បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bi7 រ៉ូម ១:១-១៦:២៧
  • រ៉ូម

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • រ៉ូម
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
រ៉ូម

ជូន​ចំពោះ​គ្រិស្ត​សាសនិក​នៅ​ក្រុង​រ៉ូម

១ ពី​ខ្ញុំ ប៉ូល ជា​ខ្ញុំ​បម្រើ​របស់​លោក​យេស៊ូ​គ្រិស្ត* ដែល​បាន​ហៅ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​សាវ័ក* ដើម្បី​ប្រកាស* ដំណឹង​ល្អ​របស់​ព្រះ ២ ដែល​លោក​បាន​សន្យា​ទុក​ជា​មុន ក្នុង​បទ​គម្ពីរ​បរិសុទ្ធ តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​លោក ៣ ពោល​គឺ​ដំណឹង​ល្អ​អំពី​បុត្រ​របស់​លោក ដែល​កើត​មក​ជា​មនុស្ស​ពី​ពូជ​ពង្ស​របស់​ដាវីឌ ៤ តែ​បាន​ត្រូវ​ស​ឲ្យ​ឃើញ​ថា​ជា​បុត្រ​ព្រះ​វិញ ដោយ​ឫទ្ធានុភាព​នៃ​សកម្មពល* បរិសុទ្ធ ពេល​ដែល​ទទួល​ការ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ។ (បុត្រ​នោះ​គឺ​លោក​យេស៊ូ​គ្រិស្ត ជា​ម្ចាស់​របស់​យើង។ ៥ តាម​រយៈ​លោក ខ្ញុំ​បាន​ទទួល​គុណ​ដ៏​វិសេស​លើស​លប់ និង​មុខ​ងារ​ជា​សាវ័ក ដើម្បី​ឲ្យ​ប្រជាជាតិ​នានា​មាន​ជំនឿ​ហើយ​ស្ដាប់​តាម​លោក ដើម្បី​នាម​របស់​លោក។ ៦ ក្នុង​ចំណោម​ប្រជាជាតិ​ទាំង​នោះ អ្នក​រាល់​គ្នា​ក៏​ជា​អ្នក​ដែល​បាន​ត្រូវ​ហៅ​មក ដើម្បី​ឲ្យ​ទៅ​ជា​របស់​លោក​យេស៊ូ​គ្រិស្ត)។ ៧ ជូន​ចំពោះ​អស់​អ្នក​ជា​ទី​ស្រឡាញ់​របស់​ព្រះ​នៅ​ក្រុង​រ៉ូម ដែល​បាន​ត្រូវ​ហៅ​មក ដើម្បី​ឲ្យ​ទៅ​ជា​អ្នក​បរិសុទ្ធ៖

សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកបដោយ​គុណ​ដ៏​វិសេស​លើស​លប់​និង​សេចក្ដី​សុខសាន្ត​ពី​ព្រះ ជា​បិតា​របស់​យើង និង​ពី​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត។

៨ ជា​បឋម តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត ខ្ញុំ​សូម​អរគុណ​ព្រះ អំពី​អ្នក​រាល់​គ្នា ពីព្រោះ​គេ​តែង​និយាយ​អំពី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ពេញ​ពិភព​លោក​ទាំង​មូល។ ៩ ព្រោះ​ព្រះ​ដែល​ខ្ញុំ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​អស់ពី​ចិត្ត ដោយ​ប្រកាស​ដំណឹង​ល្អ​អំពី​បុត្រ​របស់​លោក ជា​សាក្សី​ថា ខ្ញុំ​តែង​អធិដ្ឋាន​អំពី​អ្នក​រាល់​គ្នា​ជា​និច្ច ១០ ដោយ​អង្វរ​សុំ​ឲ្យ​មាន​ឱកាស​មក​ឯ​អ្នក​រាល់​គ្នា​ឥឡូវ​នេះ ប្រសិនបើ​សម​ស្រប​តាម​បំណងប្រាថ្នា​របស់​ព្រះ។ ១១ ព្រោះ​ខ្ញុំ​ចង់​ជួប​អ្នក​រាល់​គ្នា​ខ្លាំង​ណាស់ ដើម្បី​ខ្ញុំ​អាច​ឲ្យ​ពរ​ពី​ព្រះ ដើម្បី​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បាន​រឹង​មាំ ១២ ឬ​ដើម្បី​យើង​ម្នាក់ៗ​អាច​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ជំនឿ​របស់​យើង គឺ​ជំនឿ​របស់​អ្នក​រាល់​គ្នា និង​ជំនឿ​របស់​ខ្ញុំ។

១៣ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ដឹង​ច្បាស់​ថា ខ្ញុំ​មាន​បំណង​មក​ឯ​អ្នក​រាល់​គ្នា​ជា​ច្រើន​ដង​ហើយ តែ​រហូត​មក​ដល់​ពេល​នេះ មាន​អ្វី​ដែល​បាន​រារាំង​មិន​ឲ្យ​ខ្ញុំ​មក។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​មាន​បំណង​មក​ឯ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផល​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដូច​ក្នុង​ចំណោម​ប្រជាជាតិ​ឯ​ទៀត​ដែរ។ ១៤ ខ្ញុំ​ជំពាក់​ទាំង​ពួក​ក្រិច ទាំង​ពួក​ជន​បរទេស ទាំង​ពួក​អ្នក​ប្រាជ្ញ ទាំង​ពួក​អ្នក​អវិជ្ជា៖ ១៥ ហេតុ​នេះ ខ្ញុំ​ក៏​ចង់ប្រកាស​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​រ៉ូម​ជា​ខ្លាំង​ដែរ។ ១៦ ខ្ញុំ​គ្មាន​សេចក្ដី​អៀន​ខ្មាស​ព្រោះ​ដំណឹង​ល្អ​នោះ​ឡើយ ព្រោះ​តាម​ពិត​នោះ​ជា​ឫទ្ធានុភាព​របស់​ព្រះ​ដើម្បី​សង្គ្រោះ​អស់​អ្នក​ដែល​មាន​ជំនឿ មុន​ដំបូង​ពួក​យូដា រួច​មក ពួក​ក្រិច ១៧ ព្រោះ​អស់​អ្នក​ដែល​មាន​ជំនឿ​ឃើញ​ថា ព្រះ​បង្ហាញ​ឲ្យ​ឃើញ​ភាព​សុចរិត* របស់​លោក តាម​រយៈ​ដំណឹង​ល្អ ហើយ​នេះ​ពង្រឹង​ជំនឿ​របស់​ពួក​គេ ដូច​បទ​គម្ពីរ​ចែង​ថា៖ «ប៉ុន្តែ​អ្នក​ដែល​សុចរិត​នឹង​រស់​ដោយ​សារ​មាន​ជំនឿ»។

១៨ ព្រោះ​កំហឹង​របស់​ព្រះ​កំពុង​ត្រូវ​សម្ដែង​ចេញ​ពី​ស្ថាន​សួគ៌ ទាស់​នឹង​គ្រប់​ទាំង​អំពើ​ឥត​គោរព​ព្រះ និង​គ្រប់​ទាំង​អំពើ​មិន​សុចរិត​របស់​មនុស្ស​ដែល​បំបិទ​សេចក្ដី​ពិត​តាម​របៀប​មិន​សុចរិត ១៩ ពីព្រោះ​អ្វីៗ​ដែល​ពួក​គេ​អាច​ដឹង​អំពី​ព្រះ គឺ​ជាក់​ស្តែង​ក្នុង​ចំណោម​ពួក​គេ ដោយ​សារ​ព្រះ​បាន​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ​ជាក់​ស្តែង។ ២០ ព្រោះ​គុណ​សម្បត្ដិ​របស់​លោក ដែល​មនុស្ស​មើល​មិន​ឃើញ ពោល​គឺ​ឫទ្ធានុភាព​ដែល​ស្ថិតស្ថេរ​ជា​រៀង​រហូត និង​ឋានៈ​របស់​លោក​ជា​ព្រះ នោះ​បាន​ស​ឲ្យ​ឃើញ​ច្បាស់​តាំង​ពី​ពេល​ដែល​លោក​បង្កើត​ពិភព​លោក​មក ពេល​ដែល​ពិចារណា​អ្វីៗ​ដែល​លោក​បាន​បង្កើត។ ដូច្នេះ ពួក​គេ​មិន​អាច​ដោះ​សាបាន​ឡើយ ២១ ពីព្រោះ​ទោះ​ជា​ពួក​គេ​ស្គាល់​ព្រះ​ក៏​ដោយ ក៏​ពួក​គេ​មិន​បាន​លើក​តម្កើង​លោក​ជា​ព្រះ ហើយ​ក៏​មិន​បាន​អរគុណ​លោក​ដែរ ប៉ុន្តែ​ពួក​គេ​បែរ​ជា​មាន​គំនិត​អសារ​ឥត​ការ​វិញ ហើយ​ចិត្ត​គំនិត​របស់​ពួក​គេ ដែល​គ្មាន​ការ​យល់​ដឹង​បាន​បែរ​ទៅ​ជា​ងងឹត​វិញ។ ២២ ទោះ​ជា​ពួក​គេ​អះ​អាង​ថា​ខ្លួន​មាន​ប្រាជ្ញា​ក៏​ដោយ ពួក​គេ​បាន​ទៅ​ជា​មនុស្ស​ល្ងីល្ងើ​វិញ ២៣ ហើយ​បែរ​ជា​យក​រូប​មនុស្ស​ដែល​តែង​តែ​ខូច​ទៅ និង​រូប​សត្វ​ស្លាប សត្វ​ជើង​បួន និង​សត្វ​លូន​វារ​មក​ធ្វើ​ជា​តំណាង​សិរី​រុងរឿង​នៃ​ព្រះ​ដែល​មិន​អាច​ខូច​ទៅ។

២៤ ហេតុ​នេះ ព្រះ​បាន​ទុក​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ស្មោកគ្រោក​តាម​ចិត្ត​ពួក​គេ​ប៉ង​ប្រាថ្នា ដើម្បី​ឲ្យ​ពួក​គេ​បន្ថោក​រូប​កាយ​របស់​ខ្លួន ២៥ គឺ​ពួក​អ្នក​ទាំង​នេះ​ដែល​បាន​ប្ដូរ​សេចក្ដី​ពិត​អំពី​ព្រះ​យក​សេចក្ដី​ភូតភរ ក៏​បាន​គោរព​បូជា​និង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​អ្វីៗ​ដែល​បាន​ត្រូវ​បង្កើត​មក ជា​ជាង​ជូន​លោក​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​នោះ គឺ​លោក​ហើយ​ដែល​មាន​ពរ​ជា​រៀង​រហូត។ អា​មេន។ ២៦ ហេតុ​នេះ​ហើយ ព្រះ​បាន​ទុក​ឲ្យ​ពួក​គេ​បំពេញ​ចំណង់​ដ៏​គួរ​ស្អប់ខ្ពើម​ខាង​ផ្លូវ​ភេទ ព្រោះ​ពួក​ស្រីៗ​ក្នុង​ចំណោម​ពួក​គេ​បាន​លះ​បង់​ការ​រួម​ភេទ​តាម​ធម្មជាតិ ទៅ​ប្រព្រឹត្ត​ផ្ទុយ​ពី​ធម្មជាតិ​វិញ ២៧ ហើយ​សូម្បី​តែ​ពួក​ប្រុសៗ​ក៏​បាន​លះ​បង់​ការ​រួម​ភេទ​តាម​ធម្មជាតិ​ជា​មួយ​នឹង​ស្រី រួច​តាំង​មាន​ភ្លើង​តណ្ហា​ដ៏​ក្ដៅ​គគុក​ជា​មួយ​នឹង​ប្រុស​ឯ​ទៀត គឺ​ប្រុស​និង​ប្រុស​ប្រព្រឹត្ត​អំពើ​អាសអាភាស ហើយ​ទទួល​រង្វាន់​យ៉ាង​ពេញ​លេញ​សម្រាប់​ខ្លួន ឲ្យ​សម​នឹង​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ។

២៨ ហើយ​ដោយ​សារ​ពួក​គេ​មិន​ចង់​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ នោះ​ព្រះ​បាន​ទុក​ឲ្យ​ពួក​គេ​មាន​របៀប​គិត​គូរ​ដែល​លោក​មិន​ពេញ​ចិត្ត ដើម្បី​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អ្វី​ដែល​មិន​សមរម្យ ២៩ ដោយ​ឃើញ​ថា​ពួក​គេ​ពោរ​ពេញ​ទៅ​ដោយ​ភាព​មិន​សុចរិត ភាព​ទុច្ចរិត ចិត្ត​លោភ​លន់* និង​ភាព​អាក្រក់​សព្វ​បែប​យ៉ាង ក៏​ពេញ​ទៅ​ដោយ​សេចក្ដី​ច្រណែន ឃាតកម្ម ការ​ឈ្លោះ​ប្រកែក​គ្នា ការ​បោក​បញ្ឆោត ភាព​កាច​សាហាវ ហើយ​ជា​អ្នក​ខ្សឹប​រអេចរអូច ៣០ តិះ​ដៀល ស្អប់​ព្រះ ព្រហើន ក្រអឺតក្រទម អួតអាង គ្រោង​ការ​អាក្រក់ មិន​ស្ដាប់បង្គាប់​ឪពុក​ម្ដាយ ៣១ គ្មាន​សមត្ថភាព​យល់​ដឹង ក្បត់​សន្យា គ្មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​សមាជិក​គ្រួសារ គ្មាន​មេត្ដា។ ៣២ ទោះ​ជា​អ្នក​ទាំង​នេះ​ស្គាល់​យ៉ាង​ច្បាស់​អំពី​សេចក្ដី​បង្គាប់​ដ៏​សុចរិត​យុត្ដិធម៌​របស់​ព្រះ​ដែល​ថា អស់​អ្នក​ដែល​ធ្វើ​អំពើ​បែប​នេះ* គួរតែ​ស្លាប់​ក៏​ដោយ ក៏​ពួក​គេ​មិន​ត្រឹម​តែ​បន្ត​ធ្វើ​អំពើ​ទាំង​នោះ​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ក៏​ពេញ​ចិត្ត​នឹង​ពួក​អ្នក​ដែល​ធ្វើ​អំពើ​ទាំង​នោះ​ដែរ។

២ ដូច្នេះ អ្នក​អើយ អ្នក​មិន​អាច​ដោះ​សាបាន​ឡើយ ប្រសិនបើ​អ្នក​វិនិច្ឆ័យ​គេ ទោះ​បី​អ្នក​ជា​នរណា​ក៏​ដោយ ព្រោះ​ពេល​អ្នក​វិនិច្ឆ័យ​គេ​អំពី​រឿង​ណា អ្នក​ផ្ដន្ទា​ទោស​ខ្លួន​អំពី​រឿង​នោះ​ដែរ ដោយ​ហេតុ​ថា​អ្នក​វិនិច្ឆ័យ​គេ តែ​ខ្លួន​អ្នក​ប្រព្រឹត្ត​អំពើ​នោះ​ដូច​គ្នា។ ២ យើង​ដឹង​ហើយ​ថា ព្រះ​វិនិច្ឆ័យ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែប​នេះ ថា​គួរតែ​ទទួល​ទោស ហើយ​ការ​វិនិច្ឆ័យ​របស់​ព្រះ​គឺ​ស្រប​តាម​សេចក្ដី​ពិត។

៣ ប៉ុន្តែ​អ្នក​អើយ កាល​អ្នក​វិនិច្ឆ័យ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែប​នេះ តែ​ខ្លួន​អ្នក​ក៏ប្រព្រឹត្ត​អំពើ​នោះ​ដែរ តើ​អ្នក​គិត​ថា​ខ្លួន​នឹង​រួច​ពី​ការ​វិនិច្ឆ័យ​របស់​ព្រះ​ឬ? ៤ ឬ​តើ​អ្នក​មើល​ងាយ​ចិត្ត​សប្បុរស ចិត្ត​អធ្យាស្រ័យ* និង​ចិត្ត​ធ្ងន់​ដ៏​បរិបូរ​របស់​លោក ពីព្រោះ​អ្នក​មិន​ដឹង​ទេ​ថា​សេចក្ដី​សប្បុរស​របស់​ព្រះ​កំពុង​ព្យាយាម​ជំរុញ​អ្នក​ឲ្យ​ប្រែ​ចិត្ត? ៥ ប៉ុន្តែ​ដោយ​សារ​អ្នក​ជា​មនុស្ស​រឹងរូស ហើយ​មិន​ព្រម​ប្រែ​ចិត្ត នោះ​អ្នក​កំពុង​ប្រមូល​កំហឹង​ទុក​សម្រាប់​ខ្លួន​នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ និង​ការ​សម្ដែង​នូវ​ការ​វិនិច្ឆ័យ​ដ៏​សុចរិត​យុត្ដិធម៌​របស់​ព្រះ។ ៦ ហើយ​លោក​នឹង​សង​ដល់​មនុស្ស​ម្នាក់ៗ​តាម​ការ​ប្រព្រឹត្ត​របស់​គេ​រៀង​ខ្លួន៖ ៧ គឺ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​សម្រាប់​អស់​អ្នក​ដែល​កំពុង​ស្វែងរក​សិរី​រុងរឿង កិត្ដិយស និង​រូប​កាយ​ដែល​មិន​អាច​ខូច​ទៅ ដោយ​ប្រកាន់​ខ្ជាប់​នូវ​អំពើ​ល្អ។ ៨ ក៏​ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​ចេះ​តែ​បង្ក​ជម្លោះ ហើយ​មិន​ស្ដាប់​តាម​សេចក្ដី​ពិត តែ​ស្ដាប់​តាម​សេចក្ដី​មិន​សុចរិត អ្នក​ទាំង​នោះ​នឹង​បាន​សេចក្ដី​ក្រោធ​និង​កំហឹង​វិញ។ ៩ សេចក្ដី​វេទនា​និង​ទុក្ខ​កង្វល់​នឹង​កើត​មាន​ដល់​មនុស្ស​គ្រប់​រូប​ដែល​ធ្វើ​អំពើ​អាក្រក់ មុន​ដំបូង​ដល់​ពួក​យូដា រួច​មក ពួក​ក្រិច* ដែរ ១០ ប៉ុន្តែ​សិរី​រុងរឿង កិត្ដិយស និង​សេចក្ដី​សុខសាន្ត នឹង​មាន​ដល់​អស់​អ្នក​ដែល​ធ្វើ​អំពើ​ល្អ មុន​ដំបូង​ដល់​ពួក​យូដា រួច​មក ពួក​ក្រិច​ដែរ។ ១១ ព្រោះ​ព្រះ​មិន​ចេះ​លម្អៀង​ឡើយ។

១២ ជា​ឧទាហរណ៍ អស់​អ្នក​ណា​ដែល​មិន​នៅ​ក្រោម​ច្បាប់​តែ​ធ្វើ​ខុស អ្នក​ទាំង​នោះ​នឹង​ស្លាប់​ទោះ​ជា​មិន​នៅ​ក្រោម​ច្បាប់​ក៏​ដោយ ក៏​ប៉ុន្តែ​អស់​អ្នក​ដែល​ធ្វើ​ខុស* ពេល​នៅ​ក្រោម​ច្បាប់ អ្នក​ទាំង​នោះ​នឹង​ត្រូវ​វិនិច្ឆ័យ​ស្រប​តាម​ច្បាប់​នោះ។ ១៣ ព្រោះ​ពួក​អ្នក​ដែល​សុចរិត​ចំពោះ​ព្រះ មិន​មែន​ជា​អ្នក​ដែល​ឮ​ច្បាប់​ទេ តែ​ជា​ពួក​អ្នក​ដែល​ធ្វើ​តាម​ច្បាប់ ទើប​ជា​អ្នក​ដែល​ព្រះ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត។ ១៤ ព្រោះ​កាល​ណា​ជន​ជាតិ​ដទៃ​ដែល​មិន​មាន​ច្បាប់ នៅ​តែ​ធ្វើ​អ្វីៗ​ក្នុង​ច្បាប់​ដោយ​សារ​ជា​លក្ខណៈ​ធម្មជាតិ​របស់​ពួក​គេ នោះ​ពួក​គេ​ជា​ច្បាប់​សម្រាប់​ខ្លួន​ហើយ ទោះ​ជា​ពួក​គេ​មិន​មាន​ច្បាប់​ក៏​ដោយ។ ១៥ គឺ​អ្នក​ទាំង​នោះ​ហើយ​ដែល​ស​ឲ្យ​ឃើញ​ថា​ខ្លឹម​សារ​នៃ​ច្បាប់​បាន​ត្រូវ​ចារ​ទុក​ក្នុង​ចិត្ត​ពួក​គេ ហើយ​ចិត្ត​របស់​ពួក​គេ​ក៏​រួម​ធ្វើ​ជា​សាក្សី​វិនិច្ឆ័យ​ពួក​គេ​ដែរ រួច​កាល​ពួក​គេ​រិះ​គិត​ពិចារណា​អំពី​ការ​នោះ គំនិត​របស់​ពួក​គេ​ប្រកាន់​ទោស​ពួក​គេ ឬ​ក៏​ថា​ពួក​គេ​គ្មាន​ទោស​ទេ។ ១៦ ការ​នេះ​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ដែល​ព្រះ​វិនិច្ឆ័យ​រឿង​អាថ៌​កំបាំង​របស់​មនុស្ស​ជាតិ តាម​រយៈ​គ្រិស្ត​យេស៊ូ ស្រប​ទៅ​តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​ប្រកាស។

១៧ ប្រសិនបើ​អ្នក​មាន​ឈ្មោះ​ថា​ជា​ជន​ជាតិ​យូដា ហើយ​កំពុង​ពឹង​ផ្អែក​លើ​ច្បាប់ និង​មាន​មោទនភាព​ដោយ​សារ​ព្រះ ១៨ ហើយ​អ្នក​ស្គាល់​បំណងប្រាថ្នា​របស់​លោក ក៏​ចេះ​សម្គាល់​អ្វីៗ​ដែល​ល្អ​ប្រសើរ ពីព្រោះ​អ្នក​បាន​ត្រូវ​អប់រំ* អំពី​ច្បាប់* ១៩ ថែម​ទាំង​អ្នក​ជឿ​ជាក់​ថា​ខ្លួន​ជា​អ្នក​នាំ​ផ្លូវ​មនុស្ស​ងងឹត​ភ្នែក និង​ជា​ពន្លឺ​សម្រាប់​មនុស្ស​ដែល​នៅ​ក្នុង​ភាព​ងងឹត ២០ ក៏​ជា​អ្នក​អប់រំ​មនុស្ស​ឥត​វិចារណញ្ញាណ និង​ជា​អ្នក​បង្រៀន​ក្មេង​តូចៗ ថែម​ទាំង​ជា​អ្នក​ដែល​យល់​លក្ខណៈ​សំខាន់ៗ​នៃ​ចំណេះ​ដឹង​និង​សេចក្ដីពិត​ក្នុង​ច្បាប់ ២១ ក៏​ប៉ុន្តែ​អ្នក​វិញ ដែល​បង្រៀន​អ្នក​ឯ​ទៀត តើ​អ្នក​មិន​បង្រៀន​ខ្លួន​ទេ​ឬ? អ្នក​ផ្សព្វ​ផ្សាយ​ថា៖ «កុំ​លួច» តែ​តើ​ខ្លួន​អ្នក​លួច​ឬ? ២២ អ្នក​ប្រាប់​ថា៖ «កុំ​ផិត​ក្បត់» តែ​តើ​ខ្លួន​អ្នក​ផិត​ក្បត់​ឬ? អ្នក​ស្អប់ខ្ពើម​រូប​ព្រះ តែ​តើ​ខ្លួន​អ្នក​ប្លន់វិហារ​ឬ? ២៣ អ្នក​មាន​មោទនភាព​ដោយ​សារ​ច្បាប់ តែ​តើ​ខ្លួន​អ្នក​បង្ខូច​កិត្ដិយស​ព្រះ​ដោយ​ប្រព្រឹត្ត​រំលង​ច្បាប់​នោះ​ឬ? ២៤ ព្រោះ​«ក្នុង​ប្រជាជាតិ​នានា​គេ​កំពុង​ប្រមាថ​នាម​របស់​ព្រះ ព្រោះ​តែ​អ្នក​រាល់​គ្នា» ដូច​បទ​គម្ពីរ​បាន​ចែង។

២៥ តាម​ការ​ពិត ការ​កាត់​ចុង​ស្បែក* មាន​ប្រយោជន៍ លុះ​ត្រា​តែ​អ្នក​ប្រព្រឹត្ត​តាម​ច្បាប់។ ក៏​ប៉ុន្តែ​ប្រសិនបើ​អ្នក​ជា​អ្នក​ប្រព្រឹត្ត​រំលង​ច្បាប់​វិញ ការ​ដែល​អ្នក​បាន​ទទួល​ការ​កាត់​ចុង​ស្បែក គឺ​ដូច​ជា​អ្នក​មិន​បាន​ទទួល​ការ​កាត់​ចុង​ស្បែក។ ២៦ ដូច្នេះ ប្រសិនបើ​អ្នក​ណា​ម្នាក់​ដែល​មិន​ទាន់​ទទួល​ការ​កាត់​ចុង​ស្បែក​កាន់​តាម​តម្រូវ​ការ​ដ៏​សុចរិត​របស់​ច្បាប់ អ្នក​នោះ​នឹង​ត្រូវ​ចាត់​ទុក​ដូច​ជា​អ្នក​ដែល​បាន​ទទួល​ការ​កាត់​ចុង​ស្បែក​ហើយ មែន​ទេ? ២៧ រួច​ដោយ​ប្រព្រឹត្ត​តាម​ច្បាប់ អ្នក​នោះ​ដែល​មិន​បាន​ទទួល​ការ​កាត់​ចុង​ស្បែក​ពី​កំណើត* នឹង​វិនិច្ឆ័យ​អ្នក​វិញ ជា​អ្នក​ប្រព្រឹត្ត​រំលង​ច្បាប់​ដែល​រួម​បញ្ចូល​ក្បួន​ច្បាប់​ជា​លាយ​លក្ខណ៍​អក្សរ​និង​ការ​កាត់​ចុង​ស្បែក។ ២៨ ព្រោះ​មិន​មែន​សម្បក​ក្រៅ​ទេ ដែល​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​ជា​ជន​ជាតិ​យូដា​ពិត​ប្រាកដ​នោះ ហើយ​ការ​កាត់​ចុង​ស្បែក​របស់​អ្នក​នោះ​ក៏​មិន​នៅ​លើ​រូប​កាយ​គាត់​ដែរ។ ២៩ ប៉ុន្តែ​គឺ​អ្វី​ដែល​នៅ​ក្នុង​ចិត្ត ដែល​ធ្វើ​ឲ្យ​អ្នក​នោះ​ជា​ជន​ជាតិ​យូដា​ពិត​ប្រាកដ ហើយ​ការ​កាត់​ចុង​ស្បែក​របស់​អ្នក​នោះ​គឺ​នៅ​លើ​ចិត្ត​គាត់​វិញ ដោយ​សកម្មពល* របស់​ព្រះ មិន​មែន​ដោយ​ក្បួន​ច្បាប់​ជា​លាយ​លក្ខណ៍​អក្សរ​ទេ។ អ្នក​នោះ​ទទួល​សេចក្ដី​សរសើរ​ពី​ព្រះ មិន​មែន​ពី​មនុស្ស​ឡើយ។

៣ បើ​ដូច្នេះ តើ​ជន​ជាតិ​យូដា​ប្រសើរ​ជាង​អ្នក​ឯ​ទៀត​ត្រង់​ណា? ឬ​តើ​ការ​កាត់​ចុង​ស្បែក* មាន​ប្រយោជន៍​អ្វី? ២ មាន​ប្រយោជន៍​ច្រើន​លើស​លប់​ក្នុង​គ្រប់​ទិដ្ឋភាព​ទាំង​អស់។ ជា​បឋម ពីព្រោះ​ប្រសាសន៍​ដ៏​ពិសិដ្ឋ​របស់​ព្រះ​បាន​ត្រូវ​ផ្ញើ​ទុក​នឹង​ពួក​គេ។ ៣ បើ​ដូច្នោះ តើ​រឿង​នេះ​ទៅ​ជា​យ៉ាង​ណា​វិញ? ប្រសិនបើ​ពួក​គេ​ខ្លះ​មិន​បង្ហាញ​ជំនឿ តើ​ការ​ដែល​ពួក​គេ​គ្មាន​ជំនឿ​ធ្វើ​ឲ្យ​សេចក្ដី​ស្មោះ​ត្រង់​របស់​ព្រះ​មិន​កើត​ការ​ឬ? ៤ ទេ! មិន​អាច​ទេ! តែ​ព្រះ​នឹង​ពិត​ត្រង់ ទោះ​បី​មនុស្ស​ទាំង​អស់​ជា​អ្នក​ភូតភរ​ក៏​ដោយ ដូច​បទ​គម្ពីរ​ចែង​ថា៖ «ដើម្បី​ស​ឲ្យ​ឃើញ​ថា​លោក​សុចរិត​ពេល​ដែល​មាន​ប្រសាសន៍ ហើយ​លោក​អាច​ឈ្នះ​ក្នុង​រឿង​ក្ដី»។ ៥ ក៏​ប៉ុន្តែ​ប្រសិនបើ​ភាព​មិន​សុចរិត​របស់​យើង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត​របស់​ព្រះ​លេច​ធ្លោ តើ​យើង​ត្រូវ​និយាយ​យ៉ាង​ណា? ព្រះ​មិន​មែន​អយុត្ដិធម៌​ទេ​ពេល​ដែល​លោក​បញ្ចេញ​សេចក្ដី​ក្រោធ​របស់​លោក មែន​ទេ? (ខ្ញុំ​កំពុង​និយាយ​ដូច​មនុស្ស​ទូទៅ)។ ៦ ទេ! មិន​អាច​ទៅ​រួច​ទេ! បើ​ព្រះ​អយុត្ដិធម៌ តើ​ព្រះ​អាច​វិនិច្ឆ័យ​ពិភព​លោក​យ៉ាង​ដូច​ម្ដេច​បាន?

៧ ប៉ុន្តែ​ប្រសិនបើ​ពាក្យ​ភូតភរ​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​សេចក្ដី​ពិត​របស់​ព្រះ​លេច​ធ្លោ​ជាង​មុន ដើម្បី​ឲ្យ​លោក​ទទួល​ការ​លើក​តម្កើង ចុះ​ហេតុ​អ្វី​បាន​ជា​គេ​វិនិច្ឆ័យ​ខ្ញុំ ថា​ខ្ញុំ​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង? ៨ ហើយ​ម្ដេច​ក៏​មិន​និយាយ​ដូច​ដែល​អ្នក​ខ្លះ​ចោទ​ប្រកាន់​មិន​ពិត​ថា យើង​បាន​និយាយ​ថា៖ «ចូរ​យើង​នាំ​គ្នា​ប្រព្រឹត្ត​ការ​អាក្រក់​ទៅ ដើម្បី​ឲ្យ​កើត​ជា​ការ​ល្អ»? ការ​ផ្ដន្ទា​ទោស​អ្នក​ទាំង​នោះ​គឺ​ស្រប​ទៅ​តាម​យុត្ដិធម៌។

៩ បើ​ដូច្នេះ តើ​ស្ថានភាព​របស់​យើង​ប្រសើរ​ជាង​ពួក​គេ​ឬ​ទេ? គឺ​មិន​ដូច្នោះ​ទេ! ព្រោះ​យើង​បាន​ចោទ​ពី​លើ​មក​ហើយ​ថា​ទាំង​ពួក​យូដា​ទាំង​ពួក​ក្រិច​នៅ​ក្រោម​អំណាច​នៃ​ភាព​ខុស​ឆ្គង* ១០ ដូច​បទ​គម្ពីរ​ចែង​ថា៖ «គ្មាន​មនុស្ស​ណា​ម្នាក់​សុចរិតសោះ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ដែរ ១១ គ្មាន​អ្នក​ណា​មាន​សមត្ថភាព​យល់​ធ្លុះ​ទេ ហើយ​គ្មាន​អ្នក​ណា​ស្វែងរក​ព្រះ។ ១២ មនុស្ស​ទាំង​អស់​បាន​បែរ​ចេញ ពួក​គេ​ទាំង​អស់​គ្នា​បាន​ទៅ​ជា​ឥត​ប្រយោជន៍ គ្មាន​អ្នក​ណា​ប្រព្រឹត្ត​សប្បុរស សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ដែរ»។ ១៣ «បំពង់ក​របស់​ពួក​គេ​គឺ​ដូច​ជា​ផ្នូរ​ដែល​នៅ​ចំហ។ អណ្ដាត​របស់​ពួក​គេ​ពោល​ពាក្យ​បោក​បញ្ឆោត»។ «ខាង​ក្រោយ​បបូរ​មាត់​របស់​ពួក​គេ មាន​សុទ្ធតែ​ពិស​របស់​ពស់វែក»។ ១៤ «ហើយ​មាត់​របស់​ពួក​គេ​ពោរ​ពេញ​ទៅ​ដោយ​ពាក្យ​ជេរ​ប្រមាថ​និងសម្ដី​ដែល​បញ្ជាក់​កំហឹង»។ ១៥ «ជើង​របស់​ពួក​គេ​រហ័ស​ទៅ​កម្ចាយ​ឈាម»។ ១៦ «គ្រប់​ទាំង​ផ្លូវ​របស់​ពួក​គេ​ប្រកប​ទៅ​ដោយ​អន្តរាយ​និង​សេចក្ដី​ទុក្ខ ១៧ ហើយ​ពួក​គេ​មិន​ស្គាល់​ផ្លូវ​នៃ​សន្ដិភាព​ទេ»។ ១៨ «ពួក​គេ​មិន​កោត​ខ្លាច​ព្រះ​សោះ»។

១៩ យើង​ដឹង​ហើយ​ថា អ្វីៗ​ទាំង​អស់​ដែល​ច្បាប់​ចែង នោះ​គឺ​ចែង​សម្រាប់​ពួក​អ្នក​ដែល​នៅ​ក្រោម​ច្បាប់ ដើម្បី​បំបិទ​មាត់​ទាំង​អស់ ហើយ​ដើម្បី​ឲ្យ​ពិភព​លោក​ទាំង​មូល​សម​នឹង​ទទួល​ទោស​ពី​ព្រះ។ ២០ ដូច្នេះ គ្មាន​អ្នក​ណា​អាច​ត្រូវ​លោក​ប្រកាស​ថា​ជា​មនុស្ស​សុចរិត ដោយ​អាង​លើ​ការ​ប្រព្រឹត្ត​តាម​ច្បាប់​ឡើយ ព្រោះ​ចំណេះ​ត្រឹម​ត្រូវ​អំពី​ភាព​ខុស​ឆ្គង​គឺ​មក​តាម​រយៈ​ច្បាប់។

២១ ប៉ុន្តែ​ដោយ​មិន​អាង​លើ​ច្បាប់ សេចក្ដី​សុចរិត​របស់​ព្រះ​បាន​ត្រូវ​ស​ឲ្យ​ឃើញ ពីព្រោះ​ច្បាប់​និង​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ការ​នោះ។ ២២ ហើយ​សេចក្ដី​សុចរិត​របស់​ព្រះ តាម​រយៈ​ជំនឿ​លើ​លោក​យេស៊ូ​គ្រិស្ត គឺ​សម្រាប់​អស់​អ្នក​ដែល​មាន​ជំនឿ។ ព្រោះ​មនុស្ស​ទាំង​អស់​គឺ​មិន​ខុស​ពី​គ្នា​ឡើយ។ ២៣ ពីព្រោះ​គ្រប់​គ្នា​ធ្លាប់​ធ្វើ​ខុស​ក៏​មិន​ដល់​កម្រិត​កំណត់​នៃ​សិរី​រុងរឿង​របស់​ព្រះ ២៤ ប៉ុន្តែ​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ លោក​បាន​ធ្វើ​អំណោយ​ទាន​ដោយ​ប្រកាស​ថា​ពួក​គេ​គឺជា​មនុស្ស​សុចរិត តាម​រយៈ​ការ​រំដោះ​ដោយ​ថ្លៃ​លោះ​ដែល​គ្រិស្ត​យេស៊ូ​បាន​បង់។ ២៥ ព្រះ​បាន​តាំង​គ្រិស្ត​ជា​គ្រឿង​បូជា​សម្រាប់​ផ្សះ​ផ្សា​ចំណង​មិត្តភាព​រវាង​មនុស្ស​និង​លោក តាម​រយៈ​ជំនឿ​លើ​ឈាម​របស់​គ្រិស្ត។ ព្រះ​បាន​ធ្វើ​ដូច្នេះ ដើម្បី​បង្ហាញ​ពី​ភាព​សុចរិត​របស់​លោក ពីព្រោះ​លោក​បាន​អភ័យទោស​ចំពោះ​ការ​ខុស​ឆ្គង​ដែល​កើត​មាន​នៅ​អតីតកាល ពេល​ដែល​លោក​ទ្រាំ​អត់​សង្កត់​ចិត្ត ២៦ ដើម្បី​ឲ្យ​ព្រះ​បង្ហាញ​ពី​សេចក្ដី​សុចរិត​របស់​លោក​នៅ​គ្រា​នេះ ដើម្បី​ឲ្យ​លោក​សុចរិត សូម្បី​តែ​ពេល​ដែល​លោក​ប្រកាស​ថា អ្នក​ដែល​មាន​ជំនឿ​លើ​លោក​យេស៊ូ​គឺជា​មនុស្ស​សុចរិត​ក៏​ដោយ។

២៧ បើ​ដូច្នេះ តើ​មាន​ហេតុ​ឲ្យ​អួតអាង​ឬ​ទេ? គ្មាន​ទាល់​តែ​សោះ។ តើ​ដោយ​សារ​ច្បាប់​អ្វី? តើ​ដោយ​សារ​ច្បាប់​នៃ​ការ​ប្រព្រឹត្ត​ឬ? មិន​មែន​ទេ គឺ​ដោយ​សារ​ច្បាប់​នៃ​ជំនឿ។ ២៨ ព្រោះ​យើង​យល់​ឃើញ​ថា​មនុស្ស​ម្នាក់​នឹង​ត្រូវ​ប្រកាស​ថា​ជា​សុចរិត​ដោយ​សារ​ជំនឿ ដោយ​មិន​អាង​លើ​ច្បាប់។ ២៩ ឬ​តើ​លោក​ជា​ព្រះ​របស់​ជន​ជាតិ​យូដា​តែ​ប៉ុណ្ណោះ? តើ​លោក​មិន​មែន​ជា​ព្រះ​របស់​ជន​ជាតិ​ដទៃ​ដែរ​ទេ​ឬ? លោក​ពិត​ជា​ព្រះ​របស់​ជន​ជាតិ​ដទៃ​ដែរ ៣០ ប្រសិនបើ​ព្រះ​ពិត​ជា​មាន​តែ​មួយ ហើយ​នឹង​ប្រកាស​ថា​មនុស្ស​ដែល​បាន​ទទួល​ការ​កាត់​ចុង​ស្បែក​គឺជា​មនុស្ស​សុចរិត​ដោយ​សារ​ជំនឿ​របស់​ពួក​គេ ហើយ​ក៏​ប្រកាស​ថា​មនុស្ស​ដែល​មិន​ទាន់​ទទួល​ការ​កាត់​ចុង​ស្បែក​គឺជា​មនុស្ស​សុចរិត​ដោយ​សារ​ជំនឿ​របស់​ពួក​គេ​ដែរ។ ៣១ បើ​ដូច្នេះ តើ​យើង​លុប​ច្បាប់​ចោល​តាម​រយៈ​ជំនឿ​របស់​យើង​ឬ? ទេ! មិន​អាច​ទៅ​រួច​ទេ! ផ្ទុយ​ទៅ​វិញ យើង​ពង្រឹង​ច្បាប់។

៤ បើ​ដូច្នេះ តើ​យើង​ដែល​ជា​ពូជ​ពង្ស​របស់​អាប្រាហាំ​អាច​និយាយ​យ៉ាង​ណា​អំពី​គាត់ ជា​បុព្វបុរស​របស់​យើង? ២ ជា​ឧទាហរណ៍ ប្រសិនបើ​អាប្រាហាំ​បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​ដោយ​សារ​ការ​ប្រព្រឹត្ត នោះ​គាត់​មាន​ហេតុ​អួតអាង។ ប៉ុន្តែ​គាត់​មិន​អាច​អួតអាង​នៅ​ចំពោះ​ព្រះ​បាន​ទេ។ ៣ ព្រោះ​តើ​បទ​គម្ពីរ​ចែង​យ៉ាង​ណា? «អាប្រាហាំ​បង្ហាញ​ជំនឿ​លើ​ព្រះ​យេហូវ៉ា ហេតុ​នេះ​គាត់​បាន​ត្រូវ​ចាត់​ទុក​ជា​មនុស្ស​សុចរិត»។ ៤ ឯ​អ្នក​ដែល​ធ្វើ​ការ​អ្វី​មួយ អ្នក​នោះ​មិន​ចាត់​ទុក​ប្រាក់​ដែល​គាត់​ទទួល​ជា​អំណោយ​ទាន* ទេ តែ​ចាត់​ទុក​ជា​ប្រាក់​ដែល​គេ​ជំពាក់​គាត់។ ៥ រីឯ​អ្នក​ដែល​មិន​អាង​លើ​ការ​ដែល​ខ្លួន​ធ្វើ តែ​មាន​ជំនឿ​លើ​លោក​ដែល​ប្រកាស​ថា​មនុស្ស​ទុច្ចរិត​គឺ​សុចរិត អ្នក​នោះ​ត្រូវ​ចាត់​ទុក​ជា​មនុស្ស​សុចរិត ៦ ដូច​ដាវីឌ​បាន​និយាយ​អំពី​សុភមង្គល​របស់​អ្នក​ដែល​ព្រះ​ចាត់​ទុក​ជា​មនុស្ស​សុចរិត ដោយ​មិន​អាង​លើ​ការ​ដែល​អ្នក​នោះ​ធ្វើ។ ដាវីឌ​ថា៖ ៧ «អ្នក​ណា​ដែល​បាន​ទទួល​ការ​លើក​លែង​ទោស​ចំពោះ​ការ​ប្រព្រឹត្ត​ប្រឆាំង​ច្បាប់ ហើយ​ការ​ខុស​ឆ្គង* របស់​ខ្លួន​បាន​ត្រូវ​គ្រប​បាំង អ្នក​នោះ​មាន​សុភមង្គល​ហើយ។ ៨ អ្នក​ណា​ដែល​ព្រះ​យេហូវ៉ា​មិន​កត់​ទុក​ការ​ខុស​ឆ្គង​របស់​គាត់ អ្នក​នោះ​មាន​សុភមង្គល​ហើយ»។

៩ ដូច្នេះ តើ​មាន​តែ​មនុស្ស​ដែល​បាន​ទទួល​ការ​កាត់​ចុង​ស្បែក* ប៉ុណ្ណោះ​ដែល​មាន​សុភមង្គល​នោះ? ឬ​ក៏​តើ​មនុស្ស​ដែល​មិន​ទាន់​ទទួល​ការ​កាត់​ចុង​ស្បែក​មាន​សុភមង្គល​នោះ​ដែរ? ព្រោះ​យើង​អាន​ថា៖ «ព្រះ​បាន​ចាត់​ទុក​អាប្រាហាំ​ជា​មនុស្ស​សុចរិត ដោយ​សារ​ជំនឿ​របស់​គាត់»។ ១០ ដូច្នេះ តើ​មាន​ស្ថានភាព​បែប​ណា ពេល​ដែល​គាត់​បាន​ត្រូវ​ចាត់​ទុក​ជា​មនុស្ស​សុចរិត​នោះ? តើ​គាត់​បាន​ទទួល​ការ​កាត់​ចុង​ស្បែក​រួច​ហើយ ឬ​មិន​ទាន់​ទទួល? មិន​មែន​ពេល​ដែល​គាត់​ទទួល​ការ​កាត់​ចុង​ស្បែក​នោះ​ទេ តែ​គឺ​ពេល​ដែល​គាត់​មិន​ទាន់​ទទួល​ការ​កាត់​ចុង​ស្បែក​វិញ។ ១១ ហើយ​គាត់​បាន​ទទួល​សញ្ញា​សម្គាល់​មួយ ពោល​គឺ​ការ​កាត់​ចុង​ស្បែក ដើម្បី​បញ្ជាក់* ថា​គាត់​សុចរិត​តាម​រយៈ​ជំនឿ​ដែល​គាត់​មាន កាល​មិន​ទាន់​ទទួល​ការ​កាត់​ចុង​ស្បែក ដើម្បី​ឲ្យ​គាត់​បាន​ទៅ​ជា​ឪពុក​របស់​អស់​អ្នក​ណា​ដែល​មាន​ជំនឿ កាល​មិន​ទាន់​ទទួល​ការ​កាត់​ចុង​ស្បែក​នៅ​ឡើយ ដើម្បី​ឲ្យ​ព្រះ​អាច​ចាត់​ទុក​ពួក​គេ​ជា​មនុស្ស​សុចរិត​ដែរ។ ១២ គាត់​ក៏​បាន​ទៅ​ជា​ឪពុក​របស់​អ្នក​ដែល​ទទួល​ការ​កាត់​ចុង​ស្បែក​ដែរ មិន​គ្រាន់តែ​អ្នក​ដែល​កាន់​ខ្ជាប់​តាម​ការ​កាត់​ចុង​ស្បែក​ប៉ុណ្ណោះ​ទេ តែ​អ្នក​ដែល​ដើរ​តាម​លំ​អាន​ដាន​នៃ​ជំនឿ​ដែល​អាប្រាហាំ ជា​ឪពុក​យើង​ធ្លាប់​មាន កាល​មិន​ទាន់​ទទួល​ការ​កាត់​ចុង​ស្បែក​នៅ​ឡើយ។

១៣ ព្រោះ​មិន​មែន​តាម​រយៈ​ច្បាប់​ទេ ដែល​អាប្រាហាំ​ឬ​ពូជ​របស់​គាត់​បាន​ទទួល​សេចក្ដី​សន្យា​ថា គាត់​នឹង​ទទួល​ពិភព​លោក​មួយ​ជា​មត៌ក ប៉ុន្តែ​គឺ​តាម​រយៈ​សេចក្ដី​សុចរិត​ដែល​មាន​ដោយ​សារ​ជំនឿ​វិញ។ ១៤ ព្រោះ​ប្រសិនបើ​ពួក​អ្នក​ដែល​កាន់​ខ្ជាប់​តាម​ច្បាប់​ជា​អ្នក​ទទួល​មត៌ក នោះ​ជំនឿ​បាន​ទៅ​ជា​ឥត​ប្រយោជន៍ ហើយ​សេចក្ដី​សន្យា​នោះ​បាន​ត្រូវ​លុប​ចោល។ ១៥ តាម​ការ​ពិត ច្បាប់* នាំ​ឲ្យ​មាន​សេចក្ដី​ក្រោធ ប៉ុន្តែ​កាល​ដែល​គ្មាន​ច្បាប់ ក៏​គ្មាន​ការ​រំលង​ដែរ។

១៦ ហេតុ​នេះ នោះ​គឺ​ដោយ​សារ​ជំនឿ ដើម្បី​ឲ្យ​មាន​មូលដ្ឋាន​លើ​គុណ​ដ៏​វិសេស​លើស​លប់ ដើម្បី​ឲ្យ​ពូជ​ពង្ស​ទាំង​មូល​របស់​គាត់​បាន​ទទួល​សេចក្ដី​សន្យា​នោះ​យ៉ាង​ពិត​ប្រាកដ មិន​គ្រាន់តែ​ពួក​អ្នក​ដែល​កាន់​ខ្ជាប់​តាម​ច្បាប់ ប៉ុន្តែ​ពួក​អ្នក​ដែល​កាន់​ខ្ជាប់​តាម​ជំនឿ​របស់​អាប្រាហាំ​ដែរ។ (គាត់​ជា​ឪពុក​របស់​យើង​រាល់​គ្នា ១៧ ដូច​បទ​គម្ពីរ​ចែង​ថា៖ «ខ្ញុំ​បាន​តែង​តាំង​អ្នក​ឲ្យ​ទៅ​ជា​ឪពុក​របស់​ប្រជាជាតិ​ជា​ច្រើន»)។ នោះ​បាន​កើត​ឡើង​នៅ​មុខ​លោក ជា​អ្នក​ដែល​អាប្រាហាំ​បាន​ជឿ គឺ​ព្រះ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​មាន​ជីវិត ក៏​មាន​ប្រសាសន៍​អំពី​អ្វី​ដែល​គ្មាន ទុក​ដូច​ជា​មាន​ហើយ។ ១៨ ទោះ​ជា​គ្មាន​មូលហេតុ​ឲ្យ​សង្ឃឹម​ក៏​ដោយ តែ​គាត់​មាន​ជំនឿ​ដែល​មាន​មូលដ្ឋាន​លើ​សេចក្ដី​សង្ឃឹម ដើម្បី​ឲ្យ​គាត់​ទៅ​ជា​ឪពុក​របស់​ប្រជាជាតិ​ជា​ច្រើន ស្រប​ទៅ​តាម​អ្វី​ដែល​បាន​ត្រូវ​ចែង​ថា៖ «ពូជ​របស់​អ្នក​ក៏​នឹង​ដូច្នេះ​ដែរ»។ ១៩ ហើយ​ទោះ​ជា​ជំនឿ​របស់​គាត់​មិន​បាន​ទៅ​ជា​ខ្សោយ​ក៏​ដោយ ក៏​គាត់​បាន​គិត​ពិចារណា​អំពី​រូប​កាយ​របស់​គាត់ ដែល​ចាត់​ទុក​ដូច​ជា​ស្លាប់​នៅ​ពេល​នោះ ព្រោះ​គាត់​មាន​អាយុ​ប្រហែល​មួយ​រយ​ឆ្នាំ​ហើយ។ គាត់​ក៏​បាន​គិត​អំពី​ផ្ទៃ​របស់​សារ៉ា ដែល​ចាត់​ទុក​ដូច​ជា​ស្លាប់​ដែរ។ ២០ ប៉ុន្តែ​ដោយ​សារ​សេចក្ដី​សន្យា​របស់​ព្រះ នោះ​គាត់​មាន​ជំនឿ ដូច្នេះ គាត់​មិន​បាន​សង្ស័យ​សោះ ប៉ុន្តែ​គាត់​មាន​កម្លាំង​ខ្លាំងក្លា​ដោយ​សារ​ជំនឿ​របស់​គាត់ ក៏​បាន​លើក​តម្កើង​ព្រះ ២១ ហើយ​ជឿ​ជាក់​ថា លោក​ពិត​ជា​អាច​ធ្វើ​អ្វី​ដែល​លោក​បាន​សន្យា។ ២២ ដូច្នេះ «គាត់​បាន​ត្រូវ​ចាត់​ទុក​ជា​មនុស្ស​សុចរិត»។

២៣ ក៏​ប៉ុន្តែ​ពាក្យ​ក្នុង​បទ​គម្ពីរ​ដែល​ថា៖ «គាត់​បាន​ត្រូវ​ចាត់​ទុក​ជា​មនុស្ស​សុចរិត» គឺ​មិន​មែន​សម្រាប់​តែ​គាត់​ប៉ុណ្ណោះ​ទេ ២៤ តែ​ក៏​សម្រាប់​យើង​ដែរ ជា​អ្នក​ដែល​ព្រះ​បាន​កំណត់​ថា​ត្រូវ​ចាត់​ទុក​ជា​មនុស្ស​សុចរិត ពីព្រោះ​យើង​បាន​ជឿ​លើ​លោក​ដែល​បាន​ប្រោស​លោក​យេស៊ូ ជា​ម្ចាស់​របស់​យើង ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ។ ២៥ លោក​យេស៊ូ​បាន​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ស្លាប់ ដើម្បី​កំហុស​របស់​យើង ក៏​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ដើម្បី​ឲ្យ​ព្រះ​ប្រកាស​ថា យើង​ជា​មនុស្ស​សុចរិត។

៥ ដូច្នេះ ដោយ​សារ​ឥឡូវ​នេះ​យើង​បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​ដោយ​សារ​ជំនឿ ចូរ​យើង​រក្សា​ខ្លួន​ជា​អ្នក​ដែល​មាន​សន្ដិភាព​ជា​មួយ​នឹង​ព្រះ តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត ជា​ម្ចាស់​របស់​យើង ២ ដែល​តាម​រយៈ​ជំនឿ​លើ​លោក ផ្លូវ​បាន​ត្រូវ​បើក​ឲ្យ​យើង​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​ដែល​យើង​កំពុង​ទទួល​ឥឡូវ​នេះ។ ម្យ៉ាង​ទៀត ចូរ​យើង​ត្រេក​អរ ដោយ​មាន​សេចក្ដី​សង្ឃឹម​ទទួល​សិរី​រុងរឿង​ពី​ព្រះ។ ៣ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប៉ុន្តែ​កាល​ណា​មាន​សេចក្ដី​វេទនា ចូរ​ត្រេក​អរ​ចុះ ដោយ​សារ​យើង​ដឹង​ថា សេចក្ដី​វេទនា​នាំ​ឲ្យ​ចេះ​ស៊ូ​ទ្រាំ ៤ ឯ​ការ​ស៊ូ​ទ្រាំ​នាំ​ឲ្យ​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ រីឯ​ការ​ពេញ​ចិត្ត​ពី​ព្រះ​នាំ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម ៥ ហើយ​សេចក្ដី​សង្ឃឹម​នោះ​មិន​នាំ​ឲ្យ​ខក​ចិត្ត​ឡើយ ពីព្រោះ​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​បាន​ត្រូវ​ចាក់​មក​ក្នុង​ចិត្ត​របស់​យើង​តាម​រយៈ​សកម្មពល* បរិសុទ្ធ ដែល​លោក​បាន​ឲ្យ​យើង។

៦ ព្រោះ​កាល​ដែល​យើង​នៅ​ខ្សោយ​នៅ​ឡើយ គ្រិស្ត​បាន​ស្លាប់​នៅ​ពេល​កំណត់ ដើម្បី​មនុស្ស​ដែល​មិន​គោរព​ព្រះ។ ៧ ពីព្រោះ​កម្រ​មាន​អ្នក​ណា​សុខ​ចិត្ត​ស្លាប់​ដើម្បី​មនុស្ស​សុចរិត តែ​ដើម្បី​មនុស្ស​ល្អ ប្រហែលជា​មាន​អ្នក​ដែល​ហ៊ាន​ស្លាប់។ ៨ ប៉ុន្តែ​ព្រះ​សម្ដែង​ឲ្យ​យើង​ឃើញ​សេចក្ដី​ស្រឡាញ់​របស់​លោក តាម​របៀប​នេះ៖ គ្រិស្ត​ស្លាប់​ដើម្បី​យើង កាល​ដែល​យើង​នៅ​ជា​អ្នក​ធ្វើ​ខុស​នៅ​ឡើយ។ ៩ ដូច្នេះ យើង​អាច​កាន់​តែ​ប្រាកដ​ក្នុង​ចិត្ត​ថា យើង​នឹង​ត្រូវ​សង្គ្រោះ​តាម​រយៈ​លោក ឲ្យ​រួច​ពី​សេចក្ដី​ក្រោធ​របស់​ព្រះ ដោយ​សារ​យើង​បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​តាម​រយៈ​ឈាម​របស់​លោក។ ១០ ព្រោះ​ប្រសិនបើ​យើង​បាន​ត្រូវ​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ តាម​រយៈ​សេចក្ដី​ស្លាប់​នៃ​បុត្រ​របស់​លោក កាល​ដែល​យើង​នៅ​ជា​សត្រូវ​នៅ​ឡើយ ឥឡូវ​នេះ​ក្រោយ​ពី​យើង​បាន​ត្រូវ​ផ្សះ​ផ្សា​ហើយ យើង​អាច​កាន់​តែ​ប្រាកដ​ក្នុង​ចិត្ត​ថា យើង​នឹង​ត្រូវ​សង្គ្រោះ​តាម​រយៈ​ជីវិត​របស់​លោក។ ១១ មិន​ត្រឹម​តែ​ប៉ុណ្ណោះ យើង​ក៏​កំពុង​ត្រេក​អរ​ចំពោះ​ព្រះ តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង ដែល​តាម​រយៈ​លោក យើង​បាន​ត្រូវ​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ។

១២ ម្ល៉ោះ​ហើយ ដូច​ភាព​ខុស​ឆ្គង* បាន​ចូល​ក្នុង​ពិភព​លោក​តាម​រយៈ​បុរស​តែ​ម្នាក់ ហើយ​សេចក្ដី​ស្លាប់​បាន​ចូល​តាម​រយៈ​ភាព​ខុស​ឆ្គង ដូច្នេះ សេចក្ដី​ស្លាប់​បាន​ឆ្លង​រាលដាល​ដល់​មនុស្ស​ទាំង​អស់ ពីព្រោះ​ពួក​គេ​ទាំង​អស់​គ្នា​ជា​អ្នក​ធ្វើ​ខុស . . . ។ ១៣ ព្រោះ​មាន​ការ​ខុស​ឆ្គង​ក្នុង​ពិភព​លោក រហូត​ដល់​មាន​ច្បាប់* ប៉ុន្តែ​ការ​ខុស​ឆ្គង​មិន​បាន​ត្រូវ​យក​មក​គិត​កាល​ដែល​គ្មាន​ច្បាប់​ឡើយ។ ១៤ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ សេចក្ដី​ស្លាប់​បាន​គ្រប់​គ្រង​ជា​ស្តេច ចាប់​តាំង​ពី​អាដាម​រហូត​ដល់​ម៉ូសេ សូម្បី​តែ​លើ​អ្នក​ដែល​មិន​បាន​ធ្វើ​ខុស​ដូច​បទ​រំលង​របស់​អាដាម ដែល​ជា​អ្នក​មាន​ភាព​ស្រ​ដៀង​គ្នា​នឹង​លោក​ដែល​ត្រូវ​មក។

១៥ ប៉ុន្តែ​អំណោយ​នោះ និង​កំហុស​នោះ មាន​លទ្ធផល​ខុស​គ្នា។ ព្រោះ​ប្រសិនបើ​កំហុស​របស់​បុរស​ម្នាក់​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្លាប់ នោះ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​និង​អំណោយ​ទាន​របស់​លោក​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើនទទួល​ប្រយោជន៍​ដែល​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន។ អំណោយ​ទាន​នេះ​បាន​ត្រូវ​ផ្ដល់​ឲ្យ​ព្រម​គ្នា​នឹង​គុណ​ដ៏​វិសេស​លើស​លប់ ដែល​មក​តាម​រយៈ​បុរស​តែ​ម្នាក់ គឺ​គ្រិស្ត​យេស៊ូ។ ១៦ ម្យ៉ាង​ទៀត លទ្ធផល​ដែល​មក​ពី​អំណោយ​ទាន​នោះ និង​លទ្ធផល​ដែល​កើត​មាន​ឡើង​ដោយ​សារ​បុរស​ម្នាក់​នោះ​បាន​ធ្វើ​ខុស គឺ​មិន​ដូច​គ្នា​ទេ។ ព្រោះ​បទ​រំលង​តែ​មួយ​បាន​នាំ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ត្រូវ​ប្រកាស​ថា​ជា​អ្នក​មាន​ទោស ប៉ុន្តែ​អំណោយ​ដែល​មក​ដោយ​សារ​បទ​រំលង​ជា​ច្រើន នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត។ ១៧ ព្រោះ​ប្រសិនបើ​សេចក្ដី​ស្លាប់​បាន​គ្រប់​គ្រង​ជា​ស្តេច​ដោយ​សារ​បទ​រំលង​របស់​មនុស្ស​ម្នាក់​នោះ យើង​អាច​កាន់​តែ​ប្រាកដ​ក្នុង​ចិត្ត​ថា​ពួក​អ្នក​ដែល​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​និង​ភាព​សុចរិត​ជា​អំណោយ​ទាន​ដ៏​បរិបូរ នឹង​រស់​ហើយ​គ្រប់​គ្រង​ជា​ស្តេច​ដោយ​សារ​មនុស្ស​ម្នាក់​នេះ គឺ​លោក​យេស៊ូ​គ្រិស្ត។

១៨ ដូច្នេះ ដូច​បទ​រំលង​តែ​មួយ​បាន​នាំ​ឲ្យ​មនុស្ស​គ្រប់​ប្រភេទ​ទទួល​ការ​ផ្ដន្ទា​ទោស នោះ​ការ​តែ​មួយ​ដ៏​សុចរិត​បាន​នាំ​ឲ្យ​មនុស្ស​គ្រប់​ប្រភេទ​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​ឲ្យ​បាន​ជីវិត។ ១៩ ព្រោះ​ដូច​មនុស្ស​ជា​ច្រើន​បាន​ទៅ​ជា​មនុស្ស​មាន​ភាព​ខុស​ឆ្គង ដោយ​សារ​បុរស​ម្នាក់​នោះ​មិន​បាន​ស្ដាប់បង្គាប់ មនុស្ស​ជា​ច្រើន​នឹង​ទៅ​ជា​មនុស្ស​សុចរិត ដោយ​សារ​មនុស្ស​ម្នាក់​នេះ​បាន​ស្ដាប់បង្គាប់។ ២០ ឯ​ច្បាប់​បាន​កើត​មាន​ក្រោយមក ដើម្បី​ឲ្យ​បទ​រំលង​មាន​កាន់​តែ​ច្រើន​ឡើង។ ប៉ុន្តែ​នៅ​កន្លែង​ណា​ដែល​ភាព​ខុស​ឆ្គង​មាន​កាន់​តែ​ច្រើន នៅ​កន្លែង​នោះ​គុណ​ដ៏​វិសេស​លើស​លប់​មាន​ច្រើន​ជាង​នោះ​ទៅ​ទៀត។ ២១ ដើម្បី​អ្វី? ដើម្បី​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​គ្រប់​គ្រង​ជា​ស្តេច​តាម​រយៈ​សេចក្ដី​សុចរិត ដើម្បី​ឲ្យ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត ជា​ម្ចាស់​របស់​យើង ដូច​ភាព​ខុស​ឆ្គង​បាន​គ្រប់​គ្រង​ជា​ស្តេច​ជា​មួយ​នឹង​សេចក្ដី​ស្លាប់​ដែរ។

៦ បើ​ដូច្នេះ តើ​យើង​គួរ​និយាយ​យ៉ាង​ណា​វិញ? តើ​យើង​គួរ​បន្ត​ធ្វើ​ខុស* ដើម្បី​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​មាន​កាន់​តែ​ច្រើន​ឡើង​ឬ? ២ ទេ! មិន​អាច​ទៅ​រួច​ទេ! បើ​គិត​ពី​ភាព​ខុស​ឆ្គង យើង​បាន​ស្លាប់​ហើយ ដូច្នេះ តើ​យើង​អាច​រស់​នៅ​ដោយ​បន្ត​ធ្វើ​អំពើ​ខុស​ឆ្គង​ដូច​ម្ដេច​បាន? ៣ ឬ​តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ថា យើង​ទាំង​អស់​គ្នា​ដែល​បាន​ទទួល​ការ​ជ្រមុជ​ក្នុង​គ្រិស្ត​យេស៊ូ គឺ​បាន​ទទួល​ការ​ជ្រមុជ​ដើម្បី​រួម​ចំណែក​ក្នុង​សេចក្ដី​ស្លាប់​របស់​លោក?* ៤ ដូច្នេះ យើង​បាន​ត្រូវ​កប់​ជា​មួយ​នឹង​លោក ដោយ​សារ​យើង​បាន​ទទួល​ការ​ជ្រមុជ​ដើម្បី​រួម​ចំណែក​ក្នុង​សេចក្ដី​ស្លាប់​របស់​លោក ដើម្បី​ឲ្យ​យើង​មាន​របៀប​រស់​នៅ​ថ្មី ដូច​គ្រិស្ត​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើងវិញ តាម​រយៈ​សិរី​រុងរឿង​របស់​បិតា​លោក។ ៥ ព្រោះ​ប្រសិនបើ​យើង​ស្លាប់​ដូចលោក យើង​ប្រាកដជា​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដូច​លោក​ដែរ ហើយ​យ៉ាង​នេះ​យើង​មាន​ឯកភាព​ជា​មួយ​នឹង​លោក។ ៦ ពីព្រោះ​យើង​ដឹង​ថា​បុគ្គលិក​លក្ខណៈ​ចាស់​របស់​យើង​បាន​ត្រូវ​ព្យួរ​នឹង​បង្គោល​ឈើ* ជា​មួយ​នឹង​លោក ដើម្បី​ធ្វើ​ឲ្យ​រូប​កាយ​របស់​យើង​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​ខុស​ឆ្គង លែង​មាន​អំណាច​លើ​យើង​ទៀត ដើម្បី​ឲ្យ​យើង​ឈប់​ធ្វើ​ជា​ខ្ញុំ​បម្រើ​ភាព​ខុស​ឆ្គង​ត​ទៅ​ទៀត។ ៧ ព្រោះ​អ្នក​ដែល​ស្លាប់ ព្រះ​ចាត់​ទុក​ថា​បាន​ទូទាត់​ឲ្យ​ជ្រះ​ស្រឡះ​ពី​ភាព​ខុស​ឆ្គង​របស់​ខ្លួន​ហើយ។

៨ ម្យ៉ាង​ទៀត ប្រសិនបើ​យើង​បាន​ស្លាប់​ជា​មួយ​នឹង​គ្រិស្ត យើង​ក៏​ជឿ​ថា​យើង​នឹង​រស់​ជា​មួយ​នឹង​លោក​ដែរ។ ៩ ព្រោះ​យើង​ដឹង​ថា ឥឡូវ​នេះ ក្រោយ​ពី​គ្រិស្ត​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ លោក​មិន​ស្លាប់​ទៀត​ឡើយ ហើយ​សេចក្ដី​ស្លាប់​ក៏​លែង​ធ្វើ​ជា​ម្ចាស់​របស់​លោក​ទៀត​ដែរ។ ១០ ព្រោះ​លោក​បាន​ស្លាប់​មួយ​ដង​ជា​ការ​ស្រេច ដើម្បី​ដក​ភាព​ខុស​ឆ្គង​ចេញ ប៉ុន្តែ​លោក​រស់​ដើម្បី​ព្រះ។ ១១ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ គឺ​បើ​គិត​ពី​ភាព​ខុស​ឆ្គង ចូរ​ចាត់​ទុក​ថា​ខ្លួន​បាន​ស្លាប់​ហើយ តែ​ចូរ​ចាត់​ទុក​ថា​ខ្លួន​កំពុង​រស់​នៅ​ដើម្បី​ព្រះ​តាម​រយៈ​គ្រិស្ត​យេស៊ូ។

១២ ដូច្នេះ កុំ​ឲ្យ​ភាព​ខុស​ឆ្គង​បន្ត​គ្រប់​គ្រង​ក្នុង​រូប​កាយ​ដែល​អាច​ស្លាប់​របស់​អ្នក​រាល់​គ្នា ដោយ​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ស្ដាប់​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា​ឡើយ ១៣ ហើយ​ឈប់​ប្រគល់​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទៅ​ភាព​ខុស​ឆ្គង​ឲ្យ​ធ្វើ​ជា​អាវុធ​សម្រាប់​ការ​មិន​សុចរិត ប៉ុន្តែ​ចូរ​ប្រគល់​ខ្លួន​ទៅ​ព្រះ ទុក​ជា​អ្នក​ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ថែម​ទាំង​ប្រគល់​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទៅ​ព្រះ​ឲ្យ​ធ្វើ​ជា​អាវុធ​សម្រាប់​ការ​សុចរិត​វិញ។ ១៤ ព្រោះ​ភាព​ខុស​ឆ្គង​មិន​ត្រូវ​ធ្វើ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ទៀត​ឡើយ ដោយ​ឃើញ​ថា​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​ច្បាប់ តែ​នៅ​ក្រោម​គុណ​ដ៏​វិសេស​លើស​លប់។

១៥ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​វិញ? តើ​គប្បី​ឲ្យ​យើង​ធ្វើ​ខុស​ពីព្រោះ​យើង​មិន​នៅ​ក្រោម​ច្បាប់ តែ​នៅ​ក្រោម​គុណ​ដ៏​វិសេស​លើស​លប់​ឬ? ទេ! មិន​អាច​ទៅ​រួច​ទេ! ១៦ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ? ប្រសិនបើ​អ្នក​រាល់​គ្នា​បន្ត​ប្រគល់​ខ្លួន​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​ដើម្បី​ស្ដាប់បង្គាប់​អ្នក​ណា អ្នក​រាល់​គ្នា​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​នោះ ដោយ​សារ​អ្នក​ស្ដាប់បង្គាប់​អ្នក​នោះ គឺថា អ្នក​រាល់​គ្នា​ជា​ខ្ញុំ​បម្រើ​របស់​ភាព​ខុស​ឆ្គង ដែល​នាំ​ឲ្យ​ទទួល​សេចក្ដី​ស្លាប់ ឬ​មួយ​ក៏​ជា​ខ្ញុំ​បម្រើ​របស់​ការ​ស្ដាប់បង្គាប់ ដែល​នាំ​ឲ្យ​សុចរិត។ ១៧ ប៉ុន្តែ​ខ្ញុំ​អរគុណ​ព្រះ ដោយ​សារ​អ្នក​រាល់​គ្នា​ធ្លាប់​ធ្វើ​ជា​ខ្ញុំ​បម្រើ​ភាព​ខុស​ឆ្គង តែ​ឥឡូវ​អ្នក​រាល់​គ្នា​ស្ដាប់បង្គាប់​យ៉ាង​ស្មោះ​អស់ពី​ចិត្ត​តាម​សេចក្ដី​បង្រៀន​ដែល​បាន​ត្រូវ​ផ្ញើ​ទុក​នឹង​អ្នក​រាល់​គ្នា។ ១៨ ដោយ​សារ​អ្នក​រាល់​គ្នា​បាន​ត្រូវ​រំដោះ​ឲ្យ​រួច​ពី​ភាព​ខុស​ឆ្គង នោះ​អ្នក​រាល់​គ្នា​បាន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​សេចក្ដី​សុចរិត។ ១៩ (ដោយ​សារភាព​ទន់​ខ្សោយ​របស់​អ្នក​រាល់​គ្នា* ខ្ញុំ​កំពុង​និយាយ​ដោយ​ប្រើ​ពាក្យ​ដែល​មនុស្ស​ទូទៅ​យល់)។ ដូច្នេះ ឥឡូវ ចូរ​ប្រគល់​អវយវៈ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​សេចក្ដី​សុចរិត​និង​សេចក្ដី​បរិសុទ្ធ ដើម្បី​ប្រព្រឹត្ត​អំពើ​បរិសុទ្ធ ដូច​អ្នក​រាល់​គ្នាធ្លាប់​ប្រគល់​អវយវៈ​ខ្លួន​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​សេចក្ដី​ស្មោកគ្រោក​និង​ការ​ប្រឆាំង​ច្បាប់ ដើម្បី​ប្រព្រឹត្ត​អំពើ​ប្រឆាំង​ច្បាប់។ ២០ ព្រោះ​កាល​អ្នក​រាល់​គ្នា​ធ្លាប់​ធ្វើ​ជា​ខ្ញុំ​បម្រើ​ភាព​ខុស​ឆ្គង នោះ​សេចក្ដី​សុចរិត​មិន​មែន​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ឡើយ។

២១ ដូច្នេះ តើ​អ្នក​រាល់​គ្នា​ធ្លាប់​មាន​ផល​អ្វី​នៅ​ពេល​នោះ? ផល​នោះ​ជា​ការ​ទាំង​ប៉ុន្មាន​ដែល​ឥឡូវ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អារម្មណ៍​អៀន​ខ្មាស។ ព្រោះ​នៅ​ទី​បំផុត​ការ​ទាំង​នោះ​នាំ​ឲ្យ​ស្លាប់។ ២២ ក៏​ប៉ុន្តែ ឥឡូវ​នេះ​ដោយ​សារ​អ្នក​រាល់​គ្នា​បាន​ត្រូវ​រំដោះ​ឲ្យ​រួច​ពី​ភាព​ខុស​ឆ្គង តែ​បាន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​វិញ នោះ​អ្នក​រាល់​គ្នា​មាន​ផល​ជា​សេចក្ដី​បរិសុទ្ធ ដែល​នៅ​ទី​បំផុត​នាំ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ២៣ ព្រោះ​ប្រាក់​ឈ្នួល​ដែល​ភាព​ខុស​ឆ្គង​បើក​ឲ្យ គឺជា​សេចក្ដី​ស្លាប់ តែ​អំណោយ​ដែល​ព្រះ​ផ្ដល់​ឲ្យ​គឺជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ដោយ​គ្រិស្ត​យេស៊ូ ជា​ម្ចាស់​របស់​យើង។

៧ បង​ប្អូន​អើយ តើ​មិន​ដឹង​ទេ​ថា (ព្រោះ​ខ្ញុំ​កំពុង​និយាយ​ទៅ​កាន់​អ្នក​ដែល​ស្គាល់​ច្បាប់* ហើយ) ច្បាប់​គឺជា​ម្ចាស់​លើ​មនុស្ស​ដរាប​ណា​ដែល​គេ​នៅ​រស់? ២ ជា​ឧទាហរណ៍ ច្បាប់​ចែង​ថា ស្ត្រី​ដែល​រៀប​ការ​ហើយ ត្រូវ​នៅ​ជាប់​នឹង​ប្ដី​ដរាប​ណា​ដែល​ប្ដី​នៅ​រស់ ប៉ុន្តែ​ប្រសិនបើ​ប្ដី​ស្លាប់​ទៅ នាង​រួច​ផុត​ពី​ច្បាប់​របស់​ប្ដី​ហើយ។ ៣ ម្ល៉ោះ​ហើយ គេ​នឹង​ចាត់​ទុក​នាង​ជា​ស្ត្រី​ផិត​ក្បត់ ប្រសិនបើ​នាង​រៀប​ការ​ជា​មួយ​នឹង​បុរស​ផ្សេង​ទៀត​កាល​ដែល​ប្ដី​នាង​នៅ​រស់។ ប៉ុន្តែ​ប្រសិនបើ​ប្ដី​របស់​នាង​ស្លាប់​ហើយ នាង​រួច​ពី​ច្បាប់​របស់​ប្ដី ហើយ​បើ​នាង​រៀប​ការ​ជា​មួយ​នឹង​បុរស​ផ្សេង​ទៀត នាង​មិន​មែន​ជា​ស្ត្រី​ផិត​ក្បត់​ឡើយ។

៤ ដូច្នេះ បង​ប្អូន​ខ្ញុំ​អើយ បើ​គិត​ពី​ច្បាប់ អ្នក​រាល់​គ្នា​បាន​ស្លាប់​ហើយ តាម​រយៈ​រូប​កាយ​របស់​គ្រិស្ត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជា​របស់​អ្នក​ផ្សេង គឺ​របស់​លោកដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ដើម្បី​ឲ្យ​យើង​បង្កើត​ផល​ដែល​លើក​តម្កើងព្រះ។ ៥ ព្រោះ​ពី​មុន ពេល​ដែល​យើង​នៅ​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​នៅ​ឡើយ សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ទាំង​ប៉ុន្មាន​ដែល​បាន​ត្រូវ​ស​ឲ្យ​ឃើញ​តាម​រយៈ​ច្បាប់ បាន​បញ្ចេញ​ឥទ្ធិពល​ទៅ​លើ​អវយវៈ​របស់​យើង ដើម្បី​ឲ្យ​យើង​បង្កើត​ផល​ដែល​នាំ​ឲ្យ​ស្លាប់។ ៦ ប៉ុន្តែ​ឥឡូវ​នេះ យើង​រួច​ផុត​ពី​ច្បាប់ ពីព្រោះ​យើង​ប្រៀប​ដូច​ជា​ស្លាប់​ចំពោះ​អ្វី​ដែល​ធ្លាប់​ចាប់​យើង​ជាប់​ពី​មុន ដើម្បី​ឲ្យ​យើង​ទៅ​ជា​ខ្ញុំ​បម្រើ​ក្នុង​ន័យ​ថ្មី​វិញ ដោយ​សារ​សកម្មពល* របស់​ព្រះ មិន​មែន​ក្នុង​ន័យ​ចាស់​ដោយ​សារ​ក្បួន​ច្បាប់​ជា​លាយ​លក្ខណ៍​អក្សរ​ទេ។

៧ តើ​យើង​ត្រូវ​និយាយ​យ៉ាង​ណា​វិញ? តើ​ច្បាប់​ខុស* ឬ? ទេ! មិន​អាច​ទេ! តាម​ពិត ប្រសិនបើ​គ្មាន​ច្បាប់ នោះ​ខ្ញុំ​មិន​ដឹង​ថា​ការ​ខុស​ឆ្គង​ជា​អ្វី​ទេ។ ជា​ឧទាហរណ៍ ប្រសិនបើ​ច្បាប់​មិន​បាន​ចែង​ថា៖ «អ្នក​មិន​ត្រូវ​ប៉ង​ប្រាថ្នា​ចង់​បាន​របស់​អ្នក​ដទៃ» នោះ​ខ្ញុំ​មិន​បាន​ដឹង​ថា​ការ​ប៉ង​ប្រាថ្នា​ចង់​បាន​របស់​អ្នក​ដទៃ​គឺ​ខុស។ ៨ ប៉ុន្តែ ដោយ​សារ​បញ្ញត្ដិ​នោះ ភាព​ខុស​ឆ្គង​បាន​ឆ្លៀត​ឱកាស​បណ្ដាល​ឲ្យ​ខ្ញុំ​ប៉ង​ប្រាថ្នា​ចង់​បាន​របស់​សព្វ​បែប​យ៉ាង ដែល​ជា​របស់​អ្នក​ដទៃ ព្រោះ​ពេល​គ្មាន​ច្បាប់ ភាព​ខុស​ឆ្គង​ប្រៀប​ដូច​ជា​ស្លាប់​ហើយ។ ៩ តាម​ពិត កាល​ដែល​មិន​ទាន់​មាន​ច្បាប់ ខ្ញុំ​មាន​ជីវិត ប៉ុន្តែ​ក្រោយ​ពី​បញ្ញត្ដិ​បាន​មក​ដល់​ហើយ ភាព​ខុស​ឆ្គង​បាន​រស់​ឡើង​វិញ តែ​ខ្ញុំ​បាន​ស្លាប់។ ១០ ហើយ​បញ្ញត្ដិ​ដែល​នាំ​ឲ្យ​ទទួល​ជីវិត ខ្ញុំ​ឃើញ​ថា​នាំ​ទៅ​ដល់​សេចក្ដី​ស្លាប់។ ១១ ព្រោះ ដោយ​សារ​បញ្ញត្ដិ​នោះ ភាព​ខុស​ឆ្គង​បាន​ឆ្លៀត​ឱកាស​ល្បួង​លួង​លោម​ខ្ញុំ ហើយ​បាន​សម្លាប់​ខ្ញុំ​តាម​រយៈ​បញ្ញត្ដិ​នោះ។ ១២ ចំណែក​ឯ​ច្បាប់​វិញ នោះ​បរិសុទ្ធ ហើយ​បញ្ញត្ដិ​គឺ​បរិសុទ្ធ សុចរិត​យុត្ដិធម៌ និង​ល្អ។

១៣ បើ​ដូច្នេះ តើ​អ្វី​ដែល​ល្អ​បាន​ទៅ​ជា​សេចក្ដី​ស្លាប់​ចំពោះ​ខ្ញុំ​ឬ? ទេ! មិន​អាច​ទៅ​រួច​ទេ! ប៉ុន្តែ​គឺ​ភាព​ខុស​ឆ្គង​វិញ ដែល​បាន​ទៅ​ជា​សេចក្ដី​ស្លាប់ ដើម្បី​ស​ឲ្យ​ឃើញ​ថា​គឺ​ភាព​ខុស​ឆ្គង​ដែល​កំពុង​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់​តាម​រយៈ​អ្វី​ដែល​ល្អ​នោះ ដើម្បី​ឲ្យភាព​ខុស​ឆ្គង​រឹត​តែ​ខុស​ឆ្គង​ថែម​ទៀត​តាម​រយៈ​បញ្ញត្ដិ។ ១៤ ព្រោះ​យើង​ដឹង​ថា​ច្បាប់​មក​ពី​វិញ្ញាណ ប៉ុន្តែ​ខ្ញុំ​ជា​សាច់​ឈាម* ដែល​បាន​ត្រូវ​លក់​ជា​ខ្ញុំ​បម្រើ​ភាព​ខុស​ឆ្គង។ ១៥ ព្រោះ​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ទេ។ ព្រោះ​ការ​ដែល​ខ្ញុំ​ប៉ង​ប្រាថ្នា​ធ្វើ ខ្ញុំ​មិន​ធ្វើ​ជា​ទម្លាប់​ទេ ប៉ុន្តែ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ស្អប់​វិញ។ ១៦ ក៏​ប៉ុន្តែ ប្រសិនបើ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​មិន​ប៉ង​ប្រាថ្នា​ធ្វើ ខ្ញុំ​យល់​ស្រប​ថា​ច្បាប់​គឺ​ល្អ​ប្រសើរ។ ១៧ តែ​មិន​មែន​ខ្ញុំ​ទេ​ដែល​ធ្វើ​ការ​នោះ ប៉ុន្តែ​គឺជា​ភាព​ខុស​ឆ្គង​ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ។ ១៨ ព្រោះ​ខ្ញុំ​ដឹង​ថា​ក្នុង​ខ្លួន​ខ្ញុំ ពោល​គឺ​ក្នុង​សាច់​ឈាម​ខ្ញុំ គ្មាន​អ្វី​ល្អ​សោះ ព្រោះ​ខ្ញុំ​មាន​សមត្ថភាពប៉ង​ប្រាថ្នា ប៉ុន្តែ​គ្មាន​សមត្ថភាព​ធ្វើ​ការ​ល្អ​ប្រសើរ​ឡើយ។ ១៩ ព្រោះ​ខ្ញុំ​មិន​ធ្វើ​ការ​ល្អ​ដែល​ខ្ញុំ​ប៉ង​ប្រាថ្នា​ធ្វើ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​មាន​ទម្លាប់​ធ្វើ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ប៉ង​ប្រាថ្នា​ធ្វើ​វិញ។ ២០ ប្រសិនបើ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​មិន​ប៉ង​ប្រាថ្នា​ធ្វើ នោះ​ខ្ញុំ​មិន​មែន​ជា​អ្នក​ធ្វើ​ទេ តែ​គឺជា​ភាព​ខុស​ឆ្គង​ដែល​ស្ថិត​នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ។

២១ ដូច្នេះ ក្នុង​ករណី​របស់​ខ្ញុំ ខ្ញុំ​ឃើញ​ថា​មាន​ច្បាប់​មួយ​នេះ៖ កាល​ខ្ញុំ​ប៉ង​ប្រាថ្នា​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ នោះ​អ្វី​ដែល​អាក្រក់​នៅ​ជាប់​ជា​មួយ​នឹង​ខ្ញុំ។ ២២ ក្នុង​ចិត្ត​ខ្ញុំ ខ្ញុំពិត​ជា​ត្រេក​អរ​នឹង​ច្បាប់​របស់​ព្រះ ២៣ ប៉ុន្តែ​ខ្ញុំ​សង្កេត​ឃើញ​ថា មាន​ច្បាប់​មួយ​ទៀត​ក្នុង​អវយវៈ​របស់​ខ្ញុំ ដែល​កំពុង​ច្បាំង​នឹង​ច្បាប់​ដែល​នៅ​ក្នុង​គំនិត​ខ្ញុំ ហើយ​កំពុង​នាំ​ខ្ញុំ​ទៅ​ជា​ឈ្លើយ​ក្រោម​អំណាច​ច្បាប់​នៃ​ភាព​ខុស​ឆ្គង ដែល​នៅ​ក្នុង​អវយវៈ​របស់​ខ្ញុំ។ ២៤ ពិបាក​ចិត្ត​ណាស់​ខ្ញុំ! តើ​អ្នក​ណា​នឹង​សង្គ្រោះ​ខ្ញុំ​ពី​រូប​កាយ​ដែល​កំពុង​នាំ​ឲ្យ​ខ្ញុំ​ស្លាប់​របៀប​នេះ? ២៥ ខ្ញុំ​អរគុណ​ព្រះ​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត ជា​ម្ចាស់​របស់​យើង! ដូច្នេះ គំនិត​របស់​ខ្ញុំ​ជា​ខ្ញុំ​បម្រើ​ច្បាប់​របស់​ព្រះ ប៉ុន្តែ​រូប​កាយ​របស់​ខ្ញុំ​ជា​ខ្ញុំ​បម្រើ​ច្បាប់​របស់​ភាព​ខុស​ឆ្គង។

៨ ដូច្នេះ ពួក​អ្នក​ដែល​រួប​រួម​ជា​មួយ​នឹង​គ្រិស្ត​យេស៊ូ​មិន​ទទួល​ការ​ផ្ដន្ទា​ទោស​ឡើយ។ ២ ព្រោះ​ច្បាប់​នៃ​សកម្មពល* បរិសុទ្ធ ដែល​ផ្ដល់​ជីវិត​ជា​គ្រិស្ត​សាសនិក​បាន​រំដោះ​អ្នក​ឲ្យ​រួច​ពី​ច្បាប់​នៃ​ភាព​ខុស​ឆ្គង* និង​សេចក្ដី​ស្លាប់។ ៣ ព្រោះ​អ្វី​ដែល​ច្បាប់* សម្រេច​មិន​បាន ដោយ​សារភាព​ទន់​ខ្សោយ​នៃ​សាច់​ឈាម​បាន​រារាំង នោះ​ព្រះ​បាន​ធ្វើ​ឲ្យ​សម្រេច​វិញ ដោយ​ចាត់​បុត្រ​របស់​លោក​ឲ្យ​មក​ដោយ​មាន​សណ្ឋាន​ដូច​មនុស្ស​ដែល​មាន​ភាព​ខុស​ឆ្គង ដើម្បី​បំបាត់​ភាព​ខុស​ឆ្គង។ យ៉ាង​នោះ​លោក​បាន​ផ្ដន្ទា​ទោស​ភាព​ខុស​ឆ្គង​នៃ​សាច់​ឈាម ៤ ដើម្បី​ឲ្យ​យើង​បំពេញ​តម្រូវ​ការ​ដ៏​សុចរិត​យុត្ដិធម៌​នៃ​ច្បាប់ ដោយ​មិន​រស់​នៅ* ស្រប​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ តែ​រស់​នៅ​ស្រប​តាម​សកម្មពល​របស់​ព្រះ​វិញ។ ៥ ព្រោះ​អ្នក​ដែល​រស់​នៅ​ស្រប​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ ផ្ដោត​គំនិត​ទៅ​លើ​អ្វីៗ​ដែល​ពាក់​ព័ន្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ ប៉ុន្តែ​អ្នក​ដែល​រស់​នៅ​ស្រប​តាម​សកម្មពល​របស់​ព្រះ ផ្ដោត​គំនិត​ទៅ​លើ​អ្វីៗ​ដែល​ពាក់​ព័ន្ធ​នឹង​សកម្មពល​របស់​ព្រះ។ ៦ ព្រោះ​ការ​ផ្ដោត​គំនិត​ទៅ​លើ​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​នាំ​ឲ្យ​ស្លាប់ តែ​ការ​ផ្ដោត​គំនិត​ទៅ​លើ​សកម្មពល​របស់​ព្រះ​នាំ​ឲ្យ​បាន​ជីវិត​និង​សេចក្ដី​សុខសាន្ត ៧ ពីព្រោះ​ការ​ផ្ដោត​គំនិត​ទៅ​លើ​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​នាំ​ឲ្យ​ទៅ​ជា​សត្រូវ​របស់​ព្រះ ព្រោះ​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ មិន​ចុះ​ចូល​នឹង​ច្បាប់​របស់​ព្រះ ហើយ​តាម​ពិត​មិន​អាច​ចុះ​ចូល​បាន​ទេ។ ៨ ដូច្នេះ អ្នក​ដែល​រស់​នៅ​ស្រប​ទៅ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ មិន​អាច​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​បាន​ឡើយ។

៩ ក៏​ប៉ុន្តែ ប្រសិនបើ​សកម្មពល​របស់​ព្រះ​ពិត​ជា​ស្ថិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​រាល់​គ្នា​រស់​នៅ​ស្រប​ទៅ​តាម​សកម្មពល​របស់​ព្រះ មិន​មែន​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​ទេ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ណា​ម្នាក់​គ្មាន​ចិត្ត​គំនិត* របស់​គ្រិស្ត អ្នក​នោះ​មិន​មែន​ជា​របស់​លោក​ឡើយ។ ១០ ប៉ុន្តែ​ប្រសិនបើ​គ្រិស្ត​កំពុង​រួប​រួម​ជា​មួយ​នឹង​អ្នក​រាល់​គ្នា រូប​កាយ​ស្លាប់​ដោយ​សារភាព​ខុស​ឆ្គង ប៉ុន្តែ​សកម្មពល​របស់​ព្រះ​ផ្ដល់​ជីវិត ដោយ​សារ​សេចក្ដី​សុចរិត។ ១១ ប្រសិនបើ​សកម្មពល​របស់​លោក ដែល​បាន​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ស្ថិត​នៅ​ក្នុង​អ្នក​រាល់​គ្នា នោះ​លោក​ដែល​បាន​ប្រោស​គ្រិស្ត​យេស៊ូ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ក៏​នឹង​ធ្វើ​ឲ្យ​រូប​កាយ​របស់​អ្នក​រាល់​គ្នា​ដែល​អាច​ស្លាប់ មាន​ជីវិត​ឡើង​វិញ​តាម​រយៈ​សកម្មពល​របស់​លោក​ដែល​ស្ថិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ។

១២ ដូច្នេះ បង​ប្អូន​អើយ យើង​មាន​កាតព្វកិច្ច តែ​មិន​មែន​ជា​កាតព្វកិច្ច​ចំពោះ​រូប​កាយ ឲ្យ​រស់​នៅ​ស្រប​ទៅ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​ទេ ១៣ ព្រោះ​ប្រសិនបើ​អ្នក​រាល់​គ្នា​រស់​នៅ​ស្រប​ទៅ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ អ្នករាល់​គ្នា​ប្រាកដជា​នឹង​ស្លាប់ ប៉ុន្តែ​ប្រសិនបើ​អ្នក​រាល់​គ្នា​លះ​ចោល​ឲ្យ​ជ្រះ​ស្រឡះ​នូវ​អំពើ​របស់​រូប​កាយ ដោយ​មាន​ជំនួយ​ពី​សកម្មពល​របស់​ព្រះ នោះ​អ្នក​រាល់​គ្នា​នឹង​រស់។ ១៤ ព្រោះ​អស់​អ្នក​ណា​ដែល​ត្រូវ​ដឹក​នាំ​ដោយ​សកម្មពល​របស់​ព្រះ អ្នក​ទាំង​នោះ​គឺជា​កូន​ព្រះ។ ១៥ ព្រោះ​សកម្មពល​របស់​ព្រះ​មិន​ធ្វើ​ឲ្យ​យើង​ទៅ​ជា​ខ្ញុំ​បម្រើនិង​នាំ​ឲ្យ​ភ័យ​ខ្លាច​ម្ដង​ទៀត​ទេ តែ​ដោយ​សកម្មពល​នោះ យើង​បាន​ត្រូវ​ទទួលជាកូន ហើយ​សកម្មពល​នោះ​ជំរុញ​ឲ្យ​យើង​ស្រែក​ឡើង​ថា៖ «អប្បា!* បិតា​អើយ!»។ ១៦ សកម្មពល​របស់​ព្រះ​ធ្វើ​ជា​សាក្សី​ដែល​បញ្ជាក់​ជា​មួយ​នឹង​ចិត្ត​គំនិត* របស់​យើង​ថា យើង​ជា​កូន​ព្រះ។ ១៧ ដូច្នេះ ប្រសិនបើ​យើង​ជា​កូន យើង​ក៏​ជា​អ្នក​ទទួល​មត៌ក​ដែរ ពោល​គឺ​ទទួល​មត៌ក​ពី​ព្រះ តែ​ជា​អ្នក​ទទួល​មត៌ក​រួម​ជា​មួយ​នឹង​គ្រិស្ត លុះ​ត្រា​តែ​យើង​រង​ទុក្ខ​ជា​មួយ​នឹង​លោក ដើម្បី​ឲ្យ​យើង​ទទួល​សិរី​រុងរឿង​ជា​មួយ​នឹង​លោក។

១៨ ម្ល៉ោះ​ហើយ ខ្ញុំ​យល់​ឃើញ​ថា ទុក្ខ​លំបាក​ដែល​យើង​មាន​នៅ​គ្រា​នេះ មិន​ជា​អ្វី​សោះ បើ​ប្រៀប​នឹង​សិរី​រុងរឿង​ដែល​នឹង​ត្រូវ​សម្ដែង​តាម​រយៈ​យើង។ ១៩ ព្រោះ​អ្វីៗ​ដែល​ព្រះ​បាន​បង្កើត​កំពុង​ទន្ទឹង​រង់​ចាំ​យ៉ាង​រំភើប​នូវ​គ្រា​ដែល​កូន​ព្រះ​នឹង​ត្រូវ​សម្ដែង។ ២០ អ្វី​ដែល​ព្រះ​បាន​បង្កើត​បាន​ត្រូវ​បណ្ដាល​ឲ្យ​មាន​ជីវិត​ដែល​ជា​អសារ​ឥត​ការ មិន​មែន​ដោយ​បំណងប្រាថ្នា​របស់​ពួក​គេ​ឡើយ តែ​ដោយ​បំណងប្រាថ្នា​របស់ព្រះ​វិញ ដោយ​ផ្ដល់​សេចក្ដី​សង្ឃឹម ២១ ថា​អ្វីៗ​ដែល​ព្រះ​បាន​បង្កើត​ក៏​នឹង​ត្រូវ​រំដោះ​ឲ្យ​រួច​ពី​ចំណង​នៃ​ការ​ខូច​រលួយ ដើម្បី​មាន​សេរីភាព​រុងរឿង​ជា​កូន​ព្រះ។ ២២ ព្រោះ​យើង​ដឹង​ថា អ្វីៗ​ទាំង​ឡាយ​ដែល​ព្រះ​បាន​បង្កើត​ក៏​ថ្ងូរ​និង​ឈឺ​ចាប់​ជា​មួយ​គ្នា​ឥត​ឈប់ រហូត​ដល់​ឥឡូវ​នេះ។ ២៣ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ តែ​យើង​ដែល​បាន​ទទួល​ផល​ដំបូង​រួច​ហើយ ពោល​គឺ​សកម្មពល​របស់​ព្រះ ក៏​ថ្ងូរ​ក្នុង​ចិត្ត កាល​ដែល​ទន្ទឹង​ចាំ​ព្រះ​ទទួល​យើង​ជា​កូន ដោយ​រំដោះ​យើង​ពី​រូប​កាយ​របស់​យើង​តាម​រយៈ​ការលោះ។ ២៤ ព្រោះ​យើង​បាន​ត្រូវ​សង្គ្រោះ​កាល​ដែល​មាន​សេចក្ដី​សង្ឃឹម​នេះ ក៏​ប៉ុន្តែ​ពេល​ដែល​ទទួល​ដូច​សង្ឃឹម​ហើយ នោះ​លែង​ហៅ​ថា​សង្ឃឹម​ទៀត ព្រោះ​ប្រសិនបើ​មនុស្ស​ម្នាក់​ទទួល​អ្វី​ដែល​គាត់​សង្ឃឹម​ថា​នឹង​ទទួល តើ​គាត់​នៅ​តែ​សង្ឃឹម​ទទួល​ទៀត​ទេ? ២៥ ប៉ុន្តែ​ប្រសិនបើ​យើង​សង្ឃឹម​ឲ្យ​បាន​អ្វី​ដែល​យើង​មិន​ទាន់​ទទួល នោះ​យើង​បន្ត​រង់​ចាំ​ទទួល​ដោយ​ស៊ូ​ទ្រាំ​ទៀត​ផង។

២៦ ស្រ​ដៀង​គ្នា​ដែរ សកម្មពល​របស់​ព្រះ​ក៏​ជួយ​ត្រង់​ចំណុច​ខ្សោយ​របស់​យើង។ ព្រោះ​ពេល​ដែល​យើង​ត្រូវ​អធិដ្ឋាន យើង​មិន​ដឹង​ថា​គួរ​អធិដ្ឋាន​អំពី​អ្វី​ទេ ប៉ុន្តែ​សកម្មពល​អង្វរ​ឲ្យ​យើង​ដែល​ថ្ងូរ​ក្នុង​ចិត្ត។ ២៧ តែ​លោក​ដែល​ស្ទង់​មើល​ចិត្ត ជ្រាប​យល់​អំពី​អត្ថន័យ​នៃ​សកម្មពល ពីព្រោះ​សកម្មពល​នោះ​អង្វរ​ស្រប​តាម​បំណងប្រាថ្នា​របស់​លោក ដើម្បី​ពួក​អ្នក​បរិសុទ្ធ។

២៨ ឯ​យើង​ដឹង​ថា ព្រះ​ធ្វើ​ឲ្យ​គ្រប់​ការ​ទាំង​អស់​របស់​លោក​សហការ​គ្នា​ដើម្បី​ឲ្យ​អ្នក​ដែល​ស្រឡាញ់​ព្រះ​ទទួល​ប្រយោជន៍ ពោល​គឺ​អ្នក​ដែល​បាន​ត្រូវ​ហៅ​មក​ស្រប​ទៅ​តាម​គោល​បំណង​របស់​លោក ២៩ ពីព្រោះ​អ្នក​ដែល​លោក​បាន​ប្រមូល​អារម្មណ៍​ទៅ​លើ​មុន​គេ លោក​ក៏​បាន​កំណត់​ទុក​ជា​មុន ឲ្យ​មាន​លក្ខណៈ​តាម​គំរូ​របស់​បុត្រ​លោក ដើម្បី​ឲ្យ​បុត្រ​របស់​លោក​បាន​ទៅ​ជា​បុត្រ​ច្បង​ក្នុង​ចំណោម​បង​ប្អូន​ជា​ច្រើន​នាក់។ ៣០ ហើយ​អ្នក​ដែល​លោក​បាន​កំណត់​ទុក​ជា​មុន គឺជា​អ្នក​ដែល​លោក​បាន​ហៅ ឯ​អ្នក​ដែល​លោក​បាន​ហៅ​ក៏​ជា​អ្នក​ដែល​លោក​បាន​ប្រកាស​ថា​ជា​មនុស្ស​សុចរិត។ ហើយ​អ្នក​ដែល​លោក​បាន​ប្រកាស​ថា​ជា​មនុស្ស​សុចរិត គឺជា​អ្នក​ដែល​លោក​បាន​តម្កើង​ឲ្យ​មាន​សិរី​រុងរឿង។

៣១ ដូច្នេះ តើ​យើង​ត្រូវ​និយាយ​យ៉ាង​ណា​អំពី​ការ​ទាំង​នេះ? ប្រសិនបើ​ព្រះ​គាំទ្រ​យើង តើ​អ្នក​ណា​នឹង​ប្រឆាំង​យើង​បាន? ៣២ ប្រសិនបើ​លោក​មិន​ទាំង​បាន​រារាំង​កុំ​ឲ្យ​បុត្រ​របស់​លោក​រង​ទុក្ខ​តែ​បាន​ប្រគល់​បុត្រ​លោក​ផ្ទាល់​ដើម្បី​យើង​ទាំង​អស់​គ្នា តើ​លោក​នឹង​មិន​មេត្ដា​ផ្ដល់​អ្វីៗ​ទាំង​អស់​ឯ​ទៀត​ឲ្យ​យើង​ជា​មួយ​នឹង​បុត្រ​របស់​លោក​ទេ​ឬ? ៣៣ តើ​អ្នក​ណា​នឹង​ចោទ​ប្រកាន់​អ្នក​ដែល​ព្រះ​បាន​ជ្រើស​រើស? ព្រះ​ជា​អ្នក​ដែល​ប្រកាស​ថា​អ្នក​ទាំង​នោះ​ជា​មនុស្ស​សុចរិត។ ៣៤ តើ​អ្នក​ណា​នឹង​ផ្ដន្ទា​ទោស​អ្នក​ទាំង​នោះ? គ្មាន​អ្នក​ណា​សោះ ពីព្រោះ​គ្រិស្ត​យេស៊ូ​បាន​ស្លាប់ ហើយ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​លោក​នៅ​ខាង​ស្ដាំ​ព្រះ ក៏​ជា​អ្នក​ដែល​អង្វរ​ឲ្យ​យើង។

៣៥ តើ​អ្វី​នឹង​ធ្វើ​ឲ្យ​យើង​ឃ្លាត​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​គ្រិស្ត? តើ​សេចក្ដី​វេទនា ការ​បៀតបៀន ការ​ស្រេក​ឃ្លាន គ្រោះ​ថ្នាក់ ដាវ ឬ​ការ​ខ្វះ​សម្លៀក​បំពាក់​អាច​ធ្វើ​ឲ្យ​យើង​ឃ្លាត​ចេញ​ឬ? ៣៦ ដូច​បទ​គម្ពីរ​ចែង​ថា៖ «ដើម្បី​អ្នក​រាល់​គ្នា យើង​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់​ពី​ព្រឹក​ដល់​ល្ងាច យើង​បាន​ត្រូវ​ចាត់​ទុក​ដូច​ជា​ចៀម​សម្រាប់​យក​ទៅ​សម្លាប់»។ ៣៧ ទេ ផ្ទុយ​ទៅ​វិញ​យើង​កំពុង​ឈ្នះ​ក្នុង​ការ​ទាំង​អស់​នេះ ដោយ​សារ​លោក​ដែល​បាន​ស្រឡាញ់​យើង។ ៣៨ ព្រោះ​ខ្ញុំ​ជឿ​ជាក់​ថា ទោះ​ជា​សេចក្ដី​ស្លាប់ ជីវិត ទេវតា ពួក​អ្នក​គ្រប់​គ្រង អ្វីៗ​នៅ​គ្រា​ឥឡូវ​នេះ អ្វីៗ​នៅ​គ្រា​ខាង​មុខ កម្លាំង ៣៩ កម្ពស់ ជម្រៅ ឬ​អ្វី​ផ្សេង​ទៀត​ដែល​លោក​បាន​បង្កើត​ក្ដី គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​យើង​ឃ្លាត​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​ត្រូវ​សម្ដែង​តាម​រយៈ​គ្រិស្ត​យេស៊ូ ជា​ម្ចាស់​របស់​យើង​ឡើយ។

៩ ខ្ញុំ​កំពុង​និយាយ​សេចក្ដី​ពិត​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត ខ្ញុំ​មិន​កុហក​ទេ ព្រោះ​ស្រប​តាម​សកម្មពល* បរិសុទ្ធ ចិត្ត​ដែល​វិនិច្ឆ័យ​ខ្ញុំ​ក៏​រួម​ធ្វើ​ជា​សាក្សី​ជា​មួយ​នឹង​ខ្ញុំ ២ ថា​ខ្ញុំ​កើត​ទុក្ខ​យ៉ាង​ខ្លាំង​និង​ឈឺ​ចាប់​ក្នុង​ចិត្ត​ជា​និច្ច។ ៣ ព្រោះ​ប្រសិនបើ​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​គ្រិស្ត​ដោយ​ត្រូវ​បណ្ដាសា​ជំនួស​បង​ប្អូន​របស់​ខ្ញុំ ជា​សាច់​ញាតិ​របស់​ខ្ញុំ ៤ ពោល​គឺ​ជន​ជាតិ​អ៊ីស្រាអែល ជា​អ្នក​ដែល​ព្រះ​បាន​ទទួល​យក​ជា​កូន ហើយ​បាន​ផ្ដល់​សិរី​រុងរឿង កិច្ច​ព្រមព្រៀង ច្បាប់ សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន ក៏​បាន​ផ្ដល់​ឯកសិទ្ធិ​ឲ្យ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ ៥ ពួក​គេ​ក៏​ជា​ពូជ​ពង្ស​របស់​បុព្វបុរស ដែល​ជា​បុព្វបុរស​របស់​គ្រិស្ត​ដែរ។ ចូរ​សរសើរ​ព្រះ ដែល​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់ ជា​រៀង​រហូត​ត​ទៅ។ អា​មេន។

៦ ក៏​ប៉ុន្តែ នោះ​មិន​មាន​ន័យ​ថា​ប្រសាសន៍​របស់​ព្រះ​មិន​បាន​សម្រេច​ទេ។ ព្រោះ​មិន​មែន​អស់​អ្នក​ដែល​ជា​កូន​របស់​អ៊ីស្រាអែល គឺ​ពិត​ជា​«ជន​ជាតិ​អ៊ីស្រាអែល»​នោះ​ទេ។ ៧ ហើយ​មិន​មែន​អស់​អ្នក​ដែល​ជា​ពូជ​អាប្រាហាំ គឺ​ពិត​ជា​កូន​របស់​គាត់​ដែរ តែ​បទ​គម្ពីរ​ចែង​ថា៖ «អ្នក​ដែល​នឹង​ត្រូវ​ហៅ​ថា​‹ពូជ​របស់​អ្នក› នឹង​កើត​ពី​អ៊ីសាក»។ ៨ ដូច្នេះ កូន​ពិត​ប្រាកដ​របស់​ព្រះ មិន​មែន​ជា​អ្នក​ដែល​ត្រឹម​តែ​ជា​កូន​បង្កើត​ទេ តែ​ជា​កូន​ដែល​កើត​ពី​សេចក្ដី​សន្យា​របស់​ព្រះ ទើប​រាប់​ជា​ពូជ​របស់​អាប្រាហាំ។ ៩ ព្រោះ​សេចក្ដី​សន្យា​នោះ​គឺ​ដូច​ត​ទៅ​នេះ៖ «នៅ​ពេល​កំណត់ ខ្ញុំ​នឹង​មក ហើយ​សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។ ១០ ក៏​ប៉ុន្តែ​មិន​គ្រាន់តែ​ក្នុង​ករណី​នោះ​ប៉ុណ្ណោះ​ទេ ដែល​មាន​សេចក្ដី​សន្យា តែ​ក៏​មាន​ពេល​ដែល​រេបិកា​មាន​ផ្ទៃ​ពោះ​ជា​កូន​ភ្លោះ ជា​មួយ​នឹង​អ៊ីសាក ជា​បុព្វបុរស​របស់​យើង៖ ១១ ព្រោះ​កាល​ពួក​គេ​មិន​ទាន់​កើត​នៅ​ឡើយ ក៏​មិន​ទាន់​ធ្វើ​ការ​ល្អ​ឬ​ការ​អាក្រក់​សោះ (ដើម្បី​ឲ្យ​គោល​បំណង​របស់​ព្រះ​អំពី​ការ​ជ្រើស​រើស​ពួក​គេ អាច​អាស្រ័យ​ទៅ​លើ​ព្រះ​ដែល​ជា​អ្នក​ហៅ មិន​មែន​អាស្រ័យ​ទៅ​លើ​ការ​ដែល​អ្នក​នោះ​ធ្វើ​ឡើយ) ១២ ព្រះ​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «កូន​ច្បង​នឹង​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​ប្អូន​វិញ»។ ១៣ ដូច​បទ​គម្ពីរ​ចែង​ថា៖ «ខ្ញុំ​ស្រឡាញ់​យ៉ាកុប តែ​ខ្ញុំ​ស្អប់​អេសាវ​វិញ»។

១៤ ដូច្នេះ តើ​យើង​ត្រូវ​និយាយ​យ៉ាង​ណា​វិញ? តើ​ព្រះ​អយុត្ដិធម៌​ឬ? ទេ! មិន​អាច​ទេ! ១៥ ព្រោះ​លោក​មាន​ប្រសាសន៍​នឹង​ម៉ូសេ​ថា៖ «ខ្ញុំ​នឹង​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ដល់​អ្នក​ណា​ដែល​ខ្ញុំ​សម្រេច​ចិត្ត​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា ហើយ​ខ្ញុំ​នឹង​អាណិត​អាសូរ​ដល់​អ្នក​ណា​ដែល​ខ្ញុំ​អាណិត​អាសូរ»។ ១៦ ដូច្នេះ មិន​មែន​អាស្រ័យ​ទៅ​លើ​អ្នក​ដែល​ចង់​បាន ឬ​អ្នក​ដែល​កំពុង​ខំ​ប្រឹង​ព្យាយាម​ទេ តែ​អាស្រ័យ​ទៅ​លើ​ព្រះ ដែល​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា។ ១៧ ព្រោះ​បទ​គម្ពីរ​ចែង​អំពី​ផារ៉ូ​ថា៖ «ខ្ញុំ​បាន​ទុក​ឲ្យ​អ្នក​រស់​ដើម្បី​ការ​នេះ​ឯង គឺ​ដើម្បី​ឲ្យ​ខ្ញុំ​សម្ដែង​ឫទ្ធានុភាព​របស់​ខ្ញុំ​ដោយ​សារ​អ្នក ហើយ​ដើម្បី​ឲ្យ​ឈ្មោះ​របស់​ខ្ញុំ​ត្រូវ​ប្រកាស​ពាស​ពេញ​ផែនដី​ទាំង​មូល»។ ១៨ ម្ល៉ោះ​ហើយ អ្នក​ណា​ដែល​លោក​ពេញ​ចិត្ត​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា លោក​បង្ហាញ​ដល់​អ្នក​នោះ តែ​អ្នក​ណា​ដែល​លោក​ពេញ​ចិត្ត​ឲ្យ​ទៅ​ជា​រឹង​ចចេស លោក​ទុក​ឲ្យ​អ្នក​នោះ​រឹង​ចចេស​ទៅ។

១៩ ដូច្នេះ អ្នក​នឹង​និយាយ​មក​ខ្ញុំ​ថា៖ «ហេតុ​អ្វី​ព្រះ​នៅ​តែ​ចាប់​កំហុស? ព្រោះ​តើ​អ្នក​ណា​អាច​ទទឹង​នឹង​បំណងប្រាថ្នា​ច្បាស់​លាស់​របស់​លោក​បាន?»។ ២០ ឱ​អ្នក​អើយ តើ​អ្នក​ជា​អ្វី​បាន​ជា​ហ៊ាន​តវ៉ា​នឹង​ព្រះ? តើ​របស់​ដែល​គេ​សូន​អាច​និយាយ​ទៅ​អ្នក​ដែល​សូន​វា​ថា៖ «ហេតុ​អ្វី​អ្នក​សូន​ខ្ញុំ​ឲ្យ​មាន​រូបរាង​បែប​នេះ?»។ ២១ ចុះ​តើ​ជាង​ស្មូន​មិន​មាន​សិទ្ធិ​អំណាច​លើ​ដី​ឥដ្ឋ​មួយ​ដុំ​នោះ ដើម្បី​យក​ធ្វើ​ជា​ភាជនៈ​ពីរ មួយ​សម្រាប់​ប្រើ​ក្នុង​ការ​ថ្លៃ​ថ្នូរ ហើយ​មួយ​សម្រាប់​ប្រើ​ក្នុង​ការ​មិន​ថ្លៃ​ថ្នូរ​ទេ​ឬ? ២២ ចុះ​បើ​ព្រះ​ត្រា​ប្រណី​ដោយ​ចិត្ត​ធ្ងន់​ក្រៃ​លែង​ចំពោះ​ភាជនៈ​ដែល​បាន​ត្រូវ​បម្រុង​ទុក​ដើម្បី​បំផ្លាញ​ចោល ទោះ​ជា​លោក​មាន​បំណងប្រាថ្នា​សម្ដែង​នូវ​សេចក្ដី​ក្រោធ​របស់​លោក ហើយ​ក៏​មាន​បំណងប្រាថ្នា​ឲ្យ​ស្គាល់​ឫទ្ធានុភាព​របស់​លោក? ២៣ ហើយ​ចុះ​បើ​លោក​បាន​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ភាជនៈ​ដែល​លោក​នឹង​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ស្គាល់​សិរី​រុងរឿង​ដ៏​អស្ចារ្យ​របស់​លោក ជា​ភាជនៈ​ដែល​លោក​បាន​បម្រុង​ទុក​ឲ្យ​មាន​សិរី​រុងរឿង ២៤ ពោល​គឺ​ពួក​យើង ដែល​លោក​មិន​ត្រឹម​តែ​ហៅ​មក​ពី​ចំណោម​ជន​ជាតិ​យូដា តែ​ពី​ចំណោម​ជន​ជាតិ​ដទៃ​ដែរ នោះ​ស្រេច​លើ​លោក មែន​ទេ? ២៥ គឺ​ដូច​លោក​ក៏​មាន​ប្រសាសន៍​ក្នុង​សៀវភៅ​ហូសេ​ដែរ​ថា៖ «អ្នក​ដែល​មិន​មែន​ជា​រាស្ត្រ​របស់​ខ្ញុំ ខ្ញុំ​នឹង​ហៅ​ថា​‹រាស្ត្រ​របស់​ខ្ញុំ› ហើយ​នាង​ដែល​ខ្ញុំ​មិន​បាន​ស្រឡាញ់ ខ្ញុំ​នឹង​ហៅ​ថា​‹ជា​ទី​ស្រឡាញ់›​វិញ ២៦ ហើយ​នៅ​កន្លែង​ណា​ដែល​ខ្ញុំ​និយាយ​ទៅ​ពួក​គេ​ថា៖ ‹អ្នក​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​របស់​ខ្ញុំ› នៅ​កន្លែង​នោះ​ពួក​គេ​នឹង​ត្រូវ​ហៅ​ថា​‹កូន​របស់​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ›»។

២៧ ម្យ៉ាង​ទៀត អេសាយ​បាន​ស្រែក​ឡើង​ប្រាប់​អំពី​អ៊ីស្រាអែល​ថា៖ «ទោះ​ជា​កូន​អ៊ីស្រាអែល​មាន​ចំនួន​ច្រើន​ដូច​ជា​ខ្សាច់​នៅ​សមុទ្រ​ក៏​ដោយ គឺជា​ពួក​អ្នក​នៅ​សល់​ដែល​នឹង​ត្រូវ​សង្គ្រោះ។ ២៨ ព្រោះ​ព្រះ​យេហូវ៉ា​នឹង​វិនិច្ឆ័យ​ពួក​អ្នក​ដែល​រស់​នៅ​ផែនដី ហើយ​លោក​នឹង​បង្ហើយ​ការ​នោះ​យ៉ាង​លឿន»។ ២៩ អេសាយ​ក៏​ថ្លែង​ទុក​ជា​មុន​ថា៖ «ប្រសិនបើ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មិន​បាន​ទុក​ពូជ​ឲ្យ​យើង នោះ​យើង​មុខ​ជា​បាន​ទៅ​ជា​ដូច​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា»។

៣០ បើ​ដូច្នេះ តើ​យើង​ត្រូវ​និយាយ​យ៉ាង​ណា? ទោះ​ជា​ជន​ជាតិ​ដទៃ​មិន​បាន​ស្វះ​ស្វែងរក​សេចក្ដី​សុចរិត​ក៏​ដោយ ក៏​ពួក​គេ​បាន​សេចក្ដី​សុចរិត ពោល​គឺ​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ ៣១ ក៏​ប៉ុន្តែ​ទោះ​ជា​ជន​ជាតិ​អ៊ីស្រាអែល​បាន​ខំ​ប្រឹង​ធ្វើ​តាម​ច្បាប់​នៃ​សេចក្ដី​សុចរិត​ក៏​ដោយ ក៏​ពួក​គេ​មិន​បាន​សម្រេច​គោលដៅ​នៃ​ច្បាប់​នោះ​ឡើយ។ ៣២ ហេតុ​អ្វី? ពីព្រោះ​ពួក​គេ​ខំ​ឲ្យ​បាន​សេចក្ដី​សុចរិត​តាម​រយៈ​ការ​ដែល​ពួក​គេ​ធ្វើ មិន​មែន​តាម​រយៈ​ជំនឿ​ទេ។ ពួក​គេ​បាន​ជំពប់​ដួល* នឹង​«ថ្ម​មួយ​ដែល​នាំ​ឲ្យ​ជំពប់​ជើង​ដួល»។ ៣៣ ដូច​បទ​គម្ពីរ​ចែង​ថា៖ «មើល! នៅ​ស៊ីយ៉ូន​ខ្ញុំ​នឹង​ដាក់​ថ្ម​មួយ​ដែល​នាំ​ឲ្យ​ជំពប់​ជើង​ដួល និង​ផ្ទាំង​ថ្ម​មួយ​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​ល្មើស ប៉ុន្តែ​អ្នក​ណា​ដែល​សាង​ជំនឿ​លើ​លោក​នឹង​មិន​ខក​ចិត្ត​ឡើយ»។

១០ បង​ប្អូន​អើយ ខ្ញុំ​ប៉ង​ប្រាថ្នា​ក្នុង​ចិត្ត ក៏​អង្វរ​សុំ​ព្រះ​ឲ្យ​ពួក​គេ​ទទួល​សេចក្ដី​សង្គ្រោះ។ ២ ព្រោះ​ខ្ញុំ​ជា​សាក្សី​បញ្ជាក់​ថា ពួក​គេ​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​ការ​បម្រើ​ព្រះ តែ​ដោយ​គ្មាន​ចំណេះ​ត្រឹម​ត្រូវ ៣ ព្រោះ​ពួក​គេ​មិន​បាន​ចុះ​ចូល​នឹង​សេចក្ដី​សុចរិត​របស់​ព្រះ ដោយ​សារ​ពួក​គេ​មិន​ស្គាល់​សេចក្ដី​សុចរិត​របស់​ព្រះ​ទេ តែ​ខំ​ប្រឹង​បញ្ជាក់​ថា​ខ្លួន​ជា​អ្នក​សុចរិត​វិញ។ ៤ ព្រោះ​គ្រិស្ត​ជា​ទី​បញ្ចប់​នៃ​ច្បាប់* ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​នឹង​មាន​សេចក្ដី​សុចរិត។

៥ ព្រោះ​ម៉ូសេ​សរសេរ​ថា អ្នក​ណា​ដែល​ធ្វើ​តាម​តម្រូវ​ការ​សុចរិត​យុត្ដិធម៌​នៃ​ច្បាប់ នឹង​រស់​ដោយ​សារ​សេចក្ដី​សុចរិត​នោះ។ ៦ ក៏​ប៉ុន្តែ​អំពី​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ បទ​គម្ពីរ​ចែង​ថា៖ «កុំ​និយាយ​ក្នុង​ចិត្ត​ថា៖ ‹តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌?› គឺ​ដើម្បី​នាំ​គ្រិស្ត​ចុះ​មក ៧ ឬ​‹តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ក្នុង​ទី​ជ្រៅ​បំផុត?› គឺ​ដើម្បី​នាំ​គ្រិស្ត​ឡើង​ពី​ចំណោម​មនុស្ស​ស្លាប់»។ ៨ ប៉ុន្តែ​តើ​បទ​គម្ពីរ​ចែង​យ៉ាង​ណា? «បណ្ដាំ​នោះ​នៅ​ជិត​អ្នក គឺ​នៅ​ក្នុង​មាត់​របស់​អ្នក និង​នៅ​ក្នុង​ចិត្ត​របស់​អ្នក» គឺ​«បណ្ដាំ»​ដែល​ត្រូវ​ទទួល​ដោយ​សារ​ជំនឿ ជា​បណ្ដាំ​ដែល​យើង​កំពុង​ផ្សព្វ​ផ្សាយ។ ៩ ប្រសិនបើ​អ្នក​ប្រកាស​‹បណ្ដាំ​ដែល​នៅ​ក្នុង​មាត់​របស់​អ្នក› ជា​សាធារណៈ​ថា​លោក​យេស៊ូ​ជា​ម្ចាស់ ហើយ​អ្នក​មាន​ជំនឿ​ក្នុង​ចិត្ត​ថា​ព្រះ​បាន​ប្រោស​លោក​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​ត្រូវ​សង្គ្រោះ។ ១០ ព្រោះ​ដោយ​មាន​ចិត្ត​ជឿ គេ​ទទួល​បាន​សេចក្ដី​សុចរិត ប៉ុន្តែ​ដោយ​មាត់​ប្រកាស​ជា​សាធារណៈ​អំពី​ជំនឿ​នោះ គេ​ទទួល​បាន​សេចក្ដី​សង្គ្រោះ។

១១ ព្រោះ​បទ​គម្ពីរ​ចែង​ថា៖ «គ្មាន​អ្នក​ណា​ដែល​សាង​ជំនឿ​លើ​លោក​នឹង​ខក​ចិត្ត​ឡើយ»។ ១២ ព្រោះ​ពួក​យូដា​និង​ពួក​ក្រិច​គឺ​មិន​ខុស​ពី​គ្នា​ទេ ដោយ​សារ​មាន​ម្ចាស់​តែ​មួយ​លើ​ពួក​គេ​ទាំង​អស់​គ្នា ដែល​លោក​ផ្ដល់​អ្វីៗ​ជា​បរិបូរ​ដល់​អស់​អ្នក​ណា​ដែល​ហៅ​រក​លោក។ ១៣ ព្រោះ​«អស់​អ្នក​ណា​ដែល​ហៅ​រក​នាម​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​សង្គ្រោះ»។ ១៤ ក៏​ប៉ុន្តែ តើ​ពួក​គេ​នឹង​ហៅ​រក​នាម​របស់​លោក​យ៉ាង​ដូច​ម្ដេច ប្រសិនបើ​មិន​មាន​ជំនឿ? ហើយ​តើ​ពួក​គេ​នឹង​មាន​ជំនឿ​លើ​លោក​យ៉ាង​ដូច​ម្ដេច ប្រសិនបើ​មិន​បាន​ឮ​អំពី​លោក? ហើយ​តើ​ពួក​គេ​នឹង​ឮ​យ៉ាង​ដូច​ម្ដេច ប្រសិនបើ​គ្មាន​អ្នក​ណា​ផ្សព្វ​ផ្សាយ? ១៥ ហើយ​តើ​ពួក​គេ​នឹង​ផ្សព្វ​ផ្សាយ​យ៉ាង​ដូច​ម្ដេច ប្រសិនបើ​ពួក​គេ​មិន​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ? ដូច​បទ​គម្ពីរ​ចែង​ថា៖ «ជើង​របស់​អ្នក​ដែល​ប្រកាស​ដំណឹង​ល្អ​អំពី​អ្វី​ដ៏​ប្រសើរ គឺ​ស្អាត​ណាស់​ហ្ន៎!»។

១៦ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មិន​មែន​ពួក​គេ​ទាំង​អស់​គ្នា​បាន​ស្ដាប់​តាម​ដំណឹង​ល្អ​ឡើយ។ ព្រោះ​អេសាយ​ចែង​ថា៖ «ព្រះ​យេហូវ៉ា តើ​អ្នក​ណា​បាន​ជឿ​លើ​អ្វី​ដែល​ឮ​ពី​យើង?»។ ១៧ ដូច្នេះ ក្រោយ​ពី​ឮ​បណ្ដាំ ទើប​មាន​ជំនឿ។ ហើយ​គេ​ឮ​បណ្ដាំ ពេល​ដែល​មាន​អ្នក​ណា​ម្នាក់​និយាយ​អំពី​គ្រិស្ត។ ១៨ ក៏​ប៉ុន្តែ​ខ្ញុំ​សូម​សួរ​ថា មិន​មែន​ពួក​គេ​មិន​បាន​ឮ​ទេ មែន​ទេ? ការ​ពិត​«សូរ​សំឡេង​បាន​ឮ​ពាស​ពេញ​ផែនដី​ទាំង​មូល ហើយ​ពាក្យ​សម្ដី​បាន​ឮ​ដល់​កន្លែង​ដាច់​ស្រយាល​បំផុត​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី»។ ១៩ ក៏​ប៉ុន្តែ​ខ្ញុំ​សូម​សួរ​ថា អ៊ីស្រាអែល​ពិត​ជា​បាន​យល់ មែន​ទេ? មុន​បង្អស់​ម៉ូសេ​ចែង​ថា៖ «ខ្ញុំ​នឹង​បណ្ដាល​ឲ្យ​អ្នក​រាល់​គ្នា​ច្រណែន តាម​រយៈ​បណ្ដា​ជន​ដែល​មិន​មែន​ជា​ប្រជាជាតិ​មួយ ហើយ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​កំហឹង​ក្រៃ​លែង​តាម​រយៈ​ប្រជាជាតិ​ល្ងីល្ងើ​មួយ»។ ២០ ប៉ុន្តែ​អេសាយ​ហ៊ាន​និយាយ​ថា៖ «ពួក​អ្នក​ដែល​មិន​ស្វែងរក​ខ្ញុំ បាន​រក​ខ្ញុំ​ឃើញ។ ខ្ញុំ​បាន​បង្ហាញ​ខ្លួន​ដល់​ពួក​អ្នក​ដែល​មិន​បាន​សួរ​រក​ខ្ញុំ»។ ២១ ប៉ុន្តែ​គាត់​និយាយ​អំពី​អ៊ីស្រាអែល​ថា៖ «ខ្ញុំ​បាន​លា​ដៃ​ពី​ព្រឹក​ដល់​ល្ងាច​ទៅ​រក​បណ្ដា​ជន​មួយ​ដែល​មិន​ស្ដាប់បង្គាប់ ហើយ​តមាត់»។

១១ ដូច្នេះ ខ្ញុំ​សូម​សួរ​ថា តើ​ព្រះ​បាន​បដិសេធ​រាស្ត្រ​របស់​លោក​ឬ? ទេ! មិន​អាច​ទេ! ព្រោះ​ខ្ញុំ​ក៏​ជា​ជន​ជាតិ​អ៊ីស្រាអែល ជា​ពូជ​ពង្ស​អាប្រាហាំ និង​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែរ។ ២ ព្រះ​មិន​បាន​បដិសេធ​រាស្ត្រ​របស់​លោក ដែល​លោក​បាន​ទទួល​ស្គាល់​មុន​គេ​ឡើយ។ ចុះ​តើ​អ្នក​មិន​ដឹង​ថា​បទ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​អេលីយ៉ា ពេល​ដែល​គាត់​អង្វរ​ព្រះ​ទាស់​នឹង​អ៊ីស្រាអែល​ទេ​ឬ? ៣ «ព្រះ​យេហូវ៉ា ពួក​គេ​បាន​សម្លាប់​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​លោក ក៏​បាន​រំលំ​ទី​បូជា​ទាំង​ប៉ុន្មាន​របស់​លោក។ នៅ​សល់​តែ​ខ្ញុំ​ម្នាក់ ហើយ​ពួក​គេ​កំពុង​រក​វិធី​យក​ជីវិត* ខ្ញុំ»។ ៤ ប៉ុន្តែ​តើ​ព្រះ​តប​ទៅ​គាត់​យ៉ាង​ដូច​ម្ដេច? «ខ្ញុំ​បាន​ទុក​ប្រាំពីរ​ពាន់​នាក់​ឲ្យ​នៅសល់​សម្រាប់​ខ្ញុំ គឺ​អ្នក​ដែល​មិន​បាន​លុត​ជង្គង់​គោរព​បូជា​ព្រះ​បាល»។ ៥ ដូច្នេះ តាម​របៀប​នេះ​ក៏​មាន​អ្នក​ដែល​នៅ​សល់​នៅ​គ្រា​នេះ​ដែរ គឺ​ពួក​អ្នក​ដែល​បាន​ត្រូវ​ជ្រើស​រើស​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់។ ៦ ប្រសិនបើ​ការ​ជ្រើស​រើស​គឺ​ដោយ​គុណ​ដ៏​វិសេស​លើស​លប់ ការ​ជ្រើស​រើស​នោះ​មិន​ផ្អែក​លើ​ការ​ប្រព្រឹត្ត​ត​ទៅ​ទៀត​ឡើយ ពុំ​នោះ​សោត គុណ​ដ៏​វិសេស​លើស​លប់​នោះ មិន​មែន​ជា​គុណ​ដ៏​វិសេស​លើស​លប់​ទេ។

៧ ដូច្នេះ តើ​យើង​ត្រូវ​និយាយ​យ៉ាង​ណា​វិញ? អ្វី​ដែល​អ៊ីស្រាអែល​កំពុង​ព្យាយាម​រក ពួក​គេ​មិន​បាន​ទទួល​ឡើយ ប៉ុន្តែ​ពួក​អ្នក​ដែល​បាន​ត្រូវ​ជ្រើស​រើស​បាន​ទទួល​វិញ។ អ្នក​ឯ​ទៀត​បាន​ទៅ​ជា​អ្នក​រឹងរូស ៨ ដូច​បទ​គម្ពីរ​ចែង​ថា៖ «ព្រះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដេក​លក់​ស៊ប់* ក៏​បាន​ឲ្យ​ភ្នែក​ដើម្បី​កុំ​ឲ្យ​ពួក​គេ​មើល​ឃើញ ហើយ​បាន​ឲ្យ​ត្រចៀក​ដើម្បី​កុំ​ឲ្យ​ស្ដាប់​ឮ រហូត​ដល់​សព្វ​ថ្ងៃ​នេះ»។ ៩ ម្យ៉ាង​ទៀត ដាវីឌ​និយាយ​ថា៖ «សូម​ឲ្យ​តុ​របស់​ពួក​គេ​ទៅ​ជា​អន្ទាក់ និង​ឧបសគ្គ​ដែល​នាំ​ឲ្យ​ជំពប់​ដួល និង​ការ​សង​សឹក ១០ សូម​ឲ្យ​ភ្នែក​របស់​ពួក​គេ​ទៅ​ជា​ងងឹត ហើយ​ធ្វើ​ឲ្យ​ខ្នង​របស់​ពួក​គេ​កោង​រហូត»។

១១ ដូច្នេះ ខ្ញុំ​សូម​សួរ​ថា តើ​ពួក​គេ​បាន​ជំពប់​ដួល​ងើប​លែង​រួច​ឬ? ទេ! មិន​អាច​ទេ! ប៉ុន្តែ​ដោយ​សារ​ពួក​គេ​ភ្លាត់​ជើង នោះ​ជន​ជាតិ​ដទៃ​អាច​ទទួល​សេចក្ដី​សង្គ្រោះ ដើម្បី​បណ្ដាល​ឲ្យ​ពួក​គេ​ច្រណែន។ ១២ ប្រសិនបើ​ការ​ភ្លាត់​ជើង​របស់​ពួក​គេ​នាំ​ឲ្យ​ពិភព​លោក​ទទួល​ពរ ហើយ​ការ​ថយ​ចុះ​របស់​ពួក​គេ​នាំ​ឲ្យ​ជន​ជាតិ​ដទៃ​ទទួល​ពរ ទម្រាំ​តែ​ពួក​គេ​មាន​គ្រប់​ចំនួន​វិញ នោះ​នឹង​មាន​ពរ​កាន់​តែ​ច្រើន​ទៅ​ទៀត!

១៣ ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា​ដែល​ជា​ជន​ជាតិ​ដទៃ។ ដោយ​សារ​តាម​ពិត​ខ្ញុំ​ជា​សាវ័ក​សម្រាប់​ជន​ជាតិ​ដទៃ ខ្ញុំ​លើក​តម្កើង​កិច្ច​បម្រើ​របស់​ខ្ញុំ ១៤ ដោយ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ជន​រួម​ជាតិ​របស់​ខ្ញុំ​ច្រណែន ប្រសិនបើ​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន ដើម្បី​សង្គ្រោះ​ពួក​គេ​ខ្លះ។ ១៥ ព្រោះ​ប្រសិនបើ​ការ​បោះបង់​ពួក​គេ​ចោល​នាំ​ឲ្យ​ពិភព​លោក​ផ្សះ​ផ្សា​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ ការ​ទទួល​ពួក​គេ​ពិត​ជា​នាំ​ឲ្យ​អ្នក​ទាំង​នោះ​រស់​ពី​ស្លាប់​ឡើង​វិញ។ ១៦ ប្រសិនបើ​ចំណែក​ដែល​បាន​ត្រូវ​យក​ជា​ផល​ដំបូង​គឺ​បរិសុទ្ធ ដុំ​ម្សៅ​ទាំង​មូល​ក៏​បរិសុទ្ធ​ដែរ ហើយ​ប្រសិនបើ​ឫស​គឺ​បរិសុទ្ធ មែក​ក៏​បរិសុទ្ធ​ដែរ។

១៧ ក៏​ប៉ុន្តែ​ប្រសិនបើ​មែក​ខ្លះ​បាន​ត្រូវ​កាច់​ចោល តែ​អ្នក​បាន​ត្រូវ​ផ្សាំ​ក្នុង​ចំណោម​មែក​ដែល​នៅ​សល់ ក៏​ស្រូប​ជី​ជាតិ​ដ៏​បរិបូរ​ពី​ឫស​នៃ​ដើម​អូលីវ រួម​ជា​មួយ​នឹង​មែក​ឯ​ទៀត ទោះ​ជា​អ្នក​ជា​មែក​អូលីវ​ព្រៃ​ក៏​ដោយ ១៨ កុំ​មើល​ងាយ​មែក​ទាំង​នោះ​ឡើយ។ ប៉ុន្តែ​បើ​អ្នក​កំពុង​មើល​ងាយ ចូរ​ចាំ​ថា មិន​មែន​អ្នក​ទេ​ដែល​ចិញ្ចឹម​ឫស តែ​គឺ​ឫស​ទេ​ដែល​ចិញ្ចឹម​អ្នក​វិញ។ ១៩ អ្នក​នឹង​និយាយ​ថា៖ «មែក​ខ្លះ​បាន​ត្រូវ​កាច់​ចោល​ដើម្បី​ខ្ញុំ​អាច​ត្រូវ​ផ្សាំ​វិញ»។ ២០ ត្រូវ​ហើយ! ពួក​គេ​បាន​ត្រូវ​កាច់​ចោល​ដោយ​សារ​គ្មាន​ជំនឿ ប៉ុន្តែ​អ្នក​កំពុង​ឈរ​ដោយ​សារ​មាន​ជំនឿ។ ឈប់​មាន​គំនិត​អួត​ខ្លួន តែ​ចូរ​មាន​ចិត្ត​កោត​ខ្លាច​វិញ។ ២១ ព្រោះ​ប្រសិនបើ​ព្រះ​មិន​បាន​ត្រា​ប្រណី​ដល់​មែកពី​កំណើត នោះ​លោក​ក៏​នឹង​មិន​ត្រា​ប្រណី​ដល់​អ្នក​ដែរ។ ២២ ដូច្នេះ ចូរ​មើល ព្រះ​សប្បុរស​ហើយ​ម៉ឺង​ម៉ាត់។ ចំពោះ​ពួក​អ្នក​ដែល​បាន​ដួល លោក​ប្រព្រឹត្ត​យ៉ាង​ម៉ឺង​ម៉ាត់ តែ​ចំពោះ​អ្នក​រាល់​គ្នា លោក​ប្រព្រឹត្ត​យ៉ាង​សប្បុរស ឲ្យ​តែ​អ្នក​រាល់​គ្នា​បន្ត​ធ្វើ​ជា​អ្នក​ដែល​សម​នឹង​ទទួល​សេចក្ដី​សប្បុរស​របស់​លោក ពុំ​នោះ​សោត អ្នក​ក៏​នឹង​ត្រូវ​កាត់​ចោល​ដែរ។ ២៣ ប្រសិនបើ​ពួក​គេ​ចាប់​ផ្ដើម​មាន​ជំនឿ នោះ​ពួក​គេ​ក៏​នឹង​ត្រូវ​ផ្សាំ​ដែរ ព្រោះ​ព្រះ​អាច​ផ្សាំ​ពួក​គេ​វិញ​បាន។ ២៤ ព្រោះ​ប្រសិនបើ​អ្នក​បាន​ត្រូវ​កាត់​ចេញ​ពី​ដើម​អូលីវ​ដែល​មាន​ធម្មជាតិ​ជា​ពូជ​ព្រៃ រួច​បាន​ត្រូវ​ផ្សាំ​ខុស​ពី​ធម្មជាតិ​ជាប់​នឹង​ដើម​អូលីវ​ស្រុក ទម្រាំ​តែ​អ្នក​ទាំង​នេះ​ដែល​ជា​មែក​ពី​កំណើត ពួក​គេ​ច្បាស់​ជា​នឹង​ត្រូវ​ផ្សាំ​ជាប់​នឹង​ដើម​របស់​ពួក​គេ​វិញ!

២៥ ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​បង​ប្អូន​គ្មាន​ចំណេះ​អំពី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ ក្រែង​លោ​អ្នក​រាល់​គ្នា​ចាត់​ទុក​ខ្លួន​ជា​អ្នក​មាន​ប្រាជ្ញា។ អាថ៌​កំបាំង​នោះ​គឺ​ជន​ជាតិ​អ៊ីស្រាអែល​មួយផ្នែក​បាន​ទៅ​ជា​រឹង រហូត​ដល់​ជន​ជាតិ​ដទៃ​បាន​ចូល​មក​គ្រប់​ចំនួន ២៦ ហើយ​យ៉ាង​នេះ​អ៊ីស្រាអែល​នឹង​ត្រូវ​សង្គ្រោះ។ ដូច​បទ​គម្ពីរ​ចែង​ថា៖ «អ្នក​សង្គ្រោះ​នឹង​ចេញ​មក​ពី​ស៊ីយ៉ូន រួច​ធ្វើ​ឲ្យ​កូន​របស់​យ៉ាកុប​វៀរ​ចាក​អំពើ​ទុច្ចរិត​របស់​ពួក​គេ។ ២៧ ហើយ​នេះ​ជា​កិច្ច​ព្រមព្រៀង​របស់​ខ្ញុំ​ជា​មួយ​នឹង​ពួក​គេ នៅ​ពេល​ដែល​ខ្ញុំ​ដក​ការ​ខុស​ឆ្គង​របស់​ពួក​គេ​ចេញ»។ ២៨ ពិត​មែន បើ​និយាយ​អំពី​ដំណឹង​ល្អ​ពួក​គេ​ជា​សត្រូវ​របស់​ព្រះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ប៉ុន្តែ​បើ​និយាយ​អំពី​ការ​ជ្រើស​រើស ពួក​គេ​ជា​ទី​ស្រឡាញ់​របស់​ព្រះ ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​បុព្វបុរស​របស់​ពួក​គេ។ ២៩ ព្រោះ​ព្រះ​នឹង​មិន​ស្ដាយ​អំណោយ​របស់​លោក​និង​អ្នក​ដែល​លោក​បាន​ហៅ​មក​ទេ។ ៣០ ព្រោះ​ដូច​ពី​មុន​អ្នក​រាល់​គ្នា​មិន​ស្ដាប់បង្គាប់​ព្រះ​ទេ តែ​ឥឡូវ​បាន​ទទួល​សេចក្ដី​មេត្ដា​ករុណា​ដោយ​សារ​ពួក​គេ​មិន​ស្ដាប់បង្គាប់​វិញ ៣១ ក៏​ឥឡូវ​អ្នក​ទាំង​នេះ​មិន​ស្ដាប់បង្គាប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​សេចក្ដី​មេត្ដា​ករុណា ដើម្បី​ពួក​គេ​ក៏​អាច​ទទួល​សេចក្ដី​មេត្ដា​ករុ​ណា​ដែរ។ ៣២ ពីព្រោះ​ព្រះ​បាន​ឃុំ​ពួក​គេ​គ្រប់​គ្នា​ទុក​ឲ្យ​នៅ​ក្នុង​ការ​មិន​ស្ដាប់បង្គាប់ ដើម្បី​លោក​អាច​បង្ហាញ​សេចក្ដី​មេត្ដា​ករុ​ណា​ដល់​ពួក​គេ​ទាំង​អស់​គ្នា។

៣៣ ពរ ប្រាជ្ញា និង​ចំណេះ​របស់​ព្រះ​គឺ​បរិបូរ​ណាស់​ហ្ន៎! ការ​វិនិច្ឆ័យ​របស់លោក​គ្មាន​អ្នក​ណា​អាច​ស្វែង​យល់​បាន​ទេ ហើយ​ផ្លូវ​របស់​លោក​គ្មាន​អ្នក​ណា​អាច​វាស់ស្ទង់​បាន​ឡើយ! ៣៤ ព្រោះ​«តើ​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះ​យេហូវ៉ា? ឬ​អ្នក​ណា​ជា​ទី​ប្រឹក្សា​របស់​លោក?» ៣៥ ឬ​«តើ​អ្នក​ណា​បាន​ជូន​អ្វី​មួយ​ទៅ​លោក​មុន ដើម្បី​ឲ្យ​លោក​ត្រូវ​សង​អ្នក​នោះ​វិញ?» ៣៦ ពីព្រោះ​អ្វីៗ​ទាំង​អស់​កើត​មក​ពី​លោក មាន​នៅ​ដោយ​សារ​លោក ហើយ​គឺ​សម្រាប់​លោក។ សូម​ឲ្យ​លោក​មាន​សិរី​រុងរឿង​ជា​រៀង​រហូត​ត​ទៅ។ អា​មេន។

១២ បង​ប្អូន​អើយ ហេតុ​នេះ​ខ្ញុំ​សូម​អង្វរ​អ្នក​រាល់​គ្នា​ដោយ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ ឲ្យ​ប្រគល់​រូប​កាយ​របស់​ខ្លួន​ជា​គ្រឿង​បូជា​ដែល​មាន​ជីវិត ក៏​បរិសុទ្ធ ហើយ​គាប់​ចិត្ត​ព្រះ ធ្វើ​ដូច្នេះ​អ្នក​រាល់​គ្នា​នឹង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ដោយ​ប្រើ​សមត្ថភាព​រិះ​គិត។ ២ ហើយ​ឈប់​យក​តម្រាប់​តាម​របៀប​របប​ពិភព​លោក​នេះ តែ​ចូរ​ទទួល​ការ​កែប្រែ​ទាំង​ស្រុង ដោយ​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ពិសោធ​មើល​ដោយ​ខ្លួន​អ្នក​ឲ្យ​ដឹង​នូវ​បំណងប្រាថ្នា​ដ៏​ប្រសើរ សមរម្យ និង​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ។

៣ ព្រោះ​តាម​រយៈ​គុណ​ដ៏​វិសេស​លើស​លប់​ដែល​ខ្ញុំ​បាន​ទទួល ខ្ញុំ​សូម​ប្រាប់​អ្នក​ទាំង​អស់​គ្នា​នៅ​ទី​នោះ​ថា កុំ​គិត​ថា​ខ្លួន​មាន​តម្លៃ​លើស​ពី​អ្វី​ដែល​ត្រូវ​គិត តែ​ចូរ​មាន​គំនិត​សម​ហេតុ​សម​ផល តាម​ដែល​ព្រះ​បាន​ផ្ដល់​ជំនឿ​មួយ​កម្រិត​ដល់​អ្នក​រាល់​គ្នា​ម្នាក់ៗ។ ៤ ព្រោះ​ដូច​យើង​មាន​រូប​កាយ​មួយ​ដែល​មាន​អវយវៈ​ជា​ច្រើន តែ​អវយវៈ​នីមួយៗ​មាន​មុខ​ងារ​ខុសៗ​គ្នា ៥ នោះ​យើង​ក៏​ជា​រូប​កាយ​តែ​មួយ​រួម​ជា​មួយ​នឹង​គ្រិស្ត ទោះ​ជា​យើង​មាន​គ្នា​ច្រើន​ក៏​ដោយ តែ​ជា​អវយវៈ​ដែល​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក។ ៦ ម្ល៉ោះ​ហើយ ដោយ​សារ​យើង​បាន​អំណោយ​ផ្សេងៗ​ពី​គ្នា ស្រប​ទៅ​តាម​គុណ​ដ៏​វិសេស​លើស​លប់​ដែល​បាន​ត្រូវ​ផ្ដល់​ឲ្យ​យើង ទោះ​បី​ជា​ការ​ប្រកាស​ទំនាយ​ក៏​ដោយ ចូរ​បន្ត​ប្រកាស​ទំនាយ ស្រប​ទៅ​តាម​ជំនឿ​ដែល​បាន​ត្រូវ​ផ្ដល់​ឲ្យ​យើង ៧ ឬ​ទោះ​ជា​កិច្ច​បម្រើ​ក៏​ដោយ ចូរ​បន្ត​បំពេញ​កិច្ច​បម្រើ​នោះ ឬ​ក៏​អ្នក​ណា​ដែល​បង្រៀន ចូរ​ឲ្យ​អ្នក​នោះ​បន្ត​បង្រៀន​ចុះ ៨ ឬ​អ្នក​ណា​ដែល​បំផុស​ទឹក​ចិត្ត ចូរ​ឲ្យ​អ្នក​នោះ​បន្ត​បំផុស​ទឹក​ចិត្ត​ទៅ ឯ​អ្នក​ណា​ដែល​ចែក​ចាយ ចូរ​ឲ្យ​អ្នក​នោះ​ចែក​ចាយ​ដោយ​ចិត្ត​ទូលាយ ហើយ​អ្នក​ណា​ដែល​ដឹក​នាំ ចូរ​ឲ្យ​អ្នក​នោះ​ដឹក​នាំ​យ៉ាង​អស់ពី​ចិត្ត ឯ​អ្នក​ណា​ដែល​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា ចូរ​ឲ្យ​អ្នក​នោះ​បង្ហាញ​ដោយ​ចិត្ត​រីករាយ​ចុះ។

៩ ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​គ្មាន​ពុត​ត្បុត។ ចូរ​ស្អប់ខ្ពើម​អ្វីៗ​ដែល​ទុច្ចរិត ហើយ​កាន់​ខ្ជាប់​អ្វីៗ​ដែល​ល្អ។ ១០ ចូរ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​ដោយ​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ។ ក្នុង​ការ​លើក​កិត្ដិយស​គ្នា​ទៅ​វិញ​ទៅ​មក ចូរ​លើក​កិត្ដិយស​គេ​មុន។ ១១ កុំ​ខ្ជិល​ក្នុង​កិច្ចការ​របស់​អ្នក​ឡើយ។ ចូរ​មាន​ចិត្ត​ពុះ​កញ្ជ្រោល​ដោយ​សកម្មពល* របស់​ព្រះ។ ចូរ​ខំ​ធ្វើ​ការ​ដូច​ជា​ខ្ញុំ​បម្រើ​ដើម្បី​ព្រះ​យេហូវ៉ា។ ១២ ចូរ​អរ​សប្បាយ​នឹង​សេចក្ដី​សង្ឃឹម។ ចូរ​ស៊ូ​ទ្រាំ​សេចក្ដី​វេទនា។ ចូរ​តស៊ូ​ក្នុង​ការ​អធិដ្ឋាន។ ១៣ ចូរ​ចែក​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​តាម​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គាត់។ ចូរ​មាន​ទម្លាប់​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់។ ១៤ ចូរ​ឲ្យ​ពរ​អ្នក​ដែល​បៀតបៀន។ ចូរ​ឲ្យ​ពរ ហើយ​កុំ​ដាក់​បណ្ដាសា​ឡើយ។ ១៥ ចូរ​អរ​សប្បាយ​ជា​មួយ​នឹង​អ្នក​ដែល​កំពុង​អរ​សប្បាយ។ ចូរ​យំ​ជា​មួយ​នឹង​អ្នក​ដែល​កំពុង​យំ។ ១៦ ចូរ​មាន​ទស្សនៈ​ចំពោះ​អ្នក​ឯ​ទៀត ដូច​ទស្សនៈ​ដែល​អ្នក​មាន​ចំពោះ​ខ្លួន​ឯង។ កុំ​មាន​គំនិត​អួត​ខ្លួន តែ​ចូរ​ឲ្យ​គំនិត​រាប​ទាប​ដឹក​នាំ​អ្នក​វិញ។ កុំ​គិត​ថា​ខ្លួន​ជា​អ្នក​ដែល​ចេះ​ពិចារណា​ឡើយ។

១៧ កុំ​តប​ស្នង​ការ​អាក្រក់​ដល់​អ្នក​ណា​ដែល​ធ្វើ​អាក្រក់​ចំពោះ​អ្នក​ឲ្យ​សោះ។ ចូរ​ធ្វើអ្វីដែល​មនុស្ស​ទាំង​អស់​ចាត់​ទុក​ជា​ការ​ល្អ​ប្រសើរ។ ១៨ ចូរ​ខំ​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់ ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន។ ១៩ បង​ប្អូន​ជា​ទី​ស្រឡាញ់ កុំ​សង​សឹក​ដោយ​ខ្លួន​អ្នក​ឡើយ តែ​ចូរ​ទុក​ឲ្យ​ព្រះ​បង្ហាញ​សេចក្ដី​ក្រោធ​របស់​លោក​ចំពោះ​អំពើ​ខុស​ឆ្គង ព្រោះ​បទ​គម្ពីរ​ចែង​ថា៖ «ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា ការ​សង​សឹក​ជា​របស់​ខ្ញុំ ខ្ញុំ​នឹង​សង​គេ​វិញ»។ ២០ ប៉ុន្តែ​«ប្រសិនបើ​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​ឲ្យ​អាហារ​គាត់​បរិភោគ ហើយ​ប្រសិនបើ​គាត់​ស្រេក ចូរ​ឲ្យ​គាត់​ផឹក​ចុះ ព្រោះ​បើ​ធ្វើ​ដូច្នេះ អ្នក​នឹង​គរ​រងើក​ភ្លើង​នៅ​លើ​ក្បាល​គាត់»។ ២១ កុំ​ឲ្យ​សេចក្ដី​អាក្រក់​ឈ្នះ​អ្នក​ឡើយ តែ​ចូរ​បន្ត​ឈ្នះ​សេចក្ដី​អាក្រក់​ដោយ​សេចក្ដី​ល្អ​វិញ។

១៣ ចូរ​ឲ្យ​មនុស្ស* ទាំង​អស់​ចុះ​ចូល​នឹង​ពួក​អាជ្ញាធរ ព្រោះ​គ្រប់​ទាំង​អំណាច​គឺ​មក​ពី​ព្រះ។ ព្រះ​ជា​អ្នក​តែង​តាំង​ពួក​អាជ្ញាធរ​ឲ្យ​មាន​អំណាច​តាម​ថ្នាក់​របស់​ពួក​គេ​រៀង​ខ្លួន។ ២ ដូច្នេះ អ្នក​ណា​ដែល​ប្រឆាំង​អំណាច​នោះ កំពុង​តតាំង​នឹង​ការ​រៀប​ចំ​របស់​ព្រះ។ ពួក​អ្នក​ដែល​តតាំង​នឹង​ការ​រៀប​ចំ​នោះ​នឹង​ធ្វើ​ឲ្យ​ខ្លួន​ទទួល​ការ​ផ្ដន្ទា​ទោស។ ៣ ព្រោះ​អ្នក​គ្រប់​គ្រង​គឺ​គួរ​ឲ្យ​ភ័យ​ខ្លាច មិន​មែន​ចំពោះ​អ្នក​ដែល​ធ្វើ​ល្អ​ទេ តែ​ចំពោះ​អ្នក​ដែល​ធ្វើ​អាក្រក់​វិញ។ ដូច្នេះ បើ​អ្នក​មិន​ចង់​ខ្លាច​អំណាច​នោះ​ទេ ចូរ​បន្ត​ធ្វើ​ល្អ​ចុះ ហើយ​អ្នក​នឹង​ទទួល​សេចក្ដី​សរសើរ​ពី​ពួក​អាជ្ញាធរ ៤ ពួក​គេ​ជា​អ្នក​បម្រើ​របស់​ព្រះ​ដើម្បី​ប្រយោជន៍​អ្នក​រាល់​គ្នា។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ធ្វើ​ការ​អាក្រក់ ចូរ​ភ័យ​ខ្លាច​ចុះ ព្រោះ​ពួក​គេ​មិន​មែន​ស្ពាយ​ដាវ​ឥត​អំពើ​ទេ។ ពួក​គេ​ជា​អ្នក​បម្រើ​របស់​ព្រះ និង​ជា​អ្នក​សង​សឹក​ដែល​បញ្ចេញ​សេចក្ដី​ក្រោធ​របស់​លោក​ទៅ​លើ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។

៥ ម្ល៉ោះ​ហើយ អ្នក​រាល់​គ្នា​ត្រូវ​ចុះ​ចូល​ជា​ចាំ​បាច់ មិន​គ្រាន់តែ​ដោយ​សារ​សេចក្ដី​ក្រោធ​ប៉ុណ្ណោះ តែ​ដើម្បី​កុំ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​វិនិច្ឆ័យ​អ្នក​ថា​ជា​អ្នក​មាន​ទោស។ ៦ នោះ​ក៏​ជា​មូលហេតុ​ដែល​អ្នក​រាល់​គ្នា​បង់​ពន្ធ​ដែរ ព្រោះ​ពួក​អ្នក​គ្រប់​គ្រង​ជា​អ្នក​បម្រើ* របស់​ព្រះ ដែល​បំពេញ​តួនាទី​នោះ​ជា​និច្ច។ ៧ ចូរ​ជូន​ពួក​គេ​ទាំង​អស់​គ្នា​នូវ​អ្វី​ដែល​ពួក​គេ​គួរ​ទទួល គឺ​បង់​ពន្ធ​ទៅ​អ្នក​ណា​ដែល​តម្រូវ​ឲ្យ​បង់​ពន្ធ ជូន​សួយ​អាករ​ទៅ​អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ជូន​សួយ​អាករ ចូរ​បង្ហាញ​ការ​កោត​ខ្លាច​តាម​ដែល​គេ​តម្រូវ​ឲ្យ​កោត​ខ្លាច ចូរ​លើក​កិត្ដិយស​តាម​ដែល​គេ​តម្រូវ​ឲ្យ​លើក​កិត្ដិយស។

៨ អ្នក​រាល់​គ្នា​មិន​ត្រូវ​ជំពាក់​អ្វី​អ្នក​ណា​ទេ សូម្បី​តែ​អ្វី​មួយ​ក៏​ដោយ ក្រៅ​ពី​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​អ្នក​ដែល​ស្រឡាញ់​អ្នក​ឯ​ទៀត​បាន​បំពេញ​តាម​ច្បាប់​យ៉ាង​ត្រឹម​ត្រូវ។ ៩ ព្រោះ​ច្បាប់​ទាំង​ប៉ុន្មាន​ដែល​ថា​«អ្នក​មិន​ត្រូវ​ផិត​ក្បត់​ឲ្យ​សោះ អ្នក​មិន​ត្រូវ​ធ្វើ​ឃាតកម្ម​ឲ្យ​សោះ អ្នក​មិន​ត្រូវ​លួច​ឲ្យ​សោះ អ្នក​មិន​ត្រូវ​ប៉ង​ប្រាថ្នា​ចង់​បាន​របស់​អ្នក​ដទៃ​ឲ្យ​សោះ» ហើយ​បញ្ញត្ដិ​ណា​ផ្សេង​ទៀត​បាន​ត្រូវ​សង្ខេប​ក្នុង​ពាក្យ​ថា​«អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក»។ ១០ អ្នក​ដែល​មាន​សេចក្ដី​ស្រឡាញ់​មិន​ធ្វើ​អំពើ​អាក្រក់​ទៅ​លើ​អ្នក​ជិត​ខាង​របស់​ខ្លួន​ឡើយ ដូច្នេះ​សេចក្ដី​ស្រឡាញ់​ធ្វើ​ឲ្យ​ច្បាប់​សម្រេច​គ្រប់​ជំពូក។

១១ ចូរ​ធ្វើ​យ៉ាង​នោះ​ដែរ ដោយ​សារ​អ្នក​រាល់​គ្នា​ដឹង​ថា​គ្រា​នេះ​ជា​គ្រា​ណា​ហើយ គឺជា​ម៉ោង​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ភ្ញាក់​ពី​ការ​ដេក​លក់ ព្រោះ​ឥឡូវ​នេះ សេចក្ដី​សង្គ្រោះ​របស់​យើង​គឺ​ជិត​ជាង​ពេល​ដែល​យើង​បាន​ទៅ​ជា​អ្នក​ជឿ​ទៅ​ទៀត។ ១២ យប់​ជ្រៅ​ណាស់​ហើយ ថ្ងៃ​នោះ​ក៏​ជិត​ដល់​ដែរ។ ចូរ​យើង​ចោល​ការ​ប្រព្រឹត្ត​ខាង​ភាព​ងងឹត​ចេញ រួច​ចូរ​យើង​បំពាក់​ខ្លួន​ដោយ​អាវុធ​ខាង​ពន្លឺ​វិញ។ ១៣ ចូរ​យើង​ដើរ​ដូច​នៅ​ពេល​ថ្ងៃ គឺ​ដោយ​ប្រព្រឹត្ត​សមរម្យ មិន​មែន​ដោយ​ជប់​លៀង​សប្បាយ​ឥត​បើ​គិត ឬ​ដោយ​ផឹក​ស្រា​ឲ្យ​ស្រវឹង មិន​មែន​ដោយ​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ឬ​ដោយ​មាន​សីលធម៌​ធូរ​រលុង* មិន​មែន​ដោយ​ឈ្លោះ​ប្រកែក​គ្នា ឬ​ច្រណែន​គ្នា​ឡើយ។ ១៤ ប៉ុន្តែ​ចូរ​បំពាក់​ខ្លួន​ដោយ​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត ហើយ​កុំ​មាន​គម្រោង​ដើម្បី​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​ឡើយ។

១៤ ចូរ​ទទួល​ស្វាគមន៍​អ្នក​ដែល​មាន​ចំណុច​ខ្សោយ​ក្នុង​ជំនឿ​របស់​គាត់ តែ​មិន​មែន​ដោយ​ធ្វើ​ការ​វិនិច្ឆ័យ​ទៅ​លើ​សំណួរ​ដែល​គាត់​មាន​ក្នុង​ចិត្ត​ឡើយ។ ២ អ្នក​ដែល​មាន​ជំនឿ បរិភោគ​អ្វី​ទាំង​អស់ ប៉ុន្តែ​អ្នក​ដែល​ខ្សោយ​បរិភោគ​តែ​បន្លែ​ប៉ុណ្ណោះ។ ៣ អ្នក​ដែល​បរិភោគ មិន​ត្រូវ​មើល​ងាយ​អ្នក​ដែល​មិន​បរិភោគ​ឡើយ ឯ​អ្នក​ដែល​មិន​បរិភោគ មិន​ត្រូវ​វិនិច្ឆ័យ​អ្នក​ដែល​បរិភោគ​ដែរ ព្រោះ​ព្រះ​បាន​ទទួល​ស្វាគមន៍​អ្នក​នោះ។ ៤ តើ​អ្នក​ជា​អ្វី​បាន​ជា​វិនិច្ឆ័យ​អ្នក​បម្រើ​ក្នុង​ផ្ទះ​អ្នក​ដទៃ? ម្ចាស់​របស់​អ្នក​បម្រើ​នោះ​ជា​អ្នក​សម្រេច​ថា គាត់​ត្រូវ​ឈរ ឬ​ត្រូវ​ដួល។ ហើយ​គាត់​នឹង​ឈរ​មែន ព្រោះ​ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឲ្យ​គាត់​ឈរ។

៥ មនុស្ស​ម្នាក់​វិនិច្ឆ័យ​ថា​ថ្ងៃ​មួយ​គឺ​សំខាន់​ជាង​ថ្ងៃ​មួយ​ទៀត ឯ​មនុស្ស​ម្នាក់​ទៀត​វិនិច្ឆ័យ​ថា​ថ្ងៃ​ទាំង​អស់​គឺ​ដូច​គ្នា។ ចូរ​ឲ្យ​មនុស្ស​ម្នាក់ៗ​ជឿ​ប្រាកដ​ក្នុង​គំនិត​របស់​ខ្លួន។ ៦ អ្នក​ណា​ដែល​កាន់​ថ្ងៃ​ណា​មួយ កាន់​ថ្ងៃ​នោះ​ដោយ​គិត​ដល់​ព្រះ​យេហូវ៉ា ហើយ​អ្នក​ណា​ដែល​បរិភោគ ក៏​បរិភោគ​ដោយ​គិត​ដល់​ព្រះ​យេហូវ៉ា ព្រោះ​គាត់​អរគុណ​ព្រះ។ ឯ​អ្នក​ដែល​មិន​បរិភោគ គាត់​មិន​បរិភោគ​ដោយ​គិត​ដល់​ព្រះ​យេហូវ៉ា ប៉ុន្តែ​គាត់​នៅ​តែ​អរគុណ​ព្រះ។ ៧ តាម​ការ​ពិត គ្មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ពួក​យើង​រស់​ដើម្បី​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ក៏​គ្មាន​អ្នក​ណា​ស្លាប់​ដើម្បី​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ​ដែរ ៨ ព្រោះ​ប្រសិនបើ​យើង​រស់ យើង​រស់​ដើម្បី​ព្រះ​យេហូវ៉ា ហើយ​បើ​យើង​ស្លាប់ យើង​ស្លាប់​ដើម្បី​ព្រះ​យេហូវ៉ា។ ដូច្នេះ ទោះ​ជា​យើង​រស់​ឬ​ស្លាប់​ក្ដី យើង​ជា​របស់​ព្រះ​យេហូវ៉ា។ ៩ ព្រោះ​នេះ​ជា​មូលហេតុ​ដែល​គ្រិស្ត​បាន​ស្លាប់​ហើយ​រស់​ឡើង​វិញ គឺ​ដើម្បី​ឲ្យ​លោក​ទៅ​ជា​ម្ចាស់​លើ​មនុស្ស​ស្លាប់​និង​លើ​មនុស្ស​រស់។

១០ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​អ្នក​វិនិច្ឆ័យ​បង​ប្អូន​របស់​អ្នក? ឬ​ហេតុ​អ្វី​អ្នក​មើល​ងាយ​បង​ប្អូន​របស់​អ្នក? ព្រោះ​យើង​ទាំង​អស់​គ្នា​នឹង​ឈរ​នៅ​មុខ​កន្លែង​កាត់​ក្ដី​របស់ព្រះ ១១ ព្រោះ​បទ​គម្ពីរ​ចែង​ថា៖ «ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា៖ ‹ប្រាកដ​ណាស់​ដូច​ខ្ញុំមាន​ជីវិត​រស់​នៅ មនុស្ស​ទាំង​អស់​នឹង​លុត​ជង្គង់ ហើយ​មនុស្ស​ជាតិ​គ្រប់​រូប​នឹង​ប្រកាស​ទទួល​ស្គាល់​ជា​ចំហ​ថា​ខ្ញុំ​ជា​ព្រះ›»។ ១២ ដូច្នេះ ព្រះ​នឹង​វិនិច្ឆ័យ​យើង​ម្នាក់ៗ​តាម​ការ​ប្រព្រឹត្ត​របស់​យើង។

១៣ ម្ល៉ោះ​ហើយ យើង​មិន​ត្រូវ​វិនិច្ឆ័យ​គ្នា​ទៅ​វិញ​ទៅ​មក​ត​ទៅ​ទៀត​ឡើយ ប៉ុន្តែ​ចូរ​អ្នក​រាល់​គ្នា​តាំង​ចិត្ត​ថា​នឹង​មិន​ដាក់​ឧបសគ្គ​ដែល​នាំ​ឲ្យ​បង​ប្អូន​ជំពប់​ដួល ឬ​នាំ​ឲ្យ​វង្វេង​ចេញ​ពី​ជំនឿ​ឡើយ។ ១៤ ក្នុង​នាម​ជា​អ្នក​កាន់​តាម​លោក​ម្ចាស់​យេស៊ូ ខ្ញុំ​ដឹង ហើយ​ក៏​ជឿ​ជាក់​ថា គ្មាន​អ្វី​ដែល​ស្មោកគ្រោក​ឡើយ ទាល់​តែ​មាន​អ្នក​ណា​ម្នាក់​ចាត់​ទុក​របស់​ណា​មួយ​ថា​ស្មោកគ្រោក ទើប​របស់​នោះ​ស្មោកគ្រោក​ចំពោះ​អ្នក​នោះ។ ១៥ ព្រោះ​ប្រសិនបើ​បង​ប្អូន​របស់​អ្នក​កើត​ទុក្ខ​ដោយ​សារ​អាហារ នោះ​អ្នក​លែង​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់​ទៀត​ហើយ។ កុំ​បំផ្លាញ* បង​ប្អូន​ដោយ​អាហារ​របស់​អ្នក។ គ្រិស្ត​បាន​ស្លាប់​ដើម្បី​បង​ប្អូន​នោះ​ហើយ។ ១៦ ដូច្នេះ កុំ​ឲ្យ​គេ​និយាយ​អាក្រក់​អំពី​ការ​ល្អ​ដែល​អ្នក​រាល់​គ្នា​ធ្វើ។ ១៧ ព្រោះ​រាជាណាចក្រ​របស់​ព្រះ​មិន​មែន​ទាក់​ទង​នឹង​ការ​បរិភោគ​និង​ការ​ផឹក​នោះ​ទេ តែ​ទាក់​ទង​នឹង​សេចក្ដី​សុចរិត សន្ដិភាព និង​អំណរ​ដោយ​សកម្មពល* បរិសុទ្ធ​វិញ។ ១៨ ព្រោះ​អ្នក​ណា​ដែល​ធ្វើ​ការ​ដូច​ជា​ខ្ញុំ​បម្រើ​ដើម្បី​គ្រិស្ត​ក្នុង​រឿង​នេះ អ្នក​នោះ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត ហើយ​នឹង​ទទួល​ការ​គោរព​ពី​មនុស្ស។

១៩ ដូច្នេះ ចូរ​យើង​ស្វែងរក​អ្វី​ដែល​នាំ​ឲ្យ​មាន​សន្ដិភាព និង​អ្វី​ដែល​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​មាន​ភាព​រឹង​មាំ។ ២០ ឈប់​បំផ្លាញ​ស្នា​ដៃ​របស់​ព្រះ​ព្រោះ​តែ​អាហារ។ ពិត​មែន អ្វីៗ​ទាំង​អស់​ស្អាត​បរិសុទ្ធ ប៉ុន្តែ​បើ​អ្នក​ណា​ម្នាក់​បរិភោគ​ហើយ​បណ្ដាល​ឲ្យ​ជំពប់​ដួល នោះ​ជា​ការ​អាក្រក់​វិញ។ ២១ ជា​ការ​ល្អ​ប្រសិនបើ​មិន​បរិភោគ​សាច់ ឬ​ផឹក​ស្រា ឬ​ធ្វើ​អ្វី​ក៏​ដោយ​ដែល​បណ្ដាល​ឲ្យ​បង​ប្អូន​របស់​អ្នក​ជំពប់​ដួល។ ២២ ជំនឿ​ដែល​អ្នក​មាន ចូរ​ទុក​ជា​រឿង​រវាង​អ្នក​នឹង​ព្រះ។ អ្នក​ណា​ដែល​មិន​ផ្ដន្ទា​ទោស​ខ្លួន​ចំពោះ​អ្វី​ដែល​ខ្លួន​សម្រេច​ចិត្ត​ធ្វើ អ្នក​នោះ​មាន​សុភមង្គល​ហើយ។ ២៣ ប៉ុន្តែ​បើ​អ្នក​នោះ​សង្ស័យ គាត់​មាន​ទោស​ហើយ ប្រសិនបើ​គាត់​បរិភោគ ព្រោះ​គាត់​មិន​មែន​បរិភោគ​ដោយ​មាន​ជំនឿ។ អ្វីៗ​ទាំង​អស់​ដែល​មិន​មក​ពី​ជំនឿ គឺជា​ការ​ខុស​ឆ្គង។

១៥ ក៏​ប៉ុន្តែ​យើង​ដែល​ជា​អ្នក​មាន​ជំនឿ​ខ្លាំង​គួរ​ទ្រាំទ្រ​ពួក​អ្នក​ដែល​មាន​ចំណុច​ខ្សោយ ហើយ​យើង​មិន​ត្រូវ​រក​បំពេញ​ចិត្ត​ខ្លួន​យើង​ឡើយ។ ២ ចូរ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ដោយ​ការ​ល្អ​ដែល​ពង្រឹង​ជំនឿ​របស់​គេ។ ៣ ព្រោះ​សូម្បី​តែ​គ្រិស្ត​មិន​បាន​រក​បំពេញ​ចិត្ត​ខ្លួន​លោក​ដែរ ប៉ុន្តែ​ដូច​បទ​គម្ពីរ​ចែង​ថា៖ «ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​អ្នក​ដែល​កំពុង​ជេរ​ប្រមាថ​លោក បាន​ធ្លាក់​មក​លើ​ខ្ញុំ​វិញ»។ ៤ ព្រោះ​អ្វីៗ​ទាំង​អស់​ដែល​បាន​ត្រូវ​សរសេរ​ទុក​ជា​មុន បាន​ត្រូវ​សរសេរ​ទុក​ដើម្បី​ណែនាំ​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម តាម​រយៈ​ការ​ស៊ូ​ទ្រាំ​របស់​យើង និង​ការ​សម្រាល​ទុក្ខ​ពី​បទ​គម្ពីរ។ ៥ សូម​ព្រះ​ដែល​ផ្ដល់​សមត្ថភាព​ស៊ូ​ទ្រាំ​និង​ការ​សម្រាល​ទុក្ខ អនុគ្រោះ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​មាន​ចិត្ត​គំនិត​ដូច​គ្រិស្ត​យេស៊ូ ៦ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ព្រមព្រៀង​គ្នា​ដោយ​សំឡេង​តែ​មួយ​សរសើរ​តម្កើង​លោក​ដែល​ជា​ព្រះ​និង​ជា​បិតា​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង។

៧ ចូរ​ទទួល​ស្វាគមន៍​គ្នា​ទៅ​វិញ​ទៅ​មក ដូច​គ្រិស្ត​បាន​ទទួល​ស្វាគមន៍​យើង ដើម្បី​ឲ្យ​ព្រះ​ទទួល​ការ​សរសើរ​តម្កើង។ ៨ ព្រោះ​ខ្ញុំ​សូម​ប្រាប់​ថា គ្រិស្ត​បាន​ទៅ​ជា​អ្នក​បម្រើ​ពួក​អ្នក​ដែល​បាន​ទទួល​ការ​កាត់​ចុង​ស្បែក* ដើម្បី​ស​ឲ្យ​ឃើញ​ថា​ព្រះ​គឺ​ពិត​ត្រង់ ហើយ​ដើម្បី​បញ្ជាក់​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​របស់​ព្រះ​ចំពោះ​ពួក​បុព្វបុរស​របស់​ពួក​គេ ៩ ហើយ​ដើម្បី​ឲ្យ​ប្រជាជាតិ​នានា​សរសើរ​តម្កើង​ព្រះ​ដោយ​សារ​សេចក្ដី​មេត្ដា​ករុណា​របស់​លោក។ ដូច​បទ​គម្ពីរ​ចែង​ថា៖ «ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​នឹង​ប្រកាស​ទទួល​ស្គាល់​លោក​ជា​ចំហ​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​នានា ហើយ​ខ្ញុំ​នឹង​ច្រៀង​សរសើរ​នាម​របស់​លោក»។ ១០ លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ប្រជាជាតិ​ទាំង​ឡាយ​អើយ ចូរ​ត្រេក​អរ​ជា​មួយ​នឹង​រាស្ត្រ​របស់​លោក​ចុះ»។ ១១ បទ​គម្ពីរ​មួយ​ទៀត​ចែង​ថា៖ «ប្រជាជាតិ​ទាំង​ឡាយ​អើយ ចូរ​សរសើរ​ព្រះ​យេហូវ៉ា ហើយ​ចូរ​ឲ្យ​ជន​ជាតិ​ទាំង​ឡាយ​សរសើរ​លោក​ចុះ»។ ១២ ក្នុង​បទ​គម្ពីរ​មួយ​ទៀត​អេសាយ​ថា៖ «ឫស​នៃ​អ៊ីសាយ​នឹង​លេច​មក ហើយ​នឹង​មាន​លោក​ម្នាក់​មក​ដល់​ដើម្បី​គ្រប់​គ្រង​ប្រជាជាតិ​នានា។ ប្រជាជាតិ​នានា​នឹង​សង្ឃឹម​លើ​លោក»។ ១៣ សូម​ព្រះ​ដែល​ផ្ដល់​សេចក្ដី​សង្ឃឹម ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ពោរ​ពេញ​ទៅ​ដោយ​អំណរ​និង​សេចក្ដី​សុខសាន្ត​គ្រប់​ប្រការ ដោយ​សារ​អ្នក​រាល់​គ្នា​មាន​ជំនឿ​លើ​លោក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​ដ៏​បរិបូរ​ដោយ​ឫទ្ធានុភាព​នៃ​សកម្មពល* បរិសុទ្ធ។

១៤ ម្យ៉ាង​ទៀត បង​ប្អូន​ខ្ញុំ​អើយ ខ្ញុំ​ជឿ​ជាក់​ថា​អ្នក​រាល់​គ្នា ក៏​ពោរ​ពេញ​ទៅ​ដោយ​គុណធម៌​ដែរ ដូច​អ្នក​រាល់​គ្នា​ពោរ​ពេញ​ទៅ​ដោយ​ចំណេះ​សព្វ​គ្រប់ ហើយ​ថា​អ្នក​រាល់​គ្នា​អាច​ដាស់​តឿន​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង។ ១៥ ក៏​ប៉ុន្តែ​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​យ៉ាង​ត្រង់ៗ​អំពី​ចំណុច​ខ្លះ ទុក​ជា​ការ​រំលឹក​ដល់​អ្នក​រាល់​គ្នា​ម្ដង​ទៀត ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ ១៦ ដើម្បី​ឲ្យ​ខ្ញុំ​ធ្វើ​ជា​អ្នក​បម្រើ* នៃ​គ្រិស្ត​យេស៊ូ​ដើម្បី​ប្រជាជាតិ​នានា ដោយ​ចូល​រួម​ក្នុង​កិច្ចការ​ដ៏​បរិសុទ្ធ គឺជា​ការ​ប្រកាស​ដំណឹង​ល្អ​នៃ​ព្រះ ដើម្បី​ឲ្យ​គ្រឿង​បូជា ពោល​គឺ​ប្រជាជាតិ​ទាំង​នេះ ជា​គ្រឿង​បូជា​ដែល​ល្អ​គួរ​ទទួល​យក និង​ដែល​បាន​ត្រូវ​ញែក​ជា​បរិសុទ្ធ​ដោយ​សកម្មពល​បរិសុទ្ធ។

១៧ ដូច្នេះ បើ​គិត​ពី​កិច្ច​បម្រើ​ព្រះ ខ្ញុំ​មាន​ហេតុ​ត្រេក​អរ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ។ ១៨ ខ្ញុំ​មិន​ហ៊ាន​ប្រាប់​អ្វី​សោះ ប្រសិនបើ​មិន​មែន​ជា​ការ​ដែល​គ្រិស្ត​បាន​ធ្វើ​តាម​រយៈ​ខ្ញុំ​ដើម្បី​ឲ្យ​ប្រជាជាតិ​នានា​ស្ដាប់បង្គាប់។ លោក​បាន​ធ្វើ​ដូច្នេះតាម​រយៈ​ពាក្យ​និង​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ ១៩ ព្រម​ទាំង​ដោយ​ឫទ្ធានុភាព​នៃ​ទី​សម្គាល់​និង​ការ​អស្ចារ្យ ហើយ​ដោយ​ឫទ្ធានុភាព​នៃ​សកម្មពល​បរិសុទ្ធ។ ជា​លទ្ធផល ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​អំពី​គ្រិស្ត​យ៉ាង​សព្វ​គ្រប់ តាំង​ពី​ក្រុង​យេរូសាឡិម រហូត​ដល់​អ៊ីលីរីកុម។ ២០ យ៉ាង​នេះ ខ្ញុំ​បាន​តាំង​ចិត្ត​មិន​ប្រកាស​ដំណឹង​ល្អ​នៅ​កន្លែង​ដែល​គេ​បាន​ឮ​នាម​របស់​គ្រិស្ត​រួច​ហើយ​ទេ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​សង់​លើ​គ្រឹះ​ដែល​អ្នក​ផ្សេង​ទៀត​បានចាក់​រួច​ហើយ ២១ ប៉ុន្តែ​ដូច​បទ​គម្ពីរ​ចែង​ថា៖ «ពួក​អ្នក​ដែល​មិន​មាន​គេ​ប្រកាស​ប្រាប់​អំពី​លោក​នឹង​ឃើញ​លោក ហើយ​ពួក​អ្នក​ដែល​មិន​បាន​ឮ​នឹង​យល់»។

២២ ម្ល៉ោះ​ហើយ ខ្ញុំ​បាន​ត្រូវ​រារាំង​ជា​ច្រើន​ដង មិន​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា។ ២៣ ប៉ុន្តែ​ឥឡូវ ដោយ​សារ​គ្មាន​តំបន់​ណា​នៅ​ទី​នេះ​ដែល​ខ្ញុំ​មិន​ទាន់​ផ្សព្វ​ផ្សាយ ហើយ​ដោយ​សារ​ខ្ញុំ​ចង់​ជួប​អ្នក​រាល់​គ្នា​យ៉ាង​ខ្លាំង​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ២៤ នោះ​ខ្ញុំ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​អាច​ឃើញ​អ្នក​រាល់​គ្នា ពេល​ដែល​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស្ប៉ាញ ហើយ​ក៏​សង្ឃឹម​ថា​ក្រោយ​ពី​ខ្ញុំ​បាន​សំណេះសំណាល​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​អស់​មួយ​រយៈពេល អ្នក​រាល់​គ្នា​នឹង​ជូន​ដំណើរ​ខ្ញុំ​មួយ​កំណាត់​ផ្លូវ​ទៅ​ស្រុក​នោះ។ ២៥ ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​ហៀបនឹង​ចេញ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​បម្រើ​ពួក​អ្នក​បរិសុទ្ធ។ ២៦ ព្រោះ​អ្នក​ដែល​នៅ​ម៉ាសេដូន និង​ខេត្តអាខេយ៉ា​បាន​ជួយ​ជា​វិភាគ​ទាន​ដោយ​អំណរ​សម្រាប់​ពួក​អ្នក​បរិសុទ្ធ​ដែល​ក្រី​ក្រ​នៅ​ក្រុង​យេរូសាឡិម។ ២៧ ពិត​មែន ពួក​គាត់​បាន​ធ្វើ​ដូច្នេះ​ដោយ​អំណរ ប៉ុន្តែ​ពួក​គាត់​ក៏​ជំពាក់​ពួក​អ្នក​បរិសុទ្ធ​នៅ​ក្រុង​យេរូសាឡិម ព្រោះ​ប្រសិនបើ​ប្រជាជាតិ​នានា​បាន​រួម​ចំណែក​ក្នុង​អ្វីៗ​ពី​ព្រះ​ដែល​ជា​របស់​ពួក​អ្នក​បរិសុទ្ធ​ទាំង​នេះ ពួក​គាត់​ក៏​មាន​ភារកិច្ច​ជួយ​បំពេញ​សេចក្ដី​ត្រូវ​ការ​ក្នុង​ជីវភាព​របស់​ពួក​អ្នក​បរិសុទ្ធ​ដែរ។ ២៨ ម្ល៉ោះ​ហើយ បន្ទាប់​ពី​ខ្ញុំ​បាន​សម្រេច​ការ​នេះ ហើយ​បាន​ប្រគល់​វិភាគ​ទាន​នេះ​ដល់​ដៃ​ពួក​គាត់ ខ្ញុំ​នឹង​ចេញ​ដំណើរ​ទៅ​ស្រុក​អេស្ប៉ាញ ហើយ​ពេល​ដែល​ធ្វើ​ដំណើរ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា។ ២៩ ម្យ៉ាង​ទៀត ខ្ញុំ​ដឹង​ថា​ពេល​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា ខ្ញុំ​នឹង​មក​ដោយ​មាន​ពរ​ដ៏​បរិបូរ​ពី​គ្រិស្ត។

៣០ បង​ប្អូន​អើយ ឥឡូវ​ខ្ញុំ​សូម​បំផុស​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង និង​តាម​រយៈ​សេចក្ដី​ស្រឡាញ់​ពី​សកម្មពល​របស់​ព្រះ ឲ្យ​រួម​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​ការ​ព្យាយាម​អធិដ្ឋាន​អង្វរ​ព្រះ​ដើម្បី​ខ្ញុំ ៣១ ដើម្បី​ឲ្យ​ខ្ញុំ​បាន​រួច​ពី​ពួក​អ្នក​មិន​ជឿ​នៅ​តំបន់​យូឌា ហើយ​ដើម្បី​ឲ្យ​កិច្ច​បម្រើ​របស់​ខ្ញុំ​សម្រាប់​ក្រុង​យេរូសាឡិម​បាន​គាប់​ចិត្ត​ដល់​ពួក​អ្នក​បរិសុទ្ធ ៣២ ដើម្បី​នៅ​ពេល​ដែល​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា​ទាំង​មាន​អំណរ​ដោយ​បំណងប្រាថ្នា​របស់​ព្រះ ខ្ញុំ​នឹង​ទទួល​កម្លាំង​ចិត្ត​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។ ៣៣ សូម​ព្រះ​ដែល​ផ្ដល់​សេចក្ដី​សុខសាន្ត​នៅ​ជា​មួយ​នឹង​អ្នក​ទាំង​អស់​គ្នា។ អា​មេន។

១៦ ខ្ញុំ​សូម​ណែនាំ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ភីបេ ជា​បង​ស្រី​របស់​យើង ដែល​ជា​អ្នក​បម្រើ​ក្នុង​ក្រុម​ជំនុំ​នៅ​ក្រុង​សង់គ្រា ២ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ស្វាគមន៍​នាង​ក្នុង​លោក​ម្ចាស់ តាម​របៀប​ដែល​សម​នឹង​ពួក​អ្នក​បរិសុទ្ធ ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជួយ​នាង​ក្នុង​រឿង​អ្វី​ក៏​ដោយ​ដែល​នាង​ត្រូវ​ការ​អ្នក​រាល់​គ្នា​ជួយ ព្រោះ​រូប​នាង​ក៏​ធ្លាប់​ជួយ​ការពារ​បង​ប្អូន​ជា​ច្រើន​នាក់ រួម​ទាំង​រូប​ខ្ញុំ​ផ្ទាល់​ផង។

៣ ខ្ញុំ​ផ្ដាំ​សួរ​សុខទុក្ខ​ព្រីស្កា​និង​អាគីឡា ជា​អ្នក​រួម​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​គ្រិស្ត​យេស៊ូ ៤ ក៏​ជា​អ្នក​ដែល​បាន​ប្រថុយ​ជីវិត​ដើម្បី​សង្គ្រោះ​ជីវិត* ខ្ញុំ ហើយ​មិន​ត្រឹម​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ដែល​អរគុណ​ពួក​គាត់ តែ​ក្រុម​ជំនុំ​ទាំង​អស់​របស់​ប្រជាជាតិ​នានា​ក៏​អរគុណ​ពួក​គាត់​ដែរ ៥ ក៏​ផ្ដាំ​សួរ​សុខទុក្ខ​ក្រុម​ជំនុំ​ដែល​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​របស់​ពួក​គាត់។ ផ្ដាំ​សួរ​សុខទុក្ខ​អេប៉ាយណេត​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​ជា​ផល​ដំបូង​សម្រាប់​គ្រិស្ត នៅ​អាស៊ី។ ៦ ផ្ដាំ​សួរ​សុខទុក្ខ​ម៉ារៀ ដែល​បាន​ធ្វើ​ការ​ជា​ច្រើន​យ៉ាង​នឿយ​ហត់​ដើម្បី​អ្នក​រាល់​គ្នា។ ៧ ផ្ដាំ​សួរ​សុខទុក្ខ​អាន់ត្រូនីក​និង​យូនាស ជា​សាច់​ញាតិ​របស់​ខ្ញុំ​និង​ជា​អ្នក​ដែល​ធ្លាប់​ជាប់​គុក​ជា​មួយ​នឹង​ខ្ញុំ។ បុរស​ទាំង​នោះ​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ក្នុង​ចំណោម​ពួក​សាវ័ក ហើយ​បាន​កាន់​តាម​គ្រិស្ត​យូរ​ជាង​ខ្ញុំ។

៨ ផ្ដាំ​សួរ​សុខទុក្ខ​អាំភ្លីអេទូស​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ក្នុង​លោក​ម្ចាស់។ ៩ ផ្ដាំ​សួរ​សុខទុក្ខ​អ៊ូបាន់ ជា​អ្នក​រួម​ការងារ​ជា​មួយ​នឹង​យើង​ក្នុង​គ្រិស្ត ហើយ​ខ្ញុំ​ផ្ដាំ​សួរ​សុខទុក្ខ​ស្ដាគីស​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ។ ១០ ផ្ដាំ​សួរ​សុខទុក្ខ​អាពើលេស ជា​អ្នក​ស្មោះ​ត្រង់​ក្នុង​គ្រិស្ត។ ផ្ដាំ​សួរ​សុខទុក្ខ​ពួក​អ្នក​ផ្ទះ​អារីស្តូប៊ូល។ ១១ ផ្ដាំ​សួរ​សុខទុក្ខ​ហេរ៉ូឌាន ជា​សាច់​ញាតិ​របស់​ខ្ញុំ។ ផ្ដាំ​សួរ​សុខទុក្ខ​ពួក​អ្នក​ផ្ទះ​ណាគីស​ដែល​ជា​អ្នក​កាន់​តាម​លោក​ម្ចាស់។ ១២ ផ្ដាំ​សួរ​សុខទុក្ខ​ទ្រីភេន​និង​ទ្រីផូស ជា​ពួក​ស្ត្រី​ដែល​កំពុង​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ក្នុង​លោក​ម្ចាស់។ ផ្ដាំ​សួរ​សុខទុក្ខ​ពើស៊ីស​ជា​ទី​ស្រឡាញ់​របស់​យើង ព្រោះ​នាង​បាន​ធ្វើ​ការ​ជា​ច្រើន​យ៉ាង​នឿយ​ហត់​ក្នុង​លោក​ម្ចាស់។ ១៣ ផ្ដាំ​សួរ​សុខទុក្ខ​រូហ្វូស ជា​អ្នក​បម្រើ​ល្អ​ឆ្នើម​ម្នាក់​របស់​លោក​ម្ចាស់ ហើយ​ខ្ញុំ​ផ្ដាំ​សួរ​សុខទុក្ខ​ម្ដាយ​របស់​គាត់ ដែល​ខ្ញុំ​ក៏​ចាត់​ទុក​ជា​ម្ដាយ​របស់​ខ្ញុំ​ដែរ។ ១៤ ផ្ដាំ​សួរ​សុខទុក្ខ​អាស៊ីងគ្រីត ផ្លេកូន ហ៊ើមេស ប៉ាត្រូបាស ហ៊ើម៉ាស និង​បង​ប្អូន​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​នឹង​ពួក​គាត់។ ១៥ ផ្ដាំ​សួរ​សុខទុក្ខ​ភីឡូឡូកុស​និង​យូលាស នេរូស​និង​ប្អូន​ស្រី​របស់​គាត់ ហើយ​អូលីមប៉ាស​និង​ពួក​អ្នក​បរិសុទ្ធ​ទាំង​អស់​ដែល​នៅ​ជា​មួយ​នឹង​ពួក​គាត់។ ១៦ ចូរ​សួរ​សុខទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ការ​ថើប​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន។ ក្រុម​ជំនុំ​ទាំង​អស់​ក្នុង​គ្រិស្ត​ផ្ដាំ​សួរ​សុខទុក្ខ​អ្នក​រាល់​គ្នា។

១៧ បង​ប្អូន​អើយ ខ្ញុំ​សូម​បំផុស​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​ចំណាំ​មើល​ពួក​អ្នក​ដែល​បណ្ដាល​ឲ្យ​បែកបាក់​គ្នា​និង​បង្ក​ហេតុ​ដែល​នាំ​ឲ្យ​ជំពប់​ដួល ដែល​ផ្ទុយ​នឹង​សេចក្ដី​បង្រៀន​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ហើយ​ចូរ​ជៀស​ចេញ​ពី​អ្នក​ទាំង​នោះ។ ១៨ ព្រោះ​មនុស្ស​បែប​នោះ​មិន​មែន​ជា​ខ្ញុំ​បម្រើ​របស់​គ្រិស្ត​ជា​ម្ចាស់​យើង​ទេ តែ​ជា​ខ្ញុំ​បម្រើ​ក្រពះ​របស់​ពួក​គេ​វិញ ហើយ​ពួក​គេ​ល្បួង​លួង​លោម​ចិត្ត​របស់​មនុស្ស​ស្លូត​ត្រង់ ដោយ​ពាក្យ​ផ្អែម​ពីរោះ​និង​សម្ដី​បញ្ចើចបញ្ចើ។ ១៩ ព្រោះ​មនុស្ស​ទាំង​អស់​បាន​កត់​សម្គាល់​ថា​អ្នក​រាល់​គ្នា​ស្ដាប់បង្គាប់។ ដូច្នេះ ខ្ញុំ​អរ​សប្បាយ​ដោយ​សារ​អ្នក​រាល់​គ្នា។ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​ខាង​អ្វី​ដែល​ល្អ តែ​គ្មាន​ពិសោធន៍​ខាង​អ្វី​ដែល​អាក្រក់។ ២០ បន្ដិច​ទៀត​ព្រះ​ដែល​ផ្ដល់​សេចក្ដី​សុខសាន្ត​នឹង​កិន​កម្ទេច​សាថាន* ក្រោម​ជើង​របស់​អ្នក​រាល់​គ្នា។ សូម​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។

២១ ធីម៉ូថេ ជា​អ្នក​រួម​ការងារ​ជា​មួយ​នឹង​ខ្ញុំ​ផ្ដាំ​សួរ​សុខទុក្ខ​អ្នក​រាល់​គ្នា ហើយ​លូសៀស យេសុន និង​សូស៊ីប៉ាទែរ ដែល​ជា​សាច់​ញាតិ​របស់​ខ្ញុំ​ក៏​សួរ​សុខទុក្ខ​អ្នក​រាល់​គ្នា​ដែរ។

២២ ខ្ញុំ ទើទាស ដែល​ជា​អ្នក​សរសេរ​សំបុត្រ​នេះ សូម​សួរ​សុខទុក្ខ​អ្នក​រាល់​គ្នា​ក្នុង​លោក​ម្ចាស់។

២៣ កៃយុស ជា​អ្នក​ទទួល​ខ្ញុំ​និង​ជា​អ្នក​ទទួល​ក្រុម​ជំនុំ​ទាំង​មូល​ក៏​ផ្ដាំ​សួរ​សុខទុក្ខ​អ្នក​រាល់​គ្នា។ អេរ៉ាស្ទុស ជា​មេ​ឃ្លាំង​ប្រាក់​របស់​ក្រុង និង​គ័រទូស​ជា​ប្អូន​ប្រុស​របស់​គាត់​ផ្ដាំ​សួរ​សុខទុក្ខ​អ្នក​រាល់​គ្នា។ ២៤ * ——

២៥ ព្រះ​អាច​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​រឹង​មាំ ស្រប​ទៅ​តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​ប្រកាស និង​ស្រប​ទៅ​តាម​ការ​ផ្សព្វ​ផ្សាយ​អំពី​លោក​យេស៊ូ​គ្រិស្ត តាម​ការ​បើក​បង្ហាញ​នូវ​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​ដែល​បាន​ត្រូវ​ទុក​ជា​រឿង​សម្ងាត់​អស់​កាល​យូរ​លង់ ២៦ តែ​ឥឡូវ​បាន​ត្រូវ​សម្ដែង​ឲ្យ​ឃើញ​វិញ ស្រប​ទៅ​តាម​បង្គាប់​របស់​ព្រះ​ដែល​ស្ថិត​នៅ​ជា​រៀង​រហូត ក៏​បាន​ត្រូវ​ប្រកាស​ឲ្យ​ដឹង​ក្នុង​ប្រជាជាតិ​ទាំង​អស់ តាម​រយៈ​ទំនាយ​ក្នុង​បទ​គម្ពីរ ដើម្បី​ឲ្យ​ពួក​គេ​មាន​ជំនឿ​ហើយ​ស្ដាប់បង្គាប់​លោក។ ២៧ សូម​ព្រះ ដែល​មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​មាន​ប្រាជ្ញា ប្រកបដោយ​សិរី​រុងរឿង​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត​ជា​រៀង​រហូត។ អា​មេន។

[កំណត់​សម្គាល់]

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៤

ភាសា​ក្រិច​«អាប៉ូស្តូឡូស»។ មាន​ន័យ​ថា​«អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ»

ឬ​«ញែក​ចេញ​ទុក​ដើម្បី​ប្រកាស»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ឬ​«ខ្នាត​តម្រា​សុចរិត​របស់​លោក»

ឬ​«ច្រណែន​ចង់​បាន​របស់​អ្នក​ដទៃ»

សំដៅ​ទៅ​ការ​ប្រព្រឹត្ត​ជា​ទម្លាប់

ឬ​«សង្កត់​ចិត្ត»

ក្នុង​ខ​នេះ​និង​ខ​បន្ទាប់ ពាក្យ​ថា​«ពួក​ក្រិច»​សំដៅ​ទៅ​អ្នក​ដែល​មិន​មែន​ជា​ជន​ជាតិ​យូដា

មើល​កំណត់​សម្គាល់​រ៉ូម ៥:១២

នេះ​សំដៅ​ទៅ​ការ​បង្រៀន​ដោយ​មាត់​ទទេ

មើល​កំណត់​សម្គាល់​ម៉ាថ ៥:១៧

មើល​កំណត់​សម្គាល់​លូក ១:៥៩

ឬ​«តាម​លក្ខណៈ​ធម្មជាតិ»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​លូក ១:៥៩

មើល​កំណត់​សម្គាល់​រ៉ូម ៥:១២

ឬ​«ការ​ធ្វើ​គុណ​ដ៏​វិសេស​លើស​លប់»

មើល​កំណត់​សម្គាល់​រ៉ូម ៥:១២

មើល​កំណត់​សម្គាល់​លូក ១:៥៩

ន័យ​ត្រង់​«បិទ​ត្រា»

មើល​កំណត់​សម្គាល់​ម៉ាថ ៥:១៧

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

សំដៅ​ទៅ​អ្វី​ក៏​ដោយ​ដែល​មិន​សម​ស្រប​តាម​បុគ្គលិក​លក្ខណៈ ខ្នាត​តម្រា ការ​ប្រព្រឹត្ត ឬ​បំណងប្រាថ្នា​របស់​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ

មើល​កំណត់​សម្គាល់​ម៉ាថ ៥:១៧

មើល​កំណត់​សម្គាល់​រ៉ូម ៥:១២

ន័យ​ត្រង់​«ទទួល​ការ​ជ្រមុជ​ក្នុង​សេចក្ដី​ស្លាប់​របស់​លោក»

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៥

ន័យ​ត្រង់​«ភាព​ទន់​ខ្សោយ​នៃ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា»

មើល​កំណត់​សម្គាល់​ម៉ាថ ៥:១៧

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​រ៉ូម ៥:១២

សំដៅ​ទៅ​ការ​មាន​ភាព​ខុស​ឆ្គង

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​រ៉ូម ៥:១២

មើល​កំណត់​សម្គាល់​ម៉ាថ ៥:១៧

ន័យ​ត្រង់​«ដើរ»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ភាសា​អា​រ៉ាម មាន​ន័យ​ថា​«ឱ​លោក​ឪពុក​អើយ!»​ឬ​«លោក​ឪពុក»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​ម៉ាថ ៥:២៩

មើល​កំណត់​សម្គាល់​ម៉ាថ ៥:១៧

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ភាសា​ក្រិច​«ផ្ស៊ីគី» មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

ឬ​«អ្នក​បម្រើ​សាធារណជន»

មើល​កំណត់​សម្គាល់​កា​ឡ ៥:១៩

សំដៅ​ទៅ​ការ​បំផ្លាញ​ឬ​បង្ខូច​ជំនឿ​របស់​ពួក​គេ ឬ​បំផ្លាញ​លទ្ធភាព​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​អនាគត

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​លូក ១:៥៩

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ឬ​«អ្នក​បម្រើ​សាធារណជន»

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

ភាសា​ក្រិច​«សាថាណាស»។ មាន​ន័យ​ថា​«អ្នក​ប្រឆាំង»​ឬ​«សត្រូវ»

ឯកសារ​ភាសា​ក្រិច​ចាស់​ជាង​គេ មិន​មាន​ឃ្លា​ថា៖ «គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។ អា​មេន» ដែល​ដូច​គ្នា​នឹង​ឃ្លា​នៅ​ចុង​ខ​២០

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក