បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bi7 សកម្មភាព ១:១-២៨:៣១
  • សកម្មភាព

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សកម្មភាព
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
សកម្មភាព

សកម្មភាព​របស់​ពួក​សាវ័ក*

១ ថេអូហ្វីល​អើយ ក្នុង​កំណត់​ហេតុ​ទី​មួយ ខ្ញុំ​បាន​សរសេរ​អំពី​ការ​ទាំង​អស់​ដែល​លោក​យេស៊ូ​ចាប់​ផ្ដើម​ធ្វើ​និង​បង្រៀន ២ រហូត​ដល់​ថ្ងៃ​ដែល​ព្រះ​បាន​យក​លោក​ឡើង​ទៅ​ស្ថាន​សួគ៌ បន្ទាប់​ពី​លោក​បាន​ឲ្យ​បញ្ញត្ដិ​តាម​រយៈ​សកម្មពល* បរិសុទ្ធ​របស់​ព្រះ ដល់​ពួក​សាវ័ក​ដែល​លោក​បាន​ជ្រើស​រើស។ ៣ លោក​ក៏​បាន​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ទាំង​នេះ​ឃើញ​ជា​ច្រើន​ដង​តាម​របៀប​ដែល​បញ្ជាក់​យ៉ាង​ជាក់​ច្បាស់​ថា​លោក​មាន​ជីវិត​រស់​នៅ បន្ទាប់​ពី​បាន​រង​ទុក្ខវេទនា។ លោក​បាន​បង្ហាញ​ខ្លួន​ឲ្យ​ពួក​គាត់​ឃើញ​ក្នុង​រយៈ​ពេល​សែសិប​ថ្ងៃ ក៏​បាន​ប្រាប់​ពួក​គាត់​អំពី​រាជាណាចក្រ​របស់​ព្រះ។ ៤ កាល​ដែល​លោក​កំពុង​ជួប​ជា​មួយ​នឹង​ពួក​គាត់ លោក​បង្គាប់​ពួក​គាត់​ថា៖ «កុំ​ចេញ​ពី​ក្រុង​យេរូសាឡិម​ឡើយ តែ​ចូរ​រង់​ចាំ​អ្វី​ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​សន្យា ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ខ្ញុំ ៥ ពីព្រោះ​យ៉ូហាន​បាន​ជ្រមុជ​គេ​ក្នុង​ទឹក ប៉ុន្តែ​អ្នក​រាល់​គ្នា​នឹង​ទទួល​ការ​ជ្រមុជ​ក្នុង​សកម្មពល​បរិសុទ្ធ​របស់​ព្រះ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ»។

៦ ពេល​ដែល​បាន​ជួប​ជុំ​គ្នា​ហើយ ពួក​គាត់​តាំង​សួរ​លោក​ថា៖ «លោក​ម្ចាស់ តើ​លោក​នឹង​តាំង​រាជាណាចក្រ​អ៊ីស្រាអែល​ឡើង​វិញ​នៅ​ពេល​នេះ​ឬ?»។ ៧ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា៖ «អ្នក​រាល់​គ្នា​មិន​ចាំ​បាច់​ដឹង​អំពី​ពេល​វេលា​និង​គ្រា​កំណត់​ដែល​បិតា​នៅ​ស្ថាន​សួគ៌​ដាក់​នៅ​ក្រោម​អំណាច​របស់​លោក​ផ្ទាល់​ឡើយ ៨ ប៉ុន្តែ​អ្នក​រាល់​គ្នា​នឹង​ទទួល​ឫទ្ធានុភាព កាល​ដែល​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម នៅ​តំបន់​យូឌា​ទាំង​មូល នៅ​ស្រុក​សាម៉ារី និង​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី»។ ៩ បន្ទាប់​ពី​លោក​មាន​ប្រសាសន៍​អ្វីៗ​ទាំង​នេះ នៅ​ពេល​ដែល​ពួក​គាត់​កំពុង​មើល​នៅ​ឡើយ លោក​បាន​ត្រូវ​លើក​ឡើង ហើយ​ពពក​មួយ​បាន​មក​បាំង​លោក​បាត់​ពី​ភ្នែក​ពួក​គាត់​ទៅ។ ១០ កាល​ដែល​ពួក​គាត់​កំពុង​សម្លឹង​ទៅ​មេឃ ពេល​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ មើល! មាន​បុរស​ពីរ​នាក់​ស្លៀកពាក់​ស​ឈរ​នៅ​ក្បែរ​ពួក​គាត់ ១១ ហើយ​និយាយ​ថា៖ «អ្នក​ស្រុក​កាលីឡេ​អើយ ហេតុ​អ្វី​អ្នក​រាល់​គ្នា​កំពុង​ឈរ​មើល​មេឃ​ដូច្នេះ? លោក​យេស៊ូ​នោះ ដែល​បាន​ត្រូវ​យក​ឡើង​ទៅ​លើ​មេឃ ក៏​នឹង​មក​តាម​បែប​ដែល​អ្នក​រាល់​គ្នា​ឃើញ​លោក​ឡើង​ទៅ​លើ​មេឃ​ដូច្នេះ​ដែរ»។

១២ រួច​មក ពួក​គាត់​បាន​ត្រឡប់​មក​ក្រុង​យេរូសាឡិម​វិញ​ពី​ភ្នំ​មួយ​ហៅ​ថា ភ្នំ​ដើមអូលីវ ដែល​នៅ​ជិត​ក្រុង​យេរូសាឡិម នៅ​ចម្ងាយ​ដែល​គេ​អនុញ្ញាត​ឲ្យ​ដើរ​ក្នុង​ថ្ងៃ​ឈប់​សម្រាក។* * ១៣ លុះ​ទៅ​ដល់​ហើយ ពួក​គាត់​បាន​ឡើង​ទៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ពួក​គាត់​ស្នាក់​នៅ។ មាន​ពេត្រុស ព្រម​ទាំង​យ៉ូហាន យ៉ាកុប អនទ្រេ ភីលីព ថូម៉ាស់ បាថូឡូម៉េ ម៉ាថាយ យ៉ាកុប​ជា​កូន​អាល់ផៀស ស៊ីម៉ូន​ជា​អ្នក​ខ្នះខ្នែង និង​យូដាស​ជា​កូន​យ៉ាកុប។ ១៤ អ្នក​ទាំង​អស់​នេះ​បាន​ព្យាយាម​ក្នុង​ការ​អធិដ្ឋាន​ដោយ​ចិត្ត​ព្រមព្រៀង​គ្នា ជា​មួយ​នឹង​ស្ត្រី​ខ្លះ ប្អូន​ប្រុសៗ​របស់​លោក និង​ម៉ារៀ​ជា​ម្ដាយ​លោក​យេស៊ូ។

១៥ នៅ​គ្រា​នោះ ពេត្រុស​បាន​ក្រោក​ឡើង​នៅ​កណ្ដាល​បង​ប្អូន​ទាំង​នោះ (ក្រុម​អ្នក​ទាំង​នោះ​មាន​គ្នា​ប្រហែល​មួយ​រយ​ម្ភៃ​នាក់) ក៏​បាន​និយាយ​ថា៖ ១៦ «បង​ប្អូន​អើយ បទ​គម្ពីរ​ដែល​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​បាន​ថ្លែង​ទុក​ជា​មុន​ដោយ​មាត់​របស់​ដាវីឌ ស្តី​អំពី​យូដាស​ដែល​បាន​នាំ​ផ្លូវ​ពួក​គេ​មក​ចាប់​ខ្លួន​លោក​យេស៊ូ នោះ​ត្រូវ​សម្រេច​ជា​ចាំ​បាច់ ១៧ ពីព្រោះ​គាត់​ធ្លាប់​ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុម​យើង ក៏​ធ្លាប់​រួម​ចំណែក​ក្នុង​កិច្ច​បម្រើ​នេះ។ ១៨ (ម្ល៉ោះ​ហើយ បុរស​នេះ​ឯង​បាន​យក​ប្រាក់​ឈ្នួល​ពី​អំពើ​ទុច្ចរិត​មក​ទិញ​វាល​មួយ ហើយ​បាន​ធ្លាក់ ក្បាល​ចុះ​ក្រោម បែក​ពោះ​ធ្លាយ​ពោះ​វៀន​ចេញ​ដោយ​ឮ​សូរ​យ៉ាង​ខ្លាំង។ ១៩ អ្នក​ក្រុង​យេរូសាឡិម​ទាំង​ឡាយ​បាន​ដឹង​ឮ​អំពី​រឿង​នេះ។ ដូច្នេះ គេ​ហៅ​វាល​នោះ​តាម​ភាសា​របស់​ពួក​គេ​ថា​អាកិលដាម៉ា ដែល​មាន​ន័យ​ថា វាលឈាម)។ ២០ ព្រោះ​សៀវភៅ​ទំនុក​តម្កើង​ចែង​ថា៖ ‹ចូរ​ឲ្យ​កន្លែង​ស្នាក់​នៅ​របស់​គាត់​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ​វិញ ហើយ​កុំ​ឲ្យ​អ្នក​ណា​ស្នាក់​នៅ​ទី​នោះ​ត​ទៅ​ទៀត› ក៏​ចែង​ថា៖ ‹ចូរ​ឲ្យ​អ្នក​ផ្សេង​ទៀត​យក​មុខ​ងារ​របស់​គាត់​ជា​អ្នក​ត្រួត​ពិនិត្យ›។ ២១ ដូច្នេះ គឺ​ចាំ​បាច់​ឲ្យ​មាន​បុរស​ម្នាក់​ជំនួស​គាត់ ពី​ចំណោម​ពួក​បុរស​ដែល​បាន​ជួប​ជុំ ជា​មួយ​នឹង​យើង ក្នុង​អំឡុង​ពេល​ដែល​លោក​ម្ចាស់​យេស៊ូ​បាន​ចេញ​ចូល​ក្នុង​ចំណោម​យើង ២២ ចាប់​តាំង​ពី​ពេល​ដែល​យ៉ូហាន​បាន​ជ្រមុជ​ទឹក​ឲ្យ​លោក រហូត​ដល់​ថ្ងៃ​ដែល​លោក​បាន​ត្រូវ​យក​ឡើង​ទៅ​លើ​មេឃ។ បុរស​នេះ​ត្រូវ​ធ្វើ​ជា​សាក្សី​ជា​មួយ​នឹង​យើង​អំពី​ការ​ប្រោស​ឲ្យ​លោក​រស់​ឡើង​វិញ»។

២៣ ដូច្នេះ ពួក​គាត់​លើក​ឈ្មោះ​ពីរ​ឡើង គឺ​ម៉ាធាស និង​យ៉ូសែប​ដែល​ហៅ​ថា​បាសាបាស​និង​ហៅ​ថា​យូស្ទុស។ ២៤ រួច​មក ពួក​គាត់​ក៏​អធិដ្ឋាន​ថា៖ «ឱ​ព្រះ​យេហូវ៉ា លោក​ជ្រាប​នូវ​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​មនុស្ស​ទាំង​អស់ សូម​លោក​បញ្ជាក់​ថា ក្នុង​ចំណោម​បុរស​ពីរ​នាក់​នេះ លោក​បាន​ជ្រើស​រើស​បុរស​មួយ​ណា ២៥ ឲ្យ​ទទួល​កិច្ច​បម្រើ​និង​មុខ​ងារ​ជា​សាវ័ក ដែល​យូដាស​បាន​បោះបង់​ចោល​ដើម្បី​ទៅ​តាម​ផ្លូវ​របស់​ខ្លួន​វិញ»។ ២៦ ដូច្នេះ ពួក​គាត់​ចាប់​ឆ្នោត ហើយ​ឆ្នោត​ក៏​ត្រូវ​លើ​ម៉ាធាស រួច​គាត់​បាន​ត្រូវ​រាប់​ជា​មួយ​នឹង​សាវ័ក​ដប់​មួយ​នាក់​ទៀត។

២ ក្នុង​អំឡុង​បុណ្យ​ថ្ងៃ​ទី​ហាសិប ពួក​គាត់​ទាំង​អស់​គ្នា​នៅ​ជុំ​គ្នា​នៅ​កន្លែង​តែ​មួយ ២ ស្រាប់​តែ​មាន​សូរ​សំឡេង​ពី​លើ​មេឃ ដូច​សន្ធឹក​ខ្យល់​បក់​យ៉ាង​ខ្លាំង ឮ​ពេញ​ផ្ទះ​ដែល​ពួក​គាត់​អង្គុយ។ ៣ រួច​ពួក​គាត់​ឃើញ​អ្វី​ដែល​មើល​ទៅ​ដូច​ជា​អណ្ដាត​ភ្លើង​ជា​ច្រើន​លេច​មក ហើយ​ចែក​គ្នា​ទៅ​សណ្ឋិត​លើ​ពួក​គាត់​ម្នាក់​មួយៗ ៤ រួច​ពួក​គាត់​គ្រប់​គ្នា​ក៏​បាន​ពេញ​ទៅ​ដោយ​សកម្មពល* បរិសុទ្ធ​របស់​ព្រះ ហើយ​ចាប់​តាំង​និយាយ​ជា​ភាសា​ផ្សេងៗ តាម​ដែល​សកម្មពល​នោះ​បាន​ឲ្យ​ពួក​គាត់​និយាយ។

៥ នៅ​ពេល​នោះ នៅ​ក្រុង​យេរូសាឡិម មាន​ជន​ជាតិ​យូដា​មក​ពី​គ្រប់​ប្រទេស​នៅ​ក្រោម​មេឃ ហើយ​ពួក​គេ​ជា​អ្នក​កោត​ខ្លាច​ព្រះ។ ៦ ដូច្នេះ ពេល​ដែល​សូរ​សំឡេង​នោះ​បាន​ឮ​ឡើង បណ្ដា​ជន​បាន​មូល​គ្នា ក៏​តាំង​ងឿង​ឆ្ងល់ ពីព្រោះ​ពួក​គេ​ម្នាក់ៗ​កំពុង​ឮ​ពួក​គាត់​និយាយ​ភាសា​របស់​ពួក​គេ​រៀងៗ​ខ្លួន។ ៧ ពួក​គេ​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក៏​បាន​ឆ្ងល់​ថា៖ «មើល! អ្នក​ទាំង​អស់​នេះ​ជា​អ្នក​ស្រុក​កាលីឡេ មែន​ទេ? ៨ ចុះ​ហេតុ​អ្វី​បាន​ជា​យើង​កំពុង​ឮ​ភាសា​កំណើត​របស់​យើង​រៀងៗ​ខ្លួន​ដូច្នេះ? ៩ ជន​ជាតិ​ផាធា មេឌី អេឡាំ និង​អ្នក​មក​ពី​តំបន់​មេសូប៉ូតាមៀ តំបន់​យូឌា កាប៉ាដូគា ប៉ុនតុស និង​តំបន់​អាស៊ី* ១០ និង​ព្រីគា ប៉ាមភីលា អេស៊ីប និង​តំបន់​លីប៊ី​នៅ​ជិត​គីរេន អ្នក​ដែល​ធ្វើ​ដំណើរ​មក​ពី​ក្រុង​រ៉ូម ទាំង​ជន​ជាតិ​យូដា​ទាំង​អ្នក​ដូរ​សាសនា* ១១ អ្នក​កោះ​ក្រេត និង​ជន​ជាតិ​អារ៉ាប់ យើង​កំពុង​ឮ​ពួក​គេ​និយាយ​អំពី​ការ​ដ៏​រុងរឿង​របស់​ព្រះ ជា​ភាសា​របស់​យើង»។ ១២ ពួក​គេ​ទាំង​អស់​គ្នា​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ក៏​ងឿង​ឆ្ងល់ ហើយ​និយាយ​គ្នា​ថា៖ «តើ​ការ​នេះ​មាន​ន័យ​ដូច​ម្ដេច?»។ ១៣ ក៏​ប៉ុន្តែ​អ្នក​ឯ​ទៀត​បាន​ចំអក​ឲ្យ​ពួក​គេ ក៏​តាំង​និយាយ​ថា៖ «ពួក​គេ​ស្រវឹង​ស្រា​ផ្អែម​ហើយ»។

១៤ ប៉ុន្តែ​ពេត្រុស​បាន​ក្រោក​ឡើង​ជា​មួយ​នឹង​សាវ័ក​ដប់​មួយ​នាក់​ទៀត ក៏​បាន​បន្លឺ​សំឡេង​និយាយ​ទៅ​កាន់​ពួក​គេ​ថា៖ «អ្នក​តំបន់​យូឌា និង​អ្នក​ក្រុង​យេរូសាឡិម​ទាំង​ឡាយ​អើយ សូម​ប្រុង​ស្ដាប់​ពាក្យ​របស់​ខ្ញុំ ហើយ​សូម​ជ្រាប​ថា ១៥ ការ​ពិត​អ្នក​ទាំង​នេះ​មិន​ស្រវឹង​ស្រា​ដូច​អ្នក​រាល់​គ្នា​នឹក​ស្មាន​នោះ​ទេ ពីព្រោះ​គឺ​ម៉ោង​ទី​បី* ហើយ។ ១៦ ផ្ទុយ​ទៅ​វិញ នេះ​ជា​អ្វី​ដែល​បាន​ត្រូវ​ប្រកាស​តាម​រយៈ​យ៉ូអែល ជា​អ្នក​ប្រកាស​ទំនាយ​ថា៖ ១៧ ‹ព្រះ​មាន​ប្រសាសន៍​ថា៖ «នៅ​គ្រា​ចុង​ក្រោយ ខ្ញុំ​នឹង​ចាក់​សកម្មពល​ខ្លះ​របស់​ខ្ញុំ​ទៅ​លើ​មនុស្ស​គ្រប់​ប្រភេទ* ហើយ​កូន​ប្រុស​និង​កូន​ស្រី​របស់​អ្នក​រាល់​គ្នា​នឹង​ប្រកាស​ទំនាយ ហេតុ​ការណ៍​ផ្សេងៗ​នឹង​ត្រូវ​បើក​បង្ហាញ​ឲ្យ​យុវជន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឃើញ​ក្នុង​គំនិត ហើយ​បុរស​វ័យ​ចាស់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​នឹង​មាន​ការ​យល់សប្ដិ​ពិសេស ១៨ នៅ​គ្រា​នោះ សូម្បី​តែ​ខ្ញុំ​បម្រើ​ប្រុស​ខ្ញុំ​បម្រើ​ស្រី​របស់​ខ្ញុំ ក៏​ខ្ញុំ​នឹង​ចាក់​សកម្មពល​ខ្លះ​របស់​ខ្ញុំ​ទៅ​លើ​ពួក​គេ​ដែរ រួច​ពួក​គេ​នឹង​ប្រកាស​ទំនាយ។ ១៩ ខ្ញុំ​ក៏​នឹង​ធ្វើ​ការ​អស្ចារ្យ​នៅ​មេឃ​ខាង​លើ និង​សញ្ញា​សម្គាល់​នៅ​ផែនដី​ខាង​ក្រោម គឺ​ឈាម ភ្លើង និង​កំសួល​ផ្សែង។ ២០ ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ហើយ​លោក​ខែ​នឹង​ទៅ​ជា​ឈាម មុន​ថ្ងៃ​ដ៏​ធំ​និង​រុងរឿង​របស់​ព្រះ​យេហូវ៉ា​មក​ដល់។ ២១ ឯ​អស់​អ្នក​ណា​ដែល​ហៅ​រក​នាម​ព្រះ​យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​សង្គ្រោះ»›។

២២ «ជន​ជាតិ​អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់​ពាក្យ​នេះ៖ លោក​យេស៊ូ ពី​ក្រុង​ណាសារ៉ែត ជា​បុរស​ម្នាក់​ដែល​ព្រះ​បាន​សម្ដែង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ជា​ចំហ ដោយ​ការ​ដែល​ប្រកបដោយ​ឫទ្ធានុភាព សញ្ញា​សម្គាល់ និង​ការ​ដ៏​គួរ​ឲ្យ​កោត​ស្ងើច ដែល​ព្រះ​បាន​ធ្វើ​តាម​រយៈ​លោក​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ដូច​អ្នក​រាល់​គ្នា​ដឹងហើយ។ ២៣ បុរស​នេះ​បាន​ត្រូវ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​តាម​បំណងប្រាថ្នា​និង​ការ​ដឹង​ជា​មុន​របស់​ព្រះ ហើយ​អ្នក​រាល់​គ្នា​បាន​យក​បុរស​នោះ​ទៅ​បោះដែកគោល​ភ្ជាប់​នឹង​បង្គោល​ឈើ ក៏​បាន​សម្លាប់​លោក ដោយ​ដៃ​របស់​មនុស្ស​ប្រឆាំង​ច្បាប់។ ២៤ ប៉ុន្តែ​ព្រះ​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ ដោយ​ស្រាយ​ចំណង​នៃ​សេចក្ដី​ស្លាប់ ពីព្រោះ​លោក​មិន​អាច​ត្រូវ​ចង​ទុក​ដោយ​សេចក្ដី​ស្លាប់​ត​ទៅ​ទៀត​បាន​ឡើយ។ ២៥ ព្រោះ​ដាវីឌ​បាន​និយាយ​អំពី​លោក​ថា៖ ‹ខ្ញុំ​ឃើញ​ព្រះ​យេហូវ៉ា​នៅ​មុខ​ខ្ញុំ​ជា​និច្ច។ ដោយ​សារ​លោក​នៅ​ខាង​ស្ដាំ​ខ្ញុំ ខ្ញុំ​នឹង​មិន​ត្រូវ​ធ្វើ​ឲ្យ​រង្គោះរង្គើ​ឡើយ។ ២៦ ហេតុ​នេះ ចិត្ត​ខ្ញុំ​ក៏​រីករាយ ហើយ​អណ្ដាត​ខ្ញុំ​ក៏​បាន​ត្រេក​អរ​ក្រៃ​លែង។ ម្យ៉ាង​ទៀត ខ្ញុំ​នឹង​រស់​ដោយ​មាន​សេចក្ដី​សង្ឃឹម ២៧ ពីព្រោះ​លោក​នឹង​មិន​ទុក​ឲ្យ​ព្រលឹង* ខ្ញុំ​នៅ​ក្នុង​ផ្នូរ* ក៏​នឹង​មិន​ឲ្យ​សាច់​របស់​អ្នក​ដែល​មាន​ភក្ដីភាព​ចំពោះ​លោក​ខូច​ទៅ​ដែរ។ ២៨ លោក​បាន​សម្ដែង​ឲ្យ​ខ្ញុំ​ស្គាល់​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ជីវិត។ លោក​នឹង​បំពេញ​ចិត្ត​ខ្ញុំ​ដោយ​សេចក្ដី​រីករាយ ដោយ​សារ​ទឹក​មុខ​របស់​លោក›។

២៩ «បង​ប្អូន​អើយ ខ្ញុំ​សូម​និយាយ​ដោយ​ក្លាហាន​ទៅ​កាន់​អ្នក​រាល់​គ្នា​អំពី​ដាវីឌ ជា​មេ​គ្រួសារ​ថា គាត់​ក៏​បាន​ស្លាប់​ហើយ​បាន​ត្រូវ​បញ្ចុះ ហើយ​កន្លែង​ដែល​សព​របស់​គាត់​បាន​ត្រូវ​បញ្ចុះ ក៏​នៅ​ជា​មួយ​នឹង​យើង​រហូត​ដល់​ថ្ងៃ​នេះ។ ៣០ ដូច្នេះ ដោយ​សារ​គាត់​ជា​អ្នក​ប្រកាស​ទំនាយ ហើយ​ដឹង​ថា​ព្រះ​បាន​ស្បថ​នឹង​គាត់​ថា លោក​នឹង​តែង​តាំង​ម្នាក់​ពី​ពូជ​ពង្ស​របស់​គាត់​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក ៣១ គាត់​បាន​ឃើញ​ទុក​ជា​មុន​ក៏​បាន​និយាយ​អំពី​ការ​ប្រោស​គ្រិស្ត* ឲ្យ​រស់​ឡើង​វិញ​ថា លោក​មិន​បាន​ត្រូវ​ទុក​ចោល​ក្នុង​ផ្នូរ* ហើយ​សាច់​របស់​លោក​ក៏​មិន​បាន​ខូច​ទៅ​ដែរ។ ៣២ គឺ​លោក​យេស៊ូ​នេះ​ហើយ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​យើង​ទាំង​អស់​គ្នា​ជា​សាក្សី​អំពី​ការ​ពិត​នោះ។ ៣៣ ដូច្នេះ ដោយ​សារ​លោក​បាន​ត្រូវ​តម្កើង​ឲ្យ​នៅ​ខាង​ស្ដាំ​ព្រះ ក៏​បាន​ទទួល​សកម្មពល​បរិសុទ្ធ​ពី​បិតា​នៅ​ស្ថាន​សួគ៌​ដូច​អ្វី​ដែល​បាន​ត្រូវ​សន្យា នោះ​លោក​បាន​ចាក់​សកម្មពល​នេះ​មក​លើ​យើង ដូច​អ្នក​រាល់​គ្នា​កំពុង​ឃើញ​និង​ឮ។ ៣៤ ដាវីឌ​មិន​បាន​ឡើង​ទៅ​ស្ថាន​សួគ៌​ឡើយ ប៉ុន្តែ​គាត់​បាន​និយាយ​ដោយ​ផ្ទាល់​ថា៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​លោក​ម្ចាស់​របស់​ខ្ញុំ​ថា៖ «ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​ខ្ញុំ ៣៥ រហូត​ដល់​ខ្ញុំ​ដាក់​ពួក​សត្រូវ​របស់​អ្នក ជា​កំណល់​កល់​ជើង​អ្នក»›។ ៣៦ ដូច្នេះ ត្រូវ​ឲ្យ​ពូជ​ពង្ស​អ៊ីស្រាអែល​ទាំង​ឡាយ​ដឹង​ជាក់​ច្បាស់​ថា លោក​យេស៊ូ​ដែល​អ្នក​រាល់​គ្នា​បាន​ព្យួរ​នឹង​បង្គោល​ឈើ* ជា​អ្នក​ដែល​ព្រះ​បាន​តែង​តាំង​ជា​លោក​ម្ចាស់​និង​ជា​គ្រិស្ត»។

៣៧ ឮ​ដូច្នេះ ពួក​គេ​បាន​ស្ដាយ​ជា​ខ្លាំង ក៏​បាន​និយាយ​ទៅ​កាន់​ពេត្រុស​និង​ពួក​សាវ័ក​ឯ​ទៀត​ថា៖ «បង​ប្អូន​អើយ តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា?»។ ៣៨ ពេត្រុស​និយាយ​ទៅ​កាន់​ពួក​គេ​ថា៖ «ចូរ​ប្រែ​ចិត្ត ហើយ​អ្នក​រាល់​គ្នា​ម្នាក់ៗ​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក* ដោយ​នូវ​នាម​លោក​យេស៊ូ​គ្រិស្ត ដើម្បី​ឲ្យ​ការ​ខុស​ឆ្គង* របស់​អ្នក​រាល់​គ្នា​បាន​ត្រូវ​អភ័យទោស​ឲ្យ រួច​អ្នក​រាល់​គ្នា​នឹង​ទទួល​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​ជា​អំណោយ​ទាន។ ៣៩ ព្រោះ​នេះ​ជា​អ្វី​ដែល​បាន​ត្រូវ​សន្យា​ដល់​អ្នក​រាល់​គ្នា កូន​ចៅ​របស់​អ្នក​រាល់​គ្នា និង​អស់​អ្នក​ដែល​នៅ​ឆ្ងាយ គឺ​អស់​អ្នក​ណា​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង ហៅ​ឲ្យ​មក​ឯ​លោក»។ ៤០ គាត់​បាន​និយាយ​ពាក្យ​ជា​ច្រើន​ទៀត​ដើម្បី​បញ្ជាក់​ឲ្យ​បាន​សព្វ​គ្រប់ ក៏​ដាស់​តឿន​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត​ថា៖ «ចូរ​ញែក​ខ្លួន​ចេញ​ពីមនុស្ស​ជំនាន់​នេះ​ដែល​មាន​ចិត្ត​វៀចវេរ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​បំផ្លាញ​ចោល»។ ៤១ ដូច្នេះ អស់​អ្នក​ដែល​បាន​ជឿ​ពាក្យ​របស់​គាត់​យ៉ាង​អស់ពី​ចិត្ត​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​នៅ​ថ្ងៃ​នោះ​ប្រហែល​បី​ពាន់​នាក់* បាន​ត្រូវ​បន្ថែម។ ៤២ ពួក​គេ​បន្ត​ប្រុង​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ពួក​សាវ័ក ក៏​បាន​ចែក​អ្វីៗ​ទាំង​អស់​ជា​មួយ​គ្នា ហើយ​បរិភោគ​ជា​មួយ​គ្នា ព្រម​ទាំង​បាន​ព្យាយាម​ក្នុង​សេចក្ដី​អធិដ្ឋាន។

៤៣ មនុស្ស* គ្រប់​គ្នា​ចាប់​តាំង​មាន​ចិត្ត​កោត​ខ្លាច ហើយ​ការ​អស្ចារ្យ​និង​សញ្ញា​សម្គាល់​ជា​ច្រើន​ក៏​បាន​ចាប់​ផ្ដើម​កើត​ឡើង​តាម​រយៈ​ពួក​សាវ័ក។ ៤៤ អស់​អ្នក​ណា​ដែល​ទៅ​ជា​អ្នក​ជឿ​បាន​នៅ​ជា​មួយ​គ្នា ហើយ​មាន​អ្វីៗ​ទាំង​អស់​ជា​មួយ​គ្នា។ ៤៥ ពួក​គេ​ក៏​លក់​ដី​និង​របស់​របរ​ដែល​ខ្លួន​មាន រួច​យក​ប្រាក់​មក​ចែក​ដល់​គ្រប់​គ្នា​តាម​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ទាំង​នោះ។ ៤៦ ហើយ​ពួក​គេ​បាន​ជួប​ជុំ​គ្នា​នៅ​ឯ​វិហារ​ជា​រៀង​រាល់​ថ្ងៃ ក៏​បាន​បរិភោគ​អាហារ​ជា​មួយ​គ្នា​ក្នុង​ផ្ទះ​របស់​ពួក​គេ ដោយ​សេចក្ដី​ស្មោះ​និង​ចិត្ត​ត្រេក​អរ​ជា​ខ្លាំង ៤៧ ព្រម​ទាំង​សរសើរ​ព្រះ ហើយ​បណ្ដា​ជន​ទាំង​ឡាយ​បាន​ពេញ​ចិត្ត​នឹង​ពួក​គេ។ ជា​រៀង​រាល់​ថ្ងៃ នៅ​ដំណាល​គ្នា​នោះ ព្រះ​យេហូវ៉ា​បាន​បន្ត​នាំ​អស់​អ្នក​ដែល​កំពុង​ត្រូវ​សង្គ្រោះ​ឲ្យ​មក​ចូល​រួម​ជា​មួយ​នឹង​ពួក​គេ។

៣ នៅ​ម៉ោង​អធិដ្ឋាន គឺ​ម៉ោង​ទី​ប្រាំបួន* ពេត្រុស​និង​យ៉ូហាន​កំពុង​ឡើង​ទៅ​ឯ​វិហារ ២ ហើយ​បុរស​ម្នាក់​ដែល​ខ្វិន​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ កំពុង​ត្រូវ​គេ​សែង​មក។ ជា​រៀង​រាល់​ថ្ងៃ គេ​ដាក់​គាត់​នៅ​ជិត​ទ្វារ​វិហារ​ដែល​ហៅ​ថា​ទ្វារលម្អ ដើម្បី​សុំ​ទាន​ពី​អ្នក​ដែល​ចូល​វិហារ។ ៣ ពេល​ដែល​គាត់​ក្រឡេក​ទៅ​ឃើញ​ពេត្រុស​និង​យ៉ូហាន​ហៀបនឹង​ចូល​វិហារ គាត់​ចាប់​ផ្ដើម​សុំ​ទាន។ ៤ ប៉ុន្តែ​ពេត្រុស​ព្រម​ទាំង​យ៉ូហាន​សម្លឹង​មើល​គាត់ ហើយ​ពេត្រុស​និយាយ​ថា៖ «សូម​មើល​មក​យើង»។ ៥ ដូច្នេះ បុរស​នោះ​ក៏​សម្លឹង​មើល​ពួក​គាត់ ដោយ​សង្ឃឹម​ថា​នឹង​បាន​ទាន​ពី​ពួក​គាត់។ ៦ ក៏​ប៉ុន្តែ​ពេត្រុស​និយាយ​ថា៖ «មាស​និង​ប្រាក់​ខ្ញុំ​មិន​មាន​ទេ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មាន ខ្ញុំ​នឹង​ឲ្យ​អ្នក៖ ដោយ​នូវ​នាម​លោក​យេស៊ូ​គ្រិស្ត​ពី​ក្រុង​ណាសារ៉ែត ចូរ​ដើរ​ទៅ​ចុះ!»។ ៧ លុះ​និយាយ​ចប់​ហើយ គាត់​ក៏​ចាប់​ដៃ​ស្ដាំ​របស់​បុរស​នោះ​ហើយ​លើក​គាត់ឡើង។ រំពេច​នោះ បាត​ជើង​និង​ឆ្អឹង​ក​ជើង​របស់​បុរស​នោះ​បាន​មាំ​ឡើង ៨ គាត់​ស្ទុះ​ឈរ ចាប់​ផ្ដើម​ដើរ រួច​ចូល​ក្នុង​វិហារ​ជា​មួយ​នឹង​ពួក​គាត់ ដោយ​ដើរ​ផង លោត​ផង ហើយ​សរសើរ​ព្រះ។ ៩ បណ្ដា​ជន​ទាំង​ឡាយ​បាន​ក្រឡេក​ទៅ​ឃើញ​គាត់​កំពុង​ដើរ​ព្រម​ទាំង​សរសើរ​ព្រះ។ ១០ ម្យ៉ាង​ទៀត ពួក​គេ​កត់​សម្គាល់​ថា គាត់​ជា​បុរស​ដែល​ធ្លាប់​អង្គុយ​សុំ​ទាន​នៅ​ទ្វារលម្អ​នៃ​វិហារ ហើយ​ពួក​គេ​តាំង​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ក៏​រំភើប​ចិត្ត​ក្រៃ​លែង​ដោយ​សារ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​គាត់។

១១ កាល​ដែល​បុរស​នោះ​កំពុង​តោង​ពេត្រុស​និង​យ៉ូហាន មនុស្ស​ទាំង​ឡាយ​បាន​រត់​មក​ឯ​ពួក​គាត់​នៅ​ល្វែង​សាឡូម៉ូន ដោយ​ភ្ញាក់​ផ្អើល​ហួស​ប្រមាណ។ ១២ ឃើញ​ដូច្នេះ ពេត្រុស​និយាយ​ទៅ​កាន់​បណ្ដា​ជន​ថា៖ «ជន​ជាតិ​អ៊ីស្រាអែល​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​កំពុង​ឆ្ងល់​អំពី​រឿង​នេះ ឬ​ហេតុ​អ្វី​អ្នក​រាល់​គ្នា​កំពុង​សម្លឹង​មើល​យើង​ដូច​ជា​យើង​បាន​ធ្វើ​ឲ្យ​បុរស​នេះ​ដើរ​ដោយ​សារ​ឫទ្ធានុភាព​របស់​យើង​ផ្ទាល់ ឬ​ក៏​ដោយ​សារ​យើង​មាន​ភក្ដីភាព​ចំពោះ​ព្រះ? ១៣ ព្រះ​របស់​អាប្រាហាំ អ៊ីសាក និង​យ៉ាកុប ជា​ព្រះ​នៃ​ពួក​បុព្វបុរស​របស់​យើង បាន​តម្កើង​អ្នក​បម្រើ​របស់​លោក គឺ​លោក​យេស៊ូ ដែល​អ្នក​រាល់​គ្នា​បាន​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​មនុស្ស ក៏​បាន​បដិសេធ​មិន​ទទួល​ស្គាល់​នៅ​មុខ​ពីឡាត កាល​ដែល​គាត់​បាន​សម្រេច​ចិត្ត​ដោះ​លែង​លោក។ ១៤ អ្នក​រាល់​គ្នា​បាន​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​បរិសុទ្ធ​ហើយ​សុចរិត​នោះ រួច​បាន​សុំ​គេ​អនុគ្រោះ ហើយ​ដោះ​លែង​បុរស​ម្នាក់​ដែល​ជា​ឃាតករ​ឲ្យ​អ្នក​រាល់​គ្នា ១៥ រីឯ​មេ​ដឹក​នាំ​ដែល​ផ្ដល់​ជីវិត អ្នក​រាល់​គ្នា​បាន​សម្លាប់​ចោល​វិញ។ ប៉ុន្តែ​ព្រះ​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ ហើយ​យើង​ជា​សាក្សី​អំពី​ការ​ពិត​នោះ។ ១៦ ហេតុ​នេះ នាម​របស់​លោក គឺថា​ជំនឿ​របស់​យើង​លើ​នាម​របស់​លោក បាន​ធ្វើ​ឲ្យ​បុរស​នេះ​មាំ​មួន​ឡើង ជា​អ្នក​ដែល​អ្នក​រាល់​គ្នា​ឃើញ​និង​ស្គាល់ ហើយ​ជំនឿ​ដែល​យើង​មាន​ដោយ​សារ​លោក បាន​ធ្វើ​ឲ្យ​បុរស​នេះ​ជា​ទាំង​ស្រុង​នៅ​មុខ​អ្នក​រាល់​គ្នា។ ១៧ បង​ប្អូន​អើយ ខ្ញុំ​ដឹង​ថា​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ដោយ​មិន​ដឹង​ខ្លួន ដូច​ពួក​អ្នក​គ្រប់​គ្រង​របស់​អ្នក​រាល់​គ្នា​ក៏​បាន​ប្រព្រឹត្ត​ដូច្នេះ​ដែរ។ ១៨ ប៉ុន្តែ​គឺ​យ៉ាង​នេះ​ហើយ ដែល​ព្រះ​បាន​សម្រេច​ការ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ប្រកាស​ទុក​ជា​មុន ដោយ​មាត់​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ថា គ្រិស្ត​របស់​លោក​នឹង​រង​ទុក្ខ។

១៩ «ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​វិល​មក​វិញ​ចុះ ដើម្បី​ឲ្យ​ការ​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា​ត្រូវ​លុប​ចោល ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​ល្ហើយ​ចិត្ត​ពី​ព្រះ​យេហូវ៉ា​ផ្ទាល់ ២០ ហើយ​ដើម្បី​លោក​ចាត់​គ្រិស្ត​ឲ្យ​មក ដែល​បាន​ត្រូវ​តែង​តាំង​សម្រាប់​អ្នក​រាល់​គ្នា គឺ​លោក​យេស៊ូ ២១ ដែល​ស្ថាន​សួគ៌​ត្រូវ​ទុក​រហូត​ដល់​គ្រា​ធ្វើ​អ្វីៗ​ទាំង​អស់​ជា​ថ្មី​ឡើង​វិញ តាម​អ្វី​ដែល​ព្រះ​បាន​មាន​ប្រសាសន៍​តាម​រយៈ​មាត់​របស់​ពួក​អ្នក​បរិសុទ្ធ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​របស់​លោក​នៅ​សម័យ​បុរាណ។ ២២ តាម​ការ​ពិត ម៉ូសេ​បាន​និយាយ​ថា៖ ‹ព្រះ​យេហូវ៉ា​នឹង​តែង​តាំង​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ដូច​ខ្ញុំ​សម្រាប់​អ្នក​រាល់​គ្នា ពី​ចំណោម​បង​ប្អូន​របស់​អ្នក។ អ្នក​រាល់​គ្នា​ត្រូវ​តែ​ស្ដាប់​តាម​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​រាល់​គ្នា។ ២៣ អ្នក* ណា​ដែល​មិន​ស្ដាប់​តាម​អ្នក​ប្រកាស​ទំនាយ​នោះ អ្នក​នោះ​នឹង​ត្រូវ​បំផ្លាញ​ចោល​ពី​ចំណោម​បណ្ដា​ជន›។ ២៤ ការ​ពិត ពួក​អ្នក​ប្រកាស​ទំនាយ​គ្រប់​គ្នា ចាប់​តាំង​ពី​សាំយូអែល​រៀង​មក ក៏​បាន​ប្រកាស​ជា​ចំហ​អំពី​គ្រា​នេះ​ដែរ។ ២៥ អ្នក​រាល់​គ្នា​ជា​កូន​របស់​ពួក​អ្នក​ប្រកាស​ទំនាយ និង​ជា​អ្នក​ដែល​បាន​ទទួល​ជា​មត៌ក​នូវ​កិច្ច​ព្រមព្រៀង​ដែល​ព្រះ​បាន​ធ្វើ​ជា​មួយ​នឹង​ពួក​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ដោយ​មាន​ប្រសាសន៍​ទៅ​អាប្រាហាំ​ថា៖ ‹ហើយ​តាម​រយៈ​ពូជ​របស់​អ្នក គ្រប់​ក្រុម​គ្រួសារ​នៅ​ផែនដី​នឹង​ទទួល​ពរ›។ ២៦ ក្រោយ​ពី​ព្រះ​បាន​តែង​តាំង​អ្នក​បម្រើ​របស់​លោក នោះ​លោក​ក៏​ចាត់​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា​មុន​គេ ដើម្បី​ឲ្យ​ពរ​ដល់​អ្នក​រាល់​គ្នា ដោយ​បង្វែរ​អ្នក​រាល់​គ្នា​ម្នាក់ៗ​ចេញ​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន»។

៤ កាល​ដែល​ពួក​គាត់​ទាំង​ពីរ​នាក់​កំពុង​និយាយ​នៅ​ឡើយ ពួក​សង្ឃនាយក មេ​កង​រក្សា​វិហារ និង​ពួក​សាឌូស៊ី* បាន​មក​រក​ពួក​គាត់​ភ្លាម ២ ទាំង​មួម៉ៅ​ពីព្រោះ​ពួក​គាត់​កំពុង​បង្រៀន​បណ្ដា​ជន ក៏​កំពុង​ប្រកាស​ជា​ចំហ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញដោយ​សំ​អាង​លើ​ករណី​លោក​យេស៊ូ។ ៣ ពួក​គេ​ចាប់​ពួក​គាត់ ហើយ​ឃុំ​ទុក​រហូត​ដល់​ថ្ងៃ​ស្អែក ព្រោះ​ល្ងាច​ហើយ។ ៤ ក៏​ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ដែល​បាន​ស្ដាប់​សុន្ទរកថា​នោះ​បាន​ជឿ រួច​ចំនួន​បុរស​បាន​កើន​ឡើង​ដល់​ប្រហែល​ប្រាំ​ពាន់​នាក់។

៥ លុះ​ថ្ងៃ​ស្អែក ពួក​អ្នក​គ្រប់​គ្រង ពួក​បុរស​ចាស់​ទុំ និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់* បាន​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម ៦ (ព្រម​ទាំង​អេណាស ជា​សង្ឃនាយក កៃផាស យ៉ូហាន អាឡិចសង់ និង​អស់​អ្នក​ដែល​ជា​សាច់​ញាតិ​របស់​សង្ឃនាយក) ៧ រួច​មក​ក៏​យក​ពួក​គាត់​មក​ឈរ​នៅ​កណ្ដាល​ពួក​គេ​ហើយ​តាំង​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​នេះ​ដោយ​អាង​អំណាច​អ្វី ឬ​ដោយ​អាង​ឈ្មោះ​របស់​អ្នក​ណា?»។ ៨ បន្ទាប់​មក ពេត្រុស​បាន​ពេញ​ទៅ​ដោយ​សកម្មពល* បរិសុទ្ធ​របស់​ព្រះ​ក៏​និយាយ​ទៅ​កាន់​ពួក​គេ​ថា៖

«ពួក​អ្នក​គ្រប់​គ្រង​បណ្ដា​ជន និង​ពួក​បុរស​ចាស់​ទុំ​អើយ ៩ ប្រសិនបើ​អ្នក​រាល់​គ្នា​កំពុង​សួរ​ចម្លើយ​យើង​ឥឡូវ​នេះ ស្តី​អំពី​អំពើ​ល្អ​ដែល​យើង​បាន​ធ្វើ​ដល់​បុរស​ពិការ​ម្នាក់ ព្រោះ​ចង់​ដឹង​ថា​គាត់​បាន​ជា​ដោយ​សារ​អ្នក​ណា ១០ សូម​អ្នក​ទាំង​អស់​គ្នា និង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​ឡាយ​ជ្រាប​ថា បុរស​នេះ​ឈរ​នៅ​មុខ​អ្នក​រាល់​គ្នា​ទាំង​មាន​រូប​កាយ​មាំ​មួន ដោយ​សារ​នាម​របស់​លោក​យេស៊ូ​គ្រិស្ត​ពី​ក្រុង​ណាសារ៉ែត ដែល​អ្នក​រាល់​គ្នា​បាន​ព្យួរ* តែ​ព្រះ​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ។ ១១ លោក​យេស៊ូ​នេះ​ហើយ​ជា​‹ដុំ​ថ្ម​ដែល​អ្នក​រាល់​គ្នា ជា​អ្នក​សាងសង់ បាន​ចាត់​ទុក​ថា​គ្មាន​ប្រយោជន៍ ដែល​បាន​ទៅ​ជា​ថ្ម​នៅ​លើ​គេ​បំផុត​នៅ​ជ្រុង​ជញ្ជាំង›។* ១២ ម្យ៉ាង​ទៀត គ្មាន​សេចក្ដី​សង្គ្រោះ​តាម​រយៈ​អ្នក​ណា​ទៀត​ឡើយ ព្រោះ​នៅ​ក្រោម​មេឃ គ្មាន​នាម​ណា​ផ្សេង​ទៀត​ដែល​ព្រះ​បាន​ផ្ដល់​ក្នុង​ចំណោម​មនុស្ស​ជាតិ​ឲ្យ​យើង​រាល់​គ្នា​ទទួល​សេចក្ដី​សង្គ្រោះ​ទេ»។

១៣ ពេល​ដែល​ពួក​គេ​ឃើញ​ថា​ពេត្រុស​និង​យ៉ូហាន​និយាយ​ដោយ​សេចក្ដី​ក្លាហាន​ដូច្នេះ ក៏​យល់​ឃើញ​ថា​ពួក​គាត់​មិន​បាន​រៀន​សូត្រ* នោះ​ពួក​គេ​តាំង​ឆ្ងល់ រួច​ចាប់​ផ្ដើម​ដឹង​ថា​ពួក​គាត់​ធ្លាប់​នៅ​ជា​មួយ​នឹង​លោក​យេស៊ូ ១៤ ហើយ​កាល​ដែល​ពួក​គេ​មើល​បុរស​ដែល​ពួក​គាត់​បាន​ធ្វើ​ឲ្យ​ជា ដែល​កំពុង​ឈរ​ជា​មួយ​នឹង​ពួក​គាត់ នោះ​ពួក​គេ​គ្មាន​អ្វី​ឆ្លើយ​តប​ទេ។ ១៥ ដូច្នេះ ពួក​គេ​បង្គាប់​ពួក​គាត់​ឲ្យ​ចេញ​ក្រៅ​សាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់* រួច​ពួក​គេ​ចាប់​ផ្ដើម​ប្រឹក្សា​គ្នា ១៦ ថា៖ «តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដល់​បុរស​ទាំង​នេះ? ពីព្រោះ​សញ្ញា​សម្គាល់​ដ៏​អស្ចារ្យ​មួយ​បាន​កើត​ឡើង​តាម​រយៈ​ពួក​គេ​ពិត​មែន ជា​សញ្ញា​សម្គាល់​ដែល​អ្នក​ក្រុង​យេរូសាឡិម​ទាំង​ឡាយ​បាន​ឃើញ​ជាក់​ស្តែង ហើយ​យើង​បដិសេធ​មិន​បាន​ទេ។ ១៧ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ចូរ​យើង​គំរាម​ពួក​គេ ហើយ​ប្រាប់​ថា​មិន​ត្រូវ​និយាយ​ដោយ​នូវ​ឈ្មោះ​នោះ​ទៅ​អ្នក​ណា​ម្នាក់​ត​ទៅ​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​ការ​នោះ​ឮ​សុសសាយ​ក្នុង​ចំណោម​បណ្ដា​ជន»។

១៨ និយាយ​ចប់​ហើយ ពួក​គេ​ក៏​ហៅ​ពួក​គាត់​មក រួច​បង្គាប់​ថា មិន​ត្រូវ​និយាយ​ឬ​បង្រៀន​ដោយ​នូវ​នាម​លោក​យេស៊ូ​សោះ​ឡើយ ទោះ​ជា​នៅ​កន្លែង​ណា​ក៏ដោយ។ ១៩ ប៉ុន្តែ​ពេត្រុស​និង​យ៉ូហាន​តប​ទៅ​ពួក​គេ​ថា៖ «ប្រសិនបើ​អ្នក​រាល់​គ្នា​គិតថា​ការ​ស្ដាប់​តាម​អ្នក​រាល់​គ្នា​ជា​ជាង​ស្ដាប់​តាម​ព្រះ ជា​អ្វី​ដែល​ព្រះ​ចាត់​ទុក​ជា​អំពើ​សុចរិត នោះ​ស្រេច​លើ​អ្នក​រាល់​គ្នា​ចុះ។ ២០ ប៉ុន្តែ​ចំណែក​យើង​វិញ យើង​មិន​អាច​ឈប់​និយាយ​អំពី​អ្វី​ដែល​យើង​បាន​ឃើញ​និង​ឮ​បាន​ទេ»។ ២១ ដូច្នេះ ពួក​គេ​គំរាម​ពួក​គាត់​ទៀត រួច​ដោះ​លែង​ទៅ ដោយ​សារ​មិន​អាច​រក​ឃើញ​ហេតុ​ឲ្យ​ដាក់​ទោស​ពួក​គាត់ និង​ដោយ​សារ​បណ្ដា​ជន ព្រោះ​បណ្ដា​ជន​ទាំង​ឡាយ​កំពុង​តម្កើង​ព្រះ​ដោយ​សារ​អ្វី​ដែល​បាន​កើត​ឡើង ២២ ព្រោះ​បុរស​ដែល​បាន​ត្រូវ​ធ្វើ​ឲ្យ​ជា​ដោយ​ហេតុ​អស្ចារ្យ​នោះ មាន​អាយុ​ជាង​សែសិប​ឆ្នាំ​ហើយ។

២៣ បន្ទាប់​ពី​បាន​ត្រូវ​ដោះ​លែង​ហើយ ពួក​គាត់​ក៏​ទៅ​ឯ​អ្នក​រួម​ជំនឿ ហើយ​រៀប​រាប់​ប្រាប់​អំពី​អ្វីៗ​ដែល​ពួក​សង្ឃនាយក​និង​ពួក​បុរស​ចាស់​ទុំ​បាន​និយាយ​ទៅ​កាន់​ពួក​គាត់។ ២៤ កាល​ដែល​ឮ​អ្វីៗ​ទាំង​នោះ ពួក​គាត់​ទាំង​អស់​គ្នា​បាន​បន្លឺ​សំឡេង​អធិដ្ឋាន​ទៅ​ព្រះ​រួម​គ្នា​ថា៖

«ឱ​ម្ចាស់​ដ៏​ឧត្តម​បំផុត លោក​ជា​អ្នក​ដែល​បាន​បង្កើត​មេឃ ផែនដី សមុទ្រ និង​អ្វីៗ​ទាំង​អស់​ដែល​នៅ​ទី​នោះ ២៥ ហើយ​លោក​បាន​មាន​ប្រសាសន៍​ដោយ​សកម្មពល​បរិសុទ្ធ​របស់​លោក តាម​រយៈ​មាត់​របស់​ដាវីឌ ជា​បុព្វបុរស​របស់​យើង និង​ជា​អ្នក​បម្រើ​របស់​លោក​ថា៖ ‹ហេតុ​អ្វី​បាន​ជា​ប្រជាជាតិ​ទាំង​ឡាយ​ចាប់​ផ្ដើម​ជ្រួល​ច្របល់ ហើយ​ជន​ជាតិ​នានា​ជញ្ជឹង​គិត​អំពី​ការ​ឥត​ប្រយោជន៍? ២៦ ពួក​ស្តេច​ផែនដី​បាន​ក្រោកឈរ ហើយ​ពួក​អ្នក​គ្រប់​គ្រង​បាន​រួម​គ្នា​ប្រឆាំង​ព្រះ​យេហូវ៉ា​និង​ប្រឆាំង​អ្នក​ដែល​លោក​បាន​រើស​តាំង›។ ២៧ គឺ​ដូច្នោះ​មែន ព្រោះ​ទាំង​ហេរ៉ូឌ​ទាំង​ប៉ុនទាសពីឡាត​ជា​មួយ​នឹង​ជន​ជាតិ​ផ្សេង​និង​ជន​ជាតិ​អ៊ីស្រាអែល ពិត​ជា​បាន​ជួប​ជុំ​គ្នា​នៅ​ក្រុង​នេះ ដើម្បី​ប្រឆាំង​អ្នក​បម្រើ​បរិសុទ្ធ​របស់​លោក គឺ​លោក​យេស៊ូ​គ្រិស្ត ដែល​លោក​បាន​រើស​តាំង* ២៨ ដើម្បី​ឲ្យ​ធ្វើ​អ្វី​ដែល​ឫទ្ធានុភាព​និង​បំណងប្រាថ្នា​របស់​លោក​បាន​សម្រេច​ទុក​ជា​មុន​ថា​ត្រូវ​កើត​ឡើង។ ២៩ ឥឡូវ​នេះ ឱ​ព្រះ​យេហូវ៉ា​អើយ សូម​ស្ដាប់​សេចក្ដី​គំរាម​របស់​ពួក​គេ ហើយ​អនុគ្រោះ​ឲ្យ​ពួក​ខ្ញុំ​បម្រើ​របស់​លោក​បន្ត​ប្រកាស​បណ្ដាំ​របស់​លោក​ដោយ​សេចក្ដី​ក្លាហាន ៣០ កាល​ដែល​លោក​លា​ដៃ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ ហើយ​កាល​ដែល​សញ្ញា​សម្គាល់​និង​ការ​អស្ចារ្យ​កើត​ឡើង​ដោយ​នូវ​នាម​អ្នក​បម្រើ​បរិសុទ្ធ​របស់​លោក គឺ​លោក​យេស៊ូ»។

៣១ លុះ​បាន​អង្វរ​ចប់​ហើយ កន្លែង​ដែល​ពួក​គាត់​ជួប​ជុំ​គ្នា​បាន​រញ្ជួយ ហើយ​ពួក​គាត់​ទាំង​អស់​គ្នា​បាន​ពេញ​ទៅ​ដោយ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ ក៏​បាន​ប្រកាស​បណ្ដាំ​របស់​ព្រះ​ដោយ​សេចក្ដី​ក្លាហាន។

៣២ ម្យ៉ាង​ទៀត អស់​អ្នក​ដែល​ជា​អ្នក​ជឿ​បាន​រួម​ចិត្ត​គំនិត* តែ​មួយ ហើយ​គ្មាន​អ្នក​ណា​ម្នាក់​ចង់​និយាយ​ថា​អ្វី​ដែល​ពួក​គាត់​មាន​ជា​របស់​ខ្លួន​ទេ តែ​ពួក​គាត់​មានអ្វីៗ​ទាំងអស់​ជា​មួយ​គ្នា។ ៣៣ ហើយ​ដោយ​អានុភាព​ខ្លាំងក្លា នោះ​ពួក​សាវ័ក​បន្ត​ធ្វើជា​សាក្សី​បញ្ជាក់​អំពី​ការ​ប្រោស​លោក​ម្ចាស់​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ ហើយ​ពួក​គាត់​ទាំង​អស់​គ្នា​បាន​ទទួល​គុណ​វិសេស​ដ៏​ច្រើន​លើស​លប់​ពី​ព្រះ។ ៣៤ ម្យ៉ាង​ទៀត គ្មានអ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ពួក​គាត់​ខ្វះ​ខាត​ឡើយ ព្រោះ​អស់​អ្នក​ណា​ដែល​មាន​ស្រែ​ចម្ការ​ឬ​ផ្ទះ បាន​លក់​យក​ប្រាក់​មក ៣៥ ឲ្យ​ពួក​សាវ័ក។ រួច​ពួក​សាវ័ក​ក៏​ចែក​ដល់​ពួក​គាត់​ម្នាក់ៗ តាម​ដែល​មាន​សេចក្ដី​ត្រូវ​ការ។ ៣៦ ដូច្នេះ យ៉ូសែប ដែល​ពួក​សាវ័ក​ហៅ​ថា​បាណាបាស ដែល​មាន​ន័យ​ថា កូន​នៃ​ការ​សម្រាល​ទុក្ខ ហើយ​ដែល​ជា​អ្នក​ក្រុង​គីប្រុស ពី​កុលសម្ព័ន្ធ​លេវី ៣៧ គាត់​មាន​ដី ហើយ​បាន​លក់​យក​ប្រាក់​មក​ឲ្យ​ពួក​សាវ័ក។

៥ ក៏​ប៉ុន្តែ បុរស​ម្នាក់​ឈ្មោះ​អាណានាស ជា​មួយ​នឹង​សាភីរ៉ា​ជា​ប្រពន្ធ បាន​លក់​មួយ​ចំណែក​នៃ​កម្មសិទ្ធិ​របស់​ពួក​គាត់ ២ រួច​ទុក​ប្រាក់​ខ្លះ​ដោយ​លួច​លាក់ ហើយ​ប្រពន្ធ​របស់​គាត់​ក៏​បាន​ដឹង​ដែរ។ បន្ទាប់​មក ពួក​គាត់​ក៏​យក​តែ​មួយ​ចំណែក​ទៅ​ឲ្យ​ពួក​សាវ័ក។ ៣ ប៉ុន្តែ​ពេត្រុស​និយាយ​ថា៖ «អាណានាស ហេតុ​អ្វី​បាន​ជា​សាថាន* បាន​ធ្វើ​ឲ្យ​អ្នក​ហ៊ាន​កុហក​សកម្មពល* បរិសុទ្ធ​របស់​ព្រះ ហើយ​ទុក​ប្រាក់​ខ្លះ​ដោយ​លួច​លាក់ ដែល​អ្នក​បាន​មក​ពី​ការ​លក់​ដី​វាល​នោះ? ៤ មុន​ដែល​អ្នក​លក់​វា តើ​វា​មិន​មែន​ជា​របស់​អ្នក​ទេ​ឬ? រួច​ក្រោយ​ពី​បាន​លក់​ហើយ អ្នក​អាច​ប្រើប្រាស់​ប្រាក់​នោះ​តាម​ចិត្ត មែន​ទេ? ហេតុ​អ្វី​បាន​ជា​អ្នក​បាន​គិត​គ្រោង​ក្នុង​ចិត្ត​ដូច្នេះ? អ្នក​មិន​បាន​កុហក​មនុស្ស​ទេ តែ​បាន​កុហក​ព្រះ​វិញ»។ ៥ កាល​ដែល​ឮ​ដូច្នេះ អាណានាស​បាន​ដួល​ស្លាប់​នៅ​នឹង​កន្លែង។ ហើយ​អស់​អ្នក​ណា​ដែល​ឮ​អំពី​ការ​នោះ​តាំង​កោត​ខ្លាច​ជា​ខ្លាំង។ ៦ ប៉ុន្តែ​ពួក​យុវជន​បាន​ក្រោក​ឡើង​យក​ក្រណាត់​មក​រុំ​គាត់ រួច​សែង​យក​ទៅ​បញ្ចុះ។

៧ ប្រហែល​បី​ម៉ោង​ក្រោយ​មក ប្រពន្ធ​របស់​គាត់​ក៏​ចូល​មក ដោយ​មិន​ដឹង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ទេ។ ៨ ពេត្រុស​និយាយ​ទៅ​នាង​ថា៖ «សូម​ប្រាប់​ខ្ញុំ តើ​អ្នក​ទាំង​ពីរ​បាន​លក់​ដី​វាល​បាន​ប្រាក់​ប៉ុណ្ណេះ​ឬ?»។ នាង​ឆ្លើយ​ថា៖ «ចាស យើង​បាន​ប្រាក់​ប៉ុណ្ណឹង»។ ៩ ម្ល៉ោះ​ហើយ ពេត្រុស​និយាយ​ទៅ​នាង​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​សាកល្បង​សកម្មពល​របស់​ព្រះ​យេហូវ៉ា​ដូច្នេះ? មើល! ពួក​អ្នក​ដែល​បាន​បញ្ចុះ​សព​ប្ដី​របស់​នាង​ក៏​នៅ​មាត់​ទ្វារ ហើយ​ពួក​គេ​នឹង​សែង​នាង​ទៅ​ដែរ»។ ១០ រំពេច​នោះ នាង​ក៏​ដួល​ស្លាប់​នៅ​ជិត​ជើង​ពេត្រុស។ កាល​ដែល​ពួក​យុវជន​មក​ដល់​ឃើញ​ថា​នាង​ស្លាប់​ហើយ ពួក​គេ​ក៏​សែង​នាង​ទៅ​បញ្ចុះ​នៅ​ក្បែរ​ប្ដី។ ១១ ហេតុ​នេះ​ហើយ ក្រុម​ជំនុំ​ទាំង​មូល និង​អស់​អ្នក​ណា​ដែល​បាន​ឮ​អំពី​ការ​ទាំង​នេះ​ក៏​តាំង​កោត​ខ្លាច​ជា​ខ្លាំង។

១២ ម្យ៉ាង​ទៀត ពួក​សាវ័ក​បន្ត​ធ្វើ​សញ្ញា​សម្គាល់​និង​ការ​អស្ចារ្យ​ក្នុង​ចំណោម​បណ្ដា​ជន ហើយ​ពួក​គាត់​ទាំង​អស់​គ្នា​តែង​ជួប​ជុំ​គ្នា​នៅ​ល្វែង​សាឡូម៉ូន។ ១៣ ពិត​មែន​ហើយ គ្មាន​អ្នក​ណា​ម្នាក់​ពី​ចំណោម​អ្នក​ឯ​ទៀត​ហ៊ាន​ចូល​រួម​ជា​មួយ​នឹង​ពួក​គាត់​ឡើយ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ បណ្ដា​ជន​បាន​សរសើរ​ពួក​គាត់​យ៉ាង​ខ្លាំង។ ១៤ ហើយ​មាន​អ្នក​ជឿ​លើ​លោក​ម្ចាស់​កាន់​តែ​ច្រើន​ឡើងៗ ទាំង​ប្រុស​ទាំង​ស្រី​មួយ​ក្រុម​ធំ ១៥ រហូត​ដល់​គេ​នាំ​មនុស្ស​ដែល​ឈឺ​ចេញ​មក​ផ្លូវ​ធំៗ​រួច​ដាក់​លើ​គ្រែ​តូចៗ​និង​គ្រែ​ស្នែង ដើម្បី​យ៉ាង​ហោច​ណាស់​ពេល​ដែល​ពេត្រុស​ដើរ​កាត់ គាត់​អាច​ចោល​ស្រមោល​លើ​ពួក​គេ​ណា​ម្នាក់។ ១៦ ម្យ៉ាង​ទៀត មនុស្ស​ច្រើន​សន្ធឹក​ពី​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ជុំ​វិញ​ក្រុង​យេរូសាឡិម​ចេះ​តែម​ក​មូល​គ្នា ដោយ​នាំ​មនុស្ស​ដែល​រង​ទុក្ខ​ដោយ​សារ​ពួក​វិញ្ញាណ* អសោច ព្រម​ទាំង​មនុស្ស​ដែល​ឈឺ​មក​ជា​មួយ ហើយ​ពួក​គេ​បាន​ជា​សះ​ស្បើយ​គ្រប់​គ្នា។

១៧ ប៉ុន្តែ​សម្ដេច​សង្ឃ​និង​អស់​អ្នក​ដែល​នៅ​ជា​មួយ ពោល​គឺ​ពួក​អ្នក​ពី​និកាយ​សាឌូស៊ី បាន​ក្រោក​ឡើង​ទាំង​មាន​ចិត្ត​ច្រណែន​ក្រៃ​លែង ១៨ រួច​ពួក​គេ​ចាប់​ពួក​សាវ័ក ហើយ​ដាក់​ក្នុង​គុក​សាធារណៈ។ ១៩ ប៉ុន្តែ​នៅ​យប់​នោះ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​មក​បើក​ទ្វារ​គុក រួច​នាំ​ពួក​គាត់​ចេញ​មក​ហើយ​ប្រាប់​ថា៖ ២០ «ចូរ​ទៅ​ចុះ ហើយ​ក្រោយ​ពី​បាន​ទៅ​ឯ​វិហារ ចូរ​បន្ត​ប្រាប់​បណ្ដា​ជន​នូវ​បណ្ដាំ​ទាំង​អស់​អំពី​ជីវិត​នេះ»។ ២១ ឮ​ដូច្នេះ ពួក​គាត់​បាន​ចូល​ក្នុង​វិហារ​ពេល​ថ្ងៃ​រះ រួច​ចាប់​ផ្ដើម​បង្រៀន។

ក្រោយ​ពី​សម្ដេច​សង្ឃ​និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​មក​ដល់​ហើយ ពួក​គេ​ក៏​ប្រមូល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​និង​ពួក​បុរស​ចាស់​ទុំ​ទាំង​ឡាយ​នៃ​ពួក​កូន* អ៊ីស្រាអែល រួច​បាន​ចាត់​គេ​ឲ្យ​ទៅ​គុក​ហើយ​នាំ​ពួក​សាវ័ក​មក។ ២២ លុះ​ទៅ​ដល់​ហើយ ពួក​អាជ្ញាធរ​ឃើញ​ថា​ពួក​សាវ័ក​មិន​នៅ​ក្នុង​គុក​ឡើយ ដូច្នេះ​ពួក​គេ​ក៏​វិល​មក​វិញ ហើយ​រាយ​ការណ៍ ២៣ ថា៖ «យើង​ឃើញ​ថា​គុក​នៅ​ចាក់​សោ​និង​បិទ​ជិត​ល្អ​ណាស់ ហើយ​ឃើញ​អ្នក​យាម​កំពុង​ឈរ​នៅ​មាត់​ទ្វារ​នៅ​ឡើយ ប៉ុន្តែ​ពេល​ដែល​បើក​ទៅ​មិន​ឃើញ​អ្នក​ណា​នៅ​ក្នុង​ទេ»។ ២៤ ឮ​ដូច្នេះ ទាំង​មេ​កង​រក្សា​វិហារ​ទាំង​ពួក​សង្ឃនាយក​ក៏​ងឿង​ឆ្ងល់​ជា​ខ្លាំង​ថា​រឿង​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា​វិញ។ ២៥ ប៉ុន្តែ​បុរស​ម្នាក់​បាន​មក​ដល់ ហើយ​រាយ​ការណ៍​ប្រាប់​ពួក​គេ​ថា៖ «មើល! បុរស​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​បាន​ដាក់​គុក កំពុង​ឈរ​បង្រៀន​បណ្ដា​ជន​នៅ​វិហារ»។ ២៦ រួច​មក មេ​កង​រក្សា​វិហារ​បាន​ចេញ​ទៅ​ជា​មួយ​នឹង​ពួក​ភ្នាក់ងារ​របស់​គាត់ ហើយ​បាន​ចាប់​ពួក​សាវ័ក​នាំ​មក តែ​មិន​បាន​ប្រើ​អំពើ​ហិង្សា​ទេ ដោយ​សារ​ខ្លាច​បណ្ដា​ជន​គប់​ដុំ​ថ្ម​សម្លាប់​ពួក​គេ។

២៧ ដូច្នេះ ពួក​គេ​ក៏​នាំ​ពួក​គាត់​មក​ឲ្យ​ឈរ​នៅ​សាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់។ រួច​សម្ដេច​សង្ឃ​សួរ​ចម្លើយ​ពួក​គាត់ ២៨ ហើយ​និយាយ​ថា៖ «យើង​បាន​បង្គាប់​អ្នក​រាល់​គ្នា​មិន​ឲ្យ​បង្រៀន​ដោយ​អាង​ឈ្មោះ​នោះ​ជា​ដាច់​ខាត តែ​មើល! អ្នក​រាល់​គ្នា​បាន​ផ្សាយ​សេចក្ដី​បង្រៀន​របស់​អ្នក​ពេញ​ក្រុង​យេរូសាឡិម ក៏​បាន​តាំង​ចិត្ត​ធ្វើ​ឲ្យ​យើង​ទទួល​ខុស​ត្រូវ​ចំពោះ​ឈាម​បុរស​នោះ»។ ២៩ ពេត្រុស​និង​ពួក​សាវ័ក​ឯ​ទៀត​បាន​ឆ្លើយ​ថា៖ «យើង​ត្រូវ​ស្ដាប់បង្គាប់​ព្រះ​ជា​អ្នក​គ្រប់​គ្រង ជា​ជាង​មនុស្ស។ ៣០ ព្រះ​នៃ​បុព្វបុរស​របស់​យើង​បាន​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ ជា​អ្នក​ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់​ដោយ​ព្យួរ​លើ​បង្គោល​ឈើ។ ៣១ គឺ​អ្នក​នោះ​ហើយ​ដែល​ព្រះ​បាន​តម្កើង​ឲ្យ​នៅ​ខាង​ស្ដាំ​លោក ជា​មេ​ដឹក​នាំ​និង​អ្នក​សង្គ្រោះ ហើយ​ដើម្បី​ឲ្យ​អ៊ីស្រាអែល​ប្រែ​ចិត្ត រួច​ទទួល​ការ​អភ័យទោស​ចំពោះ​ការ​ខុស​ឆ្គង។ ៣២ យើង​ជា​សាក្សី​អំពី​ការ​ទាំង​នេះ ហើយ​សាក្សី​មួយ​ទៀត​គឺ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ ដែល​លោក​បាន​ឲ្យ​ដល់​អ្នក​ណា​ដែល​ស្ដាប់បង្គាប់​លោក​ជា​អ្នក​គ្រប់​គ្រង»។

៣៣ ឮ​ដូច្នេះ ពួក​គេ​ក៏​ខឹង​ជា​ខ្លាំង ហើយ​ចង់​សម្លាប់​ពួក​គាត់​ចោល។ ៣៤ ប៉ុន្តែ​បុរស​ម្នាក់​ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​បាន​ក្រោក​ឡើង គឺ​ផារិស៊ី* ម្នាក់​ឈ្មោះ​កាម៉េលៀល ជា​គ្រូ​ច្បាប់* មួយ​រូប​ដែល​បណ្ដា​ជន​ទាំង​ឡាយ​កោត​គោរព។ គាត់​បង្គាប់​ឲ្យ​គេ​នាំ​បុរស​ទាំង​នោះ​ទៅ​ខាង​ក្រៅ​បន្ដិច​សិន។ ៣៥ គាត់​និយាយ​ទៅ​ពួក​គេ​ថា៖ «ជន​ជាតិ​អ៊ីស្រាអែល​អើយ ចូរ​ប្រយ័ត្ន​ខ្លួន​ស្តី​អំពី​អ្វី​ដែល​អ្នក​រាល់​គ្នា​បម្រុង​នឹង​ធ្វើ​ចំពោះ​បុរស​ទាំង​នេះ។ ៣៦ ជា​ឧទាហរណ៍ នៅ​សម័យ​មុន​មាន​ធើដាស ដែល​បាន​លើក​ខ្លួន​ថា​គាត់​ជា​វរជន ហើយ​បុរស​ប្រហែល​បួន​រយ​នាក់​បាន​ចូល​បក្សពួក​របស់​គាត់។ ប៉ុន្តែ​គាត់​ត្រូវ​គេ​សម្លាប់​ចោល ចំណែក​អស់​អ្នក​ដែល​ស្ដាប់​តាម​គាត់​បាន​ខ្ចាត់​ខ្ចាយ​ហើយ​បាត់​សូន្យ​ទៅ។ ៣៧ បន្ទាប់​ពី​គាត់ មាន​យូដាស​ពី​ស្រុក​កាលីឡេ​បាន​ក្រោក​ឡើង នៅ​សម័យ​បណ្ដា​ជន​ត្រូវ​ចុះ​បញ្ជី ហើយ​គាត់​បាន​ទាញ​នាំ​មនុស្ស​ឲ្យ​ទៅ​តាម​គាត់។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គាត់​បាន​ស្លាប់ ហើយ​អស់​អ្នក​ដែល​ស្ដាប់​តាម​គាត់​បាន​ខ្ចាត់​ខ្ចាយ​ទៅ​ទី​ជិត​ឆ្ងាយ។ ៣៨ អាស្រ័យ​ហេតុ​នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ជ្រៀត​ជ្រែក​ក្នុង​ការ​របស់​បុរស​ទាំង​នេះ​ឡើយ ហើយ​កុំ​ធ្វើ​អ្វី​ដល់​ពួក​គេ​ឲ្យ​សោះ (ពីព្រោះ​បើ​គម្រោង​ឬ​កិច្ចការ​នេះ​មក​ពី​មនុស្ស នោះ​នឹង​រលាយ​សាប​សូន្យ ៣៩ ប៉ុន្តែ​ប្រសិនបើ​មក​ពី​ព្រះ​វិញ អ្នក​រាល់​គ្នា​មិន​អាច​រំលាយ​បាន​ឡើយ) ពុំ​នោះ​សោត អ្នក​រាល់​គ្នា​ប្រហែលជា​កំពុង​តយុទ្ធ​ប្រឆាំង​ព្រះ​ទៅ​វិញ»។ ៤០ ឮ​ដូច្នេះ ពួក​គេ​ក៏​ស្ដាប់​តាម​គាត់ រួច​បាន​ហៅ​ពួក​សាវ័ក​មក វាយ​ពួក​គាត់​នឹង​រំពាត់ ហើយ​បង្គាប់​ឲ្យ​ឈប់​និយាយ​ដោយ​អាង​នាម​លោក​យេស៊ូ។ បន្ទាប់​មក ពួក​គេ​ក៏​ដោះ​លែង​ពួក​គាត់​ទៅ។

៤១ ម្ល៉ោះ​ហើយ ពួក​គាត់​ចេញ​ពី​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ដោយ​ត្រេក​អរ ពីព្រោះ​ពួក​គាត់​បាន​ត្រូវ​រាប់​ជា​សម​នឹង​ទទួល​ការ​មើល​ងាយ ដោយ​សារ​នាម​របស់​លោក។ ៤២ ហើយ​ជា​រៀង​រាល់​ថ្ងៃ ក្នុង​វិហារ​និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ពួក​គាត់​បន្ត​បង្រៀន​និង​ប្រកាស​ដំណឹង​ល្អ​ឥត​ឈប់ អំពី​លោក​យេស៊ូ ដែល​ជា​គ្រិស្ត។

៦ នៅ​គ្រា​នោះ កាល​ដែល​ចំនួន​អ្នក​កាន់​តាម​កំពុង​កើន​ឡើង ពួក​អ្នក​កាន់​តាម​ដែល​និយាយ​ភាសា​ក្រិច​ចាប់​ផ្ដើម​ត្អូញត្អែរ​អំពី​ពួក​អ្នក​កាន់​តាម​ដែល​និយាយ​ភាសា​ហេប្រឺ ពីព្រោះ​រាល់​ថ្ងៃ ពេល​ធ្វើ​ការ​ចែក​ចាយ​អាហារ ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​ស្ត្រី​មេម៉ាយ​ដែល​និយាយ​ភាសា​ក្រិច​ទេ។ ២ ដូច្នេះ សាវ័ក​ទាំង​ដប់​ពីរ​នាក់​បាន​ហៅ​ពួក​អ្នក​កាន់​តាម​មក​ជុំ​គ្នា​ទាំង​អស់ ហើយ​និយាយ​ទៅ​ពួក​គាត់​ថា៖ «បើ​យើង​ឈប់​បង្រៀន​បណ្ដាំ​របស់​ព្រះ ហើយ​ទៅ​បម្រើ​នៅ​តុ នោះ​មិន​ត្រឹម​ត្រូវ​ទេ។ ៣ ហេតុ​នេះ​ហើយ សូម​បង​ប្អូន​រក​បុរស​ប្រាំពីរ​នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ ហើយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ប្រាជ្ញា​និង​សកម្មពល* របស់​ព្រះ ដើម្បី​យើង​អាច​តែង​តាំង​ពួក​គាត់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​កិច្ចការ​ដ៏​ចាំ​បាច់​នោះ។ ៤ ចំណែក​យើង​វិញ យើង​នឹង​ព្យាយាម​ក្នុង​សេចក្ដី​អធិដ្ឋាន​និង​ក្នុង​កិច្ច​បម្រើ​ដែល​ទាក់​ទង​នឹង​បណ្ដាំ​របស់​ព្រះ»។ ៥ ពួក​អ្នក​កាន់​តាម​ទាំង​ឡាយ​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ពួក​សាវ័ក​បាន​និយាយ ហើយ​ពួក​គាត់​ជ្រើស​រើស​ស្ទេផាន ជា​បុរស​ម្នាក់​ដែល​ពោរ​ពេញ​ទៅ​ដោយ​ជំនឿ​និង​សកម្មពល​បរិសុទ្ធ​របស់​ព្រះ ព្រម​ទាំង​ជ្រើស​រើស​ភីលីព ប្រូខូរ៉ុស នីកាន័រ ទីម៉ូន ប៉ាមេណាស និង​នីកូឡាស ជា​អ្នក​ដូរ​សាសនា* មក​ពី​ក្រុង​អាន់ទីយ៉ូក ៦ ហើយ​នាំ​បុរស​ទាំង​នោះ​មក​ឈរ​នៅ​មុខ​ពួក​សាវ័ក។ ពួក​សាវ័ក​អធិដ្ឋាន រួច​ដាក់​ដៃ​លើ​អ្នក​ទាំង​នោះ។

៧ ម្ល៉ោះ​ហើយ បណ្ដាំ​របស់​ព្រះ​បាន​បន្ត​ចម្រើន​ឡើង ហើយ​ចំនួន​អ្នក​កាន់​តាម​នៅ​ក្រុង​យេរូសាឡិម​ក៏​កើន​កាន់​តែ​ច្រើន​ឡើងៗ ហើយ​សង្ឃ​មួយ​ក្រុម​ធំ​បាន​ទៅ​ជា​អ្នក​ជឿ។

៨ ឯ​ស្ទេផាន ដែល​បាន​ពោរ​ពេញ​ទៅ​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​និង​ឫទ្ធានុភាព បាន​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​ធំ​និង​សញ្ញា​សម្គាល់​ក្នុង​ចំណោម​បណ្ដា​ជន។ ៩ ប៉ុន្តែ​បុរស​ខ្លះ​ពី​ក្រុម​ដែល​ហៅ​ថា​សាលា​ប្រជុំ​អតីតខ្ញុំបម្រើ និង​ពី​ក្រុងគីរេន ក្រុង​អាឡិចសង់ទ្រា និង​ពី​តំបន់​ស៊ីលីស៊ី និង​អាស៊ី* បាន​ក្រោក​ឡើង​ជជែក​តវ៉ា​នឹង​ស្ទេផាន។ ១០ ប៉ុន្តែ​ពួក​គេ​មិន​អាច​ទប់​ទល់​នឹង​ប្រាជ្ញា​របស់​គាត់​និង​សកម្មពល​របស់​ព្រះ​ដែល​កំពុង​ដឹក​នាំ​ឲ្យ​គាត់​និយាយ​ទេ។ ១១ រួច​ពួក​គេ​លួច​ញុះញង់​បុរស​ខ្លះ​ឲ្យ​និយាយ​ថា៖ «យើង​បាន​ឮ​គាត់​និយាយ​ប្រមាថ​ម៉ូសេ​និង​ព្រះ»។ ១២ ពួក​គេ​ក៏​អុជ​អាល​បណ្ដា​ជន ពួក​បុរស​ចាស់​ទុំ និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ហើយ​ស្រាប់​តែ​ពួក​គេ​ស្ទុះ​ទៅ​ចាប់​ស្ទេផាន​ដោយ​កម្លាំង រួច​នាំ​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់។ ១៣ បន្ទាប់​មក ពួក​គេ​នាំ​សាក្សី​ក្លែង​ក្លាយ​មក​ប្រាប់​ថា៖ «បុរស​នេះ​ចេះ​តែ​និយាយ​ប្រឆាំង​ច្បាប់* និង​កន្លែង​បរិសុទ្ធ​នេះ។ ១៤ ជា​ឧទាហរណ៍ យើង​បាន​ឮ​គាត់​និយាយ​ថា យេស៊ូ​នេះ​ពី​ក្រុង​ណាសារ៉ែត​នឹង​រុះ​កន្លែង​នេះ​ចោល ហើយ​កែប្រែ​ទំនៀម​ទម្លាប់​ដែល​យើង​បាន​ពី​ម៉ូសេ​មក»។

១៥ កាល​អស់​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​សាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​កំពុង​សម្លឹង​មើល​គាត់ ពួក​គេ​ឃើញ​ថា​មុខ​គាត់​គឺ​ដូច​មុខ​ទេវតា។

៧ ប៉ុន្តែ​សម្ដេច​សង្ឃ​និយាយ​ថា៖ «តើ​ដូច្នេះ​មែន​ឬ?»។ ២ ស្ទេផាន​និយាយ​ថា៖ «បង​ប្អូន​និង​ឪពុក​អើយ សូម​ស្ដាប់​ខ្ញុំ។ ព្រះ​នៃ​សិរី​រុងរឿង​បាន​លេច​មក​ឲ្យ​អាប្រាហាំ ជា​បុព្វបុរស​យើង​ឃើញ កាល​ដែល​គាត់​នៅ​តំបន់​មេសូប៉ូតាមៀ មុន​គាត់​តាំង​លំនៅ នៅ​ក្រុង​ហារ៉ាន។ ៣ រួច​ព្រះ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ ‹ចូរ​ចាក​ចេញ​ពី​ស្រុក​និង​សាច់​ញាតិ​របស់​អ្នក ហើយ​មក​កាន់​ស្រុក​ដែល​ខ្ញុំ​នឹង​បង្ហាញ​អ្នក›។ ៤ គាត់​ក៏​ចាក​ចេញ​ពី​ស្រុក​ខាល់ដេ​ទៅ​តាំង​លំនៅ នៅ​ក្រុង​ហារ៉ាន។ បន្ទាប់​ពី​ឪពុក​គាត់​ស្លាប់ ព្រះ​នាំ​ឲ្យ​គាត់​ដូរ​លំនៅ​ពី​កន្លែង​នោះ​មក​កាន់​ស្រុក​នេះ ដែល​អ្នក​រាល់​គ្នា​កំពុង​រស់​នៅ។ ៥ ក៏​ប៉ុន្តែ ព្រះ​មិន​បាន​ឲ្យ​មត៌ក​ដល់​គាត់​ក្នុង​ស្រុក​នេះ​ឡើយ សូម្បី​តែ​ដី​ប៉ុន​បាត​ជើង* តែ​លោក​បាន​សន្យា​ឲ្យ​ស្រុក​នោះ​ជា​កម្មសិទ្ធិ​របស់​គាត់​និង​ពូជ​ពង្ស​របស់​គាត់​ដែល​កើត​តៗ​មក ទោះ​ជា​គាត់​មិន​ទាន់​មាន​កូន​ក៏​ដោយ។ ៦ ម្យ៉ាង​ទៀត ព្រះ​បាន​មាន​ប្រសាសន៍​ថា ពូជ​របស់​គាត់​នឹង​ទៅ​ជា​អ្នក​ស្នាក់​នៅ​បរទេស ហើយ​ជន​ជាតិ​នោះ​នឹង​យក​ពួក​គេ​ធ្វើ​ជា​ខ្ញុំ​បម្រើ ក៏​នឹង​ធ្វើ​ទុក្ខ​ពួក​គេ​អស់​បួន​រយ​ឆ្នាំ។ ៧ រួច​ព្រះ​មាន​ប្រសាសន៍​ថា៖ ‹ខ្ញុំ​នឹង​វិនិច្ឆ័យ​ប្រជាជាតិ​ដែល​បាន​យក​ពួក​គេ​ធ្វើ​ជា​ខ្ញុំ​បម្រើ។ បន្ទាប់​ពី​ការ​ទាំង​នោះ ពួក​គេ​នឹង​ចេញ​ពី​ស្រុក​នោះ​មក​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ចំពោះ​ខ្ញុំ​នៅ​កន្លែង​នេះ›។

៨ «ព្រះ​ក៏​បាន​ឲ្យ​កិច្ច​ព្រមព្រៀង​ដែល​ទាក់​ទង​ការ​កាត់​ចុង​ស្បែក* ទៅ​គាត់។ ម្ល៉ោះ​ហើយ ពេល​ដែល​អ៊ីសាក ជា​កូន​របស់​គាត់​កើត​បាន​ប្រាំបី​ថ្ងៃ​ហើយ នោះ​គាត់​បាន​កាត់​ចុង​ស្បែក​ឲ្យ រួច​អ៊ីសាក​បាន​បង្កើត​យ៉ាកុប យ៉ាកុប​បាន​បង្កើត​មេ​គ្រួសារ​ទាំងដប់​ពីរ​របស់​យើង។ ៩ មេ​គ្រួសារ​ទាំង​នោះ​ក៏​មាន​ចិត្ត​ច្រណែន​យ៉ូសែប រួច​លក់​គាត់​ទៅ​ឲ្យ​ជន​ជាតិ​អេស៊ីប។ ប៉ុន្តែ​ព្រះ​នៅ​ជា​មួយ​នឹង​យ៉ូសែប ១០ ហើយ​បាន​រំដោះ​គាត់​ឲ្យ​រួច​ពី​ទុក្ខវេទនា​ទាំង​អស់​ដែល​គាត់​មាន ក៏​ផ្ដល់​ប្រាជ្ញា​ហើយ​ធ្វើ​ឲ្យ​ផារ៉ូ ជា​ស្តេច​អេស៊ីប​ពេញ​ចិត្ត​នឹង​គាត់។ ផារ៉ូ​ក៏​តែង​តាំង​យ៉ូសែប​ឲ្យ​គ្រប់​គ្រង​ស្រុក​អេស៊ីប​និង​ផ្ទះ​ទាំង​មូល​របស់​គាត់។ ១១ ប៉ុន្តែ​ស្រុក​អេស៊ីប​និង​ស្រុក​កាណាន​ទាំង​មូល​បាន​កើត​អត់​ឃ្លាន រហូត​ដល់​មាន​ទុក្ខវេទនា​ជា​ខ្លាំង ហើយ​ពួក​បុព្វបុរស​របស់​យើង​រក​ស្បៀងអាហារ​មិន​បាន​ឡើយ។ ១២ ប៉ុន្តែ​យ៉ាកុប​ឮ​ថា​មាន​ស្បៀងអាហារ​នៅ​ស្រុក​អេស៊ីប ដូច្នេះ គាត់​ចាត់​ពួក​បុព្វបុរស​របស់​យើង​ឲ្យ​ទៅ​ជា​លើក​ទី​មួយ។ ១៣ រួច​លើក​ទី​ពីរ​ដែល​ពួក​គាត់​ទៅ យ៉ូសែប​បាន​ឲ្យ​ពួក​គាត់​ដឹង​ថា​ខ្លួន​គាត់​ជា​អ្នក​ណា ហើយ​ផារ៉ូ​ក៏​បាន​ដឹង​អំពី​ដើម​កំណើត​របស់​យ៉ូសែប។ ១៤ ដូច្នេះ យ៉ូសែប​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​យ៉ាកុប​ជា​ឪពុក និង​សាច់​ញាតិ​ទាំង​អស់​របស់​គាត់ ដែល​មាន​ចំនួន​ចិតសិប​ប្រាំ​នាក់* ឲ្យ​ចេញ​ពី​កន្លែង​នោះ​មក​ឯ​គាត់។ ១៥ យ៉ាកុប​បាន​ចុះ​ទៅ​ស្រុក​អេស៊ីប រួច​ក្រោយ​មក​គាត់​បាន​ស្លាប់ ហើយ​ពួក​បុព្វបុរស​របស់​យើង​ក៏​ដូច្នោះ​ដែរ។ ១៦ ឆ្អឹង​របស់​ពួក​គាត់​បាន​ត្រូវ​យក​ទៅ​ក្រុង​ស៊ីគឹម ហើយ​ដាក់​ក្នុង​ទី​បញ្ចុះ​សព​ដែល​អាប្រាហាំ​បាន​យក​ប្រាក់​ទៅ​ទិញ​ពី​ពួក​កូន​ហេម័រ​នៅ​ក្រុង​ស៊ីគឹម​ក្នុង​តម្លៃ​មួយ​ដែល​បាន​ត្រូវ​កំណត់។

១៧ «លុះ​ជិត​ដល់​គ្រា​ដែល​ព្រះ​នឹង​សម្រេច​តាម​សេចក្ដី​សន្យា​ដែល​លោក​បាន​ប្រកាស​ប្រាប់​អាប្រាហាំ​ជា​ចំហ នោះ​ចំនួន​បណ្ដា​ជន​បាន​កើន​កាន់​តែ​ច្រើន​ឡើង​នៅ​ស្រុក​អេស៊ីប ១៨ រហូត​ដល់​មាន​ស្តេច​មួយ​ផ្សេង​ទៀត​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អេស៊ីប ហើយ​ស្តេច​នោះ​មិន​ស្គាល់​យ៉ូសែប​ទេ។ ១៩ ស្តេច​នោះ​បាន​ប្រើ​ល្បិច​កល​ដើម្បី​ទាស់​ប្រឆាំង​ពូជ​សាសន៍​យើង ក៏​បាន​បង្ខំ​ឪពុក​ទាំង​ឡាយ​ដោយ​អយុត្ដិធម៌ ឲ្យ​បោះបង់​ចោល​ទារក​របស់​ពួក​គេ កុំ​ឲ្យ​រស់​រាន​មាន​ជីវិត។ ២០ នៅ​គ្រា​នោះ​ម៉ូសេ​បាន​កើត​មក ហើយ​គាត់​ស្អាត​ល្អ​ក្រៃ​លែង​ចំពោះ​ព្រះ។ គេ​ក៏​ចិញ្ចឹម​គាត់​បី​ខែ​នៅ​ផ្ទះ​របស់​ឪពុក។ ២១ ប៉ុន្តែ​ពេល​ដែល​គេ​បោះបង់​ចោល​គាត់ កូន​ស្រី​របស់​ផារ៉ូ​បាន​រើស​គាត់​យក​មក​ចិញ្ចឹម​ជា​កូន​ប្រុស​របស់​ខ្លួន។ ២២ ម្ល៉ោះ​ហើយ ម៉ូសេ​បាន​ត្រូវ​អប់រំ​ទៅ​តាម​អស់​ទាំង​ចំណេះ​វិជ្ជា* របស់​ជន​ជាតិ​អេស៊ីប ហើយ​គាត់​ក៏​ពូកែ​ក្នុង​ពាក្យ​សម្ដី​និង​ក្នុង​កិច្ចការ​ដែល​គាត់​បាន​ធ្វើ។

២៣ «លុះ​មាន​អាយុ​សែសិប​ឆ្នាំ​ហើយ គាត់​មាន​ចិត្ត​ចង់​ទៅ​មើល​ស្ថានភាព​របស់​បង​ប្អូន​គាត់ ពោល​គឺ​ពួក​កូន* អ៊ីស្រាអែល។ ២៤ ហើយ​ពេល​ដែល​គាត់​ក្រឡេក​ទៅ​ឃើញ​ជន​ជាតិ​អេស៊ីប​ម្នាក់​កំពុង​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​ទៅ​លើ​បង​ប្អូន​ម្នាក់​របស់​គាត់ ម៉ូសេ​ការពារ​អ្នក​ដែល​កំពុង​ត្រូវ​គេ​ធ្វើ​បាប​ហើយ​សង​សឹក​ជំនួស​គាត់ ដោយ​វាយ​សម្លាប់​ជន​ជាតិ​អេស៊ីប​នោះ។ ២៥ គាត់​នឹក​ស្មានថា​បង​ប្អូន​របស់គាត់នឹង​យល់​ថា ព្រះ​កំពុង​សង្គ្រោះ​ពួក​គេ​ដោយ​ដៃ​របស់​គាត់ ប៉ុន្តែ​ពួក​គេ​មិន​បាន​យល់​ទេ។ ២៦ លុះ​ថ្ងៃ​ស្អែក គាត់​លេច​មុខ​មក​កាល​ដែល​ពួក​គេ​ពីរ​នាក់​កំពុង​ឈ្លោះ​គ្នា ហើយ​គាត់​ខំ​សម្រុះ​សម្រួល​ពួក​គេ ដោយ​និយាយ​ថា៖ ‹អ្នក​ទាំង​ពីរ​ជា​បង​ប្អូន​នឹងគ្នា។ ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​ទៅ​វិញ​ទៅ​មក​ដូច្នេះ?›។ ២៧ ប៉ុន្តែ​អ្នក​ដែល​កំពុង​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​ទៅ​លើ​អ្នក​ជិត​ខាង​របស់​ខ្លួន បាន​បដិសេធ​ម៉ូសេ​ដោយ​និយាយ​ថា៖ ‹តើ​អ្នក​ណា​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​និង​ចៅ​ក្រម​របស់​យើង? ២៨ តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ ដូច​អ្នក​បាន​សម្លាប់​ជន​ជាតិ​អេស៊ីប​ម្នាក់​នោះ​ពី​ម្សិលមិញ​ឬ?›។ ២៩ ឮ​ដូច្នេះ ម៉ូសេ​ភៀស​ខ្លួន​ទៅ​តាំង​លំនៅ នៅ​ស្រុក​ម៉ាឌាន។ នៅ​ទី​នោះ​គាត់​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់។

៣០ «លុះ​សែសិប​ឆ្នាំ​ក្រោយ​មក ទេវតា​មួយ​រូប​បាន​លេច​មក​ជួប​គាត់​នៅ​តំបន់​ស្ងាត់​ជ្រងំ​ភ្នំ​ស៊ីណាយ​ក្នុង​អណ្ដាត​ភ្លើង​ដែល​កំពុង​ឆេះ​គុម្ព​បន្លា​មួយ។ ៣១ ពេល​ដែល​ម៉ូសេ​ឃើញ គាត់​នឹក​អស្ចារ្យ​ក្នុង​ចិត្ត។ ប៉ុន្តែ​កាល​ដែល​គាត់​កំពុង​ចូល​ទៅ​ជិត​ដើម្បី​ពិនិត្យ​មើល គាត់​ឮ​សំឡេង​របស់​ព្រះ​យេហូវ៉ា​ថា៖ ៣២ ‹ខ្ញុំ​ជា​ព្រះ​នៃ​ពួក​បុព្វបុរស​របស់​អ្នក ជា​ព្រះ​របស់​អាប្រាហាំ អ៊ីសាក និង​យ៉ាកុប›។ ម៉ូសេ​ក៏​ញ័រ​រន្ធត់​ហើយ​មិន​ហ៊ាន​ពិនិត្យ​មើល​ត​ទៅ​ទៀត​ទេ។ ៣៣ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ ‹ចូរ​ដោះ​ស្បែក​ជើង​ចេញ ព្រោះ​កន្លែង​ដែល​អ្នក​កំពុង​ឈរ​ជា​ដី​បរិសុទ្ធ។ ៣៤ ខ្ញុំ​បាន​ឃើញ​ច្បាស់​នូវ​របៀប​ដែល​គេ​ធ្វើ​បាប​រាស្ត្រ​របស់​ខ្ញុំ​ដែល​នៅ​ស្រុក​អេស៊ីប ក៏​បាន​ឮ​ពួក​គេ​ថ្ងូរ ហើយ​ខ្ញុំ​បាន​ចុះ​មក​ដើម្បី​រំដោះ​ពួក​គេ។ ដូច្នេះ ចូរ​មក​ចុះ ខ្ញុំ​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ស្រុក​អេស៊ីប›។ ៣៥ ម៉ូសេ​នេះ​ឯង ដែល​ពួក​គេ​បាន​បដិសេធ​មិន​ទទួល​ស្គាល់ ដោយ​និយាយ​ថា៖ ‹តើ​អ្នក​ណា​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​និង​ចៅ​ក្រម?› គឺជា​បុរស​ដែល​ព្រះ​បាន​ចាត់​ឲ្យ​ទៅ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​និង​អ្នក​រំដោះ ដោយ​ដៃ​របស់​ទេវតា​ដែល​បាន​លេច​មក​ជួប​គាត់​ក្នុង​គុម្ព​បន្លា។ ៣៦ បុរស​នេះ​បាន​នាំ​ពួក​គេចេញ​មក ក្រោយ​ពី​បាន​ធ្វើ​ការ​អស្ចារ្យ​និង​សញ្ញា​សម្គាល់​នៅ​ស្រុក​អេស៊ីប នៅ​សមុទ្រក្រហម និង​នៅ​តំបន់​ស្ងាត់​ជ្រងំ​អស់​សែសិប​ឆ្នាំ។

៣៧ «គឺ​ម៉ូសេ​នេះ​ឯង​ដែល​បាន​ប្រាប់​ពួក​កូន​អ៊ីស្រាអែល​ថា៖ ‹ព្រះ​នឹង​តែង​តាំង​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ដូច​ខ្ញុំ សម្រាប់​អ្នក​រាល់​គ្នា ពី​ចំណោម​បង​ប្អូន​របស់​អ្នក›។ ៣៨ គឺ​អ្នក​នេះ​ហើយ​ដែល​បាន​នៅ​ជា​មួយ​នឹង​ក្រុម​ជំនុំ​នៅ​តំបន់​ស្ងាត់​ជ្រងំ ព្រម​ទាំង​ជា​មួយ​នឹង​ទេវតា​ដែល​បាន​និយាយ​ជា​មួយ​នឹង​គាត់​នៅ​ភ្នំ​ស៊ីណាយ ក៏​នៅ​ជា​មួយ​នឹង​ពួក​បុព្វបុរស​របស់​យើង។ គាត់​បាន​ទទួល​ប្រសាសន៍​ដ៏​ពិសិដ្ឋ​ដែល​រស់​នៅ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា។ ៣៩ ពួក​បុព្វបុរស​របស់​យើង​មិន​ព្រម​ស្ដាប់បង្គាប់​គាត់​ឡើយ តែ​បាន​បដិសេធ​គាត់ ហើយ​ចិញ្ចឹម​ចិត្ត​ចង់​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ ៤០ ដោយ​ប្រាប់​អេរ៉ុន​ថា៖ ‹ចូរ​ធ្វើ​ព្រះ​ឲ្យ​យើង ដើម្បី​នាំ​មុខ​យើង។ ព្រោះ​ម៉ូសេ​នេះ​ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក យើង​មិន​ដឹង​ថា​គាត់​បាន​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ›។ ៤១ ម្ល៉ោះ​ហើយ នៅ​គ្រា​នោះ​ពួក​គេ​ធ្វើ​រូប​កូន​គោមួយ ក៏​បាន​យក​គ្រឿង​បូជា​មក​ជូន​រូប​ព្រះ​នោះ រួច​នាំ​គ្នា​សប្បាយ​រីករាយ​នឹង​ស្នា​ដៃ​របស់​ពួក​គេ។ ៤២ ដូច្នេះ ព្រះ​បែរ​ជា​ទុក​ឲ្យ​ពួក​គេ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​អ្វីៗ​ដែល​នៅ​លើ​មេឃ ដូច​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​សរសេរ​ថា៖ ‹ឱ​អ៊ីស្រាអែល​អើយ ពេល​ដែល​អ្នក​រាល់​គ្នា​សម្លាប់​សត្វ​និង​ឲ្យ​គ្រឿង​បូជា​អស់​សែសិប​ឆ្នាំ​នៅ​តំបន់​ស្ងាត់​ជ្រងំ នោះ​មិន​មែន​សម្រាប់​ខ្ញុំ​ទេ មែន​ទេ? ៤៣ ប៉ុន្តែ​គឺជា​ត្រ​សាល​នៃ​ព្រះ​ម៉ូឡុក និង​ផ្កាយ​របស់​ព្រះ​រេផាន់​ដែល​អ្នក​រាល់​គ្នា​បាន​លើក​យក​ទៅ គឺជា​រូប​ផ្សេងៗ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដើម្បី​គោរព​បូជា​ព្រះ​ទាំង​នោះ។ ដូច្នេះ ខ្ញុំ​នឹង​បំបរបង់​អ្នក​រាល់​គ្នា​ឲ្យ​ឆ្ងាយ​ហួស​ស្រុក​បាប៊ីឡូន​ទៀត›។

៤៤ «នៅ​តំបន់​ស្ងាត់​ជ្រងំ ពួក​បុព្វបុរស​របស់​យើង​មាន​ត្រ​សាល​សក្ខីភាព ដូច​ព្រះ​បាន​បង្គាប់ ពេល​ដែល​មាន​ប្រសាសន៍​ប្រាប់​ម៉ូសេ​ឲ្យ​ធ្វើ​តាម​គំរូ​ដែល​គាត់​បាន​ឃើញ។ ៤៥ ហើយ​ពួក​បុព្វបុរស​របស់​យើង​ដែល​បាន​ទទួល​ត្រ​សាល​នោះតៗ​មក ក៏​យក​ទៅ​ជា​មួយ ពេល​ដែល​ពួក​គាត់​និង​យ៉ូស្វេ​ចូល​ក្នុង​ស្រុក​របស់​ជន​ជាតិ​ដទៃ ដែល​ព្រះ​បាន​បណ្ដេញ​ចេញ​ពី​មុខ​ពួក​បុព្វបុរស​របស់​យើង។ ត្រ​សាល​ក៏​នៅ​ទី​នោះ​រហូត​ដល់​សម័យ​ដាវីឌ។ ៤៦ ព្រះ​បាន​ពេញ​ចិត្ត​នឹង​គាត់ ហើយ​គាត់​សុំ​សិទ្ធិ​ពិសេស​ដើម្បី​ធ្វើ​លំនៅ​មួយ​សម្រាប់​ព្រះ​នៃ​យ៉ាកុប។ ៤៧ ប៉ុន្តែ​គឺ​សាឡូម៉ូនវិញ ដែល​បាន​ធ្វើ​ផ្ទះ​សម្រាប់​លោក។ ៤៨ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​មិន​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​ធ្វើ​ដោយ​ដៃ​មនុស្ស​ឡើយ ដូច​អ្នក​ប្រកាស​ទំនាយ​បាន​និយាយ​ថា៖ ៤៩ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា ស្ថាន​សួគ៌​ជា​បល្ល័ង្ក​របស់​ខ្ញុំ ហើយ​ផែនដី​ជា​ទី​កល់​ជើង​ខ្ញុំ។ តើ​អ្នក​រាល់​គ្នា​អាច​ធ្វើ​ផ្ទះ​បែប​ណា​សម្រាប់​ខ្ញុំ? ឬ​តើ​កន្លែង​ណា​អាច​ជា​ទី​អាស្រ័យ​នៅ​របស់​ខ្ញុំ? ៥០ ដៃ​របស់​ខ្ញុំ​បាន​ធ្វើ​អ្វីៗ​ទាំង​អស់​នេះ មែន​ទេ?›។

៥១ «ឱ​អ្នក​រឹងរូស​ដែល​បិទ​ទាំង​ចិត្ត​ទាំង​ត្រចៀក* អើយ អ្នក​រាល់​គ្នា​តែង​តែ​ប្រឆាំង​សកម្មពល* បរិសុទ្ធ​របស់​ព្រះ។ ពួក​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ធ្វើ​យ៉ាង​ណា អ្នក​រាល់​គ្នា​ក៏​ធ្វើ​យ៉ាង​នោះ​ដែរ។ ៥២ គ្មាន​អ្នក​ប្រកាស​ទំនាយ​ណា​ម្នាក់​ដែល​ពួក​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​មិន​បាន​បៀតបៀន​ទេ ពួក​គេ​បាន​សម្លាប់​អស់​អ្នក​ដែល​បាន​ប្រកាស​ទុក​ជា​មុន​អំពី​ការ​មក​ដល់​របស់​លោក​ដែល​ជា​អ្នក​សុចរិត គឺជា​អ្នក​ដែល​អ្នក​រាល់​គ្នា​បាន​ក្បត់​និង​ធ្វើ​ឃាត ៥៣ គឺ​អ្នក​រាល់​គ្នា ដែល​ទទួល​ច្បាប់* ដូច​ដែល​ទេវតា​បាន​ពាំ​នាំ​មក ប៉ុន្តែ​អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​តាម​ទេ»។

៥៤ ឮ​ដូច្នេះ ពួក​គេ​បាន​ខឹង​ជា​ខ្លាំង ក៏​បាន​សង្កៀត​ធ្មេញ​ដាក់​គាត់។ ៥៥ ប៉ុន្តែ​ដោយ​សារ​គាត់​បាន​ពេញ​ទៅ​ដោយ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ គាត់​បាន​សម្លឹង​ទៅ​មេឃ ហើយ​ឃើញ​សិរី​រុងរឿង​របស់​ព្រះ​និង​លោក​យេស៊ូ​ឈរ​នៅ​ខាង​ស្ដាំ​ព្រះ ៥៦ រួច​គាត់​និយាយ​ថា៖ «មើល! ខ្ញុំ​មើល​ឃើញ​មេឃ* បើក​ចំហ ហើយ​កូន​មនុស្ស​ឈរ​នៅ​ខាង​ស្ដាំ​ព្រះ»។ ៥៧ ឮ​ដូច្នេះ ពួក​គេ​ស្រែក​អស់​សំឡេង ហើយ​យក​ដៃ​ខ្ទប់​ត្រចៀក រួច​ស្ទុះ​ទៅ​ចាប់​គាត់​ព្រម​គ្នា។ ៥៨ ហើយ​បន្ទាប់​ពី​ពួក​គេ​បោះ​គាត់​ទៅ​ក្រៅ​ក្រុង ពួក​គេ​ក៏​ចាប់​ផ្ដើម​គប់​គាត់​នឹង​ដុំ​ថ្ម។ ពួក​សាក្សី​បាន​ដាក់​សម្លៀក​បំពាក់​ក្រៅ​របស់​ពួក​គេ​នៅ​ជិត​ជើង​យុវជន​ម្នាក់​ឈ្មោះ​សុល។ ៥៩ ពួក​គេ​បន្ត​គប់​ស្ទេផាន​នឹង​ដុំ​ថ្ម កាល​ដែល​គាត់​កំពុង​អង្វរ​ថា៖ «លោក​ម្ចាស់​យេស៊ូ សូម​ទទួល​ជីវិត* ខ្ញុំ»។ ៦០ រួច​គាត់​លុត​ជង្គង់ បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ព្រះ​យេហូវ៉ា សូម​កុំ​ផ្ដន្ទា​ទោស​ពួក​គេ ចំពោះ​អំពើ​ខុស​ឆ្គង​នេះ​ឡើយ»។ និយាយ​ចប់​ហើយ គាត់​ក៏​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​ទៅ។

៨ ចំណែក​សុល​វិញ គាត់​បាន​ពេញ​ចិត្ត​នឹង​ការ​ធ្វើ​ឃាត​ស្ទេផាន។

នៅ​ថ្ងៃ​នោះ គេ​ចាប់​ផ្ដើម​បៀតបៀន​ក្រុម​ជំនុំ​នៅ​ក្រុង​យេរូសាឡិម​ជា​ខ្លាំង ហើយ​ពួក​អ្នក​កាន់​តាម​ទាំង​ឡាយ លើក​លែង​តែ​ពួក​សាវ័ក បាន​ត្រូវ​ខ្ចាត់​ខ្ចាយ​ពេញ​តំបន់​យូឌា​និង​តំបន់​សាម៉ារី។ ២ ប៉ុន្តែ​បុរស​មួយ​ចំនួន​ដែល​កោត​ខ្លាច​ព្រះ​បាន​យក​ស្ទេផាន​ទៅ​បញ្ចុះ ក៏​បាន​យំ​ស្ដាយ​គាត់​ជា​ខ្លាំង។ ៣ ចំណែក​សុល​វិញ គាត់​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​ក្រុម​ជំនុំ​យ៉ាង​ខ្លាំង​ក្រៃ​លែង។ គាត់​សម្រុក​ចូល​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដោយ​ចាប់​អូស​ទាំង​ប្រុស​ទាំង​ស្រី​ចេញ​មក រួច​បញ្ជូន​ទៅ​គុក។

៤ ក៏​ប៉ុន្តែ​អស់​អ្នក​ដែល​បាន​ត្រូវ​ខ្ចាត់​ខ្ចាយ បាន​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ក្នុង​ស្រុក ដោយ​ប្រកាស​ដំណឹង​ល្អ​អំពី​បណ្ដាំ​របស់​ព្រះ។ ៥ ឯ​ភីលីព​បាន​ចុះ​ទៅ​ក្រុង​សាម៉ារី ហើយ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ប្រាប់​ពួក​គេ​អំពី​គ្រិស្ត។ ៦ បណ្ដា​ជន​គ្រប់​គ្នា​បាន​ផ្ចង់​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ភីលីព​និយាយ កាល​ដែល​ពួក​គេ​ស្ដាប់ហើយ​មើល​សញ្ញា​សម្គាល់​ដែល​គាត់​កំពុង​ធ្វើ។ ៧ ព្រោះ​មាន​ពួក​គេ​ជា​ច្រើន​នាក់​ដែល​មាន​វិញ្ញាណ* អសោច ហើយ​វិញ្ញាណ​ទាំង​នោះ​បាន​ស្រែក​យ៉ាង​ខ្លាំង រួច​ចេញ​ទៅ។ ម្យ៉ាង​ទៀត ពួក​គេ​ជា​ច្រើន​នាក់​ដែល​ស្លាប់​ដៃ​ស្លាប់​ជើង​ឬ​ពិការ​បាន​ត្រូវ​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ។ ៨ ដូច្នេះ បណ្ដា​ជន​នៅ​ក្រុង​នោះ​បាន​ត្រេក​អរ​ជា​ខ្លាំង។

៩ នៅ​ក្រុង​នោះ​មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ដែល​ពី​មុន​មក​ចេះ​វេទមន្ត។ គាត់​ធ្វើ​ឲ្យ​ជន​ជាតិ​សាម៉ារី​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ហើយ​និយាយ​ថា​ខ្លួន​គាត់​ជា​អ្នក​ឧត្តុង្គឧត្តម​មួយរូប។ ១០ ពួក​គេ​ទាំង​អស់​គ្នា​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត បាន​ប្រុង​ស្ដាប់​គាត់ ហើយ​និយាយ​គ្រប់​គ្នា​ថា៖ «បុរស​នេះ​គេ​ហៅ​ថា​‹ឫទ្ធានុភាពនៃ​ព្រះ› ដែល​ជា​ឫទ្ធានុភាព​ខ្លាំងក្លា»។ ១១ ដូច្នេះ ពួក​គេ​ធ្លាប់​ផ្ចង់​អារម្មណ៍​ស្ដាប់​គាត់ ពីព្រោះ​គាត់​បាន​ធ្វើ​ឲ្យ​ពួក​គេ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ដោយ​សារ​វេទមន្ត​របស់​គាត់​អស់​មួយ​រយៈពេល។ ១២ ប៉ុន្តែ​កាល​ពួក​គេ​បាន​ជឿ​ភីលីព ដែល​កំពុង​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​និង​នាម​របស់​លោក​យេស៊ូ​គ្រិស្ត នោះ​ពួក​គេ​ទាំង​ប្រុស​ទាំង​ស្រី​ក៏​ទទួល​ការ​ជ្រមុជ​ទឹក។* ១៣ ស៊ីម៉ូន​បាន​ទៅ​ជា​អ្នក​ជឿ​ដែរ ហើយ​ក្រោយ​ពី​ទទួល​ការ​ជ្រមុជ​ទឹក គាត់​ក៏​នៅ​ជាប់​នឹង​ភីលីព ព្រោះ​គាត់​កំពុង​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ដោយ​មើល​សញ្ញា​សម្គាល់​ទាំង​ប៉ុន្មាន​និង​ការ​ដែល​ប្រកបដោយ​ឫទ្ធានុភាព​យ៉ាង​ធំ​ដែល​កំពុង​កើត​ឡើង។

១៤ ពេល​ដែល​ពួក​សាវ័ក​នៅ​ក្រុង​យេរូសាឡិម​ឮ​ថា​បណ្ដា​ជន​នៅ​ស្រុក​សាម៉ារី​បាន​ទទួល​បណ្ដាំ​របស់​ព្រះ នោះ​ពួក​គាត់​បាន​ចាត់​ពេត្រុស​និង​យ៉ូហាន​ឲ្យ​ទៅ​ឯ​ពួក​គេ ១៥ រួច​ពួក​គាត់​ក៏​ចុះ​ទៅ​អធិដ្ឋាន​ឲ្យ​ពួក​គេ​ទទួល​សកម្មពល* បរិសុទ្ធ​របស់​ព្រះ។ ១៦ ព្រោះ​ពួក​គេ​មិន​ទាន់​ទទួល​សកម្មពល​បរិសុទ្ធ​នៅ​ឡើយ​ទេ តែ​បាន​ត្រឹម​តែ​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​លោក​យេស៊ូ​ប៉ុណ្ណោះ។ ១៧ រួច​មក ពួក​គាត់​ដាក់​ដៃ​លើ​អ្នក​ទាំង​នោះ ហើយ​ពួក​គេ​ចាប់​ផ្ដើម​ទទួល​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។

១៨ កាល​ដែល​ស៊ីម៉ូន​ឃើញ​ថា​មនុស្ស​ទទួល​សកម្មពល​របស់​ព្រះ​ដោយ​ពួក​សាវ័ក​ដាក់​ដៃ​លើ​ពួក​គេ នោះ​គាត់​ស្នើ​ឲ្យ​លុយ​ដល់​ពួក​សាវ័ក ១៩ ដោយ​និយាយ​ថា៖ «សូម​ឲ្យ​ខ្ញុំ​មាន​អំណាច​នោះ​ដែរ ដើម្បី​ពេល​ខ្ញុំ​ដាក់​ដៃ​លើ​អ្នក​ណា អ្នក​នោះ​នឹង​ទទួល​សកម្មពល​បរិសុទ្ធ​របស់​ព្រះ»។ ២០ ប៉ុន្តែ​ពេត្រុស​និយាយ​ទៅ​គាត់​ថា៖ «ចូរ​ឲ្យ​ប្រាក់​របស់​អ្នក​វិនាស​ទៅ​ជា​មួយ​នឹង​អ្នក​ចុះ ពីព្រោះ​អ្នក​នឹក​ស្មានថា​អាចយ​ក​ប្រាក់​មក​ដើម្បី​ទទួល​អំណោយ​ទាន​របស់​ព្រះ។ ២១ អ្នក​គ្មាន​ចំណែក​អ្វី​សោះ​ក្នុង​រឿង​នេះ ពីព្រោះ​ព្រះ​ឃើញ​ថា​ចិត្ត​របស់​អ្នក​មិន​ទៀង​ត្រង់​ទេ។ ២២ ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចេញ​ពី​សេចក្ដី​អាក្រក់​នេះ ហើយ​អង្វរ​សុំ​ព្រះ​យេហូវ៉ា​អភ័យទោស​ចំពោះ​បំណង​ចិត្ត​អាក្រក់​របស់​អ្នក ២៣ ព្រោះ​ខ្ញុំ​ឃើញ​ថា​អ្នក​មាន​ចិត្ត​ពិសពុល ក៏​ពោរ​ពេញ​ទៅ​ដោយ​ភាព​មិន​សុចរិត»។ ២៤ ស៊ីម៉ូន​តប​ថា៖ «សូម​អ្នក​ទាំង​ពីរ​អង្វរ​ព្រះ​យេហូវ៉ា​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​អ្វីៗ​ដែល​អ្នក​បាន​និយាយ​កើត​ឡើង​ដល់​ខ្ញុំ»។

២៥ ម្ល៉ោះ​ហើយ ពេល​ដែល​ពួក​គាត់​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​សព្វ​គ្រប់​និង​បាន​ប្រាប់​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ហើយ នោះ​ពួក​គាត់​វិល​ទៅ​ក្រុង​យេរូសាឡិម​វិញ ក៏​បាន​ប្រកាស​ដំណឹង​ល្អ​នៅ​ភូមិ​ជា​ច្រើន​របស់​ជន​ជាតិ​សាម៉ារី។

២៦ ក៏​ប៉ុន្តែ​ទេវតា​របស់​ព្រះ​យេហូវ៉ា​និយាយ​ទៅ​ភីលីព​ថា៖ «ចូរ​ក្រោក​ឡើង​ទៅ​ប៉ែក​ខាង​ត្បូង​ដល់​ផ្លូវ​ដែល​ចុះ​ពី​ក្រុង​យេរូសាឡិម​ដល់​ហ្គាសា»។ (ផ្លូវ​នេះ​កាត់​វាល​ខ្សាច់) ២៧ ឮ​ដូច្នេះ គាត់​ក៏​ក្រោក​ឡើង​ហើយ​ទៅ រួច​ឃើញ​មន្ត្រី​ជាន់​ខ្ពស់​ជន​ជាតិ​អេចូពី​ម្នាក់​របស់​មហាក្សត្រី​អេចូពី​ឈ្មោះ​ខាន់ឌីស។ គាត់​មាន​អំណាច ហើយ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ឃ្លាំង​ទ្រព្យ​ទាំង​អស់​របស់​មហាក្សត្រី។ បុរស​នោះ​បាន​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​គោរព​បូជា ២៨ ប៉ុន្តែ​ឥឡូវ​គាត់​កំពុង​អង្គុយ​ក្នុង​រទេះ​សេះ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​វិញ​ទាំង​អាន​ឮៗ​ពី​សៀវភៅ​អេសាយ ជា​អ្នក​ប្រកាស​ទំនាយ។ ២៩ ដូច្នេះ សកម្មពល​របស់​ព្រះ​ប្រាប់​ភីលីព​ថា៖ «ចូរ​រត់​ទៅ​ឲ្យ​ទាន់​រទេះ​នេះ»។ ៣០ ភីលីព​ក៏​រត់​ទន្ទឹម​រទេះ​នោះ ហើយ​ឮ​គាត់​កំពុង​អាន​ឮៗ​ពី​សៀវភៅ​អេសាយ ជា​អ្នក​ប្រកាស​ទំនាយ រួច​ភីលីព​សួរ​ថា៖ «តើ​អ្នក​ពិត​ជា​យល់​អ្វី​ដែល​អ្នក​កំពុង​អាន​ឬ​ទេ?»។ ៣១ គាត់​និយាយ​ថា៖ «តើ​ខ្ញុំ​អាច​យល់​យ៉ាង​ដូច​ម្ដេច​បាន ប្រសិនបើ​គ្មាន​អ្នក​ណា​បង្រៀន​ខ្ញុំ?» រួច​គាត់​អង្វរ​ភីលីព​ឲ្យ​ឡើង​អង្គុយ​ជា​មួយ​នឹង​គាត់។ ៣២ បទ​គម្ពីរ​ដែល​គាត់​អាន​ឮៗ​គឺ៖ «លោក​ត្រូវ​គេ​នាំ​មក​ដូច​ជា​ដឹក​ចៀម​មក​សម្លាប់។ ម្យ៉ាង​ទៀត លោក​មិន​ហើប​មាត់​សោះ ដូច​ជា​កូន​ចៀម​ដែល​នៅ​ស្ងៀម​ស្ងាត់​នៅ​មុខ​អ្នក​កាត់​រោម។ ៣៣ ក្នុង​អំឡុង​ពេល​ដែល​លោក​ត្រូវ​គេ​បន្ទាប​បន្ថោក​នោះ គេ​បាន​ដក​សេចក្ដី​យុត្ដិធម៌​ចេញ​ពី​លោក។ តើ​អ្នក​ណា​នឹង​រៀប​រាប់​អំពី​ជំនាន់​របស់​លោក? ពីព្រោះ​ជីវិត​របស់​លោក​នឹង​ត្រូវ​ផ្ដាច់​ចេញ​ពី​ផែនដី»។

៣៤ មន្ត្រី​នោះ​តប​ទៅ​ភីលីព​ថា៖ «សូម​ប្រាប់​ខ្ញុំ​ផង តើ​អ្នក​ប្រកាស​ទំនាយ​និយាយ​ដូច្នេះ​អំពី​អ្នក​ណា? អំពី​ខ្លួន​គាត់? ឬ​អំពី​បុរស​មួយ​ផ្សេង​ទៀត?»។ ៣៥ ភីលីព​ក៏​តាំង​និយាយ រួច​ប្រកាស​ប្រាប់​គាត់​នូវ​ដំណឹង​ល្អ​អំពី​លោក​យេស៊ូ​ដោយ​ប្រើ​បទគម្ពីរ​នោះ​មុន​បង្អស់។ ៣៦ កាល​ដែល​ពួក​គាត់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ នោះ​ឃើញ​កន្លែង​មួយ​មាន​ទឹក​ច្រើន ហើយ​មន្ត្រី​នោះ​និយាយ​ថា៖ «មើល! កន្លែង​នេះ​មាន​ទឹក​ច្រើន! តើ​មាន​អ្វី​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ?»។ ៣៧ * —— ៣៨ និយាយ​ចប់​ហើយ គាត់​បញ្ជា​ឲ្យ​បញ្ឈប់​រទេះ រួច​ទាំង​ភីលីព​ទាំង​មន្ត្រី​នោះ​បាន​ចុះ​ទៅ​ក្នុង​ទឹក ហើយ​ភីលីព​ជ្រមុជ​ទឹក​ឲ្យ​មន្ត្រី​នោះ។ ៣៩ កាល​ដែល​ពួក​គាត់​ឡើង​ពី​ទឹក​មក សកម្មពល​របស់​ព្រះ​យេហូវ៉ា​បាន​នាំ​ភីលីព​ចេញ​ទៅ​ភ្លាម ហើយ​គាត់​មិន​ឃើញ​ភីលីព​ទៀត​ទេ ដោយ​សារ​មន្ត្រី​នោះ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ទាំង​មាន​ចិត្ត​ត្រេក​អរ។ ៤០ ប៉ុន្តែ​ភីលីព​បាន​ទៅ​ក្រុង​អាសូត ហើយ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​នៅ​តំបន់​នោះ ក៏​បាន​ប្រកាស​ដំណឹង​ល្អ​ក្នុង​ក្រុង​ទាំង​អស់ រហូត​ដល់​គាត់​ទៅ​ដល់​ក្រុង​សេសារៀ។

៩ ប៉ុន្តែ​សុល​នៅ​តែ​គំរាម​ពួក​អ្នក​កាន់​តាម​លោក​ម្ចាស់​នៅ​ឡើយ ហើយ​ចង់​សម្លាប់​ពួក​គាត់​យ៉ាង​ខ្លាំង។ សុល​បាន​ទៅ​ជួប​សម្ដេច​សង្ឃ ២ ហើយ​សុំ​សំបុត្រ​ពី​គាត់​យក​ទៅ​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន​នៅ​ក្រុង​ដាម៉ាស់ ដើម្បី​អាច​ចាប់​ចង​អស់​អ្នក​ណា​ដែល​កាន់​តាម​ផ្លូវ​លោក​ម្ចាស់ រួច​នាំ​មក​ក្រុង​យេរូសាឡិម ទោះ​ជា​ប្រុស​ឬ​ស្រី​ក៏​ដោយ។

៣ លុះ​ធ្វើ​ដំណើរ​ជិត​ដល់​ក្រុង​ដាម៉ាស់​ហើយ ស្រាប់​តែ​មាន​ពន្លឺ​ពី​លើ​មេឃ​ចាំង​ជុំ​វិញ​គាត់ ៤ រួច​គាត់​ដួល​ដល់​ដី ហើយ​ឮសំឡេង​មួយ​បន្លឺ​មក​ថា៖ «សុល សុល ហេតុ​អ្វី​អ្នក​បៀតបៀន​ខ្ញុំ?»។ ៥ គាត់​និយាយ​ថា៖ «តើ​លោក​ម្ចាស់​ជា​អ្នក​ណា?»។ លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គឺ​យេស៊ូ ដែល​អ្នក​កំពុង​បៀតបៀន។ ៦ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ចូរ​ក្រោក​ឡើង​ហើយ​ចូល​ក្នុង​ក្រុង​ចុះ រួច​អ្នក​នឹង​ទទួល​ដំណឹង​អំពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ»។ ៧ ឯ​បុរស​ទាំង​ប៉ុន្មាន​ដែល​រួម​ដំណើរ​ជា​មួយ​នឹង​គាត់​កំពុង​ឈរ​និយាយ​មិន​ចេញ។ ពួក​គេ​ឮ​សំឡេង​និយាយ តែ​មិន​ឃើញ​អ្នក​ណា​ឡើយ។ ៨ ប៉ុន្តែ​សុល​បាន​ក្រោក​ពី​ដី​ឡើង ហើយ​ទោះ​ជា​ភ្នែក​គាត់​នៅ​បើក​ក៏​ដោយ គាត់​មើល​មិន​ឃើញ​អ្វី​សោះ។ ដូច្នេះ ពួក​គេ​ដឹក​ដៃ​គាត់​ហើយ​នាំ​ទៅ​ក្រុង​ដាម៉ាស់។ ៩ គាត់​មើល​មិន​ឃើញ​អ្វី​សោះ​អស់​រយៈ​ពេល​បី​ថ្ងៃ ក៏​មិន​បាន​បរិភោគ​ឬ​ផឹក​អ្វី​ដែរ។

១០ នៅ​ក្រុង​ដាម៉ាស់ មាន​អ្នក​កាន់​តាម​ម្នាក់​ឈ្មោះ​អាណានាស។ លោក​ម្ចាស់​លេច​មក​ឲ្យ​គាត់​ឃើញ​ក្នុង​គំនិត ហើយ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អាណានាស!» គាត់​និយាយ​ថា៖ «ខ្ញុំ​នៅ​នេះ​ហើយ លោក​ម្ចាស់»។ ១១ លោក​ម្ចាស់​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​ក្រោក​ឡើង​ទៅ​ផ្លូវ​ហៅ​ថា​ត្រង់ ហើយ​រក​បុរស​ម្នាក់​ឈ្មោះ​សុល ជា​អ្នក​ក្រុង​តើសុស នៅ​ផ្ទះ​របស់​យូដាស។ ព្រោះ​មើល! គាត់​កំពុង​អធិដ្ឋាន ១២ ហើយ​ក្នុង​គំនិត គាត់​បាន​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អាណានាស​មក​ដាក់​ដៃ​លើ​គាត់ ដើម្បី​ឲ្យ​គាត់​អាច​មើល​ឃើញ​ឡើង​វិញ»។ ១៣ ប៉ុន្តែ​អាណានាស​តប​ថា៖ «លោក​ម្ចាស់​អើយ ខ្ញុំ​បាន​ឮ​គេ​ជា​ច្រើន​នាក់​និយាយ​អំពី​បុរស​នេះ ថា​គាត់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​ច្រើន​ទៅ​លើ​ពួក​អ្នក​បរិសុទ្ធ​របស់​លោក​នៅ​ក្រុង​យេរូសាឡិម។ ១៤ គាត់​ក៏​មាន​អំណាច​ពី​ពួក​សង្ឃនាយក ដើម្បី​ចាប់​ចង​អស់​អ្នក​ណា​ដែល​ហៅ​រក​នាម​របស់​លោក»។ ១៥ ប៉ុន្តែ​លោក​ម្ចាស់​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​ទៅ​ចុះ ពីព្រោះ​បុរស​នេះ​ប្រៀប​ដូច​ជា​ភាជនៈ​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​ដើម្បី​ជា​តំណាង​ឈ្មោះ​ខ្ញុំ​នៅ​មុខ​ប្រជាជាតិ​ទាំង​ឡាយ ព្រម​ទាំង​នៅ​មុខ​ស្តេច​នានា និង​ពួក​កូន* អ៊ីស្រាអែល។ ១៦ ព្រោះ​ខ្ញុំ​នឹង​បង្ហាញ​គាត់​ឲ្យ​ឃើញ​ច្បាស់​ថា គាត់​ត្រូវ​រង​ទុក្ខ​ច្រើន​ប៉ុន​ណា​ដោយ​សារ​ឈ្មោះ​របស់​ខ្ញុំ»។

១៧ ដូច្នេះ អាណានាស​ចេញ​ទៅ រួច​ចូល​ក្នុង​ផ្ទះ​នោះ ក៏​ដាក់​ដៃ​លើ​សុល​ហើយ​និយាយ​ថា៖ «សុល បង​ប្រុស​អើយ លោក​ម្ចាស់ គឺ​លោក​យេស៊ូ​ដែល​បាន​លេច​មក​ឲ្យ​អ្នក​ឃើញ​តាម​ផ្លូវ​ដែល​អ្នក​បាន​ធ្វើ​ដំណើរ​មក​នោះ បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​ឲ្យ​អ្នក​មើល​ឃើញ​ឡើង​វិញ ហើយ​ឲ្យ​ពេញ​ទៅ​ដោយ​សកម្មពល* បរិសុទ្ធ​របស់​ព្រះ»។ ១៨ រំពេច​នោះ មាន​អ្វី​ដែល​មើល​ទៅ​ដូច​ជា​ស្រកា​ធ្លាក់​ពី​ភ្នែក​គាត់ ហើយ​គាត់​បាន​មើល​ឃើញ​ឡើង​វិញ ក៏​បាន​ក្រោក​ឡើង​ហើយ​ទទួល​ការ​ជ្រមុជ​ទឹក* ១៩ បន្ទាប់​មក គាត់​បរិភោគ រួច​មាន​កម្លាំង​ឡើង​វិញ។

គាត់​នៅ​ក្រុង​ដាម៉ាស់​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម​នៅ​ទី​នោះ​អស់​ជា​ច្រើន​ថ្ងៃ ២០ ហើយ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ភ្លាមៗ​ក្នុង​សាលា​ប្រជុំ​នានា​អំពី​លោក​យេស៊ូ​ថា លោក​ជា​បុត្រ​ព្រះ។ ២១ ប៉ុន្តែ​អស់​អ្នក​ដែល​ឮ​គាត់​និយាយ​តាំង​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ក៏​និយាយ​ថា៖ «តើ​មិន​មែន​បុរស​នេះ​ទេ​ឬ? ដែល​បាន​បៀតបៀន​យ៉ាង​ឃោរឃៅ​ដល់​អស់​អ្នក​នៅ​ក្រុង​យេរូសាឡិម​ដែល​ហៅ​រក​ឈ្មោះ​នេះ ហើយ​ក៏​បាន​មក​ទី​នេះ​សម្រាប់​ការ​នោះ​ឯង គឺ​ដើម្បី​ចាប់​ចង​ពួក​គេ​រួច​នាំ​ទៅ​ពួក​សង្ឃនាយក»។ ២២ ចំណែក​សុល​វិញ គាត់​កាន់​តែ​ពូកែ​ឡើងៗ​ក្នុង​កិច្ច​បម្រើ ក៏​ផ្ចាញ់​ផ្ចាល​ជន​ជាតិ​យូដា​ដែល​រស់​នៅ​ក្រុង​ដាម៉ាស់ កាល​ដែល​គាត់​បញ្ជាក់​ភ័ស្តុតាង​យ៉ាង​សម​ហេតុ​សម​ផល​ថា​លោក​យេស៊ូ​គឺជា​គ្រិស្ត។

២៣ លុះ​យូរ​ថ្ងៃ​ក្រោយ​មក ជន​ជាតិ​យូដា​បាន​ប្រឹក្សា​គ្នា​រក​វិធី​សម្លាប់​គាត់​ចោល។ ២៤ ក៏​ប៉ុន្តែ​គម្រោង​អាក្រក់​របស់​ពួក​គេ​បាន​ឮ​ដល់​សុល។ ពួក​គេ​បាន​ចាំ​មើល​ទ្វារ​ក្រុង​យ៉ាង​ដិត​ដល់​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​សម្លាប់​គាត់​ចោល។ ២៥ ដូច្នេះ ពួក​អ្នក​កាន់​តាម​ដាក់​គាត់​ក្នុង​កញ្ឆេ រួច​សម្រូត​ចុះ​តាម​ចន្លោះ​មួយ​នៃ​កំពែង។

២៦ លុះ​ទៅ​ដល់​ក្រុង​យេរូសាឡិម​ហើយ សុល​ខំ​ចូល​រួម​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម ប៉ុន្តែ​ពួក​គាត់​ទាំង​អស់​គ្នា​ខ្លាច​គាត់ ពីព្រោះ​ពួក​គាត់​មិន​ជឿ​ថា​គាត់​ជា​អ្នក​កាន់​តាម​ទេ។ ២៧ ដូច្នេះ បាណាបាស​បាន​មក​ជួយ​គាត់ ហើយ​នាំ​ទៅ​ឯ​ពួក​សាវ័ក រួច​រៀប​រាប់​ប្រាប់​ពួក​គាត់​យ៉ាង​ល្អិត​ល្អន់​អំពី​ការ​ដែល​សុល​បាន​ឃើញ​លោក​ម្ចាស់​ពេល​គាត់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ហើយ​លោក​បាន​មាន​ប្រសាសន៍​ទៅ​គាត់ ក៏​ប្រាប់​អំពី​ការ​ដែល​សុល​បាន​និយាយ​យ៉ាង​ក្លាហាន​ដោយ​នូវ​នាម​លោក​យេស៊ូ​នៅ​ក្រុង​ដាម៉ាស់។ ២៨ គាត់​ក៏​នៅ​ជា​មួយ​នឹង​ពួក​គាត់​ត​ទៅ​ទៀត ហើយ​ដើរ​ដោយ​សេរី​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ទាំង​និយាយ​យ៉ាង​ក្លាហាន​ដោយ​នូវ​នាម​របស់​លោក​ម្ចាស់ ២៩ គាត់​ក៏​និយាយ ហើយ​ជជែក​តវ៉ា​ជា​មួយ​នឹង​ជន​ជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រិច។ ប៉ុន្តែ​ពួក​គេ​ប៉ុនប៉ង​សម្លាប់​គាត់។ ៣០ ពេល​ដែល​បង​ប្អូន​កត់​សម្គាល់​ការ​នោះ ពួក​គាត់​ក៏​នាំ​គាត់​ចុះ​ទៅ​ក្រុង​សេសារៀ រួច​ឲ្យ​គាត់​ចេញ​ដំណើរ​ទៅ​ក្រុង​តើសុស។

៣១ បន្ទាប់​មក ក្រុម​ជំនុំ​ទាំង​មូល​នៃ​តំបន់​យូឌា ស្រុក​កាលីឡេ និង​ស្រុក​សាម៉ារី​មាន​សេចក្ដី​សុខសាន្ត​មួយ​គ្រា ហើយ​បាន​ត្រូវ​ពង្រឹង​ឲ្យ​មាំ​មួន​ឡើង ក៏​រស់​នៅ​ដោយ​កោត​ខ្លាច​ព្រះ​យេហូវ៉ា និង​សម​ស្រប​តាម​ការ​សម្រាល​ទុក្ខ​ពី​សកម្មពល​បរិសុទ្ធ ព្រម​ទាំង​បាន​ចម្រើន​ឡើង​ជា​និច្ច។

៣២ កាល​ដែល​ពេត្រុស​កំពុង​ធ្វើ​ដំណើរ​កាត់​តាម​គ្រប់​តំបន់ គាត់​ក៏​បាន​ចុះ​ទៅ​ឯ​ពួក​អ្នក​បរិសុទ្ធ​នៅ​ក្រុង​លីដា។ ៣៣ នៅ​ទី​នោះ​គាត់​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អេនាស ដែល​បាន​ដេក​លើ​គ្រែ​ស្នែង​ងើប​មិន​រួច​អស់​ប្រាំបី​ឆ្នាំ ព្រោះ​គាត់​ស្លាប់​ដៃ​ស្លាប់​ជើង។ ៣៤ រួច​ពេត្រុស​និយាយ​ទៅ​គាត់​ថា៖ «អេនាស លោក​យេស៊ូ​គ្រិស្ត​ធ្វើ​ឲ្យ​អ្នក​ជា។ ចូរ​ក្រោក​ឡើង​ហើយ​រៀប​ចំ​គ្រែ​អ្នក​ចុះ» គាត់​ក៏​ក្រោក​ឡើង​ភ្លាម។ ៣៥ អស់​អ្នក​ដែល​រស់​នៅ​ក្រុង​លីដា​និង​វាល​ទំនាប​សារ៉ុន​បាន​ឃើញ​គាត់ ហើយ​ពួក​គេ​ចាប់​ផ្ដើម​ជឿ​លើ​លោក​ម្ចាស់។

៣៦ ប៉ុន្តែ​នៅ​ក្រុង​យ៉ុបប៉ា មាន​អ្នក​កាន់​តាម​ម្នាក់​ឈ្មោះ​តាប៊ីថា ដែល​បក​ប្រែ​ជា​ភាសា​ក្រិច​ថា ដ័រកាស។ នាង​ធ្វើ​អំពើ​ល្អ​ជា​បរិបូរ​និង​ធ្វើ​ទាន​ជា​ច្រើន។ ៣៧ ប៉ុន្តែ​នៅ​គ្រា​នោះ នាង​ធ្លាក់​ខ្លួន​ឈឺ​ហើយ​ស្លាប់។ ដូច្នេះ គេ​លាង​ជម្រះ​សព រួច​ដាក់​ក្នុង​បន្ទប់​ខាង​លើ។ ៣៨ ឯ​ក្រុង​លីដា​នៅ​ជិត​ក្រុង​យ៉ុបប៉ា ដូច្នេះ ពេល​ដែល​ពួក​អ្នក​កាន់​តាម​ឮ​ថា​ពេត្រុស​នៅ​ក្រុង​នោះ ពួក​គាត់​ចាត់​បុរស​ពីរ​នាក់​ឲ្យ​ទៅ​អង្វរ​គាត់​ថា៖ «សូម​មក​ឯ​យើង​ជា​ប្រញាប់»។ ៣៩ ឮ​ដូច្នេះ ពេត្រុស​ក្រោក​ឡើង​ហើយ​ទៅ​ជា​មួយ​នឹង​ពួក​គាត់។ លុះ​ទៅ​ដល់​ហើយ ពួក​គាត់​នាំ​ពេត្រុស​ទៅ​បន្ទប់​ខាង​លើ ហើយ​ពួក​ស្ត្រី​មេម៉ាយ​បាន​ចូល​មក​ជិត​គាត់​ទាំង​យំ​ហើយ​បង្ហាញ​ឲ្យ​គាត់​ឃើញ​នូវ​សម្លៀក​បំពាក់​ក្រៅ​និង​សម្លៀក​បំពាក់​ក្នុង​ផ្សេងៗ​ដែល​ដ័រកាស​បាន​ដេរ​កាល​ពី​នាង​នៅ​រស់។ ៤០ ប៉ុន្តែ​ពេត្រុស​ឲ្យ​ពួក​គាត់​ទាំង​អស់​គ្នា​ចេញ​ទៅ​ក្រៅ រួច​គាត់​លុត​ជង្គង់​អធិដ្ឋាន ក៏​បែរ​ទៅ​សព​ហើយ​និយាយ​ថា៖ «តាប៊ីថា ចូរ​ក្រោក​ឡើង!» នាង​បើក​ភ្នែក ហើយ​កាល​ដែល​ក្រឡេក​ទៅ​ឃើញ​ពេត្រុស នាង​ក៏​ងើប​អង្គុយ។ ៤១ គាត់​ហុច​ដៃ​ឲ្យ​នាង​តោង ហើយ​ទាញ​ឲ្យ​ងើប​ឡើង រួច​គាត់​ហៅ​ពួក​អ្នក​បរិសុទ្ធ​និង​ពួក​ស្ត្រី​មេម៉ាយ​មក ហើយ​បង្ហាញ​នាង​ឲ្យ​ពួក​គាត់​ឃើញ​ថា​នាង​មាន​ជីវិត​រស់​នៅ។ ៤២ រឿង​នេះ​បាន​ឮពេញ​ក្រុង​យ៉ុបប៉ា ហើយ​មនុស្ស​ជា​ច្រើន​បាន​ទៅ​ជា​អ្នក​ជឿ​លើ​លោក​ម្ចាស់។ ៤៣ ពេត្រុស​បាន​នៅ​ក្រុង​យ៉ុបប៉ា​ជា​ច្រើន​ថ្ងៃ​ទៀត ជា​មួយ​នឹង​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​អ្នក​សម្លាប់​ស្បែក។

១០ នៅ​ក្រុង​សេសារៀ មាន​បុរស​ម្នាក់​ឈ្មោះ​កូនេលាស ជា​នាយ​ទាហាន​ក្នុង​កង​ទ័ព​ហៅ​ថា កង​ទ័ព​អ៊ីតាលី។ ២ គាត់​ព្រម​ទាំង​ពួក​អ្នក​ផ្ទះ​ទាំង​អស់​របស់​គាត់ ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ។ គាត់​ធ្វើ​ទាន​ជា​ច្រើន​ដល់​បណ្ដា​ជន ហើយ​ក៏​អធិដ្ឋាន​អង្វរ​ព្រះ​ជា​និច្ច។ ៣ នៅ​ប្រហែល​ម៉ោង​ទី​ប្រាំបួន* គាត់​ឃើញ​ទេវតា​មួយ​រូប​របស់​ព្រះ​យ៉ាង​ច្បាស់​ក្នុង​គំនិត ហើយ​ទេវតា​នោះ​ចូល​មក​ជិត​គាត់​រួច​និយាយ​ថា៖ «កូនេលាស!»។ ៤ កូនេលាស​សម្លឹង​មើល​ទេវតា ក៏​តាំង​ភ័យ​ខ្លាច​ហើយ​និយាយ​ថា៖ «តើ​លោក​ម្ចាស់​មាន​ការ​អ្វី?»។ គាត់​និយាយ​ទៅ​កូនេលាស​ថា៖ «ទាន​និង​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​បាន​ឡើង​ទៅ​ទុក​ជា​ទី​រំលឹក​នៅ​ចំពោះ​ព្រះ។ ៥ ដូច្នេះ ចូរ​ចាត់​បុរស​ខ្លះ​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉ា​ដើម្បី​ហៅ​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស។ ៦ បុរស​នេះ​ជា​ភ្ញៀវ​ស្នាក់​នៅ​ផ្ទះ​របស់​ស៊ីម៉ូន ជា​អ្នក​សម្លាប់​ស្បែក ដែល​មាន​ផ្ទះ​នៅ​ក្បែរ​មាត់​សមុទ្រ»។ ៧ កាល​ទេវតា​ដែល​និយាយ​ជា​មួយ​នឹង​គាត់​បាន​ទៅ​ផុត​ហើយ គាត់​ហៅ​អ្នក​បម្រើ​ពីរ​នាក់​ក្នុង​ផ្ទះ​គាត់​ឲ្យ​មក​ភ្លាម ក៏​ហៅ​កូន​ទាហាន​ម្នាក់​ដែល​ជា​អ្នក​គោរព​ព្រះ ពី​ចំណោម​ពួក​អ្នក​ដែល​នៅ​បម្រើ​គាត់​ជា​ប្រចាំ ៨ ហើយ​គាត់​រៀប​រាប់​ប្រាប់​ពួក​គេ​នូវ​ហេតុ​ការណ៍​ទាំង​អស់ រួច​ចាត់​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉ា។

៩ លុះ​ថ្ងៃ​ស្អែក​ឡើង កាល​ដែល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ហើយ នោះ​ពេត្រុស​បាន​ឡើង​លើ​ដំបូល​ផ្ទះ​ដើម្បី​អធិដ្ឋាន នៅ​ប្រហែល​ម៉ោង​ទី​ប្រាំមួយ។* ១០ ក្រោយ​មក គាត់​ក៏​ឃ្លាន​ខ្លាំង​ហើយ​ចង់​បរិភោគ។ កាល​ដែល​គេ​កំពុង​រៀប​ចំ​អាហារ ស្រាប់​តែ​គាត់​លង់​ស្មារតី​ឃើញ​អ្វី​មួយ​ក្នុង​គំនិត។ ១១ គាត់​ឃើញ​មេឃ​បើក​ឡើង ហើយ​ឃើញ​ភាជនៈ​មួយ​ដែល​មើល​ទៅ​ដូច​ជា​ផ្ទាំង​ក្រណាត់​ធំ​មួយ​ដែល​គេច​ង​ចុង​ជាយ​ទាំង​បួន កំពុង​ចុះ​មក​ដី ១២ ហើយ​ក្នុង​នោះ​មាន​សត្វ​គ្រប់​ប្រភេទ​ជា​សត្វ​ជើង​បួន សត្វ​លូន​វារ​នៅ​លើ​ដី និង​សត្វ​ហើរ​លើ​អាកាស។ ១៣ រួច​មក មាន​សំឡេង​មួយ​បន្លឺ​ទៅ​កាន់​គាត់​ថា៖ «ពេត្រុស! ចូរ​ក្រោក​ឡើង សម្លាប់​ហើយ​បរិភោគ​ទៅ!»។ ១៤ ប៉ុន្តែ​ពេត្រុស​និយាយ​ថា៖ «ទេ លោក​ម្ចាស់ ពីព្រោះ​ខ្ញុំ​មិន​ដែល​បរិភោគ​អ្វី​ដែល​មិន​ស្អាត​ឬ​ស្មោកគ្រោក​សោះ​ឡើយ»។ ១៥ សំឡេង​នោះ​បន្លឺ​ទៅ​គាត់​ម្ដង​ទៀត ជា​លើក​ទី​ពីរ​ថា៖ «ឈប់​ហៅ​អ្វីៗ​ដែល​ព្រះ​បាន​សម្អាត ថា​មិន​ស្អាត»។ ១៦ សំឡេង​នោះ​បន្លឺ​ជា​លើក​ទី​បី​ទៅ​កាន់​គាត់ រួច​ភាជនៈ​នោះ​បាន​ត្រូវ​លើក​ឡើង​ទៅ​លើ​មេឃ។

១៧ កាល​ដែល​ពេត្រុស​កំពុង​ងឿង​ឆ្ងល់​ក្នុង​ចិត្ត​អំពី​អត្ថន័យ​នៃ​អ្វី​ដែល​គាត់​បាន​ឃើញ​ក្នុង​គំនិត មើល! បុរស​ទាំង​ប៉ុន្មាន​ដែល​កូនេលាស​បាន​ចាត់​ឲ្យ​មក បាន​សួរ​រក​ផ្ទះ​របស់​ស៊ីម៉ូន ហើយ​ក៏​កំពុង​ឈរ​នៅ​ក្បែរ​របង​ផ្ទះ។ ១៨ ពួក​គេ​ស្រែក​សួរ​ឲ្យ​ដឹង​ថា​តើ​ស៊ីម៉ូន​ហៅ​ថា​ពេត្រុស​កំពុង​ស្នាក់​នៅ​ទី​នោះ​ឬ​ទេ។ ១៩ កាល​ដែល​ពេត្រុស​កំពុង​គិត​ហើយ​គិត​ទៀត​អំពី​អ្វី​ដែល​គាត់​បាន​ឃើញ​ក្នុង​គំនិត នោះ​សកម្មពល* របស់​ព្រះ​បាន​និយាយ​ថា៖ «មើល! បុរស​បី​នាក់​កំពុង​សួរ​រក​អ្នក។ ២០ តែ​ចូរ​ក្រោក​ឡើង ចុះ​ទៅ​ក្រោម ហើយ​ទៅ​ជា​មួយ​នឹង​ពួក​គេ ដោយ​មិន​សង្ស័យ​ឡើយ ព្រោះ​ខ្ញុំ​បាន​ចាត់​ពួក​គេ​ឲ្យ​មក»។ ២១ ដូច្នេះ ពេត្រុស​ក៏​ចុះ​ទៅ​ឯ​បុរស​ទាំង​នោះ​នៅ​ខាង​ក្រោម ហើយ​និយាយ​ថា៖ «មើល! ខ្ញុំ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​កំពុង​រក។ តើ​អ្នក​រាល់​គ្នា​មក​ទី​នេះ​មាន​ការ​អ្វី?»។ ២២ ពួក​គេ​និយាយ​ថា៖ «មាន​នាយ​ទាហាន​ម្នាក់ ឈ្មោះ​កូនេលាស ដែល​ជា​មនុស្ស​សុចរិត​និង​ជា​អ្នក​កោត​ខ្លាច​ព្រះ ហើយ​ជន​ជាតិ​យូដា​សរសើរ​គ្រប់​គ្នា។ ព្រះ​បាន​ណែនាំ​គាត់​តាម​រយៈ​ទេវតា​បរិសុទ្ធ​មួយ​រូប ឲ្យ​ចាត់​មនុស្ស​មក​សុំ​អ្នក​ទៅ​ផ្ទះ​របស់​គាត់ ដើម្បី​ស្ដាប់​អ្វី​ដែល​អ្នក​និយាយ»។ ២៣ ដូច្នេះ គាត់​អញ្ជើញ​ពួក​គេ​ចូល​ផ្ទះ ហើយ​ឲ្យ​ស្នាក់​នៅ​ជា​មួយ​នឹង​គាត់។

លុះ​ថ្ងៃ​ស្អែក គាត់​ក្រោក​ឡើង​ហើយ​ចេញ​ទៅ​ជា​មួយ​នឹង​ពួក​គេ។ បង​ប្អូន​ខ្លះ​ពី​ក្រុង​យ៉ុបប៉ា​ក៏​បាន​ទៅ​ជា​មួយ​នឹង​គាត់​ដែរ។ ២៤ នៅ​ថ្ងៃ​បន្ទាប់​ពី​នោះ គាត់​ចូល​ក្រុង​សេសារៀ។ កូនេលាស​កំពុង​រង់​ចាំ​ពួក​គាត់ ហើយ​បាន​ហៅ​ញាតិ​សន្ដាន​និង​មិត្ត​ជិត​ស្និទ្ធ​របស់​គាត់​ឲ្យ​មក​ជុំ​គ្នា។ ២៥ កាល​ពេត្រុស​ចូល​មក​ដល់ កូនេលាស​បាន​ចូល​ទៅ​ជិត រួច​លំឱន​កាយ​គោរព​នៅ​ជិត​ជើង​គាត់។ ២៦ ប៉ុន្តែ​ពេត្រុស​បាន​លើក​គាត់​ឡើង ដោយ​និយាយ​ថា៖ «ចូរ​ក្រោក​ឡើង ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ»។ ២៧ កាល​ដែល​កំពុង​សន្ទនា​ជា​មួយ​នឹង​គាត់ ពេត្រុស​ក៏​ចូល​ក្នុង​ឃើញ​ថា មាន​មនុស្ស​ជា​ច្រើន​នៅ​ជុំ​គ្នា​នៅ​ទី​នោះ ២៨ ហើយ​គាត់​និយាយ​ទៅ​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ជន​ជាតិ​យូដា​គ្មាន​ច្បាប់​ចូល​ទៅ​ជិត​ឬ​ទាក់​ទង​ជា​មួយ​នឹង​ជាតិ​សាសន៍​ដទៃ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​បាន​បង្ហាញ​ខ្ញុំ​ថា ខ្ញុំ​មិន​គួរ​ហៅ​មនុស្ស​ណា​ម្នាក់​មិន​ស្អាត​ឬ​ស្មោកគ្រោក​ឡើយ។ ២៩ ហេតុ​នេះ ពេល​ដែល​គេ​ទៅ​ហៅ​ខ្ញុំ ខ្ញុំ​ក៏​មក​ដោយ​មិន​ជំទាស់​ទេ។ ដូច្នេះ ខ្ញុំ​សូម​សួរ​អំពី​មូលហេតុ​ដែល​អ្នក​រាល់​គ្នា​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ខ្ញុំ»។

៣០ ម្ល៉ោះ​ហើយ កូនេលាស​និយាយ​ថា៖ «បួន​ថ្ងៃ​មុន​ចាប់​ពី​ម៉ោង​នេះ ខ្ញុំ​កំពុង​អធិដ្ឋាន​ក្នុង​ផ្ទះ​របស់​ខ្ញុំ គឺ​នៅ​ម៉ោង​ទី​ប្រាំបួន* ហើយ​មើល! បុរស​ម្នាក់​ដែល​មាន​សម្លៀក​បំពាក់​ភ្លឺ​ត្រចះ​បាន​ឈរ​នៅ​មុខ​ខ្ញុំ ៣១ ហើយ​និយាយ​ថា៖ ‹កូនេលាស ព្រះ​បាន​ឮ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក ក៏​ចាំ​ទាន​ដែល​អ្នក​បាន​ធ្វើ។ ៣២ ដូច្នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉ា ហើយ​ហៅ​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស។ បុរស​នេះ​កំពុង​ស្នាក់​នៅ​ផ្ទះ​របស់​ស៊ីម៉ូន ជា​អ្នក​សម្លាប់​ស្បែក ដែល​នៅ​ក្បែរ​មាត់​សមុទ្រ›។ ៣៣ ហេតុ​នេះ ខ្ញុំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​អ្នក​ភ្លាម ហើយ​ជា​ការ​ល្អ​ណាស់​ដែល​អ្នក​បាន​មក​ទី​នេះ។ ដូច្នេះ ឥឡូវ​នេះ​យើង​ទាំង​អស់​គ្នា​នៅ​ជុំ​គ្នា​នៅ​មុខ​ព្រះ ដើម្បី​ស្ដាប់​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​អ្នក​ឲ្យ​និយាយ»។

៣៤ ឮ​ដូច្នេះ ពេត្រុស​ចាប់​ផ្ដើម​និយាយ​ថា៖ «ខ្ញុំ​យល់​ឃើញ​ច្បាស់​ថា ព្រះ​មិន​រើស​មុខ​ទេ ៣៥ តែ​នៅ​គ្រប់​ជាតិ​សាសន៍ លោក​ពេញ​ចិត្ត​នឹង​អ្នក​ណា​ដែល​កោត​ខ្លាច​លោក​ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត។ ៣៦ លោក​បាន​ផ្ញើ​បណ្ដាំ​ទៅ​ពួក​កូន* អ៊ីស្រាអែល ដើម្បី​ប្រកាស​ប្រាប់​ពួក​គេ​នូវ​ដំណឹង​ល្អ​ស្តី​អំពី​សន្ដិភាព​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត ដែល​ជា​ម្ចាស់​លើ​មនុស្ស​ទាំង​អស់។ ៣៧ អ្នក​រាល់​គ្នា​ដឹង​អំពី​រឿង​ដែល​គេ​បាន​និយាយ​ពេញ​តំបន់​យូឌា ចាប់​ពី​ស្រុក​កាលីឡេ បន្ទាប់​ពី​យ៉ូហាន​បាន​ផ្សព្វ​ផ្សាយ​អំពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក* ៣៨ ពោល​គឺ រឿង​អំពី​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត ហើយ​អំពី​ការ​ដែល​ព្រះ​បាន​រើស​តាំង* លោក​ដោយ​សកម្មពល​បរិសុទ្ធ​និង​ឫទ្ធានុភាព។ លោក​បាន​ធ្វើ​ដំណើរ​ពាស​ពេញ​ស្រុក ដោយ​ធ្វើ​អំពើ​ល្អ​ហើយ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ត្រូវ​មេកំណាច* បៀតបៀន បាន​ជា​សះ​ស្បើយ ពីព្រោះ​ព្រះ​នៅ​ជា​មួយ​នឹង​លោក។ ៣៩ យើង​ជា​សាក្សី​អំពី​ការ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​នៅ​ស្រុក​របស់​ជន​ជាតិ​យូដា​និង​នៅ​ក្រុង​យេរូសាឡិម។ ប៉ុន្តែ​ពួក​គេ​ក៏​បាន​សម្លាប់​លោក​ដោយ​ព្យួរ​នឹង​បង្គោល​ឈើ។* ៤០ ព្រះ​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី ក៏​អនុញ្ញាត​ឲ្យ​បង្ហាញ​ខ្លួន ៤១ មិន​មែន​ដល់​បណ្ដា​ជន​ទាំង​ឡាយ​ទេ តែ​ឲ្យ​បង្ហាញ​ខ្លួន​ដល់​ពួក​សាក្សី​ដែល​ព្រះ​បាន​តែង​តាំង​ទុក​ជា​មុន គឺ​ពួក​យើង​ដែល​បាន​ផឹក​និង​បរិភោគ​ជា​មួយ​នឹង​លោក​បន្ទាប់​ពី​បាន​រស់​ពី​ស្លាប់​ឡើង​វិញ។ ៤២ ម្យ៉ាង​ទៀត លោក​បាន​បង្គាប់​យើង​ឲ្យ​ផ្សព្វ​ផ្សាយ​ប្រាប់​បណ្ដា​ជន ថែម​ទាំង​ឲ្យ​ធ្វើ​ជា​សាក្សី​បញ្ជាក់​សព្វ​គ្រប់​ថា គឺ​លោក​ហើយ​ដែល​ព្រះ​បាន​ចេញ​បង្គាប់​ឲ្យ​ធ្វើ​ជា​ចៅ​ក្រម​នៃ​មនុស្ស​រស់​និង​មនុស្ស​ស្លាប់។ ៤៣ ពួក​អ្នក​ប្រកាស​ទំនាយ​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក​គ្រប់​គ្នា ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​ជឿ​លើ​លោក​ទទួល​ការ​អភ័យទោស​ចំពោះ​ការ​ខុស​ឆ្គង ដោយ​នូវ​នាម​របស់​លោក»។

៤៤ កាល​ដែល​ពេត្រុស​កំពុង​និយាយ​អំពី​ការ​ទាំង​នេះ នោះ​អស់​អ្នក​ដែល​កំពុង​ស្ដាប់​បណ្ដាំ​របស់​ព្រះ​បាន​ទទួល​សកម្មពល​បរិសុទ្ធ។ ៤៥ ហើយ​ពួក​អ្នក​ស្មោះ​ត្រង់​ដែល​បាន​មក​ជា​មួយ​នឹង​ពេត្រុស គឺ​ពួក​អ្នក​ដែល​បាន​ត្រូវ​គេ​កាត់​ចុង​ស្បែក* បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត ពីព្រោះ​សកម្មពល​បរិសុទ្ធ​ដែល​ជា​អំណោយ​ទាន​របស់​ព្រះ កំពុង​ត្រូវ​ចាក់​ទៅ​លើ​ជាតិ​សាសន៍​ដទៃ​ផង​ដែរ ៤៦ ព្រោះ​ពួក​គេ​ឮ​អ្នក​ទាំង​នោះ​និយាយ​ភាសា​ផ្សេងៗ ព្រម​ទាំង​សរសើរ​តម្កើង​ព្រះ។ ពេល​នោះ​ពេត្រុស​តប​ថា៖ ៤៧ «តើ​មាន​អ្នក​ណា​អាច​ហាម​អ្នក​ទាំង​នេះ មិន​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក ក្រោយ​ពី​ពួក​គេ​បាន​ទទួល​សកម្មពល​បរិសុទ្ធ​ដូច​យើង​ដែរ​ឬ​ទេ?»។ ៤៨ លុះ​និយាយ​ចប់​ហើយ គាត់​បង្គាប់​ពួក​គេ​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​លោក​យេស៊ូ​គ្រិស្ត។ រួច​មក ពួក​គេ​សុំ​គាត់​នៅ​ជា​មួយ​នឹង​ពួក​គេ​អស់​មួយ​រយៈ។

១១ ឯ​ពួក​សាវ័ក​និង​បង​ប្អូន​ទាំង​ឡាយ​នៅ​តំបន់​យូឌា បាន​ឮ​ថា​ជន​ជាតិ​ដទៃ​ក៏​បាន​ទទួល​បណ្ដាំ​របស់​ព្រះ​ដែរ។ ២ ដូច្នេះ ពេល​ដែល​ពេត្រុស​បាន​ឡើង​មក​ក្រុង​យេរូសាឡិម​វិញ​ហើយ ពួក​អ្នក​ដែល​គាំទ្រ​ការ​កាត់​ចុង​ស្បែក* ចាប់​ផ្ដើម​រិះ​គន់​គាត់ ៣ ដោយ​និយាយ​ថា គាត់​បាន​ចូល​ផ្ទះ​បុរស​ដែល​មិន​បាន​ទទួល​ការ​កាត់​ចុង​ស្បែក ហើយ​បាន​បរិភោគ​ជា​មួយ​នឹង​ពួក​គេ។ ៤ ឮ​ដូច្នេះ ពេត្រុស​ចាប់​ផ្ដើម​និយាយ ហើយ​ពន្យល់​ពួក​គេ​យ៉ាង​ល្អិត​ល្អន់​អំពី​ហេតុ​ការណ៍​នោះ​ថា៖

៥ «ខ្ញុំ​កំពុង​អធិដ្ឋាន​នៅ​ក្រុង​យ៉ុបប៉ា ហើយ​ខ្ញុំ​បាន​ឃើញ​អ្វី​មួយ​ក្នុង​គំនិត គឺ​ភាជនៈ​ម្យ៉ាង​ដែល​មើល​ទៅ​ហាក់​ដូច​ជា​ផ្ទាំង​ក្រណាត់​ធំ​មួយ ដែល​គេ​បាន​ចង​ចុង​ជាយ​ទាំង​បួន កំពុង​ចុះ​មក​ពី​លើ​មេឃ។ ភាជនៈ​នោះ​បាន​ចុះ​មក​ជិត​ខ្ញុំ។ ៦ ខ្ញុំ​ក៏​សម្លឹង​មើល​ទៅ​ក្នុង ហើយ​សង្កេត​ឃើញ​ថា​មាន​សត្វ​ជើង​បួន​ដែល​នៅ​លើ​ដី ព្រម​ទាំង​សត្វ​ព្រៃ សត្វ​លូន​វារ និង​សត្វ​ហើរ​លើ​អាកាស។ ៧ ខ្ញុំ​ក៏​ឮ​សំឡេង​មួយ​បន្លឺ​មក​កាន់​ខ្ញុំ​ថា៖ ‹ពេត្រុស! ចូរ​ក្រោក​ឡើង សម្លាប់​ហើយ​បរិភោគ​ទៅ!›។ ៨ ប៉ុន្តែ​ខ្ញុំ​និយាយ​ថា៖ ‹ទេ លោក​ម្ចាស់ ពីព្រោះ​ខ្ញុំ​មិន​ដែល​ដាក់​អ្វី​ដែល​មិន​ស្អាត​ឬ​ស្មោកគ្រោក​ក្នុង​មាត់​ខ្ញុំ​ឡើយ›។ ៩ សំឡេង​នោះ​បន្លឺ​តប​មក​ពី​លើ​មេឃ​ជា​លើក​ទីពីរ​ថា៖ ‹ឈប់​ហៅ​អ្វីៗ​ដែល​ព្រះ​បាន​សម្អាត ថា​មិន​ស្អាត›។ ១០ សំឡេង​នោះ​ក៏​បន្លឺ​មក​ជា​លើក​ទី​បី រួច​របស់​ទាំង​អស់​នោះ​បាន​ត្រូវ​លើក​ឡើង​ទៅ​លើ​មេឃ​វិញ។ ១១ ម្យ៉ាង​ទៀត នៅ​រំពេច​នោះ មើល! មាន​បុរស​បី​នាក់​ឈរ​នៅ​ផ្ទះ​ដែល​យើង​កំពុង​ស្នាក់​នៅ។ ពួក​គេ​បាន​ត្រូវ​ចាត់​ពី​ក្រុង​សេសារៀ​ឲ្យ​មក​ជួប​ខ្ញុំ។ ១២ ដូច្នេះ សកម្មពល* របស់​ព្រះ​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​ជា​មួយ​នឹង​ពួក​គេ ដោយ​មិន​សង្ស័យ​អ្វី​សោះ។ ប៉ុន្តែ​បង​ប្រុស​ប្រាំមួយ​នាក់​នេះ​ក៏​បាន​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ដែរ រួច​ពួក​យើង​បាន​នាំ​គ្នា​ចូល​ផ្ទះ​បុរស​នោះ។

១៣ «គាត់​រៀប​រាប់​ប្រាប់​យើង​អំពី​ការ​ដែល​គាត់​ឃើញ​ទេវតា​មួយ​រូប​ឈរ​ក្នុង​ផ្ទះ​គាត់ ដោយ​ប្រាប់​ថា៖ ‹ចូរ​ចាត់​បុរស​ខ្លះ​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉ា ដើម្បី​ហៅ​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស​ឲ្យ​មក ១៤ ហើយ​គាត់​នឹង​ប្រាប់​អ្នក​អំពី​ការ​អ្វី​ដែល​អាច​ឲ្យ​អ្នក​និង​ពួក​អ្នក​ផ្ទះ​ទាំង​ឡាយ​របស់​អ្នក​ទទួល​សេចក្ដី​សង្គ្រោះ›។ ១៥ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​និយាយ ពួក​គេ​ទទួល​សកម្មពល​បរិសុទ្ធ​ដូច​យើង​បាន​ទទួល​នៅ​ដើម​ដំបូង​ដែរ។ ១៦ ឃើញ​ដូច្នេះ ខ្ញុំ​នឹក​ឃើញ​ថា លោក​ម្ចាស់​ធ្លាប់​មាន​ប្រសាសន៍​ថា៖ ‹ឯ​យ៉ូហាន​បាន​ជ្រមុជ​គេ​ក្នុង​ទឹក តែ​អ្នក​រាល់​គ្នា​នឹង​ជ្រមុជ​គេ​ក្នុង​សកម្មពល​បរិសុទ្ធ›។ ១៧ ដូច្នេះ ប្រសិនបើ​ព្រះ​បាន​ផ្ដល់​អំណោយ​ទាន​ដល់​ពួក​គេ ដូច​ដែល​លោក​បាន​ផ្ដល់​ឲ្យ​ពួក​យើង​ដែល​បាន​ជឿ​លើ​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត តើ​ខ្ញុំ​ជា​អ្វី​ដែល​អាច​ឃាត់​ព្រះ​បាន?»។

១៨ កាល​ដែល​ឮ​អ្វីៗ​ទាំង​នេះ ពួក​គេ​ក៏​យល់​ព្រម​តាម ហើយ​តម្កើង​ព្រះ​ដោយ​ពោល​ថា៖ «បើ​ដូច្នេះ ព្រះ​ក៏​បាន​ផ្ដល់​ឱកាស​ឲ្យ​ជន​ជាតិ​ដទៃ​ប្រែ​ចិត្ត ហើយ​ទទួល​ជីវិត​ដែរ»។

១៩ ម្ល៉ោះ​ហើយ អស់​អ្នក​ដែល​បាន​ត្រូវ​ខ្ចាត់​ខ្ចាយ​ដោយ​សារ​ការ​បៀតបៀន​ដែល​បាន​កើត​មក​ពី​រឿង​ស្ទេផាន ក៏​បាន​ទៅ​រហូត​ដល់​ស្រុក​ភេនីស៊ី កោះ​គីប្រុស និង​ក្រុង​អាន់ទីយ៉ូក តែ​មិន​បាន​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ណា​ឡើយ លើក​លែង​តែ​ជន​ជាតិ​យូដា​ប៉ុណ្ណោះ។ ២០ ក៏​ប៉ុន្តែ​ក្នុង​ចំណោម​ពួក​គាត់ មាន​បុរស​ខ្លះ​ពី​កោះ​គីប្រុស​និង​ក្រុង​គីរេន។ ពួក​គាត់​បាន​មក​ក្រុង​អាន់ទីយ៉ូក​ហើយ​ចាប់​ផ្ដើម​និយាយ​ជា​មួយ​នឹង​អ្នក​ដែល​និយាយ​ភាសា​ក្រិច ដោយ​ប្រកាស​ប្រាប់​ពួក​គេ​នូវ​ដំណឹង​ល្អ​អំពី​លោក​ម្ចាស់​យេស៊ូ។ ២១ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​ពួក​គាត់ ហើយ​មនុស្ស​ច្រើន​សន្ធឹក​ក៏​បាន​ជឿ ហើយ​បែរ​មក​កាន់​តាម​លោក​ម្ចាស់។

២២ ដំណឹង​អំពី​ពួក​គេ​បាន​ឮ​ដល់​ក្រុម​ជំនុំ​នៅ​ក្រុង​យេរូសាឡិម រួច​ពួក​គាត់​ចាត់​បាណាបាស​ឲ្យ​ទៅ​រហូត​ដល់​ក្រុង​អាន់ទីយ៉ូក។ ២៣ លុះ​ទៅ​ដល់​ហើយ ព្រម​ទាំង​ឃើញ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ គាត់​ក៏​ត្រេក​អរ​ហើយ​តាំង​លើក​ទឹក​ចិត្ត​ពួក​គេ​ទាំង​អស់​គ្នា​ឲ្យ​នៅ​ស្មោះ​ត្រង់​នឹង​លោក​ម្ចាស់​ដោយ​តាំង​ចិត្ត​យ៉ាង​រឹង​មាំ ២៤ ព្រោះ​បាណាបាស​ជា​មនុស្ស​ល្អ ក៏​ពោរ​ពេញ​ទៅ​ដោយ​សកម្មពល​បរិសុទ្ធ​និង​ជំនឿ។ ហើយ​មនុស្ស​មួយ​ក្រុម​ធំ​ចាប់​ផ្ដើម​ជឿ​លើ​លោក​ម្ចាស់។ ២៥ ដូច្នេះ គាត់​បាន​ចេញ​ទៅ​ក្រុង​តើសុស ដើម្បី​រក​សុល​ទាល់​តែ​ឃើញ។ ២៦ លុះ​ឃើញ​ហើយ គាត់​ក៏​នាំ​សុល​មក​ក្រុង​អាន់ទីយ៉ូក។ ដូច្នេះ អស់​មួយ​ឆ្នាំ​គត់ ពួក​គាត់​បាន​ជួប​ជុំ​ជា​មួយ​នឹង​ពួក​អ្នក​ក្នុង​ក្រុម​ជំនុំ ក៏​បាន​បង្រៀន​មនុស្ស​មួយ​ក្រុម​ធំ ហើយ​គឺ​នៅ​ក្រុង​អាន់ទីយ៉ូក​ដែល​ពួក​អ្នក​កាន់​តាម​បាន​ត្រូវ​ហៅ​ថា គ្រិស្ត​សាសនិក ជា​លើក​ដំបូង តាម​ការ​ណែនាំ​របស់​ព្រះ។

២៧ នៅ​គ្រា​នេះ មាន​ពួក​អ្នក​ប្រកាស​ទំនាយ​ចុះ​ពី​ក្រុង​យេរូសាឡិម​មក​ក្រុង​អាន់ទីយ៉ូក។ ២៨ អ្នក​ប្រកាស​ទំនាយ​ម្នាក់​ឈ្មោះ​អាហ្គាប៊ូស បាន​ក្រោក​ឡើង​បញ្ជាក់​ដោយ​សារ​សកម្មពល​របស់​ព្រះ​ថា ផែនដី​ទាំង​មូល​ជិត​កើត​មាន​ការ​អត់​ឃ្លាន​យ៉ាង​ខ្លាំង ហើយ​ការ​នោះ​បាន​កើត​ឡើង​ពិត​មែន​នៅ​សម័យ​ក្លូឌាស។ ២៩ ដូច្នេះ ពួក​អ្នក​កាន់​តាម​បាន​សម្រេច​ថា ពួក​គាត់​នឹង​ផ្ញើ​ជំនួយ​ទៅ​បង​ប្អូន​ដែល​រស់​នៅ​តំបន់​យូឌា តាម​លទ្ធភាព​របស់​ពួក​គាត់​ម្នាក់ៗ​។ ៣០ ហើយ​ពួក​គាត់​បាន​ធ្វើ​ដូច្នេះ​មែន ដោយ​ផ្ញើ​តាម​បាណាបាស​និង​សុល​ទៅ​ឯ​ពួក​បុរស​ចាស់​ទុំ។

១២ នៅ​គ្រា​នោះ ស្តេច* ហេរ៉ូឌ​ចាប់​ផ្ដើម​បៀតបៀន​សមាជិក​ខ្លះ​នៃ​ក្រុម​ជំនុំ។ ២ គាត់​សម្លាប់​យ៉ាកុប​ជា​បង​ប្រុស​របស់​យ៉ូហាន​ដោយ​ដាវ។ ៣ កាល​ដែល​គាត់​ឃើញ​ថា​ជន​ជាតិ​យូដា​ពេញ​ចិត្ត​នឹង​ការ​នោះ គាត់​ក៏​ចាប់​ខ្លួន​ពេត្រុស​ដែរ។ (នោះ​ជា​គ្រា​បុណ្យ​នំ​ឥត​ដំបែ) ៤ លុះ​ចាប់​ពេត្រុស​ហើយ ហេរ៉ូឌ​ដាក់​គាត់​ក្នុង​គុក ព្រម​ទាំង​ប្រគល់​ដល់​ទាហាន​បួន​ក្រុម​ឲ្យ​យាម​គាត់ ដោយ​ក្នុង​ក្រុម​នីមួយៗ​មាន​ទាហាន​បួន​នាក់។ ហេរ៉ូឌ​ធ្វើ​ដូច្នេះ​ដោយ​សារ​មាន​បំណង​នាំ​ពេត្រុស​មក​បង្ហាញ​បណ្ដា​ជន​បន្ទាប់​ពី​បុណ្យ​រំលង។ ៥ ដូច្នេះ ពេត្រុស​ត្រូវ​គេ​ឃុំ​ទុក​ក្នុង​គុក តែ​ក្រុម​ជំនុំ​បាន​អធិដ្ឋាន​អង្វរ​ព្រះ​ឥត​ឈប់​ដោយ​អស់ពី​ចិត្ត​ដើម្បី​គាត់។

៦ ប៉ុន្តែ​មួយ​យប់​មុន​ហេរ៉ូឌ​បម្រុង​នឹង​នាំ​គាត់​ចេញ​មក​បង្ហាញ​គេ ពេត្រុស​កំពុង​ដេក​នៅ​កណ្ដាល​ទាហាន​ពីរ​នាក់ ទាំង​ជាប់​ច្រវាក់​ពីរ​ខ្សែ ហើយ​ក៏​មាន​គេ​ចាំ​យាម​នៅ​ទ្វារ​គុក​ដែរ។ ៧ ប៉ុន្តែ​មើល! ទេវតា​របស់​ព្រះ​យេហូវ៉ា​ឈរ​នៅ​ក្បែរ​គាត់ ហើយ​មាន​ពន្លឺ​ភ្លឺ​មក​ក្នុង​បន្ទប់​គុក​នោះ។ ទេវតា​នោះ​ទះ​ចំហៀង​ខ្លួន​ពេត្រុស ហើយ​ដាស់​ដោយ​និយាយ​ថា៖ «ក្រោក​ឡើង​ជា​ប្រញាប់!» រួច​ច្រវាក់​បាន​របូត​ចេញ​ពីដៃ​គាត់។ ៨ ទេវតា​នោះ​និយាយ​ទៅ​គាត់​ថា៖ «ចូរ​រៀប​ចំ​ខ្លួន​ហើយ​ពាក់​ស្បែក​ជើង​ទៅ»។ គាត់​ក៏​ធ្វើ​ដូច្នោះ។ បន្ទាប់​មក ទេវតា​ប្រាប់​ថា៖ «ចូរ​ពាក់​សម្លៀក​បំពាក់​ក្រៅ ហើយ​តាម​ខ្ញុំ​ឲ្យ​ជាប់»។ ៩ គាត់​ក៏​ចេញ​ទៅ ហើយ​តាម​ទេវតា​នោះ​ជាប់ ប៉ុន្តែ​គាត់​មិន​បាន​ដឹង​ថា​អ្វី​ដែល​កំពុង​កើត​ឡើង​តាម​រយៈ​ទេវតា​នោះ​ជា​ការ​ពិត​ឡើយ តែ​គាត់​នឹក​ស្មានថា​នោះ​ជា​អ្វី​ដែល​កំពុង​ត្រូវ​បើក​ឲ្យ​គាត់​ឃើញ​ក្នុង​គំនិត​ប៉ុណ្ណោះ។ ១០ ពួក​គាត់​ដើរ​កាត់​ចន្លោះ​កណ្ដាល​កង​អ្នក​យាម​ទី​មួយ រួច​កាត់​កង​អ្នក​យាម​ទី​ពីរ ទៅ​ដល់​ទ្វារ​ដែក​ចូល​ក្រុង ហើយ​ទ្វារ​នោះ​ក៏​របើក​ឯង​នៅ​មុខ​ពួក​គាត់។ លុះ​បាន​ចេញ​ទៅ​ខាង​ក្រៅ​ហើយ ពួក​គាត់​ចុះ​ទៅ​តាម​ផ្លូវ​មួយ ស្រាប់​តែ​ទេវតា​នោះ​បាន​ចាក​ចេញ​ពី​គាត់​ភ្លាម។ ១១ ឯ​ពេត្រុស​ក៏​ដឹង​ខ្លួន ហើយ​និយាយ​ថា៖ «ឥឡូវ​ខ្ញុំ​ដឹង​ថា ព្រះ​យេហូវ៉ា​បាន​ចាត់​ទេវតា​របស់​លោក​ឲ្យ​មក ហើយ​បាន​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ហេរ៉ូឌ​និង​ពី​ការ​ទាំង​អស់​ដែល​ជន​ជាតិ​យូដា​បាន​សង្ឃឹម​ថា​នឹង​កើត​ឡើង​ដល់​ខ្ញុំ»។

១២ លុះ​ពិចារណា​អំពី​ការ​នោះ​ហើយ គាត់​ក៏​ទៅ​ផ្ទះ​ម៉ារៀ ជា​ម្ដាយ​យ៉ូហាន​ដែល​ហៅ​ថា​ម៉ាកុស។ នៅ​ទី​នោះ ពួក​អ្នក​កាន់​តាម​ជា​ច្រើន​នាក់​បាន​ជួប​ជុំ​គ្នា​ហើយ​កំពុង​អធិដ្ឋាន។ ១៣ នៅ​ពេល​ដែល​ពេត្រុស​គោះ​ទ្វារ​របង ស្ត្រី​អ្នក​បម្រើ​ម្នាក់​ឈ្មោះ​រ៉ូដា​បាន​ចេញ​មក​សួរ ១៤ លុះ​ស្គាល់​ថា​សំឡេង​នោះ​ជា​សំឡេង​ពេត្រុស នាង​ត្រេក​អរ​ពន់ពេក ក៏​មិន​បាន​បើក​ទ្វារ​របង តែ​បាន​រត់​ចូល​ក្នុង​វិញ ប្រាប់​ពួក​គាត់​ថា​ពេត្រុស​កំពុង​ឈរ​នៅ​មាត់​ទ្វារ​របង។ ១៥ ពួក​គាត់​និយាយ​ទៅ​នាង​ថា៖ «នាង​ឆ្កួត​ហើយ»។ ប៉ុន្តែ​នាង​នៅ​តែ​ថា​ពេត្រុស​បាន​មក​មែន។ ពួក​គាត់​ចាប់​ផ្ដើម​និយាយ​ថា៖ «គឺជា​ទេវតា​របស់​គាត់»។ ១៦ ប៉ុន្តែ​ពេត្រុស​មិន​បាន​ចេញ​ទៅ​ណា​ទេ តែ​នៅ​គោះ​ទ្វារ។ ពេល​បើក​ទ្វារ​ឃើញ​ពេត្រុស ពួក​គាត់​ក៏​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ១៧ តែ​ពេត្រុស​ធ្វើ​សញ្ញា​ឲ្យ​ពួក​គាត់​នៅ​ស្ងៀម រួច​បាន​រៀប​រាប់​ប្រាប់​ពួក​គាត់​យ៉ាង​ល្អិត​ល្អន់​អំពី​ការ​ដែល​ព្រះ​យេហូវ៉ា​នាំ​គាត់​ចេញ​ពី​គុក​មក ក៏​បាន​ប្រាប់​ថា៖ «ចូរ​ទៅ​រាយ​ការណ៍​ប្រាប់​យ៉ាកុប​និង​បង​ប្អូន​អំពី​ការ​ទាំង​នេះ»។ លុះ​និយាយ​ចប់​ហើយ គាត់​ក៏​ចេញ​ដំណើរ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។

១៨ លុះ​ភ្លឺ​ឡើង ពួក​ទាហាន​ក៏​កើត​វឹកវរ​ជា​ខ្លាំង​ដោយ​ឆ្ងល់​អំពី​អ្វី​ដែល​កើត​ឡើង​ដល់​ពេត្រុស។ ១៩ ហេរ៉ូឌ​ខំ​រក​គាត់​នៅ​គ្រប់​ទី​កន្លែង លុះ​រក​មិន​ឃើញ គាត់​សួរ​ចម្លើយ​ពួក​អ្នក​យាម រួច​បង្គាប់​ឲ្យ​នាំ​ពួក​គេ​ទៅ​ដាក់​ទោស។ បន្ទាប់​មក ហេរ៉ូឌ​ចុះ​ពី​តំបន់​យូឌា​ទៅ​ក្រុង​សេសារៀ ហើយ​គាត់​នៅ​ទី​នោះ​អស់​មួយ​រយៈ។

២០ ហេរ៉ូឌ​មួម៉ៅ​ក្ដៅ​ចិត្ត​នឹង​ពួក​អ្នក​ក្រុង​ទីរ៉ុស​និង​ក្រុង​ស៊ីដូន។ ដូច្នេះ ពួក​អ្នក​ក្រុង​ទាំង​នោះ​ព្រមព្រៀង​គ្នា​មក​ជួប​គាត់។ ពួក​គេ​បញ្ចុះ​បញ្ចូល​ប្លាស្ទុស ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​បន្ទប់​ទទួល​ទាន​ដំណេក​របស់​ស្តេច​មុន​សិន រួច​ពួក​គេ​តាំង​សុំ​ផ្សះ​ផ្សា​ជា​មួយ​នឹង​ស្តេច ពីព្រោះ​ស្រុក​របស់​ពួក​គេ​ទទួល​ស្បៀងអាហារ​ពី​ស្រុក​របស់​ស្តេច​ហេរ៉ូឌ។ ២១ ប៉ុន្តែ​នៅ​ថ្ងៃ​កំណត់ ហេរ៉ូឌ​បាន​ស្លៀកពាក់​សម្លៀក​បំពាក់​ស្តេច ក៏​បាន​អង្គុយ​នៅ​កន្លែង​វិនិច្ឆ័យ​ក្ដី រួច​ចាប់​ផ្ដើម​ថ្លែង​សុន្ទរកថា​សាធារណៈ​ឲ្យ​ពួក​គេ​ស្ដាប់។ ២២ ក្រោយ​មក បណ្ដា​ជន​ដែល​បាន​ជួប​ជុំ​គ្នា​នៅ​ទី​នោះ ចាប់​ផ្ដើម​ស្រែក​ឡើង​ថា៖ «នេះ​ជា​សំឡេង​របស់​ព្រះ​មួយ មិន​មែន​ជា​សំឡេង​របស់​មនុស្ស​ទេ!»។ ២៣ រំពេច​នោះ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​វាយ​គាត់ ពីព្រោះ​គាត់​មិន​បាន​ផ្ដល់​កិត្ដិយស​ជូន​ព្រះ។ រួច​គាត់​ក៏​ពេញ​ទៅ​ដោយ​ដង្កូវ ហើយ​បាន​ដាច់​ខ្យល់​ស្លាប់។

២៤ ប៉ុន្តែ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​បាន​ដុះ​ដាល​ចម្រើន​កាន់​តែ​ច្រើន​ឡើង។

២៥ ចំណែក​បាណាបាស​និង​សុល​វិញ បន្ទាប់​ពី​ពួក​គាត់​បាន​ចាត់​ចែង​ការ​ផ្ដល់​ជំនួយ​នៅ​ក្រុង​យេរូសាឡិម​រួច​រាល់​អស់​ហើយ នោះ​ពួក​គាត់​ត្រឡប់​មក​វិញ ហើយ​យក​យ៉ូហាន​ដែល​ហៅ​ថា​ម៉ាកុស​មក​ជា​មួយ។

១៣ ក្នុង​ក្រុម​ជំនុំ​នៅ​ក្រុង​អាន់ទីយ៉ូក​មាន​ពួក​អ្នក​ប្រកាស​ទំនាយ​និង​ពួក​អ្នក​បង្រៀន ពោល​គឺ​បាណាបាស និង​ស៊ីម៉ូន​ដែល​ហៅ​ថា​ខ្មៅ* លូសៀស​ពី​ក្រុងគីរេន ម៉ាណាអេន​ដែល​ធ្លាប់​រៀន​ជា​មួយ​នឹង​ហេរ៉ូឌ​ជា​អភិបាលស្រុក ព្រម​ទាំង​សុល។ ២ កាល​ដែល​ពួក​គាត់​កំពុង​បម្រើ​ព្រះ​យេហូវ៉ា​ព្រម​ទាំង​តម​អាហារ នោះ​សកម្មពល* បរិសុទ្ធ​បាន​ប្រាប់​ថា៖ «ចូរ​ទុក​បាណាបាស​និង​សុល​ដោយ​ឡែក​ឲ្យ​ខ្ញុំ ដើម្បី​បំពេញ​កិច្ចការ​ដែល​ខ្ញុំ​បាន​ហៅ​ពួក​គាត់​ឲ្យ​មក​ធ្វើ»។ ៣ បន្ទាប់​មក ពួក​គាត់​តម​អាហារ អធិដ្ឋាន ហើយ​ដាក់​ដៃ​លើ​បាណាបាស​និង​សុល រួច​ឲ្យ​ចេញ​ដំណើរ​ទៅ។

៤ ម្ល៉ោះ​ហើយ បុរស​ទាំង​នេះ​ដែល​សកម្មពល​បរិសុទ្ធ​បាន​ចាត់​ឲ្យ​ទៅ ក៏​បាន​ចុះ​ទៅ​ក្រុង​សេលូសៀ រួច​ពួក​គាត់​ចុះ​ទូក​ក្ដោង​នៅ​កន្លែង​នោះ ហើយ​ទៅ​កោះ​គីប្រុស។ ៥ លុះ​ទៅ​ដល់​ក្រុង​សាឡាមីស​ហើយ ពួក​គាត់​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​បណ្ដាំ​របស់​ព្រះ​នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​យូដា។ យ៉ូហាន​ក៏​បាន​នៅ​ជា​មួយ ហើយ​បាន​បម្រើ​ពួក​គាត់។

៦ កាល​ដែល​ពួក​គាត់​បាន​ធ្វើ​ដំណើរ​ពេញ​កោះ​នោះ​រហូត​ដល់​ក្រុង​ប៉ាផូស​ហើយ ពួក​គាត់​ក៏​ជួប​ប្រទះ​បុរស​ជន​ជាតិ​យូដា​ម្នាក់​ឈ្មោះ​បារយេស៊ូ ជា​គ្រូ​ធ្មប់ និងជា​អ្នកប្រកាស​ទំនាយ​មិន​ពិត ៧ ហើយ​គាត់​នៅ​ជា​មួយ​នឹង​ស៊ើគាស​ប៉ូឡូស​ដែលជា​អភិបាលខេត្ត និង​ជា​អ្នក​មាន​ប្រាជ្ញា។ ស៊ើគាស​ប៉ូឡូស​បាន​ហៅ​បាណាបាស​និង​សុល​ឲ្យ​មក​ឯ​គាត់ ព្រោះ​គាត់​ចង់​ឮ​បណ្ដាំ​របស់​ព្រះ​ខ្លាំង​ណាស់។ ៨ ប៉ុន្តែ​អេលីម៉ាស ដែល​ជា​គ្រូ​ធ្មប់​នោះ ចាប់​ផ្ដើម​ប្រឆាំង​ពួក​គាត់ ដោយ​ខំ​បង្វែរ​ស៊ើគាស​ប៉ូឡូស​ចេញ​ពី​ជំនឿ។ (ឈ្មោះ​អេលីម៉ាស​បក​ប្រែ​ថា​គ្រូ​ធ្មប់) ៩ សុល ដែល​ហៅ​ថា​ប៉ូល បាន​ពេញ​ទៅ​ដោយ​សកម្មពល​បរិសុទ្ធ ហើយ​បាន​សម្លឹង​មើល​ចំ​គាត់ ១០ ដោយ​និយាយ​ថា៖ «ឱ​មនុស្ស​ដែល​ពេញ​ទៅ​ដោយ​ភាព​ក្លែង​បន្លំ និង​សេចក្ដី​ខូច​អាក្រក់​សព្វ​បែប​យ៉ាង​អើយ អ្នក​ជា​កូន​មេកំណាច* និង​ជាស​ត្រូវ​នៃ​អ្វីៗ​ទាំង​អស់​ដែល​សុចរិត តើ​អ្នក​មិន​ព្រម​ឈប់​ពង្វាង​ផ្លូវ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ទេ​ឬ? ១១ បើ​ដូច្នេះ មើល! ដៃ​របស់​ព្រះ​យេហូវ៉ា​នៅ​លើ​អ្នក ហើយ​អ្នក​នឹង​ងងឹត​ភ្នែក មិន​ឃើញ​ពន្លឺ​ថ្ងៃ​អស់​មួយ​រយៈ»។ រំពេច​នោះ អ្វី​ដែល​មើល​ទៅ​ដូច​ជា​អ័ព្ទ​បាន​ធ្វើ​ឲ្យ​គាត់​មើល​មិន​ឃើញ រួច​គាត់​ក៏​ងងឹត​ភ្នែក​ទៅ ហើយ​បាន​ដើរ​សុំ​គេ​ដឹក​ដៃ​គាត់។ ១២ លុះ​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង អភិបាលខេត្ត​បាន​ទៅ​ជា​អ្នក​ជឿ ព្រោះ​គាត់​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​នឹង​សេចក្ដី​បង្រៀន​នៃ​ព្រះ​យេហូវ៉ា។

១៣ បន្ទាប់​មក ប៉ូល​និង​បុរស​ទាំង​នោះ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ទៅ​ដល់​ក្រុង​ពើកា​នៅ​ខេត្ត​ប៉ាមភីលា។ ប៉ុន្តែ​យ៉ូហាន​បាន​ចាក​ចេញ​ពី​ពួក​គាត់ ហើយ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។ ១៤ ក៏​ប៉ុន្តែ​ពួក​គាត់​បាន​បន្ត​ដំណើរ​ពី​ក្រុង​ពើកា​ទៅ​ក្រុង​អាន់ទីយ៉ូក​នៅ​តំបន់​ពីស៊ីឌា រួច​បាន​ចូល​អង្គុយ​នៅ​ក្នុង​សាលា​ប្រជុំ​នៅ​ថ្ងៃ​ឈប់​សម្រាក។ ១៥ ក្រោយ​ពី​ពួក​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ​បាន​អាន​ច្បាប់* និង​អ្វីៗ​ដែល​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​សរសេរ ពួក​អ្នក​ទទួល​ខុស​ត្រូវ​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​ពួក​គាត់​ថា៖ «បង​ប្អូន​អើយ ប្រសិនបើ​មាន​អ្វី​ដែល​អាច​និយាយ​លើក​ទឹក​ចិត្ត​បណ្ដា​ជន សូម​ប្រាប់​មក»។ ១៦ ដូច្នេះ ប៉ូល​ក្រោក​ឡើង​លើក​ដៃ​ធ្វើ​សញ្ញា រួច​និយាយ​ថា៖

«ឱ​ជន​ជាតិ​អ៊ីស្រាអែល​និង​អ្នក​ឯ​ទៀត​ដែល​កោត​ខ្លាច​ព្រះ សូម​ស្ដាប់​ខ្ញុំ។ ១៧ ព្រះ​នៃ​បណ្ដា​ជន​អ៊ីស្រាអែល​នេះ​បាន​ជ្រើស​រើស​ពួក​បុព្វបុរស​របស់​យើង ក៏​បាន​តម្កើង​បណ្ដា​ជន​នេះ​ក្នុង​អំឡុង​ពេល​ពួក​គេ​ស្នាក់​នៅ​ស្រុក​អេស៊ីប ហើយ​លោក​បាន​នាំ​ពួក​គេ​ចេញ​មក​ដោយ​ឫទ្ធានុភាព​ខ្លាំងក្លា។* ១៨ អស់​រយៈ​ពេល​ប្រហែល​សែសិប​ឆ្នាំ​នៅ​តំបន់​ស្ងាត់​ជ្រងំ លោក​បាន​ទ្រាំ​នឹង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។ ១៩ បន្ទាប់​ពី​បាន​បំផ្លាញ​អស់​ប្រជាជាតិ​ប្រាំពីរ​នៅ​ស្រុក​កាណាន លោក​ក៏​ចែក​ដី​របស់​ពួក​គេ​ដោយ​ចាប់​ឆ្នោត។ ២០ ការ​ទាំង​អស់​នោះ​កើត​ឡើង​ក្នុង​រយៈ​ពេល​ប្រហែល​បួន​រយ​ហាសិប​ឆ្នាំ។

«ក្រោយ​ពី​ការ​ទាំង​នេះ លោក​បាន​ឲ្យ​ពួក​ចៅ​ក្រម​ដល់​ពួក​គេ រហូត​ដល់​មាន​សាំយូអែល ជា​អ្នក​ប្រកាស​ទំនាយ។ ២១ ប៉ុន្តែ​ចាប់​ពី​ពេល​នោះ ពួក​គេ​ទាម​ទារ​ឲ្យ​មាន​ស្តេច រួច​ព្រះ​បាន​ឲ្យ​សុល ជា​កូន​គីស ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដល់​ពួក​គេ អស់​រយៈ​ពេល​សែសិប​ឆ្នាំ។ ២២ បន្ទាប់​ពី​បាន​ដក​សុល​ពី​តំណែង លោក​បាន​តាំង​ដាវីឌ​ឡើង​ជា​ស្តេច ក៏​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​គាត់​ថា៖ ‹ខ្ញុំ​បាន​រក​ឃើញ​ដាវីឌ ជា​កូន​អ៊ីសាយ និង​ជា​អ្នក​ត្រូវ​នឹង​ចិត្ត​របស់​ខ្ញុំ គាត់​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​ចង់​បាន›។ ២៣ ព្រះ​បាន​នាំ​អ្នក​សង្គ្រោះ​មក​ឲ្យ​អ៊ីស្រាអែល​ពី​ពូជ​ពង្ស​របស់​បុរស​នេះ ដូច​លោក​បាន​សន្យា ពោល​គឺ​លោក​យេស៊ូ ២៤ បន្ទាប់​ពី​យ៉ូហាន​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ (មុន​នឹង​លោក​មក​ដល់) ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​ឡាយ​ទទួល​ការ​ជ្រមុជ​ទឹក* ដើម្បី​បង្ហាញ​ពី​ការ​ប្រែ​ចិត្ត។ ២៥ ប៉ុន្តែ​កាល​ដែល​យ៉ូហាន​កំពុង​បំពេញ​កិច្ច​បម្រើ គាត់​ធ្លាប់​និយាយ​ថា៖ ‹តើ​អ្នក​រាល់​គ្នា​គិត​ថា​ខ្ញុំ​ជា​អ្វី? ខ្ញុំ​មិន​មែន​ជា​លោក​ទេ។ ប៉ុន្តែ​មើល! មាន​មនុស្ស​ម្នាក់​ដែល​នឹង​មក​ក្រោយ​ខ្ញុំ ខ្ញុំ​មិន​សម​នឹង​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក​ឡើយ›។

២៦ «បង​ប្អូន​ជា​កូន* អាប្រាហាំ និង​អ្នក​ឯ​ទៀត ដែល​កោត​ខ្លាច​ព្រះ​អើយ បណ្ដាំ​របស់​ព្រះ​ស្តី​អំពី​សេចក្ដី​សង្គ្រោះ​បាន​ត្រូវ​ផ្ញើ​មក​យើង។ ២៧ ព្រោះ​អ្នក​ក្រុង​យេរូសាឡិម​និង​ពួក​អ្នក​គ្រប់​គ្រង​មិន​បាន​ស្គាល់​លោក​ទេ តែ​កាល​ដែល​ពួក​គេ​បាន​ធ្វើ​ជា​ចៅ​ក្រម នោះ​ពួក​គេ​បាន​សម្រេច​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​ប្រាប់ ជា​អ្វីៗ​ដែល​គេ​អាន​ឲ្យ​ស្ដាប់​រាល់​ថ្ងៃ​ឈប់​សម្រាក ២៨ ហើយ​ទោះ​ជា​ពួក​គេ​មិន​បាន​ឃើញ​ថា​លោក​មាន​ទោស​អ្វី​គួរ​នឹង​ស្លាប់​ក៏​ដោយ ក៏​ពួក​គេ​ទាម​ទារ​ឲ្យ​ពីឡាត​ប្រហារ​ជីវិត​លោក។ ២៩ ក្រោយ​ពី​ពួក​គេ​បាន​សម្រេច​ការ​ទាំង​អស់​ដែល​បាន​ត្រូវ​សរសេរ​អំពី​លោក​ហើយ គេ​ក៏​យក​លោក​ចេញ​ពី​បង្គោល​ឈើ រួច​ដាក់​ក្នុង​ទី​បញ្ចុះ​សព។ ៣០ ប៉ុន្តែ​ព្រះ​បាន​ប្រោស​លោក​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ៣១ រួច​អស់​ជា​ច្រើនថ្ងៃ លោក​បាន​លេច​មក​ជួប​ពួក​អ្នក​ដែល​បាន​ឡើង​ពី​ស្រុក​កាលីឡេ​ទៅ​ក្រុង​យេរូសាឡិម​ជា​មួយ​នឹង​លោក ហើយ​អ្នក​ទាំង​នេះ​កំពុង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក​ប្រាប់​បណ្ដា​ជន។

៣២ «ដូច្នេះ យើង​កំពុង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​នូវ​ដំណឹង​ល្អ​អំពី​សេចក្ដី​សន្យា​ដែល​បាន​ត្រូវ​ធ្វើ​ជា​មួយ​នឹង​ពួក​បុព្វបុរស ៣៣ គឺថា​ព្រះ​បាន​សម្រេច​សេចក្ដីសន្យា​នោះ​យ៉ាង​ពេញ​លេញ​ដើម្បី​យើង ដែល​ជា​កូន​របស់​បុព្វបុរស​ទាំង​នោះ ដោយ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ ដូច​បាន​ត្រូវ​សរសេរ​នៅ​ទំនុក​តម្កើង​ទីពីរ​ថា៖ ‹អ្នក​ជា​បុត្រ​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​បិតា​របស់​អ្នក​នៅ​ថ្ងៃ​នេះ›។ ៣៤ ហើយ​ព្រះ​បាន​បញ្ជាក់​ថា​លោក​បាន​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ដោយ​មិន​អាច​ត្រឡប់​ទៅ​មាន​រូប​កាយ​មនុស្ស​ដែល​អាច​ខូច​បង់​បាន​ឡើយ ពេល​ដែល​មាន​ប្រសាសន៍​ដូច្នេះ​ថា៖ ‹ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​នូវ​គុណ​ដ៏​វិសេស​លើស​លប់ ជា​គុណ​ដ៏​ស្មោះ​ត្រង់​ដែល​ខ្ញុំ​បាន​សន្យា​ចំពោះ​ដាវីឌ›។ ៣៥ ដូច្នេះ លោក​ចែង​ក្នុង​ទំនុក​តម្កើង​មួយ​ទៀត​ថា៖ ‹លោក​នឹង​មិន​ឲ្យ​សាច់​របស់​អ្នក​ដែល​មាន​ភក្ដីភាព​ចំពោះ​លោក​ខូច​ទៅ​ឡើយ›។ ៣៦ ចំណែក​ដាវីឌ​វិញ គាត់​បាន​ធ្វើ​តាម​បំណងប្រាថ្នា​ច្បាស់​លាស់​របស់​ព្រះ​នៅ​ជំនាន់​របស់​គាត់ រួច​បាន​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់ ក៏បាន​ត្រូវ​គេ​ដាក់​ជា​មួយ​នឹង​ពួក​បុព្វបុរស​របស់​គាត់ ហើយ​បាន​ជួប​នឹង​សេចក្ដី​ខូច​បង់។ ៣៧ ចំណែក​លោក​ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​មិន​បាន​ជួប​សេចក្ដី​ខូច​បង់​ទេ។

៣៨ «ដូច្នេះ បង​ប្អូន​អើយ សូម​ជ្រាប​ថា យើង​កំពុង​ផ្សព្វ​ផ្សាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ការ​អភ័យទោស​ចំពោះ​ការ​ខុស​ឆ្គង​តាម​រយៈ​លោក​នោះ​ហើយ។ ៣៩ តាម​រយៈ​លោក​ដែរ អស់​អ្នក​ណា​ដែល​ជឿ​ក៏​រាប់​ជា​គ្មាន​ទោស ពី​ការ​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​មិន​អាច​ត្រូវ​រាប់​ជា​គ្មាន​ទោស​តាម​រយៈ​ច្បាប់​ម៉ូសេ។ ៤០ ម្ល៉ោះ​ហើយ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ប្រយ័ត្ន កុំ​ឲ្យ​អ្វី​ដែល​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​ចែង កើត​ឡើង​ចំពោះ​អ្នក​រាល់​គ្នា ពោល​គឺ៖ ៤១ ‹ឱ​ពួក​អ្នក​មើល​ងាយ​អើយ ចូរ​មើល ហើយ​ងឿង​ឆ្ងល់​ចុះ ហើយ​ចូរ​បាត់​សូន្យ​ទៅ ពីព្រោះ​ខ្ញុំ​នឹង​ធ្វើ​ការ​មួយ​នៅ​សម័យ​របស់​អ្នក​រាល់​គ្នា ជា​ការ​ដែល​អ្នក​រាល់​គ្នា​នឹង​មិន​ជឿ​សោះ ទោះ​ជា​មាន​គេ​រៀប​រាប់​ប្រាប់​យ៉ាង​ល្អិត​ល្អន់​ក៏​ដោយ›»។

៤២ កាល​ដែល​ពួក​គាត់​កំពុង​ចេញ​ទៅ បណ្ដា​ជន​ចាប់​ផ្ដើម​អង្វរ​ពួក​គាត់​ឲ្យ​ប្រាប់​ពួក​គេ​អំពី​រឿង​ទាំង​នេះ​នៅ​ថ្ងៃ​ឈប់​សម្រាក​បន្ទាប់។ ៤៣ ដូច្នេះ បន្ទាប់​ពី​អង្គប្រជុំ​បែក​គ្នា​ហើយ ជន​ជាតិ​យូដា​និង​អ្នក​ដូរ​សាសនា* ជា​ច្រើន​នាក់​ដែល​គោរព​ប្រណិប័តន៍​ព្រះ​ក៏​បាន​ទៅ​តាម​ប៉ូល​និង​បាណាបាស ឯ​ពួក​គាត់​បាន​ព្យាយាម​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​បន្ត​ធ្វើ​ជា​មនុស្ស​សម​នឹង​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​ពី​ព្រះ។

៤៤ នៅ​ថ្ងៃ​ឈប់​សម្រាក​បន្ទាប់ អ្នក​ក្រុង​សឹង​តែ​ទាំង​អស់​បាន​មក​មូល​គ្នា​ស្ដាប់​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា។ ៤៥ នៅ​ពេល​ដែល​ជន​ជាតិ​យូដា​ឃើញ​មនុស្ស​សន្ធឹក​យ៉ាង​នេះ ពួក​គេ​មាន​ចិត្ត​ច្រណែន​ក្រៃ​លែង ក៏​ចាប់​ផ្ដើម​និយាយ​មួល​បង្កាច់​ប្រឆាំង​សម្ដី​របស់​ប៉ូល។ ៤៦ ដូច្នេះ ប៉ូល​និង​បាណាបាស​បាន​និយាយ​ដោយ​ក្លាហាន​ថា៖ «ជា​ការ​ចាំ​បាច់​ដែល​បណ្ដាំ​របស់​ព្រះ​ត្រូវ​ប្រាប់​ដល់​អ្នក​រាល់​គ្នា​មុន​គេ។ ប៉ុន្តែ​ដោយ​សារ​អ្នក​រាល់​គ្នា​កំពុង​ច្រាន​បណ្ដាំ​នោះ​ចោល ហើយ​មិន​ចាត់​ទុក​ថា​ខ្លួន​សម​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ មើល! យើង​បែរ​ទៅ​ឯ​ប្រជាជាតិ​ដទៃ​វិញ។ ៤៧ ការ​ពិត ព្រះ​យេហូវ៉ា​បាន​បង្គាប់​យើង​ដោយ​មាន​ប្រសាសន៍​ថា៖ ‹ខ្ញុំ​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺ​បំភ្លឺ​ប្រជាជាតិ​ទាំង​ឡាយ ដើម្បី​ឲ្យ​អ្នក​ធ្វើ​ជា​សេចក្ដី​សង្គ្រោះ​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី›»។

៤៨ កាល​ដែល​ជន​ជាតិ​ដទៃ​ឮ​ដូច្នេះ ពួក​គេ​ក៏​ត្រេក​អរ​ហើយ​ចាប់​ផ្ដើម​តម្កើង​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា រួច​អស់​អ្នក​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​បាន​ក្លាយ​ទៅ​ជា​អ្នក​ជឿ។ ៤៩ ម្យ៉ាង​ទៀត គេ​បន្ត​នាំ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ទៅ​គ្រប់​កន្លែង​ក្នុង​ស្រុក​នោះ។ ៥០ ប៉ុន្តែ​ជន​ជាតិ​យូដា​បាន​ញុះញង់​ពួក​ស្ត្រី​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ ហើយ​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ ព្រម​ទាំង​ញុះញង់​ពួក​បុរស​ដែល​មាន​មុខ​មាត់​នៅ​ក្រុង​នោះ រួច​អ្នក​ទាំង​នោះ​បណ្ដាល​ឲ្យ​គេ​បៀតបៀន​ប៉ូល​និង​បាណាបាស ហើយ​បាន​បោះ​ពួក​គាត់​ទៅ​ក្រៅ​ដែន​ដី​របស់​ពួក​គេ។ ៥១ បន្ទាប់​មក ពួក​គាត់​បាន​រលាស់​ធូលី​ដី​ពី​ជើង​ពួក​គាត់​ចេញ​ទាស់​នឹង​ពួក​គេ រួច​បាន​ទៅ​ក្រុង​អ៊ីកូនាម ៥២ ហើយ​ពួក​អ្នក​កាន់​តាម​បាន​ពោរ​ពេញ​ទៅ​ដោយ​អំណរ​និង​សកម្មពល​បរិសុទ្ធ​ជា​និច្ច។

១៤ នៅ​ក្រុង​អ៊ីកូនាម ប៉ូល​និង​បាណាបាស​ទាំង​ពីរ​នាក់​ចូល​ក្នុង​សាលា​ប្រជុំ​របស់​ជន​ជាតិ​យូដា ហើយ​អធិប្បាយ​ល្អ​ដល់​ម្ល៉េះ បាន​ជា​ជន​ជាតិ​យូដា​និង​ជន​ជាតិ​ក្រិច​ច្រើន​សន្ធឹក​ទៅ​ជា​អ្នក​ជឿ។ ២ ប៉ុន្តែ​ជន​ជាតិ​យូដា​ដែល​មិន​ជឿ បាន​ញុះញង់​និង​បង្វិល​ខួរ​បណ្ដា​ជន​ជា​ជាតិ​សាសន៍​ដទៃ​ឲ្យ​ប្រឆាំង​បង​ប្អូន។ ៣ ដូច្នេះ ប៉ូល​និង​បាណាបាស​ចំណាយ​ពេល​ជា​ច្រើន​និយាយ​យ៉ាង​ក្លាហាន​ដោយ​មាន​អំណាច​ពី​ព្រះ​យេហូវ៉ា​ដែល​បាន​បញ្ជាក់​នូវ​បណ្ដាំ​របស់​លោក​ស្តី​អំពី​គុណ​ដ៏​វិសេស​លើស​លប់ ដោយ​បណ្ដាល​ឲ្យ​សញ្ញា​សម្គាល់​និង​ការ​អស្ចារ្យ​កើត​ឡើង​តាម​រយៈ​ពួក​គាត់។ ៤ ក៏​ប៉ុន្តែ​បណ្ដា​អ្នក​ក្រុង​នោះ​បាន​បែក​គ្នា​ជា​ពីរ​ក្រុម ហើយ​អ្នក​ខ្លះ​គាំទ្រ​ខាង​ជន​ជាតិ​យូដា ឯ​អ្នក​ខ្លះ​ទៀត​គាំទ្រ​ខាង​ពួក​សាវ័ក។ ៥ បណ្ដា​ជន​ជាតិ​ដទៃ ជន​ជាតិ​យូដា ព្រម​ទាំង​ពួក​អ្នក​គ្រប់​គ្រង​របស់​ពួក​គេ​បាន​ប៉ុនប៉ង​ប្រព្រឹត្ត​យ៉ាង​ព្រហើន​ទៅ​លើ​ប៉ូល​និង​បាណាបាស ថែម​ទាំង​គប់​ពួក​គាត់​នឹង​ដុំ​ថ្ម។ ៦ កាល​ដឹង​អំពី​គម្រោង​នោះ​ហើយ ពួក​គាត់​ក៏​ភៀស​ខ្លួន​ទៅ​តំបន់​លីកៅនា ក្រុង​លីស្ដ្រា ក្រុង​ឌើបេ និង​តំបន់​នៅ​ជិតៗ​នោះ។ ៧ នៅ​ទី​នោះ​ពួក​គាត់​បន្ត​ប្រកាស​ដំណឹង​ល្អ។

៨ នៅ​ក្រុង​លីស្ដ្រា​មាន​បុរស​ពិការ​ជើង​ម្នាក់​កំពុង​អង្គុយ។ គាត់​ពិការ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ ហើយ​គាត់​មិន​ដែល​ដើរ​សោះ​ឡើយ។ ៩ បុរស​នេះ​កំពុង​ស្ដាប់​ប៉ូល​និយាយ។ ប៉ូល​សម្លឹង​មើល​ចំ​គាត់ ហើយ​ឃើញ​ថា​គាត់​មាន​ជំនឿ​ដើម្បី​ឲ្យ​បាន​ជាសះ​ស្បើយ។ ១០ រួច​ប៉ូល​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ចូរ​ក្រោកឈរ​ឲ្យ​ត្រង់​ចុះ!» គាត់​ក៏​ស្ទុះ​ក្រោក​ឡើង​ហើយ​ចាប់​ផ្ដើម​ដើរ។ ១១ លុះ​ឃើញ​អ្វី​ដែល​ប៉ូល​បាន​ធ្វើ បណ្ដា​ជន​ក៏​បន្លឺ​សំឡេង និយាយ​ជា​ភាសា​លីកៅនា​ថា៖ «ព្រះ​បាន​ប្រែ​កាឡា​ជា​មនុស្ស​ជាតិ រួច​ចុះ​មក​ឯ​យើង​ហើយ!»។ ១២ ពួក​គេ​បាន​ហៅ​បាណាបាស​ថា​ព្រះ​សឺស ហើយ​ហៅ​ប៉ូល​ថា​ព្រះ​ហ៊ើមេស ដោយ​សារ​គាត់​ជា​អ្នក​នាំ​មុខ​និយាយ។ ១៣ ឯ​សង្ឃ​របស់​ព្រះ​សឺស ដែល​វិហា​របស់​គាត់​នៅ​មុខ​ក្រុង​នោះ បាន​នាំ​គោ​ឈ្មោល​និង​ភួង​មក​ខ្លោង​ទ្វារ​ក្រុង ហើយ​ចង់​បូជា​សត្វ​ជា​មួយ​នឹង​បណ្ដា​ជន។

១៤ ក៏​ប៉ុន្តែ​ពេល​ដែល​សាវ័ក​បាណាបាស​និង​សាវ័ក​ប៉ូល​ឮ​អំពី​ការ​នោះ ពួក​គាត់​ហែក​សម្លៀក​បំពាក់​ក្រៅ​របស់​ខ្លួន ហើយ​ស្ទុះ​រត់​ទៅ​កណ្ដាល​បណ្ដា​ជន ដោយ​ស្រែក​ឡើង ១៥ ថា៖ «ហេតុ​អ្វី​អ្នក​រាល់​គ្នា​កំពុង​ធ្វើ​ដូច្នេះ? យើង​ជា​មនុស្ស​ជាតិ​ធម្មតា​ដូច​អ្នក​រាល់​គ្នា​ដែរ ហើយ​យើង​កំពុង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​នូវ​ដំណឹង​ល្អ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​វៀរ​ចាក​ការ​ឥត​ប្រយោជន៍​ទាំង​នេះ ហើយ​បែរ​មក​គោរព​ប្រណិប័តន៍​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ជា​ព្រះ​ដែល​បាន​បង្កើត​មេឃ ផែនដី សមុទ្រ និង​អ្វីៗ​នៅ​ទី​នោះ។ ១៦ នៅ​ជំនាន់​មុនៗ លោក​បាន​អនុញ្ញាត​ឲ្យ​ប្រជាជាតិ​នានា​ធ្វើ​តាម​ចិត្ត​ខ្លួន ១៧ ទោះ​ជា​លោក​បាន​ផ្ដល់​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​លោក​បាន​ធ្វើ​ល្អ​ចំពោះ​អ្នក​រាល់​គ្នា ដោយ​ធ្វើ​ឲ្យ​ទឹក​ភ្លៀង​ធ្លាក់​ពី​លើ​មេឃ​និង​ធ្វើ​ឲ្យ​មាន​រដូវ​ដែល​សម្បូរ​ភោគផល ក៏​ឲ្យ​អាហារ​ជា​បរិបូរ​និង​ធ្វើ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ពោរ​ពេញ​ទៅ​ដោយ​ក្ដី​រីករាយ»។ ១៨ ក៏​ប៉ុន្តែ​ទោះ​ជា​បាន​និយាយ​ដូច្នេះ​ក៏​ដោយ ពួក​គាត់​ឃាត់​បណ្ដា​ជន​កុំ​ឲ្យ​ធ្វើ​ការ​បូជា​ជូន​ពួក​គាត់​សឹង​តែ​មិន​បាន។

១៩ ប៉ុន្តែ​ជន​ជាតិ​យូដា​ពី​ក្រុង​អាន់ទីយ៉ូក​និង​ក្រុង​អ៊ីកូនាម​បាន​មក​ដល់ ហើយ​ញុះញង់​បណ្ដា​ជន រួច​ពួក​គេ​គប់​ប៉ូល​នឹង​ដុំ​ថ្ម ហើយ​អូស​ទៅ​ខាង​ក្រៅ​ក្រុង​ដោយ​នឹក​ស្មានថា​គាត់​ស្លាប់​ហើយ។ ២០ ក៏​ប៉ុន្តែ​ពេល​ដែល​ពួក​អ្នក​កាន់​តាម​បាន​មក​ឈរ​ជុំ​វិញ​គាត់ នោះ​គាត់​ក៏​ក្រោក​ឡើង​ហើយ​ចូល​ក្នុង​ក្រុង។ លុះ​ស្អែក​ឡើង​គាត់​ចេញ​ដំណើរ​ទៅ​ក្រុង​ឌើបេ​ជា​មួយ​នឹង​បាណាបាស។ ២១ បន្ទាប់​ពី​បាន​ប្រកាស​ដំណឹង​ល្អ​ដល់​ក្រុង​នោះ ហើយ​បាន​បង្រៀន​មនុស្ស​ច្រើន​គួរ​សម​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម នោះ​ពួក​គាត់​ត្រឡប់​ទៅ​ក្រុង​លីស្ដ្រា ក្រុង​អ៊ីកូនាម និង​ក្រុង​អាន់ទីយ៉ូក ២២ ដោយ​ពង្រឹង​កម្លាំង​ចិត្ត​ពួក​អ្នក​កាន់​តាម ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​កាន់​ខ្ជាប់​នឹង​ជំនឿ ក៏​បាន​និយាយ​ថា៖ «យើង​ត្រូវ​ចូល​រាជាណាចក្រ​ព្រះ​ដោយ​ឆ្លង​កាត់​សេចក្ដី​វេទនា​ជា​ច្រើន»។ ២៣ ម្យ៉ាង​ទៀត ពួក​គាត់​ក៏​តែង​តាំង​ពួក​បុរស​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​នីមួយៗ ហើយ​បន្ទាប់​ពី​បាន​អធិដ្ឋាន​និង​តម​អាហារ ប៉ូល​និង​បាណាបាស​ប្រគល់​ពួក​គាត់​ឲ្យ​ព្រះ​យេហូវ៉ា ដែល​ពួក​គាត់​បាន​ជឿ។

២៤ រួច​មក ពួក​គាត់​ធ្វើ​ដំណើរ​កាត់​ស្រុក​ពីស៊ីឌា​ទៅ​ដល់​ខេត្ត​ប៉ាមភីលា។ ២៥ បន្ទាប់​ពី​បាន​ប្រាប់​បណ្ដាំ​របស់​ព្រះ​នៅ​ក្រុង​ពើកា ពួក​គាត់​ក៏​ចុះ​ទៅ​កំពង់​ផែ​អត្ដាលី។ ២៦ ពួក​គាត់​ចុះ​ទូក​នៅ​ទី​នោះ​ហើយ​ចេញ​ដំណើរ​ទៅ​ក្រុង​អាន់ទីយ៉ូក ជា​កន្លែង​ពួក​គាត់​បាន​ត្រូវ​ផ្ទុក​ផ្ដាក់​នឹង​ព្រះ ឲ្យ​លោក​បង្ហាញ​គុណ​ដ៏​វិសេស​លើស​លប់ ដើម្បី​បំពេញ​កិច្ចការ​ដែល​ពួក​គាត់​ទើប​តែ​បាន​បំពេញ​គ្រប់​ជំពូក។

២៧ លុះ​បាន​ទៅ​ដល់ ហើយ​បាន​ប្រមូល​ក្រុម​ជំនុំ​ឲ្យ​ជុំ​គ្នា ពួក​គាត់​ចាប់​ផ្ដើម​រៀប​រាប់​ប្រាប់​ពី​ការ​ជា​ច្រើន​ដែល​ព្រះ​បាន​ធ្វើ​តាម​រយៈ​ពួក​គាត់ ហើយ​ថា​លោក​បាន​បើក​ទ្វារ​នៃ​ជំនឿ​ឲ្យ​ប្រជាជាតិ​ទាំង​ឡាយ។ ២៨ ដូច្នេះ ពួក​គាត់​បាន​ចំណាយ​ពេល​ជា​ច្រើន​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម។

១៥ មាន​បុរស​ខ្លះ​ចុះ​មក​ពី​តំបន់​យូឌា ហើយ​ចាប់​ផ្ដើម​បង្រៀន​បង​ប្អូន​ថា៖ «លុះ​ត្រា​តែ​អ្នក​រាល់​គ្នា​ទទួល​ការ​កាត់​ចុង​ស្បែក* តាម​ទំនៀម​ទម្លាប់​ម៉ូសេ ទើប​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន»។ ២ ប៉ុន្តែ​បន្ទាប់​ពី​ប៉ូល​និង​បាណាបាស​មាន​ការ​ខ្វែង​គំនិត​ជា​មួយ​នឹង​ពួក​គាត់ ក៏​បាន​ជជែក​តវ៉ា​ជា​ច្រើន​ហើយ នោះ​គេ​ចាត់​ចែង​ឲ្យ​ប៉ូល បាណាបាស និង​អ្នក​ខ្លះ​ទៀត​ពី​ចំណោម​ពួក​គាត់​ឲ្យ​ឡើង​ទៅ​ជួប​ពួក​សាវ័ក​និង​ពួក​បុរស​ចាស់​ទុំ​នៅ​ក្រុង​យេរូសាឡិម ដើម្បី​និយាយ​អំពី​ទំនាស់​នោះ។

៣ ក្រោយ​ពី​ក្រុម​ជំនុំ​ជូន​ដំណើរ​ពួក​គាត់​បាន​មួយ​កំណាត់​ផ្លូវ នោះ​ពួក​គាត់​បន្ត​ដំណើរ​កាត់​ស្រុក​ភេនីស៊ី​និង​ស្រុក​សាម៉ារី ព្រម​ទាំង​រៀប​រាប់​ប្រាប់​យ៉ាង​ល្អិត​ល្អន់​អំពី​ជន​ជាតិ​ដទៃ​បាន​បែរ​មក​គោរព​ប្រណិប័តន៍​ព្រះ។ ការ​រៀប​រាប់​នោះ​បាន​ធ្វើ​ឲ្យ​បង​ប្អូន​ត្រេក​អរ​ជា​ខ្លាំង។ ៤ លុះ​ទៅ​ដល់​ក្រុង​យេរូសាឡិម​ហើយ ក្រុម​ជំនុំ ពួក​សាវ័ក និង​ពួក​បុរស​ចាស់​ទុំ​បាន​ទទួល​ពួក​គាត់​យ៉ាង​រាក់​ទាក់ ហើយ​ពួក​គាត់​បាន​រៀប​រាប់​អំពី​ការ​ជា​ច្រើន​ដែល​ព្រះ​បាន​ធ្វើ​តាម​រយៈ​ពួក​គាត់។ ៥ ប៉ុន្តែ​អ្នក​ខ្លះ​ពី​និកាយ​ពួក​ផារិស៊ី ដែល​បាន​ទៅ​ជា​អ្នក​ជឿ​បាន​ក្រោក​ឡើង​និយាយ​ថា៖ «យើង​ត្រូវ​កាត់​ចុង​ស្បែក​ពួក​គេ ហើយ​បង្គាប់​ពួក​គេ​ឲ្យ​កាន់​តាម​ច្បាប់​ម៉ូសេ»។

៦ រួច​ពួក​សាវ័ក​និង​ពួក​បុរស​ចាស់​ទុំ​បាន​ជួប​ជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​រឿង​នោះ។ ៧ បន្ទាប់​ពី​មាន​ការ​ជជែក​តវ៉ា​ជា​ច្រើន នោះ​ពេត្រុស​ក្រោក​ឡើង​និយាយ​ទៅ​ពួក​គាត់​ថា៖ «បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា តាំង​ពី​យូរ​ហើយ​ព្រះ​បាន​រើស​ខ្ញុំ​ពី​ចំណោម​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ជន​ជាតិ​ដទៃ​ឮ​បណ្ដាំ​អំពី​ដំណឹង​ល្អ​ហើយ​ជឿ​ដោយ​សារ​ខ្ញុំ ៨ ហើយ​ព្រះ ដែល​ជ្រាប​ពី​អ្វី​ក្នុង​ចិត្ត ក៏​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​ថា​លោក​ពេញ​ចិត្ត​នឹង​ពួក​គេ ដោយ​ឲ្យ​សកម្មពល* បរិសុទ្ធ ដូច​លោក​បាន​ឲ្យ​យើង​ដែរ។ ៩ លោក​មិន​បាន​រាប់​យើង​ថា​ខុស​ពី​ពួក​គេ​សោះ​ឡើយ ប៉ុន្តែ​លោក​បាន​ធ្វើ​ឲ្យ​ចិត្ត​របស់​ពួក​គេ​បរិសុទ្ធ​ដោយ​សារ​ជំនឿ។ ១០ ដូច្នេះ ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​កំពុង​សាកល្បង​ព្រះ ដោយ​ដាក់​នឹម​មួយ​លើ ក​ពួក​អ្នក​កាន់​តាម ដែល​ទាំង​យើង​ទាំង​ពួក​បុព្វបុរស​របស់​យើង​មិន​អាច​ទ្រាំទ្រ​បាន​ផង? ១១ ផ្ទុយ​ទៅ​វិញ យើង​ទុក​ចិត្ត​ថា យើង​នឹង​ទទួល​សេចក្ដី​សង្គ្រោះ តាម​រយៈ​គុណ​ដ៏​វិសេស​លើស​លប់​នៃ​លោក​ម្ចាស់​យេស៊ូ ដូច​អ្នក​ទាំង​នោះ​ដែរ»។

១២ ឮ​ដូច្នេះ អង្គប្រជុំ​ទាំង​មូល​ក៏​ស្ងៀម​ទៅ ហើយ​បាន​ស្ដាប់​បាណាបាស​និង​ប៉ូល​រៀប​រាប់​អំពី​សញ្ញា​សម្គាល់​និង​ការ​អស្ចារ្យ​ជា​ច្រើន​ដែល​ព្រះ​បាន​ធ្វើ​តាម​រយៈ​ពួក​គាត់​ក្នុង​ចំណោម​ប្រជាជាតិ​នានា។ ១៣ លុះ​ពួក​គាត់​និយាយ​ចប់​ហើយ យ៉ាកុប​តប​ថា៖ «បង​ប្អូន​អើយ សូម​ស្ដាប់​ខ្ញុំ។ ១៤ ស៊ីម្មាន​បាន​រៀប​រាប់​យ៉ាង​ល្អិត​ល្អន់​អំពី​ដំណើរ​ដែល​ព្រះ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ជា​លើក​ដំបូង​ទៅ​លើ​ប្រជាជាតិ​នានា ដើម្បី​រើស​យក​រាស្ត្រ​មួយ​ជា​តំណាង​នាម​របស់​លោក ១៥ ហើយ​សម្ដី​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ក៏​ស្រប​នឹង​ការ​នេះ​ដែរ ដូច​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ថា៖ ១៦ ‹បន្ទាប់​ពី​ការ​ទាំង​នេះ ខ្ញុំ​នឹង​ត្រឡប់​មក ហើយ​ខ្ទម​របស់​ដាវីឌ​ដែល​បាន​រលំ ខ្ញុំ​នឹង​សង់​ឡើង​វិញ ក៏​នឹង​សង់​ពី​សំណល់​បាក់បែក ហើយ​នឹង​ដំឡើង​វា​ឡើង​វិញ ១៧ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​នៅ​សល់​ពី​បណ្ដា​ជន​នេះ អាច​ស្វែងរក​ព្រះ​យេហូវ៉ា​អស់ពី​ចិត្ត ជា​មួយ​នឹង​មនុស្ស​គ្រប់​ជាតិ​សាសន៍ ដែល​បាន​ត្រូវ​ហៅ​ដោយ​ឈ្មោះ​របស់​ខ្ញុំ។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ដែល​កំពុង​ធ្វើ​ការ​ទាំង​នេះ ១៨ ដែល​គេ​បាន​ដឹង​តាំង​ពី​បុរាណ​មក›។ ១៩ ដូច្នេះ តាម​យោបល់​ខ្ញុំ យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​ជន​ជាតិ​ដទៃ​ដែល​កំពុង​បែរ​មក​គោរពប្រណិប័តន៍​ព្រះ មាន​ការ​ពិបាក​ឡើយ ២០ តែ​យើង​សរសេរ​ទៅ​កាន់​ពួក​គេ​ឲ្យជៀស​វាង​ជា​ដាច់​ខាត​ពី​អ្វីៗ​ដែល​សៅហ្មង​ដោយ​រូប​ព្រះ និង​ពី​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* សាច់​សត្វ​ដែល​បាន​ត្រូវ​សម្លាប់​ដោយ​ច្របាច់ក និង​ពី​ឈាម។ ២១ ព្រោះ​តាំង​ពី​សម័យ​បុរាណ តែង​មាន​គេ​ផ្សព្វ​ផ្សាយ​អំពី​ម៉ូសេ​នៅ​ក្រុង​ទាំង​ឡាយ ពីព្រោះ​រាល់​ថ្ងៃ​ឈប់​សម្រាក នៅ​សាលា​ប្រជុំ​មាន​គេ​អាន​ឲ្យ​ស្ដាប់​នូវ​អ្វីៗ​ដែល​គាត់​បាន​សរសេរ»។

២២ រួច​មក ពួក​សាវ័ក​និង​ពួក​បុរស​ចាស់​ទុំ ព្រម​ទាំង​ក្រុម​ជំនុំ​ទាំង​មូល​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​បុរស​ខ្លះ​ពី​ចំណោម​ពួក​គាត់ ហើយ​ចាត់​ឲ្យ​ទៅ​ក្រុង​អាន់ទីយ៉ូក​ជា​មួយ​នឹង​ប៉ូល​ព្រម​ទាំង​បាណាបាស។ បុរស​ទាំង​នោះ​មាន​យូដាស​ហៅ​ថា​បាសាបាស និង​ស៊ីឡាស ដែល​ពួក​គាត់​ទាំង​ពីរ​នាក់​ជា​អ្នក​នាំ​មុខ​គេ​ក្នុង​ចំណោម​បង​ប្អូន ២៣ ហើយ​តាម​រយៈ​អ្នក​ទាំង​នោះ​ពួក​គាត់​ផ្ញើ​សំបុត្រ​ថា៖

«ពី​ពួក​សាវ័ក​និង​ពួក​បុរស​ចាស់​ទុំ ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ជូន​ចំពោះ​បង​ប្អូន​ជន​ជាតិ​ដទៃ​នៅ​ក្រុង​អាន់ទីយ៉ូក ស្រុក​ស៊ីរី និង​ស្រុក​ស៊ីលីស៊ី៖ ជម្រាប​សួរ! ២៤ ដោយ​សារ​យើង​បាន​ឮ​ថា​អ្នក​ខ្លះ​ពី​ចំណោម​យើង​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ពិបាក​ដោយ​សម្ដី​របស់​ពួក​គេ ក្នុង​បំណង​បង្ខូច​អ្វី​ដែល​អ្នក​បាន​ជឿ ទោះ​ជា​យើង​មិន​បាន​ណែនាំ​ឲ្យ​ពួក​គាត់​ធ្វើ​ដូច្នោះ​ក៏​ដោយ ២៥ នោះ​យើង​បាន​ព្រម​ចិត្ត​គ្នា​សម្រេច​ជ្រើស​រើស​បុរស​ខ្លះ ដើម្បី​ចាត់​ឲ្យ​ទៅ​ឯ​អ្នក​រាល់​គ្នា​ជា​មួយ​នឹង​ប៉ូល​និង​បាណាបាស​ជា​ទី​ស្រឡាញ់​របស់​យើង ២៦ ពួក​គាត់​ទាំង​ពីរ​នាក់​បាន​ប្រថុយ​ជីវិត* ដើម្បី​នាម​របស់​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត។ ២៧ ដូច្នេះ យើង​ចាត់​យូដាស​និង​ស៊ីឡាស​ឲ្យ​ទៅ ដើម្បី​ឲ្យ​ពួក​គាត់​រៀប​រាប់​ប្រាប់​អ្នក​រាល់​គ្នា​នូវ​អ្វីៗ​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​សំបុត្រ​នេះ​ដែរ។ ២៨ ព្រោះ​សកម្មពល​បរិសុទ្ធ​និង​យើង​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា មិន​ត្រូវ​ដាក់​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់​គ្នា លើក​លែង​តែ​អ្វីៗ​ដូច​ត​ទៅ​នេះ ដែល​ជា​ការ​ចាំ​បាច់ ពោល​គឺ ២៩ ជៀស​វាង​ជា​ដាច់​ខាត​ពី​អ្វីៗ​ដែល​បាន​ត្រូវ​បូជា​ចំពោះ​រូប​ព្រះ ហើយ​ជៀស​វាង​ពី​ឈាម សាច់​សត្វ​ដែល​បាន​ត្រូវ​សម្លាប់​ដោយ​ច្របាច់ក និង​ពី​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ ប្រសិនបើ​អ្នក​រាល់​គ្នា​ជៀស​វាង​ដោយ​ប្រុង​ប្រយ័ត្ន​ពី​ការ​ទាំង​នេះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សុខ​សប្បាយ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកបដោយ​សេចក្ដី​សុខ​ចុះ!»។

៣០ ម្ល៉ោះ​ហើយ កាល​ដែល​ចាត់​បុរស​ទាំង​នោះ​ឲ្យ​ទៅ ពួក​គាត់​ក៏​ចុះ​ទៅ​ក្រុង​អាន់ទីយ៉ូក ប្រមូល​ពួក​អ្នក​កាន់​តាម​ទាំង​អស់​ឲ្យ​មក​ជុំ​គ្នា រួច​ហុច​សំបុត្រឲ្យ។ ៣១ លុះ​អាន​សំបុត្រ​ចប់​ហើយ ពួក​គាត់​ក៏​ត្រេក​អរ​នឹង​ការ​លើក​ទឹក​ចិត្ត​នោះ។ ៣២ ដោយ​សារ​យូដាស​និង​ស៊ីឡាស​ជា​អ្នក​ប្រកាស​ទំនាយ​ផង​ដែរ ពួក​គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​ដោយ​ថ្លែង​សុន្ទរកថា​ជា​ច្រើន​និង​បាន​ពង្រឹង​កម្លាំង​ចិត្ត​ពួក​គាត់។ ៣៣ ម្ល៉ោះ​ហើយ ក្រោយ​ពី​បាន​ចំណាយ​ពេល​យូរ​បន្ដិច​នៅ​ទី​នោះ បង​ប្អូន​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​ឯ​ពួក​អ្នក​ដែល​បាន​ចាត់​ឲ្យ​មក ដោយ​សេចក្ដី​សុខសាន្ត ៣៤ * —— ៣៥ ក៏​ប៉ុន្តែ​ប៉ូល​និង​បាណាបាស​នៅ​ក្រុង​អាន់ទីយ៉ូក​ត​ទៅ​ទៀត ដោយ​បង្រៀន​និង​ប្រកាស​ដំណឹង​ល្អ​អំពី​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ជា​ច្រើន។

៣៦ ច្រើន​ថ្ងៃ​ក្រោយ​មក ប៉ូល​និយាយ​ទៅ​បាណាបាស​ថា៖ «ចូរ​យើង​នាំ​គ្នា​ត្រឡប់​ទៅ​ឯ​បង​ប្អូន​នៅ​គ្រប់​ក្រុង​ដែល​យើង​បាន​ផ្សព្វ​ផ្សាយ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា ដើម្បី​សួរ​សុខទុក្ខ​ពួក​គាត់»។ ៣៧ ឯ​បាណាបាស​បាន​តាំង​ចិត្ត​យក​យ៉ូហាន​ហៅ​ថា​ម៉ាកុស​ទៅ​ជា​មួយ​ដែរ។ ៣៨ ប៉ុន្តែ​ប៉ូល​គិត​ថា​មិន​គួរ​យក​គាត់​ទៅ​ជា​មួយ​ទេ ដោយ​ឃើញ​ថា​គាត់​បាន​ចាក​ចេញ​ពី​ពួក​គាត់​នៅ​ប៉ាមភីលា ហើយ​មិន​បាន​ទៅ​បំពេញ​កិច្ចការ​ជា​មួយ​នឹង​ពួក​គាត់​ឡើយ។ ៣៩ ដូច្នេះ ពួក​គាត់​ក៏​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង ហើយ​ចែក​ផ្លូវ​គ្នា។ បន្ទាប់​មក បាណាបាស​យក​ម៉ាកុស រួច​ចុះ​ទូក​ចេញ​ដំណើរ​ទៅ​កោះ​គីប្រុស។ ៤០ ប៉ូល​បាន​ជ្រើស​រើស​ស៊ីឡាស រួច​ចេញ​ទៅ ក្រោយ​ពី​បង​ប្អូន​បាន​ផ្ទុក​ផ្ដាក់​គាត់​នឹង​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា។ ៤១ ប៉ុន្តែ​គាត់​បាន​ធ្វើ​ដំណើរ​កាត់​ស្រុក​ស៊ីរី​និង​ស្រុក​ស៊ីលីស៊ី ដោយ​ពង្រឹង​ក្រុម​ជំនុំ​នានា។

១៦ ដូច្នេះ គាត់​បាន​ទៅ​ដល់​ក្រុង​ឌើបេ​និង​ក្រុង​លីស្ដ្រា ហើយ​មើល! មាន​អ្នក​កាន់​តាម​ម្នាក់​នៅ​ទី​នោះ​ឈ្មោះ​ធីម៉ូថេ ជា​កូន​របស់​ស្ត្រីជន​ជាតិ​យូដា​ម្នាក់​ដែល​ជា​អ្នក​ជឿ តែ​ឪពុក​គាត់​ជន​ជាតិ​ក្រិច។ ២ បង​ប្អូន​នៅ​ក្រុង​លីស្ដ្រា​និង​ក្រុង​អ៊ីកូនាម​តែង​និយាយ​ល្អ​អំពី​ធីម៉ូថេ។ ៣ ប៉ូល​ប្រាប់​ថា​គាត់​ចង់​ឲ្យ​បុរស​នេះ​ចេញទៅ​ជា​មួយ​នឹង​គាត់ ក៏​បាន​យក​គាត់​ទៅ​កាត់​ចុង​ស្បែក* ដោយ​សារ​មាន​ជន​ជាតិ​យូដា​នៅ​កន្លែង​នោះ ហើយ​ពួក​គេ​ដឹង​គ្រប់​គ្នា​ថា ឪពុក​របស់​គាត់​ជា​ជនជាតិ​ក្រិច។ ៤ កាល​ដែល​ធ្វើ​ដំណើរ​កាត់​ក្រុង​នានា ពួក​គាត់​ក៏​ប្រាប់​ពួក​អ្នក​ដែល​នៅ​ទី​នោះ​អំពី​បង្គាប់​ដែល​ពួក​សាវ័ក​និង​ពួក​បុរស​ចាស់​ទុំ​នៅ​ក្រុង​យេរូសាឡិម​បាន​សម្រេច ដើម្បី​ឲ្យ​ពួក​គេ​កាន់​តាម។ ៥ ម្ល៉ោះ​ហើយ ជំនឿ​របស់​ក្រុម​ជំនុំ​នានា​បាន​ត្រូវ​ពង្រឹង ហើយ​ក្រុម​ជំនុំ​ទាំង​នោះ​ក៏​បាន​ចម្រើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ។

៦ ម្យ៉ាង​ទៀត ពួក​គាត់​បាន​ធ្វើ​ដំណើរ​កាត់​ស្រុក​ព្រីគា និង​ស្រុក​កាឡាទី ពីព្រោះ​សកម្មពល* បរិសុទ្ធ​បាន​ហាម​ពួក​គាត់​មិន​ឲ្យ​ប្រាប់​បណ្ដាំ​របស់​ព្រះ​នៅ​តំបន់​អាស៊ី។* ៧ លុះ​ទៅ​ដល់​តំបន់​មិសៀ ពួក​គាត់​ខំ​ចុះ​ទៅ​ស្រុក​ប៊ីធូនា ប៉ុន្តែ​សកម្មពល​របស់​លោក​យេស៊ូ​មិន​បាន​អនុញ្ញាត​ទេ។ ៨ ដូច្នេះ ពួក​គាត់​បន្ត​ធ្វើ​ដំណើរ​ហួស​តំបន់​មិសៀ រួច​បាន​ចុះ​ទៅ​ក្រុង​ត្រូអាស។ ៩ នៅ​ពេល​យប់ ប៉ូល​ឃើញ​អ្វី​មួយ​ក្នុង​គំនិត គឺ​បុរស​ជន​ជាតិ​ម៉ាសេដូន​ម្នាក់​កំពុង​ឈរ​អង្វរ​គាត់​ថា៖ «សូម​ឆ្លង​មក​ស្រុក​ម៉ាសេដូន ហើយ​ជួយ​យើង​ផង»។ ១០ ពេល​គាត់​ឃើញ​ការ​នោះ​ក្នុង​គំនិត​ហើយ យើង​បាន​រក​ឱកាស​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេដូន​ភ្លាម ដោយ​សន្និដ្ឋាន​ថា ព្រះ​បាន​ហៅ​យើង​ឲ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ​ដល់​ពួក​គេ។

១១ ដូច្នេះ យើង​បាន​ចុះ​ទូក​នៅ​ត្រូអាស​ចេញ​ដំណើរ​តម្រង់​ទៅ​កោះ​សាម៉ូត្រេស ហើយ​នៅ​ថ្ងៃ​បន្ទាប់​ទៅ​ដល់​ក្រុង​ណេអាពើលិស ១២ រួច​ពី​ក្រុង​នោះ យើង​បាន​ទៅ​ក្រុង​ភីលីព ដែល​ជា​អាណានិគម​របស់​រ៉ូម ក៏​ជា​ក្រុង​សំខាន់​បំផុត​នៃ​តំបន់​ម៉ាសេដូន។ យើង​បាន​នៅ​ក្រុង​នេះ​ជា​ច្រើន​ថ្ងៃ។ ១៣ នៅ​ថ្ងៃ​ឈប់​សម្រាក យើង​បាន​ចេញ​ក្រៅ​ទ្វារ​កំពែង​ក្រុង ទៅ​មាត់​ទន្លេ ដែល​យើង​គិត​ថា​មាន​កន្លែង​អធិដ្ឋាន ក៏​បាន​អង្គុយ រួច​ចាប់​ផ្ដើម​និយាយ​ជា​មួយ​នឹង​ពួក​ស្ត្រី​ដែល​បាន​ជួប​ជុំ​គ្នា​នៅ​ទី​នោះ។ ១៤ ស្ត្រី​អ្នក​ក្រុង​ធាទេរ៉ា​ម្នាក់​ឈ្មោះ​លីឌា ដែល​ជា​អ្នក​លក់​ក្រណាត់​និង​សម្លៀក​បំពាក់​ពណ៌​ស្វាយ និង​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ កំពុង​ស្ដាប់ ហើយ​ព្រះ​យេហូវ៉ា​បាន​បើក​ចិត្ត​នាង​ទាំង​ស្រុង​ឲ្យ​ទទួល​យក​អ្វី​ដែល​ប៉ូល​កំពុង​និយាយ។ ១៥ ក្រោយ​ពី​នាង​និង​ពួក​អ្នក​ផ្ទះ​នាង​បាន​ទទួល​ការ​ជ្រមុជ​ទឹក* ហើយ នាង​អង្វរ​ថា៖ «ប្រសិនបើ​អ្នក​រាល់​គ្នា​ចាត់​ទុក​ថា​ខ្ញុំ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា សូម​ស្នាក់​នៅ​ផ្ទះ​ខ្ញុំ» ហើយ​នាង​បាន​បង្ខំ​ឲ្យ​យើង​មក។

១៦ ចៃដន្យ កាល​ដែល​យើង​កំពុង​ទៅ​កន្លែង​អធិដ្ឋាន យើង​បាន​ជួប​ប្រទះ​ក្មេង​ស្រី​ម្នាក់​ដែល​ជា​អ្នក​បម្រើ ហើយ​មាន​វិញ្ញាណ​កំណាច* ចូល​ដែល​នាំ​ឲ្យ​នាង​ចេះ​ទាយ។ នាង​ធ្លាប់​ធ្វើ​ឲ្យ​ពួក​ម្ចាស់​របស់​នាង​ទទួល​កម្រៃ​យ៉ាង​ច្រើន ដោយ​ការ​ទាយ​របស់​នាង។ ១៧ ក្មេង​ស្រី​នេះ​ចេះ​តែ​ដើរ​តាម​ប៉ូល​និង​ពួក​យើង​ដោយ​ស្រែក​ឡើងថា៖ «បុរស​ទាំង​នេះ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ហើយ​កំពុង​ផ្សព្វ​ផ្សាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ផ្លូវ​ដែល​នាំ​ទៅ​ឯ​សេចក្ដី​សង្គ្រោះ»។ ១៨ នាង​ធ្វើ​ដូច្នេះ​ជា​ច្រើន​ថ្ងៃ។ នៅ​ទី​បំផុត ប៉ូល​ក៏​ធុញ​ទ្រាន់ ហើយ​បាន​បែរ​ទៅ​និយាយ​ទៅ​កាន់​វិញ្ញាណ​នោះ​ថា៖ «ដោយ​នាម​របស់​លោក​យេស៊ូ​គ្រិស្ត ខ្ញុំ​បង្គាប់​ឲ្យ​អ្នក​ចេញ​ពី​នាង​ទៅ» រំពេច​នោះ វា​ក៏​ចេញ​ទៅ។

១៩ លុះ​ពួក​ម្ចាស់​របស់​នាង​ឃើញ​ថា លែង​មាន​សង្ឃឹម​នឹង​បាន​កម្រៃ​ទៀត ពួក​គេ​ចាប់​ប៉ូល​និង​ស៊ីឡាស ហើយ​អូស​យក​ទៅ​ឯ​ពួក​អ្នក​គ្រប់​គ្រង​នៅ​ផ្សារ* ២០ រួច​នាំ​ពួក​គាត់​ទៅ​ដាក់​មុខ​ពួក​អាជ្ញាធរ​ស៊ី​វិល ដោយ​និយាយ​ថា៖ «បុរស​ជន​ជាតិ​យូដា​ទាំង​នេះ​កំពុង​រំខាន​ក្រុង​យើង​ខ្លាំង​ណាស់ ២១ ហើយ​ពួក​គេ​កំពុង​ផ្សព្វ​ផ្សាយ​អំពី​ទំនៀម​ទម្លាប់​ដែល​យើង​គ្មាន​ច្បាប់​ទទួល​ឬ​កាន់​តាម​ទេ ព្រោះ​យើង​ជា​ពល​រដ្ឋ​រ៉ូម»។ ២២ បន្ទាប់​មក បណ្ដា​ជន​បាន​ក្រោក​ឡើង​ជា​មួយ​គ្នា ហើយ​ប្រឆាំង​ពួក​គាត់។ រួច​បន្ទាប់​ពី​ពួក​អាជ្ញាធរ​ស៊ី​វិល​បាន​ហែក​សម្លៀក​បំពាក់​ក្រៅ​របស់​ពួក​គាត់​ចេញ នោះ​ពួក​គេ​បង្គាប់​ឲ្យ​វាយ​ពួក​គាត់​នឹង​ដំបង។ ២៣ ក្រោយ​ពី​បាន​វាយ​ពួក​គាត់​ច្រើន​ដំបង​ហើយ នោះ​ក៏​បោះ​ពួក​គាត់​ចូល​ក្នុង​គុក ហើយ​បង្គាប់​អ្នក​យាម​គុក​ឲ្យ​ឃុំ​ពួក​គាត់​កុំ​ឲ្យ​រត់​រួច។ ២៤ ដោយ​សារ​អ្នក​យាម​គុក​ទទួល​បង្គាប់​ដូច្នេះ គាត់​ក៏​បោះ​ពួក​គាត់​ចូល​ក្នុង​គុក​ងងឹត ហើយ​ដាក់​ខ្នោះ​ជើង។

២៥ ប៉ុន្តែ​ប្រហែល​កណ្ដាល​អធ្រាត្រ ប៉ូល​និង​ស៊ីឡាស​កំពុង​អធិដ្ឋាន​និង​ច្រៀង​សរសើរ​ព្រះ ហើយ​ពួក​អ្នក​ទោស​ឮ។ ២៦ ភ្លាម​នោះ ដី​រញ្ជួយ​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​គ្រឹះ​គុក​រង្គោះរង្គើ។ ម្យ៉ាង​ទៀត ទ្វារ​ទាំង​អស់​បាន​របើក​ឡើង​ក្នុង​មួយ​រំពេច ហើយ​ចំណង​របស់​ពួក​គេ​ទាំង​អស់​គ្នា​បាន​របូត​ចេញ។ ២៧ ពេល​អ្នក​យាម​គុក​បាន​ត្រូវ​កន្ដ្រាក់​ពី​ដំណេក ហើយ​ឃើញ​ថា​ទ្វារ​គុក​នៅ​ចំហ គាត់​ហូត​ដាវ​បម្រុង​នឹង​សម្លាប់​ខ្លួន ដោយ​នឹក​ស្មានថា​ពួក​អ្នក​ទោស​បាន​រត់​បាត់​ហើយ។ ២៨ ប៉ុន្តែ​ប៉ូល​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «កុំ​ធ្វើ​បាប​ខ្លួន​ឡើយ! ព្រោះ​យើង​ទាំង​អស់​គ្នា​នៅ​ឯ​នេះ​ទេ!»។ ២៩ ដូច្នេះ គាត់​សុំ​គេ​យក​ភ្លើង​មក ក៏​បាន​រត់​ចូល​ទាំង​ញាប់​ញ័រ ហើយ​ក្រាប​នៅ​មុខ​ប៉ូល​និង​ស៊ីឡាស។ ៣០ រួច​អ្នក​យាម​គុក​នាំ​ពួក​គាត់​ចេញ​មក​ក្រៅ​ហើយ​និយាយ​ថា៖ «លោក តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ?»។ ៣១ ពួក​គាត់​និយាយ​ថា៖ «ចូរ​ជឿ​លើ​លោក​ម្ចាស់​យេស៊ូ ហើយ​អ្នក​និង​ពួក​អ្នក​ផ្ទះ​របស់​អ្នក​នឹង​ទទួល​សេចក្ដី​សង្គ្រោះ»។ ៣២ បន្ទាប់​មក ពួក​គាត់​ប្រាប់​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ដល់​អ្នក​យាម​គុក និង​ពួក​អ្នក​ផ្ទះ​ទាំង​អស់​របស់​គាត់។ ៣៣ នៅ​វេលា​យប់​នោះ​ឯង អ្នក​យាម​គុក​នាំ​ពួក​គាត់​ទៅ​ជា​មួយ ហើយ​បាន​លាង​របួស រួច​គាត់​និង​ពួក​អ្នក​ផ្ទះ​ទាំង​អស់​របស់​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ភ្លាម។ ៣៤ អ្នក​យាម​គុក​ក៏​នាំ​ពួក​គាត់​មក​ផ្ទះ​របស់​គាត់ ហើយ​រៀប​ចំ​តុ​ដាក់​អាហារ​សម្រាប់​ពួក​គាត់ រួច​គាត់​ត្រេក​អរ​ជា​ខ្លាំង​ជា​មួយ​នឹង​ពួក​អ្នក​ផ្ទះ​ទាំង​អស់​របស់​គាត់ ដោយ​សារបាន​ជឿ​ព្រះ។

៣៥ លុះ​ភ្លឺ​ឡើង អាជ្ញាធរ​ស៊ី​វិល​បាន​ចាត់​ពួក​តម្រួត​ឲ្យ​ទៅ​ប្រាប់​ថា៖ «ចូរ​ដោះ​លែង​បុរស​ទាំង​នោះ»។ ៣៦ ម្ល៉ោះ​ហើយ អ្នក​យាម​គុក​ប្រាប់​ប៉ូល​អំពី​សម្ដី​របស់​ពួក​គេ​ថា៖ «ពួក​អាជ្ញាធរ​ស៊ី​វិល​បាន​ចាត់​បុរស​ខ្លះ​ឲ្យ​មក​ដោះ​លែង​អ្នក​ទាំង​ពីរ។ ដូច្នេះ ឥឡូវ​នេះ សូម​ចេញ​ទៅ​ដោយ​សេចក្ដី​សុខ​ចុះ»។ ៣៧ ប៉ុន្តែ​ប៉ូល​ប្រាប់​ពួក​គេ​ថា៖ «យើង​ជា​ពល​រដ្ឋ​រ៉ូម តែ​ពួក​គេ​បាន​វាយ​យើង​នឹង​រំពាត់​ជា​សាធារណៈ ដោយ​មិន​ទាន់​វិនិច្ឆ័យ​ទោស​ផង រួច​បោះ​ក្នុង​គុក ហើយ​ឥឡូវ​នេះ​តើ​ពួក​គេ​ចង់​បណ្ដេញ​យើង​ចេញ​ដោយ​សម្ងាត់​ឬ? ទេ! ចូរ​ឲ្យ​ពួក​គេ​មក​នាំ​យើង​ចេញ​ដោយ​ខ្លួន​ឯង»។ ៣៨ ដូច្នេះ ពួក​តម្រួត​បាន​រាយ​ការណ៍​ប្រាប់​ការ​ទាំង​នេះ​ដល់​ពួក​អាជ្ញាធរ​ស៊ី​វិល។ កាល​ដែល​ឮ​ថា​បុរស​ទាំង​នោះ​ជា​ពល​រដ្ឋ​រ៉ូម ពួក​គេ​តាំង​ភ័យ​ខ្លាច។ ៣៩ ម្ល៉ោះ​ហើយ ពួក​គេ​មក​អង្វរ​ពួក​គាត់ រួច​បន្ទាប់​ពី​បាន​នាំ​ចេញ​មក ក៏​សុំ​ពួក​គាត់​ចេញ​ពី​ក្រុង​ទៅ។ ៤០ ប៉ុន្តែ​ពួក​គាត់​បាន​ចេញ​មក​ពី​គុក​ទៅ​ផ្ទះ​លីឌា លុះ​ឃើញ​បង​ប្អូន​ហើយ ពួក​គាត់​លើក​ទឹក​ចិត្ត​បង​ប្អូន​ទាំង​នោះ រួច​ចាក​ចេញ​ទៅ។

១៧ ឥឡូវ​ពួក​គាត់​ធ្វើ​ដំណើរ​កាត់​ក្រុង​អាំភីពើលិស​និង​ក្រុង​អាប៉ូឡូនា ទៅ​ដល់​ក្រុង​ថែស្សាឡូនិច ហើយ​នៅ​ទី​នោះ​មាន​សាលា​ប្រជុំ​មួយ​របស់​ជន​ជាតិ​យូដា។ ២ ម្ល៉ោះ​ហើយ ប៉ូល​បាន​ចូល​ទៅ​ជួប​ពួក​គេ តាម​ទម្លាប់​របស់​គាត់ ហើយ​បាន​យក​បទ​គម្ពីរ​មក​ជជែក​វែក​ញែក​ជា​មួយ​នឹង​ពួក​គេ​អស់​បី​ថ្ងៃ​ឈប់​សម្រាក ៣ ថែម​ទាំង​ពន្យល់​និង​បញ្ជាក់​ភ័ស្តុតាង​ដោយ​ផ្អែក​លើ​អ្វី​ដែល​បាន​ត្រូវ​សរសេរ ដើម្បី​ឲ្យ​យល់​ថា​គ្រិស្ត​ត្រូវ​រង​ទុក្ខ ហើយ​រស់​ពី​ស្លាប់​ឡើង​វិញ។ គាត់​ក៏​និយាយ​ថា៖ «លោក​យេស៊ូ​ដែល​ខ្ញុំ​កំពុង​ផ្សព្វ​ផ្សាយ​ប្រាប់​អ្នក​រាល់​គ្នា គឺជា​គ្រិស្ត​នោះ​ឯង»។ ៤ ជា​លទ្ធផល​ពួក​គេ​ខ្លះ​បាន​ទៅ​ជា​អ្នក​ជឿ ហើយ​បាន​សេពគប់​ជា​មួយ​នឹង​ប៉ូល​និង​ស៊ីឡាស។ ពួក​ក្រិច​ច្រើន​សន្ធឹក​ដែល​គោរព​ប្រណិប័តន៍​ព្រះ ហើយ​ស្ត្រី​ជា​ច្រើន​ដែល​មាន​មុខ​មាត់​ក៏​បាន​ធ្វើ​ដូច្នោះ​ដែរ។

៥ ប៉ុន្តែ​ជន​ជាតិ​យូដា​តាំង​មាន​ចិត្ត​ច្រណែន ក៏​ប្រមូល​បុរស​ទុច្ចរិត​មួយ​ចំនួន​ពី​ចំណោម​មនុស្ស​ត្រែតត្រត​ដែល​នៅ​តាម​ផ្សារ​បង្កើត​ជា​ក្រុម​មួយ​បង្ក​ចលាចល​ក្នុង​ក្រុង ហើយ​ពួក​គេ​សម្រុក​ចូល​ក្នុង​ផ្ទះ​យេសុន រក​ចាប់​ប៉ូល​និង​ស៊ីឡាស​យក​ទៅ​ប្រគល់​ឲ្យ​មនុស្ស​ទាំង​នោះ។ ៦ លុះ​រក​ពួក​គាត់​មិន​ឃើញ ពួក​គេ​អូស​យេសុន​និង​បង​ប្រុសៗ​ខ្លះ​ទៅ​ឯ​ពួក​អ្នក​គ្រប់​គ្រង​ក្រុង​នោះ ដោយ​ស្រែក​ឡើង​ថា៖ «បុរស​ទាំង​នោះ​ដែល​បាន​បង្ក​ឲ្យ​មាន​ភាព​ជ្រួល​ច្របល់​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ក៏​នៅ​ទី​នេះ​ដែរ ៧ ហើយ​យេសុន​បាន​ទទួល​ពួក​គាត់​ឲ្យ​ស្នាក់​នៅ។ បុរស​ទាំង​អស់​នេះ​បំពាន​បញ្ញត្ដិ​របស់​សេសារ* ដោយ​និយាយ​ថា​មាន​ស្តេច​មួយ​ទៀត គឺ​យេស៊ូ»។ ៨ ឮ​ដូច្នេះ បណ្ដា​ជន​និង​ពួក​អ្នក​គ្រប់​គ្រង​ក្រុង​បាន​ជ្រួល​ច្របល់​ក្នុង​ចិត្ត ៩ ហើយ​បន្ទាប់​ពី​បាន​យក​ប្រាក់​ធានា​គ្រប់​គ្រាន់​ពី​យេសុន​និង​អ្នក​ឯ​ទៀត ពួក​គេ​ក៏​ដោះ​លែង​ពួក​គាត់​ទៅ។

១០ ពេល​យប់​មក​ដល់​ភ្លាម បង​ប្អូន​បាន​ឲ្យ​ប៉ូល​និង​ស៊ីឡាស​ចេញ​ទៅ​ក្រុង​បេរៀ។ លុះ​ទៅ​ដល់​ហើយ ពួក​គាត់​ក៏​ចូល​ក្នុង​សាលា​ប្រជុំ​របស់​ជន​ជាតិ​យូដា។ ១១ ជន​ជាតិ​យូដា​នៅ​ក្រុងបេរៀ​មាន​សន្ដាន​ចិត្ត​ល្អ​ជាង​ពួក​អ្នក​នៅ​ក្រុង​ថែស្សាឡូនិច ព្រោះ​ពួក​គាត់​ទទួល​បណ្ដាំ​របស់​ព្រះ​ដោយ​ក្ដី​រំភើប ក៏​បាន​ពិនិត្យ​មើល​បទ​គម្ពីរ​រាល់​ថ្ងៃ​ដើម្បី​ឲ្យ​ដឹង​ថា​ការ​ទាំង​នោះ​ជា​ការ​ពិត​ឬ​មិន​ពិត។ ១២ ដូច្នេះ ពួក​គេ​ជា​ច្រើន​នាក់​បាន​ទៅ​ជា​អ្នក​ជឿ ហើយ​បុរស​ស្ត្រី​ក្រិច​ជា​ច្រើន​នាក់​ដែល​មាន​មុខ​មាត់​ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។ ១៣ ប៉ុន្តែ​កាល​ដែល​ជន​ជាតិ​យូដា​ពី​ក្រុង​ថែស្សាឡូនិច​ដឹង​ថា​ប៉ូល​បាន​ផ្សព្វ​ផ្សាយ​បណ្ដាំ​របស់​ព្រះ​នៅ​បេរៀ​ដែរ ពួក​គេ​ក៏​បាន​ទៅ​ទី​នោះ​ដើម្បី​អុជ​អាល​មហាជន​ឲ្យ​ជ្រួល​ច្របល់។ ១៤ ម្ល៉ោះ​ហើយ បង​ប្អូន​ឲ្យ​ប៉ូល​ចេញ​ទៅ​រហូត​ដល់​មាត់​សមុទ្រ​ភ្លាម ប៉ុន្តែ​ស៊ីឡាស​និង​ធីម៉ូថេ​នៅ​ទី​នោះ​ត​ទៅ​ទៀត។ ១៥ ក៏​ប៉ុន្តែ ពួក​អ្នក​ដែល​ជូន​ដំណើរ​ប៉ូល​បាន​នាំ​គាត់​រហូត​ដល់​ក្រុង​អាថែន រួច​បន្ទាប់​ពី​ទទួល​បង្គាប់​ឲ្យ​ស៊ីឡាស​និង​ធីម៉ូថេ​មក​ឯ​គាត់​ឲ្យ​បាន​ឆាប់​បំផុត នោះ​ពួក​គាត់​ក៏​ចាក​ចេញ​ទៅ។

១៦ កាល​ដែល​ប៉ូល​កំពុង​រង់​ចាំ​ពួក​គាត់​នៅ​ក្រុង​អាថែន គាត់​ចាប់​ផ្ដើម​ទើស​ចិត្ត​ដោយ​សារ​ឃើញ​ថា​ក្រុង​នោះ​ពេញ​ទៅ​ដោយ​រូប​ព្រះ។ ១៧ ដូច្នេះ គាត់​ចាប់​ផ្ដើម​ជជែក​វែក​ញែក​ជា​មួយ​នឹង​ជន​ជាតិ​យូដា​នៅ​សាលា​ប្រជុំ ជា​មួយ​នឹង​មនុស្ស​ឯ​ទៀត​ដែល​គោរព​ប្រណិប័តន៍​ព្រះ ហើយ​ក៏​ជជែក​វែក​ញែក​រៀង​រាល់​ថ្ងៃ​ជា​មួយ​នឹង​អស់​អ្នក​ដែល​គាត់​ជួប​នៅ​ផ្សារ។ ១៨ ប៉ុន្តែ​អ្នក​ខ្លះ​ពី​ចំណោម​ពួក​ទស្សនវិទូ​អេពីគួ* និង​ទស្សនវិទូ​ស្តូអ៊ីក* ចាប់​ផ្ដើម​ជជែក​តវ៉ា​ជា​មួយ​នឹង​គាត់ ហើយ​ពួក​គេ​ខ្លះ​បាន​និយាយ​ថា៖ «តើ​អ្នក​ព្រោក​ប្រាជ្ញ​នេះ​ចង់​និយាយ​អ្វី?» អ្នក​ឯ​ទៀត​ថា៖ «តាម​មើល​ទៅ គាត់​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​ដទៃ»។ នេះ​គឺ​ដោយ​សារ​គាត់​ប្រកាស​ដំណឹង​ល្អ​អំពី​លោក​យេស៊ូ​និង​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ១៩ ដូច្នេះ ពួក​គេ​នាំ​យក​គាត់​ទៅ​ឯ​អារីយ៉ូស* ដោយ​និយាយ​ថា៖ «តើ​យើង​អាច​ស្គាល់​សេចក្ដី​បង្រៀន​ថ្មី​នេះ​ដែល​អ្នក​កំពុង​ប្រាប់​បាន​ទេ? ២០ ព្រោះ​អ្នក​កំពុង​និយាយ​អំពី​រឿង​ចម្លែក​ណាស់។ ដូច្នេះ យើង​ចង់​ដឹង​ថា​រឿង​ទាំង​នោះ​មាន​ន័យ​ដូច​ម្ដេច»។ ២១ ការ​ពិត ពេល​ដែល​អ្នក​ក្រុង​អាថែន​និង​ជន​បរទេស​ដែល​ស្នាក់​នៅ​ក្រុង​នោះ​មាន​ពេល​ទំនេរ ពួក​គេមិន​ធ្វើ​អ្វី​ទេ​ក្រៅ​ពី​និយាយ​ឬ​ស្ដាប់​រឿង​ថ្មីៗ​ប៉ុណ្ណោះ។ ២២ ឥឡូវ​ប៉ូល​ឈរ​នៅ​កណ្ដាល​អារីយ៉ូស ហើយ​និយាយ​ថា៖

«អ្នក​ក្រុង​អាថែន​អើយ ខ្ញុំ​សង្កេត​ឃើញ​ថា អ្នក​រាល់​គ្នា​ហាក់​ដូច​ជា​មាន​ចិត្ត​កោត​ខ្លាច​ជាង​អ្នក​ឯ​ទៀត​ចំពោះ​ព្រះ​ផ្សេងៗ​។ ២៣ ជា​ឧទាហរណ៍ កាល​ដែល​ខ្ញុំ​បាន​ដើរ​នៅ​ទី​នេះ ខ្ញុំ​បាន​សង្កេត​មើល​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​គោរព​បូជា ហើយ​ឃើញ​ទី​បូជា​មួយ​ដែល​មាន​អក្សរ​ចារឹក​ថា​‹ជូន​ព្រះ​ដែល​គេ​ពុំ​ស្គាល់›។ ដូច្នេះ ខ្ញុំ​កំពុង​ផ្សព្វ​ផ្សាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​លោក​ដែល​អ្នក​រាល់​គ្នា​កំពុង​គោរព​បូជា​ដោយ​មិន​ស្គាល់​នោះ។ ២៤ ព្រះ​ដែល​បាន​បង្កើត​ពិភព​លោក​និង​អ្វីៗ​ទាំង​អស់​ក្នុង​ពិភព​លោក មិន​នៅ​ក្នុង​វិហារ​ធ្វើ​ដោយ​ដៃ​មនុស្ស​ឡើយ ព្រោះ​លោក​ជា​ម្ចាស់​មេឃ​និង​ផែនដី ២៥ លោក​ក៏​មិន​ត្រូវ​ការ​ឲ្យ​មនុស្ស​បម្រើ​លោក ហាក់​បី​ដូច​ជា​លោក​ត្រូវ​ការ​អ្វី​មួយ ពីព្រោះ​គឺ​លោក​ហើយ​ដែល​ផ្ដល់​ជីវិត ដង្ហើម និង​អ្វីៗ​ទាំង​អស់​ដល់​មនុស្ស​គ្រប់​រូប។ ២៦ លោក​បាន​បង្កើត​ជន​ជាតិ​ទាំង​ឡាយ​ពី​បុរស​តែ​មួយ ដើម្បី​ឲ្យ​អាស្រ័យ​នៅ​ពេញ​ផែនដី ក៏​បាន​ចេញ​បញ្ជា​ស្តី​អំពី​គ្រា​កំណត់ ក៏​បាន​ដាក់​កម្រិត​លើ​ទី​អាស្រ័យ​នៅ​របស់​មនុស្ស​ជាតិ ២៧ ដើម្បី​ឲ្យ​ពួក​គេ​រក​ព្រះ ប្រសិនបើ​ពួក​គេ​នឹង​ស្វះ​ស្វែងរក​លោក​ទាល់​តែ​ឃើញ ទោះ​ជា​ការ​ពិត លោក​មិន​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់ៗ​ក៏​ដោយ។ ២៨ ព្រោះ​គឺ​ដោយ​សារ​លោក​ទើប​មាន​យើង ហើយ​គឺ​ដោយ​សារ​លោក ទើប​យើង​មាន​ជីវិត ក៏​អាច​ធ្វើ​ចលនា​ផង ដូច​កវី​ខ្លះ​របស់​អ្នក​រាល់​គ្នា​ថា៖ ‹ព្រោះ​យើង​ក៏​ជា​ពូជ​ពង្ស​របស់​លោក​ដែរ›។

២៩ «ដូច្នេះ ដោយ​ឃើញ​ថា​យើង​ជា​ពូជ​ពង្ស​របស់​ព្រះ យើង​មិន​គួរ​នឹក​ស្មានថា​ព្រះ​គឺ​ដូច​ជា​មាស ឬ​ប្រាក់ ឬ​ថ្ម ដូច​អ្វី​ដែល​បាន​ត្រូវ​ឆ្លាក់​តាម​ការ​នឹក​ឃើញ​របស់​មនុស្ស​ទេ។ ៣០ ពិត​មែន​តែ​ព្រះ​មិន​បាន​ប្រកាន់​ទោស​មនុស្ស​ឡើយ​ក្នុង​គ្រា​ដែល​ពួក​គេ​ខ្វះ​ចំណេះ​ដឹង ប៉ុន្តែ​ឥឡូវ​នេះ លោក​កំពុង​ប្រាប់​មនុស្ស​ជាតិ​នៅ​គ្រប់​កន្លែង​ថា ពួក​គេ​ត្រូវ​ប្រែ​ចិត្ត។ ៣១ ពីព្រោះ​លោក​បាន​កំណត់​មួយ​ថ្ងៃ​ដែល​លោក​មាន​គោល​បំណង​វិនិច្ឆ័យ​ពិភព​លោក​ដោយ​សេចក្ដី​សុចរិត តាម​រយៈ​បុរស​ម្នាក់​ដែល​លោក​បាន​តែង​តាំង ហើយ​លោក​បាន​ផ្ដល់​ការ​ធានា​ដល់​មនុស្ស​គ្រប់​រូប ដោយ​ប្រោស​បុរស​នោះ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ»។

៣២ ពេល​ដែល​ឮ​អំពី​ការ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ពួក​គេ​ខ្លះ​ចាប់​ផ្ដើម​ចំអក​ឲ្យ ឯ​អ្នក​ខ្លះ​ទៀត​និយាយ​ថា៖ «យើង​នឹង​ស្ដាប់​អ្នក​និយាយ​អំពី​រឿង​នេះ​ត​ទៅ​ទៀត​នៅ​ពេល​ក្រោយ»។ ៣៣ ដូច្នេះ ប៉ូល​ចេញ​ពី​ចំណោម​ពួក​គេ​ទៅ ៣៤ ប៉ុន្តែ​អ្នក​ខ្លះ​នៅ​ជាប់​នឹង​គាត់​ហើយ​ក្លាយ​ទៅ​ជា​អ្នក​ជឿ រួម​មាន​ឌីយ៉ូនីស ជា​ចៅ​ក្រម​ម្នាក់​នៅ​តុលាការ​អារីយ៉ូស និង​ស្ត្រី​ម្នាក់​ឈ្មោះ​ដាម៉ារីស ក៏​មាន​អ្នក​ឯ​ទៀត​ផង​ដែរ។

១៨ បន្ទាប់​ពី​ការ​ទាំង​នេះ គាត់​ចេញ​ពី​ក្រុង​អាថែន ហើយ​ទៅ​ដល់​ក្រុង​កូរិនថូស។ ២ រួច​មក គាត់​ជួប​ប្រទះ​ជន​ជាតិ​យូដា​ជា​អ្នក​ស្រុក​ប៉ុនតុស​ម្នាក់ ឈ្មោះ​អាគីឡា ដែល​ទើប​តែ​បាន​មក​ពី​ស្រុក​អ៊ីតាលី ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​ព្រីស៊ីល ពីព្រោះ​ក្លូឌាស​បាន​បង្គាប់​ឲ្យ​ជន​ជាតិ​យូដា​ទាំង​អស់​ចេញ​ពី​ក្រុង​រ៉ូម។ ដូច្នេះ ប៉ូល​ទៅ​ឯ​ពួក​គាត់ ៣ ហើយ​បាន​ធ្វើ​ការ​និង​ស្នាក់​នៅ​ផ្ទះ​ជា​មួយ​នឹង​ពួក​គាត់ ដោយ​សារ​មាន​មុខ​របរ​ដូច​ពួក​គាត់​ដែរ ព្រោះ​ពួក​គាត់​ជា​អ្នក​ធ្វើ​ត្រ​សាល។ ៤ ក៏​ប៉ុន្តែ​គាត់​តែង​តែ​ថ្លែង​សុន្ទរកថា​នៅ​សាលា​ប្រជុំ​រាល់​ថ្ងៃ​ឈប់​សម្រាក ក៏​បាន​ជជែក​វែក​ញែក​នាំ​ឲ្យ​ជន​ជាតិ​យូដា​និង​ពួក​ក្រិច​ជឿ។

៥ ក្រោយ​ពី​ស៊ីឡាស​និង​ធីម៉ូថេ​បាន​ចុះ​មក​ពី​ស្រុក​ម៉ាសេដូន​ហើយ ប៉ូល​ចាប់​ផ្ដើម​ផ្ចង់​អារម្មណ៍​ទាំង​ស្រុង​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​បណ្ដាំ​របស់​ព្រះ ដោយ​ធ្វើ​ជា​សាក្សី​បញ្ជាក់​ហេតុ​ផល​ប្រាប់​ជន​ជាតិ​យូដា​ថា លោក​យេស៊ូ​ជា​គ្រិស្ត។ ៦ ប៉ុន្តែ​ក្រោយ​ពី​ពួក​គេ​ចេះ​តែ​ប្រឆាំង​និង​និយាយ​ប្រមាថ នោះ​គាត់​រលាស់​សម្លៀក​បំពាក់​របស់​គាត់ ហើយ​និយាយ​ទៅ​ពួក​គេ​ថា៖ «ចូរ​ឲ្យ​ឈាម​របស់​អ្នក​រាល់​គ្នា​ធ្លាក់​លើ​អ្នក​រាល់​គ្នា​វិញ។ ខ្ញុំ​គ្មាន​ទោស​ទេ។ ចាប់​ពី​ពេល​ឥឡូវ​នេះ​ទៅ ខ្ញុំ​នឹង​ទៅ​ឯ​ជន​ជាតិ​ដទៃ​វិញ»។ ៧ ម្ល៉ោះ​ហើយ គាត់​ចាក​ចេញ​ពី​កន្លែង​នោះ​ទៅ​ផ្ទះ​របស់​បុរស​ម្នាក់​ឈ្មោះ​ទីទិយុស​យូស្ទុស ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ ដែល​ផ្ទះ​របស់​គាត់​នៅ​ជាប់​នឹង​សាលា​ប្រជុំ។ ៨ ប៉ុន្តែ​គ្រីស្ពូស ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​សាលា​ប្រជុំ​បាន​ទៅ​ជា​អ្នក​ជឿ​លើ​លោក​ម្ចាស់ ហើយ​ពួក​អ្នក​ផ្ទះ​ទាំង​អស់​របស់​គាត់​ក៏​ដូច្នោះ​ដែរ។ អ្នក​ក្រុង​កូរិនថូស​ជា​ច្រើន​នាក់​ដែល​បាន​ឮ ក៏​ចាប់​ផ្ដើម​ជឿ​ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។* ៩ ម្យ៉ាង​ទៀត នៅ​ពេល​យប់ មាន​អ្វី​ដែល​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​ប៉ូល​ឃើញ​ក្នុង​គំនិត ហើយ​គាត់​ឮ​លោក​ម្ចាស់​មាន​ប្រសាសន៍​មក​គាត់​ថា៖ «កុំ​ខ្លាច​ឡើយ តែ​ចូរ​បន្ត​និយាយ ហើយ​កុំ​នៅ​ស្ងៀម ១០ ពីព្រោះ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក ហើយ​គ្មាន​អ្នក​ណា​ម្នាក់​នឹង​វាយ​ធ្វើ​បាប​អ្នក​ឲ្យ​របួស​ឡើយ ព្រោះ​ខ្ញុំ​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្រុង​នេះ»។ ១១ ដូច្នេះ គាត់​បាន​នៅ​ទី​នោះ​អស់​មួយ​ឆ្នាំ​កន្លះ ដោយ​បង្រៀន​ពួក​គេ​អំពី​បណ្ដាំ​របស់​ព្រះ។

១២ ក្នុង​កាល​ដែល​កាលីយ៉ូ​ជា​អភិបាលស្រុក​អាខេយ៉ា ជន​ជាតិ​យូដា​បាន​នាំ​គ្នា​ក្រោក​ឡើង​ប្រឆាំង​ប៉ូល ហើយ​យក​គាត់​ទៅ​ឯ​កន្លែង​វិនិច្ឆ័យ​ក្ដី ១៣ ដោយ​និយាយ​ថា៖ «បុរស​នេះ​នាំ​មនុស្ស​ឲ្យ​គោរព​ប្រណិប័តន៍​ព្រះ​តាម​របៀប​ខុស​ច្បាប់»។ ១៤ ប៉ុន្តែ​ពេល​ដែល​ប៉ូល​បម្រុង​នឹង​ហា​មាត់​និយាយ កាលីយ៉ូ​និយាយ​ទៅ​ជន​ជាតិ​យូដា​ថា៖ «ឱ​ជន​ជាតិ​យូដា​អើយ ប្រសិនបើ​មាន​អំពើ​ខុស​ឆ្គង​ឬ​អំពើ​អាក្រក់​ជួជាតិ​ណា​មួយ ខ្ញុំ​ទំនង​ជា​ទ្រាំ​ស្ដាប់​អ្នក​រាល់​គ្នា។ ១៥ ប៉ុន្តែ​ប្រសិនបើជា​ទំនាស់​អំពី​ពាក្យ ឬ​ឈ្មោះ ឬ​ច្បាប់​ដែល​មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ត្រូវ​ដោះ​ស្រាយ​ដោយ​ខ្លួន​អ្នក។ ខ្ញុំ​មិន​ចង់​វិនិច្ឆ័យ​រឿង​ទាំង​នេះ​ទេ»។ ១៦ លុះ​និយាយ​ចប់​ហើយ គាត់​បណ្ដេញ​ពួក​គេ​ចេញ​ពី​កន្លែង​វិនិច្ឆ័យ​ក្ដី។ ១៧ ដូច្នេះ ពួក​គេ​ចាប់​សូស្តែន ជា​អ្នក​មើល​ការ​ខុស​ត្រូវ​សាលា​ប្រជុំ ហើយ​ចាប់​ផ្ដើម​វាយ​គាត់​នៅ​មុខ​កន្លែង​វិនិច្ឆ័យ​ក្ដី។ ប៉ុន្តែ​កាលីយ៉ូមិន​ព្រមរ​វីរ​វល់​នឹង​រឿង​ទាំង​នេះ​សោះ។

១៨ ក៏​ប៉ុន្តែ បន្ទាប់​ពី​បាន​នៅ​ទី​នោះ​អស់​ច្រើន​ថ្ងៃ​ទៀត ប៉ូល​ក៏​លាប​ង​ប្អូន រួច​ចុះ​ទូក​ចេញ​ដំណើរ​ទៅ​ស្រុក​ស៊ីរី​ជា​មួយ​នឹង​ព្រីស៊ីល​និង​អាគីឡា ព្រោះ​គាត់​បាន​កាត់​សក់​ឲ្យ​ខ្លី​នៅ​ក្រុង​សង់គ្រា ដោយ​សារ​ជាប់​សម្បថ។ ១៩ ក្រោយ​មក ពួក​គាត់​ទៅ​ក្រុង​អេភេសូរ ហើយ​ប៉ូល​ទុក​ពួក​គាត់​នៅ​ទី​នោះ។ ចំណែក​ប៉ូល​វិញ គាត់​ចូល​សាលា​ប្រជុំ ហើយ​ជជែក​វែក​ញែក​ជា​មួយ​នឹង​ជន​ជាតិ​យូដា។ ២០ ទោះ​ជា​ពួក​គេ​សុំ​គាត់​ឲ្យ​នៅ​យូរ​ជាង​ក៏​ដោយ ក៏​គាត់​មិន​ព្រម​ដែរ ២១ ប៉ុន្តែ​គាត់​លា​ពួក​គេ​ហើយ​និយាយ​ថា៖ «ប្រសិនបើ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ខ្ញុំ​នឹង​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​ម្ដង​ទៀត»។ រួច​គាត់​ចុះ​ទូក​ចេញ​ដំណើរ​ពី​ក្រុង​អេភេសូរ ២២ ហើយ​ចុះ​ទៅ​ក្រុង​សេសារៀ។ បន្ទាប់​មក គាត់​ឡើង​ទៅ​សួរ​សុខទុក្ខ​ក្រុម​ជំនុំ រួច​ចុះ​ទៅ​ក្រុង​អាន់ទីយ៉ូក។

២៣ ក្រោយ​ពី​គាត់​បាន​ចំណាយ​ពេល​យូរ​បន្ដិច​នៅ​ទី​នោះ គាត់​ក៏​ចាក​ចេញ​ហើយ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ពេញ​ស្រុក​កាឡាទី​និង​ស្រុក​ព្រីគា ដោយ​ពង្រឹង​កម្លាំង​ចិត្ត​ពួក​អ្នក​កាន់​តាម​គ្រប់​គ្នា។

២៤ អ្នក​ក្រុង​អាឡិចសង់ទ្រា​ម្នាក់ ជា​ជន​ជាតិ​យូដា ឈ្មោះ​អាប៉ូឡុស ដែល​ជា​អ្នក​មាន​វោហារកោសល្យ បាន​មក​ដល់​ក្រុង​អេភេសូរ ហើយ​គាត់​ស្គាល់​បទ​គម្ពីរ​ច្បាស់។ ២៥ បុរស​នេះ​បាន​ត្រូវ​បង្រៀន* អំពី​ផ្លូវ​របស់​ព្រះ​យេហូវ៉ា ហើយ​ដោយ​សារ​សកម្មពល* របស់​ព្រះ គាត់​មាន​ចិត្ត​ខ្នះខ្នែង​ដោយ​ក្ដី​រំភើប ក៏​បាន​និយាយ​និង​បង្រៀន​យ៉ាង​ត្រឹម​ត្រូវ​អំពី​លោក​យេស៊ូ ប៉ុន្តែ​គាត់​ស្គាល់​តែ​ការ​ជ្រមុជ​ទឹក​របស់​យ៉ូហាន​ប៉ុណ្ណោះ។ ២៦ បុរស​នេះ​ចាប់​ផ្ដើម​និយាយ​យ៉ាង​ក្លាហាន​ក្នុង​សាលា​ប្រជុំ។ នៅ​ពេល​ដែល​ព្រីស៊ីល​និង​អាគីឡា​បាន​ឮ នោះ​ក៏​នាំ​ទៅ​ដោយ​ឡែក​ពី​គេ ហើយ​ចាប់​ផ្ដើម​ពន្យល់​អំពី​ផ្លូវ​របស់​ព្រះ​ឲ្យ​គាត់​យល់​បាន​ត្រឹម​ត្រូវ​ជាង។ ២៧ ម្យ៉ាង​ទៀត ដោយ​សារ​គាត់​ចង់​ឆ្លង​ទៅ​ស្រុក​អាខេយ៉ា បង​ប្អូន​បាន​សរសេរ​ទៅ​ពួក​អ្នក​កាន់​តាម ដោយ​ខំ​លើក​ទឹក​ចិត្ត​ឲ្យ​ទទួល​គាត់​យ៉ាង​រាក់​ទាក់។ ដូច្នេះ ពេល​ដែល​គាត់​ទៅ​ដល់ គាត់​បាន​ជួយ​យ៉ាង​ច្រើន​ដល់​អស់​អ្នក​ដែល​បាន​ជឿ​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ ២៨ ព្រោះ​ដោយ​ចិត្ត​ខ្នះខ្នែង គាត់​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​ជា​សាធារណៈ​ថា ជន​ជាតិ​យូដា​គឺ​ខុស ក៏​បង្ហាញ​ពី​បទ​គម្ពីរ​ថា​លោក​យេស៊ូ​គឺជា​គ្រិស្ត។

១៩ កាល​ដែល​អាប៉ូឡុស​នៅ​ក្រុង​កូរិនថូស ប៉ូល​បាន​ចុះ​ទៅ​ក្រុង​អេភេសូរ​តាម​ផ្លូវ​មួយ​ដែល​នៅ​ឆ្ងាយ​ពី​សមុទ្រ រួច​បាន​រក​ឃើញ​ពួក​អ្នក​កាន់​តាម​ខ្លះនៅ​ទី​នោះ។ ២ ប៉ូល​និយាយ​ទៅ​កាន់​ពួក​គាត់​ថា៖ «ពេល​ដែល​អ្នក​រាល់​គ្នា​បាន​ទៅ​ជា​អ្នក​ជឿ តើ​បាន​ទទួល​សកម្មពល* បរិសុទ្ធ​ទេ?»។ ពួក​គាត់​និយាយ​ទៅ​ប៉ូល​ថា៖ «យើង​មិន​ធ្លាប់​ឮ​អំពី​សកម្មពល​បរិសុទ្ធ​ទេ»។ ៣ គាត់​និយាយ​ថា៖ «បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ការ​ជ្រមុជ​ទឹក* បែប​ណា?» ពួក​គាត់​និយាយ​ថា៖ «យើង​បាន​ទទួល​ការ​ជ្រមុជ​ទឹក​របស់​យ៉ូហាន»។ ៤ ប៉ូល​និយាយ​ថា៖ «យ៉ូហាន​បាន​ជ្រមុជ​ទឹក​ឲ្យ​គេ ដើម្បី​បង្ហាញ​ថា​ពួក​គេ​បាន​ប្រែ​ចិត្ត ក៏​ប្រាប់​ពួក​គេ​ឲ្យ​ជឿ​លើ​លោក​ដែល​នឹង​មក​ក្រោយ​គាត់ គឺ​លោក​យេស៊ូ»។ ៥ ឮ​ដូច្នេះ ពួក​គាត់​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​របស់​លោក​ម្ចាស់​យេស៊ូ។ ៦ ហើយ​កាល​ដែល​ប៉ូល​ដាក់​ដៃ​លើ​ពួក​គាត់ នោះ​ពួក​គាត់​ទទួល​សកម្មពល​បរិសុទ្ធ ក៏​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេងៗ​និង​ប្រកាស​ទំនាយ។ ៧ សរុប​ទាំង​អស់​មាន​បុរស​ប្រហែល​ដប់​ពីរ​នាក់។

៨ ក្នុង​អំឡុង​បី​ខែ គាត់​ចូល​ក្នុង​សាលា​ប្រជុំ ហើយ​និយាយ​យ៉ាង​ក្លាហាន ដោយ​ថ្លែង​សុន្ទរកថា​និង​ខំ​បញ្ជាក់​ហេតុ​ផល​ដើម្បី​ឲ្យ​ពួក​គេ​ជឿ​អំពី​រាជាណាចក្រ​របស់​ព្រះ។ ៩ ប៉ុន្តែ​កាល​ដែល​អ្នក​ខ្លះ​កាន់​តែ​រឹង​ចចេស​ទៅៗ ហើយ​មិន​ព្រម​ជឿ ក៏និយាយ​អាក្រក់​អំពី​ផ្លូវ​លោក​ម្ចាស់​នៅ​មុខ​បណ្ដា​ជន នោះ​ប៉ូល​ចេញ​ពី​ពួក​គេ ក៏​យក​ពួក​អ្នក​កាន់​តាម​ទៅ​ជា​មួយ ហើយ​ថ្លែង​សុន្ទរកថា​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​សាល​នៅ​សាលា​ទីរ៉ានុស។ ១០ នេះ​បាន​កើត​ឡើង​អស់​ពីរ​ឆ្នាំ រហូត​ដល់​អស់​អ្នក​ដែល​រស់​នៅ​តំបន់​អាស៊ី* ឮ​បណ្ដាំ​របស់​លោក​ម្ចាស់ ទាំង​ពួក​យូដា​ទាំង​ពួក​ក្រិច។

១១ ម្ដង​ហើយ​ម្ដង​ទៀត ព្រះ​បាន​ធ្វើ​ការ​ដែល​ប្រកប​ទៅ​ដោយ​ឫទ្ធានុភាព​តាម​រយៈ​ប៉ូល ១២ រហូត​ដល់​គេ​គ្រាន់តែ​យក​ក្រណាត់​ឬ​អៀម​របស់​ប៉ូល​ទៅ​ដល់​អ្នក​ដែល​ឈឺ ជំងឺ​នោះ​ក៏​បាន​បាត់ ហើយ​វិញ្ញាណ* អាក្រក់​បាន​ចេញ​ពី​ពួក​គេ​ទៅ។ ១៣ ប៉ុន្តែ​អ្នក​ខ្លះ​ពី​ចំណោម​ជន​ជាតិ​យូដា​ដែល​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ និង​ដែល​ធ្វើ​ការ​បណ្ដេញ​វិញ្ញាណ​កំណាច ក៏​ចាប់​ផ្ដើម​យក​នាម​លោក​ម្ចាស់​យេស៊ូ​ទៅ​ប្រើ​ចំពោះ​ពួក​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល ដោយ​និយាយ​ថា៖ «ខ្ញុំ​បង្គាប់​ពួក​អ្នក​ដោយ​នូវ​នាម​របស់​លោក​យេស៊ូ​ដែល​ប៉ូល​ផ្សព្វ​ផ្សាយ»។ ១៤ កូន​ប្រុស​ប្រាំពីរ​នាក់​របស់​សង្ឃនាយក​ជន​ជាតិ​យូដា​ម្នាក់​ឈ្មោះ​ស៊ីវ៉ា កំពុង​ធ្វើ​ដូច្នេះ។ ១៥ ប៉ុន្តែ​វិញ្ញាណ​អាក្រក់​នោះ​និយាយ​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​ស្គាល់​យេស៊ូ ហើយ​ដឹង​ថា​ប៉ូល​ជា​អ្នក​ណា ប៉ុន្តែ​តើ​ពួក​អ្នក​ឯង​ជា​អ្នក​ណា?»។ ១៦ លុះ​និយាយ​ចប់​ហើយ បុរស​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ក៏​លោត​ទៅ​វាយ​ពួក​គេ រហូត​ដល់​ពួក​គេ​រត់​ចេញ​ពី​ផ្ទះ​នោះ​ទាំង​របួស​ហើយ​គ្មាន​សម្លៀក​បំពាក់។ ១៧ ឯ​មនុស្ស​ទាំង​ឡាយ​នៅ​ក្រុង​អេភេសូរ គឺ​ទាំង​ពួក​យូដា​ទាំង​ពួក​ក្រិច​បាន​ឮ​អំពី​ការ​នោះ​គ្រប់​គ្នា រួច​ពួក​គេ​ទាំង​អស់​គ្នា​ក៏​តាំង​ភ័យ​ខ្លាច ហើយ​នាម​របស់​លោក​ម្ចាស់​យេស៊ូ​បន្ត​ទទួល​ការ​សរសើរ​តម្កើង។ ១៨ មនុស្ស​ជា​ច្រើន​នាក់​ដែល​បាន​ក្លាយ​ទៅ​ជា​អ្នក​ជឿ​បាន​មក​សារភាព​ប្រាប់​ពី​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ជា​ចំហ។ ១៩ មនុស្ស​ជា​ច្រើន​ដែល​ចេះ​វេទមន្ត​បាន​យក​សៀវភៅ​របស់​ពួក​គេ​មក​ដាក់​រួម​គ្នា រួច​ដុត​ចោល​នៅ​មុខ​គេ​ទាំង​អស់​គ្នា។ ហើយ​ពួក​គេ​សរុប​តម្លៃ​សៀវភៅ​ទាំង​នោះ​ឃើញ​ថា​មាន​តម្លៃ​ប្រាំ​ម៉ឺន​កាក់​ធ្វើ​ពី​ប្រាក់។ ២០ ដូច្នេះ បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​បន្ត​ដុះ​ដាល​ចម្រើន​ឡើង ហើយ​មាន​អំណាច​ខ្លាំងក្លា។

២១ បន្ទាប់​ពី​ការ​ទាំង​នេះ ប៉ូល​បាន​សម្រេច​ចិត្ត* ថា ក្រោយ​ពី​គាត់​ធ្វើ​ដំណើរ​កាត់​ស្រុក​ម៉ាសេដូន​និង​ស្រុក​អាខេយ៉ា គាត់​នឹង​ទៅ​ក្រុង​យេរូសាឡិម ដោយ​និយាយ​ថា៖ «ពេល​ខ្ញុំ​ទៅ​ដល់​ហើយ ខ្ញុំ​ក៏​ត្រូវ​ទៅ​មើល​ក្រុង​រ៉ូម​ដែរ»។ ២២ ដូច្នេះ ប៉ូល​ចាត់​អ្នក​ជួយ​ពីរ​នាក់​របស់​គាត់​ឲ្យ​ទៅ​ស្រុក​ម៉ាសេដូន គឺ​ធីម៉ូថេ​និង​អេរ៉ាស្ទុស ប៉ុន្តែ​គាត់​បាន​ពន្យារ​ពេល​នៅ​តំបន់​អាស៊ី​មួយ​រយៈពេល។

២៣ នៅ​ពេល​នោះ ភាព​ជ្រួល​ច្របល់​ជា​ខ្លាំង​បាន​កើត​ឡើង​ដោយ​សារ​ផ្លូវ​លោក​ម្ចាស់។ ២៤ ព្រោះ​បុរស​ម្នាក់​ឈ្មោះ​ដេមេទ្រាស ដែល​ជា​ជាង​ប្រាក់ បាន​ជួយ​ឲ្យ​ពួក​ជាង​ទទួល​កម្រៃ​ជា​ច្រើន ដោយ​ធ្វើ​រូប​វិហារ​តូចៗ​របស់​ព្រះ​អាតេមីស​ពី​ប្រាក់ ២៥ ហើយ​គាត់​ប្រមូល​ពួក​គេ​និង​អ្នក​ឯ​ទៀត​ដែល​ធ្វើ​ការ​នេះ រួច​និយាយ​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ពួក​យើង​ចម្រុងចម្រើន​ដោយ​សារ​មុខ​របរ​នេះ​ឯង។ ២៦ ម្យ៉ាង​ទៀត អ្នក​រាល់​គ្នា​ឃើញ​ហើយ​ឮ​ថា ប៉ូល​នេះ​បាន​បញ្ចុះ​បញ្ចូល​មនុស្ស​ជា​ច្រើន​ឲ្យ​មាន​គំនិត​ផ្សេង មិន​ត្រឹម​តែ​នៅ​ក្រុង​អេភេសូរ​ប៉ុណ្ណោះ ប៉ុន្តែ​សឹង​តែ​គ្រប់​កន្លែង​នៅ​តំបន់​អាស៊ី ដោយ​និយាយ​ថា​ព្រះ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស មិន​មែន​ជា​ព្រះ​ទេ។ ២៧ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ តែ​មាន​អន្តរាយ​មួយ​អាច​កើត​ដល់​យើង គឺ​មុខ​របរ​របស់​យើង​នេះ​នឹង​លែង​មាន​ឈ្មោះ​ល្អ ហើយ​វិហារ​របស់​ព្រះ​អាតេមីស​ដ៏​ឧត្តុង្គឧត្តម​នឹង​ត្រូវ​គេ​ចាត់​ទុក​ថា​គ្មាន​តម្លៃ​សោះ។ សូម្បី​តែ​ភាព​រុងរឿង​របស់​នាង ដែល​គេ​គោរព​បូជា​នៅ​តំបន់​អាស៊ី​ទាំង​មូល​និង​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ក៏​ហៀបនឹង​វិនាស​សាប​សូន្យ​ដែរ»។ ២៨ កាល​ដែល​ឮ​ដូច្នេះ បុរស​ទាំង​នោះ​ក៏​មាន​កំហឹង​ពុះ​ពោរ​ពេញ​ក្នុង​ចិត្ត ហើយ​ចាប់​ផ្ដើម​ស្រែក​ឡើង​ថា៖ «ព្រះ​អាតេមីស​នៃ​ក្រុង​អេភេសូរ​គឺ​ឧត្តុង្គឧត្តម!»។

២៩ ដូច្នេះ ក្រុង​នោះ​ក៏​ពេញ​ទៅ​ដោយ​ភាព​ច្របូកច្របល់ ហើយ​ពួក​គេ​នាំគ្នា​សម្រុក​ចូល​កន្លែង​មហោស្រព ដោយ​ចាប់​កៃយុស​និង​អារីស្ដាក ជា​អ្នក​ស្រុក​ម៉ាសេដូន​ដែល​រួម​ដំណើរ​ជា​មួយ​ប៉ូល រួច​យក​ទៅ​ជា​មួយ​ដោយ​កម្លាំង។ ៣០ ចំណែក​ប៉ូល​វិញ គាត់​ចង់​ចូល​ទៅ​ឯ​បណ្ដា​ជន ប៉ុន្តែ​ពួក​អ្នក​កាន់​តាម​មិន​ឲ្យគាត់​ចូល​ទេ។ ៣១ សូម្បី​តែ​អ្នក​ខ្លះ​ដែល​ជា​អ្នក​ចាត់​ចែង​ពិធី​បុណ្យ​និង​ការ​ប្រកួត​កីឡា ហើយ​ដែល​រាប់​អាន​ប៉ូល ក៏​បាន​ផ្ដាំ​អង្វរ​គាត់​កុំ​ឲ្យ​ប្រថុយ​ជីវិត​ចូល​សាល​មហោស្រព​នោះ។ ៣២ តាម​ការ​ពិត បណ្ដា​ជន​ខ្លះ​កំពុង​ស្រែក​យ៉ាង​នេះ ឯ​ខ្លះ​ទៀត​កំពុង​ស្រែក​យ៉ាង​នោះ ព្រោះ​អង្គប្រជុំ​កំពុង​ច្របូកច្របល់ ហើយ​ពួក​គេ​ភាគ​ច្រើន​មិន​ដឹង​ថា​ពួក​គេ​បាន​មក​ជួប​ជុំ​គ្នា​ដើម្បី​អ្វី​ទេ។ ៣៣ ដូច្នេះ ពួក​គេ​នាំ​អាឡិចសង់​ចេញ​ពី​បណ្ដា​ជនដោយ​មាន​ជន​ជាតិ​យូដា​រុញ​គាត់​ទៅ​មុខ រួច​អាឡិចសង់​លើក​ដៃ​ធ្វើ​សញ្ញា ហើយចង់​និយាយ​ទៅ​បណ្ដា​ជន។ ៣៤ ប៉ុន្តែ​កាល​ដែល​ឃើញ​ថា​គាត់​ជា​ជន​ជាតិ​យូដា ពួក​គេ​ទាំង​អស់​ស្រែក​ព្រម​គ្នា​អស់​ពីរ​ម៉ោង៖ «ព្រះ​អាតេមីស​នៃ​ក្រុង​អេភេសូរ​គឺ​ឧត្តុង្គឧត្តម!»។

៣៥ លុះ​អភិបាលក្រុង​បាន​ធ្វើ​ឲ្យ​បណ្ដា​ជន​នៅ​ស្ងៀម​ហើយ គាត់​និយាយ​ថា៖ «អ្នក​ក្រុង​អេភេសូរ​អើយ មនុស្ស​ជាតិ​ទាំង​អស់​ដឹង​ថា​ក្រុង​អេភេសូរ​ជា​អ្នក​រក្សា​វិហារ​របស់​ព្រះ​អាតេមីស​ដ៏​ឧត្តុង្គឧត្តម​និង​រូប​ចម្លាក់​ដែល​បាន​ធ្លាក់​ពី​លើ​មេឃ មែន​ទេ? ៣៦ ដូច្នេះ ដោយ​សារ​គ្មាន​អ្នក​ណា​អាច​តវ៉ា​ការ​ទាំង​នេះ​បាន នោះ​គប្បី​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម ហើយ​មិន​ធ្វើ​អ្វី​ដោយ​ប្រញាប់ប្រញាល់​ឡើយ។ ៣៧ ព្រោះ​អ្នក​រាល់​គ្នា​បាន​យក​បុរស​ទាំង​នេះ​មក ដែល​មិន​បាន​ប្លន់​វិហារ​របស់​យើង ក៏​មិន​បាន​និយាយ​ប្រមាថ​ព្រះ​របស់​យើង​ដែរ។ ៣៨ ម្ល៉ោះ​ហើយ ប្រសិនបើ​ដេមេទ្រាស​និង​ពួក​ជាង​ដែល​នៅ​ជា​មួយ​នឹង​គាត់​មាន​រឿង​ក្ដី​ជា​មួយ​នឹង​អ្នក​ណា​ម្នាក់ នោះ​មាន​ថ្ងៃ​សម្រាប់​វិនិច្ឆ័យ​ក្ដី ហើយ​ក៏​មាន​អភិបាលខេត្ត ដូច្នេះ ចូរ​ឲ្យ​ពួក​គេ​ប្ដឹង​គ្នា​ចុះ។ ៣៩ ក៏​ប៉ុន្តែ ប្រសិនបើ​អ្នក​រាល់​គ្នា​មាន​រឿង​ឯ​ទៀត​ដែល​ចង់​ប្ដឹង នោះ​ត្រូវ​ធ្វើ​ក្នុង​ការ​ប្រជុំដែល​ស្រប​ច្បាប់។ ៤០ ពីព្រោះ​យើង​អាច​ត្រូវ​គេ​ចោទ​ពី​បទ​បំបះបំបោរ​ដោយ​សារ​ការ​នេះ ព្រោះ​គ្មាន​មូលហេតុ​ណា​មួយ​ដែល​យើង​អាច​ប្រាប់​ស្តី​អំពី​ហេតុ​ដែល​មនុស្ស​មក​ប្រជុំ​គ្នា​ឥត​សណ្ដាប់​ធ្នាប់​ដូច្នេះ​ទេ»។ ៤១ លុះ​និយាយ​ការ​ទាំង​នេះ​ចប់​ហើយ គាត់​រំសាយ​អង្គប្រជុំ។

២០ បន្ទាប់​ពី​ភាព​ចលាចល​បាន​ស្ងប់​ស្ងាត់ ប៉ូល​ហៅ​ពួក​អ្នក​កាន់​តាម​មក។ គាត់​លើក​ទឹក​ចិត្ត​និង​លា​ពួក​គាត់ រួច​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេដូន។ ២ បន្ទាប់​ពី​គាត់​ធ្វើ​ដំណើរ​កាត់​តំបន់​នោះ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ពួក​អ្នក​កាន់​តាម​ដែល​នៅ​ទី​នោះ​ដោយ​ពាក្យ​ជា​ច្រើន គាត់​ក៏​ចូល​ស្រុក​ក្រិច។ ៣ ក្រោយ​ពី​គាត់​នៅ​ទី​នោះ​អស់​បី​ខែ​ហើយ ជន​ជាតិ​យូដា​បាន​ឃុបឃិត​គ្នា​ប៉ុនប៉ង​ធ្វើ​បាប​គាត់​កាល​ដែល​គាត់​ហៀបនឹង​ចុះ​ទូក​ចេញ​ដំណើរ​ទៅ​ស្រុក​ស៊ីរី ដូច្នេះ គាត់​សម្រេច​ចិត្ត​ត្រឡប់​ទៅ​វិញ​តាម​ស្រុក​ម៉ាសេដូន។ ៤ អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​នឹង​គាត់​មាន​សូប៉ាទែរ ជា​កូន​ប្រុស​ពីរូស ពី​ក្រុងបេរៀ ក៏​មាន​អារីស្ដាក​និង​សេគុនដុស​ពី​ក្រុង​ថែស្សាឡូនិច កៃយុស​ពី​ក្រុង​ឌើបេ ធីម៉ូថេ ហើយ​មាន​ទីឃីកុស​និង​ត្រូភីម​ពី​តំបន់​អាស៊ី។* ៥ អ្នក​ទាំង​នោះ​បាន​ទៅ​មុន រួច​បាន​រង់​ចាំ​យើង​នៅ​ក្រុង​ត្រូអាស។ ៦ ប៉ុន្តែ​យើង​បាន​ចេញ​ដំណើរ​ពី​ក្រុង​ភីលីព​តាម​ផ្លូវ​ទឹក បន្ទាប់​ពី​បុណ្យ​នំ​ឥត​ដំបែ។ លុះ​ប្រាំ​ថ្ងៃ​ក្រោយ​មក យើង​បាន​មក​ឯ​ពួក​គាត់​នៅ​ក្រុង​ត្រូអាស រួច​យើង​ចំណាយ​ពេល​ប្រាំពីរ​ថ្ងៃ​នៅ​ទី​នោះ។

៧ នៅ​ថ្ងៃ​ដំបូង​នៃ​សប្ដាហ៍ កាល​ដែល​យើង​បាន​ជួប​ជុំ​គ្នា​ដើម្បី​បរិភោគ​អាហារ នោះ​ប៉ូល​ចាប់​ផ្ដើម​ថ្លែង​សុន្ទរកថា​ជូន​ពួក​គាត់​ស្ដាប់ ដោយ​សារ​ថ្ងៃ​ស្អែក​គាត់​នឹង​ចាក​ចេញ ហើយ​គាត់​បន្ត​ថ្លែង​រហូត​ដល់​ពាក់​កណ្ដាល​អធ្រាត្រ។ ៨ ដូច្នេះ មាន​ចង្កៀង​ជា​ច្រើន​នៅ​បន្ទប់​ខាង​លើ​ដែល​យើង​បាន​មក​ជួប​ជុំ​គ្នា។ ៩ មាន​យុវជន​ម្នាក់​ឈ្មោះ​អឺទីកុស​កំពុង​អង្គុយ​នៅ​មាត់​បង្អួច ហើយ​គាត់​លង់​លក់​ទៅ​កាល​ដែល​ប៉ូល​កំពុង​និយាយ​យ៉ាង​យូរ រួច​ធ្លាក់​ពី​ជាន់​ទី​បី​ចុះ​ទៅ​ក្រោម។ កាល​ដែល​លើក​គាត់​ឡើង គេ​ឃើញ​ថា​គាត់​បាន​ស្លាប់​ហើយ។ ១០ ប៉ុន្តែ​ប៉ូល​ចុះ​ទៅ​ក្រោម ហើយ​ទ្រោប​លើ​គាត់ រួច​ឱប​គាត់​ហើយ​និយាយ​ថា៖ «ឈប់​ជ្រួល​ច្របល់ ព្រោះ​ព្រលឹង* គាត់​នៅ​ក្នុង​គាត់​ហើយ»។ ១១ រួច​ប៉ូល​ឡើង​ទៅ​លើ​វិញ ហើយ​កាច់​នំ​ប៉័ង​ចាប់​ផ្ដើម​បរិភោគ។ ក្រោយ​ពី​គាត់​បាន​សន្ទនា​យ៉ាង​យូរ​រហូត​ដល់​ថ្ងៃ​រះ នោះ​គាត់​ក៏​ចាក​ចេញ​ទៅ។ ១២ ដូច្នេះ ពួក​គាត់​យក​យុវជន​នោះ​ទៅ​វិញ ហើយ​ក៏​ធូរ​ស្រាល​ក្នុង​ចិត្ត​ជា​ពន់ពេក។

១៣ ក្រោយ​មក យើង​ចុះ​ទូក​ចេញ​ដំណើរ​ទៅ​ក្រុង​អាសុស ក្នុង​បំណង​ទទួល​ប៉ូល​ក្នុង​ទូក​នៅ​ទី​នោះ ព្រោះ​ក្រោយ​ពី​គាត់​បាន​ផ្ដាំ​ឲ្យ​ធ្វើ​ដូច្នេះ គាត់​សម្រេច​ចិត្ត​ដើរ​ទៅ​កន្លែង​នោះ​វិញ។ ១៤ ម្ល៉ោះ​ហើយ ពេល​ដែល​គាត់​មក​ជួប​ជុំ​យើង​នៅ​ក្រុង​អាសុស យើង​ទទួល​គាត់​ឲ្យ​ចូល​ទូក រួច​ធ្វើ​ដំណើរ​ទៅ​ក្រុង​មីទូលេន។ ១៥ លុះ​ថ្ងៃ​ស្អែក​យើង​ចេញ​ដំណើរ​ពី​ក្រុង​នោះ ទៅ​ដល់​កន្លែង​ទល់​មុខ​កោះ​ឃីយ៉ូស ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់​យើង​បាន​ឈប់​មួយ​ស្របក់​នៅ​កោះ​សាម៉ូស ហើយ​នៅ​ថ្ងៃ​បន្ទាប់​ពី​នោះ​ទៀត​យើង​បាន​ទៅ​ដល់​ក្រុង​មីលេត។ ១៦ ព្រោះ​ប៉ូល​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ហួស​ក្រុង​អេភេសូរ ដើម្បី​កុំ​ឲ្យ​ចំណាយ​ពេល​នៅ​តំបន់​អាស៊ី ព្រោះ​គាត់​កំពុង​ប្រញាប់​ទៅ​ដល់​ក្រុង​យេរូសាឡិម​នៅ​បុណ្យ​ថ្ងៃ​ទី​ហាសិប ប្រសិនបើ​អាច​ទៅ​ទាន់។

១៧ ក៏​ប៉ុន្តែ​នៅ​ក្រុង​មីលេត គាត់​ផ្ញើ​សារ​ទៅ​ក្រុង​អេភេសូរ ដើម្បី​ហៅ​ពួក​បុរស​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​នៅ​ទី​នោះ។ ១៨ កាល​ដែល​ពួក​គាត់​មក​ឯ​ប៉ូល​ហើយ ប៉ូល​និយាយ​ទៅ​ពួក​គាត់​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា តាំង​ពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​ឈាន​ជើង​ចូល​តំបន់​អាស៊ី ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​រហូត ១៩ ខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ដើម្បី​លោក​ម្ចាស់ ដូច​ជា​ខ្ញុំ​បម្រើ​ម្នាក់ ដោយ​ចិត្ត​រាប​ទាប ទាំង​ទឹក​ភ្នែក និង​ដោយ​មាន​ទុក្ខ​លំបាក​ដែល​មក​ពី​គម្រោង​អាក្រក់​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​យូដា ២០ នៅ​ពេល​ដំណាល​គ្នា​នោះ ខ្ញុំ​មិន​បាន​ខាន​ប្រាប់​អ្នក​រាល់​គ្នា​នូវ​អ្វីៗ​ដែល​មាន​ប្រយោជន៍ ក៏​មិន​បាន​ខាន​បង្រៀន​អ្នក​រាល់​គ្នា​ជា​សាធារណៈ និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដែរ។ ២១ ប៉ុន្តែ​ខ្ញុំ​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​ប្រាប់​ពួក​យូដា​និង​ពួក​ក្រិច​ថា ពួក​គេ​ត្រូវ​ប្រែ​ចិត្ត បែរ​មក​គោរព​ប្រណិប័តន៍​ព្រះ ហើយ​មាន​ជំនឿ​លើ​លោក​ម្ចាស់​យេស៊ូ។ ២២ ហើយ​មើល! ដោយ​មាន​ការ​ជំរុញ​ពី​សកម្មពល* របស់​ព្រះ ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម ទោះ​ជា​ខ្ញុំ​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​ដល់​ខ្ញុំ​នៅ​ក្រុង​នោះ​ក៏​ដោយ ២៣ គ្រាន់តែ​ដឹង​ថា​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ សកម្មពល​បរិសុទ្ធ​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា មាន​ចំណង​និង​ទុក្ខ​លំបាក​រង់​ចាំ​ខ្ញុំ។ ២៤ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​មិន​ចាត់​ទុក​ថា​ព្រលឹង* ខ្ញុំ​គឺ​សំខាន់ ឬ​ជា​អ្វី​ដ៏​វិសេស​ចំពោះ​ខ្ញុំ​ទេ ប្រសិនបើ​ខ្ញុំ​គ្រាន់តែ​អាច​រត់​ក្នុង​ការ​ប្រណាំង​នេះ​រហូត​ដល់​ទី​បញ្ចប់ ហើយ​បង្ហើយ​កិច្ច​បម្រើ​ដែល​ខ្ញុំ​បាន​ទទួល​ពី​លោក​ម្ចាស់​យេស៊ូ ពោល​គឺ​ការ​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​ពី​ដំណឹង​ល្អ​ស្តី​អំពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ។

២៥ «ឥឡូវ​មើល! ខ្ញុំ​ដឹង​ថា​អ្នក​ទាំង​អស់​គ្នា ដែល​ជា​អ្នក​ដែល​ខ្ញុំ​បាន​ផ្សព្វ​ផ្សាយ​ប្រាប់​អំពី​រាជាណាចក្រ​របស់​ព្រះ នឹង​មិន​ឃើញ​មុខ​ខ្ញុំ​ទៀត​ឡើយ។ ២៦ ដូច្នេះ នៅ​ថ្ងៃ​នេះ ខ្ញុំ​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​សាក្សី​ថា ខ្ញុំ​គ្មាន​ទោស​ចំពោះ​ឈាម​របស់​មនុស្ស​ណា​ម្នាក់​ទេ ២៧ ព្រោះ​ខ្ញុំ​មិន​បាន​ខាន​ប្រាប់​អ្នក​រាល់​គ្នា​នូវ​ឱវាទ​ណា​មួយ​របស់​ព្រះ​ឡើយ។ ២៨ ចូរ​ប្រយ័ត្ន​ខ្លួន​អ្នក ហើយ​មើល​ការ​ខុស​ត្រូវ​ហ្វូង​ចៀម ដែល​ក្នុង​នោះ​សកម្មពល​បរិសុទ្ធ​បាន​តែង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ ដើម្បី​ឃ្វាល​ក្រុម​ជំនុំ​របស់​ព្រះ ដែល​លោក​បាន​ទិញ​ដោយ​ឈាម​របស់​បុត្រ​លោក។ ២៩ ខ្ញុំ​ដឹង​ថា ក្រោយ​ពី​ខ្ញុំ​ចាក​ចេញ​ទៅ​នឹង​មាន​ឆ្កែ​ចចក​ដ៏​សាហាវ* ចូល​មក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​នឹង​មិន​ប្រព្រឹត្ត​ដោយ​ស្លូតបូត​ចំពោះ​ហ្វូង​ចៀម​ទេ ៣០ ហើយ​ពី​ចំណោម​អ្នក​រាល់​គ្នា​នឹង​មាន​បុរស​ខ្លះ​ក្រោក​ឡើង​និយាយ​បង្ខុស​សេចក្ដី​ពិត ដើម្បី​អូស​ទាញ​ពួក​អ្នក​កាន់​តាម​ឲ្យ​ទៅ​តាម​ខ្លួន​វិញ។

៣១ «ដូច្នេះ ចូរ​ចាំ​យាម​ចុះ ហើយ​ចាំ​ថា ខ្ញុំ​មិន​បាន​ឈប់​ដាស់​តឿន​អ្នក​រាល់​គ្នា​ម្នាក់ៗ​ទាំង​យប់​ទាំង​ថ្ងៃ​អស់​បី​ឆ្នាំ ទាំង​ស្រក់​ទឹក​ភ្នែក។ ៣២ ឥឡូវ ខ្ញុំ​ផ្ទុក​ផ្ដាក់​អ្នក​រាល់​គ្នា​នឹង​ព្រះ​និង​បណ្ដាំ​ស្តី​អំពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក ជា​បណ្ដាំ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាំ​មួន​ឡើង ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​មត៌ក​ជា​មួយ​នឹង​អស់​អ្នក​ដែលបាន​ត្រូវ​ញែក​ជា​បរិសុទ្ធ។ ៣៣ ខ្ញុំ​មិន​ដែល​ប៉ង​ប្រាថ្នា​ចង់​បាន​ប្រាក់ ឬ​មាស ឬ​សម្លៀក​បំពាក់​របស់​អ្នក​ណា​ម្នាក់​ទេ។ ៣៤ អ្នក​រាល់​គ្នា​ដឹង​ថា ដៃ​របស់​ខ្ញុំ​នេះ បាន​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ​និង​របស់​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ។ ៣៥ ក្នុង​ការ​ទាំង​អស់ ខ្ញុំ​បាន​បង្ហាញ​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​ត្រូវ​ជួយ​អ្នក​ដែល​ខ្សោយ​ដោយ​ខំ​ប្រឹង​ធ្វើ​ការ​នឿយ​ហត់​ដូច្នេះ​ដែរ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ចាំ​ប្រសាសន៍​របស់​លោក​ម្ចាស់​យេស៊ូ​ដែល​ថា៖ ‹ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល›»។

៣៦ លុះ​និយាយ​ការ​ទាំង​នេះ​ចប់​ហើយ គាត់​ក៏​លុត​ជង្គង់​ជា​មួយ​នឹង​ពួក​គាត់ រួច​អធិដ្ឋាន។ ៣៧ បន្ទាប់​មក ពួក​គាត់​ទាំង​អស់​គ្នា​ហូរ​ទឹក​ភ្នែក ថែម​ទាំង​ឱប​ប៉ូល​និង​ថើប​គាត់​ថ្នមៗ ៣៨ ពីព្រោះ​ពួក​គាត់​ព្រួយ​ចិត្ត​ជា​ខ្លាំង កាល​ដែល​ប៉ូល​និយាយ​ថា​ពួក​គាត់​នឹង​លែង​ឃើញ​មុខ​គាត់​ទៀត។ ដូច្នេះ ពួក​គាត់​ជូន​ដំណើរ​ប៉ូល​ទៅ​ចុះ​ទូក។

២១ ក្រោយ​ពី​យើង​បាន​បង្ខំ​ខ្លួន​ចាក​ចេញ​ពី​ពួក​គាត់ យើង​បាន​ចេញ​សំពៅ​តម្រង់​ទៅ​កោះ​កូស តែ​នៅ​ថ្ងៃ​ស្អែក​បាន​ទៅ​ដល់​កោះ​រ៉ូដ រួច​ចេញ​ពី​នោះ​ទៅ​ដល់​កំពង់​ផែ​ប៉ាតារ៉ា។ ២ លុះ​បាន​រក​ឃើញ​សំពៅ​មួយ​ដែល​នឹង​ឆ្លង​ទៅ​ស្រុក​ភេនីស៊ី យើង​ឡើង​ចេញ​ដំណើរ​ទៅ។ ៣ ក្រោយ​មក យើង​ឃើញ​កោះ​គីប្រុស​នៅ​ខាង​ឆ្វេង​ដៃ តែ​បាន​ធ្វើ​ដំណើរ​បង្ហួស​ទៅ​ខេត្ត​ស៊ីរី រួច​បាន​ចត​នៅ​ក្រុង​ទីរ៉ុស ព្រោះ​ជា​កន្លែង​ដែល​ត្រូវ​រើ​ទំនិញ​ចេញ​ពី​សំពៅ។ ៤ យើង​បាន​រក​ឃើញ​ពួក​អ្នក​កាន់​តាម​នៅ​ទី​នោះ រួច​បាន​ស្នាក់​នៅ​អស់​ប្រាំពីរ​ថ្ងៃ។ តែ​ដោយ​សកម្មពល* របស់​ព្រះ ពួក​គាត់​បាន​ប្រាប់​ប៉ូល​ម្ដង​ហើយ​ម្ដង​ទៀត​ថា កុំ​ចូល​ក្រុង​យេរូសាឡិម​ឲ្យ​សោះ។ ៥ លុះ​ផុត​ថ្ងៃ​ទាំង​នោះ​ហើយ យើង​បាន​ចេញ​ដំណើរ​ទៅ ប៉ុន្តែ​ពួក​គាត់​ទាំង​អស់​គ្នា​ទាំង​ស្ត្រី​ទាំង​កូន​ក្មេង បាន​ជូន​ដំណើរ​យើង​រហូត​ដល់​ក្រៅ​ក្រុង។ រួច​នៅ​លើ​ឆ្នេរ​សមុទ្រ យើង​បាន​លុត​ជង្គង់​អធិដ្ឋាន ៦ ហើយ​បាន​លា​គ្នា​ទៅ​វិញ​ទៅ​មក។ បន្ទាប់​មក យើង​បាន​ឡើង​សំពៅ ប៉ុន្តែ​ពួក​គាត់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ។

៧ រួច​យើង​ចេញ​សំពៅ​ពី​ក្រុង​ទីរ៉ុស​ទៅ​ក្រុង​ផ្ទលេមេ។ នៅ​ទី​នោះ​យើង​សួរ​សុខទុក្ខ​បង​ប្អូន ហើយ​នៅ​ជា​មួយ​នឹង​ពួក​គាត់​មួយ​ថ្ងៃ។ ៨ លុះ​ស្អែក​ឡើង យើង​ចេញ​ដំណើរ​ទៅ​ដល់​ក្រុង​សេសារៀ ហើយ​ចូល​ផ្ទះ​ភីលីព ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ហើយ​ជា​បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​ប្រាំពីរ​នាក់​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ រួច​យើង​បាន​ស្នាក់​នៅ​ជា​មួយ​នឹង​គាត់។ ៩ បុរស​នេះ​មាន​កូនក្រមុំ​បួន​នាក់ ហើយ​ពួក​នាង​ជា​អ្នក​ប្រកាស​ទំនាយ។ ១០ ប៉ុន្តែ កាល​ដែល​យើង​បាន​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ អ្នក​ប្រកាស​ទំនាយ​ម្នាក់​ឈ្មោះ​អាហ្គាប៊ូស​បាន​ចុះ​ពី​តំបន់​យូឌា។ ១១ គាត់​មក​ឯ​យើង ហើយ​យក​ខ្សែ​ក្រវាត់​របស់​ប៉ូល​មក​ចង​ដៃ​និង​ជើង​ខ្លួន រួច​និយាយ​ថា៖ «សកម្មពល​បរិសុទ្ធ​ចែង​ដូច្នេះ​ថា៖ ‹បុរស​ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​នេះ នឹង​ត្រូវ​ជន​ជាតិ​យូដា​ចង​យ៉ាង​នេះ​នៅ​ក្រុង​យេរូសាឡិម រួច​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ជន​ជាតិ​ដទៃ›»។ ១២ ឮ​ដូច្នេះ យើង​និង​ពួក​អ្នក​ដែល​នៅ​ទី​នោះ​ចាប់​ផ្ដើម​អង្វរ​សុំ​ប៉ូល កុំ​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូសាឡិម។ ១៣ ប៉ូល​តប​ថា៖ «ហេតុ​អ្វី​អ្នក​រាល់​គ្នា​យំ​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ដូច្នេះ? ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ហើយ មិន​ត្រឹម​តែ​ឲ្យ​គេច​ង​ប៉ុណ្ណោះ​ទេ តែ​ក៏​សុខ​ចិត្ត​ស្លាប់​នៅ​ក្រុង​យេរូសាឡិម​ដើម្បី​នាម​លោក​ម្ចាស់​យេស៊ូ»។ ១៤ ពេល​យើង​ឃើញ​ថា​មិន​អាច​ឃាត់​គាត់​បាន នោះ​យើង​យល់​ព្រម​ដោយ​និយាយ​ថា៖ «សូម​ឲ្យ​បំណងប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​បាន​សម្រេច»។

១៥ លុះ​ផុត​ថ្ងៃ​ទាំង​នោះ​ហើយ យើង​បាន​រៀប​ចំ​ធ្វើ​ដំណើរ រួច​បាន​ចាប់​ផ្ដើម​ឡើង​ទៅ​ក្រុង​យេរូសាឡិម។ ១៦ ប៉ុន្តែ អ្នក​កាន់​តាម​ខ្លះ​ពី​ក្រុង​សេសារៀ​ក៏​បាន​ទៅ​ជា​មួយ​នឹង​យើង​ដែរ ដើម្បី​នាំ​យើង​ទៅ​ឯ​បុរស​ដែល​នឹង​ទទួល​យើង​ស្នាក់​នៅ​ផ្ទះ​របស់​គាត់ ពោល​គឺ​ម្នេសុន​ពី​កោះ​គីប្រុស ដែល​ជា​អ្នក​កាន់​តាម​ម្នាក់​ពី​ដើម​ដំបូង។ ១៧ លុះ​ទៅ​ដល់​ក្រុង​យេរូសាឡិម​ហើយ បង​ប្អូន​បាន​ទទួល​យើង​ដោយ​អំណរ។ ១៨ ប៉ុន្តែ​ថ្ងៃ​ស្អែក​ឡើង ប៉ូល​បាន​ចូល​ទៅ​ជា​មួយ​នឹង​យើង​ដើម្បី​ជួប​យ៉ាកុប ហើយ​បុរស​ចាស់​ទុំ​ទាំង​អស់​ក៏​នៅ​ទី​នោះ​ដែរ។ ១៩ គាត់​ក៏​សួរ​សុខទុក្ខ​ពួក​គាត់ ហើយ​រៀប​រាប់​ប្រាប់​យ៉ាង​ល្អិត​ល្អន់​អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ​បាន​ធ្វើ​ក្នុង​ចំណោម​ប្រជាជាតិ​នានា តាម​រយៈ​កិច្ច​បម្រើ​របស់​គាត់។

២០ ក្រោយ​ពី​បាន​ឮ​ការ​ទាំង​នោះ ពួក​គាត់​ចាប់​ផ្ដើម​សរសើរ​តម្កើង​ព្រះ ក៏​បាន​និយាយ​ទៅ​គាត់​ថា៖ «បង​ប្រុស​អើយ អ្នក​ឃើញ​ទេ​ថា មាន​អ្នក​ជឿ​រាប់​ពាន់នាក់ក្នុង​ចំណោម​ជន​ជាតិ​យូដា ហើយ​ពួក​គាត់​ទាំង​អស់​គ្នា​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​ការ​កាន់​តាម​ច្បាប់។* ២១ ប៉ុន្តែ​ពួក​គាត់​បាន​ឮ​គេ​និយាយ​អំពី​អ្នក​ថា អ្នក​បង្រៀន​ជន​ជាតិ​យូដា​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​នានា​នូវ​អ្វី​ដែល​ប្រឆាំង​ច្បាប់​ម៉ូសេ ដែល​ជា​ការ​ក្បត់​ជំនឿ ដោយ​ហាម​ពួក​គាត់​មិន​ឲ្យ​កាត់​ចុង​ស្បែក* កូន ឬ​កាន់​តាម​ទំនៀមម្លាប់​ដែល​បាន​ត្រូវ​កំណត់។ ២២ ដូច្នេះ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ទៅ? ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​គាត់​នឹង​ឮ​ថា​អ្នក​បាន​មក​ដល់។ ២៣ ហេតុ​នេះ សូម​អ្នក​ធ្វើ​តាម​ពាក្យ​យើង​នេះ៖ យើង​មាន​បុរស​បួន​នាក់​ដែល​ជាប់​សម្បថ។ ២៤ ចូរ​យក​បុរស​ទាំង​នេះ​ទៅ​ជា​មួយ​នឹង​អ្នក ហើយ​សម្អាត​ខ្លួន​ឲ្យ​បរិសុទ្ធ​តាម​ច្បាប់​ជា​មួយ​នឹង​ពួក​គេ ព្រម​ទាំង​ចេញ​ថ្លៃ​ឲ្យ​ពួក​គេ​កោរ​សក់​ផង។ យ៉ាង​នេះ មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា​ពាក្យ​ចចាមអារ៉ាម​ដែល​ពួក​គេ​បាន​ឮ​អំពី​អ្នក​គឺ​មិន​ពិត​ទេ តែ​នឹង​ដឹង​ថា​អ្នក​ប្រព្រឹត្ត​អំពើ​ល្អ ដោយ​កាន់​តាម​ច្បាប់​ដែរ។ ២៥ ចំណែក​ពួក​អ្នក​ជឿ​ពី​ចំណោម​ប្រជាជាតិ​នានា​វិញ យើង​បាន​ផ្ដាំផ្ញើ​ពួក​គាត់​អំពី​សេចក្ដី​សម្រេច​របស់​យើង គឺ​ឲ្យ​ពួក​គាត់​ជៀស​វាង​ពី​អ្វី​ដែល​គេ​បាន​បូជា​ចំពោះ​រូប​ព្រះ ថែម​ទាំង​ជៀស​វាង​ពី​ឈាម សត្វ​ដែល​គេ​បាន​សម្លាប់​ដោយ​ច្របាច់ក និង​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ»។*

២៦ លុះ​ស្អែក​ឡើង ប៉ូល​បាន​យក​បុរស​ទាំង​នោះ​ទៅ​ជា​មួយ ក៏​បាន​សម្អាត​ខ្លួន​ឲ្យ​បរិសុទ្ធ​តាម​ច្បាប់​ជា​មួយ​នឹង​ពួក​គាត់ រួច​គាត់​ចូល​ក្នុង​វិហារ​ដើម្បី​ប្រាប់​ឲ្យ​ដឹង​ថា​ចំនួន​ថ្ងៃ​សម្រាប់​ការ​សម្អាត​ខ្លួន​ជា​បរិសុទ្ធ​នោះ​នឹង​ចប់​ពេល​ណា ហើយ​ប្រាប់​ពី​ពេល​ណា​ដែល​ត្រូវ​ជូន​គ្រឿង​បូជា​សម្រាប់​ពួក​គាត់​ម្នាក់ៗ។

២៧ ពេល​ដែល​ប្រាំពីរ​ថ្ងៃ​នោះ​ជិត​ចប់​ហើយ ជន​ជាតិ​យូដា​ពី​តំបន់​អាស៊ី* ឃើញ​ប៉ូល​ក្នុង​វិហារ ក៏​ធ្វើ​ឲ្យ​បណ្ដា​ជន​ជ្រួល​ច្របល់ រួច​ពួក​គេ​ចាប់​គាត់ ២៨ ដោយ​ស្រែក​ថា៖ «ជន​ជាតិ​អ៊ីស្រាអែល​អើយ! សូម​ជួយ​ផង! គឺ​បុរស​នេះ​ឯង​ដែល​បង្រៀន​មនុស្ស​ទាំង​អស់​នៅ​គ្រប់​កន្លែង​ឲ្យ​ប្រឆាំង​ជាតិ​យើង ប្រឆាំង​ច្បាប់ និង​ប្រឆាំង​កន្លែង​នេះ ហើយ​គាត់​ថែម​ទាំង​យក​ពួក​ក្រិច​ចូល​ក្នុង​វិហារ​នាំ​ឲ្យ​កន្លែង​បរិសុទ្ធ​នេះ​ទៅ​ជា​ស្មោកគ្រោក​វិញ»។ ២៩ ព្រោះ​ពី​មុន​ពួក​គេ​បាន​ឃើញ​ត្រូភីម​ពី​ក្រុង​អេភេសូរនៅ​ជា​មួយ​នឹង​ប៉ូល​ក្នុង​ក្រុង ប៉ុន្តែ​ពួក​គេ​នឹក​ស្មានថា​ប៉ូល​បាន​នាំ​គាត់​ចូល​ក្នុង​វិហារ។ ៣០ រួច​មក ក្រុង​ទាំង​មូល​បាន​ជ្រួល​ច្របល់ ហើយ​បណ្ដា​ជន​បាន​រត់​មក​ជុំ​គ្នា​នៅ​វិហារ រួច​ចាប់​ប៉ូល​អូស​ទៅ​ក្រៅ​វិហារ។ ភ្លាម​នោះ គេ​បិទ​ទ្វារ​វិហារ។ ៣១ កាល​ដែល​ពួក​គេ​កំពុង​ប៉ុនប៉ង​សម្លាប់​គាត់ មេ​បញ្ជាការ​កង​ទ័ព​បាន​ទទួល​ដំណឹង​ថា​ក្រុង​យេរូសាឡិម​ទាំង​មូល​កំពុង​ច្របូកច្របល់។ ៣២ គាត់​យក​កូន​ទាហាន​និង​នាយ​ទាហាន​ខ្លះ រួច​រត់​ចុះ​ទៅ​ឯ​ពួក​គេ​ភ្លាម។ កាល​ដែល​ពួក​គេ​ក្រឡេក​ទៅ​ឃើញ​មេ​បញ្ជាការ​កង​ទ័ព​និង​ពួក​ទាហាន នោះ​ពួក​គេ​ក៏​ឈប់​វាយ​ប៉ូល។

៣៣ បន្ទាប់​មក មេ​បញ្ជាការ​នោះ​ចូល​មក​ជិត ចាប់​ប៉ូល រួច​បង្គាប់​ឲ្យ​យក​ច្រវាក់​ពីរ​មក​ចង​គាត់។ ក្រោយ​មក គាត់​ចាប់​ផ្ដើម​សួរ​ឲ្យ​ដឹង​ថា​គាត់​ជា​អ្នក​ណា ហើយ​បាន​ធ្វើ​អ្វី។ ៣៤ ប៉ុន្តែ​អ្នក​ខ្លះ​ក្នុង​បណ្ដា​ជន​ចាប់​ផ្ដើម​ស្រែក​យ៉ាង​នេះ អ្នក​ខ្លះ​ទៀត​ស្រែក​យ៉ាង​នោះ។ ដូច្នេះ ដោយ​មិន​អាច​ទទួល​ព័ត៌មាន​ច្បាស់​លាស់ ដោយ​សារ​មាន​ភាព​ចលាចល នោះ​គាត់​បង្គាប់​ឲ្យ​យក​ប៉ូល​ទៅ​ប៉ុស្តិ៍​ទាហាន។ ៣៥ ប៉ុន្តែ​ក្រោយ​ពី​គាត់​នៅ​លើ​ជណ្ដើរ​ហើយ បណ្ដា​ជន​ចាប់​ផ្ដើម​បញ្ចេញ​អាការ​ឃោរឃៅ​ដល់​ម្ល៉េះ​បាន​ជា​ពួក​ទាហាន​ត្រូវ​គ្រាហ៍​លើក​យក​គាត់​ឡើង​ទៅ​លើ ៣៦ ព្រោះ​បណ្ដា​ជន​ទាំង​មូល​ចេះ​តែ​ទៅ​តាម​ដោយ​ស្រែក​ឡើង​ថា៖ «សម្លាប់​អ្នក​នោះ​ចោល​ទៅ!»។

៣៧ កាល​ដែល​គេ​ហៀបនឹង​នាំ​គាត់​ចូល​ប៉ុស្តិ៍​ទាហាន ប៉ូល​និយាយ​ទៅ​មេ​បញ្ជាការ​ថា៖ «តើ​ខ្ញុំ​អាច​និយាយ​ជា​មួយ​នឹង​លោក​បន្ដិច​បាន​ទេ?» មេ​បញ្ជាការ​និយាយ​ថា៖ «តើ​អ្នក​ចេះ​និយាយ​ភាសា​ក្រិច​ទេ? ៣៨ តើ​អ្នក​មិន​មែន​ជា​ជន​ជាតិ​អេស៊ីប​ដែល​បាន​បំបះបំបោរ​បណ្ដា​ជន ហើយ​នាំ​បុរស​បួន​ពាន់​នាក់​ប្រដាប់​ដោយ​កាំបិត​ស្នៀត​ចេញ​ទៅ​តំបន់​ស្ងាត់​ជ្រងំ​ទេ​ឬ?»។ ៣៩ ប៉ូល​និយាយ​ថា៖ «ខ្ញុំ​ជា​ជន​ជាតិ​យូដា ពី​ក្រុង​តើសុស​នៅ​ស្រុក​ស៊ីលីស៊ី ជា​ពល​រដ្ឋ​នៃ​ក្រុង​ដ៏​ល្បី​ឈ្មោះ។ ដូច្នេះ ខ្ញុំ​សូម​អង្វរ​លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​បណ្ដា​ជន»។ ៤០ បន្ទាប់​ពី​ទទួល​ការ​អនុញ្ញាត​ពី​មេ​បញ្ជាការ នោះ​ប៉ូល​ឈរ​លើ​ជណ្ដើរ​លើក​ដៃ​ធ្វើ​សញ្ញា​ទៅ​បណ្ដា​ជន។ ពួក​គេ​ក៏​ស្ងាត់​ច្រៀប​ទៅ រួច​គាត់​និយាយ​ភាសា​ហេប្រឺ​ទៅ​កាន់​ពួក​គេ​ថា៖

២២ «បង​ប្អូន​និង​ឪពុក​អើយ សូម​ស្ដាប់​ខ្ញុំ​ពន្យល់​សិន»។ ២ (កាល​ដែល​ឮ​គាត់​និយាយ​ភាសា​ហេប្រឺ​ទៅ​ពួក​គេ នោះ​ពួក​គេ​ក៏​រឹត​តែ​ស្ងៀម​ទៅ រួច​គាត់​និយាយ​ថា៖) ៣ «ខ្ញុំ​ជា​ជន​ជាតិ​យូដា។ ខ្ញុំ​កើត​នៅ​ក្រុង​តើសុស​នៅ​ខេត្ត​ស៊ីលីស៊ី តែ​បាន​ត្រូវ​អប់រំ​នៅ​ក្រុង​នេះ​ដោយ​កាម៉េលាល​ផ្ទាល់ ហើយ​បាន​ត្រូវ​បង្រៀន​ឲ្យ​កាន់​តាម​ច្បាប់* នៃ​ពួក​បុព្វបុរស​យើង​យ៉ាង​ហ្មត់​ចត់ ក៏​ខ្នះខ្នែង​ក្នុង​កិច្ច​បម្រើ​ព្រះ​ដូច​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ​ដែរ។ ៤ ខ្ញុំ​បាន​បៀតបៀន​អស់​អ្នក​ដែល​កាន់​តាម​ផ្លូវ​លោកម្ចាស់ រហូត​ដល់​បញ្ជូន​ទៅ​ឲ្យ​គេ​សម្លាប់​ទៀត ដោយ​ចង​ទាំង​ប្រុស​ទាំង​ស្រី រួច​ប្រគល់​ឲ្យ​គេ​ដាក់​គុក ៥ ហើយ​សម្ដេច​សង្ឃ​និង​អង្គប្រជុំ​ពួក​បុរស​ចាស់​ទុំ​ទាំង​ឡាយ​ជា​សាក្សី។ ខ្ញុំក៏បាន​សុំ​សំបុត្រ​ពី​ពួក​គេ ដើម្បី​យក​ទៅ​ឲ្យ​បង​ប្អូន​យើង​នៅ​ក្រុង​ដា​ម៉ា​ស រួច​ខ្ញុំ​ចេញ​ដំណើរ​ទៅ​ទី​នោះ​ដើម្បី​យក​អស់​អ្នក​ដែល​កាន់​តាម​ផ្លូវ​លោក​ម្ចាស់​មក​ក្រុង​យេរូសាឡិម​ទាំង​ជាប់​ចំណង ដើម្បី​ឲ្យ​គេ​ដាក់​ទោស។

៦ «ប៉ុន្តែ​ប្រហែលជា​ថ្ងៃ​ត្រង់ កាល​ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស​ហើយ ស្រាប់​តែ​មាន​ពន្លឺ​ភ្លឺ​យ៉ាង​ខ្លាំង​ពី​លើ​មេឃ​ចាំង​ជុំ​វិញ​ខ្ញុំ ៧ រួច​ខ្ញុំ​ដួល​ដល់​ដី​ហើយ​ឮ​សំឡេង​មួយ​បន្លឺ​មក​ខ្ញុំ​ថា៖ ‹សុល សុល ហេតុ​អ្វី​អ្នក​បៀតបៀន​ខ្ញុំ?›។ ៨ ខ្ញុំ​ឆ្លើយ​ថា៖ ‹តើ​លោក​ម្ចាស់​ជា​អ្នក​ណា?› លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖ ‹ខ្ញុំ​គឺ​យេស៊ូ ពី​ក្រុង​ណាសារ៉ែត ដែល​អ្នក​កំពុង​បៀតបៀន›។ ៩ ឯ​បុរស​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ​បាន​ឃើញ​ពន្លឺ​នោះ តែ​មិន​បាន​ឮ* សំឡេង​របស់​លោក​ដែល​មាន​ប្រសាសន៍​មក​ខ្ញុំ​ទេ។ ១០ បន្ទាប់​មក ខ្ញុំ​និយាយ​ថា៖ ‹លោក​ម្ចាស់ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា?› លោក​ម្ចាស់​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖ ‹ចូរ​ក្រោក​ឡើង​ហើយ​ចូល​ក្រុង​ដា​ម៉ា​ស​ចុះ។ នៅ​ទី​នោះ​អ្នក​នឹង​ទទួល​ដំណឹង​អំពី​ការ​ទាំង​អស់​ដែល​តម្រូវ​ឲ្យ​អ្នក​ធ្វើ›។ ១១ ប៉ុន្តែ​ខ្ញុំ​មិន​អាច​មើល​ឃើញ​អ្វី​សោះ​ដោយ​សារភាពរុង​រឿង​នៃ​ពន្លឺ​នោះ ដូច្នេះ ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ​បាន​ដឹក​ដៃ​ខ្ញុំ​ទៅ​ដល់​ក្រុង​ដាម៉ាស។

១២ «មាន​បុរស​ម្នាក់​ឈ្មោះ​អាណានាស ជា​អ្នក​កោត​ខ្លាច​ព្រះ​សម​ស្រប​តាម​ច្បាប់ ហើយ​ជន​ជាតិ​យូដា​ទាំង​អស់​ដែល​អាស្រ័យ​នៅ​ទី​នោះ​តែង​និយាយ​ល្អ​អំពី​គាត់។ ១៣ គាត់​មក​ឈរ​ជិត​ខ្ញុំ​ហើយ​និយាយ​ថា៖ ‹សុល បង​ប្រុស​អើយ មើល​ឃើញ​ឡើង​វិញ​ចុះ!› ហើយ​រំពេច​នោះ​ខ្ញុំ​ងើប​ភ្នែក​ឡើង​ឃើញ​គាត់។ ១៤ គាត់​និយាយ​ថា៖ ‹ព្រះ​នៃ​ពួក​បុព្វបុរស​របស់​យើង​បាន​ជ្រើស​រើស​អ្នក​ឲ្យ​ស្គាល់​បំណងប្រាថ្នា​របស់​លោក​និង​ឲ្យ​ឃើញ​លោក​ដែល​ជា​អ្នក​សុចរិត ថែម​ទាំង​ឲ្យ​ឮ​សំឡេង​របស់​លោក ១៥ ព្រោះ​អ្នក​ត្រូវ​ធ្វើ​ជា​សាក្សី​របស់​លោក ដោយ​បញ្ជាក់​ប្រាប់​មនុស្ស​ទាំង​អស់​អំពី​អ្វី​ដែល​អ្នក​បាន​ឃើញ​និង​ឮ។ ១៦ ឥឡូវ ហេតុ​អ្វី​បាន​ជា​អ្នក​កំពុង​បង្អង់​ដូច្នេះ? ចូរ​ក្រោក​ឡើង ទៅ​ទទួល​ការ​ជ្រមុជ​ទឹក* ហើយ​លាង​ការ​ខុស​ឆ្គង​របស់​អ្នក​ដោយ​ហៅ​រក​នាម​របស់​លោក›។

១៧ «ក្រោយ​ពី​ខ្ញុំ​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម ហើយ​កំពុង​អធិដ្ឋាន​ក្នុង​វិហារ នោះ​អ្វី​មួយ​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ក្នុង​គំនិត ១៨ ខ្ញុំ​ឃើញ​លោក​ម្ចាស់​កំពុង​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖ ‹ចូរ​ប្រញាប់​ចេញ​ពី​ក្រុង​យេរូសាឡិម​ភ្លាម ពីព្រោះពួក​គេ​នឹង​មិន​ព្រម​ទទួល​ការ​បញ្ជាក់​របស់​អ្នក​អំពី​ខ្ញុំ​ទេ›។ ១៩ ខ្ញុំ​និយាយ​ថា៖ ‹លោក​ម្ចាស់ ពួក​គេ​ដឹង​ច្បាស់​ថា ខ្ញុំ​ធ្លាប់​ចាប់​ពួក​អ្នក​ដែល​ជឿ​លើ​លោក ពី​សាលា​ប្រជុំ​មួយ​ទៅ​សាលា​ប្រជុំ​មួយ រួច​បញ្ជូន​ទៅ​ឲ្យ​គេ​ដាក់​គុក ក៏​ធ្លាប់​វាយ​ពួក​គេ​នឹង​រំពាត់ ២០ ហើយ​ពេល​ដែល​គេ​កំពុង​កម្ចាយ​ឈាម​របស់​ស្ទេផាន​ដែល​ជា​សាក្សី​របស់​លោក នោះ​រូប​ខ្ញុំ​កំពុង​ឈរ​នៅ​ក្បែរ​ក៏​បាន​យល់​ព្រម​នឹង​ការ​នោះ ហើយ​ខ្ញុំ​បាន​ជួយ​មើល​សម្លៀក​បំពាក់​ក្រៅ​របស់​ពួក​អ្នក​ដែល​កំពុង​សម្លាប់​គាត់›។ ២១ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖ ‹ចូរ​ចេញ​ទៅ​ចុះ ពីព្រោះ​ខ្ញុំ​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​ប្រជាជាតិ​ដែល​នៅ​ឆ្ងាយៗ›»។

២២ ពួក​គេ​បាន​ស្ដាប់​ប៉ូល​និយាយ​មក​ដល់​ត្រឹម​នេះ រួច​ក៏​ស្រែក​ឡើង​ថា៖ «កម្ចាត់​មនុស្ស​បែប​នេះ​ចេញ​ពី​ផែនដី​ទៅ! ព្រោះ​អ្នក​នោះ​មិន​សម​នឹង​រស់​ទេ!»។ ២៣ ម្ល៉ោះ​ហើយ ដោយ​សារ​ពួក​គេ​កំពុង​ស្រែក បោះ​សម្លៀក​បំពាក់​ក្រៅ​របស់​ខ្លួន ហើយ​បាច​ធូលី​ដី​ឡើង​លើ ២៤ នោះ​មេ​បញ្ជាការ​បង្គាប់​ឲ្យ​យក​ប៉ូល​ចូល​ប៉ុស្តិ៍​ទាហាន រួច​វាយ​នឹង​រំពាត់​ខ្សែតី​សួរ​ចម្លើយ ដើម្បី​អាច​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​ពួក​គេ​កំពុង​ស្រែក​ប្រឆាំង​គាត់​ដូច្នេះ។ ២៥ ប៉ុន្តែ​ក្រោយ​ពី​ពួក​គេ​បាន​ចង​សន្ធឹង​គាត់​ដើម្បី​វាយ ប៉ូល​និយាយ​ទៅ​នាយ​ទាហាន​ដែល​ឈរ​នៅ​ទី​នោះ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​ច្បាប់​វាយ​បុរស​ម្នាក់​ដែល​ជា​ពល​រដ្ឋ​រ៉ូម ហើយ​មិន​ទាន់​ត្រូវ​គេ​វិនិច្ឆ័យ​ទោស​ឬ​ទេ?»។ ២៦ ពេល​ដែល​នាយ​ទាហាន​ឮ​ដូច្នេះ គាត់​ទៅ​រាយ​ការណ៍​ប្រាប់​មេ​បញ្ជាការ​ថា៖ «តើ​លោក​បម្រុង​នឹង​ធ្វើ​អ្វី? បុរស​នេះ​ជា​ពល​រដ្ឋ​រ៉ូម​ទេតើ»។ ២៧ ដូច្នេះ មេ​បញ្ជាការ​បាន​ចូល​ទៅ​ជិត​ប៉ូល​ហើយ​និយាយ​ថា៖ «ប្រាប់​ខ្ញុំ​មក តើ​អ្នក​ជា​ពល​រដ្ឋ​រ៉ូម​ឬ?» គាត់​ឆ្លើយ​ថា៖ «បាទ»។ ២៨ មេ​បញ្ជាការ​តប​ថា៖ «ខ្ញុំ​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​ដើម្បី​ចូល​សញ្ជាតិ​រ៉ូម»។ ប៉ូល​និយាយ​ថា៖ «តែ​ខ្ញុំ​បាន​កើត​មក​ជា​សញ្ជាតិ​រ៉ូម​តែ​ម្ដង»។

២៩ ដូច្នេះ ពួក​អ្នក​ដែល​បម្រុង​នឹង​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ​បាន​ថយ​ចេញ​ពី​គាត់​ភ្លាម ហើយ​កាល​ដែល​ដឹង​ថា​ប៉ូល​ជា​ពល​រដ្ឋ​រ៉ូម នោះ​មេ​បញ្ជាការ​ក៏​តាំង​ភ័យ​ខ្លាច ព្រោះ​បាន​ចង​គាត់។

៣០ លុះ​ស្អែក​ឡើង មេ​បញ្ជាការ​ចង់​ដឹង​ប្រាកដ​ពី​មូលហេតុ​ដែល​ជន​ជាតិ​យូដា​កំពុង​ចោទ​ប្រកាន់​ប៉ូល ដូច្នេះ គាត់​ស្រាយ​ចំណង​ប៉ូល រួច​បង្គាប់​ឲ្យ​ពួក​សង្ឃនាយក​និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​មូល​មក​ជួប​ជុំ​គ្នា។ បន្ទាប់​មក គាត់​នាំ​ប៉ូល​ចុះ​មក​ឲ្យ​ឈរ​ក្នុង​ចំណោម​ពួក​គេ។

២៣ ប៉ូល​សម្លឹង​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ហើយ​និយាយ​ថា៖ «បង​ប្អូន​អើយ រហូត​មក​ដល់​ថ្ងៃ​នេះ ចិត្ត​ខ្ញុំ​វិនិច្ឆ័យ​ថា នៅ​ចំពោះ​ព្រះ ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អ្វី​គួរ​នឹង​ទទួល​ទោស​ឡើយ»។ ២ ឮ​ដូច្នេះ អាណានាស​ដែល​ជាស​ម្ដេច​សង្ឃ​បង្គាប់​ពួក​អ្នក​ដែល​ឈរ​ជិត​ប៉ូល​ឲ្យ​វាយ​មាត់​គាត់។ ៣ នោះ​ប៉ូល​និយាយ​ទៅ​គាត់​ថា៖ «មនុស្ស​លាក់​ពុត!* ព្រះ​នឹង​វាយ​អ្នក​ដែរ។ តើ​អ្នក​មក​ដើម្បី​វិនិច្ឆ័យ​ទោស​ខ្ញុំ​ស្រប​តាម​ច្បាប់* តែ​ខ្លួន​អ្នក​បែរ​ជា​បំពាន​ច្បាប់​ដោយ​បង្គាប់​គេ​ឲ្យ​វាយ​ខ្ញុំ​ឬ?»។ ៤ ពួក​អ្នក​ដែល​ឈរ​នៅ​ក្បែរ​និយាយ​ថា៖ «តើ​អ្នក​ហ៊ាន​ជេរ​ប្រមាថ​សម្ដេច​សង្ឃ​របស់​ព្រះ​ឬ?»។ ៥ ប៉ូល​និយាយ​ថា៖ «បង​ប្អូន​អើយ ខ្ញុំ​មិន​បាន​ដឹង​ថា​គាត់​ជាស​ម្ដេច​សង្ឃ​ទេ។ ព្រោះ​បទ​គម្ពីរ​ចែង​ថា៖ ‹អ្នក​មិន​ត្រូវ​និយាយ​អាក្រក់​អំពី​អ្នក​គ្រប់​គ្រង​ជាតិ​អ្នក​ឡើយ›»។

៦ ពេល​ដែល​ប៉ូល​កត់​សម្គាល់​ថា​ពាក់​កណ្ដាល​នៃ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ជា​ពួក​សាឌូស៊ី ហើយ​ពាក់​កណ្ដាល​ទៀត​ជា​ពួក​ផារិស៊ី នោះ​គាត់​បន្លឺ​សំឡេង​ប្រាប់​ពួក​គេ​ថា៖ «បង​ប្អូន​អើយ ខ្ញុំ​ជា​ផារិស៊ី ក៏​ជា​កូន​ពួក​ផារិស៊ី​ដែរ។ គេ​កំពុង​វិនិច្ឆ័យ​ខ្ញុំ ដោយ​សារ​ខ្ញុំ​ជឿ​លើ​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ»។ ៧ ដោយ​សារ​គាត់​និយាយ​ដូច្នេះ ពួក​ផារិស៊ី​និង​ពួក​សាឌូស៊ី​ចាប់​ផ្ដើម​ទាស់​ទែង​គ្នា ហើយ​អង្គប្រជុំ​ក៏​បែកបាក់​គ្នា​ទៅ។ ៨ ព្រោះ​ពួក​សាឌូស៊ី​មិន​ជឿ​ថា​មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ក៏​មិន​ជឿ​ថា​មាន​ទេវតា​ឬ​វិញ្ញាណ* ឡើយ ប៉ុន្តែ​ពួក​ផារិស៊ី​ជឿ​ថា​មាន​ទាំង​អស់។ ៩ ដូច្នេះ ពួក​គេ​ចាប់​ផ្ដើម​ស្រែក​យ៉ាង​ខ្លាំង ហើយ​ក្នុង​គណៈ​ពួក​ផារិស៊ី​មាន​ពួក​អ្នក​ខ្លះ​ដែល​ជំនាញ​ខាង​ច្បាប់​ក្រោក​ឡើង​ប្រកែក​តវ៉ា​យ៉ាង​ខ្លាំងក្លា​ថា៖ «យើង​មិន​ឃើញ​ថា​បុរស​នេះ​មាន​កំហុស​អ្វី​ទេ ចុះ​បើ​មាន​វិញ្ញាណ​ឬ​ទេវតា​មួយ​និយាយ​ជា​មួយ​នឹង​គាត់?»។ ១០ កាល​ដែល​ការ​ទាស់​ទែង​គ្នា​កាន់​តែ​ខ្លាំង​ឡើង នោះ​មេ​បញ្ជាការ​ចាប់​ផ្ដើម​ខ្លាច​ថា​ពួក​គេ​នឹង​ប្រទាញប្រទង់​ហែក​ប៉ូល​ជា​ពីរ ដូច្នេះ គាត់​បង្គាប់​កង​ទាហាន​ចុះ​ទៅ​កញ្ឆក់​យក​ប៉ូល​ចេញ​ពី​ចំណោម​ពួក​គេ ហើយ​នាំ​មក​ប៉ុស្តិ៍​ទាហាន។

១១ ប៉ុន្តែ​នៅ​យប់​នោះ​ឯង លោក​ម្ចាស់​បាន​ឈរ​ជិត​គាត់​ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង ព្រោះ​អ្នក​ត្រូវ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ​នៅ​ក្រុង​រ៉ូម ដូច​អ្នក​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​សព្វ​គ្រប់​អំពី​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម​ដែរ»។

១២ លុះ​ព្រឹក​ឡើង ជន​ជាតិ​យូដា​បាន​ឃុបឃិត​គ្នា ក៏​ស្បថ​ឲ្យ​ត្រូវ​បណ្ដាសា ដោយ​និយាយ​ថា ពួក​គេ​នឹង​មិន​បរិភោគ​ឬ​ផឹក​អ្វី​ទេ ទាល់​តែ​បាន​សម្លាប់​ប៉ូល។ ១៣ មាន​បុរស​ជាង​សែសិប​នាក់​ដែល​បាន​ឃុបឃិត​គ្នា​ស្បថ​ដូច្នេះ។ ១៤ ពួក​គេ​ទៅ​ជួប​ពួក​សង្ឃនាយក​និង​ពួក​បុរស​ចាស់​ទុំ រួច​និយាយ​ថា៖ «យើង​បាន​ស្បថ​ឲ្យ​ត្រូវ​បណ្ដាសា​ថា យើង​នឹង​មិន​បរិភោគ​អាហារ​មួយ​ម៉ាត់​ឡើយ ទាល់​តែ​បាន​សម្លាប់​ប៉ូល។ ១៥ ដូច្នេះ ឥឡូវ សូម​អ្នក​រាល់​គ្នា​ព្រម​ទាំង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ប្រាប់​មេ​បញ្ជាការ​ឲ្យ​ច្បាស់​អំពី​មូលហេតុ​ដែល​គាត់​គួរ​នាំ​ប៉ូល​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ធ្វើ​ហាក់​ដូច​ជា​អ្នក​រាល់​គ្នា​បម្រុង​នឹង​ពិចារណា​រឿង​ក្ដី​របស់​អ្នក​នោះ​ឲ្យ​បាន​ល្អិត​ល្អន់​ជាង​មុន។ ប៉ុន្តែ​មុន​ពេល​ដែល​អ្នក​នោះ​មក​ជិត​ដល់ យើង​ប្រុង​ប្រៀប​ជា​ស្រេច​ដើម្បី​សម្លាប់​អ្នក​នោះ​ចោល»។

១៦ ប៉ុន្តែ​ក្មួយ​ប្រុស​របស់​ប៉ូល​បាន​ឮ​ថា​ពួក​គេ​កំពុង​ពួន​ចាំ​ប៉ូល ហើយ​គាត់​ចូល​ប៉ុស្តិ៍​ទាហាន​រាយ​ការណ៍​ប្រាប់​ប៉ូល។ ១៧ ដូច្នេះ ប៉ូល​បាន​ហៅ​នាយ​ទាហាន​ម្នាក់​មក​ឯ​គាត់ រួច​ប្រាប់​ថា៖ «សូម​នាំ​យុវជន​នេះ​ទៅ​ជួប​មេ​បញ្ជាការ ព្រោះ​គាត់​មាន​រឿង​មួយ​ដែល​ត្រូវ​រាយ​ការណ៍​ប្រាប់​លោក»។ ១៨ ម្ល៉ោះ​ហើយ បុរស​នោះ​នាំ​យុវជន​នោះ​ទៅ​ឯ​មេ​បញ្ជាការ រួច​និយាយ​ថា៖ «អ្នក​ទោស​ឈ្មោះ​ប៉ូល​បាន​ហៅ​ខ្ញុំ រួច​សុំ​ឲ្យ​នាំ​យុវជន​នេះ​មក​ជួប​លោក ព្រោះ​គាត់​មាន​រឿង​មួយ​ដែល​ត្រូវ​រាយ​ការណ៍​ប្រាប់​លោក»។ ១៩ មេ​បញ្ជាការ​ដឹក​ដៃ​យុវជន​នោះ​នាំ​ទៅ​ដោយ​ឡែក​ពី​គេ រួច​សួរ​ថា៖ «តើ​អ្នក​មាន​រឿង​អ្វី​ចង់​រាយ​ការណ៍​ប្រាប់​ខ្ញុំ?»។ ២០ គាត់​និយាយ​ថា៖ «ជន​ជាតិ​យូដា​បាន​សន្មត​គ្នា​សុំ​លោក​នាំ​ប៉ូល​ចុះ​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នៅ​ថ្ងៃ​ស្អែក ដោយ​ធ្វើ​ហាក់​ដូច​ជា​ពួក​គេ​ចង់​ដឹង​ព័ត៌មាន​ល្អិត​ល្អន់​ជាង​អំពី​គាត់។ ២១ សូម​កុំ​ឲ្យ​ពួក​គេ​បញ្ចុះ​បញ្ចូល​លោក​បាន​ឲ្យ​សោះ ព្រោះ​ពួក​គេ​មាន​បុរស​ជាង​សែសិប​នាក់​កំពុង​ពួន​ចាំ​គាត់ ក៏​បាន​ស្បថ​ឲ្យ​ខ្លួន​ត្រូវ​បណ្ដាសា​ថា ពួក​គេ​នឹង​មិន​បរិភោគ​ឬ​ផឹក​អ្វី​ទេ ទាល់​តែ​បាន​សម្លាប់​គាត់។ ឥឡូវ​នេះ ពួក​គេ​បាន​ប្រុង​ប្រៀប​ជា​ស្រេច ហើយ​កំពុង​ចាំ​លោក​យល់​ព្រម​តាម​សំណូម​ពរ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ»។ ២២ ដូច្នេះ មេ​បញ្ជាការ​ឲ្យ​យុវជន​នោះ​ទៅ​វិញ បន្ទាប់​ពី​បាន​បង្គាប់​គាត់​ថា៖ «កុំ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ​ថា អ្នក​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​អំពី​ការ​ទាំង​នេះ»។

២៣ បន្ទាប់​មក គាត់​ហៅ​នាយ​ទាហាន​ពីរ​នាក់​មក រួច​ប្រាប់​ថា៖ «ចូរ​រៀប​ចំ​កូន​ទាហាន​ថ្មើរ​ជើង​ពីរ​រយ​នាក់​ដើម្បី​ចេញ​ដំណើរ​ទៅ​រហូត​ដល់​ក្រុង​សេសារៀ​នៅ​ម៉ោង​ទី​បី* យប់​នេះ ព្រម​ទាំង​ទាហាន​សេះ​ចិតសិប​នាក់ និង​ទាហាន​កាន់​លំពែង​ពីរ​រយ​នាក់​ទៀត។ ២៤ ម្យ៉ាង​ទៀត ចូរ​ឲ្យ​សេះ​ដើម្បី​ពួក​គេ​អាច​ឲ្យ​ប៉ូល​ជិះ ហើយ​នាំ​គាត់​ទៅ​ដល់​ភេលីច​ជា​អភិបាល​ដោយ​សុវត្ថិភាព»។ ២៥ រួច​គាត់​សរសេរ​សំបុត្រ​មួយ​ដូច​តទៅ​នេះ៖

២៦ «ខ្ញុំ​ក្លូឌាស​ឡែសៀស សូម​ជម្រាប​ជូន​ឯកឧត្តម​អភិបាល​ភេលីច៖ ជម្រាប​សួរ! ២៧ ជន​ជាតិ​យូដា​បាន​ចាប់​បុរស​នេះ ហើយ​បម្រុង​នឹង​សម្លាប់​គាត់​ចោល ប៉ុន្តែ​ខ្ញុំ​បាន​មក​ភ្លាម​ជា​មួយ​នឹង​កង​ទាហាន​ហើយ​សង្គ្រោះ​គាត់ ពីព្រោះ​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា​គាត់​ជា​ពល​រដ្ឋ​រ៉ូម។ ២៨ រួច​មក ដោយ​សារ​ខ្ញុំ​ចង់​ដឹង​ពី​មូលហេតុដែល​ពួក​គេ​ចោទ​ប្រកាន់​គាត់ នោះ​ខ្ញុំ​នាំ​គាត់​ចុះ​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​របស់​ពួក​គេ។ ២៩ ខ្ញុំ​ឃើញ​ថា​ពួក​គេ​ចោទ​ប្រកាន់​គាត់​អំពី​បញ្ហា​ទាក់​ទង​នឹង​ច្បាប់​របស់​ពួក​គេ តែ​មិន​ត្រូវ​គេ​ចោទ​ប្រកាន់​រឿង​ណា​មួយ​ដែល​គួរ​នឹង​ស្លាប់​ឬ​ជាប់​ចំណង​ឡើយ។ ៣០ ប៉ុន្តែ​ដោយ​សារ​មាន​គេ​ប្រាប់​ខ្ញុំ​អំពី​ការ​ឃុបឃិត​គ្នា​ដើម្បី​សម្លាប់​បុរស​នេះ ខ្ញុំ​បាន​បញ្ជូន​គាត់​ទៅ​លោក​ភ្លាម ក៏​បាន​បង្គាប់​ឲ្យ​ពួក​អ្នក​ដើម​ចោទ​ឲ្យ​ទៅ​ចោទ​ប្រកាន់​គាត់​នៅ​មុខ​លោក»។

៣១ ដូច្នេះ ពួក​នាយ​ទាហាន​ទាំង​នោះ​ក៏​ធ្វើ​តាម​បង្គាប់ ហើយ​យក​ប៉ូល​ទៅ​ដល់​ក្រុង​អាន់ទីប៉ាទ្រីស​ទាំង​យប់។ ៣២ លុះ​ស្អែក​ឡើង ពួក​គេ​ឲ្យ​ពួក​ទាហាន​សេះ​បន្ត​ដំណើរ​ជា​មួយ​នឹង​ប៉ូល តែ​ពួក​គេ​បាន​វិល​ត្រឡប់​ទៅ​ប៉ុស្តិ៍​ទាហាន​វិញ។ ៣៣ ពួក​ទាហាន​សេះ​ចូល​ក្រុង​សេសារៀ ហើយ​យក​សំបុត្រ​ជូន​អភិបាល ក៏​ប្រគល់​ប៉ូល​ទៅ​គាត់។ ៣៤ ដូច្នេះ អភិបាល​អាន​សំបុត្រ​នោះ ហើយ​សួរ​ឲ្យ​ដឹង​ថា​ប៉ូល​មក​ពី​ខេត្ត​មួយ​ណា។ លុះ​ដឹង​ប្រាកដ​ថា​ប៉ូល​មក​ពី​ខេត្ត​ស៊ីលីស៊ី ៣៥ គាត់​និយាយ​ថា៖ «កាល​ណា​ពួក​ដើម​ចោទ​មក​ដល់ ខ្ញុំ​នឹង​ស្ដាប់​រឿង​ក្ដី​របស់​អ្នក​ឲ្យ​បាន​សព្វ​គ្រប់»។ រួច​គាត់​បង្គាប់​ឲ្យ​ឃុំ​ប៉ូល​ក្នុង​វាំង​របស់​ហេរ៉ូឌ ដោយ​មាន​អ្នក​យាម។

២៤ ប្រាំ​ថ្ងៃ​ក្រោយ​មក សម្ដេច​សង្ឃ​អាណានាស​បាន​ចុះ​មក​ជា​មួយ​នឹង​ពួក​បុរស​ចាស់​ទុំ​ខ្លះ និង​មេធាវី​ម្នាក់​ឈ្មោះ​ទើទូលុស រួច​ពួក​គេ​បាន​ប្ដឹង​ទៅ​អភិបាល​អំពី​ប៉ូល។ ២ ពេល​ដែល​គេ​ហៅ​ទើទូលុស គាត់​ចាប់​ផ្ដើម​ចោទ​ប្រកាន់​ប៉ូល​ថា៖

«ឯកឧត្តម​ភេលីច ដោយ​ឃើញ​ថា​យើង​មាន​សេចក្ដី​សុខសាន្ត​ក្រៃ​លែង​ដោយ​សារ​លោក ហើយ​ថា​ប្រជាជាតិ​នេះ​កំពុង​ទទួល​ការ​កែ​ទម្រង់​ផ្សេងៗ​ដោយ​សារ​គំនិត​គិត​ទុក​ជា​មុន​របស់​លោក ៣ នោះ​យើង​តែង​ទទួល​ការ​ទាំង​នោះ ដោយ​អំណរ​គុណ​ដ៏​ជ្រាល​ជ្រៅ​បំផុត ទោះ​នៅ​ពេល​ណា​ឬ​នៅ​កន្លែង​ណា​ក៏​ដោយ។ ៤ ប៉ុន្តែ​ដើម្បី​កុំ​ឲ្យ​លោក​ធុញ​ទ្រាន់ ខ្ញុំ​សូម​អង្វរ​លោក​មេត្ដា​ស្ដាប់​យើង​តែ​បន្ដិច​ប៉ុណ្ណោះ។ ៥ ព្រោះ​យើង​បាន​ឃើញ​ថា​បុរស​នេះ​ជា​មនុស្ស​ចង្រៃ ក៏​បំបះបំបោរ​ជន​ជាតិ​យូដា​ទាំង​ឡាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី និង​ជា​មេ​ដឹក​នាំ​និកាយ​ពួក​ណាសារ៉ែត។ ៦ បុរស​នេះ​ក៏​ប៉ុនប៉ង​ធ្វើ​ឲ្យ​វិហារ​លែង​បរិសុទ្ធ ហើយ​យើង​បាន​ចាប់​អ្នក​នេះ។ ៧ * —— ៨ កាល​ណា​លោក​សួរ​ចម្លើយ​បុរស​នេះ​ដោយ​ផ្ទាល់ លោក​មុខ​ជា​ដឹង​អំពី​រឿង​ទាំង​អស់​នេះ​ដែល​យើង​បាន​ចោទ​ប្រកាន់»។

៩ លុះ​និយាយ​ចប់​ហើយ ជន​ជាតិ​យូដា​ក៏​បាន​ចូល​រួម​វាយ​ប្រហារ​ប៉ូល​ដោយ​សម្ដី ហើយ​អះ​អាង​ថា​រឿង​ទាំង​នោះ​គឺ​ដូច្នេះ​មែន។ ១០ ពេល​ដែល​អភិបាល​ងក់​ក្បាល​ជា​សញ្ញា​ឲ្យ​និយាយ នោះ​ប៉ូល​តប​ថា៖

«ដោយ​ដឹង​ច្បាស់​ថា​លោក​បាន​ធ្វើ​ជា​ចៅ​ក្រម​នៃ​ជន​ជាតិ​នេះ​ជា​ច្រើន​ឆ្នាំ​ហើយ នោះ​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​និយាយ​ការពារ​ខ្លួន ដោយ​ប្រាប់​អំពី​រឿង​ដែល​ទាក់​ទង​នឹង​ខ្ញុំ។ ១១ លោក​អាច​ស៊ើបសួរ​ឲ្យ​ដឹង​ថា គឺ​មិន​លើស​ពី​ដប់​ពីរ​ថ្ងៃ​ទេ តាំង​ពី​ខ្ញុំ​បាន​ឡើង​ទៅ​គោរព​ប្រណិប័តន៍​នៅ​ក្រុង​យេរូសាឡិម ១២ ហើយ​ពួក​គេ​មិន​ឃើញ​ថា​ខ្ញុំ​កំពុង​ឈ្លោះ​ប្រកែក​ជា​មួយ​នឹង​អ្នក​ណា​ក្នុង​វិហារ ក៏​មិន​ឃើញ​ថា​ខ្ញុំ​បាន​បណ្ដាល​ឲ្យ​បណ្ដា​ជន​រត់​មក​ជុំ​គ្នា​បង្កើត​ចលាចល​ដែរ ទោះ​ជា​ក្នុង​សាលា​ប្រជុំ​ឬ​ក្នុង​ក្រុង​ក៏​ដោយ ១៣ ហើយ​ពួក​គេ​ក៏​មិន​អាច​ផ្ដល់​សំ​អាង​បញ្ជាក់​អំពី​អ្វី​ដែល​ពួក​គេ​កំពុង​ចោទ​ប្រកាន់​ខ្ញុំ​ឥឡូវ​នេះ​ទេ។ ១៤ ប៉ុន្តែ​ខ្ញុំ​សារភាព​ប្រាប់​លោក​ថា ខ្ញុំ​កំពុង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​ព្រះ​នៃ​ពួក​បុព្វបុរស​របស់​ខ្ញុំ សម​ស្រប​តាម​របៀប​គោរព​ប្រណិប័តន៍​ដែល​គេ​ហៅ​ថា​‹និកាយ› ពីព្រោះ​ខ្ញុំ​ជឿ​អ្វីៗ​ទាំង​អស់​ដែល​ចែង​ក្នុង​ច្បាប់* និង​អ្វីៗ​ដែល​សរសេរ​ដោយ​ពួក​អ្នក​ប្រកាស​ទំនាយ ១៥ ហើយ​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះ ដូច​បុរស​ទាំង​នេះ​ដែរ​ថា មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ១៦ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ខំ​ប្រឹង​ជា​និច្ច ដើម្បី​ឲ្យ​ចិត្ត​ខ្ញុំ​វិនិច្ឆ័យ​ខ្ញុំ​ថា ខ្ញុំ​មិន​បាន​ល្មើស​ច្បាប់​របស់​ព្រះ ឬ​របស់​មនុស្ស​ឡើយ។ ១៧ ដូច្នេះ ក្រោយ​ពី​ច្រើន​ឆ្នាំ​បាន​កន្លង​ទៅ​ហើយ ខ្ញុំ​បាន​មក​ដើម្បី​យក​ទាន​មក​ជូន​ជន​រួម​ជាតិ​របស់​ខ្ញុំ ហើយ​ក៏​យក​គ្រឿង​បូជា​មក​ដែរ។ ១៨ កាល​ដែល​ខ្ញុំ​កំពុង​ចាត់​ចែង​កិច្ចការ​នោះ ពួក​គេ​ឃើញ​ថា​ខ្ញុំ​បាន​ស្អាត​បរិសុទ្ធ​នៅ​ក្នុង​វិហារ ប៉ុន្តែ​គ្មាន​ហ្វូង​មនុស្ស​នៅ​ជា​មួយ​ក៏​គ្មាន​ភាព​ជ្រួល​ច្របល់​ដែរ។ តែ​មាន​ជន​ជាតិ​យូដា​ខ្លះ​ពី​តំបន់​អាស៊ី* ១៩ ដែល​គួរ​មក​ចោទ​ប្រកាន់​ខ្ញុំ​នៅ​មុខ​លោក ប្រសិនបើ​ពួក​គេ​មាន​ហេតុ​ទាស់​នឹង​ខ្ញុំ។ ២០ ឬ​ឲ្យ​បុរស​ទាំង​ប៉ុន្មាន​ដែល​នៅ​ទី​នេះ​និយាយ​ដោយ​ខ្លួន​ឯង​ថា ពួក​គេ​ឃើញ​ខ្ញុំ​មាន​កំហុស​អ្វី​ពេល​ដែល​ខ្ញុំ​ឈរ​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ២១ ក្រៅ​ពី​ពាក្យ​ដែល​ខ្ញុំ​បាន​ស្រែក​ឡើង​កាល​ដែល​ខ្ញុំ​កំពុង​ឈរ​ក្នុង​ចំណោម​ពួក​គេ​ថា៖ ‹គេ​កំពុង​វិនិច្ឆ័យ​ខ្ញុំ​នៅ​មុខ​អ្នក​រាល់​គ្នា ដោយ​សារ​ខ្ញុំ​ជឿ​លើ​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ!›»។

២២ ក៏​ប៉ុន្តែ ដោយ​សារ​ភេលីច​ដឹង​ច្បាស់​អំពី​រឿង​ទាំង​នោះ​ដែល​ទាក់​ទង​នឹង​ផ្លូវ​លោក​ម្ចាស់ គាត់​លើក​រឿង​ក្ដី​នោះ​ចោល​រហូត​ដល់​ពេល​ក្រោយ ហើយ​និយាយ​ថា៖ «កាល​ណា​មេ​បញ្ជាការ​ឡែសៀស​មក​ដល់ ខ្ញុំ​នឹង​សម្រេច​រឿង​ក្ដី​របស់​អ្នក​រាល់​គ្នា»។ ២៣ រួច​គាត់​បង្គាប់​នាយ​ទាហាន​ឲ្យ​ឃុំ​ប៉ូល ហើយ​ឲ្យ​មាន​សេរីភាព​ខ្លះ ក៏​ប្រាប់​ថា​មិន​ត្រូវ​ហាមឃាត់​មិត្ត​សំ​ឡាញ់​ណា​ម្នាក់​របស់​គាត់​ដែល​មក​បម្រើ​គាត់​ឡើយ។

២៤ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ភេលីច​មក​ដល់​ជា​មួយ​នឹង​ទ្រូស៊ីល​ជា​ប្រពន្ធ ដែល​ជា​ជន​ជាតិ​យូដា រួច​គាត់​ចាត់​គេ​ឲ្យ​ទៅ​នាំ​ប៉ូល​មក ក៏​ស្ដាប់​គាត់​និយាយ​អំពី​ជំនឿ​លើ​គ្រិស្ត​យេស៊ូ។ ២៥ ប៉ុន្តែ​កាល​ដែល​ប៉ូល​និយាយ​អំពី​សេចក្ដី​សុចរិត ការ​ទប់​ចិត្ត និង​ការ​វិនិច្ឆ័យ​សេចក្ដី​នៅ​អនាគត នោះ​ភេលីច​តាំង​ភ័យ​ខ្លាច ហើយ​តប​ថា៖ «ឥឡូវ​នេះ ចូរ​ត្រឡប់​ទៅ​វិញ​សិន​ចុះ ប៉ុន្តែ​កាល​ណា​ខ្ញុំ​មាន​ឱកាស​ល្អ ខ្ញុំ​នឹង​ចាត់​គេ​ឲ្យ​នាំ​អ្នក​មក​ម្ដង​ទៀត»។ ២៦ តែ​នៅ​ដំណាល​គ្នា​នោះ គាត់​សង្ឃឹម​ថា​នឹង​បាន​ទទួល​ប្រាក់​ពី​ប៉ូល។ ហេតុ​នោះ គាត់​ចាត់​គេ​ឲ្យ​នាំ​ប៉ូល​មក​កាន់​តែ​ញឹក​ញាប់ ក៏​បាន​សន្ទនា​ជា​មួយ​នឹង​គាត់។ ២៧ ប៉ុន្តែ​ពីរ​ឆ្នាំ​ក្រោយ​មក ព័រសៀស​ភេស្ទុស​បាន​ចូល​កាន់​តំណែង​ជំនួស​ភេលីច ហើយ​ដោយ​សារ​ភេលីច​ចង់​ផ្គាប់​ចិត្ត​ជន​ជាតិ​យូដា គាត់​ទុក​ប៉ូល​ឲ្យ​នៅ​ជាប់​គុក។

២៥ ដូច្នេះ បី​ថ្ងៃ​បន្ទាប់​ពី​ភេស្ទុស​ចូល​កាន់​អំណាច​នៅ​ខេត្ត​របស់​គាត់ នោះ​គាត់​ក៏​ចេញ​ពី​ក្រុង​សេសារៀ​ហើយ​ឡើង​ទៅ​ក្រុង​យេរូសាឡិម។ ២ រួច​មក ពួក​សង្ឃនាយក​និង​ពួក​បុរស​ដែល​មាន​មុខ​មាត់​ក្នុង​ចំណោម​ជន​ជាតិ​យូដា​បាន​ប្ដឹង​គាត់​អំពី​ប៉ូល។ ម្ល៉ោះ​ហើយ ពួក​គេ​ចាប់​ផ្ដើម​អង្វរ​គាត់ ៣ ដោយ​សុំ​គាត់​អនុគ្រោះ​ចាត់​គេ​ឲ្យ​នាំ​ប៉ូល​មក​ក្រុង​យេរូសាឡិម ព្រោះ​ពួក​គេ​កំពុង​រៀប​ចំ​ឲ្យ​គេ​ពួន​ចាំ​សម្លាប់​ប៉ូល​តាម​ផ្លូវ។ ៤ ក៏​ប៉ុន្តែ​ភេស្ទុស​តប​ថា ត្រូវ​ឃុំ​ប៉ូល​នៅ​ក្រុង​សេសារៀ ក៏​ប្រាប់​ថា​មិន​យូរ​ទៀត​ខ្លួន​គាត់​នឹង​ចាក​ចេញ​ទៅ​ក្រុង​នោះ​ដែរ។ ៥ គាត់​និយាយ​ថា៖ «ដូច្នេះ ចូរ​ឲ្យ​ពួក​អ្នក​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា​ចុះ​ទៅ​ជា​មួយ​នឹង​ខ្ញុំ ហើយ​ចោទ​ប្រកាន់​គាត់ ប្រសិនបើ​បុរស​នោះ​មាន​កំហុស​មែន»។

៦ ម្ល៉ោះ​ហើយ បន្ទាប់​ពី​គាត់​នៅ​ក្រុង​យេរូសាឡិម​ត្រឹម​តែ​ប្រាំបី​ឬ​ដប់​ថ្ងៃ​ប៉ុណ្ណោះ គាត់​ក៏​ចុះ​ទៅ​ក្រុង​សេសារៀ។ លុះ​ស្អែក​ឡើង​គាត់​អង្គុយ​នៅ​កន្លែង​វិនិច្ឆ័យ​ក្ដី ហើយ​បង្គាប់​ឲ្យ​គេ​នាំ​ប៉ូល​ចូល​មក។ ៧ កាល​ដែល​គាត់​មក​ដល់ ជន​ជាតិ​យូដា​ដែល​បាន​ចុះ​មក​ពី​ក្រុង​យេរូសាឡិម​ក៏​ឈរ​ជុំ​វិញ​គាត់ ហើយ​ចោទ​ប្រកាន់​អំពី​រឿង​ដ៏​ធ្ងន់ធ្ងរ​ជា​ច្រើន តែ​ពួក​គេ​មិន​អាច​រក​សំ​អាង​បញ្ជាក់​បាន​ឡើយ។

៨ ប៉ុន្តែ​ប៉ូល​និយាយ​ការពារ​ខ្លួន​ថា៖ «ខ្ញុំ​មិន​បាន​ធ្វើ​ខុស​នឹង​ច្បាប់* ជន​ជាតិ​យូដា វិហារ ឬ​សេសារ* ឡើយ»។ ៩ ដោយ​សារ​ភេស្ទុស​ចង់​ផ្គាប់​ចិត្ត​ជន​ជាតិ​យូដា គាត់​តប​ទៅ​ប៉ូល​ថា៖ «តើ​អ្នក​ចង់​ឡើង​ទៅ​ក្រុង​យេរូសាឡិម ដើម្បី​ទទួល​ការ​វិនិច្ឆ័យ​នៅ​មុខ​ខ្ញុំ​នៅ​ទី​នោះ​ទេ?»។ ១០ ប៉ុន្តែ​ប៉ូល​និយាយ​ថា៖ «ខ្ញុំ​កំពុង​ឈរ​នៅ​កន្លែង​វិនិច្ឆ័យ​ក្ដី​របស់​សេសារ​ហើយ ជា​កន្លែង​ដែល​ខ្ញុំ​គួរ​ទទួល​ការ​វិនិច្ឆ័យ។ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ជន​ជាតិ​យូដា​ទេ ដូច​លោក​បាន​ឃើញ​ច្បាស់​ហើយ។ ១១ ប្រសិនបើ​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​មែន ហើយ​បាន​ធ្វើ​អ្វី​គួរ​នឹង​ទទួល​ទោស​ដល់​ស្លាប់ ខ្ញុំ​សុខ​ចិត្ត​ស្លាប់​ទៅ​ចុះ។ ក៏​ប៉ុន្តែ​ប្រសិនបើ​គ្មាន​រឿង​ទាំង​ប៉ុន្មាន​ដូច​បុរស​ទាំង​នេះ​ចោទ​ប្រកាន់​ខ្ញុំ គ្មាន​អ្នក​ណា​អាច​ប្រគល់​ខ្ញុំ​ឲ្យ​ពួក​គេ​ដើម្បី​ផ្គាប់​ចិត្ត​ពួក​គេ​បាន​ទេ។ ខ្ញុំ​សូម​លើក​រឿង​ក្ដី​ទៅ​សេសារ!»។ ១២ បន្ទាប់​ពី​ភេស្ទុស​ពិភាក្សា​ជា​មួយ​នឹង​ពួក​ទី​ប្រឹក្សា គាត់​តប​ថា៖ «អ្នក​សុំ​លើក​រឿង​ក្ដី​ទៅ​សេសារ ដូច្នេះ អ្នក​នឹង​ទៅ​ជួប​សេសារ»។

១៣ ច្រើន​ថ្ងៃ​កន្លង​ផុត​ទៅ ស្តេច​អាគ្រីប៉ា​និង​ប៊ើនីស​បាន​មក​ដល់​ក្រុង​សេសារៀ ដើម្បី​ចូល​ជួប​ភេស្ទុស​សម្ដែង​ការ​គួរ​សម។ ១៤ ដូច្នេះ ដោយ​សារ​ពួក​គេ​នឹង​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ ភេស្ទុស​រៀប​រាប់​ប្រាប់​ស្តេច​អំពី​រឿង​ប៉ូល​ថា៖

«មាន​បុរស​ម្នាក់​ដែល​ភេលីច​បាន​ទុក​ឲ្យ​ជាប់​គុក ១៥ កាល​ដែល​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម ពួក​សង្ឃនាយក​និង​ពួក​បុរស​ចាស់​ទុំ​ជន​ជាតិ​យូដា បាន​ប្ដឹង​អំពី​បុរស​នោះ ដោយ​សុំ​ឲ្យ​ដាក់​ទោស​គាត់។ ១៦ ប៉ុន្តែ​ខ្ញុំ​ប្រាប់​ពួក​គេ​ថា ច្បាប់​រ៉ូម​មិន​អនុញ្ញាត​ឲ្យ​ប្រគល់​មនុស្ស​ណា​ម្នាក់​ដើម្បី​ផ្គាប់​ចិត្ត​អ្នក​ណា​ឡើយ ទាល់​តែ​ចុង​ចោទ​បាន​ជួប​ដើម​ចោទ​ដោយ​ផ្ទាល់ ហើយ​មាន​ឱកាស​និយាយ​ការពារ​ខ្លួន​ស្តី​អំពី​រឿង​ដែល​គេ​ចោទ​ប្រកាន់។ ១៧ ដូច្នេះ កាល​ដែល​ពួក​គេ​បាន​មក​ជួប​ជុំ​គ្នា​នៅ​ទី​នេះ​ហើយ ខ្ញុំ​មិន​បាន​បង្អង់​ឡើយ តែ​ស្អែក​ឡើង​ខ្ញុំ​បាន​អង្គុយ​នៅ​កន្លែង​វិនិច្ឆ័យ​ក្ដី ហើយ​បង្គាប់​ឲ្យ​គេ​នាំ​បុរស​នោះ​មក។ ១៨ កាល​ដែល​ពួក​អ្នក​ចោទ​ប្រកាន់​ឡើង​និយាយ ពួក​គេ​មិន​បាន​ចោទ​អំពី​ការ​អាក្រក់​ណា​មួយ ដូច​ខ្ញុំ​បាន​នឹក​ស្មាន​នោះ​ទេ។ ១៩ ពួក​គេ​គ្រាន់​តែ​មាន​ទំនាស់​ជា​មួយ​នឹង​បុរស​នោះ​អំពី​សាសនា​របស់​ពួក​គេ និង​អំពី​បុរស​ម្នាក់​ឈ្មោះ​យេស៊ូ​ដែល​បាន​ស្លាប់​ហើយ តែ​ប៉ូល​ចេះ​តែ​អះ​អាង​ថា​នៅ​រស់។ ២០ ដូច្នេះ ដោយ​សារ​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ដោះ​ស្រាយ​ទំនាស់​នេះ​យ៉ាង​ដូច​ម្ដេច ខ្ញុំ​សួរ​ឲ្យ​ដឹង​ថា​គាត់​ចង់​ទៅ​ក្រុង​យេរូសាឡិម​ហើយ​ទទួល​ការ​វិនិច្ឆ័យ​សេចក្ដី​អំពី​រឿង​ទាំង​នេះ​ឬ​ទេ។ ២១ ប៉ុន្តែ​ពេល​ដែល​ប៉ូល​សុំ​យើង​ឃុំ​គាត់​រហូត​ដល់​ទទួល​ការ​វិនិច្ឆ័យ​សេចក្ដី​ពី​អធិរាជ នោះ​ខ្ញុំ​បង្គាប់​ឲ្យ​គេ​ឃុំ​គាត់ រហូត​ដល់​ខ្ញុំ​បញ្ជូន​ឡើង​ទៅ​ជួប​សេសារ»។

២២ នោះ​អាគ្រីប៉ា​និយាយ​ទៅ​ភេស្ទុស​ថា៖ «ខ្ញុំ​ក៏​ចង់​ស្ដាប់​បុរស​នោះ​ដែរ»។ ភេស្ទុស​និយាយ​ថា៖ «ថ្ងៃ​ស្អែក​លោក​នឹង​បាន​ស្ដាប់​គាត់»។ ២៣ ម្ល៉ោះ​ហើយ ស្អែក​ឡើង​អាគ្រីប៉ា​និង​ប៊ើនីស​បាន​មក​យ៉ាង​អ៊ឹកអធឹក​ទាំង​វាយ​ឫ​ក ក៏​ចូល​សាល​សវនាការ​ជា​មួយ​នឹង​ពួក​មេ​បញ្ជាការ​និង​ពួក​បុរស​ជា​វរជន​នៃ​ក្រុង​នោះ។ ពេល​ដែល​ភេស្ទុស​ចេញ​បញ្ជា នោះ​គេ​ក៏​នាំ​ប៉ូល​ចូល​មក។ ២៤ រួច​ភេស្ទុស​និយាយ​ថា៖ «ស្តេច​អាគ្រីប៉ា​និង​អស់​លោក​ដែល​មាន​វត្តមាន​នៅ​ទី​នេះ ខ្ញុំ​សូម​ជម្រាប​ថា បុរស​ដែល​អ្នក​រាល់​គ្នា​កំពុង​ឃើញ​នេះ ជា​អ្នក​ដែល​ជន​ជាតិ​យូដា​ទាំង​ឡាយ​បាន​មក​ប្ដឹង​ខ្ញុំ​នៅ​ក្រុងយេរូសាឡិម​និង​នៅ​ទី​នេះ​ដែរ ដោយ​ស្រែក​ថា​គាត់​មិន​សម​នឹង​រស់​ត​ទៅ​ទៀត​ឡើយ។ ២៥ ប៉ុន្តែ​ខ្ញុំ​យល់​ឃើញ​ថា គាត់​មិន​បាន​ធ្វើ​អ្វី​គួរ​នឹង​ទទួល​ទោស​ដល់​ស្លាប់​ទេ។ ដូច្នេះ ពេល​ដែល​បុរស​នេះ​សុំ​លើក​រឿង​ក្ដី​ទៅ​អធិរាជ ខ្ញុំ​ក៏​សម្រេច​ចិត្ត​បញ្ជូន​គាត់​ទៅ។ ២៦ ប៉ុន្តែ​មិន​មាន​អ្វី​ដែល​ខ្ញុំ​អាច​សរសេរ​ទៅ​កាន់​អធិរាជ* ស្តី​អំពី​បុរស​នេះ​ទេ។ ហេតុ​នេះ ខ្ញុំ​បាន​នាំ​គាត់​មក​ឲ្យ​ឈរ​នៅ​មុខ​អ្នក​រាល់​គ្នា ជា​ពិសេស​ស្តេច​អាគ្រីប៉ា ដើម្បី​ខ្ញុំ​អាច​មាន​អ្វី​សរសេរ បន្ទាប់​ពី​បាន​សួរ​ចម្លើយ​គាត់។ ២៧ ព្រោះ​ចំពោះ​ខ្ញុំ គឺ​មិន​សម​ហេតុ​សម​ផល​ទេ ប្រសិនបើ​បញ្ជូន​អ្នក​ទោស​ទៅ​ដោយ​មិន​បញ្ជាក់​ថា​អ្នក​នោះ​ត្រូវ​គេ​ចោទ​ប្រកាន់​អំពី​រឿង​អ្វី»។

២៦ អាគ្រីប៉ា​និយាយ​ទៅ​ប៉ូល​ថា៖ «អ្នក​អាច​និយាយ​ការពារ​ខ្លួន​បាន»។ រួច​មក ប៉ូល​លាត​ដៃ ហើយ​ចាប់​ផ្ដើម​និយាយ​ថា៖

២ «ស្តេច​អាគ្រីប៉ា ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ថ្ងៃ​នេះ​ខ្ញុំ​ត្រូវ​និយាយ​ការពារ​ខ្លួន​នៅ​មុខ​លោក ស្តី​អំពី​រឿង​ផ្សេងៗ​ដែល​ជន​ជាតិ​យូដា​ចោទ​ប្រកាន់​ខ្ញុំ ៣ ជា​ពិសេស ដោយ​សារ​លោក​យល់​ច្បាស់​អំពី​ទំនៀម​ទម្លាប់​ទាំង​ឡាយ​របស់​ជន​ជាតិ​យូដា និង​រឿង​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​ជជែក​តវ៉ា។ ដូច្នេះ ខ្ញុំ​សូម​លោក​មេត្ដា​ស្ដាប់​ខ្ញុំ​ដោយ​អនុគ្រោះ។

៤ «ស្តី​អំពី​របៀប​រស់​នៅ​របស់​ខ្ញុំ​តាំង​ពី​ក្មេង​មក ពោល​គឺ​កាល​ដែល​ខ្ញុំ​រស់​នៅ​ក្នុង​ចំណោម​ជន​រួម​ជាតិ​ខ្ញុំ និង​នៅ​ក្រុង​យេរូសាឡិម នោះ​ជន​ជាតិ​យូដា​គ្រប់​គ្នា ៥ ដែល​ធ្លាប់​ស្គាល់​ខ្ញុំ​តាំង​ពី​ដំបូង​ដឹង​ថា ខ្ញុំ​បាន​កាន់​តាម​ពួក​ផារិស៊ី សម​ស្រប​តាម​និកាយ​ដ៏​តឹងរ៉ឹង​បំផុត​នៃ​សាសនា​របស់​យើង ហើយ​អ្នក​ទាំង​នោះ​ដែល​ស្គាល់​ខ្ញុំ​ក៏​អាច​ធ្វើ​ជា​សាក្សី​បញ្ជាក់​ពី​ការ​នោះ ប្រសិនបើ​ពួក​គេ​ចង់​ធ្វើ​ដូច្នោះ។ ៦ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ឥឡូវ​នេះ ខ្ញុំ​កំពុង​ទទួល​ការ​វិនិច្ឆ័យ​សេចក្ដី ដោយ​សារ​ខ្ញុំ​សង្ឃឹម​លើ​អ្វី​ដែល​ព្រះ​បាន​សន្យា​ឲ្យ​ដល់​ពួក​បុព្វបុរស​របស់​យើង ៧ ឯ​កុលសម្ព័ន្ធ​ទាំង​ដប់​ពីរ​របស់​យើង​ក៏​សង្ឃឹម​ទទួល​អ្វី​ដែល​បាន​សន្យា ដោយ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ក្នុង​ការ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ។ ស្តេច​អាគ្រីប៉ា គឺ​អំពី​សេចក្ដី​សង្ឃឹម​នេះ​ឯង​ដែល​ជន​ជាតិ​យូដា​កំពុង​ចោទ​ប្រកាន់​ខ្ញុំ។

៨ «ហេតុ​អ្វី​អស់​លោក​គិត​ថា ការ​ដែល​ព្រះ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ជាអ្វី​ដែល​មិន​គួរ​ឲ្យ​ជឿ​នោះ? ៩ ចំណែក​ខ្ញុំ​វិញ ខ្ញុំ​ធ្លាប់​គិត​ថា ខ្ញុំ​ត្រូវ​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ប្រឆាំង​នាម​របស់​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត។ ១០ នៅ​ក្រុង​យេរូសាឡិម​ខ្ញុំ​បាន​ធ្វើ​ដូច្នោះ​មែន ដោយ​ដាក់​អ្នក​បរិសុទ្ធ​ជា​ច្រើន​នាក់​ឲ្យ​នៅ​ជាប់​គុក ព្រោះ​ខ្ញុំ​មាន​សិទ្ធិ​អំណាច​ពី​ពួក​សង្ឃនាយក ហើយ​ខ្ញុំ​បាន​បោះ​ឆ្នោត​គាំទ្រ​ការ​ប្រហារ​ជីវិត​ពួក​គាត់។ ១១ ខ្ញុំ​បាន​ដាក់​ទោស​ពួក​គាត់​ជា​ច្រើន​ដង​ក្នុង​គ្រប់​សាលា​ប្រជុំ​ទាំង​អស់ ក្នុង​បំណង​បង្ខំ​ឲ្យ​ពួក​គាត់​បោះបង់​ចោល​ជំនឿ ហើយ​ដោយ​សារ​ខ្ញុំ​ខឹង​ពួក​គាត់​ក្រៃ​លែង ខ្ញុំ​បាន​បៀតបៀន​ពួក​គាត់ សូម្បី​តែ​នៅ​ក្រុង​ឯ​ទៀត​ដែរ។

១២ «កាល​ដែល​ខ្ញុំ​កំពុង​ជាប់​រវល់​នឹង​ការ​នោះ ខ្ញុំ​ចេញ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស ដោយ​បាន​ទទួល​បង្គាប់​និង​សិទ្ធិ​អំណាច​ពី​ពួក​សង្ឃនាយក។ ១៣ នៅ​តាមផ្លូវ ប្រហែលជា​ថ្ងៃ​ត្រង់ ខ្ញុំ​ឃើញ​ពន្លឺ​មួយ​ដែល​ភ្លឺ​ជាង​ពន្លឺ​ថ្ងៃ។ ពន្លឺ​នោះ​បាន​ភ្លឺ​ពី​លើមេឃ​ចាំង​ជុំ​វិញ​ខ្ញុំ និង​ពួក​អ្នក​ដែល​កំពុង​រួម​ដំណើរ​ជា​មួយ​នឹង​ខ្ញុំ។ ១៤ យើង​ទាំង​អស់​គ្នា​ដួល​ដល់​ដី រួច​ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​មក​កាន់​ខ្ញុំ​ជា​ភាសា​ហេប្រឺ​ថា៖ ‹សុល សុល ហេតុ​អ្វី​អ្នក​បៀតបៀន​ខ្ញុំ? អ្នក​ធ្វើ​ទុក្ខ​ដល់​ខ្លួន​ឯង​ដោយ​សារ​ចេះ​តែ​ធាក់​ជន្លួញ​ដូច្នេះ›។ ១៥ ប៉ុន្តែ​ខ្ញុំ​និយាយ​ថា៖ ‹តើ​លោក​ម្ចាស់​ជា​អ្នក​ណា?› លោក​ម្ចាស់​មាន​ប្រសាសន៍​ថា៖ ‹ខ្ញុំ​គឺ​យេស៊ូ ដែល​អ្នក​កំពុង​បៀតបៀន។ ១៦ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ចូរ​ក្រោកឈរ​ឡើង។ ព្រោះ​ខ្ញុំ​បាន​លេច​មក​ឲ្យ​អ្នក​ឃើញ ដើម្បី​ជ្រើស​រើស​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ និង​ជា​សាក្សី​អំពី​ការ​ទាំង​ប៉ុន្មាន​អំពី​ខ្ញុំ​ដែល​អ្នក​បាន​ឃើញ និង​ការ​ដែល​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ឃើញ ១៧ កាល​ដែល​ខ្ញុំ​សង្គ្រោះ​អ្នក​ពី​បណ្ដា​ជន​នេះ និង​ពី​ប្រជាជាតិ​នានា​ដែល​ខ្ញុំ​នឹង​ចាត់​អ្នក​ឲ្យ​ទៅ ១៨ ដើម្បី​បើក​ភ្នែក​ពួក​គេ ហើយ​ឲ្យ​ពួក​គេ​បែរ​ចេញ​ពី​ភាព​ងងឹត​មក​ឯ​ពន្លឺ​វិញ ថែម​ទាំង​ឲ្យ​ចេញ​ពី​អំណាច​របស់​សាថាន* មក​ឯ​ព្រះ​វិញ ដើម្បី​ឲ្យ​ពួក​គេ​អាច​ទទួល​ការ​អភ័យទោស​ចំពោះ​ការ​ខុស​ឆ្គង ព្រម​ទាំង​ទទួល​មត៌ក​ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​ត្រូវ​ញែក​ជា​បរិសុទ្ធ​ដោយ​សារ​មាន​ជំនឿ​លើ​ខ្ញុំ›។

១៩ «ដូច្នេះ ស្តេច​អាគ្រីប៉ា ខ្ញុំ​មិន​បាន​ធ្វើ​ព្រងើយ​នឹង​អ្វី​ដែល​បាន​ត្រូវ​បើក​បង្ហាញ​ពី​ស្ថាន​សួគ៌​ឲ្យ​ខ្ញុំ​ឃើញ​ក្នុង​គំនិត​ទេ ២០ ប៉ុន្តែ​ខ្ញុំ​បាន​នាំ​សារ​ទៅ​ដល់​អ្នក​ក្រុង​ដាម៉ាស​មុន​ដំបូង ហើយ​ដល់​បណ្ដា​ជន​នៅ​ក្រុង​យេរូសាឡិម និង​ពេញ​តំបន់​យូឌា រួច​ដល់​ជន​ជាតិ​ដទៃ​ថា ពួក​គេ​ត្រូវ​ប្រែ​ចិត្ត ហើយ​បែរ​មក​គោរព​ប្រណិប័តន៍​ព្រះ ដោយ​ប្រព្រឹត្ត​ឲ្យ​សម​នឹង​ការ​ប្រែ​ចិត្ត។ ២១ ដោយ​សារ​ការ​ទាំង​នេះ ជន​ជាតិ​យូដា​បាន​ចាប់​ខ្ញុំ​ក្នុង​វិហារ រួច​ប៉ុនប៉ង​សម្លាប់​ខ្ញុំ។ ២២ ក៏​ប៉ុន្តែ​ដោយ​សារ​ខ្ញុំ​បាន​ទទួល​ជំនួយ​ពី​ព្រះ ខ្ញុំ​បន្ត​ធ្វើ​ជា​សាក្សី​បញ្ជាក់​ប្រាប់​ទាំង​អ្នក​ធំ​ទាំង​អ្នក​តូច​អំពី​ដំណឹង​ល្អ​រហូត​ដល់​ថ្ងៃ​នេះ តែ​ខ្ញុំ​មិន​និយាយ​អ្វី​ក្រៅ​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​ពួក​អ្នក​ប្រកាស​ទំនាយ​និង​ម៉ូសេ​បាន​ប្រាប់​ថា​នឹង​កើត​ឡើង​នោះ​ទេ ២៣ ពោល​គឺ គ្រិស្ត​ត្រូវ​រង​ទុក្ខ រួច​ដោយ​សារ​លោក​ជា​អ្នក​ដែល​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​បង្អស់ នោះ​លោក​នឹង​ផ្សព្វ​ផ្សាយ​ហើយ​បំភ្លឺ​ទាំង​បណ្ដា​ជន​នេះ​ទាំង​ជន​ជាតិ​ដទៃ»។

២៤ កាល​ដែល​គាត់​កំពុង​និយាយ​អ្វីៗ​ទាំង​នេះ​ដើម្បី​ការពារ​ខ្លួន ភេស្ទុស​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ប៉ូល! អ្នក​ឆ្កួត​ហើយ! ការ​ចេះ​ដឹង​ច្រើន​ពេក​បាន​ធ្វើ​ឲ្យ​អ្នក​ឆ្កួត!»។ ២៥ ប៉ុន្តែ​ប៉ូល​និយាយ​ថា៖ «ឯកឧត្តម​ភេស្ទុស ខ្ញុំ​មិន​ឆ្កួត​ទេ តែ​ខ្ញុំ​កំពុង​និយាយ​សេចក្ដី​ពិត​ដោយ​ដឹង​ខុស​ត្រូវ។ ២៦ តាម​ការ​ពិត ស្តេច​ដែល​ខ្ញុំ​កំពុង​ជម្រាប​ដោយ​សេចក្ដី​ក្លាហាន លោក​ដឹង​ច្បាស់​អំពី​ការ​ទាំង​នេះ ព្រោះ​ខ្ញុំ​ជឿ​ជាក់​ថា​ក្នុង​ការ​ទាំង​អស់​នេះ​គ្មាន​អ្វី​ដែល​កំបាំង​ពី​លោក​ទេ ព្រោះ​ការ​នេះ​មិន​បាន​ធ្វើ​ឡើង​ដោយ​សម្ងាត់​ឡើយ។ ២៧ ស្តេច​អាគ្រីប៉ា តើ​លោក​ជឿ​ពួក​អ្នក​ប្រកាស​ទំនាយ​ទេ? ខ្ញុំ​ដឹង​ថា​លោក​ជឿ»។ ២៨ ប៉ុន្តែ​អាគ្រីប៉ា​និយាយ​ទៅ​ប៉ូល​ថា៖ «តែ​បន្ដិច​ទៀត ការ​និយាយ​វែក​ញែក​របស់​អ្នក​នឹង​នាំ​ឲ្យ​ខ្ញុំ​ទៅ​ជា​គ្រិស្ត​សាសនិក​ដែរ»។ ២៩ នោះ​ប៉ូល​និយាយ​ថា៖ «ខ្ញុំ​អធិដ្ឋាន​សុំ​ព្រះ​ថា ទោះ​ជា​បន្ដិច​ទៀត​ឬ​យូរ​ទៀត​ក្ដី លោក ព្រម​ទាំង​អស់​អ្នក​ដែល​កំពុង​ស្ដាប់​ខ្ញុំ​នៅ​ថ្ងៃ​នេះ នឹង​បាន​ដូច​ខ្ញុំ​ដែរ តែ​ដោយ​គ្មាន​ចំណង​ទាំង​នេះ»។

៣០ រួច​មក ស្តេច​ក៏​ក្រោកឈរ​ជា​មួយ​នឹង​អភិបាល ប៊ើនីស ព្រម​ទាំង​បុរស​ទាំង​ប៉ុន្មាន​ដែល​បាន​អង្គុយ​ជា​មួយ​នឹង​ពួក​គាត់។ ៣១ ប៉ុន្តែ​កាល​ដែល​ពួក​គាត់​កំពុង​ចេញ​ទៅ នោះ​ក៏​និយាយ​គ្នា​ថា៖ «បុរស​នេះ​មិន​បាន​ធ្វើ​អ្វី​គួរ​នឹង​ទទួល​ទោស​ដល់​ស្លាប់ ឬ​ជាប់​ចំណង​សោះ»។ ៣២ ម្យ៉ាង​ទៀត អាគ្រីប៉ា​និយាយ​ទៅ​ភេស្ទុស​ថា៖ «បុរស​នេះ​អាច​ត្រូវ​ដោះ​លែង​បាន ប្រសិនបើ​គាត់​មិន​បាន​សុំ​លើក​ក្ដី​ទៅ​សេសារ»។*

២៧ ដោយ​សារ​គេ​បាន​សម្រេច​ឲ្យ​យើង​ឡើង​សំពៅ​ទៅ​ស្រុក​អ៊ីតាលី នោះ​គេ​ប្រគល់​ប៉ូល​និង​អ្នក​ទោស​មួយ​ចំនួន​ទៀត​ទៅ​នាយ​ទាហាន​ម្នាក់​ឈ្មោះ​យូលាស​ពី​កង​ទាហាន​អូគូស។ ២ បន្ទាប់​ពី​យើង​ឡើង​សំពៅ​មួយ​ពី​ក្រុងអាដ្រាមីទិម ដែល​ហៀបនឹង​ចេញ​ដំណើរ​ទៅ​កន្លែង​ផ្សេងៗ​តាម​ឆ្នេរ​តំបន់​អាស៊ី* នោះ​យើង​ក៏​ចេញ​ដំណើរ​ទៅ។ អារីស្ដាក ជា​អ្នក​ក្រុង​ថែស្សាឡូនិច​ពី​ស្រុក​ម៉ាសេដូន​ក៏​នៅ​ជា​មួយ​នឹង​យើង​ដែរ។ ៣ លុះ​ស្អែក​ឡើង​យើង​បាន​ចត​នៅ​ក្រុង​ស៊ីដូន ហើយ​យូលាស​បាន​ប្រព្រឹត្ត​ដោយ​សប្បុរស​និង​ប្រកបដោយ​មនុស្ស​ធម៌​ចំពោះ​ប៉ូល ក៏​អនុញ្ញាត​ឲ្យ​ប៉ូល​ទៅ​ជួប​មិត្ត​សម្លាញ់​របស់​គាត់ ហើយ​ទទួល​ការ​ទំនុក​បម្រុង​ពី​ពួក​គេ។

៤ រួច​យើង​ក៏​ចេញ​សំពៅ​ពី​កន្លែង​នោះ សសៀរ​តាម​បណ្ដោយ​កោះ​គីប្រុស​ដើម្បី​បាំង​ខ្យល់ ព្រោះ​យើង​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាស​ខ្យល់ ៥ រួច​យើង​បើក​សំពៅ​ឆ្លង​លំហ​សមុទ្រ​ក្បែរ​ខេត្ត​ស៊ីលីស៊ី​និង​ខេត្ត​ប៉ាមភីលា រួច​បាន​ចត​នៅ​ក្រុង​មីរ៉ា នា​តំបន់​លីស៊ី។ ៦ ប៉ុន្តែ​នាយ​ទាហាន​យូលាស​រក​ឃើញ​សំពៅ​មួយ​នៅ​ទី​នោះ ដែល​មក​ពី​ក្រុង​អាឡិចសង់ទ្រា ហើយ​នឹង​ចេញ​ទៅ​ស្រុក​អ៊ីតាលី រួច​គាត់​ឲ្យ​យើង​ឡើង​សំពៅ​នោះ។ ៧ បន្ទាប់​មក យើង​ធ្វើ​ដំណើរ​យឺតៗ​អស់​ជា​ច្រើន​ថ្ងៃ ក៏​មក​ដល់​ក្រុង​គ្នីដូស​ទាំង​លំបាក រួច​យើង​បើក​សំពៅ​សសៀរ​តាម​បណ្ដោយ​កោះ​ក្រេត កាត់​ជ្រោយ​សាល់ម៉ូណេ ដោយ​សារ​ខ្យល់​មិន​បាន​ឲ្យ​យើង​បន្ត​ដំណើរ​ដូច​បំណង។ ៨ យើង​ក៏​ធ្វើ​ដំណើរ​សសៀរ​ទៅ​ទាំង​លំបាក​រហូត​ទៅ​ដល់​កន្លែង​មួយ​ហៅ​ថា​កំពង់ផែល្អ ដែល​នៅ​ជិត​ក្រុង​ឡាសេ។

៩ ជា​ច្រើន​ថ្ងៃ​បាន​កន្លង​ផុត​ទៅ ហើយ​យើង​អាច​មាន​គ្រោះ​ថ្នាក់​បើ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ពីព្រោះ​ថ្ងៃ​តម​អាហារ​និង​ជម្រះ​ការ​ខុស​ឆ្គង​បាន​កន្លង​ផុត​ទៅ​ហើយ ដូច្នេះ ប៉ូល​ជូន​យោបល់ ១០ ដល់​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​អើយ ខ្ញុំ​យល់​ឃើញ​ថា បើ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត យើង​នឹង​រង​ការ​ខូច​ខាត​និង​ការ​បាត់បង់​យ៉ាង​សម្បើម មិន​ត្រឹម​តែ​ទំនិញ​និង​សំពៅ​ប៉ុណ្ណោះ​ទេ តែ​ទាំង​ជីវិត* របស់​យើង​ផង»។ ១១ ក៏​ប៉ុន្តែ​នាយ​ទាហាន​នោះ​បាន​ស្ដាប់​អ្នក​បើក​សំពៅ​និង​ម្ចាស់​សំពៅ ជា​ជាង​ស្ដាប់​អ្វី​ដែល​ប៉ូល​បាន​និយាយ។ ១២ ដោយ​សារ​កំពង់​ផែ​នោះ​គឺ​មិន​មែន​ជា​កន្លែង​ស្រួល​ស្នាក់​នៅ​ក្នុង​រដូវ​ត្រជាក់ នោះ​អ្នក​ដំណើរ​ភាគ​ច្រើន​បាន​ជូន​យោបល់​ឲ្យ​ចេញ​ដំណើរ​ពី​កន្លែង​នោះ ហើយ​ទៅ​កំពង់​ផែ​ភេនីច​ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន ដើម្បី​ស្នាក់​នៅ​ទី​នោះ​ក្នុង​រដូវ​ត្រជាក់។ ភេនីច​ជា​កំពង់​ផែ​មួយ​នៅ​កោះ​ក្រេត​ដែល​បែរ​ទៅ​រក​ទិស​ខាង​ជើង​ឆៀង​ខាង​កើត និង​ទិស​ខាង​ត្បូង​ឆៀង​ខាង​កើត។

១៣ ម្យ៉ាង​ទៀត ពេល​ដែល​ខ្យល់​បក់​មក​តិចៗ ពួក​គេ​នឹក​ស្មានថា​ច្បាស់​ជា​នឹង​បាន​សម្រេច​ដូច​បំណង ហើយ​ពួក​គេ​ទាញ​យុថ្កា​ឡើង រួច​ចាប់​ផ្ដើម​បើក​សំពៅ​សសៀរ​តាម​ឆ្នេរ​កោះ​ក្រេត។ ១៤ ក៏​ប៉ុន្តែ​មិន​យូរ​ក្រោយ​មក ខ្យល់​ព្យុះ​ហៅ​ថា​យូរ៉ូអាគីឡូ​បាន​បក់​មក។ ១៥ ដោយ​សារ​ខ្យល់​បក់​យ៉ាង​ខ្លាំង​នាំ​យក​សំពៅ​ទៅ ហើយ​សំពៅ​មិន​អាច​ទៅ​បញ្ច្រាស​ខ្យល់​បាន នោះ​យើង​បាន​បណ្ដោយ​ទៅ​តាម​ខ្យល់​វិញ។ ១៦ យើង​បើក​សំពៅ​រហូត​ដល់​កោះ​តូច​មួយ​ហៅ​ថា​ខូដា រួច​បាន​សសៀរ​តាម​កោះ​នោះ​ដើម្បី​បាំង​ខ្យល់។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ​យើង​ទាញ​ទូក​តូច​ដែល​ចង​នៅ​កន្ទុយ​សំពៅ​មក​សឹង​តែ​មិន​បាន​ផង។ ១៧ ប៉ុន្តែ​ក្រោយ​ពី​បាន​ទាញ​ទូក​តូច​នោះ​ឡើង​លើ​សំពៅ​ហើយ នោះ​ពួក​គេ​ចាប់​ផ្ដើម​ចង​គ្រាក​សំពៅ រួច​ក៏​ស្រាយ​ខ្សែ​ដង​សាវ​ក្ដោង ហើយ​ឲ្យ​ខ្យល់​រុញ​ទៅ ដោយ​សារ​ខ្លាច​កឿង​នៅ​ផ្នូកខ្សាច់​សៀទីស។* ១៨ តែ​ស្អែក​ឡើង ពួក​គេ​ចាប់​ផ្ដើម​ទម្លាក់​ទំនិញ​ចោល​ដើម្បី​ធ្វើ​ឲ្យ​សំពៅ​ស្រាល ព្រោះ​ខ្យល់​ព្យុះ​កំពុង​ធ្វើ​ឲ្យ​សំពៅ​យោល​យោគ​ចុះ​ឡើង​យ៉ាង​ខ្លាំង ១៩ ហើយ​នៅ​ថ្ងៃ​ទី​បី ពួក​គេ​បោះ​ខ្សែ​ក្ដោង​ចោល​ដោយ​ដៃ​ពួក​គេ​ផ្ទាល់។

២០ លុះ​មិន​ឃើញ​ពន្លឺ​ថ្ងៃ​ឬ​ផ្កាយ​អស់​ជា​ច្រើន​ថ្ងៃ ហើយ​ខ្យល់​ព្យុះ​កំពុង​បក់​មក​លើ​យើង​យ៉ាង​ខ្លាំង នោះ​សេចក្ដី​សង្ឃឹម​ថា​នឹង​បាន​សង្គ្រោះ​ក៏​រសាយ​បាត់​ទៅ។ ២១ រួច​មក ក្រោយ​ពី​ពួក​គេ​ខាន​បរិភោគ​អាហារ​យូរ​ថ្ងៃ​ហើយ នោះ​ប៉ូល​ក្រោកឈរ​ឡើង​នៅ​កណ្ដាល​ពួក​គេ​ហើយ​និយាយ​ថា៖ «អ្នក​រាល់​គ្នា​អើយ ប្រសិនបើ​អ្នក​រាល់​គ្នា​បាន​ស្ដាប់​តាម​យោបល់​ខ្ញុំ ហើយ​មិន​ចេញ​ដំណើរ​ពី​កោះ​ក្រេត អ្នក​រាល់​គ្នា​ច្បាស់​ជា​មិន​បាន​រង​ការ​ខូច​ខាត​និង​ការ​បាត់បង់​ដូច្នេះ​ទេ។ ២២ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ឥឡូវ​នេះ​ថា កុំ​អស់​សង្ឃឹម​ឡើយ ព្រោះ​គ្មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​នឹង​បាត់បង់​ជីវិត* ឡើយ មាន​តែ​សំពៅ​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​បាត់បង់។ ២៣ ព្រោះ​យប់​មិញ ទេវតា​មួយ​រូប​របស់​ព្រះ​ដែល​ខ្ញុំ​គោរព​ប្រណិប័តន៍​និង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន បាន​ឈរ​នៅ​ជិត​ខ្ញុំ ២៤ និយាយ​ថា៖ ‹ប៉ូល​អើយ កុំ​ខ្លាច​ឡើយ។ អ្នក​ត្រូវ​ឈរ​នៅ​មុខ​សេសារ* ហើយ​មើល! ដោយ​សារ​អ្នក ព្រះ​ក៏​នឹង​មេត្ដា​សង្គ្រោះ​អស់​អ្នក​ដែល​កំពុង​រួម​ដំណើរ​ជា​មួយ​នឹង​អ្នក​ដែរ›។ ២៥ ដូច្នេះ ចូរអ្នក​រាល់​គ្នា​មាន​ចិត្ត​រីករាយ​ឡើង ព្រោះ​ខ្ញុំ​ជឿ​ព្រះ ថា​លោក​នឹង​ធ្វើ​ការ​ទាំង​នោះ ដូច​ទេវតា​នោះ​បាន​ប្រាប់​ដល់​ខ្ញុំ។ ២៦ ក៏​ប៉ុន្តែ​យើង​នឹង​លិច​សំពៅ​នៅ​ជិត​កោះ​មួយ»។

២៧ នៅ​យប់​ទី​ដប់​បួន យើង​កំពុង​យោល​យោគ​ចុះ​ឡើង​លើ​សមុទ្រ​អេឌ្រា លុះ​ប្រហែលជា​កណ្ដាល​អធ្រាត្រ ពួក​អ្នក​ដើរ​សំពៅ​ចាប់​ផ្ដើម​សង្ស័យ​ថា​ពួក​គេ​ជិត​ដល់​ដី​គោក​ហើយ។ ២៨ រួច​ពួក​គេ​ស្ទង់​ជម្រៅ​ទឹក​ឃើញ​ថា​មាន​ជម្រៅ​សាមសិប​ប្រាំមួយ​ម៉ែត្រ ដូច្នេះ ពួក​គេ​ទៅ​មុខ​បន្ដិច​ហើយ​ស្ទង់​ម្ដង​ទៀត​ឃើញ​ថា​មាន​ជម្រៅ​ម្ភៃ​ប្រាំពីរ​ម៉ែត្រ។ ២៩ រួច​ដោយ​សារ​ពួក​គេ​ខ្លាច​ថា​សំពៅ​នឹង​កឿង​លើ​ថ្ម នោះ​ក៏​ទម្លាក់​យុថ្កា​បួន​ពី​កន្ទុយ​សំពៅ ហើយ​ចាប់​ផ្ដើម​ចង់​ឲ្យ​ឆាប់​ភ្លឺ។ ៣០ ប៉ុន្តែ​កាល​ដែល​ពួក​អ្នក​ដើរ​សំពៅ​ចាប់​ផ្ដើម​រក​វិធី​រត់​ចោល​សំពៅ ហើយ​ទម្លាក់​ទូក​តូច​ទៅ​ក្នុង​ទឹក ដោយ​ធ្វើ​ហាក់​ដូច​ជា​បម្រុង​នឹង​ទម្លាក់​យុថ្កា​ពី​ក្បាល​សំពៅ ៣១ នោះ​ប៉ូល​និយាយ​ទៅ​នាយ​ទាហាន​និង​ពួក​ទាហាន​ឯ​ទៀត​ថា៖ «អ្នក​រាល់​គ្នា​នឹង​មិន​បាន​សង្គ្រោះ​ទេ បើ​បុរស​ទាំង​នេះ​មិន​នៅ​ក្នុង​សំពៅ»។ ៣២ រួច​ពួក​ទាហាន​កាត់​ខ្សែ​ទូក​តូច​នោះ ហើយ​ឲ្យ​ធ្លាក់​ទៅ។

៣៣ លុះ​ជិត​ភ្លឺ​ហើយ ប៉ូល​ចាប់​ផ្ដើម​លើក​ទឹក​ចិត្ត​ពួក​គេ​ទាំង​អស់​គ្នា​ឲ្យ​បរិភោគ​អាហារ ដោយ​និយាយ​ថា៖ «ថ្ងៃ​នេះ ជា​ថ្ងៃ​ទី​ដប់​បួន​ហើយ​ដែល​អ្នក​រាល់​គ្នា​បាន​ចាំ​យាម ហើយ​នៅ​តែ​មិន​បរិភោគ ក៏​មិន​បាន​ទៅ​យក​អាហារ​សម្រាប់​ខ្លួន​អ្នក​សោះ។ ៣៤ ដូច្នេះ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​យក​អាហារ​មក​បរិភោគ ដើម្បី​សុខភាព​របស់​អ្នក​រាល់​គ្នា ព្រោះ​សូម្បី​តែ​សក់​អ្នក​រាល់​គ្នា​មួយ​សរសៃ​នឹង​មិន​វិនាស​បាត់​ទៅ​សោះ​ឡើយ»។ ៣៥ លុះ​និយាយ​ចប់​ហើយ គាត់​យកនំ​ប៉័ង​មួយ​ដុំ អរ​គុណ​ព្រះ​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា រួច​កាច់​នំ​ប៉័ង​នោះ ហើយ​ចាប់​ផ្ដើម​បរិភោគ។ ៣៦ ដូច្នេះ ពួក​គេ​ទាំង​អស់​គ្នា​ក៏​មាន​ចិត្ត​សប្បាយ ហើយ​ក៏​យក​អាហារ​មក​បរិភោគ​ដែរ។ ៣៧ សរុប​ទៅ​យើង​មាន​គ្នា​ពីរ​រយ​ចិតសិប​ប្រាំមួយ​នាក់* ក្នុង​សំពៅ។ ៣៨ លុះ​បរិភោគ​ឆ្អែត​ហើយ ពួក​គេ​ក៏​ធ្វើ​ឲ្យ​សំពៅ​ស្រាល ដោយ​យក​ស្រូវ​សាលី​ទៅ​ចោល​ក្នុង​សមុទ្រ។

៣៩ នៅ​ទី​បំផុត ពេល​ភ្លឺ​ហើយ ពួក​គេ​ឃើញ​ដី​គោក​តែ​មិន​ស្គាល់​កន្លែង​នោះ​ទេ ក៏​ប៉ុន្តែ​ពួក​គេ​ឃើញ​ឆក​សមុទ្រ​មួយ​ដែល​មាន​ឆ្នេរ ហើយ​ពួក​គេ​តាំង​ចិត្ត​បើក​សំពៅ​ទៅ​កឿង​លើ​ឆ្នេរ​នោះ ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន។ ៤០ ដូច្នេះ ពួក​គេ​កាត់​ខ្សែ​ឲ្យ​យុថ្កា​ធ្លាក់​ចូល​សមុទ្រ ហើយ​នៅ​ដំណាល​គ្នា​ក៏​ស្រាយ​ខ្សែ​ចង្កូត រួច​សម្រូត​ក្ដោង​មុខ​ឡើង​ឲ្យ​ចំ​ខ្យល់​ហើយ​បើក​សំពៅ​ឆ្ពោះ​ទៅ​ឆ្នេរ។ ៤១ កាល​ដែល​សំពៅ​ប៉ះ​លើ​ផ្នូកខ្សាច់​មួយ​នៅ​ចន្លោះ​ខ្សែ​ទឹក​ពីរ សំពៅ​ក៏​កឿង​ទៅ ហើយ​ក្បាល​សំពៅ​បាន​ជាប់​នឹង​ថ្កល់ ប៉ុន្តែ​រលក​សមុទ្រ​ចាប់​ផ្ដើម​វាយ​ផ្ទប់​កន្ទុយ​សំពៅ​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​បែកបាក់​ខ្ទេចខ្ទី​អស់។ ៤២ ឃើញ​ដូច្នេះ ពួក​ទាហាន​តាំង​ចិត្ត​សម្លាប់​អ្នក​ទោស​ចោល ដើម្បី​កុំ​ឲ្យ​ហែល​គេច​ខ្លួន។ ៤៣ ប៉ុន្តែ​នាយ​ទាហាន​ចង់​សង្គ្រោះ​ប៉ូល ដូច្នេះ គាត់​ឃាត់​ពួក​គេ​មិន​ឲ្យ​ធ្វើ​តាម​បំណង​របស់​ពួក​គេ។ រួច​គាត់​បង្គាប់​អស់​អ្នក​ដែល​ចេះ​ហែល​ទឹក ឲ្យ​លោត​ទៅ​ក្នុង​ទឹក​ហើយ​ហែល​ទៅ​គោក​មុន ៤៤ រួច​គាត់​បង្គាប់​អ្នក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ ដោយ​មាន​អ្នក​ខ្លះ​តោង​បន្ទះ​ក្ដារ ហើយ​អ្នក​ខ្លះ​ទៀត​តោង​របស់​ផ្សេង​ទៀត​ក្នុង​សំពៅ។ ដូច្នេះ នៅ​ទី​បំផុត​ពួក​គេ​ទាំង​អស់​គ្នា​បាន​ទៅ​ដល់​គោក​ដោយ​សុវត្ថិភាព។

២៨ ក្រោយ​ពី​យើង​បាន​ទៅ​ដល់​ឆ្នេរ​ដោយ​សុវត្ថិភាព​ហើយ ទើប​យើង​ដឹង​ថា​កោះ​នោះ​ឈ្មោះ​ម៉ល់តា។ ២ រួច​អ្នក​កោះ* នោះ​ប្រព្រឹត្ត​មក​លើ​យើង​ដោយ​មនុស្ស​ធម៌​និង​ចិត្ត​សប្បុរស​ក្រៃ​លែង ដោយ​បង្កាត់​ភ្លើង​និង​ទទួល​យើង​ទាំង​អស់​គ្នា​ហើយ​ផ្ដល់​ជំនួយ ព្រោះ​ភ្លៀង​ចាប់​ផ្ដើម​ធ្លាក់​ហើយ​អាកាសធាតុ​ក៏​ត្រជាក់​ផង។ ៣ ក៏​ប៉ុន្តែ​ពេល​ដែល​ប៉ូល​ប្រមូល​អុស​មួយ​បាច់​រួច​ដាក់​លើ​ភ្លើង ពស់​មាន​ពិស​មួយ បាន​ចេញ​មក​ដោយ​សារ​ត្រូវ​កម្ដៅ​ភ្លើង ហើយ​ក៏​ចឹក​ដៃ​គាត់​ជាប់។ ៤ កាល​ដែល​អ្នក​កោះ* នោះ ឃើញ​សត្វ​មាន​ពិស​នៅ​ជាប់​នឹង​ដៃ​គាត់ ពួក​គេ​ចាប់​ផ្ដើម​និយាយ​ថា៖ «បុរស​នេះ​ប្រាកដជា​ឃាតករ ហើយ​ទោះ​ជា​គាត់​បាន​រួច​ពី​សមុទ្រ​ដោយ​សុវត្ថិភាព​ក្ដី យុត្ដិធម៌​មិន​អនុញ្ញាត​ឲ្យ​គាត់​រស់​ត​ទៅ​ទៀត​ទេ»។ ៥ ក៏​ប៉ុន្តែ​គាត់​រលាស់​សត្វ​នោះ​ចេញ ហើយ​វា​ធ្លាក់​ក្នុង​ភ្លើង ហើយ​គាត់​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ។ ៦ តែ​ពួក​គេ​ចាំ​មើល​គាត់​ហើម​ខ្លួន​ឬ​ដួល​ស្លាប់។ ក្រោយ​ពី​បាន​ចាំ​យ៉ាង​យូរ ហើយ​មិន​ឃើញ​ថា​គាត់​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ ពួក​គេ​ក៏​ផ្លាស់​គំនិត ចាប់​ផ្ដើម​និយាយ​ថា​គាត់​ជា​ព្រះ​មួយ​ទៅ​វិញ។

៧ នៅ​តំបន់​នោះ បុរស​ម្នាក់​ឈ្មោះ​ផឹបភ្លាស ដែល​ជា​អ្នក​ធំ​ជាង​គេ​នៅ​កោះ​នោះ គាត់​មាន​ដី​ច្រើន ហើយ​គាត់​ទទួល​យើង​យ៉ាង​រាក់​ទាក់​ដោយ​ចិត្ត​សប្បុរស​អស់​បី​ថ្ងៃ។ ៨ ឯ​ឪពុក​របស់​ផឹបភ្លាស​កំពុង​សម្រាន្ត​លើ​គ្រែ​ដោយ​សារ​ឈឺ​គ្រុន​ក្ដៅ​ផង​ហើយ​រាក​មួល​ផង។ រួច​ប៉ូល​ចូល​ទៅ​ឯ​គាត់ អធិដ្ឋាន ហើយ​ដាក់​ដៃ​លើ​គាត់​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ។ ៩ បន្ទាប់​ពី​ការ​នេះ អ្នក​ឯ​ទៀត​ដែល​ឈឺ​នៅ​កោះ​នោះ​ក៏​ចាប់​ផ្ដើម​មក​រក​ប៉ូល ហើយ​បាន​ជា​សះ​ស្បើយ​ដែរ។ ១០ ពួក​គេ​ក៏​ធ្វើ​អំណោយ​ជា​ច្រើន​ដើម្បី​បង្ហាញ​ការ​គោរព​ចំពោះ​យើង ហើយ​ពេល​យើង​ចេញ​សំពៅ ពួក​គេ​ផ្គត់​ផ្គង់​អ្វីៗ​ជា​ច្រើន​សន្ធឹក​សន្ធាប់​ដែល​យើង​ត្រូវ​ការ។

១១ បី​ខែ​ក្រោយ​មក យើង​ចេញ​ដំណើរ​តាម​សំពៅ​មួយ​ពី​ក្រុង​អាឡិចសង់ទ្រា ដែល​បាន​ចត​នៅ​កោះ​នោះ​ទាល់​តែ​ផុត​រដូវ​ត្រជាក់។ នៅ​ក្បាល​សំពៅ​នោះ​មាន​រូប​មួយ​ដែល​មាន​អក្សរ​ថា​«កូន​របស់​ព្រះ​សឺស»។ ១២ រួច​យើង​ចត​នៅ​កំពង់ផែ​ស៊ីរ៉ាគូស ហើយ​នៅ​ក្រុង​នោះ​អស់​បី​ថ្ងៃ។ ១៣ ពី​កន្លែង​នោះ​យើង​បើក​វាង​ទៅ​ដល់​ក្រុង​រេគៀម។ លុះ​មួយ​ថ្ងៃ​ក្រោយ​មក ខ្យល់​បក់​មក​ពី​ទិស​ខាង​ត្បូង ហើយ​យើង​បាន​ទៅ​ដល់​កំពង់​ផែ​ពូតេអូលី​នៅ​ថ្ងៃ​ទី​ពីរ។ ១៤ នៅ​ទី​នោះ​យើង​រក​ឃើញ​បង​ប្អូន ហើយ​ពួក​គាត់​បាន​អង្វរ​ឲ្យ​យើង​នៅ​ជា​មួយ​នឹង​ពួក​គាត់​អស់​ប្រាំពីរ​ថ្ងៃ។ ដំណើរ​របស់​យើង​ទៅ​ក្រុង​រ៉ូម​គឺ​ដូច្នោះ។ ១៥ ពេល​ដែល​ទទួល​ដំណឹង​អំពី​យើង បង​ប្អូន​បាន​មក​ពី​ក្រុង​នោះ​រហូត​ដល់​ផ្សារ​អាពីយូស​និង​ផ្ទះ​សម្នាក់​បី។ កាល​ដែល​ប៉ូល​ឃើញ​បង​ប្អូន គាត់​អរគុណ​ព្រះ​ហើយ​ក៏​មាន​ចិត្ត​ក្លាហាន។ ១៦ នៅ​ទី​បំផុត​យើង​ចូល​ក្រុង​រ៉ូម ហើយ​គេ​អនុញ្ញាត​ឲ្យ​ប៉ូល​ស្នាក់​នៅ​ម្នាក់​ឯង ជា​មួយ​នឹង​ទាហាន​ម្នាក់​ដែល​យាម​គាត់។

១៧ ក៏​ប៉ុន្តែ​បី​ថ្ងៃ​ក្រោយ​មក គាត់​ហៅ​បុរស​ដែល​មាន​មុខ​មាត់​ក្នុង​ចំណោម​ជន​ជាតិ​យូដា​ឲ្យ​មក​ជុំ​គ្នា។ លុះ​បាន​ជួប​ជុំ​គ្នា​ហើយ គាត់​និយាយ​ទៅ​ពួក​គេ​ថា៖ «បងប្អូន​អើយ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ប្រឆាំង​បណ្ដា​ជន​ឬ​ទំនៀម​ទម្លាប់​បុព្វបុរស​របស់​យើង​ទេ។ គេ​បាន​ប្រគល់​ខ្ញុំ ជា​អ្នក​ទោស​ពី​ក្រុង​យេរូសាឡិម ទៅ​ក្នុង​កណ្ដាប់​ដៃ​ជន​ជាតិ​រ៉ូម។ ១៨ ហើយ​ក្រោយ​ពី​សួរ​ចម្លើយ​ខ្ញុំ អ្នក​ទាំង​នោះ​ចង់​ដោះ​លែង​ខ្ញុំ ដោយ​ឃើញ​ថា​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​គួរ​នឹង​ទទួល​ទោស​ដល់​ជីវិត​ឡើយ។ ១៩ ប៉ុន្តែ​ពេល​ដែល​ជន​ជាតិ​យូដា​ចេះ​តែ​ជំទាស់ ខ្ញុំ​ត្រូវ​សុំ​លើក​រឿង​ក្ដី​ទៅ​សេសារ* ប៉ុន្តែ​មិន​មែន​ដោយ​សារ​ខ្ញុំ​មាន​រឿង​អ្វី​ដែល​ចង់​ចោទ​ប្រកាន់​ជាតិ​ខ្ញុំ​ទេ។ ២០ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អង្វរ​អ្នក​រាល់​គ្នា​ឲ្យ​មក ដើម្បី​ខ្ញុំ​អាច​និយាយ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ព្រោះ​ខ្ញុំ​ជាប់​ច្រវាក់​នេះ​ដោយ​សារ​តែ​សេចក្ដី​សង្ឃឹម​របស់​អ៊ីស្រាអែល»។ ២១ ពួក​គេ​និយាយ​ទៅ​គាត់​ថា៖ «យើង​មិន​បាន​ទទួល​សំបុត្រ​ពី​តំបន់​យូឌា​ស្តី​អំពី​អ្នក​ទេ ហើយ​ក្នុង​ចំណោម​បង​ប្អូន​ដែល​ទើប​តែម​ក​ដល់ ក៏​គ្មាន​អ្នក​ណា​បាន​រាយ​ការណ៍​ឬ​និយាយ​អ្វី​អាក្រក់​អំពី​អ្នក​ដែរ។ ២២ ប៉ុន្តែ​យើង​គិត​ថា​ជា​ការ​ត្រឹម​ត្រូវ​ឲ្យ​យើង​ឮ​អ្នក​និយាយ​ផ្ទាល់​អំពី​គំនិត​របស់​អ្នក ព្រោះ​យើង​ដឹង​ច្បាស់​ថា​នៅ​គ្រប់​ទី​កន្លែង​គេ​តែង​និយាយ​ប្រឆាំង​និកាយ​នេះ»។

២៣ បន្ទាប់​មក ពួក​គេ​ណាត់​នឹង​គាត់ ឲ្យ​មក​ពេញ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​នោះ ពួក​គេ​មក​កន្លែង​គាត់​ស្នាក់​នៅ ដោយ​មាន​គ្នា​ច្រើន​ជាង​មុន ហើយ​តាំង​ពី​ព្រឹក​ដល់​ល្ងាច គាត់​ពន្យល់​ពួក​គេ​អំពី​រឿង​នោះ ដោយ​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​អំពី​រាជាណាចក្រ​របស់​ព្រះ ហើយ​ខំ​បញ្ជាក់​ហេតុ​ផល​ដើម្បី​ឲ្យ​ពួក​គេ​ជឿ​អំពី​លោក​យេស៊ូ ដោយ​ផ្អែក​លើ​ច្បាប់​របស់​ម៉ូសេ​និង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ប្រកាស​ទំនាយ។ ២៤ អ្នក​ខ្លះ​ចាប់​ផ្ដើម​ជឿ​អ្វី​ដែល​គាត់​និយាយ ឯ​អ្នក​ខ្លះ​ទៀត​មិន​ព្រម​ជឿ​ទេ។ ២៥ ដូច្នេះ ដោយ​សារ​ពួក​គេ​ខ្វែង​គំនិត​គ្នា នោះ​ពួក​គេ​ចាប់​ផ្ដើម​ចេញ​ទៅ។ ពេល​នោះ​ប៉ូល​និយាយ​ថា៖

«អ្វី​ដែល​សកម្មពល* បរិសុទ្ធ​បាន​និយាយ​ទៅ​កាន់​ពួក​បុព្វបុរស​របស់​អ្នក​រាល់​គ្នា តាម​រយៈ​អេសាយ ជា​អ្នក​ប្រកាស​ទំនាយ នោះ​គឺ​ត្រឹម​ត្រូវ​ណាស់ ២៦ ពេល​ថា៖ ‹ចូរ​ទៅ​ឯ​បណ្ដា​ជន​នេះ ហើយ​និយាយ​ថា៖ «ពេល​ដែល​ស្ដាប់ អ្នក​រាល់​គ្នា​នឹង​ស្ដាប់​ឮ​តែ​មិន​យល់​ទេ ហើយ​ពេល​ដែល​មើល អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​អ្វី​សោះ។ ២៧ ព្រោះ​ចិត្ត​របស់​បណ្ដា​ជន​នេះ​បាន​ទៅ​ជា​រឹង ហើយ​ពួក​គេ​បាន​ឮ​នឹង​ត្រចៀក តែ​មិន​បាន​អើពើ ក៏​បាន​បិទ​ភ្នែក កុំ​ឲ្យ​មើល​ឃើញ​នឹង​ភ្នែក ស្ដាប់​ឮ​នឹង​ត្រចៀក ឬ​យល់​អត្ថន័យ​ហើយ​ឲ្យ​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​ពួក​គេ រួច​ប្រែ​ចិត្ត ហើយ​ខ្ញុំ​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ»›។ ២៨ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ថា ដំណឹង​នេះ ស្តី​អំពី​របៀប​ដែល​ព្រះ​ផ្ដល់​សេចក្ដី​សង្គ្រោះ បាន​ត្រូវ​ផ្សាយ​ដល់​ប្រជាជាតិ​នានា។ ពួក​គេ​ប្រាកដជា​នឹង​ស្ដាប់»។ ២៩ * ——

៣០ ដូច្នេះ អស់​ពីរ​ឆ្នាំ​គាត់​នៅ​ក្នុង​ផ្ទះ​ដែល​គាត់​ជួល ហើយ​ក៏​បាន​ទទួល​យ៉ាង​រាក់​ទាក់​អស់​អ្នក​ដែល​មក​ជួប​គាត់ ៣១ ដោយ​ផ្សព្វ​ផ្សាយ​ប្រាប់​ពួក​គេ​អំពី​រាជាណាចក្រ​របស់​ព្រះ ហើយ​បង្រៀន​អំពី​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​ដោយ​ក្លាហាន​បំផុត ហើយ​ដោយ​គ្មាន​អ្វី​មករា​រាំង​ឡើយ។

[កំណត់​សម្គាល់]

ភាសា​ក្រិច​«អាប៉ូស្តូឡូស»។ មាន​ន័យ​ថា​«អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​ម៉ាថ ១២:១

ចម្ងាយ​នេះ​គឺ​ប្រមាណ​២.០០០​ហត្ថ​(៨៩០​ម៉ែត្រ)។ ពិនិត្យ​បន្ថែម​យ៉ូស្វេ ៣:៤

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច ពាក្យ​«តំបន់​អាស៊ី»​សំដៅ​ទៅ​ខេត្ត​មួយ​របស់​រ៉ូម​ដែល​ជា​តំបន់​មួយ​នៃ​ប្រទេស​តួ​គី​សព្វ​ថ្ងៃ​នេះ ហើយ​មិន​សំដៅ​ទៅ​ទ្វីប​អាស៊ី​ទេ

ឬ​អ្នក​ដែល​ចូល​សាសនាយូដា។ ភាសា​ក្រិច​«ប្រូសាលីតូស»

ប្រហែលជា​ម៉ោង​៩​ព្រឹក បើ​រាប់​ពី​ថ្ងៃ​រះ

ន័យ​ត្រង់​«ទៅ​លើ​សាច់​ឈាម​ទាំង​អស់»

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

ភាសា​ក្រិច​«ហាដេស»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៧

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៤

មើល​កំណត់​សម្គាល់​ខ​២៧

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៥

ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា

មើល​កំណត់​សម្គាល់​រ៉ូម ៥:១២

មើល​កំណត់​សម្គាល់​ខ​២៧

មើល​កំណត់​សម្គាល់​ខ​២៧

ប្រហែលជា​ម៉ោង​៣​រសៀល បើ​រាប់​ពី​ថ្ងៃ​រះ

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

មើល​កំណត់​សម្គាល់​ម៉ាថ ៣:៧

មើល​កំណត់​សម្គាល់​ម៉ាថ ២:៤

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ឬ​«បោះដែកគោល​ភ្ជាប់​នឹង​បង្គោល​ឈើ»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៥

មើល​កំណត់​សម្គាល់​ម៉ាថ ២១:៤២

តាម​មើល​ទៅ នេះ​សំដៅ​ទៅ​ការ​មិន​រៀន​សូត្រ​នៅ​សាលា​សាសនា​របស់​ជន​ជាតិ​ហេប្រឺ

មើល​កំណត់​សម្គាល់​ម៉ាថ ២៦:៥៩

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៤

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

ភាសា​ក្រិច​«សាថាណាស»។ មាន​ន័យ​ថា​«អ្នក​ប្រឆាំង»​ឬ​«សត្រូវ»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​ម៉ាថ ១:១

មើល​កំណត់​សម្គាល់​ម៉ាថ ៣:៧

មើល​កំណត់​សម្គាល់​ម៉ាថ ៥:១៧

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ឬ​អ្នក​ដែល​ចូល​សាសនាយូដា។ ភាសា​ក្រិច​«ប្រូសាលីតូស»

មើល​កំណត់​សម្គាល់​សកម្ម ២:៩

មើល​កំណត់​សម្គាល់​ម៉ាថ ៥:១៧

នេះ​សំដៅ​ទៅ​ដី​តូច​បំផុត​ដែល​អាច​បាន​ជា​កម្មសិទ្ធិ

មើល​កំណត់​សម្គាល់​លូក ១:៥៩

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

ន័យ​ត្រង់​«ប្រាជ្ញា»

មើល​កំណត់​សម្គាល់​ម៉ាថ ១:១

ន័យ​ត្រង់​«ស្បែក​ចិត្ត​និង​ត្រចៀក​មិន​ទាន់​ត្រូវ​កាត់​ទេ»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​ម៉ាថ ៥:១៧

ពាក្យ​ភាសា​ក្រិច​អាច​សំដៅ​ទៅ​មេឃ​ក៏​បាន​ឬ​ស្ថាន​សួគ៌​ក៏​បាន

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា

មើល​កំណត់​សម្គាល់​ខ​៧

មើល​កំណត់​សម្គាល់​ម៉ាថ ១៧:២១

មើល​កំណត់​សម្គាល់​ម៉ាថ ១:១

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា

ប្រហែល​ម៉ោង​បី​រសៀល បើ​រាប់​ពី​ថ្ងៃ​រះ

ប្រហែល​ម៉ោង​១២​ថ្ងៃ​ត្រង់ បើ​រាប់​ពី​ថ្ងៃ​រះ

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​ខ​៣

មើល​កំណត់​សម្គាល់​ម៉ាថ ១:១

ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៤

ភាសា​ក្រិច​«ឌីអាបូឡូស»។ មាន​ន័យ​ថា​«អ្នក​បង្កាច់​បង្ខូច»

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៥

មើល​កំណត់​សម្គាល់​លូក ១:៥៩

មើល​កំណត់​សម្គាល់​លូក ១:៥៩

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​ម៉ាថ ២:១

ន័យ​ត្រង់​«ណែគើរ»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ភាសា​ក្រិច​«ឌីអាបូឡូស»។ មាន​ន័យ​ថា​«អ្នក​បង្កាច់​បង្ខូច»

មើល​កំណត់​សម្គាល់​ម៉ាថ ៥:១៧

ន័យ​ត្រង់​«ដោយ​ដៃ​ដែល​បាន​លើក​ខ្ពស់»

ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា

មើល​កំណត់​សម្គាល់​ម៉ាថ ១:១

ឬ​អ្នក​ដែល​ចូល​សាសនាយូដា។ ភាសា​ក្រិច​«ប្រូសាលីតូស»

មើល​កំណត់​សម្គាល់​លូក ១:៥៩

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​ម៉ាថ ៥:៣២

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

មើល​កំណត់​សម្គាល់​ម៉ាថ ១៧:២១

មើល​កំណត់​សម្គាល់​លូក ១:៥៩

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​សកម្ម ២:៩

ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា

ភាសា​ក្រិច​«ដាយម៉ូនីអន»។ សំដៅ​ទៅ​ពួក​ទេវតា​អាក្រក់

កន្លែង​សាធារណៈ​ដែល​មហាជន​ប្រជុំ​គ្នា

ន័យ​ត្រង់​«អធិរាជ»

ក្រុម​អ្នក​កាន់​តាម​ទស្សនវិទូ​ឈ្មោះ​អេពីគួ​រូស ដែល​មាន​ជំនឿ​ថាមនុស្ស​គួរតែ​រក​ការ​សប្បាយ​ច្រើន​បំផុត​ក្នុង​ជីវិត

ក្រុម​អ្នក​កាន់​តាម​ទស្សនវិទូ​ឈ្មោះ​ស៊ីណូ ដែល​មាន​ជំនឿ​ថា​មនុស្ស​គួរតែ​រស់​នៅ​ស្រប​តាម​វិចារណញ្ញាណ ហើយ​តាំង​ចិត្ត​ជា​កណ្ដាល មិន​ព្រួយ​លំបាក​ក៏មិន​សប្បាយ

ទួល​មួយ​នៅ​ក្រុង​អាថែន​នៅ​សម័យ​បុរាណ ហើយ​ជា​កន្លែង​ដែល​តុលាការ​កំពូល​ជួប​ជុំ​គ្នា

ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា

នេះ​សំដៅ​ទៅ​ការ​បង្រៀន​ដោយ​មាត់​ទទេ

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា

មើល​កំណត់​សម្គាល់​សកម្ម ២:៩

មើល​កំណត់​សម្គាល់​ខ​២

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​សកម្ម ២:៩

ឬ​«ជីវិត»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​ខ​១០

ឬ​«ជិះ​ជាន់»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​ម៉ាថ ៥:១៧

មើល​កំណត់​សម្គាល់​លូក ១:៥៩

មើល​កំណត់​សម្គាល់​ម៉ាថ ៥:៣២

មើល​កំណត់​សម្គាល់​សកម្ម ២:៩

មើល​កំណត់​សម្គាល់​ម៉ាថ ៥:១៧

ឬ​«ស្ដាប់​យល់»​ដូច​ប៉ូល ដែល​បាន​រៀប​រាប់​ក្នុង​ខ​៧

ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា

ឬ​«ជញ្ជាំង​លាប​កំបោរ​ស»

មើល​កំណត់​សម្គាល់​ម៉ាថ ៥:១៧

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ប្រហែល​ម៉ោង​៩​យប់ បើ​រាប់​ពី​ថ្ងៃ​លិច

មើល​កំណត់​សម្គាល់​ម៉ាថ ១៧:២១

មើល​កំណត់​សម្គាល់​ម៉ាថ ៥:១៧

មើល​កំណត់​សម្គាល់​សកម្ម ២:៩

មើល​កំណត់​សម្គាល់​ម៉ាថ ៥:១៧

ន័យ​ត្រង់​«អធិរាជ»

ន័យ​ត្រង់​«ទៅ​កាន់​លោក​ម្ចាស់»

ភាសា​ក្រិច​«សាថាណាស»។ មាន​ន័យ​ថា​«អ្នក​ប្រឆាំង»​ឬ​«សត្រូវ»

ន័យ​ត្រង់​«អធិរាជ»

មើល​កំណត់​សម្គាល់​សកម្ម ២:៩

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

ឈូង​សមុទ្រ​ពីរ​ដែល​រាក់​ហើយ​ធំ​នៅ​ប្រទេស​លីប៊ី ប៉ែក​ខាង​ជើង​នៃ​ទ្វីប​អាហ្វ្រិក

មើល​កំណត់​សម្គាល់​ខ​១០

ន័យ​ត្រង់​«អធិរាជ»

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

ឬ​«អ្នក​ដែល​និយាយ​ភាសា​បរទេស»

មើល​កំណត់​សម្គាល់​ខ​២

ន័យ​ត្រង់​«អធិរាជ»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​ម៉ាថ ១៧:២១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក