បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bi7 អេភេសូរ ១:១-៦:២៤
  • អេភេសូរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អេភេសូរ
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
អេភេសូរ

ជូន​ចំពោះ​គ្រិស្ត​សាសនិក​នៅ​ក្រុង​អេភេសូរ

១ ពីខ្ញុំ ប៉ូល សាវ័ក* របស់​គ្រិស្ត* យេស៊ូ​តាម​បំណងប្រាថ្នា​របស់​ព្រះ ជូន​ចំពោះ​ពួក​អ្នក​បរិសុទ្ធ​និង​ពួក​អ្នក​ស្មោះ​ត្រង់​ដែល​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ​នៅ​ក្រុង​អេភេសូរ៖

២ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកបដោយ​គុណ​ដ៏​វិសេស​លើស​លប់​និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ ជា​បិតា​របស់​យើង និង​ពី​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត។

៣ សូម​សរសើរ​ព្រះ ជា​បិតា​របស់​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ម្ចាស់​របស់​យើង ព្រោះ​នៅ​ស្ថាន​សួគ៌ លោក​បាន​ឲ្យ​ពរ​សព្វ​បែប​យ៉ាង​មក​យើង​ជា​អ្នក​កាន់​តាម​គ្រិស្ត តាម​រយៈ​សកម្មពល* របស់​លោក ៤ ដូច​លោក​បាន​ជ្រើស​រើស​យើង​មុន​កំណើត​ពិភព​លោក​ឲ្យ​រួប​រួម​ជា​មួយ​នឹង​គ្រិស្ត ដើម្បី​ឲ្យ​យើង​បរិសុទ្ធ ហើយ​ឥត​សៅហ្មង​នៅ​ចំពោះ​លោក ដោយ​សេចក្ដី​ស្រឡាញ់។ ៥ ព្រោះ​លោក​បាន​ជ្រើស​រើស​យើង​ទុក​ជា​មុន​ឲ្យ​ទៅ​ជា​កូន​របស់​លោក​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត តាម​ដែល​លោក​ពេញ​ចិត្ត និង​តាម​បំណងប្រាថ្នា​របស់​លោក ៦ ដើម្បី​ឲ្យ​លោក​ទទួល​សេចក្ដី​សរសើរ​ដោយ​សារភាព​រុងរឿង​នៃ​គុណ​ដ៏​វិសេស​លើស​លប់​ដែល​លោក​មាន​លើ​យើង តាម​រយៈ​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក។ ៧ ដោយ​បង់​ថ្លៃ​លោះ នោះ​បុត្រ​លោក​បាន​រំដោះ​យើង​តាម​រយៈ​ឈាម​របស់​ខ្លួន ពោល​គឺ​យើង​ទទួល​ការ​អភ័យទោស​ចំពោះ​កំហុស​របស់​យើង ដោយ​សារភាព​បរិបូរ​នៃ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក។

៨ លោក​បាន​ធ្វើ​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​មាន​ជា​បរិបូរ​លើ​យើង ព្រម​ទាំង​ប្រាជ្ញា​និង​ការ​យល់​ដឹង​គ្រប់​យ៉ាង ៩ ដោយ​ធ្វើ​ឲ្យ​យើង​ស្គាល់​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​អំពី​បំណងប្រាថ្នា​របស់​លោក។ អាថ៌​កំបាំង​នោះ​គឺ​អំពី​អ្វី​ដែល​លោក​ពេញចិត្តធ្វើ តាម​ការ​តាំង​ចិត្ត​របស់​លោក ១០ ដើម្បី​រៀប​ចំ​របៀប​ចាត់​ចែង​មួយ​នៅ​ពេល​ដែល​គ្រា​កំណត់​បាន​មក​ដល់​ទី​បញ្ចប់ ពោល​គឺ ដើម្បី​បង្រួប​បង្រួម​អ្វីៗ​ទាំង​អស់​ម្ដង​ទៀត​ក្នុង​គ្រិស្ត គឺ​អ្វីៗ​នៅ​ស្ថាន​សួគ៌​និង​អ្វីៗ​នៅ​ផែនដី។ គឺ​ក្នុង​គ្រិស្ត​ហើយ ដែល​អ្វីៗ​ទាំង​អស់​នឹង​ត្រូវ​បង្រួប​បង្រួម។ ១១ ហើយ​យើង​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ទទួល​មត៌ក​ដោយ​រួម​គ្នា​ជា​មួយ​នឹង​លោក ដោយ​យើង​បាន​ត្រូវ​ជ្រើស​រើស​ទុក​ជា​មុន​ស្រប​តាម​គោល​បំណង​របស់​លោក​ដែល​ធ្វើ​អ្វីៗ​ទាំង​អស់​តាម​បំណងប្រាថ្នា​របស់​លោក​តម្រូវ ១២ ដើម្បី​ឲ្យ​សិរី​រុងរឿង​របស់​លោក​បាន​ត្រូវ​សរសើរ​តម្កើង​តាម​រយៈ​យើង ជា​អ្នក​ដែល​បាន​សង្ឃឹម​លើ​គ្រិស្ត​មុន​គេ។ ១៣ ប៉ុន្តែ​អ្នក​រាល់​គ្នា​ក៏​បាន​សង្ឃឹម​លើ​លោក​ដែរ ក្រោយ​ពី​អ្នក​រាល់​គ្នា​បាន​ឮ​បណ្ដាំ​អំពី​សេចក្ដី​ពិត គឺជា​ដំណឹង​ល្អ​អំពី​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា។ ក្រោយ​ពី​អ្នក​រាល់​គ្នា​បាន​ជឿ​ហើយ នោះ​តាម​រយៈ​លោក​ដែរ ព្រះ​បាន​បិទ​ត្រា​មួយ​លើ​អ្នក​រាល់​គ្នា ពោល​គឺ​សកម្មពល​បរិសុទ្ធ​ដែល​លោក​បាន​សន្យា​ឲ្យ ១៤ ហើយ​នោះ​ជា​ការ​បញ្ចាំ​ចិត្ត​ដែល​បញ្ជាក់​មត៌ក​របស់​យើង។ ការ​បោះត្រា​នោះ​គឺ​ដើម្បី​រំដោះ​រាស្ត្រ​របស់​ព្រះ​ផ្ទាល់​ដោយ​ការ​លោះ ដើម្បី​ឲ្យ​សិរី​រុងរឿង​របស់​លោក​បាន​ត្រូវ​សរសើរ​តម្កើង។

១៥ ហេតុ​នេះ តាំង​ពី​ខ្ញុំ​បាន​ឮ​អំពី​ជំនឿ​ដែល​អ្នក​រាល់​គ្នា​មាន​លើ​លោក​ម្ចាស់​យេស៊ូ​និង​ចំពោះ​ពួក​អ្នក​បរិសុទ្ធ​ទាំង​ឡាយ ខ្ញុំ​ក៏ ១៦ ថ្លែង​អំណរ​គុណ​ឥត​ឈប់​ដោយសារ​អ្នក​រាល់​គ្នា។ ខ្ញុំ​នៅ​តែ​អធិដ្ឋាន​អំពី​អ្នក​រាល់​គ្នា​ជា​និច្ច ១៧ ដើម្បី​ឲ្យ​ព្រះ​ដែល​ជាបិតា ដែល​ប្រកប​ទៅ​ដោយ​សិរី​រុងរឿង គឺ​ព្រះ​របស់​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ម្ចាស់​របស់​យើង ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​និង​ការ​យល់​ដឹង​អំពី​អ្វី​ដែល​លោក​បើក​បង្ហាញ ក្នុង​ពេល​ដែល​អ្នក​ទទួល​ចំណេះ​ត្រឹម​ត្រូវ​អំពី​លោក ១៨ លោក​បាន​បំភ្លឺ​ភ្នែក* អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ស្គាល់​សេចក្ដី​សង្ឃឹម​ដែល​លោក​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ទទួល ហើយ​ឲ្យ​ស្គាល់​ទ្រព្យ​វិសេស​ក្រៃ​លែង​ដែល​លោក​ទុក​ជា​មត៌ក​សម្រាប់​ពួក​អ្នក​បរិសុទ្ធ ១៩ ហើយ​ឲ្យ​ស្គាល់​ឫទ្ធានុភាព​ខ្លាំង​មហិមា​ដែល​លោក​បាន​សម្ដែង​ចំពោះ​យើង​ដែល​ជា​អ្នក​ជឿ។ នោះ​បាន​ស​ឲ្យ​ឃើញ​ក្នុង​កិច្ចការ​ដែល​បាន​ត្រូវ​សម្រេច​ដោយ​ឫទ្ធានុភាព​ខ្លាំងក្លា​របស់​លោក ២០ ដែល​លោក​បាន​ប្រើ​ក្នុង​ករណី​របស់​គ្រិស្ត ពេល​ដែល​លោក​ប្រោស​គ្រិស្ត​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​ឲ្យ​អង្គុយ​នៅ​ខាង​ស្ដាំ​លោក​នៅ​ស្ថាន​សួគ៌ ២១ ខ្ពង់​ខ្ពស់​ជាង​គ្រប់​រដ្ឋាភិបាល អំណាច ឫទ្ធានុភាព ការ​គ្រប់​គ្រង និង​នាម​ទាំង​អស់ មិន​គ្រាន់តែ​នៅ​បច្ចុប្បន្ន​នេះ* ប៉ុណ្ណោះ​ទេ តែ​នៅ​អនាគត​ដែរ។ ២២ ព្រះ​ក៏​បាន​ដាក់​អ្វីៗ​ទាំង​អស់​ឲ្យ​ចុះ​ចូល​ក្រោម​បាត​ជើង​របស់​លោក ហើយ​បាន​តែង​តាំង​លោក​ជា​ប្រមុខ​នៃ​អ្វីៗ​ទាំង​អស់​ដើម្បី​ក្រុម​ជំនុំ ២៣ ដែល​ជា​រូប​កាយ​របស់​លោក និង​ដែល​បាន​ត្រូវ​បំពេញ​ដោយ​សារ​លោក ហើយ​គឺ​លោក​ដែល​បំពេញ​អ្វីៗ​ទាំង​អស់ ក្នុង​អ្វីៗ​ទាំង​អស់។

២ ម្យ៉ាង​ទៀត ព្រះ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត ទោះ​បី​អ្នក​រាល់​គ្នា​ធ្លាប់​ជា​មនុស្ស​ស្លាប់ ដោយ​សារ​កំហុស​និង​ការ​ខុស​ឆ្គង* របស់​អ្នក​រាល់​គ្នា​ក៏​ដោយ។ ២ គឺជា​ការ​ទាំង​នោះ​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​ប្រព្រឹត្ត​តាម​មនុស្ស​ឯ​ទៀត​ក្នុង​របៀបរបប​ពិភព​លោក​នេះ តាម​អ្នក​ដែល​គ្រប់​គ្រង​លើ​អំណាច​នៃ​ខ្យល់​អាកាស​ដែល​ជា​ចិត្ត​គំនិត* ដែល​មាន​ឥទ្ធិពល​លើ​ពួក​អ្នក​មិន​ស្ដាប់បង្គាប់។ ៣ ពិត​មែន​តែ​យើង​ទាំង​អស់​គ្នាធ្លាប់​ប្រព្រឹត្ត​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​របស់​យើង ដោយ​ធ្វើ​អ្វីៗ​តាម​បំណងប្រាថ្នា​របស់​រូប​កាយ ក៏​បាន​ធ្វើ​តាម​គំនិត​របស់​យើង ហើយ​ពី​កំណើត យើង​ជា​អ្នក​គួរ​នឹង​រង​កំហឹង​របស់​ព្រះ ដូច​អ្នក​ឯ​ទៀត​ដែរ ៤ ប៉ុន្តែ​ព្រះ​មាន​សេចក្ដី​មេត្ដា​ករុណា​ដ៏​បរិបូរ ហើយ​ដោយ​សារ​លោក​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង ៥ លោក​បាន​ធ្វើ​ឲ្យ​យើង​មាន​ជីវិត​ជា​មួយ​នឹង​គ្រិស្ត ទោះ​បី​យើង​ធ្លាប់​ជា​មនុស្ស​ស្លាប់​ដោយ​សារ​កំហុស​របស់​យើង​ក៏​ដោយ (អ្នក​រាល់​គ្នា​បាន​ត្រូវ​សង្គ្រោះ​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់) ៦ ហើយ​លោក​បាន​ធ្វើ​ឲ្យ​យើង​មាន​ជីវិត​ជា​មួយ​គ្នា ក៏​បាន​ឲ្យ​យើង​អង្គុយ​ជា​មួយ​គ្នា​នៅ​ស្ថាន​សួគ៌ ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត ៧ ដើម្បី​នៅ​ថ្ងៃ​មុខ* លោក​នឹង​សម្ដែង​ឲ្យ​ឃើញ​នូវ​ភាព​បរិបូរ​ក្រៃ​លែង​នៃ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក តាម​រយៈ​សេចក្ដី​មេត្ដា​ករុណា​ដែល​លោក​បង្ហាញ​ចំពោះ​យើង​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ។

៨ ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​នេះ អ្នក​រាល់​គ្នា​បាន​ត្រូវ​សង្គ្រោះ​តាម​រយៈ​ជំនឿ ហើយ​នេះ​មិន​មែន​ដោយ​សារ​អ្នក​រាល់​គ្នា​ទេ តែ​ជា​អំណោយ​ពី​ព្រះ។ ៩ នោះ​មិន​មែន​ដោយ​សារ​ការ​ប្រព្រឹត្ត​ទេ ដើម្បី​កុំ​ឲ្យ​មនុស្ស​ណា​ម្នាក់​មាន​ហេតុ​អួតអាង។ ១០ ព្រោះ​យើង​ជា​ស្នា​ដៃ​របស់​លោក ហើយ​ដោយ​សារ​យើង​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ យើង​បាន​ត្រូវ​បង្កើត​ដើម្បី​ប្រព្រឹត្ត​ការ​ល្អ​ដែល​ព្រះ​បាន​រៀប​ចំ​ទុក​ជា​មុន​ឲ្យ​យើង​ធ្វើ។

១១ ដូច្នេះ ចូរ​ចាំ​មិន​ភ្លេច​ថា ពី​មុន​អ្នក​រាល់​គ្នា​មាន​ដើម​កំណើត* ជា​ជន​ជាតិ​ដទៃ ហើយ​ពួក​អ្នក​ដែល​បាន​ទទួល​ការ​កាត់​ចុង​ស្បែក* ពី​មនុស្ស បាន​ហៅ​អ្នក​រាល់​គ្នា​ថា​«ពួក​អ្នក​មិន​កាត់​ចុង​ស្បែក»។ ១២ ហើយ​ចូរ​ចាំ​ថា នៅ​ពេល​នោះ​អ្នក​រាល់​គ្នា​មិន​ស្គាល់​គ្រិស្ត​ទេ ក៏​នៅ​ដាច់​ពី​រដ្ឋ​អ៊ីស្រាអែល ហើយ​មិន​មែន​ជា​ភាគី​នៃ​កិច្ច​ព្រមព្រៀង​ដែល​ទាក់​ទង​នឹង​សេចក្ដី​សន្យា។ អ្នក​រាល់​គ្នា​ក៏​រស់​នៅ​ក្នុង​ពិភព​លោក​ដោយ​គ្មាន​សេចក្ដី​សង្ឃឹម​និង​ដោយ​មិន​ស្គាល់​ព្រះ។ ១៣ ប៉ុន្តែ​ឥឡូវ​នេះ ព្រោះ​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​គ្រិស្ត នោះ​អ្នក​ដែល​ធ្លាប់​នៅ​ឆ្ងាយ​បាន​ចូល​មក​ជិត​ដោយ​សារ​ឈាម​របស់​គ្រិស្ត។ ១៤ ព្រោះ​លោក​បាន​នាំ​ឲ្យ​យើង​មាន​សន្ដិភាព គឺ​លោក​ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​ទាំង​ពីរ​ទៅ​ជា​ក្រុម​តែ​មួយ​វិញ ក៏​បាន​បំផ្លាញ​ជញ្ជាំង​ដែល​ជា​ខណ្ឌ​រវាង​ក្រុម​ទាំង​ពីរ ដែល​ធ្វើ​ឲ្យ​ពួក​គេ​នៅ​ដាច់​ពី​គ្នា។ ១៥ តាម​រយៈ​រូប​កាយ* របស់​លោក នោះ​លោក​បាន​បំបាត់​ហេតុ​ដែល​នាំ​ឲ្យ​ពួក​គេ​ធ្វើ​ជា​សត្រូវ ពោល​គឺ​ច្បាប់* ដែល​ជា​បញ្ញត្ដិ​និង​ក្រឹត្យ​ផ្សេងៗ ដើម្បី​ឲ្យ​លោក​ធ្វើ​ឲ្យ​ក្រុម​ទាំង​ពីរ ដែល​ជា​អ្នក​កាន់​តាម​លោក ទៅ​ជា​មនុស្ស​ថ្មី​ម្នាក់ ហើយ​ធ្វើ​ឲ្យ​មាន​សន្ដិភាព ១៦ ហើយ​ដើម្បី​ឲ្យ​លោក​ផ្សះ​ផ្សា​ក្រុម​ទាំង​ពីរ​ជា​មួយ​នឹង​ព្រះ តាម​រយៈ​បង្គោល​ទារុណកម្ម* ឲ្យ​ក្រុម​ទាំង​ពីរ​ទៅ​ជា​រូប​កាយ​តែ​មួយ ពីព្រោះ​លោក​បាន​រម្ងាប់​ការ​ស្អប់​គ្នា តាម​រយៈ​លោក​ផ្ទាល់។ ១៧ ហើយ​លោក​បាន​មក​ប្រកាស​ប្រាប់​ដំណឹង​ល្អ​អំពី​សន្ដិភាព​ដល់​អ្នក​រាល់​គ្នា ទាំង​អ្នក​នៅ​ឆ្ងាយ ទាំង​អ្នក​នៅ​ជិត ១៨ ពីព្រោះ​តាម​រយៈ​លោក នោះ​ពួក​យើង​ដែល​ជា​ក្រុម​ទាំង​ពីរ មាន​ផ្លូវ​ចូល​ទៅ​ជិត​បិតា​នៅ​ស្ថាន​សួគ៌ តាម​រយៈ​សកម្មពល​តែ​មួយ។

១៩ ដូច្នេះ អ្នក​រាល់​គ្នា​ប្រាកដជា​មិន​មែន​ជា​ជន​ចម្លែក​និង​ជា​អ្នក​ស្នាក់​នៅ​ទៀត​ទេ ប៉ុន្តែ​អ្នក​រាល់​គ្នា​ជា​ជន​រួម​ជាតិ​របស់​ពួក​អ្នក​បរិសុទ្ធ ហើយ​ជា​សមាជិក​នៃ​ក្រុម​គ្រួសារ​របស់​ព្រះ ២០ ហើយ​អ្នក​រាល់​គ្នា​បាន​ត្រូវ​សាងសង់​លើ​គ្រឹះ​នៃ​ពួក​សាវ័ក​និង​ពួក​អ្នក​ប្រកាស​ទំនាយ ឯ​ថ្ម​គ្រឹះ​សំខាន់​ជាង​គេ​គឺ​គ្រិស្ត​យេស៊ូ​ផ្ទាល់។ ២១ ដោយ​រួប​រួម​ជា​មួយ​នឹង​លោក នោះ​សំណង់​ទាំង​មូល​កំពុង​ក្លាយ​ទៅ​ជា​វិហារ​បរិសុទ្ធ​សម្រាប់​ព្រះ​យេហូវ៉ា ដោយ​មាន​ផ្នែក​នីមួយៗ​ជាប់​គ្នា​យ៉ាង​មាំ។ ២២ ដោយ​រួប​រួម​ជា​មួយ​នឹង​លោក អ្នក​រាល់​គ្នា​ក៏​កំពុង​ត្រូវ​សាងសង់​ជា​មួយ​គ្នា​ឲ្យ​ក្លាយ​ទៅ​ជា​លំនៅ​សម្រាប់​ឲ្យ​ព្រះ​អាស្រ័យ​នៅ​ដោយ​សកម្មពល​របស់​លោក។

៣ ហេតុ​នេះ ខ្ញុំ ប៉ូល ដែល​ជា​អ្នក​ទោស​ដើម្បី​គ្រិស្ត​យេស៊ូ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ដែល​ជា​ជន​ជាតិ​ដទៃ . . . ២ ប្រសិនបើ​អ្នក​រាល់​គ្នា​ពិត​ជា​បាន​ឮ​ថា ខ្ញុំ​បាន​ទទួល​ភារកិច្ច​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​ទទួល​ប្រយោជន៍​ពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ ៣ គឺថា អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​បាន​ត្រូវ​បើក​បង្ហាញ​ដល់​ខ្ញុំ ដូច​ខ្ញុំ​បាន​សរសេរ​យ៉ាង​ខ្លី​ខាង​លើ។ ៤ អាស្រ័យ​ហេតុ​នេះ ពេល​ដែល​អ្នក​រាល់​គ្នា​អាន​សេចក្ដី​នេះ អ្នក​រាល់​គ្នា​អាច​ដឹង​ថា​ខ្ញុំ​មាន​ការ​យល់​ដឹង​យ៉ាង​ណា​អំពី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​អំពី​គ្រិស្ត។ ៥ នៅ​ជំនាន់​មុនៗ អាថ៌​កំបាំង​នេះ​មិន​បាន​ត្រូវ​បើក​ឲ្យ​មនុស្ស​ដឹង ដូច​បាន​ត្រូវ​បើក​បង្ហាញ​ដល់​ពួក​សាវ័ក​បរិសុទ្ធ​និង​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ តាម​រយៈ​សកម្មពល* របស់​លោក​ទេ។ ៦ អាថ៌​កំបាំង​នោះ​គឺថា ជន​ជាតិ​ដទៃ​ត្រូវ​ធ្វើ​ជា​អ្នក​ទទួល​មត៌ក​រួម​គ្នា ហើយ​ជា​អវយវៈ​នៃ​រូប​កាយ​តែ​មួយ ក៏​មាន​ចំណែក​ក្នុង​សេចក្ដី​សន្យា​របស់​ព្រះ​ជា​មួយ​នឹង​យើង ដោយ​សារ​ពួក​គេ​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ​តាម​រយៈ​ដំណឹង​ល្អ។ ៧ ខ្ញុំ​បាន​ទៅ​ជា​អ្នក​បម្រើ​នៃ​អាថ៌​កំបាំង​នេះ ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ។ លោក​បាន​ឲ្យ​អំណោយ​ទាន​នេះ​ដល់​ខ្ញុំ ពេល​ដែល​លោក​ឲ្យ​ឫទ្ធានុភាព​របស់​លោក​ដល់​ខ្ញុំ។

៨ គុណ​ដ៏​វិសេស​លើស​លប់​នេះ​បាន​ត្រូវ​ឲ្យ​ដល់​ខ្ញុំ ដែល​ជា​អ្នក​តូច​ជាង​អ្នក​តូច​បំផុត​ក្នុង​ចំណោម​ពួក​អ្នក​បរិសុទ្ធ។ គុណ​ដ៏​វិសេស​លើស​លប់​នេះ​គឺថា ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង​ល្អ​ដល់​ប្រជាជាតិ​នានា អំពី​ទ្រព្យ​សម្បត្ដិ​របស់​គ្រិស្ត​ដែល​ជា​ទ្រព្យ​សម្បត្ដិ​ដ៏​អស្ចារ្យ​ហួស​ពី​ការ​នឹក​ស្មាន ៩ ហើយ​ត្រូវ​ធ្វើ​ឲ្យ​មនុស្ស​ទាំង​ឡាយ​យល់​អំពី​របៀប​ដែល​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​ត្រូវ​ចាត់​ចែង ជា​អាថ៌​កំបាំង​ដែល​បាន​ត្រូវ​លាក់​ទុក​តាំង​ពី​អស់​កាល​ដ៏​យូរ​លង់​នៅ​ក្នុង​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់។ ១០ ការ​នេះ​គឺ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​និង​អាជ្ញាធរ​ទាំង​ឡាយ​នៅ​ស្ថាន​សួគ៌​ដឹង​ឥឡូវ​នេះ​អំពី​លក្ខណៈ​ដ៏​ច្រើន​អនេក​នៃ​ប្រាជ្ញា​របស់​ព្រះ តាម​រយៈ​ក្រុម​ជំនុំ ១១ ស្រប​ទៅ​តាម​គោល​បំណង​ដែល​មាន​ជា​និរន្តរ៍​ដែល​លោក​បាន​គ្រោង​ទុក​ទាក់​ទង​នឹង​គ្រិស្ត គឺ​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង ១២ ដែល​ដោយ​សារ​លោក យើង​អាច​និយាយ​ដោយ​ក្លាហាន ហើយ​តាម​រយៈ​ជំនឿ​របស់​យើង​លើ​លោក យើង​មាន​ផ្លូវ​ចូល​ទៅ​ជិត​ព្រះ​ដោយ​មាន​ទំនុក​ចិត្ត។ ១៣ ដូច្នេះ ខ្ញុំ​សូម​អ្នក​រាល់​គ្នា​កុំ​ឈប់​តស៊ូ​ព្រោះ​តែ​សេចក្ដី​វេទនា​ដែល​ខ្ញុំ​មាន​ដើម្បី​អ្នក​រាល់​គ្នា ព្រោះ​នោះ​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កិត្ដិយស។

១៤ . . . ហេតុ​នេះ ខ្ញុំ​លុត​ជង្គង់​អធិដ្ឋាន​ដល់​បិតា​នៅ​ស្ថាន​សួគ៌ ១៥ ដែល​គ្រប់​គ្រួសារ​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែនដី​មាន​នាម​ត្រកូល​ពី​លោក​មក ១៦ ហើយ​ខ្ញុំ​សុំ​លោក ដែល​មាន​សិរី​រុងរឿង​ដ៏​បរិបូរ ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង​ចិត្ត​ខ្លាំង​ក្លា តាម​រយៈ​សកម្មពល​របស់​លោក ១៧ ហើយ​ឲ្យ​គ្រិស្ត​អាស្រ័យ​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ជា​មួយ​នឹង​សេចក្ដី​ស្រឡាញ់ តាម​រយៈ​ជំនឿ​របស់​អ្នក ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចាក់​ឫស​និង​តាំង​ឡើង​លើ​គ្រឹះ​មាំ​មួន ១៨ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​យល់​ច្បាស់​ដូច​ពួក​អ្នក​បរិសុទ្ធ​ទាំង​អស់​អំពី​ទទឹង បណ្ដោយ កម្ពស់ និង​ជម្រៅ​នៃ​សេចក្ដី​ពិត ១៩ ហើយ​ក្នុង​បំណង​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​សេចក្ដី​ស្រឡាញ់​របស់​គ្រិស្ត ដែល​លើស​ពី​ចំណេះ​ដឹង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពេញ​ទៅ​ដោយ​គុណ​សម្បត្ដិ​ទាំង​អស់​ដែល​ព្រះ​ផ្ដល់​ឲ្យ។

២០ ចំពោះ​ព្រះ​ដែល​អាច​ធ្វើ​ហួស​ពី​អ្វីៗ​ទាំង​អស់​ដែល​យើង​សុំ​ឬ​គិត​ឃើញ ដោយ​ឫទ្ធានុភាព​របស់​លោក​ដែល​កំពុង​មាន​សកម្មភាព​ក្នុង​យើង ២១ សូម​ឲ្យ​លោក​ទទួល​ការ​សរសើរ​តម្កើង​តាម​រយៈ​ក្រុម​ជំនុំ និង​តាម​រយៈ​គ្រិស្ត​យេស៊ូ នៅ​គ្រប់​ជំនាន់​ជា​រៀង​រហូត​ត​ទៅ។ អា​មេន។

៤ ដូច្នេះ ខ្ញុំ ដែល​ជា​អ្នក​ទោស​ដើម្បី​លោក​ម្ចាស់ សូម​អង្វរ​អ្នក​រាល់​គ្នា​ឲ្យ​ប្រព្រឹត្ត​សម​ជា​អ្នក​ដែល​បាន​ត្រូវ​ហៅ ២ ពោល​គឺ ដោយ​មាន​ចិត្ត​រាប​ទាប​និង​ចិត្ត​ស្លូតបូត​ជា​និច្ច ថែម​ទាំង​មាន​ចិត្ត​ធ្ងន់ ហើយ​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់ ៣ ព្រម​ទាំង​ព្យាយាម​រក្សា​ឲ្យ​មាន​សាមគ្គី​ភាព​ដែល​មក​ពី​សកម្មពល* របស់​ព្រះ ដោយ​មាន​សេចក្ដី​សុខសាន្ត​ទុក​ជា​ចំណង​ដែល​នាំ​ឲ្យ​មាន​ឯកភាព។ ៤ មាន​រូប​កាយ​តែ​មួយ ហើយ​សកម្មពល​តែ​មួយ ដូច​អ្នក​រាល់​គ្នា​បាន​ត្រូវ​ហៅ​ដើម្បី​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​តែ​មួយ។ ៥ មាន​លោក​ម្ចាស់​តែ​មួយ ជំនឿ​តែ​មួយ ការ​ជ្រមុជ​ទឹក* តែ​មួយ ៦ ព្រះ​តែ​មួយ​និង​បិតា​តែ​មួយ​របស់​មនុស្ស​ទាំង​អស់ ហើយ​លោក​នៅ​លើ​មនុស្ស​ទាំង​អស់ តាម​រយៈ​មនុស្ស​ទាំង​អស់ និង​ក្នុង​មនុស្ស​ទាំង​អស់។

៧ ឯ​យើង​ម្នាក់ៗ​បាន​ទទួល​គុណ​ដ៏​វិសេស​លើស​លប់ ទៅ​តាម​កម្រិត​ដែល​គ្រិស្ត​បាន​ផ្ដល់​អំណោយ​ទាន​នោះ។ ៨ ដូច្នេះ លោក​មាន​ប្រសាសន៍​ថា៖ «ពេល​ដែល​លោក​ឡើង​ទៅ​លើ លោក​បាន​នាំ​យក​ឈ្លើយ​សឹក​ទៅ​ជា​មួយ ក៏​បាន​ឲ្យ​អំណោយ​ជា​មនុស្ស»។ ៩ តើ​ពាក្យ​ថា​«លោក​បាន​ឡើង​ទៅ​លើ»​មាន​ន័យ​ដូច​ម្ដេច? នោះ​មាន​ន័យ​ថា​លោក​ក៏​បាន​ចុះ​មក​ក្រោម​ដល់​ផែនដី។ ១០ លោក​ដែល​បាន​ចុះ​មក​ក្រោម គឺជា​លោក​ដែល​បាន​ឡើង​ទៅ​លើ​ខ្ពស់​ជាង​ស្ថាន​សួគ៌​ទាំង​អស់​ដែរ ដើម្បី​លោក​អាច​សម្រេច​ការ​ទាំង​អស់​បាន។

១១ ហើយ​លោក​បាន​ផ្ដល់​អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​សាវ័ក ខ្លះ​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ ខ្លះ​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ខ្លះ​ឲ្យ​ធ្វើ​ជា​គង្វាល​និង​អ្នក​បង្រៀន ១២ ដើម្បី​កែ​តម្រង់​ពួក​អ្នក​បរិសុទ្ធ ដើម្បី​បំពេញ​កិច្ច​បម្រើ ដើម្បី​ធ្វើ​ឲ្យ​រូប​កាយ​របស់​គ្រិស្ត​បាន​មាំ​មួន​ឡើង ១៣ រហូត​ដល់​យើង​ទាំង​អស់​គ្នា​មាន​ឯកភាព​ក្នុង​ជំនឿ​និង​ចំណេះ​ត្រឹម​ត្រូវ​អំពី​បុត្រ​ព្រះ រហូត​ដល់​មាន​ភាព​ជា​បុរស​ពេញ​វ័យ ហើយ​ស្មើ​កម្រិត​កម្ពស់​របស់​គ្រិស្ត ១៤ ដើម្បី​កុំ​ឲ្យ​យើង​នៅ​ជា​កូន​ក្មេង​ទៀត ក៏​មិន​ត្រូវ​មាន​គំនិត​រេ​ចុះ​រេ​ឡើង​ដូច​របស់​ដែល​យោល​តាម​រលក​សមុទ្រ ឬ​ត្រូវ​បក់​ផាត់​ទៅ​នេះ​ទៅ​នោះ​ដោយ​ខ្យល់​នៃ​សេចក្ដី​បង្រៀន​គ្រប់​បែប​យ៉ាង ដោយ​ស្ដាប់​មនុស្ស​ដែល​ជា​អ្នក​បោក​បញ្ឆោត ហើយ​ប្រើ​កលល្បិច​ដើម្បី​ប្រឌិត​រឿង​មិន​ពិត។ ១៥ តែ​ដោយ​និយាយ​សេចក្ដី​ពិត ចូរ​ឲ្យ​យើង​ធំ​លូត​លាស់​ឡើង​ដោយ​សេចក្ដី​ស្រឡាញ់​ឲ្យ​ពេញ​វ័យ​ក្នុង​គ្រប់​ការ​ទាំង​អស់​នៅ​ក្រោម​គ្រិស្ត​ដែល​ជា​ប្រមុខ។* ១៦ ដោយ​សារ​លោក អវយវៈ​ទាំង​អស់​នៃ​រូប​កាយ​ក៏​លូត​លាស់​ឡើង ហើយ​ដោយ​សារ​អវយវៈ​នីមួយៗ​ជាប់​គ្នា​យ៉ាង​ល្អ និង​សហការ​គ្នា​តាម​រយៈ​សន្លាក់​ឆ្អឹង​ផ្សេងៗ​ដែល​បំពេញ​តួនាទី​សំខាន់ៗ តាម​អ្វី​ដែល​បាន​ត្រូវ​កំណត់​ឲ្យ នោះ​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ធំ​លូត​លាស់ ដើម្បី​ពង្រឹង​ខ្លួន​ឯង​ឡើង​ដោយ​សេចក្ដី​ស្រឡាញ់។

១៧ ដូច្នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ហើយ​បញ្ជាក់​ក្នុង​នាម​លោក​ម្ចាស់​ថា អ្នក​រាល់​គ្នា​ត្រូវ​ឈប់​ដើរ​ដូច​ជន​ជាតិ​ដទៃ​ដែល​ដើរ​តាម​គំនិត​អសារ​ឥត​ការ​របស់​ខ្លួន ១៨ ទាំង​ងងឹតងងល់ ហើយ​នៅ​ដាច់​ពី​ជីវិត​ដែល​មក​ពី​ព្រះ ដោយ​សារភាព​ល្ងង់​ខ្លៅ​របស់​ពួក​គេ និង​ដោយ​សារ​ចិត្ត​របស់​ពួក​គេ​ស្ពឹក។ ១៩ ហើយ​ដោយ​ពួក​គេ​លែង​ស្គាល់​ល្អ​ស្គាល់​អាក្រក់ នោះ​ពួក​គេ​បណ្ដោយ​ខ្លួន​ទៅ​តាម​សីលធម៌​ធូរ​រលុង* ដើម្បី​ធ្វើ​អំពើ​ស្មោកគ្រោក​គ្រប់​បែប​យ៉ាង​ដោយ​ចិត្ត​លោភ​លន់។

២០ ប៉ុន្តែ​អ្នក​មិន​បាន​រៀន​ថា​គ្រិស្ត​គឺជា​បុគ្គល​ដូច្នោះ​ទេ ២១ ប្រសិនបើ​អ្នក​រាល់​គ្នា​ពិត​ជា​បាន​ឮ​លោក​យេស៊ូ ហើយ​បាន​ត្រូវ​បង្រៀន​ដោយ​លោក សម​ស្រប​តាម​សេចក្ដី​ពិត​ដែល​លោក​បាន​បង្រៀន ២២ ពោល​គឺ អ្នក​រាល់​គ្នា​ត្រូវ​ដោះ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ* ចាស់ ដែល​ស្រប​គ្នា​នឹង​ការ​ប្រព្រឹត្ត​របស់​អ្នក​ពី​មុន ហើយ​ដែល​កំពុង​ត្រូវ​បង្ខូច​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​បញ្ឆោត​ចិត្ត​របស់​អ្នក ២៣ ហើយ​ត្រូវ​ឲ្យ​ឥទ្ធិពល​ថ្មី​កាន់កាប់​គំនិត​របស់​អ្នក​រាល់​គ្នា​វិញ ២៤ ហើយ​ត្រូវ​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី ដែល​បាន​ត្រូវ​បង្កើត​ស្រប​តាម​បំណងប្រាថ្នា​របស់​ព្រះ ដោយ​សេចក្ដី​សុចរិត​និង​ភក្ដីភាព​ដ៏​ពិត​ប្រាកដ។

២៥ ម្ល៉ោះ​ហើយ ដោយ​សារ​អ្នក​រាល់​គ្នា​បាន​បោះបង់​ចោល​ពាក្យ​មិន​ពិត​ហើយ ចូរ​ម្នាក់ៗ​និយាយ​សេចក្ដី​ពិត​ទៅ​អ្នក​ជិត​ខាង​ខ្លួន ពីព្រោះ​យើង​ទាំង​អស់​គ្នា​ជា​អវយវៈ​នៃ​រូប​កាយ​តែ​មួយ។ ២៦ ពេល​ដែល​អ្នក​រាល់​គ្នា​ខឹង កុំ​ធ្វើ​ខុស។* កុំ​ទុក​កំហឹង​រហូត​ដល់​ថ្ងៃ​លិច​ឡើយ ២៧ ហើយ​កុំ​ឲ្យ​មេកំណាច* មាន​ឱកាស។ ២៨ អ្នក​ដែល​លួច​ត្រូវ​ឈប់​លួច​ត​ទៅ​ទៀត តែ​ត្រូវ​ឲ្យ​អ្នក​នោះ​ធ្វើ​ការ​ទៀង​ត្រង់​យ៉ាង​នឿយ​ហត់​ដោយ​ដៃ​ខ្លួន​ឯង ដើម្បី​ឲ្យ​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះ​ខាត។ ២៩ កុំ​ឲ្យ​ពាក្យ​អាក្រក់* ណា​មួយ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ តែ​ត្រូវ​ពោល​ពាក្យ​ណា​ដែល​ល្អ​សម្រាប់​ពង្រឹង​អ្នក​ឯ​ទៀត​តាម​កាលៈទេសៈ ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ស្ដាប់។ ៣០ ម្យ៉ាង​ទៀត កុំ​ធ្វើ​ឲ្យ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ ដែល​ព្រះ​បាន​បិទ​ត្រា​លើ​អ្នក​រាល់​គ្នា​សម្រាប់​ថ្ងៃ​លោះ កើត​ទុក្ខ​ឡើយ។

៣១ ចូរ​អ្នក​រាល់​គ្នា​បោះបង់​ចោល​គំនុំ កំហឹង ចិត្ត​ក្ដៅ​ក្រហាយ ការ​ស្រែក​គំហក និង​ពាក្យ​ប្រមាថ​មើល​ងាយ​ជា​មួយ​នឹង​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង។ ៣២ ប៉ុន្តែ​ចូរ​ប្រព្រឹត្ត​ដោយ​សប្បុរស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក មាន​សេចក្ដី​អាណិត​មេត្ដា ហើយ​អភ័យទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ ដូច​ព្រះ​បាន​អភ័យទោស​ឲ្យ​អ្នក​រាល់​គ្នា​តាម​រយៈ​គ្រិស្ត ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​ដែរ។

៥ ដូច្នេះ ចូរ​យក​តម្រាប់​តាម​ព្រះ ក្នុង​នាម​ជា​កូន​ជា​ទី​ស្រឡាញ់​របស់​លោក ២ ចូរ​បន្ត​រស់​នៅ​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់ ដូច​គ្រិស្ត​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​បាន​ប្រគល់​ខ្លួន​លោក​ដើម្បី​អ្នក​រាល់​គ្នា ទុក​ជា​គ្រឿង​បូជា​និង​ក្លិន​ក្រអូប​ជូន​ព្រះ។

៣ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ទាំង​និយាយ​អំពី​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* អំពើ​ស្មោកគ្រោក ឬ​ការ​លោភ​លន់​ឡើយ ធ្វើ​ដូច្នេះ​ទើប​សម​គួរ​ចំពោះ​ពួក​អ្នក​បរិសុទ្ធ ៤ ក៏​មិន​ត្រូវ​មាន​ការ​ប្រព្រឹត្ត​ដែល​គួរ​ឲ្យ​ខ្មាស ការ​និយាយ​ពាក្យ​ផ្ដេសផ្ដាស ការ​និយាយ​កំប្លែង​អាសអាភាស ព្រោះ​ការ​ទាំង​នេះ​មិន​សមរម្យ​ទេ តែ​ត្រូវ​អរគុណ​ព្រះ​វិញ។ ៥ ព្រោះ​អ្នក​រាល់​គ្នា​ដឹង ហើយ​ក៏​យល់​ច្បាស់​ថា គ្មាន​អ្នក​ណា​ម្នាក់​ដែល​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ មនុស្ស​ស្មោកគ្រោក ឬ​អ្នក​លោភ​លន់ (ដែល​ទុក​ជា​ការ​គោរព​បូជា​រូប​ព្រះ) មាន​មត៌ក​ក្នុង​រាជាណាចក្រ​របស់​គ្រិស្ត​និង​របស់​ព្រះ​ឡើយ។

៦ កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ដោយ​ពាក្យ​អសារ​ឥត​ការ​ឡើយ ព្រោះ​ដោយ​សារ​ការ​ទាំង​នោះ កំហឹង​របស់​ព្រះ​នឹង​មក​លើ​ពួក​អ្នក​មិន​ស្ដាប់បង្គាប់។ ៧ ដូច្នេះ កុំ​រួម​ចំណែក​ជា​មួយ​នឹង​ពួក​គេ ៨ ព្រោះ​អ្នក​រាល់​គ្នា​ធ្លាប់​ជា​ភាព​ងងឹត តែ​ឥឡូវ​ជា​ពន្លឺ​វិញ ពីព្រោះ​អ្នក​រាល់​គ្នា​ជា​របស់​លោក​ម្ចាស់។ ចូរ​បន្ត​រស់​នៅ​ជា​កូន​នៃ​ពន្លឺ ៩ ព្រោះ​ផល​នៃ​ពន្លឺ​មាន​គុណធម៌ សេចក្ដី​សុចរិត និង​សេចក្ដី​ពិត​គ្រប់​យ៉ាង។ ១០ ចូរ​ពិចារណា​ជា​និច្ច​ដើម្បី​ឲ្យ​ដឹង​ប្រាកដ​អំពី​អ្វី​ដែល​លោក​ម្ចាស់​ពេញ​ចិត្ត ១១ ហើយ​ឈប់​រួម​ចំណែក​ជា​មួយ​នឹង​ពួក​គេ​ក្នុង​ការ​ប្រព្រឹត្ត​ដែល​មិន​កើត​ផល​និង​ជា​ការ​ប្រព្រឹត្ត​ខាង​ភាព​ងងឹត តែ​ចូរ​ប្រដៅ​តម្រង់​ពួក​គេ​វិញ ១២ ព្រោះ​ការ​ដែល​ពួក​គេ​ធ្វើ​ដោយ​សម្ងាត់ សូម្បី​តែ​យក​មក​និយាយ ក៏​គួរ​ឲ្យ​ខ្មាស​ទៅ​ហើយ។ ១៣ ឯ​ការ​ទាំង​អស់​ដែល​កំពុង​ត្រូវ​លាត​ត្រដាង ត្រូវ​ស​ឲ្យ​ឃើញ​ដោយ​ពន្លឺ ព្រោះ​អ្វីៗ​ទាំង​អស់​ដែល​កំពុង​ត្រូវ​ស​ឲ្យ​ឃើញ គឺជា​ពន្លឺ។ ១៤ ដូច្នេះ មាន​សេចក្ដី​ដែល​ចែង​ថា៖ «អ្នក​ដេក​លក់​អើយ! ចូរ​ភ្ញាក់​ឡើង ហើយ​រស់​ពី​ស្លាប់​ឡើង​វិញ រួច​គ្រិស្ត​នឹង​ភ្លឺ​ចាំង​មក​លើ​អ្នក»។

១៥ ម្ល៉ោះ​ហើយ ចូរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិត​ដល់​ចំពោះ​ការ​ប្រព្រឹត្ត* របស់​ខ្លួន កុំ​ឲ្យ​ប្រព្រឹត្ត​ដូច​មនុស្ស​ឥត​ប្រាជ្ញា តែ​ដូច​មនុស្ស​ដែល​ប្រកបដោយ​ប្រាជ្ញា​វិញ ១៦ ដោយ​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត* ព្រោះ​យើង​រស់​នៅ​សម័យ​ដ៏​ទុច្ចរិត។ ១៧ ហេតុ​នេះ កុំ​ធ្វើ​ជា​មនុស្ស​ឥត​វិចារណញ្ញាណ តែ​ចូរ​យល់​អំពី​បំណងប្រាថ្នា​របស់​ព្រះ​យេហូវ៉ា។ ១៨ ម្យ៉ាង​ទៀត កុំ​ស្រវឹង​ស្រា​ឡើយ ព្រោះ​នោះ​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​អបាយមុខ តែ​ចូរ​ឲ្យ​បាន​ពេញ​ទៅ​ដោយ​សកម្មពល* របស់​ព្រះ​ជា​និច្ច ១៩ និយាយ​គ្នា​ដោយ​បទ​ទំនុក​តម្កើង ពាក្យ​សរសើរ​ព្រះ ចម្រៀង​គោរព​ប្រណិប័តន៍ ហើយ​ច្រៀង​និង​លេង​ភ្លេង​បន្ទរ​តាម​ជូន​ព្រះ​យេហូវ៉ា​ក្នុង​ចិត្ត ២០ ក្នុង​នាម​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង ដោយ​អរគុណ​ព្រះ​ដែល​ជា​បិតា​របស់​យើង​ចំពោះ​អ្វីៗ​ទាំង​អស់​ជា​និច្ច។

២១ ចូរ​ចុះ​ចូល​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​កោត​ខ្លាច​គ្រិស្ត។ ២២ ចូរ​ឲ្យ​ប្រពន្ធ​ចុះ​ចូល​នឹង​ប្ដី ដូច​ចុះ​ចូល​នឹង​លោក​ម្ចាស់ ២៣ ពីព្រោះ​ប្ដី​ជា​ប្រមុខ​របស់​ប្រពន្ធ ដូច​គ្រិស្ត​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ ជា​រូប​កាយ​របស់​លោក​ដែល​លោក​បាន​សង្គ្រោះ។ ២៤ តាម​ពិត ចូរ​ឲ្យ​ប្រពន្ធ​ចុះ​ចូល​នឹង​ប្ដី​ក្នុង​គ្រប់​ការ​ទាំង​អស់ ដូច​ក្រុម​ជំនុំ​ចុះ​ចូល​នឹង​គ្រិស្ត។ ២៥ ប្ដី​ទាំង​ឡាយ​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ជា​ដរាប ដូច​គ្រិស្ត​បាន​ស្រឡាញ់​ក្រុម​ជំនុំ ហើយ​បាន​ប្រគល់​ខ្លួន​លោក​ដើម្បី​ក្រុម​ជំនុំ ២៦ ដើម្បី​លោក​អាច​ញែក​ក្រុម​ជំនុំ​ជា​បរិសុទ្ធ ធ្វើ​ឲ្យ​ស្អាត​ដោយ​សម្អាត​ជា​មួយ​នឹង​ទឹក​ដែល​ជា​បណ្ដាំ​របស់​ព្រះ ២៧ ដើម្បី​លោក​អាច​នាំ​ក្រុម​ជំនុំ​មក​នៅ​ចំពោះ​មុខ​លោក ដោយ​មាន​ភាព​រុងរឿង ឥត​មាន​ប្រឡាក់ ជ្រួញ ឬ​លក្ខណៈ​ឯ​ទៀត​បែប​នោះ​ឡើយ តែ​ដើម្បី​ឲ្យ​បាន​បរិសុទ្ធ ឥត​សៅហ្មង​វិញ។

២៨ យ៉ាង​នោះ ប្ដី​ត្រូវ​ស្រឡាញ់​ប្រពន្ធ​ដូច​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន។ អ្នក​ណាដែល​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង ២៩ ព្រោះ​គ្មាន​អ្នក​ណា​ស្អប់​រូប​កាយ* របស់​ខ្លួន​ទេ តែ​គេ​តែង​ចិញ្ចឹម​ហើយ​ស្រឡាញ់​ថ្នាក់​ថ្នម ដូច​គ្រិស្តប្រព្រឹត្ត​នឹង​ក្រុម​ជំនុំ ៣០ ពីព្រោះ​យើង​ជា​អវយវៈ​នៃ​រូប​កាយ​របស់​លោក។ ៣១ «ហេតុ​នេះ បុរស​នឹង​ចាក​ចេញ​ពី​ឪពុក​និង​ម្ដាយ​ខ្លួន ហើយ​នឹង​នៅ​ជាប់​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់ រួច​ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ទៅ​ជា​សាច់​ឈាម​តែ​មួយ»។ ៣២ អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​នេះ​អស្ចារ្យ​ណាស់។ ខ្ញុំ​កំពុង​និយាយ​អំពី​គ្រិស្ត​និង​ក្រុម​ជំនុំ។ ៣៣ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ចូរ​អ្នក​រាល់​គ្នា​ម្នាក់ៗ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​អ្នក ឯ​ប្រពន្ធ​ត្រូវ​គោរព​ប្ដី​យ៉ាង​ជ្រាល​ជ្រៅ។

៦ កូន​ទាំង​ឡាយ​អើយ ចូរ​ស្ដាប់បង្គាប់​ឪពុក​ម្ដាយ​ស្រប​តាម​បំណងប្រាថ្នា​របស់​លោក​ម្ចាស់ ព្រោះ​ធ្វើ​ដូច្នេះ​គឺ​សុចរិត៖ ២ «ចូរ​គោរព​ឪពុក​និង​ម្ដាយ​របស់​អ្នក»។ នេះ​ជា​បញ្ញត្ដិ​ទី​មួយ​ដែល​មាន​សេចក្ដី​សន្យា​ជាប់​ជា​មួយ៖ ៣ «ដើម្បី​ឲ្យ​អ្នក​បាន​ប្រកបដោយ​សេចក្ដី​សុខ ហើយ​មាន​ជីវិត​យូរ​អង្វែង​នៅ​ផែនដី»។ ៤ ចំណែក​អ្នក​រាល់​គ្នា​ដែល​ជា​ឪពុក កុំ​ធ្វើ​ឲ្យ​កូន​ខឹង តែ​ចូរ​អប់រំ​កូន​ទៅ​តាម​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​យេហូវ៉ា ហើយ​បណ្ដុះ​ឲ្យ​កូន​មាន​គំនិត​ដូច​លោក។

៥ ឯ​អ្នក​រាល់​គ្នា​ដែល​ជា​ខ្ញុំ​បម្រើ ចូរ​ស្ដាប់បង្គាប់​យ៉ាង​ស្មោះ​ចំពោះ​ពួក​អ្នក​ដែល​ជា​ម្ចាស់​របស់​អ្នក​នៅ​ផែនដី* ដោយ​កោត​ខ្លាច​ញាប់​ញ័រ ដូច​ស្ដាប់បង្គាប់​គ្រិស្ត ៦ មិន​គ្រាន់តែ​ពេល​ដែល​គេ​ឃើញ​ប៉ុណ្ណោះ ដូច​អ្នក​ដែល​ចង់​ផ្គាប់​ចិត្ត​មនុស្ស ប៉ុន្តែ​ដូច​ខ្ញុំ​បម្រើ​របស់​គ្រិស្ត ដោយ​ធ្វើ​តាម​បំណងប្រាថ្នា​របស់​ព្រះ​យ៉ាង​ស្មោះ​អស់ពី​ចិត្ត។ ៧ ចូរ​ធ្វើ​ជា​ខ្ញុំ​បម្រើ​ដែល​មាន​ចិត្ត​គំនិត​ល្អ ដូច​កំពុង​បម្រើ​ព្រះ​យេហូវ៉ា មិន​មែន​បម្រើ​មនុស្ស​ទេ ៨ ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ថា មនុស្ស​ម្នាក់ៗ​នឹង​ទទួល​រង្វាន់​ពី​ព្រះ​យេហូវ៉ា​ចំពោះ​អំពើ​ល្អ​ណា​ក៏​ដោយ​ដែល​គាត់​ធ្វើ ទោះ​បី​គាត់​ជា​ខ្ញុំ​បម្រើ ឬ​ជា​អ្នក​មាន​សេរីភាព​ក្ដី។ ៩ ឯ​អ្នក​រាល់​គ្នា​ដែល​ជា​ម្ចាស់ ចូរ​បន្ត​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​បម្រើ​ដូច្នោះ​ដែរ ដោយ​ឈប់​គំរាម​កំហែង ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ថា​ម្ចាស់​របស់​ពួក​គេ​និង​របស់​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ស្ថាន​សួគ៌ ហើយ​លោក​មិន​រើស​មុខ​ទេ។

១០ ក្រោយ​បង្អស់ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់​គ្នា​ឲ្យ​បន្ត​ទទួល​កម្លាំង​ដោយ​លោក​ម្ចាស់​និង​ដោយ​ភាព​ខ្លាំងក្លា​នៃ​ឫទ្ធានុភាព​របស់​លោក។ ១១ ចូរ​ពាក់​គ្រប់​គ្រឿង​ចម្បាំង​ពី​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​កាន់​ជំហរ​មាំ​មួន​នៅ​ចំពោះ​មុខ​កលល្បិច​ទាំង​ប៉ុន្មាន​របស់​មេកំណាច* ១២ ពីព្រោះ​យើង​មាន​ការ​ប្រយុទ្ធ មិន​មែន​ប្រយុទ្ធ​នឹង​សាច់​ឈាម* ទេ តែ​ប្រយុទ្ធ​នឹង​រដ្ឋាភិបាល​ទាំង​ឡាយ ពួក​អាជ្ញាធរ ពួក​អ្នក​គ្រប់​គ្រង​ពិភព​លោក​ងងឹត​នេះ ពួក​វិញ្ញាណ​ទុច្ចរិត​នៅ​ស្ថាន​សួគ៌។ ១៣ ហេតុ​នេះ ចូរ​ទទួល​យក​គ្រប់​គ្រឿង​ចម្បាំង​ពី​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ទប់​ទល់​នៅ​ថ្ងៃ​ទុច្ចរិត ហើយ​អាច​កាន់​ជំហរ​មាំ​មួន បន្ទាប់​ពី​បាន​សម្រេច​ឲ្យ​បាន​សព្វ​គ្រប់​នូវ​ការ​ទាំង​អស់​ដែល​បាន​ត្រូវ​តម្រូវ​ពី​អ្នក។

១៤ ដូច្នេះ ចូរ​កាន់​ជំហរ​មាំ​មួន​ដោយ​យក​សេចក្ដី​ពិត​មក​ក្រវាត់​ចង្កេះ ហើយ​ពាក់​សេចក្ដី​សុចរិត​ជា​អាវ​ការពារ​ដើម​ទ្រូង ១៥ ថែម​ទាំង​មាន​ចិត្ត​ប្រុង​ប្រៀប​ផ្សាយ​ដំណឹង​ល្អអំពី​សេចក្ដី​សុខសាន្ត​ទុក​ជា​ស្បែក​ជើង។ ១៦ សំខាន់​បំផុត ទទួល​យក​ខែល​ធំ​នៃ​ជំនឿ ដែល​អ្នក​អាច​ប្រើ​ដើម្បី​ពន្លត់​អស់​ទាំង​ព្រួញ​ឆេះ​របស់​មេកំណាច។ ១៧ ម្យ៉ាង​ទៀត ចូរ​ទទួល​យក​សេចក្ដី​សង្គ្រោះ​ទុក​ជា​មួក​ការពារ​ក្បាល ថែម​ទាំង​យក​ដាវ​នៃ​សកម្មពល* ពោល​គឺ​បណ្ដាំ​របស់​ព្រះ ១៨ នៅ​ដំណាល​គ្នា​នោះ ចូរ​បន្ត​អធិដ្ឋាន​នៅ​គ្រប់​ឱកាស​ដោយ​សកម្មពល​របស់​ព្រះ ដោយ​ប្រើ​សេចក្ដី​អធិដ្ឋាន​និង​ការ​អង្វរ​សុំ​គ្រប់​យ៉ាង។ ដើម្បី​ធ្វើ​ដូច្នេះ ចូរ​ចាំ​យាម​ជា​និច្ច​ដោយ​អង្វរ​ព្រះ​ដើម្បី​ពួក​អ្នក​បរិសុទ្ធ​ទាំង​ឡាយ ១៩ និង​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​ខ្ញុំ​ទទួល​សមត្ថភាព​និយាយ​ដោយ​ក្លាហាន ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​នៃ​ដំណឹង​ល្អ ២០ ជា​ហេតុ​ដែល​ខ្ញុំ​ជា​ទូត​ជាប់​ច្រវាក់។ ហើយ​ចូរ​អធិដ្ឋាន​ដើម្បី​ឲ្យ​ខ្ញុំ​មាន​ចិត្ត​អង់អាច​ក្នុង​ការ​និយាយ​អំពី​ដំណឹង​ល្អ ដូច​ខ្ញុំ​គួរ​និយាយ។

២១ ឥឡូវ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​អំពី​ស្ថានភាព​របស់​ខ្ញុំ​ថា ខ្ញុំ​កំពុង​ធ្វើ​អ្វី នោះ​ទីឃីកុស ដែល​ជា​បង​ប្រុស​និង​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ក្នុង​លោក​ម្ចាស់ នឹង​ប្រាប់​អ្នក​រាល់​គ្នា​អ្វីៗ​ទាំង​អស់។ ២២ ខ្ញុំ​នឹង​ចាត់​គាត់​ឲ្យ​ទៅ​ឯ​អ្នក​រាល់​គ្នា​សម្រាប់​ការ​នោះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ដំណឹង​អំពី​យើង ហើយ​ដើម្បី​ឲ្យ​គាត់​សម្រាល​ទុក្ខ​អ្នក​រាល់​គ្នា។

២៣ សូម​ឲ្យ​បង​ប្អូន​បាន​ប្រកបដោយ​សេចក្ដី​សុខសាន្ត​និង​សេចក្ដី​ស្រឡាញ់​ជា​មួយ​នឹង​ជំនឿ​ពី​ព្រះ​ដែល​ជា​បិតា​របស់​យើង និង​ពី​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត។ ២៤ សូម​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​ស្ថិត​លើ​អស់​អ្នក​ដែល​មាន​សេចក្ដី​ស្រឡាញ់​ដែល​មិន​ចេះ​រសាយ​ចំពោះ​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង។

[កំណត់​សម្គាល់]

ភាសា​ក្រិច​«អាប៉ូស្តូឡូស»។ មាន​ន័យ​ថា​«អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ»

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៤

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ន័យ​ត្រង់​«ភ្នែក​នៃ​ចិត្ត​របស់​អ្នក»

ឬ​«របៀប​របប​ពិភព​លោក»

មើល​កំណត់​សម្គាល់​រ៉ូម ៥:១២

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ឬ​«របៀប​របប​ពិភព​លោក​នានា»

ន័យ​ត្រង់​«ខាង​សាច់​ឈាម»

មើល​កំណត់​សម្គាល់​លូក ១:៥៩

ន័យ​ត្រង់​«សាច់​ឈាម»

មើល​កំណត់​សម្គាល់​ម៉ាថ ៥:១៧

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៥

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា

ន័យ​ត្រង់​«ក្បាល»

មើល​កំណត់​សម្គាល់​កាឡ ៥:១៩

ន័យ​ត្រង់​«មនុស្ស»

មើល​កំណត់​សម្គាល់​រ៉ូម ៥:១២

ភាសា​ក្រិច «ឌីអាបូឡូស»។ មាន​ន័យ​ថា​«អ្នក​បង្កាច់​បង្ខូច»

ន័យ​ត្រង់​«រលួយ»

មើល​កំណត់​សម្គាល់​ម៉ាថ ៥:៣២

ន័យ​ត្រង់​«របៀប​ដែល​អ្នក​ដើរ»

ន័យ​ត្រង់​«ទិញ​ពេល​វេលា»

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

ន័យ​ត្រង់​«សាច់​ឈាម»

ឬ​«ជា​ម្ចាស់​ក្នុង​ន័យ​ខាង​សាច់​ឈាម»

ភាសា​ក្រិច​«ឌីអាបូឡូស»។ មាន​ន័យ​ថា​«អ្នក​បង្កាច់​បង្ខូច»

សំដៅ​ទៅ​មនុស្ស​ជាតិ

ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក