទៅកូនថា៖ ‹កូនអើយ កូនបាននៅជាមួយនឹងឪពុករហូត ហើយអ្វីៗទាំងអស់របស់ឪពុក ក៏ជារបស់កូនដែរ។ ៣២ ប៉ុន្តែយើងត្រូវតែអរសប្បាយហើយមានចិត្តរីករាយ ពីព្រោះប្អូនរបស់កូនបានស្លាប់ តែបានរស់ឡើងវិញ ក៏បានបាត់ តែបានត្រូវរកឃើញ›»។
១៦ បន្ទាប់មក លោកក៏បានមានប្រសាសន៍ទៅពួកអ្នកកាន់តាមលោកដែរថា៖ «បុរសអ្នកមានម្នាក់ មានអ្នកបម្រើ* ម្នាក់។ មានគេចោទប្រកាន់អ្នកបម្រើនោះថា កំពុងបង្ខាតទ្រព្យសម្បត្ដិរបស់ម្ចាស់គាត់។ ២ ដូច្នេះ ម្ចាស់ហៅអ្នកបម្រើនោះមក ក៏ប្រាប់ថា៖ ‹តើដឹងថាខ្ញុំបានឮគេនិយាយអ្វីពីអ្នកទេ? ចូរប្រគល់បញ្ជីគណនីមកខ្ញុំវិញ ពីព្រោះខ្ញុំលែងឲ្យអ្នកចាត់ចែងទៀតហើយ›។ ៣ ម្ល៉ោះហើយ អ្នកបម្រើនោះនិយាយប្រាប់ខ្លួនឯងថា៖ ‹ម្ចាស់ខ្ញុំលែងឲ្យខ្ញុំចាត់ចែងទៀតហើយ ដូច្នេះ តើខ្ញុំត្រូវធ្វើយ៉ាងណាវិញ? ខ្ញុំមិនមានកម្លាំងល្មមនឹងជីកដីទេ ហើយបើដើរសុំទានគេ ខ្ញុំត្រូវខ្មាសគេដែរ។ ៤ អូ៎! ខ្ញុំដឹងអ្វីដែលខ្ញុំត្រូវធ្វើក្រោយពីគេឈប់ឲ្យខ្ញុំចាត់ចែងកិច្ចការហើយ ដើម្បីឲ្យមានគេនឹងទទួលខ្ញុំស្នាក់នៅផ្ទះរបស់ពួកគេ›។ ៥ រួចមក គាត់ហៅកូនបំណុលគ្រប់គ្នាដែលជំពាក់ម្ចាស់របស់គាត់មក ក៏សួរកូនបំណុលទីមួយថា៖ ‹តើអ្នកជំពាក់ម្ចាស់ខ្ញុំប៉ុន្មាន?›។ ៦ អ្នកនោះឆ្លើយថា៖ ‹ប្រេងអូលីវមួយរយរង្វាល់›។* អ្នកបម្រើប្រាប់អ្នកនោះថា៖ ‹ចូរយកកិច្ចសន្យារបស់អ្នកទៅអង្គុយសរសេរហាសិបរង្វាល់វិញជាប្រញាប់›។ ៧ បន្ទាប់មក អ្នកបម្រើនោះសួរកូនបំណុលម្នាក់ទៀតថា៖ ‹ចុះអ្នកវិញ តើជំពាក់ប៉ុន្មានដែរ?›។ អ្នកនោះឆ្លើយថា៖ ‹ស្រូវសាលីមួយរយរង្វាល់›។* អ្នកបម្រើប្រាប់ថា៖ ‹ចូរយកកិច្ចសន្យារបស់អ្នកទៅសរសេរប៉ែតសិបរង្វាល់វិញ›។ ៨ ហើយម្ចាស់របស់អ្នកបម្រើនោះបានសរសើរគាត់ ពីព្រោះពិតមែនតែគាត់ទុច្ចរិត ប៉ុន្តែគាត់ប្រព្រឹត្តដោយប្រើប្រាជ្ញា។ ក្នុងការប្រព្រឹត្តចំពោះមនុស្សជំនាន់របស់ខ្លួន មនុស្សខាងពិភពលោកនេះមានប្រាជ្ញាជាងមនុស្សក្នុងពន្លឺ។
៩ «ខ្ញុំក៏ប្រាប់អ្នករាល់គ្នាដែរថា ចូរប្រើទ្រព្យនៃពិភពលោកទុច្ចរិតនេះ ប្រយោជន៍ឲ្យបានមិត្តភក្ដិ។ យ៉ាងនេះ ក្រោយពីទ្រព្យនោះសាបសូន្យទៅ មិត្តទាំងនោះនឹងទទួលអ្នកចូលក្នុងទីអាស្រ័យដែលស្ថិតស្ថេរជារៀងរហូត។ ១០ អ្នកណាដែលស្មោះត្រង់ក្នុងការដ៏តូចបំផុត អ្នកនោះក៏ស្មោះត្រង់ក្នុងការជាច្រើនដែរ ហើយអ្នកណាដែលមិនសុចរិតក្នុងការដ៏តូចបំផុត អ្នកនោះក៏មិនសុចរិតក្នុងការជាច្រើនដែរ។ ១១ ដូច្នេះ ប្រសិនបើអ្នកមិនបានបង្ហាញសេចក្ដីស្មោះត្រង់ក្នុងរបៀបដែលអ្នកប្រើទ្រព្យនៃពិភពលោកទុច្ចរិតនេះ តើអ្នកណានឹងផ្ញើទ្រព្យដ៏ពិតប្រាកដទុកនឹងអ្នករាល់គ្នា? ១២ ហើយប្រសិនបើអ្នករាល់គ្នាមិនបានបង្ហាញសេចក្ដីស្មោះត្រង់ក្នុងរបៀបដែលអ្នកប្រើអ្វីៗដែលជារបស់អ្នកដទៃ តើអ្នកណានឹងឲ្យអ្វីដែលសម្រាប់អ្នករាល់គ្នា? ១៣ គ្មានអ្នកបម្រើក្នុងផ្ទះណាម្នាក់អាចធ្វើជាខ្ញុំបម្រើរបស់ម្ចាស់ពីរបានឡើយ ព្រោះគាត់នឹងស្អប់ម្ចាស់ម្នាក់និងស្រឡាញ់ម្ចាស់ម្នាក់ទៀត ឬនៅជាប់នឹងម្ចាស់ម្នាក់និងប្រមាថមើលងាយម្ចាស់ម្នាក់ទៀត។ អ្នករាល់គ្នាមិនអាចជាខ្ញុំបម្រើរបស់ព្រះនិងទ្រព្យសម្បត្ដិបានឡើយ»។
១៤ ឯពួកផារិស៊ីជាមនុស្សដែលស្រឡាញ់ប្រាក់។ ពេលពួកគេកំពុងស្ដាប់លោកមានប្រសាសន៍ ក៏ចាប់ផ្ដើមពេបជ្រាយឲ្យលោក។ ១៥ ម្ល៉ោះហើយ លោកមានប្រសាសន៍ទៅពួកគេថា៖ «អ្នករាល់គ្នាប្រកាសថាខ្លួនសុចរិតនៅមុខមនុស្ស តែព្រះជ្រាបពីអ្វីដែលនៅក្នុងចិត្តអ្នករាល់គ្នា។ ព្រោះអ្វីដែលមនុស្សចាត់ទុកថាសំខាន់ គឺជាអ្វីដ៏គួរឲ្យស្អប់ខ្ពើមចំពោះព្រះវិញ។
១៦ «ច្បាប់* និងពាក្យរបស់ពួកអ្នកប្រកាសទំនាយបានត្រូវប្រកាសរហូតដល់យ៉ូហាន។ ចាប់តាំងពីពេលនោះមក រាជាណាចក្ររបស់ព្រះកំពុងត្រូវប្រកាសជាដំណឹងល្អ ហើយមនុស្សគ្រប់ប្រភេទកំពុងខំប្រឹងឈានទៅរករាជាណាចក្រនោះ។ ១៧ មេឃនិងផែនដីងាយបាត់សូន្យ ជាងអក្សរមួយតួក្នុងច្បាប់បាត់ទៅដោយមិនបានសម្រេច។
១៨ «អ្នកណាដែលលែងលះប្រពន្ធហើយរៀបការស្ត្រីម្នាក់ទៀត អ្នកនោះធ្វើអំពើផិតក្បត់ ហើយអ្នកណាដែលរៀបការជាមួយនឹងស្ត្រីដែលប្ដីលែង អ្នកនោះក៏ធ្វើអំពើផិតក្បត់ដែរ។
១៩ «ប៉ុន្តែធ្លាប់មានបុរសអ្នកមានម្នាក់ ដែលតែងខ្លួនដោយសម្លៀកបំពាក់ពណ៌ស្វាយនិងក្រណាត់សាច់ល្អ ក៏ធ្លាប់សប្បាយហ៊ឺហារៀងរាល់ថ្ងៃ។ ២០ តែអ្នកសុំទានម្នាក់ឈ្មោះឡាសាដែលមានដំបៅរលួយពេញខ្លួន ធ្លាប់ត្រូវគេយកមកដាក់នៅមាត់ទ្វាររបងរបស់បុរសអ្នកមាននោះ។ ២១ ហើយឡាសាចង់ចម្អែតក្រពះដោយអាហារដែលជ្រុះពីតុរបស់បុរសអ្នកមាន។ ម្យ៉ាងទៀត ធ្លាប់មានឆ្កែមកលិទ្ធដំបៅរបស់គាត់។ ២២ លុះក្រោយមក អ្នកសុំទានបានស្លាប់ទៅ ហើយបណ្ដាទេវតាបានយកគាត់ទៅដាក់នៅជិតដើមទ្រូង* របស់អាប្រាហាំ។
«បុរសអ្នកមានក៏បានស្លាប់ដែរ ហើយត្រូវគេបញ្ចុះ។ ២៣ រួចក្នុងផ្នូរ* គាត់កំពុងរងទារុណកម្ម ក៏បានងើបមុខមើលទៅលើឃើញអាប្រាហាំនៅឆ្ងាយ និងឡាសានៅជិតដើមទ្រូងរបស់គាត់។ ២៤ ដូច្នេះ គាត់ស្រែកហៅថា៖ ‹លោកឪពុកអាប្រាហាំអើយ! សូមមេត្ដាខ្ញុំផង ហើយចាត់ឡាសាទៅជ្រលក់ចុងម្រាមដៃក្នុងទឹកហើយបន្តក់លើអណ្ដាតរបស់ខ្ញុំឲ្យត្រជាក់ ពីព្រោះខ្ញុំកំពុងរងទុក្ខវេទនាក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ›។ ២៥ ប៉ុន្តែអាប្រាហាំតបថា៖ ‹កូនអើយ សូមចាំថា កាលដែលអ្នកនៅរស់ អ្នកបានទទួលរបស់ល្អសព្វគ្រប់ តែឡាសាវិញ គាត់បានទទួលសេចក្ដីអាក្រក់។ ក៏ប៉ុន្តែ ឥឡូវនេះគាត់កំពុងទទួលការសម្រាលទុក្ខនៅទីនេះ តែអ្នកកំពុងរងទុក្ខវេទនាវិញ។ ២៦ ក្រៅពីនោះ មានចន្លោះដ៏ធំមួយដែលបានត្រូវដាក់ខណ្ឌនៅកណ្ដាលយើងនិងអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នកណានៅទីនេះដែលចង់ទៅខាងអ្នករាល់គ្នា អាចទៅបាន ហើយកុំឲ្យអ្នកណានៅទីនោះឆ្លងមកខាងយើងដែរ›។ ២៧ រួចបុរសនោះនិយាយថា៖ ‹បើដូច្នេះ ខ្ញុំសូមលោកឪពុកចាត់គាត់ឲ្យទៅផ្ទះរបស់ឪពុកខ្ញុំ ២៨ ព្រោះខ្ញុំមានបងប្អូនប្រុសប្រាំនាក់ ហើយគាត់អាចពន្យល់ពួកគេឲ្យយល់ច្បាស់ ដើម្បីកុំឲ្យពួកគេមកកន្លែងទារុណកម្មនេះដែរ›។ ២៩ ប៉ុន្តែអាប្រាហាំប្រាប់ថា៖ ‹ពួកគេមានម៉ូសេនិងសេចក្ដីបង្រៀនរបស់ពួកអ្នកប្រកាសទំនាយ ទុកឲ្យពួកគេស្ដាប់អ្នកទាំងនោះចុះ›។ ៣០ រួចបុរសនោះនិយាយថា៖ ‹ទេ! លោកឪពុកអាប្រាហាំអើយ! ប្រសិនបើមានអ្នកណាពីចំណោមមនុស្សស្លាប់ទៅឯពួកគេ នោះពួកគេនឹងប្រែចិត្ត›។ ៣១ ប៉ុន្តែអាប្រាហាំតបទៅគាត់ថា៖ ‹បើពួកគេមិនស្ដាប់ម៉ូសេនិងសេចក្ដីបង្រៀនរបស់ពួកអ្នកប្រកាសទំនាយទេ ពួកគេក៏នឹងមិនព្រមស្ដាប់អ្នកណាម្នាក់ដែលបានរស់ឡើងវិញដែរ›»។
១៧ រួចមក លោកមានប្រសាសន៍ទៅពួកអ្នកកាន់តាមថា៖ «ហេតុដែលនាំឲ្យជំពប់ដួលនឹងកើតមានជាក់ជាពុំខាន។ ទោះជាយ៉ាងនោះក៏ដោយ អ្នកដែលបង្កហេតុទាំងនោះនឹងត្រូវវេទនាណាស់! ២ សម្រាប់អ្នកនោះ គឺប្រសើរជាងបើយកថ្មត្បាល់កិនចងជាប់ក ហើយយកទៅចោលកណ្ដាលសមុទ្រ ជាជាងអ្នកនោះធ្វើឲ្យអ្នកតូចម្នាក់បែបនេះជំពប់ដួល។ ៣ កុំភ្លេចខ្លួនឡើយ។ ប្រសិនបើបងប្អូនណាម្នាក់របស់អ្នកធ្វើខុសអ្វីមួយ ចូរស្តីបន្ទោសគាត់ ហើយបើគាត់ប្រែចិត្ត ចូរអភ័យទោសឲ្យគាត់ចុះ។ ៤ ទោះជាគាត់ធ្វើខុសនឹងអ្នកប្រាំពីរដងក្នុងមួយថ្ងៃក៏ដោយ បើគាត់ត្រឡប់មករកអ្នកប្រាំពីរដងរួចនិយាយថា៖ ‹ខ្ញុំប្រែចិត្តហើយ› នោះអ្នកត្រូវអភ័យទោសឲ្យគាត់»។
៥ ពួកសាវ័កសុំលោកម្ចាស់ថា៖ «សូមផ្ដល់ជំនឿមកយើងថែមទៀត»។ ៦ រួចមក លោកម្ចាស់មានប្រសាសន៍ថា៖ «ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់មូស្ដាត* នោះអ្នកនឹងនិយាយទៅកាន់ដើមមននេះថា៖ ‹ចូររលើងគល់ហើយទៅដុះក្នុងសមុទ្រវិញ!› រួចដើមនេះនឹងស្ដាប់បង្គាប់អ្នក។
៧ «ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមានខ្ញុំបម្រើម្នាក់កំពុងភ្ជួរ ឬមើលថែរក្សាហ្វូងសត្វ តើអ្នកនោះនឹងប្រាប់ខ្ញុំបម្រើពេលគាត់ត្រឡប់មកពីវាលថា៖ ‹ចូរមកអង្គុយនៅតុភ្លាម›ទេ? ៨ ផ្ទុយទៅវិញ អ្នកនោះនឹងនិយាយដូច្នេះថា៖ ‹ចូររៀបចំអាហារល្ងាចឲ្យខ្ញុំ រួចពាក់អាវអៀមហើយបម្រើខ្ញុំរហូតដល់ខ្ញុំបានផឹកនិងបរិភោគហើយ បន្ទាប់មកអ្នកអាចផឹកនិងបរិភោគបាន›។ ៩ អ្នកនោះនឹងមិនដឹងគុណខ្ញុំបម្រើនោះទេ ពីព្រោះខ្ញុំបម្រើនោះគ្រាន់តែបំពេញភារកិច្ចខ្លួនប៉ុណ្ណោះ មែនទេ? ១០ ដូចគ្នាដែរ ក្រោយពីអ្នករាល់គ្នាបានធ្វើអ្វីៗទាំងអស់ដែលបានត្រូវកំណត់ឲ្យ ចូរនិយាយថា៖ ‹យើងខ្ញុំជាខ្ញុំបម្រើឥតប្រយោជន៍។ អ្វីដែលយើងបានធ្វើ ជាអ្វីដែលយើងគួរតែធ្វើ›»។
១១ រួចកាលដែលលោកកំពុងធ្វើដំណើរទៅក្រុងយេរូសាឡិម លោកបានដើរកាត់តាម* ស្រុកសាម៉ារីនិងស្រុកកាលីឡេ។ ១២ ហើយពេលដែលលោកកំពុងចូលក្នុងភូមិមួយ បុរសកើតជំងឺឃ្លង់ដប់នាក់ក្រឡេកទៅឃើញលោក ក៏បានក្រោកឈរពីចម្ងាយ។ ១៣ ពួកគេបន្លឺសំឡេងថា៖ «លោកគ្រូយេស៊ូ! សូមមេត្ដាជួយយើងផង!»។ ១៤ ហើយពេលលោកក្រឡេកទៅឃើញពួកគេ នោះក៏មានប្រសាសន៍ទៅពួកគេថា៖ «ចូរទៅបង្ហាញខ្លួនឲ្យពួកសង្ឃឃើញ»។ ពេលដែលពួកគេចេញផុតទៅ នោះក៏បានជាស្អាតគ្រប់គ្នា។ ១៥ លុះឃើញថាខ្លួនជាហើយ មានម្នាក់ក្នុងចំណោមពួកគេវិលមកវិញ ដោយបន្លឺសំឡេងយ៉ាងខ្លាំងសរសើរតម្កើងព្រះ។ ១៦ រួចអ្នកនោះបានក្រាបមុខដល់ដីនៅជិតជើងលោកយេស៊ូ ក៏បានអរគុណលោក។ អ្នកនោះជាជនជាតិសាម៉ារី។ ១៧ លោកយេស៊ូតបថា៖ «មានដប់នាក់ដែលបានត្រូវធ្វើឲ្យជាស្អាត មែនទេ? ចុះតើប្រាំបួននាក់ទៀតនៅឯណា? ១៨ តើគ្មានអ្នកណាវិលមកវិញដើម្បីសរសើរតម្កើងព្រះក្រៅពីបុរសជនជាតិដទៃម្នាក់នេះទេឬ?»។ ១៩ រួចលោកមានប្រសាសន៍ទៅគាត់ថា៖ «ចូរក្រោកឡើង ហើយអញ្ជើញទៅចុះ ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាសះស្បើយ»។
២០ ប៉ុន្តែកាលពួកផារិស៊ីសួរលោកអំពីពេលដែលរាជាណាចក្ររបស់ព្រះនឹងមកដល់ នោះលោកតបឆ្លើយថា៖ «រាជាណាចក្ររបស់ព្រះនឹងមិនមកតាមបែបដែលងាយកត់សម្គាល់នោះទេ ២១ ក៏នឹងមិនមានគេថា៖ ‹មើល! នៅទីនេះ!›ឬ‹មើល! នៅទីនោះ!› ពីព្រោះរាជាណាចក្ររបស់ព្រះនៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។
២២ រួចមក លោកមានប្រសាសន៍ទៅពួកអ្នកកាន់តាមលោកថា៖ «នឹងមានគ្រាមកដល់ ពេលដែលអ្នករាល់គ្នានឹងមានចិត្តចង់ឃើញថ្ងៃមួយនៃគ្រារបស់កូនមនុស្ស តែអ្នកនឹងមិនឃើញឡើយ។ ២៣ ហើយនឹងមានគេប្រាប់អ្នករាល់គ្នាថា៖ ‹មើល! នៅទីនេះ!›ឬ‹មើល! នៅទីនោះ!› តែកុំចេញទៅឬរត់តាមពួកគេឡើយ។ ២៤ ព្រោះកូនមនុស្សនឹងដូចផ្លេកបន្ទោរដែលភ្លឺពីកន្លែងមួយទៅកន្លែងមួយទៀតនៅក្រោមមេឃ ២៥ ក៏ប៉ុន្តែ លោកត្រូវរងទុក្ខលំបាកជាច្រើន និងត្រូវមនុស្សជំនាន់នេះមិនព្រមទទួលស្គាល់ជាមុនសិន។ ២៦ ម្យ៉ាងទៀត គ្រារបស់កូនមនុស្សក៏នឹងដូចសម័យរបស់ណូអេដែរ ២៧ គឺមនុស្សនៅសម័យនោះរវល់ផឹកនិងបរិភោគ រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃណូអេចូលក្នុងទូកធំ ហើយទឹកក៏ជន់ឡើងបំផ្លាញពួកគេទាំងអស់គ្នាទៅ។ ២៨ ក៏នឹងដូចសម័យរបស់ឡុតដែរ គឺមនុស្សនៅសម័យនោះរវល់ផឹកនិងបរិភោគ ទិញលក់ ដាំដុះ សាងសង់។ ២៩ ប៉ុន្តែនៅថ្ងៃដែលឡុតចេញពីក្រុងសូដុមមក នោះភ្លើងនិងស្ពាន់ធ័របានធ្លាក់ពីលើមេឃបំផ្លាញពួកគេទាំងអស់គ្នាទៅ។ ៣០ នៅថ្ងៃដែលកូនមនុស្សនឹងត្រូវសម្ដែងឲ្យឃើញ ក៏នឹងដូចគ្នាដែរ។
៣១ «នៅថ្ងៃនោះ អ្នកណាដែលនៅលើដំបូលផ្ទះ តែមានរបស់របរនៅក្នុងផ្ទះ កុំឲ្យអ្នកនោះចុះទៅយកឡើយ ហើយអ្នកណាដែលនៅស្រែចម្ការ កុំឲ្យអ្នកនោះត្រឡប់ទៅរកអ្វីៗនៅខាងក្រោយឡើយ។ ៣២ ចូរអ្នករាល់គ្នានឹកចាំពីប្រពន្ធរបស់ឡុត។ ៣៣ អ្នកណាដែលខំរក្សាជីវិត* ខ្លួនទុកសម្រាប់ខ្លួនឯងនឹងបាត់បង់ជីវិត ប៉ុន្តែអ្នកណាដែលបាត់បង់ជីវិតនឹងរក្សាជីវិតវិញ។ ៣៤ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ នឹងមានបុរសពីរនាក់ដេកលើគ្រែតែមួយ ម្នាក់នឹងត្រូវយកទៅ តែម្នាក់ទៀតនឹងត្រូវទុកចោល។ ៣៥ នឹងមានស្ត្រីពីរនាក់កំពុងកិនម្សៅនៅត្បាល់តែមួយ ម្នាក់នឹងត្រូវយកទៅ តែម្នាក់ទៀតនឹងត្រូវទុកចោល»។ ៣៦ * —— ៣៧ ដូច្នេះ ពួកអ្នកកាន់តាមសួរលោកថា៖ «តើកន្លែងណាលោកម្ចាស់?» លោកមានប្រសាសន៍ទៅពួកគេថា៖ «សាកសពនៅទីណា សត្វឥន្ទ្រីក៏នឹងមកជុំគ្នានៅទីនោះដែរ»។
១៨ បន្ទាប់មក លោកលើកឧទាហរណ៍មួយដើម្បីឲ្យពួកគាត់ដឹងថា ពួកគាត់ត្រូវអធិដ្ឋានជានិច្ច ហើយមិនរសាយចិត្ត។ ២ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «នៅក្រុងមួយមានចៅក្រមម្នាក់ដែលមិនកោតខ្លាចព្រះ ក៏មិនគោរពមនុស្សណាម្នាក់សោះ។ ៣ ក៏ប៉ុន្តែនៅក្រុងនោះមានស្ត្រីមេម៉ាយម្នាក់ ដែលទៅរកចៅក្រមនោះម្ដងហើយម្ដងទៀត ដោយពោលថា៖ ‹ខ្ញុំសូមប្ដឹងគូវិវាទរបស់ខ្ញុំ។ សូមរកយុត្ដិធម៌ឲ្យខ្ញុំផង›។ ៤ អស់មួយរយៈពេល ចៅក្រមនោះមិនព្រមទេ ប៉ុន្តែក្រោយមក គាត់និយាយប្រាប់ខ្លួនគាត់ថា៖ ‹ពិតមែនតែខ្ញុំមិនកោតខ្លាចព្រះឬគោរពមនុស្សណាម្នាក់សោះ ៥ ប៉ុន្តែដោយសារស្ត្រីមេម៉ាយនេះចេះតែរំអុកខ្ញុំ ខ្ញុំនឹងរកយុត្ដិធម៌ឲ្យនាង ដើម្បីកុំឲ្យនាងមករុកកួនរហូតដល់ខ្ញុំទ្រាំលែងបាន›»។ ៦ រួចលោកម្ចាស់មានប្រសាសន៍ថា៖ «តើអ្នករាល់គ្នាបានឮអ្វីដែលចៅក្រមមិនសុចរិតនោះនិយាយទេ? ៧ បើដូច្នេះ ព្រះប្រាកដជានឹងរកយុត្ដិធម៌ឲ្យអ្នករើសតាំងរបស់លោក ដែលស្រែករកលោកទាំងយប់ទាំងថ្ងៃ មែនទេ? លោកក៏នឹងមានចិត្តធ្ងន់ចំពោះពួកគេដែរ។ ៨ ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះនឹងរកយុត្ដិធម៌ឲ្យពួកគេយ៉ាងឆាប់។ ទោះជាយ៉ាងនោះក៏ដោយ ពេលដែលកូនមនុស្សមកដល់ តើកូនមនុស្សពិតជានឹងឃើញថាមានជំនឿនៅលើផែនដីទេ?»។
៩ ប៉ុន្តែចំពោះអ្នកខ្លះដែលជឿជាក់ថាខ្លួនសុចរិត ហើយចាត់ទុកថាអ្នកដទៃគ្មានតម្លៃសោះ នោះលោកលើកឧទាហរណ៍មួយទៀតនេះប្រាប់ពួកគេថា៖ ១០ «មានបុរសពីរនាក់ឡើងទៅវិហារដើម្បីអធិដ្ឋាន។ ម្នាក់គឺជាផារិស៊ី ហើយម្នាក់ទៀតជាអ្នកយកពន្ធ។ ១១ បុរសផារិស៊ីនោះបានឈរអធិដ្ឋានក្នុងចិត្តថា៖ ‹ឱព្រះអើយ ខ្ញុំអរគុណលោកដែលខ្ញុំមិនដូចមនុស្សឯទៀត ដែលជាអ្នកគំរាមយកប្រាក់ ជាអ្នកមិនសុចរិត ជាអ្នកផិតក្បត់។ ខ្ញុំក៏អរគុណលោកដែលខ្ញុំមិនដូចអ្នកយកពន្ធម្នាក់នេះដែរ។ ១២ ខ្ញុំតមអាហារពីរដងរាល់សប្ដាហ៍ ក៏ជូនមួយភាគដប់នៃរបស់ទាំងអស់ដែលខ្ញុំទទួល›។ ១៣ ប៉ុន្តែអ្នកយកពន្ធដែលកំពុងឈរពីចម្ងាយ មិនទាំងហ៊ានងើបមុខមើលទៅលើមេឃផង ក៏ចេះតែគក់ទ្រូងថា៖ ‹ឱព្រះអើយ សូមប្រោសប្រណីខ្ញុំជាអ្នកប្រព្រឹត្តអំពើខុសឆ្គងផង›។ ១៤ ខ្ញុំប្រាប់អ្នករាល់គ្នាថា បុរសនេះបានចុះទៅផ្ទះវិញដោយសឲ្យឃើញថាគាត់សុចរិតជាងបុរសនោះ ពីព្រោះអស់អ្នកណាដែលតម្កើងខ្លួន អ្នកនោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន អ្នកនោះនឹងត្រូវតម្កើងឡើងវិញ»។
១៥ ក្រោយមក មនុស្សម្នាចាប់ផ្ដើមយកទារករបស់ពួកគេមកឲ្យលោកពាល់ ប៉ុន្តែពេលដែលឃើញដូច្នេះ ពួកអ្នកកាន់តាមក៏តាំងស្តីបន្ទោសមនុស្សទាំងនោះ។ ១៦ ក៏ប៉ុន្តែលោកយេស៊ូសុំគេយកទារកទាំងនោះមកឲ្យលោក ដោយមានប្រសាសន៍ថា៖ «ឲ្យកូនក្មេងទាំងនោះមកឯខ្ញុំចុះ កុំឃាត់ពួកគេឡើយ ពីព្រោះរាជាណាចក្ររបស់ព្រះជារបស់អ្នកដែលមានលក្ខណៈដូចក្មេងទាំងនេះ។ ១៧ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលមិនព្រមទទួលរាជាណាចក្ររបស់ព្រះ ដូចក្មេងតូចម្នាក់ទេ អ្នកនោះនឹងមិនបានចូលក្នុងរាជាណាចក្រនោះសោះឡើយ»។
១៨ មានអ្នកគ្រប់គ្រងម្នាក់មកសួរលោកថា៖ «លោកគ្រូល្អ តើខ្ញុំត្រូវធ្វើអ្វីដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ជាមត៌ក?»។ ១៩ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ហេតុអ្វីអ្នកថាខ្ញុំល្អដូច្នេះ? ក្រៅពីព្រះ គ្មានអ្នកណាល្អឡើយ។ ២០ អ្នកស្គាល់បញ្ញត្ដិហើយដែលថា៖ ‹កុំផិតក្បត់ កុំធ្វើឃាតកម្ម កុំលួច កុំធ្វើជាសាក្សីក្លែងក្លាយ ហើយចូរគោរពឪពុកនិងម្ដាយរបស់អ្នក›»។ ២១ រួចគាត់ជម្រាបថា៖ «ខ្ញុំបានធ្វើតាមបញ្ញត្ដិទាំងអស់នេះតាំងពីនៅក្មេងម្ល៉េះ»។ ២២ ឮដូច្នេះ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «នៅមានអ្វីមួយទៀតដែលអ្នកត្រូវធ្វើ។ ចូរទៅលក់អ្វីៗដែលអ្នកមាន ហើយចែកអ្នកក្រ នោះអ្នកនឹងមានទ្រព្យវិសេសនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំ»។* ២៣ ពេលឮដូច្នេះ បុរសនោះបែរជាកើតទុក្ខយ៉ាងខ្លាំង ព្រោះគាត់ជាអ្នកមានស្តុកស្តម្ភ។
២៤ លោកយេស៊ូមើលគាត់ហើយមានប្រសាសន៍ថា៖ «អ្នកដែលមានប្រាក់ច្រើននឹងពិបាកចូលក្នុងរាជាណាចក្ររបស់ព្រះណាស់! ២៥ តាមការពិត សត្វអូដ្ឋអាចចូលតាមរន្ធម្ជុលដេរងាយជាងអ្នកមានចូលក្នុងរាជាណាចក្ររបស់ព្រះ»។ ២៦ ពួកអ្នកដែលឮប្រសាសន៍នេះសួរថា៖ «តើអ្នកណាទៅអាចទទួលសេចក្ដីសង្គ្រោះបាន?»។ ២៧ លោកមានប្រសាសន៍ថា៖ «អ្វីដែលមនុស្សធ្វើពុំកើត ព្រះអាចធ្វើបាន»។ ២៨ ប៉ុន្តែពេត្រុសជម្រាបថា៖ «មើល! យើងបានចាកចេញ* ពីអ្វីៗដែលជារបស់យើង ហើយបានតាមលោក»។ ២៩ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អស់អ្នកណាដែលបានចាកចេញ* ពីផ្ទះ ឬប្រពន្ធ ឬកូន ឬបងប្អូនប្រុស ឬឪពុកម្ដាយ ដើម្បីរាជាណាចក្ររបស់ព្រះ ៣០ អ្នកទាំងនោះប្រាកដជានឹងទទួលអ្វីៗទាំងនោះច្រើនដងលើសមុនទៅទៀតក្នុងគ្រាឥឡូវនេះ ហើយនឹងទទួលជីវិតដែលគ្មានទីបញ្ចប់ក្នុងរបៀបរបបពិភពលោកដែលនឹងមកដល់»។
៣១ ក្រោយមក លោកហៅសាវ័កទាំងដប់ពីរនាក់មកដោយឡែកពីគេ រួចមានប្រសាសន៍ថា៖ «មើល! យើងកំពុងធ្វើដំណើរឡើងទៅក្រុងយេរូសាឡិម ហើយអ្វីៗទាំងអស់ដែលពួកអ្នកប្រកាសទំនាយបានសរសេរអំពីកូនមនុស្សនឹងបានសម្រេច។ ៣២ ជាឧទាហរណ៍ លោកនឹងត្រូវគេប្រគល់ឲ្យជនជាតិដទៃ ក៏នឹងត្រូវគេចំអកឲ្យនិងប្រព្រឹត្តដោយព្រហើនទៅលើលោក ថែមទាំងស្ដោះទឹកមាត់ដាក់លោកផង។ ៣៣ ពួកគេនឹងវាយលោកនឹងរំពាត់ខ្សែតី រួចសម្លាប់លោក ប៉ុន្តែនៅថ្ងៃទីបីលោកនឹងរស់ឡើងវិញ»។ ៣៤ ក៏ប៉ុន្តែពួកគាត់មិនយល់អត្ថន័យនៃអ្វីៗទាំងនេះសោះ តែប្រសាសន៍នេះបានត្រូវលាក់បាំងពីពួកគាត់ ហើយពួកគាត់មិនដឹងអ្វីដែលលោកមានប្រសាសន៍នោះឡើយ។
៣៥ លុះលោកមកជិតដល់ក្រុងយេរីខូ មានបុរសងងឹតភ្នែកម្នាក់កំពុងអង្គុយសុំទាននៅក្បែរផ្លូវ។ ៣៦ ពេលដែលគាត់ឮសូរបណ្ដាជនដើរកាត់ នោះក៏សួរគេអំពីរឿងអ្វីដែលកំពុងកើតឡើង។ ៣៧ គេប្រាប់គាត់ថា៖ «លោកយេស៊ូពីក្រុងណាសារ៉ែតកំពុងដើរកាត់!»។ ៣៨ ឮដូច្នេះ គាត់ស្រែកឡើងថា៖ «លោកយេស៊ូ បុត្រដាវីឌ! សូមមេត្ដាជួយខ្ញុំផង!»។ ៣៩ ហើយពួកអ្នកដែលកំពុងដើរខាងមុខគេចាប់ផ្ដើមនិយាយម៉ឺងម៉ាត់ប្រាប់បុរសនោះឲ្យនៅស្ងៀម តែគាត់ស្រែកកាន់តែខ្លាំងថា៖ «បុត្រដាវីឌ! សូមមេត្ដាជួយខ្ញុំផង!»។ ៤០ រួចលោកយេស៊ូក៏ឈប់ហើយបង្គាប់គេឲ្យនាំបុរសនោះមកលោក។ ពេលដែលបុរសនោះមកជិតលោកហើយ នោះលោកយេស៊ូសួរគាត់ថា៖ ៤១ «តើចង់ឲ្យខ្ញុំធ្វើអ្វីដើម្បីអ្នក?»។ គាត់ជម្រាបថា៖ «លោកម្ចាស់ សូមធ្វើឲ្យខ្ញុំមើលឃើញឡើងវិញ»។ ៤២ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ចូរមើលឃើញឡើងវិញ។ ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាហើយ»។ ៤៣ រំពេចនោះ គាត់អាចមើលឃើញឡើងវិញ ក៏ចាប់ផ្ដើមដើរតាមលោកព្រមទាំងសរសើរតម្កើងព្រះផង។ ពេលដែលមនុស្សទាំងឡាយឃើញអ្វីដែលបានកើតឡើង ពួកគេក៏បានសរសើរព្រះដែរ។
១៩ ក្រោយមក លោកបានចូលក្រុងយេរីខូហើយកំពុងធ្វើដំណើរកាត់ក្រុងនោះ។ ២ នៅទីនោះមានបុរសម្នាក់ហៅថាសាខេ គាត់ជាប្រធានមួយរូបលើពួកអ្នកយកពន្ធ ហើយជាអ្នកមានស្តុកស្តម្ភ។ ៣ គាត់ចង់មើលលោកយេស៊ូណាស់ តែមើលមិនឃើញទេ ពីព្រោះគាត់ទាប ហើយបណ្ដាជនកំពុងចោមរោមលោក។ ៤ ដូច្នេះ គាត់រត់ទៅមុនពួកគេ ក៏ឡើងដើមល្វាព្រៃដើម្បីមើលលោក ពីព្រោះលោកជិតដើរតាមផ្លូវនោះ។ ៥ ពេលដែលលោកយេស៊ូទៅដល់កន្លែងនោះហើយ លោកមើលទៅលើរួចមានប្រសាសន៍ទៅសាខេថា៖ «សាខេ សូមប្រញាប់ចុះមក ព្រោះថ្ងៃនេះខ្ញុំត្រូវស្នាក់នៅផ្ទះរបស់អ្នក»។ ៦ ឮដូច្នេះ គាត់បានប្រញាប់ចុះមក ក៏បានទទួលលោកជាភ្ញៀវដោយចិត្តត្រេកអរ។ ៧ ប៉ុន្តែ ពេលឃើញដូច្នេះ ពួកគេក៏តាំងរអ៊ូរទាំថា៖ «លោកបានចូលស្នាក់នៅជាមួយនឹងបុរសម្នាក់ដែលជាអ្នកប្រព្រឹត្តអំពើខុសឆ្គង»។ ៨ ប៉ុន្តែសាខេក្រោកឈរជម្រាបលោកម្ចាស់ថា៖ «លោកម្ចាស់! ខ្ញុំកំពុងចែកទ្រព្យសម្បត្ដិខ្ញុំពាក់កណ្ដាលដល់អ្នកក្រីក្រ ហើយអ្វីក៏ដោយដែលខ្ញុំបានទទួលដោយចោទប្រកាន់អ្នកណាម្នាក់មិនពិត នោះខ្ញុំកំពុងសងមួយជាបួន»។ ៩ ឮដូច្នេះ លោកយេស៊ូមានប្រសាសន៍ថា៖ «ថ្ងៃនេះ សេចក្ដីសង្គ្រោះបានមកដល់ផ្ទះនេះហើយ ពីព្រោះគាត់ក៏ជាកូន* អាប្រាហាំដែរ។ ១០ ព្រោះកូនមនុស្សបានមកដើម្បីរក ហើយសង្គ្រោះពួកអ្នកដែលបាត់បង់ទៅ»។
១១ កាលដែលពួកអ្នកកាន់តាមកំពុងស្ដាប់ប្រសាសន៍ទាំងនេះ លោកក៏បានលើកឧទាហរណ៍មួយទៀត ពីព្រោះលោកបានទៅជិតក្រុងយេរូសាឡិម ហើយពួកអ្នកកាន់តាមស្មានថារាជាណាចក្ររបស់ព្រះនឹងលេចមកភ្លាមមួយរំពេច។ ១២ ដូច្នេះ លោកមានប្រសាសន៍ថា៖ «បុរសម្នាក់ដែលកើតក្នុងរាជវង្សបានធ្វើដំណើរទៅប្រទេសឆ្ងាយ ដើម្បីទទួលអំណាចគ្រប់គ្រងជាស្តេច រួចត្រឡប់មកវិញ។ ១៣ លោកហៅខ្ញុំបម្រើដប់នាក់របស់លោកមក រួចឲ្យដប់មិណា* ដល់ពួកគេ ក៏ប្រាប់ថា៖ ‹ចូរអ្នករាល់គ្នារកស៊ីរហូតដល់ខ្ញុំមកវិញ›។ ១៤ ប៉ុន្តែជនរួមជាតិរបស់លោកបានស្អប់លោក ក៏ចាត់ពួកទូតមួយចំនួនទៅតាមដើម្បីប្រាប់ថា៖ ‹យើងមិនចង់ឲ្យបុរសនេះគ្រប់គ្រងជាស្តេចលើយើងឡើយ›។
១៥ «លុះបានទទួលអំណាចគ្រប់គ្រងជាស្តេចហើយ បុរសនោះបានវិលត្រឡប់មកវិញ ហើយបង្គាប់ឲ្យគេហៅពួកខ្ញុំបម្រើទាំងប៉ុន្មាន ដែលលោកបានឲ្យប្រាក់នោះមក ដើម្បីដឹងថាពួកគេបានរកស៊ីចំណេញប៉ុន្មាន។ ១៦ រួចខ្ញុំបម្រើទីមួយបានចូលទៅជិតលោក ក៏ជម្រាបថា៖ ‹លោកម្ចាស់ មិណារបស់លោកបានចំណេញដប់មិណាទៀត›។ ១៧ ម្ល៉ោះហើយ លោកមានប្រសាសន៍ទៅគាត់ថា៖ ‹ខ្ញុំបម្រើដ៏ល្អអើយ! អ្នកធ្វើការបានល្អណាស់! អ្នកបានបង្ហាញថាខ្លួនអ្នកស្មោះត្រង់ក្នុងកិច្ចការបន្ដិចបន្តួចនេះ ដូច្នេះ ចូរគ្រប់គ្រងលើក្រុងដប់›។ ១៨ បន្ទាប់មក ខ្ញុំបម្រើទីពីរបានមកជម្រាបថា៖ ‹លោកម្ចាស់ មិណារបស់លោកបានចំណេញប្រាំមិណាទៀត›។ ១៩ លោកក៏មានប្រសាសន៍ទៅគាត់ដែរថា៖ ‹ចូរកាន់កាប់លើក្រុងប្រាំ›។ ២០ ប៉ុន្តែខ្ញុំបម្រើម្នាក់ទៀតបានមកជម្រាបថា៖ ‹លោកម្ចាស់ នេះជាមិណារបស់លោកដែលខ្ញុំបានវេចទុកក្នុងកន្សែង។ ២១ ព្រោះខ្ញុំខ្លាចលោក ដោយសារលោកជាមនុស្សតឹងរ៉ឹងណាស់។ លោកដកលុយដែលមិនមែនជារបស់លោក ក៏ច្រូតកាត់អ្វីដែលលោកមិនបានសាបព្រោះ›។ ២២ លោកមានប្រសាសន៍ទៅគាត់ថា៖ ‹ខ្ញុំបម្រើទុច្ចរិត ខ្ញុំវិនិច្ឆ័យអ្នកតាមសម្ដីរបស់អ្នក។ បើអ្នកដឹងថាខ្ញុំជាមនុស្សតឹងរ៉ឹងណាស់ ព្រោះខ្ញុំដកលុយដែលមិនមែនជារបស់ខ្ញុំ ហើយច្រូតកាត់អ្វីដែលខ្ញុំមិនបានសាបព្រោះ ២៣ ចុះហេតុអ្វីបានជាអ្នកមិនបានយកប្រាក់របស់ខ្ញុំទៅផ្ញើអ្នកចងការ? នោះពេលខ្ញុំត្រឡប់មកវិញ ខ្ញុំអាចទទួលប្រាក់របស់ខ្ញុំព្រមទាំងការប្រាក់ផង›។
២៤ «រួចមក លោកប្រាប់ពួកអ្នកដែលកំពុងឈរនៅក្បែរនោះថា៖ ‹ចូរយកមិណាពីគាត់ ហើយឲ្យអ្នកនោះដែលមានដប់មិណាវិញ›។ ២៥ ប៉ុន្តែពួកគេជម្រាបលោកថា៖ ‹លោកម្ចាស់ គាត់មានដប់មិណាហើយ!›។ លោកតបឆ្លើយថា៖ ២៦ ‹ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលមាន នឹងទទួលថែមទៀត តែអ្នកណាដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះមានក៏នឹងត្រូវដកហូតផង។ ២៧ ម្យ៉ាងទៀត ពួកសត្រូវរបស់ខ្ញុំទាំងនេះ ដែលមិនចង់ឲ្យខ្ញុំគ្រប់គ្រងជាស្តេចលើពួកគេ ចូរយកពួកគេមកសម្លាប់ចោលនៅមុខខ្ញុំ›»។
២៨ ក្រោយពីលោកមានប្រសាសន៍អ្វីទាំងនេះហើយ លោកក៏ចាប់ផ្ដើមបន្តដំណើរឡើងទៅក្រុងយេរូសាឡិម។ ២៩ លុះទៅជិតភូមិបេតផាសេនិងភូមិបេថានី នៅភ្នំហៅថាភ្នំដើមអូលីវហើយ លោកក៏ចាត់អ្នកកាន់តាមពីរនាក់ ៣០ ដោយប្រាប់ថា៖ «ចូរទៅភូមិនៅខាងមុខនុះ។ ពេលអ្នកចូលទៅ អ្នកនឹងឃើញលាស្ទាវមួយក្បាល ដែលគេបានចងទុក ហើយមិនទាន់មានមនុស្សធ្លាប់ជិះវាឡើយ។ ចូរស្រាយវាហើយដឹកមក។ ៣១ ប៉ុន្តែប្រសិនបើអ្នកណាសួរថា៖ ‹ហេតុអ្វីអ្នកស្រាយវា?› អ្នកត្រូវប្រាប់ថា៖ ‹លោកម្ចាស់ត្រូវការវា›»។ ៣២ ដូច្នេះ ពួកអ្នកដែលលោកបានចាត់ក៏ចេញទៅឃើញថាអ្វីៗគឺដូចលោកបានមានប្រសាសន៍។ ៣៣ ប៉ុន្តែពេលដែលពួកគាត់កំពុងស្រាយលាស្ទាវនោះ ពួកម្ចាស់វាបានសួរថា៖ «ហេតុអ្វីអ្នកស្រាយសត្វលានោះ?»។ ៣៤ ពួកគាត់ឆ្លើយថា៖ «លោកម្ចាស់ត្រូវការវា»។ ៣៥ រួចពួកគាត់ដឹកសត្វលានោះមកឯលោកយេស៊ូ ហើយយកសម្លៀកបំពាក់ក្រៅរបស់ពួកគាត់ក្រាលលើខ្នងវា ក៏បានលើកលោកយេស៊ូឲ្យជិះលើវា។
៣៦ កាលលោកធ្វើដំណើរទៅ ពួកគាត់បានក្រាលសម្លៀកបំពាក់ក្រៅរបស់ពួកគាត់លើផ្លូវ។ ៣៧ ពេលលោកទៅដល់ផ្លូវចុះពីភ្នំដើមអូលីវភ្លាម នោះអ្នកកាន់តាមទាំងឡាយចាប់ផ្ដើមត្រេកអរហើយបន្លឺសំឡេងសរសើរព្រះអំពីការដែលប្រកបដោយឫទ្ធានុភាពទាំងប៉ុន្មានដែលពួកគាត់បានឃើញ ៣៨ ដោយនិយាយថា៖ «អ្នកដែលមកជាស្តេចក្នុងនាមព្រះយេហូវ៉ា មានពរហើយ! សូមឲ្យស្ថានសួគ៌បានប្រកបដោយសន្ដិភាព! ហើយសូមឲ្យលោកដែលនៅស្ថានដ៏ខ្ពស់បំផុតបានប្រកបដោយសិរីរុងរឿង!»។ ៣៩ ក៏ប៉ុន្តែ ពួកផារិស៊ីខ្លះក្នុងចំណោមបណ្ដាជនបានជម្រាបលោកថា៖ «លោកគ្រូ សូមស្តីបន្ទោសពួកអ្នកកាន់តាមលោក»។ ៤០ ប៉ុន្តែលោកតបឆ្លើយថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀម ដុំថ្មនឹងស្រែកឡើង»។
៤១ លុះទៅជិតដល់ហើយ លោកមើលក្រុងនោះ ក៏យំសោកអំពីវា ៤២ ដោយមានប្រសាសន៍ថា៖ «នៅគ្រានេះ គួរណាស់តែអ្នកបានពិចារណាយល់អ្វីៗដែលនឹងនាំឲ្យអ្នកមានសន្ដិភាព ប៉ុន្តែឥឡូវនេះ អ្វីៗទាំងនោះបានត្រូវលាក់បាំងពីភ្នែកអ្នកហើយ។ ៤៣ ពីព្រោះនឹងមានគ្រាមកដល់ ដែលពេលនោះពួកសត្រូវរបស់អ្នកនឹងបោះរបងបង្គោលសម្រួចចុងនៅជុំវិញអ្នក ក៏នឹងឡោមព័ទ្ធធ្វើទុក្ខអ្នកពីគ្រប់ទិសទី ៤៤ ហើយពួកគេនឹងបោះទម្លាក់អ្នកជាមួយនឹងកូនដែលនៅក្នុងអ្នកទៅដី ក៏នឹងមិនទុកឲ្យថ្មណានៅក្នុងអ្នកនៅត្រួតលើថ្មណាទៀតទេ ពីព្រោះអ្នកមិនបានពិចារណាយល់គ្រាដែលអ្នកកំពុងត្រូវពិនិត្យមើល»។
៤៥ រួចលោកចូលក្នុងវិហារ ហើយចាប់ផ្ដើមបណ្ដេញពួកអ្នកលក់ ៤៦ ដោយមានប្រសាសន៍ទៅពួកគេថា៖ «បទគម្ពីរចែងថា៖ ‹កន្លែងគោរពបូជារបស់ខ្ញុំនឹងត្រូវហៅថាកន្លែងសម្រាប់អធិដ្ឋាន› ប៉ុន្តែអ្នករាល់គ្នាបានយកធ្វើជាសម្បុកចោរវិញ»។
៤៧ ម្យ៉ាងទៀត លោកបានបង្រៀនរៀងរាល់ថ្ងៃក្នុងវិហារ។ ប៉ុន្តែពួកសង្ឃនាយក ពួកអ្នកជំនាញខាងច្បាប់ និងពួកអ្នកខ្លះដែលមានមុខមាត់ក្នុងបណ្ដាជនបានខំរិះរកវិធីបំផ្លាញលោកចោល។ ៤៨ ទោះជាយ៉ាងនោះក៏ដោយ ពួកគេរកវិធីដ៏ល្អមិនបានឡើយ ព្រោះបណ្ដាជនគ្រប់រូបកំពុងចោមរោមជក់ស្ដាប់លោកមានប្រសាសន៍។
២០ នៅថ្ងៃមួយ ពេលដែលលោកកំពុងបង្រៀនបណ្ដាជនក្នុងវិហារ ហើយប្រកាសដំណឹងល្អ ពួកសង្ឃនាយក ពួកអ្នកជំនាញខាងច្បាប់ព្រមទាំងពួកបុរសចាស់ទុំបានចូលទៅជិតលោក ២ ក៏សួរលោកយ៉ាងឮៗថា៖ «ចូរប្រាប់យើងថា អ្នកធ្វើអ្វីៗទាំងនេះដោយអាងសិទ្ធិអំណាចអ្វី ឬថាអ្នកណាបានប្រគល់សិទ្ធិអំណាចឲ្យអ្នកធ្វើអ្វីៗទាំងនេះ»។ ៣ លោកតបឆ្លើយថា៖ «ខ្ញុំក៏សួរអ្នករាល់គ្នាសំណួរមួយដែរ។ ចូរឆ្លើយប្រាប់ខ្ញុំថា ៤ តើយ៉ូហានបានទទួលសិទ្ធិអំណាចជ្រមុជទឹក* ឲ្យគេពីស្ថានសួគ៌ ឬពីមនុស្ស?»។ ៥ រួចមក ពួកគេជជែកវែកញែកគ្នាថា៖ «ប្រសិនបើយើងឆ្លើយថា៖ ‹ពីស្ថានសួគ៌› នោះគាត់នឹងសួរថា៖ ‹ចុះហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿយ៉ូហាន?›។ ៦ ប៉ុន្តែបើយើងឆ្លើយថា៖ ‹ពីមនុស្ស›វិញ បណ្ដាជនគ្រប់រូបនឹងគប់ដុំថ្មសម្លាប់យើង ព្រោះពួកគេជឿជាក់ថាយ៉ូហានជាអ្នកប្រកាសទំនាយ»។ ៧ ដូច្នេះ ពួកគេឆ្លើយថា ពួកគេមិនដឹងថាយ៉ូហានបានទទួលសិទ្ធិអំណាចមកពីណាទេ។ ៨ រួចលោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំក៏មិនប្រាប់អ្នករាល់គ្នាថា ខ្ញុំធ្វើអ្វីៗទាំងនេះដោយអាងសិទ្ធិអំណាចអ្វីដែរ»។
៩ បន្ទាប់មក លោកលើកឧទាហរណ៍ប្រាប់បណ្ដាជនថា៖ «បុរសម្នាក់បានធ្វើចម្ការទំពាំងបាយជូរមួយ ហើយប្រវាស់ចម្ការឲ្យពួកកសិករ រួចក៏ធ្វើដំណើរទៅក្រៅប្រទេសអស់រយៈពេលយ៉ាងយូរ។ ១០ លុះដល់ពេលកំណត់ បុរសនោះចាត់ខ្ញុំបម្រើម្នាក់ឲ្យទៅឯពួកកសិករ ដើម្បីទទួលផលខ្លះពីចម្ការនោះ។ ប៉ុន្តែពួកកសិករបានវាយដំខ្ញុំបម្រើនោះ រួចបណ្ដេញឲ្យទៅវិញដោយដៃទទេ។ ១១ ប៉ុន្តែបុរសនោះបានធ្វើដូច្នោះម្ដងទៀត ដោយចាត់ខ្ញុំបម្រើម្នាក់ផ្សេង។ រួចពួកកសិករក៏វាយដំនិងប្រមាថមើលងាយខ្ញុំបម្រើនោះ ហើយបណ្ដេញឲ្យទៅវិញដោយដៃទទេដែរ។ ១២ បុរសនោះចាត់អ្នកទីបីឲ្យទៅទៀត ហើយពួកគេក៏ធ្វើឲ្យអ្នកនោះរបួសដែរ រួចបោះទៅខាងក្រៅ។ ១៣ ម្ល៉ោះហើយ ម្ចាស់ចម្ការនោះនិយាយថា៖ ‹តើខ្ញុំត្រូវធ្វើយ៉ាងណា? ខ្ញុំនឹងចាត់បុត្រជាទីស្រឡាញ់របស់ខ្ញុំ។ ពួកគេទំនងជានឹងគោរពអ្នកនេះ›។ ១៤ ពេលដែលពួកកសិករឃើញកូនប្រុសរបស់លោក នោះពួកគេឃុបឃិតគ្នាថា៖ ‹គាត់ជាអ្នកទទួលមត៌ក។ ចូរយើងនាំគ្នាសម្លាប់គាត់ ដើម្បីយើងអាចទទួលមត៌កនោះ!›។ ១៥ លុះគិតគ្នាហើយ ពួកគេក៏ចាប់កូនប្រុសនោះ បោះទៅក្រៅចម្ការ រួចសម្លាប់ចោល។ ដូច្នេះ តើម្ចាស់ចម្ការនឹងធ្វើអ្វីដល់ពួកកសិករទាំងនោះ? ១៦ គាត់នឹងមកបំផ្លាញពួកកសិករទាំងនោះចោល រួចប្រវាស់ចម្ការទំពាំងបាយជូរនោះឲ្យអ្នកផ្សេងទៀត»។
លុះស្ដាប់ចប់ហើយ ពួកគេនិយាយថា៖ «រឿងនោះនឹងមិនកើតឡើងសោះឡើយ!»។ ១៧ ប៉ុន្តែលោកមើលទៅពួកគេហើយមានប្រសាសន៍ថា៖ «បើដូច្នោះ ចុះបទគម្ពីរដែលថា៖ ‹ថ្មដែលអ្នកសាងសង់មិនព្រមយក បានទៅជាថ្មជ្រុង* ដែលនៅលើថ្មជ្រុងទាំងអស់› តើបទគម្ពីរនោះមានន័យដូចម្ដេច? ១៨ អស់អ្នកណាដែលធ្លាក់លើដុំថ្មនេះ អ្នកនោះនឹងបាក់បែកខ្ទេចខ្ទីទៅ ហើយបើដុំថ្មនេះធ្លាក់លើអ្នកណា អ្នកនោះនឹងត្រូវថ្មនោះកិនកម្ទេច»។
១៩ នៅម៉ោងនោះឯង ពួកអ្នកជំនាញខាងច្បាប់និងពួកសង្ឃនាយកខំរិះរកវិធីចាប់លោក ព្រោះបានកត់សម្គាល់ថាលោកលើកឧទាហរណ៍នេះសំដៅលើពួកគេ។ ប៉ុន្តែពួកគេខ្លាចបណ្ដាជន។ ២០ លុះក្រោយពីពួកគេបានសង្កេតមើលលោកមួយរយៈពេល នោះក៏ចាត់បុរសមួយចំនួនដោយសម្ងាត់ ដែលពួកគេបានជួលឲ្យបន្លំខ្លួនជាមនុស្សសុចរិត ដើម្បីនាំឲ្យលោកនិយាយអ្វីដែលពួកគេអាចយកជាហេតុចោទប្រកាន់លោក រួចបញ្ជូនទៅពួកអាជ្ញាធរនិងអភិបាល។ ២១ ហើយអ្នកទាំងនោះក៏សួរលោកថា៖ «លោកគ្រូ យើងដឹងថាលោកតែងមានប្រសាសន៍និងបង្រៀនត្រឹមត្រូវ ក៏មិនរើសមុខអ្នកណាឡើយ តែលោកបង្រៀនសេចក្ដីពិតអំពីផ្លូវរបស់ព្រះ។ ២២ តើមានច្បាប់ឲ្យយើងបង់ពន្ធជូនសេសារ* ឬទេ?»។ ២៣ ប៉ុន្តែលោកកត់សម្គាល់ល្បិចកលរបស់ពួកគេ ក៏មានប្រសាសន៍ទៅពួកគេថា៖ ២៤ «ចូរបង្ហាញប្រាក់ឌីណារី* មួយឲ្យខ្ញុំមើល។ តើនេះជារូបនិងឈ្មោះរបស់អ្នកណា?»។ ពួកគេឆ្លើយថា៖ «ជារូបនិងឈ្មោះរបស់សេសារ»។ ២៥ លោកមានប្រសាសន៍ទៅពួកគេថា៖ «បើដូច្នេះ អ្វីដែលជារបស់សេសារ ចូរសងសេសារវិញ តែអ្វីដែលជារបស់ព្រះ ចូរសងព្រះវិញ»។ ២៦ ពួកគេមិនអាចចោទប្រកាន់លោកនៅមុខបណ្ដាជនពេលមានប្រសាសន៍ដូច្នេះឡើយ តែពួកគេបាននៅស្ងៀមវិញ ដោយសារនឹកអស្ចារ្យក្នុងចិត្តចំពោះចម្លើយរបស់លោក។
២៧ ក៏ប៉ុន្តែពួកសាឌូស៊ីខ្លះបានមកឯលោក។ ពួកគេថាគ្មានការប្រោសឲ្យរស់ឡើងវិញឡើយ។ ម្ល៉ោះហើយ ពួកគេសួរលោក ២៨ ថា៖ «លោកគ្រូ ម៉ូសេបានសរសេរបង្គាប់យើងថា៖ ‹បើបុរសណាម្នាក់មានប្រពន្ធ តែស្លាប់ពេលមិនទាន់មានកូន នោះបងឬប្អូនប្រុសរបស់គាត់ គួរយកនាងធ្វើជាប្រពន្ធ ដើម្បីបង្កើតកូនបន្តពូជឲ្យបងឬប្អូនដែលបានស្លាប់ទៅ›។ ២៩ មានបងប្អូនប្រុសប្រាំពីរនាក់។ បងច្បងបានរៀបការ តែពេលដែលស្លាប់ទៅ គាត់មិនមានកូនទេ។ ៣០ ដូច្នេះ ប្អូនបន្ទាប់ ៣១ និងប្អូនទីពីរបានយកនាងធ្វើជាប្រពន្ធដែរ។ បងប្អូនទាំងប្រាំពីរនាក់ក៏បានធ្វើដូច្នេះ ហើយស្លាប់ដោយមិនមានកូន។ ៣២ នៅទីបំផុត ស្ត្រីនោះក៏ស្លាប់ទៅដែរ។ ៣៣ ដូច្នេះ នៅពេលដែលរស់ឡើងវិញ តើអ្នកណាត្រូវជាប្ដីរបស់នាង? ព្រោះថាបងប្អូនទាំងប្រាំពីរនាក់ធ្លាប់បានយកនាងធ្វើជាប្រពន្ធ»។
៣៤ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «មនុស្សក្នុងរបៀបរបបពិភពលោកនេះរៀបការជាប្ដីប្រពន្ធ ៣៥ ប៉ុន្តែពួកអ្នកដែលបានត្រូវចាត់ទុកថាសមទទួលជីវិតក្នុងរបៀបរបបពិភពលោកដែលនឹងមកដល់ ហើយសមទទួលការប្រោសឲ្យរស់ឡើងវិញ នឹងមិនរៀបការជាប្ដីប្រពន្ធឡើយ។ ៣៦ ម្យ៉ាងទៀត ពួកគេក៏មិនអាចស្លាប់ទៀតដែរ ព្រោះពួកគេគឺដូចបណ្ដាទេវតានៅស្ថានសួគ៌ ក៏ជាកូនរបស់ព្រះដោយសារពួកគេបានត្រូវប្រោសឲ្យរស់ឡើងវិញ។ ៣៧ ប៉ុន្តែសូម្បីតែម៉ូសេក៏បានបញ្ជាក់ថាមនុស្សស្លាប់នឹងរស់ឡើងវិញ ក្នុងកំណត់ហេតុអំពីគុម្ពបន្លា ពេលដែលគាត់ហៅព្រះយេហូវ៉ាថា‹ជាព្រះរបស់អាប្រាហាំ និងជាព្រះរបស់អ៊ីសាក ហើយជាព្រះរបស់យ៉ាកុប›។ ៣៨ លោកមិនមែនជាព្រះរបស់មនុស្សស្លាប់ទេ តែជាព្រះរបស់មនុស្សរស់វិញ ព្រោះលោកចាត់ទុកថាពួកគេទាំងអស់គ្នាកំពុងរស់នៅ»។ ៣៩ ពួកអ្នកខ្លះដែលជំនាញខាងច្បាប់តបថា៖ «លោកគ្រូ! លោកនិយាយបានល្អ»។ ៤០ ព្រោះពួកគេមិនហ៊ានសួរលោកតទៅទៀតឡើយ សូម្បីតែសំណួរមួយក៏ដោយ។
៤១ រួចមក លោកមានប្រសាសន៍ទៅពួកគេថា៖ «ហេតុអ្វីបានជាគេនិយាយថាគ្រិស្តគ្រាន់តែជាបុត្រ* របស់ដាវីឌប៉ុណ្ណោះ? ៤២ ព្រោះក្នុងសៀវភៅទំនុកតម្កើង ដាវីឌខ្លួនគាត់ផ្ទាល់ពោលថា៖ ‹ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម្ចាស់របស់ខ្ញុំថា៖ «ចូរអង្គុយនៅខាងស្ដាំខ្ញុំ ៤៣ រហូតដល់ខ្ញុំដាក់សត្រូវរបស់អ្នកជាកំណល់កល់ជើងអ្នក»› ៤៤ ដាវីឌហៅលោកថា‹ម្ចាស់› ដូច្នេះ តើលោកអាចជាបុត្ររបស់ដាវីឌដូចម្ដេចបាន?»។
៤៥ បន្ទាប់មក កាលដែលបណ្ដាជនគ្រប់គ្នាកំពុងស្ដាប់ លោកមានប្រសាសន៍ទៅកាន់ពួកអ្នកកាន់តាមលោកថា៖ ៤៦ «ចូរប្រុងប្រយ័ត្ននឹងពួកអ្នកជំនាញខាងច្បាប់ ដែលចង់ពាក់អាវផាយដើរចុះឡើង ហើយចង់ឲ្យមនុស្សជម្រាបសួរ សម្ដែងការគោរពចំពោះពួកគេនៅផ្សារ ព្រមទាំងចង់អង្គុយនៅមុខគេក្នុងសាលាប្រជុំ ហើយនៅពេលពិសាភោជនាហារគេចង់អង្គុយនៅកន្លែងលេចមុខលេចមាត់ជាងគេ ៤៧ ហើយដែលប្រវ័ញ្ចយកទ្រព្យសម្បត្ដិរបស់ស្ត្រីមេម៉ាយ* ក៏អធិដ្ឋានយ៉ាងយូរដើម្បីធ្វើឲ្យមនុស្សកោតស្ងើច។ អ្នកទាំងនោះនឹងត្រូវទទួលទោសធ្ងន់ជាង»។
២១ ពេលដែលលោកក្រឡេកភ្នែកទៅ ក៏ឃើញពួកអ្នកមានកំពុងដាក់អំណោយជាប្រាក់ ក្នុងប្រដាប់ដាក់កាក់សម្រាប់ឃ្លាំងប្រាក់ ២ ហើយនៅទីនោះលោកឃើញស្ត្រីមេម៉ាយក្រីក្រម្នាក់ដាក់កាក់ពីរដែលមានតម្លៃតិចណាស់* ៣ រួចលោកមានប្រសាសន៍ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ពិតមែនតែស្ត្រីមេម៉ាយនេះក្រីក្រ ប៉ុន្តែនាងបានដាក់ច្រើនជាងពួកគេទាំងអស់។ ៤ ព្រោះពួកគេបានដាក់ប្រាក់សំណល់របស់ខ្លួនជាអំណោយ ចំណែកឯនាងវិញ ពិតមែនតែនាងខ្វះខាត ប៉ុន្តែនាងដាក់ប្រាក់ទាំងអស់ដែលនាងមានសម្រាប់ចិញ្ចឹមជីវិត»។
៥ លុះក្រោយមក ពេលដែលអ្នកខ្លះកំពុងនិយាយអំពីវិហារថា តុបតែងដោយថ្មល្អប្រណីតនិងរបស់ដែលទុកជូនព្រះ ៦ លោកមានប្រសាសន៍ថា៖ «ចំណែកឯអ្វីៗទាំងនេះដែលអ្នករាល់គ្នាកំពុងមើល នឹងមានគ្រាមកដល់ពេលដែលថ្មទាំងអស់នៅទីនេះនឹងត្រូវទម្លាក់ចុះដល់ដី ហើយនឹងគ្មានថ្មណាដែលនៅត្រួតលើថ្មណាទៀតឡើយ»។ ៧ រួចមក ពួកគាត់សួរលោកថា៖ «លោកគ្រូ តើការទាំងនេះនឹងកើតឡើងនៅពេលណាទៅ? ហើយតើអ្វីជាសញ្ញាសម្គាល់នៅពេលដែលការទាំងនេះត្រូវកើតឡើង?»។ ៨ លោកមានប្រសាសន៍ថា៖ «ចូរប្រយ័ត្ន កុំឲ្យអ្នកណាបំភាន់អ្នករាល់គ្នាឡើយ ព្រោះមនុស្សជាច្រើននឹងមកដោយអាងឈ្មោះខ្ញុំ ដោយពោលថា៖ ‹ខ្ញុំនេះហើយជាអ្នកនោះ› ក៏នឹងថា៖ ‹ពេលកំណត់គឺជិតដល់ហើយ›។ កុំទៅតាមពួកគេឡើយ។ ៩ ម្យ៉ាងទៀត ពេលដែលអ្នកឮអំពីសង្គ្រាមនិងចលាចល កុំភ័យស្លុតឡើយ ព្រោះការទាំងនេះត្រូវតែកើតឡើងជាមុនសិន ប៉ុន្តែទីបញ្ចប់នឹងមិនមកដល់ភ្លាមទេ»។
១០ បន្ទាប់មក លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ប្រជាជាតិមួយនឹងលើកទ័ពទៅច្បាំងនឹងប្រជាជាតិមួយ ហើយរាជាណាចក្រមួយនឹងលើកទ័ពទៅច្បាំងនឹងរាជាណាចក្រមួយ ១១ ក៏នឹងមានរញ្ជួយដីជាខ្លាំងនៅកន្លែងផ្សេងៗ ថែមទាំងរោគរាតត្បាតនិងការអត់ឃ្លានពីកន្លែងមួយទៅកន្លែងមួយ ហើយមនុស្សនឹងឃើញអ្វីដែលគួរឲ្យខ្លាច និងសញ្ញាសម្គាល់ដ៏អស្ចារ្យនៅលើមេឃ។*
១២ «ប៉ុន្តែមុនការទាំងអស់នេះ មនុស្សនឹងចាប់អ្នករាល់គ្នាថែមទាំងបៀតបៀន ក៏នឹងបញ្ជូនទៅសាលាប្រជុំនិងទៅគុក ហើយអ្នករាល់គ្នានឹងត្រូវគេបង្ខំឲ្យទៅឯស្តេចនិងពួកអភិបាល ព្រោះតែឈ្មោះខ្ញុំ។ ១៣ នោះនឹងហុចឱកាសឲ្យអ្នកធ្វើជាសាក្សី។ ១៤ ដូច្នេះ ចូរតាំងចិត្តមិនហាត់របៀបនិយាយការពារខ្លួនទុកជាមុនឡើយ ១៥ ព្រោះខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានពាក្យនិងប្រាជ្ញា* ដែលពួកអ្នកប្រឆាំងរួមគ្នាពុំអាចជំទាស់ឬប្រកែកឈ្នះបានឡើយ។ ១៦ ម្យ៉ាងទៀត សូម្បីតែឪពុកម្ដាយ បងប្អូន ញាតិសន្ដាន និងមិត្តភក្ដិនឹងក្បត់អ្នករាល់គ្នា ហើយពួកអ្នករាល់គ្នាខ្លះនឹងត្រូវគេសម្លាប់។ ១៧ មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ព្រោះតែឈ្មោះខ្ញុំ។ ១៨ ទោះជាយ៉ាងនោះក៏ដោយ សូម្បីតែសក់អ្នករាល់គ្នាមួយសរសៃ នឹងមិនវិនាសបាត់ទៅសោះឡើយ។ ១៩ បើស៊ូទ្រាំ នោះអ្នករាល់គ្នានឹងរក្សាជីវិត* ខ្លួន។
២០ «ម្យ៉ាងទៀត ពេលដែលអ្នករាល់គ្នាឃើញកងទ័ពបោះជំរំជុំវិញក្រុងយេរូសាឡិម ចូរដឹងថានាងជិតត្រូវបំផ្លិចបំផ្លាញហើយ។ ២១ នោះចូរឲ្យអ្នកដែលនៅតំបន់យូឌាចាប់ផ្ដើមរត់ទៅតំបន់ភ្នំ ចូរឲ្យពួកអ្នកដែលនៅក្នុងនាងចេញឲ្យឆ្ងាយ ហើយកុំឲ្យពួកអ្នកដែលនៅជនបទចូលក្នុងនាងឡើយ ២២ ព្រោះនោះជាគ្រាសម្រាប់ការសងសឹក យ៉ាងនោះអ្វីៗទាំងអស់ដែលបានត្រូវសរសេរអាចសម្រេចបាន។ ២៣ នៅគ្រានោះ ស្ត្រីដែលមានផ្ទៃពោះនិងស្ត្រីដែលនៅបំបៅកូនត្រូវវេទនាណាស់! ព្រោះស្រុកនេះនឹងមានទុក្ខវេទនាក្រៃលែង ហើយបណ្ដាជននេះនឹងទទួលទោស។ ២៤ ពួកគេក៏នឹងដួលស្លាប់ដោយដាវ ហើយនឹងត្រូវចាប់ជាឈ្លើយនាំទៅប្រទេសទាំងឡាយ ឯក្រុងយេរូសាឡិមនឹងត្រូវជាន់ឈ្លីដោយប្រជាជាតិនានា រហូតដល់គ្រាកំណត់នៃប្រជាជាតិនានាបានចប់សព្វគ្រប់។
២៥ «ម្យ៉ាងទៀត នឹងមានសញ្ញាសម្គាល់នៅលើថ្ងៃ ខែ និងផ្កាយ ហើយនៅលើផែនដីប្រជាជាតិទាំងឡាយនឹងព្រួយបារម្ភជាខ្លាំង ក៏ទាល់គំនិតដោយសារសូរគ្រាំគ្រេងនៃសមុទ្រដែលកំពុងបក់បោក ២៦ កាលដែលមនុស្សស្ទើរតែសន្លប់បាត់ស្មារតីដោយសារភ័យខ្លាចនិងដោយសាររង់ចាំអ្វីដែលជិតកើតឡើងនៅគ្រប់ទីអាស្រ័យនៅផែនដី ព្រោះកម្លាំងធម្មជាតិនៅលើមេឃនឹងត្រូវអង្រួន។ ២៧ នៅពេលនោះ ពួកគេនឹងឃើញកូនមនុស្សមកក្នុងពពក ទាំងមានឫទ្ធានុភាពនិងសិរីរុងរឿងអស្ចារ្យ។ ២៨ ប៉ុន្តែពេលដែលការទាំងនេះចាប់ផ្ដើមកើតឡើង ចូរឈរឲ្យត្រង់ខ្លួនហើយងើបមុខឡើង ព្រោះសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាគឺជិតដល់ហើយ»។
២៩ រួចមក លោកលើកឧទាហរណ៍មួយប្រាប់ពួកគាត់ថា៖ «ចូរកត់សម្គាល់ដើមល្វាតូចនិងដើមឈើឯទៀត។ ៣០ ពេលដែលអ្នកឃើញថាវាចេញពន្លក អ្នកដឹងថារដូវក្ដៅគឺជិតដល់ហើយ។ ៣១ ដូចគ្នាដែរ ពេលដែលអ្នករាល់គ្នាឃើញការទាំងនេះកើតឡើង ចូរដឹងថារាជាណាចក្ររបស់ព្រះគឺជិតដល់ហើយ។ ៣២ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ជំនាន់នេះនឹងមិនកន្លងបាត់ទៅសោះឡើយ ទាល់តែការទាំងអស់កើតឡើង។ ៣៣ មេឃនិងផែនដីនឹងកន្លងបាត់ទៅ តែពាក្យរបស់ខ្ញុំនឹងមិនកន្លងបាត់ទៅសោះឡើយ។
៣៤ «ប៉ុន្តែកុំភ្លេចខ្លួនឲ្យសោះ ក្រែងការផឹកនិងការបរិភោគហួសប្រមាណ និងកង្វល់អំពីជីវិតពង្វក់ចិត្តអ្នករាល់គ្នា ស្រាប់តែថ្ងៃនោះមកដល់ភ្លាមមួយរំពេច ៣៥ ដូចជាលប់ ព្រោះថ្ងៃនោះនឹងមកគ្របលើអស់ទាំងមនុស្សនៅលើផែនដី។ ៣៦ ដូច្នេះ ចូរចាំយាមព្រមទាំងអធិដ្ឋានជានិច្ចអង្វរសុំឲ្យរួចផុតពីការទាំងអស់នេះដែលត្រូវកើតឡើង ហើយឲ្យឈរនៅមុខកូនមនុស្សផង»។
៣៧ ម្ល៉ោះហើយ ពេលថ្ងៃលោកបង្រៀននៅឯវិហារ តែពេលយប់លោកចេញទៅស្នាក់នៅឯភ្នំហៅថាភ្នំដើមអូលីវ។ ៣៨ ហើយបណ្ដាជនទាំងឡាយតែងតែមកក្នុងវិហារតាំងពីព្រលឹមដើម្បីស្ដាប់លោក។
២២ ឯបុណ្យនំឥតដំបែដែលហៅថាបុណ្យរំលង គឺជិតដល់ហើយ។ ២ ម្យ៉ាងទៀត ពួកសង្ឃនាយកនិងពួកអ្នកជំនាញខាងច្បាប់កំពុងរិះរកវិធីល្អដើម្បីសម្លាប់លោក ព្រោះពួកគេខ្លាចបណ្ដាជន។ ៣ ប៉ុន្តែសាថាន* បានចូលយូដាស ដែលហៅថាអ៊ីស្ការីយ៉ុត ពីចំណោមសាវ័កទាំងដប់ពីរនាក់។ ៤ រួចគាត់ចេញទៅពិភាក្សាជាមួយនឹងពួកសង្ឃនាយកនិងពួកមេកងរក្សាវិហារ អំពីវិធីល្អបំផុតដើម្បីបញ្ជូន* លោកទៅពួកគេ។ ៥ ពួកគេបានត្រេកអរក៏ព្រមឲ្យប្រាក់ដល់គាត់។ ៦ ដូច្នេះ គាត់ក៏យល់ព្រម ហើយចាប់ផ្ដើមរកឱកាសល្អដើម្បីបញ្ជូនលោកទៅពួកគេពេលគ្មានបណ្ដាជន។
៧ ថ្ងៃបុណ្យនំឥតដំបែបានមកដល់ ពេលដែលគេបូជាសត្វសម្រាប់បុណ្យរំលង។ ៨ លោកចាត់ពេត្រុសនិងយ៉ូហានឲ្យទៅដោយប្រាប់ថា៖ «ចូរទៅរៀបចំអាហារបុណ្យរំលងឲ្យយើងបរិភោគ»។ ៩ ពួកគាត់សួរថា៖ «តើលោកចង់ឲ្យយើងរៀបចំនៅកន្លែងណា?»។ ១០ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «មើល! ពេលដែលអ្នកចូលក្នុងក្រុងនោះ បុរសម្នាក់ដែលកំពុងលីក្អមទឹកនឹងមកជួបអ្នក។ ចូរតាមគាត់ទៅក្នុងផ្ទះដែលគាត់ចូល។ ១១ អ្នកត្រូវប្រាប់ម្ចាស់ផ្ទះថា៖ ‹លោកគ្រូសួរថា៖ «តើបន្ទប់ដែលទុកឲ្យខ្ញុំបរិភោគអាហារបុណ្យរំលងជាមួយនឹងអ្នកកាន់តាមខ្ញុំនៅឯណា?»›។ ១២ អ្នកនោះនឹងបង្ហាញបន្ទប់ធំមួយនៅជាន់លើ។ ក្នុងបន្ទប់នោះគេបានដាក់ប្រដាប់ប្រដាសព្វគ្រប់រួចហើយ។ ចូររៀបចំសម្រាប់បុណ្យរំលងនៅទីនោះ»។ ១៣ ដូច្នេះ គាត់ក៏បានចេញទៅឃើញថាអ្វីៗគឺដូចលោកបានមានប្រសាសន៍មែន។ រួចមក ពួកគាត់រៀបចំសម្រាប់បុណ្យរំលង។
១៤ លុះដល់ពេលហើយ លោកក៏អង្គុយនៅតុជាមួយនឹងពួកសាវ័ក។ ១៥ រួចលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ខ្ញុំចង់បរិភោគអាហារបុណ្យរំលងនេះជាមួយនឹងអ្នករាល់គ្នាណាស់ មុននឹងខ្ញុំរងទុក្ខ។ ១៦ ព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនបរិភោគអាហារបុណ្យរំលងម្ដងទៀតឡើយ រហូតដល់ការនេះបានសម្រេចសព្វគ្រប់ក្នុងរាជាណាចក្ររបស់ព្រះ»។ ១៧ រួចលោកទទួលពែងមួយ ក៏អរគុណព្រះហើយមានប្រសាសន៍ថា៖ «ចូរយកពែងនេះហុចពីម្នាក់ទៅម្នាក់ហើយពិសាចុះ។ ១៨ ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនផឹកស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់រាជាណាចក្ររបស់ព្រះមកដល់»។
១៩ លោកក៏យកនំប៉័ងមួយដុំ អរគុណព្រះ រួចកាច់ ហើយឲ្យពួកគាត់ ដោយពោលថា៖ «នេះជាតំណាងរូបកាយរបស់ខ្ញុំដែលនឹងត្រូវប្រគល់ឲ្យ ដើម្បីអ្នករាល់គ្នា។ ចូរបន្តធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ»។ ២០ លុះពិសាអាហារល្ងាចហើយ លោកយកពែងនោះធ្វើបែបដូច្នោះដែរ ដោយមានប្រសាសន៍ថា៖ «ពែងនេះជាតំណាងកិច្ចព្រមព្រៀងថ្មី ដែលមានមូលដ្ឋានលើឈាមរបស់ខ្ញុំ ដែលនឹងត្រូវបង្ហូរចេញដើម្បីអ្នករាល់គ្នា។
២១ «ប៉ុន្តែ មើល! អ្នកដែលក្បត់ខ្ញុំនៅតុជាមួយនឹងខ្ញុំ។ ២២ ពីព្រោះកូនមនុស្សនឹងចាកចេញ ដូចអ្វីដែលបានត្រូវកំណត់ទុក។ ទោះជាយ៉ាងនោះក៏ដោយ បុរសដែលគេប្រើដើម្បីបញ្ជូន* លោក ត្រូវវេទនាណាស់!»។ ២៣ ម្ល៉ោះហើយ ពួកគាត់ចាប់ផ្ដើមជជែកគ្នាចង់ដឹងថាអ្នកណាក្នុងចំណោមពួកគាត់ពិតជានឹងធ្វើដូច្នោះ។
២៤ ក៏ប៉ុន្តែ ពួកគាត់ក៏តាំងប្រកែកគ្នាយ៉ាងខ្លាំងអំពីរឿងថាអ្នកណាដែលពួកគាត់គិតថាជាអ្នកធំជាងគេក្នុងចំណោមពួកគាត់។ ២៥ ប៉ុន្តែលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «បណ្ដាស្តេចនៃប្រជាជាតិនានាត្រួតត្រាលើពួកគេ ហើយពួកគេហៅអ្នកដែលកាន់អំណាចលើពួកគេថាជាអ្នកមានគុណ។* ២៦ ឯអ្នករាល់គ្នាវិញ អ្នកមិនត្រូវដូច្នេះឡើយ តែអ្នកដែលធំជាងគេក្នុងចំណោមអ្នករាល់គ្នា ត្រូវធ្វើជាអ្នកក្មេងជាងគេ ហើយអ្នកដែលកំពុងធ្វើជាចៅហ្វាយគេ ត្រូវធ្វើជាអ្នកបម្រើគេវិញ។ ២៧ ព្រោះតើអ្នកណាធំជាង? អ្នកដែលកំពុងអង្គុយនៅតុ? ឬអ្នកដែលកំពុងបម្រើ? គឺអ្នកដែលកំពុងអង្គុយនៅតុ មែនទេ? ប៉ុន្តែខ្ញុំជាអ្នកបម្រើក្នុងចំណោមអ្នករាល់គ្នា។
២៨ «ក៏ប៉ុន្តែ អ្នករាល់គ្នាបាននៅជាប់ជាមួយនឹងខ្ញុំ ពេលដែលខ្ញុំមានទុក្ខលំបាក ២៩ ហើយខ្ញុំធ្វើកិច្ចព្រមព្រៀងជាមួយនឹងអ្នករាល់គ្នា ដូចបិតារបស់ខ្ញុំបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងខ្ញុំ ពោលគឺសម្រាប់រាជាណាចក្រមួយ ៣០ ដើម្បីឲ្យអ្នករាល់គ្នាពិសាអាហារពិសាស្រានៅតុរបស់ខ្ញុំក្នុងរាជាណាចក្ររបស់ខ្ញុំ ហើយអង្គុយលើបល្ល័ង្កដើម្បីវិនិច្ឆ័យកុលសម្ព័ន្ធទាំងដប់ពីរនៃអ៊ីស្រាអែល។
៣១ «ស៊ីម៉ូន ស៊ីម៉ូន មើល! សាថានបានទាមទាររែងអ្នករាល់គ្នាដូចអង្ករ។ ៣២ ប៉ុន្តែខ្ញុំបានអធិដ្ឋានអង្វរកុំឲ្យជំនឿរបស់អ្នកចុះខ្សោយ។ ឯអ្នកវិញ ពេលដែលអ្នកប្រែចិត្តហើយ ចូរពង្រឹងជំនឿនៃបងប្អូនរបស់អ្នក»។ ៣៣ រួចគាត់ជម្រាបលោកថា៖ «លោកម្ចាស់ ខ្ញុំបានត្រៀមខ្លួនចូលគុកជាមួយនឹងលោក ហើយស្លាប់ជាមួយនឹងលោកដែរ»។ ៣៤ ប៉ុន្តែលោកមានប្រសាសន៍ថា៖ «ពេត្រុស ខ្ញុំប្រាប់អ្នកថា មាន់នឹងមិនរងាវនៅថ្ងៃនេះ រហូតដល់អ្នកបានបដិសេធ មិនទទួលស្គាល់ខ្ញុំបីដង»។
៣៥ លោកក៏មានប្រសាសន៍ទៅពួកគាត់ថា៖ «ពេលដែលខ្ញុំចាត់អ្នករាល់គ្នាទៅដោយគ្មានថង់ប្រាក់ ថង់យាមសម្រាប់ដាក់អាហារ ឬស្បែកជើង អ្នករាល់គ្នាមិនបានខ្វះខាតអ្វីទេ មែនទេ?» ពួកគាត់ឆ្លើយថា៖ «បាទ!»។ ៣៦ រួចលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ប៉ុន្តែឥឡូវ អ្នកណាដែលមានថង់ប្រាក់ត្រូវយកទៅជាមួយ ក៏ត្រូវយកថង់យាមសម្រាប់ដាក់អាហារដែរ ឯអ្នកណាដែលគ្មានដាវ អ្នកនោះត្រូវលក់សម្លៀកបំពាក់ក្រៅរបស់ខ្លួន រួចទិញដាវមួយវិញ។ ៣៧ ព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីដែលបានត្រូវសរសេរអំពីខ្ញុំត្រូវតែសម្រេចនៅលើខ្ញុំ ពោលគឺ៖ ‹លោកបានត្រូវរាប់ក្នុងចំណោមមនុស្សប្រឆាំងច្បាប់›។ ពីព្រោះអ្វីដែលបានត្រូវសរសេរអំពីខ្ញុំនឹងត្រូវសម្រេច»។ ៣៨ រួចពួកគេជម្រាបថា៖ «លោកម្ចាស់ មើល! យើងមានដាវពីរហើយ»។ លោកមានប្រសាសន៍ថា៖ «នោះល្មមហើយ»។
៣៩ ពេលដែលចេញទៅ លោកទៅភ្នំដើមអូលីវដូចសព្វដង ហើយពួកអ្នកកាន់តាមក៏ទៅជាមួយនឹងលោកដែរ។ ៤០ លុះទៅដល់ហើយ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ចូរអធិដ្ឋានជានិច្ច ដើម្បីកុំឲ្យចាញ់សេចក្ដីល្បួងឡើយ»។ ៤១ រួចលោកចេញពីពួកគាត់ទៅប្រហែលចម្ងាយដែលគេចោលដុំថ្មមួយទំហឹង ក៏លុតជង្គង់ចាប់ផ្ដើមអធិដ្ឋាន ៤២ ថា៖ «បិតាអើយ! បើលោកចង់ សូមដកពែង* នេះចេញពីខ្ញុំ។ ប៉ុន្តែសូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេច មិនមែនបំណងប្រាថ្នារបស់ខ្ញុំទេ»។ ៤៣ រួចទេវតាមួយពីស្ថានសួគ៌បានលេចមកពង្រឹងកម្លាំងចិត្តរបស់លោក។ ៤៤ ប៉ុន្តែលោកបានកើតទុក្ខជាខ្លាំង ក៏បានបន្តអធិដ្ឋានដោយចិត្តខ្នះខ្នែងជាងមុនទៅទៀត ហើយញើសរបស់លោកបានប្រែដូចជាតំណក់ឈាមស្រក់ចុះដល់ដី។ ៤៥ លុះអធិដ្ឋានហើយ លោកក៏ក្រោកឡើងទៅឯពួកអ្នកកាន់តាម ហើយឃើញថាពួកគាត់កំពុងងោកងុយដោយសារក្ដីទុក្ខព្រួយ។ ៤៦ រួចលោកមានប្រសាសន៍ថា៖ «ហេតុអ្វីអ្នករាល់គ្នាកំពុងដេកដូច្នេះ? ចូរក្រោកឡើងហើយបន្តអធិដ្ឋាន កុំឲ្យចាញ់សេចក្ដីល្បួង»។
៤៧ កាលដែលលោកកំពុងមានប្រសាសន៍នៅឡើយ មើល! មានមនុស្សមួយក្រុមធំមក ហើយយូដាស ពីចំណោមសាវ័កទាំងដប់ពីរនាក់ កំពុងដើរនៅមុខពួកគេ។ គាត់ក៏ចូលទៅជិតលោកយេស៊ូដើម្បីថើបលោក។ ៤៨ ប៉ុន្តែលោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «យូដាស តើអ្នកក្បត់កូនមនុស្សដោយថើបលោកឬ?»។ ៤៩ លុះឃើញអ្វីដែលហៀបនឹងកើតឡើង ពួកអ្នកដែលនៅជុំវិញលោកក៏ជម្រាបថា៖ «លោកម្ចាស់ តើយើងគួរកាប់នឹងដាវឬ?»។ ៥០ ពួកគាត់ម្នាក់ក៏បានកាប់ដាច់ស្លឹកត្រចៀកស្ដាំរបស់ខ្ញុំបម្រើនៃសម្ដេចសង្ឃ។ ៥១ ប៉ុន្តែលោកយេស៊ូមានប្រសាសន៍ថា៖ «ប៉ុណ្ណឹងបានហើយ»។ រួចលោកពាល់ត្រចៀករបស់អ្នកនោះ ហើយធ្វើឲ្យគាត់ជាឡើងវិញ។ ៥២ បន្ទាប់មក លោកមានប្រសាសន៍ទៅពួកសង្ឃនាយក ពួកមេកងរក្សាវិហារ និងពួកបុរសចាស់ទុំដែលបានមកទីនោះដើម្បីចាប់លោកថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចេញមកចាប់ខ្ញុំ ដោយកាន់ដាវកាន់ដំបង ដូចមកចាប់ចោរប្លន់ដូច្នេះ? ៥៣ កាលដែលខ្ញុំធ្លាប់នៅជាមួយនឹងអ្នករាល់គ្នារៀងរាល់ថ្ងៃក្នុងវិហារ អ្នកមិនបានលូកដៃចាប់ខ្ញុំទេ។ ប៉ុន្តែនេះជាវេលារបស់អ្នករាល់គ្នាហើយ ក៏ជាវេលាដែលសេចក្ដីងងឹតកាន់អំណាច»។
៥៤ រួចមក ពួកគេបានចាប់ខ្លួនលោក ក៏នាំទៅផ្ទះរបស់សម្ដេចសង្ឃ តែពេត្រុសបានដើរតាមពីចម្ងាយ។ ៥៥ ពេលដែលគេបង្កាត់ភ្លើងនៅកណ្ដាលទីធ្លាហើយនាំគ្នាអង្គុយចុះ នោះពេត្រុសក៏អង្គុយក្នុងចំណោមពួកគេ។ ៥៦ ប៉ុន្តែស្ត្រីអ្នកបម្រើម្នាក់បានឃើញគាត់អង្គុយនៅក្បែរភ្លើងនោះ ក៏ខំមើលគាត់ រួចបាននិយាយថា៖ «បុរសនេះធ្លាប់នៅជាមួយនឹងអ្នកនោះដែរ»។ ៥៧ ប៉ុន្តែគាត់បដិសេធដោយពោលថា៖ «នែនាង! ខ្ញុំមិនស្គាល់អ្នកនោះទេ»។ ៥៨ មិនយូរក្រោយនោះ មនុស្សម្នាក់ទៀតឃើញគាត់ក៏និយាយថា៖ «អ្នកក៏ជាពួកនោះដែរ»។ ប៉ុន្តែពេត្រុសនិយាយថា៖ «ខ្ញុំមិនមែនជាពួកនោះទេ»។ ៥៩ រយៈពេលប្រហែលមួយម៉ោងក្រោយមក បុរសម្នាក់ទៀតចាប់ផ្ដើមអះអាងយ៉ាងម៉ឺងម៉ាត់ថា៖ «បុរសនេះប្រាកដជាធ្លាប់នៅជាមួយនឹងអ្នកនោះដែរ ព្រោះគាត់ជាអ្នកស្រុកកាលីឡេ!»។ ៦០ ប៉ុន្តែពេត្រុសនិយាយថា៖ «ខ្ញុំមិនដឹងថាអ្នកកំពុងនិយាយអ្វីទេ»។ រំពេចនោះ កាលដែលគាត់កំពុងនិយាយនៅឡើយ មាន់ក៏រងាវឡើង។ ៦១ រួចលោកម្ចាស់បែរទៅមើលពេត្រុស ហើយពេត្រុសនឹកឃើញអ្វីដែលលោកម្ចាស់បានមានប្រសាសន៍ទៅគាត់ថា៖ «មុននឹងមាន់រងាវថ្ងៃនេះ អ្នកនឹងបដិសេធ មិនទទួលស្គាល់ខ្ញុំបីដង»។ ៦២ រួចគាត់ចេញទៅក្រៅហើយយំដោយនឹកស្ដាយជាខ្លាំង។
៦៣ ឯបុរសទាំងប៉ុន្មានដែលកំពុងយាមលោក ក៏តាំងចំអកឲ្យ ហើយវាយលោក។ ៦៤ ក្រោយពីបានគ្របមុខលោក ពួកគេក៏សួរថា៖ «ចូរប្រកាសទំនាយមក! តើអ្នកណាបានវាយឯង?»។ ៦៥ ហើយពួកគេក៏បានប្រមាថ* លោកដោយពាក្យផ្សេងៗជាច្រើនទៀត។
៦៦ លុះភ្លឺឡើង ក្រុមបុរសចាស់ទុំដែលរួមទាំងពួកសង្ឃនាយកនិងពួកអ្នកជំនាញខាងច្បាប់បានមកជុំគ្នា ហើយបាននាំយកលោកទៅសាលក្រុមប្រឹក្សាជាន់ខ្ពស់* រួចសួរថា៖ ៦៧ «បើអ្នកជាគ្រិស្ត ចូរប្រាប់យើងមក»។ ប៉ុន្តែលោកមានប្រសាសន៍ទៅពួកគេថា៖ «ទោះជាខ្ញុំប្រាប់អ្នករាល់គ្នាក៏ដោយ ក៏អ្នករាល់គ្នាមិនជឿខ្ញុំឡើយ។ ៦៨ ម្យ៉ាងទៀត បើខ្ញុំសួរអ្នករាល់គ្នាវិញ អ្នកមិនឆ្លើយសោះ។ ៦៩ ក៏ប៉ុន្តែ ចាប់តាំងពីពេលនេះទៅ កូនមនុស្សនឹងអង្គុយនៅខាងស្ដាំនៃព្រះដែលមានឫទ្ធានុភាពខ្លាំងក្លា»។ ៧០ ឮដូច្នេះ ពួកគេទាំងអស់គ្នាសួរថា៖ «បើដូច្នេះ តើអ្នកជាបុត្រព្រះឬ?»។ លោកមានប្រសាសន៍ទៅពួកគេថា៖ «គឺអ្នករាល់គ្នាដែលនិយាយថាខ្ញុំជាបុត្រព្រះ»។ ៧១ ពួកគេនិយាយថា៖ «តើយើងត្រូវការសក្ខីភាពថែមទៀតធ្វើអ្វី? យើងបានឮចេញពីមាត់អ្នកនេះផ្ទាល់ហើយ»។
២៣ ដូច្នេះ ពួកគេគ្រប់គ្នាបានក្រោកឡើងនាំលោកទៅឯពីឡាត។ ២ រួចមក ពួកគេចាប់ផ្ដើមចោទប្រកាន់លោកថា៖ «យើងឃើញបុរសនេះកំពុងបំបះបំបោរជាតិយើង ហើយហាមមិនឲ្យបង់ពន្ធជូនសេសារ* ក៏និយាយថាខ្លួនគាត់ជាគ្រិស្តដែលជាស្តេច»។ ៣ រួចពីឡាតសួរសំណួរលោកថា៖ «តើអ្នកជាស្តេចនៃជនជាតិយូដាឬ?»។ លោកតបឆ្លើយថា៖ «គឺអ្នកហើយដែលនិយាយ»។ ៤ បន្ទាប់មក ពីឡាតនិយាយទៅពួកសង្ឃនាយកនិងបណ្ដាជនថា៖ «ខ្ញុំមិនឃើញថាបុរសនេះបានប្រព្រឹត្តបទឧក្រិដ្ឋអ្វីឡើយ»។ ៥ ក៏ប៉ុន្តែពួកគេតាំងអះអាងយ៉ាងម៉ឺងម៉ាត់ថា៖ «បុរសនេះញុះញង់បណ្ដាជនដោយបង្រៀនពេញតំបន់យូឌា ចាប់តាំងពីស្រុកកាលីឡេរហូតមកដល់ទីនេះ»។ ៦ ឮដូច្នេះ ពីឡាតសួរចង់ដឹងថាបុរសនោះជាអ្នកស្រុកកាលីឡេឬទេ។ ៧ លុះដឹងច្បាស់ថាលោកមកពីតំបន់ដែលហេរ៉ូឌគ្រប់គ្រង គាត់ឲ្យគេបញ្ជូនលោកទៅហេរ៉ូឌវិញ។ នៅពេលនោះហេរ៉ូឌក៏នៅក្រុងយេរូសាឡិមដែរ។
៨ កាលដែលហេរ៉ូឌឃើញលោកយេស៊ូ គាត់ត្រេកអរជាខ្លាំង ព្រោះគាត់ចង់ឃើញលោកតាំងពីយូរហើយ ដោយសារបានឮគេតំណាលអំពីលោក ក៏បានសង្ឃឹមថាលោកនឹងធ្វើសញ្ញាសម្គាល់មួយឲ្យគាត់ឃើញ។ ៩ រួចគាត់ចាប់ផ្ដើមសួរសំណួរលោកជាច្រើន តែលោកមិនតបឆ្លើយឡើយ។ ១០ ក៏ប៉ុន្តែពួកសង្ឃនាយកនិងពួកអ្នកជំនាញខាងច្បាប់បានក្រោកឈរម្ដងហើយម្ដងទៀតដោយចោទប្រកាន់លោកយ៉ាងខ្លាំង។ ១១ បន្ទាប់មក ហេរ៉ូឌជាមួយនឹងពួកទាហានរបស់គាត់បានបង្អាប់បង្អោនលោក ហើយហេរ៉ូឌចំអកឲ្យលោកដោយយកសម្លៀកបំពាក់ពណ៌ឆើតមកបំពាក់ឲ្យ រួចបញ្ជូនទៅពីឡាតវិញ។ ១២ នៅថ្ងៃនោះឯង ហេរ៉ូឌនិងពីឡាតបានទៅជាមិត្តភក្ដិនឹងគ្នា ព្រោះមុនថ្ងៃនោះពួកគេធ្លាប់ស្អប់គ្នា។
១៣ ម្ល៉ោះហើយ ពីឡាតហៅពួកសង្ឃនាយក ពួកអ្នកគ្រប់គ្រង និងបណ្ដាជនមកជុំគ្នា ១៤ ក៏ប្រាប់ថា៖ «អ្នករាល់គ្នាបាននាំបុរសនេះមកខ្ញុំ ដោយថាគាត់បំបះបំបោរបណ្ដាជន ប៉ុន្តែមើល! ខ្ញុំបានសួរចម្លើយគាត់នៅមុខអ្នករាល់គ្នា តែមិនបានឃើញថាបុរសនេះមានទោសអ្វីដែលគួរឲ្យអ្នករាល់គ្នាចោទប្រកាន់គាត់ដូច្នេះទេ។ ១៥ សូម្បីតែហេរ៉ូឌក៏មិនបានឃើញថាគាត់មានទោសអ្វីដែរ ព្រោះហេរ៉ូឌបានបញ្ជូនគាត់មកយើងវិញ ហើយមើល! គាត់មិនបានធ្វើអ្វីដែលគួរនឹងប្រហារជីវិតសោះ។ ១៦ ហេតុនេះហើយ ខ្ញុំនឹងដាក់ទណ្ឌកម្មគាត់ រួចដោះលែងគាត់ទៅ»។ ១៧ * —— ១៨ ប៉ុន្តែពួកគេទាំងអស់គ្នាបានស្រែកឡើងថា៖ «សម្លាប់អ្នកនោះចោលទៅ! ហើយដោះលែងបារ៉ាបាសឲ្យយើងវិញ!»។ ១៩ (បុរសនោះបានត្រូវបោះចូលគុកពីបទបំបះបំបោរមួយក្នុងក្រុងនោះ ហើយពីបទឃាតកម្មដែរ)។ ២០ ពីឡាតនិយាយទៅកាន់ពួកគេម្ដងទៀត ពីព្រោះគាត់ចង់ដោះលែងលោកយេស៊ូ។ ២១ រួចមក ពួកគេចាប់ផ្ដើមស្រែកឡើងថា៖ «ព្យួរទៅ! ព្យួរអ្នកនោះទៅ!»។ ២២ គាត់និយាយជាលើកទីបីទៅពួកគេថា៖ «ហេតុអ្វី? តើបុរសនេះបានធ្វើអំពើអាក្រក់អ្វីទៅ? ខ្ញុំមិនឃើញថាគាត់បានធ្វើអ្វីដែលគួរនឹងប្រហារជីវិតសោះ។ ដូច្នេះ ខ្ញុំនឹងដាក់ទណ្ឌកម្មគាត់ រួចដោះលែងគាត់ទៅ»។ ២៣ ឮដូច្នេះ ពួកគេចាប់ផ្ដើមតឿនទារឲ្យព្យួរលោក ដោយបន្លឺសំឡេងយ៉ាងខ្លាំង ហើយសម្រែករបស់ពួកគេបានឈ្នះ។ ២៤ ដូច្នេះ ពីឡាតបានកាត់ក្ដីតាមអ្វីដែលពួកគេទាមទារ ពោលគឺ ២៥ គាត់បានដោះលែងបុរសដែលបណ្ដាជនកំពុងទាមទារ គឺអ្នកដែលបានត្រូវបោះចូលគុកពីបទបំបះបំបោរនិងឃាតកម្ម។ ចំណែកលោកយេស៊ូវិញ ពីឡាតបានប្រគល់លោកទៅឲ្យគេប្រហារជីវិត តាមសំណូមពររបស់បណ្ដាជន។
២៦ កាលដែលគេកំពុងនាំលោកទៅ នោះគេបានចាប់អ្នកក្រុងគីរេនម្នាក់ឈ្មោះស៊ីម៉ូន ដែលកំពុងធ្វើដំណើរមកពីជនបទ រួចពួកគេដាក់បង្គោលទារុណកម្ម* ឲ្យគាត់លីពីក្រោយលោកយេស៊ូ។ ២៧ ប៉ុន្តែមានមនុស្សសន្ធឹកណាស់ព្រមទាំងស្ត្រីជាច្រើនកំពុងដើរតាមលោក ហើយស្ត្រីទាំងនោះកំពុងគក់ទ្រូងដោយក្ដីទុក្ខព្រួយ ហើយយំសោកអំពីលោក។ ២៨ លោកយេស៊ូងាកទៅរកស្ត្រីទាំងនោះ ហើយមានប្រសាសន៍ថា៖ «កូនស្រីនៃក្រុងយេរូសាឡិមអើយ ឈប់យំសោកអំពីខ្ញុំ។ ផ្ទុយទៅវិញ ចូរយំសោកអំពីដំណើរខ្លួនអ្នករាល់គ្នា និងកូនរបស់អ្នករាល់គ្នាវិញ ២៩ ពីព្រោះមើល! នឹងមានគ្រាមកដល់ ដែលពេលនោះមនុស្សនឹងនិយាយថា៖ ‹ស្ត្រីអារទាំងឡាយ ស្ត្រីណាដែលមិនបានបង្កើតកូន និងស្ត្រីណាដែលមិនបានបំបៅកូន គឺស្ត្រីទាំងនោះហើយដែលមានសុភមង្គល!›។ ៣០ រួចគេនឹងចាប់ផ្ដើមនិយាយទៅភ្នំធំៗថា៖ ‹រលំលើយើងមក!› ក៏នឹងនិយាយទៅភ្នំតូចៗថា៖ ‹គ្របលើយើងមក!›។ ៣១ ពីព្រោះប្រសិនបើគេធ្វើការទាំងនេះពេលដែលដើមឈើនៅស្រស់ តើអ្វីនឹងកើតឡើងកាលដែលដើមឈើនោះក្រៀមស្វិតទៅវិញ?»។
៣២ ប៉ុន្តែមានបុរសពីរនាក់ដែលជាអ្នកប្រព្រឹត្តអំពើអាក្រក់ កំពុងត្រូវគេនាំទៅប្រហារជីវិតជាមួយនឹងលោកដែរ។ ៣៣ លុះទៅដល់កន្លែងហៅថាលលាដ៍ក្បាល គេក៏ព្យួរលោកនិងពួកអ្នកប្រព្រឹត្តអំពើអាក្រក់ ដោយព្យួរម្នាក់នៅខាងស្ដាំនិងម្នាក់នៅខាងឆ្វេងលោក។ ៣៤ [[ប៉ុន្តែលោកយេស៊ូកំពុងមានប្រសាសន៍ថា៖ «បិតាអើយ សូមអភ័យទោសឲ្យពួកគេ ព្រោះពួកគេមិនដឹងថាខ្លួនកំពុងធ្វើអ្វីឡើយ»]]* ម្យ៉ាងទៀត ពួកគេបានចាប់ឆ្នោតដើម្បីចែកសម្លៀកបំពាក់របស់លោក។ ៣៥ ហើយបណ្ដាជនកំពុងឈរមើល តែពួកអ្នកគ្រប់គ្រងបានពេបជ្រាយក៏និយាយថា៖ «អ្នកនេះបានសង្គ្រោះអ្នកឯទៀត ឲ្យគាត់សង្គ្រោះខ្លួនឯងចុះ បើគាត់ជាគ្រិស្តរបស់ព្រះ ជាអ្នករើសតាំងមែន»។ ៣៦ សូម្បីតែពួកទាហានក៏បានចំអកឲ្យលោកដែរ ដោយចូលមកជិតលោកហើយជូនស្រាជូរ ៣៧ ក៏បាននិយាយថា៖ «បើឯងជាស្តេចជនជាតិយូដា ចូរសង្គ្រោះខ្លួនឯងចុះ»។ ៣៨ ម្យ៉ាងទៀត មានអក្សរចារឹកនៅខាងលើលោកថា៖ «នេះជាស្តេចនៃជនជាតិយូដា»។
៣៩ ប៉ុន្តែអ្នកប្រព្រឹត្តអំពើអាក្រក់ម្នាក់ដែលបានត្រូវព្យួរ តាំងនិយាយប្រមាថលោកថា៖ «ឯងជាគ្រិស្តមែនទេ? ចូរសង្គ្រោះខ្លួនឯងនិងយើងផង»។ ៤០ អ្នកប្រព្រឹត្តអំពើអាក្រក់ម្នាក់ទៀតបានស្តីបន្ទោសអ្នកនោះថា៖ «តើអ្នកមិនកោតខ្លាចព្រះសោះឬ? ឥឡូវនេះអ្នកបានទទួលទោសដូចគ្នាដែរ ៤១ ហើយទោសយើងនេះគឺត្រឹមត្រូវណាស់ ព្រោះយើងកំពុងទទួលបានសព្វគ្រប់នូវអ្វីដែលសមនឹងការដែលយើងបានប្រព្រឹត្ត។ ប៉ុន្តែបុរសនេះគ្មានកំហុសអ្វីឡើយ»។ ៤២ រួចគាត់និយាយថា៖ «លោកយេស៊ូ សូមនឹកឃើញខ្ញុំ កាលណាលោកទៅជាស្តេច»។* ៤៣ លោកមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកការពិតនៅថ្ងៃនេះថា អ្នកនឹងនៅជាមួយនឹងខ្ញុំក្នុងសួនឧទ្យាន»។
៤៤ ឥឡូវនេះប្រហែលម៉ោងទីប្រាំមួយ* ហើយ។ ទោះជាយ៉ាងនោះក៏ដោយ ផែនដីទាំងមូលបានក្លាយជាងងឹតរហូតដល់ម៉ោងទីប្រាំបួន* ៤៥ ពីព្រោះពន្លឺថ្ងៃបានបាត់សូន្យ។ រួចមក វាំងននក្នុងវិហារ* បានរហែកចំកណ្ដាលពីលើចុះក្រោម។ ៤៦ ហើយលោកយេស៊ូបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «បិតា! ខ្ញុំសូមប្រគល់ជីវិត* ខ្ញុំជូនលោក!»។ ពេលមានប្រសាសន៍ចប់ហើយ លោកក៏ផុតដង្ហើមទៅ។ ៤៧ ពេលដែលនាយទាហាននោះឃើញអ្វីដែលបានកើតឡើង គាត់ក៏តាំងសរសើរតម្កើងព្រះថា៖ «បុរសនេះគឺសុចរិតមែន»។ ៤៨ ហើយបណ្ដាជនដែលបានមូលគ្នានៅទីនោះដើម្បីមើលហេតុការណ៍ ក៏ចាប់ផ្ដើមត្រឡប់ទៅវិញដោយគក់ទ្រូងពេលឃើញអ្វីដែលបានកើតឡើង។ ៤៩ ម្យ៉ាងទៀត អស់អ្នកដែលស្គាល់លោកបានឈរពីចម្ងាយ ហើយពួកស្ត្រីដែលបានតាមលោកពីស្រុកកាលីឡេជាមួយគ្នា ក៏ឈរពីចម្ងាយមើលការទាំងនេះ។
៥០ ហើយមើល! បុរសម្នាក់ឈ្មោះយ៉ូសែប ដែលជាសមាជិកក្រុមប្រឹក្សានិងជាមនុស្សល្អនិងសុចរិត ៥១ (បុរសនេះមិនបានបោះឆ្នោតគាំទ្រគម្រោងការអាក្រក់ និងសកម្មភាពរបស់ពួកគេទេ) គាត់ជាអ្នកក្រុងអារីម៉ាថេ ដែលជាក្រុងមួយនៅតំបន់យូឌា ហើយគាត់កំពុងរង់ចាំរាជាណាចក្ររបស់ព្រះ។ ៥២ បុរសនេះបានទៅជួបពីឡាត ហើយសុំយកសពរបស់លោកយេស៊ូ។ ៥៣ បន្ទាប់មក គាត់យកសពរបស់លោកចុះ រុំនឹងក្រណាត់សាច់ល្អ រួចដាក់ក្នុងទីបញ្ចុះសពដែលគេបានដាប់នៅក្នុងថ្ម។ ទីបញ្ចុះសពនោះមិនទាន់មានគេដាក់សពណាមួយនៅឡើយទេ។ ៥៤ ថ្ងៃនោះជាថ្ងៃរៀបចំ។* លុះដល់ល្ងាច គឺជិតចូលថ្ងៃឈប់សម្រាកហើយ។ ៥៥ ប៉ុន្តែពួកស្ត្រីទាំងនោះ ដែលបានមកពីស្រុកកាលីឡេជាមួយនឹងលោក ក៏បានទៅដែរ ហើយបានមើលទីបញ្ចុះសពនោះ និងរបៀបគេបានដាក់សពរបស់លោក។ ៥៦ រួចពួកគេបានត្រឡប់ទៅវិញ រៀបចំគ្រឿងក្រអូបនិងប្រេងក្រអូប។ ប៉ុន្តែពួកគេបានសម្រាកនៅថ្ងៃឈប់សម្រាក តាមបញ្ញត្ដិ។
២៤ ក៏ប៉ុន្តែ នៅថ្ងៃដំបូងនៃសប្ដាហ៍នោះ ពួកគាត់បានទៅទីបញ្ចុះសពតាំងពីព្រលឹមស្រាងៗ ដោយយកគ្រឿងក្រអូបដែលពួកគាត់បានរៀបចំទៅជាមួយផង ២ តែពួកគាត់ឃើញថាថ្មបានត្រូវប្រមៀលចេញពីទីបញ្ចុះសព ៣ ហើយពេលដែលចូលទៅ ពួកគាត់មិនបានឃើញសពរបស់លោកម្ចាស់យេស៊ូឡើយ។ ៤ ពេលដែលពួកគាត់កំពុងងឿងឆ្ងល់អំពីរឿងនេះ មើល! បុរសពីរនាក់ដែលមានសម្លៀកបំពាក់ភ្លឺចិញ្ចាចចិញ្ចែងបានឈរក្បែរពួកគាត់។ ៥ ពេលដែលស្ត្រីទាំងនោះចាប់ផ្ដើមភ័យខ្លាច ហើយឱនមុខចុះ បុរសទាំងនោះក៏និយាយទៅកាន់ពួកគាត់ថា៖ «ហេតុអ្វីពួកនាងមករកលោកដែលមានជីវិតរស់នៅ ក្នុងចំណោមមនុស្សស្លាប់ដូច្នេះ? ៦ [[លោកមិននៅទីនេះទេ តែបានត្រូវប្រោសឲ្យរស់ឡើងវិញហើយ]]* សូមនឹកឃើញអ្វីដែលលោកបានមានប្រសាសន៍ទៅអ្នករាល់គ្នា កាលដែលលោកនៅស្រុកកាលីឡេនៅឡើយ ៧ ថាជាការចាំបាច់ដែលកូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃនៃមនុស្សដែលប្រព្រឹត្តអំពើខុសឆ្គង ហើយត្រូវគេព្យួរ តែនៅថ្ងៃទីបីលោកនឹងរស់ឡើងវិញ»។ ៨ ដូច្នេះ ពួកគាត់បាននឹកឃើញប្រសាសន៍របស់លោក ៩ ហើយបានចេញពីទីបញ្ចុះសពត្រឡប់ទៅវិញ ក៏រៀបរាប់ពីការទាំងអស់នេះប្រាប់សាវ័កទាំងដប់មួយនាក់ និងអ្នកកាន់តាមឯទៀតទាំងអស់។ ១០ ស្ត្រីទាំងនោះមានម៉ារៀម៉ាក់ដាឡេន យ៉ូហាណា និងម៉ារៀជាម្ដាយយ៉ាកុប។ ពួកស្ត្រីទាំងប៉ុន្មានទៀតដែលនៅជាមួយនឹងពួកគាត់ក៏បានរៀបរាប់ប្រាប់ពួកសាវ័កពីការទាំងនេះដែរ។ ១១ ក៏ប៉ុន្តែ ពួកសាវ័កនិងអ្នកកាន់តាមឯទៀតបានគិតថាសម្ដីរបស់ស្ត្រីទាំងនោះគឺមិនសមហេតុសមផលឡើយ ហើយមិនព្រមជឿពួកស្ត្រីនោះទេ។
១២ [[ប៉ុន្តែពេត្រុសបានក្រោកឡើងរត់ទៅទីបញ្ចុះសព រួចបានឱនមើល ឃើញតែចម្រៀកក្រណាត់រុំសពទទេ។ ដូច្នេះ គាត់ចេញទៅទាំងងឿងឆ្ងល់អំពីអ្វីដែលបានកើតឡើង]]*
១៣ ប៉ុន្តែ មើល! នៅថ្ងៃនោះឯង មានអ្នកកាន់តាមពីរនាក់កំពុងធ្វើដំណើរទៅភូមិមួយឈ្មោះអេម៉ាស ដែលស្ថិតនៅចម្ងាយជាងដប់មួយគីឡូម៉ែត្រពីក្រុងយេរូសាឡិម ១៤ ហើយពួកគាត់កំពុងពិភាក្សាគ្នាអំពីការទាំងអស់នេះដែលបានកើតឡើង។
១៥ កាលដែលពួកគាត់កំពុងជជែកពិភាក្សាគ្នានោះ លោកយេស៊ូផ្ទាល់បានចូលទៅជិតហើយចាប់ផ្ដើមដើរជាមួយនឹងពួកគាត់ ១៦ ប៉ុន្តែពួកគាត់មើលមិនស្គាល់លោកទេ។ ១៧ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «តើអ្នករាល់គ្នាកំពុងដើរបណ្ដើរជជែកគ្នាបណ្ដើរអំពីរឿងអ្វី?»។ ពួកគាត់ឈប់ដើរ រួចមានទឹកមុខព្រួយ ១៨ ហើយម្នាក់ឈ្មោះក្លេវប៉ាសក្នុងចំណោមអ្នកកាន់តាមទាំងពីរនោះក៏ជម្រាបលោកថា៖ «តើអ្នកជាជនជាតិដទៃដែលស្នាក់នៅដាច់ពីគេនៅក្រុងយេរូសាឡិម បានជាមិនដឹងអំពីការទាំងប៉ុន្មានដែលបានកើតឡើងក្នុងនាងពេលថ្មីៗនេះឬ?»។ ១៩ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ការអ្វីទៅ?»។ ពួកគាត់និយាយថា៖ «អំពីលោកយេស៊ូពីក្រុងណាសារ៉ែត ដែលបានសឲ្យឃើញថាជាអ្នកប្រកាសទំនាយដែលមានឫទ្ធានុភាពខ្លាំងក្លានៅចំពោះព្រះនិងបណ្ដាជនទាំងឡាយ ក្នុងពាក្យសម្ដីនិងក្នុងកិច្ចការដែលលោកបានធ្វើ ២០ ហើយអំពីរបៀបដែលពួកសង្ឃនាយកនិងអ្នកគ្រប់គ្រងរបស់យើងបានប្រគល់លោកទៅឲ្យគេកាត់ទោសប្រហារជីវិត ហើយបានព្យួរលោក។ ២១ ប៉ុន្តែយើងបានសង្ឃឹមថា បុរសនេះជាអ្នកដែលត្រូវសង្គ្រោះអ៊ីស្រាអែល។ ក្រៅពីការទាំងនេះ បីថ្ងៃបានកន្លងទៅហើយតាំងពីហេតុការណ៍ទាំងនេះបានកើតឡើង។ ២២ ម្យ៉ាងទៀត ស្ត្រីខ្លះពីចំណោមពួកយើងបានធ្វើឲ្យយើងងឿងឆ្ងល់ជាខ្លាំង ពីព្រោះពួកគាត់បានទៅទីបញ្ចុះសពតាំងពីព្រលឹម ២៣ ប៉ុន្តែមិនបានឃើញសពរបស់លោកឡើយ ក៏បានមកប្រាប់ថាពួកគាត់ឃើញអ្វីដ៏អស្ចារ្យ គឺទេវតាដែលប្រាប់ថាលោកកំពុងរស់នៅ។ ២៤ មិនត្រឹមតែប៉ុណ្ណោះ អ្នកខ្លះពីចំណោមយើងបានចេញទៅទីបញ្ចុះសព ក៏ឃើញដូចស្ត្រីទាំងនោះបានប្រាប់ ប៉ុន្តែពួកគាត់មិនបានឃើញលោកទេ»។
២៥ ដូច្នេះ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ឱមនុស្សដែលមិនព្រមពិចារណា ហើយយឺតនឹងជឿពាក្យទាំងអស់របស់អ្នកប្រកាសទំនាយអើយ! ២៦ គ្រិស្តត្រូវរងទុក្ខដូច្នេះ ដើម្បីបានសិរីរុងរឿងដែលលោកត្រូវទទួល មែនទេ?»។ ២៧ រួចលោកក៏តាំងបកស្រាយប្រាប់ពួកគាត់នូវអ្វីៗស្តីអំពីលោកក្នុងបទគម្ពីរទាំងឡាយ ចាប់តាំងពីម៉ូសេនិងពួកអ្នកប្រកាសទំនាយគ្រប់រូប។
២៨ លុះក្រោយមក ពួកគាត់បានទៅជិតដល់ភូមិដែលពួកគាត់បម្រុងនឹងទៅ ហើយលោកបានធ្វើដូចជាត្រូវធ្វើដំណើរហួសពីកន្លែងនោះ។ ២៩ ប៉ុន្តែពួកគាត់បានបង្ខំលោកថា៖ «ចូរស្នាក់នៅជាមួយនឹងយើងទៅ ពីព្រោះជិតល្ងាចហើយ ថែមទាំងថ្ងៃក៏ទាបណាស់ផង»។ រួចលោកបានចូលស្នាក់នៅជាមួយនឹងពួកគាត់ ៣០ រួចកាលដែលលោកកំពុងអង្គុយរួមតុជាមួយនឹងពួកគាត់ លោកយកនំប៉័ងមួយដុំ អធិដ្ឋាន កាច់នំប៉័ងនោះ ហើយចាប់ផ្ដើមឲ្យដល់ពួកគាត់។ ៣១ ពេលនោះពួកគាត់ដឹងថាលោកជាអ្នកណា ក៏ស្គាល់លោក ស្រាប់តែលោកបាត់ភ្លាមពីចំណោមពួកគាត់។ ៣២ រួចពួកគាត់និយាយគ្នាថា៖ «យើងបានរំភើបចិត្តជាខ្លាំង កាលដែលលោកកំពុងមានប្រសាសន៍មកយើងតាមផ្លូវ ហើយកំពុងពន្យល់បទគម្ពីរយ៉ាងអស់សេចក្ដីឲ្យយើងយល់ មែនទេ?»។ ៣៣ នៅម៉ោងនោះឯង ពួកគាត់បានក្រោកឡើងត្រឡប់ទៅក្រុងយេរូសាឡិមវិញ ហើយឃើញថាសាវ័កទាំងដប់មួយនាក់និងអ្នកកាន់តាមឯទៀតនៅជុំគ្នា ៣៤ ហើយកំពុងនិយាយថា៖ «លោកម្ចាស់បានត្រូវប្រោសឲ្យរស់ឡើងវិញពិតមែន! ហើយលោកបានលេចមកជួបស៊ីម៉ូន!»។ ៣៥ រួចមក ពួកគាត់រៀបរាប់ប្រាប់អំពីហេតុការណ៍ដែលបានកើតឡើងតាមផ្លូវ និងអំពីរបៀបពួកគាត់បានស្គាល់លោកពេលដែលលោកកាច់នំប៉័ង។
៣៦ កាលដែលពួកគាត់កំពុងនិយាយអំពីការទាំងនេះ លោកបានលេចមកក្នុងចំណោមពួកគាត់ [[ក៏មានប្រសាសន៍ទៅពួកគាត់ថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខ»]]* ៣៧ ប៉ុន្តែពីព្រោះពួកគាត់នឹកស្មានថាពួកគាត់កំពុងមើលឃើញវិញ្ញាណ* មួយ នោះពួកគាត់រន្ធត់ ក៏តាំងភ័យខ្លាច។ ៣៨ ដូច្នេះ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ហេតុអ្វីអ្នករាល់គ្នាកំពុងវិលវល់ក្នុងគំនិតដូច្នេះ? ហើយហេតុអ្វីក៏បែរជាសង្ស័យក្នុងចិត្ត? ៣៩ ចូរមើលដៃនិងជើងរបស់ខ្ញុំ គឺខ្ញុំទេ។ ចូរពាល់ខ្ញុំ ហើយមើលចុះ ពីព្រោះវិញ្ញាណមិនមានសាច់និងឆ្អឹងដូចអ្នកឃើញថាខ្ញុំមាននោះទេ»។ ៤០ [[កាលដែលកំពុងមានប្រសាសន៍ លោកបានបង្ហាញដៃនិងជើងរបស់លោកឲ្យពួកគាត់ឃើញ]]* ៤១ ប៉ុន្តែកាលដែលពួកគាត់នៅតែមិនជឿ ព្រោះពួកគាត់ត្រេកអរក្រៃលែងហើយកំពុងងឿងឆ្ងល់ នោះលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «តើនៅទីនេះមានអ្វីបរិភោគទេ?»។ ៤២ រួចពួកគាត់ហុចត្រីអាំងមួយដុំជូនលោក ៤៣ ហើយលោកយកមកពិសានៅមុខពួកគាត់។
៤៤ បន្ទាប់មក លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ចូរនឹកឃើញសម្ដីដែលខ្ញុំបានប្រាប់អ្នករាល់គ្នាកាលដែលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នានៅឡើយ គឺអ្វីៗទាំងអស់ដែលបានត្រូវសរសេរអំពីខ្ញុំក្នុងច្បាប់ម៉ូសេ ក្នុងសេចក្ដីបង្រៀនរបស់ពួកអ្នកប្រកាសទំនាយ និងក្នុងបទទំនុកតម្កើង ត្រូវតែសម្រេច»។ ៤៥ រួចលោកបានបំភ្លឺគំនិតរបស់ពួកគាត់យ៉ាងពេញលេញ ដើម្បីយល់អត្ថន័យនៃបទគម្ពីរ ៤៦ លោកក៏មានប្រសាសន៍ទៅពួកគាត់ថា៖ «បទគម្ពីរបានចែងដូច្នេះថា គ្រិស្តនឹងរងទុក្ខ រួចនៅថ្ងៃទីបីលោកនឹងរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ៤៧ ហើយក្នុងគ្រប់ប្រជាជាតិនឹងមានការផ្សព្វផ្សាយថា ពួកគេត្រូវប្រែចិត្តដើម្បីទទួលការអភ័យទោសចំពោះការខុសឆ្គង ដោយសារនាមរបស់លោក។ ដោយចាប់ផ្ដើមនៅក្រុងយេរូសាឡិម ៤៨ អ្នករាល់គ្នាត្រូវធ្វើជាសាក្សីពីការទាំងនេះ។ ៤៩ ហើយមើល! ខ្ញុំនឹងផ្ដល់អ្វីដែលបិតាខ្ញុំបានសន្យា ឲ្យសណ្ឋិតលើអ្នក។ ចំណែកអ្នករាល់គ្នាវិញ ចូរនៅក្នុងក្រុងរហូតដល់អ្នករាល់គ្នាទទួលឫទ្ធានុភាពពីស្ថានលើ»។
៥០ ប៉ុន្តែលោកបាននាំពួកគាត់ចេញទៅរហូតដល់ភូមិបេថានី រួចបានលើកដៃឡើងឲ្យពរពួកគាត់។ ៥១ កាលដែលលោកកំពុងឲ្យពរ លោកចាកចេញពីពួកគាត់ ហើយព្រះយកលោកឡើងទៅស្ថានសួគ៌។ ៥២ ពួកគាត់បានលំឱនកាយគោរពលោក រួចត្រឡប់ទៅក្រុងយេរូសាឡិមវិញដោយមានអំណរជាពន់ពេក ៥៣ ហើយពួកគាត់នៅក្នុងវិហារជានិច្ច ដោយសរសើរព្រះ។
[កំណត់សម្គាល់]
ន័យត្រង់«អ្នកបម្រើ»
នេះសំដៅទៅការបង្រៀនដោយមាត់ទទេ
មើលកំណត់សម្គាល់ម៉ាថ ២:១
ក្រុមសង្ឃ
មើលកំណត់សម្គាល់ម៉ាថ ១:១
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
មើលកំណត់សម្គាល់លូក ១:១៥
ឬ«ពាក្យសួស្តី»
ន័យត្រង់«រួមដំណេក»
សំដៅទៅការកាត់ចុងស្បែកអវយវៈភេទរបស់បុរស
ឬ«អ្នកសង្គ្រោះដ៏ខ្លាំងពូកែ»។ ក្នុងគម្ពីរ ស្នែងរបស់សត្វច្រើនតែជាតំណាងកម្លាំង ឫទ្ធានុភាព ឬអំណាច
មើលកំណត់សម្គាល់រ៉ូម ៥:១២
ន័យត្រង់«អធិរាជ»
ន័យត្រង់«គ្រប់ទីអាស្រ័យនៅផែនដី»
នេះសំដៅទៅយាមទាំងបួនពេលយប់។ មើលកំណត់សម្គាល់ម៉ាក ១៣:៣៥
មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៤
មើលកំណត់សម្គាល់លូក ១:៥៩
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
សំដៅទៅច្បាប់កូនប្រុសច្បង
ភាសាក្រិច«ផ្ស៊ីគី»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ក
ន័យត្រង់«អធិរាជ»
ការជ្រមុជទឹកជាពិធីសាសនា
ន័យត្រង់«ចូរបង្កើតផលឲ្យសមនឹងការប្រែចិត្ត»
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
មើលកំណត់សម្គាល់ម៉ាថ ១:១
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
ភាសាក្រិច«ឌីអាបូឡូស»។ មានន័យថា«អ្នកបង្កាច់បង្ខូច»
មើលកំណត់សម្គាល់ម៉ាថ ៤:២៣
មើលកំណត់សម្គាល់ម៉ាថ ១២:១
ភាសាក្រិច«ដាយម៉ូនីអន»។ សំដៅទៅពួកទេវតាអាក្រក់
មើលកំណត់សម្គាល់ខ១
មើលកំណត់សម្គាល់ម៉ាថ ៣:៧
មើលកំណត់សម្គាល់ម៉ាថ ៥:១៧
មើលកំណត់សម្គាល់ម៉ាថ ២:៤
មើលកំណត់សម្គាល់ម៉ាថ ៤:២០
ភាសាក្រិច«ផ្ស៊ីគី»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ក
ភាសាក្រិច«អាប៉ូស្តូឡូស»។ មានន័យថា«អ្នកដែលត្រូវគេចាត់ឲ្យទៅ»
មើលកំណត់សម្គាល់ម៉ាថ ១០:២
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
មើលកំណត់សម្គាល់ម៉ាថ ៧:១៦
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
ន័យត្រង់«អ្នកដែលមិនជំពប់ជើងដួលនឹងខ្ញុំ»
មើលកំណត់សម្គាល់ម៉ាថ ៥:១៧
មើលកំណត់សម្គាល់ម៉ាថ ២០:២
ន័យត្រង់«អភ័យទោសឲ្យដោយគ្មានល័ក្ខខ័ណ្ឌ»
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
ភាសាក្រិច«ឌីអាបូឡូស»។ មានន័យថា«អ្នកបង្កាច់បង្ខូច»
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
ន័យត្រង់«ឲ្យពរ»
មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៥
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
មើលកំណត់សម្គាល់ម៉ាថ ៤:២០
ភាសាក្រិច«ហាដេស»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៧
ភាសាក្រិច«សាថាណាស»។ មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
មើលកំណត់សម្គាល់ម៉ាថ ៥:១៧
ភាសាក្រិច«ផ្ស៊ីគី»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ក
មើលកំណត់សម្គាល់ម៉ាថ ២០:២
ន័យត្រង់«នំប៉័ង»
ន័យត្រង់«អស់អ្នកណាដែលជំពាក់បំណុលយើង»
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
ឈ្មោះមួយដែលសំដៅទៅសាថាន
ភាសាក្រិច«សាថាណាស»។ មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
ឬ«ភ្នែករបស់អ្នកសម្លឹងចំរបស់តែមួយ»
ន័យត្រង់«ភ្នែករបស់អ្នកគឺទុច្ចរិត»
នេះសំដៅទៅការលាងដៃតាមក្បួនតម្រា។ មើលម៉ាក ៧:៣
រុក្ខជាតិម្យ៉ាងដែលប្រើជាថ្នាំឬដើម្បីបង្កើនរសជាតិម្ហូបអាហារ
មើលកំណត់សម្គាល់ម៉ាថ ៥:១៧
ភាសាក្រិច«ហ្គេហេណា»។ សំដៅទៅកន្លែងដុតសំរាមខាងក្រៅក្រុងយេរូសាឡិម មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៨
ន័យត្រង់«ពីរអាសេរីយ៉ូន»។ មួយអាសេរីយ៉ូនស្មើនឹង១/១៦នៃប្រាក់ឈ្នួលមួយថ្ងៃ
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
ឬ«ច្រណែនចង់បានរបស់អ្នកដទៃ»
ភាសាក្រិច«ផ្ស៊ីគី»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ក
ន័យត្រង់«សូម្បីតែមួយហត្ថ»
មើលកំណត់សម្គាល់ម៉ាក ១៣:៣៥
មើលកំណត់សម្គាល់ម៉ាក ១៣:៣៥
ឬ«ចាត់ចែងកិច្ចការផ្ទះ»
ន័យត្រង់«គ្មានខ្វះមួយឡិបតុន»
ន័យត្រង់«ជំពាក់បំណុល»
មើលកំណត់សម្គាល់ម៉ាថ ៧:១៦
មើលកំណត់សម្គាល់ម៉ាថ ១:១
ភាសាក្រិច«សាថាណាស»។ មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»
មើលកំណត់សម្គាល់ម៉ាថ ១៣:៣១
ឬ‹បីសៀរ›ដែលប្រមាណ១០គីឡូក្រាម
ន័យត្រង់«សត្វកញ្ជ្រោង» សត្វឆ្លាតមួយនៅស្រុកអ៊ីស្រាអែល
ន័យត្រង់«ផ្ទះរបស់អ្នក»
មើលកំណត់សម្គាល់ម៉ាថ ៥:១៧
«មិនស្អប់» គឺថា មិនស្រឡាញ់តិចជាងស្រឡាញ់ខ្ញុំ
ភាសាក្រិច«ផ្ស៊ីគី»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ក
មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៥
ន័យត្រង់«កាក់ដ្រាកម៉ា»។ កាក់ដ្រាកម៉ាមួយគឺស្មើបីភាគបួននៃប្រាក់ឈ្នួលមួយថ្ងៃ
ឬ«អ្នកចាត់ចែងកិច្ចការផ្ទះ»
ភាសាក្រិច«បាតូស»។ មួយរង្វាល់ស្មើនឹង២២លីត្រ
ភាសាក្រិច«កូរ៉ូស»។ មួយរង្វាល់ស្មើស្រូវសាលីប្រមាណ១៧០គីឡូក្រាម
មើលកំណត់សម្គាល់ម៉ាថ ៥:១៧
សំដៅទៅកន្លែងកិត្ដិយស
ភាសាក្រិច«ហាដេស»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៧
មើលកំណត់សម្គាល់ម៉ាថ ១៣:៣១
ឬប្រហែលជា«ចំកណ្ដាល»
ភាសាក្រិច«ផ្ស៊ីគី»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ក
មើលកំណត់សម្គាល់ម៉ាថ ១៧:២១
មើលកំណត់សម្គាល់ម៉ាថ ៤:២០
ឬ«លះបង់»
ឬ«លះបង់»
មើលកំណត់សម្គាល់ម៉ាថ ១:១
មួយមិណាគឺប្រមាណប្រាក់ឈ្នួលបីខែ
ការជ្រមុជទឹកជាពិធីសាសនា
មើលកំណត់សម្គាល់ម៉ាថ ២១:៤២
ន័យត្រង់«អធិរាជ»
មើលកំណត់សម្គាល់ម៉ាថ ២០:២
មើលកំណត់សម្គាល់ម៉ាថ ១:១
ន័យត្រង់«ត្របាក់ស៊ីផ្ទះរបស់ស្ត្រីមេម៉ាយ»
ន័យត្រង់«ពីរឡិបតា» ១ភាគ៦៤នៃប្រាក់ឈ្នួលមួយថ្ងៃ
ពាក្យភាសាក្រិចនៅខនេះអាចសំដៅទៅមេឃឬស្ថានសួគ៌
ន័យត្រង់«មាត់និងប្រាជ្ញា»
ភាសាក្រិច«ផ្ស៊ីគី»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ក
ភាសាក្រិច«សាថាណាស»។ មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»
ន័យត្រង់«ក្បត់»
មើលកំណត់សម្គាល់ខ៤
«អ្នកមានគុណ»ជាឋានៈស័ក្ដិយសមួយ
ពាក្យថា«ពែង»តំណាងបំណងប្រាថ្នារបស់ព្រះសម្រាប់លោកយេស៊ូ គឺអនុញ្ញាតឲ្យស្លាប់ដោយត្រូវគេចោទប្រកាន់មិនពិតថា បានប្រមាថព្រះ
មើលកំណត់សម្គាល់ម៉ាថ ១២:៣១
មើលកំណត់សម្គាល់ម៉ាថ ២៦:៥៩
ន័យត្រង់«អធិរាជ»
មើលកំណត់សម្គាល់ម៉ាថ ១៧:២១
មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៥
ឃ្នាបពីរបញ្ជាក់ថាឃ្លានេះមានក្នុងឯកសារបុរាណខ្លះ តែមិនមានក្នុងឯកសារឯទៀត
ន័យត្រង់«កាលណាលោកចូលរាជាណាចក្ររបស់លោក»
ម៉ោងទី៦ គឺម៉ោង១២ថ្ងៃត្រង់
ម៉ោងទី៩ គឺម៉ោង៣រសៀល
វាំងនននេះជារបាំងរវាងបន្ទប់បរិសុទ្ធបំផុតនិងបន្ទប់បរិសុទ្ធ
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
មើលកំណត់សម្គាល់ម៉ាថ ២៧:៦២
ឃ្នាបពីរបញ្ជាក់ថាឃ្លានេះមានក្នុងឯកសារបុរាណខ្លះ តែមិនមានក្នុងឯកសារឯទៀត
មើលកំណត់សម្គាល់ខ៦
មើលកំណត់សម្គាល់ខ៦
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
មើលកំណត់សម្គាល់ខ៦