បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bi7 កូរិនថូសទី១ ១:១-១៦:២៤
  • កូរិនថូសទី១

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កូរិនថូសទី១
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
កូរិនថូសទី១

សំបុត្រ​ទី​មួយ​ជូន​ចំពោះ​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស

១ ពីខ្ញុំ ប៉ូល ដែល​បាន​ត្រូវ​ហៅ​ឲ្យ​ធ្វើ​ជា​សាវ័ក* របស់​លោក​យេស៊ូ​គ្រិស្ត* តាម​បំណងប្រាថ្នា​របស់​ព្រះ ព្រម​ទាំង​ពី​សូស្តែន​ជា​បង​ប្រុស​របស់​យើង ២ ជូន​ចំពោះ​ក្រុម​ជំនុំ​របស់​ព្រះ​នៅ​ឯ​ក្រុង​កូរិនថូស គឺ​អ្នក​រាល់​គ្នា​ដែល​បាន​ត្រូវ​ញែក​ចេញ​ជា​បរិសុទ្ធ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ ក៏​បាន​ត្រូវ​ហៅ ដើម្បី​ឲ្យ​ធ្វើ​ជា​អ្នក​បរិសុទ្ធ ហើយ​ជូន​ចំពោះ​អស់​អ្នក​ដែល​កំពុង​ហៅ​រក​នាម​លោក​ម្ចាស់​របស់​យើង​នៅ​គ្រប់​ទី​កន្លែង គឺ​នាម​លោក​យេស៊ូ​គ្រិស្ត ជា​ម្ចាស់​របស់​ពួក​គាត់​និង​របស់​យើង​ដែរ៖

៣ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកបដោយ​គុណ​ដ៏​វិសេស​លើស​លប់​និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ ជា​បិតា​របស់​យើង និង​ពី​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត។

៤ ខ្ញុំ​តែង​តែ​អរគុណ​ព្រះ​អំពី​អ្នក​រាល់​គ្នា ដោយ​គិត​ពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ដែល​បាន​ត្រូវ​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​តាម​រយៈ​គ្រិស្ត​យេស៊ូ ៥ ពោល​គឺ​អ្នក​រាល់​គ្នា​បាន​ទទួល​អ្វីៗ​ជា​បរិបូរ​ដោយ​សារ​រួប​រួម​ជា​មួយ​នឹង​លោក ដែល​រួម​បញ្ចូល​សមត្ថភាព​ពេញ​លេញ​ក្នុង​ការ​ប្រកាស​បណ្ដាំ​របស់​ព្រះ និង​ចំណេះ​សព្វ​គ្រប់ ៦ ពីព្រោះ​សក្ខីភាព​អំពី​គ្រិស្ត​បាន​ចាក់​ឫស​យ៉ាង​រឹង​មាំ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ៧ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​ខ្វះ​អំណោយ​ណា​មួយ​ឡើយ កាល​ដែល​ទន្ទឹង​ចាំ​ដោយ​ចិត្ត​រំភើប​នូវ​គ្រា​ដែល​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង​នឹង​ត្រូវ​សម្ដែង​ឲ្យ​ឃើញ។ ៨ ព្រះ​ក៏​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​រឹង​មាំ​រហូត​ដល់​ទី​បញ្ចប់ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​កន្លែង​ចាប់​កំហុស​បាន​នៅ​ថ្ងៃ​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង។ ៩ ព្រះ​គឺ​ស្មោះ​ត្រង់ គឺ​លោក​ហើយ​ដែល​បាន​ហៅ​អ្នក​រាល់​គ្នា​ឲ្យ​មក​រួម​ចំណែក​ជា​មួយ​នឹង​បុត្រ​របស់​លោក គឺ​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង។

១០ ឥឡូវ​នេះ បង​ប្អូន​អើយ តាម​រយៈ​នាម​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង ខ្ញុំ​សូម​បំផុស​ទឹក​ចិត្ត​អ្នក​ទាំង​អស់​គ្នា​ឲ្យ​និយាយ​ដូច​គ្នា​ទាំង​អស់ ហើយមិន​ត្រូវមាន​ការ​បែកបាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ តែ​ត្រូវ​មាន​គំនិត​ឯកភាព និង​មាន​របៀប​គិត​គូរ​តែ​មួយ។ ១១ បង​ប្អូន​ខ្ញុំ​អើយ ព្រោះ​មាន​មនុស្ស​ពី​ក្រុម​គ្រួសារ​ខ្លូអេ​ប្រាប់​ខ្ញុំ​អំពី​អ្នក​រាល់​គ្នា​ថា មាន​ការ​ទាស់​ទែង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ ១២ ខ្ញុំ​ចង់និយាយ​ថា អ្នក​រាល់​គ្នា​ម្នាក់ៗ​ពោល​ថា៖ «ខ្ញុំ​កាន់​តាម​ប៉ូល» «តែ​ខ្ញុំ​កាន់​តាមអាប៉ូឡុស» «ឯ​ខ្ញុំ​កាន់​តាម​កេផាស» «តែ​ខ្ញុំ​កាន់​តាម​គ្រិស្ត»។ ១៣ គ្រិស្ត​បែកសាមគ្គី​ហើយ។ គេ​មិន​បាន​ព្យួរ* ប៉ូល​ដើម្បី​អ្នក​រាល់​គ្នា​ទេ មែន​ទេ? ឬ​ក៏​អ្នក​រាល់​គ្នា​បាន​ទទួល​ការ​ជ្រមុជ​ទឹក* ក្នុង​នាម​ប៉ូល? ១៤ ខ្ញុំ​មាន​អំណរ​គុណ​ដែល​ខ្ញុំ​មិន​បាន​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក្រៅ​ពី​គ្រីស្ពូស​និង​កៃយុស ១៥ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​និយាយ​ថា​អ្នក​រាល់​គ្នា​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​ខ្ញុំ។ ១៦ ខ្ញុំ​ក៏​បាន​ជ្រមុជ​ទឹក​ឲ្យ​ពួក​អ្នក​ផ្ទះ​ស្ទេផាណាស​ដែរ។ ក្រៅ​ពី​នោះ ខ្ញុំ​មិនដឹង​ថា​ខ្ញុំ​បាន​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ណា​ទៀត​ទេ។ ១៧ ព្រោះ​គ្រិស្ត​មិន​បាន​ចាត់​ខ្ញុំ​ទៅ​ជ្រមុជ​ទឹក​ឲ្យគេឡើយ តែ​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ​វិញ មិន​មែន​ដោយ​ប្រើ​សម្ដី​របស់អ្នក​ប្រាជ្ញ​ទេ ព្រោះ​បើ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​បង្គោល​ទារុណកម្ម* របស់​គ្រិស្ត​ទៅ​ជា​ឥត​ប្រយោជន៍។

១៨ ព្រោះ​អ្នក​ដែល​កំពុង​វិនាស​ចាត់​ទុក​ការ​និយាយ​អំពី​បង្គោល​ទារុណកម្ម​ថា​ជា​ការ​និយាយ​ផ្ដេសផ្ដាស តែ​យើង​ដែល​កំពុង​ទទួល​សេចក្ដី​សង្គ្រោះ​ចាត់​ទុក​ការ​នោះ​ជា​ឫទ្ធានុភាព​របស់​ព្រះ។ ១៩ ព្រោះ​បទ​គម្ពីរ​ចែង​ថា៖ «ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ​សាប​សូន្យ​ទៅ ហើយ​ចំណេះ​របស់​អ្នក​ចេះ​ដឹង ខ្ញុំ​នឹង​ច្រាន​ចោល»។ ២០ តើ​អ្នក​ប្រាជ្ញ អ្នក​ជំនាញ​ខាង​ច្បាប់* និង​អ្នក​ជជែក​វែក​ញែក​នៃ​ពិភព​លោក​នេះ​នៅ​ឯ​ណា? ព្រះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ប្រាជ្ញា​របស់​ពិភព​លោក​នេះ ជា​អ្វី​ដែល​ផ្ដេសផ្ដាស​ទៅ​វិញ មែន​ទេ? ២១ ព្រោះ​ទោះ​ជា​ពិភព​លោក​មិន​បាន​ស្គាល់​ព្រះ​ដោយ​ប្រាជ្ញា​របស់​ពួក​គេ​ក៏​ដោយ ក៏​ព្រះ​បាន​យល់​ដោយ​ប្រាជ្ញា​របស់​លោក​ថា​ជា​ការ​ល្អ​ដែល​សង្គ្រោះ​ពួក​អ្នក​ជឿ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​អ្វី​ដែល​ផ្ដេសផ្ដាស។

២២ ព្រោះ​ជន​ជាតិ​យូដា​សុំ​សញ្ញា​សម្គាល់ ហើយ​ជន​ជាតិ​ក្រិច​ស្វែងរក​ប្រាជ្ញា ២៣ តែ​យើង​ផ្សព្វ​ផ្សាយ​អំពី​គ្រិស្ត​ដែល​បាន​ត្រូវ​ព្យួរ ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ជន​ជាតិ​យូដា​ជំពប់​ដួល តែ​ជន​ជាតិ​ដទៃ​ចាត់​ទុក​ជា​ការ​និយាយ​ផ្ដេសផ្ដាស ២៤ ក៏​ប៉ុន្តែ​ចំពោះ​ជន​ជាតិ​យូដា​និង​ជន​ជាតិ​ក្រិច​ដែល​បាន​ត្រូវ​ហៅ គ្រិស្ត​ជា​ឫទ្ធានុភាព​របស់​ព្រះ និង​ជា​ប្រាជ្ញា​របស់​ព្រះ។ ២៥ ការ​របស់​ព្រះ​ដែល​គេ​ចាត់​ទុក​ថា​ផ្ដេសផ្ដាស គឺ​ប្រកបដោយ​ប្រាជ្ញា​វាង​វៃ​ជាង​មនុស្ស ហើយ​ការ​របស់​ព្រះ​ដែល​គេ​ចាត់​ទុក​ថា​ខ្សោយ គឺ​ខ្លាំង​ជាង​មនុស្ស។

២៦ ព្រោះ​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​អាច​ឃើញ​ក្នុង​ករណី​របស់​អ្នក​រាល់​គ្នា​ថា ព្រះ​មិន​បាន​ហៅ​មនុស្ស​ជា​ច្រើន​ដែល​ជា​អ្នក​ប្រាជ្ញ​តាម​ទស្សនៈ​មនុស្ស ឬ​ជា​អ្នកមាន​អំណាច ឬ​ក៏​ជា​អ្នក​ដែល​បាន​កើត​ក្នុង​វង្ស​ត្រកូល​ខ្ពង់​ខ្ពស់​ឡើយ ២៧ តែ​ព្រះបាន​ជ្រើស​រើស​មនុស្ស​ដែល​ពិភព​លោក​ចាត់​ទុក​ថា​ល្ងង់​ខ្លៅ ដើម្បី​លោក​អាច​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​អាម៉ាស់​មុខ ហើយ​ព្រះ​ក៏​បាន​ជ្រើស​រើស​មនុស្ស​ដែល​ពិភព​លោក​ចាត់​ទុក​ថា​ទន់​ខ្សោយ ដើម្បី​លោក​អាច​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ពូកែ​អាម៉ាស់​មុខ ២៨ ព្រះ​បាន​ជ្រើស​រើស​អ្វីដែល​ពិភព​លោក​ចាត់​ទុក​ថា​អាប់​ឱន អ្វី​ដែល​គេ​មើល​ងាយ និង​អ្វី​ដែល​គេ​ចាត់​ទុក​ថា​គ្មាន​តម្លៃ​សោះ ដើម្បី​លោក​អាច​ធ្វើ​ឲ្យ​អ្វី​ដែល​គេ​ចាត់​ទុក​ថា​សំខាន់​ទៅ​ជា​អសារ​ឥត​ការ​វិញ ២៩ ដើម្បី​កុំ​ឲ្យ​មនុស្ស​ណា​ម្នាក់​មាន​ហេតុ​អួត​ខ្លួន​នៅ​ចំពោះ​ព្រះ​ឡើយ។ ៣០ ប៉ុន្តែ​គឺ​ដោយ​សារ​ព្រះ​ហើយ​ដែល​អ្នក​រាល់​គ្នា​គឺជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ។ ចំពោះ​យើង លោក​បាន​ទៅ​ជា​ប្រាជ្ញា​ពី​ព្រះ ក៏​បាន​ទៅ​ជា​សេចក្ដី​សុចរិត សេចក្ដី​បរិសុទ្ធ និង​ការ​រំដោះ​ដោយ​ការ​លោះ ៣១ ដើម្បី​ឲ្យ​បាន​ដូច​បទ​គម្ពីរ​ដែល​ចែង​ថា៖ «អ្នក​ណា​ដែល​អួត ចូរ​ឲ្យ​អ្នក​នោះ​អួត​ពី​ព្រះ​យេហូវ៉ា»។

២ ដូច្នេះ បង​ប្អូន​អើយ ពេល​ដែល​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា ខ្ញុំ​មិន​បាន​មក​ដើម្បី​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កោត​ស្ងើច​នឹង​សម្ដី ឬ​ប្រាជ្ញា​ក្នុង​ការ​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​អំពី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​ឡើយ។ ២ ព្រោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​អំពី​លោក​យេស៊ូ​គ្រិស្ត​តែ​ប៉ុណ្ណោះ ជា​ពិសេស​បញ្ជាក់​ថា​លោក​បាន​ត្រូវ​គេ​ព្យួរ។* ៣ ហើយ​ខ្ញុំ​បាន​មក​ឯ​អ្នក​រាល់​គ្នា​ទាំង​ទន់​ខ្សោយ ភ័យ​ខ្លាច ព្រម​ទាំង​ញាប់​ញ័រ​ជា​ខ្លាំង ៤ ហើយ​សម្ដី​របស់​ខ្ញុំ និង​អ្វី​ដែល​ខ្ញុំ​ផ្សព្វ​ផ្សាយ មិន​មែន​ជា​ពាក្យ​បញ្ចុះ​បញ្ចូល​ដែល​ប្រកប​ទៅ​ដោយ​ប្រាជ្ញា​ទេ​តែ​ជា​ការ​សម្ដែង​នៃ​សកម្មពល* និង​ឫទ្ធានុភាព​របស់​ព្រះ​វិញ ៥ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជំនឿ​លើ​ឫទ្ធានុភាព​របស់​ព្រះ មិន​មែន​លើ​ប្រាជ្ញា​របស់​មនុស្ស​ឡើយ។

៦ ក្នុង​ចំណោម​អ្នក​ដែល​មាន​ចិត្ត​គំនិត​ចាស់​ទុំ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ យើង​និយាយ​អំពី​ប្រាជ្ញា ប៉ុន្តែ​មិន​មែន​ប្រាជ្ញា​នៃ​របៀប​របប​ពិភព​លោក​នេះ​ទេ ក៏​មិន​មែន​ប្រាជ្ញា​របស់​ពួក​អ្នក​គ្រប់​គ្រង​នៃ​ពិភព​លោក​នេះ​ដែល​នឹង​វិនាស​សាប​សូន្យ​ទៅ​ដែរ។ ៧ ប៉ុន្តែ​យើង​និយាយ​អំពី​ប្រាជ្ញា​របស់​ព្រះ​ដែល​បាន​ត្រូវ​ស​ឲ្យ​ឃើញ​ក្នុង​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ គឺ​ប្រាជ្ញា​កំបាំង ដែល​ព្រះ​បាន​កំណត់​ទុក​ជា​មុន តាំង​ពី​មិន​ទាន់​មាន​របៀប​របប​ពិភព​លោក​នៅ​ឡើយ ដើម្បី​ឲ្យ​យើង​ទទួល​សិរី​រុងរឿង។ ៨ គ្មាន​អ្នក​គ្រប់​គ្រង​ណា​ម្នាក់​នៃ​ពិភព​លោក​នេះ​ដែល​បាន​ស្គាល់​ប្រាជ្ញា​នោះ​ទេ ព្រោះ​ប្រសិនបើ​ពួក​គេ​បាន​ស្គាល់​មែន នោះ​ពួក​គេ​មិន​បាន​ព្យួរ​លោក​ម្ចាស់​ដែល​ប្រកប​ទៅ​ដោយ​សិរី​រុងរឿង​ឡើយ។ ៩ ប៉ុន្តែ​ដូច​បទ​គម្ពីរ​ចែង​ថា៖ «ភ្នែក​មិន​ធ្លាប់​ឃើញ ត្រចៀក​មិន​ធ្លាប់​ឮ ហើយ​ចិត្ត​របស់​មនុស្ស​មិន​ដែល​នឹក​ស្មាន​ដល់​អ្វី​ដែល​ព្រះ​បាន​រៀប​ចំ​ទុក​សម្រាប់​អ្នក​ដែល​ស្រឡាញ់​លោក»។ ១០ ព្រោះ​ព្រះ​បាន​បើក​បង្ហាញ​ការ​ទាំង​នោះ​ដល់​យើង​តាម​រយៈ​សកម្មពល​របស់​លោក ព្រោះ​សកម្មពល​របស់​លោក​ស្ទង់​មើល​អ្វីៗ​ទាំង​អស់ សូម្បី​តែ​សេចក្ដី​ជ្រាល​ជ្រៅ​របស់​ព្រះ​ក៏​ដោយ។

១១ ព្រោះ​គ្មាន​មនុស្ស​ណា​ដឹង​គំនិត​របស់​បុគ្គល​ម្នាក់​ទៀត​ឡើយ មាន​តែ​ចិត្ត* របស់​បុគ្គល​ម្នាក់​នោះ​ប៉ុណ្ណោះ​ដែល​ដឹង មែន​ទេ? ដូច​គ្នា​ដែរ គ្មាន​អ្នក​ណា​ដឹង​អំពី​គំនិត​របស់​ព្រះ​ទេ មាន​តែ​សកម្មពល​របស់​លោក​ប៉ុណ្ណោះ​ដែល​ដឹង។ ១២ ឯ​យើង​មិន​បាន​ទទួល​ចិត្ត​គំនិត​របស់​ពិភព​លោក​នេះ​ទេ តែ​បាន​ទទួល​សកម្មពល​ពី​ព្រះ ដើម្បី​ឲ្យ​យើង​ដឹង​អ្វី​ដែល​ព្រះ​បាន​មេត្ដា​ផ្ដល់​ឲ្យ​យើង។ ១៣ យើង​ក៏​និយាយ​ការ​ទាំង​នេះដែរ មិន​មែន​ដោយ​ប្រើ​ពាក្យ​ដែល​យើង​បាន​រៀន​ពី​ប្រាជ្ញា​របស់​មនុស្ស​ទេ តែ​ដោយ​ប្រើ​ពាក្យ​ដែល​យើង​បាន​រៀន​ពី​សកម្មពល​របស់​ព្រះ​វិញ ដោយ​ប្រើ​ពាក្យ​ដែល​យើង​ទទួល​តាម​រយៈ​សកម្មពល​របស់​ព្រះ ដើម្បី​ពន្យល់​អំពី​រឿង​ដែល​ទាក់​ទង​នឹង​ព្រះ។

១៤ ប៉ុន្តែ​មនុស្ស​ដែល​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដឹក​នាំ​គំនិត មិន​ទទួល​អ្វីៗ​ពី​សកម្មពល​របស់​ព្រះ​ទេ ព្រោះ​គេ​ចាត់​ទុក​អ្វីៗ​ទាំង​នោះ​ថា​ជា​រឿង​ផ្ដេសផ្ដាស ហើយ​គេ​មិន​អាច​ស្គាល់​អ្វីៗ​ទាំង​នោះ​បាន​ឡើយ ពីព្រោះ​គេ​ត្រូវ​តែ​មាន​សកម្មពល​របស់​ព្រះ​ទើប​អាច​យល់​បាន​ត្រឹម​ត្រូវ។ ១៥ ក៏​ប៉ុន្តែ​មនុស្ស​ដែល​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គំនិត អាច​យល់​ត្រឹម​ត្រូវ​អំពី​អ្វីៗ​ទាំង​អស់ តែ​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​យល់​ត្រឹម​ត្រូវ​អំពី​អ្នក​នោះ​បាន​ឡើយ។ ១៦ ព្រោះ​«តើ​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះ​យេហូវ៉ា ដើម្បី​អាច​ណែនាំ​លោក​បាន?» តែ​យើង​មាន​ចិត្ត​គំនិត​របស់​គ្រិស្ត​វិញ។

៣ ដូច្នេះ បង​ប្អូន​អើយ ខ្ញុំ​មិន​អាច​និយាយ​ទៅ​កាន់​បង​ប្អូន​ដូច​និយាយ​ទៅ​កាន់​មនុស្ស​ដែល​ឲ្យ​សកម្មពល* របស់​ព្រះ​ដឹក​នាំ​គំនិត​ទេ តែ​ខ្ញុំ​ត្រូវ​និយាយ​ទៅ​កាន់​បង​ប្អូន​ដូច​និយាយ​ទៅ​កាន់​មនុស្ស​ដែល​មាន​គំនិត​ដូច​ពិភព​លោក​នេះ គឺ​អ្នក​ដែល​ជា​កូន​ខ្ចី​ក្នុង​គ្រិស្ត។ ២ ខ្ញុំ​បាន​ឲ្យ​ទឹក​ដោះ​ដល់​អ្នក​រាល់​គ្នា មិន​បាន​ឲ្យ​អាហារ​រឹង​ទេ ព្រោះ​អ្នក​រាល់​គ្នា​ទទួល​មិន​បាន។ តាម​ពិត ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​តែ​ទទួល​មិន​បាន ៣ ព្រោះ​អ្នក​រាល់​គ្នា​នៅ​តែ​មាន​គំនិត​ដូច​ពិភព​លោក​នេះ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ច្រណែន​និង​ការ​ឈ្លោះ​ប្រកែក​គ្នា ដូច្នេះ អ្នក​រាល់​គ្នា​មាន​គំនិត​ដូច​ពិភព​លោក​នេះ ហើយ​កំពុង​ប្រព្រឹត្ត​ដូច​មនុស្ស​ខាង​ពិភព​លោក​នេះ​ដែរ មែន​ទេ? ៤ ព្រោះ​ពេល​ដែល​មាន​អ្នក​ណា​និយាយ​ថា៖ «ខ្ញុំ​កាន់​តាម​ប៉ូល» តែ​ម្នាក់​ទៀត​និយាយ​ថា៖ «ខ្ញុំ​កាន់​តាម​អាប៉ូឡុស» នោះ​អ្នក​រាល់​គ្នា​គឺ​ដូច​មនុស្ស​ឯ​ទៀត មែន​ទេ?

៥ ដូច្នេះ តើ​អាប៉ូឡុស​ជា​អ្វី? ហើយ​ប៉ូល​ជា​អ្វី? ត្រឹម​តែ​ជា​អ្នក​បម្រើ ដែល​បាន​បំពេញ​កិច្ចការ​ដែល​លោក​ម្ចាស់​របស់​យើង​បាន​ផ្ដល់​ឲ្យ ហើយ​ជា​អ្នក​ដែល​បាន​ត្រូវ​ប្រើ​ដើម្បី​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជា​អ្នក​ជឿ។ ៦ ខ្ញុំ​ជា​អ្នក​ដាំ អាប៉ូឡុស​ជា​អ្នក​ស្រោច តែ​ព្រះ​បាន​ធ្វើ​ឲ្យ​ដុះ​លូត​លាស់ ៧ ដូច្នេះ អ្នក​ដាំ​និង​អ្នក​ស្រោច​មិន​មែន​ជា​អ្នក​ដែល​សំខាន់​ទេ គឺ​ព្រះ​វិញ​ដែល​ធ្វើ​ឲ្យ​ដុះ​ឡើង។ ៨ ឯ​អ្នក​ដាំ​និង​អ្នក​ស្រោច​រួម​គ្នា​តែ​មួយ តែ​ពួក​គេ​ម្នាក់ៗ​នឹង​ទទួល​រង្វាន់​តាម​ការ​ខំ​ប្រឹង​របស់​ពួក​គេ​រៀងៗ​ខ្លួន។ ៩ ពីព្រោះ​យើង​ជា​អ្នក​រួម​ការងារ​ជា​មួយ​នឹង​ព្រះ។ អ្នក​រាល់​គ្នា​ជា​វាល​កំពុង​ដាំ​ដុះ​របស់​ព្រះ ក៏​ជា​សំណង់​របស់​ព្រះ។

១០ ខ្ញុំ​បាន​ចាក់​គ្រឹះ ដូច​ជា​មេ​ជាង​ដ៏​ជំនាញ ស្រប​ទៅ​តាម​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ដែល​បាន​ត្រូវ​ផ្ដល់​ឲ្យ​ខ្ញុំ ប៉ុន្តែ​មាន​អ្នក​ផ្សេង​ទៀត​សង់​លើ​គ្រឹះ​នោះ។ តែ​ពួក​គេ​ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​អំពី​របៀប​ដែល​ពួក​គេ​សង់​លើ​គ្រឹះ​នោះ។ ១១ ព្រោះ​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​ចាក់​គ្រឹះ​មួយ​ផ្សេង​ទៀត ក្រៅ​ពី​គ្រឹះ​ដែល​បាន​ត្រូវ​ចាក់​រួច​ហើយ​នោះ​ទេ ពោល​គឺ​លោក​យេស៊ូ​គ្រិស្ត។ ១២ ប្រសិនបើ​អ្នក​ណា​ប្រើ​មាស ប្រាក់ ថ្ម​ប្រណីតៗ ឈើ ចំបើង ឬ​ជញ្ជ្រាំង​ដើម្បី​សង់​លើ​គ្រឹះ​នោះ ១៣ ស្នា​ដៃ​របស់​ពួក​គេ​ម្នាក់ៗ​នឹង​ត្រូវ​ស​ឲ្យ​ឃើញ​ច្បាស់ ព្រោះ​ថ្ងៃ​នោះ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ដោយ​ភ្លើង ហើយ​ភ្លើង​នោះ​នឹង​បញ្ជាក់​គុណ​ភាព​នៃ​ស្នា​ដៃ​របស់​ពួក​គេ​ម្នាក់ៗ​។ ១៤ ប្រសិនបើ​ស្នា​ដៃ​របស់​អ្នក​ណា​ដែល​បាន​ត្រូវ​សង់​លើ​គ្រឹះ​នោះ​ធន់​នៅ អ្នក​នោះ​នឹង​ទទួល​រង្វាន់ ១៥ ប្រសិនបើ​ស្នា​ដៃ​របស់​អ្នក​ណា​ឆេះ​អស់​ទៅ អ្នក​នោះ​នឹង​ខាត តែ​ខ្លួន​អ្នក​នោះ​នឹង​ទទួល​សេចក្ដី​សង្គ្រោះ ប៉ុន្តែ​នោះ​នឹង​ដូច​ជា​ឆ្លង​កាត់​ភ្លើង។

១៦ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា អ្នក​រាល់​គ្នា​ជា​វិហារ​របស់​ព្រះ ហើយ​សកម្មពល​របស់​ព្រះ​ស្ថិត​នៅ​ក្នុង​អ្នក​រាល់​គ្នា? ១៧ ប្រសិនបើ​អ្នក​ណា​បំផ្លាញ​វិហារ​របស់​ព្រះ ព្រះ​នឹង​បំផ្លាញ​អ្នក​នោះ ព្រោះ​វិហារ​របស់​ព្រះ​គឺ​បរិសុទ្ធ ហើយ​អ្នក​រាល់​គ្នា​ជា​វិហារ​របស់​ព្រះ។

១៨ កុំ​បញ្ឆោត​ខ្លួន​ឡើយ៖ ប្រសិនបើ​អ្នក​ណា​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​គិត​ថា​ខ្លួន​មាន​ប្រាជ្ញា​នៅ​ក្នុង​របៀប​របប​ពិភព​លោក​នេះ ចូរ​ឲ្យ​អ្នក​នោះ​ទៅ​ជា​អ្នក​ល្ងង់​ខ្លៅ ដើម្បី​ឲ្យ​គាត់​ទៅ​ជា​អ្នក​មាន​ប្រាជ្ញា​វិញ។ ១៩ ពីព្រោះ​ប្រាជ្ញា​របស់​ពិភព​លោក​នេះ​ជា​អ្វី​ដែល​ផ្ដេសផ្ដាស​ចំពោះ​ព្រះ ព្រោះ​បទ​គម្ពីរ​ចែង​ថា៖ «លោក​បណ្ដាល​ឲ្យ​ពួក​អ្នក​ប្រាជ្ញ​ជាប់​អន្ទាក់​របស់​ខ្លួន»។ ២០ ហើយ​មួយ​ទៀត​ថា៖ «ព្រះ​យេហូវ៉ា​ជ្រាប​ថា ការ​វែក​ញែក​របស់​ពួក​អ្នក​ប្រាជ្ញ​គឺ​ឥត​ប្រយោជន៍»។ ២១ ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​អួត​អំពី​មនុស្សណា​ម្នាក់​ឡើយ ព្រោះ​អ្វីៗ​ទាំង​អស់​ជា​របស់​អ្នក​រាល់​គ្នា ២២ ទោះ​ជា​ប៉ូល អាប៉ូឡុស កេផាស ពិភព​លោក​នេះ ជីវិត សេចក្ដី​ស្លាប់ អ្វីៗ​នៅ​គ្រា​ឥឡូវ​នេះ ឬ​អ្វីៗ​នៅ​គ្រា​ខាង​មុខ​ក៏​ដោយ អ្វីៗ​ទាំង​អស់​ជា​របស់​អ្នក​រាល់​គ្នា ២៣ រីឯ​អ្នក​រាល់​គ្នា​ជា​របស់​គ្រិស្ត ឯ​គ្រិស្ត​ជា​របស់​ព្រះ។

៤ មនុស្ស​ត្រូវ​រាប់​យើង​ជា​អ្នក​ដែល​នៅ​ក្រោម​បង្គាប់* គ្រិស្ត និង​ជា​អ្នក​បម្រើ​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​របស់​ព្រះ។ ២ ម្យ៉ាង​ទៀត ក្នុង​ករណី​នេះ អ្នក​បម្រើ​ដែល​ទទួល​ការ​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​នោះ ត្រូវ​តែ​ជា​អ្នក​ស្មោះ​ត្រង់។ ៣ ចំពោះ​ខ្ញុំ ការ​ដែល​អ្នក​រាល់​គ្នា ឬ​សាលា​ក្ដី​ណា​មួយ​របស់​មនុស្ស​ចង់​វិនិច្ឆ័យ​ខ្ញុំ នោះ​ជា​រឿង​តូច​តាច​ទេ។ សូម្បី​តែ​ខ្ញុំ​ក៏​មិន​វិនិច្ឆ័យ​ខ្លួន​ដែរ។ ៤ ព្រោះ​ខ្ញុំ​មិន​ឃើញ​ថា​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ឡើយ។ ប៉ុន្តែ នេះ​មិន​បញ្ជាក់​ថា​ខ្ញុំ​ជា​មនុស្ស​សុចរិត​ទេ តែ​អ្នក​ដែល​វិនិច្ឆ័យ​ខ្ញុំ​គឺ​ព្រះ​យេហូវ៉ា។ ៥ ដូច្នេះ កុំ​វិនិច្ឆ័យ​អ្វី​សោះ​មុន​ពេល​កំណត់ ដរាប​ដល់​លោក​ម្ចាស់​មក​ដល់។ លោក​នឹង​បំភ្លឺ​ឲ្យ​ឃើញ​អ្វី​ដែល​នៅ​កំបាំង​ក្នុង​ទី​ងងឹត ក៏​នឹង​ស​ឲ្យ​ឃើញ​បំណង​ចិត្ត រួច​មនុស្ស​ម្នាក់ៗ​នឹង​ទទួល​សេចក្ដី​សរសើរ​ពី​ព្រះ។

៦ បង​ប្អូន​អើយ ខ្ញុំ​បាន​និយាយ​ការ​ទាំង​នេះ​ដោយ​យក​ខ្លួន​ខ្ញុំ​និង​អាប៉ូឡុស​ជា​ឧទាហរណ៍ ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​រៀន​គោលការណ៍​ដែលថា៖ «កុំ​ធ្វើ​លើស​ពី​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ទុក» ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ណា​ម្នាក់​មាន​អំណួត ដោយ​ចាត់​ទុក​អ្នក​នេះ​ថា​ប្រសើរ​ជាង​អ្នក​នោះ។ ៧ ព្រោះ​តើ​អ្នក​ណា​បាន​ធ្វើ​ឲ្យ​អ្នក​ខុស​ពីអ្នក​ឯ​ទៀត? អ្វីៗ​ដែល​អ្នក​មាន សុទ្ធតែ​ជា​អ្វី​ដែល​អ្នក​បាន​ទទួល មែន​ទេ? ឥឡូវ បើ​អ្វីៗ​ដែល​អ្នក​មាន ជា​អ្វី​ដែល​អ្នក​បាន​ទទួល​មែន ហេតុ​អ្វី​បាន​ជា​អ្នក​អួត​ខ្លួន​ដូច​ជា​មិន​បាន​ទទួល​វិញ?

៨ តើ​អ្នក​រាល់​គ្នា​មាន​អ្វី​សព្វ​គ្រប់​ហើយ​ឬ? អ្នក​រាល់​គ្នា​ជា​អ្នក​មាន​ហើយ​ឬ? អ្នក​រាល់​គ្នា​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្តេច ដោយ​គ្មាន​យើង​ឬ? ប្រាកដជា​មិន​ដូច្នេះ​ទេ ប៉ុន្តែ​បើ​អ្នក​រាល់​គ្នា​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្តេច​មែន ខ្ញុំ​អរ​ណាស់ ព្រោះ​បើ​ដូច្នោះ យើង​ក៏​អាច​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្តេច​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ។ ៩ ព្រោះ​តាម​មើល​ទៅ ព្រះ​បាន​នាំ​យើង​ជា​ពួក​សាវ័ក​ចេញ​មក​លើ​ឆាក​ក្រោយ​គេ​បង្អស់ ដូច​អ្នក​ដែល​បាន​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត ពីព្រោះ​យើង​បាន​ក្លាយ​ទៅ​ជា​អ្វី​សម្រាប់​ឲ្យ​ពិភព​លោក បណ្ដា​ទេវតា និង​មនុស្ស​លោក​ទស្សនា។ ១០ យើង​ត្រូវ​គេ​ចាត់​ទុក​ជា​មនុស្ស​ល្ងង់​ខ្លៅ​ដោយ​សារ​គ្រិស្ត តែ​អ្នក​រាល់​គ្នា​ចាត់​ទុកខ្លួន​ជា​អ្នក​ដែល​ចេះ​ពិចារណា​ដោយ​សារ​គ្រិស្ត យើង​ជា​អ្នក​ទន់​ខ្សោយ តែអ្នក​រាល់​គ្នា​ជា​អ្នក​ខ្លាំងក្លា អ្នក​រាល់​គ្នា​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ តែ​យើង​ត្រូវ​គេ​មើល​ងាយ។ ១១ រហូត​ដល់​ឥឡូវ​នេះ យើង​នៅ​តែ​ស្រេក​ឃ្លាន ខ្វះ​អ្វី​សម្រាប់​បិទ​បាំង​កាយ ត្រូវ​គេ​ធ្វើ​បាប គ្មាន​ផ្ទះ​សម្បែង ១២ ហើយ​ធ្វើ​ការ​នឿយ​ហត់​ដោយ​ដៃ​របស់​យើង​ផ្ទាល់។ កាល​ដែល​ត្រូវ​គេ​ជេរ​ប្រមាថ យើង​ជូន​ពរ​គេ​វិញ។ កាល​ដែល​ត្រូវគេ​បៀតបៀន យើង​ស៊ូ​ទ្រាំ។ ១៣ កាល​ដែល​យើង​ត្រូវ​គេ​បង្កាច់​បង្ខូច យើង​ប្រើសម្ដី​សប្បុរស។ យើង​បាន​ក្លាយ​ទៅ​ជា​សំរាម​របស់​ពិភព​លោក និង​កម្អែល​នៃ​អ្វីៗ​ទាំង​អស់ រហូត​ដល់​ឥឡូវ​នេះ។

១៤ ខ្ញុំ​សរសេរ​អ្វីៗ​ទាំង​នេះ​មក​កាន់​អ្នក​រាល់​គ្នា មិន​មែន​ដើម្បី​ធ្វើ​ឲ្យ​អៀន​ខ្មាស​ទេ តែ​ដើម្បី​ដាស់​តឿន​អ្នក​រាល់​គ្នា​ដែល​ខ្ញុំ​ចាត់​ទុក​ជា​កូន​ជា​ទី​ស្រឡាញ់។ ១៥ ព្រោះ​ទោះ​ជា​អ្នក​រាល់​គ្នា​មាន​គ្រូ* ប្រហែល​មួយ​ម៉ឺន​នាក់​ក្នុង​គ្រិស្ត​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​ប្រាកដជា​មិន​មាន​ឪពុក​ជា​ច្រើន​ទេ ព្រោះ​ក្នុង​គ្រិស្ត​យេស៊ូ​ខ្ញុំ​បាន​ទៅ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា​តាម​រយៈ​ដំណឹង​ល្អ។ ១៦ ដូច្នេះ សូម​អ្នក​រាល់​គ្នា​យក​តម្រាប់​តាម​ខ្ញុំ។ ១៧ ហេតុ​នេះ​ខ្ញុំ​នឹង​ចាត់​ធីម៉ូថេ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា ព្រោះ​គាត់​ជា​កូន​ដ៏​ស្មោះ​ត្រង់​និង​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ក្នុង​លោក​ម្ចាស់។ គាត់​នឹង​រំលឹក​អ្នក​រាល់​គ្នា​អំពី​វិធី​ផ្សេងៗ​ដែល​ខ្ញុំ​ប្រើ​ក្នុង​កិច្ច​បម្រើ​គ្រិស្ត​យេស៊ូ ដូច​ខ្ញុំ​បង្រៀន​ក្នុង​ក្រុម​ជំនុំ​ទាំង​ឡាយ​នៅ​គ្រប់​ទី​កន្លែង។

១៨ អ្នក​ខ្លះ​អួត​ខ្លួន ហាក់​ដូច​ជា​ខ្ញុំ​នឹង​មិន​មក​ឯ​អ្នក​រាល់​គ្នា​ទេ។ ១៩ ប៉ុន្តែ​មិន​យូរ​ទៀត ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​មែន ប្រសិនបើ​ស្រប​តាម​បំណងប្រាថ្នា​របស់​ព្រះ​យេហូវ៉ា ហើយ​ពេល​នោះ​ខ្ញុំ​នឹង​ស្គាល់​ឫទ្ធានុភាព​របស់​ពួក​អ្នក​ដែល​អួត​ខ្លួន មិន​មែន​ស្គាល់​សម្ដី​របស់​ពួក​គេ​ទេ។ ២០ ព្រោះ​រាជាណាចក្រ​របស់​ព្រះ​មិន​អាស្រ័យ​លើ​សម្ដី​ទេ តែ​អាស្រ័យ​លើ​ឫទ្ធានុភាព។ ២១ តើ​អ្នក​រាល់​គ្នា​ចង់​បាន​មួយ​ណា? តើ​ចង់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា​ដោយ​មាន​រំពាត់? ឬ​មក​ដោយ​មាន​សេចក្ដី​ស្រឡាញ់​និង​ចិត្ត* ស្លូតបូត?

៥ តាម​ពិត គេ​រាយ​ការណ៍​ប្រាប់​ខ្ញុំ​ថា មាន​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ជា​អំពើ​ដែល​សូម្បី​តែ​អ្នក​មិន​ជឿ* ក៏​មិន​ប្រព្រឹត្ត​ដែរ គឺ​ បុរស​ម្នាក់​បាន​រួម​រស់​ជា​មួយ​នឹង​ប្រពន្ធ​របស់​ឪពុក​គាត់។ ២ តើ​អ្នក​រាល់​គ្នា​អួត​ខ្លួន​ឬ? តើ​មិន​គួរ​កើត​ទុក្ខ​វិញ ហើយ​ដក​បុរស​ដែល​បាន​ប្រព្រឹត្ត​អំពើ​នេះ​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​ទេ​ឬ? ៣ ទោះ​ជា​ខ្លួន​ខ្ញុំ​មិន​នៅ​ទី​នោះ​ក៏​ដោយ តែ​ចិត្ត* ខ្ញុំ​នៅ​ទី​នោះ ហើយ​ខ្ញុំ​បាន​វិនិច្ឆ័យ​បុរស​ដែល​បាន​ប្រព្រឹត្ត​អំពើ​នេះ​រួច​ហើយ ហាក់​ដូច​ជា​ខ្ញុំ​នៅ​ទី​នោះ​ដែរ។ ៤ ដូច្នេះ ក្នុង​នាម​លោក​ម្ចាស់​យេស៊ូ ពេល​ដែល​អ្នក​រាល់​គ្នា​ជួប​ជុំ​គ្នា ដោយ​មាន​ចិត្ត​គំនិត​របស់​ខ្ញុំ​និង​ឫទ្ធានុភាព​របស់​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង ៥ អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​បុរស​បែប​នេះ​ទៅ​សាថាន* ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បំផ្លាញ​ឥទ្ធិពល​ខុស​ឆ្គង* * នៃ​បុរស​នេះ ដើម្បី​រក្សា​ការពារ​ចិត្ត​គំនិត​របស់​ក្រុម​ជំនុំ ក្នុង​អំឡុង​ថ្ងៃ​លោក​ម្ចាស់។

៦ ហេតុ​ដែល​អ្នក​រាល់​គ្នា​អួត​ខ្លួន​គឺ​មិន​សមរម្យ​សោះ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬថា ដំបែ​តែ​បន្ដិច​ធ្វើ​ឲ្យ​ដុំ​ម្សៅ​ទាំង​មូល​ដោរ​ឡើង? ៧ ចូរ​ជម្រះ​ដំបែ​ចាស់​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជា​ដុំ​ម្សៅ​ថ្មី ដោយ​សារ​អ្នក​រាល់​គ្នា​គ្មាន​ដំបែ។ ព្រោះ​គ្រិស្ត​ដែល​ជា​កូន​ចៀម​បុណ្យ​រំលង​របស់​យើង​បាន​ត្រូវ​បូជា​ហើយ។ ៨ ហេតុ​នេះ ចូរ​យើង​ធ្វើ​បុណ្យ​នោះ មិន​មែន​ដោយ​ដំបែ​ចាស់ ឬ​ដោយ​ដំបែ​ជា​សេចក្ដី​អាក្រក់​និង​អំពើ​ទុច្ចរិត​ទេ ប៉ុន្តែ​ដោយ​នំ​ឥត​ដំបែ​ជា​សេចក្ដី​ស្មោះ​អស់ពី​ចិត្ត​និង​សេចក្ដី​ពិត។

៩ ក្នុង​សំបុត្រ​របស់​ខ្ញុំ ខ្ញុំ​បាន​សរសេរ​ប្រាប់​អ្នក​រាល់​គ្នា​ថា ឈប់​ចូល​លាយឡំ​ជា​មួយ​នឹង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ១០ នេះ​មិន​មាន​ន័យ​ថា​ឈប់​ចូល​លាយឡំ​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់​ក្នុង​ពិភព​លោក​នេះ ដែល​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អ្នក​លោភ​លន់ អ្នក​គំរាម​យក​ទ្រព្យ ឬ​អ្នក​គោរព​បូជា​រូប​ព្រះ​នោះ​ទេ។ ព្រោះ​បើ​ធ្វើ​ដូច្នោះ​មាន​ន័យ​ថា​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ចេញ​ពី​ពិភព​លោក​នេះ។ ១១ ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ឲ្យ​ឈប់​ចូល​លាយឡំ​ជា​មួយ​នឹង​អ្នក​ណា​ដែល​មាន​ឈ្មោះ​ថា​ជា​បង​ប្អូន​រួម​ជំនឿ ដែល​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ជា​អ្នក​លោភ​លន់ អ្នក​គោរព​បូជា​រូប​ព្រះ អ្នក​ជេរ​ប្រមាថ អ្នក​ប្រមឹក​ស្រា អ្នក​គំរាម​យក​ទ្រព្យ សូម្បី​តែ​បរិភោគ ក៏​កុំ​បរិភោគ​ជា​មួយ​នឹង​មនុស្ស​បែប​នោះ​ដែរ។ ១២ ព្រោះ​តើ​ការ​វិនិច្ឆ័យ​អ្នក​ក្រៅ​ទាក់​ទង​អ្វី​នឹង​ខ្ញុំ? អ្នក​រាល់​គ្នា​វិនិច្ឆ័យ​អ្នក​ដែល​នៅ​ក្នុង​ក្រុម​ជំនុំ ១៣ ហើយ​ព្រះ​វិនិច្ឆ័យ​អ្នក​ក្រៅ មែន​ទេ? «ចូរ​ដក​មនុស្ស​ទុច្ចរិត​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា»។

៦ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ពេល​ដែល​អ្នក​ណា​ម្នាក់​មាន​រឿង​អ្វី​ប្ដឹង​ម្នាក់​ទៀត ហេតុ​អ្វី​អ្នក​រាល់​គ្នា​ហ៊ាន​ទៅ​តុលាការ​ដើម្បី​ឈរ​នៅ​មុខ​មនុស្ស​មិន​សុចរិត ជា​ជាង​នៅ​មុខ​ពួក​អ្នក​បរិសុទ្ធ? ២ ឬ​តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា ពួក​អ្នក​បរិសុទ្ធ​នឹង​វិនិច្ឆ័យ​ពិភព​លោក? ហើយ​ប្រសិនបើ​អ្នក​រាល់​គ្នា​នឹង​វិនិច្ឆ័យ​ពិភព​លោក តើ​អ្នករាល់​គ្នា​មិន​សម​នឹង​ជំនុំជម្រះ​រឿង​តូច​តាច​ទេ​ឬ? ៣ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ថា យើង​នឹង​វិនិច្ឆ័យ​ពួក​ទេវតា? បើ​ដូច្នេះ យើង​គួរ​មាន​សមត្ថភាព​វិនិច្ឆ័យ​រឿង​រ៉ាវ​នៃ​ជីវិត​នេះ​ដែរ។ ៤ ម្ល៉ោះ​ហើយ ប្រសិនបើ​អ្នក​រាល់​គ្នា​មាន​រឿង​រ៉ាវ​នៃ​ជីវិត​នេះ​ដែល​ត្រូវ​ជំនុំជម្រះ ហេតុ​អ្វី​អ្នក​រាល់​គ្នា​ជ្រើស​រើស​មនុស្ស​ដែល​មិន​ទទួល​ការ​គោរព​ពី​ក្រុម​ជំនុំ​ឲ្យ​ធ្វើ​ជា​ចៅ​ក្រម? ៥ ខ្ញុំ​និយាយ​ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​អៀន​ខ្មាស។ តើ​ជា​ការ​ពិត​ទេ​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា​គ្មាន​អ្នក​ណា​ម្នាក់​មាន​ប្រាជ្ញា ដែល​អាច​វិនិច្ឆ័យ​រឿង​រ៉ាវ​រវាង​បង​ប្អូន​ខ្លួន? ៦ ផ្ទុយ​ទៅ​វិញ បង​ប្អូន​ប្ដឹង​បង​ប្អូន​ទៅ​តុលាការ ហើយ​ឈរ​នៅ​មុខ​ពួក​អ្នក​មិន​ជឿ​ទៀត។

៧ ដោយ​សារ​អ្នក​រាល់​គ្នា​ប្ដឹង​ផ្ដល់​គ្នា​ដូច្នេះ នេះ​មាន​ន័យ​ថា​អ្នក​រាល់​គ្នា​បាន​បរាជ័យ​ទាំង​ស្រុង។ ហេតុ​អ្វី​មិន​សុខ​ចិត្ត​ទ្រាំ​អំពើ​អយុត្ដិធម៌​នោះ​វិញ? ហេតុ​អ្វី​មិន​សុខ​ចិត្ត​ទ្រាំ​ពេល​មាន​គេ​បោក​យក​ទ្រព្យ? ៨ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌ ហើយ​បោក​យក​ទ្រព្យ​ពី​បង​ប្អូន​របស់​អ្នក​ទៀត។

៩ ចុះ​តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា មនុស្ស​មិន​សុចរិត​នឹង​មិន​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក? កុំ​ច្រឡំ​ឲ្យ​សោះ។ អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* អ្នក​ដែល​គោរព​បូជា​រូប​ព្រះ អ្នក​ផិត​ក្បត់ បុរស​ដែល​សុខ​ចិត្ត​បម្រើ​បុរស​ឯ​ទៀត​ខាង​ផ្លូវ​ភេទ បុរស​ដែល​រួម​ដំណេក​ជា​មួយ​នឹង​បុរស​ឯ​ទៀត ១០ ពួក​ចោរ មនុស្ស​លោភ​លន់ អ្នក​ប្រមឹក​ស្រា អ្នក​ជេរ​ប្រមាថ និង​អ្នក​គំរាម​យក​ទ្រព្យ នឹង​មិន​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក​ឡើយ។ ១១ ក៏​ប៉ុន្តែ​អ្នក​រាល់​គ្នា​ខ្លះ​ធ្លាប់​ជា​មនុស្ស​បែប​នោះ។ តែ​អ្នក​រាល់​គ្នា​បាន​ត្រូវ​លាង​សម្អាត ក៏​បាន​ត្រូវ​ញែក​ចេញ​ជា​បរិសុទ្ធ ហើយ​បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត ក្នុង​នាម​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង និង​ដោយ​សកម្មពល* នៃ​ព្រះ​របស់​យើង។

១២ មាន​ច្បាប់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វីៗ​ទាំង​អស់ ប៉ុន្តែ​អ្វីៗ​ទាំង​អស់​មិន​មែន​សុទ្ធតែ​មាន​ប្រយោជន៍​ទេ។ មាន​ច្បាប់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វីៗ​ទាំង​អស់ ប៉ុន្តែ​ខ្ញុំ​មិន​ព្រម​បណ្ដោយ​ឲ្យ​អ្វី​ក៏​ដោយ​មាន​អំណាច​លើ​ខ្ញុំ​ឡើយ។ ១៣ អាហារ​គឺ​សម្រាប់​ក្រពះ ហើយ​ក្រពះ​គឺ​សម្រាប់​អាហារ ប៉ុន្តែ​ព្រះ​នឹង​ធ្វើ​ឲ្យ​ទាំង​ក្រពះ​ទាំង​អាហារ​សាប​សូន្យ។ ឯ​រូប​កាយ​មិន​មែន​សម្រាប់​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ទេ តែ​រូប​កាយ​គឺ​សម្រាប់​លោក​ម្ចាស់​វិញ ហើយ​លោក​ម្ចាស់​គឺ​សម្រាប់​រូប​កាយ។ ១៤ ប៉ុន្តែ​ព្រះ​បាន​ប្រោស​លោក​ម្ចាស់​ឲ្យ​រស់​ឡើង​វិញ ក៏​នឹង​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ​ពី​សេចក្ដី​ស្លាប់​ដែរ ដោយ​ឫទ្ធានុភាព​របស់​លោក។

១៥ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា រូប​កាយ​របស់​អ្នក​រាល់​គ្នា​ជា​អវយវៈ​របស់​គ្រិស្ត? ដូច្នេះ តើ​ខ្ញុំ​គួរ​យក​អវយវៈ​របស់​គ្រិស្ត​ចេញ​ទៅ​ធ្វើ​ជា​អវយវៈ​របស់​ស្រី​ពេស្យា​ឬ? មិន​អាច​ទេ! ១៦ ចុះ​តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ថា អ្នក​ណា​ដែល​រួម​ជា​មួយ​នឹង​ស្រី​ពេស្យា​គឺជា​រូប​កាយ​តែ​មួយ​ជា​មួយ​នឹង​ស្រី​នោះ? ព្រោះ​លោក​មាន​ប្រសាសន៍​ថា៖ «អ្នក​ទាំង​ពីរ​នឹង​ទៅ​ជា​សាច់​ឈាម​តែ​មួយ»។ ១៧ ប៉ុន្តែ​អ្នក​ណា​ដែល​រួម​ជា​មួយ​នឹង​លោក​ម្ចាស់ អ្នក​នោះ​រួម​ចិត្ត​គំនិត* តែ​មួយ​ជា​មួយ​នឹង​លោក។ ១៨ ចូរ​រត់​ចេញ​ពី​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ អំពើ​ខុស​ឆ្គង​ឯ​ទៀត​ដែល​មនុស្ស​ប្រព្រឹត្ត​គឺ​នៅ​ខាង​ក្រៅ​រូប​កាយ តែ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អ្នក​នោះ​កំពុង​ធ្វើ​ខុស* ចំពោះ​រូប​កាយ​ខ្លួន។ ១៩ ចុះ​តើ​មិន​ដឹង​ទេ​ឬ​ថា រូប​កាយ​របស់​អ្នក​រាល់​គ្នា​ជា​វិហារ​របស់​សកម្មពល​បរិសុទ្ធ​ដែល​ស្ថិត​នៅ​ក្នុង​អ្នក​រាល់​គ្នា ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ពី​ព្រះ? ម្យ៉ាង​ទៀត អ្នក​រាល់​គ្នា​មិន​មែន​ជា​ម្ចាស់​លើ​ខ្លួន​អ្នក​ទេ ២០ ព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រូវ​ទិញ​ក្នុង​តម្លៃ​ថ្លៃ​ណាស់។ ដូច្នេះ ចូរ​សរសើរ​តម្កើង​ព្រះ​ក្នុង​រូប​កាយ​របស់​អ្នក​រាល់​គ្នា។

៧ ឥឡូវ​ខ្ញុំ​សូម​ឆ្លើយ​នឹង​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​បាន​សរសេរ​ទៅ​ខ្ញុំ។ ប្រសិនបើ​បុរស​ម្នាក់​មិន​ពាល់​ស្ត្រី​ណា​ម្នាក់​សោះ នោះ​ជា​ការ​ល្អ​ប្រសើរ ២ ក៏​ប៉ុន្តែ​ដោយ​សារ មាន​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​កើត​ឡើង​ជា​រឿយៗ ចូរ​ឲ្យ​បុរស​ម្នាក់ៗ​ មាន​ប្រពន្ធ​រៀងៗ​ខ្លួន ហើយ​ស្ត្រី​ម្នាក់ៗ​មាន​ប្ដី​រៀងៗ​ខ្លួន​ចុះ។ ៣ ប្ដី​ត្រូវ​បំពេញ​ករណីយ​កិច្ចរបស់​ខ្លួន​ចំពោះ​ប្រពន្ធ* តែ​ប្រពន្ធ​ក៏​ត្រូវ​បំពេញ​ករណីយកិច្ច​ចំពោះ​ប្ដី​នាង​ដែរ។ ៤ ប្រពន្ធ​មិន​មែន​ជា​ម្ចាស់​លើ​រូប​កាយ​របស់​ខ្លួន​ទេ តែ​គឺជា​ប្ដី​វិញ។ ដូច​គ្នា​ដែរ ប្ដី​មិន​មែន​ជា​ម្ចាស់​លើ​រូប​កាយ​របស់​ខ្លួន​ឡើយ តែ​គឺជា​ប្រពន្ធ​វិញ។ ៥ កុំ​បង្អត់​គ្នា​ឡើយ លើក​លែង​តែ​បាន​ព្រមព្រៀង​គ្នា ហើយ​សម្រាប់​តែ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ទុក​ពេល​សម្រាប់​អធិដ្ឋាន រួច​មក​អាច​រួម​គ្នា​ម្ដង​ទៀត កុំ​ឲ្យ​សាថាន* បន្ត​ល្បួង​អ្នក​រាល់​គ្នា ដោយ​សារ​អ្នក​រាល់​គ្នា​ទប់​ចិត្ត​មិន​បាន។ ៦ ក៏​ប៉ុន្តែ​ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​បើក​សិទ្ធិ​ឲ្យ​អ្នក​រាល់​គ្នា មិន​មែន​ជា​ការ​បង្គាប់​ទេ។ ៧ តែ​ខ្ញុំ​ចង់​ឲ្យ​បុរស​ទាំង​អស់​ដូច​ខ្ញុំ​ដែរ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មនុស្ស​ម្នាក់ៗ​បាន​ទទួល​អំណោយ​រៀងៗ​ខ្លួន​ពី​ព្រះ ម្នាក់​បាន​យ៉ាង​នេះ ម្នាក់​ទៀត​បាន​យ៉ាង​នោះ។

៨ ឥឡូវ​ខ្ញុំ​សូម​ប្រាប់​អ្នក​ដែល​គ្មាន​គូ​អាពាហ៍ពិពាហ៍ និង​ស្ត្រី​មេម៉ាយ​ថា ជា​ការ​ល្អ​ប្រសិនបើ​អ្នក​រាល់​គ្នា​នៅ​ដូច​ខ្ញុំ។ ៩ ប៉ុន្តែ​ប្រសិនបើ​ពួក​គាត់​ទប់​ចិត្ត​មិន​បាន ចូរ​រៀប​ការ​ទៅ​ចុះ ព្រោះ​បើ​រៀប​ការ នោះ​គឺ​ប្រសើរ​ជាង​មាន​តណ្ហា​រោលរាល។

១០ ចំពោះ​អ្នក​ដែល​បាន​រៀប​ការ​ហើយ ខ្ញុំ​សូម​ណែនាំ តាម​ពិត មិន​មែន​ខ្ញុំ​ទេ គឺជា​លោក​ម្ចាស់​ទេ​ដែល​ណែនាំ​ថា ប្រពន្ធ​មិន​គួរ​ចុះ​ចោល​ប្ដី​ឡើយ។ ១១ ប៉ុន្តែ​ប្រសិនបើ​នាង​ចុះ​ចោល​ប្ដី​មែន នាង​មិន​ត្រូវ​រៀប​ការ​ទៀត​ឡើយ ឬ​មួយ​ក៏​នាង​ត្រូវ​រក​ជា​នឹង​ប្ដី​វិញ។ ឯ​ប្ដី​មិន​គួរ​ចុះ​ចោល​ប្រពន្ធ​ឡើយ។

១២ ប៉ុន្តែ​ចំពោះ​អ្នក​ឯ​ទៀត មិន​មែន​លោក​ម្ចាស់​ប្រាប់​ទេ តែ​ខ្ញុំ​សូម​ប្រាប់​ថា៖ ប្រសិនបើ​បង​ប្រុស​ណា​ម្នាក់​មាន​ប្រពន្ធ​ដែល​មិន​មែន​ជា​អ្នក​ជឿ ហើយ​នាង​យល់​ព្រម​រួម​រស់​ជា​មួយ​នឹង​គាត់ បង​ប្រុស​នោះ​មិន​ត្រូវ​ចុះ​ចោល​នាង​ឡើយ ១៣ ហើយ​ស្ត្រី​ណា​មាន​ប្ដី ដែល​មិន​មែន​ជា​អ្នក​ជឿ តែ​គាត់​យល់​ព្រម​រួម​រស់​ជា​មួយ​នឹង​នាង នោះ​នាង​មិន​ត្រូវ​ចុះ​ចោល​ប្ដី​ឡើយ។ ១៤ ព្រោះ​ប្ដី​ដែល​មិន​មែន​ជា​អ្នក​ជឿ​បាន​ត្រូវ​ចាត់​ទុក​ជា​បរិសុទ្ធ​ដោយ​សារ​ប្រពន្ធ ឯ​ប្រពន្ធ​ដែល​មិន​មែន​ជា​អ្នក​ជឿ​បាន​ត្រូវ​ចាត់​ទុក​ជា​បរិសុទ្ធ​ដោយ​សារ​ប្ដី បើ​មិន​ដូច្នេះ កូន​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ចាត់​ទុក​ជា​ស្មោកគ្រោក តែ​ឥឡូវ​កូន​របស់​អ្នក​រាល់​គ្នា​គឺ​បរិសុទ្ធ។ ១៥ ប៉ុន្តែ​ប្រសិនបើ​គូ​ដែល​មិន​មែន​ជា​អ្នក​ជឿ​ចុះ​ចោល ឲ្យ​អ្នក​នោះ​ទៅ​ចុះ។ ក្នុង​ករណី​នេះ បង​ប្រុស​ឬ​បង​ស្រី​នោះ​គ្មាន​កាតព្វកិច្ច​ចំពោះ​អ្នក​នោះ​ទេ តែ​ព្រះ​បាន​ផ្ដល់​សេចក្ដី​សុខសាន្ត​ឲ្យ​អ្នក​រាល់​គ្នា។ ១៦ ព្រោះ​ប្រពន្ធ​អើយ នាង​ប្រហែលជា​នឹង​សង្គ្រោះ​ប្ដី​ក៏​មិន​ដឹង ឬ​ប្ដី​អើយ អ្នក​ប្រហែលជា​នឹង​សង្គ្រោះ​ប្រពន្ធ​ក៏​មិន​ដឹង។

១៧ ចូរ​ម្នាក់ៗ​រក្សា​សភាព​របស់​ខ្លួន ឲ្យ​ដូច​ចំណែក​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​ពេល​ដែល​លោក​បាន​ហៅ។ ខ្ញុំ​បង្គាប់​ក្រុម​ជំនុំ​ទាំង​ឡាយ​ឲ្យ​ធ្វើ​ដូច្នេះ ១៨ តើ​មាន​បុរស​ណា​ដែល​បាន​ត្រូវ​ហៅ​ក្រោយ​ពី​បាន​ទទួល​ការ​កាត់​ចុង​ស្បែក* ហើយ​ឬ? បុរស​នោះ​មិន​ត្រូវ​ធ្វើ​ឲ្យ​មាន​ចុង​ស្បែក​ម្ដង​ទៀត​ទេ។ តើ​មាន​បុរស​ណា​ដែល​បាន​ត្រូវ​ហៅ​ដោយ​មិន​ទាន់​ទទួល​ការ​កាត់​ចុង​ស្បែក? បុរស​នោះ​មិន​ត្រូវ​ទទួល​ការ​កាត់​ចុង​ស្បែក​ទេ។ ១៩ ការ​កាត់​ចុង​ស្បែក​គ្មាន​ន័យ​ទេ ឯកា​រដែ​ល​មិន​ទទួល​ការ​កាត់​ចុង​ស្បែក​ក៏​គ្មាន​ន័យ​ដែរ តែ​ការ​គោរព​តាម​បញ្ញត្ដិ​របស់​ព្រះ​ទើប​មាន​ន័យ។ ២០ ចូរ​គ្រប់​គ្នា​រក្សា​សភាព​ដែល​ខ្លួន​មាន​ពេល​ដែល​បាន​ត្រូវ​ហៅ។ ២១ តើ​អ្នក​បាន​ត្រូវ​ហៅ​ពេល​ដែល​នៅ​ជា​ខ្ញុំ​បម្រើ​ឬ? កុំ​ខ្វល់​ចិត្ត​ពី​រឿង​នោះ​ឡើយ តែ​បើ​អ្នក​អាច​មាន​សេរីភាព​បាន ចូរ​ឆក់​យក​ឱកាស​នោះ។ ២២ ព្រោះ​ក្នុង​លោក​ម្ចាស់ អ្នក​ណា​ដែល​បាន​ត្រូវ​ហៅ​ពេល​ដែល​នៅ​ជា​ខ្ញុំ​បម្រើ អ្នក​នោះ​ទទួល​សេរីភាព ហើយ​ទៅ​ជា​របស់​លោក​ម្ចាស់។ ដូច​គ្នា​ដែរ អ្នក​ណា​ដែល​បាន​ត្រូវ​ហៅ​ពេល​ដែល​មាន​សេរីភាព អ្នក​នោះ​ជា​ខ្ញុំ​បម្រើ​របស់​គ្រិស្ត។ ២៣ អ្នក​រាល់​គ្នា​បាន​ត្រូវ​ទិញ​ក្នុង​តម្លៃ​ថ្លៃ​ណាស់។ ចូរ​ឈប់​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​មនុស្ស។ ២៤ បង​ប្អូន​អើយ ចូរ​គ្រប់​គ្នា​រក្សា​សភាព​ដែល​ខ្លួន​មាន​ពេល​ដែល​បាន​ត្រូវ​ហៅ ព្រម​ទាំង​រក្សា​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ។

២៥ ចំពោះ​អ្នក​ដែល​នៅ​លីវ* ខ្ញុំ​គ្មាន​បទ​បញ្ជា​ណា​មួយ​ពី​លោក​ម្ចាស់​ទេ ប៉ុន្តែ​ខ្ញុំ​សូម​ជូន​យោបល់​របស់​ខ្ញុំ ក្នុង​នាម​ជា​អ្នក​ដែល​ស្មោះ​ត្រង់ ដោយ​សារបាន​ទទួល​សេចក្ដី​មេត្ដា​ករុណា​ពី​លោក​ម្ចាស់។ ២៦ ដូច្នេះ ដោយ​សារ​យើង​កំពុង​នៅ​ក្នុង​គ្រា​លំបាក ខ្ញុំ​គិត​ថា​ជា​ការ​ល្អ​ប្រសើរ ប្រសិនបើ​បុរស​រក្សា​សភាព​ដែល​ខ្លួន​មាន​ឥឡូវ​នេះ។ ២៧ តើ​អ្នក​មាន​ប្រពន្ធ​ហើយ​ឬ? ចូរ​ឈប់​រក​វិធី​ដោះ​ខ្លួន​ចេញ​ពី​នាង។ តើ​អ្នក​គ្មាន​ប្រពន្ធ​ឬ? ចូរ​ឈប់​រក​ប្រពន្ធ។ ២៨ ប៉ុន្តែ​ប្រសិនបើ​អ្នក​រៀប​ការ នោះ​មិន​មែន​ជា​ការ​ខុស​ឆ្គង* ទេ។ ហើយ​ប្រសិនបើ​អ្នក​ដែល​នៅ​លីវ* រៀប​ការ នោះ​ក៏​មិន​មែន​ជា​ការ​ខុស​ឆ្គង​ដែរ។ ប៉ុន្តែ​អ្នក​ដែល​រៀប​ការ​នឹង​មាន​ការ​លំបាក​ផ្សេងៗ​ក្នុង​ជីវិត។* តែ​ខ្ញុំ​កំពុង​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ការ​លំបាក​នោះ។

២៩ ម្យ៉ាង​ទៀត បង​ប្អូន​អើយ ខ្ញុំ​សូម​ប្រាប់​ថា នៅ​សល់​ពេល​វេលា​តែ​បន្ដិច​ទេ។ ចាប់​ពី​ពេល​នេះ​ទៅ អ្នក​ដែល​មាន​ប្រពន្ធ​ត្រូវ​ដូច​ជា​អ្នក​គ្មាន​ប្រពន្ធ​វិញ ៣០ ហើយ​អ្នក​ដែល​យំ​ត្រូវ​ដូច​ជា​អ្នក​ដែល​មិន​យំ ឯ​អ្នក​ដែល​ត្រេក​អរ​ត្រូវ​ដូច​ជា​អ្នក​ដែល​មិន​ត្រេក​អរ ហើយ​អ្នក​ដែល​ទិញ​ត្រូវ​ដូច​ជា​អ្នក​ដែល​គ្មាន​អ្វី​សោះ ៣១ ឯ​អ្នក​ដែល​ប្រើ​អ្វីៗ​ពី​ពិភព​លោក​ត្រូវ​ដូច​ជា​អ្នក​ដែល​មិន​ប្រើប្រាស់​ពេញ​លេញ ព្រោះ​ស្ថានភាព​ពិភព​លោក​កំពុង​ប្រែ​ប្រួល។ ៣២ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​រួច​ពី​កង្វល់។ បុរស​ដែល​មិន​រៀប​ការ​ខ្វល់ខ្វាយ​អំពី​ការ​អ្វី​ដែល​ទាក់​ទង​នឹង​កិច្ច​បម្រើ​លោក​ម្ចាស់ ពោល​គឺ​របៀប​ដែល​គាត់​អាច​ធ្វើ​ឲ្យ​លោក​ម្ចាស់​ពេញ​ចិត្ត។ ៣៣ ប៉ុន្តែ​បុរស​ដែល​រៀប​ការ​ហើយ ខ្វល់ខ្វាយ​អំពី​អ្វីៗ​ដែល​ទាក់​ទង​នឹង​ពិភព​លោក​នេះ ពោល​គឺ​របៀប​ដែល​គាត់​អាច​ធ្វើ​ឲ្យ​ប្រពន្ធ​ពេញ​ចិត្ត ៣៤ ហើយ​គាត់​បាន​ត្រូវ​បែងចែក​ជា​ពីរ។ ម្យ៉ាង​ទៀត ស្ត្រី​ដែល​មិន​រៀប​ការ​ឬ​ស្ត្រី​ក្រមុំ​ខ្វល់ខ្វាយ​អំពី​ការ​អ្វី​ដែល​ទាក់​ទង​នឹង​កិច្ច​បម្រើ​លោក​ម្ចាស់ ដើម្បីឲ្យ​នាង​បរិសុទ្ធ​ទាំង​ចិត្ត* ទាំង​កាយ។ ក៏​ប៉ុន្តែ​ស្ត្រី​ដែល​រៀប​ការ​ហើយ ខ្វល់ខ្វាយ​អំពីអ្វីៗ​ដែល​ទាក់​ទង​នឹង​ពិភព​លោក​នេះ ពោល​គឺ​របៀប​ដែល​នាង​អាច​ធ្វើ​ឲ្យ​ប្ដី​ពេញ​ចិត្ត។ ៣៥ ប៉ុន្តែ​ខ្ញុំ​និយាយ​ដូច​នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា មិន​មែន​ដើម្បី​ឲ្យ​ជាប់​ចំណង​ទេ តែ​ដើម្បី​ជំរុញ​ចិត្ត​ឲ្យ​ធ្វើ​អ្វី​ដែល​សមរម្យ ហើយ​អ្វី​ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​បម្រើ​លោក​ម្ចាស់​ជា​និច្ច​ដោយ​គ្មាន​អ្វី​បំបែរ​អារម្មណ៍។

៣៦ ប៉ុន្តែ​ប្រសិនបើ​មាន​អ្នក​ណា​ម្នាក់​គិត​ថា​ការ​ប្រព្រឹត្ត​របស់​ខ្លួន​គឺ​មិន​សមរម្យ​ព្រោះ​នៅ​លីវ* ហើយ​បើ​អ្នក​នោះ​មិន​ក្មេង​ពេក អ្នក​នោះ​ត្រូវ​ធ្វើ​ដូច​ត​ទៅ​នេះ៖ ចូរ​ឲ្យ​អ្នក​នោះ​រៀប​ការ​ទៅ បើ​ចង់​រៀប​ការ។ នោះ​មិន​មែន​ជា​ការ​ខុស​ឆ្គង​ទេ។ ៣៧ ប៉ុន្តែ​ប្រសិនបើ​អ្នក​ណា​បាន​តាំង​ចិត្ត​រឹង​មាំ ក៏​មិន​ត្រូវ​ការ​ធ្វើ​ដូច្នោះ តែ​អាច​គ្រប់​គ្រង​ចិត្តខ្លួន​ឯង ហើយ​បាន​សម្រេច​ចិត្ត​ថា​នឹង​នៅ​លីវ* គាត់​នឹង​សម្រេច​ការ​បាន​ល្អ។ ៣៨ ដូច្នេះ អ្នក​ណា​ដែល​រៀប​ការ អ្នក​នោះ​ក៏​សម្រេច​ការ​បាន​ល្អ​ដែរ តែ​អ្នក​ណា​ដែល​មិន​រៀប​ការ អ្នក​នោះ​នឹង​សម្រេច​ការ​បាន​ល្អ​ជាង។

៣៩ ប្រពន្ធ​ត្រូវ​នៅ​ជាប់​នឹង​ប្ដី ដរាប​ណា​ប្ដី​នៅ​រស់។ ប៉ុន្តែ​ប្រសិនបើ​ប្ដី​របស់​នាង​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់ នោះ​នាង​មាន​សេរីភាព​អាច​រៀប​ការ​ជា​មួយ​នឹង​អ្នក​ណា​ក៏​បាន ឲ្យ​តែ​អ្នក​នោះ​ជា​អ្នក​កាន់​តាម​លោក​ម្ចាស់។ ៤០ ប៉ុន្តែ​តាម​យោបល់​ខ្ញុំ នាង​នឹង​មាន​សុភមង្គល​ច្រើន​ជាង ប្រសិនបើ​នាង​មិន​រៀប​ការ​ម្ដង​ទៀត។ ខ្ញុំ​គិត​ថា ខ្ញុំ​ប្រាកដជា​មាន​សកម្មពល* របស់​ព្រះ​ដែរ។

៨ ឥឡូវ​ខ្ញុំ​សូម​និយាយ​អំពី​អាហារ​ដែល​គេ​សែន​រូប​ព្រះ៖ យើង​ដឹង​ថា យើង​ទាំង​អស់​គ្នា​មាន​ចំណេះ។ ចំណេះ​ធ្វើ​ឲ្យ​ក្រអឺតក្រអោង រីឯ​សេចក្ដី​ស្រឡាញ់​វិញ នោះ​ធ្វើ​ឲ្យ​មាំ​មួន​ឡើង។ ២ ប្រសិនបើ​អ្នក​ណា​គិត​ថា​ខ្លួន​ចេះ​ដឹង​អំពី​រឿង​ណា​មួយ អ្នក​នោះ​មិន​ទាន់​ចេះ​ដឹង​អំពី​រឿង​នោះ​តាម​ដែល​គួរ​ចេះ​ដឹង​នោះ​ទេ។ ៣ ក៏​ប៉ុន្តែ​ប្រសិនបើ​អ្នក​ណា​ស្រឡាញ់​ព្រះ នោះ​ព្រះ​ស្គាល់​អ្នក​នោះ។

៤ ឥឡូវ​ខ្ញុំ​សូម​និយាយ​អំពី​ការ​បរិភោគ​អាហារ​ដែល​គេ​សែន​រូប​ព្រះ។ យើង​ដឹង​ថា​រូប​ព្រះ​មិន​មែន​ជា​អ្វី​សោះ ហើយ​យើង​ក៏​ដឹង​ថា​មាន​ព្រះ​តែ​មួយ​ប៉ុណ្ណោះ។ ៥ ព្រោះ​ទោះ​ជា​មាន​អ្នក​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែនដី​ដែល​គេ​ហៅ​ថា​«ព្រះ» ដូច​ជា​មាន​«ព្រះ»​ជា​ច្រើន​និង​«ម្ចាស់»​ជា​ច្រើន​ក៏​ដោយ ៦ ក៏​ចំពោះ​យើង​មាន​ព្រះ​តែ​មួយ​ទេ គឺជា​បិតា​នៅ​ស្ថាន​សួគ៌។ អ្វីៗ​ទាំង​អស់​កើត​មក​ពី​លោក ហើយ​យើង​រស់​ដើម្បី​លោក។ មាន​ម្ចាស់​តែ​មួយ គឺ​លោក​យេស៊ូ​គ្រិស្ត។ អ្វីៗ​ទាំង​អស់​កើត​មក​ដោយ​សារ​លោក ហើយ​យើង​ក៏​រស់​ដោយ​សារ​លោក​ដែរ។

៧ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មិន​មែន​មនុស្ស​ទាំង​អស់​មាន​ចំណេះ​នេះ​ទេ តែ​រហូត​ដល់​ឥឡូវ​នេះ អ្នក​ខ្លះ​នៅ​តែ​គិត​អំពី​រូប​ព្រះ ហើយ​ពេល​ដែល​អ្នក​ទាំងនោះ​បរិភោគ​អាហារ ពួក​គេ​ចាត់​ទុក​អាហារ​នោះ​ថា​ជា​សំណែន រួច​ដោយ​សារ​ពួក​គេ​មាន​សមត្ថភាព​វិនិច្ឆ័យ​ខ្សោយ នោះ​ពួក​គេ​ក៏​មាន​ចិត្ត​សៅហ្មង។ ៨ ប៉ុន្តែ​អាហារ​នឹង​មិន​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​យើង​ទេ។ ប្រសិនបើ​យើង​មិន​បរិភោគ យើង​មិន​ខាត​អ្វី​ទេ ហើយ​ប្រសិនបើ​យើង​បរិភោគ យើង​ក៏​គ្មាន​គុណ​បំណាច់​អ្វី​ដែរ។ ៩ ប៉ុន្តែ​ចូរ​ប្រយ័ត្ន​ជា​និច្ច កុំ​ឲ្យ​សិទ្ធិ​របស់​អ្នក​រាល់​គ្នា​ទៅ​ជា​ហេតុ​នាំ​ឲ្យ​អ្នក​ដែល​ខ្សោយ​ជំពប់​ដួល។* ១០ ព្រោះ​ប្រសិនបើ​មាន​អ្នក​ណា​ឃើញ​អ្នក​ដែល​ជា​អ្នក​មាន​ចំណេះ​កំពុង​អង្គុយ​បរិភោគ​នៅ​វិហារ​នៃ​រូប​ព្រះ នោះ​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ដែល​ខ្សោយ​នឹង​នាំ​ឲ្យ​គាត់​ហ៊ាន​បរិភោគ​អាហារ​ដែល​គេ​ពិត​ជា​សែន​រូប​ព្រះ មែន​ទេ? ១១ បើ​ដូច្នេះ អ្នក​កំពុង​ធ្វើ​ឲ្យ​អ្នក​ដែល​ខ្សោយ​អន្តរាយ ដោយ​សារ​ចំណេះ​របស់​អ្នក ហើយ​ពួក​គេ​គឺជា​បង​ប្អូន​របស់​អ្នក​ដែល​គ្រិស្ត​បាន​ស្លាប់​ជំនួស។ ១២ ប៉ុន្តែ​ពេល​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ខុស* ចំពោះ​បង​ប្អូន​របស់​អ្នក ហើយ​បង្ខូច​សមត្ថភាព​ដ៏​ខ្សោយ​របស់​ពួក​គាត់​ក្នុង​ការ​វិនិច្ឆ័យ នោះ​អ្នក​កំពុង​ធ្វើ​ខុស​ចំពោះ​គ្រិស្ត។ ១៣ ដូច្នេះ ប្រសិនបើ​អាហារ​ធ្វើ​ឲ្យ​បង​ប្អូន​របស់​ខ្ញុំ​ជំពប់​ដួល ខ្ញុំ​នឹង​មិន​បរិភោគ​សាច់​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​បង​ប្អូន​របស់​ខ្ញុំ​ជំពប់​ដួល។

៩ ខ្ញុំមាន​សេរីភាព មែន​ទេ? ខ្ញុំ​ជា​សាវ័ក មែន​ទេ? ខ្ញុំ​បាន​ឃើញ​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង មែន​ទេ? អ្នក​រាល់​គ្នា​ជា​ផល​នៃ​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ក្នុង​លោក​ម្ចាស់ មែន​ទេ? ២ ប្រសិនបើ​ចំពោះ​អ្នក​ឯ​ទៀត ខ្ញុំ​មិន​មែន​ជា​សាវ័ក នោះ​ខ្ញុំប្រាកដជា​សាវ័ក​ចំពោះ​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​ជា​ត្រា​ដែល​បញ្ជាក់​ថា​ខ្ញុំ​ជា​សាវ័ក​របស់​លោក​ម្ចាស់។

៣ ចំពោះ​អ្នក​ដែល​វិនិច្ឆ័យ​ខ្ញុំ ខ្ញុំ​សូម​និយាយ​ការពារ​ខ្លួន​ដូច​ត​ទៅ​នេះ៖ ៤ យើង​មាន​សិទ្ធិ​ផឹក​និង​បរិភោគ មែន​ទេ? ៥ យើង​មាន​សិទ្ធិ​រៀប​ការ​ជា​មួយ​នឹង​អ្នក​ជឿ​ហើយ​នាំ​ទៅ​ជា​មួយ ដូច​សាវ័ក​ឯ​ទៀត ដូច​បង​ប្អូន​របស់​លោក​ម្ចាស់ និង​កេផាស​ដែរ មែន​ទេ? ៦ ឬ​តើ​មាន​តែ​ខ្ញុំ​នឹង​បាណាបាស​ប៉ុណ្ណោះ​ដែល​មិន​មាន​សិទ្ធិ​ឈប់​ធ្វើ​ការ​ចិញ្ចឹម​ជីវិត? ៧ តើ​អ្នក​ណា​ធ្វើ​ជា​ទាហាន​តែ​ចាយ​ប្រាក់​ខ្លួន​ឯង? តើ​អ្នក​ណា​ដាំ​ចម្ការ​ទំពាំង​បាយ​ជូរ តែ​មិន​បរិភោគ​ផល? ឬ​តើ​អ្នក​ណា​ឃ្វាល​ហ្វូង​សត្វ តែ​មិន​ទទួល​ចំណែក​ពី​ទឹក​ដោះ​សត្វ​នោះ?

៨ តើ​ខ្ញុំ​កំពុង​និយាយ​ដោយ​ផ្អែក​លើ​ខ្នាត​តម្រា​របស់​មនុស្ស​ឬ? ច្បាប់* ក៏​ចែង​ដូច្នេះ​ដែរ មែន​ទេ? ៩ ព្រោះ​ច្បាប់​ម៉ូសេ​ចែង​ថា៖ «អ្នក​មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ឈ្មោល​ពេល​ដែល​វា​បញ្ជាន់​ស្រូវ»។ តើ​ព្រះ​កំពុង​យក​ចិត្ត​ទុក​ដាក់​នឹង​សត្វ​គោ​ឬ? ១០ ឬ​មួយ​ដើម្បី​ប្រយោជន៍​យើង​វិញ​ដែល​លោក​ចែង​ដូច្នេះ? តាម​ពិត​គឺ​ដើម្បី​ប្រយោជន៍​យើង​ដែល​សេចក្ដី​នោះ​បាន​ត្រូវ​សរសេរ ព្រោះ​អ្នក​ដែល​ភ្ជួរ​ដី គួរ​ភ្ជួរ​ដោយ​ចិត្ត​សង្ឃឹម ហើយ​អ្នក​ដែល​បញ្ជាន់​ស្រូវ គួរ​បញ្ជាន់​ដោយ​សង្ឃឹម​ថា​ខ្លួន​នឹង​បាន​ទទួល​ចំណែក។

១១ ប្រសិនបើ​យើង​បាន​សាប​ព្រោះ​អ្វីៗ​ពី​ព្រះ* ដល់​អ្នក​រាល់​គ្នា តើ​មាន​អ្វី​អស្ចារ្យ ប្រសិនបើ​យើង​ទទួល​ផល​ពី​អ្នក​រាល់​គ្នា ជា​អ្វីៗ​សម្រាប់​ចិញ្ចឹម​ជីវិត? ១២ ប្រសិនបើ​បុរស​ឯ​ទៀត​ប្រើ​សិទ្ធិ​នេះ​ចំពោះ​អ្នក​រាល់​គ្នា យើង​មាន​សិទ្ធិ​លើស​ជាង​នោះ​ទៅ​ទៀត មែន​ទេ? ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​មិន​បាន​ប្រើ​សិទ្ធិ​នេះ​ទេ តែ​យើង​កំពុង​ទទួល​បន្ទុក​ទាំង​ស្រុង ដើម្បី​មិន​ដាក់​ឧបសគ្គ​ចំពោះ​ការ​ផ្សាយ​ដំណឹង​ល្អ​អំពី​គ្រិស្ត។ ១៣ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ថា ពួក​បុរស​ដែល​បំពេញ​កិច្ចការ​ដ៏​ពិសិដ្ឋ​បរិភោគ​អាហារ​ពី​វិហារ ហើយ​ពួក​អ្នក​ដែល​បម្រើ​ជា​និច្ច​នៅ​ទី​បូជា​ក៏​ទទួល​ចំណែក​ជា​មួយ​នឹង​ទី​បូជា​នោះ​ដែរ? ១៤ ដូច​គ្នា​ដែរ លោក​ម្ចាស់​បាន​បង្គាប់​ថា អ្នក​ដែល​ប្រកាស​ដំណឹង​ល្អ ត្រូវ​រស់​នៅ​ដោយ​សារ​ដំណឹង​ល្អ​ដែរ។

១៥ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ប្រើ​ការ​រៀប​ចំ​ទាំង​នេះ​ឡើយ សូម្បី​តែ​មួយ​ក៏​ដោយ។ ខ្ញុំ​មិន​បាន​សរសេរ​សេចក្ដី​នេះ​ដើម្បី​ចាប់​ផ្ដើម​ប្រើ​ការ​រៀប​ចំ​ទាំង​នេះ​ឡើយ ព្រោះ​ខ្ញុំ​ស៊ូ​ស្លាប់​ល្អ​ជាង! គ្មាន​អ្នក​ណា​នឹង​ធ្វើ​ឲ្យ​ហេតុ​ដែល​ខ្ញុំ​អួតអាង​ទៅ​ជា​អសារ​ឥត​ការ​ទេ! ១៦ ឥឡូវ ប្រសិនបើ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ នោះ​មិន​មែន​ជា​ហេតុ​ឲ្យ​ខ្ញុំ​អួតអាង​ឡើយ ព្រោះ​ខ្ញុំ​ត្រូវ​តែ​ប្រកាស​ដំណឹង​ល្អ។ តាម​ពិត ប្រសិនបើ​ខ្ញុំ​មិន​ប្រកាស​ដំណឹង​ល្អ ខ្ញុំ​ត្រូវ​វេទនា​ណាស់! ១៧ ប្រសិនបើ​ខ្ញុំ​ធ្វើ​ដូច្នេះ​ស្ម័គ្រ​ពី​ចិត្ត ខ្ញុំ​បាន​រង្វាន់។ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ធ្វើ​ដោយ​មិន​ស្ម័គ្រ​ពី​ចិត្ត ខ្ញុំ​នៅ​មាន​ភារកិច្ច​ដែល​បាន​ត្រូវ​ផ្ញើ​នឹង​ខ្ញុំ។ ១៨ ដូច្នេះ តើ​រង្វាន់​របស់​ខ្ញុំ​ជា​អ្វី? គឺ​ពេល​ដែល​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ ខ្ញុំ​អាច​ផ្ដល់​ដំណឹង​ល្អ​ដោយ​មិន​យក​ថ្លៃ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ប្រើ​សិទ្ធិ​ដែល​ខ្ញុំ​មាន​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​ឲ្យ​បាន​ពេញ​លេញ។

១៩ ព្រោះ​ទោះ​ជា​ខ្ញុំ​គ្មាន​កាតព្វកិច្ច​ចំពោះ​អ្នក​ណា​ក៏​ដោយ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​ខ្ញុំ​បាន​មនុស្ស​ច្រើន​បំផុត។ ២០ ដូច្នេះ ចំពោះ​ជន​ជាតិ​យូដា ខ្ញុំ​បាន​ធ្វើ​ដូច​ជន​ជាតិ​យូដា ដើម្បី​ខ្ញុំ​អាច​បាន​ជន​ជាតិ​យូដា។ ចំពោះ​អ្នក​ដែល​នៅ​ក្រោម​ច្បាប់ ខ្ញុំ​បាន​ធ្វើ​ដូច​អ្នក​នៅ​ក្រោម​ច្បាប់ ទោះ​ជា​ខ្ញុំ​មិន​នៅ​ក្រោម​ច្បាប់​ក៏​ដោយ ដើម្បី​ខ្ញុំ​អាច​បាន​អ្នក​ដែល​នៅ​ក្រោម​ច្បាប់។ ២១ ចំពោះ​អ្នក​ដែល​មិន​នៅ​ក្រោម​ច្បាប់ ខ្ញុំ​បាន​ធ្វើ​ដូច​អ្នក​ដែល​មិន​នៅ​ក្រោម​ច្បាប់ ដើម្បី​ខ្ញុំ​អាច​បាន​អ្នក​ដែល​មិន​នៅ​ក្រោម​ច្បាប់ ទោះ​ជា​នៅ​ចំពោះ​ព្រះ​ខ្ញុំ​មិន​មែន​ជា​អ្នក​ដែល​មិន​នៅ​ក្រោម​ច្បាប់​ក៏​ដោយ តែ​ជា​អ្នក​នៅ​ក្រោម​ច្បាប់​ចំពោះ​គ្រិស្ត។ ២២ ចំពោះ​អ្នក​ដែល​ខ្សោយ ខ្ញុំ​បាន​ធ្វើ​ដូច​អ្នក​ដែល​ខ្សោយ ដើម្បី​ខ្ញុំ​អាច​បាន​អ្នក​ដែល​ខ្សោយ។ ខ្ញុំ​បាន​ធ្វើ​ដូច​មនុស្ស​គ្រប់​ប្រភេទ ដើម្បី​ខ្ញុំ​អាច​សង្គ្រោះ​ពួក​គេ​ខ្លះ​តាម​គ្រប់​មធ្យោបាយ​ទាំង​អស់។ ២៣ ប៉ុន្តែ​ខ្ញុំ​ធ្វើ​អ្វីៗ​ទាំង​អស់​ដើម្បី​ដំណឹង​ល្អ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រាប់​ដល់​អ្នក​ឯ​ទៀត។

២៤ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ថា អ្នក​ដែល​រត់​ប្រណាំង រត់​ទាំង​អស់​គ្នា ប៉ុន្តែ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ទទួល​រង្វាន់? ចូរ​រត់​យ៉ាង​ណា​ឲ្យ​បាន​រង្វាន់។ ២៥ ម្យ៉ាង​ទៀត បុរស​ទាំង​អស់​ដែល​ចូល​រួម​ក្នុង​ការ​ប្រកួត​ខំ​ទប់​ចិត្ត​ក្នុង​រឿង​ទាំង​អស់។ ឯ​ពួក​គេធ្វើ​ដូច្នេះ ដើម្បី​បាន​មកុដ​ដែល​នឹង​ខូច​ទៅ តែ​យើង​ធ្វើ​ដូច្នេះ​ដើម្បី​បាន​មកុដ​ដែល​មិន​អាច​ខូច​ទេ។ ២៦ ហេតុ​នេះ របៀប​ដែល​ខ្ញុំ​កំពុង​រត់ មិន​មែន​ដូច​ជា​រត់​ដោយ​គ្មាន​គោលដៅ​ទេ។ របៀប​ដែល​ខ្ញុំ​ដាល់ មិន​ដូច​ជា​ដាល់​ខ្យល់​ឡើយ ២៧ ប៉ុន្តែ​ខ្ញុំ​វាយ​ដំ​រូប​កាយ​របស់​ខ្ញុំ ហើយ​បង្ខំ​ឲ្យ​ចុះ​ចូល​ដូច​ខ្ញុំ​បម្រើ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ទៅ​ជា​មនុស្ស​ដែល​ព្រះ​លែង​ពេញ​ចិត្ត​ដោយ​សារ​ហេតុ​ណា​មួយ ក្រោយ​ពី​ខ្ញុំ​បាន​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត។

១០ ឥឡូវ បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ល្ងង់​អំពី​ការ​ដែល​បុព្វបុរស​របស់​យើង​បាន​នៅ​ក្រោម​ពពក ហើយ​បាន​ដើរ​កាត់​សមុទ្រ ២ ហើយ​ពួក​គេ​ទាំង​អស់​គ្នា​បាន​ទទួល​ការ​ជ្រមុជ​ទឹក* ជា​អ្នក​កាន់​តាម​ម៉ូសេ ពេល​ដែល​ពួក​គេ​នៅ​ក្រោម​ពពក​នោះ ហើយ​ដើរ​កាត់​សមុទ្រ។ ៣ ពួក​គេ​ទាំង​អស់​គ្នា​បាន​ពិសា​អាហារ​ដែល​ព្រះ​ផ្ដល់​ឲ្យ* ៤ ហើយ​ពួក​គេ​ទាំង​អស់​គ្នា​បាន​ពិសា​ទឹក​ដែល​ព្រះ​ផ្ដល់​ឲ្យ។ ព្រោះ​ពួក​គេ​ធ្លាប់​ពិសា​ទឹក​ពី​ផ្ទាំង​ថ្ម​ដែល​ហាក់​ដូច​ជា​ទៅ​តាម​ពួក​គេ គឺ​ផ្ទាំង​ថ្ម​ដែល​មក​ពី​ព្រះ ហើយ​ផ្ទាំង​ថ្ម​នោះ​ជា​តំណាង​គ្រិស្ត។ ៥ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​ភាគ​ច្រើន​មិន​បាន​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​ទេ ព្រោះ​ពួក​គេ​បាន​ត្រូវ​សម្លាប់​នៅ​តំបន់​ស្ងាត់​ជ្រងំ។

៦ ឥឡូវ ការ​ទាំង​នេះ​ជា​គំរូ​សម្រាប់​យើង កុំ​ឲ្យ​យើង​ទៅ​ជា​មនុស្ស​ដែល​ប្រាថ្នា​ចង់​បាន​អ្វីៗ​ដ៏​អាក្រក់ ដូច​ពួក​គេ​ប្រាថ្នា​ចង់​បាន​ឡើយ។ ៧ ហើយ​ក៏​កុំ​ឲ្យ​យើង​ទៅ​ជា​អ្នក​គោរព​បូជា​រូប​ព្រះ ដូច​ពួក​គេ ដូច​បទ​គម្ពីរ​ចែង​ថា៖ «បណ្ដា​ជន​បាន​អង្គុយ​ស៊ី​ផឹក រួច​ក្រោក​ឡើង​នាំ​គ្នា​អរ​សប្បាយ»។ ៨ ក៏​កុំ​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* ដូច​ពួក​គេ​ខ្លះ​បាន​ធ្វើ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ រួច​ស្លាប់​អស់​ពីរ​ម៉ឺន​បី​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ។ ៩ ក៏​កុំ​ឲ្យ​យើង​ល្បង​ល​នឹង​ព្រះ​យេហូវ៉ា ដូច​ពួក​គេ​ខ្លះ​បាន​ល្បង​ល​នឹង​លោក រួច​វិនាស​ជីវិត​ដោយ​សត្វ​ពស់។ ១០ ក៏​កុំ​ឲ្យ​យើង​រអ៊ូ​រទាំ ដូច​ពួក​គេ​ខ្លះ​បាន​រអ៊ូ​រទាំ រួច​វិនាស​ជីវិត​ដោយ​អ្នក​ពិឃាត។ ១១ ការ​ទាំង​នេះ​បាន​កើត​ឡើង​ដល់​ពួក​គេ​ទុក​ជា​គំរូ ក៏​បាន​ត្រូវ​កត់​ទុក​ជា​ការ​ព្រមាន​ដល់​យើង​ដែល​រស់​នៅ​គ្រា​ចុង​បញ្ចប់​នៃ​សម័យ​នេះ។*

១២ ដូច្នេះ ចូរ​ឲ្យ​អ្នក​ដែល​គិត​ថា​ខ្លួន​ឈរ ប្រយ័ត្ន​ក្រែង​លោ​ដួល។ ១៣ គ្មាន​សេចក្ដី​ល្បួង​ណា​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ដែល​មនុស្ស​ឯ​ទៀត​មិន​ធ្លាប់​ជួប​នោះ​ឡើយ។ ប៉ុន្តែ​ព្រះ​គឺ​ស្មោះ​ត្រង់ ហើយ​លោក​នឹង​មិន​ឲ្យ​អ្នក​រាល់​គ្នា​រង​ការ​ល្បួង​ហួស​ពី​សមត្ថភាព​ស៊ូ​ទ្រាំ​របស់​អ្នក​រាល់​គ្នា​ឡើយ តែ​លោក​ក៏​នឹង​រៀប​ចំ​ផ្លូវ​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ស៊ូ​ទ្រាំ​នៅ​ពេល​ជួប​ប្រទះ​សេចក្ដី​ល្បួង​នោះ។

១៤ ដូច្នេះ មិត្ត​ជា​ទី​ស្រឡាញ់​អើយ ចូរ​រត់​ចេញ​ពី​ការ​គោរព​បូជា​រូប​ព្រះ។ ១៥ ខ្ញុំ​និយាយ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ដូច​និយាយ​ជា​មួយ​នឹង​អ្នក​ដែល​មាន​សមត្ថភាព​វែក​ញែក។ ចូរ​ពិចារណា​សម្ដី​ខ្ញុំ​ដោយ​ខ្លួន​ឯង​ចុះ។ ១៦ ពែង​នៃ​អំណរ​គុណ ដែល​ជាហេតុ​យើង​អរគុណ​ព្រះ* នោះ​ជា​តំណាង​នៃ​ការ​រួម​ចំណែក​ក្នុង​ឈាម​របស់​គ្រិស្ត មែន​ទេ? នំ​ប៉័ង​មួយ​ដុំ​ដែល​យើង​កាច់​នោះ ជា​តំណាង​នៃ​ការ​រួម​ចំណែក​ក្នុង​រូប​កាយ​របស់​គ្រិស្ត មែន​ទេ? ១៧ ដោយ​សារ​មាន​នំ​ប៉័ង​តែ​មួយ​ដុំ នោះ​យើង​ជា​រូប​កាយ​តែ​មួយ ពីព្រោះ​យើង​បរិភោគ​ពី​នំ​ប៉័ង​មួយ​ដុំ​នោះ ទោះ​ជា​យើង​មាន​គ្នា​ច្រើន​ក៏​ដោយ។

១៨ សូម​មើល​ជន​ជាតិ​អ៊ីស្រាអែល៖ អ្នក​ដែល​បរិភោគ​គ្រឿង​បូជា​ទទួល​ចំណែក​ជា​មួយ​នឹង​ទី​បូជា​ដែរ មែន​ទេ? ១៩ ចុះ​តើ​ខ្ញុំ​ត្រូវ​និយាយ​យ៉ាង​ណា​វិញ? ថា​អ្វី​ដែល​គេ​សែន​រូប​ព្រះ​និង​រូប​ព្រះ​គឺ​សំខាន់​ឬ? ២០ ទេ! ប៉ុន្តែ​ខ្ញុំ​ប្រាប់​ថា អ្វីៗ​ដែល​ប្រជាជាតិ​នានា​សែន ពួក​គេ​សែន​ពួក​វិញ្ញាណ​កំណាច* មិន​មែន​បូជា​ដល់​ព្រះ​ទេ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​រួម​ចំណែក​ជា​មួយ​នឹង​ពួក​វិញ្ញាណ​កំណាច​ឡើយ។ ២១ អ្នក​រាល់​គ្នា​មិន​អាច​ផឹក​ពី​ពែង​របស់​ព្រះ​យេហូវ៉ា​ផង​និង​ពី​ពែង​របស់​ពួក​វិញ្ញាណ​កំណាច​ផង​បាន​ទេ។ អ្នក​រាល់​គ្នា​មិន​អាច​បរិភោគ​ពី​«តុ​របស់​ព្រះ​យេហូវ៉ា»​ផង​និង​ពី​តុ​របស់​ពួក​វិញ្ញាណ​កំណាច​ផង​បាន​ឡើយ។ ២២ ឬ​«តើ​យើង​កំពុង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ទាស់​ចិត្ត?»* យើង​មិន​មែន​ខ្លាំង​ជាង​លោក​ទេ មែន​ទេ?

២៣ មាន​ច្បាប់​ឲ្យ​ធ្វើ​អ្វីៗ​ទាំង​អស់ ប៉ុន្តែ​អ្វីៗ​ទាំង​អស់​មិន​មែន​សុទ្ធតែ​មាន​ប្រយោជន៍​ទេ។ មាន​ច្បាប់​ឲ្យ​ធ្វើ​អ្វីៗ​ទាំង​អស់ ប៉ុន្តែ​អ្វីៗ​ទាំង​អស់​មិន​មែន​សុទ្ធតែ​លើក​ទឹក​ចិត្តឡើយ។ ២៤ ចូរ​ឲ្យ​គ្រប់​គ្នា​សុខ​ចិត្ត​លះ​បង់​ប្រយោជន៍​ខ្លួន ដើម្បី​ប្រយោជន៍​អ្នក​ឯ​ទៀត។

២៥ ចូរ​បរិភោគ​អ្វីៗ​ទាំង​អស់​ដែល​គេ​លក់​នៅ​ផ្សារ​សាច់ ហើយ​កុំ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​រាល់​គ្នា​ជំរុញ​ឲ្យ​សួរ ២៦ ព្រោះ​«ផែនដី​និង​អ្វីៗ​ពេញ​ផែនដី​ទាំង​មូល​ជា​របស់​ព្រះ​យេហូវ៉ា»។ ២៧ ប្រសិនបើ​អ្នក​ដែល​មិន​ជឿ​អញ្ជើញ​អ្នក​ទៅ​បរិភោគ​អាហារ ហើយ​អ្នក​រាល់​គ្នា​ចង់​ទៅ ចូរ​បរិភោគ​អ្វី​ទាំង​អស់​ដែល​អ្នក​នោះ​ជូន ហើយ​កុំ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​រាល់​គ្នា​ជំរុញ​ឲ្យ​សួរ។ ២៨ ប៉ុន្តែ​ប្រសិនបើ​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា៖ «នេះ​ជា​របស់​គេ​សែន» កុំ​បរិភោគ​ដោយ​គិត​ដល់​អ្នក​ដែល​បាន​ប្រាប់​ដូច្នេះ ហើយ​ដោយ​គិត​ដល់​សមត្ថភាព​វិនិច្ឆ័យ។ ២៩ ខ្ញុំ​មិន​មែន​ពោល​សំដៅ​ទៅ​«សមត្ថភាព​វិនិច្ឆ័យ»​របស់​អ្នក​ទេ តែ​របស់​អ្នក​ដែល​ប្រាប់។ ព្រោះ​តើ​ចាំ​បាច់​ធ្វើ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ដទៃ​វិនិច្ឆ័យ​សេរីភាព​របស់​ខ្ញុំ​ធ្វើ​អ្វី? ៣០ ប្រសិនបើ​ខ្ញុំ​បរិភោគ​ដោយ​អរគុណ​ព្រះ ហេតុ​អ្វី​គេ​គួរ​និយាយ​ប្រមាថ​ខ្ញុំ​អំពី​អ្វី​ដែល​ខ្ញុំ​បាន​អរគុណ​ព្រះ​ហើយ?

៣១ ដូច្នេះ ទោះ​ជា​អ្នក​ផឹក បរិភោគ ឬ​ធ្វើ​អ្វី​ទៀត​ក៏​ដោយ ចូរ​ធ្វើ​អ្វីៗ​ទាំង​អស់​ដើម្បី​ឲ្យ​ព្រះ​ទទួល​ការ​សរសើរ​តម្កើង។ ៣២ កុំ​បង្ក​ហេតុ​ឲ្យ​ជន​ជាតិ​យូដា ជន​ជាតិ​ក្រិច និង​ក្រុម​ជំនុំ​របស់​ព្រះ​ជំពប់​ដួល ៣៣ ដូច​ខ្ញុំ​បំពេញ​ចិត្ត​មនុស្ស​ទាំង​ឡាយ​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​លះ​បង់​ប្រយោជន៍​ខ្លួន ជា​ប្រយោជន៍​ដល់​មនុស្ស​ជា​ច្រើន ដើម្បី​ឲ្យ​ពួក​គេ​បាន​សេចក្ដី​សង្គ្រោះ។

១១ ចូរ​យក​តម្រាប់​តាម​ខ្ញុំ ដូច​ខ្ញុំ​យក​តម្រាប់​តាម​គ្រិស្ត។

២ ខ្ញុំ​សូម​សរសើរ​អ្នក​រាល់​គ្នា ពីព្រោះ​អ្នក​រាល់​គ្នា​គិត​អំពី​ខ្ញុំ​ជា​និច្ច ហើយ​កំពុង​ប្រកាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​ពាំ​នាំ​មក​ប្រាប់។ ៣ ប៉ុន្តែ​ខ្ញុំ​ចង់ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ប្រមុខ​របស់​បុរស​ទាំង​ឡាយ​គឺ​គ្រិស្ត ឯ​ប្រមុខ​របស់​ស្ត្រី​ទាំង​ឡាយ​គឺ​បុរស ឯ​ប្រមុខ​របស់​គ្រិស្ត​គឺ​ព្រះ។ ៤ បុរស​ណា​ដែល​អធិដ្ឋាន​ឬ​ប្រកាស​ទំនាយ​ដោយ​ពាក់​អ្វី​លើ​ក្បាល ធ្វើ​ឲ្យ​ក្បាល* ខ្លួន​អាប់​ឱន​កិត្ដិយស ៥ ប៉ុន្តែ​ស្ត្រី​ណា​ដែល​អធិដ្ឋាន​ឬ​ប្រកាស​ទំនាយ​ដោយ​មិន​ពាក់​អ្វី​លើ​ក្បាល ធ្វើ​ឲ្យ​ក្បាល* ខ្លួន​អាប់​ឱន​កិត្ដិយស ព្រោះ​បើ​ធ្វើ​ដូច្នេះ នាង​គឺ​ដូច​ជា​ស្ត្រី​ដែល​ត្រូវ​គេ​កោរ​សក់។* ៦ ព្រោះ​ប្រសិនបើ​ស្ត្រី​ណា​មិន​ពាក់​អ្វី​លើ​ក្បាល នោះ​នាង​ត្រូវ​កាត់​សក់​ឲ្យ​ខ្លី។ ប៉ុន្តែ​ប្រសិនបើ​ស្ត្រី​នឹង​អាប់​ឱន​កិត្ដិយស​បើ​កាត់​សក់​ឲ្យ​ខ្លី​ឬ​កោរ​សក់ នោះ​នាង​ត្រូវ​ពាក់​អ្វី​លើ​ក្បាល។

៧ ព្រោះ​បុរស​មិន​គួរ​ពាក់​អ្វី​លើ​ក្បាល​ទេ ដោយ​សារ​បុរស​ជា​រូប​នៃ​ព្រះ និង​នាំ​ឲ្យ​ព្រះ​ទទួល​កិត្ដិយស តែ​ស្ត្រី​នាំ​ឲ្យ​បុរស​ទទួល​កិត្ដិយស។ ៨ ព្រោះ​បុរស​មិន​មក​ពី​ស្ត្រី​ទេ តែ​ស្ត្រី​មក​ពី​បុរស ៩ ម្យ៉ាង​ទៀត ព្រះ​មិន​បាន​បង្កើត​បុរស​សម្រាប់​ស្ត្រី​ទេ តែ​លោក​បាន​បង្កើត​ស្ត្រី​សម្រាប់​បុរស។ ១០ គឺ​ហេតុ​នេះ​ហើយ ស្ត្រី​ត្រូវ​មាន​អ្វី​លើ​ក្បាល​ដែល​បញ្ជាក់​ពី​ការ​ចុះ​ចូល ហើយ​ដោយ​សារ​បណ្ដា​ទេវតា។

១១ ម្យ៉ាង​វិញ​ទៀត ក្នុង​ចំណោម​អ្នក​កាន់​តាម​លោក​ម្ចាស់ មិន​មាន​ស្ត្រី​ដោយ​គ្មាន​បុរស ហើយ​មិន​មាន​បុរស​ដោយ​គ្មាន​ស្ត្រី​ឡើយ។ ១២ ព្រោះ​ដូច​ស្ត្រី​មក​ពី​បុរស បុរស​កើត​ចេញ​ពី​ស្ត្រី តែ​អ្វីៗ​ទាំង​អស់​មក​ពី​ព្រះ។ ១៣ សូម​ពិចារណា​ដោយ​ខ្លួន​អ្នក​ចុះ៖ តើ​ជា​ការ​សមរម្យ​ទេ ប្រសិនបើ​ស្ត្រី​អធិដ្ឋាន​ដល់​ព្រះ​ដោយ​មិន​ពាក់​អ្វី​លើ​ក្បាល? ១៤ តើ​ធម្មជាតិ​មិន​បង្ហាញ​ទេ​ថា បុរស​ត្រូវ​អាប់​ឱន​កិត្ដិយស​ប្រសិនបើ​មាន​សក់​វែង ១៥ ប៉ុន្តែ​ប្រសិនបើ​ស្ត្រី​មាន​សក់​វែង នោះ​ជា​កិត្ដិយស​នាង? ពីព្រោះ​នាង​បាន​សក់​ជំនួស​របស់​លម្អ​ក្បាល។ ១៦ ក៏​ប៉ុន្តែ​ប្រសិនបើ​មាន​អ្នក​ណា​ដែល​មើល​ទៅ​ដូច​ជា​ចង់​តវ៉ា​ដើម្បី​ធ្វើ​តាម​ទម្លាប់​ណា​ផ្សេង​ទៀត យើង​គ្មាន​ទម្លាប់​ណា​ផ្សេង​ទៀត​ទេ ហើយ​ក្រុម​ជំនុំ​ទាំង​ឡាយ​របស់​ព្រះ​ក៏​គ្មាន​ដែរ។

១៧ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ឲ្យ​ការ​ណែនាំ​នេះ ខ្ញុំ​មិន​សរសើរ​អ្នក​រាល់​គ្នា​ទេ ពីព្រោះ​កាល​ដែល​អ្នក​រាល់​គ្នា​ជួប​ជុំ​គ្នា​នៅ​កន្លែង​មួយ នោះ​មិន​ផ្ដល់​ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ តែ​នាំ​ឲ្យ​បង់​ប្រយោជន៍​វិញ។ ១៨ ព្រោះ​ទី​មួយ ខ្ញុំ​បាន​ឮ​ថា​មាន​ការ​បែកបាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ពេល​ដែល​ជួប​ជុំ​ជា​ក្រុម​ជំនុំ ហើយ​ខ្ញុំ​ជឿ​ខ្លះ​ដែរ។ ១៩ ព្រោះ​ប្រាកដជា​នឹង​មាន​និកាយ​ផ្សេងៗ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប៉ុន្តែ​យ៉ាង​នេះ​អ្នក​ដែល​ព្រះ​ពេញ​ចិត្ត​នឹង​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។

២០ ដូច្នេះ ពេល​ដែល​ជួប​ជុំ​គ្នា​នៅ​កន្លែង​មួយ អ្នក​រាល់​គ្នា​មិន​អាច​បរិភោគ​នៅ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ។ ២១ ព្រោះ​ពេល​ដល់​ម៉ោង​បរិភោគ​អាហារ​ល្ងាច​របស់​លោក​ម្ចាស់ អ្នក​រាល់​គ្នា​បាន​បរិភោគ​អាហារ​ល្ងាច​ផ្ទាល់​ខ្លួន​ហើយ។ ហេតុ​នេះ អ្នក​ខ្លះ​ឃ្លាន ឯ​អ្នក​ខ្លះ​ទៀត​ស្រវឹង​ស្រា។ ២២ អ្នក​រាល់​គ្នា​ប្រាកដជា​អាច​ផឹក​និង​បរិភោគ​នៅ​ផ្ទះ​របស់​ខ្លួន មែន​ទេ? ឬ​ក៏​អ្នក​រាល់​គ្នា​មើល​ងាយ​ក្រុម​ជំនុំ​របស់​ព្រះ ហើយ​ធ្វើ​ឲ្យ​អ្នក​ដែល​គ្មាន​អ្វី​សោះ​អៀន​ខ្មាស? តើ​ខ្ញុំ​ត្រូវ​និយាយ​អ្វី​ទៅ​អ្នក​រាល់​គ្នា? តើ​ខ្ញុំ​ត្រូវ​សរសើរ​អ្នក​រាល់​គ្នា​ឬ? ក្នុង​រឿង​នេះ ខ្ញុំ​មិន​សរសើរអ្នក​រាល់​គ្នា​ទេ។

២៣ ព្រោះ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ពី​លោក​ម្ចាស់ ខ្ញុំ​បាន​បង្រៀន​អ្នក​រាល់​គ្នា គឺថា នៅ​យប់​ដែល​លោក​ម្ចាស់​យេស៊ូ​ត្រូវ​គេ​ក្បត់ លោក​បាន​យកនំ​ប៉័ង​មួយ​ដុំ ២៤ អរគុណ​ព្រះ រួច​កាច់​នំ​ប៉័ង​នោះ ហើយ​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​តំណាង​រូប​កាយ​របស់​ខ្ញុំ​ដែល​នឹង​ត្រូវ​ប្រគល់​ឲ្យ ដើម្បី​អ្នក​រាល់​គ្នា។ ចូរ​បន្ត​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ពី​ខ្ញុំ»។ ២៥ បន្ទាប់​ពី​បាន​ពិសា​អាហារ​ល្ងាច​ហើយ លោក​ក៏​យក​ពែង​នោះ​ធ្វើ​បែប​ដូច្នោះ​ដែរ ដោយ​មាន​ប្រសាសន៍​ថា៖ «ពែង​នេះ​ជា​តំណាង​កិច្ច​ព្រមព្រៀង​ថ្មី​ដែល​មាន​មូលដ្ឋាន​លើ​ឈាម​របស់​ខ្ញុំ។ រាល់​ដង​ដែល​អ្នក​រាល់​គ្នា​ផឹក​ពី​ពែង​នេះ ចូរ​បន្ត​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ពី​ខ្ញុំ»។ ២៦ ព្រោះ​រាល់​ដង​ដែល​អ្នក​រាល់​គ្នា​បរិភោគ​នំ​ប៉័ង​នោះ និង​ផឹក​ពី​ពែង​នោះ អ្នក​រាល់​គ្នា​កំពុង​ប្រកាស​មរណភាព​របស់​លោក​ម្ចាស់​រហូត​ដល់​លោក​មក​ដល់។

២៧ ដូច្នេះ អ្នក​ណា​ដែល​បរិភោគ​នំ​ប៉័ង ឬ​ផឹក​ពី​ពែង​របស់​លោក​ម្ចាស់​ដោយ​ខ្លួន​មិន​សម​នឹង​ទទួល អ្នក​នោះ​នឹង​មាន​ទោស​ចំពោះ​រូប​កាយ​និង​ឈាម​របស់​លោក​ម្ចាស់។ ២៨ ចូរ​ឲ្យ​អ្នក​នោះ​គិត​ពិចារណា​ឲ្យ​បាន​ដិត​ដល់ ដើម្បី​ដឹង​ថា​ខ្លួន​សម​ឬ​មិន​សម​នឹង​ទទួល រួច​សឹម​បរិភោគ​នំ​ប៉័ង​នោះ​និង​ផឹក​ពី​ពែង​នោះ​ចុះ។ ២៩ ព្រោះ​អ្នកណា​ដែល​ផឹក​និង​បរិភោគ​ដោយ​មិន​ទទួល​ស្គាល់​សារៈសំខាន់​នៃ​រូប​កាយ អ្នក​នោះ​ផឹក​និង​បរិភោគ​នាំ​ឲ្យ​ខ្លួន​ទទួល​ការ​វិនិច្ឆ័យ។ ៣០ ហេតុ​នោះ​ហើយ​បាន​ជា​មាន​អ្នក​ខ្សោយ​និង​អ្នក​ឈឺ​ជា​ច្រើន​នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ជា​ច្រើននាក់​ទៀតបាន​ដេក​លក់​ទៅ​ក្នុង​សេចក្ដី​ស្លាប់។ ៣១ ប៉ុន្តែ​ប្រសិនបើ​យើង​ពិចារណាឲ្យ​ដឹងខ្លួនថាយើង​ជា​មនុស្ស​បែប​ណា នោះ​យើង​នឹង​មិន​ទទួល​ការ​វិនិច្ឆ័យ​ឡើយ។ ៣២ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ទទួល​ការ​វិនិច្ឆ័យ ព្រះ​យេហូវ៉ា​ប្រដៅ​យើង ដើម្បី​កុំ​ឲ្យ​យើង​ទទួល​ការ​ផ្ដន្ទា​ទោស​ជា​មួយ​នឹង​ពិភព​លោក។ ៣៣ ដូច្នេះ បង​ប្អូន​ខ្ញុំ​អើយ នៅ​ពេល​ដែល​អ្នក​រាល់​គ្នា​ជួប​ជុំ​គ្នា​ដើម្បី​បរិភោគ​អាហារ​នេះ ចូរ​ចាំ​គ្នា។ ៣៤ ប្រសិនបើ​មាន​អ្នក​ណា​ឃ្លាន អ្នក​នោះ​ត្រូវ​បរិភោគ​នៅ​ផ្ទះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​វិនិច្ឆ័យ ពេល​ដែល​ជួប​ជុំ​គ្នា។ ប៉ុន្តែ​រឿង​ទាំង​ប៉ុន្មាន​ទៀត ខ្ញុំ​នឹង​ដោះ​ស្រាយ​ពេល​ដែល​ខ្ញុំ​មក។

១២ ឥឡូវ បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ល្ងង់​អំពី​អំណោយ​ផ្សេងៗ​ដែល​សកម្មពល* របស់​ព្រះ​ផ្ដល់​ឲ្យ​ទេ។ ២ អ្នក​រាល់​គ្នា​ដឹង​ថា កាល​ដែល​នៅ​ជា​ជន​ជាតិ​ដទៃ* នៅ​ឡើយ អ្នក​រាល់​គ្នា​បាន​ត្រូវ​គេ​នាំ​ទៅ​ដោយ​វិធី​ផ្សេងៗ​ដើម្បី​គោរព​បូជា​រូប​ព្រះ​ឥត​សំឡេង​ទាំង​នោះ។ ៣ ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ក្រោម​ឥទ្ធិពល​នៃ​សកម្មពល​របស់​ព្រះ គ្មាន​អ្នក​ណា​ពោល​ថា៖ «លោក​យេស៊ូ​ត្រូវ​បណ្ដាសា!»​ទេ ហើយ​បើ​មិន​នៅ​ក្រោម​ឥទ្ធិពល​នៃ​សកម្មពល​បរិសុទ្ធ គ្មាន​អ្នក​ណា​អាច​ពោល​ថា៖ «លោក​យេស៊ូ​ជា​ម្ចាស់»​បាន​ឡើយ។

៤ ឯ​អំណោយ នោះ​ផ្សេងៗ​ពី​គ្នា ប៉ុន្តែ​សកម្មពល​មាន​តែ​មួយ​ទេ ៥ ហើយ​កិច្ច​បម្រើ​មាន​ផ្សេងៗ​ពី​គ្នា ប៉ុន្តែ​មាន​ម្ចាស់​តែ​មួយ​ទេ ៦ ឯ​សកម្មភាព​មាន​ផ្សេងៗពី​គ្នា ប៉ុន្តែ​គឺជា​ព្រះ​តែ​មួយ​ដែល​ធ្វើ​សកម្មភាព​ទាំង​អស់​ក្នុង​មនុស្ស​គ្រប់​គ្នា។ ៧ តែ​សកម្មពល​របស់​ព្រះ​បាន​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​មនុស្ស​ម្នាក់ៗ ដើម្បី​ផ្ដល់​ផល​ប្រយោជន៍។ ៨ ជា​ឧទាហរណ៍ តាម​រយៈ​សកម្មពល​របស់​ព្រះ មនុស្ស​ម្នាក់​ទទួល​អំណោយ​ជា​ការ​និយាយ​ដោយ​ប្រាជ្ញា ហើយ​ដោយ​សារ​សកម្មពល​ដដែល​នោះ ម្នាក់​ទៀត​ទទួល​អំណោយ​ជា​ការ​និយាយ​ដោយ​ចំណេះ ៩ ម្នាក់​ទៀត​មាន​ជំនឿ​ដោយ​សារ​សកម្មពល​ដដែល​នោះ ម្នាក់​ទៀត​ទទួល​អំណោយ​ជា​សមត្ថភាព​ធ្វើ​ឲ្យ​គេ​ជា​សះ​ស្បើយ​ដោយ​សារ​សកម្មពល​តែ​មួយ​នោះ ១០ តែ​ម្នាក់​ទៀត​អាច​ធ្វើ​ការ​ដែល​ប្រកបដោយ​ឫទ្ធានុភាព ម្នាក់​ទៀត​អាច​ប្រកាស​ទំនាយ ម្នាក់​ទៀត​ទទួល​អំណោយ​ជា​សមត្ថភាព​សម្គាល់​បណ្ដាំ* ម្នាក់​ទៀត​និយាយ​ភាសា​ផ្សេងៗ ហើយ​ម្នាក់​ទៀត​អាច​បក​ប្រែ​ភាសា​ផ្សេង។ ១១ ប៉ុន្តែ​សកម្មពល​តែ​មួយ​ធ្វើ​សកម្មភាព​ទាំង​នេះ ដោយ​ចែក​អំណោយ​ឲ្យ​ម្នាក់ៗ តាម​បំណងប្រាថ្នា​របស់​សកម្មពល​នោះ។

១២ ព្រោះ​រូប​កាយ​គឺ​តែ​មួយ តែ​មាន​អវយវៈ​ជា​ច្រើន ហើយ​អវយវៈ​នៃ​រូប​កាយ​នោះ រួម​គ្នា​ជា​រូប​កាយ​តែ​មួយ ទោះ​ជា​មាន​អវយវៈ​ជា​ច្រើន​ក៏​ដោយ។ គ្រិស្ត​ក៏​ដូច្នេះ​ដែរ។ ១៣ ព្រោះ​យើង​ទាំង​អស់​គ្នា​ពិត​ជា​បាន​ទទួល​ការ​ជ្រមុជ​ដើម្បី​ទៅ​ជា​រូប​កាយ​តែ​មួយ​ដោយ​សកម្មពល​តែ​មួយ ទោះ​ជា​ជន​ជាតិ​យូដា ឬ​ជន​ជាតិ​ក្រិច ទោះ​ជា​ខ្ញុំ​បម្រើ ឬ​ជា​អ្នក​មាន​សេរីភាព​ក៏​ដោយ ហើយ​យើង​ទាំង​អស់​គ្នា​បាន​ត្រូវ​ឲ្យ​ផឹក​ពី​សកម្មពល​តែ​មួយ។

១៤ ព្រោះ​រូប​កាយ​មិន​មែន​មាន​អវយវៈ​តែ​មួយ​ទេ តែ​មាន​អវយវៈ​ជា​ច្រើន។ ១៥ ប្រសិនបើ​ជើង​និយាយ​ថា៖ «ខ្ញុំ​មិន​មែន​ជា​ផ្នែក​នៃ​រូប​កាយ​ទេ ព្រោះ​ខ្ញុំ​មិន​មែន​ជា​ដៃ» នេះ​មិន​មាន​ន័យ​ថា​ជើង​មិន​មែន​ជា​ផ្នែក​នៃ​រូប​កាយ​ទេ។ ១៦ ហើយ​ប្រសិនបើ​ត្រចៀក​និយាយ​ថា៖ «ខ្ញុំ​មិន​មែន​ជា​ផ្នែក​នៃ​រូប​កាយ​ទេ ព្រោះ​ខ្ញុំ​មិន​មែន​ជា​ភ្នែក» នេះ​មិន​មាន​ន័យ​ថា​ត្រចៀក​មិន​មែន​ជា​ផ្នែក​នៃ​រូប​កាយ​ទេ។ ១៧ ប្រសិនបើ​រូប​កាយ​ទាំង​មូល​ជា​ភ្នែក តើ​នឹង​ឮ​សំឡេង​តាម​ណា​វិញ? ប្រសិនបើ​រូប​កាយ​ទាំង​មូល​សម្រាប់​ឮ​សំឡេង តើ​នឹង​ដឹង​ក្លិន​តាម​ណា​វិញ? ១៨ ប៉ុន្តែ​ព្រះ​បាន​កំណត់​អវយវៈ​នីមួយៗ​នៅ​លើ​រូប​កាយ តាម​ដែល​លោក​ពេញ​ចិត្ត។

១៩ ប្រសិនបើ​ទាំង​អស់​សុទ្ធតែ​ជា​អវយវៈ​តែ​មួយ តើ​រូប​កាយ​នៅ​ឯ​ណា? ២០ ប៉ុន្តែ​មាន​អវយវៈ​ជា​ច្រើន តែ​រួម​គ្នា​ជា​រូប​កាយ​តែ​មួយ។ ២១ ភ្នែក​មិន​អាច​និយាយ​ទៅ​ដៃ​ថា៖ «ខ្ញុំ​មិន​ត្រូវ​ការ​អ្នក​ទេ» ហើយ​ក្បាល​ក៏​មិន​អាច​និយាយ​ទៅ​ជើង​ថា៖ «ខ្ញុំ​មិន​ត្រូវ​ការ​អ្នក​ទេ»។ ២២ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អវយវៈ​ណា​នៃ​រូប​កាយ​ដែល​មើល​ទៅ​ដូច​ជា​ខ្សោយ​ជាង អវយវៈ​ទាំង​នោះ​គឺ​ចាំ​បាច់ ២៣ ហើយ​ផ្នែក​ណា​នៃ​រូប​កាយ​ដែល​យើង​ចាត់​ទុក​ថា​មិន​សូវ​មាន​កិត្ដិយស ផ្នែក​ទាំង​នោះ​យើង​ធ្វើ​ឲ្យ​មាន​កិត្ដិយស​ជាង​គេ។ ហេតុ​នោះ ផ្នែក​ណា​ដែល​មិន​សម​សួន ផ្នែក​នោះ​មាន​ភាព​សម​សួន​ជាង​គេ ២៤ រីឯ​ផ្នែក​ណា​ដែល​សម​សួន​ហើយ ផ្នែក​នោះ​មិន​ត្រូវ​ការ​អ្វី​សោះ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​បាន​ផ្គុំ​រូប​កាយ ដោយ​ធ្វើ​ឲ្យ​ផ្នែក​ណា​ដែល​ខ្វះ​កិត្ដិយស ទៅ​ជា​មាន​កិត្ដិយស​ជាង​គេ ២៥ ដើម្បី​កុំ​ឲ្យ​រូប​កាយ​មាន​ការ​បែកបាក់​គ្នា តែ​ដើម្បី​ឲ្យ​អវយវៈ​នីមួយៗ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ២៦ ហើយ​ប្រសិនបើ​អវយវៈ​មួយ​រង​ទុក្ខ អវយវៈ​ទាំង​ប៉ុន្មាន​ទៀត​ក៏​រង​ទុក្ខ​ជា​មួយ​ដែរ ឬ​បើ​អវយវៈ​មួយ​ទទួល​កិត្ដិយស អវយវៈ​ទាំង​ប៉ុន្មាន​ទៀត​ក៏​អរ​សប្បាយ​ជា​មួយ​ដែរ។

២៧ ឥឡូវ អ្នក​ទាំង​អស់​គ្នា​រួម​ជា​រូប​កាយ​នៃ​គ្រិស្ត ហើយ​ម្នាក់ៗ​ជា​អវយវៈ។ ២៨ ហើយ​ព្រះ​បាន​កំណត់​សមាជិក​ម្នាក់ៗ​ក្នុង​ក្រុម​ជំនុំ ទី​មួយ ជា​ពួក​សាវ័ក ទី​ពីរ ជា​ពួក​អ្នក​ប្រកាស​ទំនាយ ទី​បី ជា​ពួក​អ្នក​បង្រៀន បន្ទាប់​មក ជា​ពួក​អ្នក​ដែល​ធ្វើ​ការ​ដែល​ប្រកបដោយ​ឫទ្ធានុភាព ជា​បន្ត​បន្ទាប់ មាន​ពួក​អ្នក​ដែល​ទទួល​អំណោយ​ជា​សមត្ថភាព​ធ្វើ​ឲ្យ​គេ​ជា​សះ​ស្បើយ ពួក​អ្នក​ដែល​បំពេញ​កិច្ចការ​ផ្ដល់​ជំនួយ ពួក​អ្នក​ដែល​មាន​សមត្ថភាព​ដឹក​នាំ ពួក​អ្នក​ដែល​អាច​និយាយ​ភាសា​ផ្សេងៗ​។ ២៩ មិន​មែន​ទាំង​អស់​គ្នា​ជា​សាវ័ក​ទេ មែន​ទេ? មិន​មែន​ទាំង​អស់​គ្នា​ជា​អ្នក​ប្រកាស​ទំនាយ​ទេ មែន​ទេ? មិន​មែន​ទាំង​អស់​គ្នា​ជា​អ្នក​បង្រៀន​ទេ មែន​ទេ? មិន​មែន​ទាំង​អស់​គ្នា​ធ្វើ​ការ​ដែល​ប្រកបដោយ​ឫទ្ធានុភាព​ទេ មែន​ទេ? ៣០ មិន​មែន​ទាំង​អស់​គ្នា​បាន​ទទួល​អំណោយ​ជា​សមត្ថភាព​ធ្វើ​ឲ្យ​គេ​ជា​សះ​ស្បើយ​ទេ មែន​ទេ? មិន​មែន​ទាំង​អស់​គ្នា​និយាយ​ភាសា​ផ្សេងៗ​ទេ មែន​ទេ? មិន​មែន​ទាំង​អស់​គ្នា​ជា​អ្នក​បក​ប្រែ​ទេ មែន​ទេ? ៣១ ប៉ុន្តែ​ចូរ​បន្ត​ខំ​ប្រឹង​ឲ្យ​បាន​អំណោយ​ដ៏​ឧត្តម​ជាង។ តែ​ខ្ញុំ​បង្ហាញ​ផ្លូវ​ដ៏​ប្រសើរ​លើស​លប់​ដល់​អ្នក​រាល់​គ្នា។

១៣ ប្រសិនបើ​ខ្ញុំ​និយាយ​ភាសា​មនុស្ស​និង​ភាសា​ទេវតា តែ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​ខ្ញុំ​គឺ​ដូច​ជា​លង់​ហិន​ដែល​លាន់​ឮ​ខ្ទរខ្ទារ ឬ​ឆាប​ដែល​ទង្គិច​គ្នា។ ២ ម្យ៉ាង​ទៀត ប្រសិនបើ​ខ្ញុំ​បាន​អំណោយ​ជា​សមត្ថភាព​ប្រកាស​ទំនាយ ហើយ​ស្គាល់​អាថ៌​កំបាំង​ពិសិដ្ឋ​ទាំង​ឡាយ​និង​ចំណេះ​ទាំង​អស់ ហើយ​បើ​ខ្ញុំ​មាន​ជំនឿ​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ភ្នំ​រើ​ចេញ​បាន តែ​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​ខ្ញុំ​មិន​ជា​អ្វី​សោះ​ឡើយ។ ៣ ប្រសិនបើ​ខ្ញុំ​ឲ្យ​ទ្រព្យ​ទាំង​អស់​របស់​ខ្ញុំ ដើម្បី​ផ្ដល់​អាហារ​ឲ្យ​អ្នក​ដទៃ ហើយ​ប្រសិនបើ​ខ្ញុំ​ប្រគល់​រូប​កាយ​ខ្ញុំ​ជា​គ្រឿង​បូជា​ដើម្បី​ខ្ញុំ​អាច​អួតអាង តែ​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​ខ្ញុំ​មិន​ទទួល​ប្រយោជន៍​អ្វី​សោះ​ឡើយ។

៤ សេចក្ដី​ស្រឡាញ់​មាន​ចិត្ត​ធ្ងន់​ហើយ​ក៏​សប្បុរស។ សេចក្ដី​ស្រឡាញ់​មិន​ចេះ​ច្រណែន* មិន​ចេះ​និយាយ​អួតអាង មិន​ចេះ​ក្រអឺតក្រអោង ៥ មិន​ប្រព្រឹត្ត​ឥត​សមរម្យ មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​ឆាប់​ខឹង។ សេចក្ដី​ស្រឡាញ់​មិន​ចាំ​ទុក​ក្នុង​ចិត្ត​នូវ​អ្វី​ដែល​គេ​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត។ ៦ សេចក្ដី​ស្រឡាញ់​មិន​អរ​សប្បាយ​អំពី​អ្វី​ដែល​មិន​សុចរិត​ឡើយ តែ​អរ​សប្បាយ​អំពី​សេចក្ដី​ពិត។ ៧ សេចក្ដី​ស្រឡាញ់​អត់​ធន់​នឹង​អ្វីៗ​ទាំង​អស់ ជឿ​អ្វីៗ​ទាំង​អស់ សង្ឃឹម​លើ​អ្វីៗ​ទាំង​អស់ ស៊ូ​ទ្រាំ​នឹង​អ្វីៗ​ទាំង​អស់។

៨ សេចក្ដី​ស្រឡាញ់​មិន​ចេះ​សាប​សូន្យ* ឡើយ។ ប៉ុន្តែ​ទោះ​ជា​បាន​ទទួល​អំណោយ​ជា​សមត្ថភាព​ប្រកាស​ទំនាយ និយាយ​ភាសា​ផ្សេងៗ ឬ​ទទួល​ចំណេះ​ក៏​ដោយ ក៏​អ្វីៗ​ទាំង​នោះ​នឹង​ត្រូវ​ធ្វើ​ឲ្យ​សូន្យ​ទៅ។ ៩ ព្រោះ​ចំណេះ​របស់​យើង​គឺ​មិន​ទាន់​សព្វ​គ្រប់ ហើយ​ទំនាយ​ដែល​យើង​ប្រកាស​ក៏​មិន​ទាន់​សព្វ​គ្រប់​ដែរ ១០ ប៉ុន្តែ​កាល​ណា​យើង​មាន​ចំណេះ​សព្វ​គ្រប់ ហើយ​ប្រកាស​ទំនាយ​សព្វ​គ្រប់ នោះ​ចំណេះ​ដែល​មិន​ទាន់​សព្វ​គ្រប់​និង​ទំនាយ​ដែល​មិន​ទាន់​សព្វ​គ្រប់​នឹង​ត្រូវ​ធ្វើ​ឲ្យ​សូន្យ​ទៅ។ ១១ កាល​ដែល​ខ្ញុំ​នៅ​ជា​ទារក ខ្ញុំ​និយាយ​ដូច​ទារក គិត​ដូច​ទារក និង​វែក​ញែក​ដូច​ទារក តែ​ឥឡូវ​ខ្ញុំ​ជា​បុរស​ពេញ​វ័យ ដូច្នេះ​ខ្ញុំ​បាន​បំបាត់​លក្ខណៈ​ដែល​ដូច​ទារក។ ១២ ព្រោះ​នៅ​គ្រា​ឥឡូវ​នេះ យើង​មើល​ឃើញ​ស្រពិលៗ​ដូច​មើល​ក្នុង​ដែក​ឆ្លុះ​មុខ ប៉ុន្តែ​នៅ​ពេល​នោះ​យើង​នឹង​ឃើញ​ច្បាស់។* នៅ​គ្រា​ឥឡូវ​នេះ ខ្ញុំ​មិន​ទាន់​ដឹង​សព្វ​គ្រប់​ទេ ប៉ុន្តែ​នៅ​ពេល​នោះ​ខ្ញុំ​នឹង​ដឹង​ច្បាស់ ដូច​ព្រះ​ស្គាល់​ខ្ញុំ​ច្បាស់​ដែរ។ ១៣ ក៏​ប៉ុន្តែ​ឥឡូវ​នេះ មាន​បី​យ៉ាង​ដែល​នៅ​គង់វង្ស គឺ​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​ស្រឡាញ់ តែ​ក្នុង​ចំណោម​ទាំង​បី​យ៉ាង​នេះ សេចក្ដី​ស្រឡាញ់​គឺ​ឧត្តុង្គឧត្តម​ជាង​គេ។

១៤ ចូរ​ខំ​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់ តែ​បន្ត​ខំ​ប្រឹង​ឲ្យ​បាន​អំណោយ​ពី​សកម្មពល* របស់​ព្រះ​ផង​ដែរ ជា​ពិសេស​អំណោយ​ជា​សមត្ថភាព​ប្រកាស​ទំនាយ។ ២ ព្រោះ​អ្នក​ណា​ដែល​ទទួល​អំណោយ​ជា​ការ​និយាយ​ភាសា​ផ្សេង អ្នក​នោះ​និយាយ​ទៅ​ព្រះ មិន​មែន​និយាយ​ទៅ​មនុស្ស​ទេ ពីព្រោះ​គ្មាន​អ្នក​ណា​ស្ដាប់​បាន ទោះ​ជា​អ្នក​នោះ​និយាយ​អំពី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​ដោយ​សារ​សកម្មពល​របស់​ព្រះ​ក៏​ដោយ។ ៣ ក៏​ប៉ុន្តែ​អ្នក​ដែល​ប្រកាស​ទំនាយ​ពង្រឹង​កម្លាំង​ចិត្ត លើក​ទឹក​ចិត្ត និង​សម្រាល​ទុក្ខ​មនុស្ស​ដោយ​សម្ដី​របស់​គាត់។ ៤ អ្នក​ដែល​និយាយ​ភាសា​ផ្សេង​ពង្រឹង​កម្លាំង​ចិត្ត​ខ្លួន​ឯង តែ​អ្នក​ដែល​ប្រកាស​ទំនាយ​ពង្រឹង​កម្លាំង​ចិត្ត​ក្រុម​ជំនុំ។ ៥ ខ្ញុំ​ចង់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​និយាយ​ភាសា​ផ្សេងៗ តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ប្រកាស​ទំនាយ​ជាង។ អ្នក​ដែល​ប្រកាស​ទំនាយ​គឺ​ឧត្តម​ជាង​អ្នក​ដែល​និយាយ​ភាសា​ផ្សេងៗ ព្រោះ​ប្រសិនបើ​មិន​បក​ប្រែ អ្នក​ដែល​និយាយ​ភាសា​ផ្សេងៗ​មិន​អាច​ពង្រឹង​កម្លាំង​ចិត្ត​ក្រុម​ជំនុំ​បាន​ទេ។ ៦ ក៏​ប៉ុន្តែ បង​ប្អូន​អើយ ប្រសិនបើ​ឥឡូវ​នេះ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា​ដោយ​និយាយ​ភាសា​ផ្សេងៗ តើ​នឹង​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​រាល់​គ្នា ប្រសិនបើ​ខ្ញុំ​មិន​និយាយ​ទៅ​អ្នក​រាល់​គ្នា​ដោយ​ការ​បើក​បង្ហាញ ដោយ​ចំណេះ ដោយ​ទំនាយ ឬ​ដោយ​សេចក្ដី​បង្រៀន​នោះ?

៧ ដូច​គ្នា​ដែរ របស់​គ្មាន​ជីវិត​ចេះ​បញ្ចេញ​សូរ​សំឡេង ទោះ​ជា​ខ្លុយ​ឬ​ពិណ​ក៏​ដោយ។ ប៉ុន្តែ​ប្រសិនបើ​គេ​មិន​ប្ដូរ​សូរ​ឲ្យ​ខ្ពស់​ទាប តើ​អាច​ដឹង​ដោយ​ដូច​ម្ដេច​ថា គេ​កំពុង​ផ្លុំ​ខ្លុយ​ឬ​ដេញ​ពិណ​បទ​អ្វី? ៨ ព្រោះ​ប្រសិនបើ​ត្រែ​បញ្ចេញ​សូរ​សំឡេង​ឥត​ច្បាស់ តើ​អ្នក​ណា​នឹង​ត្រៀម​ខ្លួន​ទៅ​ច្បាំង? ៩ ដូច​គ្នា​ដែរ ប្រសិនបើ​អ្នក​រាល់​គ្នា​មិន​និយាយ​សម្ដី​ដែល​គេ​ស្រួល​យល់ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ដឹង​ថា​អ្នក​រាល់​គ្នា​កំពុង​និយាយ​អ្វី? នោះ​មាន​ន័យ​ថា​អ្នក​រាល់​គ្នា​កំពុង​និយាយ​ឥត​ប្រយោជន៍។ ១០ ប្រហែលជា​មាន​សូរ​ស័ព្ទ​ជា​ច្រើន​ក្នុង​ពិភព​លោក តែ​សូរ​ស័ព្ទ​ទាំង​អស់​សុទ្ធតែ​មាន​អត្ថន័យ។ ១១ ដូច្នេះ ប្រសិនបើ​ខ្ញុំ​មិន​យល់​អត្ថន័យ​នៃ​សូរ​ស័ព្ទ​នោះ អ្នក​ដែល​និយាយ​នឹង​ចាត់​ទុក​ខ្ញុំ​ជា​ជន​បរទេស ហើយ​ខ្ញុំ​នឹង​ចាត់​ទុក​អ្នក​ដែល​និយាយ​ជា​ជន​បរទេស។ ១២ អ្នក​រាល់​គ្នា​ក៏​ដូច្នេះ​ដែរ។ ដោយ​សារ​អ្នក​រាល់​គ្នា​ប៉ង​ប្រាថ្នា​យ៉ាង​ខ្លាំង​ឲ្យ​បាន​អំណោយ​ពី​សកម្មពល​របស់​ព្រះ ចូរ​ខំ​ឲ្យ​បាន​អំណោយ​ជា​បរិបូរ​ដើម្បី​ពង្រឹង​កម្លាំង​ចិត្ត​ក្រុម​ជំនុំ។

១៣ ម្ល៉ោះ​ហើយ ចូរ​ឲ្យ​អ្នក​ដែល​និយាយ​ភាសា​ផ្សេង អធិដ្ឋាន​សុំ​ឲ្យ​មាន​សមត្ថភាព​បក​ប្រែ។ ១៤ ព្រោះ​បើ​ខ្ញុំ​អធិដ្ឋាន​ដោយ​និយាយ​ភាសា​ផ្សេង ខ្ញុំ​អធិដ្ឋាន​ដោយ​សារ​អំណោយ​នៃ​សកម្មពល​របស់​ព្រះ ប៉ុន្តែ​ក្នុង​គំនិត ខ្ញុំ​មិន​យល់​ទេ។ ១៥ ចុះ​តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា? ខ្ញុំ​នឹង​អធិដ្ឋាន​ដោយ​អំណោយ​នៃ​សកម្មពល​របស់​ព្រះ តែ​ខ្ញុំ​ក៏​នឹង​អធិដ្ឋាន​ដោយ​គំនិត​របស់​ខ្ញុំ​ដែរ។ ខ្ញុំ​នឹង​ច្រៀង​ចម្រៀង​សរសើរ​តម្កើង​ដោយ​សកម្មពល​របស់​ព្រះ តែ​ខ្ញុំ​ក៏​នឹង​ច្រៀង​ដោយ​គំនិត​របស់​ខ្ញុំ​ដែរ។ ១៦ បើ​មិន​ដូច្នេះ ពេល​ដែល​អ្នក​សរសើរ​ព្រះ​ដោយ​អំណោយ​នៃ​សកម្មពល​របស់​លោក តើ​មនុស្ស​ធម្មតា​អាច​និយាយ​ថា​«អា​មេន»​ដូច​ម្ដេច​បាន ពេល​ដែល​អ្នក​អរគុណ​ព្រះ? ពីព្រោះ​អ្នក​នោះ​មិន​ដឹង​ថា​អ្នក​កំពុង​និយាយ​អ្វី​ទេ។ ១៧ ពិត​មែន​តែ​អ្នក​អរគុណ​ព្រះ​យ៉ាង​ល្អ ប៉ុន្តែ​មនុស្ស​ម្នាក់​ទៀត​មិន​ទទួល​ការ​លើក​ទឹក​ចិត្ត​ទេ។ ១៨ ខ្ញុំ​សូម​អរគុណ​ព្រះ ដោយ​សារ​ខ្ញុំ​និយាយ​ភាសា​ច្រើន​ជាង​អ្នក​ទាំង​អស់​គ្នា។ ១៩ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ក្នុង​ក្រុម​ជំនុំ ខ្ញុំ​សុខ​ចិត្ត​និយាយ​ប្រាំ​ម៉ាត់​ដោយ​គំនិត​របស់​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​បង្រៀន​អ្នក​ឯ​ទៀត ជា​ជាង​និយាយ​ភាសា​ផ្សេង​មួយ​ម៉ឺន​ម៉ាត់។

២០ បង​ប្អូន​អើយ កុំ​ទៅ​ជា​អ្នក​ដែល​មាន​សមត្ថភាព​យល់​ដឹង​ដូច​កូន​ក្មេង ប៉ុន្តែ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​ទារក​ចំពោះ​សេចក្ដី​អាក្រក់ តែ​ចំពោះ​សមត្ថភាព​យល់​ដឹង ត្រូវ​ធ្វើ​ជា​មនុស្ស​ពេញ​វ័យ​វិញ។ ២១ ច្បាប់​ចែង​ថា៖ «ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា៖ ‹ខ្ញុំ​នឹង​និយាយ​ទៅ​កាន់​បណ្ដា​ជន​នេះ ដោយ​អណ្ដាត​របស់​ជន​បរទេស និង​ដោយ​បបូរ​មាត់​របស់​ជន​ចម្លែក ហើយ​សូម្បី​តែ​ពេល​នោះ​ក៏​ដោយ ក៏​ពួក​គេ​នឹង​មិន​ស្ដាប់​តាម​ខ្ញុំ​ដែរ›»។ ២២ ដូច្នេះ អំណោយ​ជា​ការ​និយាយ​ភាសា​ផ្សេងៗ​ជា​សញ្ញា​សម្គាល់​សម្រាប់​អ្នក​មិន​ជឿ មិន​មែន​សម្រាប់​អ្នក​ជឿ​ទេ រីឯ​ការ​ប្រកាស​ទំនាយ នោះ​គឺ​សម្រាប់​អ្នក​ជឿ មិន​មែន​សម្រាប់​អ្នក​មិន​ជឿ​ឡើយ។ ២៣ ម្ល៉ោះ​ហើយ ប្រសិនបើ​ក្រុម​ជំនុំ​ទាំង​មូល​ជួប​ជុំ​គ្នា​នៅ​កន្លែង​មួយ ហើយ​ទាំង​អស់​គ្នា​និយាយ​ភាសា​ផ្សេងៗ រួច​មាន​មនុស្ស​ធម្មតា​ឬ​អ្នក​មិន​ជឿ​ចូល​មក ពួក​គេ​នឹង​និយាយ​ថា​អ្នក​រាល់​គ្នា​ឆ្កួត​ហើយ មែន​ទេ? ២៤ ក៏​ប៉ុន្តែ​ប្រសិនបើ​អ្នក​រាល់​គ្នា​កំពុង​ប្រកាស​ទំនាយ ហើយ​អ្នក​មិន​ជឿ​ឬ​មនុស្ស​ធម្មតា​ម្នាក់​ចូល​មក សម្ដី​របស់​អ្នក​រាល់​គ្នា​ប្រដៅ​តម្រង់​អ្នក​នោះ ហើយ​ក៏​ជំរុញ​ឲ្យ​គាត់​គិត​ពិចារណា​ឲ្យ​បាន​ដិត​ដល់​អំពី​ខ្លួន​ឯង ២៥ រឿង​សម្ងាត់​ក្នុង​ចិត្ត​គាត់​នឹង​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ រួច​គាត់​នឹង​ក្រាប​ក្បាល​គោរព​ព្រះ ដោយ​ប្រកាស​ថា៖ «ព្រះ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន»។

២៦ បង​ប្អូន​អើយ បើ​ដូច្នេះ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​វិញ? ពេល​ដែល​អ្នក​រាល់​គ្នា​ជួប​ជុំ​គ្នា ម្នាក់​មាន​ទំនុក​តម្កើង ម្នាក់​បង្រៀន ម្នាក់​រៀប​រាប់​ពី​ការ​បើក​បង្ហាញ ម្នាក់​និយាយ​ភាសា​ផ្សេង ម្នាក់​ទៀត​បក​ប្រែ។ ចូរ​ធ្វើ​អ្វីៗ​ទាំង​អស់​ដើម្បី​ពង្រឹង​កម្លាំង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ២៧ ម្យ៉ាង​ទៀត បើ​មាន​អ្នក​ណា​និយាយ​ភាសា​ផ្សេង ត្រូវ​មាន​តែ​ពីរ​នាក់​ប៉ុណ្ណោះ ឬ​ច្រើន​បំផុត​បី​នាក់ ហើយ​ពួក​គាត់​ត្រូវ​ប្ដូរ​វេន​គ្នា។ ត្រូវ​មាន​អ្នក​បក​ប្រែ​ដែរ។ ២៨ ប៉ុន្តែ​ប្រសិនបើ​គ្មាន​អ្នក​បក​ប្រែ ចូរ​ឲ្យ​ពួក​គាត់​នៅ​ស្ងៀម​ក្នុង​ក្រុម​ជំនុំ ហើយ​និយាយ​ម្នាក់​ឯង និង​និយាយ​ទៅ​ព្រះ។ ២៩ ម្យ៉ាង​ទៀត ចូរ​ឲ្យ​អ្នក​ប្រកាស​ទំនាយ​ពីរ​ឬ​បី​នាក់​និយាយ ហើយ​អ្នក​ឯ​ទៀត​ត្រូវ​ពិចារណា​ឲ្យ​យល់​អត្ថន័យ។ ៣០ ប៉ុន្តែ​ប្រសិនបើ​ម្នាក់​ទៀត​ទទួល​ការ​បើក​បង្ហាញ​កាល​ដែល​កំពុង​អង្គុយ​នៅ​ទី​នោះ ចូរ​ឲ្យ​អ្នក​ដែល​កំពុង​និយាយ​នៅ​ស្ងៀម​វិញ។ ៣១ ព្រោះ​អ្នក​ទាំង​អស់​គ្នា​អាច​ប្រកាស​ទំនាយ ម្នាក់​ម្ដងៗ ដើម្បី​ឲ្យ​ទាំង​អស់​គ្នា​អាច​រៀន​បាន​និង​ទទួល​ការ​លើក​ទឹក​ចិត្ត។ ៣២ ពួក​អ្នក​ប្រកាស​ទំនាយ​ត្រូវ​តែ​គ្រប់​គ្រង​អំណោយ​ដែល​ពួក​គាត់​បាន​ទទួល​ពី​សកម្មពល​របស់​ព្រះ។ ៣៣ ព្រោះ​ព្រះ​មិន​មែន​ជា​ព្រះ​នៃ​ការ​ខ្វះ​សណ្ដាប់​ធ្នាប់​ទេ តែ​ជា​ព្រះ​នៃ​សេចក្ដី​សុខសាន្ត។

ដូច​ក្នុង​ក្រុម​ជំនុំ​ទាំង​អស់​របស់​ពួក​អ្នក​បរិសុទ្ធ ៣៤ ចូរ​ឲ្យ​ពួក​ស្ត្រី​នៅ​ស្ងៀម​ក្នុង​ក្រុម​ជំនុំ ព្រោះ​ពួក​គាត់​គ្មាន​ច្បាប់​និយាយ​ឡើយ តែ​ពួក​គាត់​ត្រូវ​ចេះ​ចុះ​ចូល ដូច​ចែង​ក្នុង​ច្បាប់។ ៣៥ ប្រសិនបើ​ពួក​គាត់​ចង់​រៀន​អ្វី​មួយ ចូរ​ឲ្យ​ពួក​គាត់​សួរ​ប្ដី​ពេល​នៅ​ផ្ទះ​វិញ ព្រោះ​បើ​ស្ត្រី​និយាយ​ទៅ​ក្រុម​ជំនុំ នោះ​ជា​រឿង​អាប់​ឱន​កិត្ដិយស។

៣៦ ចុះ​តើ​ប្រសាសន៍​របស់​ព្រះ​បាន​ផ្ដើម​ចេញ​ពី​អ្នក​រាល់​គ្នា​ឬ? ឬ​ក៏​ប្រសាសន៍​របស់​ព្រះ​បាន​ឮ​ដល់​អ្នក​រាល់​គ្នា​តែ​ប៉ុណ្ណោះ?

៣៧ ប្រសិនបើ​មាន​អ្នក​ណា​គិត​ថា​ខ្លួន​ជា​អ្នក​ប្រកាស​ទំនាយ ឬ​បាន​ទទួល​អំណោយ​នៃ​សកម្មពល​របស់​ព្រះ ចូរ​ឲ្យ​អ្នក​នោះ​ទទួល​ស្គាល់​អ្វី​ដែល​ខ្ញុំ​បាន​សរសេរ​មកអ្នក​រាល់​គ្នា ពីព្រោះ​សេចក្ដី​នោះ​ជា​បញ្ញត្ដិ​របស់​លោក​ម្ចាស់។ ៣៨ ប៉ុន្តែ​បើ​មាន​អ្នកណា​ល្ងង់ ចូរ​ឲ្យ​អ្នក​នោះ​នៅ​ល្ងង់​ចុះ។ ៣៩ ដូច្នេះ បង​ប្អូន​អើយ ចូរ​បន្ត​ខំ​ឲ្យ​បាន​អំណោយ​ជា​ការ​ប្រកាស​ទំនាយ តែ​ត្រូវ​អនុញ្ញាត​ឲ្យ​និយាយ​ភាសា​ផ្សេងៗ​ដែរ។ ៤០ ប៉ុន្តែ​ចូរ​ឲ្យ​អ្វីៗ​ទាំង​អស់​ប្រព្រឹត្ត​ទៅ​យ៉ាង​ត្រឹម​ត្រូវ និង​ដោយ​របៀប​រៀប​រយ។

១៥ ឥឡូវ បង​ប្អូន​អើយ ខ្ញុំ​ចង់​រំលឹក​អំពី​ដំណឹង​ល្អ​ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​ដល់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​ព្រម​ទទួល ហើយ​កំពុង​កាន់​តាម​នៅ​ឡើយ។ ២ អ្នក​រាល់​គ្នា​កំពុង​ទទួល​សេចក្ដី​សង្គ្រោះ​តាម​រយៈ​ដំណឹង​ល្អ​ដែល​បាន​ឮ​ពី​ខ្ញុំ ប្រសិនបើ​នៅ​ប្រកាន់​ខ្ជាប់​តាម។ បើ​មិន​ដូច្នេះ អ្នក​រាល់​គ្នា​បាន​ជឿ​ជា​ឥត​ប្រយោជន៍។

៣ ព្រោះ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​នូវ​សេចក្ដី​ដ៏​សំខាន់​បំផុត ជា​សេចក្ដី​ដែល​ខ្ញុំ​ក៏​បាន​ទទួល​ដែរ គឺថា គ្រិស្ត​បាន​ទទួល​មរណភាព​ដើម្បី​លោះ​យើង​ពី​ភាព​ខុស​ឆ្គង* ស្រប​ទៅ​តាម​បទ​គម្ពីរ ៤ ហើយ​ថា​លោក​ត្រូវ​គេ​បញ្ចុះ រួច​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី ស្រប​ទៅ​តាម​បទ​គម្ពីរ ៥ ហើយ​ថា​លោក​បាន​លេច​មក​ជួប​កេផាស រួច​សាវ័ក​ទាំង​ដប់​ពីរ​នាក់។ ៦ បន្ទាប់​មក លោក​លេច​មក​ជួប​បង​ប្អូន​ជាង​ប្រាំ​រយ​នាក់​នៅ​ពេល​តែ​មួយ។ បង​ប្អូន​ភាគ​ច្រើន​ពី​ចំណោម​បង​ប្អូន​ទាំង​នោះ នៅ​រស់​រហូត​ដល់​សព្វ​ថ្ងៃ​នេះ តែ​ពួក​គាត់​ខ្លះ​បាន​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​ហើយ។ ៧ ក្រោយ​មក​ទៀត លោក​លេច​មក​ជួប​យ៉ាកុប រួច​សាវ័ក​ទាំង​អស់ ៨ តែ​ក្រោយ​បង្អស់ លោក​លេច​មក​ជួប​ខ្ញុំ ដែល​ប្រៀប​ដូច​ជា​កូន​កើត​មុន​ពេល​កំណត់។

៩ ព្រោះ​ក្នុង​ចំណោម​ពួក​សាវ័ក ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ ក៏​មិន​សម​នឹង​ហៅ​ថា​សាវ័ក​ដែរ ពីព្រោះ​ខ្ញុំ​បាន​បៀតបៀន​ក្រុម​ជំនុំ​របស់​ព្រះ។ ១០ ប៉ុន្តែ​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ ខ្ញុំ​មាន​មុខ​ងារ​នេះ។ ហើយ​គុណ​ដ៏​វិសេស​លើស​លប់​ដែល​លោក​មាន​ចំពោះ​ខ្ញុំ មិន​បាន​ទៅ​ជា​អសារ​ឥត​ការ​ទេ ព្រោះ​ខ្ញុំ​បាន​ធ្វើ​ការ​នឿយ​ហត់​ជាង​ពួក​គាត់​ទាំង​អស់​ក្នុង​កិច្ច​បម្រើ។ ក៏​ប៉ុន្តែ​មិន​មែន​ខ្ញុំ​ទេ តែ​ជា​គុណ​ដ៏​វិសេស​លើស​លប់​ដែល​ព្រះ​មាន​ចំពោះ​ខ្ញុំ។ ១១ ប៉ុន្តែ​ទោះ​ជា​ខ្ញុំ​ឬ​ពួក​គាត់​ក៏​ដោយ យើង​បាន​ផ្សព្វ​ផ្សាយ​តាម​របៀប​នេះ ដូច្នេះ​អ្នក​រាល់​គ្នា​បាន​ជឿ។

១២ ឥឡូវ ប្រសិនបើ​យើង​កំពុង​ផ្សព្វ​ផ្សាយ​ថា​គ្រិស្ត​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ខ្លះ​និយាយ​ថា​មនុស្ស​ស្លាប់​នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ? ១៣ ប្រសិនបើ​មនុស្ស​ស្លាប់​នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មែន នោះ​គ្រិស្ត​ក៏​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែរ។ ១៤ ប៉ុន្តែ​ប្រសិនបើ​គ្រិស្ត​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នោះ​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​គ្មាន​ប្រយោជន៍​សោះ ហើយ​ជំនឿ​របស់​យើង​ក៏​គ្មាន​ប្រយោជន៍​ដែរ។ ១៥ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​បាន​ធ្វើ​ជា​សាក្សី​ក្លែង​ក្លាយ​អំពី​ព្រះ​ដែរ ពីព្រោះ​យើង​បាន​ផ្ដល់​សក្ខីភាព​មិន​ពិត​អំពី​ព្រះ​ថា លោក​បាន​ប្រោស​គ្រិស្ត​ឲ្យ​រស់​ឡើង​វិញ ប៉ុន្តែ​លោក​មិន​បាន​ប្រោស​គ្រិស្ត​ឲ្យ​រស់​ឡើង​វិញ​ទេ ប្រសិនបើ​មនុស្ស​ស្លាប់​នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ១៦ ព្រោះ​ប្រសិនបើ​មនុស្ស​ស្លាប់​នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ គ្រិស្ត​ក៏​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែរ។ ១៧ ម្យ៉ាង​ទៀត ប្រសិនបើ​គ្រិស្ត​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ជំនឿ​របស់​អ្នក​រាល់​គ្នា​គឺ​ឥត​ប្រយោជន៍​ទទេ ហើយ​ការ​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា​មិន​បាន​ត្រូវ​អភ័យទោស​ឲ្យ​ឡើយ។ ១៨ ឯ​ពួក​អ្នក​ដែល​បាន​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​ក្នុង​គ្រិស្ត​បាន​វិនាស​សាប​សូន្យ​ដែរ។ ១៩ ប្រសិនបើ​យើង​បាន​សង្ឃឹម​លើ​គ្រិស្ត​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ យើង​ជា​មនុស្ស​គួរ​ឲ្យ​អាណិត​ជាង​គេ។

២០ ក៏​ប៉ុន្តែ​គ្រិស្ត​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​មែន ជា​ផល​ដំបូង​ពី​ចំណោម​ពួក​អ្នក​ដែល​បាន​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់។ ២១ ព្រោះ​សេចក្ដី​ស្លាប់​គឺ​តាម​រយៈ​បុរស​ម្នាក់ ដូច្នេះ ការ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ក៏​តាម​រយៈ​បុរស​ម្នាក់​ដែរ។ ២២ ព្រោះ​ដូច​ទាំង​អស់​គ្នា​កំពុង​ស្លាប់​ក្នុង​អាដាម នោះ​ទាំង​អស់​គ្នា​នឹង​ត្រូវ​ធ្វើ​ឲ្យ​មាន​ជីវិត​ឡើង​វិញ​ក្នុង​គ្រិស្ត។ ២៣ ប៉ុន្តែ​ម្នាក់ៗ​ត្រូវ​ធ្វើ​ឲ្យ​មាន​ជីវិត​ឡើង​វិញ តាម​លំដាប់​របស់​ខ្លួន​គឺ គ្រិស្ត​ជា​ផល​ដំបូង បន្ទាប់​មក ក្នុង​អំឡុង​វត្តមាន​របស់​គ្រិស្ត ពួក​អ្នក​ដែល​ជា​របស់​លោក​នឹង​ត្រូវ​ធ្វើ​ឲ្យ​មាន​ជីវិត​ឡើង​វិញ។ ២៤ បន្ទាប់​ពី​នោះ គឺជា​ទី​បញ្ចប់ ពេល​ដែល​លោក​ប្រគល់​រាជាណាចក្រ​ជូន​ព្រះ​ជា​បិតា​របស់​លោក ក្រោយ​ពី​លោក​បាន​បំផ្លាញ​ការ​គ្រប់​គ្រង អំណាច និង​ឫទ្ធានុភាព​ទាំង​អស់​ឲ្យ​សាប​សូន្យ។ ២៥ ព្រោះ​លោក​ត្រូវ​គ្រប់​គ្រង​ជា​ស្តេច រហូត​ដល់​ព្រះ​ដាក់​សត្រូវ​ទាំង​អស់​នៅ​ក្រោម​បាត​ជើង​លោក។ ២៦ សត្រូវ​ចុង​ក្រោយ​ដែល​នឹង​ត្រូវ​បំផ្លាញ​ឲ្យ​សាប​សូន្យ​គឺ​សេចក្ដី​ស្លាប់។ ២៧ ព្រោះ​ព្រះ​បាន​«ដាក់​អ្វីៗ​ទាំង​អស់​ឲ្យ​ចុះ​ចូល​នៅ​ក្រោម​បាត​ជើង​របស់​លោក»។ ប៉ុន្តែ​ពេល​ដែល​គាត់​ចែង​ថា​‹អ្វីៗ​ទាំង​អស់​បាន​ត្រូវ​ធ្វើ​ឲ្យ​ចុះ​ចូល› គឺ​ជាក់​ស្តែង​ហើយ​ថា នេះ​មិន​រួម​បញ្ចូល​ព្រះ​ដែល​បាន​ធ្វើ​ឲ្យ​អ្វីៗ​ទាំង​អស់​ចុះ​ចូល​ចំពោះ​លោក​ទេ។ ២៨ ប៉ុន្តែ​ក្រោយ​ពី​ព្រះ​បាន​ធ្វើ​ឲ្យ​អ្វីៗ​ទាំង​អស់​ចុះ​ចូល​ចំពោះ​បុត្រ​របស់​លោក បុត្រ​នោះ​នឹង​ចុះ​ចូល​ចំពោះ​ព្រះ​ដែល​បាន​ធ្វើ​ឲ្យ​អ្វីៗ​ទាំង​អស់​ចុះ​ចូល​ចំពោះ​បុត្រ​នោះ ដើម្បី​ឲ្យ​ព្រះ​ធ្វើ​ជា​អ្វីៗ​ទាំង​អស់​ដល់​មនុស្ស​ទាំង​អស់។

២៩ ពុំ​នោះ តើ​ពួក​គេ​បាន​ប្រយោជន៍​អ្វី​ដោយ​ទទួល​ការ​ជ្រមុជ​ដើម្បី​ទៅ​ជា​មនុស្ស​ស្លាប់? ប្រសិនបើ​មនុស្ស​ស្លាប់​នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​សោះ ហេតុ​អ្វី​ពួក​គេ​ទទួល​ការ​ជ្រមុជ​ដើម្បី​ទៅ​ជា​មនុស្ស​ស្លាប់? ៣០ ហេតុ​អ្វី​ក៏​យើង​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​គ្រប់​ពេល​វេលា​ដូច្នេះ? ៣១ បង​ប្អូន​អើយ ការ​ដែល​ខ្ញុំ​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ នោះ​ជា​រឿង​ពិត​ដូច​អំណរ​ដែល​ខ្ញុំ​មាន​ក្នុង​គ្រិស្ត​យេស៊ូ​ជា​ម្ចាស់​របស់​យើង ដោយ​សារ​អ្នក​រាល់​គ្នា។ ៣២ ប្រសិនបើ​ខ្ញុំ​បាន​តយុទ្ធ​ជា​មួយ​នឹង​សត្វ​សាហាវ​នៅ​ក្រុង​អេភេសូរ ដូច​អ្នក​ឯ​ទៀត តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ? ប្រសិនបើ​មនុស្ស​ស្លាប់​នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ «ចូរ​ឲ្យ​យើង​ស៊ី​ផឹក​ទៅ ព្រោះ​ស្អែក​យើង​ត្រូវ​ស្លាប់»។ ៣៣ កុំ​ឲ្យ​អ្នក​ណា​បំភាន់​អ្នក​ឡើយ។ ការ​សេពគប់​អាក្រក់​បង្ខូច​ការ​ប្រព្រឹត្ត​ល្អ។ ៣៤ ចូរ​ភ្ញាក់​ខ្លួន​ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត ហើយ​កុំ​ប្រព្រឹត្ត​ខុស​ឡើយ ព្រោះ​មាន​អ្នក​ខ្លះ​គ្មាន​ចំណេះ​អំពី​ព្រះ។ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​អៀន​ខ្មាស។

៣៥ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គេ​នឹង​និយាយ​ថា៖ «តើ​មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​យ៉ាង​ដូច​ម្ដេច? តើ​ពួក​គេ​នឹង​មាន​រូប​កាយ​បែប​ណា?»។ ៣៦ មនុស្ស​ឥត​វិចារណញ្ញាណ! អ្វី​ដែល​អ្នក​សាប​ព្រោះ​មាន​ជីវិត​ឡើង​វិញ លុះ​ត្រា​តែ​វា​ងាប់​សិន ៣៧ ហើយ​អ្វី​ដែល​អ្នក​សាប​ព្រោះ នោះ​មិន​មាន​រូបរាង​ដូច​ដើម​ដែល​នឹង​ដុះ​នោះ​ទេ តែ​ជា​គ្រាប់​ទទេ ប្រហែលជា​គ្រាប់​ស្រូវ​សាលី​ឬ​គ្រាប់​ពូជ​ផ្សេង​ទៀត ៣៨ ប៉ុន្តែ​ព្រះ​ធ្វើ​ឲ្យ​មាន​រូបរាង​តាម​ដែល​លោក​ពេញ​ចិត្ត ក៏​ឲ្យ​រូបរាង​ដល់​គ្រាប់​នីមួយៗ​តាម​ពូជ​វា។ ៣៩ សាច់​ទាំង​អស់​មិន​មែន​ដូច​គ្នា​ទេ តែ​មនុស្ស​ជាតិ​មាន​សាច់​ម្យ៉ាង សត្វ​ស្រុក​មាន​សាច់​ម្យ៉ាង​ទៀត សត្វ​ស្លាប​មាន​សាច់​ម្យ៉ាង ហើយ​ត្រី​មាន​សាច់​ម្យ៉ាង​ទៀត។ ៤០ ហើយ​មាន​រូប​កាយ​សម្រាប់​ស្ថាន​សួគ៌ និង​មាន​រូប​កាយ​សម្រាប់​ផែនដី តែ​សិរី​រុងរឿង​របស់​រូប​កាយ​សម្រាប់​ស្ថាន​សួគ៌​គឺ​ម្យ៉ាង ហើយ​សិរី​រុងរឿង​របស់​រូប​កាយ​សម្រាប់​ផែនដី​គឺ​ម្យ៉ាង​ទៀត។ ៤១ រស្មី​រុងរឿង​របស់​ថ្ងៃ​គឺ​ម្យ៉ាង ឯ​រស្មី​រុងរឿង​របស់​ខែ​គឺ​ម្យ៉ាង​ទៀត ហើយ​រស្មី​រុងរឿង​របស់​ផ្កាយ​គឺ​ម្យ៉ាង​ទៀត តាម​ពិត​ផ្កាយ​នានា​មាន​រស្មី​រុងរឿង​ផ្សេងៗ​ពី​គ្នា។

៤២ ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ក៏​ដូច្នេះ​ដែរ។ រូប​កាយ​ដែល​បាន​ត្រូវ​សាប​ព្រោះ​អាច​ខូច​ទៅ តែ​រូប​កាយ​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មិន​អាច​ខូច​ទៅ​បាន​ទេ។ ៤៣ រូប​កាយ​បាន​ត្រូវ​សាប​ព្រោះ​ដោយ​អាប់​ឱន​កិត្ដិយស តែ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដោយ​មាន​សិរី​រុងរឿង។ រូប​កាយ​បាន​ត្រូវ​សាប​ព្រោះ​ដោយ​មាន​ភាព​ទន់​ខ្សោយ តែ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដោយ​មាន​ឫទ្ធានុភាព។ ៤៤ រូប​កាយ​បាន​ត្រូវ​សាប​ព្រោះ​ជា​សាច់​ឈាម តែ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​វិញ្ញាណ។* ប្រសិនបើ​មាន​រូប​កាយ​សាច់​ឈាម ក៏​មាន​រូប​កាយ​វិញ្ញាណ​ដែរ។ ៤៥ បទ​គម្ពីរ​ចែង​ដូច្នេះ​ថា៖ «អាដាម បុរស​ទី​មួយ​បាន​ទៅ​ជា​ព្រលឹង* មាន​ជីវិត»។ ឯ​អាដាម​ចុង​ក្រោយ​បាន​ទៅ​ជា​វិញ្ញាណ​ដែល​ផ្ដល់​ជីវិត។ ៤៦ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ រូប​កាយ​ដំបូង​មិន​មែន​ជា​វិញ្ញាណ​ទេ តែ​ជា​សាច់​ឈាម ប៉ុន្តែ​ក្រោយ​មក​មាន​រូប​កាយ​ជា​វិញ្ញាណ។ ៤៧ បុរស​ទី​មួយ​មក​ពី​ផែនដី ហើយ​បាន​ត្រូវ​ធ្វើ​ពី​ធូលី​ដី ឯ​បុរស​ទី​ពីរ​មក​ពី​ស្ថាន​សួគ៌។ ៤៨ បុរស​ដែល​បាន​ត្រូវ​ធ្វើ​ពី​ធូលី​ដី​មាន​លក្ខណៈ​យ៉ាង​ណា ពួក​អ្នក​ដែល​បាន​ត្រូវ​ធ្វើ​ពី​ធូលី​ដី​ក៏​មាន​លក្ខណៈ​យ៉ាង​នោះ​ដែរ ហើយ​បុរស​ដែល​បាន​ទៅ​ស្ថាន​សួគ៌​មាន​លក្ខណៈ​យ៉ាង​ណា ពួក​អ្នក​ដែល​នៅ​ស្ថាន​សួគ៌​ក៏​មាន​លក្ខណៈ​យ៉ាង​នោះ​ដែរ។ ៤៩ ហើយ​ដូច​យើង​មាន​រូប​ដូច​រូប​របស់​អ្នក​ដែល​បាន​ត្រូវ​ធ្វើ​ពី​ធូលី​ដី នោះ​យើង​ក៏​នឹង​មាន​រូប​ដូច​រូប​របស់​អ្នក​ដែល​បាន​មក​ពី​ស្ថាន​សួគ៌​ដែរ។

៥០ ក៏​ប៉ុន្តែ​ខ្ញុំ​សូម​ប្រាប់​បង​ប្អូន​ថា មនុស្ស​ដែល​មាន​រូប​កាយ​ជា​សាច់​ឈាម​មិន​អាច​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក​ឡើយ ហើយ​អ្វី​ដែល​អាច​ខូច​ទៅ មិន​អាច​ទទួល​អ្វី​ដែល​មិន​អាច​ខូច​ជា​មត៌ក​បាន​ទេ។ ៥១ មើល! ខ្ញុំ​ប្រាប់​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​មួយ​ដល់​អ្នក​រាល់​គ្នា៖ មិន​មែន​យើង​ទាំង​អស់​គ្នា​នឹង​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​ទេ តែ​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ផ្លាស់​ប្រែ ៥២ ក្នុង​មួយ​រំពេច គឺក្នុង​មួយប៉ប្រិចភ្នែក ក្នុង​អំឡុង​ពេល​ដែល​ត្រែ​ចុង​ក្រោយ​បន្លឺ​ឡើង។ ព្រោះ​ត្រែ​នឹង​បន្លឺ​ឡើង រួច​មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដោយ​មិន​អាច​ខូច​បាន​ឡើយ ហើយ​យើង​នឹង​ត្រូវ​ផ្លាស់​ប្រែ។ ៥៣ ព្រោះ​អ្នក​ដែល​អាច​ខូច​រលួយ​ត្រូវ​ទៅ​ជា​អ្នក​ដែល​មិន​អាច​ខូច​រលួយ ហើយ​អ្នក​ដែល​អាច​ស្លាប់​ត្រូវ​ទៅ​ជា​អមតៈ។ ៥៤ ប៉ុន្តែ​ពេល​អ្នក​ដែល​អាច​ខូច​រលួយ ទៅ​ជា​អ្នក​ដែល​មិន​អាច​ខូច​រលួយ ហើយ​អ្នកដែល​អាច​ស្លាប់ ទៅ​ជា​អមតៈ នោះ​អ្វី​ដែល​បទ​គម្ពីរ​ចែង​នឹង​បាន​សម្រេច គឺថា៖ «សេចក្ដី​ស្លាប់​បាន​ត្រូវ​លេប​បាត់​ជា​រៀង​រហូត»។ ៥៥ «សេចក្ដី​ស្លាប់​អើយ តើ​ជ័យ​ជម្នះ​របស់​អ្នក​នៅ​ឯ​ណា? សេចក្ដី​ស្លាប់​អើយ តើ​ទ្រនិច​របស់​អ្នក​នៅ​ឯ​ណា?»។ ៥៦ ទ្រនិច​ដែល​បណ្ដាល​ឲ្យ​ស្លាប់​ជា​ភាព​ខុស​ឆ្គង តែ​ច្បាប់* ផ្ដល់​អំណាច​ឲ្យ​ភាព​ខុស​ឆ្គង។ ៥៧ ក៏​ប៉ុន្តែ​សូម​អរគុណ​ព្រះ ព្រោះ​លោក​ផ្ដល់​ជ័យ​ជម្នះ​ឲ្យ​យើង​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង!

៥៨ ដូច្នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​ពង្រឹង​ជំហរ​ឲ្យ​មាំ​មួន​ឡើង ដោយ​មិន​ឲ្យ​រង្គោះរង្គើ​ឡើយ ហើយ​ចូរ​ជាប់​រវល់​ក្នុង​កិច្ចការ​ដ៏​ច្រើន​របស់​លោក​ម្ចាស់ ដោយ​ដឹង​ថា​ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ទាំង​នឿយ​ហត់​ក្នុង​លោក​ម្ចាស់ នោះ​មិន​មែន​ឥត​ប្រយោជន៍​ទេ។

១៦ ឥឡូវ​ខ្ញុំ​សូម​និយាយ​អំពី​ការ​ប្រមូល​វិភាគ​ទាន​សម្រាប់​ពួក​អ្នក​បរិសុទ្ធ។ សូម​ធ្វើ​ដូច​ដែល​ខ្ញុំ​បាន​ណែនាំ​ក្រុម​ជំនុំ​ទាំង​ប៉ុន្មាន​នៅ​ខេត្ត​កាឡាទី។ ២ រាល់​ថ្ងៃ​ដំបូង​នៃ​សប្ដាហ៍ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ម្នាក់ៗ​ទុក​របស់​ទ្រព្យ​ខ្លះ​ដោយ​ឡែក តាម​ដែល​ខ្លួន​មាន ដើម្បី​កុំ​ឲ្យ​ចាប់​ផ្ដើម​ប្រមូល​វិភាគ​ទាន​នៅ​ពេល​ដែល​ខ្ញុំ​មក​ដល់។ ៣ ប៉ុន្តែ​ពេល​ខ្ញុំ​មក​ដល់ នោះ​បុរស​ណា​ដែល​អ្នក​រាល់​គ្នា​សរសេរ​សំបុត្រ​ថា​ក្រុម​ជំនុំ​បាន​អនុម័ត ខ្ញុំ​នឹង​ចាត់​បុរស​ទាំង​នោះ​ឲ្យ​យក​អំណោយ​ដ៏​សប្បុរស​របស់​អ្នក​រាល់​គ្នា​ទៅ​ក្រុង​យេរូសាឡិម។ ៤ ក៏​ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ទៅ​គឺ​សម​ជាង នោះ​ពួក​គាត់​នឹង​ទៅ​ទី​នោះ​ជា​មួយ​នឹង​ខ្ញុំ។

៥ ប៉ុន្តែ​ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​ក្រោយ​ពី​ខ្ញុំ​ធ្វើ​ដំណើរ​កាត់​តំបន់​ម៉ាសេដូន ព្រោះ​ខ្ញុំ​នឹង​ធ្វើ​ដំណើរ​កាត់​តំបន់​ម៉ាសេដូន ៦ ហើយ​ប្រហែលជា​ខ្ញុំ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​មួយ​រយៈ ឬ​ក៏​ស្នាក់​នៅ​ទី​នោះ​រហូត​ដល់​ផុត​រដូវ​ត្រជាក់ ដើម្បី​ក្រោយ​មក​អ្នក​រាល់​គ្នា​អាច​ជូន​ដំណើរ​ខ្ញុំ​មួយ​កំណាត់​ផ្លូវ​ទៅ​កន្លែង​ដែល​ខ្ញុំ​បម្រុង​នឹង​ទៅ។ ៧ ព្រោះ​ខ្ញុំ​មិន​ចង់​ជួប​អ្នក​រាល់​គ្នា ដោយ​គ្រាន់តែ​ឆៀង​ចូល​មួយ​ភ្លែត​នោះ​ទេ ព្រោះ​ខ្ញុំ​សង្ឃឹម​ថា​អាច​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​យូរ​បន្ដិច ប្រសិនបើ​ព្រះ​យេហូវ៉ា​អនុញ្ញាត។ ៨ ប៉ុន្តែ​ខ្ញុំ​នឹង​នៅ​ក្រុង​អេភេសូរ​រហូត​ដល់​បុណ្យ​ថ្ងៃ​ទី​ហាសិប ៩ ព្រោះ​មាន​ទ្វារ​បើក​ចំហ​យ៉ាង​ធំ​សម្រាប់​ឲ្យ​ខ្ញុំ​បំពេញ​កិច្ច​បម្រើ ប៉ុន្តែ​មាន​អ្នក​ប្រឆាំង​ជា​ច្រើន។

១០ ក៏​ប៉ុន្តែ​ប្រសិនបើ​ធីម៉ូថេ​មក​ដល់ កុំ​ធ្វើ​ឲ្យ​គាត់​ភ័យ​ខ្លាច​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​គាត់​បំពេញ​កិច្ចការ​របស់​ព្រះ​យេហូវ៉ា ដូច​ខ្ញុំ​ដែរ។ ១១ ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​គាត់។ ចូរ​ជូន​ដំណើរ​គាត់​មួយ​កំណាត់​ផ្លូវ​ដោយ​សុវត្ថិភាព ដើម្បី​គាត់​អាច​មក​ឯ​ខ្ញុំ ព្រោះ​ខ្ញុំ​កំពុង​រង់​ចាំ​គាត់​ជា​មួយ​នឹង​បង​ប្អូន។

១២ ចំណែក​អាប៉ូឡុស បង​ប្រុស​របស់​យើង ខ្ញុំ​បាន​សូម​គាត់​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា​ជា​មួយ​នឹង​បង​ប្អូន ក៏​ប៉ុន្តែ​គាត់​មិន​ចង់​មក​ឥឡូវ​នេះ​សោះ តែ​គាត់​នឹង​មក​ពេល​ដែល​គាត់​មាន​ឱកាស។

១៣ ចូរ​ដឹង​ខ្លួន​ជា​និច្ច ចូរ​កាន់​ជំហរ​មាំ​មួន​ក្នុង​ជំនឿ ចូរ​ប្រព្រឹត្ត​ឲ្យ​ដូច​បុរស ចូរ​មាន​កម្លាំង​ខ្លាំងក្លា​ឡើង។ ១៤ ចូរ​អ្នក​រាល់​គ្នា​ធ្វើ​អ្វីៗ​ទាំង​អស់​ដោយ​សេចក្ដី​ស្រឡាញ់។

១៥ បង​ប្អូន​អើយ ឥឡូវ​ខ្ញុំ​សូម​បំផុស​ទឹក​ចិត្ត​អ្នក​រាល់​គ្នា៖ អ្នក​រាល់​គ្នា​ដឹង​ថា​ពួក​អ្នក​ផ្ទះ​របស់​ស្ទេផាណាស​ជា​ផល​ដំបូង​នៅ​ខេត្តអាខេយ៉ា ហើយ​ពួក​គាត់​ប្រុង​ប្រៀប​ខ្លួន​ជា​និច្ច​ដើម្បី​បម្រើ​ពួក​អ្នក​បរិសុទ្ធ។ ១៦ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បន្ត​ចុះ​ចូល​ចំពោះ​មនុស្សបែប​នោះ និង​ចំពោះ​អស់​អ្នក​ដែល​រួម​សហការ​និង​អស់​អ្នក​ដែល​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​នឿយ​ហត់។ ១៧ ប៉ុន្តែ​ខ្ញុំ​អរ​សប្បាយ​ដោយ​សារ​ស្ទេផាណាស ភ័រទូណាតុស និង​អាខេកុស​មាន​វត្តមាន ពីព្រោះ​ការ​ដែល​ពួក​គាត់​មក នោះ​ជំនួស​អ្នក​រាល់​គ្នា​ដែល​មិន​នៅ​ទី​នេះ ១៨ ដោយ​សារ​ពួក​គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​និង​អ្នក​រាល់​គ្នា​មាន​កម្លាំង​ចិត្ត* ឡើង​វិញ។ ដូច្នេះ ចូរ​ទទួល​ស្គាល់​តម្លៃ​បុរស​បែប​នោះ។

១៩ ក្រុម​ជំនុំ​ទាំង​ឡាយ​នៅ​តំបន់​អាស៊ី* ផ្ដាំ​សួរ​សុខទុក្ខ។ អាគីឡា​និង​ព្រីស្កា ព្រម​ទាំង​ក្រុម​ជំនុំ​ដែល​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​របស់​ពួក​គាត់​ផ្ដាំ​សួរ​សុខទុក្ខ​អ្នក​រាល់​គ្នា​យ៉ាង​ស្មោះ​អស់ពី​ចិត្ត ក្នុង​នាម​ជា​អ្នក​កាន់​តាម​លោក​ម្ចាស់។ ២០ បង​ប្អូន​ទាំង​ឡាយ​ផ្ដាំ​សួរ​សុខទុក្ខ​អ្នក​រាល់​គ្នា។ ចូរ​សួរ​សុខទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ថើប​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន។

២១ ខ្ញុំ ប៉ូល សរសេរ​ពាក្យ​សួរ​សុខទុក្ខ​នេះ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។

២២ ប្រសិនបើ​អ្នក​ណា​គ្មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក​ម្ចាស់ សូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដាសា។ ឱ​លោក​ម្ចាស់​អើយ! សូម​អញ្ជើញ​មក! ២៣ សូម​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។ ២៤ សូម​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​ទាំង​អស់​គ្នា​ដែល​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ។

[កំណត់​សម្គាល់]

ភាសា​ក្រិច​«អាប៉ូស្តូឡូស»។ មាន​ន័យ​ថា​«អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ»

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៤

ឬ​«បោះដែកគោល​ភ្ជាប់​នឹង​បង្គោល​ឈើ»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៥

ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៥

មើល​កំណត់​សម្គាល់​ម៉ាថ ២:៤

ឬ​«បោះដែកគោល​ភ្ជាប់​នឹង​បង្គោល​ឈើ»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៥

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ន័យ​ត្រង់​«ភ្នូម៉ា​របស់​បុគ្គល​ម្នាក់​នោះ»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ឬ​«អ្នក​បម្រើ» «ជំនួយ​ការ»

ឬ​អាណាព្យាបាល។ សំដៅ​ទៅ​អ្នក​ដែល​ថែ​រក្សា​ឬ​ការពារ​កូន​ក្មេង

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​ម៉ាថ ៥:៣២

ឬ​«ជន​ជាតិ​ដទៃ​ដែល​មិន​កាន់​សាសនា​គ្រិស្ត»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ភាសា​ក្រិច​«សាថាណាស»។ មាន​ន័យ​ថា​«អ្នក​ប្រឆាំង»​ឬ​«សត្រូវ»

ន័យ​ត្រង់​«ដើម្បី​បំផ្លាញ​សាច់​ឈាម»

មើល​កំណត់​សម្គាល់​រ៉ូម ៥:១២

មើល​កំណត់​សម្គាល់​ម៉ាថ ៥:៣២

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​ខ​១១

មើល​កំណត់​សម្គាល់​រ៉ូម ៥:១២

សំដៅ​ទៅ​ការ​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​ផ្លូវ​ភេទ

ភាសា​ក្រិច​«សាថាណាស»។ មាន​ន័យ​ថា​«អ្នក​ប្រឆាំង»​ឬ​«សត្រូវ»

មើល​កំណត់​សម្គាល់​លូក ១:៥៩

ន័យ​ត្រង់​«អ្នក​ដែល​មិន​ធ្លាប់​រួម​ដំណេក»

មើល​កំណត់​សម្គាល់​រ៉ូម ៥:១២

មើល​កំណត់​សម្គាល់​ខ​២៥

ន័យ​ត្រង់​«សេចក្ដី​វេទនា​ក្នុង​សាច់​ឈាម​ខ្លួន»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​ខ​២៥

មើល​កំណត់​សម្គាល់​ខ​២៥

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​ម៉ាថ ៥:២៩

មើល​កំណត់​សម្គាល់​រ៉ូម ៥:១២

មើល​កំណត់​សម្គាល់​ម៉ាថ ៥:១៧

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​ម៉ាថ ៥:៣២

ឬ​«របៀប​របប​ពិភព​លោក»

ន័យ​ត្រង់​«ពែង​នៃ​ពរ ដែល​យើង​ឲ្យ​ពរ»

ភាសា​ក្រិច​«ដាយម៉ូនីអន»។ សំដៅ​ទៅ​ពួក​ទេវតា​អាក្រក់

សំដៅ​ទៅ​ការ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ទាស់​ចិត្ត​ដោយ​មិន​គោរព​ប្រណិប័តន៍​លោក​ផ្ដាច់​មុខ

ឬ​«ប្រមុខ»

ឬ​«ប្រមុខ»

ជា​ទោស​ដែល​ទទួល​ដោយ​សារបាន​ធ្វើ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

សំដៅ​ទៅ​អ្នក​មិន​ជឿ

មើល​កំណត់​សម្គាល់​ខ​១

ឬ​«សេចក្ដី​ស្រឡាញ់​មិន​ចេះ​ប្រច័ណ្ឌ»

ឬ​«មិន​ដែល​បរាជ័យ»

ន័យ​ត្រង់​«ទល់​មុខ​គ្នា»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​រ៉ូម ៥:១២

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

មើល​កំណត់​សម្គាល់​ម៉ាថ ៥:១៧

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

មើល​កំណត់​សម្គាល់​សកម្ម ២:៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក