សំបុត្រទីពីរជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស
១ ពីខ្ញុំ ប៉ូល ដែលជាសាវ័ក* របស់គ្រិស្ត* យេស៊ូតាមបំណងប្រាថ្នារបស់ព្រះ ព្រមទាំងធីម៉ូថេជាប្អូនប្រុសរបស់យើង ជូនចំពោះក្រុមជំនុំរបស់ព្រះនៅឯក្រុងកូរិនថូស និងពួកអ្នកបរិសុទ្ធទាំងឡាយដែលនៅខេត្តអាខេយ៉ា៖
២ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់និងសេចក្ដីសុខសាន្តពីព្រះ ជាបិតារបស់យើង និងពីលោកម្ចាស់យេស៊ូគ្រិស្ត។
៣ សូមសរសើរព្រះ ជាបិតារបស់លោកយេស៊ូគ្រិស្តដែលជាម្ចាស់របស់យើង ជាបិតានៃសេចក្ដីមេត្ដាករុណា និងជាព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង ៤ លោកសម្រាលទុក្ខយើងពីសេចក្ដីវេទនាសព្វបែបយ៉ាង ដើម្បីឲ្យយើងអាចសម្រាលទុក្ខពួកអ្នកដែលមានសេចក្ដីវេទនា ទោះជាបែបណាក៏ដោយ តាមរយៈការសម្រាលទុក្ខដែលរូបយើងកំពុងទទួលពីព្រះ។ ៥ ព្រោះដូចយើងរងទុក្ខជាច្រើនដើម្បីគ្រិស្ត នោះយើងក៏ទទួលការសម្រាលទុក្ខជាច្រើនតាមរយៈគ្រិស្តដែរ។ ៦ ទោះជាយើងមានសេចក្ដីវេទនាក៏ដោយ នោះដើម្បីឲ្យអ្នករាល់គ្នាទទួលការសម្រាលទុក្ខនិងសេចក្ដីសង្គ្រោះ ហើយទោះជាយើងទទួលការសម្រាលទុក្ខក៏ដោយ នោះដើម្បីឲ្យអ្នករាល់គ្នាទទួលការសម្រាលទុក្ខ ដែលធ្វើឲ្យអ្នករាល់គ្នាអាចស៊ូទ្រាំទុក្ខលំបាកដូចទុក្ខលំបាកដែលយើងស៊ូទ្រាំដែរ។ ៧ ដូច្នេះ សេចក្ដីសង្ឃឹមរបស់យើងចំពោះអ្នករាល់គ្នាមិនរង្គោះរង្គើឡើយ ព្រោះយើងដឹងថាអ្នករាល់គ្នានឹងទទួលចំណែកនៃការសម្រាលទុក្ខ ដូចអ្នករាល់គ្នាបានរួមចំណែកក្នុងទុក្ខលំបាកដែរ។
៨ បងប្អូនអើយ ព្រោះយើងចង់ឲ្យអ្នករាល់គ្នាដឹងអំពីសេចក្ដីវេទនាដែលយើងបានជួបប្រទះនៅតំបន់អាស៊ី។* នៅទីនោះ យើងមានបន្ទុកធ្ងន់ហួសពីកម្លាំងយើង រហូតដល់ធ្វើឲ្យយើងគិតថាប្រហែលជានឹងបាត់បង់ជីវិត។ ៩ យើងមានអារម្មណ៍ថា យើងបានត្រូវកាត់ទោសដល់ជីវិត ដើម្បីឲ្យយើងទុកចិត្តព្រះដែលប្រោសមនុស្សឲ្យរស់ពីស្លាប់ឡើងវិញ ជាជាងទុកចិត្តខ្លួនយើង។ ១០ ដូច្នេះ លោកបានសង្គ្រោះយើងឲ្យរួចពីស្ថានភាពប្រកបដោយគ្រោះថ្នាក់ដល់ជីវិតពិតមែន ក៏នឹងសង្គ្រោះយើងម្ដងទៀត។ ហើយយើងសង្ឃឹមលើលោក ថាលោកនឹងសង្គ្រោះយើងតទៅទៀត។ ១១ អ្នករាល់គ្នាក៏អាចជួយដោយអធិដ្ឋានអង្វរព្រះឲ្យយើង ដើម្បីឲ្យមានការអធិដ្ឋានជាច្រើនដើម្បីអរគុណព្រះសម្រាប់យើង ដោយសារសេចក្ដីសប្បុរសដែលបានត្រូវបង្ហាញចំពោះយើង តាមសេចក្ដីអធិដ្ឋានរបស់មនុស្សជាច្រើន។
១២ ព្រោះយើងមានហេតុអួត ពោលគឺ នៅក្នុងពិភពលោក ហើយជាពិសេសក្នុងចំណោមអ្នករាល់គ្នា យើងបានប្រព្រឹត្តដោយសេចក្ដីបរិសុទ្ធនិងសេចក្ដីស្មោះដែលមកពីព្រះ មិនមែនដោយប្រាជ្ញារបស់ពិភពលោកនេះទេ តែដោយគុណដ៏វិសេសលើសលប់របស់ព្រះ។ សមត្ថភាពវិនិច្ឆ័យរបស់យើងក៏បញ្ជាក់ដូច្នេះដែរ។ ១៣ ព្រោះតាមពិត យើងសរសេរតែសេចក្ដីដែលអ្នករាល់គ្នាដឹងច្បាស់និងទទួលស្គាល់រួចហើយ ក៏ជាសេចក្ដីដែលខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងបន្តទទួលស្គាល់រហូតដល់ទីបញ្ចប់ ១៤ ដូចអ្នកខ្លះបានទទួលស្គាល់ថា យើងជាហេតុឲ្យអ្នករាល់គ្នាអួត នោះនៅថ្ងៃនៃលោកយេស៊ូជាម្ចាស់របស់យើង យើងនឹងមានហេតុអួតអំពីអ្នករាល់គ្នាដូច្នោះដែរ។
១៥ ម្ល៉ោះហើយ ដោយមានទំនុកចិត្តដូច្នេះ ពីមុន ខ្ញុំមានបំណងមកឯអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានហេតុអរសប្បាយជាលើកទីពីរ ១៦ ហើយក្រោយពីបាននៅជាមួយនឹងអ្នករាល់គ្នាមួយរយៈ ខ្ញុំមានបំណងទៅតំបន់ម៉ាសេដូន រួចមកឯអ្នករាល់គ្នាពេលត្រឡប់មកពីតំបន់ម៉ាសេដូនវិញ ហើយបន្ទាប់មកឲ្យអ្នករាល់គ្នាជូនដំណើរខ្ញុំមួយកំណាត់ផ្លូវទៅតំបន់យូឌា។ ១៧ ពេលដែលខ្ញុំមានបំណងធ្វើដូច្នោះ ខ្ញុំមិនបានចាត់ទុកថាជារឿងតូចតាចទេ មែនទេ? ឬអ្វីដែលខ្ញុំមានបំណងធ្វើ តើខ្ញុំមានបំណងនោះដោយសារខំស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន បានជាខ្ញុំត្រូវនិយាយថា«មែនៗ» រួចថា«ទេៗ»ឬ? ១៨ ប៉ុន្តែយើងអាចទុកចិត្តព្រះ ថាសម្ដីរបស់យើងចំពោះអ្នករាល់គ្នា មិនមែនថា មែន រួចទេវិញឡើយ។ ១៩ ព្រោះគ្រិស្តយេស៊ូដែលជាបុត្រព្រះ និងដែលបានត្រូវផ្សព្វផ្សាយក្នុងចំណោមអ្នករាល់គ្នាតាមរយៈយើង ពោលគឺខ្ញុំ ស៊ីលវេនុស និងធីម៉ូថេ មិនបានទៅជា មែនផង ទេផងឡើយ ប៉ុន្តែក្នុងករណីរបស់លោក មែន គឺមែន។ ២០ ព្រោះទោះជាសេចក្ដីសន្យារបស់ព្រះមានច្រើនយ៉ាងណាក៏ដោយ ក៏សេចក្ដីសន្យាទាំងអស់នោះបានទៅជាមែន តាមរយៈលោក។ ដូច្នេះ តាមរយៈលោក យើងនិយាយ«អាមេន»ទៅកាន់ព្រះ ដើម្បីយើងអាចលើកតម្កើងព្រះ។ ២១ ប៉ុន្តែលោកដែលធានាថាយើងនិងអ្នករាល់គ្នាជារបស់គ្រិស្ត ហើយបានរើសតាំង* យើង គឺជាព្រះ។ ២២ លោកក៏បានបោះត្រាលើយើង ហើយឲ្យអ្វីមួយមកយើងទុកជាការបញ្ចាំចិត្ត ពោលគឺសកម្មពល* របស់លោកនៅក្នុងចិត្តយើង។
២៣ ឥឡូវ ខ្ញុំសូមស្បថចំពោះព្រះដោយដាក់ជីវិតថា ខ្ញុំមិនទាន់មកក្រុងកូរិនថូសទេ ដើម្បីមិនធ្វើឲ្យអ្នករាល់គ្នាពិបាកចិត្តខ្លាំងជាងពេលនេះ។ ២៤ មិនមែនថា យើងជាម្ចាស់លើជំនឿរបស់អ្នករាល់គ្នាទេ តែយើងជាអ្នករួមការងារដើម្បីឲ្យអ្នករាល់គ្នាមានអំណរ ព្រោះអ្នករាល់គ្នាកំពុងកាន់ជំហរមាំមួនដោយសារជំនឿរបស់អ្នករាល់គ្នា។
២ ព្រោះខ្ញុំបានសម្រេចចិត្តថា ខ្ញុំមិនចង់មកឯអ្នករាល់គ្នាម្ដងទៀត ដោយព្រួយចិត្តទេ។ ២ ព្រោះប្រសិនបើខ្ញុំធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ត តើនឹងមានអ្នកណាធ្វើឲ្យខ្ញុំសប្បាយចិត្តវិញ ក្រៅពីអ្នកដែលខ្ញុំធ្វើឲ្យព្រួយចិត្ត? ៣ ម្ល៉ោះហើយ ខ្ញុំបានសរសេរសេចក្ដីទាំងនេះ ដើម្បីកុំឲ្យអ្នកដែលធ្វើឲ្យខ្ញុំមានអំណរ ទៅជាហេតុឲ្យខ្ញុំព្រួយចិត្តវិញពេលដែលខ្ញុំមកដល់។ ព្រោះខ្ញុំមានទំនុកចិត្តថា អំណរដែលខ្ញុំមាន ក៏ជាអំណរដែលអ្នករាល់គ្នាមានដែរ។ ៤ ព្រោះខ្ញុំបានសរសេរមកកាន់អ្នករាល់គ្នាដោយមានសេចក្ដីវេទនានិងកើតទុក្ខយ៉ាងខ្លាំងក្នុងចិត្ត ថែមទាំងស្រក់ទឹកភ្នែកទៀតផង មិនមែនដើម្បីធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្តឡើយ តែដើម្បីឲ្យអ្នករាល់គ្នាដឹងអំពីសេចក្ដីស្រឡាញ់ដែលខ្ញុំមាន ជាពិសេសចំពោះអ្នករាល់គ្នា។
៥ ប្រសិនបើមានអ្នកណាធ្វើឲ្យព្រួយចិត្ត អ្នកនោះមិនបានធ្វើឲ្យខ្ញុំព្រួយចិត្តទេ តែផ្ទុយទៅវិញបានធ្វើឲ្យអ្នកទាំងអស់គ្នាព្រួយចិត្តបន្ដិចបន្តួច។ មិនមែនខ្ញុំចង់និយាយខ្លាំងពេកទេអំពីចំណុចនោះ។ ៦ ការប្រដៅដែលបុរសនោះបានទទួលពីបងប្អូនភាគច្រើន គឺគ្រប់គ្រាន់ហើយ ៧ ហេតុនេះឥឡូវអ្នករាល់គ្នាគួរតែមេត្ដាអភ័យទោសឲ្យបុរសនោះ ហើយសម្រាលទុក្ខគាត់ ដើម្បីកុំឲ្យគាត់ត្រូវលេបបាត់ដោយការព្រួយចិត្តក្រៃលែង។ ៨ ដូច្នេះ ខ្ញុំចង់បំផុសទឹកចិត្តអ្នករាល់គ្នាឲ្យពង្រឹងទំនុកចិត្តរបស់គាត់ថា អ្នករាល់គ្នាស្រឡាញ់គាត់។ ៩ ព្រោះខ្ញុំក៏បានសរសេរមកកាន់អ្នករាល់គ្នាក្នុងបំណងនេះដែរ គឺដើម្បីឲ្យដឹងថាតើអ្នករាល់គ្នាស្ដាប់ឬមិនស្ដាប់បង្គាប់ក្នុងគ្រប់ការទាំងអស់។ ១០ រឿងអ្វីក៏ដោយដែលអ្នករាល់គ្នាអភ័យទោសឲ្យគេ ខ្ញុំក៏អភ័យទោសឲ្យដែរ។ តាមពិត ប្រសិនបើខ្ញុំបានមេត្ដាអភ័យទោសចំពោះរឿងណាមួយ នោះខ្ញុំបានអភ័យទោសឲ្យ ដើម្បីឲ្យអ្នករាល់គ្នាទទួលប្រយោជន៍ ដោយមានគ្រិស្តជាសាក្សី ១១ កុំឲ្យសាថាន* មានឱកាសឈ្នះយើងឡើយ ព្រោះមិនមែនយើងមិនដឹងអំពីកលល្បិចទាំងប៉ុន្មានរបស់សាថាននោះទេ។
១២ ពេលដែលខ្ញុំទៅដល់ក្រុងត្រូអាសដើម្បីប្រកាសដំណឹងល្អអំពីគ្រិស្ត ហើយមានទ្វារមួយបើកចំហឲ្យខ្ញុំបំពេញកិច្ចការលោកម្ចាស់ ១៣ ខ្ញុំមិនបានធូរក្នុងចិត្ត* សោះ ដោយសារខ្ញុំរកទីតុស ជាបងប្រុសរបស់ខ្ញុំមិនឃើញ តែខ្ញុំបានលាពួកអ្នកកាន់តាមនៅទីនោះ រួចក៏ចេញដំណើរទៅតំបន់ម៉ាសេដូន។
១៤ ប៉ុន្តែខ្ញុំអរគុណព្រះ ដែលនាំមុខយើងទាំងអស់គ្នាក្នុងការហែក្បួនអបអរជ័យជម្នះ ជាមួយនឹងគ្រិស្ត ហើយក៏ផ្សាយក្លិននៃចំណេះអំពីលោកដល់គ្រប់ទីកន្លែងតាមរយៈយើង។ ១៥ ព្រោះចំពោះព្រះ យើងជាក្លិនក្រអូបនៃដំណឹងអំពីគ្រិស្តក្នុងចំណោមពួកអ្នកដែលកំពុងទទួលសេចក្ដីសង្គ្រោះ និងក្នុងចំណោមពួកអ្នកដែលកំពុងវិនាស។ ១៦ ចំពោះពួកអ្នកដែលកំពុងវិនាស នោះជាក្លិននៃសេចក្ដីស្លាប់ដែលនាំទៅដល់សេចក្ដីស្លាប់ តែចំពោះពួកអ្នកដែលកំពុងទទួលសេចក្ដីសង្គ្រោះ យើងជាក្លិននៃជីវិតដែលនាំទៅដល់ជីវិត។ ហើយតើអ្នកណាមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីបំពេញការទាំងនេះ? ១៧ យើងមានគុណសម្បត្ដិគ្រប់គ្រាន់ ព្រោះយើងមិនមែនជាអ្នកជួញដូរបណ្ដាំរបស់ព្រះ ដូចមនុស្សជាច្រើននោះឡើយ តែយើងនិយាយដោយចិត្តស្មោះក្នុងនាមជាអ្នកកាន់តាមគ្រិស្តនៅចំពោះមុខព្រះ និងក្នុងនាមជាអ្នកដែលព្រះបានចាត់ឲ្យទៅ។
៣ តើយើងត្រូវណែនាំខ្លួនឲ្យអ្នករាល់គ្នាស្គាល់ម្ដងទៀតឬ? ហើយតើយើងត្រូវការសំបុត្របញ្ជាក់ពីអ្នករាល់គ្នា ឬត្រូវឲ្យសំបុត្រដល់អ្នករាល់គ្នាដើម្បីបញ្ជាក់អំពីយើង ដូចមនុស្សឯទៀតទេ? ២ អ្នករាល់គ្នាជាសំបុត្ររបស់យើងដែលបានត្រូវចារទុកក្នុងចិត្ត ហើយដែលមនុស្សជាតិទាំងឡាយស្គាល់និងអាន។ ៣ ព្រោះគឺជាក់ស្តែងថាអ្នករាល់គ្នាជាសំបុត្ររបស់គ្រិស្ត ដែលយើងបានសរសេរក្នុងនាមជាអ្នកបម្រើ មិនមែនសរសេរដោយប្រើទឹកខ្មៅទេ តែដោយសកម្មពល* របស់ព្រះដែលមានជីវិតរស់នៅ ហើយមិនមែនលើបន្ទះថ្មទេ តែលើចិត្ត* វិញ។
៤ តាមរយៈគ្រិស្ត យើងមានទំនុកចិត្តបែបនេះចំពោះព្រះ។ ៥ យើងមិនមែនចាត់ទុកថាយើងមានគុណសម្បត្ដិគ្រប់គ្រាន់ដោយសារការព្យាយាមរបស់ខ្លួនយើងទេ តែព្រះធ្វើឲ្យយើងមានគុណសម្បត្ដិគ្រប់គ្រាន់វិញ។ ៦ លោកបានធ្វើឲ្យយើងមានគុណសម្បត្ដិគ្រប់គ្រាន់ ដើម្បីធ្វើជាអ្នកបម្រើកិច្ចព្រមព្រៀងថ្មី មិនមែនក្បួនច្បាប់ជាលាយលក្ខណ៍អក្សរទេ តែសកម្មពលរបស់ព្រះ ព្រោះក្បួនច្បាប់ជាលាយលក្ខណ៍អក្សរផ្ដន្ទាទោសឲ្យស្លាប់ តែសកម្មពលរបស់ព្រះធ្វើឲ្យមានជីវិតរស់នៅ។
៧ ម្យ៉ាងទៀត ក្បួនច្បាប់ដែលនាំមកនូវសេចក្ដីស្លាប់ ហើយដែលបានត្រូវចារឹកលើថ្ម បានកើតឡើងដោយមានភាពរុងរឿង ហេតុនោះហើយបានជាពួកកូន* អ៊ីស្រាអែលមិនអាចសម្លឹងមើលមុខរបស់ម៉ូសេដោយសាររស្មីរុងរឿងដែលភ្លឺចេញពីមុខរបស់គាត់ តែភាពរុងរឿងនោះនឹងបាត់សូន្យទៅ។ ៨ ដូច្នេះ ការចែកចាយសកម្មពលរបស់ព្រះគួរតែប្រកបដោយភាពរុងរឿងខ្លាំងជាងនោះទៅទៀត មែនទេ? ៩ ព្រោះប្រសិនបើក្បួនច្បាប់ដែលផ្ដន្ទាទោសគឺប្រកបដោយភាពរុងរឿង នោះការចែកចាយភាពសុចរិតគឺប្រកបដោយភាពរុងរឿងខ្លាំងជាងនោះទៅទៀត។ ១០ តាមការពិត សូម្បីតែអ្វីដែលបានត្រូវធ្វើឲ្យមានភាពរុងរឿងពីដើម អ្វីនោះបានត្រូវដកហូតភាពរុងរឿងនោះចេញ ព្រោះតែភាពរុងរឿងដែលវិសេសជាងនោះទៅទៀត។ ១១ ព្រោះប្រសិនបើអ្វីដែលត្រូវបាត់សូន្យទៅ បានត្រូវធ្វើឡើងដោយមានភាពរុងរឿង នោះអ្វីដែលនៅគង់វង្សត្រូវប្រកបដោយភាពរុងរឿងខ្លាំងជាងនោះទៅទៀត។
១២ ដូច្នេះ ដោយសារយើងមានសេចក្ដីសង្ឃឹមនេះ យើងនិយាយដោយមានសេចក្ដីក្លាហានក្រៃលែង ១៣ ហើយយើងមិនធ្វើដូចពេលដែលម៉ូសេយកស្បៃគ្របមុខ ដើម្បីកុំឲ្យពួកកូនអ៊ីស្រាអែលសម្លឹងមើលចុងបញ្ចប់នៃអ្វីដែលត្រូវបាត់សូន្យឡើយ។ ១៤ ប៉ុន្តែសមត្ថភាពរិះគិតរបស់ពួកគេបានទៅជាស្ពឹក។ ព្រោះរហូតដល់សព្វថ្ងៃនេះ ស្បៃនោះនៅលើគំនិតរបស់ពួកគេដដែល ពេលដែលពួកគេអានកិច្ចព្រមព្រៀងចាស់ ពីព្រោះស្បៃនោះត្រូវបំបាត់ចោលដោយសារគ្រិស្ត។ ១៥ តាមពិត រហូតដល់សព្វថ្ងៃនេះ ស្បៃនៅលើចិត្តរបស់ពួកគេ ពេលណាពួកគេអានអ្វីដែលម៉ូសេបានសរសេរ។ ១៦ ប៉ុន្តែពេលដែលបែរមកគោរពប្រណិប័តន៍ព្រះយេហូវ៉ា ស្បៃនោះនឹងត្រូវដកចេញ។ ១៧ ឯព្រះយេហូវ៉ាជាវិញ្ញាណ* ហើយនៅកន្លែងណាដែលមានសកម្មពលរបស់ព្រះយេហូវ៉ា កន្លែងនោះមានសេរីភាព។ ១៨ ឯយើងទាំងអស់គ្នាគ្មានស្បៃគ្របមុខទេ ហើយគឺប្រៀបដូចជាកញ្ចក់ឆ្លុះ ដែលជះសិរីរុងរឿងរបស់ព្រះយេហូវ៉ា។ ក្នុងពេលដែលយើងធ្វើដូច្នេះ យើងក៏បានត្រូវធ្វើឲ្យផ្លាស់ប្រែឲ្យដូចរូបនោះ ដោយជះសិរីរុងរឿងរបស់លោកកាន់តែខ្លាំងឡើងៗ ដូចដែលព្រះយេហូវ៉ាជាវិញ្ញាណធ្វើឲ្យយើងផ្លាស់ប្រែ។
៤ ហេតុនេះ ដោយសារយើងមានកិច្ចបម្រើនេះស្របទៅតាមសេចក្ដីមេត្ដាករុណាដែលបានត្រូវបង្ហាញចំពោះយើង នោះយើងមិនឈប់តស៊ូទេ ២ តែយើងបានលះចោលអំពើលួចលាក់ដែលគួរឲ្យអៀនខ្មាស ក៏មិនប្រព្រឹត្តដោយកិច្ចកល ឬដោយបំប្លែងបណ្ដាំរបស់ព្រះឡើយ តែដោយសឲ្យឃើញសេចក្ដីពិត យើងធ្វើជាគំរូល្អដោយគិតដល់សមត្ថភាពវិនិច្ឆ័យរបស់មនុស្សទាំងឡាយ នៅចំពោះមុខព្រះ។ ៣ ប្រសិនបើដំណឹងល្អដែលយើងប្រកាសបានត្រូវគ្របបាំង* នោះបានត្រូវគ្របបាំងក្នុងចំណោមពួកអ្នកដែលកំពុងវិនាស ៤ ក្នុងករណីអ្នកទាំងនោះ ព្រះនៃរបៀបរបបពិភពលោកនេះបានធ្វើឲ្យគំនិតរបស់ពួកអ្នកមិនជឿទៅជាងងឹត ដើម្បីកុំឲ្យពួកគេទទួលពន្លឺនៃដំណឹងល្អដ៏រុងរឿងអំពីគ្រិស្តដែលបង្ហាញឲ្យយើងស្គាល់ព្រះ។ ៥ ព្រោះយើងមិនផ្សព្វផ្សាយអំពីខ្លួនយើងទេ តែយើងផ្សព្វផ្សាយអំពីគ្រិស្តយេស៊ូថា លោកជាម្ចាស់ ហើយថា យើងជាខ្ញុំបម្រើអ្នករាល់គ្នាដើម្បីលោកយេស៊ូ។ ៦ ព្រោះគឺជាព្រះដែលមានប្រសាសន៍ថា៖ «ចូរឲ្យពន្លឺភ្លឺចេញពីភាពងងឹត» ហើយតាមរយៈផ្ទៃមុខរបស់គ្រិស្ត លោកបានចែងចាំងមកលើចិត្តយើង ដើម្បីបំភ្លឺចិត្តយើងដោយចំណេះដ៏រុងរឿងអំពីព្រះ។
៧ ក៏ប៉ុន្តែយើងមានទ្រព្យវិសេសនេះក្នុងភាជនៈដី ដើម្បីសឲ្យឃើញថា ឫទ្ធានុភាពដែលលើសពីធម្មតាបានមកពីព្រះ មិនមែនមកពីយើងទេ។ ៨ យើងត្រូវគេគាបសង្កត់នៅគ្រប់ច្រកល្ហក តែមិនមែនដោយរើមិនរួចឡើយ យើងទាល់គំនិត តែមិនមែនទាល់ច្រកទេ ៩ យើងត្រូវគេបៀតបៀន តែមិនបានត្រូវចោលឲ្យនៅតែឯងឡើយ យើងត្រូវគេផ្ដួលដល់ដី តែយើងមិនត្រូវគេបំផ្លាញទេ។ ១០ នៅក្នុងរូបកាយរបស់យើង យើងស៊ូទ្រាំរងទុក្ខទោសពីអ្នកដទៃជានិច្ច រហូតដល់អាចបាត់បង់ជីវិត ដូចដែលលោកយេស៊ូបានស៊ូទ្រាំ ទោះជាយើងទៅកន្លែងណាក៏ដោយ។ នេះគឺដើម្បីឲ្យជីវិតរបស់លោកយេស៊ូក៏បានត្រូវសឲ្យឃើញក្នុងរូបកាយរបស់យើងដែរ។ ១១ ព្រោះយើងដែលនៅរស់ តែងតែប្រឈមមុខនឹងសេចក្ដីស្លាប់ដើម្បីលោកយេស៊ូ ដើម្បីឲ្យជីវិតរបស់លោកយេស៊ូត្រូវសឲ្យឃើញក្នុងរូបកាយដែលអាចស្លាប់បានរបស់យើង។ ១២ ដូច្នេះ សេចក្ដីស្លាប់កំពុងមានសកម្មភាពក្នុងយើង តែជីវិតកំពុងមានសកម្មភាពក្នុងអ្នករាល់គ្នា។
១៣ ឥឡូវ ដោយសារយើងមានចិត្ត* ជឿ ដូចបទគម្ពីរចែងថា៖ «ខ្ញុំមានជំនឿ ដូច្នេះ ខ្ញុំនិយាយ» នោះយើងក៏មានជំនឿ ដូច្នេះ យើងក៏និយាយដែរ ១៤ ដោយដឹងថា លោកដែលបានប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ ក៏នឹងប្រោសយើងឲ្យរស់ឡើងវិញ ដូចប្រោសលោកយេស៊ូដែរ ហើយនឹងប្រគល់យើងទៅលោកយេស៊ូជាមួយនឹងអ្នករាល់គ្នា។ ១៥ ព្រោះអ្វីៗទាំងអស់គឺដើម្បីឲ្យអ្នករាល់គ្នាទទួលប្រយោជន៍។ យ៉ាងនេះ គុណដ៏វិសេសលើសលប់ដ៏បរិបូរនឹងមានកាន់តែច្រើនឡើងៗ ដោយសារមនុស្សជាច្រើនអរគុណព្រះ ហើយដូច្នេះ ព្រះទទួលការសរសើរតម្កើង។
១៦ ហេតុនេះ យើងមិនឈប់តស៊ូឡើយ ទោះជារូបកាយរបស់យើងកំពុងខូចទៅក៏ដោយ ក៏ចិត្ត* របស់យើងទទួលកម្លាំងជាថ្មីរាល់ថ្ងៃជានិច្ច។ ១៧ ព្រោះទោះជាសេចក្ដីវេទនាដែលយើងជួបប្រទះមានតែមួយរយៈពេលខ្លីហើយក៏ស្រាលក្ដី សេចក្ដីវេទនានោះនាំឲ្យយើងទទួលសិរីរុងរឿងដែលកាន់តែឧត្តុង្គឧត្តមឡើង ហើយដែលស្ថិតស្ថេរជារៀងរហូត ១៨ នៅពេលជាមួយគ្នានោះដែរ យើងផ្ដោតអារម្មណ៍ទៅលើអ្វីដែលយើងមើលមិនឃើញ មិនមែនលើអ្វីដែលយើងមើលឃើញនោះទេ។ ព្រោះអ្វីដែលយើងមើលឃើញ គឺគ្រាន់តែបណ្ដោះអាសន្ន តែអ្វីដែលយើងមើលមិនឃើញ នោះស្ថិតស្ថេរជារៀងរហូត។
៥ ព្រោះយើងដឹងថាផ្ទះរបស់យើងនៅផែនដី ពោលគឺរូបកាយនេះដែលដូចត្រសាល ប្រសិនបើរលាយសាបសូន្យទៅ យើងនឹងបានសំណង់មួយដែលមកពីព្រះវិញ គឺផ្ទះមួយដែលមិនមែនធ្វើដោយដៃមនុស្ស ហើយដែលស្ថិតស្ថេរជារៀងរហូតនៅស្ថានសួគ៌។ ២ ព្រោះក្នុងលំនៅនេះយើងថ្ងូរ ដោយប្រាថ្នាយ៉ាងខ្លាំងចង់បំពាក់ខ្លួនដោយលំនៅពីស្ថានសួគ៌ដែលបានត្រូវរៀបចំសម្រាប់យើង ៣ ដូច្នេះ ក្រោយពីយើងបានបំពាក់ខ្លួនដោយលំនៅនោះហើយ យើងនឹងមិនអាក្រាតទេ។ ៤ តាមពិត យើងដែលជាអ្នកនៅក្នុងត្រសាលនេះថ្ងូរ ដោយមានទុក្ខធ្ងន់។ មិនមែនដោយសារយើងចង់ដោះត្រសាលនេះចេញទេ តែដោយសារយើងចង់បំពាក់ខ្លួនដោយលំនៅមួយនោះវិញ ដើម្បីឲ្យជីវិតដែលគ្មានទីបញ្ចប់លេបបាត់អ្វីដែលអាចស្លាប់បាន។ ៥ ឯលោកដែលបានរៀបចំយើងសម្រាប់ការនេះ គឺជាព្រះ ហើយលោកបានឲ្យអ្វីមួយមកយើងទុកជាការបញ្ចាំចិត្ត ពោលគឺសកម្មពល* របស់លោក។
៦ ដូច្នេះ យើងមានចិត្តក្លាហានជានិច្ច ហើយដឹងថាយើងមិននៅជាមួយនឹងលោកម្ចាស់ទេ ដរាបណាយើងរស់នៅ* ក្នុងរូបកាយនេះ ៧ ព្រោះយើងរស់នៅស្របទៅតាមជំនឿ មិនមែនតាមអ្វីដែលយើងមើលឃើញនោះទេ។ ៨ ប៉ុន្តែយើងមានចិត្តក្លាហាន ហើយពេញចិត្តតាំងលំនៅជាមួយនឹងលោកម្ចាស់ ជាជាងនៅក្នុងរូបកាយនេះ។ ៩ ដូច្នេះ យើងតាំងចិត្តធ្វើឲ្យលោកពេញចិត្តនឹងយើង ទោះជាយើងមានលំនៅជាមួយនឹងលោក ឬយើងមិននៅជាមួយនឹងលោកក៏ដោយ។ ១០ ព្រោះធាតុពិតរបស់យើងទាំងអស់គ្នានឹងត្រូវសឲ្យឃើញនៅមុខកន្លែងកាត់ក្ដីរបស់គ្រិស្តដើម្បីឲ្យម្នាក់ៗទទួលរង្វាន់តាមការដែលខ្លួនបានប្រព្រឹត្តតាមរយៈរូបកាយ ទោះជាការនោះល្អ ឬអាក្រក់ក្ដី។
១១ ម្ល៉ោះហើយ ដោយដឹងថាយើងគួរកោតខ្លាចលោកម្ចាស់ យើងបន្តបង្រៀនអ្នកឯទៀតដោយវែកញែកនាំឲ្យជឿជាក់ តែព្រះជ្រាបថាយើងជាមនុស្សប្រភេទណា។ ប៉ុន្តែខ្ញុំក៏សង្ឃឹមថាសមត្ថភាពវិនិច្ឆ័យរបស់អ្នករាល់គ្នា បានជួយឲ្យអ្នករាល់គ្នាយល់ថាយើងជាមនុស្សប្រភេទណាដែរ។ ១២ យើងមិនចង់ណែនាំខ្លួនឲ្យអ្នករាល់គ្នាស្គាល់ម្ដងទៀតទេ ប៉ុន្តែយើងកំពុងឲ្យអ្នករាល់គ្នាមានមូលហេតុអួតអំពីយើង ដើម្បីអ្នករាល់គ្នាអាចឆ្លើយតបនឹងពួកអ្នកដែលអួតអំពីសម្បកក្រៅ ជាជាងអួតអំពីចិត្ត។ ១៣ ព្រោះប្រសិនបើយើងវង្វេងស្មារតី នោះគឺដើម្បីព្រះ។ ប្រសិនបើយើងមានស្មារតីធម្មតា នោះគឺដើម្បីអ្នករាល់គ្នា។ ១៤ ព្រោះសេចក្ដីស្រឡាញ់ដែលគ្រិស្តមាន ជំរុញចិត្តយើង ដោយសារយើងយល់ឃើញថា បុរសម្នាក់បានស្លាប់ដើម្បីមនុស្សទាំងអស់ តាមពិត ពីព្រោះមនុស្សទាំងអស់បានស្លាប់រួចហើយ ១៥ ហើយលោកបានស្លាប់ដើម្បីមនុស្សទាំងអស់ ដើម្បីឲ្យអ្នកដែលរស់ អាចរស់ដើម្បីលោកដែលបានស្លាប់ ហើយដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ មិនមែនរស់ដើម្បីខ្លួនឯងទៀតទេ។
១៦ ហេតុនេះ ចាប់ពីពេលនេះទៅ ទស្សនៈដែលយើងមានចំពោះអ្នកឯទៀត មិនផ្អែកលើសម្បកក្រៅរបស់ពួកគេឡើយ។ ទោះបីជាទស្សនៈដែលយើងមានពីមុនអំពីគ្រិស្តបានផ្អែកលើលក្ខណៈក្រៅរបស់លោកជាមនុស្សក៏ដោយ ក៏ឥឡូវនេះយើងមិនមានទស្សនៈនោះទៀតទេ។ ១៧ ម្ល៉ោះហើយ ប្រសិនបើអ្នកណារួបរួមជាមួយនឹងគ្រិស្ត អ្នកនោះបានត្រូវបង្កើតជាថ្មី។ អ្វីៗដែលចាស់បានបាត់សូន្យទៅ មើល! អ្វីៗដែលថ្មីបានកើតឡើង។ ១៨ ប៉ុន្តែអ្វីៗទាំងអស់មកពីព្រះ ដែលបានផ្សះផ្សាចំណងមិត្តភាពរវាងយើងនឹងលោកតាមរយៈគ្រិស្ត ហើយបានប្រគល់កិច្ចបម្រើខាងការផ្សះផ្សាឲ្យយើង ១៩ ពោលគឺ កិច្ចបម្រើដែលប្រកាសថា ព្រះបានផ្សះផ្សាជាមួយនឹងពិភពលោកតាមរយៈគ្រិស្ត ក៏មិនបានផ្ដន្ទាទោសពួកគេដោយសារកំហុសរបស់ពួកគេឡើយ ហើយលោកបានប្រគល់បណ្ដាំអំពីការផ្សះផ្សាឲ្យយើង។
២០ ដូច្នេះ យើងជាទូតតំណាងគ្រិស្ត ហាក់ដូចជាព្រះកំពុងអង្វរតាមរយៈយើង។ ក្នុងនាមជាតំណាងគ្រិស្ត យើងអង្វរថា៖ «សូមផ្សះផ្សាជាមួយនឹងព្រះ»។ ២១ ព្រះបានធ្វើឲ្យលោកដែលមិនបានស្គាល់ភាពខុសឆ្គង* ទៅជាគ្រឿងបូជាសម្រាប់លោះពីភាពខុសឆ្គងវិញ ដើម្បីឲ្យយើងទៅជាមនុស្សសុចរិតចំពោះព្រះ តាមរយៈលោក។
៦ ម្យ៉ាងទៀត ដោយរួមធ្វើការជាមួយនឹងលោក យើងក៏អង្វរអ្នករាល់គ្នាថា កុំទទួលគុណដ៏វិសេសលើសលប់របស់ព្រះដោយឥតប្រយោជន៍។ ២ ព្រោះលោកមានប្រសាសន៍ថា៖ «នៅគ្រាដែលខ្ញុំពេញចិត្ត ខ្ញុំបានឮអ្នក ហើយនៅថ្ងៃសង្គ្រោះ ខ្ញុំបានជួយអ្នក»។ មើល! ឥឡូវនេះគឺជាគ្រាដែលលោកពេញចិត្ត។ មើល! ឥឡូវនេះគឺជាថ្ងៃសង្គ្រោះ។
៣ យើងមិនធ្វើអ្វីសោះដែលបណ្ដាលឲ្យអ្នកឯទៀតជំពប់ដួល* ដើម្បីកុំឲ្យគេរិះគន់កិច្ចបម្រើរបស់យើង ៤ តែក្នុងគ្រប់ការទាំងអស់ យើងបង្ហាញឲ្យឃើញថាយើងជាអ្នកបម្រើរបស់ព្រះ ដោយស៊ូទ្រាំអ្វីៗជាច្រើន ដោយមានសេចក្ដីវេទនា ដោយខ្វះខាត ដោយមានទុក្ខលំបាក ៥ ដោយត្រូវគេវាយដំ ដោយត្រូវជាប់គុក ដោយស៊ូទ្រាំក្នុងស្ថានភាពច្របូកច្របល់ ដោយនឿយហត់ ដោយអត់ងងុយ ជួនកាលដោយគ្មានអាហារបរិភោគ ៦ ដោយសេចក្ដីបរិសុទ្ធ ដោយចំណេះ ដោយមានចិត្តធ្ងន់ ដោយសេចក្ដីសប្បុរស ដោយសកម្មពល* បរិសុទ្ធ ដោយសេចក្ដីស្រឡាញ់ដែលគ្មានពុតត្បុត ៧ ដោយនិយាយសេចក្ដីពិត ដោយឫទ្ធានុភាពរបស់ព្រះ តាមរយៈអាវុធនៃសេចក្ដីសុចរិតដែលនៅក្នុងដៃស្ដាំ និងនៅក្នុងដៃឆ្វេង ៨ ពេលមានកិត្ដិយសនិងអាប់ឱនកិត្ដិយស ពេលមានកេរ្ដិ៍ឈ្មោះអាក្រក់និងកេរ្ដិ៍ឈ្មោះល្អ ត្រូវគេចាត់ទុកជាអ្នកបោកបញ្ឆោត តែនិយាយសេចក្ដីពិត ៩ ត្រូវគេចាត់ទុកជាអ្នកដែលគេមិនស្គាល់ តែត្រូវគេទទួលស្គាល់ ត្រូវគេចាត់ទុកជាអ្នកដែលកំពុងស្លាប់ តែមើល! យើងនៅរស់នៅឡើយ ត្រូវគេចាត់ទុកជាអ្នកដែលបានត្រូវប្រដៅ តែមិនបានត្រូវប្រគល់ទៅឲ្យសេចក្ដីស្លាប់ ១០ ត្រូវគេចាត់ទុកជាអ្នកដែលព្រួយចិត្ត តែអរសប្បាយជានិច្ច ត្រូវគេចាត់ទុកជាអ្នកដែលក្រ តែធ្វើឲ្យមនុស្សជាច្រើនទៅជាអ្នកមាន ត្រូវគេចាត់ទុកថាគ្មានអ្វីសោះ តែមានអ្វីៗទាំងអស់។
១១ បងប្អូនអ្នកក្រុងកូរិនថូសអើយ យើងបាននិយាយត្រង់ៗទៅកាន់អ្នករាល់គ្នា យើងបានបើកចិត្តឲ្យទូលាយហើយ។ ១២ យើងមិនចង្អៀតចិត្តចំពោះអ្នករាល់គ្នាឡើយ តែគឺអ្នករាល់គ្នាវិញទេ ដែលមានចិត្តចង្អៀតក្នុងការបង្ហាញសេចក្ដីស្រឡាញ់។ ១៣ ដូច្នេះ ខ្ញុំសូមនិយាយដូចខ្ញុំកំពុងនិយាយទៅកាន់កូនរបស់ខ្ញុំ។ ចូរអ្នករាល់គ្នាតបស្នងដោយបើកចិត្តឲ្យទូលាយដែរ។
១៤ កុំផ្សំផ្គុំខ្លួនជាមួយនឹងអ្នកមិនជឿឡើយ។* ព្រោះតើសេចក្ដីសុចរិតនិងការប្រឆាំងច្បាប់មានអ្វីត្រូវគ្នា? ឬតើពន្លឺមានចំណែកអ្វីជាមួយនឹងភាពងងឹត? ១៥ ម្យ៉ាងទៀត តើគ្រិស្តនិងបេលាល* រួមចិត្តគំនិតគ្នាត្រង់ណា? ឬតើមនុស្សស្មោះត្រង់មានចំណែកអ្វីជាមួយនឹងអ្នកមិនជឿ? ១៦ ហើយតើវិហាររបស់ព្រះមានអ្វីត្រូវគ្នានឹងរូបព្រះ? ព្រោះយើងជាវិហាររបស់ព្រះដែលមានជីវិតរស់នៅ ដូចព្រះបានមានប្រសាសន៍ថា៖ «ខ្ញុំនឹងអាស្រ័យនៅក្នុងចំណោមពួកគេ ក៏នឹងដើរក្នុងចំណោមពួកគេ ហើយខ្ញុំនឹងធ្វើជាព្រះរបស់ពួកគេ ឯពួកគេនឹងធ្វើជារាស្ត្ររបស់ខ្ញុំ»។ ១៧ «ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹ចូរចេញពីចំណោមពួកគេមក ហើយញែកខ្លួនចេញ។ ឈប់ពាល់អ្វីដែលមិនស្អាត›» «‹រួចខ្ញុំនឹងទទួលអ្នករាល់គ្នា›»។ ១៨ «‹ហើយខ្ញុំនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ឯអ្នករាល់គ្នានឹងទៅជាកូនប្រុសកូនស្រីរបស់ខ្ញុំ›។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា ជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត»។
៧ ដូច្នេះ មិត្តជាទីស្រឡាញ់អើយ ដោយសារយើងមានសេចក្ដីសន្យាទាំងនេះ ចូរយើងសម្អាតចិត្ត* និងកាយរបស់យើងឲ្យស្អាតពីអ្វីៗទាំងអស់ដែលនាំឲ្យស្មោកគ្រោក ហើយដោយកោតខ្លាចព្រះ ចូរយើងធ្វើឲ្យសេចក្ដីបរិសុទ្ធរបស់យើងឈានទៅរកភាពល្អឥតខ្ចោះ។
២ ឲ្យចិត្តអ្នករាល់គ្នាមានយើងផង។ យើងមិនបានធ្វើឲ្យអ្នកណាអន្តរាយ មិនបានបង្ខូចចិត្តគំនិតរបស់អ្នកណា ក៏មិនបានកេងយកប្រយោជន៍ពីអ្នកណាឡើយ។ ៣ ខ្ញុំនិយាយដូច្នេះ មិនមែនដើម្បីផ្ដន្ទាទោសអ្នករាល់គ្នាទេ ព្រោះខ្ញុំបាននិយាយពីមុនថា អ្នករាល់គ្នានៅក្នុងចិត្តយើង ទោះជាយើងរស់ឬស្លាប់ក្ដី។ ៤ ខ្ញុំនិយាយដោយក្លាហានបំផុតទៅកាន់អ្នករាល់គ្នា។ ខ្ញុំអួតខ្លាំងណាស់អំពីអ្នករាល់គ្នា។ ខ្ញុំបានទទួលការសម្រាលទុក្ខយ៉ាងពេញលេញ ខ្ញុំមានអំណរដ៏ពោរពេញក្នុងទុក្ខវេទនាទាំងអស់របស់យើង។
៥ តាមការពិត ពេលដែលយើងបានទៅដល់តំបន់ម៉ាសេដូន យើងមិនបានធូរចិត្តសោះ យើងនៅតែរងទុក្ខគ្រប់បែបយ៉ាង ពោលគឺមានការប្រឆាំងយ៉ាងខ្លាំងនៅខាងក្រៅ ហើយការភ័យខ្លាចនៅខាងក្នុង។ ៦ ទោះជាយ៉ាងនោះក៏ដោយ ព្រះដែលសម្រាលទុក្ខអ្នកដែលបានធ្លាក់ទឹកចិត្ត បានសម្រាលទុក្ខយើងតាមរយៈវត្តមានរបស់ទីតុស ៧ មិនគ្រាន់តែតាមរយៈវត្តមានរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈការសម្រាលទុក្ខដែលគាត់បានទទួលដោយសារអ្នករាល់គ្នា ព្រោះគាត់បានត្រឡប់មកវិញប្រាប់យើងថាអ្នករាល់គ្នាព្រួយចិត្ត ចង់ប្រែចិត្តយ៉ាងខ្លាំង ហើយចេះឈឺឆ្អាលនឹងខ្ញុំ។ ដូច្នេះ ខ្ញុំត្រេកអរខ្លាំងជាងមុន។
៨ ម្ល៉ោះហើយ ប្រសិនបើខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្តតាមរយៈសំបុត្ររបស់ខ្ញុំ ខ្ញុំមិនស្ដាយទេ។ ទោះជាខ្ញុំបានស្ដាយនៅដើមដំបូងក៏ដោយ (ខ្ញុំឃើញថាសំបុត្រនោះបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ត ប៉ុន្តែគ្រាន់តែមួយរយៈពេលខ្លីប៉ុណ្ណោះ) ៩ ឥឡូវខ្ញុំត្រេកអរវិញ មិនមែនដោយសារតែអ្នករាល់គ្នាបានព្រួយចិត្តប៉ុណ្ណោះទេ ប៉ុន្តែដោយសារការព្រួយចិត្តបាននាំឲ្យអ្នករាល់គ្នាប្រែចិត្ត ព្រោះអ្នកព្រួយចិត្តស្របតាមបំណងប្រាថ្នារបស់ព្រះ។ យ៉ាងនេះ អ្នករាល់គ្នានឹងមិនបាត់បង់អ្វីសោះដោយសារយើង។ ១០ ព្រោះការព្រួយចិត្តដែលស្របតាមបំណងប្រាថ្នារបស់ព្រះ នោះនាំទៅដល់ការប្រែចិត្តដើម្បីឲ្យបានសេចក្ដីសង្គ្រោះ ដែលមិនគួរឲ្យស្ដាយឡើយ តែការព្រួយចិត្តរបស់ពិភពលោកនេះនាំទៅដល់សេចក្ដីស្លាប់។ ១១ ព្រោះមើល! ការនោះឯង ពោលគឺការព្រួយចិត្តស្របតាមបំណងប្រាថ្នារបស់ព្រះ បានធ្វើឲ្យអ្នករាល់គ្នាខំប្រឹងព្យាយាមខ្លាំងណាស់ ដោយស្ដារកេរ្ដិ៍ឈ្មោះ ដោយទាស់ចិត្ត ដោយកោតខ្លាច ដោយចង់ប្រែចិត្តយ៉ាងខ្លាំង ដោយខ្នះខ្នែង ដោយកែតម្រូវអ្វីដែលខុស! អ្នករាល់គ្នាបានបង្ហាញថា អ្នករាល់គ្នាស្អាតស្អំគ្រប់ប្រការក្នុងរឿងនោះ។ ១២ ពិតមែនថា ខ្ញុំបានសរសេរមកកាន់អ្នករាល់គ្នា ប៉ុន្តែនេះមិនមែនដើម្បីអ្នកដែលបានធ្វើខុស ក៏មិនមែនដើម្បីអ្នកដែលគេបានធ្វើខុសនឹងខ្លួនដែរ ប៉ុន្តែខ្ញុំបានសរសេរដើម្បីឲ្យអ្នករាល់គ្នាបង្ហាញសេចក្ដីស្មោះអស់ពីចិត្តដែលអ្នករាល់គ្នាមានចំពោះយើង នៅចំពោះមុខព្រះ។ ១៣ ហេតុនេះហើយបានជាយើងបានទទួលការសម្រាលទុក្ខ។
ប៉ុន្តែ ព្រមជាមួយនឹងការសម្រាលទុក្ខនោះ យើងក៏បានត្រេកអរខ្លាំងជាងមុន ដោយសារអំណររបស់ទីតុស ពីព្រោះអ្នកទាំងអស់គ្នាបានធ្វើឲ្យគាត់មានកម្លាំងចិត្ត* ឡើងវិញ។ ១៤ ព្រោះប្រសិនបើខ្ញុំបានអួតប្រាប់គាត់អំពីអ្នករាល់គ្នា ខ្ញុំមិនខកចិត្តឡើយ តែអ្វីដែលយើងអួតប្រាប់ទីតុសគឺជាសេចក្ដីពិត ដូចអ្វីៗទាំងអស់ដែលយើងបានប្រាប់អ្នករាល់គ្នាដែរ។ ១៥ ម្យ៉ាងទៀត គាត់មានមនោសញ្ចេតនាកាន់តែជ្រាលជ្រៅទៅៗចំពោះអ្នករាល់គ្នា ពេលដែលគាត់នឹកឃើញថាអ្នករាល់គ្នាបានស្ដាប់បង្គាប់ ហើយបានទទួលគាត់ដោយការគោរពយ៉ាងជ្រាលជ្រៅ។ ១៦ ខ្ញុំត្រេកអរដែលខ្ញុំមានចិត្តពោរពេញទៅដោយសេចក្ដីក្លាហានក្នុងគ្រប់ការទាំងអស់ ដោយសារអ្នករាល់គ្នា។
៨ ឥឡូវយើងចង់ប្រាប់បងប្អូនអំពីគុណដ៏វិសេសលើសលប់របស់ព្រះ ដែលលោកបានឲ្យដល់ក្រុមជំនុំទាំងប៉ុន្មាននៅតំបន់ម៉ាសេដូន។ ២ ពួកគាត់ជួបការល្បងលដ៏ខ្លាំងដោយមានទុក្ខវេទនា។ ប៉ុន្តែទោះជាពួកគាត់ក្រតោកយ៉ាកក៏ដោយ ក៏អំណរដ៏ពោរពេញបានជំរុញឲ្យពួកគាត់បង្ហាញថាខ្លួនជាអ្នកមាន ដោយបង្ហាញចិត្តទូលាយក្រៃលែង។ ៣ ព្រោះពួកគាត់បានធ្វើការនេះតាមសមត្ថភាពខ្លួន ហើយខ្ញុំសូមបញ្ជាក់ថាតាមពិត ការដែលពួកគាត់ធ្វើនោះគឺលើសពីសមត្ថភាពរបស់ពួកគាត់ទៅទៀត ៤ កាលដែលពួកគាត់អង្វរយើងម្ដងហើយម្ដងទៀតដោយស្ម័គ្រពីចិត្តសុំមានកិត្ដិយសជូនអំណោយដ៏សប្បុរសនិងរួមចំណែកក្នុងការបម្រើពួកអ្នកបរិសុទ្ធ ៥ ហើយពួកគាត់បានធ្វើលើសពីអ្វីដែលយើងបានសង្ឃឹមទៅទៀត ដោយសារពួកគាត់បានប្រគល់ខ្លួនដល់លោកម្ចាស់និងពួកយើងមុនបង្អស់ តាមបំណងប្រាថ្នារបស់ព្រះ។ ៦ នេះបាននាំឲ្យយើងលើកទឹកចិត្តទីតុសថាគាត់គួរបង្ហើយការប្រមូលអំណោយដ៏សប្បុរសរបស់អ្នករាល់គ្នា ដោយសារគាត់ជាអ្នកផ្ដើមគំនិតនេះក្នុងចំណោមអ្នករាល់គ្នា។ ៧ ទោះជាយ៉ាងនោះក៏ដោយ ចូរឲ្យអ្នករាល់គ្នាជូនអំណោយសប្បុរសជាបរិបូរ ដូចអ្នករាល់គ្នាក៏មានអ្វីៗទាំងអស់ជាបរិបូរដែរ ពោលគឺជំនឿ សមត្ថភាពនិយាយ ចំណេះ ការខ្នះខ្នែង និងសេចក្ដីស្រឡាញ់របស់យើងចំពោះអ្នករាល់គ្នា។
៨ ខ្ញុំនិយាយដូច្នេះមិនមែនដើម្បីបង្គាប់អ្នករាល់គ្នាទេ តែខ្ញុំនិយាយដោយគិតពីការខ្នះខ្នែងរបស់អ្នកឯទៀត និងក្នុងបំណងល្បងមើលឲ្យដឹងថាសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាស្មោះឬមិនស្មោះ។ ៩ ព្រោះអ្នករាល់គ្នាស្គាល់គុណដ៏វិសេសលើសលប់របស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើងថា ទោះជាលោកជាអ្នកមានក៏ដោយ ក៏លោកបានទៅជាអ្នកក្រដើម្បីអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាទៅជាអ្នកមានតាមរយៈភាពក្រីក្ររបស់លោក។
១០ ខ្ញុំសូមប្រាប់មតិរបស់ខ្ញុំអំពីរឿងនេះថា រឿងនេះនាំឲ្យអ្នករាល់គ្នាទទួលផលប្រយោជន៍ ដោយឃើញថាមួយឆ្នាំមុន អ្នករាល់គ្នាមិនត្រឹមតែចង់ធ្វើការនេះប៉ុណ្ណោះទេ តែក៏ចាប់ផ្ដើមធ្វើការនេះដែរ ១១ ដូច្នេះ ឥឡូវ ចូរធ្វើការនោះឲ្យហើយចុះ។ យ៉ាងនោះ អ្នករាល់គ្នានឹងបង្ហើយការនោះតាមដែលអ្នករាល់គ្នាមាន ដូចអ្នករាល់គ្នាមានចិត្តចង់ធ្វើពីមុន។ ១២ ព្រោះប្រសិនបើមានចិត្តចង់ឲ្យហើយ នោះធ្វើឲ្យព្រះពេញចិត្តណាស់។ ការឲ្យគឺតាមអ្វីដែលខ្លួនមាន មិនមែនតាមអ្វីដែលខ្លួនមិនមាននោះទេ។ ១៣ ព្រោះខ្ញុំមិនចង់ធ្វើឲ្យអ្នកឯទៀតស្រួល តែធ្វើឲ្យអ្នករាល់គ្នាពិបាកនោះទេ ១៤ ប៉ុន្តែដើម្បីឲ្យអ្វីដែលអ្នករាល់គ្នាមានលើសពីសេចក្ដីត្រូវការបានបំពេញការខ្វះខាតរបស់ពួកគេ ដើម្បីឲ្យអ្វីដែលពួកគេមានលើសពីសេចក្ដីត្រូវការបានបំពេញការខ្វះខាតរបស់អ្នករាល់គ្នាដែរ យ៉ាងនោះនឹងមានភាពស្មើគ្នា។ ១៥ ដូចបទគម្ពីរចែងថា៖ «អ្នកដែលមានច្រើន មិនមានច្រើនពេកទេ ហើយអ្នកដែលមានតែបន្ដិច មិនមានតិចពេកដែរ»។
១៦ ឥឡូវ សូមអរគុណព្រះ ដែលទីតុសគិតដល់អ្នករាល់គ្នាដូចយើងគិតដល់អ្នករាល់គ្នាដែរ ១៧ ពីព្រោះគាត់មិនត្រឹមតែបានធ្វើអ្វីដែលយើងបានលើកទឹកចិត្តគាត់ឲ្យធ្វើប៉ុណ្ណោះទេ តែដោយសារគាត់មានចិត្តខ្នះខ្នែងណាស់ នោះគាត់ចេញទៅឯអ្នករាល់គ្នាដោយស្ម័គ្រពីចិត្ត។ ១៨ ប៉ុន្តែយើងបានចាត់បងប្រុសម្នាក់ទៀតឲ្យទៅជាមួយនឹងគាត់។ បងប្រុសនោះទទួលការសរសើរពីគ្រប់ក្រុមជំនុំទាំងអស់ ដោយសារកិច្ចការរបស់គាត់ដែលទាក់ទងនឹងដំណឹងល្អ។ ១៩ មិនត្រឹមតែប៉ុណ្ណោះ ក្រុមជំនុំបានតែងតាំងគាត់ឲ្យរួមដំណើរជាមួយនឹងយើងក្នុងការចាត់ចែងអំណោយដ៏សប្បុរសនេះ ដើម្បីតម្កើងសិរីរុងរឿងរបស់លោកម្ចាស់ និងដើម្បីបញ្ជាក់ថាយើងប្រុងប្រៀបជួយអ្នកឯទៀតជានិច្ច។ ២០ យ៉ាងនេះ យើងមិនបើកឱកាសឲ្យអ្នកណារិះគន់យើងអំពីរបៀបដែលយើងចាត់ចែងវិភាគទានជាច្រើននេះទេ។ ២១ ព្រោះយើង«ចាត់ចែងកិច្ចការដោយទៀងត្រង់ មិនគ្រាន់តែនៅចំពោះមុខព្រះ តែនៅចំពោះមុខមនុស្សដែរ»។
២២ ម្យ៉ាងទៀត យើងចាត់បងប្រុសម្នាក់របស់យើងឲ្យទៅជាមួយនឹងពួកគាត់។ យើងធ្លាប់សាកល្បងបងប្រុសនោះជាញឹកញយក្នុងកិច្ចការជាច្រើន ហើយឃើញថាគាត់មានចិត្តខ្នះខ្នែង តែឥឡូវគាត់មានចិត្តខ្នះខ្នែងខ្លាំងជាងមុន ដោយសារគាត់ជឿជាក់លើអ្នករាល់គ្នា។ ២៣ ក៏ប៉ុន្តែប្រសិនបើមានការសង្ស័យអំពីទីតុស ខ្ញុំសូមប្រាប់ថា គាត់រួមចំណែកជាមួយនឹងខ្ញុំ ហើយជាអ្នករួមធ្វើការដើម្បីឲ្យអ្នករាល់គ្នាទទួលប្រយោជន៍។ ប្រសិនបើមានការសង្ស័យអំពីបងប្រុសៗរបស់យើង ខ្ញុំសូមប្រាប់ថា ពួកគាត់ជាសាវ័ករបស់ក្រុមជំនុំ ហើយនាំឲ្យគ្រិស្តទទួលការលើកតម្កើង។ ២៤ ដូច្នេះ ចូរបង្ហាញឲ្យឃើញថាអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ពិតប្រាកដ ហើយថាអ្វីដែលយើងបានអួតអំពីអ្នករាល់គ្នានៅមុខក្រុមជំនុំ គឺជាការពិត។
៩ ចំណែកឯកិច្ចបម្រើសម្រាប់ពួកអ្នកបរិសុទ្ធ ខ្ញុំមិនចាំបាច់សរសេរទៅអ្នករាល់គ្នាអំពីរឿងនោះទេ ២ ព្រោះខ្ញុំដឹងថាអ្នករាល់គ្នានៅប្រុងប្រៀបជានិច្ច ហើយខ្ញុំអួតប្រាប់គ្រិស្តសាសនិកនៅតំបន់ម៉ាសេដូនអំពីអ្នករាល់គ្នាថា អ្នកខេត្តអាខេយ៉ាបានប្រុងប្រៀបជួយអស់មួយឆ្នាំហើយ។ ម្យ៉ាងទៀត ចិត្តខ្នះខ្នែងរបស់អ្នករាល់គ្នាបានជំរុញចិត្តពួកគាត់ភាគច្រើន។ ៣ ប៉ុន្តែខ្ញុំនឹងចាត់បងប្រុសៗឲ្យទៅ ដើម្បីកុំឲ្យអ្វីដែលយើងបានអួតប្រាប់អំពីអ្នករាល់គ្នាក្នុងរឿងនេះទៅជាអសារឥតការ ហើយដើម្បីឲ្យអ្នករាល់គ្នាបានប្រុងប្រៀបជាស្រេចពិតមែន ដូចខ្ញុំធ្លាប់ប្រាប់អ្នកឯទៀតអំពីអ្នករាល់គ្នា។ ៤ ប្រសិនបើមិនដូច្នោះ កាលដែលពួកអ្នកតំបន់ម៉ាសេដូនទៅជាមួយនឹងខ្ញុំ រួចឃើញថាអ្នករាល់គ្នាមិនទាន់ប្រុងប្រៀបជាស្រេច នោះទាំងខ្ញុំទាំងអ្នករាល់គ្នានឹងត្រូវខ្មាសគេអំពីរឿងដែលយើងបានធ្វើឲ្យពួកគាត់ជឿជាក់។ ៥ ដូច្នេះ ខ្ញុំគិតថាខ្ញុំត្រូវលើកទឹកចិត្តបងប្រុសៗឲ្យទៅឯអ្នករាល់គ្នាមុន ហើយរៀបចំអំណោយដ៏សប្បុរសដែលអ្នករាល់គ្នាបានសន្យាជូន ដើម្បីឲ្យបានជាអំណោយដ៏សប្បុរស មិនមែនជាអ្វីដែលបានត្រូវគំរាមយកទេ។
៦ ប៉ុន្តែក្នុងរឿងនេះ អ្នកដែលសាបព្រោះដោយត្បិតត្បៀតនឹងទទួលផលបានតិចតួច ហើយអ្នកដែលសាបព្រោះដោយបរិបូរ នឹងប្រមូលផលបានបរិបូរដែរ។ ៧ ចូរអ្នករាល់គ្នាម្នាក់ៗធ្វើតាមការសម្រេចចិត្តរបស់ខ្លួនចុះ មិនមែនដោយទើសទាល់ឬដោយមានគេបង្ខំឡើយ ព្រោះព្រះស្រឡាញ់អ្នកដែលឲ្យដោយចិត្តសប្បាយ។
៨ ម្យ៉ាងទៀត ព្រះអាចធ្វើឲ្យគុណដ៏វិសេសលើសលប់របស់លោកមានកាន់តែច្រើនឡើងចំពោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានគ្រប់គ្រាន់ជានិច្ចសម្រាប់សេចក្ដីត្រូវការរបស់ខ្លួន ហើយក៏មានជាបរិបូរដើម្បីធ្វើការល្អសព្វបែបយ៉ាង។ ៩ (ដូចបទគម្ពីរចែងថា៖ «គាត់បានចែកចាយដោយចិត្តទូលាយ គាត់បានឲ្យដល់អ្នកក្រីក្រ។ សេចក្ដីសុចរិតរបស់គាត់ស្ថិតស្ថេរជារៀងរហូត»។ ១០ ឥឡូវ លោកដែលផ្គត់ផ្គង់គ្រាប់ពូជដ៏បរិបូរដល់អ្នកសាបព្រោះ ហើយផ្គត់ផ្គង់នំប៉័ងដ៏បរិបូរដល់អ្នកបរិភោគ ក៏នឹងផ្គត់ផ្គង់គ្រាប់ពូជដ៏បរិបូរឲ្យអ្នករាល់គ្នាសាបព្រោះ ហើយលោកនឹងចម្រើនផលពីសេចក្ដីសុចរិតរបស់អ្នករាល់គ្នា)។ ១១ អ្នករាល់គ្នាទទួលពរគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាអាចឲ្យដល់អ្នកឯទៀតដោយចិត្តទូលាយក្នុងការគ្រប់យ៉ាង ហើយតាមរយៈការព្យាយាមរបស់យើង ចិត្តទូលាយបែបនោះនាំឲ្យមនុស្សអរគុណព្រះ ១២ ពីព្រោះកិច្ចបម្រើសាធារណៈនេះ មិនគ្រាន់តែផ្ដល់ជាបរិបូរនូវអ្វីដែលពួកអ្នកបរិសុទ្ធចង់បានប៉ុណ្ណោះទេ តែនាំឲ្យមានការថ្លែងអំណរគុណជាច្រើនដល់ព្រះ។ ១៣ ដោយសារភ័ស្តុតាងដែលបានត្រូវបញ្ជាក់តាមរយៈកិច្ចបម្រើនេះ ពួកគាត់សរសើរតម្កើងព្រះ ពីព្រោះអ្នករាល់គ្នាចុះចូលស្ដាប់តាមដំណឹងល្អអំពីគ្រិស្ត ដូចអ្នករាល់គ្នាបានប្រកាសជាសាធារណៈ ហើយពីព្រោះអ្នករាល់គ្នាធ្វើវិភាគទានសម្រាប់ពួកគាត់និងអ្នកឯទៀតទាំងអស់ដោយចិត្តទូលាយ ១៤ ហើយពួកគាត់អង្វរព្រះអំពីអ្នករាល់គ្នា ហើយមានសេចក្ដីស្រឡាញ់ចំពោះអ្នករាល់គ្នាណាស់ ដោយសារគុណដ៏វិសេសលើសលប់រកអ្វីប្រៀបផ្ទឹមពុំបានដែលព្រះមានចំពោះអ្នករាល់គ្នា។
១៥ សូមអរគុណព្រះចំពោះអំណោយទានដ៏វិសេសវិសាលរកពណ៌នាពុំបានរបស់លោក។
១០ ឯខ្ញុំ ប៉ូល សូមអង្វរអ្នករាល់គ្នាដោយសេចក្ដីស្លូតបូតនិងសេចក្ដីសប្បុរសរបស់គ្រិស្ត គឺខ្ញុំដែលអ្នករាល់គ្នាមើលមកថាជាមនុស្សសាមញ្ញធម្មតាពេលដែលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា តែជាអ្នកនិយាយដោយសេចក្ដីក្លាហាននឹងអ្នករាល់គ្នា ពេលដែលមិននៅជាមួយ។ ២ ខ្ញុំអង្វរអ្នករាល់គ្នាថា ពេលដែលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា កុំឲ្យខ្ញុំត្រូវម៉ឺងម៉ាត់ដូចដែលខ្ញុំគិតថាខ្ញុំនឹងត្រូវចាត់វិធានការម៉ឺងម៉ាត់ចំពោះអ្នកខ្លះដែលវាយតម្លៃយើងស្មើនឹងអ្នកដែលប្រព្រឹត្តតាមគំនិតរបស់ពិភពលោកនេះ។* ៣ ព្រោះទោះជាដំណើរជីវិតរបស់យើងគឺដូចមនុស្សជាតិទូទៅក៏ដោយ ក៏យើងមិនធ្វើសឹកសង្គ្រាមតាមគំនិតរបស់ពិភពលោកនេះទេ។* ៤ ព្រោះគ្រឿងសស្ដ្រាវុធដែលយើងប្រើក្នុងសឹកសង្គ្រាមមិនមែនមកពីពិភពលោកនេះទេ តែមានឫទ្ធានុភាពពីព្រះ ដើម្បីរំលើងអ្វីៗដែលចាក់ឫសជ្រៅ។ ៥ ព្រោះយើងកំពុងរំលំរំលើងការវែកញែក និងអ្វីៗទាំងអស់ដែលឆ្មើងកន្ត្រើង ហើយប្រឆាំងចំណេះអំពីព្រះ ហើយយើងកំពុងកាន់កាប់* គំនិតទាំងអស់ បង្ខំឲ្យស្ដាប់បង្គាប់គ្រិស្ត ៦ ថែមទាំងបានប្រុងប្រៀបដាក់ទោសអស់អ្នកដែលមិនស្ដាប់បង្គាប់ក្នុងរឿងណាមួយ ក្រោយពីអ្នករាល់គ្នាបានបង្ហាញថាខ្លួនស្ដាប់បង្គាប់ពេញលេញ។
៧ អ្នករាល់គ្នាមើលតែរូបភាពខាងក្រៅ។ ប្រសិនបើអ្នកណាជឿថាខ្លួនជាអ្នកកាន់តាមគ្រិស្ត ត្រូវឲ្យអ្នកនោះគិតពិចារណាមួយសាទៀតអំពីការពិតដូចតទៅនេះថា យើងក៏ជាអ្នកកាន់តាមគ្រិស្ត ដូចអ្នកនោះជាអ្នកកាន់តាមគ្រិស្តដែរ។ ៨ ព្រោះទោះជាខ្ញុំអួតច្រើនបន្ដិចអំពីអំណាចដែលលោកម្ចាស់បានផ្ដល់ឲ្យយើងដើម្បីពង្រឹងអ្នករាល់គ្នា មិនមែនដើម្បីបំផ្លាញអ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំនឹងមិនខ្មាសគេទេ។ ៩ ប៉ុន្តែខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាគិតថា ខ្ញុំចង់បំភ័យអ្នករាល់គ្នាតាមរយៈសំបុត្រខ្ញុំទេ។ ១០ ព្រោះពួកគេនិយាយថា៖ «សំបុត្ររបស់គាត់មានពាក្យធ្ងន់ៗនិងមានអានុភាពខ្លាំង ប៉ុន្តែពេលដែលគាត់នៅជាមួយនឹងយើង គាត់មិនមានអ្វីគួរឲ្យកោតស្ងើចសោះ ហើយសម្ដីរបស់គាត់ក៏គួរឲ្យមើលងាយផង»។ ១១ ចូរឲ្យមនុស្សបែបនោះពិចារណាអំពីចំណុចដូចតទៅនេះថា ពេលសរសេរសំបុត្រ សម្ដីរបស់យើងយ៉ាងណា យើងក៏នឹងប្រព្រឹត្តយ៉ាងនោះដែរ ពេលដែលនៅជាមួយនឹងអ្នករាល់គ្នា។ ១២ ព្រោះយើងមិនហ៊ានលើកខ្លួនឲ្យស្មើនឹងអ្នកខ្លះ ឬប្រៀបធៀបខ្លួននឹងអ្នកខ្លះដែលតែងតាំងខ្លួន។ ប្រាកដណាស់ថា អ្នកទាំងនោះដែលវាយតម្លៃខ្លួនតាមខ្នាតតម្រារបស់ខ្លួន ហើយប្រៀបធៀបខ្លួននឹងខ្លួនឯង នោះគ្មានការយល់ដឹងទេ។
១៣ ចំណែកយើងវិញ យើងនឹងមិនអួតហួសកម្រិតទេ ប៉ុន្តែយើងនឹងអួតតែអំពីអ្វីដែលយើងបានសម្រេចនៅក្នុងដែនកំណត់នៃតំបន់ដែលព្រះបានកំណត់ឲ្យយើង ដែលរួមបញ្ចូលតំបន់អ្នករាល់គ្នាដែរ។ ១៤ តាមពិត យើងមិនមែនធ្វើអ្វីហួសពីដែនកំណត់របស់យើងទេ ហាក់ដូចជាអ្នករាល់គ្នាមិននៅក្នុងដែនកំណត់របស់យើង ព្រោះយើងជាអ្នកមុនគេដែលបានមករហូតដល់តំបន់អ្នករាល់គ្នា ដោយប្រកាសដំណឹងល្អអំពីគ្រិស្ត។ ១៥ យើងមិនមែនអួតអំពីអ្វីហួសពីដែនកំណត់របស់យើងទេ ពោលគឺយកផលនៃការនឿយហត់របស់អ្នកឯទៀតមកអួត ប៉ុន្តែយើងសង្ឃឹមថា កាលដែលជំនឿរបស់អ្នករាល់គ្នាកំពុងចម្រើនឡើង នោះយើងនឹងមានសមិទ្ធផលកាន់តែច្រើនឡើងៗក្នុងដែនកំណត់របស់យើង។ យ៉ាងនោះ យើងនឹងមានសមិទ្ធផលបរិបូរជាងមុនទៅទៀត ១៦ ដើម្បីប្រកាសដំណឹងល្អដល់ស្រុកនានាហួសពីកន្លែងរបស់អ្នករាល់គ្នា ដើម្បីកុំឲ្យយើងអួតអំពីការដែលអ្នកផ្សេងទៀតបានធ្វើស្រេចហើយក្នុងដែនកំណត់របស់ពួកគេ។ ១៧ «អ្នកណាដែលអួត ចូរឲ្យអ្នកនោះអួតអំពីព្រះយេហូវ៉ា»។ ១៨ ព្រោះអ្នកដែលទទួលការពេញចិត្តពីព្រះយេហូវ៉ា មិនមែនជាអ្នកដែលតែងតាំងខ្លួនឯងទេ តែគឺជាអ្នកដែលលោកតែងតាំងវិញ។
១១ ខ្ញុំសូមអ្នករាល់គ្នាទ្រាំឲ្យខ្ញុំនិយាយដូចជាមនុស្សឥតវិចារណញ្ញាណ។ ប៉ុន្តែតាមពិតអ្នករាល់គ្នាកំពុងទ្រាំហើយ! ២ ព្រោះខ្ញុំចង់ហួងហែងអ្នករាល់គ្នា ដូចព្រះចង់ហួងហែងអ្នករាល់គ្នាដែរ ដោយសារខ្ញុំបានទុកដាក់អ្នករាល់គ្នាឲ្យមានប្ដីតែមួយ គឺគ្រិស្ត ហើយខ្ញុំចង់ប្រគល់អ្នករាល់គ្នាក្នុងភាពជាក្រមុំបរិសុទ្ធទៅលោក។ ៣ ប៉ុន្តែដូចសត្វពស់បានល្បួងលួងលោមអេវ៉ាដោយកលល្បិចរបស់វា នោះខ្ញុំខ្លាចថា ចិត្តគំនិតរបស់អ្នករាល់គ្នាក៏នឹងត្រូវបង្ខូចតាមរបៀបណាមួយដែរ ហើយអ្នករាល់គ្នានឹងបាត់បង់ចិត្តស្មោះនិងភាពបរិសុទ្ធដែលគ្រិស្តគួរទទួល។ ៤ ព្រោះប្រសិនបើមានអ្នកណាម្នាក់មកផ្សព្វផ្សាយអំពីលោកយេស៊ូផ្សេងពីលោកយេស៊ូដែលយើងបានផ្សព្វផ្សាយ ឬក៏អ្នករាល់គ្នាទទួលចិត្តគំនិត* មួយផ្សេងពីចិត្តគំនិតដែលអ្នករាល់គ្នាបានទទួលហើយ ឬទទួលដំណឹងល្អផ្សេងពីដំណឹងល្អដែលអ្នករាល់គ្នាបានជឿហើយ អ្នករាល់គ្នាចេះតែប្រណីដល់អ្នកនោះ។ ៥ ព្រោះខ្ញុំមិនចាត់ទុកថាខ្លួនខ្ញុំអន់ជាងពួកមហាសាវ័ករបស់អ្នករាល់គ្នាក្នុងរឿងណាមួយសោះឡើយ។ ៦ ប៉ុន្តែទោះជាខ្ញុំខ្សោយខាងវោហារក៏ដោយ ក៏ខ្ញុំមិនខ្សោយខាងចំណេះទេ តែយើងបានបង្ហាញឲ្យអ្នករាល់គ្នាឃើញចំណេះរបស់យើងក្នុងគ្រប់ការទាំងអស់។
៧ ឬតើខ្ញុំបានធ្វើខុស* ព្រោះខ្ញុំស្ម័គ្រចិត្តប្រកាសដំណឹងល្អរបស់ព្រះដល់អ្នករាល់គ្នាដោយមិនយកថ្លៃ ហើយបានបន្ទាបខ្លួនដើម្បីឲ្យអ្នករាល់គ្នាទទួលការលើកតម្កើង? ៨ ខ្ញុំបានបេះពីមាត់ពីកក្រុមជំនុំឯទៀត ដោយទទួលការឧបត្ថម្ភពីពួកគាត់ ដើម្បីយកមកបម្រើអ្នករាល់គ្នា ៩ ក៏ប៉ុន្តែពេលដែលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា ហើយចាប់ផ្ដើមខ្វះខាត ខ្ញុំមិនបានធ្វើជាបន្ទុកដល់អ្នកណាម្នាក់សោះ ព្រោះបងប្អូននៅតំបន់ម៉ាសេដូនបានផ្គត់ផ្គង់ជាបរិបូរនូវអ្វីៗដែលខ្ញុំខ្វះខាត។ ក្នុងគ្រប់ការទាំងអស់ ខ្ញុំបានរក្សាខ្លួនកុំឲ្យធ្វើជាបន្ទុកដល់អ្នករាល់គ្នា ក៏នឹងបន្តរក្សាខ្លួនតទៅទៀត។ ១០ ខ្ញុំនិយាយសេចក្ដីពិតដូចគ្រិស្តដែរ ដូច្នេះ ខ្ញុំនឹងមិនឈប់អួតអំពីតំបន់អាខេយ៉ាទេ។ ១១ ហេតុអ្វី? តើដោយសារខ្ញុំមិនស្រឡាញ់អ្នករាល់គ្នាឬ? ព្រះជ្រាបថាខ្ញុំស្រឡាញ់អ្នករាល់គ្នា។
១២ ឥឡូវ អ្វីដែលខ្ញុំកំពុងធ្វើ ខ្ញុំនឹងធ្វើតទៅទៀតដើម្បីបំបាត់ទីសំអាងរបស់ពួកអ្នកដែលខំតាំងខ្លួនឲ្យស្មើនឹងយើងដោយអួតអំពីតំណែងខ្លួន។ ១៣ ព្រោះបុរសបែបនោះជាសាវ័កក្លែងក្លាយ និងជាមនុស្សឆបោកដែលក្លែងខ្លួនជាសាវ័ករបស់គ្រិស្ត ១៤ ហើយគ្មានអ្វីចម្លែកទេ ព្រោះសាថាន* ចេះតែក្លែងខ្លួនជាទេវតានៃពន្លឺ។ ១៥ ដូច្នេះ មិនមែនជាការអស្ចារ្យទេ ដែលអ្នកបម្រើរបស់វាក៏ចេះតែក្លែងខ្លួនជាអ្នកបម្រើនៃសេចក្ដីសុចរិតដែរ។ ប៉ុន្តែទីបញ្ចប់របស់ពួកគេនឹងសមនឹងការដែលពួកគេបានធ្វើ។
១៦ ខ្ញុំសូមនិយាយម្ដងទៀត៖ កុំឲ្យអ្នកណាគិតថាខ្ញុំឥតវិចារណញ្ញាណឡើយ។ ប៉ុន្តែប្រសិនបើអ្នករាល់គ្នាគិតដូច្នោះមែន ចូរប្រណីដល់ខ្ញុំ ដើម្បីឲ្យខ្ញុំអាចអួតបន្ដិចបន្តួចដែរ ទោះជាអ្នករាល់គ្នាមើលមកខ្ញុំដូចជាមនុស្សឥតវិចារណញ្ញាណក៏ដោយ។ ១៧ អ្វីដែលខ្ញុំនិយាយដូចជាមនុស្សអួតខ្លួនដែលជឿជាក់លើខ្លួនឯង ខ្ញុំមិននិយាយតាមគំរូរបស់លោកម្ចាស់ទេ តែខ្ញុំនិយាយដូចជាមនុស្សឥតវិចារណញ្ញាណ។ ១៨ ដោយសារមានច្រើននាក់កំពុងអួតអំពីអ្វីខាងពិភពលោកនេះ ខ្ញុំក៏នឹងអួតដែរ។ ១៩ ព្រោះអ្នករាល់គ្នាដែលមានវិចារណញ្ញាណ សប្បាយចិត្តនឹងប្រណីដល់អ្នកដែលគ្មានវិចារណញ្ញាណវិញ។ ២០ អ្នករាល់គ្នាក៏ប្រណីដល់អ្នកណាដែលយកអ្នករាល់គ្នាធ្វើជាខ្ញុំបម្រើ អ្នកដែលលេបត្របាក់អ្វីៗដែលអ្នករាល់គ្នាមាន អ្នកដែលកញ្ឆក់យកអ្វីៗដែលអ្នករាល់គ្នាមាន អ្នកដែលតម្កើងខ្លួនលើអ្នករាល់គ្នា អ្នកដែលវាយមុខអ្នករាល់គ្នា។
២១ ខ្ញុំនិយាយដូច្នេះ ធ្វើឲ្យយើងអាប់ឱនកិត្ដិយស ពីព្រោះអ្នកខ្លះគិតថាយើងគ្មានសមត្ថភាពប្រើអំណាចរបស់យើងឲ្យបានត្រឹមត្រូវទេ។
ប៉ុន្តែប្រសិនបើអ្នកណាហ៊ានធ្វើអ្វីមួយ ខ្ញុំក៏ហ៊ានដែរ។ ខ្ញុំកំពុងនិយាយដូចជាមនុស្សឥតវិចារណញ្ញាណ។ ២២ តើដើមកំណើតរបស់ពួកគេជាហេប្រឺឬ? ខ្ញុំក៏ដូច្នោះដែរ។ តើពួកគេជាជនជាតិអ៊ីស្រាអែលឬ? ខ្ញុំក៏ដូច្នោះដែរ។ តើពួកគេជាពូជពង្សរបស់អាប្រាហាំឬ? ខ្ញុំក៏ដូច្នោះដែរ។ ២៣ តើពួកគេជាអ្នកបម្រើរបស់គ្រិស្តឬ? ខ្ញុំសូមតបឆ្លើយដូចជាមនុស្សឆ្កួតថា ខ្ញុំជាអ្នកបម្រើប្រសើរជាងពួកគេ៖ ដោយធ្វើការនឿយហត់ច្រើនជាងពួកគេ ដោយជាប់គុកច្រើនជាងពួកគេ ដោយត្រូវគេវាយច្រើនហួសប្រមាណ ដោយជិតស្លាប់ជាច្រើនដង។ ២៤ មានប្រាំដងដែលជនជាតិយូដាបានវាយខ្ញុំសែសិបរំពាត់ខ្វះមួយ ២៥ ខ្ញុំត្រូវគេវាយនឹងដំបងបីដង មានមួយដងដែលខ្ញុំត្រូវគេប៉ុនប៉ងសម្លាប់ដោយគប់នឹងដុំថ្ម ធ្លាប់លិចសំពៅបីដង បាននៅសមុទ្រជ្រៅមួយយប់មួយថ្ងៃ ២៦ ខ្ញុំធ្វើដំណើរជាញឹកញយ ក៏បានប្រឈមមុខនឹងគ្រោះថ្នាក់នៅទន្លេ គ្រោះថ្នាក់ពីចោរចាំស្ទាក់ប្លន់ គ្រោះថ្នាក់ពីជនរួមជាតិរបស់ខ្ញុំ គ្រោះថ្នាក់ពីជនជាតិដទៃ គ្រោះថ្នាក់នៅក្នុងក្រុង គ្រោះថ្នាក់នៅតំបន់ស្ងាត់ជ្រងំ គ្រោះថ្នាក់នៅសមុទ្រ គ្រោះថ្នាក់ក្នុងចំណោមបងប្អូនក្លែងក្លាយ ២៧ ដោយនឿយលំបាក ដោយអត់ងងុយជាញឹកញយ ដោយស្រេកឃ្លាន ដោយមិនបានបរិភោគជាច្រើនដង ដោយរងានិងគ្មានសម្លៀកបំពាក់។
២៨ ក្រៅពីអ្វីៗទាំងនោះ ក៏មានអ្វីដែលអន្ទោលតាមខ្ញុំរៀងរាល់ថ្ងៃ ពោលគឺកង្វល់អំពីក្រុមជំនុំទាំងឡាយ។ ២៩ តើអ្នកណាខ្សោយ ហើយខ្ញុំមិនខ្សោយដែរ? តើអ្នកណាជំពប់ដួល ហើយខ្ញុំមិនខឹងឆួល?
៣០ ប្រសិនបើត្រូវអួតខ្លួន ខ្ញុំនឹងអួតអំពីអ្វីដែលបង្ហាញភាពទន់ខ្សោយរបស់ខ្ញុំ។ ៣១ ព្រះដែលជាបិតារបស់លោកម្ចាស់យេស៊ូ និងជាព្រះដែលត្រូវទទួលការសរសើរជារៀងរហូត ជ្រាបថាខ្ញុំមិននិយាយកុហកទេ។ ៣២ នៅក្រុងដាម៉ាស់ អភិបាលក្រោមអំណាចស្តេចអារេតាសបានចាំយាមក្រុងដាម៉ាស់ដើម្បីចាប់ខ្ញុំ ៣៣ ប៉ុន្តែមានគេដាក់ខ្ញុំក្នុងកញ្ឆេផ្ដៅ រួចសម្រូតចុះតាមបង្អួចកំពែង។ ដូច្នេះ ខ្ញុំបានរួចពីកណ្ដាប់ដៃគាត់។
១២ ខ្ញុំត្រូវតែអួត ទោះជាគ្មានប្រយោជន៍ក៏ដោយ ក៏ខ្ញុំសូមនិយាយអំពីអ្វីដែលបានត្រូវសម្ដែងឲ្យឃើញក្នុងគំនិត និងអ្វីដែលលោកម្ចាស់បានបើកបង្ហាញ។ ២ ខ្ញុំស្គាល់បុរសម្នាក់ដែលជាអ្នកកាន់តាមគ្រិស្ត។ ដប់បួនឆ្នាំមុន គាត់បានត្រូវកញ្ឆក់យកទៅស្ថានសួគ៌ទីបី។ ខ្ញុំមិនដឹងថាគាត់បានត្រូវកញ្ឆក់យកទៅក្នុងរូបកាយឬក្រៅរូបកាយទេ តែព្រះជ្រាប។ ៣ ខ្ញុំស្គាល់បុរសនោះ។ គាត់បានត្រូវកញ្ឆក់យកទៅសួនឧទ្យាន បើក្នុងរូបកាយឬក្រៅរូបកាយ ខ្ញុំមិនដឹងទេ តែព្រះជ្រាប។ ៤ ហើយកាលដែលបុរសនោះនៅក្នុងសួនឧទ្យាន គាត់បានឮពាក្យដែលគាត់មិនត្រូវប្រាប់ ជាពាក្យដែលមនុស្សមិនមានច្បាប់និយាយទេ។ ៥ ខ្ញុំនឹងអួតអំពីបុរសនោះ តែខ្ញុំនឹងមិនអួតអំពីខ្លួនខ្ញុំទេ។ ខ្ញុំនឹងអួតតែអំពីអ្វីដែលបង្ហាញភាពទន់ខ្សោយរបស់ខ្ញុំប៉ុណ្ណោះ។ ៦ ព្រោះប្រសិនបើខ្ញុំចង់អួត ខ្ញុំមិនមែនឥតវិចារណញ្ញាណទេ ពីព្រោះខ្ញុំនឹងនិយាយសេចក្ដីពិត។ ប៉ុន្តែខ្ញុំមិនអួតទេ ដើម្បីកុំឲ្យអ្នកណាគិតអ្វីអំពីខ្ញុំដែលហួសពីការដែលអ្នកនោះឃើញខ្ញុំធ្វើ ឬឮខ្ញុំនិយាយ ៧ ដោយសារតែមានអ្វីជាច្រើនបានត្រូវបើកបង្ហាញដល់ខ្ញុំ។
ដូច្នេះ ដើម្បីកុំឲ្យខ្ញុំមានមោទនភាពហួសហេតុពេក ខ្ញុំបានទទួលបន្លាមួយក្នុងសាច់ឈាម គឺទេវតាមួយរបស់សាថាន* ដើម្បីទះខ្ញុំជានិច្ច កុំឲ្យខ្ញុំមានមោទនភាពហួសហេតុពេក។ ៨ ខ្ញុំបានអង្វរលោកម្ចាស់បីដងអំពីរឿងនេះ ដើម្បីឲ្យលោកដកបន្លានេះចេញ។ ៩ ប៉ុន្តែលោកបានមានប្រសាសន៍មកខ្ញុំថា៖ «គុណដ៏វិសេសលើសលប់ដែលខ្ញុំមានចំពោះអ្នកគឺគ្រប់គ្រាន់ហើយ ព្រោះក្នុងករណីរបស់អ្នក ឫទ្ធានុភាពរបស់ខ្ញុំបានពេញលក្ខណៈពេលដែលអ្នកទន់ខ្សោយ»។ ដូច្នេះ ខ្ញុំសប្បាយចិត្តអួតអំពីអ្វីដែលបង្ហាញភាពទន់ខ្សោយរបស់ខ្ញុំវិញ ដើម្បីឲ្យឫទ្ធានុភាពរបស់គ្រិស្តបន្តសណ្ឋិតលើខ្ញុំដូចជាត្រសាល។ ១០ ដូច្នេះ ខ្ញុំពេញចិត្តនឹងភាពទន់ខ្សោយ ការតិះដៀល ការខ្វះខាត ការបៀតបៀន និងការលំបាក ដើម្បីគ្រិស្ត។ ព្រោះពេលដែលខ្ញុំខ្សោយ ខ្ញុំមានកម្លាំងខ្លាំងក្លា។
១១ ខ្ញុំបានក្លាយទៅជាដូចមនុស្សឥតវិចារណញ្ញាណ។ អ្នករាល់គ្នាបានបង្ខំឲ្យខ្ញុំធ្វើដូច្នេះ ព្រោះអ្នករាល់គ្នាមិនបានប្រាប់ពីការល្អដែលខ្ញុំបានធ្វើ។ ពីព្រោះខ្ញុំមិនអន់ជាងពួកមហាសាវ័ករបស់អ្នករាល់គ្នាក្នុងរឿងណាមួយសោះឡើយ ទោះជាខ្ញុំគ្មានតម្លៃចំពោះអ្នករាល់គ្នាសោះក៏ដោយ។ ១២ អ្នករាល់គ្នាបានឃើញភ័ស្តុតាងដែលបញ្ជាក់ថាខ្ញុំជាសាវ័ក តាមរយៈការស៊ូទ្រាំអ្វីៗទាំងអស់ សញ្ញាសម្គាល់ ការអស្ចារ្យ និងការដែលប្រកបដោយឫទ្ធានុភាព។ ១៣ ព្រោះតើអ្នករាល់គ្នាបានអន់ជាងក្រុមជំនុំឯទៀតក្នុងរឿងអ្វី? ប្រហែលដោយសារតែខ្ញុំមិនបានធ្វើជាបន្ទុកដល់អ្នករាល់គ្នា។ សូមមេត្ដាអភ័យទោសឲ្យខ្ញុំចំពោះកំហុសនេះផង។
១៤ មើល! នេះជាលើកទីបីដែលខ្ញុំប្រុងប្រៀបមកឯអ្នករាល់គ្នា ហើយខ្ញុំនឹងមិនធ្វើជាបន្ទុកដល់អ្នករាល់គ្នានៅលើកនេះដែរ។ ព្រោះខ្ញុំមិនចង់បានទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នាទេ តែខ្ញុំចង់បានអ្នករាល់គ្នាវិញ។ ពីព្រោះកូនមិនគួរទុកទ្រព្យឲ្យឪពុកម្ដាយទេ តែឪពុកម្ដាយគួរទុកឲ្យកូនវិញ។ ១៥ ចំណែកខ្ញុំ ខ្ញុំពេញចិត្តចំណាយអ្វីៗដែលខ្ញុំមាន ថែមទាំងខ្លួនខ្ញុំទាំងមូល ដើម្បីអ្នករាល់គ្នា។ ប្រសិនបើខ្ញុំស្រឡាញ់អ្នករាល់គ្នាខ្លាំងយ៉ាងនេះ តើគួរឲ្យអ្នករាល់គ្នាស្រឡាញ់ខ្ញុំតិចជាងនេះឬ? ១៦ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំមិនបានធ្វើជាបន្ទុកដល់អ្នករាល់គ្នាទេ។ ក៏ប៉ុន្តែអ្នករាល់គ្នានិយាយថាខ្ញុំ«មានឧបាយ» ហើយថាខ្ញុំបានចាប់អ្នករាល់គ្នា«ដោយប្រើកលល្បិច»។ ១៧ ចំណែកអ្នកដែលខ្ញុំបានចាត់ឲ្យទៅឯអ្នករាល់គ្នា តើខ្ញុំបានកេងយកប្រយោជន៍ពីអ្នករាល់គ្នាតាមរយៈអ្នកនោះឬ? ១៨ ខ្ញុំជាអ្នកដែលបានលើកទឹកចិត្តទីតុសឲ្យមកឯអ្នករាល់គ្នា ហើយក៏បានចាត់បងប្រុសដែលមកជាមួយនឹងគាត់ដែរ។ ទីតុសមិនបានកេងយកប្រយោជន៍ពីអ្នករាល់គ្នាសោះ មែនទេ? យើងបានបង្ហាញចិត្តគំនិតតែមួយ មែនទេ? ហើយយើងបានដើរតាមលំអានដានតែមួយ មែនទេ?
១៩ អំឡុងពេលនេះ តើអ្នករាល់គ្នានឹកស្មានថាយើងកំពុងនិយាយការពារខ្លួននៅចំពោះមុខអ្នករាល់គ្នាឬ? យើងកំពុងនិយាយនៅចំពោះមុខព្រះ ក្នុងនាមជាអ្នកកាន់តាមគ្រិស្ត។ ប៉ុន្តែមិត្តជាទីស្រឡាញ់អើយ អ្វីៗទាំងអស់គឺដើម្បីធ្វើឲ្យអ្នករាល់គ្នាមាំមួនឡើង។ ២០ ព្រោះខ្ញុំខ្លាចថា ពេលដែលខ្ញុំមកដល់ ខ្ញុំប្រហែលជាឃើញថាអ្នករាល់គ្នាមិនមានលក្ខណៈដែលខ្ញុំចង់ឲ្យអ្នករាល់គ្នាមាន ហើយខ្ញុំនឹងមានលក្ខណៈដែលអ្នករាល់មិនចង់ឲ្យខ្ញុំមាន ប៉ុន្តែផ្ទុយទៅវិញ នឹងមានការឈ្លោះប្រកែក ការច្រណែន កំហឹង ទំនាស់ ការតិះដៀល ការខ្សឹបរអេចរអូច ភាពក្រអឺតក្រអោង ការគ្មានសណ្ដាប់ធ្នាប់។ ២១ ប្រហែលជាពេលដែលខ្ញុំមកដល់ម្ដងទៀត ព្រះរបស់ខ្ញុំនឹងធ្វើឲ្យខ្ញុំអាម៉ាស់មុខក្នុងចំណោមអ្នករាល់គ្នា ហើយខ្ញុំនឹងសោកសៅចំពោះមនុស្សជាច្រើនដែលធ្លាប់ធ្វើអំពីខុសឆ្គង* តែមិនបានប្រែចិត្តពីភាពស្មោកគ្រោក អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* និងសីលធម៌ធូររលុង* របស់ពួកគេ។
១៣ នេះជាលើកទីបីដែលខ្ញុំកំពុងប្រុងប្រៀបខ្លួនមកឯអ្នករាល់គ្នា។ «ចូរឲ្យគ្រប់រឿងទាំងអស់បានត្រូវទុកជាការពិត ដោយការបញ្ជាក់របស់សាក្សីពីរនាក់ឬបីនាក់»។ ២ ទោះជាខ្ញុំនៅឆ្ងាយពីអ្នករាល់គ្នាក៏ដោយ ចូរស្ដាប់ពាក្យខ្ញុំហាក់ដូចជាខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជាលើកទីពីរ។ ដូច្នេះ ខ្ញុំសូមព្រមានពួកអ្នកដែលបានធ្វើខុស* ពីមុននិងអ្នកឯទៀតទាំងអស់ដូចខ្ញុំបានព្រមានពីមុនថា ប្រសិនបើខ្ញុំមកម្ដងទៀត ខ្ញុំនឹងមិនប្រណីទេ ៣ ដោយសារអ្នករាល់គ្នាចង់ឃើញភ័ស្តុតាងដែលបញ្ជាក់ថាគ្រិស្តកំពុងមានប្រសាសន៍តាមរយៈខ្ញុំ លោកមិនមែនអន់ខ្សោយចំពោះអ្នករាល់គ្នាទេ តែលោកកំពុងប្រព្រឹត្តដោយឫទ្ធានុភាពក្នុងចំណោមអ្នករាល់គ្នា។ ៤ ពិតមែន លោកបានត្រូវគេព្យួរនឹងបង្គោលឈើ* ដោយសារភាពទន់ខ្សោយ ប៉ុន្តែលោកមានជីវិតរស់នៅដោយសារឫទ្ធានុភាពរបស់ព្រះ។ ពិតមែន យើងក៏ទន់ខ្សោយជាមួយនឹងលោកដែរ ប៉ុន្តែយើងនឹងរស់ជាមួយនឹងលោកដោយសារឫទ្ធានុភាពរបស់ព្រះសណ្ឋិតលើអ្នករាល់គ្នា។
៥ ចូរពិនិត្យពិចារណាអំពីខ្លួនឥតឈប់ ដើម្បីឲ្យដឹងថាអ្នកកំពុងកាន់ខ្ជាប់នូវជំនឿឬយ៉ាងណា ចូរសឲ្យឃើញជានិច្ចថាអ្នកជាមនុស្សបែបណា។ ឬតើអ្នករាល់គ្នាមិនទទួលស្គាល់ថាលោកយេស៊ូគ្រិស្តរួបរួមជាមួយនឹងអ្នករាល់គ្នា? អ្នករាល់គ្នាគួរតែទទួលស្គាល់ លើកលែងតែព្រះមិនពេញចិត្តនឹងអ្នករាល់គ្នាទៀត។ ៦ ខ្ញុំពិតជាសង្ឃឹមថាអ្នករាល់គ្នានឹងដឹងថា ព្រះពេញចិត្តនឹងយើង។
៧ យើងអធិដ្ឋានទៅព្រះ ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើអំពើអាក្រក់ណាមួយឡើយ មិនមែនដើម្បីឲ្យមើលមកយើងថាយើងកំពុងទទួលការពេញចិត្តពីព្រះ តែដើម្បីឲ្យអ្នករាល់គ្នាធ្វើអំពើល្អ ទោះជាយើងមើលទៅដូចជាលែងទទួលការពេញចិត្តពីព្រះក៏ដោយ។ ៨ ព្រោះយើងមិនអាចប្រឆាំងសេចក្ដីពិតបានឡើយ មានតែធ្វើអ្វីដែលគាំទ្រសេចក្ដីពិត។ ៩ យើងពិតជាអរសប្បាយពេលដែលយើងខ្សោយ តែអ្នករាល់គ្នាមានកម្លាំងខ្លាំងក្លា ហើយយើងអធិដ្ឋានដើម្បីឲ្យអ្នករាល់គ្នាបន្តកែតម្រង់ខ្លួន។ ១០ ហេតុនេះហើយបានជាខ្ញុំសរសេរសេចក្ដីនេះពេលដែលខ្ញុំមិននៅជាមួយនឹងអ្នករាល់គ្នា ដើម្បីកុំឲ្យខ្ញុំត្រូវប្រព្រឹត្តដោយម៉ឺងម៉ាត់ពេលដែលនៅជាមួយ ព្រោះលោកម្ចាស់បានផ្ដល់អំណាចឲ្យខ្ញុំពង្រឹងអ្នករាល់គ្នា មិនមែនបំផ្លាញអ្នករាល់គ្នាទេ។
១១ ជាទីបញ្ចប់នេះ បងប្អូនអើយ ចូរបន្តអរសប្បាយ កែតម្រង់ខ្លួន ទទួលការសម្រាលទុក្ខ មានគំនិតឯកភាពគ្នា មានរបៀបរស់នៅដែលធ្វើឲ្យមានសន្ដិភាព ហើយព្រះនៃសេចក្ដីស្រឡាញ់និងសន្ដិភាព នឹងនៅជាមួយនឹងអ្នករាល់គ្នា។ ១២ ចូរសួរសុខទុក្ខគ្នាទៅវិញទៅមក ដោយការថើបដែលប្រកបដោយសេចក្ដីស្រឡាញ់ជាបងប្អូន។ ១៣ ពួកអ្នកបរិសុទ្ធទាំងអស់ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។
១៤ សូមឲ្យគុណដ៏វិសេសលើសលប់របស់លោកម្ចាស់យេស៊ូគ្រិស្ត សេចក្ដីស្រឡាញ់របស់ព្រះ និងការរួមចំណែកក្នុងសកម្មពល* បរិសុទ្ធ នៅជាមួយនឹងអ្នកទាំងអស់គ្នា។
[កំណត់សម្គាល់]
ភាសាក្រិច«អាប៉ូស្តូឡូស»។ មានន័យថា«អ្នកដែលត្រូវគេចាត់ឲ្យទៅ»
មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៤
មើលកំណត់សម្គាល់សកម្ម ២:៩
មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៤
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
ភាសាក្រិច«សាថាណាស»។ មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
ន័យត្រង់«បន្ទះថ្មធ្វើពីសាច់ គឺក្រអៅបេះដូង»
មើលកំណត់សម្គាល់ម៉ាថ ១:១
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
ឬ«គ្របបាំងដោយស្បៃ»
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
នេះរួមបញ្ចូលលក្ខណៈសម្បត្ដិនិងចិត្តគោរពកោតខ្លាចព្រះ
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
ន័យត្រង់«ដរាបណាដែលយើងមានលំនៅ»
មើលកំណត់សម្គាល់រ៉ូម ៥:១២
មើលកំណត់សម្គាល់ម៉ាថ ៥:២៩
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
ន័យត្រង់«កុំចូលនៅក្រោមនឹមដែលមិនស្មើ»
សំដៅទៅសាថាន មានន័យថា«ចោលម្សៀត»
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
ន័យត្រង់«សាច់ឈាម»
ន័យត្រង់«សាច់ឈាម»
ន័យត្រង់«បង្ក្រាបគ្រប់គំនិតទាំងអស់ដូចបង្ក្រាបឈ្លើយសឹក»
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
មើលកំណត់សម្គាល់រ៉ូម ៥:១២
ភាសាក្រិច«សាថាណាស»។ មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»
ភាសាក្រិច«សាថាណាស»។ មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»
មើលកំណត់សម្គាល់រ៉ូម ៥:១២
មើលកំណត់សម្គាល់ម៉ាថ ៥:៣២
មើលកំណត់សម្គាល់កាឡ ៥:១៩
មើលកំណត់សម្គាល់រ៉ូម ៥:១២
មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៥
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ