ជូនចំពោះគ្រិស្តសាសនិកនៅខេត្តកាឡាទី
១ ពីខ្ញុំ ប៉ូល ដែលជាសាវ័ក* មិនមែនជាសាវ័ករបស់មនុស្ស ឬតាមរយៈមនុស្សឡើយ តែតាមរយៈលោកយេស៊ូគ្រិស្ត* និងព្រះដែលជាបិតា ដែលបានប្រោសលោកឲ្យរស់ពីស្លាប់ឡើងវិញ ២ ខ្ញុំនិងបងប្អូនទាំងអស់ដែលនៅជាមួយនឹងខ្ញុំ សូមសរសេរទៅកាន់ក្រុមជំនុំទាំងឡាយនៅខេត្តកាឡាទី៖
៣ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់និងសេចក្ដីសុខសាន្តពីព្រះ ជាបិតារបស់យើង និងពីលោកម្ចាស់យេស៊ូគ្រិស្ត។ ៤ លោកបានប្រគល់ខ្លួនលោកជាថ្នូរនឹងការខុសឆ្គង* របស់យើង ដើម្បីសង្គ្រោះយើងពីរបៀបរបបនៃពិភពលោកអាក្រក់នៅសម័យនេះ ស្របតាមបំណងប្រាថ្នារបស់ព្រះដែលជាបិតារបស់យើង ៥ ជាព្រះដែលគួរនឹងទទួលការសរសើរតម្កើងជារៀងរហូត។ អាមេន។
៦ ខ្ញុំឆ្ងល់ណាស់ ដោយឃើញថាអ្នករាល់គ្នាឆាប់ឃ្លាតចេញពីលោកដែលបានហៅអ្នករាល់គ្នាដោយគុណដ៏វិសេសលើសលប់របស់គ្រិស្ត ហើយកំពុងស្ដាប់តាមដំណឹងល្អបែបផ្សេងវិញ។ ៧ ប៉ុន្តែនោះមិនមែនជាដំណឹងល្អបែបផ្សេងទេ តាមពិតគឺមានមនុស្សខ្លះដែលចង់រំខានអ្នករាល់គ្នា ហើយចង់បង្ខុសដំណឹងល្អអំពីគ្រិស្ត។ ៨ ក៏ប៉ុន្តែទោះជាយើងឬទេវតាមួយពីស្ថានសួគ៌ប្រកាសប្រាប់អ្នករាល់គ្នាអំពីដំណឹងល្អផ្សេង ខុសពីដំណឹងល្អដែលយើងបានប្រកាសប្រាប់អ្នករាល់គ្នា ចូរឲ្យអ្នកនោះត្រូវបណ្ដាសា។ ៩ ដូចយើងបាននិយាយខាងលើហើយ ខ្ញុំសុំនិយាយម្ដងទៀតថា អ្នកណាក៏ដោយដែលកំពុងប្រកាសប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ខុសពីអ្វីដែលអ្នករាល់គ្នាបានជឿហើយ ចូរឲ្យអ្នកនោះត្រូវបណ្ដាសា។
១០ តើខ្ញុំកំពុងព្យាយាមធ្វើឲ្យមនុស្សពេញចិត្តនឹងខ្ញុំ ឬធ្វើឲ្យព្រះពេញចិត្ត? តើខ្ញុំកំពុងព្យាយាមផ្គាប់ចិត្តមនុស្សឬ? ប្រសិនបើខ្ញុំនៅតែព្យាយាមផ្គាប់ចិត្តមនុស្ស ខ្ញុំមិនមែនជាខ្ញុំបម្រើរបស់គ្រិស្តទេ។ ១១ បងប្អូនអើយ ព្រោះខ្ញុំសូមបញ្ជាក់ថា ដំណឹងល្អដែលខ្ញុំបានប្រកាសមិនមែនមកពីមនុស្សទេ ១២ ព្រោះខ្ញុំមិនបានទទួលដំណឹងនោះពីមនុស្សឡើយ ក៏មិនបានត្រូវគេបង្រៀនដំណឹងនោះដែរ តែលោកយេស៊ូគ្រិស្តបានបើកបង្ហាញដំណឹងនោះដល់ខ្ញុំ។
១៣ អ្នករាល់គ្នាច្បាស់ជាបានឮអំពីការដែលខ្ញុំធ្លាប់ប្រព្រឹត្តកាលដែលខ្ញុំកាន់សាសនាយូដា គឺថាខ្ញុំចេះតែបៀតបៀនក្រុមជំនុំរបស់ព្រះយ៉ាងខ្លាំងហួសហេតុ ក៏បានបំផ្លាញក្រុមជំនុំនោះទៀតផង ១៤ ហើយខ្ញុំកាន់តាមសាសនាយូដាបានប្រសើរជាងមនុស្សជាច្រើនដែលជាជនរួមជាតិរបស់ខ្ញុំនិងអ្នកដែលស្រករខ្ញុំ ដោយសារខ្ញុំខំខ្នះខ្នែងខ្លាំងជាងពួកគេឆ្ងាយណាស់ក្នុងការប្រតិបត្ដិតាមទំនៀមទម្លាប់នៃពួកបុព្វបុរសរបស់ខ្ញុំ។ ១៥ ក៏ប៉ុន្តែកាលព្រះ ដែលបានអនុញ្ញាតឲ្យខ្ញុំកើតមក ហើយដែលបានហៅខ្ញុំតាមរយៈគុណដ៏វិសេសលើសលប់របស់លោក បានពេញចិត្ត ១៦ បើកបង្ហាញបុត្ររបស់លោកតាមរយៈខ្ញុំ ដើម្បីឲ្យខ្ញុំប្រកាសដំណឹងល្អអំពីលោកដល់ជនជាតិដទៃ នោះខ្ញុំមិនបានទៅសួរយោបល់អ្នកឯទៀតភ្លាមៗទេ។ ១៧ ខ្ញុំក៏មិនបានឡើងទៅក្រុងយេរូសាឡិមដើម្បីជួបអ្នកដែលជាសាវ័កមុនខ្ញុំដែរ ប៉ុន្តែខ្ញុំបានចេញទៅស្រុកអារ៉ាប់វិញ រួចខ្ញុំត្រឡប់មកក្រុងដាម៉ាស់។
១៨ បីឆ្នាំក្រោយមក ខ្ញុំឡើងទៅក្រុងយេរូសាឡិមដើម្បីជួបកេផាស ហើយក៏បាននៅជាមួយនឹងគាត់អស់ដប់ប្រាំថ្ងៃ។ ១៩ ប៉ុន្តែខ្ញុំមិនបានឃើញសាវ័កណាទៀតទេ ក្រៅពីយ៉ាកុបដែលជាប្អូនប្រុសរបស់លោកម្ចាស់ប៉ុណ្ណោះ។ ២០ ឥឡូវ មើល! ខ្ញុំសូមប្រាប់នៅចំពោះមុខព្រះថា អ្វីៗដែលខ្ញុំកំពុងសរសេរទៅកាន់អ្នករាល់គ្នា មិនមែនជាសេចក្ដីភូតភរទេ។
២១ បន្ទាប់ពីនោះ ខ្ញុំបានទៅតំបន់ស៊ីរីនិងស៊ីលីស៊ី។ ២២ ប៉ុន្តែបណ្ដាក្រុមជំនុំគ្រិស្តសាសនិកនៅតំបន់យូឌាមិនបានស្គាល់មុខខ្ញុំទេ ២៣ ពួកគាត់គ្រាន់តែបានឮថា៖ «ឥឡូវ បុរសដែលធ្លាប់បៀតបៀនយើងកំពុងប្រកាសដំណឹងល្អអំពីសាសនាដែលគាត់ធ្លាប់បំផ្លាញ»។ ២៤ ដូច្នេះ ពួកគាត់ចាប់ផ្ដើមសរសើរតម្កើងព្រះដោយសារខ្ញុំ។
២ ដប់បួនឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡិមម្ដងទៀតជាមួយនឹងបាណាបាស ហើយបាននាំទីតុសទៅជាមួយនឹងខ្ញុំដែរ។ ២ ប៉ុន្តែខ្ញុំឡើងទៅដោយសារអ្វីដែលបានត្រូវបើកបង្ហាញដល់ខ្ញុំ។ រួចខ្ញុំរៀបរាប់ប្រាប់បុរសសំខាន់ៗក្នុងក្រុមជំនុំអំពីដំណឹងល្អដែលខ្ញុំផ្សព្វផ្សាយដល់ជនជាតិដទៃ ក៏ប៉ុន្តែខ្ញុំបានប្រាប់ពួកគាត់ដោយឡែកពីគេ ដោយបារម្ភថាកិច្ចបម្រើដែលខ្ញុំបានបំពេញឬកំពុងបំពេញប្រហែលជាឥតប្រយោជន៍។ ៣ ទោះជាយ៉ាងនោះក៏ដោយ សូម្បីតែទីតុសក៏មិនព្រមទទួលការកាត់ចុងស្បែក* ដែរ ទោះបីគាត់ជាជនជាតិក្រិចក៏ដោយ។ ៤ ក៏ប៉ុន្តែដោយសារបងប្អូនក្លែងក្លាយដែលបានចូលមកដោយសម្ងាត់ គឺថាបានលួចបន្លំចូលឃ្លាំមើលក្នុងបំណងរកវិធីបំផ្លាញសេរីភាពដែលយើងមានក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូ ដើម្បីធ្វើឲ្យយើងទៅជាខ្ញុំបម្រើដាច់ថ្លៃ . . . ៥ ចំពោះអ្នកទាំងនោះ យើងមិនបានចុះចូលស្ដាប់តាមឡើយ សូម្បីតែមួយភ្លែតក៏ដោយ ដើម្បីឲ្យសេចក្ដីពិតនៃដំណឹងល្អនៅជាប់ជាមួយនឹងអ្នករាល់គ្នាជានិច្ច។
៦ ប៉ុន្តែចំណែកពួកអ្នកដែលមើលទៅដូចជាមនុស្សសំខាន់ក្នុងក្រុមជំនុំ តាមពិតពួកគាត់មិនបានបន្ថែមចំណេះឲ្យខ្ញុំសោះ។ ទោះបីពីមុនពួកគាត់ជាអ្វីក៏ដោយ នោះមិនសំខាន់ចំពោះខ្ញុំទេ ពីព្រោះទស្សនៈដែលអ្នកដទៃមានអំពីមនុស្សណាម្នាក់ គឺមិនសំខាន់ចំពោះព្រះឡើយ។ ៧ ប៉ុន្តែផ្ទុយទៅវិញ ពេលដែលពួកគាត់ឃើញថាដំណឹងល្អសម្រាប់ជនជាតិដទៃ* បានត្រូវប្រគល់មកខ្ញុំ ដូចដំណឹងល្អសម្រាប់ជនជាតិយូដា* បានត្រូវប្រគល់ទៅពេត្រុស ៨ (ព្រោះលោកដែលបានឲ្យអំណាចដល់ពេត្រុសដើម្បីធ្វើជាសាវ័កសម្រាប់ពួកអ្នកដែលបានទទួលការកាត់ចុងស្បែក ក៏បានឲ្យអំណាចដល់ខ្ញុំដើម្បីធ្វើជាសាវ័កសម្រាប់ជនជាតិដទៃ) ៩ ពេលដែលពួកគាត់ដឹងអំពីគុណដ៏វិសេសលើសលប់ដែលខ្ញុំបានទទួល នោះយ៉ាកុប កេផាស និងយ៉ូហាន ជាពួកអ្នកដែលត្រូវគេចាត់ទុកជាសសរនៃក្រុមជំនុំ បានហុចដៃស្ដាំមកយើងដើម្បីបញ្ជាក់ការយល់ព្រមថា ខ្ញុំនឹងបាណាបាសគួរទៅឯជនជាតិដទៃ តែពួកគាត់នឹងទៅឯពួកអ្នកដែលបានទទួលការកាត់ចុងស្បែក។ ១០ ពួកគាត់គ្រាន់តែប្រាប់យើងកុំឲ្យភ្លេចគិតដល់បងប្អូនក្រីក្រ។ ខ្ញុំក៏បានព្យាយាមធ្វើការនោះដោយស្មោះអស់ពីចិត្តដែរ។
១១ ក៏ប៉ុន្តែពេលកេផាសមកដល់ក្រុងអាន់ទីយ៉ូក ខ្ញុំបានប្រឆាំងគាត់នៅចំពោះមុខតែម្ដង ពីព្រោះគាត់គួរទទួលការផ្ដន្ទាទោស។ ១២ ព្រោះមុនពេលបុរសខ្លះពីយ៉ាកុបមកដល់ កេផាសធ្លាប់បរិភោគជាមួយនឹងជនជាតិដទៃ ប៉ុន្តែពេលដែលបុរសទាំងនោះមកដល់ កេផាសដកខ្លួនចេញ ហើយនៅដោយឡែកពីជនជាតិដទៃនោះ ដោយសារគាត់ខ្លាចពួកអ្នកដែលគាំទ្រការកាត់ចុងស្បែក។ ១៣ ជនជាតិយូដាឯទៀតទាំងអស់ក៏បានធ្វើពើជាមួយនឹងគាត់ដែរ សូម្បីតែបាណាបាសក៏បានបណ្ដែតបណ្ដោយខ្លួនទៅតាមពួកគាត់ក្នុងការធ្វើពើនោះ។ ១៤ ប៉ុន្តែពេលដែលខ្ញុំឃើញថាពួកគាត់ដើរមិនត្រង់តាមសេចក្ដីពិតនៃដំណឹងល្អ នោះខ្ញុំនិយាយទៅកេផាសនៅមុខពួកគាត់ទាំងអស់គ្នាថា៖ «ប្រសិនបើអ្នកមិនរស់នៅដូចជនជាតិយូដា គឺរស់នៅដូចជនជាតិដទៃ ទោះបីអ្នកជាជនជាតិយូដាក៏ដោយ ហេតុអ្វីអ្នកកំពុងជំរុញចិត្តជនជាតិដទៃឲ្យរស់នៅតាមទំនៀមទម្លាប់យូដា?»។
១៥ យើងដែលមានដើមកំណើត* ជាជនជាតិយូដា ហើយមិនមែនជាជនជាតិដទៃដែលធ្វើអំពើខុសឆ្គង* ១៦ យើងដឹងថាមនុស្សបានត្រូវប្រកាសថាជាមនុស្សសុចរិត មិនមែនដោយអាងលើការប្រព្រឹត្តតាមច្បាប់ទេ តែតាមរយៈជំនឿលើគ្រិស្តយេស៊ូប៉ុណ្ណោះ ដូច្នេះ សូម្បីតែយើងក៏បានជឿលើគ្រិស្តយេស៊ូដែរ ដើម្បីឲ្យយើងបានត្រូវប្រកាសថាជាមនុស្សសុចរិតដោយសារជំនឿលើគ្រិស្ត មិនមែនដោយអាងលើការប្រព្រឹត្តតាមច្បាប់ ពីព្រោះគ្មានអ្នកណាអាចត្រូវប្រកាសថាជាមនុស្សសុចរិតដោយអាងលើការប្រព្រឹត្តតាមច្បាប់ឡើយ។ ១៧ ឥឡូវ ប្រសិនបើយើងដែលកំពុងព្យាយាមធ្វើជាអ្នកដែលនឹងត្រូវប្រកាសថាជាមនុស្សសុចរិតតាមរយៈគ្រិស្ត បានត្រូវគេចាត់ទុកជាអ្នកប្រព្រឹត្តអំពើខុសឆ្គងវិញ តើនេះមានន័យថាគ្រិស្តលើកទឹកចិត្តយើងឲ្យធ្វើខុសឬ? មិនអាចទេ! ១៨ ព្រោះប្រសិនបើខ្ញុំយកអ្វីៗដែលខ្ញុំបានរំលំចោលហើយមកសង់ឡើងវិញ នោះខ្ញុំបង្ហាញថា ខ្ញុំជាអ្នកប្រព្រឹត្តរំលង។ ១៩ ចំណែកខ្ញុំវិញ ដោយសារច្បាប់ ខ្ញុំបានរួច* ពីច្បាប់ ដើម្បីខ្ញុំអាចរស់ដើម្បីព្រះ។ ២០ ខ្ញុំបានត្រូវព្យួរ* ជាមួយនឹងគ្រិស្ត។ មិនមែនខ្ញុំទៀតទេដែលរស់ តែគឺគ្រិស្តដែលកំពុងរស់ ហើយលោករួបរួមជាមួយនឹងខ្ញុំ។ ឥឡូវនេះ ខ្ញុំរស់នៅដោយជំនឿលើបុត្រព្រះ ដែលលោកបានស្រឡាញ់ខ្ញុំ ហើយបានប្រគល់ខ្លួនដើម្បីខ្ញុំ។ ២១ ខ្ញុំមិនច្រានចោលគុណដ៏វិសេសលើសលប់របស់ព្រះឡើយ ព្រោះប្រសិនបើសេចក្ដីសុចរិតគឺតាមរយៈច្បាប់ នោះគ្រិស្តបានស្លាប់ឥតប្រយោជន៍។
៣ ឱអ្នកក្រុងកាឡាទីដែលមិនចេះពិចារណា! តើអ្នកណាបានបញ្ឆោតអ្នករាល់គ្នា? ព្រោះអ្នករាល់គ្នាបានត្រូវពន្យល់យ៉ាងច្បាស់អំពីការព្យួរ* លោកយេស៊ូគ្រិស្ត។ ២ ខ្ញុំគ្រាន់តែចង់ដឹងថា តើអ្នករាល់គ្នាបានទទួលសកម្មពល* របស់ព្រះដោយសារអ្នករាល់គ្នាប្រព្រឹត្តតាមច្បាប់ ឬដោយសារមានជំនឿលើអ្វីដែលអ្នករាល់គ្នាបានឮ? ៣ តើអ្នករាល់គ្នាពិតជាមិនចេះពិចារណាដល់ថ្នាក់នេះឬ? អ្នករាល់គ្នាបានចាប់ផ្ដើមដោយផ្អែកលើសកម្មពលរបស់ព្រះ ដូច្នេះ ឥឡូវនេះ តើអ្នករាល់គ្នាបែរជាបញ្ចប់ដោយផ្អែកលើអ្វីៗដែលមកពីមនុស្សមិនល្អឥតខ្ចោះឬ? ៤ តើអ្នករាល់គ្នាបានរងទុក្ខលំបាកជាច្រើនដោយឥតអំពើឬ? ខ្ញុំប្រាកដថាការនោះមិនមែនឥតអំពើទេ។ ៥ ចុះអ្នកដែលឲ្យសកម្មពលរបស់ព្រះដល់អ្នករាល់គ្នា ហើយធ្វើការដែលប្រកបដោយឫទ្ធានុភាពក្នុងចំណោមអ្នករាល់គ្នា តើគាត់* ធ្វើការទាំងនោះដោយសារប្រព្រឹត្តតាមច្បាប់ ឬដោយសារមានជំនឿលើអ្វីដែលបានឮ? ៦ ដូចអាប្រាហាំ«បានជឿព្រះយេហូវ៉ា ហើយគាត់បានត្រូវចាត់ទុកជាមនុស្សសុចរិត»។
៧ អ្នករាល់គ្នាច្បាស់ជាដឹងថា អ្នកណាដែលមានជំនឿ អ្នកនោះជាកូនអាប្រាហាំ។ ៨ ហើយដោយសារបទគម្ពីរបានឃើញទុកជាមុនថា ព្រះនឹងប្រកាសថាជនជាតិដទៃជាមនុស្សសុចរិតដោយសារជំនឿរបស់ពួកគេ នោះបទគម្ពីរបានប្រកាសដំណឹងល្អដល់អាប្រាហាំជាមុនថា៖ «តាមរយៈពូជរបស់អ្នក ប្រជាជាតិទាំងអស់នឹងទទួលពរ»។ ៩ ហេតុនេះ អស់អ្នកដែលមានជំនឿកំពុងទទួលពរជាមួយនឹងអាប្រាហាំដែលជាអ្នកស្មោះត្រង់។
១០ ព្រោះអស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្តតាមច្បាប់ អ្នកទាំងនោះត្រូវបណ្ដាសា ព្រោះបទគម្ពីរចែងថា៖ «អស់អ្នកណាដែលមិនធ្វើតាមជានិច្ចនូវអ្វីៗទាំងអស់ដែលបានត្រូវសរសេរក្នុងរមូរច្បាប់* អ្នកនោះត្រូវបណ្ដាសា»។ ១១ ម្យ៉ាងទៀត យើងឃើញច្បាស់ថាព្រះមិនប្រកាសថាអ្នកណាជាមនុស្សសុចរិតដោយសារច្បាប់ទេ ពីព្រោះ«មនុស្សសុចរិតនឹងរស់ដោយសារជំនឿ»។ ១២ ឯច្បាប់មិនតម្រូវឲ្យមានជំនឿទេ ប៉ុន្តែ«អ្នកដែលប្រព្រឹត្តតាមបញ្ញត្ដិទាំងនោះ នឹងរស់ដោយសារបញ្ញត្ដិទាំងនោះ»។ ១៣ ដោយសារគ្រិស្តបានទិញយើង នោះលោកបានរំដោះយើងឲ្យរួចពីបណ្ដាសានៃច្បាប់ ដោយធ្វើជាអ្នកត្រូវបណ្ដាសាជំនួសយើង ពីព្រោះបទគម្ពីរចែងថា៖ «អស់អ្នកណាដែលត្រូវព្យួរនឹងបង្គោលឈើ អ្នកនោះត្រូវបណ្ដាសា»។ ១៤ ការនោះបានកើតឡើងដើម្បីឲ្យជនជាតិដទៃបានពររបស់អាប្រាហាំតាមរយៈលោកយេស៊ូគ្រិស្ត ដើម្បីឲ្យយើងទទួលសកម្មពលរបស់ព្រះតាមសេចក្ដីសន្យារបស់លោកដោយសារជំនឿរបស់យើង។
១៥ បងប្អូនអើយ ខ្ញុំសូមឲ្យឧទាហរណ៍មួយអំពីជីវិតប្រចាំថ្ងៃ៖ សូម្បីតែកិច្ចព្រមព្រៀងមួយដែលមនុស្សធ្វើឲ្យមានសុពលភាពក៏ដោយ ក៏គ្មានអ្នកណាអាចលើកចោលឬបន្ថែមអ្វីក្នុងកិច្ចព្រមព្រៀងនោះបានទេ។ ១៦ អាប្រាហាំនិងពូជរបស់គាត់បានទទួលសេចក្ដីសន្យាទាំងនោះ។ បទគម្ពីរមិនចែងថា៖ «ដល់ពូជទាំងឡាយ» ហាក់ដូចជាមានគ្នាច្រើននោះទេ តែចែងថា៖ «ដល់ពូជរបស់អ្នក» ដោយសំដៅទៅមនុស្សម្នាក់ គឺជាគ្រិស្ត។ ១៧ ម្យ៉ាងទៀត ខ្ញុំសុំនិយាយថា ច្បាប់ដែលបានត្រូវបង្កើតឡើងបួនរយសាមសិបឆ្នាំក្រោយមក មិនធ្វើឲ្យកិច្ចព្រមព្រៀងដែលព្រះបានធ្វើឲ្យមានសុពលភាពពីមុន ទៅជាមោឃ ហើយលុបបំបាត់សេចក្ដីសន្យានោះទេ។ ១៨ ព្រោះប្រសិនបើមត៌កដែលព្រះឲ្យ លោកឲ្យដោយសារច្បាប់ នោះមិនមែនដោយសារសេចក្ដីសន្យាទៀតទេ។ ប៉ុន្តែតាមការពិត ព្រះបានមេត្ដាឲ្យមត៌កនោះដល់អាប្រាហាំតាមរយៈសេចក្ដីសន្យាមួយ។
១៩ បើដូច្នេះ ហេតុអ្វីក៏មានច្បាប់? ច្បាប់នោះបានត្រូវបន្ថែមដើម្បីសឲ្យឃើញការរំលង រហូតដល់ពូជដែលបានទទួលសេចក្ដីសន្យាមកដល់។ ឯច្បាប់នោះបានត្រូវផ្ដល់មកតាមរយៈទេវតា ដោយដៃអ្នកសម្រុះសម្រួល។ ២០ ពេលដែលមានភាគីតែម្ខាង មិនត្រូវការអ្នកសម្រុះសម្រួលទេ ប៉ុន្តែព្រះគឺតែមួយ។ ២១ បើដូច្នេះ តើច្បាប់ប្រឆាំងសេចក្ដីសន្យារបស់ព្រះឬ? មិនអាចទេ! ព្រោះប្រសិនបើមនុស្សបានទទួលច្បាប់មួយដែលអាចផ្ដល់ជីវិត នោះពួកគេនឹងបានត្រូវចាត់ទុកជាមនុស្សសុចរិតតាមរយៈច្បាប់នោះ។ ២២ ប៉ុន្តែបទគម្ពីរបានប្រគល់យើងទៅឲ្យជាប់ឃុំឃាំងដោយភាពខុសឆ្គង* ដើម្បីឲ្យសេចក្ដីសន្យាដែលមកពីជំនឿលើលោកយេស៊ូគ្រិស្ត អាចត្រូវឲ្យដល់អស់អ្នកដែលជឿ។
២៣ ក៏ប៉ុន្តែមុនជំនឿនោះមកដល់ យើងបានត្រូវបង្ខាំងទុកក្រោមច្បាប់ ដោយបានត្រូវប្រគល់ទៅឲ្យជាប់ឃុំឃាំងជាមួយគ្នា ហើយបានរង់ចាំជំនឿដែលនឹងត្រូវបើកបង្ហាញ។ ២៤ ហេតុនេះ ច្បាប់បានធ្វើជាគ្រូដែលនាំយើងទៅដល់គ្រិស្ត ដើម្បីឲ្យព្រះប្រកាសថាយើងជាមនុស្សសុចរិតដោយសារជំនឿ។ ២៥ ប៉ុន្តែឥឡូវដែលជំនឿនោះបានមកដល់ហើយ យើងលែងនៅក្រោមអំណាចគ្រូទៀត។
២៦ តាមការពិត អ្នករាល់គ្នាជាកូនព្រះដោយសារមានជំនឿលើគ្រិស្តយេស៊ូ។ ២៧ ព្រោះអ្នករាល់គ្នា (ដែលបានទទួលការជ្រមុជទឹក ហើយក៏រួបរួមជាមួយនឹងគ្រិស្ត) បានបំពាក់ខ្លួនដោយគ្រិស្ត។ ២៨ គ្មានជនជាតិយូដា ឬជនជាតិក្រិច គ្មានខ្ញុំបម្រើ ឬអ្នកដែលមានសេរីភាព គ្មានប្រុស ឬស្រីឡើយ ព្រោះអ្នករាល់គ្នារួបរួមគ្នាហាក់ដូចជាបុគ្គលតែមួយជាអ្នកកាន់តាមគ្រិស្តយេស៊ូ។ ២៩ ម្យ៉ាងទៀត ប្រសិនបើអ្នករាល់គ្នាជារបស់គ្រិស្ត អ្នករាល់គ្នាពិតជាពូជអាប្រាហាំដែលជាអ្នកទទួលមត៌កតាមសេចក្ដីសន្យា។
៤ ឥឡូវ ខ្ញុំសុំប្រាប់ថា ដរាបណាដែលអ្នកទទួលមត៌កជាក្មេងតូច គាត់មិនខុសពីខ្ញុំបម្រើទេ ទោះបីគាត់ជាម្ចាស់លើអ្វីៗទាំងអស់ក៏ដោយ ២ ផ្ទុយទៅវិញ គាត់នៅក្រោមអំណាចពួកអាណាព្យាបាលនិងអ្នកចាត់ចែងកិច្ចការផ្ទះ រហូតដល់ថ្ងៃដែលឪពុករបស់គាត់បានកំណត់ទុក។ ៣ ដូចគ្នាដែរ កាលដែលយើងជាក្មេងតូចនៅឡើយ យើងជាខ្ញុំបម្រើនៃបឋមសេចក្ដីរបស់ពិភពលោកនេះ។ ៤ ប៉ុន្តែពេលដែលគ្រាកំណត់បានមកដល់ ព្រះបានចាត់បុត្ររបស់លោកឲ្យមក ហើយបុត្រនោះបានកើតពីស្ត្រី ក៏បានទៅជាអ្នកដែលនៅក្រោមច្បាប់ ៥ ដើម្បីបុត្រនោះអាចរំដោះអស់អ្នកដែលនៅក្រោមច្បាប់ដោយទិញពួកគេ ដើម្បីឲ្យព្រះទទួលយើងជាកូន។
៦ ឥឡូវ ពីព្រោះយើងជាកូនព្រះ ព្រះបានចាត់សកម្មពល* បរិសុទ្ធដែលបុត្ររបស់លោកបានទទួល ឲ្យចូលក្នុងចិត្តយើង ហើយសកម្មពលនោះស្រែកឡើងថា៖ «អប្បា!* បិតាអើយ!»។ ៧ ដូច្នេះ អ្នកមិនមែនជាខ្ញុំបម្រើទៀតទេ តែជាកូនព្រះ ហើយប្រសិនបើអ្នកជាកូនព្រះ នោះព្រះក៏បានឲ្យអ្នករាល់គ្នាធ្វើជាអ្នកទទួលមត៌កដែរ។
៨ ទោះជាយ៉ាងនោះក៏ដោយ ពេលដែលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះនៅឡើយ នោះអ្នករាល់គ្នាធ្លាប់ធ្វើជាខ្ញុំបម្រើរបស់ពួកអ្នកដែលតាមពិតមិនមែនជាព្រះមួយទេ។* ៩ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាស្គាល់ព្រះហើយ ឬអាចនិយាយថា ឥឡូវនេះ ព្រះស្គាល់អ្នករាល់គ្នាហើយ ដូច្នេះ ហេតុអ្វីអ្នករាល់គ្នាកំពុងត្រឡប់ទៅរកអ្វីៗដែលគ្មានប្រយោជន៍និងគ្មានតម្លៃ ហើយចង់ធ្វើជាខ្ញុំបម្រើរបស់អ្វីៗទាំងនោះម្ដងទៀត? ១០ អ្នករាល់គ្នាកាន់ថ្ងៃ ខែ និងគ្រា* ផ្សេងៗយ៉ាងផ្ចិតផ្ចង់។ ១១ ខ្ញុំបារម្ភអំពីអ្នករាល់គ្នា ព្រោះប្រហែលជាខ្ញុំបានខំប្រឹងជួយអ្នករាល់គ្នាដោយឥតអំពើ។
១២ បងប្អូនអើយ ពីមុន ខ្ញុំធ្លាប់ធ្វើដូចអ្នករាល់គ្នា ដូច្នេះ ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យធ្វើដូចខ្ញុំធ្វើឥឡូវនេះ។ អ្នករាល់គ្នាមិនបានធ្វើអ្វីខុសនឹងខ្ញុំទេ។ ១៣ ម្យ៉ាងទៀត អ្នករាល់គ្នាដឹងថា នៅលើកដំបូង ពេលដែលខ្ញុំប្រកាសដំណឹងល្អដល់អ្នករាល់គ្នាពីព្រោះខ្ញុំឈឺ ១៤ នោះអ្នករាល់គ្នាមិនបានមើលងាយជំងឺរបស់ខ្ញុំដែលបានល្បងលអ្នករាល់គ្នាទេ ក៏មិនបានស្ដោះទឹកមាត់ដោយក្ដីស្អប់ខ្ពើមដែរ តែអ្នករាល់គ្នាបានទទួលខ្ញុំដូចជាទទួលទេវតារបស់ព្រះ ឬដូចទទួលគ្រិស្តយេស៊ូ។ ១៥ ដូច្នេះ តើសុភមង្គលដែលអ្នករាល់គ្នាធ្លាប់មានពីមុននៅឯណា? ព្រោះខ្ញុំជឿជាក់ថា អ្នករាល់គ្នាមុខជាបានខ្វេះភ្នែកខ្លួនឯងចេញផ្ដល់ឲ្យខ្ញុំហើយនៅពេលនោះ ប្រសិនបើអាចធ្វើបាន។ ១៦ បើដូច្នេះ តើខ្ញុំបានទៅជាសត្រូវរបស់អ្នករាល់គ្នា ដោយសារខ្ញុំប្រាប់សេចក្ដីពិតដល់អ្នករាល់គ្នាឬ? ១៧ ឯអ្នកទាំងនោះខំខ្នះខ្នែងឲ្យបានអ្នករាល់គ្នា ប៉ុន្តែមិនមែនដោយមានបំណងចិត្តល្អទេ តែពួកគេចង់ពង្រាត់អ្នករាល់គ្នាចេញពីខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាខ្នះខ្នែងទៅរកពួកគេវិញ។ ១៨ ក៏ប៉ុន្តែ ជាការល្អប្រសិនបើមានគេខ្នះខ្នែងឲ្យបានអ្នករាល់គ្នាដោយមានបំណងចិត្តល្អ ហើយនេះជាការល្អនៅគ្រប់ពេលវេលា មិនគ្រាន់តែពេលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាទេ ១៩ កូនៗអើយ! បើដូច្នោះ នោះជាការល្អប្រសើរសម្រាប់អ្នករាល់គ្នា។ ខ្ញុំកំពុងឈឺចាប់ម្ដងទៀតដូចស្ត្រីដែលកំពុងសម្រាលកូន ដោយសារអ្នករាល់គ្នា រហូតដល់គ្រិស្តបានត្រូវបង្កើតក្នុងអ្នករាល់គ្នា។ ២០ ប៉ុន្តែខ្ញុំចង់នៅជាមួយនឹងអ្នករាល់គ្នាឥឡូវនេះ ហើយនិយាយតាមរបៀបមួយផ្សេងទៀត ពីព្រោះខ្ញុំឆ្ងល់អំពីអ្នករាល់គ្នាណាស់។
២១ ខ្ញុំសូមសួរថា តើអ្នករាល់គ្នាដែលចង់នៅក្រោមច្បាប់* មិនស្ដាប់អ្វីដែលច្បាប់ចែងទេឬ? ២២ ជាឧទាហរណ៍ បទគម្ពីរចែងថាអាប្រាហាំបង្កើតកូនប្រុសពីរនាក់ ម្នាក់កើតពីស្ត្រីជាអ្នកបម្រើ ម្នាក់ទៀតកើតពីស្ត្រីដែលមានសេរីភាព ២៣ ប៉ុន្តែកូនប្រុសដែលកើតពីស្ត្រីជាអ្នកបម្រើបានកើតមកដូចមនុស្សទូទៅ* ឯកូនប្រុសម្នាក់ទៀតដែលកើតពីស្ត្រីដែលមានសេរីភាព បានកើតមកដោយសារសេចក្ដីសន្យារបស់ព្រះ។ ២៤ ព្រឹត្ដិការណ៍ទាំងនេះមានអត្ថន័យជានិមិត្តរូប ព្រោះស្ត្រីទាំងពីរនេះជាតំណាងកិច្ចព្រមព្រៀងពីរ។ មួយជាកិច្ចព្រមព្រៀងដែលបានត្រូវធ្វើឡើងនៅភ្នំស៊ីណាយ ក៏បង្កើតកូនដែលត្រូវធ្វើជាខ្ញុំបម្រើ ហើយកិច្ចព្រមព្រៀងនេះគឺដូចនាងហាកា។ ២៥ ឯហាកាគឺជាតំណាងភ្នំស៊ីណាយ ភ្នំមួយនៅស្រុកអារ៉ាប់ ហើយនាងតំណាងក្រុងយេរូសាឡិមសព្វថ្ងៃនេះ ព្រោះនាងនិងកូនរបស់នាងជាខ្ញុំបម្រើ។ ២៦ ប៉ុន្តែក្រុងយេរូសាឡិមនៅស្ថានលើមានសេរីភាព ហើយនាងជាម្ដាយរបស់យើង។
២៧ ព្រោះបទគម្ពីរចែងថា៖ «ស្ត្រីអារដែលមិនបង្កើតកូនអើយ! ចូរត្រេកអរឡើង! ស្ត្រីដែលមិនធ្លាប់ឈឺចាប់ដោយសម្រាលកូន ចូរបន្លឺសំឡេងហើយស្រែកឡើងដោយអំណរ! ព្រោះកូនរបស់ស្ត្រីដែលបានត្រូវបោះបង់ចោល គឺច្រើនជាងកូនរបស់ស្ត្រីដែលមានប្ដី»។ ២៨ ចំណែកយើងវិញ បងប្អូនអើយ យើងជាកូននៃសេចក្ដីសន្យានោះ ដូចអ៊ីសាកដែរ។ ២៩ ប៉ុន្តែនៅពេលនោះក៏ដូចសព្វថ្ងៃនេះដែរ ព្រោះអ្នកដែលកើតដូចមនុស្សទូទៅចាប់ផ្ដើមបៀតបៀនអ្នកដែលកើតដោយសារសកម្មពលរបស់ព្រះ។ ៣០ ទោះជាយ៉ាងនោះក៏ដោយ តើបទគម្ពីរចែងយ៉ាងណា? «ចូរបណ្ដេញស្ត្រីដែលជាអ្នកបម្រើនិងកូនប្រុសរបស់នាងចេញ ព្រោះកូនរបស់ស្ត្រីជាអ្នកបម្រើនឹងមិនទទួលមត៌កជាមួយនឹងកូនប្រុសរបស់ស្ត្រីដែលមានសេរីភាពឡើយ»។ ៣១ ដូច្នេះ បងប្អូនអើយ យើងមិនមែនជាកូនរបស់ស្ត្រីជាអ្នកបម្រើទេ តែជាកូនរបស់ស្ត្រីដែលមានសេរីភាព។
៥ គ្រិស្តបានរំដោះយើង ដើម្បីឲ្យមានសេរីភាពបែបនោះ។ ម្ល៉ោះហើយ ចូរកាន់ជំហរមាំមួន កុំឲ្យអ្នកណាដាក់នឹមលើអ្នករាល់គ្នាឲ្យធ្វើជាខ្ញុំបម្រើទៀតឡើយ។
២ មើល! ខ្ញុំ ប៉ូល សូមប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាទទួលការកាត់ចុងស្បែក* នោះអ្វីៗដែលគ្រិស្តបានធ្វើនឹងគ្មានប្រយោជន៍ចំពោះអ្នករាល់គ្នាទេ។ ៣ ម្យ៉ាងទៀត ខ្ញុំសូមបញ្ជាក់ប្រាប់បុរសទាំងអស់ដែលទទួលការកាត់ចុងស្បែកថា អ្នករាល់គ្នាក៏មានកាតព្វកិច្ចបំពេញតាមច្បាប់* ទាំងមូលផងដែរ។ ៤ អ្នកណាដែលខំឲ្យព្រះប្រកាសថាជាមនុស្សសុចរិត ដោយកាន់តាមច្បាប់ អ្នកនោះបានឃ្លាតចេញពីគ្រិស្ត និងគុណដ៏វិសេសលើសលប់របស់លោក។ ៥ ចំណែកយើងវិញ ដោយសកម្មពល* របស់ព្រះ យើងកំពុងទន្ទឹងចាំដោយចិត្តរំភើប ឲ្យបានភាពសុចរិតដែលយើងបានសង្ឃឹមទទួលដោយសារជំនឿ។ ៦ ព្រោះក្នុងគ្រិស្តយេស៊ូ ការកាត់ចុងស្បែកឬមិនកាត់ នោះមិនសំខាន់ឡើយ ប៉ុន្តែអ្វីដែលសំខាន់គឺជំនឿដែលផុសចេញពីសេចក្ដីស្រឡាញ់។
៧ កន្លងមកអ្នករាល់គ្នាបានប្រព្រឹត្តយ៉ាងល្អ។* តើអ្នកណាបានរារាំងអ្នករាល់គ្នាមិនឲ្យបន្តស្ដាប់តាមសេចក្ដីពិត? ៨ ការវែកញែកបែបនេះមិនមែនមកពីលោកដែលកំពុងហៅអ្នករាល់គ្នាមកទេ។ ៩ ដំបែតែបន្ដិចធ្វើឲ្យដុំម្សៅទាំងមូលដោរឡើង។ ១០ ខ្ញុំជឿជាក់ថា អ្នករាល់គ្នាដែលជាអ្នកកាន់តាមលោកម្ចាស់នឹងមិនមានគំនិតផ្សេងទេ ប៉ុន្តែអ្នកណាដែលកំពុងធ្វើឲ្យអ្នករាល់គ្នាពិបាក អ្នកនោះនឹងទទួលការផ្ដន្ទាទោស ទោះបីអ្នកនោះជាអ្នកណាក៏ដោយ។ ១១ ចំណែកខ្ញុំវិញ បងប្អូនអើយ ប្រសិនបើខ្ញុំនៅតែប្រកាសឲ្យទទួលការកាត់ចុងស្បែក ហេតុអ្វីបានជាគេនៅតែបៀតបៀនខ្ញុំ? បើដូច្នោះ សេចក្ដីបង្រៀនអំពីបង្គោលទារុណកម្ម* មិនមែនជាឧបសគ្គដែលនាំឲ្យជំពប់ដួល* ទៀតទេ។ ១២ បើបុរសទាំងនោះដែលកំពុងខំប្រឹងបង្វិលខួរអ្នករាល់គ្នា ប្រគល់ខ្លួនទៅឲ្យគេគ្រៀវនោះ ខ្ញុំអរណាស់។
១៣ ពិតមែនតែបងប្អូនបានត្រូវហៅមកដើម្បីឲ្យមានសេរីភាព ប៉ុន្តែកុំប្រើសេរីភាពនេះជាឱកាសដើម្បីបំពេញតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយ តែចូរបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់។ ១៤ ព្រោះច្បាប់ទាំងមូលបានត្រូវសម្រេចដោយបញ្ញត្ដិតែមួយ ពោលគឺ «អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»។ ១៥ ក៏ប៉ុន្តែប្រសិនបើអ្នករាល់គ្នាចេះតែប្រខាំនិងត្របាក់គ្នាទៅវិញទៅមក នោះចូរប្រយ័ត្ន ក្រែងលោត្រូវវិនាសដោយសារតែគ្នាឯង។
១៦ ប៉ុន្តែខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរឲ្យសកម្មពលរបស់ព្រះបន្តដឹកនាំអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងមិនបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់រូបកាយឡើយ។ ១៧ ព្រោះសេចក្ដីប៉ងប្រាថ្នារបស់រូបកាយប្រឆាំងសកម្មពលរបស់ព្រះ ហើយសកម្មពលរបស់ព្រះប្រឆាំងសេចក្ដីប៉ងប្រាថ្នានៃរូបកាយ ពីព្រោះទាំងពីរនេះគឺប្រទាំងគ្នា។ ហេតុនេះ អ្វីៗដែលអ្នករាល់គ្នាចង់ធ្វើ អ្នកបែរជាមិនធ្វើទៅវិញ។ ១៨ ម្យ៉ាងទៀត ប្រសិនបើសកម្មពលរបស់ព្រះកំពុងដឹកនាំអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅក្រោមច្បាប់ឡើយ។
១៩ ការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គងគឺជាក់ស្តែងហើយ ពោលគឺ អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* អំពើស្មោកគ្រោក ការមានសីលធម៌ធូររលុង* ២០ ការគោរពបូជារូបព្រះ ការទាក់ទងនឹងពួកវិញ្ញាណអាក្រក់ ការស្អប់គ្នា ការឈ្លោះប្រកែកគ្នា ការច្រណែន ការច្រឡោតខឹង ទំនាស់ ការបែកបាក់គ្នា និកាយ ២១ ការឈ្នានីស ការផឹកស្រាឲ្យស្រវឹង ការជប់លៀងសប្បាយឥតបើគិត ហើយអ្វីៗដែលស្រដៀងនឹងការទាំងនេះ។ អំពីការទាំងនេះ ខ្ញុំកំពុងព្រមានអ្នករាល់គ្នាទុកជាមុន ដូចខ្ញុំបានព្រមានអ្នករាល់គ្នាហើយថា អស់អ្នកដែលប្រព្រឹត្ត* ការទាំងនេះនឹងមិនទទួលរាជាណាចក្ររបស់ព្រះជាមត៌កឡើយ។
២២ ក៏ប៉ុន្តែផលដែលបង្កើតដោយសកម្មពលរបស់ព្រះគឺ សេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត* ចិត្តធ្ងន់ សេចក្ដីសប្បុរស គុណធម៌ ជំនឿ ២៣ ចិត្តស្លូតបូត ការចេះទប់ចិត្ត។ គ្មានច្បាប់ណាប្រឆាំងអ្វីៗបែបនេះឡើយ។ ២៤ ម្យ៉ាងទៀត អ្នកដែលជារបស់គ្រិស្តយេស៊ូបានព្យួរ* រូបកាយព្រមទាំងសេចក្ដីប៉ងប្រាថ្នានិងតណ្ហារបស់រូបកាយហើយ។
២៥ ប្រសិនបើយើងកំពុងរស់នៅស្របតាមការដឹកនាំនៃសកម្មពលរបស់ព្រះ ចូរយើងបន្តប្រព្រឹត្តតាមការដឹកនាំនៃសកម្មពលនោះ។ ២៦ កុំឲ្យយើងក្លាយទៅជាមនុស្សដែលលើកខ្លួនហួសប្រមាណ ដោយបង្កើតឲ្យមានការប្រកួតប្រជែងគ្នា ដោយឈ្នានីសគ្នាទៅវិញទៅមក។
៦ បងប្អូនអើយ ទោះជាមនុស្សម្នាក់ចាប់ផ្ដើមដើរផ្លូវខុសដោយមិនដឹងខ្លួនក៏ដោយ ចូរអ្នករាល់គ្នាជាគ្រិស្តសាសនិកដែលមានគុណសម្បត្ដិគ្រប់គ្រាន់កែតម្រង់អ្នកនោះដោយចិត្តស្លូតបូត ព្រមទាំងប្រយ័ត្នខ្លួនផង ក្រែងលោអ្នកត្រូវល្បួងដែរ។ ២ ចូរបន្តរែកពុនបន្ទុកគ្នាទៅវិញទៅមក ធ្វើដូច្នេះអ្នករាល់គ្នានឹងបំពេញច្បាប់គ្រិស្តគ្រប់ជំពូក។ ៣ ព្រោះប្រសិនបើអ្នកណាគិតថាខ្លួនសំខាន់ តែតាមពិតខ្លួនមិនមែនជាអ្វីសោះ អ្នកនោះកំពុងបញ្ឆោតខ្លួនហើយ។ ៤ ចូរឲ្យម្នាក់ៗពិសោធឲ្យដឹងថាការរបស់ខ្លួនគឺយ៉ាងណា រួចគ្រប់គ្នានឹងមានហេតុត្រេកអរអំពីការរបស់ខ្លួនផ្ទាល់ ដោយមិនប្រៀបធៀបខ្លួននឹងអ្នកឯទៀត។ ៥ ព្រោះម្នាក់ៗត្រូវទទួលភារៈរបស់ខ្លួន។
៦ ម្យ៉ាងទៀត ចូរឲ្យអ្នកណាដែលកំពុងត្រូវគេបង្រៀន* បណ្ដាំរបស់ព្រះ រួមចំណែកក្នុងការល្អទាំងអស់ជាមួយនឹងអ្នកដែលបានបង្រៀនសេចក្ដីនោះ។
៧ កុំច្រឡំឡើយ បញ្ឆោតព្រះមិនបានទេ។ ព្រោះមនុស្សទទួលផលតាមតែអ្វីដែលគេសាបព្រោះ។ ៨ ពីព្រោះអ្នកណាដែលសាបព្រោះដោយគិតពីសេចក្ដីប៉ងប្រាថ្នានៃរូបកាយ អ្នកនោះនឹងទទួលផលជាសេចក្ដីហិនវិនាសពីរូបកាយ ប៉ុន្តែអ្នកណាដែលសាបព្រោះដោយគិតពីសកម្មពល* របស់ព្រះ អ្នកនោះនឹងទទួលផលជាជីវិតដែលគ្មានទីបញ្ចប់ពីសកម្មពលរបស់ព្រះ។ ៩ ដូច្នេះ យើងមិនត្រូវឈប់ព្យាយាមធ្វើអ្វីដែលល្អប្រសើរឡើយ ព្រោះនៅពេលកំណត់យើងនឹងទទួលផល បើយើងមិនរសាយចិត្តទេ។ ១០ ម្ល៉ោះហើយ ដរាបណាយើងមានឱកាស នោះចូរយើងធ្វើល្អដល់មនុស្សទាំងអស់ ជាពិសេសដល់បងប្អូនរួមជំនឿរបស់យើង។
១១ មើល! ខ្ញុំបានសរសេរអក្សរធំៗទៅកាន់អ្នករាល់គ្នាដោយដៃខ្ញុំផ្ទាល់។
១២ អស់អ្នកណាដែលចង់ឲ្យអ្នកឯទៀតពេញចិត្តនឹងសម្បកក្រៅរបស់ពួកគេ គឺជាអ្នកដែលខំជំរុញឲ្យអ្នករាល់គ្នាទទួលការកាត់ចុងស្បែក* ដើម្បីកុំឲ្យគេបៀតបៀនខ្លួនដោយសារបង្គោលទារុណកម្ម* របស់គ្រិស្ត គឺលោកយេស៊ូ។ ១៣ ព្រោះសូម្បីតែពួកអ្នកដែលទទួលការកាត់ចុងស្បែកក៏មិនកាន់តាមច្បាប់* ដែរ ប៉ុន្តែពួកគេចង់ឲ្យអ្នករាល់គ្នាទទួលការកាត់ចុងស្បែក ដើម្បីឲ្យពួកគេអាចអួតអំពីសម្បកក្រៅរបស់អ្នករាល់គ្នា។ ១៤ ខ្ញុំនឹងមិនអួតអំពីអ្វីក្រៅពីបង្គោលទារុណកម្មរបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង ដែលតាមរយៈលោក ចំពោះខ្ញុំ ពិភពលោកបានត្រូវព្យួរ* ហើយចំពោះពិភពលោក ខ្ញុំបានត្រូវព្យួរ។ ១៥ ព្រោះការកាត់ឬមិនកាត់ចុងស្បែក នោះមិនសំខាន់ឡើយ តែអ្វីដែលបានត្រូវបង្កើតជាថ្មីទើបសំខាន់។ ១៦ ហើយសូមឲ្យអស់អ្នកដែលរស់នៅស្របតាមខ្នាតតម្រានៃការប្រព្រឹត្តនេះ ពោលគឺអ៊ីស្រាអែលនៃព្រះ បានប្រកបទៅដោយសេចក្ដីសុខសាន្តនិងសេចក្ដីមេត្ដាករុណា។
១៧ អំណឹះតទៅ កុំឲ្យអ្នកណាធ្វើឲ្យខ្ញុំមានបញ្ហាឡើយ ព្រោះនៅលើរូបកាយខ្ញុំ មានស្លាកស្នាមដែលសម្គាល់ថាជាខ្ញុំបម្រើរបស់លោកយេស៊ូ។
១៨ បងប្អូនអើយ សូមឲ្យគុណដ៏វិសេសលើសលប់របស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើងនៅក្នុងចិត្ត* អ្នករាល់គ្នា។ អាមេន។
[កំណត់សម្គាល់]
ភាសាក្រិច«អាប៉ូស្តូឡូស»។ មានន័យថា«អ្នកដែលត្រូវគេចាត់ឲ្យទៅ»
មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៤
មើលកំណត់សម្គាល់រ៉ូម ៥:១២
មើលកំណត់សម្គាល់លូក ១:៥៩
ឬ«អ្នកដែលមិនបានទទួលការកាត់ចុងស្បែក»
ឬ«អ្នកដែលបានទទួលការកាត់ចុងស្បែក»
ឬ«តាមធម្មជាតិ»
មើលកំណត់សម្គាល់រ៉ូម ៥:១២
ន័យត្រង់«ស្លាប់»
ឬ«បោះដែកគោលភ្ជាប់នឹងបង្គោលឈើ»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៥
ឬ«បោះដែកគោលភ្ជាប់នឹងបង្គោលឈើ»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៥
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
ឬ«លោក»
មើលកំណត់សម្គាល់ម៉ាថ ៥:១៧
មើលកំណត់សម្គាល់រ៉ូម ៥:១២
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
ភាសាអារ៉ាម មានន័យថា«ឱឪពុកអើយ!»ឬ«ឪពុក»
ន័យត្រង់«ពួកអ្នកដែលគ្មានធម្មជាតិជាព្រះមួយ»
សំដៅទៅគ្រាដែលបានត្រូវកំណត់សម្រាប់បុណ្យផ្សេងៗ
មើលកំណត់សម្គាល់ម៉ាថ ៥:១៧
ន័យត្រង់«តាមសាច់ឈាម»
មើលកំណត់សម្គាល់លូក ១:៥៩
មើលកំណត់សម្គាល់ម៉ាថ ៥:១៧
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
ន័យត្រង់«អ្នករាល់គ្នាកំពុងរត់យ៉ាងល្អ»
មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៥
មើលកំណត់សម្គាល់ម៉ាថ ៥:២៩
មើលកំណត់សម្គាល់ម៉ាថ ៥:៣២
ភាសាក្រិច«អាសិលគា»។ នេះសំដៅទៅលើការប្រព្រឹត្តដែលបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់ព្រះ ដោយឥតកោតក្រែងឬដោយមើលងាយ
សំដៅទៅការប្រព្រឹត្តជាទម្លាប់
ឬ«សន្ដិភាព»
ឬ«បោះដែកគោលភ្ជាប់នឹងបង្គោលឈើ»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៥
នេះសំដៅទៅការបង្រៀនដោយមាត់ទទេ
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ
មើលកំណត់សម្គាល់លូក ១:៥៩
មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៥
មើលកំណត់សម្គាល់ម៉ាថ ៥:១៧
ឬ«បោះដែកគោលភ្ជាប់នឹងបង្គោលឈើ»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៥
ភាសាក្រិច«ភ្នូម៉ា»។ មើលសេចក្ដីពន្យល់បន្ថែមផ្នែកទី៦ខ