បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bi7 យ៉ូហាន ១:១-២១:២៥
  • យ៉ូហាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យ៉ូហាន
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
យ៉ូហាន

រៀប​រាប់​ដោយ​យ៉ូហាន*

១ នៅ​ដើម​ដំបូង មាន​លោក​ដែល​ហៅ​ថា​បណ្ដាំ ហើយ​លោក​ដែល​ហៅ​ថា​បណ្ដាំ​បាន​នៅ​ជា​មួយ​នឹង​ព្រះ ហើយ​លោក​ដែល​ហៅ​ថា​បណ្ដាំ​ជា​ព្រះ​មួយ។ ២ នៅ​ដើម​ដំបូង លោក​បាន​នៅ​ជា​មួយ​នឹង​ព្រះ។ ៣ អ្វីៗ​ទាំង​អស់​បាន​កើត​មក​តាម​រយៈ​បណ្ដាំ​របស់​ព្រះ ហើយ​គ្មាន​អ្វី​ដែល​មិន​កើត​មក​តាម​រយៈ​លោក​ឡើយ សូម្បី​តែ​អ្វី​មួយ​ក៏​ដោយ។

អ្វី​ដែល​បាន​កើត​មក ៤ តាម​រយៈ​លោក​គឺជា​ជីវិត ហើយ​ជីវិត​នោះ​គឺជា​ពន្លឺ​បំភ្លឺ​មនុស្ស​ជាតិ ៥ ហើយ​ពន្លឺ​នោះ​កំពុង​ភ្លឺ​ក្នុង​ភាព​ងងឹត តែ​ភាព​ងងឹត​នោះ​មិន​ឈ្នះ​ពន្លឺ​ឡើយ។

៦ មាន​បុរស​ម្នាក់​មក​ដែល​ព្រះ​បាន​ចាត់​ជា​តំណាង​លោក បុរស​នោះ​ឈ្មោះ​យ៉ូហាន។ ៧ បុរស​នោះ​បាន​មក​ធ្វើ​ជា​សាក្សី ដើម្បី​ធ្វើ​ការ​បញ្ជាក់​អំពី​ពន្លឺ ដើម្បី​ឲ្យ​មនុស្ស​គ្រប់​ប្រភេទ​បាន​ជឿ​ដោយ​សារ​គាត់។ ៨ គាត់​មិន​មែន​ជា​ពន្លឺ​នោះ​ទេ តែ​គាត់​បាន​មក​ដើម្បី​ធ្វើ​ការ​បញ្ជាក់​អំពី​ពន្លឺ​នោះ​វិញ។

៩ ពេល​នោះ ពន្លឺ​ដ៏​ពិត​ដែល​បំភ្លឺ​មនុស្ស​គ្រប់​ប្រភេទ ហៀបនឹង​ចូល​មក​ក្នុង​ពិភព​លោក។ ១០ លោក​បាន​នៅ​ក្នុង​ពិភព​លោក ហើយ​ពិភព​លោក​បាន​កើត​មក​តាម​រយៈ​លោក ប៉ុន្តែ​ពិភព​លោក​មិន​បាន​ស្គាល់​លោក​ទេ។ ១១ លោក​បាន​មក​ឯ​ជន​រួម​ជាតិ​របស់​លោក ប៉ុន្តែ​ពួក​គេ​មិន​បាន​ទទួល​លោក​ទេ។ ១២ ក៏​ប៉ុន្តែ ចំពោះ​អស់​អ្នក​ណា​ដែល​បាន​ទទួល​លោក នោះ​លោក​បាន​ផ្ដល់​សិទ្ធិ​ទៅ​ជា​កូន​របស់​ព្រះ ពីព្រោះ​ពួក​គេ​មាន​ជំនឿ​លើ​នាម​របស់​លោក ១៣ ហើយ​ពួក​គេ​មិន​មែន​កើត​មក​ពី​សាច់​ឈាម​ឡើយ ក៏​មិន​បាន​កើត​មក​ដោយ​សារ​បំណងប្រាថ្នា​របស់​ឪពុក​ជា​មនុស្ស​ដែរ ប៉ុន្តែ​ពួក​គេ​បាន​កើត​មក​ពី​ព្រះ​វិញ។

១៤ ដូច្នេះ លោក​ដែល​ហៅ​ថា​បណ្ដាំ​បាន​ទៅ​ជា​សាច់​ឈាម ក៏​បាន​រស់​នៅ​ជា​មួយ​នឹង​យើង ហើយ​យើង​បាន​ឃើញ​សិរី​រុងរឿង​របស់​លោក គឺជា​សិរី​រុងរឿង​របស់​បុត្រ​តែ​មួយ* ពី​បិតា ហើយ​លោក​ក៏​បាន​ពេញ​ទៅ​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​និង​សេចក្ដី​ពិត។ ១៥ (យ៉ូហាន​បាន​ធ្វើ​ការ​បញ្ជាក់​អំពី​លោក​ដោយ​ស្រែក​ប្រកាស។ គឺ​យ៉ូហាន​ហើយ​ដែល​ថា៖ «លោក​ដែល​មក​ក្រោយ​ខ្ញុំ​បាន​ទៅ​មុខ​ខ្ញុំ​ហើយ ពីព្រោះ​លោក​រស់​នៅ​មុន​ខ្ញុំ»)។ ១៦ ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ពី​ភាព​ពេញ​បរិបូរ​របស់​លោក នូវ​គុណ​ដ៏​វិសេស​លើស​លប់​ថែម​លើ​គុណ​ដ៏​វិសេស​លើស​លប់។ ១៧ ពីព្រោះ​ច្បាប់​បាន​ត្រូវ​ផ្ដល់​ឲ្យ​តាម​រយៈ​ម៉ូសេ ប៉ុន្តែ​គុណ​ដ៏​វិសេស​លើស​លប់​និង​សេចក្ដី​ពិត​បាន​ត្រូវ​ផ្ដល់​ឲ្យ​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត។* ១៨ គ្មាន​មនុស្ស​ណា​ម្នាក់​ធ្លាប់​ឃើញ​ព្រះ​ម្ដង​ណា​ឡើយ ប៉ុន្តែ​បុត្រ​តែ​មួយ​របស់​ព្រះ* ដែល​នៅ​ជិត​ដើម​ទ្រូង* របស់​បិតា គឺជា​អ្នក​ដែល​បាន​ពន្យល់​អំពី​លោក។

១៩ នេះ​ជា​ការ​បញ្ជាក់​របស់​យ៉ូហាន ពេល​ដែល​ជន​ជាតិ​យូដា​បាន​ចាត់​ពួក​សង្ឃ​និង​ពួក​លេវី​ខ្លះ​ពី​ក្រុង​យេរូសាឡិម​ឲ្យ​មក​សួរ​គាត់​ថា៖ «តើ​អ្នក​ជា​អ្នក​ណា?»។ ២០ យ៉ូហាន​បាន​ឆ្លើយ​ត្រង់ ហើយ​មិន​បាន​គេច​វេះ​ពី​សំណួរ​ឡើយ តែ​គាត់​និយាយ​ដោយ​ឥត​លាក់​លៀម​ថា៖ «ខ្ញុំ​មិន​មែន​ជា​គ្រិស្ត​ទេ»។ ២១ រួច​ពួក​គេ​សួរ​គាត់​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ជា​អ្នក​ណា​វិញ? អេលីយ៉ា​ឬ?»។ យ៉ូហាន​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​មែន​ជា​អេលីយ៉ា​ទេ»។ ពួក​គេ​សួរ​ថា៖ «តើ​អ្នក​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​បាន​ត្រូវ​សន្យា​ឬ?»។ គាត់​ឆ្លើយ​ថា៖ «ទេ!»។ ២២ ម្ល៉ោះ​ហើយ ពួក​គេ​សួរ​គាត់​ថា៖ «តើ​អ្នក​ជា​អ្នក​ណា? ចូរ​ប្រាប់​មក ដើម្បី​យើង​អាច​ប្រាប់​អ្នក​ដែល​បាន​ចាត់​ឲ្យ​យើង​មក។ តើ​អ្នក​ថា​ខ្លួន​ជា​អ្នក​ណា?»។ ២៣ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ជា​អ្នក​ដែល​កំពុង​ស្រែក​ប្រកាស​នៅ​តំបន់​ស្ងាត់​ជ្រងំ​ថា៖ ‹ចូរ​ធ្វើ​ផ្លូវ​ទទួល​ព្រះ​យេហូវ៉ា​ឲ្យ​ត្រង់› ដូច​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ប្រាប់»។ ២៤ ឯ​ពួក​អ្នក​ដែល​បាន​ត្រូវ​ចាត់​ឲ្យ​មក បាន​ចេញ​មក​ពី​ពួក​ផារិស៊ី។* ២៥ ដូច្នេះ ពួក​គេ​បាន​សួរ​គាត់​ថា៖ «ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​ជ្រមុជ​ទឹក* ឲ្យ​គេ​ដូច្នេះ បើ​អ្នក​មិន​មែន​ជា​គ្រិស្ត ក៏​មិន​មែន​ជា​អេលីយ៉ា ឬ​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​បាន​ត្រូវ​សន្យា​នោះ?»។ ២៦ យ៉ូហាន​ឆ្លើយ​ប្រាប់​ពួក​គេ​ថា៖ «ខ្ញុំ​ជ្រមុជ​គេ​ក្នុង​ទឹក។ នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា មាន​មនុស្ស​ម្នាក់​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់ ២៧ គឺ​លោក​ដែល​មក​ក្រោយ​ខ្ញុំ តែ​ខ្ញុំ​មិន​សម​នឹង​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក​ផង»។ ២៨ ការ​ទាំង​នេះ​បាន​កើត​ឡើង​នៅ​បេថានី* នា​ត្រើយ​ម្ខាង​នៃ​ទន្លេ​យ៉ូដាន់ ជា​កន្លែង​ដែល​យ៉ូហាន​កំពុង​ជ្រមុជ​ទឹក​ឲ្យ​គេ។

២៩ លុះ​ថ្ងៃ​ស្អែក យ៉ូហាន​ឃើញ​លោក​យេស៊ូ​កំពុង​ដើរ​តម្រង់​មក​រក​គាត់ រួច​គាត់​និយាយ​ថា៖ «មើល​ហ្ន៎! កូន​ចៀម​របស់​ព្រះ ដែល​ដក​យក​ភាព​ខុស​ឆ្គង* របស់​ពិភព​លោក​ចេញ! ៣០ គឺ​អំពី​លោក​ហើយ​ដែល​ខ្ញុំ​បាន​និយាយ​ថា ក្រោយ​ខ្ញុំ​នឹង​មាន​បុរស​ម្នាក់​មក​ដែល​បាន​ទៅ​មុខ​ខ្ញុំ​ហើយ ពីព្រោះ​លោក​រស់​នៅ​មុន​ខ្ញុំ។ ៣១ សូម្បី​តែ​ខ្ញុំ​ក៏​មិន​បាន​ស្គាល់​លោក​ដែរ ប៉ុន្តែ​មូលហេតុ​ដែល​ខ្ញុំ​បាន​មក​ជ្រមុជ​គេ​ក្នុង​ទឹក គឺ​ដើម្បី​ឲ្យ​អ៊ីស្រាអែល​អាច​ឃើញ​លោក​ជា​ចំហ»។ ៣២ យ៉ូហាន​ក៏​បាន​ធ្វើ​ការ​បញ្ជាក់​ដោយ​ប្រាប់​ថា៖ «ខ្ញុំ​បាន​ឃើញ​សកម្មពល* របស់​ព្រះ​ចុះ​ពី​ស្ថាន​សួគ៌​ដូច​ជា​សត្វ​ព្រាប ហើយ​សណ្ឋិត​នៅ​លើ​លោក។ ៣៣ សូម្បី​តែ​ខ្ញុំ​ក៏​មិន​បាន​ស្គាល់​លោក​ដែរ ប៉ុន្តែ​ព្រះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ជ្រមុជ​គេ​ក្នុង​ទឹក បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖ ‹អ្នក​ឃើញ​សកម្មពល​របស់​ខ្ញុំ​ចុះ​មក​សណ្ឋិត​នៅ​លើ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ​ជា​អ្នក​ជ្រមុជ​គេ​ក្នុង​សកម្មពល​បរិសុទ្ធ​របស់​ខ្ញុំ› ៣៤ ហើយ​ខ្ញុំ​បាន​ឃើញ​ការ​នោះ ក៏​បាន​ធ្វើ​ការ​បញ្ជាក់​ថា លោក​នោះ​ហើយ​ជា​បុត្រ​របស់​ព្រះ»។

៣៥ នៅ​ពេល​មួយ​ទៀត យ៉ូហាន​កំពុង​ឈរ​ជា​មួយ​នឹង​អ្នក​កាន់​តាម​គាត់​ពីរ​នាក់ ៣៦ ហើយ​កាល​ដែល​គាត់​មើល​លោក​យេស៊ូ​កំពុង​ដើរ នោះ​គាត់​និយាយ​ថា៖ «មើល​ហ្ន៎! កូន​ចៀម​របស់​ព្រះ!»។ ៣៧ ពេល​ដែល​ឮ​គាត់​និយាយ​ដូច្នេះ អ្នក​កាន់​តាម​ពីរ​នាក់​នោះ​ក៏​បាន​ទៅ​តាម​លោក​យេស៊ូ។ ៣៨ រួច​លោក​យេស៊ូ​បែរ​ទៅ​ឃើញ​ពួក​គាត់​កំពុង​ដើរ​តាម ក៏​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «តើ​អ្នក​រាល់​គ្នា​កំពុង​រក​អ្វី?» ពួក​គាត់​ឆ្លើយ​ថា៖ «រ៉ាប៊ី (ដែល​មាន​ន័យ​ថា លោក​គ្រូ) តើ​លោក​ស្នាក់​នៅ​ឯ​ណា?»។ ៣៩ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «ចូរ​មក ហើយ​អ្នក​នឹង​ឃើញ»។ ម្ល៉ោះ​ហើយ ពួក​គាត់​បាន​ទៅ​ឃើញ​កន្លែង​ដែល​លោក​កំពុង​ស្នាក់​នៅ ក៏​នៅ​ជា​មួយ​នឹង​លោក​នៅ​ថ្ងៃ​នោះ។ ពេល​នោះ​គឺ​ប្រហែលជា​ម៉ោង​ទី​ដប់។* ៤០ អនទ្រេ ជា​ប្អូន* របស់​ស៊ីម៉ូន​ពេត្រុស ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​កាន់​តាម​ពីរ​នាក់​ដែល​បាន​ឮ​នូវ​អ្វី​ដែល​យ៉ូហាន​បាន​និយាយ ហើយ​ទៅ​តាម​លោក​យេស៊ូ។ ៤១ មុន​បង្អស់ គាត់​ទៅ​រក​ស៊ីម៉ូន ជា​បង​ប្រុស​របស់​គាត់ លុះ​ឃើញ​ហើយ​ក៏​ប្រាប់​ថា៖ «យើង​រក​ឃើញ​មេស្ស៊ី* ហើយ» (ដែល​មាន​ន័យ​ថា គ្រិស្ត)។ ៤២ បន្ទាប់​មក គាត់​នាំ​ស៊ីម៉ូន​ទៅ​លោក​យេស៊ូ។ កាល​ដែល​លោក​យេស៊ូ​មើល​គាត់ នោះ​លោក​មាន​ប្រសាសន៍​ថា៖ «អ្នក​គឺ​ស៊ីម៉ូន ជា​កូន​យ៉ូហាន។ អ្នក​នឹង​ត្រូវ​ហៅ​ថា​កេផាស» (ដែល​ភាសា​ក្រិច​ហៅ​ថា ពេត្រុស)។*

៤៣ លុះ​ថ្ងៃ​ស្អែក លោក​យេស៊ូ​ចង់​ចេញ​ទៅ​ស្រុក​កាលីឡេ។ ម្ល៉ោះ​ហើយ លោក​រក​ភីលីព លុះ​ឃើញ​ហើយ​ក៏​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ​ចុះ»។* ៤៤ ភីលីព​មក​ពី​ក្រុង​បេតសេដា ជា​ក្រុង​របស់​អនទ្រេ​និង​ពេត្រុស។ ៤៥ ភីលីព​បាន​រក​ណាថាណែល លុះ​ឃើញ​ហើយ​ក៏​ប្រាប់​គាត់​ថា៖ «យើង​បាន​រក​ឃើញ​លោក​ដែល​ច្បាប់​ម៉ូសេ​និង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ចែង​អំពី​លោក គឺ​លោក​យេស៊ូ ជា​កូន​យ៉ូសែប ពី​ក្រុង​ណាសារ៉ែត»។ ៤៦ ប៉ុន្តែ ណាថាណែល​បាន​និយាយ​ថា៖ «តើ​អាច​មាន​អ្វី​ល្អ​ចេញ​មក​ពី​ក្រុង​ណាសារ៉ែត​ឬ?»។ ភីលីព​ប្រាប់​គាត់​ថា៖ «សូម​មក​មើល»។ ៤៧ លោក​យេស៊ូ​ឃើញ​ណាថាណែល​កំពុង​ដើរ​តម្រង់​មក​រក​លោក ក៏​មាន​ប្រសាសន៍​អំពី​គាត់​ថា៖ «មើល​ហ្ន៎! ជន​ជាតិ​អ៊ីស្រាអែល​ដ៏​ពិត​ម្នាក់ ដែល​គ្មាន​កិច្ចកល​អ្វី​សោះ»។ ៤៨ ណាថាណែល​ជម្រាប​លោក​ថា៖ «ហេតុ​អ្វី​លោក​ស្គាល់​ខ្ញុំ?»។ លោក​យេស៊ូ​ឆ្លើយ​ទៅ​គាត់​ថា៖ «មុន​ភីលីព​ហៅ​អ្នក កាល​ដែល​អ្នក​នៅ​ក្រោម​ដើម​ល្វា​នៅ​ឡើយ ខ្ញុំ​បាន​ឃើញ​អ្នក​ហើយ»។ ៤៩ ណាថាណែល​ជម្រាប​លោក​ថា៖ «រ៉ាប៊ី លោក​ជា​បុត្រ​របស់​ព្រះ ហើយ​លោក​ជា​ស្តេច​នៃ​អ៊ីស្រាអែល»។ ៥០ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «តើ​អ្នក​ជឿ​ពីព្រោះ​ខ្ញុំ​ប្រាប់​អ្នក​ថា ខ្ញុំ​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ល្វា​ឬ? អ្នក​នឹង​ឃើញ​ការ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត»។ ៥១ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ត​ទៅ​ទៀត​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​រាល់​គ្នា​នឹង​ឃើញ​ស្ថាន​សួគ៌​បើក​ឡើង ហើយ​បណ្ដា​ទេវតា​របស់​ព្រះ​ឡើង​ទៅ ហើយ​ចុះ​មក​ឯ* កូន​មនុស្ស»។

២ លុះ​បី​ថ្ងៃ​ក្រោយ​មក មាន​គេ​រៀប​ចំ​ភោជនាហារ​អបអរ​អាពាហ៍ពិពាហ៍​មួយ​នៅ​ភូមិ​កាណា​ក្នុង​ស្រុក​កាលីឡេ ហើយ​ម្ដាយ​របស់​លោក​យេស៊ូ​នៅ​ទី​នោះ។ ២ លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​ក៏​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ពិធី​អបអរ​អាពាហ៍ពិពាហ៍​នោះ​ដែរ។

៣ នៅ​ពេល​ដែល​ខ្វះ​ស្រា​ទំពាំង​បាយ​ជូរ ម្ដាយ​របស់​លោក​យេស៊ូ​ជម្រាប​លោក​ថា៖ «ពួក​គេ​អស់​ស្រា​ហើយ»។ ៤ ប៉ុន្តែ​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ម្ដាយ​ថា៖ «ស្ត្រី​អើយ តើ​រឿង​នោះ​ទាក់​ទង​អ្វី​នឹង​ខ្ញុំ?* វេលា​របស់​ខ្ញុំ​មិន​ទាន់​មក​ដល់​ទេ»។ ៥ ម្ដាយ​របស់​លោក​ក៏​ប្រាប់​ពួក​អ្នក​ដែល​កំពុង​បម្រើ​ថា៖ «អ្វី​ដែល​លោក​ប្រាប់​ឲ្យ​ធ្វើ ចូរ​ធ្វើ​ទៅ​ចុះ»។ ៦ នៅ​ទី​នោះ​មាន​ពាង​ទឹក​ប្រាំមួយ​ធ្វើ​ពី​ថ្ម សម្រាប់​ធ្វើ​ការ​លាង​សម្អាត សម​ស្រប​តាម​វិន័យ​របស់​ជន​ជាតិ​យូដា។ ពាង​នីមួយៗ​មាន​ចំណុះ​ប្រហែល​សែសិប​បួន​ឬ​ហុកសិប​ប្រាំមួយ​លី​ត្រ។ ៧ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ចូរ​ចាក់​ទឹក​ឲ្យ​ពេញ​ពាង​ទាំង​នេះ»។ រួច​ពួក​គេ​ក៏​ចាក់​ទឹក​ពេញ​ដល់​មាត់​ពាង។ ៨ បន្ទាប់​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ឥឡូវ ចូរ​ដង​ខ្លះ​យក​ទៅ​ឲ្យ​អ្នក​ចាត់​ចែង​ពិធី»។ ដូច្នេះ ពួក​គេ​ក៏​ដង​ខ្លះ​ទៅ។ ៩ ក្រោយ​មក អ្នក​ចាត់​ចែង​ពិធី​បាន​ភ្លក់​ទឹក​នោះ​ដែល​បាន​ត្រូវ​ធ្វើ​ឲ្យ​ក្លាយ​ជា​ស្រា​ទំពាំង​បាយ​ជូរ ហើយ​គាត់​មិន​ដឹង​ថា​ស្រា​នោះ​បាន​មក​ពី​ណា​ទេ តែ​ពួក​អ្នក​ដែល​កំពុង​បម្រើ​បាន​ដឹង ដោយ​សារ​ពួក​គេ​បាន​ដង​ទឹក​នោះ​ចេញ។ ម្ល៉ោះ​ហើយ អ្នក​ចាត់​ចែង​ពិធី​ក៏​ហៅ​កូន​កំលោះ​មក ១០ ហើយ​ប្រាប់​គាត់​ថា៖ «បុរស​ឯ​ទៀត​ទាំង​អស់​តែង​ជូន​ស្រា​ដែល​មាន​គុណ​ភាព​ល្អ​មុន រួច​ពេល​ដែល​ភ្ញៀវ​ស្រវឹង​ហើយ ទើប​យក​ស្រា​ដែល​មាន​គុណ​ភាព​អន់​មក​ជូន​វិញ។ អ្នក​បាន​ទុក​ស្រា​ល្អ​រហូត​ដល់​ឥឡូវ​នេះ​ទើប​ជូន​ភ្ញៀវ»។ ១១ លោក​យេស៊ូ​បាន​ធ្វើ​ការ​នេះ​នៅ​ភូមិ​កាណា​នៅ​ស្រុក​កាលីឡេ ហើយ​នេះ​ជា​សញ្ញា​សម្គាល់​ដំបូង​បង្អស់​របស់​លោក។ លោក​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​សិរី​រុងរឿង​របស់​លោក ហើយ​ពួក​អ្នក​កាន់​តាម​លោក​ចាប់​ផ្ដើម​មាន​ជំនឿ​លើ​លោក។

១២ បន្ទាប់​ពី​ការ​នេះ លោក​និង​ម្ដាយ ព្រម​ទាំង​ប្អូន​ប្រុសៗ​របស់​លោក និង​ពួក​អ្នក​កាន់​តាម​បាន​ចុះ​ទៅ​ក្រុង​កាពើណិម តែ​មិន​បាន​នៅ​ទី​នោះ​យូរ​ថ្ងៃ​ទេ។

១៣ លុះ​ក្រោយ​មក បុណ្យ​រំលង​របស់​ជន​ជាតិ​យូដា​គឺ​ជិត​ដល់​ហើយ។ ពេល​នោះ​លោក​យេស៊ូ​បាន​ឡើង​ទៅ​ក្រុង​យេរូសាឡិម។ ១៤ កាល​ទៅ​ដល់​ហើយ លោក​ឃើញ​មនុស្ស​នៅ​ក្នុង​វិហារ​កំពុង​លក់​គោ ចៀម និង​ព្រាប ក៏​ឃើញ​អ្នក​ដូរ​ប្រាក់​កំពុង​អង្គុយ​នៅ​ទី​នោះ។ ១៥ ដូច្នេះ ក្រោយ​ពី​បាន​យក​ខ្សែ​មក​វេញ​ធ្វើ​ជា​រំពាត់ លោក​ក៏​ដេញ​ពួក​គេ​ទាំង​អស់​គ្នា​ចេញ​ពី​វិហារ​ជា​មួយ​នឹង​ចៀម​និង​គោ​របស់​ពួក​គេ ហើយ​បាន​ចាក់​កាក់​របស់​ពួក​អ្នក​ដូរ​ប្រាក់​ចោល ក៏​ផ្កាប់​តុ​របស់​ពួក​គេ។ ១៦ លោក​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​លក់​ព្រាប​ថា៖ «ចូរ​យក​របស់​ទាំង​នេះ​ចេញ​ទៅ! ឈប់​យក​កន្លែង​គោរព​បូជា​របស់​បិតា​ខ្ញុំ​ធ្វើ​ជា​កន្លែង​លក់​ដូរ!»។ ១៧ ពួក​អ្នក​កាន់​តាម​លោក​បាន​នឹក​ឃើញ​អ្វី​ដែល​បទ​គម្ពីរ​ចែង​ថា៖ «ខ្ញុំ​នឹង​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ខ្នះខ្នែង​ចំពោះ​កន្លែង​គោរព​បូជា​របស់​លោក»។

១៨ ម្ល៉ោះ​ហើយ ជន​ជាតិ​យូដា​បាន​សួរ​លោក​ថា៖ «តើ​អ្នក​មាន​សញ្ញា​សម្គាល់​អ្វី​ដើម្បី​បង្ហាញ​ឲ្យ​យើង​ដឹង​ថា អ្នក​មាន​សិទ្ធិ​ធ្វើ​ការ​ទាំង​នេះ?»។ ១៩ លោក​យេស៊ូ​តប​ឆ្លើយ​ថា៖ «ចូរ​រុះ​វិហារ​នេះ​ចោល ហើយ​ខ្ញុំ​នឹង​ធ្វើ​ឡើង​វិញ​ក្នុង​បី​ថ្ងៃ»។ ២០ ឮ​ដូច្នេះ ជន​ជាតិ​យូដា​សួរ​ថា៖ «វិហារ​នេះ​បាន​ត្រូវ​សង់​ក្នុង​រយៈ​ពេល​សែសិប​ប្រាំមួយ​ឆ្នាំ ដូច្នេះ​តើ​អ្នក​អាច​ធ្វើ​ឡើង​វិញ​ក្នុង​បី​ថ្ងៃ​ដូច​ម្ដេច​បាន?»។ ២១ តែ​ពេល​ដែល​មាន​ប្រសាសន៍​អំពី​វិហារ​នោះ លោក​កំពុង​មាន​ប្រសាសន៍​សំដៅ​ទៅ​រូប​កាយ​របស់​លោក។ ២២ ក៏​ប៉ុន្តែ​ក្រោយ​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ពួក​អ្នក​កាន់​តាម​លោក​នឹក​ឃើញ​ថា​លោក​ធ្លាប់​មាន​ប្រសាសន៍​ដូច្នេះ​ជា​រឿយៗ ហើយ​ពួក​គាត់​ក៏​ជឿ​បទ​គម្ពីរ​និង​ប្រសាសន៍​របស់​លោក​យេស៊ូ។

២៣ តែ​ពេល​ដែល​លោក​នៅ​ក្រុង​យេរូសាឡិម ក្នុង​ពេល​បុណ្យ​រំលង នោះ​មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​មាន​ជំនឿ​លើ​នាម​របស់​លោក ដោយ​ឃើញ​សញ្ញា​សម្គាល់​ទាំង​ប៉ុន្មាន​ដែល​លោក​កំពុង​ធ្វើ។ ២៤ ប៉ុន្តែ​លោក​យេស៊ូ​មិន​បាន​ផ្ដេក​ចិត្ត​ទៅ​លើ​ពួក​គេ​ឡើយ ពីព្រោះ​លោក​ស្គាល់​ពួក​គេ​ទាំង​អស់​គ្នា ២៥ ហើយ​ក៏​មិន​ត្រូវ​ការ​ឲ្យ​អ្នក​ណា​បញ្ជាក់​អំពី​មនុស្ស​ជាតិ​ដែរ ពីព្រោះ​លោក​ជ្រាប​អំពី​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​មនុស្ស​ជាតិ។

៣ មាន​បុរស​ផារិស៊ី​ម្នាក់​ឈ្មោះ​នីកូដេម ដែល​ជា​អ្នក​គ្រប់​គ្រង​ម្នាក់​របស់​ជន​ជាតិ​យូដា។ ២ គាត់​មក​ជួប​លោក​នៅ​ពេល​យប់ ហើយ​ជម្រាប​ថា៖ «រ៉ាប៊ី* យើង​ដឹង​ថា​លោក​ជា​អ្នក​បង្រៀន​ដែល​មក​ពី​ព្រះ ព្រោះ​គ្មាន​អ្នក​ណា​អាច​ធ្វើ​សញ្ញា​សម្គាល់​ទាំង​ប៉ុន្មាន​ដែល​លោក​ធ្វើ លុះ​ត្រា​តែ​ព្រះ​នៅ​ជា​មួយ​នឹង​អ្នក​នោះ»។ ៣ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​ថា អ្នក​ណាដែល​មិន​កើត​ម្ដងទៀត អ្នក​នោះ​មិន​អាច​ឃើញ​រាជាណាចក្រ​របស់​ព្រះ​បាន​ឡើយ»។ ៤ នីកូដេម​សួរ​លោក​ថា៖ «តើ​បុរស​វ័យ​ចាស់​ម្នាក់​អាច​កើត​ម្ដង​ទៀត​ដូច​ម្ដេច​បាន? គាត់​មិន​អាច​ចូល​ក្នុង​ផ្ទៃ​ម្ដាយ​ម្ដង​ទៀត​ហើយ​កើត​មក​បាន​ឡើយ មែន​ទេ?»។ ៥ លោក​យេស៊ូ​ឆ្លើយ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​ថា គ្មាន​អ្នក​ណា​អាច​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ​បាន​ឡើយ លុះ​ត្រា​តែ​អ្នក​នោះ​កើត​ពី​ទឹក​និង​ពី​សកម្មពល* របស់​ព្រះ។ ៦ អ្វី​ដែល​កើត​ពី​សាច់​ឈាម​គឺជា​កូន​មនុស្ស ហើយ​អ្វី​ដែល​កើត​ពី​សកម្មពល​របស់​ព្រះ​គឺជា​កូន​ព្រះ។ ៧ កុំ​ឲ្យ​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​រាល់​គ្នា​ត្រូវ​កើត​ម្ដង​ទៀត​ធ្វើ​ឲ្យ​អ្នក​ឆ្ងល់​ឡើយ។ ៨ ខ្យល់* បក់​ទៅ​ទិស​ណា​ក៏​បាន ហើយ​អ្នក​ឮ​សូរ​ខ្យល់ តែ​មិន​ដឹង​ថា​ខ្យល់​នោះ​មក​ពី​ណា​និង​កំពុង​បក់​ទៅ​ណា​ទេ។ អស់​អ្នក​ដែល​កើត​ពី​សកម្មពល​របស់​ព្រះ​ក៏​ដូច្នោះ​ដែរ»។

៩ នីកូដេម​តប​ទៅ​លោក​ថា៖ «តើ​ការ​ទាំង​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?»។ ១០ លោក​យេស៊ូ​តប​ទៅ​គាត់​ថា៖ «តើ​អ្នក​ជា​អ្នក​បង្រៀន​ជន​ជាតិ​អ៊ីស្រាអែល តែ​មិន​ដឹង​ការ​ទាំង​នេះ​ទេ​ឬ? ១១ ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​ថា យើង​និយាយ​អំពី​អ្វី​ដែល​យើង​ដឹង ក៏​ធ្វើ​ការ​បញ្ជាក់​អំពី​អ្វី​ដែល​យើង​បាន​ឃើញ ប៉ុន្តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ការ​បញ្ជាក់​ពី​យើង​ទេ។ ១២ ប្រសិនបើ​អ្នក​រាល់​គ្នា​មិន​ជឿ​ពេល​ដែល​ខ្ញុំ​ប្រាប់​នូវ​អ្វី​ដែល​ទាក់​ទង​នឹង​ផែនដី​ទៅ​ហើយ តើ​អ្នក​រាល់​គ្នា​នឹង​ជឿ​ដូច​ម្ដេច​បាន បើ​ខ្ញុំ​ប្រាប់​នូវ​អ្វី​ដែល​ទាក់​ទង​នឹង​ស្ថាន​សួគ៌​វិញ? ១៣ ម្យ៉ាង​ទៀត គ្មាន​មនុស្ស​ណា​ម្នាក់​ធ្លាប់​ឡើង​ទៅ​ស្ថាន​សួគ៌​ឡើយ មាន​តែ​លោក​ដែល​បាន​ចុះ​ពី​ស្ថាន​សួគ៌​ប៉ុណ្ណោះ គឺ​កូន​មនុស្ស។ ១៤ ហើយ​ដូច​ម៉ូសេ​បាន​លើក​សត្វ​ពស់​ឡើង​នៅ​តំបន់​ស្ងាត់​ជ្រងំ នោះ​កូន​មនុស្ស​ក៏​នឹង​ត្រូវ​លើក​ឡើង​ដូច្នោះ​ដែរ ១៥ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​លោក អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។

១៦ «ពីព្រោះ​ព្រះ​ស្រឡាញ់​ពិភព​លោក​ដល់​ម្ល៉េះ​បាន​ជា​លោក​បាន​ឲ្យ​បុត្រ​តែ​មួយ* របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ។ ១៧ ព្រោះ​ព្រះ​បាន​ចាត់​បុត្រ​របស់​លោក​ឲ្យ​ចូល​ក្នុង​ពិភព​លោក មិន​មែន​ដើម្បី​វិនិច្ឆ័យ​ពិភព​លោក​ទេ តែ​ដើម្បី​ឲ្យ​ពិភព​លោក​អាច​ត្រូវ​សង្គ្រោះ​តាម​រយៈ​បុត្រ​របស់​លោក។ ១៨ អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​របស់​លោក អ្នក​នោះ​មិន​ទទួល​ការ​វិនិច្ឆ័យ​ឡើយ។ ឯ​អ្នក​ណា​ដែល​មិន​បង្ហាញ​ជំនឿ អ្នក​នោះ​បាន​ត្រូវ​វិនិច្ឆ័យ​រួច​ហើយ ពីព្រោះ​អ្នក​នោះ​មិន​បាន​បង្ហាញ​ជំនឿ​លើ​នាម​នៃ​បុត្រ​តែ​មួយ* របស់​ព្រះ។ ១៩ នេះ​ជា​មូលដ្ឋាន​សម្រាប់​ការ​វិនិច្ឆ័យ ពោល​គឺ ពន្លឺ​បាន​ចូល​ក្នុង​ពិភព​លោក តែ​មនុស្ស​បាន​ស្រឡាញ់​ភាព​ងងឹត​ជា​ជាង​ពន្លឺ​នោះ ព្រោះ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​គឺ​ទុច្ចរិត។ ២០ ព្រោះ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​ទម្លាប់ អ្នក​នោះ​ស្អប់​ពន្លឺ ហើយ​មិន​មក​ឯ​ពន្លឺ​ឡើយ ដើម្បី​កុំ​ឲ្យ​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ត្រូវ​លាត​ត្រដាង។ ២១ ប៉ុន្តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​សុចរិត អ្នក​នោះ​មក​ឯ​ពន្លឺ ដើម្បី​ស​ឲ្យ​ឃើញ​ថា​ការ​ប្រព្រឹត្ត​របស់​ខ្លួន​គឺ​សម​ស្រប​តាម​បំណងប្រាថ្នា​របស់​ព្រះ»។

២២ ក្រោយ​ពី​ការ​ទាំង​នេះ លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​បាន​ចូល​តំបន់​យូឌា ហើយ​លោក​បាន​ចំណាយ​ពេល​ជា​មួយ​នឹង​ពួក​គាត់​នៅ​ទី​នោះ ក៏​បាន​ជ្រមុជ​ទឹក* ឲ្យ​បណ្ដា​ជន។ ២៣ ប៉ុន្តែ​យ៉ូហាន​កំពុង​ជ្រមុជ​ទឹក​ឲ្យ​គេ​ដែរ នៅ​អ៊ីណន​ជិត​សាលិម ពីព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន ហើយ​មាន​មនុស្ស​មក​ឥត​ដាច់ ដើម្បី​ឲ្យ​គាត់​ជ្រមុជ​ទឹក​ឲ្យ ២៤ ព្រោះ​ពេល​នោះ​យ៉ូហាន​មិន​ទាន់​ត្រូវ​គេ​បោះ​ចូល​គុក​ទេ។

២៥ ម្ល៉ោះ​ហើយ ពួក​អ្នក​កាន់​តាម​យ៉ូហាន​បាន​បង្ក​ជម្លោះ​ជា​មួយ​នឹង​ជន​ជាតិ​យូដា​ម្នាក់ អំពី​រឿង​លាង​សម្អាត​ឲ្យ​បរិសុទ្ធ។ ២៦ ដូច្នេះ ពួក​គាត់​បាន​មក​ឯ​យ៉ូហាន​ហើយ​ប្រាប់​គាត់​ថា៖ «រ៉ាប៊ី បុរស​ដែល​បាន​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​យ៉ូដាន់​ជា​មួយ​នឹង​អ្នក ហើយ​ដែល​អ្នក​បាន​ធ្វើ​ការ​បញ្ជាក់​ឲ្យ​នោះ សូម​មើល! លោក​កំពុង​ជ្រមុជ​ទឹក​ឲ្យ​គេ ហើយ​មនុស្ស​ទាំង​អស់​កំពុង​ទៅ​ឯ​លោក»។ ២៧ យ៉ូហាន​តប​ថា៖ «គ្មាន​អ្នក​ណា​ម្នាក់​អាច​ទទួល​អ្វី​សោះ លុះ​ត្រា​តែ​អ្នក​នោះ​បាន​ទទួល​ពី​ស្ថាន​សួគ៌។ ២៨ អ្នក​រាល់​គ្នា​ជា​សាក្សី​ដែល​ខ្ញុំ​បាន​និយាយ​ថា​ខ្ញុំ​មិន​មែន​ជា​គ្រិស្ត​ទេ តែ​ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​មក​មុន​លោក។ ២៩ កូនក្រមុំ​នៅ​ជា​មួយ​នឹង​អ្នក​ណា អ្នក​នោះ​ជា​កូន​កំលោះ​ហើយ។ ក៏​ប៉ុន្តែ មិត្ត​ភក្ដិ​របស់​កូន​កំលោះ​ក៏​ត្រេក​អរ​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ឮ​សំឡេង​របស់​កូន​កំលោះ។ ដូច្នេះ អំណរ​របស់​ខ្ញុំ​បាន​ពេញ​ខ្នាត​ហើយ។ ៣០ លោក​ត្រូវ​តែ​ចម្រើន​ឡើង​ត​ទៅ​ទៀត តែ​ខ្ញុំ​ត្រូវ​តែ​បន្ត​ថយ​ចុះ»។

៣១ លោក​ដែល​មក​ពី​ស្ថាន​លើ​គឺ​ធំ​ជាង​អ្នក​ឯ​ទៀត​ទាំង​អស់។ អ្នក​ដែល​មក​ពី​ផែនដី គឺ​ពី​ផែនដី ក៏​និយាយ​អំពី​អ្វី​ទាក់​ទង​នឹង​ផែនដី។ លោក​ដែល​មក​ពី​ស្ថាន​សួគ៌​គឺ​ធំ​ជាង​អ្នក​ឯ​ទៀត​ទាំង​អស់។ ៣២ លោក​ធ្វើ​ការ​បញ្ជាក់​អំពី​អ្វី​ដែល​លោក​បាន​ឃើញ​និង​បាន​ឮ ប៉ុន្តែ​គ្មាន​មនុស្ស​ណា​ម្នាក់​ព្រម​ទទួល​ការ​បញ្ជាក់​របស់​លោក​ឡើយ។ ៣៣ អ្នក​ណា​ដែល​បាន​ទទួល​ការ​បញ្ជាក់​របស់​លោក បាន​បោះត្រា​បញ្ជាក់​ថា​ព្រះ​គឺ​ពិត​ត្រង់​មែន។ ៣៤ ព្រោះ​លោក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក មាន​ប្រសាសន៍​តាម​ប្រសាសន៍​របស់​ព្រះ ព្រោះ​ព្រះ​ឲ្យ​សកម្មពល​របស់​លោក​ដោយ​មិន​មាន​កម្រិត​ឡើយ។ ៣៥ បិតា​ដែល​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​បុត្រ​របស់​លោក ក៏​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ទៅ​ក្នុង​ដៃ​របស់​បុត្រ​លោក។ ៣៦ អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​របស់​លោក អ្នក​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ រីឯ​អ្នក​ណា​ដែល​មិន​ស្ដាប់បង្គាប់​បុត្រ​របស់​លោក អ្នក​នោះ​នឹង​មិន​ទទួល​ជីវិត​ឡើយ តែ​កំហឹង​របស់​ព្រះ​នៅ​ជាប់​នឹង​អ្នក​នោះ។

៤ កាល​ដែល​លោក​ម្ចាស់​ដឹង​ថា​ពួក​ផារិស៊ី​បាន​ឮ​ថា ចំនួន​មនុស្ស​ដែល​កំពុង​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ហើយ​ដែល​លោក​កំពុង​ជ្រមុជ​ទឹក* ឲ្យ គឺ​ច្រើន​ជាង​ចំនួន​មនុស្ស​ដែល​យ៉ូហាន​កំពុង​ជ្រមុជ​ទឹក​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម ២ (តាម​ពិត​លោក​យេស៊ូ​មិន​បាន​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ណា​ដោយ​ផ្ទាល់​ឡើយ តែ​ពួក​អ្នក​កាន់​តាម​លោក​បាន​ជ្រមុជ​ទឹក​ឲ្យ​គេ​វិញ) ៣ នោះ​លោក​បាន​ចេញ​ពី​តំបន់​យូឌា​ទៅ​ស្រុក​កាលីឡេម្ដង​ទៀត។ ៤ ប៉ុន្តែ​លោក​ត្រូវ​តែ​ធ្វើ​ដំណើរ​កាត់​ស្រុក​សាម៉ារី។ ៥ ដូច្នេះ លោក​បាន​ទៅ​ដល់​ក្រុង​មួយ​ហៅ​ថា​ស៊ីខា នៅ​ស្រុក​សាម៉ារី ជិត​ដី​វាល​ដែល​យ៉ាកុប​បាន​ឲ្យ​ដល់​យ៉ូសែប ជា​កូន​ប្រុស​គាត់ ៦ ហើយ​អណ្ដូង​របស់​យ៉ាកុប​ក៏​នៅ​ទី​នោះ​ដែរ។ ឯ​លោក​យេស៊ូ លោក​អស់​កម្លាំង​ដោយ​សារ​ការ​ធ្វើ​ដំណើរ ហើយ​កំពុង​អង្គុយ​នៅ​អណ្ដូង​នោះ។ ពេល​នោះ​ប្រហែល​ម៉ោង​ទី​ប្រាំមួយ។*

៧ ស្ត្រីជន​ជាតិ​សាម៉ារី​ម្នាក់​បាន​មក​ដង​ទឹក។ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «សូម​ឲ្យ​ខ្ញុំ​ផឹក​ផង»។ ៨ (ព្រោះ​ពួក​អ្នក​កាន់​តាម​លោក​បាន​ចេញ​ទៅ​ក្រុង​ដើម្បី​ទិញ​ស្បៀងអាហារ)។ ៩ ម្ល៉ោះ​ហើយ ស្ត្រីជន​ជាតិ​សាម៉ារី​សួរ​លោក​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​សុំ​ទឹក​ពី​ខ្ញុំ​ពិសា​ដូច្នេះ? ព្រោះ​លោក​ជា​ជន​ជាតិ​យូដា ហើយ​ខ្ញុំ​ជា​ស្ត្រីជន​ជាតិ​សាម៉ារី»។ (ដោយ​សារ​ជន​ជាតិ​យូដា​មិន​ទាក់​ទង​ជា​មួយ​នឹង​ជន​ជាតិ​សាម៉ារី​ឡើយ)។ ១០ លោក​យេស៊ូ​តប​ទៅ​នាង​ថា៖ «ប្រសិនបើ​នាង​បាន​ស្គាល់​អំណោយ​ទាន​របស់​ព្រះ ហើយ​ដឹង​ថា​អ្នក​ណា​កំពុង​និយាយ​ទៅ​នាង​ថា​‹សូម​ឲ្យ​ខ្ញុំ​ផឹក​ផង› នោះ​នាង​មុខ​ជា​បាន​សុំ​លោក ហើយ​លោក​នឹង​ឲ្យ​ទឹក​ដែល​ផ្ដល់​ជីវិត»។ ១១ នាង​ជម្រាប​លោក​ថា៖ «លោក​គ្មាន​អ្វី​សម្រាប់​ដង​ទឹក​ទេ ហើយ​អណ្ដូង​នេះ​ក៏​ជ្រៅ​ផង។ ដូច្នេះ តើ​លោក​បាន​ទឹក​ដែល​ផ្ដល់​ជីវិត​នោះ​ពី​ណា​មក? ១២ លោក​មិន​មែន​ធំ​ជាង​យ៉ាកុប ជា​បុព្វបុរស​របស់​យើង​ដែល​បាន​ឲ្យ​អណ្ដូង​នេះ​មក​យើង ហើយ​ដែល​បាន​ពិសា​ទឹក​ពី​អណ្ដូង​នេះ​ជា​មួយ​នឹង​កូនៗ​និង​ហ្វូង​សត្វ​របស់​គាត់ មែន​ទេ?»។ ១៣ លោក​យេស៊ូ​តប​ទៅ​នាង​ថា៖ «អស់​អ្នក​ណា​ដែល​ផឹក​ទឹក​នេះ នឹង​ស្រេក​ម្ដង​ទៀត។ ១៤ អ្នក​ណា​ដែល​ផឹក​ទឹក​ដែល​ខ្ញុំ​ឲ្យ អ្នក​នោះ​នឹង​មិន​ស្រេក​ម្ដង​ទៀត​ឡើយ ប៉ុន្តែ​ទឹក​ដែល​ខ្ញុំ​ឲ្យ​អ្នក​នោះ នឹង​ទៅ​ជា​ទឹក​ផុស​ក្នុង​អ្នក​នោះ ហើយ​ផ្ដល់​នូវ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់»។ ១៥ ស្ត្រី​នោះ​ជម្រាប​លោក​ថា៖ «លោក សូម​ឲ្យ​ទឹក​នោះ​មក​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ស្រេក​ទៀត​ឬ​ត្រូវ​មក​ដង​ទឹក​ពី​កន្លែង​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​ឡើយ»។

១៦ លោក​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ចូរ​ទៅ​ហៅ​ប្ដី​របស់​នាង រួច​ត្រឡប់​មក​កន្លែង​នេះ​វិញ»។ ១៧ នាង​តប​ទៅ​លោក​ថា៖ «ខ្ញុំ​គ្មាន​ប្ដី​ទេ»។ លោក​យេស៊ូមាន​ប្រសាសន៍​ទៅ​នាង​ថា៖ «នាង​និយាយ​ថា៖ ‹ខ្ញុំ​គ្មាន​ប្ដី​ទេ› នោះ​ត្រឹម​ត្រូវ​ហើយ។ ១៨ ព្រោះ​នាង​ធ្លាប់​មាន​ប្ដី​ប្រាំ​នាក់ ហើយ​បុរស​ដែល​រស់​នៅ​ជា​មួយ​នឹង​នាងសព្វ​ថ្ងៃនេះ មិន​មែន​ជា​ប្ដី​របស់​នាង​ឡើយ។ នាង​បាន​និយាយ​ពិត​ត្រង់​អំពី​រឿង​នេះ»។ ១៩ ស្ត្រី​នោះ​ជម្រាប​លោក​ថា៖ «លោក ខ្ញុំ​យល់​ឃើញ​ថា​លោក​ជា​អ្នក​ប្រកាស​ទំនាយ។ ២០ បុព្វបុរស​របស់​យើង​ធ្លាប់​គោរព​បូជា​នៅ​ភ្នំ​នេះ ប៉ុន្តែ​ពួក​លោក​និយាយ​ថា​ត្រូវ​គោរព​បូជា​នៅ​ក្រុង​យេរូសាឡិម​វិញ»។ ២១ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «នាង ចូរ​ជឿ​ខ្ញុំ​ចុះ​ថា នឹង​មាន​គ្រា​មក​ដល់ ដែល​ពេល​នោះ អ្នក​រាល់​គ្នា​នឹង​មិន​គោរព​ប្រណិប័តន៍​បិតា​នៅ​ស្ថាន​សួគ៌ នៅ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូសាឡិម​ទៀត​ឡើយ។ ២២ អ្នក​រាល់​គ្នា​គោរព​ប្រណិប័តន៍​ដោយ​គ្មាន​ចំណេះ តែ​យើង​គោរព​ប្រណិប័តន៍​ដោយ​មាន​ចំណេះ ព្រោះ​សេចក្ដី​សង្គ្រោះ​មក​តាម​រយៈ​ជន​ជាតិ​យូដា។ ២៣ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ នឹង​មាន​វេលា​មក​ដល់ ក៏​នៅ​ឥឡូវ​នេះ​ហើយ ពេល​ដែល​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ពិត​នឹង​គោរព​ប្រណិប័តន៍​បិតា​នៅ​ស្ថាន​សួគ៌​ដោយ​មាន​ការ​ដឹក​នាំ​ពី​សកម្មពល* របស់​លោក​និង​ដោយ​សេចក្ដី​ពិត ព្រោះ​បិតា​នៅ​ស្ថាន​សួគ៌​កំពុង​រក​មនុស្ស​បែប​នេះ​ដើម្បី​គោរព​ប្រណិប័តន៍​លោក។ ២៤ ព្រះ​ជា​វិញ្ញាណ* ហើយ​អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក ត្រូវ​តែ​គោរព​ប្រណិប័តន៍​ដោយ​មាន​ការ​ដឹក​នាំ​ពី​សកម្មពល​របស់​លោក​និង​ដោយ​សេចក្ដី​ពិត»។ ២៥ ស្ត្រី​នោះ​ជម្រាប​លោក​ថា៖ «ខ្ញុំ​ដឹង​ថា​មេស្ស៊ី* ដែល​គេ​ហៅ​ថា​គ្រិស្ត​នឹង​មក​ដល់។ នៅ​ពេល​លោក​មក​ដល់​ហើយ លោក​នឹង​ប្រកាស​ជា​ចំហ​ឲ្យ​យើង​ដឹង​អ្វីៗ​ទាំង​អស់»។ ២៦ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ខ្ញុំ​ដែល​កំពុង​និយាយ​ជា​មួយ​នឹង​នាង គឺជា​លោក​នោះ​ហើយ»។

២៧ ពេល​នោះ ពួក​អ្នក​កាន់​តាម​លោក​បាន​មក​ដល់ ក៏​តាំង​ឆ្ងល់​ពីព្រោះ​លោក​កំពុង​មាន​ប្រសាសន៍​ជា​មួយ​នឹង​ស្ត្រី។ ប៉ុន្តែ​គ្មាន​អ្នក​ណា​សួរ​លោក​ថា៖ «តើ​លោក​កំពុង​រក​អ្វី?»​ឬ​«ហេតុ​អ្វី​លោក​មាន​ប្រសាសន៍​ជា​មួយ​នឹង​នាង?»។ ២៨ ម្ល៉ោះ​ហើយ ស្ត្រី​នោះ​បាន​ទុក​ក្អម​ទឹក​ចោល រួច​ចេញ​ទៅ​ក្រុង ហើយ​ប្រាប់​ពួក​បុរស​នៅ​ទី​នោះ​ថា៖ ២៩ «សូម​មក​មើល​បុរស​ដែល​បាន​ប្រាប់​ខ្ញុំ​អំពី​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ធ្វើ។ ប្រហែលជា​លោក​នេះ​ជា​គ្រិស្ត​ទេ​ដឹង?»។ ៣០ ពួក​គេ​ក៏​ចេញ​ពី​ក្រុង ហើយ​ចាប់​ផ្ដើម​មក​ឯ​លោក។

៣១ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ពួក​អ្នក​កាន់​តាម​លោក​កំពុង​តឿន​លោក​ថា៖ «រ៉ាប៊ី* អញ្ជើញ​ពិសា​ទៅ»។ ៣២ ប៉ុន្តែ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «ខ្ញុំ​មាន​អាហារ​បរិភោគ​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់​ឡើយ»។ ៣៣ ដូច្នេះ ពួក​អ្នក​កាន់​តាម​លោក​ចាប់​ផ្ដើម​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «គ្មាន​អ្នក​ណា​បាន​យក​អ្វី​ជូន​លោក​ពិសា​ទេ មែន​ទេ?»។ ៣៤ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «អាហារ​របស់​ខ្ញុំ គឺ​ខ្ញុំ​ធ្វើ​តាម​បំណងប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រម​ទាំង​បង្ហើយ​កិច្ចការ​ដែល​លោក​បាន​ផ្ដល់​ឲ្យ។ ៣៥ អ្នក​រាល់​គ្នា​និយាយ​ថា នៅ​បួន​ខែ​ទៀត​ទើប​រដូវ​ច្រូត​កាត់​មក​ដល់ មែន​ទេ? មើល! ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា៖ ចូរ​ងើយ​ភ្នែក​មើល​វាល​ស្រូវ ឃើញ​ថា​ស្រូវ​នោះ​ទុំ​ល្មម​ច្រូត​ហើយ។ ៣៦ អ្នក​ច្រូត​កាត់​កំពុង​ទទួល​ឈ្នួល និង​ប្រមូល​ផល​សម្រាប់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​រួច​ហើយ ប្រយោជន៍​ឲ្យ​អ្នក​សាប​ព្រោះ​និង​អ្នក​ច្រូត​កាត់​អរ​សប្បាយ​ជា​មួយ​គ្នា។ ៣៧ ស្តី​អំពី​រឿង​នេះ ពាក្យ​ដែល​គេ​តែង​និយាយ​គឺជា​ការ​ពិត​មែន​ថា ម្នាក់​សាប​ព្រោះ ម្នាក់​ទៀត​ច្រូត​កាត់។ ៣៨ ខ្ញុំ​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​ច្រូត​កាត់​អ្វី​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ចំណាយ​កម្លាំង​ទៅ​លើ​សោះ។ អ្នក​ឯ​ទៀត​បាន​ចំណាយ​កម្លាំង ហើយ​អ្នក​រាល់​គ្នា​បាន​ចូល​មក​ទទួល​ប្រយោជន៍​ពី​ការ​នឿយ​ហត់​របស់​អ្នក​ទាំង​នោះ»។

៣៩ ជន​ជាតិ​សាម៉ារី​ជា​ច្រើន​នាក់​នៅ​ក្រុង​នោះ ចាប់​ផ្ដើម​ជឿ​លើ​លោក ដោយ​សារ​ពាក្យ​របស់​ស្ត្រី​ដែល​បាន​ធ្វើ​ជា​សាក្សី​ថា៖ «លោក​បាន​ប្រាប់​ខ្ញុំ​អំពី​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ធ្វើ»។ ៤០ ដូច្នេះ ក្រោយ​ពី​ជន​ជាតិ​សាម៉ារី​បាន​មក​ឯ​លោក នោះ​ពួក​គេ​ចាប់​ផ្ដើម​សុំ​លោក​ស្នាក់​នៅ​ជា​មួយ​នឹង​ពួក​គេ ហើយ​លោក​ក៏​ស្នាក់​នៅ​ទី​នោះ​ពីរ​ថ្ងៃ។ ៤១ ម្ល៉ោះ​ហើយ ពួក​គេ​ជា​ច្រើន​នាក់​ទៀត​ក៏​ចាប់​ផ្ដើម​ជឿ​ដោយ​សារ​អ្វី​ដែល​លោក​មាន​ប្រសាសន៍ ៤២ ហើយ​ពួក​គេ​ចាប់​ផ្ដើម​និយាយ​ទៅ​ស្ត្រី​នោះ​ថា៖ «យើង​មិន​ជឿ​ដោយ​សារ​សម្ដី​របស់​នាង​ទៀត​ទេ ព្រោះ​យើង​បាន​ឮ​ដោយ​ខ្លួន​ឯង ហើយ​យើង​ដឹង​ថា​បុរស​នេះ​ប្រាកដជា​អ្នក​សង្គ្រោះ​ពិភព​លោក»។

៤៣ លុះ​ពីរ​ថ្ងៃ​ក្រោយ​មក លោក​ចេញ​ពី​ទី​នោះ​ទៅ​ស្រុក​កាលីឡេ។ ៤៤ ក៏​ប៉ុន្តែ លោក​យេស៊ូ​បាន​បញ្ជាក់​ដោយ​ខ្លួន​លោក​ថា អ្នក​ប្រកាស​ទំនាយ​មិន​ទទួល​កិត្ដិយស​នៅ​ស្រុក​កំណើត​របស់​ខ្លួន​ឡើយ។ ៤៥ ដូច្នេះ ពេល​ដែល​លោក​ទៅ​ដល់​ស្រុក​កាលីឡេ​ហើយ នោះ​អ្នក​ស្រុក​កាលីឡេ​បាន​ទទួល​លោក ពីព្រោះ​ពួក​គេ​បាន​ឃើញ​ការ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​នៅ​ក្រុង​យេរូសាឡិម​ក្នុង​អំឡុង​ពេល​បុណ្យ ព្រោះ​ពួក​គេ​ក៏​បាន​ទៅ​ចូល​រួម​បុណ្យ​នោះ​ដែរ។

៤៦ ក្រោយ​មក លោក​បាន​មក​ភូមិ​កាណា​នៅ​ស្រុក​កាលីឡេ​ម្ដង​ទៀត ជា​កន្លែង​ដែល​លោក​បាន​ធ្វើ​ឲ្យ​ទឹក​ក្លាយ​ទៅ​ជា​ស្រា។ មាន​បុរស​ម្នាក់​ដែល​ជា​អ្នក​បម្រើ​ស្តេច ហើយ​កូន​ប្រុស​របស់​គាត់​ឈឺ​នៅ​ក្រុង​កាពើណិម។ ៤៧ នៅ​ពេល​ដែល​បុរស​នេះ​ឮ​ថា​លោក​យេស៊ូ​បាន​ចេញ​ពី​តំបន់​យូឌា​មក​ស្រុក​កាលីឡេ នោះ​គាត់​បាន​ចេញ​ទៅ​សុំ​លោក​ចុះ​មក​ធ្វើ​ឲ្យ​កូន​ប្រុស​របស់​គាត់​ជា ព្រោះ​កូន​របស់​គាត់​ជិត​ស្លាប់​ហើយ។ ៤៨ ក៏​ប៉ុន្តែ​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អ្នក​រាល់​គ្នា​នឹង​មិន​ជឿ​ឡើយ លុះ​ត្រា​តែ​ឃើញ​សញ្ញា​សម្គាល់​និង​ការ​អស្ចារ្យ»។ ៤៩ អ្នក​បម្រើ​ស្តេច​ជម្រាប​លោក​ថា៖ «លោក​ម្ចាស់ សូម​ចុះ​មក​មុន​កូន​តូច​របស់​ខ្ញុំ​ស្លាប់»។ ៥០ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អញ្ជើញ​ទៅ​ចុះ កូន​ប្រុស​របស់​អ្នក​បាន​ជា​ឡើង​វិញ​ហើយ»។ បុរស​នោះ​ជឿ​នូវ​អ្វី​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់ ហើយ​ចេញ​ទៅ។ ៥១ ក៏​ប៉ុន្តែ ពេល​ដែល​គាត់​កំពុង​ធ្វើ​ដំណើរ​ចុះ​ទៅ ពួក​ខ្ញុំ​បម្រើ​របស់​គាត់​បាន​មក​ជួប​កណ្ដាល​ផ្លូវ​ហើយ​ប្រាប់​ថា​កូន​ប្រុស​របស់​គាត់​នៅ​រស់។ ៥២ ដូច្នេះ គាត់​ចាប់​ផ្ដើម​សួរ​ពួក​គេ​អំពី​ម៉ោង​ណា​ដែល​កូន​របស់​គាត់​មាន​សុខភាព​ល្អ​ឡើង​វិញ។ ពួក​គេ​ប្រាប់​គាត់​ថា៖ «ម្សិលមិញ នៅ​ម៉ោង​ទី​ប្រាំពីរ* គ្រុន​ក៏​បាត់​ពី​គាត់​ទៅ»។ ៥៣ ដូច្នេះ បុរស​នោះ​ដែល​ជា​ឪពុក​ដឹង​ថា គឺ​នៅ​ម៉ោង​នោះ​ឯង​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា៖ «កូន​ប្រុស​របស់​អ្នក​បាន​ជា​ឡើង​វិញ​ហើយ»។ រួច​គាត់​និង​ពួក​អ្នក​ផ្ទះ​ទាំង​អស់​របស់​គាត់​ក៏​បាន​ទៅ​ជា​អ្នក​ជឿ។ ៥៤ នេះ​ជា​សញ្ញា​សម្គាល់​ទី​ពីរ​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ពេល​ចេញ​ពី​តំបន់​យូឌា​មក​ស្រុក​កាលីឡេ​ម្ដង​ទៀត។

៥ បន្ទាប់​ពី​ការ​ទាំង​នេះ មាន​បុណ្យ​មួយ​របស់​ជន​ជាតិ​យូដា ហើយ​លោក​យេស៊ូ​បាន​ឡើង​ទៅ​ក្រុង​យេរូសាឡិម។ ២ នៅ​ក្រុង​យេរូសាឡិម នៅ​ទ្វារចៀម មាន​អាង​ទឹក​មួយ​ដែល​ភាសា​ហេប្រឺ​ហៅ​ថា​បេតសាថា ហើយ​អាង​នោះ​ព័ទ្ធ​ដោយ​ល្វែង​ប្រាំ។ ៣ ក្នុង​ល្វែង​ទាំង​នេះ មាន​មនុស្ស​ជា​ច្រើន​នាក់​ដែល​ឈឺ ងងឹត​ភ្នែក ខ្វិន ស្វិត​ដៃ ឬ​ស្វិត​ជើង​កំពុង​ដេក​នៅ​ទី​នោះ។ ៤ * —— ៥ ប៉ុន្តែ​មាន​បុរស​ម្នាក់​នៅ​ទី​នោះ​ដែល​បាន​ឈឺ​អស់​សាមសិប​ប្រាំបី​ឆ្នាំ។ ៦ ពេល​ដែល​លោក​ឃើញ​បុរស​នេះ​កំពុង​ដេក​នៅ​ទី​នោះ និង​ដោយ​ដឹង​ថា​គាត់​ឈឺ​យូរ​ហើយ នោះ​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «តើ​អ្នក​ចង់​មាន​សុខភាព​ល្អ​ឡើង​វិញ​ទេ?»។ ៧ បុរស​ដែល​ឈឺ​នោះ​បាន​ឆ្លើយ​ថា៖ «លោក ខ្ញុំ​គ្មាន​អ្នក​ណា​ជួយ​ដាក់​ខ្ញុំ​ក្នុង​អាង​ពេល​ដែល​ទឹក​កំពុង​កម្រើក​ទេ តែ​ពេល​ខ្ញុំ​កំពុង​ចុះ​ទៅ មាន​ម្នាក់​ទៀត​ចុះ​ទៅ​មុន​ខ្ញុំ»។ ៨ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​ងើប​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​ចុះ»។ ៩ រំពេច​នោះ បុរស​នោះ​មាន​សុខភាព​ល្អ​ឡើង​វិញ ក៏​យក​គ្រែ​ស្នែង​របស់​គាត់​ហើយ​ចាប់​ផ្ដើម​ដើរ​ទៅ។

ថ្ងៃ​នោះ​ជា​ថ្ងៃ​ឈប់​សម្រាក។* ១០ ដូច្នេះ ជន​ជាតិ​យូដា​ចាប់​ផ្ដើម​ប្រាប់​បុរស​ដែល​បាន​ជា​ឡើង​វិញ​នោះ​ថា៖ «នេះ​ជា​ថ្ងៃ​ឈប់​សម្រាក អ្នក​គ្មាន​ច្បាប់​យួរ​គ្រែ​ស្នែង​នោះ​ទេ»។ ១១ ប៉ុន្តែ​គាត់​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «លោក​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សុខភាព​ល្អ​ឡើង​វិញ បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖ ‹យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​ចុះ›»។ ១២ ពួក​គេ​សួរ​គាត់​ថា៖ «តើ​បុរស​ណា​បាន​ប្រាប់​អ្នក​ថា៖ ‹យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​ចុះ›?»។ ១៣ ប៉ុន្តែ​បុរស​ដែល​បាន​ជា​ឡើង​វិញ​មិន​បាន​ដឹង​ថា​លោក​ជា​អ្នក​ណា​ឡើយ ព្រោះ​លោក​យេស៊ូ​បាន​ចេញ​ពី​កន្លែង​នោះ ហើយ​មាន​មនុស្ស​មួយ​ក្រុម​ធំ​នៅ​ទី​នោះ។

១៤ បន្ទាប់​ពី​ការ​ទាំង​នេះ លោក​យេស៊ូ​បាន​ប្រទះ​ឃើញ​គាត់​ក្នុង​វិហារ ក៏​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «មើល! អ្នក​មាន​សុខភាព​ល្អ​ឡើង​វិញ​ហើយ។ កុំ​ធ្វើ​ខុស​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​អ្វី​ដ៏​អាក្រក់​ជាង​កើត​ឡើង​ដល់​អ្នក»។ ១៥ បុរស​នោះ​ចេញ​ទៅ​ប្រាប់​ជន​ជាតិ​យូដា​ថា គឺ​លោក​យេស៊ូ​ដែល​បាន​ធ្វើ​ឲ្យ​គាត់​មាន​សុខភាព​ល្អ​ឡើង​វិញ។ ១៦ ហេតុ​នេះ ជន​ជាតិ​យូដា​ចាប់​ផ្ដើម​បៀតបៀន​លោក​យេស៊ូ ពីព្រោះ​លោក​ធ្វើ​ការ​ទាំង​នេះ​នៅ​ថ្ងៃ​ឈប់​សម្រាក។ ១៧ ប៉ុន្តែ​លោក​តប​ទៅ​ពួក​គេ​ថា៖ «បិតា​របស់​ខ្ញុំ​នៅ​តែ​ធ្វើ​ការ​រហូត​ដល់​ឥឡូវ​នេះ ហើយ​ខ្ញុំ​ក៏​នៅ​តែ​ធ្វើ​ការ​ដែរ»។ ១៨ ម្ល៉ោះ​ហើយ​បាន​ជា​ជន​ជាតិ​យូដា​បាន​ខំ​ប្រឹង​ខ្លាំង​ជាង​មុន​ដើម្បី​រក​វិធី​សម្លាប់​លោក ពីព្រោះ​លោក​មិន​ត្រឹម​តែ​ឥត​គោរព​ថ្ងៃ​ឈប់​សម្រាក​ប៉ុណ្ណោះ តែ​ក៏​ហៅ​ព្រះ​ថា​ជា​បិតា​របស់​លោក​ទៀត​ផង ដោយ​តាំង​ខ្លួន​ស្មើ​នឹង​ព្រះ។

១៩ ដូច្នេះ លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ត​ទៅ​ទៀត​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា បុត្រ​ព្រះ​មិន​អាច​ធ្វើ​អ្វី​ដោយ​គំនិត​របស់​លោក​ផ្ទាល់​បាន​ឡើយ សូម្បី​តែ​អ្វី​មួយ​ក៏​ដោយ ប៉ុន្តែ​លោក​ធ្វើ​តែ​អ្វី​ដែល​លោក​ឃើញ​បិតា​របស់​លោក​ធ្វើ​ប៉ុណ្ណោះ។ ព្រោះ​អ្វី​ក៏​ដោយ​ដែល​បិតា​ធ្វើ នោះ​បុត្រ​របស់​លោក​ក៏​ធ្វើ​ដូច្នោះ​ដែរ។ ២០ បិតា​ដែល​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​បុត្រ​របស់​លោក ក៏​បង្ហាញ​បុត្រ​របស់​លោក​នូវ​អ្វីៗ​ទាំង​អស់​ដែល​លោក​ធ្វើ ថែម​ទាំង​នឹង​បង្ហាញ​បុត្រ​លោក​នូវ​ការ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​នឹក​អស្ចារ្យ​ក្នុង​ចិត្ត។ ២១ ព្រោះ​ដូច​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ប្រោស​មនុស្ស​ស្លាប់​ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ជីវិត​រស់​ឡើង​វិញ នោះ​បុត្រ​របស់​លោក​ក៏​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ដែល​លោក​ចង់​ឲ្យ​រស់ មាន​ជីវិត​ឡើង​វិញ​ដូច្នេះ​ដែរ។ ២២ ព្រោះ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​មិន​វិនិច្ឆ័យ​អ្នក​ណា​ឡើយ តែ​លោក​បាន​ប្រគល់​ការ​វិនិច្ឆ័យ​ទាំង​អស់​ឲ្យ​បុត្រ​របស់​លោក ២៣ ដើម្បី​ឲ្យ​ទាំង​អស់​គ្នា​ផ្ដល់​កិត្ដិយស​ជូន​បុត្រ​របស់​លោក ដូច​ពួក​គេ​ផ្ដល់​កិត្ដិយស​ជូន​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ដែរ។ អ្នក​ណា​ដែល​មិន​ផ្ដល់​កិត្ដិយស​ជូន​បុត្រ​របស់​លោក ក៏​មិន​ផ្ដល់​កិត្ដិយស​ជូន​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ដែរ។ ២៤ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ ហើយ​ជឿ​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក អ្នក​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​ក៏​មិន​ទទួល​ការ​វិនិច្ឆ័យ​ឡើយ តែ​អ្នក​នោះ​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​មក​កាន់​ជីវិត​រួច​ហើយ។

២៥ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា នឹង​មាន​វេលា​មក​ដល់ ក៏​នៅ​ឥឡូវ​នេះ​ហើយ ពេល​ដែល​មនុស្ស​ស្លាប់​នឹង​ឮ​សំឡេង​បុត្រ​ព្រះ ហើយ​អស់​អ្នក​ដែល​បាន​ស្ដាប់​តាម​នឹង​រស់​ឡើង។ ២៦ ព្រោះ​ដូច​បិតា​ដែល​នៅ​ស្ថាន​សួគ៌​មាន​អំណាច​ផ្ដល់​ជីវិត នោះ​លោក​ក៏​បាន​ប្រគល់​អំណាច​ឲ្យ​បុត្រ​របស់​លោក​អាច​ផ្ដល់​ជីវិត​ដែរ។ ២៧ លោក​ក៏​ប្រគល់​សិទ្ធិ​អំណាច​ឲ្យ​បុត្រ​របស់លោក​ធ្វើ​ការ​វិនិច្ឆ័យ ព្រោះ​បុត្រ​របស់​លោក​ជា​កូន​មនុស្ស។ ២៨ កុំ​ឲ្យ​ពាក្យ​ទាំង​នេះ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ភ្ញាក់​ផ្អើល​ឡើយ ព្រោះ​នឹង​មាន​វេលា​មក​ដល់ ដែល​អស់​អ្នក​នៅ​ក្នុង​ផ្នូរ​ដែល​សម្រាប់​ជា​ទី​រំលឹក នឹង​ឮ​សំឡេង​របស់​លោក ២៩ ហើយ​ចេញ​មក អស់​អ្នក​ណា​ដែល​បាន​ប្រព្រឹត្ត​ការ​ល្អ អ្នក​ទាំង​នោះ​នឹង​រស់​ឡើង​វិញ​ហើយ​បាន​ជីវិត ឯ​អស់​អ្នក​ណា​ដែល​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ជា​ទម្លាប់ អ្នក​ទាំង​នោះ​នឹង​រស់​ឡើង​វិញ​ហើយ​ទទួល​ការ​កាត់​ទោស។ ៣០ ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​ដោយ​គំនិត​របស់​ខ្ញុំ​ផ្ទាល់​បាន​ឡើយ សូម្បី​តែ​អ្វី​មួយ​ក៏​ដោយ។ ខ្ញុំ​វិនិច្ឆ័យ​តាម​អ្វី​ដែល​ខ្ញុំ​ឮ ហើយ​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​គឺ​សុចរិត ពីព្រោះ​ខ្ញុំ​មិន​រក​បំពេញ​តាម​បំណងប្រាថ្នា​របស់​ខ្ញុំ​ទេ តែ​ខ្ញុំ​រក​បំពេញ​តាម​បំណងប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។

៣១ «ប្រសិនបើ​ខ្ញុំ​ធ្វើ​ជា​សាក្សី​អំពី​ខ្លួន​ខ្ញុំ​តែ​ម្នាក់​ឯង នោះ​ការ​បញ្ជាក់​របស់​ខ្ញុំ​គឺ​មិន​ពិត​ឡើយ។ ៣២ មាន​ម្នាក់​ទៀត​ដែល​ធ្វើ​ជា​សាក្សី​អំពី​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា​អ្វី​ដែល​លោក​បញ្ជាក់​អំពី​ខ្ញុំ​គឺជា​ការ​ពិត។ ៣៣ អ្នក​រាល់​គ្នា​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​ជួប​យ៉ូហាន ហើយ​គាត់​បាន​បញ្ជាក់​អំពី​សេចក្ដី​ពិត។ ៣៤ ក៏​ប៉ុន្តែ ខ្ញុំ​មិន​ពឹង​ផ្អែក​លើ​ការ​បញ្ជាក់​របស់​មនុស្ស​ទេ តែ​ខ្ញុំ​និយាយ​អ្វី​ទាំង​នេះ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​សេចក្ដី​សង្គ្រោះ។ ៣៥ បុរស​នោះ​ធ្លាប់​ជា​ចង្កៀង​មួយ​ដែល​ឆេះ​ហើយ​ភ្លឺ​ត្រចះ។ អស់​មួយ​រយៈ​ពេល​ខ្លី អ្នក​រាល់​គ្នា​ព្រម​ត្រេក​អរ​យ៉ាង​ខ្លាំង​នឹង​ពន្លឺ​របស់​គាត់។ ៣៦ ប៉ុន្តែ​ខ្ញុំ​មាន​ការ​បញ្ជាក់​ដែល​ប្រសើរ​ជាង​ការ​បញ្ជាក់​របស់​យ៉ូហាន ព្រោះ​កិច្ចការ​ដែល​បិតា​របស់​ខ្ញុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​សម្រេច ពោល​គឺ​កិច្ចការ​ដែល​ខ្ញុំ​កំពុង​ធ្វើ​នោះ គឺ​កិច្ចការ​នោះ​ឯង​ដែល​បញ្ជាក់​អំពី​ខ្ញុំ​ថា បិតា​នៅ​ស្ថាន​សួគ៌​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ៣៧ ម្យ៉ាង​ទៀត បិតា​នៅ​ស្ថាន​សួគ៌​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ក៏​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ​ដែរ។ អ្នក​រាល់​គ្នា​មិន​ធ្លាប់​ឮ​សំឡេង​របស់​លោក ឬ​ឃើញ​រូប​លោក​ម្ដង​ណា​ឡើយ ៣៨ ហើយ​បណ្ដាំ​របស់​លោក​មិន​នៅ​ជាប់​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ឡើយ ពីព្រោះ​អ្នក​រាល់​គ្នា​មិន​ជឿ​លោក​នោះ​ឯង​ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​ចាត់​ឲ្យ​មក។

៣៩ «អ្នក​រាល់​គ្នា​ពិនិត្យ​មើល​បទ​គម្ពីរ ពីព្រោះ​អ្នក​រាល់​គ្នា​គិត​ថា​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​តាម​រយៈ​បទ​គម្ពីរ​ទាំង​នោះ ហើយ​គឺ​បទ​គម្ពីរ​នោះ​ឯង​ដែល​បញ្ជាក់​អំពី​ខ្ញុំ។ ៤០ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​រាល់​គ្នា​មិន​ចង់​មក​ឯ​ខ្ញុំ​ដើម្បី​អាច​ទទួល​ជីវិត​ទេ។ ៤១ ខ្ញុំ​មិន​ព្រម​ទទួល​យក​ការ​លើក​តម្កើង​ពី​មនុស្ស​ទេ ៤២ ប៉ុន្តែ​ខ្ញុំ​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​គ្មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ឡើយ។ ៤៣ ខ្ញុំ​បាន​មក​ក្នុង​នាម​បិតា​របស់​ខ្ញុំ ប៉ុន្តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ទេ។ ប្រសិនបើ​អ្នក​ផ្សេង​ទៀត​មក​ក្នុង​នាម​ផ្ទាល់​ខ្លួន អ្នក​រាល់​គ្នា​នឹង​ទទួល​អ្នក​នោះ។ ៤៤ អ្នក​រាល់​គ្នា​កំពុង​ទទួល​យក​ការ​លើក​តម្កើង​ពី​គ្នា​ទៅ​វិញ​ទៅ​មក មិន​មែន​ស្វែងរក​ការ​លើក​តម្កើង​ដែល​មក​ពី​ព្រះ​តែ​មួយ​ទេ ដូច្នេះ តើ​អ្នក​រាល់​គ្នា​អាច​ជឿ​ខ្ញុំ​ដូច​ម្ដេច​បាន? ៤៥ កុំ​នឹក​ស្មានថា​ខ្ញុំ​នឹង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា​នៅ​មុខ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ឡើយ។ មាន​តែ​ម្នាក់​ដែល​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា គឺ​ម៉ូសេ​ដែល​ជា​ទី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា។ ៤៦ តាម​ពិត បើ​អ្នក​រាល់​គ្នា​ជឿ​ម៉ូសេ នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​ជឿ​ខ្ញុំ​ដែរ ព្រោះ​គាត់​បាន​សរសេរ​អំពី​ខ្ញុំ។ ៤៧ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ជឿ​អ្វី​ដែល​គាត់​បាន​សរសេរ​ទេ តើ​អ្នក​រាល់​គ្នា​នឹង​ជឿ​ពាក្យ​របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​បាន?»។

៦ បន្ទាប់​ពី​ការ​ទាំង​នេះ លោក​យេស៊ូ​បាន​ចេញ​ដំណើរ​ឆ្លង​សមុទ្រ* កាលីឡេ​ឬ​ទិបេរៀស។ ២ ប៉ុន្តែ​មនុស្ស​មួយ​ក្រុម​ធំ​បាន​តាម​លោក​ជាប់ ពីព្រោះ​ពួក​គេ​ឃើញ​អព្ភូតហេតុ​ដែល​លោក​កំពុង​ធ្វើ ដោយ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ជា​សះ​ស្បើយ។ ៣ ដូច្នេះ លោក​យេស៊ូ​បាន​ឡើង​ភ្នំ​មួយ រួច​បាន​អង្គុយ​នៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម​លោក។ ៤ ពេល​នោះ គឺ​ជិត​ដល់​បុណ្យ​រំលង ជា​បុណ្យ​របស់​ជន​ជាតិ​យូដា។ ៥ ម្ល៉ោះ​ហើយ ពេល​ដែល​លោក​យេស៊ូ​ងើប​ភ្នែក​ទៅ​ឃើញ​ថា​មាន​មនុស្ស​មួយ​ក្រុម​ធំ​កំពុង​ដើរ​តម្រង់​មក​រក​លោក នោះ​លោក​មាន​ប្រសាសន៍​ទៅ​ភីលីព​ថា៖ «តើ​យើង​នឹង​ទិញ​នំ​ប៉័ង​ពី​កន្លែង​ណា​ឲ្យ​មនុស្ស​ទាំង​នេះ​បរិភោគ?»។ ៦ ក៏​ប៉ុន្តែ លោក​មាន​ប្រសាសន៍​ដូច្នេះ ដើម្បី​សាក​ល្បង​គាត់ ព្រោះ​លោក​ដឹង​រួច​ហើយ​ថា​លោក​ហៀបនឹង​ធ្វើ​អ្វី។ ៧ ភីលីព​តប​ឆ្លើយ​ថា៖ «នំ​ប៉័ង​ពីរ​រយ​ឌីណារី* គឺ​មិន​គ្រប់​គ្រាន់​ទេ សូម្បី​តែចង់​ឲ្យ​ពួក​គេ​ម្នាក់ៗ​បរិភោគ​តែ​បន្ដិច​ក៏​ដោយ»។ ៨ អនទ្រេ​ជា​ប្អូន​របស់​ស៊ីម៉ូន​ពេត្រុស និង​ជា​អ្នក​កាន់​តាម​ម្នាក់​របស់​លោក បាន​ជម្រាប​លោក​ថា៖ ៩ «ក្មេង​ប្រុស​នេះ​មាន​នំ​ប៉័ង* ប្រាំ​ដុំ​និង​ត្រី​តូច​ពីរ​កន្ទុយ។ ប៉ុន្តែ​តើ​របស់​ទាំង​នេះ​មាន​ប្រយោជន៍​អ្វី​សម្រាប់​មនុស្ស​ច្រើន​យ៉ាង​នេះ?»។

១០ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖ «ចូរ​ប្រាប់​មនុស្ស​ទាំង​នេះ​ឲ្យ​អង្គុយ​ដូច​ពេល​បរិភោគ​អាហារ»។ កន្លែង​នោះ​មាន​ស្មៅ​ច្រើន ដូច្នេះ ពួក​គេ​ក៏​អង្គុយ​ចុះ។ ក្នុង​ចំណោម​មនុស្ស​ទាំង​នោះ មាន​បុរស​ប្រហែល​ប្រាំ​ពាន់​នាក់។ ១១ បន្ទាប់​មក លោក​យេស៊ូ​យកនំ​ប៉័ង​ទាំង​នោះ ក៏​អរគុណ​ព្រះ រួច​ចែក​ដល់​អស់​អ្នក​ដែល​កំពុង​អង្គុយ ថែម​ទាំង​ចែក​ត្រី​តូចៗ​ទាំង​នោះ​តាម​ដែល​ពួក​គេ​ចង់​បាន។ ១២ ប៉ុន្តែ​ពេល​ដែល​ពួក​គេ​បាន​បរិភោគ​ឆ្អែត​ហើយ នោះ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​ថា៖ «ចូរ​ប្រមូល​អាហារ​ដែល​នៅ​សល់ កុំ​ឲ្យ​ខាត​បង់​អ្វី​ឡើយ»។ ១៣ ដូច្នេះ ពួក​គាត់​ក៏​ប្រមូល​អាហារ​ដែល​សល់​ពី​នំ​ប៉័ង​ប្រាំ​ដុំ​នោះ​ដែល​មនុស្ស​ទាំង​នោះ​បាន​បរិភោគ បាន​ពេញ​ដប់​ពីរ​កញ្ជើ។

១៤ ម្ល៉ោះ​ហើយ ពេល​ដែល​មនុស្ស​ទាំង​នោះ​ឃើញ​សញ្ញា​សម្គាល់​ដែល​លោក​បាន​ធ្វើ នោះ​ពួក​គេ​ចាប់​ផ្ដើម​និយាយ​ថា៖ «អ្នក​នេះ​ប្រាកដជា​អ្នក​ប្រកាស​ទំនាយ​ដែល​ត្រូវ​ចូល​មក​ក្នុង​ពិភព​លោក»។ ១៥ ដូច្នេះ លោក​យេស៊ូ​បាន​ចេញ​ទៅ​ភ្នំ​ម្ដង​ទៀត​តែ​ម្នាក់​ឯង ព្រោះ​ដឹង​ថា​ពួក​គេ​ហៀបនឹង​មក​ចាប់​លោក​ហើយ​តែង​តាំង​ជា​ស្តេច។

១៦ លុះ​ដល់​ល្ងាច ពួក​អ្នក​កាន់​តាម​លោក​បាន​ចុះ​ទៅ​សមុទ្រ ១៧ ក៏​ចុះ​ទូក​មួយ​ហើយ​ចេញ​ដំណើរ​ឆ្លង​សមុទ្រ​ទៅ​ក្រុង​កាពើណិម។ ពេល​នោះ​គឺ​ងងឹត​ហើយ ឯ​លោក​យេស៊ូ លោក​មិន​ទាន់​មក​ឯ​ពួក​គាត់​នៅ​ឡើយ។ ១៨ ម្យ៉ាង​ទៀត ខ្យល់​បក់​មក​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ចាប់​ផ្ដើម​បោក​កញ្ជ្រោល។ ១៩ ក៏​ប៉ុន្តែ ពេល​ដែល​ពួក​គាត់​បាន​អុំ​ប្រហែល​ប្រាំ​ឬ​ប្រាំមួយ​គីឡូម៉ែត្រ ពួក​គាត់​ឃើញ​លោក​យេស៊ូ​កំពុង​ដើរ​លើ​ទឹក​សមុទ្រ មក​ជិត​ទូក ហើយ​ពួក​គាត់​ក៏​តាំង​ភ័យ​ខ្លាច។ ២០ ប៉ុន្តែ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «គឺ​ខ្ញុំ​ទេ កុំ​ខ្លាច​ឡើយ»។ ២១ ដូច្នេះ ពួក​គាត់​សប្បាយ​ចិត្ត​ទទួល​លោក​ចូល​ក្នុង​ទូក ហើយ​មួយ​ស្របក់​ក្រោយ​មក ទូក​បាន​នៅ​លើ​គោក គឺ​នៅ​ចំ​កន្លែង​ដែល​ពួក​គាត់​ចង់​ធ្វើ​ដំណើរ​ទៅ។

២២ លុះ​ថ្ងៃ​ស្អែក បណ្ដា​ជន​ដែល​កំពុង​ឈរ​នៅ​ត្រើយ​ម្ខាង​នៃ​សមុទ្រ​ឃើញ​ថា​គ្មាន​ទូក​នៅ​ទី​នោះ​ទេ មាន​តែ​ទូក​តូច​មួយ ក៏​យល់​ឃើញ​ថា​លោក​យេស៊ូ​មិន​បាន​ចុះ​ទូក​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម​លោក​ឡើយ ប៉ុន្តែ​មាន​តែ​ពួក​អ្នក​កាន់​តាម​លោក​ប៉ុណ្ណោះ​ដែល​បាន​ចេញ​ទៅ។ ២៣ ក៏​ប៉ុន្តែ​ទូក​ខ្លះ​ពី​ក្រុង​ទិបេរៀស​បាន​មក​ដល់ ជិត​កន្លែង​ដែល​ពួក​គេ​បាន​បរិភោគ​នំ​ប៉័ង​បន្ទាប់​ពី​លោក​ម្ចាស់​បាន​អរគុណ​ព្រះ។ ២៤ ដូច្នេះ កាល​ដែល​បណ្ដា​ជន​ឃើញ​ថា​លោក​យេស៊ូ​មិន​នៅ​ទី​នោះ ហើយ​ពួក​អ្នក​កាន់​តាម​លោក​ក៏​មិន​នៅ​ទី​នោះ​ដែរ ពួក​គេ​ក៏​ចុះ​ទូក​តូចៗ​របស់​ពួក​គេ ហើយ​មក​ក្រុង​កាពើណិម​ដើម្បី​រក​លោក​យេស៊ូ។

២៥ លុះ​ឃើញ​លោក​នៅ​ត្រើយ​ម្ខាង​ហើយ ពួក​គេ​សួរ​លោក​ថា៖ «រ៉ាប៊ី* តើ​លោក​អញ្ជើញ​មក​ទី​នេះ​ពី​កាល​ណា?»។ ២៦ លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​រាល់​គ្នា​មិន​មែន​រក​ខ្ញុំ​ដោយ​សារបាន​ឃើញ​សញ្ញា​សម្គាល់​ទេ ប៉ុន្តែ​ដោយ​សារ​អ្នក​រាល់​គ្នា​បាន​បរិភោគ​នំ​ប៉័ង​ឆ្អែត។ ២៧ កុំ​ព្យាយាម​ឲ្យ​បាន​អាហារ​ដែល​ខូច​ទៅ​ឡើយ តែ​ចូរ​ព្យាយាម​ឲ្យ​បាន​អាហារ​ដែល​នៅ​ស្ថិតស្ថេរ ហើយ​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​វិញ ជា​អាហារ​ដែល​កូន​មនុស្ស​នឹង​ឲ្យ​អ្នក​រាល់​គ្នា ព្រោះ​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ពោល​គឺ​ព្រះ បាន​បិទ​ត្រា​បញ្ជាក់​ថា​លោក​ពេញ​ចិត្ត​នឹង​អ្នក​នោះ​ហើយ»។

២៨ ដូច្នេះ ពួក​គេ​និយាយ​ទៅ​កាន់​លោក​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ធ្វើ​អ្វី​ដែល​ព្រះ​ពេញ​ចិត្ត?»។ ២៩ លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ថា៖ «នេះ​ជា​អ្វី​ដែល​ព្រះ​ពេញ​ចិត្ត​ឲ្យ​ធ្វើ ពោល​គឺ អ្នក​រាល់​គ្នា​មាន​ជំនឿ​លើ​អ្នក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក»។ ៣០ ម្ល៉ោះ​ហើយ ពួក​គេ​និយាយ​ទៅ​កាន់​លោក​យេស៊ូ​ថា៖ «បើ​ដូច្នេះ តើ​លោក​នឹង​ធ្វើ​សញ្ញា​សម្គាល់​អ្វី​ឲ្យ​យើង​ឃើញ ដើម្បី​ឲ្យ​យើង​អាច​ជឿ​លោក? តើ​លោក​នឹង​ធ្វើ​ការ​អ្វី​ទៅ? ៣១ បុព្វបុរស​របស់​យើង​បាន​បរិភោគ​នំ​ម៉ា​ណា​ពី​ព្រះ​នៅ​តំបន់​ស្ងាត់​ជ្រងំ ដូច​បទ​គម្ពីរ​ចែង​ថា៖ ‹លោក​បាន​ផ្ដល់​នំ​ប៉័ង​ពី​ស្ថាន​សួគ៌* ឲ្យ​ពួក​គេ​បរិភោគ›»។ ៣២ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ម៉ូសេ​មិន​បាន​ផ្ដល់​នំ​ប៉័ង​ពី​ស្ថាន​សួគ៌​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ ប៉ុន្តែ​បិតា​របស់​ខ្ញុំ​ផ្ដល់​នំ​ប៉័ង​ដ៏​ពិត​ពី​ស្ថាន​សួគ៌​ឲ្យ​អ្នក​រាល់​គ្នា។ ៣៣ ព្រោះ​នំ​ប៉័ង​នៃ​ព្រះ គឺជា​អ្នក​ដែល​ចុះ​មក​ពី​ស្ថាន​សួគ៌ ហើយ​ផ្ដល់​ជីវិត​ឲ្យ​ពិភព​លោក»។ ៣៤ ម្ល៉ោះ​ហើយ ពួក​គេ​និយាយ​ទៅ​កាន់​លោក​ថា៖ «លោក​ម្ចាស់ សូម​ផ្ដល់​នំ​ប៉័ង​នេះ​ឲ្យ​យើង​ជា​និច្ច»។

៣៥ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​ជា​នំ​ប៉័ង​នៃ​ជីវិត។ អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ អ្នក​នោះ​នឹង​មិន​ដែល​ឃ្លាន​ឡើយ ហើយ​អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​ខ្ញុំ អ្នក​នោះ​នឹង​មិន​ដែល​ស្រេក​ឡើយ។ ៣៦ ក៏​ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​បាន​ឃើញ​ខ្ញុំ ហើយ​នៅ​តែ​មិន​ជឿ។ ៣៧ អស់​អ្នក​ណា​ដែល​បិតា​ខ្ញុំ​ឲ្យ​មក​ខ្ញុំ អ្នក​ទាំង​នោះ​នឹង​មក​ឯ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​មិន​បណ្ដេញ​អ្នក​ដែល​មក​ឯ​ខ្ញុំ​ចេញ​ឡើយ ៣៨ ពីព្រោះ​ខ្ញុំ​បាន​ចុះ​មក​ពី​ស្ថាន​សួគ៌​ដើម្បី​ធ្វើ​តាម​បំណងប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក មិន​មែន​ដើម្បី​ធ្វើ​តាម​បំណងប្រាថ្នា​របស់​ខ្ញុំ​ទេ។ ៣៩ នេះ​ជា​បំណងប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ពោល​គឺ ខ្ញុំ​មិន​បាត់បង់​អ្នក​ណា​ពី​ចំណោម​អស់​អ្នក​ដែល​លោក​បាន​ឲ្យ​មក​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ប្រោស​អ្នក​ទាំង​នោះ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ។ ៤០ ពីព្រោះ​នេះ​ជា​បំណងប្រាថ្នា​របស់​បិតា​ខ្ញុំ ពោល​គឺ អស់​អ្នក​ណា​ដែល​ឃើញ​បុត្រ​របស់​លោក ហើយ​អនុវត្ត​ជំនឿ​លើ​បុត្រ​លោក អ្នក​ទាំង​នោះ​ត្រូវ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ»។

៤១ ដូច្នេះ ជន​ជាតិ​យូដា​ចាប់​ផ្ដើម​ត្អូញត្អែរ​អំពី​លោក ដោយ​សារ​លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជា​នំ​ប៉័ង​ដែល​ចុះ​មក​ពី​ស្ថាន​សួគ៌» ៤២ ពួក​គេ​ក៏​តាំង​និយាយ​ថា៖ «នេះ​ជា​យេស៊ូ ជា​កូន​ប្រុស​របស់​យ៉ូសែប ដែល​យើង​ស្គាល់​ទាំង​ឪពុក​ទាំង​ម្ដាយ​របស់​គាត់ មែន​ទេ? ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ឥឡូវ​នេះ​គាត់​បែរ​ជា​និយាយ​ថា៖ ‹ខ្ញុំ​បាន​ចុះ​មក​ពី​ស្ថាន​សួគ៌›​វិញ?»។ ៤៣ លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ថា៖ «ឈប់​រអ៊ូ​ដាក់​គ្នា​ដូច្នេះ។ ៤៤ គ្មាន​មនុស្ស​ណា​ម្នាក់​អាច​មក​ឯ​ខ្ញុំ​បាន​ឡើយ លុះ​ត្រា​តែ​អ្នក​នោះ​បាន​ត្រូវ​ទាញ​នាំ​មក​ដោយ​បិតា​នៅ​ស្ថាន​សួគ៌ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ហើយ​ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ។ ៤៥ ពួក​អ្នក​ប្រកាស​ទំនាយ​បាន​សរសេរ​ថា៖ ‹ហើយ​ពួក​គេ​ទាំង​អស់​គ្នា​នឹង​ត្រូវ​បង្រៀន​ដោយ​ព្រះ​យេហូវ៉ា›។ អស់​អ្នក​ណា​ដែល​ឮ​ពី​បិតា​នៅ​ស្ថាន​សួគ៌​ហើយ​បាន​រៀន អ្នក​នោះ​មក​ឯ​ខ្ញុំ។ ៤៦ នេះ​មិន​មាន​ន័យ​ថា​ធ្លាប់​មាន​មនុស្ស​ណា​ម្នាក់​ឃើញ​បិតា​នៅ​ស្ថាន​សួគ៌​ឡើយ លើក​លែង​តែ​អ្នក​ដែល​មក​ពី​ព្រះ អ្នក​នោះ​បាន​ឃើញ​បិតា​នៅ​ស្ថាន​សួគ៌។ ៤៧ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​ជឿ អ្នក​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។

៤៨ «ខ្ញុំ​ជា​នំ​ប៉័ង​នៃ​ជីវិត។ ៤៩ បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ​នំ​ម៉ាណា​នៅ​តំបន់​ស្ងាត់​ជ្រងំ ហើយ​នៅ​តែ​ស្លាប់។ ៥០ នេះ​ជា​នំ​ប៉័ង​ដែល​ចុះ​មក​ពី​ស្ថាន​សួគ៌ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​បរិភោគ មិន​ស្លាប់​ឡើយ។ ៥១ ខ្ញុំ​ជា​នំ​ប៉័ង​រស់​ដែល​បាន​ចុះ​មក​ពី​ស្ថាន​សួគ៌។ បើ​អ្នក​ណា​បរិភោគ​នំ​ប៉័ង​នេះ អ្នក​នោះ​នឹង​រស់​ជា​រៀង​រហូត ហើយ​ជា​ការ​ពិត​ថា នំ​ប៉័ង​ដែល​ខ្ញុំ​នឹង​ឲ្យ គឺជា​សាច់​របស់​ខ្ញុំ ដើម្បី​ឲ្យ​មនុស្ស​ជាតិ​អាច​រស់»។

៥២ ដូច្នេះ ជន​ជាតិ​យូដា​ចាប់​ផ្ដើម​ឈ្លោះ​ប្រកែក​គ្នា​ថា៖ «តើ​បុរស​នេះ​អាច​ឲ្យ​សាច់​របស់​គាត់​ឲ្យ​យើង​បរិភោគ​ដូច​ម្ដេច​បាន?»។ ៥៣ រួច​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ប្រសិនបើ​អ្នក​រាល់​គ្នា​មិន​បរិភោគ​សាច់​របស់​កូន​មនុស្ស ហើយ​មិន​ផឹក​ឈាម​របស់​លោក នោះ​អ្នក​រាល់​គ្នា​គ្មាន​ជីវិត​ក្នុង​ខ្លួន​ឡើយ។ ៥៤ អ្នក​ណា​ដែល​បរិភោគ​សាច់​របស់​ខ្ញុំ​ហើយ​ផឹក​ឈាម​របស់​ខ្ញុំ អ្នក​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ ៥៥ ព្រោះ​សាច់​របស់​ខ្ញុំ​ជា​អាហារ​ដ៏​ពិត ហើយ​ឈាម​របស់​ខ្ញុំ​ជា​ភេសជ្ជៈ​ដ៏​ពិត។ ៥៦ អ្នក​ណា​ដែល​បរិភោគ​សាច់​របស់​ខ្ញុំ​ហើយ​ផឹក​ឈាម​របស់​ខ្ញុំ អ្នក​នោះ​នៅ​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នៅ​រួប​រួម​ជា​មួយ​នឹង​អ្នក​នោះ​ដែរ។ ៥៧ ដូច​បិតា​នៅ​ស្ថាន​សួគ៌​ដែល​មាន​ជីវិត​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ហើយ​ខ្ញុំ​រស់​ដោយ​សារ​បិតា នោះ​អ្នក​ណា​ដែល​បរិភោគ​សាច់​ខ្ញុំ អ្នក​នោះ​នឹង​រស់​ដោយ​សារ​ខ្ញុំ។ ៥៨ នេះ​ជា​នំ​ប៉័ង​ដែល​ចុះ​មក​ពី​ស្ថាន​សួគ៌។ មិន​មែន​ដូច​ពេល​ដែល​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ ហើយ​នៅ​តែ​ស្លាប់​នោះ​ទេ។ អ្នក​ណា​ដែល​បរិភោគ​នំ​ប៉័ង​នេះ​នឹង​រស់​ជា​រៀង​រហូត»។ ៥៩ នោះ​ជា​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍ កាល​ដែល​លោក​កំពុង​បង្រៀន​នៅ​ឯ​ការ​ប្រជុំ​សាធារណៈ​មួយ​នៅ​ក្រុង​កាពើណិម។

៦០ ឮ​ដូច្នេះ ពួក​អ្នក​កាន់​តាម​ជា​ច្រើន​របស់​លោក​បាន​និយាយ​ថា៖ «សម្ដី​នេះ​គួរ​ឲ្យ​ទាស់​ចិត្ត​ណាស់ តើ​អ្នក​ណា​អាច​ស្ដាប់​បាន?»។ ៦១ ប៉ុន្តែ​លោក​យេស៊ូ​ជ្រាប​ថា ពួក​អ្នក​កាន់​តាម​កំពុង​រអ៊ូ​ដោយ​សារ​សម្ដី​នេះ ដូច្នេះ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «តើ​សម្ដី​នេះ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ជំពប់​ដួល* ឬ? ៦២ ចុះ​យ៉ាង​ណា​វិញ បើ​អ្នក​រាល់​គ្នា​ឃើញ​កូន​មនុស្ស​ឡើង​ទៅ​កន្លែង​ដែល​លោក​នៅ​ពី​មុន? ៦៣ គឺ​សកម្មពល* របស់​ព្រះ​ទេ​ដែល​ផ្ដល់​ជីវិត សាច់​ឈាម​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។ ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ផ្ដើម​ចេញ​ពី​សកម្មពល​របស់​ព្រះ ហើយ​ក៏​ផ្ដល់​ជីវិត។ ៦៤ ប៉ុន្តែ​មាន​អ្នក​រាល់​គ្នា​ខ្លះ​ដែល​មិន​ជឿ»។ ព្រោះ​ពី​ដំបូង​លោក​យេស៊ូ​ជ្រាប​ថា អ្នក​ណាខ្លះ​មិន​ជឿ ហើយ​អ្នក​ណា​នឹង​ក្បត់​លោក។ ៦៥ ដូច្នេះ លោក​មាន​ប្រសាសន៍​ត​ទៅ​ទៀត​ថា៖ «ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គ្មាន​អ្នក​ណា​អាច​មក​ឯ​ខ្ញុំ​បាន​ទេ លុះ​ត្រា​តែ​បិតា​នៅ​ស្ថាន​សួគ៌​អនុញ្ញាត»។

៦៦ ហេតុ​នេះ​ហើយ ពួក​អ្នក​កាន់​តាម​ជា​ច្រើន​របស់​លោក​បាន​ត្រឡប់​ទៅ​ប្រកប​កិច្ចការ​ពី​មុន លែង​ចង់​តាម​លោក​ត​ទៅ​ទៀត។ ៦៧ ដូច្នេះ លោក​យេស៊ូមាន​ប្រសាសន៍​ទៅ​សាវ័ក​ទាំង​ដប់​ពីរ​នាក់​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ទៅ​ដែរ​ឬ?»។ ៦៨ ស៊ីម៉ូន​ពេត្រុស​ឆ្លើយ​ថា៖ «លោក​ម្ចាស់ តើ​យើង​នឹង​ទៅ​ឯ​អ្នក​ណា​វិញ? ប្រសាសន៍​របស់​លោក​នាំ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ៦៩ ហើយ​យើង​បាន​ជឿ ក៏​បាន​ដឹង​ថា លោក​ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ»។ ៧០ លោក​យេស៊ូ​តប​ទៅ​ពួក​គាត់​ថា៖ «ខ្ញុំ​បាន​ជ្រើស​រើស​អ្នក​ទាំង​ដប់​ពីរ មែន​ទេ? ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ជា​អ្នក​បង្កាច់​បង្ខូច»។ ៧១ ការ​ពិត លោក​កំពុង​មាន​ប្រសាសន៍​អំពី​យូដាស ជា​កូន​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត ព្រោះ​អ្នក​នោះ​នឹង​ក្បត់​លោក ទោះ​ជា​គាត់​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ​នាក់​នោះ​ក៏​ដោយ។

៧ បន្ទាប់​ពី​ការ​ទាំង​នេះ លោក​យេស៊ូ​នៅ​ក្នុង​ស្រុក​កាលីឡេ​ត​ទៅ​ទៀត ព្រោះ​លោក​មិន​ចង់​ទៅ​តំបន់​យូឌា​ឡើយ ដោយ​សារ​ជន​ជាតិ​យូដា​កំពុង​រក​ឱកាស​ដើម្បី​សម្លាប់​លោក។ ២ ក៏​ប៉ុន្តែ​នៅ​ពេល​នោះ​គឺ​ជិត​ដល់​បុណ្យ​រោង​ហើយ ជា​បុណ្យ​របស់​ជន​ជាតិ​យូដា។ ៣ ដូច្នេះ ប្អូន​ប្រុសៗ​របស់​លោក​បាន​និយាយ​ទៅ​កាន់​លោក​ថា៖ «សូម​ចេញ​ពី​ទី​នេះ​ទៅ​តំបន់​យូឌា ដើម្បី​ឲ្យ​ពួក​អ្នក​កាន់​តាម​បង​ក៏​អាច​ឃើញ​ការ​ដែល​បង​ធ្វើ​ដែរ។ ៤ ព្រោះ​គ្មាន​អ្នក​ណា​ធ្វើ​អ្វី​ដោយ​សម្ងាត់​ទេ ប្រសិនបើ​អ្នក​នោះ​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួន​ជា​សាធារណៈ។ បើ​បង​ធ្វើ​ការ​ទាំង​នេះ សូម​បង្ហាញ​ខ្លួន​ឲ្យ​ពិភព​លោក​ទាំង​មូល​ឃើញ»។ ៥ តាម​ពិត ប្អូន​ប្រុសៗ​របស់​លោក​មិន​ជឿ​លើ​លោក​ឡើយ។ ៦ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ពេល​កំណត់​របស់​ខ្ញុំ​មិន​ទាន់​មក​ដល់​ឡើយ តែ​សម្រាប់​ប្អូនៗ​វិញ ពេល​ណា​ក៏​ជា​ពេល​ល្អ​ដែរ។ ៧ ពិភព​លោក​គ្មាន​ហេតុ​ស្អប់​ប្អូនៗ​ទេ តែ​ចំណែក​ខ្ញុំ​វិញ គេ​ស្អប់​ខ្ញុំ ពីព្រោះ​ខ្ញុំ​បញ្ជាក់​ថា​ការ​ប្រព្រឹត្ត​របស់​គេ​គឺ​ទុច្ចរិត។ ៨ សូម​ប្អូនៗ​ឡើង​ទៅ​បុណ្យ​នោះ​ចុះ។ ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​បុណ្យ​នោះ​ទេ ពីព្រោះ​ពេល​កំណត់​របស់​ខ្ញុំ​មិន​ទាន់​មក​ដល់​នៅ​ឡើយ»។ ៩ ដូច្នេះ បន្ទាប់​ពី​លោក​មាន​ប្រសាសន៍​អ្វីៗ​ទាំង​នេះ​ទៅ​កាន់​ពួក​គេ លោក​ក៏​នៅ​ស្រុក​កាលីឡេ​ត​ទៅ​ទៀត។

១០ ប៉ុន្តែ ក្រោយ​ពី​ប្អូនៗ​របស់​លោក​បាន​ឡើង​ទៅ​បុណ្យ​នោះ​ហើយ លោក​ក៏​បាន​ឡើង​ទៅ​ដែរ មិន​មែន​ដោយ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ទេ តែ​ដោយ​សម្ងាត់​វិញ។ ១១ ម្ល៉ោះ​ហើយ ជន​ជាតិ​យូដា​ចាប់​ផ្ដើម​រក​មើល​លោក​នៅ​បុណ្យ​នោះ ហើយ​និយាយ​ថា៖ «តើ​បុរស​នោះ​នៅ​ឯ​ណា?» ១២ ហើយ​បណ្ដា​ជន​ចេះ​តែ​ខ្សឹប​ខ្សៀវ​អំពី​លោក។ អ្នក​ខ្លះ​បាន​និយាយ​ថា៖ «បុរស​នោះ​ជា​មនុស្ស​ល្អ»។ អ្នក​ខ្លះ​ទៀត​បាន​និយាយ​ថា៖ «បុរស​នោះ​មិន​មែន​ល្អ​ទេ គាត់​បំភាន់​បណ្ដា​ជន»។ ១៣ ប៉ុន្តែ​គ្មាន​អ្នក​ណា​ហ៊ាន​និយាយ​ជា​ចំហ​អំពី​លោក​ទេ ពីព្រោះ​ពួក​គេ​ខ្លាច​ជន​ជាតិ​យូដា។

១៤ លុះ​ដល់​ពាក់​កណ្ដាល​ពិធី​បុណ្យ​នោះ លោក​យេស៊ូ​បាន​ឡើង​ទៅ​ក្នុង​វិហារ រួច​ចាប់​ផ្ដើម​បង្រៀន។ ១៥ ម្ល៉ោះ​ហើយ ជន​ជាតិ​យូដា​ក៏​តាំង​ឆ្ងល់​ថា៖ «បុរស​នេះ​មិន​ដែល​រៀន​នៅ​សាលា​សាសនា​ទេ ចុះ​ហេតុ​អ្វី​បាន​ជា​គាត់​មាន​ចំណេះ​ដឹងយ៉ាង​នេះ?»។ ១៦ លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ថា៖ «អ្វី​ដែល​ខ្ញុំ​បង្រៀន មិន​មែន​ជា​សេចក្ដី​បង្រៀន​របស់​ខ្ញុំ​ទេ តែ​ជា​សេចក្ដី​បង្រៀន​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ១៧ ប្រសិនបើ​អ្នក​ណា​ចង់​ធ្វើ​តាម​បំណងប្រាថ្នា​របស់​លោក អ្នក​នោះ​នឹង​ដឹង​ថា​នេះ​ជា​សេចក្ដី​បង្រៀន​មក​ពី​ព្រះ ឬ​ក៏​ជា​សេចក្ដី​បង្រៀន​ដែល​ខ្ញុំ​និយាយ​ចេញ​ពី​ខ្លួន​ខ្ញុំ។ ១៨ អ្នក​ណា​ដែល​និយាយ​ចេញ​ពី​ខ្លួន​ឯង អ្នក​នោះ​ចង់​ឲ្យ​គេ​លើក​តម្កើង​ខ្លួន ប៉ុន្តែ​អ្នក​ណា​ដែល​ចង់​ឲ្យ​គេ​លើក​តម្កើង​អ្នក​ដែល​បាន​ចាត់​ខ្លួន​ឲ្យ​មក គឺ​អ្នក​នោះ​ហើយ​ដែល​ពិត​ត្រង់ ហើយ​គ្មាន​ភាព​មិន​សុចរិត​ក្នុង​ខ្លួន​គាត់​ឡើយ។ ១៩ ម៉ូសេ​បាន​ឲ្យ​ច្បាប់* ដល់​អ្នក​រាល់​គ្នា មែន​ទេ? ប៉ុន្តែ​គ្មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ធ្វើ​តាម​ច្បាប់​នោះ​សោះ។ ហេតុ​អ្វី​អ្នក​រាល់​គ្នា​ខំ​រក​វិធី​សម្លាប់​ខ្ញុំ?»។ ២០ បណ្ដា​ជន​ឆ្លើយ​ថា៖ «អ្នក​មាន​វិញ្ញាណ​កំណាច* ចូល​ហើយ។ តើ​អ្នក​ណា​កំពុង​រក​វិធី​សម្លាប់​អ្នក?»។ ២១ លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​បាន​ធ្វើ​ការ​តែ​មួយ​ប៉ុណ្ណោះ ហើយ​អ្នក​ទាំង​អស់​គ្នា​កំពុង​ឆ្ងល់។ ២២ ដូច្នេះ ចូរ​គិត​អំពី​រឿង​នេះ៖ ម៉ូសេ​បាន​ឲ្យ​ច្បាប់​អំពី​ការ​កាត់​ចុង​ស្បែក* មក​អ្នក​រាល់​គ្នា (មិន​មាន​ន័យ​ថា​ច្បាប់​នោះ​មក​ពី​ម៉ូសេ​ទេ តែ​មក​ពី​ពួក​បុព្វបុរស​វិញ) ហើយ​អ្នក​រាល់​គ្នា​កាត់​ចុង​ស្បែក​ឲ្យ​បុរស​ម្នាក់​នៅ​ថ្ងៃ​ឈប់​សម្រាក។ ២៣ ប្រសិនបើ​បុរស​ម្នាក់​ទទួល​ការ​កាត់​ចុង​ស្បែក​នៅ​ថ្ងៃ​ឈប់​សម្រាក​ដើម្បី​កុំ​ឲ្យ​បំពាន​ច្បាប់​ម៉ូសេ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ក្ដៅ​ចិត្ត​នឹង​ខ្ញុំ ព្រោះ​តែ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​ជា​សះ​ស្បើយ​នៅ​ថ្ងៃ​ឈប់​សម្រាក? ២៤ ឈប់​វិនិច្ឆ័យ​ដោយ​មើល​តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ​ចូរ​វិនិច្ឆ័យ​ដោយ​សេចក្ដី​សុចរិត​វិញ»។

២៥ ដូច្នេះ អ្នក​ក្រុង​យេរូសាឡិម​ខ្លះ​ចាប់​ផ្ដើម​និយាយ​ថា៖ «នេះ​ជា​បុរស​ដែល​ពួក​គេ​កំពុង​រក​វិធី​សម្លាប់ មែន​ទេ? ២៦ តែ​មើល! គាត់​កំពុង​និយាយ​ជា​សាធារណៈ ហើយ​ពួក​គេ​មិន​ថា​អ្វី​សោះ។ ប្រហែលជា​ពួក​អ្នក​គ្រប់​គ្រង​ដឹង​ច្បាស់​ថា​បុរស​នេះ​ជា​គ្រិស្ត​ទេ​ដឹង? ២៧ ចំណែក​យើង​វិញ យើង​ដឹង​ថា​បុរស​នេះ​មក​ពី​ណា តែ​ពេល​គ្រិស្ត​មក​ដល់ គ្មាន​អ្នក​ណា​អាច​ដឹង​ថា​លោក​មក​ពី​ណា​ឡើយ»។ ២៨ ដូច្នេះ លោក​យេស៊ូ​បាន​ស្រែក​ឡើង​កាល​ដែល​កំពុង​បង្រៀន​ក្នុង​វិហារ​ថា៖ «អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ ក៏​ដឹង​ថា​ខ្ញុំ​មក​ពី​ណា​ដែរ។ ម្យ៉ាង​ទៀត ខ្ញុំ​មិន​មែន​មក​ដោយ​គំនិត​ខ្ញុំ​ទេ ប៉ុន្តែ​មាន​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន ហើយ​អ្នក​រាល់​គ្នា​មិន​ស្គាល់​លោក​ទេ។ ២៩ ខ្ញុំ​ស្គាល់​លោក ពីព្រោះ​ខ្ញុំ​ជា​តំណាង​ម្នាក់​ដែល​មក​ពី​លោក ហើយ​លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​មក»។ ៣០ ដូច្នេះ ពួក​គេ​ចាប់​ផ្ដើម​រក​ចាប់​លោក ប៉ុន្តែ​គ្មាន​អ្នក​ណា​បាន​ប៉ះពាល់​លោក​ឡើយ ពីព្រោះ​ពេល​របស់​លោក​មិន​ទាន់​មក​ដល់។ ៣១ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មាន​មនុស្ស​ជា​ច្រើន​ក្នុង​ចំណោម​បណ្ដា​ជន​ចាប់​ផ្ដើម​ជឿ​លើ​លោក ហើយ​ពួក​គេ​បាន​និយាយ​ថា៖ «នៅ​ពេល​ដែល​គ្រិស្ត​មក​ដល់ លោក​នឹង​មិន​ធ្វើ​សញ្ញា​សម្គាល់​ច្រើន​ជាង​បុរស​នេះ​ទេ មែន​ទេ?»។

៣២ ពួក​ផារិស៊ី​បាន​ឮ​បណ្ដា​ជន​កំពុង​ខ្សឹប​ខ្សៀវ​រឿង​ទាំង​នេះ​អំពី​លោក រួច​ពួក​សង្ឃនាយក​និង​ពួក​ផារិស៊ី​ក៏​ចាត់​ពួក​អាជ្ញាធរ​ឲ្យ​ទៅ​ចាប់​លោក។ ៣៣ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​បន្ដិច​ទៀត មុន​ខ្ញុំ​ទៅ​ឯ​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ៣៤ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ឡើយ ហើយ​កន្លែង​ដែល​ខ្ញុំ​នឹង​នៅ អ្នក​រាល់​គ្នា​មក​មិន​បាន​ទេ»។ ៣៥ ម្ល៉ោះ​ហើយ ជន​ជាតិ​យូដា​ចាប់​ផ្ដើម​និយាយ​គ្នា​ថា៖ «តើ​បុរស​នេះ​បម្រុង​នឹង​ទៅ​កន្លែង​ណា​បាន​ជា​គាត់​និយាយ​ថា យើង​នឹង​រក​គាត់​មិន​ឃើញ​ឡើយ? តើ​គាត់​បម្រុង​នឹង​ទៅ​ឯ​ជន​ជាតិ​យូដា​ដែល​នៅ​ខ្ចាត់​ខ្ចាយ​ក្នុង​ចំណោម​ជន​ជាតិ​ក្រិច ហើយ​បង្រៀន​ជន​ជាតិ​ក្រិច​ដែរ​ឬ? ៣៦ តើ​មាន​ន័យ​ដូច​ម្ដេច​ពេល​គាត់​និយាយ​ថា៖ ‹អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ឡើយ ហើយ​កន្លែង​ដែល​ខ្ញុំ​នឹង​នៅ អ្នក​រាល់​គ្នា​មក​មិន​បាន​ទេ›?»។

៣៧ នៅ​ថ្ងៃ​ចុង​ក្រោយ ពោល​គឺ​ថ្ងៃ​អធិកអធម​បំផុត​នៃ​បុណ្យ​នោះ លោក​យេស៊ូ​បាន​ឈរ​ហើយ​ស្រែក​ឡើង​ថា៖ «ប្រសិនបើ​មាន​អ្នក​ណា​ស្រេក ចូរ​ឲ្យ​អ្នក​នោះ​មក​ឯ​ខ្ញុំ​ហើយ​ផឹក​ចុះ។ ៣៨ បើ​អ្នក​ណា​ជឿ​លើ​ខ្ញុំ នោះ​‹ទឹក​ដែល​ផ្ដល់​ជីវិត​នឹង​ហូរ​ចេញ​ពី​ក្នុង​ខ្លួន​អ្នក​នោះ› ដូច​បទ​គម្ពីរ​បាន​ចែង»។ ៣៩ ក៏​ប៉ុន្តែ លោក​មាន​ប្រសាសន៍​ដូច្នេះ​សំដៅ​ទៅ​លើ​សកម្មពល* របស់​ព្រះ​ដែល​អស់​អ្នក​ដែល​ជឿ​លើ​លោក​ហៀបនឹង​ទទួល ព្រោះ​នៅ​ពេល​នោះ​ពួក​គេ​មិន​ទាន់​ទទួល​សកម្មពល​របស់​ព្រះ​ទេ ដោយ​សារ​លោក​យេស៊ូ​មិន​ទាន់​ទទួល​សិរី​រុងរឿង​នៅ​ឡើយ។ ៤០ ដូច្នេះ អ្នក​ខ្លះ​ក្នុង​បណ្ដា​ជន​ដែល​បាន​ឮ​ពាក្យ​ទាំង​នេះ ក៏​ចាប់​ផ្ដើម​និយាយ​ថា៖ «បុរស​នេះ​ប្រាកដជា​អ្នក​ប្រកាស​ទំនាយ​ដែល​បាន​ត្រូវ​ទាយ​ទុក»។ ៤១ អ្នក​ខ្លះ​ទៀត​បាន​និយាយ​ថា៖ «បុរស​នេះ​ជា​គ្រិស្ត»។ ប៉ុន្តែ​មាន​អ្នក​ខ្លះ​និយាយ​ថា៖ «គ្រិស្ត​មិន​មែន​ចេញ​មក​ពី​ស្រុក​កាលីឡេ​ទេ មែន​ទេ? ៤២ តើ​បទ​គម្ពីរ​មិន​ចែង​ទេ​ឬ​ថា គ្រិស្ត​នឹង​មក​ពី​កូន​ចៅ​របស់​ដាវីឌ ហើយ​ពី​ភូមិ​បេថ្លេហិម ជា​ភូមិ​ដែល​ដាវីឌ​ធ្លាប់​នៅ?»។ ៤៣ ហេតុ​នេះ​ហើយ បណ្ដា​ជន​បាន​បែកបាក់​គ្នា​ដោយ​សារ​លោក។ ៤៤ ប៉ុន្តែ​ពួក​គេ​ខ្លះ​ចង់​ចាប់​លោក តែ​គ្មាន​អ្នក​ណា​បាន​ប៉ះពាល់​លោក​ឡើយ។

៤៥ ដូច្នេះ ពួក​អាជ្ញាធរ​បាន​ត្រឡប់​ទៅ​ឯ​ពួក​សង្ឃនាយក​និង​ពួក​ផារិស៊ី​វិញ ហើយ​ពួក​ផារិស៊ី​បាន​សួរ​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​នាំ​ខ្លួន​គាត់​មក?»។ ៤៦ ពួក​អាជ្ញាធរ​តប​ឆ្លើយ​ថា៖ «មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ»។ ៤៧ ពួក​ផារិស៊ី​តប​ថា៖ «តើ​អ្នក​រាល់​គ្នា​បាន​ត្រូវ​បំភាន់​ដែរ​ឬ? ៤៨ តើ​មាន​អ្នក​គ្រប់​គ្រង​ឬ​ផារិស៊ី​ណា​ម្នាក់​ជឿ​លើ​គាត់​ទេ? ៤៩ ប៉ុន្តែ​បណ្ដា​ជន​នេះ​ដែល​មិន​ស្គាល់​ច្បាប់ ជា​ពួក​មនុស្ស​ដែល​ត្រូវ​បណ្ដាសា»។ ៥០ នីកូដេម ដែល​បាន​ទៅ​ឯ​លោក​ពី​មុន ហើយ​ជា​ម្នាក់​ក្នុង​ចំណោម​ពួក​ផារិស៊ី បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា៖ ៥១ «ច្បាប់​របស់​យើង​មិន​វិនិច្ឆ័យ​អ្នក​ណា ទាល់​តែ​បាន​ឮ​ពី​អ្នក​នោះ​ជា​មុន​សិន ហើយ​ដឹង​ថា​គាត់​កំពុង​ធ្វើ​អ្វី មែន​ទេ?»។ ៥២ ពួក​គេ​តប​ថា៖ «តើ​អ្នក​មក​ពី​ស្រុក​កាលីឡេ​ដែរ​ឬ? ចូរ​ពិនិត្យ​មើល​បទ​គម្ពីរ​ទៅ ហើយ​អ្នក​នឹង​ឃើញ​ថា​គ្មាន​អ្នក​ប្រកាស​ទំនាយ​ណា​ម្នាក់​ចេញ​ពី​ស្រុក​កាលីឡេ​មក​ទេ»។

ខ​៥៣ ដល់​ជំពូក​ទី​៨ ខ​១១ មិន​មាន​ក្នុង​ឯកសារ​បី​ដ៏​សំខាន់​ទេ។ (ឯកសារ​ភាសា​ក្រិច​និង​សេចក្ដី​បក​ប្រែ​ផ្សេងៗ​មាន​ភាព​ខុស​គ្នា​បន្ដិច​បន្តួច) ខ​ទាំង​នោះ​ចែង​ដូច​ត​ទៅ​នេះ៖ 

៥៣ ដូច្នេះ ពួក​គេ​បាន​ទៅ​ផ្ទះ​រៀងៗ​ខ្លួន។

៨ ប៉ុន្តែ​លោក​យេស៊ូ​បាន​ទៅ​ភ្នំដើមអូលីវ។ ២ ក៏​ប៉ុន្តែ បន្ទាប់​ពី​ថ្ងៃ​រះ លោក​បាន​ទៅ​បង្ហាញ​ខ្លួន​នៅ​ឯ​វិហារ​ម្ដង​ទៀត។ បណ្ដា​ជន​ទាំង​ឡាយ​ចាប់​ផ្ដើម​មក​ឯ​លោក រួច​លោក​បាន​អង្គុយ​ចុះ​ហើយ​បង្រៀន​ពួក​គេ។ ៣ ឯ​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី​បាន​នាំ​ស្ត្រី​ម្នាក់​មក​ដែល​ត្រូវ​គេ​ទៅ​ទាន់​កំពុង​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ហើយ​ពួក​គេ​បាន​ដាក់​ស្ត្រី​នោះ​ឲ្យ​ឈរ​កណ្ដាល​មនុស្ស​ទាំង​នោះ ៤ រួច​និយាយ​ទៅ​កាន់​លោក​ថា៖ «លោក​គ្រូ ស្ត្រី​នេះ​ត្រូវ​គេ​ទៅ​ទាន់​កំពុង​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ ៥ ក្នុង​ច្បាប់ ម៉ូសេ​បាន​បង្គាប់​ឲ្យ​យើង​គប់​ដុំ​ថ្ម​សម្លាប់​ស្ត្រី​បែប​នេះ។ ចុះ​លោក​គ្រូ​គិត​យ៉ាង​ណា​ដែរ?»។ ៦ ពួក​គេ​និយាយ​ដូច្នេះ​ក្នុង​បំណង​ល្បង​មើល​លោក ដើម្បី​មាន​អ្វី​អាច​ចោទ​ប្រកាន់​លោក​បាន។ ប៉ុន្តែ​លោក​យេស៊ូ​បាន​ឱន​ចុះ ហើយ​យក​ម្រាម​ដៃ​សរសេរ​លើ​ដី។ ៧ កាល​ដែល​ពួក​គេ​សួរ​ម្ដង​ហើយ​ម្ដង​ទៀត នោះ​លោក​បាន​ងើប​ឈរ​ត្រង់​ខ្លួន រួច​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «អ្នក​ណា​ដែល​គ្មាន​ភាព​ខុស​ឆ្គង ចូរ​ឲ្យ​អ្នក​នោះ​យក​ដុំ​ថ្ម​គប់​នាង​មុន​គេ»។ ៨ បន្ទាប់​មក លោក​ឱន​ចុះ​ម្ដង​ទៀត​ហើយ​បន្ត​សរសេរ​លើ​ដី។ ៩ ប៉ុន្តែ​អស់​អ្នក​ដែល​បាន​ឮ​អ្វី​ដែល​លោក​មាន​ប្រសាសន៍ ក៏​ចាប់​ផ្ដើម​ចេញ​ទៅ​ម្នាក់​ម្ដងៗ ចាប់​ពី​ពួក​បុរស​ចាស់​ទុំ រហូត​ដល់​នៅ​សល់​តែ​លោក​និង​ស្ត្រី​ដែល​បាន​នៅ​កណ្ដាល​ពួក​គេ។ ១០ លោក​យេស៊ូ​ងើប​ឈរ​ត្រង់​ខ្លួន ហើយ​មាន​ប្រសាសន៍​ទៅ​ស្ត្រី​ថា៖ «នាង! តើ​ពួក​គេ​ទៅ​ឯ​ណា? តើ​គ្មាន​អ្នក​ណា​បាន​ផ្ដន្ទា​ទោស​នាង​ទេ​ឬ?»។ ១១ នាង​ជម្រាប​ថា៖ «លោក គ្មាន​អ្នក​ណា​បាន​ផ្ដន្ទា​ទោស​ខ្ញុំ​ទេ»។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ក៏​មិន​ផ្ដន្ទា​ទោស​នាង​ដែរ។ អញ្ជើញ​ទៅ​ចុះ ហើយ​កុំ​ប្រព្រឹត្ត​ខុស​ឆ្គង​ត​ទៅ​ទៀត​ឡើយ»។

១២ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ម្ដង​ទៀត​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក។ អ្នក​ណា​ដែល​កាន់​តាម​ខ្ញុំ អ្នក​នោះ​នឹង​មិន​ដើរ​ក្នុង​ភាព​ងងឹត​ឡើយ ប៉ុន្តែ​គាត់​នឹង​មាន​ពន្លឺ​នៃ​ជីវិត»។ ១៣ ម្ល៉ោះ​ហើយ ពួក​ផារិស៊ី​និយាយ​ទៅ​កាន់​លោក​ថា៖ «អ្នក​កំពុង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្លួន​អ្នក។ ការ​បញ្ជាក់​របស់​អ្នក​គឺ​មិន​ពិត​ទេ»។ ១៤ លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ថា៖ «ទោះ​ជា​ខ្ញុំ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្លួន​ខ្ញុំ​ក៏​ដោយ ការ​បញ្ជាក់​របស់​ខ្ញុំ​គឺ​ពិត ពីព្រោះ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​មក​ពី​ណា ហើយ​ដឹង​ថា​ខ្ញុំ​នឹង​ទៅ​ណា​ដែរ។ ប៉ុន្តែ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ខ្ញុំ​មក​ពី​ណា​ឡើយ ក៏​មិន​ដឹង​ថា​ខ្ញុំ​នឹង​ទៅ​ណា​ទេ។ ១៥ អ្នក​រាល់​គ្នា​វិនិច្ឆ័យ​ដោយ​មើល​សម្បក​ក្រៅ។ ខ្ញុំ​មិន​វិនិច្ឆ័យ​មនុស្ស​ណា​ឡើយ។ ១៦ ក៏​ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ធ្វើ​ការ​វិនិច្ឆ័យ ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​គឺ​ពិត ពីព្រោះ​មិន​មែន​តែ​ខ្ញុំ​ម្នាក់​ឯង​ឡើយ តែ​បិតា​នៅ​ស្ថាន​សួគ៌​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ក៏​នៅ​ជា​មួយ​នឹង​ខ្ញុំ​ដែរ។ ១៧ ម្យ៉ាង​ទៀត ច្បាប់* របស់​អ្នក​រាល់​គ្នា​ចែង​ថា៖ ‹ការ​បញ្ជាក់​របស់​សាក្សី​ពីរ​នាក់​គឺជា​ការ​ពិត›។ ១៨ មួយ​គឺ​ខ្ញុំ ដែល​បញ្ជាក់​អំពី​ខ្លួន​ខ្ញុំ ហើយ​មួយ​ទៀត​គឺ​បិតា​នៅ​ស្ថាន​សួគ៌ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក លោក​ក៏​បញ្ជាក់​អំពី​ខ្ញុំ​ដែរ»។ ១៩ ដូច្នេះ ពួក​គេ​និយាយ​ទៅ​កាន់​លោក​ថា៖ «តើ​បិតា​របស់​អ្នក​នៅ​ឯ​ណា?»។ លោក​យេស៊ូ​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​មិន​ស្គាល់​ខ្ញុំ​ទេ ហើយ​ក៏​មិន​ស្គាល់​បិតា​របស់​ខ្ញុំ​ដែរ។ ប្រសិនបើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ​មែន នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​ស្គាល់​បិតា​របស់​ខ្ញុំ​ដែរ»។ ២០ លោក​មាន​ប្រសាសន៍​អ្វីៗ​ទាំង​នេះ​នៅ​ឃ្លាំង​ប្រាក់ កាល​ដែល​កំពុង​បង្រៀន​ក្នុង​វិហារ។ ប៉ុន្តែ​គ្មាន​អ្នក​ណា​បាន​ចាប់​លោក​ទេ ពីព្រោះ​វេលា​របស់​លោក​មិន​ទាន់​មក​ដល់​នៅ​ឡើយ។

២១ ដូច្នេះ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ម្ដង​ទៀត​ថា៖ «ខ្ញុំ​នឹង​ចេញ​ទៅ រួច​អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ ក៏​ប៉ុន្តែ​អ្នក​រាល់​គ្នា​នឹង​ស្លាប់​កាល​ដែល​អ្នក​រាល់​គ្នា​មាន​ភាព​ខុស​ឆ្គង​នៅ​ឡើយ។ កន្លែង​ដែល​ខ្ញុំ​នឹង​ទៅ អ្នក​រាល់​គ្នា​មក​មិន​បាន​ទេ»។ ២២ ហេតុ​នោះ ជន​ជាតិ​យូដា​តាំង​និយាយ​ថា៖ «តើ​គាត់​នឹង​សម្លាប់​ខ្លួន​ឬ? បាន​ជា​គាត់​និយាយ​ថា៖ ‹កន្លែង​ដែល​ខ្ញុំ​នឹង​ទៅ អ្នក​រាល់​គ្នា​មក​មិន​បាន​ទេ›»។ ២៣ ដូច្នេះ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ត​ទៅ​ទៀត​ថា៖ «អ្នក​រាល់​គ្នា​មក​ពី​ផែនដី តែ​ខ្ញុំ​មក​ពី​ស្ថាន​លើ។ អ្នក​រាល់​គ្នា​មក​ពី​ពិភព​លោក​នេះ តែ​ខ្ញុំ​មិន​មក​ពី​ពិភព​លោក​នេះ​ទេ។ ២៤ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បាន​ប្រាប់​ថា អ្នក​រាល់​គ្នា​នឹង​ស្លាប់​កាល​ដែល​អ្នក​រាល់​គ្នា​មាន​ការ​ខុស​ឆ្គង​នៅ​ឡើយ។ ព្រោះ​ប្រសិនបើ​អ្នក​រាល់​គ្នា​មិន​ជឿ​ថា​ខ្ញុំ​ជា​អ្នក​ដែល​ត្រូវ​មក អ្នក​រាល់​គ្នា​នឹង​ស្លាប់​កាល​ដែល​អ្នក​រាល់​គ្នា​មាន​ការ​ខុស​ឆ្គង​នៅ​ឡើយ»។ ២៥ ម្ល៉ោះ​ហើយ ពួក​គេ​តាំង​និយាយ​ទៅ​កាន់​លោក​ថា៖ «តើ​អ្នក​ជា​អ្នក​ណា?» លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​និយាយ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​គឺ​គ្មាន​ប្រយោជន៍​អ្វី​ទេ។ ២៦ ខ្ញុំ​មាន​អ្វី​ជា​ច្រើន​ទាក់​ទង​នឹង​អ្នក​រាល់​គ្នា​ដែល​ខ្ញុំ​នឹង​និយាយ​ហើយ​ដែល​ខ្ញុំ​នឹង​វិនិច្ឆ័យ។ ការ​ពិត លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​គឺ​ពិត​ត្រង់ ហើយ​អ្វីៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​លោក ជា​អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ​ក្នុង​ពិភព​លោក»។ ២៧ ពួក​គេ​មិន​បាន​យល់​ថា លោក​កំពុង​មាន​ប្រសាសន៍​អំពី​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ទេ។ ២៨ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖ «កាល​ដែល​អ្នក​រាល់​គ្នា​លើក​កូន​មនុស្ស​ឡើង នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា​ខ្ញុំ​ជា​អ្នក​នោះ​ហើយ ក៏​នឹង​ដឹង​ថា​ខ្ញុំ​មិន​ធ្វើ​អ្វី​សោះ​ដោយ​គំនិត​របស់​ខ្ញុំ​ផ្ទាល់ ប៉ុន្តែ​ខ្ញុំ​និយាយ​អ្វីៗ​ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​បង្រៀន​ខ្ញុំ។ ២៩ លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ក៏​នៅ​ជា​មួយ​នឹង​ខ្ញុំ។ លោក​មិន​បាន​ចោល​ខ្ញុំ​ឲ្យ​នៅ​តែ​ម្នាក់​ឯង​ទេ ពីព្រោះ​ខ្ញុំ​តែង​តែ​ធ្វើ​អ្វី​ដែល​លោក​ពេញ​ចិត្ត»។ ៣០ កាល​ដែល​លោក​កំពុង​មាន​ប្រសាសន៍​អ្វីៗ​ទាំង​នេះ មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​ជឿ​លើ​លោក។

៣១ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​យូដា​ដែល​ជឿ​លើ​លោក​ថា៖ «ប្រសិនបើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​សេចក្ដី​បង្រៀន​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​អ្នក​កាន់​តាម​ខ្ញុំ​មែន ៣២ ហើយ​អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរីភាព»។ ៣៣ ពួក​គេ​តប​ទៅ​លោក​ថា៖ «យើង​ជា​កូន​ចៅ​របស់​អាប្រាហាំ យើង​មិន​ដែល​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ណា​សោះ។ ហេតុ​អ្វី​បាន​ជា​អ្នក​និយាយ​ថា៖ ‹អ្នក​រាល់​គ្នា​នឹង​មាន​សេរីភាព›?»។ ៣៤ លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង អ្នក​នោះ​ជា​ខ្ញុំ​បម្រើ​នៃ​ភាព​ខុស​ឆ្គង។ ៣៥ ម្យ៉ាង​ទៀត ខ្ញុំ​បម្រើ​មិន​នៅ​ជាប់​ជា​មួយ​នឹង​ពួក​អ្នក​ផ្ទះ​ជា​រៀង​រហូត​នោះ​ទេ តែ​បុត្រ​វិញ លោក​នៅ​ជាប់​ជា​រៀង​រហូត។ ៣៦ ដូច្នេះ ប្រសិនបើ​បុត្រ​នោះ​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរីភាព អ្នក​រាល់​គ្នា​មាន​សេរីភាព​ពិត​មែន។ ៣៧ ខ្ញុំ​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​អាប្រាហាំ ប៉ុន្តែ​អ្នក​រាល់​គ្នា​កំពុង​រក​វិធី​សម្លាប់​ខ្ញុំ ពីព្រោះ​អ្នក​រាល់​គ្នា​មិន​ទទួល​សេចក្ដី​បង្រៀន​របស់​ខ្ញុំ​ឡើយ។ ៣៨ ខ្ញុំ​និយាយ​អំពី​អ្វីៗ​ដែល​ខ្ញុំ​បាន​ឃើញ​កាល​ដែល​នៅ​ជា​មួយ​នឹង​បិតា​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​ក៏​ធ្វើ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ឪពុក​របស់​អ្នក​រាល់​គ្នា​ដែរ»។ ៣៩ ពួក​គេ​តប​ទៅ​លោក​ថា៖ «អាប្រាហាំ​ជា​ឪពុក​របស់​យើង»។ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ប្រសិនបើ​អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​អាប្រាហាំ ចូរ​ធ្វើ​អ្វី​ដែល​អាប្រាហាំ​បាន​ធ្វើ។ ៤០ ប៉ុន្តែ​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​កំពុង​រក​វិធី​សម្លាប់​ខ្ញុំ ជា​អ្នក​ដែល​បាន​ប្រាប់​អ្នក​រាល់​គ្នា​នូវ​សេចក្ដី​ពិត​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ។ អាប្រាហាំ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ ៤១ អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ដែល​ឪពុក​របស់​អ្នក​រាល់​គ្នា​ធ្វើ»។ ពួក​គេ​ជម្រាប​លោក​ថា៖ «យើង​មិន​មែន​ជា​កូន​ឥត​ខាន់ស្លា​ទេ យើង​មាន​បិតា​តែ​មួយ គឺ​ព្រះ»។

៤២ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ប្រសិនបើ​ព្រះ​ជា​បិតា​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ស្រឡាញ់​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​មក​ពី​ព្រះ ក៏​នៅ​ទី​នេះ​ដោយ​សារ​ព្រះ។ ខ្ញុំ​មិន​មែន​មក​ដោយ​គំនិត​របស់​ខ្ញុំ​ទេ ប៉ុន្តែ​លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ៤៣ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ដឹង​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ? គឺ​ពីព្រោះ​អ្នក​រាល់​គ្នា​មិន​អាច​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ខ្ញុំ​បាន​ឡើយ។ ៤៤ មេកំណាច* ជា​ឪពុក​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ឪពុក​អ្នក។ មេកំណាច​ជា​ឃាតករ​តាំង​ពី​ដើម​ដំបូង ហើយ​មិន​បាន​នៅ​ជាប់​នឹង​សេចក្ដី​ពិត​ឡើយ ពីព្រោះ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ទេ។ ពេល​ដែល​មេកំណាច​ភូតភរ អ្នក​នោះ​និយាយ​តាម​ចរិត​លក្ខណៈ​របស់​ខ្លួន ពីព្រោះ​មេកំណាច​ជា​អ្នក​ភូតភរ​ក៏​ជា​ឪពុក​នៃ​ការ​ភូតភរ​ទៀត​ផង។ ៤៥ ក៏​ប៉ុន្តែ ដោយ​សារ​ខ្ញុំ​និយាយ​សេចក្ដី​ពិត​វិញ អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ​ទេ។ ៤៦ តើ​អ្នក​ណា​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​អាច​បញ្ជាក់​ថា​ខ្ញុំ​មាន​ទោស​កំហុស​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង? ប្រសិនបើ​ខ្ញុំ​និយាយ​សេចក្ដី​ពិត ហេតុ​អ្វី​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ? ៤៧ អ្នក​ណា​ដែល​មក​ពី​ព្រះ អ្នក​នោះ​ស្ដាប់​ប្រសាសន៍​របស់​ព្រះ។ ហេតុ​នោះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ទេ ពីព្រោះ​អ្នក​រាល់​គ្នា​មិន​មក​ពី​ព្រះ​ឡើយ»។

៤៨ ជន​ជាតិ​យូដា​តប​ទៅ​លោក​ថា៖ «តើ​យើង​មិន​បាន​និយាយ​ត្រឹម​ត្រូវ​ទេ​ថា អ្នក​ជា​ជន​ជាតិ​សាម៉ារី​ហើយ​ក៏​មាន​វិញ្ញាណ​កំណាច​ចូល?»។ ៤៩ លោក​យេស៊ូ​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​មាន​វិញ្ញាណ​កំណាច​ចូល​ទេ ប៉ុន្តែ​ខ្ញុំ​លើក​កិត្ដិយស​បិតា​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​បង្ខូច​កិត្ដិយស​ខ្ញុំ។ ៥០ ប៉ុន្តែ​ខ្ញុំ​មិន​រក​ការ​លើក​តម្កើង​សម្រាប់​ខ្លួន​ខ្ញុំ​ទេ មាន​លោក​ម្នាក់​ដែល​កំពុង​រក​និង​វិនិច្ឆ័យ។ ៥១ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ប្រសិនបើ​មាន​អ្នក​ណា​ប្រព្រឹត្ត​តាម​សេចក្ដី​បង្រៀន​របស់​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​ឡើយ»។ ៥២ ជន​ជាតិ​យូដា​និយាយ​ទៅ​កាន់​លោក​ថា៖ «ឥឡូវ​យើង​ដឹង​ប្រាកដ​ថា​អ្នក​មាន​វិញ្ញាណ​កំណាច​ចូល។ អាប្រាហាំ​បាន​ស្លាប់ ហើយ​ពួក​អ្នក​ប្រកាស​ទំនាយ​ក៏​បាន​ស្លាប់​ដែរ ប៉ុន្តែ​អ្នក​និយាយ​ថា៖ ‹ប្រសិនបើ​មាន​អ្នក​ណា​ប្រព្រឹត្ត​តាម​សេចក្ដី​បង្រៀន​របស់​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​ឡើយ›។ ៥៣ អ្នក​មិន​មែន​ធំ​ជាង​អាប្រាហាំ ជា​បុព្វបុរស​របស់​យើង​ដែល​បាន​ស្លាប់​ទៅ​ហើយ​ទេ មែន​ទេ? ពួក​អ្នក​ប្រកាស​ទំនាយ​ក៏​បាន​ស្លាប់​ដែរ។ តើ​អ្នក​អះ​អាង​ថា​ខ្លួន​អ្នក​ជា​អ្នក​ណា?»។ ៥៤ លោក​យេស៊ូ​តប​ឆ្លើយ​ថា៖ «ប្រសិនបើ​ខ្ញុំ​លើក​តម្កើង​ខ្លួន​ខ្ញុំ ការ​លើក​តម្កើង​នោះ​គ្មាន​តម្លៃ​ទេ។ គឺ​បិតា​របស់​ខ្ញុំ​ទេ​ដែល​លើក​តម្កើង​ខ្ញុំ ជា​លោក​ដែល​អ្នក​រាល់​គ្នា​និយាយ​ថា​ជា​ព្រះ​របស់​អ្នក។ ៥៥ តែ​អ្នក​រាល់​គ្នា​មិន​ស្គាល់​លោក​ទេ។ ក៏​ប៉ុន្តែ​ខ្ញុំ​ស្គាល់​លោក។ ប្រសិនបើ​ខ្ញុំ​និយាយ​ថា​ខ្ញុំ​មិន​ស្គាល់​លោក​ទេ ខ្ញុំ​ក៏​ដូច​អ្នក​រាល់​គ្នា​ដែរ ពោល​គឺជា​អ្នក​ភូតភរ។ ប៉ុន្តែ​ខ្ញុំ​ស្គាល់​លោក ហើយ​កំពុង​ប្រព្រឹត្ត​តាម​បណ្ដាំ​របស់​លោក។ ៥៦ អាប្រាហាំ ដែល​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា​បាន​ត្រេក​អរ​ដោយ​សង្ឃឹម​ថា​នឹង​ឃើញ​គ្រា​របស់​ខ្ញុំ ហើយ​គាត់​បាន​ឃើញ​ក៏​បាន​ត្រេក​អរ​ផង»។ ៥៧ ដូច្នេះ ជន​ជាតិ​យូដា​បាន​និយាយ​ទៅ​កាន់​លោក​ថា៖ «អ្នក​មាន​អាយុ​មិន​ទាន់​បាន​ហាសិប​ឆ្នាំ​ផង ម្ដេច​ក៏​ថា​បាន​ឃើញ​អាប្រាហាំ?»។ ៥៨ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា មុន​អាប្រាហាំ​កើត​មក មាន​ខ្ញុំ​ហើយ»។ ៥៩ ម្ល៉ោះ​ហើយ ពួក​គេ​បាន​រើស​ដុំ​ថ្ម​ដើម្បី​គប់​លោក ប៉ុន្តែ​លោក​យេស៊ូ​លាក់​ខ្លួន រួច​ក៏​ចេញ​ពី​វិហារ​ទៅ។

៩ កាល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ នោះ​លោក​ឃើញ​បុរស​ម្នាក់​ដែល​ងងឹត​ភ្នែក​តាំង​ពី​កំណើត ២ ហើយ​ពួក​អ្នក​កាន់​តាម​បាន​សួរ​លោក​ថា៖ «រ៉ាប៊ី* តើ​បុរស​នេះ​ងងឹត​ភ្នែក​ពី​កំណើត​ដោយ​សារ​គាត់​បាន​ធ្វើ​ខុស ឬ​ក៏​ដោយ​សារ​ឪពុក​ម្ដាយ​របស់​គាត់​បាន​ធ្វើ​ខុស?»។ ៣ លោក​យេស៊ូ​ឆ្លើយ​ថា៖ «បុរស​នេះ​មិន​បាន​ធ្វើ​ខុស ហើយ​ឪពុក​ម្ដាយ​របស់​គាត់​ក៏​មិន​បាន​ធ្វើ​ខុស​ដែរ ប៉ុន្តែ​គឺ​ដើម្បី​ឲ្យ​កិច្ចការ​របស់​ព្រះ​បាន​ស​ឲ្យ​ឃើញ​ក្នុង​ករណី​របស់​គាត់។ ៤ យើង​ត្រូវ​ធ្វើ​កិច្ចការ​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ទាន់​នៅ​ថ្ងៃ​នៅ​ឡើយ ព្រោះ​យប់​នឹង​មក​ដល់ ហើយ​ពេល​នោះ​គ្មាន​អ្នក​ណា​អាច​ធ្វើ​បាន​ទេ។ ៥ ដរាប​ណា​ខ្ញុំ​នៅ​ក្នុង​ពិភព​លោក ខ្ញុំ​ជា​ពន្លឺ​នៃ​ពិភព​លោក»។ ៦ ក្រោយ​ពី​លោក​មាន​ប្រសាសន៍​អ្វីៗ​ទាំង​នេះ លោក​ស្ដោះ​ទឹក​មាត់​លើ​ដី ហើយ​យក​មក​ឈ្លី​ធ្វើ​ជា​ភក់ រួច​ដាក់​លើ​ភ្នែក​របស់​បុរស​នោះ ៧ ក៏​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​ទៅ​លាង​ភ្នែក​ក្នុង​អាង​ទឹក​ស៊ីឡូម» (ដែល​មាន​ន័យ​ថា​‹ចាត់​ឲ្យ​ទៅ›)។ រួច​មក គាត់​ក៏​ទៅ​លាង​ភ្នែក ហើយ​ត្រឡប់​មក​វិញ​ដោយ​អាច​មើល​ឃើញ​បាន។

៨ ម្ល៉ោះ​ហើយ ពួក​អ្នក​ជិត​ខាង​និង​អស់​អ្នក​ដែល​ធ្លាប់​ឃើញ​គាត់​អង្គុយ​សុំ​ទាន​តាំង​និយាយ​ថា៖ «នេះ​ជា​បុរស​ដែល​ធ្លាប់​អង្គុយ​សុំ​ទាន មែន​ទេ?»។ ៩ អ្នក​ខ្លះ​បាន​និយាយ​ថា៖ «គឺ​គាត់​ហើយ»។ អ្នក​ខ្លះ​ទៀត​បាន​និយាយ​ថា៖ «មិន​មែន​គាត់​ទេ ប៉ុន្តែ​អ្នក​នេះ​គឺ​ដូច​គាត់»។ បុរស​នោះ​បាន​និយាយ​ថា៖ «ខ្ញុំ​នេះ​ហើយ​ជា​អ្នក​នោះ»។ ១០ ដូច្នេះ ពួក​គេ​តាំង​និយាយ​ទៅ​កាន់​គាត់​ថា៖ «បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​អាច​មើល​ឃើញ​បាន?»។ ១១ គាត់​ឆ្លើយ​ថា៖ «បុរស​ឈ្មោះ​យេស៊ូ​បាន​យក​ដី​ឥដ្ឋ​មក​ឈ្លី រួច​លាប​ភ្នែក​របស់​ខ្ញុំ ក៏​ប្រាប់​ខ្ញុំ​ថា៖ ‹ចូរ​ទៅ​អាង​ទឹក​ស៊ីឡូម​ហើយ​លាង​ភ្នែក​ចុះ›។ ដូច្នេះ ខ្ញុំ​បាន​ទៅ​លាង​ភ្នែក រួច​ក៏​អាច​មើល​ឃើញ»។ ១២ ឮ​ដូច្នេះ ពួក​គេ​និយាយ​ទៅ​គាត់​ថា៖ «តើ​បុរស​នោះ​នៅ​ឯ​ណា?»។ គាត់​និយាយ​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ»។

១៣ ពួក​គេ​ក៏​នាំ​បុរស​ដែល​ធ្លាប់​ងងឹត​ភ្នែក​នោះ​ទៅ​ឯ​ពួក​ផារិស៊ី។ ១៤ រីឯ​ថ្ងៃ​ដែល​លោក​យេស៊ូ​បាន​យក​ដី​ឥដ្ឋ​នោះ​មក​ឈ្លី​ហើយ​ធ្វើ​ឲ្យ​បុរស​នោះ​អាច​មើល​ឃើញ គឺជា​ថ្ងៃ​ឈប់​សម្រាក។ ១៥ ដូច្នេះ នៅ​ពេល​នោះ​ពួក​ផារិស៊ី​ក៏​តាំង​សួរ​គាត់​ដែរ អំពី​មូលហេតុ​ដែល​គាត់​អាច​មើល​ឃើញ។ បុរស​នោះ​ប្រាប់​ពួក​គេ​ថា៖ «គាត់​ដាក់​ដី​ឥដ្ឋ​លើ​ភ្នែក​របស់​ខ្ញុំ រួច​ខ្ញុំ​បាន​លាង​ភ្នែក ហើយ​អាច​មើល​ឃើញ»។ ១៦ ហេតុនេះ ពួក​ផារិស៊ី​ខ្លះ​តាំង​និយាយ​ថា៖ «បុរស​នោះ​មិន​មក​ពី​ព្រះ​ទេ ពីព្រោះ​គាត់​មិន​កាន់​ថ្ងៃ​ឈប់​សម្រាក​ឡើយ»។ អ្នក​ឯ​ទៀត​តាំង​និយាយ​ថា៖ «តើ​មនុស្ស​ម្នាក់​ដែល​ជា​អ្នក​ធ្វើ​អំពើ​ខុស​ឆ្គង​អាច​ធ្វើ​សញ្ញា​សម្គាល់​បែប​នេះ​ដូច​ម្ដេច​បាន?»។ ម្ល៉ោះ​ហើយ ពួក​គេ​បាន​បែកបាក់​គ្នា។ ១៧ ដូច្នេះ ពួក​គេ​និយាយ​ទៅ​កាន់​បុរស​ដែល​ធ្លាប់​ងងឹត​ភ្នែក​ថា៖ «តើ​អ្នក​គិត​យ៉ាង​ដូច​ម្ដេច​អំពី​បុរស​នោះ ដោយ​សារ​គាត់​បាន​ធ្វើ​ឲ្យ​អ្នក​អាច​មើល​ឃើញ?»។ បុរស​នោះ​និយាយ​ថា៖ «គាត់​ជា​អ្នក​ប្រកាស​ទំនាយ»។

១៨ ក៏​ប៉ុន្តែ ជន​ជាតិ​យូដា​មិន​បាន​ជឿ​ថា​គាត់​ធ្លាប់​ងងឹត​ភ្នែក​ហើយ​អាច​មើល​ឃើញ​ទេ ទាល់​តែ​ពួក​គេ​ហៅ​ឪពុក​ម្ដាយ​របស់​បុរស​នោះ​មក។ ១៩ រួច​ពួក​គេ​បាន​សួរ​ឪពុក​ម្ដាយ​បុរស​នោះ​ថា៖ «តើ​នេះ​ជា​កូន​ប្រុស​របស់​អ្នក ដែល​អ្នក​និយាយ​ថា​បាន​ងងឹត​ភ្នែក​ពី​កំណើត​ឬ? បើ​ដូច្នេះ ហេតុ​អ្វី​ឥឡូវ​នេះ​គាត់​អាច​មើល​ឃើញ?»។ ២០ ឪពុក​ម្ដាយ​របស់​បុរស​នោះ​ឆ្លើយ​ថា៖ «យើង​ដឹង​ថា​នេះ​ជា​កូន​ប្រុស​របស់យើង ហើយ​ក៏​ដឹង​ថា​គាត់​ងងឹត​ភ្នែក​ពី​កំណើត។ ២១ ប៉ុន្តែ​យើង​មិន​ដឹង​នូវ​មូលហេតុ​ដែល​គាត់​អាច​មើល​ឃើញ​ឥឡូវ​នេះ​ទេ ហើយ​ក៏​មិន​ដឹង​ថា​អ្នក​ណា​បាន​ធ្វើ​ឲ្យ​ភ្នែក​គាត់​ភ្លឺ​ដូច្នេះ​ដែរ។ សូម​សួរ​គាត់។ គាត់​មាន​អាយុ​ពេញ​វ័យ​តាម​ច្បាប់​ហើយ។ គាត់​ត្រូវ​និយាយ​ដោយ​ខ្លួន​គាត់»។ ២២ ឪពុក​ម្ដាយ​របស់​គាត់​បាន​និយាយ​ដូច្នេះ ដោយ​សារ​ពួក​គាត់​ខ្លាច​ជន​ជាតិ​យូដា ពីព្រោះ​ជន​ជាតិ​យូដា​បាន​សន្មត​គ្នា​ថា បើ​មាន​អ្នក​ណា​ទទួល​ស្គាល់​លោក​ជា​គ្រិស្ត អ្នក​នោះ​នឹង​ត្រូវ​បណ្ដេញ​ចោល​ពី​សាលា​ប្រជុំ។* ២៣ ហេតុ​នេះ​ហើយ​បាន​ជា​ឪពុក​ម្ដាយ​របស់​គាត់​បាន​និយាយ​ថា៖ «គាត់​មាន​អាយុ​ពេញ​វ័យ​តាម​ច្បាប់​ហើយ។ សូម​សួរ​គាត់»។

២៤ ដូច្នេះ ពួក​គេ​ក៏​ហៅ​បុរស​ដែល​ធ្លាប់​ងងឹត​ភ្នែក​នោះ​មក​ជា​លើក​ទី​ពីរ រួច​និយាយ​ទៅ​គាត់​ថា៖ «ចូរ​លើក​តម្កើង​ព្រះ។ យើង​ដឹង​ថា​បុរស​នេះ​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង»។ ២៥ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​បុរស​នេះ​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឬ​ក៏​មិន​មែន​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឡើយ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ដឹង គឺថា ពី​មុន​ខ្ញុំ​ងងឹត​ភ្នែក តែ​ឥឡូវ​ខ្ញុំ​អាច​មើល​ឃើញ»។ ២៦ ដូច្នេះ ពួក​គេ​និយាយ​ទៅ​គាត់​ថា៖ «តើ​គាត់​បាន​ធ្វើ​អ្វី​ដល់​អ្នក? តើ​គាត់​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នក​ភ្លឺ​យ៉ាង​ដូច​ម្ដេច?»។ ២៧ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ តែ​អ្នក​មិន​បាន​ស្ដាប់​ទេ។ ហេតុ​អ្វី​អ្នក​ចង់​ឮ​រឿង​នោះ​ម្ដង​ទៀត? តើ​អ្នក​រាល់​គ្នា​ចង់​ទៅ​ជា​អ្នក​កាន់​តាម​របស់​គាត់​ដែរ​ឬ?»។ ២៨ ឮ​ដូច្នេះ ពួក​គេ​ក៏​ជេរ​ប្រមាថ​គាត់ ហើយ​និយាយ​ថា៖ «អ្នក​ឯង​ជា​អ្នក​កាន់​តាម​បុរស​នោះ តែ​យើង​ជា​អ្នក​កាន់​តាម​ម៉ូសេ។ ២៩ យើង​ដឹង​ថា​ព្រះ​បាន​មាន​ប្រសាសន៍​នឹង​ម៉ូសេ ប៉ុន្តែ​យើង​មិន​ដឹង​ថា​បុរស​នោះ​មក​ពី​ណា​ទេ»។ ៣០ បុរស​នោះ​ឆ្លើយ​ថា៖ «គួរ​ឲ្យ​អស្ចារ្យ​ណាស់! ដែល​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​គាត់​មក​ពី​ណា តែ​គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​អាច​មើល​ឃើញ។ ៣១ យើង​ដឹង​ថា​ព្រះ​មិន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឡើយ ប៉ុន្តែ​បើ​មាន​អ្នក​ណា​កោត​ខ្លាច​ព្រះ ហើយ​ធ្វើ​តាម​បំណងប្រាថ្នា​របស់​ព្រះ នោះ​លោក​ស្ដាប់​អ្នក​នោះ។ ៣២ តាំង​ពី​បុរាណកាល​មក យើង​មិន​ដែល​ឮ​ថា​មាន​អ្នក​ណា​ធ្វើ​ឲ្យ​មនុស្ស​ងងឹត​ភ្នែក​ពី​កំណើត​មើល​ឃើញ​ឡើយ។ ៣៣ ប្រសិនបើ​បុរស​នោះ​មិន​មក​ពី​ព្រះ​ទេ គាត់​មិន​អាច​ធ្វើ​អ្វី​ទាល់​តែ​សោះ»។ ៣៤ ពួក​គេ​បាន​តប​ទៅ​គាត់​ថា៖ «អ្នក​ឯង​បាន​កើត​មក​ក្នុង​ភាព​ខុស​ឆ្គង​សុទ្ធសាធ តើ​អ្នក​ឯង​ហ៊ាន​បង្រៀន​យើង​ផង​ឬ?»។ រួច​ពួក​គេ​ក៏​បណ្ដេញ​គាត់​ចេញ!

៣៥ លោក​យេស៊ូ​ឮ​ថា​ពួក​គេ​បាន​បណ្ដេញ​គាត់​ចេញ ហើយ​ពេល​ដែល​លោក​ឃើញ​បុរស​នោះ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «តើ​អ្នក​មាន​ជំនឿ​លើ​កូន​មនុស្ស​ទេ?»។ ៣៦ បុរស​នោះ​ឆ្លើយ​ថា៖ «តើ​លោក​នោះ​ជា​អ្នក​ណា? សូម​ប្រាប់​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​ជឿ​លើ​លោក​នោះ»។ ៣៧ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អ្នក​បាន​ឃើញ​លោក​ហើយ ម្យ៉ាង​ទៀត អ្នក​ដែល​កំពុង​និយាយ​ជា​មួយ​នឹង​អ្នក គឺជា​លោក​នោះ»។ ៣៨ បន្ទាប់​មក គាត់​និយាយ​ថា៖ «លោក​ម្ចាស់ ខ្ញុំ​ជឿ​លើ​លោក​ហើយ»។ រួច​គាត់​លំឱន​កាយ​គោរព​លោក។ ៣៩ ហើយ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ចូល​មក​ក្នុង​ពិភព​លោក​នេះ​ដើម្បី​ផ្ដល់​មូលដ្ឋាន​សម្រាប់​ការ​វិនិច្ឆ័យ​នេះ ពោល​គឺ​ដើម្បី​ឲ្យ​អស់​អ្នក​ដែល​មើល​មិន​ឃើញ អាច​មើល​ឃើញ​បាន ហើយ​អស់​អ្នក​ដែល​មើល​ឃើញ ទៅ​ជា​ងងឹត​ភ្នែក​វិញ»។ ៤០ ពួក​ផារិស៊ី​ដែល​នៅ​ជា​មួយ​នឹង​លោក​ឮ​ពាក្យ​ទាំង​នេះ ក៏​និយាយ​ទៅ​កាន់​លោក​ថា៖ «តើ​យើង​ងងឹត​ភ្នែក​ដែរ​ឬ?»។ ៤១ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ប្រសិនបើ​អ្នក​រាល់​គ្នា​ងងឹត​ភ្នែក អ្នក​រាល់​គ្នា​នឹង​គ្មាន​ភាព​ខុស​ឆ្គង​ឡើយ។ ប៉ុន្តែ ដោយ​សារ​អ្នក​រាល់​គ្នា​និយាយ​ថា៖ ‹យើង​មើល​ឃើញ› នោះ​អ្នក​រាល់​គ្នា​នៅ​មាន​ភាព​ខុស​ឆ្គង​នៅ​ឡើយ»។

១០ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​មិន​ចូល​ក្រោល​ចៀម​តាម​ទ្វារ ប៉ុន្តែ​ឡើង​ចូល​តាម​កន្លែង​ផ្សេង​ទៀត អ្នក​នោះ​ជា​ចោរ​លួច​និង​ជា​ចោរ​ប្លន់។ ២ ក៏​ប៉ុន្តែ​អ្នក​ដែល​ចូល​តាម​ទ្វារ អ្នក​នោះ​ជា​គង្វាល​របស់​ចៀម​ទាំង​នោះ។ ៣ អ្នក​យាម​ទ្វារ​បើក​ទ្វារ​ឲ្យ​អ្នក​នោះ ហើយ​គាត់​ហៅ​ចៀម​របស់​គាត់​តាម​ឈ្មោះ។ ចៀម​ទាំង​នោះ​ស្ដាប់​សំឡេង​របស់​គាត់ រួច​គាត់​ក៏​នាំ​ពួក​វា​ចេញ​ទៅ​ក្រៅ។ ៤ ពេល​ដែល​ចៀម​របស់​គាត់​ចេញ​មក​អស់​ហើយ នោះ​គាត់​ដើរ​មុន​ពួក​វា ហើយ​ពួក​វា​ក៏​ទៅ​តាម​គាត់ ដោយ​សារ​ស្គាល់​សំឡេង​របស់​គាត់។ ៥ ពួក​វា​នឹង​មិន​ទៅ​តាម​មនុស្ស​ចម្លែក​ណា​ម្នាក់​ទេ តែ​ពួក​វា​នឹង​រត់​ចេញ​ពី​អ្នក​នោះ​វិញ ពីព្រោះ​ពួក​វា​មិន​ស្គាល់​សំឡេង​របស់​មនុស្ស​ចម្លែក​ឡើយ»។ ៦ លោក​យេស៊ូ​បាន​ប្រាប់​ពាក្យ​ប្រៀប​ប្រដូច​នេះ​ទៅ​ពួក​គេ ប៉ុន្តែ​ពួក​គេ​មិន​បាន​យល់​អត្ថន័យ​នៃ​អ្វី​ដែល​លោក​កំពុង​ប្រាប់​ទេ។

៧ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ម្ដង​ទៀត​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ខ្ញុំ​ជា​ទ្វារ​សម្រាប់​ចៀម។ ៨ អស់​អ្នក​ដែល​បាន​មក​ដោយ​អះ​អាង​ថា​ពួក​គេ​គឺជា​ខ្ញុំ អ្នក​ទាំង​នោះ​ជា​ចោរ​លួច​និង​ជា​ចោរ​ប្លន់ ប៉ុន្តែ​ចៀម​មិន​បាន​ស្ដាប់​ពួក​គេ​ឡើយ។ ៩ ខ្ញុំ​ជា​ទ្វារ។ អ្នក​ណា​ដែល​ចូល​តាម​ខ្ញុំ អ្នក​នោះ​នឹង​ទទួល​សេចក្ដី​សង្គ្រោះ ក៏​នឹង​ចេញ​ចូល​ហើយ​រក​ឃើញ​វាល​ស្មៅ។ ១០ ចោរ​មក​ដើម្បី​សម្លាប់ លួច និង​បំផ្លាញ​តែ​ប៉ុណ្ណោះ។ ខ្ញុំ​បាន​មក​ដើម្បី​ឲ្យ​ពួក​គេ​មាន​ជីវិត ហើយ​ឲ្យ​ពួក​គេ​មាន​ជីវិត​យូរ​អង្វែង។ ១១ ខ្ញុំ​ជា​គង្វាល​ដ៏​ល្អ​ប្រសើរ។ គង្វាល​ល្អ​ប្រសើរ​លះ​បង់​ជីវិត​ដើម្បី​ចៀម។ ១២ រីឯ​អ្នក​ដែល​គេ​ជួល​ឲ្យ​មើល​ថែ​រក្សា​ចៀម​វិញ គាត់​មិន​មែន​ជា​គង្វាល​ទេ ហើយ​ក៏​មិន​មែន​ជា​ម្ចាស់​ចៀម​ទាំង​នោះ​ដែរ ដូច្នេះ ពេល​ដែល​ឃើញ​ឆ្កែ​ចចក​មក គាត់​ក៏​រត់​ចោល​ចៀម (រួច​ឆ្កែ​ចចក​នោះ​ឆក់​យក​ហើយ​កម្ចាត់​កម្ចាយ​ចៀម) ១៣ ពីព្រោះ​គាត់​ជា​អ្នក​ស៊ី​ឈ្នួល​គេ ហើយ​មិន​ខ្វល់ខ្វាយ​អំពី​ចៀម​ទាំង​នោះ​ទេ។ ១៤ ខ្ញុំ​ជា​គង្វាល​ល្អ​ប្រសើរ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ហើយ​ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ​ដែរ ១៥ ដូច​បិតា​នៅ​ស្ថាន​សួគ៌​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​បិតា​នៅ​ស្ថាន​សួគ៌​ដែរ។ ខ្ញុំ​លះ​បង់​ជីវិត* ដើម្បី​ចៀម។

១៦ «ខ្ញុំ​មាន​ចៀម​ឯ​ទៀត ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​ទេ ខ្ញុំ​ត្រូវ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ ហើយ​ចៀម​ទាំង​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ រួច​ចៀម​ទាំង​អស់​នោះ​នឹង​ទៅ​ជា​ហ្វូងតែ​មួយ ហើយ​មាន​គង្វាល​តែ​ម្នាក់។ ១៧ នេះ​ជា​មូលហេតុ​ដែល​បិតា​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​ខ្ញុំ ពីព្រោះ​ខ្ញុំ​លះ​បង់​ជីវិត ដើម្បី​អាច​ទទួល​ជីវិត​ម្ដង​ទៀត។ ១៨ គ្មាន​អ្នក​ណា​យក​ជីវិត​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​ស្ម័គ្រ​ចិត្ត​លះ​បង់​ជីវិត។ ខ្ញុំ​មាន​សិទ្ធិ​លះ​បង់​ជីវិត ក៏​មាន​សិទ្ធិ​ទទួល​ជីវិត​ម្ដង​ទៀត។ ខ្ញុំ​បាន​ទទួល​បញ្ញត្ដិ​ពី​បិតា​នៅ​ស្ថាន​សួគ៌​ស្តី​អំពី​រឿង​នេះ»។

១៩ ដោយ​សារ​ពាក្យ​ទាំង​នេះ​របស់​លោក ជន​ជាតិ​យូដា​ក៏​បែកបាក់​គ្នា​ម្ដង​ទៀត។ ២០ ពួក​គេ​ជា​ច្រើន​នាក់​បាន​និយាយ​ថា៖ «គាត់​មាន​វិញ្ញាណ​កំណាច​ចូល ហើយ​ក៏​ឆ្កួត​ទៀត។ ហេតុ​អ្វី​ក៏​អ្នក​រាល់​គ្នា​ស្ដាប់​គាត់?»។ ២១ អ្នក​ឯ​ទៀត​បាន​និយាយ​ថា៖ «នេះ​មិន​មែន​ជា​សម្ដី​របស់​មនុស្ស​មាន​វិញ្ញាណ​កំណាច​ចូល​ទេ។ វិញ្ញាណ​កំណាច​មិន​អាច​ធ្វើ​ឲ្យ​មនុស្ស​ងងឹត​ភ្នែក​មើល​ឃើញ​បាន​ឡើយ មែន​ទេ?»។

២២ នៅ​ពេល​នោះ មាន​បុណ្យ​ឧទ្ទិស* នៅ​ក្រុង​យេរូសាឡិម។ នោះ​ជា​រដូវ​ត្រជាក់ ២៣ ហើយ​លោក​យេស៊ូ​កំពុង​ដើរ​ក្នុង​វិហារ​នា​ល្វែង​សាឡូម៉ូន។ ២៤ ដូច្នេះ ជន​ជាតិ​យូដា​បាន​មក​ចោម​ព័ទ្ធ​លោក ក៏​តាំង​និយាយ​ទៅ​កាន់​លោក​ថា៖ «តើ​អ្នក​នឹង​ទុក​ឲ្យ​យើង​ឆ្ងល់​ដល់​ណា​ទៀត? ប្រសិនបើ​អ្នក​ជា​គ្រិស្ត សូម​ប្រាប់​យើង​ឲ្យ​ត្រង់​មក»។ ២៥ លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ប៉ុន្តែ​អ្នក​រាល់គ្នា​នៅ​តែ​មិន​ជឿ។ ការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ធ្វើ​ក្នុង​នាម​បិតា​របស់​ខ្ញុំ នោះ​បញ្ជាក់អំពី​ខ្ញុំ។ ២៦ ប៉ុន្តែ​អ្នក​រាល់​គ្នា​មិន​ជឿ ព្រោះ​អ្នក​រាល់​គ្នា​មិន​មែន​ជា​ចៀម​របស់​ខ្ញុំ​ទេ។ ២៧ ចៀម​របស់​ខ្ញុំ​ស្ដាប់​សំឡេង​របស់​ខ្ញុំ ខ្ញុំ​ស្គាល់​ពួក​គេ ហើយ​ពួក​គេ​មក​តាម​ខ្ញុំ។ ២៨ ខ្ញុំ​ក៏​ឲ្យ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​ពួក​គេ ហើយ​ពួក​គេ​នឹង​មិន​ដែល​ត្រូវ​បំផ្លាញ ក៏​នឹង​គ្មាន​អ្នក​ណា​ឆក់​យក​ពួក​គេ​ពី​ដៃ​ខ្ញុំ​ឡើយ។ ២៩ អ្វី​ដែល​បិតា​របស់​ខ្ញុំ​បាន​ឲ្យ​ខ្ញុំ គឺជា​អ្វី​ដែល​មាន​តម្លៃ​ជាង​អ្វីៗ​ឯ​ទៀត​ទាំង​អស់ ហើយ​គ្មាន​អ្នក​ណា​អាច​ឆក់​យក​ពួក​គេ​ពី​ដៃ​បិតា​នៅ​ស្ថាន​សួគ៌​ឡើយ។ ៣០ ខ្ញុំ​និង​បិតា​នៅ​ស្ថាន​សួគ៌​គឺ​តែ​មួយ»។

៣១ ម្ដង​នេះ​ទៀត ជន​ជាតិ​យូដា​រើស​ដុំ​ថ្ម​ដើម្បី​គប់​លោក។ ៣២ លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​បាន​សម្ដែង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ការ​ល្អ​ជា​ច្រើន​ពី​បិតានៅស្ថាន​សួគ៌។ ក្នុង​ការ​ទាំង​នោះ តើ​ការ​មួយ​ណា​ជា​ហេតុ​នាំ​ឲ្យ​អ្នក​រាល់​គ្នា​គប់​ខ្ញុំ?»។ ៣៣ ជន​ជាតិ​យូដា​ឆ្លើយ​ថា៖ «យើង​មិន​មែន​គប់​អ្នក​ដោយ​សារ​ការ​ល្អ​ណាមួយទេ ប៉ុន្តែ​ដោយ​សារ​អ្នក​ប្រមាថ* ព្រះ ព្រោះ​អ្នក​ជា​មនុស្ស តែ​បាន​តាំង​ខ្លួន​ជា​ព្រះ​មួយ​វិញ»។ ៣៤ លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ថា៖ «ច្បាប់​របស់​អ្នក​រាល់​គ្នា​ចែង​ថា៖ ‹ខ្ញុំ​បាន​និយាយ​ថា៖ «អ្នក​រាល់​គ្នា​សុទ្ធសឹងតែ​ជា​ព្រះ»› មែន​ទេ? ៣៥ ប្រសិនបើ​ពួក​អ្នក​ដែល​បណ្ដាំ​របស់​ព្រះ​បាន​ផ្ដន្ទា​ទោស បាន​ត្រូវ​ហៅ​ថា​‹ព្រះ› ហើយ​បទ​គម្ពីរ​នោះ​មិន​អាច​ត្រូវ​ទុក​ជា​មោឃ ៣៦ នោះ​តើ​អ្នក​រាល់​គ្នា​និយាយ​មក​ខ្ញុំ ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​ញែក​ជា​បរិសុទ្ធ​និង​ចាត់​ឲ្យ​ចូល​មក​ក្នុង​ពិភព​លោក​នេះ​ថា៖ ‹អ្នក​ប្រមាថ​ព្រះ› ដោយ​សារ​ខ្ញុំ​បាន​និយាយ​ថា​ខ្ញុំ​ជា​បុត្រ​របស់​ព្រះ​ឬ? ៣៧ ប្រសិនបើ​ខ្ញុំ​មិន​ធ្វើ​ការ​របស់​បិតា​ខ្ញុំ​ទេ នោះ​កុំ​ជឿ​ខ្ញុំ។ ៣៨ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ធ្វើ​ការ​របស់​បិតា​ខ្ញុំ​មែន ចូរ​ជឿ​ដោយ​សារ​ការ​ទាំង​នោះ ទោះ​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ​ក៏​ដោយ ដើម្បី​អ្នក​រាល់​គ្នា​អាច​ដឹង​ហើយ​ជឿ​រហូត​ថា បិតា​នៅ​ស្ថាន​សួគ៌​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​រួប​រួម​ជា​មួយ​នឹង​បិតា​នៅ​ស្ថាន​សួគ៌​ដែរ»។ ៣៩ ដូច្នេះ ពួក​គេ​ខំ​ចាប់​លោក​ម្ដង​ទៀត តែ​លោក​បាន​គេច​ផុត​ពី​ពួក​គេ។

៤០ ម្ល៉ោះ​ហើយ លោក​បាន​ចេញ​ទៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​យ៉ូដាន់​ម្ដង​ទៀត នៅ​កន្លែង​ដែល​យ៉ូហាន​បាន​ជ្រមុជ​ទឹក* ឲ្យ​គេ​ពី​មុន រួច​លោក​បាន​ស្នាក់​នៅ​ទី​នោះ ៤១ ហើយ​មនុស្ស​ជា​ច្រើន​បាន​ទៅ​ឯ​លោក ក៏​តាំង​និយាយ​ថា៖ «ពិត​មែន​តែ​យ៉ូហាន​មិន​បាន​ធ្វើ​សញ្ញា​សម្គាល់​ណា​មួយ ប៉ុន្តែ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​យ៉ូហាន​បាន​និយាយ​អំពី​បុរស​ម្នាក់​នេះ​គឺ​ពិត​ទាំង​អស់» ៤២ ហើយ​មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​ជឿ​លើ​លោក​នៅ​ទី​នោះ។

១១ មាន​បុរស​ដែល​ឈឺ​ម្នាក់ គាត់​ឈ្មោះ​ឡាសា ជា​អ្នក​ភូមិ​បេថានី ជា​ភូមិ​របស់​ម៉ារៀ​និង​ម៉ាថា​ដែល​ជា​បង​ស្រី​របស់​គាត់។ ២ ឡាសា​ដែល​ឈឺ​នោះ គឺជា​ប្អូន​ប្រុស​របស់​ម៉ារៀ​នោះ​ឯង​ដែល​បាន​យក​ប្រេង​ក្រអូប​មក​លាប​លោក​ម្ចាស់​យេស៊ូ ហើយ​យក​សក់​របស់​នាង​ជូត​ជើង​របស់​លោក​ឲ្យ​ស្ងួត។ ៣ ដូច្នេះ បង​ស្រីៗ​របស់​គាត់​បាន​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​ថា៖ «លោក​ម្ចាស់! មើល! មិត្ត​ជា​ទី​ស្រឡាញ់​របស់​លោក​កំពុង​ឈឺ»។ ៤ ប៉ុន្តែ​ពេល​ដែល​លោក​យេស៊ូ​ឮ​ដូច្នេះ លោក​មាន​ប្រសាសន៍​ថា៖ «លទ្ធផល​នៃ​ជំងឺ​នេះ​មិន​មែន​ជា​សេចក្ដី​ស្លាប់​ទេ ប៉ុន្តែ​គឺជា​ការ​លើក​តម្កើង​ដល់​ព្រះ​វិញ ដើម្បី​បុត្រ​របស់​ព្រះ​ទទួល​ការ​លើក​តម្កើង​ដោយ​សារ​ជំងឺ​នោះ»។

៥ លោក​យេស៊ូ​ស្រឡាញ់​ម៉ាថា ប្អូន​របស់​នាង និង​ឡាសា។ ៦ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពេល​ដែល​លោក​ឮ​ថា​ឡាសា​កំពុង​ឈឺ លោក​ស្នាក់​នៅ​កន្លែង​ដដែល​អស់​ពីរ​ថ្ងៃ​ទៀត។ ៧ បន្ទាប់​ពី​នោះ លោក​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​លោក​ថា៖ «ចូរ​យើង​ទៅ​តំបន់​យូឌា​ម្ដង​ទៀត»។ ៨ ពួក​អ្នក​កាន់​តាម​និយាយ​ទៅ​កាន់​លោក​ថា៖ «រ៉ាប៊ី* ថ្មីៗ​នេះ​ពួក​អ្នក​តំបន់​យូឌា​ចង់​គប់​ដុំ​ថ្ម​សម្លាប់​លោក ដូច្នេះ តើ​លោក​នឹង​ទៅ​ទី​នោះ​ម្ដង​ទៀត​ឬ?»។ ៩ លោក​យេស៊ូ​ឆ្លើយ​ថា៖ «ក្នុង​មួយ​ថ្ងៃ​មាន​ពន្លឺ​អស់​ដប់​ពីរ​ម៉ោង មែន​ទេ? ប្រសិនបើ​អ្នក​ណា​ដើរ​ក្នុង​ពន្លឺ​ថ្ងៃ អ្នក​នោះ​មិន​ទង្គិច​នឹង​អ្វី​ឡើយ ពីព្រោះ​គាត់​ឃើញ​ពន្លឺ​នៃ​ពិភព​លោក​នេះ។ ១០ ប៉ុន្តែ​ប្រសិនបើ​អ្នក​ណា​ដើរ​ពេល​យប់ អ្នក​នោះ​ទង្គិច​នឹង​អ្វី​មួយ ពីព្រោះ​គាត់​គ្មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន​ឡើយ»។

១១ បន្ទាប់​ពី​លោក​មាន​ប្រសាសន៍​អ្វីៗ​ទាំង​នោះ លោក​ក៏​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «ឡាសា​ជា​សម្លាញ់​របស់​យើង​បាន​ដេក​លក់​ទៅ​ហើយ ប៉ុន្តែ​ខ្ញុំ​នឹង​ទៅ​ទីនោះ​ដើម្បី​ដាស់​គាត់​ពី​ដំណេក»។ ១២ ដូច្នេះ ពួក​អ្នក​កាន់​តាម​និយាយ​ទៅ​កាន់​លោក​ថា៖ «លោក​ម្ចាស់ ប្រសិនបើ​គាត់​បាន​ដេក​លក់ នោះ​គាត់​នឹង​ជា​ឡើង​វិញ»។ ១៣ ក៏​ប៉ុន្តែ​លោក​យេស៊ូ​កំពុង​មាន​ប្រសាសន៍​អំពី​មរណភាព​របស់​គាត់ តែ​ពួក​គាត់​នឹក​ស្មានថា​លោក​កំពុង​មាន​ប្រសាសន៍​អំពី​ការ​ដេក​លក់​ធម្មតា។ ១៤ ដូច្នេះ ពេល​នោះ​លោក​យេស៊ូ​មាន​ប្រសាសន៍​ប្រាប់​ពួក​គាត់​ដោយ​ត្រង់​ថា៖ «ឡាសា​បាន​ស្លាប់​ហើយ។ ១៥ ម្យ៉ាង​ទៀត បើ​គិត​ពី​អ្នក​រាល់​គ្នា ខ្ញុំ​ត្រេក​អរ​ដែល​ខ្ញុំ​មិន​បាន​នៅ​ទី​នោះ ដើម្បី​ឲ្យ​ជំនឿ​របស់​អ្នក​រាល់​គ្នា​បាន​រឹង​មាំ​ជាង។ ប៉ុន្តែ​ចូរ​យើង​ទៅ​ឯ​គាត់​ចុះ»។ ១៦ ដូច្នេះ ថូ​ម៉ា​ស ដែល​គេ​ហៅ​ថា​កូន​ភ្លោះ* និយាយ​ទៅ​អ្នក​កាន់​តាម​ឯ​ទៀត​ថា៖ «យើង​ទៅ​ជា​មួយ​នឹង​លោក​ដែរ​ទៅ ដើម្បី​យើង​អាច​ស្លាប់​ជា​មួយ​នឹង​លោក»។

១៧ ម្ល៉ោះ​ហើយ ពេល​ដែល​លោក​យេស៊ូ​ទៅ​ដល់ លោក​ឃើញ​ថា​ឡាសា​នៅ​ក្នុង​ទី​បញ្ចុះ​សព​អស់​បួន​ថ្ងៃ​ហើយ។ ១៨ ឯ​ភូមិ​បេថានី​វិញ ភូមិ​នោះ​មាន​ចម្ងាយ​ប្រហែល​បី​គីឡូម៉ែត្រ​ពី​ក្រុង​យេរូសាឡិម។ ១៩ ដូច្នេះ ជន​ជាតិ​យូដា​ជា​ច្រើន​នាក់​បាន​មក​ជួប​ម៉ាថា​និង​ម៉ារៀ​ដើម្បី​សម្រាល​ទុក្ខ​ពួក​គាត់ ដោយ​សារ​ប្អូន​ប្រុស​របស់​ពួក​គាត់​បាន​ស្លាប់។ ២០ ម្ល៉ោះ​ហើយ ពេល​ដែល​ម៉ាថា​បាន​ឮ​ថា​លោក​យេស៊ូ​កំពុង​មក នាង​បាន​ចេញ​ទៅ​ជួប​លោក ប៉ុន្តែ​ម៉ារៀ​បាន​អង្គុយ​នៅ​ផ្ទះ​ត​ទៅ​ទៀត។ ២១ ដូច្នេះ ម៉ាថា​និយាយ​ទៅ​កាន់​លោក​យេស៊ូ​ថា៖ «លោក​ម្ចាស់ ប្រសិនបើ​លោក​បាន​នៅ​ទី​នេះ ប្អូន​ប្រុស​របស់​ខ្ញុំ​មិន​បាន​ស្លាប់​ទេ។ ២២ ប៉ុន្តែ​សូម្បី​តែ​នៅ​គ្រា​ឥឡូវ​នេះ ខ្ញុំ​ដឹង​ថាអ្វី​ក៏​ដោយ​ដែល​លោក​សុំ​ពី​ព្រះ នោះ​ព្រះ​នឹង​ឲ្យ​ដល់​លោក»។ ២៣ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ប្អូន​ប្រុស​របស់​នាង​នឹង​រស់​ឡើង​វិញ»។ ២៤ ម៉ាថា​និយាយ​ទៅ​កាន់​លោក​ថា៖ «ខ្ញុំ​ដឹង​ថា​គាត់​នឹង​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​ពេល​ដែល​មនុស្ស​ស្លាប់​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ»។ ២៥ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ការ​រស់​ឡើង​វិញ​និង​ជីវិត​គឺ​ដោយ​សារ​ខ្ញុំ។ អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​ខ្ញុំ ទោះ​ជា​អ្នក​នោះ​ស្លាប់​ទៅ​ក៏​ដោយ ក៏​នឹង​រស់​ឡើង​វិញ ២៦ ឯ​អស់​អ្នក​ណា​ដែល​មាន​ជីវិត​រស់​នៅ​ហើយ​បង្ហាញ​ជំនឿ​លើ​ខ្ញុំ អ្នក​ទាំង​នោះ​នឹង​មិន​ស្លាប់​សោះ​ឡើយ។ តើ​នាង​ជឿ​រឿង​នេះ​ទេ?»។ ២៧ នាង​និយាយ​ទៅ​កាន់​លោក​ថា៖ «ចាស​លោក​ម្ចាស់ ខ្ញុំ​ជឿ​ថា​លោក​ជា​គ្រិស្ត ជា​បុត្រ​ព្រះ និង​ជា​លោក​ដែល​បាន​ចូល​មក​ក្នុង​ពិភព​លោក»។ ២៨ លុះ​និយាយ​ចប់​ហើយ នាង​ចេញ​ទៅ​ហៅ​ម៉ារៀ​ជា​ប្អូន​ស្រី​របស់​នាង ដោយ​ប្រាប់​ស្ងាត់ៗ​ថា៖ «លោក​គ្រូ​មក​ដល់​ហើយ លោក​កំពុង​សួរ​រក​ប្អូន»។ ២៩ ឮ​ដូច្នេះ នាង​ក៏​ប្រញាប់​ក្រោក​ឡើង​ចេញ​ទៅ​ឯ​លោក។

៣០ ពេល​នោះ លោក​យេស៊ូ​មិន​ទាន់​ចូល​ក្នុង​ភូមិ​នៅ​ឡើយ ប៉ុន្តែ​លោក​នៅ​កន្លែង​ដែល​ម៉ាថា​បាន​ជួប​លោក​ពី​មុន។ ៣១ ដូច្នេះ ពេល​ដែល​ជន​ជាតិ​យូដា​ដែល​នៅ​ជា​មួយ​នឹង​ម៉ារៀ​ក្នុង​ផ្ទះ ដើម្បី​សម្រាល​ទុក្ខ​នាង ឃើញ​ថា​នាង​ប្រញាប់​ក្រោក​ឡើង​ហើយ​ចេញ​ទៅ នោះ​ពួក​គេ​ក៏​បាន​ទៅ​តាម ដោយ​នឹក​ស្មានថា​នាង​កំពុង​ចេញ​ទៅ​ទី​បញ្ចុះ​សព​ដើម្បី​យំ​នៅ​ទី​នោះ។ ៣២ រួច​ពេល​ដែល​ម៉ារៀ​មក​ដល់​កន្លែង​ដែលលោក​យេស៊ូ​នៅ ហើយ​ឃើញ​លោក នោះ​នាង​បាន​លំឱន​កាយ​នៅ​ជិត​ជើង​របស់លោក ដោយ​និយាយ​ថា៖ «លោក​ម្ចាស់ ប្រសិនបើ​លោក​នៅ​ទី​នេះ ប្អូន​ប្រុស​របស់​ខ្ញុំ​មិន​បាន​ស្លាប់​ទេ»។ ៣៣ ដូច្នេះ ពេល​ដែល​លោក​យេស៊ូ​ឃើញ​នាង​និង​ជន​ជាតិ​យូដា​ដែល​បាន​មក​ជា​មួយ​នឹង​នាង​កំពុង​យំ នោះ​លោក​មាន​ចិត្ត​ក្ដុកក្ដួល​ក៏​រំជួល​ចិត្ត* យ៉ាង​ខ្លាំង ៣៤ ហើយ​លោក​មាន​ប្រសាសន៍​ថា៖ «តើ​អ្នក​រាល់​គ្នា​បាន​ដាក់​គាត់​នៅ​ឯ​ណា?» ពួក​គាត់​ឆ្លើយ​ថា៖ «លោក​ម្ចាស់ សូម​មក​មើល»។ ៣៥ លោក​យេស៊ូ​ក៏​ស្រក់​ទឹក​ភ្នែក។ ៣៦ ដូច្នេះ ជន​ជាតិ​យូដា​តាំង​និយាយ​ថា៖ «មើល! គាត់​ស្រឡាញ់​ឡាសា​ខ្លាំង​ណាស់!»។ ៣៧ ប៉ុន្តែ​ពួក​គេ​ខ្លះ​និយាយ​ថា៖ «បុរស​នេះ​បាន​ធ្វើ​ឲ្យ​បុរស​ងងឹត​ភ្នែក​នោះ​អាច​មើល​ឃើញ ដូច្នេះ តើ​គាត់​មិន​អាច​ជួយ​កុំ​ឲ្យ​អ្នក​នេះ​ស្លាប់​បាន​ទេ​ឬ?»។

៣៨ ដូច្នេះ ក្រោយ​ពី​លោក​យេស៊ូ​កើត​មាន​ចិត្ត​ក្ដុកក្ដួល​ម្ដង​ទៀត នោះ​លោក​មក​ដល់​ទី​បញ្ចុះ​សព។ ទី​បញ្ចុះ​សព​នោះ​ជា​រូង​ថ្ម ហើយ​មាន​ដុំ​ថ្ម​មួយ​បិទ​មាត់​រូង។ ៣៩ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖ «ចូរ​យក​ថ្ម​នោះ​ចេញ»។ ម៉ាថា​ជា​បង​ស្រី​របស់​សព បាន​និយាយ​ទៅ​កាន់​លោក​ថា៖ «លោក​ម្ចាស់ សព​ច្បាស់​ជា​ធុំ​ក្លិន ព្រោះ​បួន​ថ្ងៃ​បាន​កន្លង​ទៅ​ហើយ»។ ៤០ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «តើ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ថា ប្រសិនបើ​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរី​រុងរឿង​របស់​ព្រះ​ទេ​ឬ?»។ ៤១ ដូច្នេះ ពួក​គេ​បាន​យក​ថ្ម​នោះ​ចេញ។ បន្ទាប់​មក លោក​យេស៊ូ​ងើយ​ភ្នែក​ទៅ​លើ ក៏​មាន​ប្រសាសន៍​ថា៖ «បិតា​អើយ ខ្ញុំ​សូម​អរគុណ​លោក​ដែល​លោក​បាន​ស្ដាប់​ខ្ញុំ។ ៤២ ពិត​មែន​តែ​ខ្ញុំ​ដឹង​ថា​លោក​តែង​តែ​ស្ដាប់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​និយាយ​ដូច្នេះ​ដោយ​សារ​មាន​បណ្ដា​ជន​កំពុង​ឈរ​នៅ​ជុំ​វិញ ដើម្បី​ពួក​គេ​អាច​ជឿ​ថា​លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​មក»។ ៤៣ លុះ​មាន​ប្រសាសន៍​អ្វីៗ​ទាំង​នេះ​ចប់​ហើយ លោក​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ឡាសា! ចូរ​ចេញ​មក!»។ ៤៤ បុរស​ដែល​ស្លាប់​នោះ​បាន​ចេញ​មក​ទាំង​មាន​ក្រណាត់​រុំ​ដៃ ជើង និង​មុខ​របស់​គាត់។ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ចូរ​ស្រាយ​គាត់ ហើយ​ឲ្យ​គាត់​ទៅ​ចុះ»។

៤៥ ដូច្នេះ ជន​ជាតិ​យូដា​ជា​ច្រើន​នាក់​ដែល​បាន​មក​ឯ​ម៉ារៀ ហើយ​ដែល​ឃើញ​អ្វី​ដែល​លោក​យេស៊ូ​ធ្វើ ក៏​ចាប់​ផ្ដើម​ជឿ​លើ​លោក។ ៤៦ ប៉ុន្តែ​ពួក​គេ​ខ្លះ​បាន​ចេញ​ទៅ​ប្រាប់​ពួក​ផារិស៊ី​អំពី​អ្វីៗ​ដែល​លោក​យេស៊ូ​បាន​ធ្វើ។ ៤៧ ម្ល៉ោះ​ហើយ ពួក​សង្ឃនាយក​និង​ពួក​ផារិស៊ី​បាន​ហៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់* មក​ជុំ​គ្នា រួច​តាំង​និយាយ​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៅ? ព្រោះ​បុរស​នេះ​ធ្វើ​សញ្ញា​សម្គាល់​ជា​ច្រើន ៤៨ ប្រសិនបើ​យើង​ទុក​ឲ្យ​គាត់​ធ្វើ​ដូច្នេះ ពួក​គេ​ទាំង​អស់​គ្នា​នឹង​ជឿ​លើ​គាត់ រួច​ជន​ជាតិ​រ៉ូម​និង​មក​ដណ្ដើម​យក​ទាំង​កន្លែង​គោរព​បូជា​របស់​យើង​ទាំង​ជាតិ​របស់​យើង​ផង»។ ៤៩ ក៏​ប៉ុន្តែ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ឈ្មោះ​កៃផាស ដែល​ជា​សម្ដេច​សង្ឃ​នៅ​ឆ្នាំ​នោះ បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​មិន​ដឹង​អ្វី​សោះ ៥០ ក៏​មិន​បាន​ពិចារណា​ថា គឺ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ដែល​មនុស្ស​ម្នាក់​ស្លាប់​ដើម្បី​បណ្ដា​ជន ជា​ជាង​ជាតិ​ទាំង​មូល​របស់​យើង​ត្រូវ​បំផ្លាញ​ចោល»។ ៥១ ប៉ុន្តែ​គាត់​មិន​បាន​និយាយ​ដូច្នេះ​ចេញ​ពី​គំនិត​ខ្លួន​គាត់​ឡើយ តែ​ដោយ​សារ​គាត់​ជា​សម្ដេច​សង្ឃ​នៅ​ឆ្នាំ​នោះ គាត់​ប្រកាស​ទំនាយ​ថា​លោក​យេស៊ូ​ត្រូវ​ស្លាប់​ដើម្បី​ជាតិ​របស់​លោក ៥២ ហើយ​មិន​មែន​ដើម្បី​ជាតិ​របស់​លោក​ប៉ុណ្ណោះ តែ​ដើម្បី​ឲ្យ​លោក​ប្រមូល​កូន​ទាំង​អស់​របស់​ព្រះ​ដែល​នៅ​ខ្ចាត់​ខ្ចាយ ឲ្យ​រួម​គ្នា​ជា​ក្រុម​តែ​មួយ។ ៥៣ ដូច្នេះ ចាប់​តាំង​ពី​ថ្ងៃ​នោះ​ទៅ ពួក​គេ​បាន​ប្រឹក្សា​គ្នា​រក​វិធី​សម្លាប់​លោក។

៥៤ ហេតុ​នោះ លោក​យេស៊ូ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ដោយ​ស្ងាត់ៗ​ក្នុង​ចំណោម​ជន​ជាតិ​យូដា ហើយ​លោក​បាន​ចេញ​ពី​ទី​នោះ ទៅ​ក្រុង​មួយ​ហៅ​ថា​អេប្រាអ៊ីម នៅ​ស្រុក​ជិត​តំបន់​ស្ងាត់​ជ្រងំ រួច​លោក​ស្នាក់​នៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម។ ៥៥ បុណ្យ​រំលង​របស់​ជន​ជាតិ​យូដា​គឺ​ជិត​ដល់​ហើយ។ មនុស្ស​ជា​ច្រើន​បាន​ចេញ​ពី​ជនបទ​ទៅ​ក្រុង​យេរូសាឡិម​មុន​បុណ្យ​រំលង ដើម្បី​សម្អាត​ខ្លួន​ឲ្យ​បរិសុទ្ធ​តាម​ច្បាប់។* ៥៦ ដូច្នេះ ពួក​គេ​បាន​រក​លោក​យេស៊ូ ហើយ​ពេល​ដែល​កំពុង​ឈរ​ក្នុង​វិហារ ពួក​គេ​ក៏​តាំង​និយាយ​គ្នា​ថា៖ «តើ​អ្នក​រាល់​គ្នា​គិត​ដូច​ម្ដេច? តើ​អ្នក​គិត​ថា​លោក​នឹង​មិន​មក​បុណ្យ​នេះ​សោះ​ឬ?»។ ៥៧ ម្យ៉ាង​ទៀត ពួក​សង្ឃនាយក​និង​ពួក​ផារិស៊ី​បាន​បង្គាប់​ថា បើ​អ្នក​ណា​ឮ​ថា​លោក​នៅ​ឯ​ណា អ្នក​នោះ​ត្រូវ​ប្រាប់​ពួក​គេ ដើម្បី​ពួក​គេ​អាច​ចាប់​លោក​បាន។

១២ ដូច្នេះ ប្រាំមួយ​ថ្ងៃ​មុន​បុណ្យ​រំលង លោក​យេស៊ូ​បាន​មក​ដល់​ភូមិ​បេថានី ជា​កន្លែង​ដែល​ឡាសា​នៅ។ គាត់​ជា​អ្នក​ដែល​លោក​យេស៊ូ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ២ ដូច្នេះ គេ​បាន​រៀប​ចំ​ភោជនាហារ​ជូន​លោក ហើយ​ម៉ាថា​កំពុង​បម្រើ​ពួក​គេ ប៉ុន្តែ​ឡាសា​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​អង្គុយ​រួម​តុ​ជា​មួយ​នឹង​លោក។ ៣ ម្ល៉ោះ​ហើយ ម៉ារៀ​បាន​យក​ប្រេង​ក្រអូប​ប្រហែល​កន្លះ​លី​ត្រ​មក ជា​ប្រេង​ណាដ* សុទ្ធ ដែល​មាន​តម្លៃ​ថ្លៃ​ណាស់ ហើយ​បាន​លាប​ជើង​របស់​លោក​យេស៊ូ រួច​នាង​ក៏​យក​សក់​មក​ជូត​ជើង​របស់​លោក​ឲ្យ​ស្ងួត។ ក្លិន​ប្រេង​ក្រអូប​នោះ​បាន​សាយភាយ​ពេញ​ផ្ទះ។ ៤ ប៉ុន្តែ​យូដាស​អ៊ីស្ការីយ៉ុត ដែល​ជា​អ្នក​កាន់​តាម​ម្នាក់​របស់​លោក និង​ជា​អ្នក​ដែល​បម្រុង​នឹង​ក្បត់​លោក បាន​និយាយ​ថា៖ ៥ «ហេតុ​អ្វី​ក៏​មិន​លក់​ប្រេង​ក្រអូប​នេះ​បាន​បី​រយ​ឌីណារី* រួច​ចែក​ឲ្យ​អ្នក​ក្រ?»។ ៦ ក៏​ប៉ុន្តែ​គាត់​និយាយ​ដូច្នេះ​មិន​មែន​ដោយ​សារ​គាត់​យក​ចិត្ត​ទុក​ដាក់​នឹង​ជន​ក្រី​ក្រ​ទេ តែ​ដោយ​សារ​គាត់​ជា​ចោរ ហើយ​ជា​អ្នក​កាន់​ប្រអប់​ទុក​ប្រាក់ ក៏​ធ្លាប់​យក​ប្រាក់​ដែល​គេ​ដាក់​ក្នុង​ប្រអប់​នោះ។ ៧ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖ «កុំ​រំខាន​នាង ដើម្បី​ឲ្យ​នាង​អាច​ធ្វើ​តាម​ទម្លាប់​នេះដោយ​គិត​ពី​ថ្ងៃ​បញ្ចុះ​សព​របស់​ខ្ញុំ។ ៨ ព្រោះ​អ្នក​រាល់​គ្នា​តែង​តែ​មាន​អ្នក​ក្រ​នៅ​ជា​មួយ ប៉ុន្តែ​អ្នក​រាល់​គ្នា​នឹង​មិន​មាន​ខ្ញុំ​នៅ​ជា​មួយ​រហូត​ទេ»។

៩ ដូច្នេះ ជន​ជាតិ​យូដា​មួយ​ក្រុម​ធំ​បាន​ឮ​ថា​លោក​នៅ​ទី​នោះ ក៏​បាន​មក មិន​មែន​ដោយ​សារ​តែ​លោក​យេស៊ូ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដោយ​សារ​ពួក​គេ​ចង់​ឃើញ​ឡាសា​ដែរ ដែល​លោក​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ១០ នៅ​ពេល​នោះ ពួក​សង្ឃនាយក​ក៏​ប្រឹក្សា​គ្នា​រក​វិធី​សម្លាប់​ឡាសា​ដែរ ១១ ព្រោះ​ជន​ជាតិ​យូដា​ជា​ច្រើន​នាក់​កំពុង​ទៅ​ទី​នោះ​ហើយ​ជឿ​លើ​លោក​យេស៊ូ​ដោយ​សារ​គាត់។

១២ លុះ​ថ្ងៃ​ស្អែក មនុស្ស​មួយ​ក្រុម​ធំ​ដែល​បាន​មក​បុណ្យ​នោះ ហើយ​បាន​ឮ​ថា​លោក​យេស៊ូ​កំពុង​ធ្វើ​ដំណើរ​មក​ក្រុង​យេរូសាឡិម ១៣ ក៏​យក​ធាង​លម៉ើ រួច​បាន​ចេញ​ទៅ​ជួប​លោក។ ពួក​គេ​តាំង​ស្រែក​ឡើង​ថា៖ «សូម​លោក​មេត្ដា​សង្គ្រោះ! អ្នក​ដែល​មក​ក្នុង​នាម​ព្រះ​យេហូវ៉ា មាន​ពរ​ហើយ! គឺជា​ស្តេច​នៃ​ជន​ជាតិ​អ៊ីស្រាអែល!»។ ១៤ ប៉ុន្តែ​ពេល​ដែល​លោក​យេស៊ូ​បាន​រក​ឃើញ​សត្វ​លា​ស្ទាវ​មួយ លោក​ក៏​ជិះ​លើ​វា ដូច​បទ​គម្ពីរ​បាន​ចែង​ថា៖ ១៥ «កុំ​ខ្លាច​ឡើយ កូន​ស្រី​របស់​ក្រុង​ស៊ីយ៉ូន​អើយ! មើល! ស្តេច​របស់​នាង​កំពុង​មក ដោយ​ជិះ​លើ​កូន​លា»។ ១៦ នៅ​ដើម​ដំបូង ពួក​អ្នក​កាន់​តាម​លោក​មិន​បាន​កត់​សម្គាល់​ការ​ទាំង​នេះ​ឡើយ ប៉ុន្តែ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ទទួល​សិរី​រុងរឿង​ហើយ នោះ​ពួក​គាត់​បាន​នឹក​ឃើញ​ថា​ការ​ទាំង​នេះ​បាន​ត្រូវ​សរសេរ​អំពី​លោក ក៏​ចាំ​ថា​ការ​ទាំង​នេះ​បាន​កើត​ឡើង​ដល់​លោក។

១៧ ឯ​បណ្ដា​ជន​ដែល​នៅ​ជា​មួយ​នឹង​លោក​ពេល​ដែល​លោក​ហៅ​ឡាសា​ឲ្យ​ចេញ​ពី​ទី​បញ្ចុះ​សព​មក ហើយ​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ ពួក​គេ​បញ្ជាក់​អំពី​លោក​ឥត​ឈប់។ ១៨ ហេតុ​នេះ បណ្ដា​ជន​ក៏​បាន​មក​ជួប​លោក​ដែរ ដោយ​សារ​ពួក​គេ​បាន​ឮ​ថា​លោក​បាន​ធ្វើ​សញ្ញា​សម្គាល់​នេះ។ ១៩ ដូច្នេះ ពួក​ផារិស៊ី​និយាយ​គ្នា​ថា៖ «ឃើញ​ទេ? គម្រោង​របស់​យើង​មិន​បាន​ជោគជ័យ​សោះ។ មើល! ពិភព​លោក​ទាំង​មូល​បាន​ចេញ​ទៅ​តាម​អ្នក​នោះ»។

២០ មាន​ជន​ជាតិ​ក្រិច​មួយ​ចំនួន​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​មក​គោរព​បូជា ក្នុង​ពិធី​បុណ្យ​នោះ។ ២១ ដូច្នេះ អ្នក​ទាំង​នេះ​បាន​ទៅ​ជួប​ភីលីព ដែល​មក​ពី​ក្រុង​បេតសេដា​នៅ​ស្រុក​កាលីឡេ ក៏​តាំង​សុំ​ថា៖ «លោក យើង​សូម​ជួប​លោក​យេស៊ូ»។ ២២ ភីលីព​បាន​មក​ប្រាប់​អនទ្រេ រួច​អនទ្រេ​និង​ភីលីព​បាន​មក​ជម្រាប​លោក​យេស៊ូ។

២៣ ប៉ុន្តែ​លោក​យេស៊ូ​បាន​តប​ទៅ​ពួក​គាត់​ថា៖ «គឺ​ដល់​ពេល​ឲ្យ​កូន​មនុស្ស​ទទួល​សិរី​រុងរឿង​ហើយ។ ២៤ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ប្រសិនបើ​គ្រាប់​ស្រូវ​សាលីមួយ​មិន​ធ្លាក់​ដល់​ដី​ហើយ​ងាប់​ទៅ នោះ​វា​នៅ​តែ​ជា​គ្រាប់​មួយ​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​គ្រាប់នោះ​ងាប់​វិញ វា​បង្កើត​ផល​ជា​ច្រើន។ ២៥ អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត* ខ្លួន អ្នក​នោះ​បំផ្លាញ​ជីវិត​ខ្លួន​វិញ ប៉ុន្តែ​អ្នក​ដែល​ស្អប់​ជីវិត​ខ្លួន​ក្នុង​ពិភព​លោក​នេះ នឹង​រក្សា​ជីវិត​ដើម្បី​ឲ្យបាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ២៦ ប្រសិនបើ​អ្នក​ណា​បម្រើ​ខ្ញុំ អ្នក​នោះ​ត្រូវ​មកតាម​ខ្ញុំ ហើយ​កន្លែង​ណា​ដែល​ខ្ញុំ​នៅ អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ។ ប្រសិនបើ​អ្នក​ណា​បម្រើ​ខ្ញុំ អ្នក​នោះ​នឹង​ទទួល​កិត្ដិយស​ពី​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌។ ២៧ ឥឡូវ​នេះ ខ្ញុំ​ពិបាក​ចិត្ត​ណាស់ ហើយ​តើ​ខ្ញុំ​អាច​និយាយ​យ៉ាង​ណា? បិតា​អើយ សូម​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​គ្រា​នេះ។ ប៉ុន្តែ​ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មក គឺ​ដើម្បី​ឆ្លង​កាត់​គ្រា​នេះ។ ២៨ បិតា​អើយ សូម​លើក​តម្កើង​នាម​របស់​លោក»។ ដូច្នេះ មាន​សំឡេង​មួយ​មក​ពី​លើ​មេឃ* ថា៖ «ខ្ញុំ​បាន​លើក​តម្កើង ក៏​នឹង​លើក​តម្កើង​ម្ដង​ទៀត»។

២៩ ម្ល៉ោះ​ហើយ បណ្ដា​ជន​ដែល​កំពុង​ឈរ​នៅ​ទី​នោះ​ហើយ​បាន​ឮ​សំឡេង ក៏​តាំង​និយាយ​ថា នោះ​ជា​សូរ​ផ្គរ​លាន់។ អ្នក​ឯ​ទៀត​ក៏​និយាយ​ថា៖ «ទេវតា​មួយ​បាន​និយាយ​ទៅ​កាន់​គាត់»។ ៣០ លោក​យេស៊ូ​តប​ថា៖ «សំឡេង​នេះ​បាន​បន្លឺ​ឡើង​សម្រាប់​អ្នក​រាល់​គ្នា មិន​មែន​សម្រាប់​ខ្ញុំ​ទេ។ ៣១ ឥឡូវ​ពិភព​លោក​នេះ​កំពុង​ទទួល​ការ​វិនិច្ឆ័យ ហើយ​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​នឹង​ត្រូវ​បណ្ដេញ​ចោល។ ៣២ ក៏​ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​ត្រូវ​គេ​លើក​ឡើង​ពី​ដី ខ្ញុំ​នឹង​ទាញ​នាំ​មនុស្ស​គ្រប់​ប្រភេទ​មក​ឯ​ខ្ញុំ»។ ៣៣ តាម​ពិត លោក​មាន​ប្រសាសន៍​ដូច្នេះ ដើម្បី​បញ្ជាក់​អំពី​របៀប​ដែល​លោក​នឹង​ទទួល​មរណភាព។ ៣៤ ម្ល៉ោះ​ហើយ បណ្ដា​ជន​តប​ទៅ​លោក​ថា៖ «យើង​បាន​ឮ​អ្វី​ដែល​ចែង​ក្នុង​ច្បាប់* ថា គ្រិស្ត​នឹង​ស្ថិត​នៅ​ជា​រៀង​រហូត។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​និយាយ​ថា​កូន​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើង? តើ​កូន​មនុស្ស​នេះ​ជា​អ្នក​ណា?»។ ៣៥ ហេតុ​នេះ​ហើយ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ពន្លឺ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្ដិច​ទៀត​ទេ។ ចូរ​អ្នក​រាល់​គ្នា​ដើរ​កាល​ដែល​នៅ​មាន​ពន្លឺ ដើម្បី​កុំ​ឲ្យ​ភាព​ងងឹត​ឈ្នះ​អ្នក​រាល់​គ្នា​ឡើយ។ ឯ​អ្នក​ណា​ដែល​ដើរ​ក្នុង​ភាព​ងងឹត អ្នក​នោះ​មិន​ដឹង​ថា​ខ្លួន​កំពុង​ទៅ​ឯ​ណា​ទេ។ ៣៦ កាល​ដែល​អ្នក​រាល់​គ្នា​នៅ​មាន​ពន្លឺ ចូរ​បង្ហាញ​ជំនឿ​លើ​ពន្លឺ ដើម្បី​អាច​ទៅ​ជា​កូន​នៃ​ពន្លឺ»។

លុះ​មាន​ប្រសាសន៍​អ្វីៗ​ទាំង​នេះ​ចប់​ហើយ លោក​យេស៊ូ​ក៏​ចេញ​ទៅ ហើយ​លាក់​ខ្លួន​ពី​ពួក​គេ។ ៣៧ ក៏​ប៉ុន្តែ​ទោះ​ជា​លោក​បាន​ធ្វើ​សញ្ញា​សម្គាល់​ជា​ច្រើន​នៅ​មុខ​ពួក​គេ​ក៏​ដោយ ក៏​ពួក​គេ​មិន​ជឿ​លើ​លោក​ឡើយ។ ៣៨ យ៉ាង​នេះ ពាក្យ​របស់​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ត្រូវ​សម្រេច។ ពាក្យ​នោះ​ថា៖ «ព្រះ​យេហូវ៉ា តើ​អ្នក​ណា​បាន​ជឿ​អ្វី​ដែល​យើង​បាន​ឮ? ហើយ​តើ​ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឫទ្ធានុភាព* របស់​លោក​ដល់​អ្នក​ណា?»។ ៣៩ មូលហេតុ​ដែល​ពួក​គេ​មិន​អាច​ជឿ​បាន គឺ​ដោយ​សារ​អេសាយ​បាន​ចែង​ទៀត​ថា៖ ៤០ «លោក​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​ពួក​គេ​ងងឹត ក៏​បាន​ធ្វើ​ឲ្យ​ចិត្ត​របស់​ពួក​គេ​រឹង ដើម្បី​កុំ​ឲ្យ​ពួក​គេ​មើល​ឃើញ​នឹង​ភ្នែក ហើយ​យល់​អត្ថន័យ​និង​ឲ្យ​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​ពួក​គេ រួច​វិល​មក​វិញ ហើយ​ខ្ញុំ​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ»។ ៤១ អេសាយ​បាន​ពោល​អ្វីៗ​ទាំង​នេះ ពីព្រោះ​គាត់​បាន​ឃើញ​សិរី​រុងរឿង​របស់​លោក ក៏​បាន​និយាយ​អំពី​លោក។ ៤២ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​អ្នក​គ្រប់​គ្រង​ជា​ច្រើន​នាក់​បាន​ជឿ​លើ​លោក ក៏​ប៉ុន្តែ​ដោយ​សារ​ពួក​ផារិស៊ី អ្នក​គ្រប់​គ្រង​ទាំង​នោះ​មិន​ហ៊ាន​ទទួល​ស្គាល់​លោក​ទេ ដើម្បី​កុំ​ឲ្យ​គេ​បណ្ដេញ​ចោល​ពី​សាលា​ប្រជុំ ៤៣ ព្រោះ​ពួក​គេ​ស្រឡាញ់​ការ​សរសើរ​របស់​មនុស្ស ជាង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។

៤៤ ក៏​ប៉ុន្តែ​លោក​យេស៊ូ​បាន​ស្រែក​ឡើង​ថា៖ «អ្នក​ណា​ដែល​ជឿ​លើ​ខ្ញុំ អ្នក​នោះ​មិន​មែន​ជឿ​លើ​ខ្ញុំ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជឿ​លើ​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ ៤៥ ហើយ​អ្នក​ណា​ដែល​ឃើញ​ខ្ញុំ អ្នក​នោះ​ក៏​ឃើញ​លោក​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ។ ៤៦ ខ្ញុំ​បាន​មក​ដើម្បី​ធ្វើ​ជា​ពន្លឺ​ក្នុង​ពិភព​លោក​នេះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​ជឿ​លើ​ខ្ញុំ​ស្ថិត​ក្នុង​ភាព​ងងឹត​ត​ទៅ​ទៀត​ឡើយ។ ៤៧ ប៉ុន្តែ​ប្រសិនបើ​អ្នក​ណា​ឮ​ពាក្យ​របស់​ខ្ញុំ ហើយ​មិន​ធ្វើ​តាម​ពាក្យ​ទាំង​នោះ ខ្ញុំ​មិន​វិនិច្ឆ័យ​អ្នក​នោះ​ទេ ព្រោះ​ខ្ញុំ​មិន​បាន​មក​ដើម្បី​វិនិច្ឆ័យ​ពិភព​លោក​ឡើយ តែ​ដើម្បី​សង្គ្រោះ​ពិភព​លោក​វិញ។ ៤៨ មាន​អ្នក​ដែល​នឹង​វិនិច្ឆ័យ​អ្នក​ណា​ដែល​មិន​អើពើ​ចំពោះ​ខ្ញុំ​ហើយ​មិន​ទទួល​ពាក្យ​របស់​ខ្ញុំ។ ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​ជា​អ្វី​ដែល​នឹង​វិនិច្ឆ័យ​អ្នក​នោះ​នៅ​ថ្ងៃ​ចុង​ក្រោយ ៤៩ ពីព្រោះ​ខ្ញុំ​មិន​បាន​និយាយ​ចេញ​ពី​ចិត្ត​របស់​ខ្ញុំ​ទេ ប៉ុន្តែ​បិតា​នៅ​ស្ថាន​សួគ៌​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក បាន​ឲ្យ​បញ្ញត្ដិ​មួយ​មក​ខ្ញុំ​ដោយ​ផ្ទាល់ ស្តី​អំពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​ប្រាប់ និង​អ្វី​ដែល​ខ្ញុំ​ត្រូវ​និយាយ។ ៥០ ម្យ៉ាង​ទៀត ខ្ញុំ​ដឹង​ថា​បញ្ញត្ដិ​របស់​លោក​នាំ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ដូច្នេះ អ្វីៗ​ដែល​ខ្ញុំ​និយាយ នោះ​ខ្ញុំ​និយាយ​ដូច​បិតា​នៅ​ស្ថាន​សួគ៌​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ»។

១៣ មុន​បុណ្យ​រំលង លោក​យេស៊ូ​ដឹង​ថា​គ្រា​ដែល​លោក​ត្រូវ​ចេញ​ពី​ពិភព​លោក​នេះ​ទៅ​ឯ​បិតា​នៅ​ស្ថាន​សួគ៌​បាន​មក​ដល់​ហើយ។ ដោយ​សារ​លោក​ស្រឡាញ់​ពួក​អ្នក​ដែល​ជា​របស់​លោក ដែល​នៅ​ក្នុង​ពិភព​លោក​នេះ នោះ​លោក​ស្រឡាញ់​ពួក​គាត់​រហូត​ដល់​ទី​បំផុត។ ២ ពេល​នោះ មេកំណាច* បាន​ធ្វើ​ឲ្យ​យូដាស​អ៊ីស្ការីយ៉ុត ជា​កូន​ស៊ីម៉ូន មាន​គំនិត​ក្បត់​លោក​រួច​ហើយ។ កាល​ដែល​ពួក​គាត់​កំពុង​បរិភោគ ៣ នោះ​លោក​យេស៊ូ ដែល​ដឹង​ថា​បិតា​នៅ​ស្ថាន​សួគ៌​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ទៅ​ក្នុង​ដៃ​របស់​លោក ហើយ​ដឹង​ថា​លោក​បាន​មក​ពី​ព្រះ ក៏​នឹង​ទៅ​ឯ​ព្រះ​វិញ ៤ បាន​ក្រោក​ឡើង​ពី​តុ ហើយ​ដោះ​សម្លៀក​បំពាក់​ក្រៅ​ចេញ។ រួច​មក លោក​យក​កន្សែង​មក​ក្រវាត់​ចង្កេះ។ ៥ បន្ទាប់​មក លោក​ចាក់​ទឹក​ក្នុង​ចាន​ក្លាំ​ធំ​មួយ ហើយ​ចាប់​ផ្ដើម​លាង​ជើង​របស់​ពួក​អ្នក​កាន់​តាម ក៏​បាន​យក​កន្សែង​ដែល​ក្រវាត់​ចង្កេះ​មក​ជូត​ជើង​ពួក​គាត់​ឲ្យ​ស្ងួត។ ៦ កាល​ដែល​លោក​មក​ឯ​ស៊ីម៉ូន​ពេត្រុស គាត់​និយាយ​ទៅ​លោក​ថា៖ «លោក​ម្ចាស់ តើ​លោក​នឹង​លាង​ជើង​របស់​ខ្ញុំ​ឬ?»។ ៧ លោក​យេស៊ូ​តប​ទៅ​គាត់​ថា៖ «ឥឡូវ​នេះ អ្នក​មិន​យល់​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ទេ ប៉ុន្តែ​បន្ទាប់​ពី​ការ​ទាំង​នេះ អ្នក​នឹង​យល់»។ ៨ ពេត្រុស​និយាយ​ទៅ​កាន់​លោក​ថា៖ «លោក​មិន​ត្រូវ​លាង​ជើង​ខ្ញុំ​ទេ»។ លោក​យេស៊ូ​តប​ទៅ​គាត់​ថា៖ «បើ​ខ្ញុំ​មិន​លាង​ជើង​របស់​អ្នក​ទេ អ្នក​គ្មាន​ចំណែក​ជា​មួយ​នឹង​ខ្ញុំ​ឡើយ»។ ៩ ស៊ីម៉ូន​ពេត្រុស​និយាយ​ទៅ​កាន់​លោក​ថា៖ «លោក​ម្ចាស់ សូម​កុំ​លាង​តែ​ជើង​ខ្ញុំ​ប៉ុណ្ណោះ តែ​សូម​លាង​ទាំង​ដៃ​ទាំង​ក្បាល​របស់ខ្ញុំ​ផង»។ ១០ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អ្នក​ណា​ដែល​បាន​ងូត​ទឹក​ហើយ រូប​កាយ​ទាំង​មូល​របស់​អ្នក​នោះ​គឺ​ស្អាត ដូច្នេះ គាត់​មិន​ត្រូវ​ការ​លាង​អ្វី​ក្រៅ​ពី​ជើង​របស់​គាត់​ប៉ុណ្ណោះ។ ពួក​អ្នក​គឺ​ស្អាត​ហើយ ប៉ុន្តែ​មិន​មែន​គ្រប់​គ្នា​ទេ»។ ១១ លោក​ដឹង​ហើយ​ថា អ្នក​ណា​នឹង​ក្បត់​លោក។ ហេតុ​នោះ​ហើយ​បាន​ជា​លោក​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​មិន​មែន​ស្អាត​គ្រប់​គ្នា​ទេ»។

១២ បន្ទាប់​ពី​លោក​លាង​ជើង​របស់​ពួក​គាត់ ហើយ​ពាក់​សម្លៀក​បំពាក់​ក្រៅ​របស់​លោក នោះ​លោក​បាន​អង្គុយ​នៅ​តុ​ម្ដង​ទៀត ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «តើ​អ្នក​រាល់​គ្នា​យល់​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា​ទេ? ១៣ អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​‹លោក​គ្រូ›​និង​‹លោក​ម្ចាស់› ហើយ​ជា​ការ​ត្រឹម​ត្រូវ​ដែល​អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ដូច្នេះ ព្រោះ​ខ្ញុំ​ជា​គ្រូ​និង​ជា​ម្ចាស់​មែន។ ១៤ ដូច្នេះ ប្រសិនបើ​ខ្ញុំ​បាន​លាង​ជើង​របស់​អ្នក​រាល់​គ្នា ទោះ​បី​ខ្ញុំ​ជា​ម្ចាស់​និង​ជា​គ្រូ​ក៏​ដោយ នោះ​អ្នក​រាល់​គ្នា​ក៏​ត្រូវ​លាង​ជើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ១៥ ព្រោះ​ខ្ញុំ​បាន​ធ្វើ​គំរូ​ឲ្យ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​អ្វីដែល​ខ្ញុំ​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា។ ១៦ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ខ្ញុំ​បម្រើ​គឺ​មិន​ធំ​ជាង​ម្ចាស់​ខ្លួន​ទេ ហើយ​អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ ក៏​មិន​ធំ​ជាង​អ្នក​ដែល​ចាត់​អ្នក​នោះ​ឲ្យ​ទៅ​ដែរ។ ១៧ ប្រសិនបើ​អ្នក​រាល់​គ្នា​ដឹង​ការ​ទាំង​នេះ​ហើយ អ្នក​នឹង​មាន​សុភមង្គល​បើ​ធ្វើ​ការ​ទាំង​នោះ។ ១៨ ខ្ញុំ​មិន​មែន​និយាយ​អំពី​អ្នក​ទាំង​អស់​គ្នា​ទេ ខ្ញុំ​ស្គាល់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស។ ប៉ុន្តែ​នេះ​គឺ​ដើម្បី​សម្រេច​តាម​បទ​គម្ពីរ​ដែល​ចែង​ថា៖ ‹អ្នក​ដែល​ធ្លាប់​បរិភោគ​នំ​ប៉័ង​របស់​ខ្ញុំ បាន​លើក​កែង​ជើង​ទាស់​នឹង​ខ្ញុំ​វិញ›។ ១៩ ឥឡូវ​នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​មុន​ការ​ទាំង​នោះ​កើត​ឡើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ថា ខ្ញុំ​ជា​អ្នក​នោះ កាល​ណា​ការ​ទាំង​នោះ​កើត​ឡើង។ ២០ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​ទទួល​អ្នក​ដែល​ខ្ញុំ​ចាត់​ឲ្យ​ទៅ អ្នក​នោះ​ក៏​ទទួល​ខ្ញុំ​ដែរ។ ឯ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ អ្នក​នោះ​ក៏​ទទួល​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ»។

២១ ក្រោយ​ពី​លោក​យេស៊ូ​មាន​ប្រសាសន៍​អ្វីៗ​ទាំង​នេះ​ហើយ លោក​កើត​ទុក្ខ​ក្នុង​ចិត្ត* ក៏​បញ្ជាក់​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ»។ ២២ ពួក​អ្នក​កាន់​តាម​លោក​ចាប់​ផ្ដើម​មើល​មុខ​គ្នា ដោយ​មិន​ដឹង​ថា​លោក​កំពុង​មាន​ប្រសាសន៍​អំពី​អ្នក​ណា​ឡើយ។ ២៣ មាន​អ្នក​កាន់​តាម​ម្នាក់​របស់​លោក​យេស៊ូ​កំពុង​អង្គុយ​នៅ​ជិត​ដើម​ទ្រូង​របស់​លោក ជា​អ្នក​ដែល​លោក​យេស៊ូ​ស្រឡាញ់។ ២៤ ដូច្នេះ ស៊ីម៉ូន​ពេត្រុស​ធ្វើ​សញ្ញា​ទៅ​អ្នក​នោះ ហើយ​ប្រាប់​គាត់​ថា៖ «សូម​ប្រាប់​យើង​ថា​លោក​កំពុង​មាន​ប្រសាសន៍​អំពី​អ្នក​ណា»។ ២៥ ដូច្នេះ អ្នក​នោះ​ផ្អែក​ខ្លួន​ទៅ​លើ​ទ្រូង​លោក​យេស៊ូ ហើយ​និយាយ​ទៅ​កាន់​លោក​ថា៖ «លោក​ម្ចាស់ តើ​អ្នក​ណា​ទៅ?»។ ២៦ ដូច្នេះ លោក​យេស៊ូ​ឆ្លើយ​ថា៖ «គឺជា​អ្នក​ដែល​ខ្ញុំ​នឹង​ឲ្យ​នំ​ប៉័ង​ដែល​ខ្ញុំ​ជ្រលក់»។ ដូច្នេះ លោក​ក៏​ជ្រលក់​នំ​ប៉័ង​មួយ​ដុំ រួច​ឲ្យ​ទៅ​យូដាស ជា​កូន​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត។ ២៧ បន្ទាប់​ពី​យូដាស​ទទួល​នំ​ប៉័ង​នោះ សាថាន* ក៏​ចូល​គាត់។ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អ្វី​ដែល​អ្នក​កំពុង​ធ្វើ ចូរ​ធ្វើ​ឲ្យ​ឆាប់​ទៅ»។ ២៨ ក៏​ប៉ុន្តែ​ពួក​អ្នក​ដែល​កំពុង​អង្គុយ​នៅ​តុ មិន​ដឹង​មូលហេតុ​ដែល​លោក​មាន​ប្រសាសន៍​ដូច្នេះ​ទៅ​យូដាស​ទេ។ ២៩ ដោយ​សារ​យូដាស​ជា​អ្នក​កាន់​ប្រអប់​ទុក​ប្រាក់ នោះ​អ្នក​ខ្លះ​បាន​នឹក​ស្មានថា​លោក​យេស៊ូ​ប្រាប់​គាត់​ថា៖ «ចូរ​ទៅ​ទិញ​អ្វី​ដែល​យើង​ត្រូវ​ការ​សម្រាប់​បុណ្យ​នេះ» ឬ​ប្រាប់​គាត់​ឲ្យ​ទៅ​ចែក​ប្រាក់​ខ្លះ​ឲ្យ​អ្នក​ក្រ។ ៣០ ម្ល៉ោះ​ហើយ ក្រោយ​ពី​គាត់​បាន​ទទួល​នំ​ប៉័ង​នោះ គាត់​ក៏​ចេញ​ទៅ​ភ្លាម។ ពេល​នោះ​គឺ​យប់​ហើយ។

៣១ ដូច្នេះ ពេល​ដែល​យូដាស​បាន​ចេញ​ទៅ​បាត់​ហើយ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​កូន​មនុស្ស​បាន​ត្រូវ​លើក​តម្កើង ហើយ​ព្រះ​បាន​ត្រូវ​លើក​តម្កើង​តាម​រយៈ​លោក។ ៣២ ហើយ​ព្រះ​នឹង​លើក​តម្កើង​លោក​ដោយ​ផ្ទាល់ ក៏​នឹង​លើក​តម្កើង​លោក​ភ្លាមៗ​។ ៣៣ កូនៗ​អើយ ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្ដិច​ទៀត​ទេ។ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​ឥឡូវ​នេះ​ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់​គ្នា​ដូច​ខ្ញុំ​បាន​ប្រាប់​ជន​ជាតិ​យូដា​ដែរ​ថា៖ ‹កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​មិន​អាច​មក​បាន​ទេ›។ ៣៤ ខ្ញុំ​ឲ្យ​បញ្ញត្ដិ​ថ្មី​មួយ​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ ៣៥ យ៉ាង​នេះ មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា»។

៣៦ ស៊ីម៉ូន​ពេត្រុស​និយាយ​ទៅ​កាន់​លោក​ថា៖ «លោក​ម្ចាស់ តើ​លោក​នឹង​ទៅ​ឯ​ណា?»។ លោក​យេស៊ូ​ឆ្លើយ​ថា៖ «កន្លែង​ដែល​ខ្ញុំ​នឹង​ទៅ អ្នក​មិន​អាច​មក​តាម​ឥឡូវ​នេះ​បាន​ទេ ប៉ុន្តែ​អ្នក​នឹង​មក​នៅ​ពេល​ក្រោយ»។ ៣៧ ពេត្រុស​និយាយ​ទៅ​កាន់​លោក​ថា៖ «លោក​ម្ចាស់ ហេតុ​អ្វី​ខ្ញុំ​មិន​អាច​ទៅ​តាម​លោក​ឥឡូវ​នេះ? ខ្ញុំ​សុខ​ចិត្ត​លះ​បង់​ជីវិត​ដើម្បី​លោក»។ ៣៨ លោក​យេស៊ូ​ឆ្លើយ​ថា៖ «តើ​អ្នក​ពិត​ជា​សុខ​ចិត្ត​លះ​បង់​ជីវិត* ដើម្បី​ខ្ញុំ​ឬ? ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​ថា មាន់​នឹង​មិន​រងាវ​រហូត​ដល់​អ្នក​បាន​បដិសេធ មិន​ទទួល​ស្គាល់​ខ្ញុំ​បី​ដង»។

១៤ «កុំ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ។ ចូរ​បង្ហាញ​ជំនឿ​លើ​ព្រះ ហើយ​បង្ហាញ​ជំនឿ​លើ​ខ្ញុំ​ដែរ។ ២ ក្នុង​លំនៅ​របស់​បិតា​នៃ​ខ្ញុំ​មាន​ទី​អាស្រ័យ​ជា​ច្រើន។ បើ​មិន​ដូច្នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ពីព្រោះ​ខ្ញុំ​នឹង​ទៅ​ដើម្បី​រៀប​ចំ​កន្លែង​មួយ​ឲ្យ​អ្នក​រាល់​គ្នា។ ៣ ម្យ៉ាង​ទៀត ប្រសិនបើ​ខ្ញុំ​ទៅ​រៀបចំ​កន្លែង​មួយ​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​មក​ម្ដង​ទៀត រួច​នឹង​ទទួល​អ្នក​រាល់​គ្នា​មក​ឯ​លំនៅ​របស់​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​ដែរ។ ៤ ឯ​កន្លែង​ដែល​ខ្ញុំ​នឹង​ទៅ អ្នក​រាល់​គ្នា​ស្គាល់​ផ្លូវ​ហើយ»។

៥ ថូម៉ាស់​និយាយ​ទៅ​កាន់​លោក​ថា៖ «លោក​ម្ចាស់ យើង​មិន​ដឹង​ថា​លោក​នឹង​ទៅ​ឯ​ណា​ទេ តើ​យើង​អាច​ស្គាល់​ផ្លូវ​ដូច​ម្ដេច​បាន?»។

៦ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​អ្នក​ណា​អាច​មក​ឯ​បិតា​នៅ​ស្ថាន​សួគ៌​បាន​ឡើយ លើក​លែង​តែ​អ្នក​នោះ​មក​តាម​ខ្ញុំ។ ៧ ប្រសិនបើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​នឹង​ស្គាល់​បិតា​របស់​ខ្ញុំ​ដែរ។ ចាប់​តាំង​ពី​ឥឡូវ​នេះ​ទៅ អ្នក​រាល់​គ្នា​ស្គាល់​លោក ក៏​ឃើញ​លោក»។

៨ ភីលីព​និយាយ​ទៅ​កាន់​លោក​ថា៖ «លោក​ម្ចាស់ សូម​បង្ហាញ​ឲ្យ​យើង​ឃើញ​បិតា​នៅ​ស្ថាន​សួគ៌ នោះ​គ្រប់​គ្រាន់​ហើយ​សម្រាប់​យើង»។

៩ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ភីលីព ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​យូរ​ហើយ តើ​អ្នក​នៅ​តែ​មិន​ស្គាល់​ខ្ញុំ​ឬ? អ្នក​ណា​ដែល​បាន​ឃើញ​ខ្ញុំ អ្នក​នោះ​បាន​ឃើញ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ហើយ។ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​និយាយ​ថា៖ ‹សូម​បង្ហាញ​ឲ្យ​យើង​ឃើញ​បិតា​ដែល​នៅ​ស្ថាន​សួគ៌›​ដូច្នេះ? ១០ តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​បិតា​នៅ​ស្ថាន​សួគ៌ ហើយ​បិតា​នៅ​ស្ថាន​សួគ៌​ក៏​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​ដែរ​ទេ​ឬ? អ្វីៗ​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា ខ្ញុំ​មិន​និយាយ​ចេញ​ពី​ខ្លួន​ខ្ញុំ​ឡើយ ប៉ុន្តែ​បិតា​នៅ​ស្ថាន​សួគ៌​ដែល​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច កំពុង​ធ្វើ​ការ​របស់​លោក។ ១១ ចូរ​ជឿ​ខ្ញុំ​ថា ខ្ញុំ​រួបរួម​ជា​មួយ​នឹង​បិតា​នៅ​ស្ថាន​សួគ៌ ហើយ​បិតា​នៅ​ស្ថាន​សួគ៌​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​ដែរ ឬ​បើ​មិន​ដូច្នោះ ចូរ​ជឿ​ដោយ​សារ​ការ​នោះ​ឯង​ដែល​ខ្ញុំ​បាន​ធ្វើ។ ១២ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​ខ្ញុំ អ្នក​នោះ​នឹង​ធ្វើ​ការ​ដែល​ខ្ញុំ​ធ្វើដែរ ក៏​នឹង​ធ្វើ​ការ​ដ៏​ធំ​ជាង​នោះ​ទៅ​ទៀត ពីព្រោះ​ខ្ញុំ​នឹង​ទៅ​ឯ​បិតា​ដែល​នៅ​ស្ថាន​សួគ៌។ ១៣ ម្យ៉ាង​ទៀត អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​សុំ​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ នោះ​ខ្ញុំ​នឹង​ធ្វើ ដើម្បី​ឲ្យ​បិតា​នៅ​ស្ថាន​សួគ៌​ទទួល​ការ​លើក​តម្កើង​តាម​រយៈ​បុត្រ​របស់​លោក។ ១៤ ប្រសិនបើ​អ្នក​រាល់​គ្នា​សុំ​អ្វី​ក៏​ដោយ ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ នោះ​ខ្ញុំ​នឹង​ធ្វើ។

១៥ «ប្រសិនបើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​នឹង​ប្រព្រឹត្ត​តាម​បញ្ញត្ដិ​របស់​ខ្ញុំ ១៦ ហើយ​ខ្ញុំ​នឹង​សុំ​បិតា​ដែល​នៅ​ស្ថាន​សួគ៌ រួច​លោក​នឹង​ឲ្យ​អ្នក​ជួយ​មួយ* ទៀត​ដល់​អ្នក​រាល់​គ្នា ដែល​នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រៀង​រហូត ១៧ ពោល​គឺ​សកម្មពល* ដែល​សម្ដែង​ពី​សេចក្ដី​ពិត។ ពិភព​លោក​នេះ​មិន​អាច​ទទួល​សកម្មពល​នោះ​បាន​ទេ ពីព្រោះ​ពិភព​លោក​នេះ​មិន​ឃើញ​ហើយ​មិន​ស្គាល់​សកម្មពល​នោះ។ អ្នក​រាល់​គ្នា​ស្គាល់​សកម្មពល​នោះ ពីព្រោះ​នោះ​នៅ​ជាប់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ក៏​នៅ​ក្នុង​អ្នក​រាល់​គ្នា​ទៀត​ផង។ ១៨ ខ្ញុំ​នឹង​មិន​ទុក​ឲ្យ​អ្នក​រាល់​គ្នា​នៅ​កំព្រា​ឡើយ។ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា។ ១៩ បន្ដិច​ទៀត​ពិភព​លោក​នេះ​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ ប៉ុន្តែ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ ពីព្រោះ​ខ្ញុំ​រស់ ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​រស់​ដែរ។ ២០ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា​ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​បិតា​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ ហើយ​ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ។ ២១ អ្នក​ណា​ដែល​មាន​បញ្ញត្ដិ​របស់​ខ្ញុំ​ហើយ​ប្រព្រឹត្ត​តាម អ្នក​នោះ​ស្រឡាញ់​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​ពី​បិតា​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ក៏​នឹង​បង្ហាញ​ខ្លួន​ជា​ចំហ​ឲ្យ​អ្នក​នោះ​ឃើញ»។

២២ យូដាស (មិន​មែន​អ៊ីស្ការីយ៉ុត​ទេ) បាន​និយាយ​ទៅ​កាន់​លោក​ថា៖ «លោក​ម្ចាស់ តើ​អ្វី​បាន​កើត​ឡើង​បាន​ជា​លោក​នឹង​បង្ហាញ​ខ្លួន​ជា​ចំហ​ឲ្យ​យើង​ឃើញ តែ​មិន​បង្ហាញ​ខ្លួន​ឲ្យ​ពិភព​លោក​ឃើញ?»។

២៣ លោក​យេស៊ូ​តប​ទៅ​គាត់​ថា៖ «ប្រសិនបើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​ប្រព្រឹត្ត​តាម​ពាក្យ​របស់​ខ្ញុំ ហើយ​បិតា​របស់​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ រួច​យើង​នឹង​មក​ឯ​អ្នក​នោះ ហើយ​តាំង​លំនៅ​ជា​មួយ​នឹង​គាត់។ ២៤ អ្នក​ណា​ដែល​មិន​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​ប្រព្រឹត្ត​តាម​ពាក្យ​របស់​ខ្ញុំ​ឡើយ ហើយ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​កំពុង​ស្ដាប់ មិន​មែន​ជា​ពាក្យ​របស់​ខ្ញុំ​ទេ ប៉ុន្តែ​ជា​បណ្ដាំ​របស់​បិតា​នៅ​ស្ថាន​សួគ៌​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។

២៥ «កាល​ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ខ្ញុំ​បាន​ប្រាប់​អ្វីៗ​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា។ ២៦ ប៉ុន្តែ​អ្នក​ជួយ* ដែល​ជា​សកម្មពល​បរិសុទ្ធ​របស់​ព្រះ ដែល​បិតា​នៅ​ស្ថាន​សួគ៌​នឹង​ចាត់​ឲ្យ​មក​ក្នុង​ឈ្មោះ​ខ្ញុំ នឹង​បង្រៀន​អ្នក​រាល់​គ្នា​នូវ​អ្វីៗ​ទាំង​អស់ ហើយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​នឹក​ឃើញ​អ្វីៗ​ដែល​ខ្ញុំ​បាន​ប្រាប់។ ២៧ ខ្ញុំ​បន្សល់​សេចក្ដី​សុខសាន្ត​ទុក​ឲ្យ​អ្នក​រាល់​គ្នា។ ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​នូវ​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ។ ខ្ញុំ​មិន​ឲ្យ​តាម​របៀប​ដែល​ពិភព​លោក​នេះ​ឲ្យ​ទេ។ កុំ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ ហើយ​កុំ​មាន​ចិត្ត​រួញរា​ដែរ។ ២៨ អ្នក​រាល់​គ្នា​បាន​ឮ​ខ្ញុំ​និយាយ​ថា ខ្ញុំ​នឹង​ទៅ រួច​នឹង​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​វិញ។ ប្រសិនបើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រេក​អរ​ដោយ​សារ​ខ្ញុំ​ទៅ​ឯ​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ពីព្រោះ​បិតា​នៅ​ស្ថាន​សួគ៌​គឺ​ធំ​ជាង​ខ្ញុំ។ ២៩ ដូច្នេះ ឥឡូវ​នេះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​មុន​ការ​ទាំង​នោះ​កើត​ឡើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជឿ ពេល​ដែល​ការ​ទាំង​នោះ​កើត​ឡើង។ ៣០ ខ្ញុំ​នឹង​មិន​និយាយ​ច្រើន​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ទៀត​ឡើយ ព្រោះ​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​ជិត​មក​ដល់​ហើយ។ អ្នក​នោះ​មិន​មាន​អំណាច​លើ​ខ្ញុំ​ទេ ៣១ ប៉ុន្តែ​ដើម្បី​ឲ្យ​ពិភព​លោក​នេះ​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​បិតា​នៅ​ស្ថាន​សួគ៌ ខ្ញុំ​កំពុង​ធ្វើ​អ្វី​ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​បង្គាប់​ខ្ញុំ​ឲ្យ​ធ្វើ។ ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ចេញ​ពី​ទី​នេះ​ទៅ។

១៥ «ខ្ញុំ​ជា​វល្លិ​ទំពាំង​បាយ​ជូរ​ដ៏​ពិត ហើយ​បិតា​របស់​ខ្ញុំ​ជា​អ្នក​ដាំ។ ២ មែក​ណា​របស់​ខ្ញុំ​ដែល​មិន​មាន​ផល​ផ្លែ មែក​នោះ​នឹង​ត្រូវ​លោក​យក​ចេញ ឯ​មែក​ណា​ដែល​មាន​ផល​ផ្លែ មែក​នោះ​នឹង​ត្រូវ​លោក​សម្អាត* ដើម្បី​អាច​មាន​ផលផ្លែ​ថែម​ទៀត។ ៣ អ្នក​រាល់​គ្នា​គឺ​ស្អាត​ហើយ ដោយ​សារ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា។ ៤ ចូរ​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច ហើយ​ខ្ញុំ​នឹង​រួប​រួម​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។ បើ​មែក​ទំពាំង​បាយ​ជូរ​មិន​នៅ​ជាប់​នឹង​ដើម​ទេ នោះ​វា​មិន​អាច​មាន​ផល​ផ្លែ​បាន​ឡើយ។ អ្នក​រាល់​គ្នា​ក៏​នឹង​ដូច្នេះ​ដែរ បើ​មិន​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច។ ៥ ខ្ញុំ​ជា​វល្លិ​ទំពាំង​បាយ​ជូរ ហើយ​អ្នក​រាល់​គ្នា​ជា​មែក។ បើ​អ្នក​ណា​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច ហើយ​ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​អ្នក​នោះ អ្នក​នោះ​មាន​ផល​ផ្លែ​ជា​ច្រើន ពីព្រោះ​បើ​មិន​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​អ្វី​សោះ​ឡើយ។ ៦ ប្រសិនបើ​អ្នក​ណា​មិន​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច អ្នក​នោះ​ជា​មែក​ដែល​នឹង​ត្រូវ​បោះចោល ក៏​នឹង​ក្រៀម​ស្វិត ហើយ​គេ​នឹង​ប្រមូល​មែក​ទាំង​នោះ រួច​បោះ​ក្នុង​ភ្លើង​ឲ្យ​ឆេះ​អស់​ទៅ។ ៧ ប្រសិនបើ​អ្នក​រាល់​គ្នា​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច ហើយ​ពាក្យ​របស់​ខ្ញុំ​ក៏​នៅ​ជាប់​ក្នុង​ចិត្ត​អ្នក​រាល់គ្នា​ជា​និច្ច​ដែរ នោះ​បើ​អ្នក​រាល់​គ្នា​សុំ​អ្វី​ក៏​ដោយ ការ​នោះ​នឹង​កើត​ឡើង​ចំពោះ​អ្នក​រាល់​គ្នា។ ៨ បិតា​របស់​ខ្ញុំ​ទទួល​ការ​លើក​តម្កើង​ដោយ​ការ​នេះ​ឯង ពោល​គឺ អ្នក​រាល់​គ្នា​មាន​ផល​ផ្លែ​ជា​ច្រើន​ជា​និច្ច ហើយ​បញ្ជាក់​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ។ ៩ ដូច​បិតា​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​ខ្ញុំ ហើយ​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់​គ្នា ចូរ​រក្សា​ខ្លួន​ជា​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់។ ១០ ប្រសិនបើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​បង្គាប់​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នឹង​រក្សា​ខ្លួន​ជា​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់ ដូច​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​បង្គាប់​របស់​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ហើយ​ក៏​រក្សា​ខ្លួន​ជា​អ្នក​ដែល​លោក​ស្រឡាញ់​ដែរ។

១១ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​អ្វីៗ​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណរ​ពេញ​ខ្នាត​ដូច​ខ្ញុំ​ដែរ។ ១២ នេះ​ជា​បង្គាប់​របស់​ខ្ញុំ ពោល​គឺ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ ១៣ គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​ជាង​អ្នក​ដែល​លះ​បង់​ជីវិត* ដើម្បី​មិត្ត​សម្លាញ់​របស់​ខ្លួន​ឡើយ។ ១៤ អ្នក​រាល់​គ្នា​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ ប្រសិនបើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​បង្គាប់​របស់​ខ្ញុំ។ ១៥ ខ្ញុំ​មិន​ហៅ​អ្នក​រាល់​គ្នា​ថា​ខ្ញុំ​បម្រើ​ទៀត​ឡើយ ពីព្រោះ​ខ្ញុំ​បម្រើ​មិន​ដឹង​ថា​ម្ចាស់​របស់​ខ្លួន​ធ្វើ​អ្វី​ទេ។ ប៉ុន្តែ​ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​មិត្ត​សម្លាញ់ ពីព្រោះ​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឮ​ពី​បិតា​របស់​ខ្ញុំ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា។ ១៦ អ្នក​រាល់​គ្នា​មិន​បាន​ជ្រើស​រើស​ខ្ញុំ​ទេ តែ​ខ្ញុំ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា​វិញ ក៏​បាន​តែង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាន​ផល​ផ្លែ​ត​ទៅ​ទៀត ពោល​គឺ​ផល​ផ្លែ​ដែល​ស្ថិតស្ថេរ ដើម្បី​ឲ្យ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ផ្ដល់​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​សុំ​ដោយ​នូវ​ឈ្មោះ​ខ្ញុំ។

១៧ «ការ​ទាំង​នេះ​ជា​បង្គាប់​របស់​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ១៨ ប្រសិនបើ​ពិភព​លោក​នេះ​ស្អប់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ដឹង​ថា​គេ​បាន​ស្អប់​ខ្ញុំ មុន​គេ​ស្អប់​អ្នក​រាល់​គ្នា។ ១៩ ប្រសិនបើ​អ្នក​រាល់​គ្នា​រួម​ចំណែក​ក្នុង​ពិភព​លោក នោះ​ពិភព​លោក​នឹង​ស្រឡាញ់​អ្នក​រាល់​គ្នា ពីព្រោះ​អ្នក​រាល់​គ្នា​នៅ​ខាង​គេ។ តែ​ឥឡូវ អ្នក​រាល់​គ្នា​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ឡើយ ហើយ​ខ្ញុំ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា​ចេញ​ពី​ពិភព​លោក ហេតុ​នេះ​ហើយ​បាន​ជា​ពិភព​លោក​ស្អប់​អ្នក​រាល់​គ្នា។ ២០ ចូរ​ចង​ចាំ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​បម្រើ​មិន​មែន​ធំ​ជាង​ម្ចាស់​ខ្លួន​ទេ។ ប្រសិនបើ​ពួក​គេ​បាន​បៀតបៀន​ខ្ញុំ នោះ​ពួក​គេ​នឹង​បៀតបៀន​អ្នក​រាល់​គ្នា​ដែរ។ ប្រសិនបើ​ពួក​គេ​បាន​ប្រព្រឹត្ត​តាម​ពាក្យ​របស់​ខ្ញុំ នោះ​ពួក​គេ​នឹង​ប្រព្រឹត្ត​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ។ ២១ ប៉ុន្តែ​ពួក​គេ​នឹង​ធ្វើ​ការ​ទាំង​អស់​នេះ​ទាស់​នឹង​អ្នក​រាល់​គ្នា ដោយ​សារ​ឈ្មោះ​ខ្ញុំ ពីព្រោះ​ពួក​គេ​មិន​ស្គាល់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទេ។ ២២ ប្រសិនបើ​ខ្ញុំ​មិន​បាន​មក​និយាយ​ជា​មួយ​នឹង​ពួក​គេ នោះ​ពួក​គេ​គ្មាន​ភាព​ខុស​ឆ្គង​ទេ។ ប៉ុន្តែ​ឥឡូវ ពួក​គេ​មិន​អាច​ដោះ​សា​អំពី​ភាព​ខុស​ឆ្គង​របស់​ពួក​គេ​បាន​ឡើយ។ ២៣ អ្នក​ណា​ដែល​ស្អប់​ខ្ញុំ អ្នក​នោះ​ក៏​ស្អប់​បិតា​របស់​ខ្ញុំ​ដែរ។ ២៤ ប្រសិនបើ​ក្នុង​ចំណោម​ពួក​គេ ខ្ញុំ​មិន​បាន​ធ្វើ​ការ​ដែល​គ្មាន​អ្នក​ណា​ផ្សេង​បាន​ធ្វើ នោះ​ពួក​គេ​គ្មាន​ភាព​ខុស​ឆ្គង​ទេ។ ប៉ុន្តែ​ឥឡូវ ពួក​គេ​បាន​ឃើញ ក៏​បាន​ស្អប់​ខ្ញុំ​ព្រម​ទាំង​បិតា​របស់​ខ្ញុំ។ ២៥ ប៉ុន្តែ​នេះ​គឺ​ដើម្បី​សម្រេច​តាម​អ្វី​ដែល​ចែង​ក្នុង​ច្បាប់* របស់​ពួក​គេ​ថា៖ ‹ពួក​គេ​បាន​ស្អប់​ខ្ញុំ ដោយ​គ្មាន​មូលហេតុ›។ ២៦ ខ្ញុំ​នឹង​ចាត់​អ្នក​ជួយ* ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា​ពី​បិតា​នៅ​ស្ថាន​សួគ៌ គឺ​សកម្មពល* របស់​ព្រះ ដែល​សម្ដែង​ពី​សេចក្ដី​ពិត ហើយ​ដែល​ចេញ​ពី​បិតា​នៅ​ស្ថាន​សួគ៌​មក។ ពេល​ដែល​អ្នក​ជួយ​មក​ដល់ អ្នក​នោះ​នឹង​បញ្ជាក់​អំពី​ខ្ញុំ ២៧ ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ ពីព្រោះ​អ្នក​រាល់​គ្នា​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ​តាំង​ពី​ដើម​ដំបូង។

១៦ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​នូវ​អ្វីៗ​ទាំង​នេះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ជំពប់​ដួល។ ២ គេ​នឹង​បណ្ដេញ​ចោល​អ្នក​រាល់​គ្នា​ពី​សាលា​ប្រជុំ ក៏​នឹង​មាន​គ្រា​មក​ដល់ ដែល​អស់​អ្នក​ដែល​សម្លាប់​អ្នក​រាល់​គ្នា​នឹង​នឹក​ស្មានថា​ពួក​គេ​ធ្វើ​ដូច្នោះ​ជា​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​ព្រះ។ ៣ ប៉ុន្តែ​ពួក​គេ​នឹង​ធ្វើ​ការ​ទាំង​នេះ ពីព្រោះ​ពួក​គេ​មិន​ស្គាល់​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ហើយ​ក៏​មិន​ស្គាល់​ខ្ញុំ​ដែរ។ ៤ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ការ​ទាំង​នេះ ដើម្បី​នៅ​ពេល​វេលា​សម្រាប់​ការ​ទាំង​នេះ​មក​ដល់ អ្នក​រាល់​គ្នា​នឹង​នឹក​ឃើញ​ថា​ខ្ញុំ​បាន​ប្រាប់​អំពី​ការ​ទាំង​នេះ​រួច​ហើយ។

«ក៏​ប៉ុន្តែ​ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ការ​ទាំង​នេះ​នៅ​ដើម​ដំបូង​ទេ ពីព្រោះ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។ ៥ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​នឹង​ទៅ​ឯ​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​ម្នាក់​សួរ​ខ្ញុំ​ទេ​ថា៖ ‹តើ​លោក​នឹង​ទៅ​ឯ​ណា?›។ ៦ តែ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ពោរ​ពេញ​ទៅ​ដោយ​ក្ដី​ទុក្ខ​ព្រួយ ដោយ​សារ​ខ្ញុំ​បាន​ប្រាប់​អ្វីៗ​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា។ ៧ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ខ្ញុំ​នឹង​ចេញ​ទៅ​ដើម្បី​ប្រយោជន៍​អ្នក​រាល់​គ្នា ព្រោះ​ប្រសិនបើ​ខ្ញុំ​មិន​ចេញ​ទៅ​ទេ នោះ​អ្នក​ជួយ* នឹង​មិន​មក​ឯ​អ្នក​រាល់​គ្នា​ឡើយ។ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ទៅ នោះ​ខ្ញុំ​នឹង​ចាត់​គាត់​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា។ ៨ កាល​ដែល​អ្នក​នោះ​មក​ដល់ គាត់​នឹង​ផ្ដល់​ភ័ស្តុតាង​ដែល​នាំ​ឲ្យ​ជឿ​ជាក់​ដល់​ពិភព​លោក ស្តី​អំពី​ភាព​ខុស​ឆ្គង ស្តី​អំពី​សេចក្ដី​សុចរិត និង​ស្តី​អំពី​ការ​វិនិច្ឆ័យ៖ ៩ មុន​បង្អស់ ស្តី​អំពី​ភាព​ខុស​ឆ្គង ពីព្រោះ​ពួក​គេ​មិន​បង្ហាញ​ជំនឿ​លើ​ខ្ញុំ​ទេ ១០ បន្ទាប់​មក ស្តី​អំពី​សេចក្ដី​សុចរិត ពីព្រោះ​ខ្ញុំ​នឹង​ទៅ​ឯ​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ហើយ​អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត ១១ រួច​មក ស្តី​អំពី​ការ​វិនិច្ឆ័យ ពីព្រោះ​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​បាន​ត្រូវ​វិនិច្ឆ័យ​ហើយ។

១២ «ខ្ញុំ​នៅ​មាន​រឿង​ជា​ច្រើន​ដែល​ចង់​ប្រាប់​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​មិន​អាច​យល់​បាន​ឡើយ។ ១៣ ក៏​ប៉ុន្តែ​ពេល​ដែល​អ្នក​ជួយ​មក​ដល់ ពោល​គឺ​សកម្មពល* របស់​ព្រះ ដែល​សម្ដែង​ពី​សេចក្ដី​ពិត គាត់​នឹង​ដឹក​នាំ​អ្នក​រាល់​គ្នា ដោយ​ជួយ​ឲ្យ​យល់​សេចក្ដី​ពិត​យ៉ាង​ពេញ​លេញ ព្រោះ​គាត់​នឹង​មិន​និយាយ​ចេញ​ពី​ខ្លួន​គាត់​ទេ ប៉ុន្តែ​អ្វី​ដែល​គាត់​ឮ គាត់​នឹង​និយាយ ហើយ​គាត់​នឹង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​អំពី​ការ​ដែល​នឹង​មក​ដល់។ ១៤ អ្នក​នោះ​នឹង​លើក​តម្កើង​ខ្ញុំ ពីព្រោះ​គាត់​នឹង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​នូវ​អ្វី​ដែល​គាត់​ទទួល​ពី​ខ្ញុំ។ ១៥ អ្វីៗ​ទាំង​អស់​ដែល​បិតា​នៅ​ស្ថាន​សួគ៌​មាន ជា​របស់​ខ្ញុំ។ ហេតុ​នេះ​ហើយ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា គាត់​នឹង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​នូវ​អ្វី​ដែល​គាត់​ទទួល​ពី​ខ្ញុំ។ ១៦ បន្ដិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ហើយ រួច​បន្ដិច​ទៀត​អ្នក​រាល់​គ្នា​ក៏​នឹង​ឃើញ​ខ្ញុំ»។

១៧ ដូច្នេះ ពួក​អ្នក​កាន់​តាម​ខ្លះ​របស់​លោក​និយាយ​គ្នា​ថា៖ «តើ​មាន​ន័យ​ដូច​ម្ដេច​ពេល​ដែល​លោក​មាន​ប្រសាសន៍​មក​យើង​ថា៖ ‹បន្ដិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ហើយ រួច​បន្ដិច​ទៀត​អ្នក​រាល់​គ្នា​ក៏​នឹង​ឃើញ​ខ្ញុំ› ហើយ ‹ពីព្រោះ​ខ្ញុំ​នឹង​ទៅ​ឯ​បិតា​ដែល​នៅ​ស្ថាន​សួគ៌›?»។ ១៨ ម្ល៉ោះ​ហើយ ពួក​គាត់​និយាយ​គ្នា​ថា៖ «តើ​មាន​ន័យ​ដូច​ម្ដេច​ពេល​លោក​មាន​ប្រសាសន៍​ថា៖ ‹បន្ដិច​ទៀត›? យើង​មិន​ដឹង​ថា​លោក​ចង់​មាន​ប្រសាសន៍​អំពី​អ្វី​ទេ»។ ១៩ លោក​យេស៊ូ​ជ្រាប​ថា​ពួក​គាត់​ចង់​សួរ​លោក ដូច្នេះ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «តើ​អ្នក​រាល់​គ្នា​កំពុង​សួរ​គ្នា​ដោយ​សារ​ខ្ញុំ​បាន​និយាយ​ថា​បន្ដិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ហើយ រួច​បន្ដិច​ទៀត​អ្នក​រាល់​គ្នា​ក៏​នឹង​ឃើញ​ខ្ញុំ​ឬ? ២០ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​រាល់​គ្នា​នឹង​ទ្រហោ​យំ ប៉ុន្តែ​ពិភព​លោក​នេះ​នឹង​ត្រេក​អរ អ្នក​រាល់​គ្នា​នឹង​កើត​ទុក្ខ ប៉ុន្តែ​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​នឹង​ប្រែ​ទៅ​ជា​អំណរ​វិញ។ ២១ ពេល​ដែល​ស្ត្រី​កំពុង​សម្រាល​កូន នាង​មាន​ទុក្ខ ពីព្រោះ​វេលា​របស់​នាង​បាន​មក​ដល់​ហើយ។ ប៉ុន្តែ​ពេល​ដែល​បាន​សម្រាល​កូន​ខ្ចី​នោះ​រួច​ហើយ នាង​មិន​នឹក​ឃើញ​ពី​សេចក្ដី​វេទនា​នោះ​ត​ទៅ​ទៀត​ទេ ពីព្រោះ​នាង​មាន​អំណរ​ដោយ​សារ​មាន​មនុស្ស​ម្នាក់​កើត​មក​ក្នុង​ពិភព​លោក។ ២២ ឥឡូវ​នេះ​អ្នក​រាល់​គ្នា​ក៏​មាន​ទុក្ខ​ព្រួយ​ដែរ ប៉ុន្តែ​ខ្ញុំ​នឹង​ឃើញ​អ្នក​រាល់​គ្នា​ម្ដង​ទៀត ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​អរ​សប្បាយ ហើយ​គ្មាន​អ្នក​ណា​នឹង​យក​អំណរ​នេះ​ចេញ​ពី​អ្នក​រាល់​គ្នា​ទេ ២៣ ហើយ​នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​មិន​សួរ​ខ្ញុំ​នូវ​សំណួរ​ណា​មួយ​ឡើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ប្រសិនបើ​អ្នក​រាល់​គ្នា​សុំ​អ្វី​ក៏​ដោយ​ពី​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​លោក​នឹង​ឲ្យ​អ្នក​រាល់​គ្នា។ ២៤ មក​ទល់​ពេល​នេះ អ្នក​រាល់​គ្នា​មិន​បាន​សុំ​អ្វី​មួយ​សោះ​ដោយ​នូវ​ឈ្មោះ​ខ្ញុំ។ ចូរ​សុំ ហើយ​អ្នក​នឹង​ទទួល ដើម្បី​ឲ្យ​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពេញ​ខ្នាត។

២៥ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​នូវ​អ្វីៗ​ទាំង​នេះ​ដោយ​ប្រើ​ពាក្យ​ប្រៀប​ប្រដូច។ តែ​នឹង​មាន​គ្រា​មក​ដល់ ដែល​ខ្ញុំ​នឹង​មិន​និយាយ​ដោយ​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​ទៀត​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​រៀប​រាប់​ប្រាប់​អ្នក​រាល់​គ្នា​យ៉ាង​ចំៗ​អំពី​បិតា​ដែល​នៅ​ស្ថាន​សួគ៌។ ២៦ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​សុំ​ដោយ​នូវ​ឈ្មោះ​ខ្ញុំ។ ខ្ញុំ​មិន​មែន​និយាយ​ថា​ខ្ញុំ​នឹង​សុំ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ដើម្បី​អ្នក​រាល់​គ្នា​ទេ ២៧ ព្រោះ​បិតា​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​អ្នក​រាល់​គ្នា ពីព្រោះ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ក៏​ជឿ​ថា​ខ្ញុំ​បាន​មក​ជា​តំណាង​របស់​បិតា​នៅ​ស្ថាន​សួគ៌។ ២៨ ខ្ញុំ​បាន​មក​ពី​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ហើយ​បាន​ចូល​ក្នុង​ពិភព​លោក។ ម្យ៉ាង​ទៀត ខ្ញុំ​នឹង​ចេញ​ពី​ពិភព​លោក​ហើយ​នឹង​ទៅ​ឯ​បិតា​ដែល​នៅ​ស្ថាន​សួគ៌»។

២៩ ពួក​អ្នក​កាន់​តាម​លោក​បាន​និយាយ​ថា៖ «មើល! ឥឡូវ​លោក​កំពុង​មាន​ប្រសាសន៍​យ៉ាង​ចំៗ ហើយ​មិន​មាន​ប្រសាសន៍​ដោយ​ពាក្យ​ប្រៀប​ប្រដូច​ទេ។ ៣០ ឥឡូវ​យើង​ដឹង​ថា​លោក​ជ្រាប​នូវ​អ្វីៗ​ទាំង​អស់ ក៏​មិន​ត្រូវ​ការ​អ្នក​ណា​សួរ​លោក​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ជឿ​ថា​លោក​បាន​មក​ពី​ព្រះ»។ ៣១ លោក​យេស៊ូ​តប​ទៅ​ពួក​គាត់​ថា៖ «តើ​អ្នក​រាល់​គ្នា​ជឿ​ឥឡូវ​នេះ​ឬ? ៣២ មើល! នឹង​មាន​គ្រា​មក​ដល់ តាម​ពិត​គ្រា​នោះ​បាន​មក​ដល់​ហើយ ពេល​ដែល​អ្នក​រាល់​គ្នា​នឹង​ខ្ចាត់​ខ្ចាយ​ទៅ​ផ្ទះ​រៀង​ខ្លួន ហើយ​នឹង​ទុក​ខ្ញុំ​ឲ្យ​នៅ​ម្នាក់​ឯង។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​មិន​មែន​នៅ​ម្នាក់​ឯង​ទេ ពីព្រោះ​បិតា​នៅ​ស្ថាន​សួគ៌​នៅ​ជា​មួយ​នឹង​ខ្ញុំ។ ៣៣ ខ្ញុំ​បាន​ប្រាប់​អ្វីៗ​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សុខសាន្ត​ដោយ​សារ​ខ្ញុំ។ ក្នុង​ពិភព​លោក អ្នក​រាល់​គ្នា​មាន​សេចក្ដី​វេទនា ប៉ុន្តែ​ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! ខ្ញុំ​បាន​ឈ្នះ​ពិភព​លោក​ហើយ»។

១៧ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អ្វីៗ​ទាំង​នេះ ហើយ​បាន​ងើប​ភ្នែក​មើល​ទៅ​ស្ថាន​សួគ៌ រួច​មាន​ប្រសាសន៍​ថា៖ «បិតា​អើយ វេលា​បាន​មក​ដល់​ហើយ។ សូម​តម្កើង​បុត្រ​លោក ដើម្បី​ឲ្យ​បុត្រ​លោក​អាច​តម្កើង​លោក​ដែរ ២ ដោយ​សារ​លោក​បាន​ប្រគល់​ឲ្យ​បុត្រ​លោក​មាន​អំណាច​លើ​មនុស្ស​ទាំង​អស់ ដើម្បី​បុត្រ​លោក​អាច​ឲ្យ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​អស់​អ្នក​ដែល​លោក​បាន​ផ្ដល់​ឲ្យ​បុត្រ​លោក។ ៣ ដើម្បី​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ពួក​គាត់​ត្រូវ​ស្គាល់​លោក​ដែល​ជា​ព្រះ​ពិត​តែ​មួយ​ឲ្យ​បាន​ច្បាស់ ព្រម​ទាំង​យេស៊ូ​គ្រិស្ត ដែល​លោក​បាន​ចាត់​ឲ្យ​មក។ ៤ ខ្ញុំ​បាន​តម្កើង​លោក​នៅ​ផែនដី ដោយ​បាន​បង្ហើយ​កិច្ចការ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​ធ្វើ។ ៥ ដូច្នេះ បិតា​អើយ ឥឡូវ​នេះ​សូម​តម្កើង​ខ្ញុំ ពោល​គឺ​ឲ្យ​ខ្ញុំ​នៅ​ក្បែរ​លោក​ដោយ​មាន​សិរី​រុងរឿង​ដែល​ខ្ញុំ​ធ្លាប់​មាន​នៅ​ក្បែរ​លោក កាល​មិន​ទាន់​មាន​ពិភព​លោក​នៅ​ឡើយ។

៦ «ខ្ញុំ​បាន​សម្ដែង​នាម​របស់​លោក​ឲ្យ​ពួក​បុរស​ដែល​លោក​បាន​យក​ចេញ​ពី​ពិភព​លោក​រួច​ប្រគល់​ឲ្យ​ខ្ញុំ។ ពួក​គាត់​ជា​របស់​លោក ហើយ​លោក​បាន​ប្រគល់​ពួក​គាត់​ឲ្យ​ខ្ញុំ។ ពួក​គាត់​បាន​ប្រព្រឹត្ត​តាម​បណ្ដាំ​របស់​លោក។ ៧ ឥឡូវ​ពួក​គាត់​ដឹង​ថា អ្វីៗ​ទាំង​អស់​ដែល​លោក​បាន​ប្រគល់​ឲ្យ​ខ្ញុំ សុទ្ធ​តែ​មក​ពី​លោក ៨ ពីព្រោះ​គ្រប់​ទាំង​ប្រសាសន៍​ដែល​លោក​បាន​ឲ្យ​ខ្ញុំ នោះ​ខ្ញុំ​បាន​ឲ្យ​ពួក​គាត់ ហើយ​ពួក​គាត់​បាន​ទទួល​ប្រសាសន៍​ទាំង​នោះ ក៏​ដឹង​ប្រាកដ​ថា​ខ្ញុំ​បាន​មក​ជា​តំណាង​របស់​លោក ហើយ​ពួក​គាត់​ជឿ​ថា​លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ៩ ខ្ញុំ​សូម​ធ្វើ​សំណូម​ពរ​អំពី​ពួក​គាត់។ ខ្ញុំ​មិន​ធ្វើ​សំណូម​ពរ​អំពី​ពិភព​លោក​ទេ ប៉ុន្តែ​អំពី​អស់​អ្នក​ដែល​លោក​បាន​ឲ្យ​ខ្ញុំ ពីព្រោះ​ពួក​គាត់​ជា​របស់​លោក ១០ អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​មាន ជា​របស់​លោក ហើយ​អ្វីៗ​ដែល​លោក​មាន ជា​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ត្រូវ​តម្កើង​ក្នុង​ចំណោម​ពួក​គាត់។

១១ «ម្យ៉ាង​ទៀត ខ្ញុំ​មិន​នៅ​ក្នុង​ពិភព​លោក​ទៀត​ទេ ប៉ុន្តែ​ពួក​គាត់​នៅ​ក្នុង​ពិភព​លោក តែ​ចំណែក​ខ្ញុំ ខ្ញុំ​នឹង​ទៅ​ឯ​លោក។ បិតា​បរិសុទ្ធ​អើយ សូម​ការពារ​ពួក​គាត់ ដើម្បី​នាម​របស់​លោក​ដែល​លោក​បាន​ឲ្យ​ខ្ញុំ ដើម្បី​ឲ្យ​ពួក​គាត់​រួម​គ្នា​តែ​មួយ​ដូច​យើង​រួម​គ្នា​តែ​មួយ​ដែរ។ ១២ ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​ពួក​គាត់ ខ្ញុំ​ធ្លាប់​ការពារ​ពួក​គាត់ ដើម្បី​នាម​របស់​លោក​ដែល​លោក​បាន​ឲ្យ​ខ្ញុំ។ ខ្ញុំ​ក៏​បាន​រក្សា​ទុក​ពួក​គាត់ ហើយ​គ្មាន​ពួក​គាត់​ណា​ម្នាក់​បាន​បាត់បង់​ឡើយ លើក​លែង​តែ​អ្នក​នោះ​ដែល​នឹង​ត្រូវ​បំផ្លាញ ដើម្បី​ឲ្យ​បទ​គម្ពីរ​បាន​សម្រេច។ ១៣ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​នឹង​ទៅ​ឯ​លោក ហើយ​ខ្ញុំ​កំពុង​និយាយ​អ្វីៗ​ទាំង​នេះ​ក្នុង​ពិភព​លោក ដើម្បី​ឲ្យ​ពួក​គាត់​ពោរ​ពេញ​ទៅ​ដោយ​អំណរ​របស់​ខ្ញុំ។ ១៤ ខ្ញុំ​បាន​ឲ្យ​បណ្ដាំ​របស់​លោក​ដល់​ពួក​គាត់ ប៉ុន្តែ​ពិភព​លោក​បាន​ស្អប់​ពួក​គាត់ ពីព្រោះ​ពួក​គាត់​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ទេ ដូច​ខ្ញុំ​ក៏​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ដែរ។

១៥ «ខ្ញុំ​មិន​សុំ​លោក​យក​ពួក​គាត់​ចេញ​ពី​ពិភព​លោក​ទេ ប៉ុន្តែ​ខ្ញុំ​សុំ​លោក​ការពារ​ពួក​គាត់ ឲ្យ​រួច​ពី​មេកំណាច។ ១៦ ពួក​គាត់​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ទេ ដូច​ខ្ញុំ​ក៏​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ដែរ។ ១៧ សូម​ញែក​ពួក​គាត់​ចេញ​ជា​បរិសុទ្ធ ដោយ​សារ​សេចក្ដី​ពិត។ ឯ​បណ្ដាំ​របស់​លោក​ជា​សេចក្ដី​ពិត។ ១៨ ខ្ញុំ​បាន​ចាត់​ពួក​គាត់​ឲ្យ​ទៅ​ក្នុង​ពិភព​លោក ដូច​លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ក្នុង​ពិភព​លោក ១៩ ហើយ​ខ្ញុំ​កំពុង​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ដើម្បី​ពួក​គាត់ ដើម្បី​ឲ្យ​ពួក​គាត់​បាន​ត្រូវ​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ​សារ​សេចក្ដី​ពិត។

២០ «ខ្ញុំ​មិន​ធ្វើ​សំណូម​ពរ​អំពី​ពួក​គាត់​ប៉ុណ្ណោះ តែ​ក៏​ធ្វើ​សំណូម​អំពី​អស់​អ្នក​ណា​ដែល​ជឿ​លើ​ខ្ញុំ ដោយ​សារ​ពាក្យ​របស់​ពួក​គាត់​ផង​ដែរ ២១ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​រួមគ្នាតែ​មួយ ដូច​លោក​ដែល​ជា​បិតា រួប​រួម​ជា​មួយ​នឹង​ខ្ញុំ ហើយ​ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​លោក ដើម្បី​ពួក​គេ​ក៏​អាច​រួប​រួម​ជា​មួយ​នឹង​យើង​ដែរ ដើម្បី​ឲ្យ​ពិភព​លោក​ជឿ​ថា​លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ២២ ម្យ៉ាង​ទៀត ខ្ញុំ​បាន​តម្កើង​ពួក​គាត់ ដូច​លោក​បាន​តម្កើង​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​ពួក​គាត់​រួម​គ្នា​តែ​មួយ ដូច​យើង​រួម​គ្នា​តែ​មួយ។ ២៣ ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​ពួក​គាត់ ហើយ​លោក​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ ដើម្បី​ឲ្យ​ពួក​គាត់​បាន​រួម​គ្នា​តែ​មួយ​យ៉ាង​ពិត​ប្រាកដ ដើម្បី​ឲ្យ​ពិភព​លោក​ដឹង​ថា លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ហើយ​ដឹង​ថា​លោក​ស្រឡាញ់​ពួក​គាត់​ដូច​លោក​ស្រឡាញ់​ខ្ញុំ​ដែរ។ ២៤ បិតា​អើយ ខ្ញុំ​ធ្វើ​សំណូម​អំពី​ពួក​អ្នក​ដែល​លោក​បាន​ប្រគល់​ឲ្យ​ខ្ញុំ។ ខ្ញុំ​ប្រាថ្នា​ឲ្យ​ពួក​គាត់​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ ដើម្បី​ឃើញ​សិរី​រុងរឿង​របស់​ខ្ញុំ​ដែល​លោក​បាន​ឲ្យ​ខ្ញុំ ពីព្រោះ​លោក​បាន​ស្រឡាញ់​ខ្ញុំ​មុន​កំណើត​ពិភព​លោក។ ២៥ បិតា​សុចរិត​អើយ ពិភព​លោក​នេះ​ពិត​ជា​មិន​ស្គាល់​លោក​ទេ ប៉ុន្តែ​ខ្ញុំ​ស្គាល់​លោក ហើយ​អ្នក​ទាំង​នេះ​ដឹង​ថា​លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ២៦ ហើយ​ខ្ញុំ​បាន​សម្ដែង​ឲ្យ​ពួក​គាត់​ស្គាល់​នាម​របស់​លោក ក៏​នឹង​សម្ដែង​ឲ្យ​ស្គាល់​ត​ទៅ​ទៀត ដើម្បី​ឲ្យ​ពួក​គាត់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​សេចក្ដី​ស្រឡាញ់​ដែល​លោក​មាន​ចំពោះ​ខ្ញុំ ហើយ​ដើម្បី​ឲ្យ​ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​ពួក​គាត់»។

១៨ លុះ​មាន​ប្រសាសន៍​អ្វីៗ​ទាំង​នេះ​ចប់​ហើយ លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​បាន​ឆ្លង​ជ្រលង​គីដ្រុន​ទៅ​សួន​ច្បារ​មួយ។ ២ យូដាស ដែល​ជា​អ្នក​ក្បត់​លោក ក៏​បាន​ស្គាល់​កន្លែង​នោះ​ដែរ ពីព្រោះ​លោក​យេស៊ូ​ធ្លាប់​ជួប​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម​លោក​នៅ​ទី​នោះ​ជា​ច្រើន​ដង។ ៣ ដូច្នេះ យូដាស​បាន​នាំ​កង​ទាហាន និង​ពួក​អាជ្ញាធរ​នៃ​ពួក​សង្ឃនាយក​និង​ពួក​ផារិស៊ី មក​ទី​នោះ​ទាំង​កាន់​ចន្លុះ ចង្កៀង និង​អាវុធ។ ៤ ម្ល៉ោះ​ហើយ ដោយ​សារ​លោក​យេស៊ូ​ជ្រាប​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​ដល់​លោក នោះ​លោក​បាន​ចេញ​មក​ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​កំពុង​រក​អ្នក​ណា?»។ ៥ ពួក​គេ​ឆ្លើយ​ថា៖ «យេស៊ូ​ពី​ក្រុង​ណាសារ៉ែត»។ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​នេះ​ហើយ​ជា​អ្នក​នោះ»។ ឯ​យូដាស ដែល​ជា​អ្នក​ក្បត់​លោក កំពុង​ឈរ​ជា​មួយ​នឹង​ពួក​គេ​ដែរ។

៦ ក៏​ប៉ុន្តែ​ពេល​ដែល​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​នេះ​ហើយ​ជា​អ្នក​នោះ» ពួក​គេ​ក៏​ថយ​ក្រោយ ហើយ​ដួល​ដល់​ដី។ ៧ ដូច្នេះ លោក​សួរ​ពួក​គេ​ម្ដង​ទៀត​ថា៖ «តើ​អ្នក​រាល់​គ្នា​កំពុង​រក​អ្នក​ណា?» ពួក​គេ​ឆ្លើយ​ថា៖ «យេស៊ូ​ពី​ក្រុង​ណាសារ៉ែត»។ ៨ លោក​យេស៊ូ​តប​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ​ថា ខ្ញុំ​នេះ​ហើយ​ជា​អ្នក​នោះ។ ដូច្នេះ ប្រសិនបើ​អ្នក​រាល់​គ្នា​កំពុង​រក​ខ្ញុំ ចូរ​ឲ្យ​អ្នក​ទាំង​នេះ​ទៅ​ចុះ» ៩ ដើម្បី​សម្រេច​ពាក្យ​របស់​លោក​ដែល​ថា៖ «ខ្ញុំ​មិន​បាន​បាត់បង់​អ្នក​ណា​ម្នាក់​ពី​ចំណោម​ពួក​អ្នក​ដែល​លោក​បាន​ប្រគល់​ឲ្យ​ខ្ញុំ​ទេ»។

១០ បន្ទាប់​មក ដោយ​សារ​ស៊ីម៉ូន​ពេត្រុស​មាន​ដាវ គាត់​ក៏​ហូត​ដាវ​នោះ​កាប់​ដាច់​ស្លឹក​ត្រចៀក​ស្ដាំ​របស់​ខ្ញុំ​បម្រើ​សម្ដេច​សង្ឃ។ ខ្ញុំ​បម្រើ​នោះ​ឈ្មោះ​ម៉ាលឃូស។ ១១ ក៏​ប៉ុន្តែ​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពេត្រុស​ថា៖ «ចូរ​ស៊ក​ដាវ​ក្នុង​ស្រោម​វិញ។ តើ​ខ្ញុំ​មិន​គួរ​ផឹក​ពី​ពែង* ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​ឲ្យ​ខ្ញុំ​ទេ​ឬ?»។

១២ រួច​មក កង​ទាហាន មេ​បញ្ជាការ និង​ពួក​អាជ្ញាធរ​នៃ​ជន​ជាតិ​យូដា​បាន​ចាប់​ចង​លោក​យេស៊ូ ១៣ ហើយ​មុន​ដំបូង​ពួក​គេ​នាំ​លោក​ទៅ​ឯ​អេណាស ព្រោះ​គាត់​ជា​ឪពុក​ក្មេក​របស់​កៃផាស ដែល​ជា​សម្ដេច​សង្ឃ​នៅ​ឆ្នាំ​នោះ។ ១៤ កៃផាស​ជា​អ្នក​ដែល​បាន​ឲ្យ​យោបល់​ដល់​ជន​ជាតិ​យូដា​ថា គឺ​មាន​ប្រយោជន៍​ដល់​ពួក​គេ​បើ​មនុស្ស​ម្នាក់​ស្លាប់​ដើម្បី​បណ្ដា​ជន។

១៥ ស៊ីម៉ូន​ពេត្រុស​និង​អ្នក​កាន់​តាម​ម្នាក់​ទៀត​កំពុង​ដើរ​តាម​លោក​យេស៊ូ។ សម្ដេច​សង្ឃ​ស្គាល់​អ្នក​កាន់​តាម​នោះ ដូច្នេះ អ្នក​នោះ​បាន​ចូល​ទី​ធ្លា​ផ្ទះ​របស់​សម្ដេច​សង្ឃ​ជា​មួយ​នឹង​លោក​យេស៊ូ ១៦ ប៉ុន្តែ​ពេត្រុស​កំពុង​ឈរ​នៅ​ខាង​ក្រៅ​នៅ​ឯ​មាត់​ទ្វារ។ ដូច្នេះ អ្នក​កាន់​តាម​ដែល​សម្ដេច​សង្ឃ​ស្គាល់ បាន​ចេញ​ទៅ​និយាយ​ជា​មួយ​នឹង​អ្នក​យាម​ទ្វារ រួច​បាន​នាំ​ពេត្រុស​ចូល​ក្នុង។ ១៧ ពេល​នោះ ស្ត្រី​អ្នក​បម្រើ​ដែល​ជា​អ្នក​យាម​ទ្វារ​បាន​និយាយ​ទៅ​កាន់​ពេត្រុស​ថា៖ «តើ​អ្នក​ជា​អ្នក​កាន់​តាម​ម្នាក់​របស់​បុរស​នេះ​ដែរ​ឬ?» គាត់​និយាយ​ថា៖ «មិន​មែន​ទេ»។ ១៨ ពួក​ខ្ញុំ​បម្រើ​និង​ពួក​អាជ្ញាធរ​បាន​យក​ធ្យូង​មក​បង្កាត់​ភ្លើង ហើយ​កំពុង​ឈរ​អាំង​ភ្លើង​ដោយ​សារ​មាន​អាកាសធាតុ​ត្រជាក់។ ពេត្រុស​ក៏​បាន​ឈរ​អាំង​ភ្លើង​ជា​មួយ​នឹង​ពួក​គេ​ដែរ។

១៩ រួច​មក សង្ឃនាយក​បាន​សួរ​លោក​យេស៊ូ​អំពី​ពួក​អ្នក​កាន់​តាម​និង​សេចក្ដី​បង្រៀន​របស់​លោក។ ២០ លោក​យេស៊ូ​ឆ្លើយ​ថា៖ «ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ពិភព​លោក​ជា​ចំហ។ ខ្ញុំ​តែង​តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ​និង​ក្នុង​វិហារ ជា​កន្លែង​ដែល​ជន​ជាតិ​យូដា​ទាំង​ឡាយ​ជួប​ជុំ​គ្នា ហើយ​ខ្ញុំ​មិន​ដែល​និយាយ​ដោយ​សម្ងាត់​ទេ។ ២១ ហេតុ​អ្វី​អ្នក​សួរ​ខ្ញុំ? ចូរ​សួរ​អ្នក​ដែល​បាន​ឮ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ពួក​គេ។ មើល! ពួក​គេ​ដឹង​នូវ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ»។ ២២ លុះ​មាន​ប្រសាសន៍​ចប់​ហើយ អាជ្ញាធរ​ម្នាក់​ដែល​ឈរ​នៅ​ក្បែរ បាន​ទះ​កំផ្លៀង​លោក​យេស៊ូ ក៏​និយាយ​ថា៖ «តើ​អ្នក​ឯង​ហ៊ាន​តប​ទៅ​សង្ឃនាយក​ដូច្នេះ​ឬ?»។ ២៣ លោក​យេស៊ូ​តប​ទៅ​គាត់​ថា៖ «ប្រសិនបើ​ខ្ញុំ​បាន​និយាយ​ខុស ចូរ​បញ្ជាក់​ថា​ខ្ញុំ​បាន​និយាយ​ខុស​កន្លែង​ណា ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​និយាយ​ត្រូវ ហេតុ​អ្វី​អ្នក​វាយ​ខ្ញុំ?»។ ២៤ រួច​មក អេណាស​បញ្ជូន​លោក​ទាំង​ជាប់​ចំណង​ទៅ​ឯ​កៃផាស ដែល​ជា​សម្ដេច​សង្ឃ។

២៥ ឯ​ស៊ីម៉ូន​ពេត្រុស កំពុង​ឈរ​អាំង​ភ្លើង។ ពេល​នោះ​ពួក​គេ​និយាយ​ទៅ​កាន់​គាត់​ថា៖ «តើ​អ្នក​ជា​អ្នក​កាន់​តាម​ម្នាក់​របស់​គាត់​ដែរ​ឬ?»។ គាត់​បដិសេធ​ដោយ​និយាយ​ថា៖ «មិន​មែន​ទេ»។ ២៦ ខ្ញុំ​បម្រើ​ម្នាក់​របស់​សម្ដេច​សង្ឃ ដែល​ជា​សាច់​ញាតិ​របស់​បុរស​ដែល​ត្រូវ​ពេត្រុស​កាប់​ដាច់​ស្លឹក​ត្រចៀក​បាន​និយាយ​ថា៖ «ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​សួន​ច្បារ​ជា​មួយ​នឹង​គាត់​ដែរ មែន​ទេ?»។ ២៧ ក៏​ប៉ុន្តែ​ពេត្រុស​បដិសេធ​ម្ដង​ទៀត ហើយ​រំពេច​នោះ​មាន់​ក៏​រងាវ​ឡើង។

២៨ បន្ទាប់​មក ពួក​គេ​នាំ​លោក​យេស៊ូ​ចេញ​ពី​កៃផាស​ទៅ​វិមាន​របស់​អភិបាល។ ពេល​នោះ​ព្រលឹម​ហើយ ប៉ុន្តែ​ពួក​គេ​មិន​ចូល​ក្នុង​វិមាន​របស់​អភិបាល​ទេ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ត្រូវ​ស្មោកគ្រោក ហើយ​មិន​អាច​បរិភោគ​អាហារ​បុណ្យ​រំលង​បាន។ ២៩ ដូច្នេះ ពីឡាត​ក៏​ចេញ​មក​ក្រៅ​ហើយ​និយាយ​ទៅ​កាន់​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​បុរស​នេះ​អំពី​បទ​អ្វី?»។ ៣០ ពួក​គេ​តប​ទៅ​គាត់​ថា៖ «ប្រសិនបើ​បុរស​នេះ​មិន​បាន​ធ្វើ​អ្វី​ខុស យើង​មិន​ប្រគល់​គាត់​ឲ្យ​លោក​ទេ»។ ៣១ ដូច្នេះ ពីឡាត​និយាយ​ទៅ​កាន់​ពួក​គេ​ថា៖ «ចូរ​យក​គាត់​ទៅ​វិនិច្ឆ័យ​តាម​ច្បាប់​របស់​អ្នក​រាល់​គ្នា​ចុះ»។ ជន​ជាតិ​យូដា​និយាយ​ទៅ​កាន់​គាត់​ថា៖ «យើង​គ្មាន​ច្បាប់​សម្លាប់​អ្នក​ណា​ទេ»។ ៣២ នោះ​គឺ​ដើម្បី​សម្រេច​តាម​ពាក្យ​របស់​លោក​យេស៊ូ​ដែល​បាន​មាន​ប្រសាសន៍​ស្តី​អំពី​របៀប​ដែល​លោក​នឹង​ទទួល​មរណភាព។

៣៣ ដូច្នេះ ពីឡាត​ចូល​ក្នុង​វិមាន​របស់​អភិបាល​ម្ដង​ទៀត រួច​ហៅ​លោក​យេស៊ូ ហើយ​និយាយ​ទៅ​កាន់​លោក​ថា៖ «តើ​អ្នក​ជា​ស្តេច​នៃ​ជន​ជាតិ​យូដា​ឬ?»។ ៣៤ លោក​យេស៊ូ​ឆ្លើយ​ថា៖ «តើ​អ្នក​និយាយ​ដូច្នេះ​ចេញ​ពី​ខ្លួន​អ្នក​ឬ? ឬ​ក៏​តើ​អ្នក​ឯ​ទៀត​បាន​ប្រាប់​អ្នក​អំពី​ខ្ញុំ?»។ ៣៥ ពីឡាត​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​មែន​ជា​ជន​ជាតិ​យូដា​ទេ មែន​ទេ? ជន​រួម​ជាតិ​របស់​អ្នក​និង​ពួក​សង្ឃនាយក​បាន​ប្រគល់​អ្នក​ឲ្យ​ខ្ញុំ។ តើ​អ្នក​បាន​ធ្វើ​អ្វី?»។ ៣៦ លោក​យេស៊ូ​ឆ្លើយ​ថា៖ «រាជាណាចក្រ​របស់​ខ្ញុំ​មិន​មែន​ជា​របស់​ពិភព​លោក​នេះ​ទេ។ ប្រសិនបើ​រាជាណាចក្រ​របស់​ខ្ញុំ​ជា​របស់​ផង​ពិភព​លោក​នេះ ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​បាន​តយុទ្ធ​ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​ប្រគល់​ឲ្យ​ជន​ជាតិ​យូដា។ ប៉ុន្តែ​រាជាណាចក្រ​របស់​ខ្ញុំមិន​មែន​មក​ពី​ពិភព​លោក​នេះ​ទេ»។ ៣៧ ម្ល៉ោះ​ហើយ ពីឡាត​និយាយ​ទៅ​កាន់​លោក​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ជា​ស្តេច​ឬ?»។ លោក​យេស៊ូ​ឆ្លើយ​ថា៖ «គឺ​អ្នក​ហើយ​ដែល​និយាយ​ថា​ខ្ញុំ​ជា​ស្តេច។ ខ្ញុំ​បាន​កើត​មក ក៏​បាន​ចូល​ក្នុង​ពិភព​លោក​ដើម្បី​ការ​នោះ​ឯង ពោល​គឺ​ដើម្បី​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​សេចក្ដី​ពិត។ អស់​អ្នក​ណា​ដែល​នៅ​ខាង​សេចក្ដី​ពិត អ្នក​នោះ​ស្ដាប់​សំឡេង​ខ្ញុំ»។ ៣៨ ពីឡាត​និយាយ​ទៅ​កាន់​លោក​ថា៖ «តើ​សេចក្ដី​ពិត​ជា​អ្វី?»។

លុះ​និយាយ​ចប់​ហើយ គាត់​ក៏​ចេញ​ទៅ​ម្ដង​ទៀត ហើយ​និយាយ​ទៅ​កាន់​ជន​ជាតិ​យូដា​ថា៖ «ខ្ញុំ​មិន​ឃើញ​ថា​គាត់​មាន​កំហុស​អ្វី​ទេ។ ៣៩ ម្យ៉ាង​ទៀត អ្នក​រាល់​គ្នា​មាន​ទម្លាប់​ឲ្យ​ខ្ញុំ​ដោះ​លែង​បុរស​ម្នាក់​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ឱកាស​បុណ្យ​រំលង។ ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​ស្តេច​នៃ​ជន​ជាតិ​យូដា​ឲ្យ​អ្នក​រាល់​គ្នា​ឬ?»។ ៤០ រួច​ពួក​គេ​ស្រែក​ឡើង​ម្ដង​ទៀត​ថា៖ «មិន​មែន​បុរស​នោះ​ទេ! សូម​ដោះ​លែង​បារ៉ាបាស​វិញ!»។ ឯ​បារ៉ាបាស​ជា​ចោរ​ប្លន់។

១៩ ដូច្នេះ នៅ​ពេល​នោះ ពីឡាត​យក​លោក​យេស៊ូ​ទៅ​វាយ​នឹង​រំពាត់​ខ្សែតី។ ២ រួច​ពួក​ទាហាន​យក​បន្លា​មក​ក្រង​ធ្វើ​ជា​មកុដ​មួយ​បំពាក់​លើ​ក្បាល​លោក ហើយ​យក​សម្លៀក​បំពាក់​ក្រៅ​ពណ៌​ស្វាយ​មក​បំពាក់​ឲ្យ​លោក​ដែរ។ ៣ បន្ទាប់​មក ពួក​គេ​ចូល​មក​ជិត​លោក​ហើយ​និយាយ​ថា៖ «ស្តេច​នៃ​ជន​ជាតិ​យូដា​អើយ! សូម​ឲ្យ​លោក​បាន​សុខ​សប្បាយ!» ហើយ​ក៏​ទះ​កំផ្លៀង​លោក។ ៤ ក្រោយ​មក ពីឡាត​ចេញ​ទៅ​ក្រៅ​ម្ដង​ទៀត​ហើយ​និយាយ​ទៅ​កាន់​ជន​ជាតិ​យូដា​ថា៖ «មើល! ខ្ញុំ​នាំ​គាត់​ចេញ​មក​ឯ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា​ខ្ញុំ​មិន​ឃើញ​ថា​គាត់​មាន​កំហុស​អ្វី​ទេ»។ ៥ ដូច្នេះ លោក​យេស៊ូ​ចេញ​មក​ក្រៅ​ទាំង​មាន​មកុដ​បន្លា​លើ​ក្បាល​និង​សម្លៀក​បំពាក់​ពណ៌​ស្វាយ​នោះ។ រួច​គាត់​និយាយ​ទៅ​កាន់​ពួក​គេ​ថា៖ «មើល! គឺ​បុរស​នេះ​ហើយ!»។ ៦ ក៏​ប៉ុន្តែ​ពេល​ដែល​ពួក​សង្ឃនាយក​និង​ពួក​អាជ្ញាធរ​ឃើញ​លោក ពួក​គេ​ស្រែក​ឡើង​ថា៖ «ព្យួរ​គាត់​ទៅ! ព្យួរ​គាត់​ទៅ!»។ ពីឡាត​និយាយ​ទៅ​កាន់​ពួក​គេ​ថា៖ «ចូរ​យក​គាត់​ទៅ​ព្យួរ​ដោយ​ខ្លួន​អ្នក​ចុះ ព្រោះ​ខ្ញុំ​មិន​ឃើញ​ថា​គាត់​មាន​កំហុស​អ្វី​ទេ»។ ៧ ជន​ជាតិ​យូដា​តប​ថា៖ «យើង​មាន​ច្បាប់ ហើយ​យោង​ទៅ​តាម​ច្បាប់​នោះ​គាត់​គួរតែ​ស្លាប់ ពីព្រោះ​គាត់​អះ​អាង​ថា​គាត់​ជា​បុត្រ​ព្រះ»។

៨ ឮ​ដូច្នេះ ពីឡាត​ក៏​ខ្លាច​ជាង​មុន ៩ រួច​បាន​ចូល​ក្នុង​វិមាន​របស់​អភិបាល​ម្ដង​ទៀត ហើយ​និយាយ​ទៅ​កាន់​លោក​យេស៊ូ​ថា៖ «តើ​អ្នក​មក​ពី​ណា?» ប៉ុន្តែ​លោក​យេស៊ូ​មិន​ឆ្លើយ​ទេ។ ១០ ដូច្នេះ ពីឡាត​និយាយ​ទៅ​កាន់​លោក​ថា៖ «តើ​អ្នក​មិន​និយាយ​ជា​មួយ​នឹង​ខ្ញុំ​ទេ​ឬ? តើ​អ្នក​មិន​ដឹង​ថា ខ្ញុំ​មាន​អំណាច​ដោះ​លែង​អ្នក ហើយ​ក៏​មាន​អំណាច​ព្យួរ​អ្នក​ទេ​ឬ?»។ ១១ លោក​យេស៊ូ​តប​ទៅ​គាត់​ថា៖ «អ្នក​នឹង​គ្មាន​អំណាច​ធ្វើ​អ្វី​ទាស់​នឹង​ខ្ញុំ​សោះ ប្រសិនបើ​អ្នក​មិន​បាន​ទទួល​ពី​ស្ថាន​លើ។ ហេតុ​នេះ​បុរស​ដែល​បាន​ប្រគល់​ខ្ញុំ​ឲ្យ​អ្នក បាន​ធ្វើ​ខុស​ធ្ងន់​ជាង»។

១២ ម្ល៉ោះ​ហើយ ពីឡាត​ខំ​រិះ​រក​វិធី​ដើម្បី​ដោះ​លែង​លោក។ ប៉ុន្តែ​ជន​ជាតិ​យូដា​ស្រែក​ឡើង​ថា៖ «ប្រសិនបើ​លោក​ដោះ​លែង​បុរស​នេះ លោក​មិន​មែន​ជា​មិត្ត​របស់​សេសារ* ទេ។ អ្នក​ណា​ដែល​លើក​ខ្លួន​ជា​ស្តេច អ្នក​នោះ​និយាយ​ប្រឆាំង​សេសារ»។ ១៣ ដូច្នេះ ក្រោយ​ពី​ពីឡាត​ឮ​ពាក្យ​ទាំង​នេះ គាត់​ក៏​យក​លោក​យេស៊ូ​ចេញ​មក​ក្រៅ រួច​អង្គុយ​នៅ​កន្លែង​វិនិច្ឆ័យ​ក្ដី​ដែល​ហៅ​ថា ទី​លាន​ក្រាល​ថ្ម ប៉ុន្តែ​ភាសា​ហេប្រឺ​ហៅ​ថា​កាប្បាថា។ ១៤ ឯ​ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប​ចំ​សម្រាប់​បុណ្យ​រំលង* ប្រហែល​នៅ​ម៉ោង​ទី​ប្រាំមួយ។* គាត់​និយាយ​ទៅ​កាន់​ជន​ជាតិ​យូដា​ថា៖ «មើល! ស្តេច​របស់​អ្នក​រាល់​គ្នា!»។ ១៥ ក៏​ប៉ុន្តែ​ពួក​គេ​ស្រែក​ឡើង​ថា៖ «យក​គាត់​ចេញ! យក​គាត់​ចេញ! ព្យួរ​គាត់​ទៅ!» ពីឡាត​និយាយ​ទៅ​កាន់​ពួក​គេ​ថា៖ «តើ​ឲ្យ​ខ្ញុំ​ព្យួរ​ស្តេច​របស់​អ្នក​រាល់​គ្នា​ឬ?» ពួក​សង្ឃនាយក​ឆ្លើយ​ថា៖ «យើង​គ្មាន​ស្តេច​ក្រៅ​ពី​សេសារ​ទេ»។ ១៦ ដូច្នេះ នៅ​ពេល​នោះ​គាត់​ប្រគល់​លោក​ទៅ​ឲ្យ​គេ​ព្យួរ។

រួច​ពួក​គេ​ក៏​នាំ​យក​លោក​យេស៊ូ​ទៅ។ ១៧ លោក​ចេញ​ទៅ​កន្លែង​ហៅ​ថា​លលាដ៍​ក្បាល ដែល​ភាសា​ហេប្រឺ​ហៅ​ថា​កុលកូថា ដោយ​លី​បង្គោល​ទារុណកម្ម* ខ្លួន​លោក ១៨ ហើយ​គេ​ព្យួរ​លោក​នៅ​ទី​នោះ ក៏​ព្យួរ​បុរស​ពីរ​នាក់​ទៀត​ជា​មួយ​នឹង​លោក ដោយ​ព្យួរ​ម្នាក់​ម្ខាង ប៉ុន្តែ​លោក​យេស៊ូ​នៅ​កណ្ដាល។ ១៩ ពីឡាត​សរសេរ​ប្រកាស​មួយ​ហើយ​បិទ​លើ​បង្គោល​ទារុណកម្ម។ ប្រកាស​នោះ​ថា៖ «យេស៊ូ​ពី​ក្រុង​ណាសារ៉ែត ជា​ស្តេច​នៃ​ជន​ជាតិ​យូដា»។ ២០ ដូច្នេះ ជន​ជាតិ​យូដា​ជា​ច្រើន​នាក់​បាន​អាន​ប្រកាស​នោះ ដោយ​សារ​កន្លែង​ដែល​គេ​បាន​ព្យួរ​លោក​យេស៊ូ​គឺ​នៅ​ជិត​ក្រុង ហើយ​ប្រកាស​នោះ​បាន​ត្រូវ​សរសេរ​ជា​ភាសា​ហេប្រឺ ឡាតាំង និង​ក្រិច។ ២១ ក៏​ប៉ុន្តែ​ពួក​សង្ឃនាយក​នៃ​ជន​ជាតិ​យូដា តាំង​និយាយ​ទៅ​កាន់​ពីឡាត​ថា៖ «សូម​កុំ​សរសេរ​ថា​‹ស្តេច​នៃ​ជន​ជាតិ​យូដា› ប៉ុន្តែ​សរសេរ​ថា គាត់​បាន​និយាយ​ថា៖ ‹ខ្ញុំ​ជា​ស្តេច​នៃ​ជន​ជាតិ​យូដា›»។ ២២ ពីឡាត​តប​ថា៖ «ខ្ញុំ​សរសេរ​យ៉ាង​ណា ត្រូវ​ទុក​យ៉ាង​នោះ»។

២៣ ក្រោយ​ពី​ពួក​ទាហាន​បាន​ព្យួរ​លោក​យេស៊ូ​រួច​ហើយ ពួក​គេ​យក​សម្លៀក​បំពាក់​ក្រៅ​របស់​លោក រួច​ចែក​ជា​បួន​ផ្នែក ដោយ​ទាហាន​ម្នាក់ៗ​បាន​មួយ​ផ្នែក ក៏​យក​សម្លៀក​បំពាក់​ក្នុង​របស់​លោក​ដែរ។ ប៉ុន្តែ​សម្លៀក​បំពាក់​ក្នុង​គ្មាន​ថ្នេរ​ឡើយ ព្រោះ​បាន​ត្រូវ​ត្បាញ​ពី​លើ​ចុះ​មក។ ២៤ ដូច្នេះ ពួក​គេ​និយាយ​គ្នា​ថា៖ «កុំ​ហែក​សម្លៀក​បំពាក់​នោះ ប៉ុន្តែ​យើង​នាំ​គ្នា​ចាប់​ឆ្នោត​ដើម្បី​ដឹង​ថា​អ្នក​ណា​នឹង​បាន​វា»។ នេះ​គឺ​ដើម្បី​សម្រេច​តាម​បទ​គម្ពីរ​ដែល​ចែង​ថា៖ «ពួក​គេ​បាន​យក​សម្លៀក​បំពាក់​ក្រៅ​របស់​ខ្ញុំ​ហើយ​ចែក​គ្នា ក៏​បាន​ចាប់​ឆ្នោត​យក​សម្លៀក​បំពាក់​របស់​ខ្ញុំ»។ ម្ល៉ោះ​ហើយ ពួក​ទាហាន​បាន​ធ្វើ​ការ​ទាំង​នេះ​ពិត​មែន។

២៥ ក៏​ប៉ុន្តែ​ម្ដាយ​របស់​លោក​យេស៊ូ ប្អូន​ស្រី​របស់​ម្ដាយ​លោក ម៉ារៀ​ដែល​ជា​ប្រពន្ធ​របស់​ក្លូប៉ាស និង​ម៉ារៀ​ម៉ាក់ដាឡេន ឈរ​នៅ​ក្បែរ​បង្គោល​ទារុណកម្ម​របស់​លោក។ ២៦ ដូច្នេះ កាល​ដែល​លោក​យេស៊ូ​ឃើញ​ម្ដាយ​លោក និង​អ្នក​កាន់​តាម​ដែល​លោក​ស្រឡាញ់​ឈរ​នៅ​ក្បែរ នោះ​លោក​មាន​ប្រសាសន៍​ទៅ​ម្ដាយ​លោក​ថា៖ «មើល! កូន​របស់​អ្នក!»។ ២៧ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​អ្នក​កាន់​តាម​នោះ​ថា៖ «មើល! ម្ដាយ​របស់​អ្នក!» រួច​ចាប់​ពី​ពេល​នោះ​ទៅ អ្នក​កាន់​តាម​នោះ​បាន​យក​នាង​ទៅ​ផ្ទះ​របស់​គាត់។

២៨ ក្រោយ​មក ពេល​ដែល​លោក​យេស៊ូ​ជ្រាប​ថា​ការ​ទាំង​អស់​បាន​សម្រេច​ហើយ នោះ​ដើម្បី​សម្រេច​តាម​បទ​គម្ពីរ លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ស្រេក​ទឹក»។ ២៩ មាន​ភាជនៈ​មួយ​នៅ​ទី​នោះ​ដែល​ពេញ​ទៅ​ដោយ​ស្រា​ជូរ។ ដូច្នេះ គេ​បាន​ជ្រលក់​ប្រដាប់​ជក់​ទឹក​ក្នុង​ស្រា​ជូរ រួច​ដាក់​លើ​ចុង​ដើម​ហ៊ីសុប ក៏​យក​ទៅ​ដាក់​ដល់​មាត់​របស់​លោក។ ៣០ លុះ​បាន​ភ្លក់​ស្រា​ជូរ​នោះ​ហើយ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖ «ការ​ទាំង​អស់​បាន​សម្រេច​ហើយ!» រួច​លោក​ឱន​ក្បាល​ផុត​ដង្ហើម* ទៅ។

៣១ ក្រោយ​មក ជន​ជាតិ​យូដា​បាន​សុំ​ពីឡាត​បំបាក់​ជើង​របស់​ពួក​អ្នក​ដែល​នៅ​ជាប់​បង្គោល​ទារុណកម្ម ហើយ​យក​សព​របស់​ពួក​គេ​ចេញ ពីព្រោះ​នោះ​ជា​ថ្ងៃ​រៀប​ចំ ហើយ​ដើម្បី​កុំ​ឲ្យ​សព​ទាំង​នោះ​នៅ​ជាប់​បង្គោល​ទារុណកម្ម​នៅ​ថ្ងៃ​ឈប់​សម្រាក (ព្រោះ​ជា​ថ្ងៃ​ឈប់​សម្រាក​ដ៏​ធំ)។* ៣២ ដូច្នេះ ពួក​ទាហាន​ក៏​មក​បំបាក់​ជើង​របស់​បុរស​ទី​មួយ​និង​បុរស​មួយ​ទៀត​ដែល​បាន​ត្រូវ​ព្យួរ​ជា​មួយ​នឹង​លោក។ ៣៣ ប៉ុន្តែ​ពេល​ដែល​មក​ដល់​លោក​យេស៊ូ ពួក​គេ​មិន​បាន​បំបាក់​ជើង​របស់​លោក​ទេ ព្រោះ​ឃើញ​ថា​លោក​ទទួល​មរណភាព​ហើយ។ ៣៤ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ទាហាន​ម្នាក់​បាន​ចាក់​ចំហៀង​ខ្លួន​លោក​នឹង​លំពែង ហើយ​ឈាម​និង​ទឹក​ចេញ​មក​ភ្លាម។ ៣៥ ឯ​អ្នក​ដែល​បាន​ឃើញ​ការ​នេះ​បាន​ធ្វើ​ជា​សាក្សី ហើយ​ការ​បញ្ជាក់​របស់​គាត់​គឺ​ពិត គាត់​ក៏​ដឹង​ថា​គាត់​និយាយ​ការ​ពិត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជឿ។ ៣៦ ការ​ទាំង​នេះ​បាន​កើត​ឡើង​ដើម្បី​សម្រេច​តាម​បទ​គម្ពីរ​ដែល​ចែង​ថា៖ «គេ​នឹង​មិន​បំបាក់​ឆ្អឹង​ណា​មួយ​របស់​លោក​ឡើយ»។ ៣៧ ហើយ​បទ​គម្ពីរ​ផ្សេង​ទៀត​ចែង​ថា៖ «ពួក​គេ​នឹង​មើល​ទៅ​លោក​ដែល​ពួក​គេ​បាន​ចាក់»។

៣៨ បន្ទាប់​ពី​ការ​ទាំង​នេះ យ៉ូសែប​ពី​ក្រុង​អារីម៉ាថេ ដែល​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ដោយ​សម្ងាត់ ព្រោះ​ខ្លាច​ជន​ជាតិ​យូដា បាន​សុំ​ពីឡាត​យក​សព​របស់​លោក​យេស៊ូ។ ពីឡាត​ក៏​អនុញ្ញាត ដូច្នេះ គាត់​មក​យក​សព​របស់​លោក​ចេញ។ ៣៩ នីកូដេម ជា​បុរស​ដែល​មុន​ដំបូង​បាន​មក​ជួប​លោក​នៅ​ពេល​យប់ ក៏​បាន​មក​ដែរ ដោយ​យក​ជ័រ​ល្វីង​ទេស* និង​គ្រឿង​ក្រអូប​មួយ​រមូរ​មក ប្រហែល​សាមសិប​បី​គីឡូក្រាម។ ៤០ ដូច្នេះ ពួក​គេ​យក​សព​របស់​លោក​យេស៊ូ​មក​រុំ​នឹង​ចម្រៀក​ក្រណាត់​ដែល​មាន​គ្រឿង​ក្រអូប​ទាំង​នោះ តាម​ទំនៀម​ទម្លាប់​របស់​ជន​ជាតិ​យូដា​ក្នុង​ការ​រៀបចំ​បញ្ចុះ​សព។ ៤១ រីឯ​នៅ​កន្លែង​ដែល​គេ​បាន​ព្យួរ​លោក មាន​សួន​ច្បារ​មួយ ហើយ​ក្នុង​សួន​ច្បារ​នោះ​មា​នទី​បញ្ចុះ​សព​ថ្មី ដែល​គេ​មិន​ទាន់​ដាក់​សព​ណា​មួយ​នៅ​ឡើយ។ ៤២ ដូច្នេះ ពួក​គេ​បាន​ដាក់​លោក​យេស៊ូ​ក្នុង​ទី​បញ្ចុះ​សព​នោះ ដោយ​សារ​ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប​ចំ​របស់​ជន​ជាតិ​យូដា ហើយ​ទី​បញ្ចុះ​សព​នោះ​នៅ​ជិត។

២០ នៅ​ថ្ងៃ​ដំបូង​នៃ​សប្ដាហ៍​នោះ ម៉ារៀ​ម៉ាក់ដាឡេន​បាន​មក​ទី​បញ្ចុះ​សព កាល​នៅ​ងងឹត​នៅ​ឡើយ ហើយ​ឃើញ​ថា​ថ្ម​បាន​ត្រូវ​ប្រមៀល​ចេញ​ពី​ទី​បញ្ចុះ​សព​ហើយ។ ២ ដូច្នេះ នាង​រត់​មក​រក​ស៊ីម៉ូន​ពេត្រុស​និង​អ្នក​កាន់​តាម​ដែល​លោក​យេស៊ូ​ស្រឡាញ់ ហើយ​ប្រាប់​ពួក​គាត់​ថា៖ «ពួក​គេ​បាន​យក​លោក​ម្ចាស់​ចេញ​ពី​ទី​បញ្ចុះ​សព​បាត់​ហើយ យើង​មិន​ដឹង​ថា​ពួក​គេ​បាន​ដាក់​លោក​នៅ​កន្លែង​ណា​ទេ»។

៣ រួច​មក ពេត្រុស​និង​អ្នក​កាន់​តាម​នោះ​បាន​ចេញ​ទៅ​ទី​បញ្ចុះ​សព។ ៤ ពួក​គាត់​ទាំង​ពីរ​នាក់​ចាប់​ផ្ដើម​រត់​ទៅ​ជា​មួយ​គ្នា ប៉ុន្តែ​អ្នក​កាន់​តាម​នោះ​បាន​រត់លឿនជាង​ពេត្រុស ដូច្នេះ គាត់​បាន​ទៅ​ដល់​ទី​បញ្ចុះ​សព​មុន។ ៥ រួច​គាត់​ឱន​ទៅ​ឃើញ​ចម្រៀក​ក្រណាត់​នៅ​ទី​នោះ តែ​គាត់​មិន​ចូល​ក្នុង​ទេ។ ៦ ស៊ីម៉ូន​ពេត្រុស​មក​តាម​ក្រោយ​គាត់ ក៏​ចូល​ក្នុង​ទី​បញ្ចុះ​សព ហើយ​ឃើញ​ចម្រៀក​ក្រណាត់​នៅ​ទី​នោះ ៧ ក៏​ឃើញ​ថា​ក្រណាត់​ដែល​គេ​បាន​ដាក់​លើ​ក្បាល​លោក មិន​នៅ​ជា​មួយ​នឹង​ចម្រៀក​ក្រណាត់​ទាំង​នោះ​ទេ តែ​បាន​ត្រូវ​មូរ​ទុក​ដោយ​ឡែក​នៅ​កន្លែង​មួយ។ ៨ ដូច្នេះ អ្នក​កាន់​តាម​ដែល​បាន​មក​ដល់​ទី​បញ្ចុះ​សព​មុន ក៏​ចូល​ក្នុង​ដែរ​នៅ​ពេល​នោះ រួច​គាត់​ឃើញ​ហើយ​បាន​ជឿ។ ៩ ប៉ុន្តែ​ពួក​គាត់​មិន​ទាន់​យល់​នៅ​ឡើយ​ទេ​នូវ​បទ​គម្ពីរ​ដែល​ចែង​ថា លោក​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ។ ១០ ដូច្នេះ ពួក​អ្នក​កាន់​តាម​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន។

១១ ក៏​ប៉ុន្តែ​ម៉ារៀ​នៅ​ឈរ​យំ​ខាង​ក្រៅ​ជិត​ទី​បញ្ចុះ​សព​នោះ។ ក្រោយ​មក កាល​ដែល​កំពុង​យំ​នៅ​ឡើយ នាង​ឱន​ទៅ​មើល​ក្នុង​ទី​បញ្ចុះ​សព ១២ ហើយ​ឃើញ​ទេវតា​ពីរ​រូប​ស្លៀក​ពាក់​ស​អង្គុយ ម្នាក់​នៅ​ក្បាល​និង​ម្នាក់​នៅ​ជើង នៅ​កន្លែង​ដែល​ពី​មុន​គេ​ដាក់​សព​របស់​លោក​យេស៊ូ។ ១៣ រួច​ពួក​គេ​និយាយ​ទៅ​កាន់​នាង​ថា៖ «ហេតុ​អ្វី​ក៏​នាង​យំ?» នាង​និយាយ​ទៅ​កាន់​ពួក​គេ​ថា៖ «ពួក​គេ​បាន​យក​លោក​ម្ចាស់​របស់​ខ្ញុំ​ចេញ ហើយ​ខ្ញុំ​មិន​ដឹង​ថា​ពួក​គេ​ដាក់​លោក​នៅ​កន្លែង​ណា​ទេ»។ ១៤ លុះ​និយាយ​អ្វីៗ​ទាំង​នេះ​ចប់​ហើយ នាង​បែរ​ទៅ​ឃើញ​លោក​យេស៊ូ​ឈរ ប៉ុន្តែ​មិន​បាន​ដឹង​ថា​ជា​លោក​យេស៊ូ​ទេ។ ១៥ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ហេតុ​អ្វី​ក៏​នាង​យំ? តើ​នាង​កំពុង​រក​អ្នក​ណា?»។ ដោយ​នឹក​ស្មានថា​លោក​ជា​អ្នក​ថែ​សួនច្បារ នាង​និយាយ​ទៅ​កាន់​លោក​ថា៖ «ប្រសិនបើ​អ្នក​បាន​យក​សព​របស់​លោក​ចេញ សូម​ប្រាប់​ខ្ញុំ​ថា​អ្នក​បាន​ដាក់​នៅ​កន្លែង​ណា ខ្ញុំ​នឹង​ទៅ​យក»។ ១៦ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ម៉ារៀ!» នាង​បែរ​ទៅ​រក​លោក ហើយ​និយាយ​ថា៖ «រ៉ាបូនី!» (ដែល​មាន​ន័យ​ថា​«លោក​គ្រូ!») ១៧ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ឈប់​តោង​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​បិតា​នៅ​ស្ថាន​សួគ៌​ទេ។ តែ​ចូរ​នាង​ទៅ​ឯ​បង​ប្អូន​របស់​ខ្ញុំ ហើយ​ប្រាប់​ពួក​គាត់​ថា៖ ‹ខ្ញុំ​នឹង​ឡើង​ទៅ​ឯ​បិតា​របស់​ខ្ញុំ​និង​បិតា​របស់​អ្នក​រាល់​គ្នា ហើយ​ទៅ​ឯ​ព្រះ​របស់​ខ្ញុំ​និង​ព្រះ​របស់​អ្នក​រាល់​គ្នា›»។ ១៨ ម៉ារៀ​ម៉ាក់ដាឡេន​នាំ​ដំណឹង​មក​ប្រាប់​ពួក​អ្នក​កាន់​តាម​ថា៖ «ខ្ញុំ​បាន​ឃើញ​លោក​ម្ចាស់!» ក៏​រៀប​រាប់​ប្រាប់​ពួក​គាត់​ថា លោក​បាន​មាន​ប្រសាសន៍​អ្វីៗ​ទាំង​នេះ​ដល់​នាង។

១៩ ដូច្នេះ នៅ​ពេល​ល្ងាច នា​ថ្ងៃ​នោះ​ឯង ជា​ថ្ងៃ​ដំបូង​នៃ​សប្ដាហ៍​នោះ ពួក​អ្នក​កាន់​តាម​បាន​ជួប​ជុំ​គ្នា ក៏​ចាក់​សោ​ទ្វារ​ដោយ​សារ​ខ្លាច​ជន​ជាតិ​យូដា។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​យេស៊ូ​បាន​លេច​មក​ឈរ​នៅ​កណ្ដាល​ពួក​គាត់ ហើយ​មាន​ប្រសាសន៍​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកបដោយ​សេចក្ដី​សុខ»។ ២០ បន្ទាប់​ពី​មាន​ប្រសាសន៍​ដូច្នេះ លោក​ក៏​បង្ហាញ​ដៃ​ទាំង​ពីរ​និង​ចំហៀង​ខ្លួន​លោក​ឲ្យ​ពួក​គាត់​ឃើញ។ រួច​ពួក​អ្នក​កាន់​តាម​បាន​ត្រេក​អរ​ដោយ​សារ​ឃើញ​លោក​ម្ចាស់។ ២១ ម្ល៉ោះ​ហើយ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ម្ដង​ទៀត​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកបដោយ​សេចក្ដី​សុខ។ ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​បិតា​នៅ​ស្ថាន​សួគ៌​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ»។ ២២ លុះ​មាន​ប្រសាសន៍​ហើយ លោក​ក៏​ផ្លុំ​លើ​ពួក​គាត់ ក៏​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «ចូរ​ទទួល​សកម្មពល* បរិសុទ្ធ​របស់​ព្រះ​ចុះ។ ២៣ ប្រសិនបើ​អ្នក​រាល់​គ្នា​អភ័យទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​អ្នក​ណា ការ​ខុស​ឆ្គង​របស់​អ្នក​នោះ​នឹង​ត្រូវ​អភ័យទោស។ ប្រសិនបើ​អ្នក​រាល់​គ្នា​មិន​អភ័យទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​អ្នក​ណា ការ​ខុស​ឆ្គង​របស់​អ្នក​នោះ​នឹង​មិន​ត្រូវ​អភ័យទោស​ទេ»។

២៤ ប៉ុន្តែ​ថូម៉ាស់ ដែល​គេ​ហៅ​ថា​កូន​ភ្លោះ* ពី​ចំណោម​អ្នក​កាន់​តាម​ទាំង​ដប់​ពីរ​នាក់ មិន​បាន​នៅ​ជា​មួយ​នឹង​ពួក​គាត់​ទេ ពេល​ដែល​លោក​យេស៊ូ​មក។ ២៥ ម្ល៉ោះ​ហើយ ពួក​អ្នក​កាន់​តាម​ឯ​ទៀត​ប្រាប់​គាត់​ថា៖ «យើង​បាន​ឃើញ​លោក​ម្ចាស់!» ប៉ុន្តែ​គាត់​និយាយ​ទៅ​កាន់​ពួក​គាត់​ថា៖ «ខ្ញុំ​មិន​ជឿ​ដាច់​ខាត លុះ​ត្រា​តែ​ខ្ញុំ​ឃើញ​ស្នាម​ដែក​គោល​លើ​ដៃ​របស់​លោក ហើយ​ដាក់​ម្រាម​ដៃ​ក្នុង​ស្នាម​ដែក​គោល​នោះ ថែម​ទាំង​លូក​ដៃ​ទៅ​ក្នុង​ចំហៀង​ខ្លួន​លោក»។

២៦ រួច​ប្រាំបី​ថ្ងៃ​ក្រោយ​មក ពួក​អ្នក​កាន់​តាម​លោក​នៅ​ក្នុង​ផ្ទះ​ម្ដង​ទៀត ហើយ​ថូម៉ាស់​ក៏​នៅ​ជា​មួយ​នឹង​ពួក​គាត់​ដែរ។ លោក​យេស៊ូ​បាន​មក ទោះ​ជា​ទ្វារ​ចាក់​សោ​ក៏​ដោយ ក៏​ឈរ​នៅ​កណ្ដាល​ពួក​គាត់ ហើយ​មាន​ប្រសាសន៍​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកបដោយ​សេចក្ដី​សុខ»។ ២៧ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​ថូម៉ាស់​ថា៖ «ចូរ​ដាក់​ម្រាម​ដៃ​របស់​អ្នក​នៅ​ទី​នេះ មើល​ដៃ​របស់​ខ្ញុំ ហើយ​លូក​ដៃ​ទៅ​ក្នុង​ចំហៀង​ខ្លួន​ខ្ញុំ ហើយ​ឈប់​សង្ស័យ តែ​ចូរ​ជឿ​ចុះ»។ ២៨ ថូម៉ាស់​តប​ទៅ​លោក​ថា៖ «លោក​ម្ចាស់​របស់​ខ្ញុំ​និង​ព្រះ​របស់​ខ្ញុំ​អើយ!»។ ២៩ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «តើ​អ្នក​ជឿ​ដោយ​សារបាន​ឃើញ​ខ្ញុំ​ឬ? អស់​អ្នក​ណា​ដែល​ជឿ​ទោះ​ជា​មិន​ឃើញ​ក៏​ដោយ អ្នក​នោះ​មាន​សុភមង្គល​ហើយ»។

៣០ តាម​ការ​ពិត លោក​យេស៊ូ​ក៏​បាន​ធ្វើ​សញ្ញា​សម្គាល់​ជា​ច្រើន​ទៀត​នៅ​មុខ​ពួក​អ្នក​កាន់​តាម​លោក ដែល​មិន​បាន​ត្រូវ​សរសេរ​ក្នុង​រមូរ​នេះ​ទេ។ ៣១ ប៉ុន្តែ​ការ​ទាំង​នេះ​បាន​ត្រូវ​សរសេរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ថា លោក​យេស៊ូ​ជា​គ្រិស្ត និង​ជា​បុត្រ​ព្រះ ហើយ​ឲ្យ​ជឿ​ថា​អ្នក​រាល់​គ្នា​អាច​បាន​ជីវិត​ដោយ​នូវ​នាម​របស់​លោក ដោយ​សារ​អ្នក​រាល់​គ្នា​ជឿ។

២១ បន្ទាប់​ពី​ការ​ទាំង​នេះ លោក​យេស៊ូ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​អ្នក​កាន់​តាម​ឃើញ​ម្ដង​ទៀត​នៅ​សមុទ្រ​ទិបេរៀស តែ​លោក​បង្ហាញ​ខ្លួន​ដូច​ត​ទៅ​នេះ​វិញ៖ ២ ស៊ីម៉ូន​ពេត្រុស ថូម៉ាស់ ដែល​គេ​ហៅ​ថា​កូន​ភ្លោះ ណាថាណែល​ពី​ក្រុង​កាណា​នៅ​ស្រុក​កាលីឡេ កូន​ប្រុស​របស់​សេបេដេ និង​អ្នក​កាន់​តាម​ពីរ​នាក់​ទៀត​របស់​លោក​បាន​នៅ​ជា​មួយ​គ្នា។ ៣ ស៊ីម៉ូន​ពេត្រុស​និយាយ​ទៅ​កាន់​ពួក​គាត់​ថា៖ «ខ្ញុំ​នឹង​ទៅ​នេសាទ​ត្រី»។ ពួក​គាត់​និយាយ​ទៅ​កាន់​គាត់​ថា៖ «យើង​ក៏​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ»។ ដូច្នេះ ពួក​គាត់​ក៏​ចេញ​ទៅ​ចុះ​ទូក តែ​នៅ​យប់​នោះ​ពួក​គាត់​មិន​បាន​ត្រី​សោះ។

៤ ក៏​ប៉ុន្តែ​ព្រលឹម​ឡើង លោក​យេស៊ូ​ឈរ​នៅ​ឆ្នេរ តែ​ពួក​អ្នក​កាន់​តាម​មិន​បាន​ដឹង​ថា​ជា​លោក​យេស៊ូ​ទេ។ ៥ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «កូនៗ​អើយ! អ្នក​រាល់​គ្នា​គ្មាន​អ្វី​បរិភោគ​ទេ មែន​ទេ?»។ ពួក​គាត់​តប​ទៅ​លោក​ថា៖ «បាទ!»។ ៦ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «ចូរ​ទម្លាក់​អួន​នៅ​ខាង​ស្ដាំ​ទូក ហើយ​អ្នក​នឹង​រក​បាន»។ ពួក​គាត់​ក៏​ទម្លាក់​អួន​ទៅ តែ​មិន​អាច​ទាញ​ឡើង​វិញ​បាន​ឡើយ ដោយ​សារ​ជាប់​បាន​ត្រី​សន្ធឹក​ណាស់។ ៧ ដូច្នេះ អ្នក​កាន់​តាម​ដែល​លោក​យេស៊ូ​ធ្លាប់​ស្រឡាញ់​បាន​និយាយ​ទៅ​កាន់​ពេត្រុស​ថា៖ «គឺជា​លោក​ម្ចាស់!»។ ម្ល៉ោះ​ហើយ កាល​ដែល​ស៊ីម៉ូន​ពេត្រុស​ឮ​ថា​ជា​លោក​ម្ចាស់ គាត់​ក៏​ពាក់​អាវ​ក្រៅ ព្រោះ​គាត់​នៅ​ខ្លួន​ទទេ រួច​បាន​លោត​ចុះ​ក្នុង​ទឹក​សមុទ្រ។ ៨ ប៉ុន្តែ​ពួក​អ្នក​កាន់​តាម​ឯ​ទៀត​បាន​ជិះ​ទូក​តូច​នោះ​មក ទាំង​ទាញ​អួន​ពេញ​ទៅ​ដោយ​ត្រី​មក​ផង ព្រោះ​ពួក​គាត់​នៅ​មិន​ឆ្ងាយ​ពី​គោក​ទេ ប្រហែល​តិច​ជាង​មួយ​រយ​ម៉ែត្រ។

៩ ក៏​ប៉ុន្តែ​ពេល​ដែល​ពួក​គាត់​ឡើង​ពី​ទូក​មក​លើ​គោក​វិញ ពួក​គាត់​ឃើញ​ថា​មាន​រងើក​ភ្លើង​ធ្យូង​និង​ត្រី​នៅ​លើ​រងើក​នោះ ក៏​ឃើញ​មាន​នំ​ប៉័ង​ដែរ។ ១០ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «ចូរ​យក​ត្រី​ខ្លះ​ដែល​អ្នក​រាល់​គ្នា​ទើប​តែ​ចាប់​បាន​មក»។ ១១ ដូច្នេះ ស៊ីម៉ូន​ពេត្រុស​បាន​ចុះ​ក្នុង​ទូក​ទាញ​អួន​ពេញ​ទៅ​ដោយ​ត្រី​ធំៗ​ចំនួន​មួយ​រយ​ហាសិប​បី អូស​មក​លើ​គោក​វិញ។ ប៉ុន្តែ​ទោះ​ជា​មាន​ត្រី​ច្រើន​យ៉ាង​នេះ​ក៏​ដោយ អួន​មិន​បាន​ធ្លាយ​ទេ។ ១២ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «អញ្ជើញ​មក​បរិភោគ»។ គ្មាន​អ្នក​កាន់​តាម​ណា​ម្នាក់​ហ៊ាន​សួរ​លោក​ថា៖ «តើ​អ្នក​ជា​អ្នក​ណា»​ទេ ពីព្រោះ​ពួក​គាត់​ដឹង​ថា​ជា​លោក​ម្ចាស់។ ១៣ លោក​យេស៊ូ​មក​យកនំ​ប៉័ង​នោះ​រួច​ចែក​ពួក​គាត់ ក៏​យក​ត្រី​មក​ចែក​ពួក​គាត់​ដែរ។ ១៤ នេះ​ជា​លើក​ទី​បី​ដែល​លោក​យេស៊ូ​លេច​មក​ជួប​ពួក​អ្នក​កាន់​តាម​លោក បន្ទាប់​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ។

១៥ លុះ​បាន​បរិភោគ​ហើយ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ស៊ីម៉ូន​ពេត្រុស​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន តើ​អ្នក​ស្រឡាញ់* ខ្ញុំ​ច្រើន​ជាង​អ្វីៗ​ទាំង​នេះ​ទេ?»។ គាត់​និយាយ​ទៅ​កាន់​លោក​ថា៖ «បាទ លោក​ម្ចាស់ លោក​ជ្រាប​ហើយ​ថា​ខ្ញុំ​ស្រឡាញ់* លោក»។ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​របស់​ខ្ញុំ»។ ១៦ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ម្ដង​ទៀត ជា​លើក​ទី​ពីរ​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន តើ​អ្នក​ស្រឡាញ់* ខ្ញុំ​ទេ?»។ គាត់​និយាយ​ទៅ​កាន់​លោក​ថា៖ «បាទ លោក​ម្ចាស់ លោក​ជ្រាប​ហើយ​ថា​ខ្ញុំ​ស្រឡាញ់* លោក»។ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​ឃ្វាល​ចៀម​តូចៗ​របស់​ខ្ញុំ»។ ១៧ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ជា​លើក​ទី​បី​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន តើ​អ្នក​ស្រឡាញ់* ខ្ញុំ​ទេ?»។ ពេត្រុស​តាំង​កើត​ទុក្ខ​ក្នុង​ចិត្ត ដោយ​សារ​លោក​សួរ​គាត់​ជា​លើក​ទី​បី​ថា៖ «តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ទេ?»។ ដូច្នេះ គាត់​និយាយ​ទៅ​កាន់​លោក​ថា៖ «លោក​ម្ចាស់ លោក​ជ្រាប​នូវ​អ្វីៗ​ទាំង​អស់ លោក​ជ្រាប​ហើយ​ថា​ខ្ញុំ​ស្រឡាញ់​លោក»។ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​ឲ្យ​ចំណី​ដល់​ចៀម​តូចៗ​របស់​ខ្ញុំ។ ១៨ ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​ថា កាល​ដែល​អ្នក​នៅ​ក្មេង អ្នក​ធ្លាប់​ស្លៀក​ពាក់​ខ្លួន​ឯង ហើយ​ដើរ​ទៅ​កន្លែង​ណា​ដែល​អ្នក​ចង់​ទៅ។ ប៉ុន្តែ​ពេល​ដែល​អ្នក​ចាស់​ទៅ អ្នក​នឹង​លា​ដៃ​ទៅ ហើយ​បុរស​ម្នាក់​ទៀត​នឹង​ស្លៀក​ពាក់* ឲ្យ​អ្នក រួច​នាំ​អ្នក​ទៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ទៅ​ទេ»។ ១៩ លោក​មាន​ប្រសាសន៍​ដូច្នេះ ដើម្បី​បញ្ជាក់​ថា​គាត់​នឹង​លើក​តម្កើង​ព្រះ​ដោយ​ស្លាប់​តាម​របៀប​ណា។ ដូច្នេះ កាល​មាន​ប្រសាសន៍​អ្វីៗ​ទាំង​នេះ​ហើយ លោក​ក៏​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​បន្ត​កាន់​តាម​ខ្ញុំ»។

២០ កាល​ដែល​ពេត្រុស​បែរ​ទៅ គាត់​ឃើញ​អ្នក​កាន់​តាម​ដែល​លោក​យេស៊ូ​ធ្លាប់​ស្រឡាញ់​កំពុង​ដើរ​តាម គឺ​អ្នក​ដែល​បាន​ផ្អែក​ខ្លួន​ទៅ​លើ​ទ្រូង​លោក​ពេល​បរិភោគ​អាហារ​ល្ងាច ហើយ​បាន​សួរ​ថា៖ «លោក​ម្ចាស់ តើ​អ្នក​ណា​នឹង​ក្បត់​លោក?»។ ២១ ដូច្នេះ កាល​ដែល​ក្រឡេក​ទៅ​ឃើញ​គាត់ ពេត្រុស​និយាយ​ទៅ​កាន់​លោក​យេស៊ូ​ថា៖ «លោក​ម្ចាស់ ចុះ​បុរស​នេះ​វិញ?»។ ២២ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ប្រសិនបើ​ខ្ញុំ​មាន​បំណងប្រាថ្នា​ឲ្យ​គាត់​នៅ​រហូត​ដល់​ខ្ញុំ​មក តើ​នោះ​ទាក់​ទង​អ្វី​នឹង​អ្នក? ចូរ​អ្នក​បន្ត​កាន់​តាម​ខ្ញុំ»។ ២៣ ម្ល៉ោះ​ហើយ ពាក្យ​នេះ​បាន​លេច​ឮ​ក្នុង​ចំណោម​បង​ប្អូន​ថា អ្នក​កាន់​តាម​នោះ​នឹង​មិន​ស្លាប់​ឡើយ។ ក៏​ប៉ុន្តែ​លោក​យេស៊ូ​មិន​បាន​មាន​ប្រសាសន៍​ទៅ​គាត់​ថា​គាត់​នឹង​មិន​ស្លាប់​ទេ តែ​បាន​មាន​ប្រសាសន៍​ថា៖ «ប្រសិនបើ​ខ្ញុំ​មាន​បំណងប្រាថ្នា​ឲ្យ​គាត់​នៅ​រហូត​ដល់​ខ្ញុំ​មក តើ​នោះ​ទាក់​ទង​អ្វី​នឹង​អ្នក?»។

២៤ គឺ​អ្នក​កាន់​តាម​នោះ​ហើយ​ដែល​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ការ​ទាំង​នេះ ក៏​ជា​អ្នក​ដែល​បាន​សរសេរ​អ្វីៗ​ទាំង​នេះ ហើយ​យើង​ដឹង​ថា​ការ​បញ្ជាក់​របស់​គាត់​គឺជា​ការ​ពិត។

២៥ តាម​ការ​ពិត មាន​ការ​ជា​ច្រើន​ទៀត​ដែល​លោក​យេស៊ូ​បាន​ធ្វើ ហើយ​ប្រសិនបើ​សរសេរ​អំពី​ការ​ទាំង​នោះ​ឲ្យ​បាន​ល្អិត​ល្អន់ ខ្ញុំ​គិត​ថា​ពិភព​លោក​ទាំង​មូល​មិន​ល្មម​ទុក​រមូរ​ទាំង​អស់​នោះ​ឡើយ។

[កំណត់​សម្គាល់]

មក​ពី​ឈ្មោះ​ជា​ភាសា​ហេប្រឺ​ដែល​មាន​ន័យ​ថា​«ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​សប្បុរស» «ព្រះ​យេហូវ៉ា​បាន​ប្រោស​ប្រណី»

ន័យ​ត្រង់​«កូន​តែ​មួយ​ដែល​ព្រះ​បាន​បង្កើត​ដោយ​ផ្ទាល់»

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៤

ឬ​«កូន​តែ​មួយ​ដែល​ព្រះ​បាន​បង្កើត​ដោយ​ផ្ទាល់ ហើយ​ដែល​មាន​លក្ខណៈ​ដូច​ព្រះ»

សំដៅ​ទៅ​កន្លែង​កិត្ដិយស

មើល​កំណត់​សម្គាល់​ម៉ាថ ៣:៧

ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា

មិន​មែន​ជា​ភូមិ​បេថានី​នៅ​ជិត​ក្រុង​យេរូសាឡិម​ទេ

មើល​កំណត់​សម្គាល់​រ៉ូម ៥:១២

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ប្រហែលជា​ម៉ោង​បួន​រសៀល បើ​រាប់​ពី​ថ្ងៃ​រះ

ភាសា​ក្រិច​មិន​បញ្ជាក់​ថា​អនទ្រេ​ជា​បង​ឬ​ប្អូន​របស់​ពេត្រុស​ទេ

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៤

«កេផាស»​ឬ​«ពេត្រុស»​មាន​ន័យ​ថា​«ថ្ម»

មើល​កំណត់​សម្គាល់​ម៉ាថ ៤:២០

ឬ​«ដើម្បី​បម្រើ»

នេះ​ជា​សម្ដី​ដែល​គេ​ប្រើ​ជា​ធម្មតា​ក្នុង​ភាសា​ហេប្រឺ ដើម្បី​ជំទាស់​យ៉ាង​ខ្លាំង​នឹង​សំណូម​ពរ​ណា​មួយ មិន​មែន​ក្នុង​បំណង​បង្ហាញ​ការ​ឥត​គោរព​នោះ​ទេ។ ក្នុង​ភាសា​ក្រិច សម្ដី​នេះ​ទៅ​ជា​ស្រាល​វិញ​ដោយ​សារ​មាន​ពាក្យ​«ស្ត្រី»។ ពាក្យ​ភាសា​ក្រិច​នេះ​មិន​បញ្ជាក់​ថា​គ្មាន​ភាព​ស្និទ្ធ​ស្នា​ល ដូច​ពាក្យ​«ស្ត្រី»​ជា​ភាសា​ខ្មែរ​នោះ​ទេ។ ក្នុង​ឃ្លា​នេះ ពាក្យ​«ស្ត្រី»​បញ្ជាក់​នូវ​ការ​គោរព​និង​ភាព​ជិត​ស្និទ្ធ

មាន​ន័យ​ថា​«លោក​គ្រូ»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​ខ​៥

ន័យ​ត្រង់​«កូន​តែ​មួយ​ដែល​ព្រះ​បាន​បង្កើត​ដោយ​ផ្ទាល់»

មើល​កំណត់​សម្គាល់​ខ​១៦

ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា

ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា

ប្រហែលជា​ម៉ោង​១២​ថ្ងៃ​ត្រង់ បើ​រាប់​ពី​ថ្ងៃ​រះ

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​ខ​២៣

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៤

មាន​ន័យ​ថា​«លោក​គ្រូ»

ប្រហែលជា​ម៉ោង​១​រសៀល បើ​រាប់​ពី​ថ្ងៃ​រះ

មើល​កំណត់​សម្គាល់​ម៉ាថ ១៧:២១

មើល​កំណត់​សម្គាល់​ម៉ាថ ១២:១

មើល​កំណត់​សម្គាល់​ម៉ាថ ៤:១៨

មើល​កំណត់​សម្គាល់​ម៉ាថ ២០:២

ភាសា​ក្រិច​«នំ​ប៉័ង​ធ្វើ​ពី​គ្រីធី» ស្រូវ​ម្យ៉ាង​ដែល​ថោក​ជាង​ស្រូវ​សាលី ហើយ​ច្រើន​តែ​ជា​អាហារ​របស់​មនុស្ស​ក្រី​ក្រ

មាន​ន័យ​ថា​«លោក​គ្រូ»

ឬ​«មេឃ»

មើល​កំណត់​សម្គាល់​ម៉ាថ ៥:២៩

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​ម៉ាថ ៥:១៧

ភាសា​ក្រិច​«ដាយម៉ូនីអន»។ សំដៅ​ទៅ​ពួក​ទេវតា​អាក្រក់

មើល​កំណត់​សម្គាល់​លូក ១:៥៩

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៤

មើល​កំណត់​សម្គាល់​ម៉ាថ ៥:១៧

ភាសា​ក្រិច​«ឌីអាបូឡូស»។ មាន​ន័យ​ថា​«អ្នក​បង្កាច់​បង្ខូច»

មាន​ន័យ​ថា​«លោក​គ្រូ»

មើល​កំណត់​សម្គាល់​ម៉ាថ ៤:២៣

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

ពិធី​បុណ្យ​នេះ (ភាសា​ហេប្រឺ​ឆានូកា) រំលឹក​ពី​ពេល​ដែល​ជន​ជាតិ​យូដា​ដណ្ដើម​យក​ឯករាជ្យ​ពី​ជន​ជាតិ​ក្រិច​និង​ស៊ីរី​ដែល​បាន​ត្រួត​ត្រា​លើ​ពួក​គេ ហើយ​ក៏​រំលឹក​ពី​ការ​ឧទ្ទិស​វិហារ​នៅ​ក្រុង​យេរូសាឡិម​ជូន​ព្រះ​យេហូវ៉ា​ម្ដង​ទៀត

មើល​កំណត់​សម្គាល់​ម៉ាថ ១២:៣១

ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា

មាន​ន័យ​ថា​«លោក​គ្រូ»

ឬ​«ឌីឌីម»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​ម៉ាថ ២៦:៥៩

មើល​កំណត់​សម្គាល់​ម៉ាថ ៥:១៧

ប្រេង​ក្រអូប​ម្យ៉ាង​ដែល​គេ​គិត​ថា​បាន​ត្រូវ​ធ្វើ​ពី​ដើម​ក្រអូប​ម្យ៉ាង​ដែល​ដុះ​នៅ​ភ្នំ​ហិមាល័យ

មើល​កំណត់​សម្គាល់​ម៉ាថ ២០:២

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

ពាក្យ​ភាសា​ក្រិច​ដែល​ត្រូវ​ប្រើ​ក្នុង​ខ​នេះ​អាច​សំដៅ​ទៅ​មេឃ​ក៏​បាន​ឬ​ស្ថាន​សួគ៌​ក៏​បាន

មើល​កំណត់​សម្គាល់​ម៉ាថ ៥:១៧

ន័យ​ត្រង់​«ដៃ»

ភាសា​ក្រិច​«ឌីអាបូឡូស»។ មាន​ន័យ​ថា​«អ្នក​បង្កាច់​បង្ខូច»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ភាសា​ក្រិច​«សាថា​ណាស»។ មាន​ន័យ​ថា​«អ្នក​ប្រឆាំង»​ឬ​«សត្រូវ»

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

ខ​នេះ​ប្រដូច​សកម្មពល​របស់​ព្រះ​ទៅ​នឹង​បុគ្គល​មួយ

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​ខ​១៦

ឬ​«លួស»

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

មើល​កំណត់​សម្គាល់​ម៉ាថ ៥:១៧

មើល​កំណត់​សម្គាល់​យ៉ូន ១៤:១៦

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​យ៉ូន ១៤:១៦

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ពាក្យ​ថា​«ពែង»​តំណាង​បំណងប្រាថ្នា​របស់​ព្រះ​សម្រាប់​លោក​យេស៊ូ គឺ​អនុញ្ញាត​ឲ្យ​ស្លាប់​ដោយ​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​ពិត​ថា បាន​ប្រមាថ​ព្រះ

ន័យ​ត្រង់​«អធិរាជ»

ក្នុង​ខ​នេះ ពាក្យ​«បុណ្យ​រំលង»​សំដៅ​ទៅ​សប្ដាហ៍​ដែល​មាន​បុណ្យ​រំលង​រួម​ទាំង​បុណ្យ​នំ​ឥត​ដំបែ

ប្រហែលជា​ម៉ោង​១២​ថ្ងៃ​ត្រង់ បើ​រាប់​ពី​ថ្ងៃ​រះ

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៥

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

នេះ​មិន​មែន​ជា​ថ្ងៃ​ឈប់​សម្រាក​ធម្មតា​ទេ (ថ្ងៃ​ទី​៧​រាល់​សប្ដាហ៍) ប៉ុន្តែ​ជា​ថ្ងៃ​ឈប់​សម្រាក​«ធំ»។ គេ​ហៅ​ដូច្នេះ​ដោយ​សារ​ថ្ងៃ​ទី​១៥ ខែ​ណែសាន ដែល​ជា​ថ្ងៃ​ដំបូង​នៃ​បុណ្យ​នំ​ឥត​ដំបែ ដែល​មាន​រយៈ​ពេល​៧​ថ្ងៃ គឺ​ចំ​នឹង​ថ្ងៃ​ឈប់​សម្រាក​ធម្មតា (ឯ​ថ្ងៃ​ទី​១៥ ខែ​ណែសាន​តែង​ជា​ថ្ងៃ​ឈប់​សម្រាក ទោះ​ជា​ចំ​ថ្ងៃ​ណា​ក្នុង​សប្ដាហ៍​នោះ​ក៏​ដោយ)

ម្សៅ​ក្រអូប​ម្យ៉ាង

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ឬ​«ឌីឌីម»

មក​ពី​ពាក្យ​ភាសា​ក្រិច​«អាហ្គាប៉េអូ»

មក​ពី​ពាក្យ​ភាសា​ក្រិច​«ហ្វែលីអូ»

មក​ពី​ពាក្យ​ភាសា​ក្រិច​«អាហ្គាប៉េអូ»

មក​ពី​ពាក្យ​ភាសា​ក្រិច​«ហ្វែលីអូ»

មក​ពី​ពាក្យ​ភាសា​ក្រិច​«ហ្វែលីអូ»

ន័យ​ត្រង់​«ក្រវាត់»។ ប្រហែលជា​មាន​ន័យ​ថា​គាត់​នឹង​ត្រូវ​គេ​ចង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក